The New Testament of our Lord and Saviour Jesus Christ

ម៉ាថាយ ១

បញ្ជី​រាយ​នាម​ព្រះឰយុកោ​របស់​ព្រះយេស៊ូវ

១ នេះ​បញ្ជី​ពង្សាវតារ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​វង្សា​ហ្លួង​ដាវីឌ និង​ជា​ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​ដែរ ២ អ័ប្រាហាំ​បង្កើត​អ៊ីសាកៗ បង្កើត​យ៉ាកុបៗ បង្កើត​យូដា ហើយ​និង​បង​ប្អូន​គាត់ ៣ យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស និង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុនៗ បង្កើត​អើរ៉ាម ៤ អើរ៉ាម​បង្កើត​អ័មីន៉ាដាប់ៗ បង្កើត​ណាសូនៗ បង្កើត​សាលម៉ូន ៥ សាលម៉ូន​យក​នាង​រ៉ាហាប បង្កើត​បាន​បូអូសៗ យក​នាង​រស់ បង្កើត​បាន​អូបិឌៗ បង្កើត​អ៊ីសាយ ៦ អ៊ីសាយ​បង្កើត​ដាវីឌ​ដ៏​ជា​ស្តេច ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន ៧ សាឡូម៉ូន​បង្កើត​រេហូបោមៗ បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា ៨ អេសា​បង្កើត​យ៉ូសាផាតៗ បង្កើត​យ៉ូរ៉ាមៗ បង្កើត​អូសៀស ៩ អូសៀស​បង្កើត​យ៉ូថាមៗ បង្កើត​អេហាសៗ បង្កើត​អេសេគាស ១០ អេសេគាស​បង្កើត​ម៉ាន៉ាសេៗ បង្កើត​អាំម៉ូនៗ បង្កើត​យ៉ូសៀស ១១ យ៉ូសៀស​បង្កើត​យេកូនាស ហើយ​និង​បង​ប្អូន​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ១២ ក្រោយ​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​យេកូនាស​បង្កើត​បាន​សាលធាលៗ បង្កើត​សូរ៉ូបាបិល ១៣ សូរ៉ូបាបិល​បង្កើត​អ័ប៊ីយុឌៗ បង្កើត​អេលាគីមៗ បង្កើត​អេសូរ ១៤ អេសូរ​បង្កើត​សាដុកៗ បង្កើត​អេគីមៗ បង្កើត​អេលីយុឌ ១៥ អេលីយុឌ​បង្កើត​អេលាសារៗ បង្កើត​ម៉ាថានៗ បង្កើត​យ៉ាកុប ១៦ យ៉ាកុប​បង្កើត​យ៉ូសែប ជា​ប្តី​នាង​ម៉ារា មាតា​ព្រះយេស៊ូវ ដែល​ហៅ​ថា «ព្រះគ្រីស្ទ» ១៧ ដូច្នេះ តាំង​ពី​អ័ប្រាហាំ ដរាប​មក​ដល់​ហ្វូង​ដាវីឌ រួម​ទាំង​អស់​មាន​១៤​ដំណ តាំង​ពី​ហ្វូង​ដាវីឌ ដរាប​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន ក៏​មាន​១៤​ដំណ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ដរាប​មក​ដល់​ព្រះគ្រីស្ទ ក៏​មាន​១៤​ដំណ​ដែរ។

កំណើត​ព្រះយេស៊ូវគ្រីស្ទ

១៨ រីឯ​កំណើត​ព្រះយេស៊ូវគ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា ១៩ ឯ​យ៉ូសែប ប្តី​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បើក​រឿង​នាង​ឲ្យ​គេ​ដឹង​ទេ បាន​ជា​គាត់​គិត​លែង​នាង​ចេញ ដោយ​សំងាត់​វិញ ២០ កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះអម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ២១ នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប ២២ ការ​ទាំង​នោះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​សេចក្តី ដែល​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល ដោយសារ​ហោរា​ថា ២៣ «មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​ព្រះនាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូអែល» ដែល​ប្រែ​ថា ព្រះអង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ ២៤ លុះ​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង នោះ​គាត់​ក៏​ធ្វើ​តាម​បង្គាប់​របស់​ទេវតា​នៃ​ព្រះអម្ចាស់ គឺ​គាត់​យក​ប្រពន្ធ​មក​នៅ​ជា​មួយ ២៥ តែ​មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចំបង​មក រួច​គាត់​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ»។

ម៉ាថាយ ២

ពួក​ហោរ​មក​ថ្វាយ​បង្គំ​ព្រះឱរស​យេស៊ូវ

១ កាល​ព្រះយេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ស្តេច​ហេរ៉ូឌ នោះ​មាន​ពួក​ហោរ ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូសាឡិម សួរ​ថា ២ តើ​ព្រះអង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ​បង្គំ​ទ្រង់។ ៣ កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​សេចក្តី​វិតក្ក​ព្រួយ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា​ផង ៤ កាល​បាន​ប្រជុំ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​នៃ​បណ្តាជន​មក​សាក​សួរ​ពី​ព្រះគ្រីស្ទ ដែល​ទ្រង់​ត្រូវ​ប្រសូត​នៅ​ឯ​ណា ៥ នោះ​គេ​ក៏​ទូល​ទ្រង់​ថា នៅ​ឯ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា ព្រោះ​ហោរា​បាន​ចែង​សេចក្តី​ទុក​មក​ដូច្នេះ​ថា ៦ «ឯ​ឯង​បេថ្លេហិម ស្រុក​យូដា​អើយ ឯង​មិន​មែន​តូច​ជាង​គេ ក្នុង​ពួក​ចៅហ្វាយ នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​ចៅហ្វាយ​១​ចេញ​ពី​ឯង​មក ចៅហ្វាយ​នោះ​នឹង​ឃ្វាល​អ៊ីស្រាអែល ជា​រាស្ត្រ​អញ»។ ៧ នោះ​ស្តេច​ហេរ៉ូឌ ក៏​ហៅ​ពួក​ហោរ​នោះ​មក ដោយ​សំងាត់ សាក​សួរ​យ៉ាង​ម៉ត់ចត់ ពី​ផ្កាយ​នោះ​បាន​លេច​មក​ពី​កាល​ណា ៨ រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​បេថ្លេហិម ដោយ​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ស៊ើប​ដំណឹង ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់លាស់ កាល​ណា​បាន​ឃើញ​ហើយ នោះ​ត្រូវ​មក​ប្រាប់​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ​បង្គំ​ដែរ ៩ កាល​គេ​បាន​ទទួល​បង្គាប់​នៃ​ស្តេច​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ ឯ​ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត នោះ​ក៏​នាំ​មុខ​គេ ដរាប​ដល់​ចំ​ពី​លើ​កន្លែង​ដែល​បុត្រ​តូច​នៅ ទើប​ឈប់ ១០ គេ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្រៃ ដោយ​ឃើញ​ផ្កាយ​នោះ ១១ ហើយ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា រួច​ក៏​ក្រាប​ថ្វាយ​បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីងទេស ដល់​បុត្រ​នោះ ១២ រួច​វិល​ទៅ​ស្រុក​គេ​វិញ តាម​ផ្លូវ​មួយ​ទៀត​ទៅ ដោយ​ព្រោះ​ព្រះ​ទ្រង់​ពន្យល់​សប្តិ​ប្រាប់ មិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ហេរ៉ូឌ​វិញ​ឡើយ។

ព្រះយេស៊ូវ​ភៀសខ្លួន​ទៅ​នៅ​ស្រុក​អេស៊ីព្ទ

១៣ កាល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​ទេវតា​នៃ​ព្រះអម្ចាស់​ក៏​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប​ថា ចូរ​ក្រោក​ឡើង​នាំ​បុត្រ​តូច និង​មាតា​ទ្រង់ រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ឲ្យ​នៅ​ស្រុក​នោះ​ទាល់​តែ​យើង​ប្រាប់ ដ្បិត​ហេរ៉ូឌ​នឹង​រក​សំឡាប់​បុត្រ​តូច ១៤ គាត់​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច និង​មាតា​ទ្រង់ ចេញ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ ១៥ ក៏​នៅ​ស្រុក​នោះ ដរាប​ដល់​ហេរ៉ូឌ​សុគត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្តី ដែល​ព្រះអម្ចាស់​ទ្រង់​ប្រាប់ ដោយសារ​ហោរា​ថា «អញ​បាន​ហៅ​កូន​អញ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។

ស្តេច​ហេរ៉ូឌ​ចេញ​បញ្ជា​ឲ្យ​គេ​សំឡាប់​ក្មេងៗ

១៦ លុះ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ទ្រង់ នោះ​ទ្រង់​មាន​សេចក្តី​ក្រេវក្រោធ​ជា​ខ្លាំង ក៏​ចាត់​គេ​ឲ្យ​ទៅ​សំឡាប់​អស់​ទាំង​កូន​ប្រុសៗ​នៅ​បេថ្លេហិម និង​ក្នុង​ក្រវល់​ស្រុក​នោះ​ទាំង​អស់ តាំង​ពី​អាយុ​២​ឆ្នាំ​ចុះ​មក តាម​កំណត់​ថ្ងៃ​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ​យ៉ាង​ម៉ត់ចត់ ១៧ នោះ​បាន​សំរេច​សេចក្តី​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា ១៨ «មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​ក្សាន្ត​ចិត្ត​សោះ ដ្បិត​កូន​នាង​វិនាស​បាត់​ហើយ»។

ព្រះយេស៊ូវ​ត្រឡប់​មក​ពី​ស្រុក​អេស៊ីព្ទ​វិញ

១៩ លុះ​ហេរ៉ូឌ​បាន​សុគត​រួច​ហើយ នោះ​ទេវតា​នៃ​ព្រះអម្ចាស់​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ​ថា ២០ ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​ទ្រង់ ទៅ​នៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​អស់​ពួក​អ្នក​ដែល​រក​សំឡាប់​បុត្រ​តូច បាន​ស្លាប់​អស់​ហើយ ២១ គាត់​ក៏​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​ទ្រង់ ទៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ ២២ ប៉ុន្តែ​គាត់​ឮ​ថា អើខេឡោស​បាន​សោយ​រាជ្យ​នៅ​ស្រុក​យូដា ជំនួស​ហេរ៉ូឌ ជា​បិតា​ទ្រង់ នោះ​គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​ឯ​ទី​នោះ​ទេ ក៏​ចេញ​ទៅ​នៅ​ស្រុក​កាលីឡេ​វិញ តាម​ដែល​ព្រះ​ទ្រង់​បាន​ពន្យល់​សប្តិ​ប្រាប់​គាត់ ២៣ រួច​គាត់​តាំង​ទី​លំនៅ នៅ​ភូមិ​ណាសារ៉ែត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្តី ដែល​ពួក​ហោរា​បាន​ទាយ​ថា «គេ​នឹង​ហៅ​ទ្រង់​ជា​អ្នក​ស្រុក​ណាសារ៉ែត»។

ម៉ាថាយ ៣

លោក​យ៉ូហាន-បាទីស្ទ​ប្រៀន​ប្រដៅ​បណ្តាជន

១ នៅ​គ្រា​នោះ យ៉ូហាន-បាទីស្ទ គាត់​មក​នៅ​ក្នុង​ទី​រហោស្ថាន​ស្រុក​យូដា កំពុង​តែ​ប្រកាស​ថា ២ ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ ៣ គឺ​ពី​អ្នក​នេះ​ហើយ ដែល​ហោរា​អេសាយ​បាន​ទាយ​ថា «មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ» ៤ ឯ​យ៉ូហាន​នេះ គាត់​ពាក់​អាវ​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​មាន​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ។ ៥ នោះ​ពួក​ក្រុង​យេរូសាឡិម និង​ពួក​ស្រុក​យូដា​ទាំង​អស់ ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្រវល់​ជុំវិញ​ទន្លេ​យ័រដាន់ គេ​ចេញ​មក​ឯ​គាត់ ៦ ក៏​លន់តួ​បាប ហើយ​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់​ទាំង​អស់​គ្នា ៧ តែ​កាល​គាត់​ឃើញ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ជា​ច្រើន​ដែរ នោះ​ក៏​សួរ​គេ​ថា ឱ​ពូជ​ពស់វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់ ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញ ពី​សេចក្តី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ ៨ បើ​យ៉ាង​នេះ ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល ដែល​សំណំ​នឹង​សេចក្តី​ប្រែ​ចិត្ត​នោះ​ចុះ ៩ ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ ១០ ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​កើត​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង ១១ ឯ​ខ្ញុំ​ពិត​មែន​ជា​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ពី​ព្រោះ​មាន​សេចក្តី​ប្រែ​ចិត្ត តែ​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​កាន់​សុព័ណ៌បាទ​ទ្រង់​ទេ ព្រះអង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​និង​ភ្លើង​វិញ ១២ ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​និង​ប្រមូល​ស្រូវ​ទ្រង់ មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន​វិញ។ ១៣ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ ១៤ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ១៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ ១៦ កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ ១៧ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។

ម៉ាថាយ ៤

ព្រះយេស៊ូវ​ឈ្នះ​ការ​ល្បួង

១ គ្រា​នោះ ព្រះវិញ្ញាណ​ក៏​នាំ​ព្រះយេស៊ូវ ទៅ​ឯ​ទី​រហោស្ថាន ដើម្បី​ឲ្យ​ត្រូវ​អារក្ស​ល្បួង ២ កាល​ទ្រង់​បាន​តម​៤០​ថ្ងៃ ៤០​យប់​ហើយ ក្រោយ​មក​ទ្រង់​ឃ្លាន ៣ រួច​មេ​ល្បួង​ក៏​មក​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំង​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ ៤ តែ​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ «មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ងប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ»។ ៥ នោះ​អារក្ស​ក៏​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បរិសុទ្ធ ដាក់​លើ​កំពូល​ព្រះវិហារ ទូល​ថា ៦ បើ​អ្នក​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ទៅ​ក្រោម​ចុះ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​នៃ​ទ្រង់ ពី​ដំណើរ​អ្នក ទេវតា​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​លោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម» ៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​វា​ថា មាន​សេចក្តី​ចែង​ទុក​ដូច្នេះ​ទៀត «កុំ​ឲ្យ​ឯង​ល្បួង​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ»។ ៨ មួយ​ទៀត អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ៍ និង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត ៩ រួច​ទូល​ថា បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ​បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក ១០ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ» ១១ ដូច្នេះ អារក្ស​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ រួច​មាន​ពួក​ទេវតា​មក​បំរើ​ទ្រង់។

ព្រះយេស៊ូវ​ចាប់​ផ្តើម​ផ្សាយ​ដំណឹង​ល្អ​នៅ​ស្រុក​កាលីឡេ

១២ កាល​ព្រះយេស៊ូវ​ឮ​ថា គេ​បាន​បញ្ជូន​យ៉ូហាន​ទៅ​ហើយ នោះ​ទ្រង់​យាង​ថយ​ទៅ គង់​នៅ​ឯ​ស្រុក​កាលីឡេ​វិញ ១៣ រួច​ទ្រង់​ចេញ​ពី​ណាសារ៉ែត ទៅ​គង់​នៅ​ឯ​ក្រុង​កាពើណិម​វិញ ជា​ក្រុង​នៅ​មាត់​សមុទ្រ ត្រង់​ព្រំ​ប្រទល់​ដែន​ខេត្ត​សាប់យូល៉ូន និង​ណែបថាលី ១៤ ដើម្បី​ឲ្យ​បាន​សំរេច​ទំនាយ ដែល​ហោរា​អេសាយ​បាន​ទាយ​ថា ១៥ «ស្រុក​សាប់យូល៉ូន និង​ណែបថាលី តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ជា​ស្រុក​កាលីឡេ​របស់​សាសន៍​ដទៃ ១៦ ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចកី្ត​ស្លាប់» ១៧ តាំង​ពី​គ្រា​នោះ​មក ព្រះយេស៊ូវ​ក៏​ចាប់​តាំង​ប្រកាស ដោយ​ព្រះបន្ទូល​ថា ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ។

ព្រះយេស៊ូវ​ត្រាស់ហៅ​សាវ័ក​បួន​រូប

១៨ កាល​ព្រះយេស៊ូវ ទ្រង់​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ នោះ​ក៏​ទត​ឃើញ​បង​ប្អូន​២​នាក់ ជា​អ្នក​នេសាទ​ត្រី គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស និង​អនទ្រេ ជា​ប្អូន​កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ ១៩ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​មក​តាម​ខ្ញុំៗ នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ ២០ គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម ២១ លុះ​យាង​ហួស​ពី​នោះ​បន្តិច​ទៅ ទ្រង់​ទត​ឃើញ​បង​ប្អូន​២​នាក់​ទៀត គឺ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន ជា​ប្អូន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​សេបេដេ ជា​ឪពុក គេ​កំពុង​តែ​ជួសជុល​សំណាញ់ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ហៅ​អ្នក​ទាំង​២​នោះ​មក ២២ គេ​ក៏​លះបង់​ទូក និង​ឪពុក ដើរ​តាម​ទ្រង់​ជា​មួយ​រំពេច​ទៅ។ ២៣ ព្រះយេស៊ូវ​ទ្រង់​យាង​គ្រប់​សព្វ​ក្នុង​ស្រុក​កាលីឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ និង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​ជា​ផង ២៤ ដំណឹង​ពី​ទ្រង់​បាន​ឮ​សុសសាយ​ទួទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី គេ​ក៏​នាំ​អស់​ទាំង​មនុស្ស​ដែល​មាន​ជំងឺរោគា​គ្រាំ​គ្រា​ផ្សេងៗ ទាំង​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា ២៥ មាន​មនុស្ស​កកកុញ​ជាប់​តាម​ទ្រង់ គឺ​ជា​មនុស្ស​ដែល​មក​ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ពី​ក្រុង​យេរូសាឡិម ពី​ស្រុក​យូដា ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់។

ម៉ាថាយ ៥

ពរ​ដ៏​ពិត​ប្រាកដ

១ កាល​បាន​ឃើញ​ហ្វូង​មនុស្ស ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​កាល​បាន​គង់​ចុះ​ហើយ នោះ​ពួក​សិស្ស​ចូល​មក​ឯ​ទ្រង់ ២ ហើយ​ទ្រង់​បើក​ព្រះឱស្ឋ​បង្រៀន​គេ​ថា ៣ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្តី​កំសត់ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ ៤ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត ៥ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូតត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក ៦ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត ៧ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តាករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​មេត្តាករុណា​វិញ ៨ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ ៩ មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ ១០ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ ១១ អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ១២ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌ ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នោះ​ដែរ។

អំបិល និង​ពន្លឺ

១៣ អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ នោះ​តើ​នឹង​យក​អ្វី ដើម្បី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន ជា​របស់​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​បោះ​បង់​ចោល​ទៅ​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ ១៤ អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ ១៥ ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា ១៦ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។

`ព្រះបន្ទូល​អំពី​គម្ពីរ​វិន័យ

១៧ កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រឹត្យវិន័យ ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ ១៨ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រឹត្យវិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ និង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់​តែ​សេចក្តី​ទាំង​អស់​បាន​សំរេច ដោយ​សព្វ​គ្រប់ ១៩ ដូច្នេះ អ្នក​ណា​ដែល​នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​បញ្ញត្ត​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជា​អ្នក​តូច​បំផុត​ក្នុង​នគរ​ស្ថានសួគ៌ តែ​អ្នក​ណា​ដែល​កាន់​តាម ហើយ​បង្រៀន​ចំពោះ​បញ្ញត្ត​ទាំង​នេះ នោះ​នឹង​បាន​ហៅ​ជា​អ្នក​ធំ​ក្នុង​នគរ​ស្ថានសួគ៌​វិញ ២០ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្តី​សុចរិត​របស់​អ្នក​រាល់​គ្នា មិន​លើស​ពី​សេចក្តី​សុចរិត​នៃ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ចូល ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ។

ព្រះបន្ទូល​អំពី​កំហឹង

២១ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​សំដែង​ដល់​មនុស្ស​ពី​បុរាណ ថា«កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ» បើ​អ្នក​ណា​សំឡាប់​មនុស្ស នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ហើយ ២២ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច្នេះ​វិញ ថា សូម្បី​តែ​អ្នក​ណា​ដែល​ខឹង​នឹង​បង​ប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ដែរ ហើយ​អ្នក​ណា ដែល​ស្តីឲ្យ​បង​ប្អូន​ថា «អា​ចោលម្សៀត» នោះ​ក្រែង​ពួក​ក្រុម​ជំនុំ​ធ្វើ​ទោស តែ​ចំណែក​អ្នក​ណា​ដែល​ថា «អា​ឆ្កួត» នោះ​ក្រែង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក ២៣ ដូច្នេះ បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក ២៤ នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ ២៥ ចូរ​ឲ្យ​អ្នក​ជា​ស្រុះ​ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា ក្រែង​គេ​បញ្ជូន​អ្នក​ទៅ​ឯ​ចៅក្រម ហើយ​ចៅក្រម​ប្រគល់​អ្នក​ទៅ​នាយ​ភូមិ​ឃុំ រួច​អ្នក​ត្រូវ​ជាប់​គុក ២៦ ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​១​សេន នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។

ព្រះបន្ទូល​អំពី​ការ​ផិត​ក្បត់

២៧ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​សំដែង​ពី​ដើម​ថា «កុំ​ផិត​ឲ្យ​សោះ» ២៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ ២៩ បើ​ភ្នែក​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វេះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូបកាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក ៣០ ហើយ​បើ​ដៃ​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ដៃ​អ្នក​ម្ខាង​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូបកាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក។

ព្រះបន្ទូល​អំពី​ការ​លែងលះ​ប្តី​ប្រពន្ធ

៣១ មាន​សេចក្តី​ថ្លែង​ទុក​មក​ទៀត​ថា អ្នក​ណា​ដែល​ចង់​លែង​ប្រពន្ធ នោះ​មាន​តែ​ឲ្យ​សំបុត្រ​លះ​លែង​ដល់​នាង ៣២ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ស្ត្រី​ណា​ដែល​មិន​ផិត​ប្តី បើ​ប្តី​នោះ​លែង​ចេញ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្រី​សំផឹង​ហើយ បើ​អ្នក​ណា​យក​ស្ត្រី​ដែល​ប្តី​លែង ធ្វើ​ជា​ប្រពន្ធ អ្នក​នោះ​ហៅ​ថា ប្រព្រឹត្ត​សេចក្តី​កំផិត​ដែរ។ ព្រះបន្ទូល​អំពី​សម្បថ ៣៣ មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​សំដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា «កុំ​ឲ្យ​ស្បថ​កុហក​ឡើយ គឺ​ត្រូវ​ឲ្យ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី ដែល​ស្បថ​នឹង​ព្រះអម្ចាស់» ៣៤ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថានសួគ៌​ក្តី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ ៣៥ ទោះ​នឹង​ផែនដី​ក្តី ព្រោះ​ជា​កំណល់​កល់​ព្រះបាទ​ទ្រង់ ទោះ​នឹង​ក្រុង​យេរូសាឡិម​ក្តី ព្រោះ​ជា​ក្រុង​នៃ​ស្តេច​ធំ ៣៦ ក៏​កុំ​ឲ្យ​ស្បថ​នឹង​ក្បាល​អ្នក​ដែរ ពី​ព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​សក់​១​សរសៃ​ត្រឡប់​ទៅ​ជា​ស​ឬ​ជា​ខ្មៅ​ពុំ​បាន​ទេ ៣៧ ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ​ប៉ុណ្ណោះ សេចក្តី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពី​អា​កំណាច​ទេ។

ព្រះបន្ទូល​អំពី​គំនុំ​សងសឹក

៣៨ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​ថ្លែង​ទុក​ថា «ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ» ៣៩ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​តតាំង​នឹង​អំពើ​អាក្រក់​ឡើយ បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​នៃ​អ្នក នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត ៤០ បើ​អ្នក​ណា​ប្តឹង​ចង់​យក​អាវ​ខ្លី​របស់​អ្នក នោះ​ត្រូវ​បើក​ឲ្យ​គេ​យក​ទាំង​អាវ​វែង​ផង ៤១ បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ទៅ​អស់​១​យោជន៍ នោះ​ចូរ​ទៅ​ជា​មួយ​នឹង​គេ​ដល់​២​យោជន៍​ផង ៤២ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម ហើយ​កុំ​ឲ្យ​គេច​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្នក​ឡើយ។

ត្រូវ​ស្រឡាញ់​ខ្មាំងសត្រូវ

៤៣ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​ថ្លែង​ទុក​មក​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ឯង តែ​ស្អប់​ខ្មាំងសត្រូវ​ឯង​វិញ» ៤៤ ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ ៤៥ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង ៤៦ ដ្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ដែរ​ទេ​ឬ​អី ៤៧ ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី ៤៨ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។

ម៉ាថាយ ៦

ការ​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ

១ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាននៅ​មុខ​មនុស្ស ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់ នៅ​នឹង​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌​ទេ ២ ដូច្នេះ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក ដូច​ពួក​មាន​ពុត ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តាម​ផ្លូវ ដើម្បី​ឲ្យ​បាន​មនុស្ស​លោក​សរសើរ​ខ្លួន​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ ៣ ប៉ុន្តែ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​ធ្វើ​ឡើយ ៤ ដើម្បី​ឲ្យ​អំពើ​ទាន​របស់​អ្នក បាន​ស្ងាត់​កំបាំង នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។

ព្រះបន្ទូល​អំពី​ការ​អធិស្ឋាន

៥ កាល​ណា​អ្នក​អធិស្ឋាន កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា គេ​បាន​រង្វាន់​របស់​គេ​ហើយ ៦ តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់ ៧ ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន ៨ ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង ៩ ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ ១០ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ ១១ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ ១២ សូម​អត់​ទោស​សេចក្តី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ១៣ សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​កាន់​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្តី​អាក្រក់​វិញ ដ្បិត​រាជ្យ ព្រះចេស្តា និង​សិរីល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់​កល្ប​ជានិច្ច អាម៉ែន ១៤ ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ១៥ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។

ការ​តម​អាហារ

១៦ កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ នោះ​កុំ​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត ឲ្យ​មនុស្ស​លោក​ឃើញ​ថា​គេ​តម ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ ១៧ តែ​អ្នក កាល​ណា​តម នោះ​ចូរ​ឲ្យ​លាប​គ្រឿង​ក្រអូប​នៅ​លើ​ក្បាល ហើយ​លប់​មុខ​ចេញ ១៨ ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​តម​ឡើយ គឺ​ឲ្យ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ទី​លាក់​កំបាំង បាន​ឃើញ​វិញ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក នៅ​ទី​ប្រចក្ស​ច្បាស់។

អំពី​សម្បត្តិ​សួគ៌

១៩ កុំ​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ២០ ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ២១ ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។

ពាក្យ​ប្រស្នា​អំពី​ចង្កៀង

២២ ឯ​ចង្កៀង​របស់​រូបកាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូបកាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ ២៣ តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូបកាយ​អ្នក​ទាំង​មូល នឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាលម៉ាន​ទៅ​ហ្ន៎។

ត្រូវ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់

២៤ គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះត្រង់​នឹង​១ ហើយ​មើលងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ និង​ទ្រព្យសម្បត្តិ​ផង​បាន​ទេ ២៥ ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូបកាយ តើ​មិន​វិសេស​ជាង​សំលៀកបំពាក់​ទេ​ឬ​អី ២៦ ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី ២៧ ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ ២៨ ហើយ​ពី​ដំណើរ​សំលៀកបំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់ខ្វាយ​ធ្វើ​អ្វី ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច គឺ​វា​មិន​នឿយ​ហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ ២៩ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង ៣០ រីឯ​តិណជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើងក្រាន បើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី ៣១ ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ ៣២ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ ៣៣ ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ៣៤ ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្តី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។

ម៉ាថាយ ៧

កុំ​ថ្កោល​ទោស​អ្នក​ដទៃ

១ កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ២ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង ៣ ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ ៤ ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​និយាយ​នឹង​បង​ប្អូន​ថា ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ តែ​មើល មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ ៥ អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ។ ៦ កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវមុក្តា​របស់​ខ្លួន នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ។

អំពី​របៀប​ដែល​ត្រូវ​អធិស្ឋាន

៧ ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ៨ ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ ៩ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា ១០ ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី ១១ ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

ទ្វារ​ចង្អៀត

១២ ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ ដ្បិត​នេះ​ឯង​ជា​ក្រឹត្យវិន័យ ហើយ​ជា​សេចក្តី​ទំនាយ​របស់​ពួក​ហោរា។ ១៣ ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្តី​ហិនវិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ ១៤ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ។

ប្រស្នា​អំពី​ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់

១៥ ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ ១៦ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបងយក្ស​ឬ​ទេ ១៧ ដូចេ្នះ អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​ឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ ១៨ ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​បញ្ចេញ​ផល​ល្អ​បាន​ដែរ ១៩ អស់​ទាំង​ដើម​ឈើ​ណា ដែល​មិន​កើត​ផល​ផ្លែ​ល្អ នោះ​ត្រូវ​តែ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ ២០ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយសារ​ផល​គេ​បង្កើត។

សិស្ស​ដ៏​ពិត​ប្រាកដ

២១ មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ ២២ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះនាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះនាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិបារមី​ជា​ច្រើន ដោយ​នៅ​ព្រះនាម​ទ្រង់​ទេ​ឬ​អី ២៣ នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ។

ប្រស្នា​អំពី​មនុស្ស​ពីរ​នាក់​សង់​ផ្ទះ

២៤ ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម ២៥ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ២៦ ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ ២៧ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ធំ។ ២៨ កាល​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ នោះ​បណ្តា​មនុស្ស​ក៏​នឹក​ប្លែក ពី​សេចក្តី​ដែល​ទ្រង់​បង្រៀន ២៩ ពី​ព្រោះ​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​មែន​ដូច​ពួក​អាចារ្យ​របស់​គេ​ទេ។

ម៉ាថាយ ៨

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា

១ កាល​ព្រះយេស៊ូវ ទ្រង់​បាន​យាង​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​កកកុញ​ដើរ​តាម​ទ្រង់ ២ ក៏​ឃើញ​មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ក្រាប​ថ្វាយ​បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន ៣ ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់​ដោយ​ព្រះបន្ទូល​ថា ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​រោគ​ឃ្លង់​ក៏​ជា​ស្អាត​ភ្លាម ៤ រួច​ព្រះយេស៊ូវ​ទ្រង់​ហាម​ថា នែ កុំ​ប្រាប់​អ្នក​ឯ​ណា​ឲ្យ​សោះ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​ដង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ។

ព្រះយេស៊ូវ​ប្រោស​អ្នក​បំរើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា

៥ កាល​ព្រះយេស៊ូវ ទ្រង់​បាន​យាង​ចូល​ទៅ​ក្រុង​កាពើណិម​ហើយ នោះ​មេ​ទ័ព​ម្នាក់​មក​ឯ​ទ្រង់​ទូល​អង្វរ​ថា ៦ ព្រះអម្ចាស់​អើយ បាវ​ទូលបង្គំ​វា​ស្លាប់​ដៃ​ស្លាប់​ជើង ដេក​នៅ​ផ្ទះ​វេទនា​ខ្លាំង​ណាស់ ៧ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ខ្ញុំ​នឹង​ទៅ​ប្រោស​ឲ្យ​ជា ៨ តែ​មេ​ទ័ព​ទូល​ប្រកែក​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​មិន​គួរ​នឹង​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់​គ្រាន់​តែ​មាន​ព្រះបន្ទូល​មួយ​ព្រះឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូលបង្គំ​នឹង​បាន​ជា​ហើយ ៩ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូលបង្គំ បើ​ទូលបង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ នោះ​វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ នោះ​វា​ក៏​ធ្វើ​តាម ១០ កាល​ព្រះយេស៊ូវ​បាន​ឮ​ពាក្យ​នោះ​ហើយ ទ្រង់​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ព្រះហឫទ័យ រួច​មាន​ព្រះបន្ទូល​ទៅ​ពួក​អ្នក​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្តី​ជំនឿ​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង ១១ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថានសួគ៌ ១២ តែ​អស់​ទាំង​មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល ទៅ​ក្នុង​សេចក្តី​ងងឹត​ខាង​ក្រៅ​វិញ នៅ​ទី​នោះ​នឹង​មាន​យំ ហើយ​សង្កៀត​ធ្មេញ ១៣ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា ចូរ​ទៅ​ចុះ ឲ្យ​បាន​ដូច​សេចក្តី​ជំនឿ​របស់​អ្នក​ចុះ បាវ​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។

ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា

១៤ លុះ​ព្រះយេស៊ូវ ទ្រង់​យាង​ទៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស​ហើយ នោះ​ឃើញ​ម្តាយ​ក្មេក​គាត់​កំពុង​តែ​ដេក​គ្រុន ១៥ រួច​ទ្រង់​ពាល់​ដៃ​នាង នោះ​គ្រុន​ក៏​បាត់​ទៅ ហើយ​នាង​ក្រោក​ឡើង​បំរើ​ទ្រង់។ ១៦ ដល់​ពេល​ព្រលប់ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ដេញ​អារក្ស​ដោយសារ​ព្រះបន្ទូល ឯ​អស់​អ្នក​ដែល​មាន​ជំងឺរោគា ទ្រង់​បាន​ប្រោស​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ១៧ ដើម្បី​ឲ្យ​បាន​សំរេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះអង្គ​ទ្រង់»។

លក្ខណសម្បត្តិ​របស់​អ្នក​ដែល​ចង់​តាម​ព្រះយេស៊ូវ

១៨ កាល​ព្រះយេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កកកុញ​នៅ​ជុំវិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់ ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ ១៩ ខណៈ​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ទូល​ទ្រង់​ថា លោក​គ្រូ​អើយ ខ្ញុំ​នឹង​តាម​លោក​ទៅ​ដែរ ទោះ​បើ​លោក​ទៅ​ឯ​ណា​ក៏​ដោយ ២០ ព្រះយេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ ២១ មាន​សិស្ស​ទ្រង់​ម្នាក់​ទៀត​ទូល​ថា ព្រះអម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត្ត​ឲ្យ​ទូលបង្គំ បាន​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន ២២ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​មក​តាម​ខ្ញុំ​វិញ ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ។

ព្រះយេស៊ូវ​ធ្វើ​ឲ្យ​រលក​ស្ងប់

២៣ កាល​ទ្រង់​បាន​យាង​ចុះ​ទូក​ហើយ នោះ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ ២៤ ឯ​សមុទ្រ​ក៏​កំរើក​ឡើង​ជា​ខ្លាំង ដល់ម៉្លេះ​បាន​ជា​រលក​ឡើង​គ្រប​លើ​ទូក តែ​ទ្រង់​ផ្ទំ​លក់ ២៥ ពួក​សិស្ស​ក៏​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង យើង​ខ្ញុំ​វិនាស​ហើយ ២៦ ទ្រង់​មាន​ព្រះបន្ទូល​ថា ឱ​ពួក​អ្នក​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ រួច​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ ២៧ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​និយាយ​គ្នា​ថា តើ​មនុស្ស​នេះ​បែប​យ៉ាង​ណា បាន​ជា​ទាំង​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

ព្រះយេស៊ូវ​ប្រោស​បុរស​អារក្ស​ចូល​ពីរ​នាក់

២៨ កាល​ទ្រង់​បាន​ដល់​ស្រុក​គេរ៉ាស៊ីន នៅ​ត្រើយ​ម្ខាង​ហើយ នោះ​មាន​មនុស្ស​២​នាក់ ដែល​មាន​អារក្ស​ចូល គេ​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​នឹង​ទ្រង់ វា​សាហាវ​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ផ្លូវ​នោះ​ទេ ២៩ នោះ​វា​ស្រែក​ឡើង​ថា ឱ​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​អើយ តើ​យើង​ហើយ និង​ទ្រង់​មាន​ការ​អ្វី​នឹង​គ្នា តើ​ទ្រង់​បាន​យាង​មក​ទី​នេះ ដើម្បី​នឹង​ធ្វើ​ទុក្ខ​ដល់​យើង​មុន​កំណត់​ឬ​អី ៣០ រីឯ​នៅ​ទី​ដែល​ឆ្ងាយ​ពី​វា នោះ​មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ​កំពុង​តែ​រក​ស៊ី ៣១ ហើយ​ពួក​អារក្ស​នោះ​ក៏​ទូល​អង្វរ​ទ្រង់​ថា បើ​ទ្រង់​បណ្តេញ​យើង សូម​អនុញ្ញាត្ត​ឲ្យ​យើង​ចូល​ទៅ​នៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ ៣២ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ទៅ​ចុះ វា​ក៏​ចេញ​ទៅ​ចូល​ក្នុង​ហ្វូង​ជ្រូក រួច​ជ្រូក​នាំ​គ្នា​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ ៣៣ ឯ​ពួក​អ្នក​ដែល​ឃ្វាល​វា គេ​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង រ៉ាយរ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ទាំង​នោះ ហើយ​ពី​មនុស្ស​២​នាក់​ដែល​មាន​អារក្ស​ចូល​ផង ៣៤ ចំណែក​ពួក​អ្នក​ក្រុង​នោះ​ទាំង​អស់​គ្នា ក៏​ចេញ​មក​ឯ​ព្រះយេស៊ូវ កាល​បាន​ឃើញ​ទ្រង់ គេ​ក៏​អង្វរ​ឲ្យ​ទ្រង់​យាង​ចេញ​ពី​ក្រវល់​ស្រុក​គេ​ទៅ។

ម៉ាថាយ ៩

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ដើរ​រួច

១ ព្រះយេស៊ូវ ទ្រង់​ក៏​យាង​ចុះ​ទូក ឆ្លង​ទៅ​ឯ​ក្រុងរបស់​ទ្រង់​វិញ ២ នោះ​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​ឯ​ទ្រង់ កាល​ទ្រង់​ទត​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ៣ ដូច្នេះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា មនុស្ស​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ៤ ឯ​ព្រះយេស៊ូវ ទ្រង់​ឈ្វេង​យល់​គំនិត​គេ ក៏​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ ៥ ដ្បិត​ដែល​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង ៦ ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ ៧ អ្នក​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ​ឯ​ផ្ទះ ៨ កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​នោះ គេ​កើត​មាន​សេចក្តី​អស្ចារ្យ ក៏​សរសើរដំកើង​ដល់​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​អំណាច​យ៉ាង​នេះ មក​មនុស្ស​លោក។

ព្រះយេស៊ូវ​ត្រាស់ហៅ​លោក​ម៉ាថាយ

៩ លុះ​ព្រះយេស៊ូវ​យាង​ហួស​ពី​ទី​នោះ​ទៅ ទ្រង់​ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់​ទៅ ១០ កាល​ព្រះយេស៊ូវ​កំពុង​គង់​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ នោះ​មាន​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ជា​ច្រើន បាន​មក​អង្គុយ​ជា​មួយ​នឹង​ទ្រង់ និង​ពួក​សិស្ស​ទ្រង់​ផង ១១ កាល​ពួក​ផារិស៊ី​បាន​ឃើញ​ដូច្នោះ គេ​ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​នឹង​ពួក​យក​ពន្ធ ហើយ​និង​មនុស្ស​មាន​បាប​ដូច្នេះ ១២ តែ​ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​ឮ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ១៣ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រៀន​ន័យ​បទ ដែល​ថា «អញ​ចង់​បាន​សេចក្តី​មេត្តាករុណា មិន​មែន​យញ្ញបូជា​ទេ» ពី​ព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ។

អំពី​ការ​តម​អាហារ

១៤ នៅ​គ្រា​នោះ ពួក​សិស្ស​របស់​យ៉ូហាន ក៏​មក​ឯ​ទ្រង់​ទូល​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ និង​ពួក​ផារិស៊ី តម​តែ​ញយៗ តែ​ពួក​សិស្ស​ទ្រង់​មិន​ដែល​តម​សោះ​ដូច្នេះ ១៥ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា កំពុង​ដែល​ប្តី​ថ្មោងថ្មី​នៅ​ជា​មួយ​គ្នា នោះ​តើ​សំឡាញ់​នៃ​គាត់​នឹង​ធ្វើ​ទឹក​មុខ​ព្រួយ​បាន​ឬ​ទេ ប៉ុន្តែ នឹង​មាន​គ្រា​មក​ដល់ ដែល​ប្តី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ ទើប​គេ​នឹង​តម​អាហារ​វិញ ១៦ គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ដ្បិត​កំណាត់​ថ្មី​នោះ នឹង​ហែក​អាវ​ចាស់​ចេញ ហើយ​រំហែក​នោះ​នឹង​រឹង​រឹត​តែ​អាក្រក់​ជាង​ទៅ​ទៀត ១៧ ក៏​មិន​ដែល​មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​នឹង​ធ្លាយ ហូរ​ស្រា​ទំពាំងបាយជូរ​ចេញ​អស់ ហើយ​ទាំង​ថង់​នោះ​ក៏​ត្រូវ​ខូច​ខាត​ដែរ គឺ​គេ​តែង​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទើប​ទាំង​២​បាន​គង់​នៅ។

ព្រះយេស៊ូវ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ុស​ឲ្យ​រស់​ឡើង​វិញ

១៨ កំពុង​ដែល​ទ្រង់​មាន​ព្រះបន្ទូល​នឹង​គេ ពី​ដំណើរ​ទាំង​នោះ ស្រាប់​តែ​មាន​មេ​សាលា​ម្នាក់ មក​ក្រាប​ថ្វាយ​បង្គំ​ទូល​ថា កូន​ស្រី​របស់​ទូលបង្គំ​ទើប​នឹង​ស្លាប់​អម្បាញ់មិញ សូម​ទ្រង់​មេត្តា​យាង​ទៅ​ដាក់​ព្រះហស្ត​លើ​វា នោះ​វា​នឹង​រស់​ឡើង​វិញ ១៩ ព្រះយេស៊ូវ​ក៏​ក្រោក​ឡើង យាង​ទៅ​តាម ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ដែរ ២០ រីឯ​មាន​ស្ត្រី​ម្នាក់ នាង​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ ពាល់​ជាយ​ព្រះពស្ត្រ​ទ្រង់ ២១ ដោយ​គិត​ក្នុង​ចិត្ត​ថា បើ​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ ២២ ឯ​ព្រះយេស៊ូវ ទ្រង់​បែរ​ទៅ​ឃើញ​នាង ក៏​មាន​ព្រះបន្ទូល​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ សេចក្តី​ជំនឿ​របស់​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ នាង​ក៏​ជា ចាប់​តាំង​ពី​វេលា​នោះ​មក ២៣ រួច​មក កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​សាលា បាន​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ និង​មនុស្ស​សន្ធឹក​កំពុង​តែ​ឆោឡោ ២៤ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ថយ​ចេញ​ទៅ ដ្បិត​នាង​ក្រមុំ​នេះ​មិន​មែន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ តែ​គេ​សើច​ចំអក​ឲ្យ​ទ្រង់ ២៥ លុះ​បណ្តេញ​មនុស្ស​ទាំង​នោះ ទៅ​ក្រៅ​អស់​ហើយ នោះ​ទ្រង់​យាង​ចូល​ទៅ​ចាប់​ដៃ​នាង រួច​នាង​ក៏​ក្រោក​ឡើង ២៦ រឿង​នោះ​បាន​ល្បី​ខ្ចរខ្ចាយ​ទួទៅ ពេញពាស​ក្នុង​ស្រុក​នោះ​ឯង។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ

២៧ កំពុង​ដែល​ព្រះយេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ​ទៅ នោះ​មាន​មនុស្ស​ខ្វាក់​២​នាក់​តាម​ទ្រង់ ទាំង​ស្រែក​ថា ឱ​ព្រះរាជបុត្រា​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង ២៨ កាល​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​អ្នក​ខ្វាក់​ទាំង​២​ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ អ្នក​ទាំង​២​ទូល​ថា ជឿ​ហើយ ព្រះអម្ចាស់​អើយ ២៩ នោះ​ទ្រង់​ក៏​ពាល់​ភ្នែក​គេ ដោយ​ព្រះបន្ទូល​ថា ចូរ​ឲ្យ​បាន​ដូច​សេចក្តី​ជំនឿ​របស់​អ្នក​ចុះ ៣០ ភ្នែក​គេ​ក៏​បាន​ភ្លឺ​ឡើង រួច​ទ្រង់​ហាម​ផ្តាច់​ថា នែ កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឲ្យ​សោះ​ហ្នះ ៣១ តែ​កាល​គេ​ចេញ​ទៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​ពី​ទ្រង់ សុស​សាយ​ពេញ​ក្នុង​ស្រុក​នោះ។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​គ​ម្នាក់​ឲ្យ​និយាយ​បាន

៣២ កំពុង​ដែល​អ្នក​ទាំង​២​ចេញ​ទៅ នោះ​មាន​គេ​នាំ​មនុស្ស​គ ដែល​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ ៣៣ រួច​កាល​បាន​ដេញ​អារក្ស​ចេញ​ហើយ នោះ​មនុស្ស​គ​បាន​និយាយ​ឡើង​បាន ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​មាន​សេចក្តី​អស្ចារ្យ​ថា មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​សោះ​ឡើយ ៣៤ តែ​ពួក​ផារិស៊ី​និយាយ​ឡើង​ថា អ្នក​នេះ​ដេញ​អារក្ស ដោយសារ​តែ​មេ​អារក្ស​ទេ។

ព្រះយេស៊ូវ​អាណិត​មហាជន

៣៥ ព្រះយេស៊ូវ ទ្រង់​ក៏​យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា ៣៦ កាល​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ហើយ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល ៣៧ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ៣៨ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់។

ម៉ាថាយ ១០

ព្រះយេស៊ូវ​តែងតាំង​សាវ័ក ១២ រូប

១ កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្សអសោច ហើយ​និង​មើល​គ្រប់​ទាំង​ជំងឺរោគា និង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង ២ រីឯ​ពួក​សាវ័ក​ទាំង​១២​នាក់ នោះ​ដូច​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ​ស្រាប់ គឺ មុន​ដំបូង​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប ជា​កូន​សេបេដេ​១ និង​យ៉ូហាន ជា​ប្អូន​គាត់​១ ៣ ភីលីព​១ បារថូល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់ផាយ​១ លេបេ ដែល​ហៅ​ថា​ថាដេ​១ ៤ ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ហើយ​និង​យូដាស-អ៊ីស្ការីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។

ព្រះយេស៊ូវ​ចាត់​សិស្ស​ទាំង​១២​ទៅ​ប្រកាស​ដំណឹង​ល្អ

៥ ព្រះយេស៊ូវ ទ្រង់​ចាត់​ពួក​១២​នាក់​នេះ ឲ្យ​ទៅ ដោយ​ផ្តាំ​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ ឬ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា​១​របស់​សាសន៍​សាម៉ារី​ឡើយ ៦ ចូរ​ទៅ​ឯ​ចៀម​បាត់បង់ របស់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល​វិញ ៧ ហើយ​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស​ប្រាប់​ថា នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ ៨ ចូរ​ប្រោស​មនុស្ស​ជំងឺ​ឲ្យ​ជា មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត ហើយ​ដេញ​អារក្ស​ចេញ​ផង អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ ៩ កុំ​ឲ្យ​យក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ទៅ​ឡើយ ១០ ក៏​កុំ​ឲ្យ​យក​យាម​សំរាប់​តាម​ផ្លូវ ឬ​អាវ​២ ស្បែក​ជើង ឬ​ដំបង​ផង ដ្បិត​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​អាហារ​ចិញ្ចឹម​ខ្លួន ១១ នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ រួច​ឲ្យ​នៅ​ផ្ទះ​អ្នក​នោះ ដរាប​ដល់​អ្នក​ចេញ​ទៅ ១២ កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរអ្នក​ផ្ទះ​នោះ​ដែរ ១៣ បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្តី​សុខ​សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ ១៤ បើ​អ្នក​ណា​មិន​ទទួល ឬ​មិន​ស្តាប់​តាម​ពាក្យ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ពី​ផ្ទះ​នោះ ឬ​ចេញ​ពី​ក្រុង​នោះ រួច​រលាស់​ធូលី​ពី​ជើង​អ្នក​ចេញ ១៥ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ​វិញ។

អំពី​ការ​បៀតបៀន

១៦ នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប ១៧ ត្រូវ​ឲ្យ​ប្រយ័ត្ន​នឹង​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ក្រុមជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ ១៨ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​មុខ​ចៅហ្វាយ​ខេត្ត ហើយ​នៅ​ចំពោះ​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​អស់​នោះ ហើយ​និង​ពួក​សាសន៍​ដទៃ​ដែរ ១៩ ប៉ុន្តែ កាល​ណា​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ពី​ព្រោះ​សេចក្តី​ដែល​ត្រូវ​និយាយ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ​ឯង ២០ ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះវិញ្ញាណ​របស់​ព្រះវរបិតា​នៃ​អ្នក​ទេ​តើ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ក្នុង​ខ្លួន​អ្នក​វិញ ២១ បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ព្រម​ទាំង​សំឡាប់​គាត់​ផង ២២ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ ២៣ កាល​ណា​គេ​ធ្វើ​ទុក្ខ បៀតបៀន​អ្នក​រាល់​គ្នា ក្នុង​ក្រុង​នេះ នោះ​ត្រូវ​រត់​ទៅ​ឯ​ក្រុង​១​ទៀត​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​គ្រប់​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​ហើយ។ ២៤ សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ ហើយ​បាវ​ក៏​មិន​លើស​ជាង​ចៅហ្វាយ​ខ្លួន​ដែរ ២៥ បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​បាវ​ស្មើ​នឹង​ចៅហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

ព្រះយេស៊ូវ​ទូន្មាន​សិស្ស​កុំ​ឲ្យ​ភ័យ​បារម្ភ

២៦ ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​សំដែង​ចេញ ឬ​អ្វី​លាក់លៀម ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ ២៧ ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ ២៨ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូបកាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះអង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូបកាយ​វិនាស​ទៅ​ក្នុង​នរក​ផង ២៩ តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ ៣០ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ៣១ យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន។

អ្នក​ទទួល​ស្គាល់ និង​អ្នក​មិន​ទទួល​ស្គាល់​ព្រះយេស៊ូវ

៣២ ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ ៣៣ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ។

ការ​បាក់​បែក​គ្នា​ព្រោះ​ជំនឿ

៣៤ កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្តី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្តី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ ៣៥ ដ្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូន​ស្រី​ទាស់​នឹង​ម្តាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក ៣៦ ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង ៣៧ អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជា​ជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស​ឬ​ស្រី ជា​ជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ ៣៨ អ្នក​ណា​ដែល​មិន​យក​ឈើ​ឆ្កាង​ខ្លួន មក​តាម​ខ្ញុំ អ្នក​នោះ​មិន​គួរ​នឹង​ខ្ញុំ​ឡើយ ៣៩ អ្នក​ណា​ដែល​រក​បាន​ជីវិត​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។

អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ទទួល​ខ្ញុំ​ដែរ

៤០ អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ៤១ អ្នក​ណា​ដែល​ទទួល​ហោរា ពី​ព្រោះ​ជា​ហោរា អ្នក​នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​ហោរា ឯ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិត ពី​ព្រោះ​ជា​មនុស្ស​សុចរិត នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​មនុស្ស​សុចរិត​ដែរ ៤២ អ្នក​ណា​ដែល​ឲ្យ​ទឹក​ត្រជាក់​តែ​១​កែវ ទៅ​កូន​ក្មេង​តូច​១​នេះ​ផឹក ពី​ព្រោះ​ជា​សិស្ស​ខ្ញុំ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។

ម៉ាថាយ ១១

លោក​យ៉ូហានបាទីស្ទ​ចាត់​សិស្ស​ទៅ​ជួប​ព្រះយេស៊ូវ

១ កាល​ព្រះយេស៊ូវ​បាន​ផ្តាំ​ពួក​សិស្ស​ទាំង​១២​នាក់​រួច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ដើម្បី​នឹង​ទៅ​បង្រៀន ហើយ​សំដែង ក្នុង​អស់​ទាំង​ក្រុង​របស់​គេ។ ២ រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះគ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា ៣ តើ​ទ្រង់​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​នោះ ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ចាំ​១​អង្គ​ទៅ​ទៀត ៤ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​អ្នក​កំពុង​តែ​ឮ ហើយ​ឃើញ ៥ គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្របាន​ឮ​ដំណឹង​ល្អ​ផង ៦ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។ ៧ កំពុង​ដែល​អ្នក​ទាំង​២​នោះ​ចេញ​ទៅ​ហើយ នោះ​ព្រះយេស៊ូវ​ទ្រង់​ផ្តើម​មាន​ព្រះបន្ទូល​នឹង​ហ្វូង​មនុស្ស ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ​អី ៨ តើ​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់ភ្លន់​ឬ​អី មើល​អស់​អ្នក​ដែល​ពាក់​អាវ​ទន់ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ ៩ ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង ១០ ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្តី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង» ១១ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ នោះ​ធំ​ជាង​គាត់​ហើយ ១២ តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង ១៣ ពី​ព្រោះ​អស់​ទាំង​ហោរា និង​ក្រឹត្យវិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន ១៤ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក ១៥ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ ១៦ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា ១៧ យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ ១៨ ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា គាត់​មាន​អារក្ស​ចូល ១៩ ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល​នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​របស់​ពួក​យក​ពន្ធ និង​មនុស្ស​មាន​បាប ប៉ុន្តែ​ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត។

ព្រះយេស៊ូវ​បន្ទោស​អ្នក​ក្រុង​នា​នា​ដែល​ពុំ​ព្រម​ជឿ

២០ នោះ​ទ្រង់​ចាប់​តាំង​បន្ទោស​ដល់​អស់​ទាំង​ក្រុង ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ការ​ឫទ្ធិបារមី​ជា​ច្រើន ពី​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត​សោះ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ថា ២១ វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិបារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផែះ​ផង ២២ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង​រាល់​គ្នា ២៣ ហើយ​ឯ​ឯង កាពើណិម​អើយ ដែល​ឯង​បាន​ដំកើង​ឡើង​ស្មើ​នឹង​ស្ថានសួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ពី​ព្រោះ​ឯ​ការ​ឫទ្ធិបារមី ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​ក្រុង​សូដុំម​វិញ នោះ​ក្រុង​គេ​នឹង​បាន​ស្ថិតស្ថេរ​នៅ​ជា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ២៤ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង។

ព្រះវរបិតា និង​ព្រះរាជបុត្រា

២៥ នៅ​វេលា​នោះ ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ថា ឱ​ព្រះវបិតា ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ និង​ផែនដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្តី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​និង​ពួក​ឈ្លាសវៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ ២៦ ហ្នឹង​ហើយ ព្រះវរបិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច្នោះ ២៧ គ្រប់​សេចក្តី​ទាំង​អស់​បាន​ប្រគល់​មក​ខ្ញុំ​ពី​ព្រះវរបិតា​នៃ​ខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះរាជបុត្រា​ទេ មាន​តែ​ព្រះវរបិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះវរបិតា​ដែរ មាន​តែ​ព្រះរាជបុត្រា ហើយ​និង​អ្នក​ណា ដែល​ព្រះរាជបុត្រា​សព្វ​ព្រះហឫទ័យ​ចង់​បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ។

វិន័យ​របស់​ព្រះយេស៊ូវ

២៨ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក ២៩ ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង ៣០ ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល។

ម៉ាថាយ ១២

ព្រះយេស៊ូវ​មាន​អំណាច​លើ​ក្រឹត្យវិន័យ​ថ្ងៃ​សប្ប័ទ

១ នៅ​គ្រា​នោះ ព្រះយេស៊ូវ​យាង​កាត់​ស្រែ នៅ​ថ្ងៃ​ឈប់​សំរាក ឯ​ពួក​សិស្ស​ទ្រង់​គេ​ឃ្លាន ហើយ​គេ​ចាប់​បូត​គួរ​ស្រូវ​បរិភោគ​ទៅ ២ ពួក​ផារិស៊ី​ក៏​ឃើញ ហើយ​គេ​ទូល​ទ្រង់​ថា មើល​ន៏ សិស្ស​លោក​ធ្វើ​អំពើ ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ហើយ ៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ និង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ​អី ៤ គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ ឬ​ពួក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ ៥ ឬ​អ្នក​រាល់​គ្នា​មិន​បាន​មើល​ក្នុង​ក្រឹត្យវិន័យ​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ពួក​សង្ឃ នៅ​ក្នុង​ព្រះវិហារ ក៏​ប្រព្រឹត្ត​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក ឥត​មាន​ទោស​វិញ ៦ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​១​អង្គ ដែល​វិសេស​ជាង​ព្រះវិហារ​ទៅ​ទៀត ៧ បើ​អ្នក​រាល់​គ្នា​បាន​យល់​ន័យ​សេចក្តី​ដែល​ថា «អញ​ចង់​បាន​សេចក្តី​មេត្តាករុណា មិន​មែន​យញ្ញបូជា​ទេ» នោះ​អ្នក​រាល់​គ្នា​មិន​បាន​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ ៨ ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក​ដែរ។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា

៩ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ១០ នោះ​ឃើញ​មនុស្ស​ម្នាក់​មាន​ដៃ​ស្វិត ហើយ​គេ​ទូល​សួរ​ទ្រង់​ថា តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​បាន​ឬ​ទេ នេះ​គឺ​ដើម្បី​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ១១ តែ​ទ្រង់​ឆ្លើយ​ថា បើ​អ្នក​ណា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ចៀម​តែ​១ ហើយ​ចៀម​នោះ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​តើ​មិន​ទៅ​ចាប់​ស្រង់​វា​មក​ទេ​ឬ​អី ១២ ឯ​មនុស្ស តើ​មាន​ដំឡៃ​លើស​ជាង​ចៀម​អម្បាលម៉ាន​ទៅ​ទៀត ដូច្នេះ មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ១៣ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​លាត​ដៃ​អ្នក​ទៅ គាត់​ក៏​លាត ហើយ​ដៃ​នោះ​បាន​ជា ដូច​ដៃ​ម្ខាង។ ១៤ កាល​ពួក​ផារិស៊ី​បាន​ចេញ​ទៅ​ក្រៅ គេ​ក៏​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​ឲ្យ​ទ្រង់​វិនាស ១៥ តែ​កាល​ព្រះយេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​យាង​ថយ​ចេញ​ពី​ទី​នោះ មាន​ទាំង​មនុស្ស​កកកុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ១៦ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​បណ្តា​មនុស្ស​ស្គាល់​ទ្រង់​ឡើយ ១៧ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា ១៨ «មើល អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួនភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​យុត្តិធម៌ ដល់​សាសន៍​ដទៃ ១៩ ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ នឹង​គ្មាន​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​ទេ ២០ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់​តែ​បាន​នាំ​សេចក្តី​យុត្តិធម៌​ឲ្យ​មាន​ជ័យជំនះ ២១ ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្តី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»។

ព្រះយេស៊ូវ​ឆ្លើយ​តប​នឹង​អ្នក​ចោទ​ប្រកាន់​ព្រះអង្គ

២២ នោះ​គេ​នាំ​មនុស្ស​ម្នាក់​មាន​អារក្ស​ចូល ដែល​ខ្វាក់ ហើយ​គ មក​ឯ​ទ្រង់ ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា គឺ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​គ​នោះ បាន​ទាំង​និយាយ ហើយ​មើល​ឃើញ​ផង ២៣ ឯ​ហ្វូង​មនុស្ស គេ​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​និយាយ​គ្នា​ថា អ្នក​នេះ តើ​មិន​មែន​ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​នោះ​ទេ​ឬ​អី ២៤ តែ​កាល​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​នោះ គេ​ក៏​ឆ្លើយ​ឡើង​ថា មនុស្ស​នេះ​ដេញ​អារក្ស​បាន ដោយសារ​តែ​បេលសេប៊ូល ជា​មេ​អារក្ស​ទេ ២៥ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះបន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​អស់​ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​នៅ​ស្ថិតស្ថេរ​ពុំ​បាន​ទេ ២៦ ដូច្នេះ បើ​អារក្ស​ដេញ​អារក្ស នោះ​មុខ​ជា​វា​បែក​ទាស់​គ្នា​វា​ហើយ យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​វា​ស្ថិតស្ថេរ​នៅ​បាន ២៧ មួយ​ទៀត បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អាង​បេលសេប៊ូល​ពិត នោះ​តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយសារ​អ្វី​វិញ ដូច្នេះ វា​នឹង​ធ្វើ​ជា​ចៅក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ ២៨ ប៉ុន្តែ​បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះ​វិញ នោះ​ឈ្មោះ​ថា នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ២៩ ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​ខ្លាំង​ពូកែ នឹង​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​គេ​បាន វៀរ​តែ​ចង​អ្នក​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន នោះ​ទើប​នឹង​ប្លន់​ផ្ទះ​របស់​គេ​បាន ៣០ អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កំចាត់កំចាយ​វិញ ៣១ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​ទាំង​បាប ហើយ​ពាក្យ​ប្រមាថ នឹង​អត់​ទោស​ឲ្យ​មនុស្ស​លោក​បាន តែ​ឯ​ពាក្យ​ប្រមាថ​ដល់​ព្រះវិញ្ញាណ​វិញ នោះ​មិន​ដែល​បាន​អត់​ទោស ដល់​មនុស្ស​ឡើយ ៣២ អ្នក​ណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ដែល​ពោល​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​នឹង​អត់​ទោស​ឲ្យ​ពុំ​បាន​ឡើយ ទោះ​នៅ​នា​លោកីយ៍​នេះ ឬ​នៅ​បរលោក​នាយ​ក្តី។

ដើម​ឈើ​ល្អ ដើម​ឈើ​អាក្រក់

៣៣ ត្រូវ​តែ​រាប់​ថា ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ ឬ​ថា​ដើម​ឈើ​អាក្រក់ ហើយ​ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយសារ​ផ្លែ​វា ៣៤ ពូជ​ពស់វែក​អើយ ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម៉្លេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្តី​ល្អ​បាន ពី​ព្រោះ​មាត់​តែង​និយាយ តាម​សេចក្តី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត ៣៥ ធម្មតា​មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្តី​ល្អ អំពី​កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត ឯ​មនុស្ស​អាក្រក់​វិញ គេ​ក៏​បញ្ចេញ​សេចក្តី​អាក្រក់ អំពី​កំណប់​អាក្រក់​របស់​គេ​ដែរ ៣៦ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ ៣៧ ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយសារ​តែ​ពាក្យ​សំដី​នោះ​ដែរ។

ទី​សំគាល់​របស់​លោក​យ៉ូណាស

៣៨ គ្រា​នោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ខ្លះ គេ​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សំគាល់​ពី​លោក ៣៩ តែ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ ៤០ ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ ៤១ ឯ​មនុស្ស​នៅ​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដ្បិត​គេ​បាន​ប្រែ​ចិត្ត ដោយ​ឮ​សេចក្តី​ដែល​លោក​យ៉ូណាស​បាន​ប្រកាស​ប្រាប់ ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ ដែល​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត ៤២ មហាក្សត្រី​នៅ​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជា​មួយ​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​និង​កាត់​ទោស​ឲ្យ​ផង ដោយ​ព្រះនាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​របស់​ហ្លួង​សាឡូម៉ូន ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​វិសេស​ជា​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត។

ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​អារក្ស​ចូល​ម្តង​ទៀត

៤៣ កាល​ណា​អារក្សអសោច​បាន​ចេញ​ពី​មនុស្ស​ទៅ​ហើយ នោះ​វា​ដើរ​ចុះ​ឡើង នៅ​កន្លែង​ហួតហែង ដើម្បី​រក​ទី​ឈប់​សំរាក តែ​រក​មិន​បាន​សោះ ៤៤ នោះ​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ទើប​នឹង​ចេញ​មក​នោះ រួច​កាល​វា​មក​ដល់ ឃើញ​ផ្ទះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុបតែង​យ៉ាង​ល្អ ៤៥ នោះ​វា​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ ជាង​វា មក​ជា​មួយ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ។

ព្រះញាតិវង្ស​ពិត​ប្រាកដ​របស់​ព្រះយេស៊ូវ

៤៦ កាល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​នឹង​ហ្វូង​មនុស្ស​នៅ​ឡើយ នោះ​មាតា និង​ពួក​ប្អូន​លោក​ក៏​ឈរ​ពី​ខាង​ក្រៅ​រក​ទូល​នឹង​ទ្រង់ ៤៧ មាន​ម្នាក់​ទូល​ទ្រង់​ថា មើល​ន៏ ម្តាយ និង​ប្អូន​លោក ឈរ​នៅ​ខាង​ក្រៅ​ចង់​និយាយ​នឹង​លោក ៤៨ តែ​ទ្រង់​ឆ្លើយ​ទៅ​អ្នក​ដែល​ទូល​នឹង​ទ្រង់​ថា តើ​អ្នក​ណា​ជា​ម្តាយ ហើយ​ជា​ប្អូន​ខ្ញុំ ៤៩ រួច​ទ្រង់​លាត​ព្រះហស្ត ចង្អុល​ទៅ​ពួក​សិស្ស ដោយ​ព្រះបន្ទូល​ថា នុ៎ះ​ន៏ ម្តាយ ហើយ​និង​ប្អូន​ខ្ញុំ ៥០ ដ្បិត​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌ គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្តាយ​ខ្ញុំ​វិញ។

ម៉ាថាយ ១៣

ប្រស្នា​អំពី​គ្រាប់​ពូជ

១ នៅ​ថ្ងៃ​នោះ ព្រះយេស៊ូវ​យាង​ចេញ​ពី​ផ្ទះ ទៅ​គង់​នៅ​មាត់​សមុទ្រ ២ នោះ​មាន​មនុស្ស​ប្រជុំ​គ្នា មក​ឯ​ទ្រង់​ណែនណាន់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​វិញ ហើយ​មនុស្ស​ទាំង​អស់​គ្នា​ឈរ​នៅ​លើ​មាត់​ច្រាំង ៣ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​រឿង​ជា​ច្រើន​ថា មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ ៤ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ ៥ មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មាន​ដី​រាក់​ពេក ស្រាប់​តែ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ​ទេ ៦ ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស ៧ ហើយ​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត ៨ តែ​មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ហើយ​បង្កើត​ផល​បាន​១​ជា​១​រយ មួយ​ទៀត​បាន​៦០ ហើយ​មួយ​ទៀត​បាន​៣០ ៩ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ ១០ រួច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ ១១ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌កំបាំង​របស់​នគរ​ស្ថានសួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ ១២ ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ទៅ​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​យក​ទាំង​អ្វីៗ​ដែល​អ្នក​នោះ​មាន​ចេញ​ផង ១៣ ហេតុ​នោះ​បាន​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្តាប់ នោះ​ក៏​មិន​ឮ ហើយ​មិន​យល់​ផង ១៤ ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្តី​ដែល​ទាយ​ទុក​មក​ថា «ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន ហើយ​ដែល​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ ១៥ ព្រោះ​ចិត្ត​របស់​ជនជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា» ១៦ តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ ១៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពី​ដើម​មាន​ហោរា និង​មនុស្ស​សុចរិត​ជា​ច្រើន គេ​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ តែ​មិន​បាន​ឃើញ​សោះ ក៏​ចង់​ឮ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​មាន​ឮ​ឡើយ។ ១៨ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច ពី​អ្នក​ព្រោះ​ពូជ​នោះ ១៩ គឺ​កាល​ណា​បើ​អ្នក​ណា​ស្តាប់​ព្រះបន្ទូល​ពី​នគរ តែ​មិន​យល់ នោះ​អា​កំណាច​ក៏​មក​ឆក់​យក​សេចក្តី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់ នេះ​គឺ​ជា​អ្នក​ដែល​បាន​ទទួល​ពូជ​តាម​ផ្លូវ ២០ ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល រួច​ទទួល​ភ្លាម​ដោយ​អំណរ ២១ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន ហើយ​មិន​នៅ​ជាប់​ជា​យូរ​ប៉ុន្មាន​ទេ លុះ​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​បៀតបៀន​ដោយ​ព្រោះ​ព្រះបន្ទូល នោះ​គេ​រសាយ​ចិត្ត​ចេញ​ភ្លាម ២២ ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល រួច​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ និង​សេចក្តី​ឆបោក​របស់​ទ្រព្យសម្បត្តិ​មក​ខ្ទប់​ព្រះបន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ ២៣ តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០។

ប្រស្នា​អំពី​ស្រងែ

២៤ ទ្រង់​មាន​ព្រះបន្ទូល ដោយ​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ព្រោះ​ពូជ​ល្អ​នៅ​ស្រែ​ខ្លួន ២៥ ប៉ុន្តែ​កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ដេក​លក់ នោះ​សត្រូវ​របស់​ថៅកែ​នោះ ក៏​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវសាលី​ដែរ រួច​ចេញ​បាត់​ទៅ ២៦ លុះ​ពន្លក​ឡើង ហើយ​ស្រូវ​ចេញ នោះ​ស្រងែ​ក៏​លេច​ចេញ​មក​ឲ្យ​ស្គាល់​ដែរ ២៧ ពួក​បាវ​របស់​ថៅកែ​នោះ គេ​មក​ជំរាប​ថា លោក​ម្ចាស់ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ នៅ​ស្រែ​របស់​លោក​ទេ​ឬ​អី ដូច្នេះ តើ​ស្រងែ​នេះ​កើត​ពី​ណា​មក ២៨ គាត់​ក៏​ឆ្លើយ​ថា នោះ​គឺ​ជា​ខ្មាំងសត្រូវ​ហើយ ដែល​បាន​ធ្វើ​ការ​នោះ រួច​ពួក​បាវ​សួរ​ថា ដូច្នេះ តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ចេញ​ឬ​ទេ ២៩ គាត់​ឆ្លើយ​ថា កុំ ក្រែង​កាល​ណា​ដក​ស្រងែ​ចេញ នោះ​ស្រូវសាលី​ក៏​រលើង​ទៅ​ដែរ ៣០ ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា ដរាប​ដល់​ពេល​ច្រូត​ចុះ ចាំ​ដល់​រដូវ​ចំរូត នោះ​អញ​នឹង​ប្រាប់​ពួក​ចំរូត​ថា ចូរ​ច្រូត​ស្រងែ​សិន ហើយ​ចង​ជា​កណ្តាប់ ទុក​សំរាប់​ដុត ឯ​ស្រូវសាលី ឲ្យ​ប្រមូល​ដាក់​ក្នុង​ជង្រុក​អញ​វិញ។

ប្រស្នា​អំពី​គ្រាប់​ពូជ​ល្អិត និង​មេ​នំបុ័ង

៣១ ទ្រង់​មាន​ព្រះបន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថានសួគ៌​ប្រៀប​ដូច​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​បាន​យក​ទៅ​ព្រោះ​ក្នុង​ចំការ​ខ្លួន ៣២ គ្រាប់​នេះ​ល្អិត​ជាង​គ្រាប់​ពូជ​ទាំង​អស់​ពិត​មែន តែ​កាល​ណា​បាន​ដុះ​ឡើង នោះ​ក៏​ធំ​ជាង​តិណជាតិ​ទាំង​អស់ ហើយ​ក៏​ត្រឡប់​ជា​ដើម​ធំ ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​លើ​អាកាស មក​ទំ​នៅ​លើ​មែក​ផង។ ៣៣ ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ ឲ្យ​គេ​ទៀត​ថា នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់ បាន​យក​មក​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ម្សៅ​នោះ​បាន​ដោរ​ឡើង​គ្រប់​ទាំង​អស់។ ៣៤ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​ព្រះបន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ ៣៥ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ៍​មក»។

ព្រះយេស៊ូវ​ពន្យល់​អត្ថន័យ​ប្រស្នា​អំពី​ស្រងែ

៣៦ នោះ​ទ្រង់​ក៏​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ឯ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា សូម​អធិប្បាយ​ឲ្យ​យើង​ខ្ញុំ​យល់​ន័យ​ពាក្យ​ប្រៀប ពី​ស្មៅ​ស្រងែ​នៅ​ស្រែ​ផង ៣៧ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា អ្នក​ដែល​ព្រោះ​ពូជ​ល្អ នោះ​គឺ​ជា​កូន​មនុស្ស ៣៨ ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ៍ ឯ​ពូជ​ល្អ គឺ​អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថានសួគ៌ ហើយ​ស្រងែ គឺ​ជា​អស់​ទាំង​មនុស្ស​របស់​អា​កំណាច​វិញ ៣៩ ខ្មាំងសត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា ៤០ ដូច្នេះ ដែល​គេ​ច្រូត​ស្រងែ​ដុត​បន្សុស​ក្នុង​ភ្លើង​ជា​យ៉ាង​ណា នោះ​ដល់​បំផុត​កល្ប​ក៏​នឹង​បាន​ដូច្នោះ​ដែរ ៤១ គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា ទៅ​ច្រូត​យក​អស់​ទាំង​ក្បួន ដែល​នាំ​ឲ្យ​មនុស្ស​រវាត​ចិត្ត និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទទឹង​ច្បាប់ ពី​នគរ​ចេញ ៤២ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ ៤៣ គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះវរបិតា​នៃ​គេ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

ប្រស្នា​ស្តី​អំពី​កំណប់ និង​អំពី​កែវមុក្តា​ដ៏​មាន​តម្លៃ

៤៤ មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ។ ៤៥ មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវមុក្តាយ៉ាង​ល្អ ៤៦ កាល​ណា​បាន​ឃើញ​១​ដែល​មាន​ដំឡៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់ មក​ទិញ​កែវមុក្តា​នោះ។

ប្រស្នា​ស្តី​អំពី​អួន

៤៧ មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អួន ដែល​គេ​ទំលាក់​ទៅ​ក្នុង​សមុទ្រ ជាប់​បាន​ត្រី​គ្រប់​មុខ ៤៨ កាល​បាន​ពេញ​ហើយ នោះ​គេ​ទាញ​ឡើង​មក​លើ​គោក រួច​អង្គុយ​ជ្រើសរើស​ត្រី​ល្អៗ ដាក់​ក្នុង​កញ្ឆេ​ទុក តែ​ត្រី​អាក្រក់ៗ​គេ​ចាក់​ចោល​ចេញ ៤៩ ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ៥០ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ ៥១ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ដល់​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​សេចក្តី​ទាំង​នេះ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​យល់​ហើយ ព្រះអម្ចាស់ ៥២ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​ទៀត​ថា ដូច្នេះ គ្រប់​អស់​ទាំង​អាចារ្យ​ណា​ដែល​មាន​គេ​បង្ហាត់​បង្រៀន ឲ្យ​ធ្វើ​ជា​សិស្ស​នៃ​នគរ​ស្ថានសួគ៌ នោះ​ធៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន។

អ្នក​ភូមិ​ណាសារ៉ែត​មិន​ព្រម​ទទួល​ស្គាល់​ព្រះយេស៊ូវ

៥៣ កាល​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​ប្រដូច​ទាំង​នេះ​ស្រេច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ​ទៅ ៥៤ លុះ​ទ្រង់​ចូល​មក​ក្នុង​ស្រុក​ទ្រង់​វិញ នោះ​ក៏​បង្រៀន​គេ​នៅ​ក្នុង​សាលា​ប្រជុំ ដល់​ម៉្លេះ​បាន​ជា​គេ​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​និយាយ​ថា តើ​អ្នក​នេះ​បាន​ចំណេះ និង​ការ​ឫទ្ធិបារមី​ទាំង​នេះ​ពី​ណា​មក ៥៥ តើ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ​អី តើ​ម្តាយ​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង​ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ​និង​យូដាស​ទេ​ឬ​អី ៥៦ ឯ​ប្អូន​ស្រី តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទេ​ឬ​អី ដូច្នេះ តើ​បាន​សេចក្តី​ទាំង​នេះ​ពី​ណា​មក ៥៧ គេ​ក៏​រវាត​ចិត្ត​ចេញ​ពី​ទ្រង់ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក ឬ​ក្នុង​ផ្ទះ​របស់​ខ្លួន​ចេញ ៥៨ ទ្រង់​មិន​បាន​ធ្វើ​ការ​ឫទ្ធិបារមី​ជា​ច្រើន​នៅ​ទី​នោះ​ទេ ពី​ព្រោះ​គេ​មិន​ជឿ។

ម៉ាថាយ ១៤

ស្តេច​ហេរ៉ូឌ​សំឡាប់​លោក​យ៉ូហាន-បាទីស្ទ

១ នៅ​គ្រា​នោះ ហេរ៉ូឌ ជា​ស្តេច​អនុរាជ ទ្រង់​បាន​ឮ​ល្បី​ពី​ព្រះយេស៊ូវ ២ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​ពួក​មហាតលិក​ថា នោះ​គឺ​ជា​យ៉ូហាន-បាទីស្ទ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិបារមី​កើត​មក ដោយសារ​គាត់​ដូច្នេះ ៣ ដ្បិត​ហេរ៉ូឌ​បាន​ចាប់​ចង​យ៉ូហាន​ដាក់​ក្នុង​គុក ដោយ​ព្រោះ​ហេរ៉ូឌាស ជា​ភរិយា​ភីលីព អនុជ​ទ្រង់ ៤ ពី​ព្រោះ​យ៉ូហាន​បាន​ទូល​ទាស់​នឹង​ស្តេច​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​នាង​នោះ​ទេ ៥ ទ្រង់​ចង់​សំឡាប់​គាត់​ណាស់ តែ​ខ្លាច​ហ្វូង​មនុស្ស ព្រោះ​គេ​រាប់​គាត់​ទុក​ជា​ហោរា ៦ មាន​សម័យ​១ ជា​ថ្ងៃ​ធ្វើ​បុណ្យ​ចំរើន​ព្រះជន្ម​ហេរ៉ូឌ នោះ​បុត្រី​ហេរ៉ូឌាស នាង​រាំ​នៅ​មុខ​ពួក​ភ្ញៀវ ជា​ទី​គាប់​ព្រះទ័យ​ដល់​ហេរ៉ូឌ​ណាស់ ៧ បាន​ជា​ទ្រង់​ស្បថ​សន្យា​នឹង​ប្រទាន​គ្រប់​របស់​អ្វី​ដែល​នាង​នឹង​សូម ៨ តែ​មាតា​នាង​បាន​បញ្ចេះ​ឲ្យ​ទូល​ថា សូម​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ ៩ នោះ​ស្តេច​ទ្រង់​ក៏​ព្រួយ​ព្រះទ័យ តែ​ដោយ​ព្រោះ​សម្បថ ហើយ​និង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​ក្បាល​គាត់​មក​ឲ្យ​នាង ១០ ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក ១១ គេ​យក​ក្បាល​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា ១២ នោះ​ពួក​សិស្ស​យ៉ូហាន​ក៏​មក​យក​សព​ទៅ​កប់ រួច​ទៅ​ទូល​ព្រះយេស៊ូវ។

ព្រះយេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិភោគ

១៣ កាល​ព្រះយេស៊ូវ​បាន​ឮ​ហើយ នោះ​ទ្រង់​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ទី​រហោស្ថាន​ដោយឡែក រីឯ​ពួក​បណ្តាជន​ក៏​បាន​ដឹង ហើយ​គេ​ចេញ​ពី​ក្រុង​ទាំង​អស់​ដើរ​តាម​ទ្រង់​ទៅ ១៤ លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរដាស ទ្រង់​ក៏​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​ក្នុង​ពួក​គេ​ឲ្យ​បាន​ជា ១៥ ដល់​ពេល​ល្ងាច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​ថា ទី​នេះ​ស្ងាត់​ណាស់ ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​បាន​ទិញ​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​ជុំវិញ ១៦ តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ១៧ ពួក​សិស្ស​ក៏​ទូល​ទ្រង់​ថា នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​៥​ដុំ ហើយ​និង​ត្រី​ពីរ​ប៉ុណ្ណោះ ១៨ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​យក​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ ១៩ រួច​កាល​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​លើ​ស្មៅ​ហើយ នោះ​ទ្រង់​យក​នំបុ័ង​៥​ដុំ និង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ទាំង​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ដល់​ហ្វូង​មនុស្ស ២០ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់​ដាក់​ពេញ​បាន​១២​កន្ត្រក ២១ រីឯ​ពួក​មនុស្ស​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៥​ពាន់​នាក់ ឥត​រាប់​ពួក​ស្រីៗ និង​កូន​ក្មេង​ទេ។

ព្រះយេស៊ូវ​យាង​លើ​ទឹក​សមុទ្រ

២២ ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​មុន​ទ្រង់ ទាល់​តែ​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ​អស់ ២៣ លុះ​បាន​ឲ្យ​គេ​ទៅ​ផុត​អស់​ហើយ នោះ​ទ្រង់​យាង​ឡើង​លើ​ភ្នំ​ដោយឡែក ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់​ហើយ ទ្រង់​ក៏​នៅ​ទី​នោះ​តែ​១​អង្គ​ទ្រង់ ២៤ ឯ​ទូក​នៅ​កណ្តាល​សមុទ្រ ត្រូវ​រលក​បោក​ជា​ខ្លាំង ដោយ​ព្រោះ​ច្រាស​ខ្យល់ ២៥ ដល់​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស ២៦ កាល​គេ​ឃើញ​ទ្រង់​យាង​លើ​ទឹក​ដូច្នោះ នេះ​ក៏​ភ័យ​វល់ ហើយ​និយាយ​ថា ខ្មោច​លង​ហើយ រួច​គេ​ស្រែក​ឡើង ដោយ​សេចក្តី​តក់ស្លុត ២៧ តែ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ ២៨ ពេត្រុស​ទូល​តប​ថា ព្រះអម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង ២៩ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូល​មក​ចុះ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះយេស៊ូវ ៣០ តែ​កាល​គាត់​បាន​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ៣១ ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​ព្រះបន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ ៣២ រួច​កាល​ទ្រង់ និង​គាត់​បាន​ឡើង​ទៅ​ក្នុង​ទូក​ហើយ នោះ​ខ្យល់​ក៏​ស្ងប់​ឈឹង ៣៣ ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​មក​ថ្វាយ​បង្គំ​ទ្រង់​ទូល​ថា ទ្រង់​ប្រាកដ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន។ ៣៤ លុះ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​គេនេសារ៉ែត ៣៥ ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ស្គាល់​ទ្រង់ ហើយ​គេ​ចាត់​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំវិញ នាំ​យក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់ ៣៦ ក៏​អង្វរ​ឲ្យ​ទ្រង់​អនុញ្ញាត ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ត្រ ទ្រង់​ប៉ុណ្ណោះ ឯ​អស់​អ្នក​ដែល​បាន​ពាល់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។

ម៉ាថាយ ១៥

ពួក​ខាង​គណៈផារិស៊ី និង​ទំនៀមទំលាប់

១ គ្រា​នោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី ដែល​នៅ​ក្រុង​យេរូសាឡិម គេ​ក៏​មក​ឯ​ព្រះយេស៊ូវ​ទូល​ថា ២ ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​ធ្វើ​ខុស​នឹង​ទំនៀមទំលាប់ ដែល​ពួក​ចាស់ទុំ​បាន​តាំង​ទុក​ពី​បុរាណ​មក​ដូច្នេះ ដ្បិត​កាល​ណា​បរិភោគ នោះ​គេ​មិន​លាង​ដៃ​សោះ ៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ឯ​អ្នក​រាល់​គ្នា​វិញ តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀមទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ៤ ដ្បិត​ព្រះ​ទ្រង់​បាន​បង្គាប់​ថា «ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន» ៥ តែ​អ្នក​រាល់​គ្នា​និយាយ​ដូច្នេះ​វិញ បើ​អ្នក​ណា​នឹង​និយាយ​ទៅ​ឪពុក​ម្តាយ​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​បាន​ថ្វាយ​ជា​ដង្វាយ​ហើយ យ៉ាង​នោះ​មិន​ចាំ​បាច់​ឲ្យ​អ្នក​នោះ​គោរព​ប្រតិបត្តិ ដល់​ឪពុក​ម្តាយ​ទៀត​ទេ ៦ ដូច្នេះ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ ដោយសារ​ទំនៀមទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា ៧ ឱ​ពួក​មនុស្ស​កំពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​ថា ៨ «បណ្តាជន​នេះ​គេ​គោរព​ប្រតិបត្តិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ ៩ គេ​ថ្វាយ​បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្តី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ»។

មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ

១០ រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​មក មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់​ហើយ​យល់​ចុះ ១១ មិន​មែន​ជា​របស់​ចូល​តាម​មាត់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​នោះ​ទេ ឯ​របស់​ដែល​ធ្វើ​ឲ្យ​គេ​ស្មោកគ្រោក នោះ​គឺ​ជា​សេចក្តី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ។ ១២ នោះ​ពួក​សិស្ស​ក៏​មក​ទូល​ថា តើ​ទ្រង់​ជ្រាប​ថា ពួក​ផារិស៊ី គេ​អន់​ចិត្ត ដោយ​ឮ​សេចក្តី​នោះ​ឬ​ទេ ១៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អស់​ទាំង​ដើម​ណា​ដែល​ព្រះវរបិតា​ខ្ញុំ​នៅ​ស្ថានសួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​រំលើង​ចោល ១៤ តាម​តែ​គេ​ចុះ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់​ដូច្នេះ នោះ​ទាំង​២​នាក់​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ហើយ ១៥ រួច​ពេត្រុស​ទូល​ថា សូម​ស្រាយ​ន័យ​ពាក្យ​ប្រៀប​នេះ ឲ្យ​យើង​ខ្ញុំ​យល់​ផង ១៦ ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ​អី ១៧ តើ​មិន​ទាន់​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ដែល​ចូល​តាម​មាត់ នោះ​តែង​ចុះ​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ ១៨ តែ​ឯ​សេចក្តី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្តី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក ១៩ ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែងក្លាយ ហើយ​និង​ជេរ​ប្រមាថ ២០ សេចក្តី​ទាំង​នោះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​មែន តែ​ដែល​បរិភោគ​ឥត​លាង​ដៃ នោះ​មិន​មែន​ធ្វើ​ឲ្យ​ស្មោកគ្រោក​ទេ។

ស្ត្រី​សាសន៍​ដទៃ​ម្នាក់​ជឿ​ព្រះយេស៊ូវ

២១ ព្រះយេស៊ូវ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ទៅ​ក្នុង​កំលុង​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន ២២ នោះ​ឃើញ​មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​ស្រុក​នោះ គាត់​ចេញ​មក​ស្រែក​ទូល​ទ្រង់​ថា ឱ​ព្រះអម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ សូម​មេត្តា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់ ២៣ តែ​ទ្រង់​មិន​បាន​ឆ្លើយ​តប​ទៅ​ស្ត្រី​នោះ​១​ព្រះឱស្ឋ​សោះ បាន​ជា​ពួក​សិស្ស​របស់​ទ្រង់​ចូល​មក​ទូល​ថា សូម​ឲ្យ​ស្ត្រី​នេះ​ទៅ​វិញ​ទៅ ដ្បិត​គេ​ចេះ​តែ​ស្រែក​តាម​យើង​ខ្ញុំ ២៤ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ទទួល​បង្គាប់​នឹង​មក​ឯ​ពួក​កូន​ចៀម ដែល​បាត់បង់​របស់​ពូជពង្ស​សាសន៍​អ៊ីស្រាអែលតែ​ប៉ុណ្ណោះ​ទេ ២៥ ប៉ុន្តែ ស្ត្រី​នោះ​មក​ក្រាប​ថ្វាយ​បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះអម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង ២៦ ទ្រង់​មាន​ព្រះបន្ទូល​ថា ដែល​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ នោះ​មិន​ល្អ​ទេ ២៧ តែ​ស្ត្រី​នោះ​ទូល​ថា មែន​ហើយ ព្រះអម្ចាស់ ប៉ុន្តែ​កូន​ឆ្កែ​វា​ស៊ី​កំទេច​ដែល​ធ្លាក់​ចុះ​ពី​តុ​ម្ចាស់​វា​មក​ដែរ ២៨ នោះ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ថា នាង​ស្រី​អើយ នាង​មាន​សេចក្តី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្តី​ប្រាថ្នា​ចុះ ស្រាប់​តែ​កូន​ស្រី​របស់​នាង​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​ឯង​ទៅ។

ព្រះយេស៊ូវ​ប្រោស​អ្នក​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​ជា

២៩ ព្រះយេស៊ូវ ទ្រង់​យាង​ចេញ​ពី​ទី​នោះ មក​ខាង​សមុទ្រ​កាលីឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ចុះ​នៅ​ទី​នោះ ៣០ នោះ​មាន​ហ្វូង​មនុស្ស​មក​ឯ​ទ្រង់​កកកុញ នាំ​ទាំង​មនុស្ស​ខ្វិន ខ្វាក់ គ ពិការ និង​មនុស្ស​ឯ​ទៀត​ជា​ច្រើន មក​ដាក់​នៅ​ទៀប​ព្រះបាទ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស ឲ្យ​គេ​បាន​ជា ៣១ ដល់ម៉្លេះ​បាន​ជា​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន​មាន​សេចក្តី​អស្ចារ្យ ដោយ​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​បាន​មាំមួន មនុស្ស​ខ្វិន​ដើរ​រួច និង​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរដំកើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​គ្រប់ៗ​គ្នា។

ព្រះយេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​បួន​ពាន់​នាក់​បរិភោគ

៣២ ព្រះយេស៊ូវ ទ្រង់​ហៅ​ពួក​សិស្ស​មក មាន​ព្រះបន្ទូល​ថា ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត ដល់​ហ្វូង​មនុស្ស​នោះ​ណាស់ ដ្បិត​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​៣​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​នឹង​បរិភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​អត់ឃ្លាន​ទេ ក្រែង​ហេវ​តាម​ផ្លូវ ៣៣ ពួក​សិស្ស​ទូល​ទ្រង់​ថា នៅ​ទី​ស្ងាត់​នេះ យើង​ខ្ញុំ​នឹង​រក​នំបុ័ង​ឲ្យ​ហ្វូង​មនុស្ស​ធំ​ដល់ម៉្លេះ​បរិភោគ​ឆ្អែត​ឯ​ណា​បាន ៣៤ តែ​ព្រះយេស៊ូវ​ទ្រង់​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ថា មាន​៧ ហើយ​និង​ត្រី​តូចៗ​ខ្លះ ៣៥ នោះ​ទ្រង់​ក៏​ប្រាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី ៣៦ រួច​ទ្រង់​យក​នំបុ័ង​៧ និង​ត្រី​ទាំង​នោះ​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ហ្វូង​មនុស្ស ៣៧ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​៧​កំប្រោង ៣៨ ឯ​ពួក​ប្រុសៗ​ដែល​បាន​បរិភោគ​ឆ្អែត នោះ​មាន​៤​ពាន់​នាក់​ឥត​រាប់​ស្រីៗ ហើយ​និង​កូន​ក្មេង​ផង​ទេ ៣៩ រួច​កាល​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ នោះ​ទ្រង់​យាង​ចុះ​ទូក​ឆ្លង​ទៅ​ដល់​ដែន​ស្រុក​ម៉ាកាដាន់។

ម៉ាថាយ ១៦

ពួក​ខាង​គណៈផារិស៊ី និង​ពួក​ខាង​គណៈសាឌូស៊ី​ចង់​ឃើញ​ការ​អស្ចារ្យ ទុក​ជា​ទី​សំគាល់

១ ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី គេ​មក​ល្បួង​ទ្រង់ សូម​ឲ្យ​សំដែង​ទី​សំគាល់​១​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ ២ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ដល់​ល្ងាច​អ្នក​រាល់​គ្នា​និយាយ​ថា មេឃ​នឹង​ល្អ ពី​ព្រោះ​ក្រហម ៣ ហើយ​ដល់​ព្រឹក នោះ​អ្នក​រាល់​គ្នា​ក៏​ថា នៅ​ថ្ងៃ​នេះ​នឹង​មាន​ព្យុះ​ភ្លៀង ព្រោះ​មេឃ​ក្រហម​ស្រទំ ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​មេឃ​មែន តែ​ពុំ​អាច​នឹង​ស្គាល់​ទី​សំគាល់​នៃ​សម័យ​នេះ​បាន​ទេ ៤ ពូជ​ដំណ​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​រក​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​តែ​មួយ​នោះ​ទេ គឺ​ហោរា​យ៉ូណាស រួច​ទ្រង់​យាង​ចោល​គេ​បាត់​ទៅ។

ពុតត្បុត​របស់​ពួក​ខាង​គណៈផារិស៊ី និង​ពួក​ខាង​គណៈសាឌូស៊ី

៥ ពួក​សិស្ស​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង តែ​គេ​ភ្លេច​យក​នំបុ័ង​ទៅ ៦ គ្រា​នោះ ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​ពិចារណា ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី ឲ្យ​មែនទែន ៧ គេ​ក៏​រិះគិត​គ្នា​ថា ប្រហែល​ជា​ដោយ​ព្រោះ​យើង​មិន​បាន​យក​នំបុ័ង​មក​ទេ​ដឹង ៨ កាល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប នោះ​ក៏​មាន​ព្រះបន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​គ្នា អំពី​ដំណើរ​ដែល​មិន​បាន​យក​នំបុ័ង​មក​ដូច្នេះ ៩ តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​ចាំ​ពី​នំបុ័ង​៥ និង​មនុស្ស​៥​ពាន់​នាក់ ហើយ​ដែល​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ​អី ១០ ឬ​ពី​នំបុ័ង​៧ និង​មនុស្ស​៤​ពាន់​នាក់ ហើយ​ដែល​ប្រមូល​បាន​ប៉ុន្មាន​កំប្រោង​ទេ​ឬ​អី ១១ ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ​ថា មិន​មែន​ពី​នំបុ័ង​ដែល​ខ្ញុំ​ប្រាប់​ឲ្យ​ប្រយ័ត្ន ពី​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​នោះ​ទេ ១២ នោះ​ទើប​គេ​បាន​យល់​ថា មិន​មែន​ពី​ដំបែ​នំបុ័ង ដែល​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ឲ្យ​គេ​ប្រយ័ត្ន​ទេ គឺ​ពី​លទ្ធិ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​វិញ។

លោក​ស៊ីម៉ូន​ប្រកាស​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ

១៣ កាល​ព្រះយេស៊ូវ បាន​យាង​មក​ដល់​ក្រវល់​ក្រុង​សេសារា-ភីលីព​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សាក​សួរ​ពួក​សិស្ស​ថា តើ​មនុស្ស​ទាំងឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា ១៤ ពួក​សិស្ស​ទូល​ឆ្លើយ​ថា ខ្លះ​ថា​ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​យេរេមា ឬ​ហោរា​ណា​មួយ ១៥ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា ១៦ ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ១៧ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សំដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះវរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ ១៨ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ ១៩ ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចងទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថានសួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ ២០ រួច​ទ្រង់​ហាម​ពួក​សិស្ស មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា​ថា ទ្រង់​ជា​ព្រះគ្រីស្ទ​ឡើយ។ ២១ តាំង​ពី​គ្រា​នោះ​មក ព្រះយេស៊ូវទ្រង់​ចាប់​ផ្តើម​ប្រាប់​ដល់​ពួក​សិស្ស​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ឯ​ក្រុង​យេរូសាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង តែ​ក្រោយ​៣​ថ្ងៃ​មក ទ្រង់​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ ២២ នោះ​ពេត្រុស​ក៏​នាំ​ទ្រង់​មក​ជិត ចាប់​តាំង​ទូល​ចំទាស់​ថា ឱ​ព្រះអង្គ​ម្ចាស់​អើយ សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ ២៣ តែ​ទ្រង់​បែរ​ទៅ​មាន​ព្រះបន្ទូល​នឹង​គាត់​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ឯង​ជា​សេចក្តី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ ២៤ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​គ្នា​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ២៥ ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ ២៦ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ២៧ ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរីល្អ​នៃ​ព្រះវរបិតា ជា​មួយ និង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន ២៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្តី​ស្លាប់ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក ក្នុង​នគរ​របស់​លោក។

ម៉ាថាយ ១៧

សិរីរុងរឿង​របស់​ព្រះយេស៊ូវ

១ កន្លង​មក​៦​ថ្ងៃ ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅ​ជា​មួយ​នឹង​ទ្រង់ ក៏​នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ដោយឡែក ២ រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះអាទិត្យ ហើយ​ព្រះពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស ដូច​ពន្លឺ ៣ នោះ​ឃើញ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា លេច​មក​ឯ​គេ កំពុង​តែ​ទូល​នឹង​ទ្រង់ ៤ ឯ​ពេត្រុស គាត់​ទូល​ទៅ​ព្រះយេស៊ូវ​ថា ព្រះអម្ចាស់​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ត្រសាល​៣​នៅ​ទី​នេះ គឺ​១​សំរាប់​ទ្រង់ ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ៥ កាល​គាត់​កំពុង​តែ​ទូល​នៅ​ឡើយ នោះ​មាន​ពពក​យ៉ាង​ភ្លឺ​បាន​មក​បាំង​គេ ហើយ​មាន​ឮ​សំឡេង​ចេញ​ពី​ពពក​នោះ​ថា នេះ​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្តាប់​តាម​ចុះ ៦ កាល​បាន​ឮ​ហើយ នោះ​ពួក​សិស្ស​ក៏​ក្រាប​ផ្កាប់​មុខ​នឹង​ដី ទាំង​ភ័យ​ស្លុត​ជា​ខ្លាំង ៧ តែ​ព្រះយេស៊ូវ​ទ្រង់​យាង​ទៅ​ពាល់​គេ ដោយ​ព្រះបន្ទូល​ថា ចូរ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ ៨ កាល​គេ​បាន​ងើប​ឡើង នោះ​មិន​បាន​ឃើញ​អ្នក​ណា​សោះ ឃើញ​តែ​ព្រះយេស៊ូវ​តែ​ប៉ុណ្ណោះ។ ៩ កំពុង​ដែល​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក នោះ​ព្រះយេស៊ូវ​ទ្រង់​ហាម​គេ​ថា កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ជាក់​ស្តែង​នេះ​ឲ្យ​សោះ ទាល់​តែ​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ១០ ពួក​សិស្ស​ទូល​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន ១១ ទ្រង់​ឆ្លើយ​តប​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ ១២ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលីយ៉ា​បាន​មក​ហើយ គេ​មិន​បាន​ស្គាល់​លោក​ទេ ហើយ​គេ​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​ចិត្ត​ផង បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​គេ​ធ្វើ​ទុក្ខ​ដូច្នោះ​ដែរ ១៣ នោះ​ពួក​សិស្ស​ក៏​យល់​ថា ទ្រង់​មាន​ព្រះបន្ទូល​ពី​យ៉ូហាន-បាទីស្ទ។

ព្រះយេស៊ូវ​ដេញ​អារក្ស​ចេញ​ពី​ក្មេង​ម្នាក់

១៤ កាល​បាន​មក​ដល់​ហ្វូង​មនុស្ស​ហើយ នោះ​មាន​ម្នាក់​មក​លុត​ជង្គង់ ក្រាប​នៅ​ចំពោះ​ទ្រង់​ទូល​ថា ១៥ ព្រះអម្ចាស់​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ទូលបង្គំ ដែល​ឆ្កួត​ជ្រូក​ផង វា​វេទនា​ណាស់ ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជា​ញយៗ ១៦ ទូលបង្គំ​បាន​នាំ​វា​មក​ឯ​ពួក​សិស្ស​ទ្រង់​ដែរ តែ​គេ​មើល​មិន​ជា​សោះ ១៧ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ​ឯ​ណេះ ១៨ នោះ​ព្រះយេស៊ូវ​ទ្រង់​បន្ទោស​ដល់​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​មក។ ១៩ នោះ​ពួក​សិស្ស​មក​ឯ​ព្រះយេស៊ូវ​ដោយឡែក ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ ដេញ​អារក្ស​នោះ​មិន​បាន ២០ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា គឺ​ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ជំនឿ​តិច​ពេក​ប៉ុណ្ណោះ ដ្បិត​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា បើ​មាន​សេចក្តី​ជំនឿ ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ ២១ តែ​អារក្ស​បែប​យ៉ាង​នេះ វា​ចេញ​ទៅ​ដោយសារ​តែ​អធិស្ឋាន ហើយ​និង​តម​អត់​ប៉ុណ្ណោះ។

ព្រះយេស៊ូវ​ប្រកាស​អំពី​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត

២២ កាល​គង់​នៅ​ស្រុក​កាលីឡេ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស ២៣ គេ​នឹង​សំឡាប់​លោក ហើយ​៣​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ នោះ​ពួក​សិស្ស​កើត​មាន​សេចក្តី​ព្រួយ​ជា​ខ្លាំង។ ២៤ កាល​បាន​មក​ដល់​ក្រុង​កាពើណិម​ហើយ នោះ​ពួក​អ្នក​ដែល​ទារ​ពន្ធ​ព្រះវិហារ គេ​មក​សួរ​ពេត្រុស​ថា តើ​គ្រូ​អ្នក​មិន​បង់​ពន្ធ​ព្រះវិហារ​ទេ​ឬ​អី ២៥ គាត់​ឆ្លើយ​ថា បង់​ដែរ រួច​មក កាល​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ នោះ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ជា​មុន សួរ​គាត់​ថា នែ ស៊ីម៉ូន អ្នក​គិត​ដូច​ម្តេច តើ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ហូត​សួយ​រៃ ឬ​ពន្ធដារ​ពី​អ្នក​ណា ពី​កូន​ចៅ ឬ​ពី​អ្នក​ដទៃ ២៦ ពេត្រុស​ទូល​ឆ្លើយ​ថា ពី​មនុស្ស​ដទៃ​ទេ ទ្រង់​មាន​ព្រះបន្ទូល​ថា ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ ២៧ ប៉ុន្តែ​ចូរ​អ្នក​ទៅ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដែល​ជាប់​មុន​ដំបូង​មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​ប្រាក់​១​រៀល ឲ្យ​យក​ប្រាក់​នោះ​ទៅ​បង់​សំរាប់​ខ្ញុំ ហើយ​និង​អ្នក​ទៅ ដើម្បី​កុំ​ឲ្យ​យើង​បាន​ជា​ទី​អាក់អន់​ចិត្ត​ដល់​គេ។

ម៉ាថាយ ១៨

អ្នក​ធំ​ជាង​គេ

១ នៅ​វេលា​នោះ​ឯង ពួក​សិស្ស​មក​ឯ​ព្រះយេស៊ូវ​ទូល​សួរ​ថា តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ ២ តែ​ទ្រង់​ហៅ​កូន​ក្មេង​តូច​១​មក ដាក់​នៅ​កណ្តាល​ពួក​គេ ៣ រួច​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ ៤ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ ៥ អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា ទទួល​ខ្ញុំ​ដែរ ៦ ប៉ុន្តែ បើ​អ្នក​ណា​ធ្វើ​ឲ្យ​កូន​តូច​ណា​មួយ​នេះ ដែល​ជឿ​ដល់​ខ្ញុំ រវាត​ចិត្ត​ចេញ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​ចង​ក​អ្នក​នោះ ហើយ​ពន្លង់​ទៅ​ក្នុង​សមុទ្រ​ទី​ជ្រៅ​វិញ ធ្វើ​យ៉ាង​នោះ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង ៧ វេទនា​ដល់​លោកីយ៍ ដោយ​ព្រោះ​អស់​ទាំង​ហេតុ​ដែល​នាំ​ឲ្យ​រវាត​ចិត្ត ដ្បិត​សេចក្តី​នោះ​ត្រូវ​តែ​មាន តែ​វេទនា​ដល់​មនុស្ស​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​រវាត​ចិត្ត​នោះ ៨ បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់​កល្ប​ជានិច្ច ៩ ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត ចូរ​ខ្វែះ​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ភ្នែក​តែ​១​វិញ ជា​ជាង​មាន​ភ្នែក​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក ១០ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មើលងាយ​ចំពោះ​កូន​តូច​ណា​មួយ​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​វា ដែល​នៅ​ស្ថានសួគ៌​តែង​តែ​ឃើញ​ព្រះភក្ត្រ​ព្រះវរបិតា​ខ្ញុំ​ជានិច្ច ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ១១ ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​អ្នក​ណា​ដែល​បាត់បង់។

ប្រស្នា​អំពី​ចៀម​ដែល​វង្វេង​បាត់ ហើយ​រក​ឃើញ​វិញ

១២ បើ​មនុស្ស​ណា​មាន​ចៀម​១​រយ ហើយ​មាន​១​វងេ្វង​បាត់ តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច តើ​មិន​ទុក​ចៀម​៩៩​នៅ​លើ​ភ្នំ នឹង​ទៅ​រក​ចៀម​១ ដែល​វង្វេង​បាត់​នោះ​ទេ​ឬ​អី ១៣ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​រក​ឃើញ នោះ​មាន​សេចក្តី​អំណរ​ចំពោះ​ចៀម​នោះ ជា​ជាង​ចៀម​៩៩​ដែល​មិន​បាន​វង្វេង​ទៅ​ទៀត ១៤ ដូច្នេះ ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះហឫទ័យ ឲ្យ​កូន​តូច​ណា​មួយ​នេះ ត្រូវ​វិនាស​ដូច្នោះ​ដែរ។

ត្រូវ​អត់​ទោស​ឲ្យ​គេ​ជានិច្ច

១៥ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ និង​គាត់ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ ១៦ តែ​បើ​គាត់​មិន​ព្រម​ស្តាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់​ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយសារ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់ ១៧ បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្តាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ ១៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថានសួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយនៅ​ស្ថានសួគ៌​ដែរ ១៩ មួយ​ទៀត ខ្ញុំ​ប្រាប់​ថា បើ​សិន​ជា​មាន​២​អ្នក​ក្នុង​ពួក​អ្នក​រាល់​គ្នា ព្រម​ព្រៀង​គ្នា​នៅ​ផែនដី ពី​ដំណើរ​អ្វី​ដែល​គេ​ចង់​សូម​ក៏​ដោយ នោះ​នឹង​បាន​សំរេច​ដល់​គេ អំពី​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌ ២០ ដ្បិត​កន្លែង​ណា​ដែល​មាន​២ឬ៣​អ្នក ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ។ ២១ ខណៈ​នោះ ពេត្រុស​ក៏​មក​ឯ​ទ្រង់​ទូល​ថា ព្រះអម្ចាស់​អើយ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី ២២ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិតសិប​ដង​ទៅ​ទៀត ២៣ ដូច្នេះ នគរ​ស្ថានសួគ៌​ត្រូវ​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​ចង់​គិត​បញ្ជី​នឹង​ពួក​បាវ​ព្រាវ ២៤ កាល​ទ្រង់​ចាប់​តាំង​គិត នោះ​គេ​នាំ​កូន​បំណុល​ម្នាក់​មក ដែល​ជំពាក់​ប្រាក់​២​កោដិ ២៥ តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន និង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ ២៦ ហេតុ​ដូច្នេះ បាវ​នោះ​បាន​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ​បង្គំ​ទូល​ថា បពិត្រ​ព្រះករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូលបង្គំ​សិន ទូលបង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន ២៧ ឯ​ចៅហ្វាយ​របស់​បាវ​នោះ មាន​ព្រះទ័យ​ក្តួល​អាណិត ក៏​លែង​វា​ឲ្យ​ទៅ ព្រម​ទាំង​លែង​ទារ​បំណុល​ផង ២៨ តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ជួប​ប្រទះ​នឹង​គូកន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​បា្រក់​ដែល​ជំពាក់​អញ​នោះ​មក ២៩ អ្នក​នោះ​ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក ៣០ តែ​វា​មិន​ព្រម​ទេ ត្រឡប់​ជា​បាន​ចាប់​អ្នក​នោះ នាំ​ទៅ​ដាក់​គុក​វិញ ទាល់​តែ​បាន​សង​បំណុល​រួច ៣១ កាល​ពួក​គូកន​គេ​បាន​ឃើញ​ការ​នោះ គេ​មាន​ចិត្ត​ឈឺឆ្អាល​ណាស់ ក៏​នាំ​គ្នា​ទៅ​ទូល​ដល់​ចៅហ្វាយ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក ៣២ ចៅហ្វាយ​ក៏​ឲ្យ​គេ​ហៅ​បាវ​នោះ​មក រួច​មាន​ព្រះបន្ទូល​ថា នែ អា​បំរើ​អាក្រក់ អញ​បាន​លែង​ទារ​បំណុល​ឯង​ទាំង​អស់​ហើយ​តើ ពី​ព្រោះ​ឯង​បាន​អង្វរ​ដល់​អញ ៣៣ ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូកន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី ៣៤ ចៅហ្វាយ​ក៏​មាន​សេចក្តី​ក្រោធ ហើយ​បញ្ជូន​វា​ទៅ​ឯ​មេភូ​ឃុំ ទាល់​តែ​បាន​សង​បំណុល​នោះ​គ្រប់​ចំនួន ៣៥ យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បង​ប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះវរបិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ។

ម៉ាថាយ ១៩

ព្រះដំបូន្មាន​អំពី​រឿង​លែងលះ​ប្តី​ប្រពន្ធ

១ លុះ​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ថយ​ចេញ​ពី​ស្រុក​កាលីឡេ ទៅ​ឯ​ព្រំ​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ ២ ហើយ​មាន​ហ្វូង​មនុស្ស​កកកុញ​តាម​ទ្រង់​ទៅ នៅ​ទី​នោះ ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា។ ៣ រីឯ​ពួក​ផារិស៊ី គេ​មក​ល្បួង​ទ្រង់​ដោយ​ទូល​ថា តើ​មនុស្ស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​ក៏​ដោយ​បាន​ឬ​ទេ ៤ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​ព្រះ ដែល​ទ្រង់​បង្កើត​មនុស្ស​កាល​ពី​ដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រីទេ​ឬ​អី ៥ រួច​ក៏​មាន​ព្រះបន្ទូល​ថា ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ ៦ យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​ទ្រង់​បាន​ផ្សំផ្គុំ​គ្នា​ឡើយ ៧ គេ​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ធ្វើ​សំបុត្រ​លះលែង ហើយ​ឲ្យ​លែង​ចេញ​ដូច្នេះ ៨ ទ្រង់​ក៏​មាន​ព្រះបន្ទូល​តប​ថា បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ​ទៅ គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង​របឹងប៉ុណ្ណោះ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ ៩ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ មិន​មែន​ដោយ​ព្រោះ​នាង​នោះ​ផិត ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្តី​កំផិត​ហើយ ឯ​អ្នក​ណា​ដែល​យក​ប្រពន្ធ ជា​ស្រី​ដែល​ប្តី​ដើម​លែង នោះ​ក៏​ប្រព្រឹត្ត​សេចក្តី​កំផិត​ដែរ ១០ ពួក​សិស្ស​ទូល​ទ្រង់​ថា បើ​របៀប​នៃ​មនុស្ស​ដែល​មាន​ប្រពន្ធ​ត្រូវ​ជា​យ៉ាង​នេះ នោះ​ស៊ូ​កុំ​យក​គ្នា​ជា​ជាង ១១ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា មនុស្ស​ទាំង​អស់​ទទួល​តាម​ពាក្យ​នេះ​មិន​បាន​ទេ ទទួល​បាន​តែ​អស់​អ្នក​ដែល​ពាក្យ​នេះ​បាន​ប្រទាន​មក​ឲ្យ​ប៉ុណ្ណោះ ១២ ពី​ព្រោះ​មាន​មនុស្ស​ខ្ទើយ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​ខ្ទើយ​តែ​ម្តង មាន​ខ្លះ​ដែល​មនុស្ស​លោក​បាន​ក្រៀវ ហើយ​មាន​ខ្លះ​ដែល​ក្រៀវ​ខ្លួន​ឯង​ដែរ ដោយ​យល់​ដល់​នគរ​ស្ថានសួគ៌ ដូច្នេះ អ្នក​ណា​ដែល​អាច​នឹង​ទទួល​បាន ឲ្យ​ទទួល​ចុះ។

ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​ក្មេងៗ

១៣ លំដាប់​នោះ មាន​គេ​នាំ​ក្មេង​តូចៗ​មក​ឯ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ដាក់​ព្រះហស្ត​អធិស្ឋាន​ឲ្យ​វា តែ​ពួក​សិស្ស​បន្ទោស​ដល់​គេ ១៤ នោះ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថានសួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា ១៥ ទ្រង់​ក៏​ដាក់​ព្រះហស្ត​លើ​វា​រាល់​គ្នា រួច​យាង​ចេញ​ពី​ទី​នោះ​ទៅ។

អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់​កល្ប​ជានិច្ច

១៦ នោះ​មាន​ម្នាក់​មក​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច ១៧ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ជា​ល្អ​ដូច្នេះ មាន​តែ​១​ទេ​ដែល​ល្អ គឺ​ជា​ព្រះ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ ១៨ គាត់​ទូល​សួរ​ថា តើ​បញ្ញត្ត​ណា​ខ្លះ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ១៩ ចូរ​គោរព​ប្រតិបត្តិ​ឪពុក​ម្តាយ» ហើយ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» ២០ មនុស្ស​កំឡោះ​នោះ​ក៏​ទូល​ទ្រង់​ថា ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត ២១ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្តិ នៅ​ឯ​ស្ថានសួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ ២២ កាល​មនុស្ស​កំឡោះ​បាន​ឮ​ព្រះបន្ទូល​នោះ​ហើយ នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន។ ២៣ នោះ​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​អ្នក​មាន​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពិបាក​ណាស់ ២៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា ដែល​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ ជា​ជាង​ឲ្យ​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​វិញ ២៥ កាល​ពួក​សិស្ស​បាន​ឮ​ដូច្នោះ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ក្រៃលែង ហើយ​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ២៦ ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​មិន​កើត​ទេ តែ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់។ ២៧ ពេត្រុស​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ខ្លះ ២៨ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដល់​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ កាល​ណា​កូន​មនុស្ស​បាន​ឡើង​គង់​លើ​បល្ល័ង្ក​ឧត្តម​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ ២៩ ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះសំបែង ឬ​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់​កល្ប​ជានិច្ច ទុក​ជា​មរដក​ដែរ ៣០ តែ​នឹង​មាន​មនុស្ស​មុន ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​និង​មាន​មនុស្ស​ក្រោយ ទៅ​ជា​មុន​វិញ។

ម៉ាថាយ ២០

ប្រស្នា​អំពី​ជើង​ឈ្នួល​ចំការ​ទំពាំងបាយជូរ

១ ដ្បិត​នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ទៅ​ពី​ព្រលឹម ដើម្បី​នឹង​ជួល​ជើង​ឈ្នួល ឲ្យ​មក​ធ្វើ​ការ​ក្នុង​ចំការ​ទំពាំងបាយជូរ​របស់​ខ្លួន ២ កាល​បាន​ព្រម​គ្នា​នឹង​បើក​ឲ្យ​២​កាក់​ម្នាក់​ក្នុង​១​ថ្ងៃ​ហើយ នោះ​ក៏​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ក្នុង​ចំការ ៣ ដល់​ពេល​ម៉ោង​៩​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​មនុស្ស​ខ្លះ​ទៀត​ឈរ​ទំនេរ​នៅ​ទី​ផ្សារ ៤ ក៏​ប្រាប់​គេ​ថា ចូរ​អ្នក​ទាំងឡាយ នាំ​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ ខ្ញុំ​នឹង​បើក​ឲ្យ តាម​ត្រឹម​ត្រូវ គេ​ក៏​ទៅ ៥ ដល់​ថ្ងៃ​ត្រង់ ហើយ​ពេល​ម៉ោង​៣​រសៀល គាត់​ក៏​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ទៀត ៦ លុះ​ដល់​ពេល​ម៉ោង​៥ គាត់​ចេញ​ទៅ​ឃើញ​មាន​មនុស្ស​ខ្លះ​ទៀត​នៅ​ទំនេរ ក៏​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ តាំង​ពី​ព្រលឹម​មក​ដូច្នេះ ៧ គេ​ឆ្លើយ​ថា ពី​ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ រួច​គាត់​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ នោះ​អ្នក​នឹង​ទទួល​ឈ្នួល​តាម​ត្រឹម​ត្រូវ ៨ ដល់​ល្ងាច ថៅកែ​ចំការ​នោះ​ប្រាប់​ទៅ​នាយ​ដំរួត​ការ​ថា ចូរ​ហៅ​ពួក​ជើង​ឈ្នួល​មក​បើក​ឈ្នួល​ឲ្យ​គេ ចាប់​តាំង​ពី​មនុស្ស​ក្រោយ​បង្អស់ រៀង​ទៅ​ដល់​អ្នក​មុន​ដំបូង ៩ កាល​ពួក​អ្នក​ដែល​គាត់​ជួល​ពី​ម៉ោង​៥​បាន​មក​ដល់ នោះ​គេ​បើក​បាន​២​កាក់​ម្នាក់ៗ ១០ រួច​កាល​ពួក​មុន​បង្អស់​បាន​មក​ដល់ គេ​ស្មាន​ថា នឹង​បាន​លើស​ជាង​នោះ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​បាន​ទទួល​២​កាក់​ម្នាក់​ដូច​គ្នា​ដែរ ១១ គ្រា​បាន​បើក​ប្រាក់​ស្រេច​ហើយ នោះ​គេ​ត្អូញត្អែរ​នឹង​ថៅកែ​ថា ១២ ពួក​អ្នក​ដែល​មក​ក្រោយ​នេះ គេ​ធ្វើ​ការ​តែ​១​ម៉ោង​សោះ ហើយ​លោក​បាន​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់​ទាំង​ហាល​ថ្ងៃ តាំង​ពី​ព្រលឹម​មក​ដែរ ១៣ តែ​គាត់​ឆ្លើយ​ទៅ​ម្នាក់​នោះ​ថា សំឡាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​នឹង​អ្នក​ទេ តើ​អ្នក​មិន​បាន​សុខ​ចិត្ត​ព្រម​ទទួល​តែ​២​កាក់​ទេ​ឬ​អី ១៤ ដូច្នេះ ចូរ​យក​ប្រាក់​របស់​អ្នក​ទៅៗ ខ្ញុំ​បាន​សំរេច​នឹង​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ក្រោយ​នេះ ដូច​ជា​បាន​ឲ្យ​ដល់​អ្នក​ដែរ ១៥ តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់ចែង​របស់​ខ្ញុំ តាម​អំពើ​ចិត្ត​ទេ​ឬ​អី តើ​ភ្នែក​អ្នក​ឃើញ​អាក្រក់ ពី​ព្រោះ​ខ្ញុំ​ល្អ​ឬ​អី ១៦ គឺ​យ៉ាង​នោះ​ដែល​អស់​អ្នក​ក្រោយ​នឹង​បាន​ទៅ​ជា​មុន ហើយ​ពួក​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ​វិញ ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

ព្រះយេស៊ូវ​ប្រកាស​អំពី​ព្រះអង្គ​ចូល​ទិវង្គត

១៧ កាល​ព្រះយេស៊ូវ​ទ្រង់​កំពុង​តែ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​ទ្រង់​យក​ពួក​សិស្ស​ទាំង​១២​នាក់ ទៅ​ដោយឡែក​តាម​ផ្លូវ ហើយ​មាន​ព្រះបន្ទូល​ថា ១៨ មើល យើង​រាល់​គ្នា​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ដែល​គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ១៩ រួច​នឹង​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ចំអក​មើលងាយ ព្រម​ទាំង​វាយ​នឹង​រំពាត់ ហើយ​ឆ្កាង​លោក ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។

សំណូម​ពរ​របស់​ម្តាយ​លោក​យ៉ាកុប និង​លោក​យ៉ូហាន

២០ គ្រា​នោះ ប្រពន្ធ​របស់​សេបេដេ គាត់​នាំ​កូន​ទាំង​២​មក​ឯ​ទ្រង់ ក្រាប​ថ្វាយ​បង្គំ​ទូល​សូម​សេចក្តី​មួយ ២១ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អ្នក​ចង់​បាន​អ្វី គាត់​ទូល​ថា សូម​អនុញ្ញាត្ត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្តាំ ១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់ ២២ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា អ្នក​រាល់​គ្នា​មិន​យល់​សេចក្តី​ដែល​អ្នក​សូម​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​រៀប​នឹង​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា ទទួល​បាន ២៣ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ខ្ញុំ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ព្រះវរបិតា​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​វិញ ២៤ កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្តី​នោះ​ហើយ គេ​ក៏​តូច​ចិត្ត​នឹង​បង​ប្អូន​ទាំង​២​នាក់​នោះ ២៥ តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​ចៅហ្វាយ​នៃ​សាសន៍​ដទៃ​តែង​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ២៦ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គឺ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ២៧ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ ២៨ ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ

២៩ កាល​កំពុង​តែ​ចេញ​ពី​ក្រុង​យេរីខូរ​មក នោះ​មាន​មនុស្ស​មីរដេរដាស​ដើរ​តាម​ទ្រង់​ទៅ ៣០ ក៏​ឃើញ​មាន​មនុស្ស​ខ្វាក់​២​នាក់ អង្គុយ​នៅ​ក្បែរ​ផ្លូវ គេ​ឮ​ថា​ព្រះយេស៊ូវ​ទ្រង់​យាង​តាម​ទី​នោះ ក៏​ស្រែក​ឡើង​ថា ឱ​ព្រះអម្ចាស់ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង ៣១ ឯ​បណ្តា​មនុស្ស គេ​ហាម​អ្នក​ទាំង​២​នោះ កុំ​ឲ្យ​មាត់ តែ​គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះអម្ចាស់ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង ៣២ នោះ​ព្រះយេស៊ូវ​ទ្រង់​ឈប់ ក៏​ហៅ​អ្នក​ទាំង​២​នោះ​មក មាន​ព្រះបន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក ៣៣ គេ​ទូល​ទ្រង់​ថា ឱ​ព្រះអម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ឡើង​ផង ៣៤ ទ្រង់​មាន​សេចក្តី​ក្តួល​ក្នុង​ព្រះហឫទ័យ ក៏​ពាល់​ភ្នែក​គេ ស្រាប់​តែ​ភ្នែក​បាន​ភ្លឺ​ឡើង រួច​គេ​ដើរ​តាម​ទ្រង់​ទៅ។

ម៉ាថាយ ២១

ព្រះយេស៊ូវ​យាង​ចូល​ក្រុង​យេរូសាឡិម

១ គ្រា​បាន​មក​ជិត​ក្រុង​យេរូសាឡិម​ហើយ ដល់​ភូមិ​បេតផាសេ ខាង​ភ្នំ​ដើម​អូលីវ នោះ​ព្រះយេស៊ូវ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ២ ដោយ​ព្រះបន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​នៅ​ខាង​មុខ​នោះ អ្នក​នឹង​ឃើញ​មេលា​១​គេ​ចង​ទុក នឹង​កូន​វា​នៅ​ជា​មួយ​គ្នា ចូរ​ស្រាយ​ដឹកនាំ​វា​មក​ឯ​ខ្ញុំ ៣ បើ​អ្នក​ណា​ថា​អ្វី​ឲ្យ នោះ​ត្រូវ​ឆ្លើយ​ថា ព្រះអម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ ៤ ការ​ទាំង​នេះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា ៥ «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ដែល​ជា​កូន​របស់​មេ​លា» ៦ សិស្ស​នោះ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះយេស៊ូវ ៧ ហើយ​នាំ​មេលា និង​កូន​វា​មក រួច​ក្រាល​អាវ​ខ្លួន​លើ​ខ្នង​ថ្វាយ​ទ្រង់​គង់ ៨ ឯ​ហ្វូង​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​បាន​កា្រល​អាវ​ខ្លួន​នៅ​ផ្លូវ ខ្លះ​ក៏​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ​ផង ៩ ហើយ​បណ្តា​មនុស្ស​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ១០ រួច​កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ហើយ នោះ​កើត​មាន​សេចក្តី​ជ្រួលជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា ១១ ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ។

ព្រះយេស៊ូវ​ដេញ​ពួក​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះវិហារ

១២ ព្រះយេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះវិហារ ក៏​បណ្តេញ​អស់​ទាំង​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះវិហារ​ចេញ ទ្រង់​ផ្កាប់​តុ​នៃ​ពួក​អ្នក​ដូរ​ប្រាក់ និង​ជើងម៉ា​របស់​ពួក​អ្នក​លក់​ព្រាប ១៣ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ «ដំណាក់​អញ​ត្រូវ​ហៅ​ថា ជា​ទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរវិញ ១៤ ឯ​ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន គេ​ក៏​មក​ឯ​ទ្រង់​ក្នុង​ព្រះវិហារ ហើយ​ទ្រង់​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់ ១៥ តែ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​មាន​ចិត្ត​គ្នាន់កា្នញ់​ណាស់ ដោយ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ និង​ឮ​កូន​ក្មេង​ទាំង​ប៉ុន្មាន​ស្រែក​ក្នុង​ព្រះវិហារ​ថា ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ​ដូច្នោះ ១៦ ហើយ​គេ​ទូល​ទ្រង់​ថា តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា ឮ​ហើយ តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្តី​ទេ​ឬ​អី ដែល​ថា «ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្តី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ» ១៧ រួច​ទ្រង់​លះ​ចោល​គេ​យាង​ចេញ​ទៅ​ឯ​ភូមិ​បេថានី​ទៅ ក៏​ផ្ទំ​នៅ​ទី​នោះ​១​យប់។

ដើម​ល្វា​ត្រូវ​បណ្តាសា

១៨ ដល់​ព្រលឹម​ឡើង កំពុង​ដែល​ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ នោះ​ទ្រង់​ក៏​ឃ្លាន ១៩ ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​តាម​ផ្លូវ ក៏​យាង​ទៅ​ដល់ ឃើញ​មាន​តែ​ស្លឹក​ទទេ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ ស្រាប់​តែ​ដើម​ល្វា​នោះ​ក្រៀម​ទៅ ២០ កាល​ពួក​សិស្ស​បាន​ឃើញ​ដូច្នោះ នោះ​គេ​មាន​សេចក្តី​អស្ចារ្យ​ថា ដើម​ល្វា​នេះ​ក្រៀម​ទៅ​ជា​១​រំពេច​យ៉ាង​ណា​ហ្ន៎ ២១ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​មាន​សេចក្តី​ជំនឿ​ឥត​សង្ស័យ​សោះ នោះ​អ្នក​រាល់​គ្នា​នឹង​អាច​ធ្វើ​បាន មិន​ត្រឹម​តែ​ការ​ដែល​កើត​ឡើង​ដល់​ដើម​ល្វា​ប៉ុណ្ណោះ​ទេ គឺ​ទោះ​បើ​អ្នក​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ឲ្យ​ឯង​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​វិញ នោះ​គង់​តែ​នឹង​បាន​កើត​ដូច្នោះ​ដែរ ២២ ហើយ​គ្រប់​ទាំង​សេចក្តី​អ្វី ដែល​អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន​សូម ដោយ​មាន​ចិត្ត​ជឿ នោះ​នឹង​បាន​សំរេច​ទាំង​អស់។

អំណាច​របស់​ព្រះយេស៊ូវ

២៣ កាល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះវិហារ​ហើយ នោះ​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​នៃ​បណ្តាជន គេ​មក​ឯ​ទ្រង់​ដែល​កំពុង​តែ​បង្រៀន ហើយ​ទូល​កាត់​សួរ​ថា អ្នក​ធ្វើ​ការ​ទាំង​នេះ តើ​អាង​អំណាច​អ្វី តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក ២៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្តី​១​ដែរ បើ​អ្នក​ឆ្លើយ​ប្រាប់​ខ្ញុំ នោះ​ខ្ញុំ​ក៏​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​អំណាច​ដែល​ខ្ញុំ​អាង ដើម្បី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ ២៥ ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ណា ពី​ស្ថានសួគ៌ ឬ​ពី​មនុស្ស នោះ​គេ​ក៏​រិះគិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថានសួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់ ២៦ តែ​បើ​យើង​ថា មក​ពី​មនុស្ស​វិញ នោះ​ខ្លាច​ហ្វូង​មនុស្ស ដ្បិត​គេ​រាប់​យ៉ូហាន​ទុក​ជា​ហោរា​ទាំង​អស់​គ្នា ២៧ រួច​គេ​ទូល​ឆ្លើយ​ថា យើង​មិន​ដឹង​ទេ ហើយ​ទ្រង់​ក៏​មាន​ព្រះបន្ទូល​តប​ថា ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​អំណាច​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។

ប្រស្នា​អំពី​កូន​ប្រុស​ពីរ​នាក់

២៨ ប៉ុន្តែ អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច មាន​មនុស្ស​ម្នាក់​មាន​កូន​ប្រុស​២ គាត់​ទៅ​ប្រាប់​កូន​ច្បង​ថា កូន​អើយ ថ្ងៃ​នេះ ចូរ​ឯង​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​អញ​ទៅ ២៩ កូន​នោះ​ប្រកែក​ថា ខ្ញុំ​មិន​ទៅ​ទេ ដល់​ក្រោយ​មក​វា​ប្រែ​ចិត្ត​ជា​ទៅ​វិញ ៣០ គាត់​ក៏​ទៅ​ប្រាប់​ដល់​កូន​ពៅ​ដូច​គ្នា ឯ​កូន​នោះ​វា​ទទួល​ថា ខ្ញុំ​ទៅ លោក​ឪពុក ប៉ុន្តែ​វា​មិន​បាន​ទៅ​ទេ ៣១ ដូច្នេះ បណ្តា​កូន​ទាំង​២​នោះ តើ​កូន​ណា​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪពុក គេ​ឆ្លើយ​ថា កូន​ច្បង ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពួក​អ្នក​យក​ពន្ធ និង​ពួក​ស្រី​សំផឹង គេ​ចូល​ទៅ​ក្នុង​នគរ​ព្រះ​មុន​អ្នក​រាល់​គ្នា ៣២ ដ្បិត​យ៉ូហាន​បាន​មក​ឯ​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់​ទេ ឯ​ពួក​យក​ពន្ធ និង​ពួក​ស្រី​សំផឹង គេ​បាន​ជឿ​តាម​គាត់​វិញ លុះ​កាល​អ្នក​រាល់​គ្នា​បាន​ឃើញ​ដូច្នោះ នោះ​ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត​ជឿ​តាម​គាត់​ដែរ។

ប្រស្នា​អំពី​អ្នក​ថែ​រក្សា​ចំការ​ទំពាំងបាយជូរ

៣៣ ចូរ​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត មាន​ថៅកែ​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំងបាយជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ ហើយ​សង់​ប៉ម ក៏​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ ៣៤ កាល​ជិត​ដល់​រដូវ​បេះ​ផ្លែ​ហើយ នោះ​ក៏​ប្រើ​បាវ​ខ្លួន​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ទាំង​នោះ ដើម្បី​នឹង​ទទួល​ផល ជា​ចំណែក​របស់​ខ្លួន ៣៥ តែ​ពួក​ធ្វើ​ចំការ គេ​ចាប់​បាវ​ទាំង​នោះ​វាយ​ម្នាក់ សំឡាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម​វិញ ៣៦ ថៅកែ​ក៏​ប្រើ​បាវ​ដទៃ​ជា​ច្រើន​ជាង​មុន​ឲ្យ​ទៅ​ទៀត តែ​គេ​ប្រព្រឹត្ត​នឹង​បាវ​ទាំង​នោះ​បែប​ដូច​គ្នា ៣៧ ដល់​ក្រោយ​បង្អស់ គាត់​ចាត់​កូន​ខ្លួន​ឲ្យ​ទៅ​ដោយ​គិត​ថា គេ​នឹង​កោតខ្លាច​ដល់​កូន​អញ ៣៨ ប៉ុន្តែ កាល​ពួក​ចំការ​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក​ហើយ ចូរ​យើង​សំឡាប់​វា​ចេញ​ទៅ រួច​យើង​នឹង​ដណ្តើម​យក​មរដក​របស់​វា ៣៩ គេ​ក៏​ចាប់​កូន​នោះ បោះ​ចោល​ទៅ​ខាង​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ ៤០ ដូច្នេះ កាល​ណា​ថៅកែ​ចំការ​មក​ដល់ តើ​គាត់​នឹង​ធ្វើ​អ្វី​ដល់​ពួក​អ្នក​ដែល​ធ្វើ​ចំការ​ទាំង​នោះ ៤១ គេ​ទូល​ឆ្លើយ​តប​ថា គាត់​នឹង​សំឡាប់​ពួក​កំណាច​ទាំង​នោះ​យ៉ាង​អាក្រក់​ណាស់ រួច និង​ប្រវាស់​ចំការ​ទៅ​ឲ្យ​ពួក​ឯ​ទៀត​វិញ ដែល​គេ​នឹង​ឲ្យ​ផល​ដល់​គាត់​តាម​រដូវ ៤២ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​ក្នុង​គម្ពីរ​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ការ​នោះ​គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ» ៤៣ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នគរ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍១​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ ៤៤ អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ត្រូវ​ថ្ម​នោះ​ធ្លាក់​មក​លើ​ខ្លួន នោះ​នឹង​ត្រូវ​កិន​ខ្ទេចខ្ទី​ទៅ ៤៥ កាល​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​ប្រៀប​ប្រដូច​ទាំង​នោះ​ហើយ គេ​ក៏​ដឹង​ថា ទ្រង់​មាន​ព្រះបន្ទូល​ឆ្ពោះ​ទៅ​ខ្លួន​គេ ៤៦ រួច​គេ​រក​ហេតុ​នឹង​ចាប់​ទ្រង់ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស ពី​ព្រោះ​បណ្តា​មនុស្ស​ទាំងឡាយ​រាប់​ទ្រង់​ទុក​ជា​ហោរា។

ម៉ាថាយ ២២

ប្រស្នា​អំពី​មង្គលការ

១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ទៅ​គេ​ថា ២ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​រៀប​វិវាហមង្គល​ឲ្យ​ព្រះរាជបុត្រា ៣ ទ្រង់​ចាត់​ពួក​មហាតលិក​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​មង្គលការ​នោះ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​ព្រម​មក​ទេ ៤ ទ្រង់​ក៏​ចាត់​ពួក​មហាតលិក​ឯ​ទៀត​ឲ្យ​ទៅ ដោយ​ព្រះបន្ទូល​ថា ចូរ​ឯង​ប្រាប់​ពួក​ភ្ញៀវ​ថា ឥឡូវ គ្រឿង​ជប់លៀង​បាន​រៀប​ជា​ស្រេច​ហើយ គេ​បាន​សំឡាប់​គោ និង​សត្វ​បំប៉ន​យ៉ាង​ធាត់ៗ ហើយ​ក៏​រៀបចំ​គ្រប់​ទាំង​អស់​រួច​ជា​ស្រេច ចូរ​មក​បរិភោគ​ការ​ចុះ ៥ តែ​អ្នក​ទាំង​នោះ​ធ្វេសប្រហែស​វិញ ម្នាក់​ក៏​ទៅ​ឯ​ចំការ​ខ្លួន ម្នាក់​ទៀត​ទៅ​ឯ​ការ​ជំនួញ ៦ អ្នក​ឯ​ទៀត​ក៏​ចាប់​ពួក​មហាតលិក​ត្មះតិះដៀល ហើយ​សំឡាប់​ចោល​ទៅ ៧ កាល​ស្តេច​បាន​ឮ នោះ​ទ្រង់​មាន​ព្រះទ័យ​កេ្រវក្រោធ ក៏​ចាត់​ទ័ព​ឲ្យ​ទៅ​បំផ្លាញ​ពួក​មនុស្ស​ដែល​សំឡាប់​គេ​នោះ ព្រម​ទាំង​ដុត​ទី​ក្រុង​របស់​គេ​ចោល​អស់ ៨ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​មហាតលិក​ថា ការ​បាន​រៀបចំ​ជា​ស្រេច តែ​ពួក​ភ្ញៀវ​មិន​គួរ​នឹង​មក​បរិភោគ​ទេ ៩ ដូច្នេះ ចូរ​ទៅ​ឯ​ផ្លូវ​ប្រសព្វ អញ្ជើញ​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ឲ្យ​គេ​មក​បរិភោគ​វិញ ១០ មហាតលិក​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ទាំង​អាក្រក់ ទាំង​ល្អ​មក នោះ​រោង​ការ​មាន​ភ្ញៀវ​ពេញ​ព្រៀប ១១ ស្តេច​ក៏​យាង​ចូល​ទៅ​ទត​មើល​ពួក​ភ្ញៀវ ទ្រង់​ឃើញ​មនុស្ស​ម្នាក់​ទៅ​ទី​នោះ ដែល​មិន​បាន​ពាក់​អាវ​ផាយ ១២ ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា សំឡាញ់​អើយ ដូច​ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ឥត​ពាក់​អាវ​ផាយ​ដូច្នេះ អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ ១៣ ទើប​ទ្រង់​បង្គាប់​ទៅ​ពួក​មហាតលិក​ថា ចូរ​ចង​ជើង​ចង​ដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ ១៤ ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

អំពី​ពន្ធដារ

១៥ កាល​ពួក​ផារិស៊ី​បាន​ចេញ​ទៅ នោះ​គេ​ពិគ្រោះ​គ្នា​ពី​ដំណើរ​យ៉ាង​ណា​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះបន្ទូល ១៦ រួច​ក៏​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ឯ​ទ្រង់ ជា​មួយ​នឹង​ពួក​ហេរ៉ូឌ ដោយ​ពាក្យ​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​បង្រៀន​ពី​ផ្លូវ​ព្រះ​ដោយ​សេចក្តី​ពិត ឥត​មាន​អំពល់​ដល់​អ្នក​ណា​ឡើយ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ទេ ១៧ ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ដែល​លោក​គិត​ដូច​ម្តេច តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ ១៨ តែ​ព្រះយេស៊ូវ ទ្រង់​ជ្រាប​ឧបាយកល​របស់​គេ ក៏​មាន​ព្រះបន្ទូល​តប​ថា មនុស្ស​កំពុត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ខ្ញុំ​ដូច្នេះ ១៩ ចូរ​បង្ហាញ​ប្រាក់​ដែល​បង់​ពន្ធ​មក​ឲ្យ​ខ្ញុំ​មើល​ចុះ គេ​ក៏​យក​ប្រាក់​កាក់​ធំ​មក​ថ្វាយ​ទ្រង់​ទត ២០ រួច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា រូប​នេះ និង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា ២១ គេ​ទូល​ឆ្លើយ​ថា របស់​សេសារ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ ២២ កាល​បាន​ឮ​ដូច្នោះ នោះ​គេ​មាន​សេចក្តី​អស្ចារ្យ រួច​ក៏​ដើរ​ចេញ​ពី​ទ្រង់​បាត់​ទៅ។

អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

២៣ នៅ​ថ្ងៃ​នោះ​ឯង ពួក​សាឌូស៊ី ដែល​គេ​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ​ទេ គេ​ក៏​មក​ឯ​ទ្រង់ ទូល​សាក​សួរ​ថា ២៤ លោក​គ្រូ លោក​ម៉ូសេ​បាន​ផ្តាំ​ថា «បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​ប្រពន្ធ​របស់​បង ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន» ២៥ រីឯ​នៅ​ក្នុង​ពួក​យើង​ខ្ញុំ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ បាន​ទុក​ប្រពន្ធ​ឲ្យ​ប្អូន ២៦ ប្អូន​បន្ទាប់​ក៏​ធ្វើ​ដូច​គ្នា រួច​ប្អូន​ទី​៣ ដរាប​ដល់​ប្អូន​ពៅ​បំផុត ២៧ ក្រោយ​បង្អស់​មក ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ ២៨ ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ក្នុង​បណ្តា​បង​ប្អូន​ទាំង​៧​នាក់​នោះ ដ្បិត​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា ២៩ នោះ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ភាន់ច្រឡំ​ទេ ពី​ព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះចេស្តា​នៃ​ព្រះ​សោះ ៣០ ដ្បិត​ដល់​គ្រា​រស់​ឡើង​វិញ នោះ​គេ​មិន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៀត​ទេ គឺ​បាន​ដូច​ជា​ទេវតា​នៃ​ព្រះ ដែល​នៅ​ស្ថានសួគ៌​វិញ ៣១ តែ​ត្រង់​ឯ​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​សេចក្តី​ដែល​ព្រះ​ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​អ្នក​រាល់​គ្នា​ទេ​ឬ​អី ៣២ គឺ​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ព្រះអង្គ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ។ ៣៣ ឯ​បណ្តា​មនុស្ស​គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ឮ​សេចក្តី​ដែល​ទ្រង់​បង្រៀន​នោះ។

បញ្ញត្ត​សំខាន់​ជាង​គេ

៣៤ តែ​កាល​ពួក​ផារិស៊ី​បាន​ឮ​ថា ទ្រង់​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បាត់​មាត់​ដូច្នោះ នោះ​គេ​ក៏​មូល​គ្នា ៣៥ ហើយ​ពួក​គេ​ម្នាក់ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក៏​ល្បង​សួរ​ទ្រង់​ថា ៣៦ លោក​គ្រូ ក្នុង​បណ្តា​ក្រឹត្យវិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត ៣៧ នោះ​ព្រះយេស៊ូវ​ឆ្លើយ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង» ៣៨ នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ៣៩ ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» ៤០ បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទ​បញ្ញត្ត​ទាំង​២​ប្រការ​នេះ​ឯង។

ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់​លើ​ស្តេច​ដាវីឌ

៤១ កំពុង​ដែល​ពួក​ផារិស៊ី​នៅ​មូល​គ្នា​នៅ​ឡើយ នោះ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​គេ​ថា ៤២ អ្នក​រាល់​គ្នា​គិត​ពី​ព្រះគ្រីស្ទ​ដូច​ម្តេច តើ​ទ្រង់​ជា​ព្រះវង្ស​អ្នក​ណា នោះ​គេ​ទូល​ឆ្លើយ​ថា ជា​ព្រះវង្ស​ហ្លួង​ដាវីឌ ៤៣ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ទៀត​ថា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ហ្លួង​ដាវីឌ​មាន​ព្រះបន្ទូល ដោយ​នូវ​ព្រះវិញ្ញាណ ហៅ​ទ្រង់​ជា​ព្រះអម្ចាស់​បាន ៤៤ ដោយ​ថា «ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ព្រះអម្ចាស់​នៃ​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំងសត្រូវ​ឯង​នៅ​ក្រោម​ជើង​ឯង» ៤៥ ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះគ្រីស្ទ​ថា​ជា​ព្រះអម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ជា​ព្រះវង្ស​ទ្រង់​បាន ៤៦ តែ​គ្មាន​អ្នក​ណា​អាច​នឹង​ឆ្លើយ​តប​ទៅ​ទ្រង់​១​ម៉ាត់​បាន​ទេ រួច​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

ម៉ាថាយ ២៣

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​ពុតត្បុត​របស់​ពួក​អាចារ្យ និង​ពួក​ខាង​គណៈផារិស៊ី

១ គ្រា​នោះ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ហ្វូង​មនុស្ស ហើយ​និង​ពួក​សិស្ស​ទ្រង់​ថា ២ ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​បាន​តាំង​ខ្លួន​គេ អង្គុយ​នៅ​ទី​បង្រៀន​របស់​លោក​ម៉ូសេ ៣ ដូច្នេះ គ្រប់​ទាំង​សេចក្តី​ណា​ដែល​គេ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម នោះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ប៉ុន្តែ កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ថា តែ​មិន​ធ្វើ​តាម​ទេ ៤ ពី​ព្រោះ​គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ដាក់​លើ​ស្មា​មនុស្ស ជា​បន្ទុក​ដែល​ពិបាក​ទទួល តែ​ខ្លួន​គេ​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​ឆ្កឹះ​បន្ទុក​នោះ​ផង ៥ គ្រប់​ទាំង​ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​តែ​មនុស្ស​មើល​ឃើញ​ទេ គឺ​គេ​ធ្វើ​ស្លាកធំៗ​កត់​ក្រឹត្យវិន័យ និង​រំយោល​អាវ​គេ​ឲ្យ​វែងៗ ៦ គេ​គាប់​ចិត្ត​នឹង​កន្លែង​លេខ​១​ក្នុង​ការ​ស៊ីលៀង និង​កន្លែង​ដែល​មុខ​គេ​ក្នុង​សាលា​ប្រជុំ ៧ ព្រម​ទាំង​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា លោក​គ្រូៗ​ផង ៨ ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្តា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់ ៩ ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថានសួគ៌ ១០ ហើយ​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ជា​សាស្តា​ឡើយ ដ្បិត​មាន​សាស្តា​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះគ្រីស្ទ ១១ តែ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ១២ អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។ ១៣ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថានសួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ ១៤ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ខំ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ឲ្យ​បាន​ឆ​ស៊ី​ផ្ទះ​ពួក​មេម៉ាយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត ១៥ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដើរ​ជុំ​ជើង​ទឹក ជើង​គោក ដើម្បី​នឹង​នាំ​មនុស្ស​តែ​ម្នាក់​ឲ្យ​ចូល​កាន់​សាសនា តែ​កាល​ណា​គេ​ចូល​កាន់​ហើយ នោះ​អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​គេ​ទៅ​ជា​គួរ​ធ្លាក់​ទៅ​នរក ជា​ជាង​ខ្លួន​១​ជា​២​ផង ១៦ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​ស្បថ​នឹង​ព្រះវិហារ នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​មាស​របស់​ព្រះវិហារ នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ ១៧ ឱ​ពួក​មនុស្ស​ល្ងីល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង មាស ឬ ព្រះវិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ ១៨ ហើយ​ក៏​ថា បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​ដង្វាយ​នៅ​លើ​អាសនា នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ ១៩ ឱ​ពួក​មនុស្ស​ល្ងីល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង ដង្វាយ ឬ អាសនា​ដែល​ធ្វើ​ឲ្យ​ដង្វាយ​នោះ​បាន​បរិសុទ្ធ ២០ ដូច្នេះ​អ្នក​ណា​ដែល​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា ហើយ​នឹង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ ២១ ឯ​អ្នក​ណា​ដែល​ស្បថ​នឹង​ព្រះវិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះវិហារ ហើយ​នឹង​ព្រះ​ដែល​គង់​នៅ​ក្នុង​ព្រះវិហារ​នោះ​ដែរ ២២ ហើយ​អ្នក​ណា​ដែល​ស្បថ​នឹង​ស្ថានសួគ៌ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​បល្ល័ង្ក​នៃ​ព្រះ ហើយ​នឹង​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ផង ២៣ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរអង្កាម ជីរ​លីងលាក់ និង​ល្ង​ផង តែ​បាន​ចោល​សេចក្តី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រឹត្យវិន័យ​វិញ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តាករុណា នឹង​សេចក្តី​ជំនឿ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​ទាំង​នេះ ហើយ​ការ​ឯ​ទៀត​នោះ ក៏​មិន​ត្រូវ​ចោល​ផង ២៤ ឱ​ពួក​មនុស្ស​កង្វាក់ ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ត្រង​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ ២៥ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ និង​សេចក្តី​ហួស​ខ្នាត​ទទេ ២៦ ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជា​មុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ ២៧ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ ២៨ អ្នក​រាល់​គ្នា​ក៏​បែប​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្តី​កំពុត និង​សេចក្តី​ទទឹង​ច្បាប់​ទទេ ២៩ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ពួក​ហោរា ហើយ​តាក់តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត ៣០ ដោយ​ថា បើ​យើង​បាន​រស់​នៅ​ក្នុង​ជំនាន់​ពួក​ឰយុកោ​យើង នោះ​យើង​មិន​បាន​ចូល​ដៃ​នឹង​គាត់ ដើម្បី​កំចាយ​ឈាម​ពួក​ហោរា​ទេ ៣១ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ខ្លួន​ថា អ្នក​រាល់​គ្នា​ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​សំឡាប់​ហោរា​ទាំង​នោះ ៣២ ឯ​អ្នក​រាល់​គ្នា ចូរ​បំពេញ​រង្វាល់​របស់​ពួក​ឰយុកោ​នៃ​អ្នក​រាល់​គ្នា​ចុះ ៣៣ ឱ​សត្វ​ពស់ ឱ​ពូជ​ពស់វែក​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង​នរក​បាន ៣៤ ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាចារ្យ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នាៗ នឹង​សំឡាប់​ហើយ​ឆ្កាង​ខ្លះ ក៏​វាយ​ខ្លះ​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ទុក្ខ​បៀតបៀន​គេ ពី​ក្រុង​១​ទៅ​ដល់​ក្រុង​១ ៣៥ ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​ផែនដី បាន​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​វិញ តាំង​ពី​ឈាម​របស់​អេបិល ជា​អ្នក​សុចរិត ដរាប​ដល់​សាការី ជា​កូន​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សំឡាប់​នៅ​កណ្តាល​ព្រះវិហារ ហើយ​និង​អាសនា ៣៦ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អំពើ​ទាំង​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ដំណ​នេះ​វិញ។

អ្នក​ក្រុង​យេរូសាឡិម​បដិសេធ​មិន​ទទួល​ព្រះយេស៊ូវ

៣៧ ឱ​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ ឯង​ដែល​សំឡាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​ទេ ៣៨ មើល ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង ៣៩ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត ដរាប​ដល់​កាល​ណា​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ។

ម៉ាថាយ ២៤

ព្រះយេស៊ូវ​ប្រកាស​អំពី​ការ​បំផ្លាញ​ព្រះវិហារ*

១ កាល​ព្រះយេស៊ូវ ទ្រង់​កំពុង​តែ​យាង​ចេញ​ពី​ព្រះវិហារ​ទៅ នោះ​ពួក​សិស្ស​ក៏​មក​ចង្អុល​បង្ហាញ​អស់​ទាំង​មន្ទីរ​នៃ​ព្រះវិហារ ថ្វាយ​ទ្រង់​ទត ២ តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ទាំង​នេះ​ឬ​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ។

ហេតុការណ៍​នៅ​គ្រា​ចុង​ក្រោយ

៣ រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ នោះ​ពួក​សិស្ស​មក​ឯ​ទ្រង់​ដោយឡែក ទូល​សួរ​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប ៤ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ៥ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា ខ្ញុំ​នេះ​ជា​ព្រះគ្រីស្ទ ហើយ​អ្នក​ទាំង​នោះ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ​ផង ៦ អ្នក​រាល់​គ្នា​នឹង​ឮ​និយាយ​ពី​ចំបាំង និង​ដំណឹង​ពី​ចំបាំង នោះ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ ៧ ពី​ព្រោះ​សាសន៍១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍១ នគរ​១​ទាស់​នឹង​នគរ​១ ហើយ​និង​កើត​មាន​អំណត់ ជំងឺ​អាសន្នរោគ និង​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ ៨ តែ​ការ​ទាំង​នោះ​ជា​ដើម​ចម​នៃ​សេចក្តី​ទុក្ខ​ទេ ៩ គ្រា​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្តី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ១០ នៅ​គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​រវាត​ចិត្ត​ចេញ គេ​នឹង​បញ្ជូន​គ្នា ហើយ​និង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក ១១ ក៏​នឹង​មាន​ហោរា​ក្លែងក្លាយ​ជា​ច្រើន​កើត​ឡើង នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង​ដែរ ១២ រួច​ដោយ​ព្រោះ​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្តី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ ១៣ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ ១៤ ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ៍ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត។

គ្រា​មាន​ទុក្ខ​លំបាក

១៥ ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្តី​ដែល​ហោរា​ដានីយ៉ែលបាន​ទាយ​ទុក គឺ​ជា​សេចក្តី​ស្អប់​ខ្ពើមដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (អ្នក​ណា​ដែល​អាន​មើល ឲ្យ​យល់​ចុះ) ១៦ នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​យូដា​រត់​ចេញ​ទៅ​ឯ​ភ្នំ ១៧ កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក ដើម្បី​នឹង​យក​របស់​អ្វី​ពី​ផ្ទះ​ឡើយ ១៨ ហើយ​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ ត្រឡប់​មក​វិញ ដើម្បី​នឹង​យក​សំលៀកបំពាក់​ខ្លួន​ដែរ ១៩ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ ២០ ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ ២១ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ៍ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ។ ២២ បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង ២៣ គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះគ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ ២៤ ដ្បិត​នឹង​មាន​ព្រះគ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ហើយ​និង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន ២៥ មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ២៦ ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ២៧ ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេកបន្ទោរ ដែល​ភ្លឺផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ ២៨ ដ្បិត​ខ្មោច​មាន​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​កន្លែង​នោះ​ឯង។

កូន​មនុស្ស​នឹង​យាង​មក

២៩ ក្រោយ​សេចក្តី​វេទនា​របស់​គ្រា​នោះ​មក ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក ៣០ នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូងយំ ក៏​នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះចេស្តា និង​សិរីល្អ​ជា​ខ្លាំង ៣១ ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង។

បន្ទូល​អំពី​ដើម​ល្វា

៣២ ប៉ុន្តែ ចូរ​រៀន​សេចក្តី​ប្រៀប​ប្រដូច​ពី​ដើម​ល្វា កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅជិត​ដល់​ហើយ ៣៣ ដំណើរ​នេះ​ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នេះ​កើត​មក ត្រូវ​ដឹង​ថា លោក​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង ៣៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់ ៣៥ ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ។

ការ​ត្រៀម​ខ្លួន​រង់ចាំ​ទទួល​ព្រះគ្រីស្ទ

៣៦ ឯ​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ ៣៧ ដ្បិត​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ៣៨ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀបការ​ប្តី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ ៣៩ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ ៤០ នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ៤១ ស្ត្រី​២​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ៤២ ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះអម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ ៤៣ ចូរ​ដឹង​សេចក្តី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ជា​ចោរ​នឹង​មក​នៅ​យាម​ណា នោះ​គេ​នឹង​បាន​ចាំ​យាម​មិន​ឲ្យ​ចោរ​ទំលុះ​ចូល​ផ្ទះ​បាន​ទេ ៤៤ ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។ ៤៥ ដូច្នេះ អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះត្រង់ មាន​មារយាទ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក និង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល ៤៦ បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ ៤៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់ ៤៨ ប៉ុន្តែ បើ​ជា​អ្នក​បំរើ​អាក្រក់​វិញ ហើយ​គិត​ក្នុង​ចិត្ត​ថា ចៅហ្វាយ​អញ​ក្រ​មក ៤៩ ក៏​តាំង​វាយដំ​ពួក​គូកន​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​នឹង​ពួក​មនុស្ស​ប្រមឹក​ផង ៥០ ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​វា​មិន​នៅ​ចាំ ជា​វេលា​ណា​ដែល​វា​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ ៥១ ហើយ​នឹង​ធ្វើ​ទោស​វា​ជា​យ៉ាង​ធ្ងន់ ទាំង​ឲ្យ​វា​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ផង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

ម៉ាថាយ ២៥

ប្រស្នា​អំពី​ស្ត្រី​ក្រមុំ​ដប់​នាក់

១ គ្រា​នោះ នគរ​ស្ថានសួគ៌​នឹង​បាន​ដូច​ជា​ស្រី​ព្រហ្មចារី​១០​នាក់ ដែល​យក​ចង្កៀង​រៀង​ខ្លួន ចេញ​ទៅ​ទទួល​ប្តី​ថ្មោងថ្មី ២ ក្នុង​ពួក​នាង​ទាំង​នោះ មាន​៥​នាក់​មាន​គំនិត ហើយ​៥​នាក់​ល្ងង់ ៣ នាង​ល្ងង់​ទាំង​នោះ គេ​យក​តែ​ចង្កៀង​ទៅ តែ​មិន​បាន​យក​ប្រេង​ជាប់​នឹង​ខ្លួន​ផង​ទេ ៤ ឯ​ពួក​នាង​មាន​គំនិត​វិញ គេ​បាន​យក​ទាំង​ចង្កៀង ហើយ​និង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ផង ៥ តែ​ដោយ​ព្រោះ​ប្តី​ក្រ​មក​ពេក បាន​ជា​នាង​ទាំង​នោះ​ងោកងុយ ហើយ​ដេក​លក់​ទៅ ៦ លុះ​ដល់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក​ថា នែ ប្តី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ ៧ ស្រី​ព្រហ្មចារី​ទាំងឡាយ​ក៏​ភ្ញាក់​ឡើង រៀបចំ​ចង្កៀង​រៀង​រាល់​ខ្លួន ៨ ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ ៩ តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ ១០ តែ​កំពុង​តែ​នាង​ទាំង​នោះ​ទៅ​ទិញ ប្តី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បំរុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ ១១ ឯ​នាង​ព្រហ្មចារី​ឯ​ទៀត ក៏​មក​អង្វរ​ថា លោក​ម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង ១២ តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ ១៣ ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះ​ទេ។

ប្រស្នា​ស្តី​អំពី​ប្រាក់

១៤ ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​រៀប​នឹង​ចេញ​ពី​ស្រុក​ទៅ គាត់​ហៅ​ពួក​បាវ​មក​ប្រគល់​របស់​ទ្រព្យ​ខ្លួន​ទុក​នឹង​គេ ១៥ បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់ ម្នាក់​ទៀត​២​ពាន់ ហើយ​អ្នក​ទី​បី​១​ពាន់ គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន រួច​ក៏​ចេញ​ទៅ ១៦ នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត ១៧ ហើយ​អ្នក​ដែល​ទទួល​២​ពាន់ គាត់​ធ្វើ​ដូច្នោះ​ដែរ ក៏​បាន​ចំណេញ​២​ពាន់​ទៀត ១៨ តែ​ឯ​អ្នក​ដែល​ទទួល​តែ​១​ពាន់ វា​ទៅ​ជីក​ដី​កប់​ប្រាក់​របស់​ចៅហ្វាយ​វិញ ១៩ យូរ​ក្រោយ​មក ចៅហ្វាយ​របស់​បាវ​ទាំង​នោះ​ត្រឡប់​មក​វិញ គិត​បញ្ជី​នឹង​គេ ២០ ចំណែក​អ្នក​ដែល​បាន​ទទួល​៥​ពាន់ ក៏​យក​៥​ពាន់​ទៀត​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​ប្រាក់​៥​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​៥​ពាន់​ទៀត ២១ ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ ២២ កាល​អ្នក​ដែល​ទទួល​២​ពាន់​បាន​មក​ដល់ នោះ​ក៏​ជំរាប​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​២​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​២​ពាន់​ទៀត ២៣ ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ ២៤ ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងរ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ ២៥ ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក​វិញ ២៦ ចៅហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ ២៧ នោះ​គួរ​តែ​ឯង​បាន​យក​ប្រាក់​ទៅ ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ​ចុះ លុះ​ដល់​អញ​មក​វិញ នោះ​នឹង​បាន​ប្រាក់​អញ ទាំង​ដើម ទាំង​ការ​ផង ២៨ ដូច្នេះ ចូរ​ដក​ប្រាក់​១​ពាន់​នោះ​ពី​វា​ចេញ ឲ្យ​ដល់​អ្នក​ដែល​មាន​១​ម៉ឺន​វិញ ២៩ ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី ដែល​អ្នក​នោះ​មាន​ផង ៣០ ឯ​បាវ​ឥត​ប្រយោជន៍​នោះ ចូរ​បោះ​វា​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

ការ​កាត់​ទោស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់

៣១ តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរីល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុងរឿង​ឧត្តម​របស់​លោក ៣២ រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ ៣៣ រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង ៣៤ នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​ព្រះបន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ៍​មក ៣៥ ពី​ព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង ៣៦ យើង​នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀកពាក់​ឲ្យ​យើង យើង​បាន​ឈឺ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង ៣៧ នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា ៣៨ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាល​ណា ៣៩ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាល​ណា ៤០ នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ ៤១ រួច​ទ្រង់​នឹង​មាន​ព្រះបន្ទូល​ទៅ​ពួក​ខាង​ឆ្វេង​ទៀត​ថា ពួក​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្តាសា​អើយ ចូរ​ថយ​ពី​អញ​ចេញ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សំរាប់​អារក្ស ហើយ​និង​ពួក​ទេវតា​របស់​វា​វិញ ៤២ ពី​ព្រោះ​អញ​បាន​ឃ្លាន តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​បរិភោគ​ទេ អញ​បាន​ស្រេក តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​ផឹក​ទេ ៤៣ អញ​ជា​អ្នក​ដទៃ តែ​ឯង​រាល់​គ្នា​មិន​បាន​ទទួល​សោះ អញ​នៅ​អាក្រាត តែ​ឯង​រាល់​គ្នា​មិន​បាន​ស្លៀកពាក់​ឲ្យ​អញ​ទេ អញ​ក៏​ឈឺ ហើយ​នៅ​ជាប់​គុក តែ​ឯង​រាល់​គ្នា​មិន​បាន​មក​សួរ​សោះ ៤៤ រួច​គេ​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឃ្លាន ឬ​ស្រេក ឬ​ជា​អ្នក​ដទៃ ឬ​នៅ​អាក្រាត ឬ​ឈឺ ឬ​ជាប់​គុក ហើយ​មិន​បាន​ទៅ​ជួយ​ទ្រង់​នោះ​ពី​កាល​ណា ៤៥ នោះ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​តប​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​យ៉ាង​តូច​បំផុត ក្នុង​ពួក​អ្នក​ទាំង​នេះ នោះ​ឈ្មោះ​ថា​មិន​បាន​ធ្វើ​ដល់​អញ​ដែរ ៤៦ ឯ​ពួក​អ្នក​ទាំង​នោះ​នឹង​ថយ​ទៅ មាន​ទោស​អស់​កល្ប​ជានិច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ។

ម៉ាថាយ ២៦

ការ​ឃុបឃិត​ចាប់​ព្រះយេស៊ូវ

១ កាល​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ២ អ្នក​រាល់​គ្នា​ដឹង​ថា នៅ​២​ថ្ងៃ​ទៀត នឹង​ចូល​បុណ្យ​រំលង​ហើយ ឯ​កូន​មនុស្ស ក៏​ត្រូវ​គេ​បញ្ជូន​ទៅ ឲ្យ​ត្រូវ​ជាប់​ឆ្កាង​ដែរ។ ៣ នៅ​គ្រា​នោះ ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់ទុំ​នៃ​បណ្តាជន គេ​ប្រជុំ​គ្នា​នៅ​ទី​ព្រះលាន​នៃ​សំដេច​សង្ឃ ព្រះនាម​កៃផា ៤ ក៏​ពិគ្រោះ​គ្នា ដើម្បី​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល ហើយ​សំឡាប់​បង់ ៥ តែ​គេ​ថា កុំ​ធ្វើ​ក្នុង​រវាង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​បណ្តាជន​កើត​កោលាហល។

ស្ត្រី​ម្នាក់​ចាក់​ប្រេង​លើ​សិរសា​ព្រះយេស៊ូវ

៦ រីឯ​កាល​ព្រះយេស៊ូវ​ទ្រង់​គង់​ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​អ្នក​ឃ្លង់​នៅ​ភូមិ​បេថានី ៧ នោះ​មាន​ស្ត្រី​ម្នាក់​មក​ឯ​ទ្រង់ កាន់​ទាំង​ដប​ថ្ម​កែវ ដាក់​ប្រេង​ក្រអូប​មាន​ដំឡៃ​ដ៏​វិសេស នាង​ក៏​ចាក់​ប្រេង​នោះ​លើ​ព្រះសិរ​ទ្រង់ ដែល​ទ្រង់​កំពុង​តែ​គង់​នៅ​តុ ៨ តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី ៩ ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ប្រាក់​ជា​ច្រើន ដើម្បី​នឹង​ចែក​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ១០ តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប ហើយ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​បង្អាក់​ដល់​ចិត្ត​នាង​ដូច្នេះ ដ្បិត​នាង​បាន​ធ្វើ​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ ១១ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ ១២ ដែល​នាង​នេះ​បាន​ចាក់​ប្រេង​ក្រអូប​លើ​ខ្លួន​ខ្ញុំ នោះ​គឺ​បាន​ធ្វើ​សំរាប់​រៀប​កប់​ខ្មោច​ខ្ញុំ ១៣ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ នៅ​គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល នោះ​គេ​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ទុក​សំរាប់​ជា​កេរ្តិ៍​នាង។

យូដាស-អ៊ីស្ការីយ៉ុត​ក្បត់​ព្រះយេស៊ូវ

១៤ នៅ​គ្រា​នោះ មាន​ម្នាក់​ក្នុង​ពួក​១២​នាក់ ឈ្មោះ​យូដាស-អ៊ីស្ការីយ៉ុត វា​ទៅ​ឯ​ពួក​សង្គ្រាជ​សួរ​ថា ១៥ បើ​ខ្ញុំ​បញ្ជូន​អ្នក​នោះ​មក​លោក តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ រួច​គេ​សំរេច​នឹង​ឲ្យ​ប្រាក់​៣០​រៀលដល់​វា ១៦ ចាប់​តាំង​ពី​វេលា​នោះ​មក វា​ក៏​ចេះ​តែ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ។

ព្រះយេស៊ូវ​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស

១៧ នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​ពួក​សិស្ស​មក​ឯ​ព្រះយេស៊ូវ​ទូល​ថា តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀប​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា ១៨ ទ្រង់​ឆ្លើយ​ថា ឲ្យ​ចូល​ទៅ​ក្នុង​ទី​ក្រុង ដល់​ម្នាក់​ណា​មួយ​នោះ ហើយ​ប្រាប់​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា កំណត់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជា​មួយ និង​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក ១៩ ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​តាម​បង្គាប់​ព្រះយេស៊ូវ ហើយ​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។ ២០ ដល់​ល្ងាច ទ្រង់​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​១២​នាក់ ២១ កាល​កំពុង​តែ​បរិភោគ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ ២២ នោះ​គ្រប់​គ្នា​មាន​សេចក្តី​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​តាំង​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី ២៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​មួយ ដែល​លូក​ដៃ​ចុះ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ឯង​នឹង​បញ្ជូន​ខ្ញុំទៅ ២៤ ឯ​កូន​មនុស្ស ត្រូវ​ទៅ​មែន តាម​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​ដំណើរ​លោក ប៉ុន្តែ​វេទនា​ដល់​អ្នក​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង ២៥ នោះ​យូដាស ជា​អ្នក​ដែល​បញ្ជូន​ទ្រង់ វា​ចាប់​ពាក្យ​ទូល​ថា លោក​គ្រូ​អើយ តើ​ខ្ញុំ​ឬ​អី ទ្រង់​មាន​ព្រះបន្ទូល​ទៅ​វា​ថា ត្រូវ​ដូច​អ្នក​និយាយ​ហើយ។

ពិធី​ជប់លៀង​ចុង​ក្រោយ​បំផុត

២៦ គ្រា​ដែល​កំពុង​តែ​បរិភោគ នោះ​ព្រះយេស៊ូវ​ទ្រង់​យក​នំបុ័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​ព្រះបន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ២៧ រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​ព្រះបន្ទូល​ថា ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ២៨ ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​បាន​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្តាច់​បាប ២៩ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ត​ទៅ​មុខ ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំងបាយជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី ជា​មួយ​នឹង​អ្នក​រាល់​គ្នា នៅ​ក្នុង​នគរ​ព្រះវរបិតា​នៃ​ខ្ញុំ ៣០ រួច​កាល​បាន​ច្រៀង​ទំនុក​មួយ​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ

៣១ ខណៈ​នោះ ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​រវាត​ចេញដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ» ៣២ ប៉ុន្តែ កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា ៣៣ ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ទ្រង់​ក៏​ដោយ គង់​តែ​ទូលបង្គំ​មិន​ដូច្នោះ​ទេ ៣៤ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​វេលា​យប់​នេះ មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ ៣៥ ពេត្រុស​ទូល​តប​ថា ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក៏​ដោយ គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ឡើយ ហើយ​ពួក​សិស្ស​ទាំង​អស់​ក៏​ថា​ឡើង​ដូច​គ្នា។

ព្រះយេស៊ូវ​អធិស្ឋាន​នៅ​ក្នុង​សួន​គែតសេម៉ានី

៣៦ នោះ​ព្រះយេស៊ូវ ព្រម​ទាំង​ពួក​សិស្ស ក៏​ទៅ​ដល់​កន្លែង​ហៅ​ថា ច្បារ​គែតសេម៉ានី ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​នឹង​ទៅ​អធិស្ឋាន​នៅ​ឯ​ណោះ ៣៧ រួច​ទ្រង់​យក​ពេត្រុស និង​កូន​សេបេដេ​ទាំង​២​នាក់​ទៅ​ជា​មួយ​ផង ទ្រង់​ចាប់​តាំង​មាន​ព្រះហឫទ័យ​ព្រួយ ហើយ​តប់ប្រមល់​ជា​ខ្លាំង ៣៨ ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ពន់ពេក ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ចាំ​យាមជា​មួយ​នឹង​ខ្ញុំ​សិន ៣៩ កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច​ទៀត នោះ​ទ្រង់​ទំលាក់​អង្គ ផ្កាប់​ព្រះភក្ត្រ​ចុះ​អធិស្ឋាន​ថា ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ៤០ នោះ​ទ្រង់​យាង​មក​ដល់​ពួក​សិស្ស ឃើញ​គេ​ដេក​លក់ ក៏​មាន​ព្រះបន្ទូល​ទៅ​ពេត្រុស​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​តែ​១​ម៉ោង​មិន​បាន​ទេ​ឬ​អី ៤១ ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​មិន​ឲ្យ​កើត​សេចក្តី​ល្បួង​នាំ​ចិត្ត​ឡើយ ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ ៤២ កាល​ទ្រង់​បាន​យាង​ទៅ​ម្តង​ទៀត នោះ​ក៏​អធិស្ឋាន​ថា ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ​ពុំ​បាន លើក​តែ​ទូលបង្គំ​ទទួល នោះ​សូម​តាម​ព្រះហឫទ័យ​ទ្រង់​ចុះ ៤៣ កាល​ទ្រង់​បាន​យាង​មក​វិញ នោះ​ក៏​ឃើញ​ពួក​សិស្ស​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ ៤៤ រួច​ទ្រង់​យាង​ចោល​គេ​ទៅ​ម្តង​ទៀត នឹង​អធិស្ឋាន​ជា​គំរប់​៣​ដង ដោយ​ព្រះបន្ទូល​ជា​សេចក្តី​ដដែល ៤៥ នោះ​ទ្រង់​យាង​មក​ឯ​ពួក​សិស្ស​មាន​ព្រះបន្ទូល​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ មើល កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ៤៦ ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ​ជិត​មក​ដល់​ហើយ។

គេ​ចាប់​ព្រះយេស៊ូវ

៤៧ កាល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ នោះ​ឃើញ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២​មក​ដល់ នាំ​ទាំង​ហ្វូង​មនុស្ស​ជា​ធំ ដែល​កាន់​ដាវ កាន់​ដំបង មក​ពី​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​នៃ​បណ្តាជន ៤៨ ឯ​អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​ចុះ ៤៩ ស្រាប់​តែ​វា​មក​ដល់​ព្រះយេស៊ូវ​គំនាប់​ទូល​ថា ជំរាប​សួរ​លោក​គ្រូ រួច​ក៏​ថើប​ទ្រង់ ៥០ តែ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា សំឡាញ់​អើយ ឯង​មក​ធ្វើ​អី នោះ​គេ​ក៏​មក​លូក​ដៃ​ចាប់​ព្រះអង្គ ៥១ ខណៈ​នោះ មាន​ម្នាក់​ដែល​នៅ​ជា​មួយ​នឹង​ព្រះយេស៊ូវ គាត់​លូក​ដៃ​ទៅ​ហូត​ដាវ កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ ៥២ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ ៥៣ តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះវរបិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា​១២​កង មក​ខ្ញុំ​ជា​១​រំពេច​ទេ​ឬ​អី ៥៤ បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ។ ៥៥ នៅ​វេលា​នោះ​ឯង ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ហ្វូង​មនុស្ស​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ខ្ញុំ​បាន​អង្គុយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បង្រៀន​ក្នុង​ព្រះវិហារ​រាល់​តែ​ថ្ងៃ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ ៥៦ ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ពួក​ហោរា​វិញ នោះ​ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ។

ព្រះយេស៊ូវ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

៥៧ ឯ​ពួក​អ្នក​ដែល​ចាប់​ព្រះយេស៊ូវ គេ​ដឹកនាំ​ទ្រង់​ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ នៅ​កន្លែង​ដែល​ពួក​អាចារ្យ និង​ពួក​ចាស់ទុំ​បាន​ប្រជុំ​គ្នា ៥៨ រីឯ​ពេត្រុស គាត់​តាម​ទ្រង់​ពី​ចំងាយ​ទៅ រហូត​ដល់​ព្រះលាន​នៃ​សំដេច​សង្ឃ ក៏​ចូល​ទៅ​អង្គុយ​ខាង​ក្នុង ជា​មួយ​នឹង​ពួក​អាជ្ញា ដើម្បី​ចង់​ឃើញ​ទី​បំផុត​នៃ​ការ​នោះ។ ៥៩ ចំណែក​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ ហើយ​ក្រុមជំនុំ​ទាំង​អស់​គ្នា គេ​ស្វែង​រក​សេចក្តី​បន្ទាល់​ក្លែង​ទាស់​នឹង​ព្រះយេស៊ូវ ប្រយោជន៍​ឲ្យ​បាន​សំឡាប់​ទ្រង់ ៦០ តែ​ទោះ​បើ​មាន​ស្មរ​បន្ទាល់​ក្លែងក្លាយ​មក​ជា​ច្រើន​នាក់​ក៏​ដោយ គង់​តែ​រក​មិន​បាន​សោះ ៦១ តែ​ក្រោយ​បង្អស់ មាន​ស្មរ​បន្ទាល់​២​នាក់​មក​ចោទ​ថា អា​នេះ​បាន​និយាយ​ថា ខ្ញុំ​អាច​នឹង​បំផ្លាញ​ព្រះវិហារ​ចេញ ហើយ​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​បាន ៦២ នោះ​សំដេច​សង្ឃ​ក៏​ក្រោក​ឡើង​ដណ្តឹង​សួរ​ទ្រង់​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្តី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច ៦៣ ឯ​ព្រះយេស៊ូវ​ទ្រង់​នៅ​តែ​ស្ងៀម រួច​សំដេច​សង្ឃ​បង្គាប់​ទ្រង់​ថា ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ចុះ បើ​ឯង​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក ៦៤ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ១​ទៀត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណឹះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ នៅ​ខាង​ស្តាំ​នៃ​ព្រះ​ដ៏​មាន​ព្រះចេស្តា ហើយ​ទាំង​មក​លើ​ពពក​នៅ​លើ​មេឃផង ៦៥ នោះ​សំដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​និយាយ​ឡើង​ថា វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដូច្នេះ តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ថែម​ទៀត មើល អ្នក​រាល់​គ្នា​ទើប​នឹង​ឮ​ពាក្យ ដែល​វា​ប្រមាថ​នោះ​ស្រាប់​ហើយ ៦៦ តើ​គិត​យ៉ាង​ដូច​ម្តេច អ្នក​ទាំង​នោះ​ឆ្លើយ​ឡើង​ថា វា​គួរ​ស្លាប់​ហើយ ៦៧ គេ​ក៏​ស្តោះ​ដាក់​ព្រះភក្ត្រ ហើយ​ដាល់​តប់​ទ្រង់ មាន​អ្នក​ខ្លះ​ទះ​ទ្រង់ ទាំង​ទូល​ថា ៦៨ ចូរ​ទាយ​ប្រាប់​យើង​ចុះ ព្រះគ្រីស្ទ​អើយ តើ​អ្នក​ណា​បាន​វាយ​ឯង។

លោក​ពេត្រុស​បដិសេធ​មិន​ស្គាល់​ព្រះយេស៊ូវ

៦៩ ឯ​ពេត្រុស គាត់​អង្គុយ​នៅ​ក្នុង​ព្រះលាន​ឰដ៏​ខាង​ក្រៅ នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ឯ​គាត់​និយាយ​ថា អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​កាលីឡេ​នេះ​ដែរ ៧០ តែ​គាត់​ប្រកែក​នៅ​មុខ​អ្នក​ទាំង​អស់​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​អ្វី​ទេ ៧១ កាល​គាត់​បាន​ចេញ​ទៅ​ដល់​មាត់​ទ្វារ​ហើយ នោះ​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ទី​នោះ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត​ដែរ ៧២ គាត់​ក៏​ប្រកែក​ម្តង​ទៀត ទាំង​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ៧៣ ក្រោយ​បន្តិច​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ គេ​មក​ឯ​ពេត្រុស​ចោទ​ថា ឯង​ប្រាកដ​ជា​ពួក​មនុស្ស​នោះ​ដែរ ដ្បិត​សំដី​ឯង​ស​ពី​ខ្លួន​ឯង​ឲ្យ​ដឹង​ហើយ ៧៤ នោះ​គាត់​ចាប់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង ៧៥ ពេត្រុស​នឹក​ឃើញ​ពី​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវ ដែល​ទ្រង់​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ រួច​គាត់​ក៏​ចេញ​ទៅ​ដោយ​យំ​ក្តួល។

ម៉ាថាយ ២៧

ពួក​ជំនុំ​ជាន់​ខ្ពស់​កាត់​ទោស​ព្រះយេស៊ូវ

១ ដល់​ព្រឹក​ឡើង ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​នៃ​បណ្តាជន គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះយេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់ ២ ក៏​ចង​ទ្រង់​ដឹក​បញ្ជូន​ទៅ​ឯ​ចៅហ្វាយ​ស្រុក ឈ្មោះ​ប៉ុនទាស-ពីឡាត់។

ប្រាក់​បង់​ថ្លៃ​ឈាម

៣ កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ​ក៏​យក​ប្រាក់​៣០ ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​វិញ ៤ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ តែ​គេ​ឆ្លើយ​ថា តើ​នោះ​អំពល់​អ្វី​ដល់​យើង ការ​នោះ​ស្រេច​នៅ​ឯង​ទេ​តើ ៥ វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះវិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ ៦ ឯ​ពួក​សង្គ្រាជ គេ​រើស​ប្រាក់​នោះ​មក​និយាយ​ថា ប្រាក់​នេះ​គ្មាន​ច្បាប់​នឹង​ដាក់​ទុក​ក្នុង​ឃ្លាំង​ទេ ពី​ព្រោះ​ជា​ថ្លៃ​ឈាម ៧ លុះ​គេ​បាន​ពិគ្រោះ​គ្នា​ហើយ ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ទុក​សំរាប់​ជា​ទី​កប់​ខ្មោច​នៃ​សាសន៍​ដទៃ​វិញ ៨ ដោយ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​វាល​នោះ​ថា «វាល​ឈាម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ៩ នោះ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​ប្រាក់​៣០​ជា​ដំឡៃ​ព្រះអង្គ ដែល​គេ​បាន​កាត់​ថ្លៃ​ឲ្យ គឺ​ដែល​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​បាន​កាត់​ថ្លៃ​នោះ ១០ ហើយ​គេ​ឲ្យ​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ដូច​ជា​ព្រះអម្ចាស់​ទ្រង់​បាន​បង្គាប់​ខ្ញុំ»។

លោក​ពីឡាត់​កាត់​ទោស​ប្រហារ​ជីវិត​ព្រះយេស៊ូវ

១១ ឯ​ព្រះយេស៊ូវ ទ្រង់​ឈរ​នៅ​មុខ​លោក​ចៅហ្វាយ ហើយ​លោក​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ១២ តែ​កាល​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​ចោទ​ប្រកាន់​ទ្រង់ នោះ​ទ្រង់​មិន​បាន​មាន​ព្រះបន្ទូល​ឆ្លើយ​សោះ ១៣ លោក​ពីឡាត់​ក៏​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឮ​រឿង​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ​អី ១៤ តែ​ព្រះយេស៊ូវ ទ្រង់​មិន​មាន​ព្រះបន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណា​មួយ​របស់​លោក​សោះ បាន​ជា​លោក​ចៅហ្វាយ​ឆ្ងល់​ខ្លាំង​ណាស់។ ១៥ ឯ​នៅ​បុណ្យ​នោះ លោក​ចៅហ្វាយ​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់ ឲ្យ​ដល់​ហ្វូង​មនុស្ស តាម​គេ​សូម ១៦ នៅ​គ្រា​នោះ គេ​មាន​អ្នក​ទោស​ម្នាក់ ដែល​មាន​ល្បី​ឈ្មោះៗ​បារ៉ាបាស ១៧ ដូច្នេះ កាល​គេ​បាន​ប្រជុំ​គ្នា​ជា​ស្រេច នោះ​លោក​ពីឡាត់​សួរ​ថា តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ឈ្មោះ​ណា បារ៉ាបាស ឬ​យេស៊ូវ ដែល​ហៅ​ថា ព្រះគ្រីស្ទ ១៨ ដ្បិត​លោក​បាន​ជ្រាប​ថា គេ​បញ្ជូន​ទ្រង់​ដោយ​ចិត្ត​ឈ្នានីស​ទេ ១៩ កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី នោះ​ប្រពន្ធ​លោក​ប្រើ​បំរើ​មក​ជំរាប​ថា កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​សប្តិ​កើត​ទុក្ខ​ជា​ច្រើន ដោយ​ព្រោះ​មនុស្ស​នោះ ២០ តែ​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ គេ​បញ្ចេះ​ហ្វូង​មនុស្ស ឲ្យ​សូម​បារ៉ាបាស​វិញ ហើយ​ឲ្យ​បំផ្លាញ​ព្រះយេស៊ូវ​បង់ ២១ នោះ​លោក​ចៅហ្វាយ​ចាប់​ពាក្យ​សួរ​គេ​ថា ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ាបាស​ចុះ ២២ លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ ដែល​ហៅ​ជា​ព្រះគ្រីស្ទ​នេះ អ្នក​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ ២៣ នោះ​លោក​ចៅហ្វាយ​សួរ​ថា តើ​អ្នក​នេះ​បាន​ធ្វើ​ខុស​អ្វី តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ ២៤ កាល​លោក​ពីឡាត់​ឃើញ​ថា មិន​ឈ្នះ​ទេ កើត​មាន​កោលាហល​កាន់​តែ​ខ្លាំង​ឡើង​ដូច្នោះ នោះ​លោក​យក​ទឹក​មក​លាង​ដៃ នៅ​មុខ​ហ្វូង​មនុស្ស ទាំង​មាន​ប្រសាសន៍​ថា ខ្ញុំ​គ្មាន​ទោស​នឹង​ឈាម​នៃ​អ្នក​សុចរិត​នេះ​ទេ ការ​នេះ​ស្រេច​នៅ​អ្នក​រាល់​គ្នា​ចុះ ២៥ បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា និង​កូន​ចៅ​របស់​យើង​ចុះ ២៦ ដូច្នេះ លោក​ក៏​លែង​បារ៉ាបាស​ឲ្យ​ដល់​គេ ឯ​ព្រះយេស៊ូវ​វិញ កាល​គេ​បាន​វាយ​នឹង​រំពាត់​រួច​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។

ទាហាន​មើលងាយ និង​ធ្វើ​បាប​ព្រះយេស៊ូវ

២៧ នោះ​ពួក​ទាហាន​របស់​លោក​ចៅហ្វាយ គេ​ក៏​នាំ​ព្រះយេស៊ូវ​ទៅ​ក្នុង​សាលា រួច​ប្រមូល​ក្រុម​ទាហាន​ទាំង​អស់​មក​ទាស់​នឹង​ទ្រង់ ២៨ គេ​ដោះ​ព្រះពស្ត្រ​ទ្រង់​ចេញ ហើយ​យក​អាវ​ក្រហម​មក​បំពាក់​វិញ ២៩ ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ​ទ្រង់ ហើយ​យក​ដើម​ត្រែង​ដាក់​នៅ​ព្រះហស្ត​ស្តាំ រួច​គេ​លុត​ជង្គង់​នៅ​ចំពោះ​ទ្រង់ ទាំង​ពោល​ចំអក​ថា ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា ៣០ គេ​ស្តោះ​ដាក់​ទ្រង់ ក៏​យក​ដើម​ត្រែង​នោះ​វាយ​ព្រះសិរ​ផង ៣១ កាល​គេ​បាន​ចំអក​មើលងាយ​ទ្រង់​ស្រេច​ហើយ ក៏​ដោះ​អាវ​នោះ​ចេញ ហើយ​បំពាក់​ព្រះពស្ត្រ​ទ្រង់​ទៅ​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង។

គេ​ឆ្កាង​ព្រះយេស៊ូវ

៣២ កាល​បាន​ចេញ​ទៅ​ហើយ នោះ​គេ​ប្រទះ​ឃើញ​មនុស្ស​ស្រុក​គីរេន​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ក៏​ចាប់​បង្ខំ​ឲ្យ​លី​ឈើ​ឆ្កាង​ទ្រង់​ទៅ ៣៣ លុះ​បាន​ដល់​កន្លែង​ហៅ​ថា គាល់កូថា ដែល​ស្រាយ​ថា​ភ្នំ​លលាដ៏​ក្បាល ៣៤ នោះ​គេ​យក​ទឹកខ្មេះ​លាយ​នឹង​ប្រមាត់​ថ្វាយ​ទ្រង់​សោយ តែ​កាល​ទ្រង់​បាន​ភ្លក់​មើល នោះ​ទ្រង់​មិន​ព្រម​សោយ​ទេ ៣៥ គ្រា​បាន​ឆ្កាង​ទ្រង់​ហើយ នោះ​គេ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះពស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​អាវ​ខ្ញុំ​ចែក​គ្នា ហើយ​បាន​ធ្វើ​ឆ្នោត​ចាប់​យក​អាវ​វែង​ខ្ញុំ» ៣៦ គេ​អង្គុយ​ចាំ​យាម​ទ្រង់​នៅ​ទី​នោះ ៣៧ ក៏​បិទ​ប្រកាស​ដែល​កាត់​ទោស​ទ្រង់ ដាក់​ពី​លើ​ព្រះសិរ​ថា «នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា» ៣៨ នៅ​វេលា​នោះ ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់​ដែរ ១​ខាង​ស្តាំ ហើយ​១​ខាង​ឆ្វេង។ ៣៩ ឯ​មនុស្ស​ដែល​ដើរ​តាម​ទី​នោះ គេ​ជេរ​ប្រមាថ​ដល់​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា ៤០ ឯង​ដែល​បំផ្លាញ​ព្រះវិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក ៤១ ឯ​ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ និង​ពួក​ចាស់ទុំ គេ​ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច្នោះ​ដែរ ដោយ​ថា ៤២ វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ បើ​សិន​ណា​វា​ជា​ស្តេច​សាសន៍​អ៊ីស្រាអែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក នោះ​យើង​នឹង​ជឿ​ដល់​វា ៤៣ វា​បាន​ទុក​ចិត្ត​នឹង​ព្រះ ដូច្នេះ បើ​ព្រះ​សព្វ​ព្រះហឫទ័យ​នឹង​វា សូម​ទ្រង់​ជួយ​ដោះ​វា​ឥឡូវ​ចុះ! ដ្បិត​វា​បាន​ថា ខ្ញុំ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ៤៤ ហើយ​ចោរ​២​នាក់ ដែល​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ស្តី​ឲ្យ​ទ្រង់​ដូច្នោះ​ដែរ។

ព្រះយេស៊ូវ​សោយ​ទិវង្គត

៤៥ តាំង​ពី​ថ្ងៃ​ទ្រង់ ដរាប​ដល់​ម៉ោង​៣​រសៀល នោះ​មាន​ងងឹត​ដាប គ្រប​ពេញ​លើ​ផែនដី ៤៦ ប្រហែល​ជា​ម៉ោង​៣ នោះ​ព្រះយេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ជា​សំឡេង​ខ្លាំង​ថា អេលីៗ​ល៉ាម៉ាសាបាច់ថានី គឺ​ស្រាយ​ថា ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ ៤៧ មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ កាល​គេ​បាន​ឮ នោះ​ក៏​និយាយ​ថា វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ ៤៨ ស្រាប់​តែ​មាន​ម្នាក់​រត់​ទៅ យក​សារាយរំហួត ជ្រលក់​ទឹកខ្មេះ​ជោក​ដាក់​នឹង​ចុង​ដើម​ត្រែង ហុច​ទៅ​ថ្វាយ​ទ្រង់​សោយ ៤៩ តែ​អ្នក​ឯ​ទៀត​និយាយ​ថា ឈប់​សិន ចាំ​មើល លោក​អេលីយ៉ា​មក​ជួយ​សង្គ្រោះ​វា។ ៥០ កាល​ព្រះយេស៊ូវ ទ្រង់​បាន​ស្រែក​ជា​ខ្លាំង​ម្តង​ទៀត នោះ​ទ្រង់​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ​វិញ ៥១ គ្រា​នោះ វាំងនន​ក្នុង​ព្រះវិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា ៥២ អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង ឯ​ខ្មោច​ពួក​អ្នក​បរិសុទ្ធ ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ​ជា​ច្រើន ៥៣ ទាំង​ចេញ​ពី​ផ្នូរ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ លេច​មក​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ​ដែរ ៥៤ ឯ​មេ​ទ័ព និង​ពួក​អ្នក​ដែល​ចាំ​យាម​ព្រះយេស៊ូវ​ជា​មួយ​គ្នា កាល​បាន​ឃើញ​កក្រើក​ដី និង​ការ​ទាំង​ប៉ុន្មាន ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ភ័យ​ញ័រ​ជា​ខ្លាំង គាត់​និយាយ​ថា នេះ​ពិត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន ៥៥ នៅ​ទី​នោះ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ដែល​មក​តាម​ព្រះយេស៊ូវ ពី​ស្រុក​កាលីឡេ ដើម្បី​បំរើ​ទ្រង់ គេ​ឈរ​មើល​ពី​ចំងាយ ៥៦ ក្នុង​ពួក​ស្ត្រី​នោះ មាន​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​១ ម៉ារា​ជា​ម្តាយ​យ៉ាកុប និង​យ៉ូសេ​១ ហើយ​និង​ប្រពន្ធ​របស់​សេបេដេ​១។

ការ​បញ្ចុះ​សព​ព្រះយេស៊ូវ

៥៧ ដល់​ល្ងាច មាន​មនុស្ស​អ្នក​មាន​ម្នាក់ ជា​សិស្ស​ព្រះយេស៊ូវ ឈ្មោះ​យ៉ូសែប ដែល​នៅ​ភូមិ​អើរីម៉ាថេ គាត់​មក​ដល់ ៥៨ បាន​ទៅ​ឯ​លោក​ពីឡាត់ សូម​ព្រះសព​ព្រះយេស៊ូវ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​ប្រគល់​ព្រះសព​ដល់​គាត់ ៥៩ រួច​កាល​យ៉ូសែប​បាន​យក​ព្រះសព​មក នោះ​ក៏​រុំ​នឹង​សំពត់​ទេសឯក​យ៉ាង​ស្អាត ៦០ ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម កាល​គាត់​បាន​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​ទៅ​បិទ​ម៉ាត់​ផ្នូរ​ហើយ នោះ​ក៏​ចេញ​ទៅ​បាត់ ៦១ ឯ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា​១​ទៀត ក៏​នៅ​ទី​នោះ​អង្គុយ​ប្រឈម​នឹង​ផ្នូរ។ ៦២ កាល​ស្អែក​ឡើង ក្រោយ​ថ្ងៃ​រៀប​បុណ្យ នោះ​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី គេ​មូល​គ្នា​ទៅ​ឯ​លោក​ពីឡាត់​ជំរាប​ថា ៦៣ លោក យើង​ខ្ញុំ​នឹក​ចាំ​ពី​ពាក្យ​ដែល​អា​កំភូត​នោះ​បាន​និយាយ ពី​កាល​នៅ​រស់​នៅ​ឡើយ​ថា ក្រោយ​មក​៣​ថ្ងៃ ខ្ញុំ​នឹង​រស់​ឡើង​វិញ ៦៤ ដូច្នេះ សូម​លោក​បង្គាប់​ឲ្យ​គេ​ប្រុង​ប្រយ័ត្ន​ផ្នូរ​នោះ ដរាប​ដល់​គំរប់​៣​ថ្ងៃ ក្រែង​ពួក​សិស្ស​របស់​វា​មក​លួច​យក​ខ្មោច​វា​ទាំង​យប់​ទៅ រួច​ប្រាប់​ដល់​បណ្តាជន​ថា វា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បើ​យ៉ាង​នោះ សេចក្តី​កំភូត​ជាន់​ក្រោយ​នេះ នឹង​បាន​អាក្រក់​ជាង​ជាន់​មុន​ទៅ​ទៀត ៦៥ លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា អ្នក​រាល់​គ្នា​មាន​អ្នក​យាម​ល្បាត​ស្រាប់​ហើយ ដូច្នេះ ចូរ​ទៅ​រក្សា​ឲ្យ​មាំមួន​តាម​ចិត្ត​ចុះ ៦៦ រួច​គេ​ក៏​ទៅ​បិទ​ចំណាំ​ធ្វើ​ឲ្យ​មាំមួន ហើយ​ដាក់​គ្នា​ឲ្យ​ចាំ​យាម​ផង។

ម៉ាថាយ ២៨

ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ

១ ក្រោយ​ថ្ងៃ​ឈប់​សំរាក កាល​រៀប​នឹង​ចូល​ថ្ងៃ​ទី​១​ក្នុង​អាទិត្យនោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា​១​ទៀត ក៏​នាំ​គ្នា​ទៅ​មើល​ផ្នូរ ២ នោះ​មាន​កក្រើក​ដី​ជា​ខ្លាំង ដ្បិត​មាន​ទេវតា​នៃ​ព្រះអម្ចាស់ ចុះ​ពី​លើ​មេឃ​មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​ក៏​អង្គុយ​លើ ៣ សណ្ឋាន​របស់​ទេវតា​នោះ​ដូច​ផ្លេកបន្ទោរ ហើយ​សំលៀកបំពាក់​ក៏​សស្គុស​ដូច​ហិមៈ ៤ ពួក​យាម​ល្បាត​ក៏​ញ័ររន្ធត់ ដោយ​ភ័យ​ខ្លាច​ទេវតា ហើយ​ត្រឡប់​ដូច​ជា​មនុស្ស​ស្លាប់ ៥ តែ​ទេវតា​និយាយ​នឹង​ស្ត្រី​២​នាក់​ថា កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​ឆ្កាង ៦ តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ ៧ រួច​ទៅ​ឲ្យ​ឆាប់ ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ មើល ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលីឡេ មុន​អ្នក​រាល់​គ្នាៗ នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ នែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ៨ ស្ត្រី​២​នាក់​នោះ ក៏​ដើរ​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់​ទាំង​ភ័យ ហើយ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់ ៩ តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ជួប​នឹង​នាង មាន​ព្រះបន្ទូល​ថា ជំរាប​សួរ រួច​អ្នក​ទាំង​២​ក៏​ចូល​ទៅ ឱប​ព្រះបាទ​ថ្វាយ​បង្គំ​ទ្រង់ ១០ នោះ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​នាង​ថា កុំ​ខ្លាច​អី ចូរ​ទៅ​ប្រាប់​ដល់​បង​ប្អូន​ខ្ញុំ​ផង ឲ្យ​គេ​ទៅ​ឯ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ស្រុក​នោះ​ហើយ។ ១១ កាល​នាង​កំពុង​តែ​រត់​ទៅ នោះ​ពួក​យាម​ល្បាត​ខ្លះ​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង ជំរាប​ដល់​ពួក​សង្គ្រាជ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក ១២ រួច​កាល​អ្នក​ទាំង​នោះ និង​ពួក​ចាស់ទុំ​បាន​ប្រជុំ ហើយ​ពិគ្រោះ​គ្នា នោះ​គេ​យក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន ១៣ ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​និយាយ​ថា ក្នុង​កាល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ដេក​លក់ នោះ​ពួក​សិស្ស​របស់​វា បាន​មក​លួច​យក​ខ្មោច​វា ទាំង​យប់​បាត់​ទៅ​ហើយ ១៤ បើ​សេចក្តី​នោះ​ឮ​ទៅ​ដល់​លោក​ចៅហ្វាយ នោះ​យើង​នឹង​ទៅ​ពន្យល់​លោក ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​ទោស ១៥ គេ​ទទួល​ប្រាក់​នោះ ហើយ​ក៏​ធ្វើ​តាម​បង្គាប់ បាន​ជា​រឿង​នោះ​ឮ​ខ្ចរខ្ចាយ ទួទៅ​គ្រប់​ក្នុង​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ព្រះយេស៊ូវ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ

១៦ ឯ​ពួក​សិស្ស​ទាំង​១១​នាក់ គេ​ទៅ​ឯ​ស្រុក​កាលីឡេ ដល់​ភ្នំ​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់ ១៧ កាល​គេ​ឃើញ​ទ្រង់ នោះ​ក៏​ថ្វាយ​បង្គំ តែ​មាន​អ្នក​ខ្លះ​មាន​សេចក្តី​សង្ស័យ ១៨ ឯ​ព្រះយេស៊ូវ ទ្រង់​យាង​មក​មាន​ព្រះបន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ១៩ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ២០ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។:៚

ម៉ាកុស ១

លោក​យ៉ូហានបាទីស្ទ​ប្រៀន​ប្រដៅ​បណ្តាជន

១ នេះ​ជា​ដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ២ ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា «មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង» ៣ មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ឲ្យ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ។ ៤ ឯ​យ៉ូហាន ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជទឹក នៅ​ទី​រហោស្ថាន ក៏​មក​ដល់ គាត់​ប្រកាស​ប្រាប់ ពី​បុណ្យ​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប ៥ ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​អស់​គ្នា និង​ពួក​ក្រុង​យេរូសាឡិម ក៏​ចេញ​ទៅ​ទទួល​បុណ្យ​ជ្រមុជទឹក​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់ ទាំង​លន់តួ​បាប​គ្រប់​គ្នា ៦ យ៉ូហាន​មាន​ប្រដាប់​ខ្លួន ដោយ​សំពត់​ធ្វើ​ពី​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​បរិភោគ​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ ៧ គាត់​ប្រកាស​ថា ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌បាទ​ទ្រង់​ផង ៨ ឯ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ។

ព្រះយេស៊ូវ​ទទួល​ពិធី​ជ្រមុជទឹក​ព្រះអង្គ​ឈ្នះ​ការ​ល្បួង

៩ នៅ​ក្នុង​គ្រា​នោះ ព្រះយេស៊ូវ ទ្រង់​យាង​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ ក៏​ទទួល​បុណ្យ​ជ្រមុជទឹក​ពី​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់​ដែរ ១០ កាល​កំពុង​តែ​យាង​ឡើង​ពី​ទឹក​មក ស្រាប់​តែ​ឃើញ​មេឃ​របើក និង​ព្រះវិញ្ញាណ ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​ដូច​ជា​ព្រាប ១១ រួច​ឮ​សំឡេង​ពី​លើ​មេឃ​ថា ឯង​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ១២ ស្រាប់​តែ​ព្រះវិញ្ញាណ​បង្ខំ​ទ្រង់​ឲ្យ​យាង​ទៅ​ឯ​ទី​រហោស្ថាន ១៣ ទ្រង់​ក៏​គង់​នៅ​ទី​នោះ​៤០​ថ្ងៃ ជា​មួយ​នឹង​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​អារក្សសាតាំង​ល្បួង រួច​មាន​ពួក​ទេវតា​មក​គាល់​បំរើ​ទ្រង់។

ព្រះយេស៊ូវ​ត្រាស់ហៅ​សិស្ស​បួន​រូប

១៤ គ្រា​ក្រោយ​ដែល​គេ​បញ្ជូន​យ៉ូហាន​ទៅ​ផុត​ហើយ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ក្នុង​ស្រុក​កាលីឡេ​វិញ ព្រម​ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ​ថា ១៥ ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ។ ១៦ កាល​ព្រះយេស៊ូវ​កំពុង​តែ​យាង​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ នោះ​ទ្រង់​ទត​ឃើញ​ស៊ីម៉ូន និង​អនទ្រេ ជា​ប្អូន​កំពុង​តែ​ទំលាក់​អួន​ក្នុង​សមុទ្រ ដ្បិត​គេ​ជា​អ្នក​នេសាទ​ត្រី ១៧ ទ្រង់​មាន​ព្រះបន្ទូល​ហៅ​ថា ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​នេសាទ​មនុស្ស​វិញ ១៨ គេ​ក៏​ទុក​អួន​ចោល ហើយ​ដើរ​តាម​ទ្រង់​ជា​១​រំពេច​ទៅ ១៩ លុះ​ទ្រង់​យាង​ហួស​ពី​នោះ​បន្តិច ក៏​ទត​ឃើញ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន ជា​ប្អូន នៅ​ក្នុង​ទូក កំពុង​តែ​ជួសជុល​អួន ២០ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ហៅ​គេ​មក​ភ្លាម គេ​ក៏​លះ​ចោល​សេបេដេ ជា​ឪពុក នៅ​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​ជើង​ឈ្នួល រួច​ដើរ​តាម​ទ្រង់​ទៅ។

ព្រះយេស៊ូវ​ប្រោស​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល

២១ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើណិម ហើយ​ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ២២ គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ពី​សេចក្តី​បង្រៀន​របស់​ទ្រង់ ដ្បិត​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​ដូច​ជា​ពួក​អាចារ្យ​ទេ ២៣ រីឯ​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​មនុស្ស​ម្នាក់​មាន​អារក្សអសោច​ចូល វា​ស្រែក​ឡើង​ថា ២៤ ហ៊ឹះ តើ​យើង​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា នែ ព្រះយេស៊ូវ​ពី​ភូមិ​ណាសារ៉ែត​អើយ តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ថា​ទ្រង់​ជា​ព្រះអង្គ​បរិសុទ្ធ​នៃ​ព្រះ ២៥ ព្រះយេស៊ូវ ទ្រង់​ក៏​បន្ទោស​ដល់​វា​ថា ចូរ​ស្ងៀម​ទៅ ហើយ​ថយ​ពី​មនុស្ស​នេះ​ចេញ ២៦ កាល​អារក្សអសោច​បាន​ជាន់​មនុស្ស​នោះ​ឲ្យ​ប្រកាច់ប្រកិន​ជា​ខ្លាំង ហើយ​ស្រែក​ឡើង នោះ​វា​ក៏​ចេញ​ទៅ ២៧ អ្នក​ទាំង​អស់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ដល់​ម៉្លេះ​បាន​ជា​គេ​សួរ​គ្នា​ថា នេះ​ជា​អ្វី​អេះ តើ​សេចក្តី​បង្រៀន​បែប​ថ្មី​យ៉ាង​ណា​ហ្ន៎ បាន​ជា​លោក​បង្គាប់​ដល់​អារក្សអសោច​ដោយ​អំណាច ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ ២៨ នោះ​ព្រះនាម​ទ្រង់​ក៏​ឮ​ល្បី​ខ្ចរខ្ចាយ​ជា​១​រំពេច​ទួទៅ ពេញ​ក្នុង​ក្រវល់​ជុំវិញ​នៃ​ស្រុក​កាលីឡេ។

ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា

២៩ កាល​បាន​ចេញ​ពី​សាលា​ប្រជុំ​មក ក៏​ដំរង់​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន និង​អនទ្រេ នាំ​ទាំង​យ៉ាកុប ហើយ​និង​យ៉ូហាន​ទៅ​ជា​មួយ ៣០ ឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន នាង​កំពុង​តែ​ដេក​គ្រុន គេ​ក៏​ពិត​ទូល​ទ្រង់​ជា​១​រំពេច ពី​ដំណើរ​នាង ៣១ លុះ​ទ្រង់​យាង​ចេញ​ទៅ ក៏​ចាប់​ដៃ​នាង​លើក​ឡើង ស្រាប់​តែ​គ្រុន​បាត់​អស់​ទៅ រួច​នាង​ខ្វល់ខ្វាយ បំរើ​ទាំង​អស់​គ្នា ៣២ ដល់​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច​ហើយ គេ​នាំ​អស់​ទាំង​មនុស្ស​ជំងឺ និង​មនុស្ស​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ ៣៣ ឯ​ពួក​ក្រុង​នោះ​ទាំង​អស់ គេ​បាន​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ ៣៤ ទ្រង់​ក៏​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​ឈឺ​ផ្សេងៗ​ជា​ច្រើន ឲ្យ​បាន​ជា និង​ដេញ​អារក្ស​ជា​ច្រើន​ដែរ តែ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ពី​ព្រោះ​វា​ស្គាល់​ទ្រង់។

ព្រះយេស៊ូវ​យាង​ចាក​ចេញ​ពី​ក្រុង​កាពើណិម

៣៥ កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ ៣៦ ឯ​ស៊ីម៉ូន និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ គេ​ក៏​ដើរ​តាម​រក​ទ្រង់ ៣៧ គ្រា​បាន​ឃើញ​ទ្រង់​ហើយ នោះ​ក៏​ទូល​ថា មនុស្ស​ទាំង​អស់​កំពុង​តែ​រក​ទ្រង់ ៣៨ តែ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ចូរ​យើង​ទៅ​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំវិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ភូមិ​ទាំង​នោះ​ដែរ ដ្បិត​គឺ​ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​មក ៣៩ ទ្រង់​ក៏​ប្រកាស​ប្រាប់​នៅ​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​របស់​គេ គ្រប់​ក្នុង​ស្រុក​កាលីឡេ ព្រម​ទាំង​ដេញ​អារក្ស​ផង។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា

៤០ គ្រា​នោះ មាន​បុរស​ឃ្លង់​ម្នាក់ មក​ឯ​ព្រះយេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ថា បើ​ទ្រង់​សព្វ​ព្រះហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន ៤១ ដូច្នេះ ទ្រង់​មាន​ព្រះហឫទ័យ​ក្តួល​អាណិត ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ដោយ​ព្រះបន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ ៤២ លុះ​ទ្រង់​មាន​ព្រះបន្ទូល​ហើយ ស្រាប់​តែ​រោគ​ឃ្លង់​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត ៤៣ ទ្រង់​ក៏​ឲ្យ​គាត់​ទៅ​ភ្លាម ដោយ​ហាម​ផ្តាច់​ថា ៤៤ ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្វី​ដល់​អ្នក​ឯ​ណា​ឲ្យ​សោះ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​យញ្ញបូជា ដោយ​ព្រោះ​ការ​ដែល​ខ្លួន​បាន​ស្អាត តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ៤៥ ប៉ុន្តែ​ដល់​គាត់​បាន​ចេញ​ទៅ​ហើយ នោះ​ក៏​តាំង​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា​តែ​ម្តង ហើយ​ផ្សាយ​ដំណឹង​នោះ​សុសសាយ​ទួទៅ ដល់ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង បែប​ឲ្យ​គេ​ឃើញ​ពុំ​បាន​ទៀត គឺ​ទ្រង់​គង់​នៅ​តែ​ខាង​ក្រៅ ត្រង់​កន្លែង​ស្ងាត់​ទាំង​ប៉ុន្មាន​វិញ ហើយ​គេ​ក៏​មក​ឯ​ទ្រង់​ពី​គ្រប់​ទិស​ទី។

ម៉ាកុស ២

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា

១ រំលង​ពីរ​បី​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ចូល​មក​ក្នុង​ក្រុង​កាពើណិម​វិញ​ទៀត ហើយ​គេ​ឮ​ថា ទ្រង់​គង់​នៅ​ផ្ទះ ២ ស្រាប់​តែ​មាន​គេ​ប្រជុំ​គ្នា​ជា​ច្រើន ដល់ម៉្លេះ​បាន​ជា​គ្មាន​កន្លែង​ណា​ទៀត​សោះ សូម្បី​នៅ​មាត់​ទ្វារ​ក៏​គ្មាន​ដែរ ទ្រង់​ក៏​សំដែង​ព្រះបន្ទូល​ឲ្យ​គេ​ស្តាប់ ៣ គ្រា​នោះ មាន​៤​នាក់​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​ឯ​ទ្រង់ ៤ តែ​ពុំ​អាច​នឹង​ចូល​ទៅ​ជិត​ទ្រង់​បាន​ឡើយ ដោយ​ព្រោះ​ហ្វូង​មនុស្ស បាន​ជា​គេ​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នៅ កាល​ទំលុះ​រួច​ហើយ នោះ​ក៏​សំរូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ ៥ ព្រះយេស៊ូវ​ក៏​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ៦ នៅ​ទី​នោះ មាន​អាចារ្យ​ខ្លះ​អង្គុយ​រិះគិត​ក្នុង​ចិត្ត​ថា ៧ ហេតុ​អ្វី​បាន​ជា​មនុស្ស​នេះ ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​តែ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន ៨ តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​វិញ្ញាណ​ទ្រង់​ជា​១​រំពេច​ថា គេ​រិះគិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នោះ ទើប​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នេះ ៩ ដ្បិត​ដែល​និយាយ​នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង ១០ ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន (នោះ​ទ្រង់​មាន​ព្រះបន្ទូល ទៅ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា) ១១ អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ​ផ្ទះ​ទៅ ១២ គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ចេញ​ទៅ នៅ​មុខ​អ្នក​ទាំង​អស់​គ្នា បាន​ជា​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​ពណ៌នា​សរសើរដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា យើង​មិន​ដែល​ឃើញ​យ៉ាង​ដូច្នេះ​ឡើយ។

ព្រះយេស៊ូវ​ត្រាស់ហៅ​លោក​លេវី

១៣ ទ្រង់​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​ម្តង​ទៀត ឯ​ហ្វូង​មនុស្ស​ទាំង​អស់ ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បង្រៀន​គេ ១៤ លុះ​ទ្រង់​យាង​ហួស​ពី​នោះ​ទៅ ក៏​ទត​ឃើញ​លេវី ជា​កូន​អាល់ផាយ អង្គុយ​នៅ​ត្រង់​កន្លែង​យក​ពន្ធ រួច​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ នោះ​គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់ ១៥ កាល​ព្រះយេស៊ូវ​ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​គាត់ នោះ​មាន​មនុស្ស​យក​ពន្ធ និង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​នៅ​តុ​ជា​មួយ​នឹង​ទ្រង់ ហើយ​និង​ពួក​សិស្ស ដ្បិត​មាន​គ្នា​ច្រើន​ណាស់ ដែល​តាម​ទ្រង់​មក ១៦ ឯ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី កាល​គេ​ឃើញ​ទ្រង់​សោយ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ដូច្នេះ ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​និង​មនុស្ស​មាន​បាប​ដូច្នេះ ១៧ លុះ​ព្រះយេស៊ូវ​បាន​ឮ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ គេ​មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ គឺ​ជា​មនុស្ស​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត​ឡើង។

អំពី​ការ​តម​អាហារ

១៨ រីឯ​ពួក​សិស្ស​យ៉ូហាន និង​ពួក​ផារិស៊ី គេ​កំពុង​តែ​តម ក៏​មក​ទូល​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​យ៉ូហាន និង​សិស្ស​ពួក​ផារិស៊ី​គេ​តម តែ​ពួក​សិស្ស​របស់​លោក​មិន​តម​សោះ ១៩ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា កំពុង​ដែល​ប្តី​ថ្មោងថ្មី​នៅ​ជា​មួយ​គ្នា តើ​ពួក​សំឡាញ់​គាត់​នឹង​តម​អាហារ​បាន​ឬ​ទេ កាល​ប្តី​នៅ​ជា​មួយ​នៅ​ឡើយ នោះ​តម​អាហារ​ពុំ​បាន​ទេ ២០ តែ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ប្តី​នឹង​ត្រូវ​យក​ចេញ​ពី​ពួក​មិត្រ​សំឡាញ់​ទៅ នៅ​គ្រា​នោះ​គេ​នឹង​តម​វិញ ២១ គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ កំណាត់​សំពត់​ថ្មី​នឹង​ហែក​អាវ​ចាស់ ធ្វើ​ឲ្យ​រំហែក​នោះ​រឹងរឹត​តែ​អាក្រក់​ជាង​ទៅ​ទៀត ២២ ក៏​គ្មាន​អ្នក​ណា​យក​ស្រា​ទំពាំងបាយជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំងបាយជូរ​ថ្មី​នឹង​ទំលាយ​ថង់​ស្បែក​ហូរ​ចេញ​អស់​ហើយ ឯ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ដែរ តោង​តែ​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី​ក្នុង​ថង់​សែ្បក​ថ្មី​វិញ។

ព្រះយេស៊ូវ​មាន​អំណាច​លើ​ថ្ងៃ​ឈប់​សំរាក

២៣ មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ទ្រង់​បាន​យាង​កាត់​ស្រែ ហើយ​ពួក​សិស្ស​ទ្រង់​តាំង​ចាប់​បូត​គួរ​ស្រូវ​បណ្តើរ ២៤ ពួក​ផារិស៊ី​ទូល​ទ្រង់​ថា មើល ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ ២៥ ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ព្រម​ទាំង​ពួក​អ្នក​នៅ​ជា​មួយ​ផង ក្នុង​កាល​ដែល​គេ​ត្រូវ​ការ ហើយ​ឃ្លាន​ទេ​ឬ​អី ២៦ គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ នៅ​ក្នុង​ជាន់​ដែល​អ័បៀថើរ​ធ្វើ​ជា​សំដេច​សង្ឃ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ទាំង​ចែក​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ ២៧ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​ផារិស៊ី​ថា ថ្ងៃ​ឈប់​សំរាក​បាន​តាំង​សំរាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សំរាប់​ថ្ងៃ​ឈប់​សំរាក​ទេ ២៨ ដូច្នេះ កូន​មនុស្ស​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សំរាក​ដែរ។

ម៉ាកុស ៣

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា

១ ទ្រង់​ក៏​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ម្តង​ទៀត នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ស្វិត​ដៃ​ម្ខាង ២ គេ​ក៏​ចាំ​មើល​ទ្រង់​ក្រែង​នឹង​ប្រោស​ឲ្យ​គាត់​ជា​នៅ​ថ្ងៃ​ឈប់​សំរាក ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់ ៣ ទ្រង់​មាន​ព្រះបន្ទូល​នៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​អ្នក​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ ៤ រួច​ទ្រង់​សួរ​គេ​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​បើក​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់ ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សំឡាប់​បង់ ប៉ុន្តែ​គេ​នៅ​តែ​ស្ងៀម ៥ នោះ​ទ្រង់​ងាក​ទត​ទៅ​គេ​ទាំង​គ្នាន់កា្នញ់​ដោយ​មាន​ព្រះហឫទ័យ​ព្រួយ ព្រោះ​ចិត្ត​គេ​រឹងរូស ក៏​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង ៦ រួច​កាល​ពួក​ផារិស៊ី​បាន​ចេញ​ផុត​ទៅ នោះ​ស្រាប់​តែ​គេ​ពិគ្រោះ​នឹង​ពួក​ហេរ៉ូឌ​ទាស់​នឹង​ទ្រង់ ដើម្បី​រក​រឿង​ធ្វើ​ឲ្យ​ទ្រង់​វិនាស។

មហាជន​មក​តាម​ព្រះយេស៊ូវ

៧ នោះ​ព្រះយេស៊ូវ ទ្រង់​ថយ​ទៅ​ឯ​សមុទ្រ ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​ហ្វូង​មនុស្ស​កកកុញ ដើរ​តាម​ទ្រង់ ជា​មនុស្ស​ពី​ស្រុក​កាលីឡេ និង​ស្រុក​យូដា ៨ ពី​ក្រុង​យេរូសាឡិម និង​ស្រុក​អេដំម ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ និង​ស្រុក​នៅ​ជុំវិញ​ក្រុង​ទីរ៉ុស និង​ស៊ីដូន គឺ​ជា​ហ្វូង​មនុស្ស​យ៉ាង​ធំ ដែល​មូល​មក​ឯ​ទ្រង់ ដោយ​បាន​ឮ​និយាយ​ពី​ការ​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ៩ ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ពួក​សិស្ស ឲ្យ​មាន​ទូក​នៅ​រង់ចាំ ក្រែង​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់ ១០ ដ្បិត​ទ្រង់​កំពុង​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ទាំង​អស់​ដែល​មាន​ជំងឺ​អ្វីៗ គេ​ប្រឹង​រុល​ចូល​ទៅ ដើម្បី​នឹង​ពាល់​ទ្រង់ ១១ កាល​ណា​ពួក​អារក្សអសោច​ឃើញ​ទ្រង់ វា​ក៏​ក្រាប​ចំពោះ​ទ្រង់ ទាំង​ស្រែក​ថា ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន ១២ ប៉ុន្តែ​ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​វា​ធ្វើ​ឲ្យ​គេ​ស្គាល់​ទ្រង់​ឡើយ។

ព្រះយេស៊ូវ​តែងតាំង​សាវ័ក​១២​រូប

១៣ ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​មាន​ព្រះបន្ទូល​ហៅ​អស់​អ្នក ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ចង់​ហៅ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ឯ​ទ្រង់ ១៤ រួច​ទ្រង់​តម្រូវ​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ ១៥ និង​ឲ្យ​គេ​មាន​អំណាច​អាច​នឹង​ប្រោស​ជំងឺ​ឲ្យ​ជា ព្រម​ទាំង​ដេញ​អារក្ស​ផង ១៦ គឺ​ស៊ីម៉ូន​១​ដែល​ទ្រង់​ប្រទាន​ឲ្យ​មាន​ឈ្មោះ​ថា ពេត្រុស ថែម​ទៀត ១៧ ហើយ​យ៉ាកុប ជា​កូន​សេបេដេ​១ និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​១ ដែល​ទ្រង់​ប្រទាន​ឈ្មោះ បោនអ៊ើកេ ដល់​អ្នក​ទាំង​២​នោះ គឺ​ស្រាយ​ថា​ជា​កូន​ផ្គរលាន់ ១៨ និង​អនទ្រេ​១ ភីលីព​១ បារថូល៉ូមេ​១ ម៉ាថាយ​១ ថូម៉ាស​១ និង​យ៉ាកុប ជា​កូន​អាល់ផាយ​១ ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ១៩ ហើយ​យូដាស-អ៊ីស្ការីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។

បង​ប្អូន​របស់​ព្រះយេស៊ូវ​មក​នាំ​ព្រះអង្គ​យក​ទៅ​វិញ

២០ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​មាន​មនុស្ស​ប្រជុំ​គ្នា​ទាំង​ហ្វូង​ម្តង​ទៀត ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ព្រម​ទាំង​ពួក​សិស្ស​ពុំ​អាច​នឹង​បរិភោគ​បាន​ឡើយ ២១ កាល​ពួក​បង​ប្អូន​ទ្រង់​បាន​ឮ គេ​ក៏​ចេញ​ទៅ​រក​ចាប់​ទ្រង់ ដ្បិត​គេ​ស្មាន​ថា​ទ្រង់​វង្វេង​ស្មារតី​ហើយ។

ព្រះយេស៊ូវ​ឆ្លើយ​តប​នឹង​ពួក​អ្នក​ចោទ​ប្រកាន់​ព្រះអង្គ

២២ ឯ​ពួក​អាចារ្យ ដែល​ចុះ​មក​ពី​ក្រុង​យេរូសាឡិម គេ​និយាយ​ឡើង​ថា អ្នក​នោះ​មាន​អារក្ស​បេលសេប៊ូល​ចូល វា​ដេញ​អារក្ស ដោយ​អាង​មេ​អារក្ស​ទេ ២៣ តែ​ទ្រង់​ហៅ​គេ​មក​មាន​ព្រះបន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អារក្សសាតាំង​បាន​ដេញ​អារក្សសាតាំង​ដូច្នេះ ២៤ បើ​នគរ​ណា​បែក​ទាស់ទែង​គ្នា​ឯង​ហើយ នគរ​នោះ​ពុំ​អាច​នឹង​នៅ​ស្ថិតស្ថេរ​បាន​ឡើយ ២៥ ឬ​បើ​ផ្ទះ​ណា​បែក​ទាស់ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​មិន​អាច​នឹង​នៅ​ស្ថិតស្ថេរ​បាន​ដែរ ២៦ ឯ​អារក្សសាតាំង បើ​កើត​បះបោរ​បែក​ទាស់​គ្នា​វា នោះ​វា​ពុំ​អាច​នឹង​នៅ​ស្ថិតស្ថេរ​បាន​ទេ វា​ត្រូវ​វិនាស​ទៅ​ហើយ ២៧ គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​របស់​ទ្រព្យ​គេ​បាន​ទេ លុះ​ត្រា​តែ​បាន​ចង​អ្នក​នោះ​ជា​មុន​សិន ទើប​នឹង​ប្លន់​យក​បាន ២៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្រប់​ទាំង​អំពើ​បាប​នឹង​បាន​អត់​ទោស​ដល់​ពួក​កូន​មនុស្ស ហើយ​អស់​ទាំង​ពាក្យ​ដែល​គេ​ពោល​ប្រមាថ​ដែរ ២៩ តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​មិន​ដែល​បាន​អត់​ទោស​ឲ្យ​ឡើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​ទោស នៅ​អស់​កល្ប​ជានិច្ច​វិញ ៣០ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ នោះ​ដោយ​ព្រោះ​គេ​ថា ទ្រង់​មាន​អារក្សអសោច​ចូល។

បង​ប្អូន​ដ៏​ពិត​ប្រាកដ​របស់​ព្រះយេស៊ូវ

៣១ គ្រា​នោះ មាតា និង​បង​ប្អូន​ទ្រង់​មក​ដល់ ក៏​ឈរ​នៅ​ខាង​ក្រៅ ប្រើ​គេ​ឲ្យ​ទៅ​ហៅ​ទ្រង់ ៣២ ហ្វូង​មនុស្ស​ដែល​អង្គុយ​នៅ​ជុំវិញ​ទ្រង់ គេ​ទូល​ថា ន៏ មើល ម្តាយ និង​បង​ប្អូន​លោក​នៅ​ខាង​ក្រៅ​មក​រក​លោក ៣៣ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា តើ​អ្នក​ណា​ជា​ម្តាយ ហើយ​ជា​បង​ប្អូន​ខ្ញុំ ៣៤ រួច​ទ្រង់​ងាក​ទត​ទៅ​អស់​អ្នក​ដែល​អង្គុយ​នៅ​ជុំវិញ​ទ្រង់ ដោយ​ព្រះបន្ទូល​ថា នុ៎ះ​ន៏ ម្តាយ និង​បង​ប្អូន​ខ្ញុំ ៣៥ ពី​ព្រោះ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ នោះ​ហើយ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្តាយ​ខ្ញុំ។

ម៉ាកុស ៤

ប្រស្នា​អំពី​ពូជ​ស្រូវ

១ ខណៈ​នោះ ទ្រង់​តាំង​បង្រៀន នៅ​ត្រង់​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​មនុស្ស​ទាំង​ហ្វូង​មូល​គ្នា មក​ឯ​ទ្រង់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក នៅ​សមុទ្រ​វិញ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​គោក តាម​មាត់​ច្រាំង ២ ទ្រង់​បង្រៀន​សេចក្តី​ជា​ច្រើន​ដល់​គេ ដោយ​ពាក្យ​ប្រៀបធៀប ក៏​មាន​ព្រះបន្ទូល​ក្នុង​ន័យ​ដែល​ទ្រង់​បង្រៀន​ថា ៣ ចូរ​ស្តាប់​ចុះ​មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ ៤ កំពុង​ដែល​ព្រោះ មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី ៥ ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មិនសូវ​មាន​ដី​ប៉ុន្មាន ហើយ​ក៏​ដុះ​ឡើង​ភ្លាម ពី​ព្រោះ​គ្មាន​ដី​ជ្រៅ ៦ តែ​កាល​ថ្ងៃ​រះ​ឡើង នោះ​ក្រៀម​ខ្លោច​ទៅ​វិញ ពី​ព្រោះ​គ្មាន​ឫស ៧ ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​បន្លា បន្លា​ក៏​ដុះ​ឡើង​ខ្ទប់ ហើយ​គ្រាប់​នោះ​មិន​កើត​ផល​សោះ ៨ តែ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​កើត​ផល​ចំរើន​កាន់​តែ​ច្រើន​ឡើង គ្រាប់​១​បង្កើត​បាន​៣០ មួយ​បាន​៦០ ហើយ​មួយ​បាន​១​រយ ៩ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ ១០ កាល​ទ្រង់​គង់​នៅ​ដោយឡែក នោះ​ពួក​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់ ព្រម​ទាំង​ពួក​១២​នាក់ គេ​ទូល​សួរ​ពី​ពាក្យ​ប្រៀប ប្រដូច​នោះ ១១ ទ្រង់​មាន​ព្រះបន្ទូល​ថា ពី​ព្រោះ​បាន​ប្រទាន​មក ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​អាថ៌កំបាំង​របស់​នគរ​ព្រះ ប៉ុន្តែ​ឯ​មនុស្ស​ក្រៅ ការ​ទាំង​អស់​បាន​ធ្វើ​បែប​ប្រៀប​ប្រដូច​វិញ ១២ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​ឲ្យ​គេ​ឃើញ​មែន តែ​ឥត​យល់​ទេ ហើយ​កាល​ណា​ឮ នោះ​ឲ្យ​គេ​ឮ​មែន តែ​ស្តាប់​មិន​បាន​សោះ ក្រែង​គេ​ប្រែ​ចិត្ត ហើយ​បាប​គេ​បាន​អត់​ទោស​ឲ្យ ១៣ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ប្រៀប​នេះ​ទេ​ឬ​អី ចុះ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​រាល់​គ្នា​យល់​គ្រប់​ទាំង​ពាក្យ​ប្រៀប​ប្រដូច​បាន ១៤ ឯ​អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះបន្ទូល ១៥ ឯ​អ្នក​តាម​ផ្លូវ គឺ​ជា​កន្លែង​ដែល​បាន​ព្រោះ​ព្រះបន្ទូល​ចុះ កាល​គេ​ឮ នោះ​អារក្សសាតាំង​ក៏​មក​លួច​ឆក់​យក​ព្រះបន្ទូល ដែល​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម ១៦ ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម ក៏​ដូច​គ្នា​ដែរ កាល​ណា​គេ​ឮ​ព្រះបន្ទូល នោះ​គេ​ទទួល​ភ្លាម ដោយ​អំណរ ១៧ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​សោះ ហើយ​ក៏​នៅ​ជាប់​តែ​បន្តិច​ទេ បើ​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​បៀតបៀន ដោយ​ព្រោះ​ព្រះបន្ទូល នោះ​គេ​រវាត​ចិត្ត​ចេញ​ភ្លាម ១៨ ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ហើយ ១៩ តែ​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ សេចក្តី​ឆបោក​របស់​ទ្រព្យសម្បត្តិ និង​សេចក្តី​ប៉ងប្រាថ្នា​ខាង​ឯ​សេចក្តី​ផ្សេងៗ​ឯ​ទៀត ក៏​ចូល​មក​ខ្ទប់​ព្រះបន្ទូល​ជិត រួច​ព្រះបន្ទូល​មិន​អាច​នឹង​បង្កើត​ផល​បាន ២០ ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល ហើយ​ទទួល រួច​បង្កើត​ផល ម្នាក់​បាន​៣០ ម្នាក់​បាន​៦០ ម្នាក់​ទៀត​បាន​១​រយ។

ប្រស្នា​អំពី​ចង្កៀង

២១ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា តើ​គេ​យក​ចង្កៀង​មក ដើម្បី​នឹង​ដាក់​នៅ​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ឬ​អី គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ​ទេ​តើ ២២ ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ​ឡើយ ក៏​គ្មាន​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ដាក់​នៅ​ពន្លឺ​ដែរ ២៣ បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ ២៤ ទ្រង់​មាន​ព្រះបន្ទូល​ទៀត​ថា ចូរ​ប្រយ័ត្ន​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ ឯ​រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​នោះ​វិញ ហើយ​និង​ឲ្យ​ជា​លើស​ទៅ​ទៀត ដល់​អ្នក​រាល់​គ្នា​ដែល​ស្តាប់​ផង ២៥ ដ្បិត​អ្នក​ណា​ដែល​មាន នោះ​គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ ទាំង​របស់​ដែល​អ្នក​នោះ​មាន​ផង។

ប្រស្នា​អំពី​គ្រាប់​ពូជ​ដុះ

២៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា នគរ​ព្រះ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​នៅ​ដី ២៧ អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ ២៨ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់ ២៩ លុះ​ដល់​កាល​ណា​ផ្លែ​ទុំ​ហើយ ក៏​ស្រាប់​តែ​គេ​យក​កណ្តៀវ​ទៅ​ច្រូត​តែ​ម្តង ព្រោះ​ដល់​រដូវ​ច្រូត​ហើយ។

ប្រស្នា​អំពី​គ្រាប់​ពូជ​ល្អិត

៣០ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា តើ​យើង​នឹង​ធៀប​នគរ​ព្រះ​ជា​អ្វី ឬ​ត្រូវ​យក​ពាក្យ​ប្រៀប​អ្វី​មក​ប្រដូច​នឹង​នគរ​នោះ ៣១ គឺ​ដូច​ជា​គ្រាប់​ពូជ​១ ដែល​កាល​ណា​គេ​ព្រោះ​នៅ​ដី ជា​ពូជ​យ៉ាង​ល្អិត​ជាង​គ្រាប់​ទាំង​អស់​នៅ​ផែនដី ៣២ តែ​កាល​ណា​គេ​ព្រោះ​ចុះ​ទៅ នោះ​ក៏​ដុះ​ឡើង​ត្រឡប់​ជា​ធំ លើស​ជាង​តិណជាតិ​ទាំង​អស់​វិញ ទាំង​បែក​មែក​ជា​ធំ​ផង ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​នៅ​លើ​អាកាស មក​ទំ​នៅ​ក្រោម​ម្លប់​បាន ៣៣ ទ្រង់​អធិប្បាយ​ព្រះបន្ទូល​ឲ្យ​គេ​ស្តាប់​ដោយ​ពាក្យ​ប្រៀប​ប្រដូច​យ៉ាង​ដូច្នេះ​ជា​ច្រើន តាម​ដែល​គេ​ស្តាប់​បាន ៣៤ ទ្រង់​មិន​បាន​មាន​ព្រះបន្ទូល​ទៅ​គេ ដោយ​ឥត​ពាក្យ​ប្រៀបធៀប​ទេ តែ​កាល​ណា​នៅ​ដោយឡែក នោះ​ទ្រង់​ពន្យល់​ទាំង​អស់​ដល់​ពួក​សិស្ស​វិញ។

ព្រះយេស៊ូវ​ធ្វើ​ឲ្យ​រលក​ស្ងប់

៣៥ លុះ​ពេល​ល្ងាច​ថ្ងៃ​នោះ​ឯង ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង ៣៦ កាល​បាន​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​ហើយ នោះ​ពួក​សិស្ស​ក៏​ទទួល​ទ្រង់​តាម​ភាព​ដដែល​នៅ​ក្នុង​ទូក ហើយ​មាន​ទូក​តូចៗ​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ ៣៧ នោះ​កើត​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក ដល់​ម៉្លេះ​បាន​ជា​ទូក​ពេញ​ហើយ ៣៨ តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី ៣៩ កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ ៤០ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ ៤១ នោះ​គេ​មាន​សេចក្តី​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ដូច្នេះ តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

ម៉ាកុស ៥

ព្រះយេស៊ូវ​ដេញ​អារក្សអសោច​ចេញ​ពី​មនុស្ស​ម្នាក់

១ នោះ​ក៏​មក​ដល់​ស្រុក​គេរ៉ាស៊ីន នៅ​ត្រើយ​សមុទ្រ​ម្ខាង ២ កាល​ទ្រង់​បាន​យាង​ឡើង​ពី​ទូក ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ដែល​មាន​អារក្សអសោច​ចូល វា​ចេញ​ពី​ក្នុង​ផ្នូរ​ខ្មោច​មក​ជួប​នឹង​ទ្រង់ ៣ វា​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច ឥត​មាន​អ្នក​ណា​អាច​នឹង​ចង​វា​ជាប់​ទៀត​បាន​ទេ ទោះ​បើ​យក​ច្រវាក់​ទៅ​ដាក់ ក៏​ពុំ​បាន​ផង ៤ ដ្បិត​គេ​បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​វា​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​វា​ចេះ​តែ​កាច់​ច្រវាក់​បំបាក់​ខ្នោះ​ចោល​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​កំរាប​វា​បាន​ដែរ ៥ វា​នៅ​ក្នុង​ផ្នូរ​នៅ​លើ​ភ្នំ ទាំង​ស្រែក ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​ជានិច្ច ៦ កាល​វា​ឃើញ​ព្រះយេស៊ូវ​ពី​ចំងាយ ក៏​រត់​ទៅ​ក្រាប​សំពះ​ទ្រង់ ៧ ស្រែក​ដោយ​សំរែក​ជា​ខ្លាំង​ថា ឱ​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់​ហើយ និង​ទូលបង្គំ​មាន​រឿង​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​ទ្រង់​ឲ្យ​ស្បថ​ដោយ​ព្រះ​ថា មិន​ធ្វើ​ទុក្ខ​ទូលបង្គំ​ទេ ៨ វា​ទូល​ដូច្នោះ ពី​ព្រោះ​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​ថា ម្នាល អារក្សអសោច ចូរ​ថយ​ចេញ​ពី​មនុស្ស​នេះ​ទៅ ៩ រួច​ទ្រង់​សួរ​វា​ថា ឯង​ឈ្មោះ​អី វា​ទូល​ឆ្លើយ​ថា ទូលបង្គំ​ឈ្មោះ «កងទ័ព» ពី​ព្រោះ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន ១០ នោះ​វា​ទទូច​អង្វរ​សូម​កុំ​ឲ្យ​ទ្រង់​បណ្តេញ​វា​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ឡើយ ១១ រីឯ​នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ ១២ ហើយ​អារក្ស​ទាំង​នោះ​ទូល​អង្វរ​ទ្រង់​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជ្រក នៅ​ក្នុង​ជ្រូក​ទាំង​នោះ​ចុះ ១៣ នោះ​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​ភ្លាម រួច​កាល​វិញ្ញាណ​អារក្សអសោច​ទាំង​នោះ​បាន​ចេញ ហើយ​វា​ក៏​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ប្រហែល​២​ពាន់​រូប ក៏​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ ១៤ ឯ​ពួក​អ្នក​គង្វាល​ជ្រូក គេ​រត់​ទៅ​ក្នុង​ទី​ក្រុង ហើយ​ក្នុង​ស្រុក​ស្រែ​សាសព្ទ​ប្រាប់​រឿង​នោះ រួច​មនុស្ស​ទាំង​អស់​ចេញ​មក​មើល​ការ​ដែល​បាន​កើត​ឡើង ១៥ គេ​មក​ឯ​ព្រះយេស៊ូវ ហើយ​ឃើញ​មនុស្ស​ដែល​ពី​ដើម​មាន​អារក្ស​ចូល កំពុង​តែ​អង្គុយ​ទាំង​ស្លៀកពាក់ មាន​ស្មារតី​ដឹង​ខ្លួន​ឡើង គឺ​ជា​អ្នក​ដែល​មាន​អារក្ស​ទាំង​កង​ចូល​នោះ​ឯង រួច​គេ​ស្ញែង​ខ្លាច ១៦ ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ពណ៌នា​ប្រាប់​ដល់​ជន​គ្រប់​គ្នា តាម​ការ​ដែល​កើត​ឡើង ដល់​អ្នក​នោះ​ជា​យ៉ាង​ណា ហើយ​ពី​ដំណើរ​ហ្វូង​ជ្រូក​ផង ១៧ នោះ​គេ​ចាប់​តាំង​ទូល​អង្វរ សូម​ទ្រង់​យាង​ចេញ​ពី​ស្រុក​គេ​ទៅ ១៨ កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់ ១៩ តែ​ទ្រង់​មិន​អនុញ្ញាត​ទេ ដោយ​ព្រះបន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ ២០ គាត់​ក៏​ចេញ​ទៅ ចាប់​តាំង​ប្រកាស​ប្រាប់ នៅ​ស្រុក​ដេកាប៉ូល ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះយេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន នោះ​មនុស្ស​ទាំង​អស់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

ព្រះយេស៊ូវ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ុស​ឲ្យ​រស់​ឡើង​វិញ

២១ កាល​ព្រះយេស៊ូវ ទ្រង់​បាន​ជិះ​ទូក ឆ្លង​ដល់​ត្រើយ​ម្ខាង​វិញ​ហើយ ក៏​មាន​ហ្វូង​មនុស្ស​យ៉ាង​ធំ​ប្រជុំ​គ្នា​ឯ​ទ្រង់ ហើយ​ទ្រង់​គង់​នៅ​ទី​មាត់​សមុទ្រ ២២ នោះ​មាន​មេ​សាលា​ប្រជុំ​ម្នាក់ ឈ្មោះ​យ៉ៃរ៉ុស មក​ដល់​ឃើញ​ទ្រង់ ក៏​ក្រាប​នៅ​ទៀប​ព្រះបាទ​ទ្រង់ ២៣ គាត់​ទទូច​អង្វរ​ទូល​ថា កូន​ស្រី​ទូលបង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះហស្ត​លើ​វា ឲ្យ​បាន​ជា នោះ​វា​នឹង​រស់​វិញ ២៤ ទ្រង់​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​គាត់ ហើយ​មាន​មនុស្ស​កកកុញ​ដើរ​តាម​ទៅ ទាំង​ប្រជ្រៀត​ទ្រង់។ ២៥ នោះ​មាន​ស្ត្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម​អស់ ១២ ឆ្នាំ​មក​ហើយ ២៦ នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ ២៧ នាង​បាន​ឮ​និយាយ​ពី​ព្រះយេស៊ូវ ក៏​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ ទៅ​ពាល់​ព្រះពស្ត្រ​ទ្រង់ ២៨ ដោយ​គិត​ថា បើ​គ្រាន់​តែ​ពាល់​ព្រះពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ ២៩ ឯ​ជំងឺ​ធ្លាក់​ឈាម ក៏​បាត់​ក្នុង​ខណៈ​១​រំពេច​នោះ ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​រួច​ពី​សេចក្តី​វេទនា​នោះ​ហើយ ៣០ នោះ​ស្រាប់​តែ​ព្រះយេស៊ូវ​ជ្រាប​ក្នុង​ព្រះអង្គ​ទ្រង់​ថា មាន​ព្រះចេស្តា​ចេញ​ពី​ទ្រង់ ក៏​ងាក​បែរ​ព្រះអង្គ​ក្នុង​ហ្វូង​មនុស្ស​សួរ​ថា អ្នក​ណា​ពាល់​អាវ​ខ្ញុំ ៣១ ពួក​សិស្ស​ទូល​ថា ទ្រង់​ឃើញ​ថា​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់​ដែរ ម្តេច​ឡើយ​ក៏​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ ៣២ ទ្រង់​ងាក​ទត​ទី​ជុំវិញ និង​រក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​នោះ ៣៣ ឯ​ស្ត្រី​នោះ​នាង​ដឹង​ការ​ដែល​កើត​មក​ក្នុង​ខ្លួន​ហើយ ក៏​មក​ទាំង​ភ័យ​ញ័រ ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ទូល​តាម​ត្រង់​ទាំង​អស់ ៣៤ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​នាង​ថា កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្តី​វេទនា​របស់​នាង​ទៅ។ ៣៥ កំពុង​ដែល​ទ្រង់​នៅ​មាន​ព្រះបន្ទូល​នៅ​ឡើយ នោះ​មាន​មនុស្ស​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​ថា កូន​ស្រី​លោក​ស្លាប់​ហើយ នៅ​តែ​រំខាន​ចិត្ត​លោក​គ្រូ​ធ្វើ​អ្វី​ទៀត ៣៦ កាល​ព្រះយេស៊ូវ​បាន​ឮ​ពាក្យ​គេ​ប្រាប់ ស្រាប់​តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មេ​សាលា​ប្រជុំ​ថា កុំ​ខ្លាច​អី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ ៣៧ ទ្រង់​មិន​ឲ្យ​អ្នក​ណា​ឯ​ទៀត​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ ៣៨ លុះ​ដល់​ផ្ទះ​មេ​សាលា​ប្រជុំ ក៏​ឃើញ​មនុស្ស​កំពុង​តែ​យំ​ស្រែក កើត​វឹកវរ​ជា​ខ្លាំង ៣៩ ទ្រង់​ក៏​យាង​ចូល​ទៅ​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​កើត​វឹកវរ ហើយ​យំ​ដូច្នេះ កូន​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ ៤០ គេ​ក៏​សើច​ឡក​ឲ្យ​ទ្រង់ តែ​ទ្រង់​ដេញ​គេ​ទៅ​ក្រៅ​អស់ ទុក​តែ​ឪពុក​ម្តាយ​នៃ​កូន​នោះ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នាំ​គ្នា​ចូល​ទៅ​ឯ​ដំណេក​វា ៤១ រួច​ទ្រង់​ចាប់​ដៃ​វា​មាន​ព្រះបន្ទូល​ថា «តាលីថាគូមី» ស្រាយ​ថា កូន​ស្រី​អើយ អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង ៤២ ស្រាប់​តែ​កូន​ស្រី​នោះ​ក៏​ក្រោក​ឡើង ដើរ​ទៅ ដ្បិត​មាន​អាយុ​១២​ឆ្នាំ​ហើយ ឯ​មនុស្ស​រាល់​គ្នា​គេ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃលែង ៤៣ តែ​ទ្រង់​ហាម​គេ​ផ្តាច់ មិន​ឲ្យ​អ្នក​ណា​ដឹង​ពី​រឿង​នេះ​ឲ្យ​សោះ រួច​ប្រាប់​ឲ្យ​គេ​យក​អ្វីៗ​មក​ឲ្យ​នាង​បរិភោគ។

ម៉ាកុស ៦

អ្នក​ភូមិ​ណាសារ៉ែត​បដិសេធ​មិន​ព្រម​ទទួល​ព្រះយេស៊ូវ

១ ព្រះយេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​ទ្រង់​វិញ ហើយ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ ២ ដល់​ថ្ងៃ​ឈប់​សំរាក ទ្រង់​ចាប់​តាំង​បង្រៀន នៅ​ក្នុង​សាលា​ប្រជុំ ហើយ​មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​ស្តាប់​ទ្រង់ ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ថា អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​ពី​ណា​មក ចំណេះ​ណា​ហ្ន ដែល​បាន​ឲ្យ​មក​គាត់ បាន​ជា​មាន​ការ​ឫទ្ធិបារមី​យ៉ាង​នេះ​កើត​មក ដោយសារ​ដៃ​គាត់​ដូច្នេះ ៣ តើ​គាត់​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នៃ​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី ហើយ​ប្អូន​ស្រី​គាត់ តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទៅ​ទី​នេះ​ទេ​ឬ​អី អ្នក​ទាំង​នោះ​ក៏​អាក់អន់​ចិត្ត​នឹង​ទ្រង់ ៤ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិសន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ ៥ នៅ​ទី​នោះ ទ្រង់​ពុំ​អាច​នឹង​ធ្វើ​ការ​ឫទ្ធិបារមី​បាន​ទេ ទ្រង់​គ្រាន់​តែ​ដាក់​ព្រះហស្ត ប្រោស​មនុស្ស​ពិការ​ខ្លះ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ ៦ ទ្រង់​ក៏​អស្ចារ្យ​ពី​ដំណើរ​ដែល​គេ​មិន​ជឿ រួច​ទ្រង់​យាង​ទៅ​បង្រៀន​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំវិញ​ទៅ។

ព្រះយេស៊ូវ​ចាត់​សិស្ស​ទាំង​១២​រូប​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ

៧ ទ្រង់​ហៅ​ពួក​១២​នាក់​មក ចាប់​តាំង​ចាត់​ឲ្យ​គេ​ទៅ​២​នាក់ៗ ទ្រង់​ប្រទាន​ឲ្យ​មាន​អំណាច​លើ​អស់​ទាំង​អារក្សអសោច​ផង ៨ ក៏​ហាម​មិន​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​សោះ លើក​តែ​ដំបង​១​ប៉ុណ្ណោះ ឥត​យក​យាម នំបុ័ង ឬ​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទេ ៩ ពាក់​បាន​តែ​ស្បែក​ជើង​សង្រែក ឥត​ពាក់​អាវ​២​ឡើយ ១០ រួច​មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ឲ្យ​នៅ​ផ្ទះ​នោះ​ទាល់​តែ​ដើរ​ចេញ​ហួស​ទៅ ១១ ឯ​អស់​អ្នក​ដែល​មិន​ទទួល ឬ​ស្តាប់​អ្នក​រាល់​គ្នា នោះ​កាល​ណា​ដើរ​ចេញ​ពី​ទី​នោះ ត្រូវ​រលាស់​ធូលី​ពី​បាត​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ​នោះ ក្រុង​សូដុំម ហើយ​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ ១២ កាល​ពួក​សិស្ស​បាន​ចេញ​ទៅ នោះ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ឡើង ១៣ ក៏​បណ្តេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​មនុស្ស​ជំងឺ​ជា​ច្រើន​បាន​ជា​ដែរ។

ស្តេច​ហេរ៉ូឌ​សំឡាប់​លោក​យ៉ូហានបាទីស្ទ

១៤ ដំណឹង​នោះ​ក៏​ឮ​ដល់​ស្តេច​ហេរ៉ូឌ ដ្បិត​ព្រះនាម​ទ្រង់​កាន់​តែ​ល្បី​សុសសាយ​ទៅ ហើយ​ស្តេច​មាន​ព្រះបន្ទូល​ថា​ច្បាស់​ជា​យ៉ូហាន-បាទីស្ទ បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិបារមី​សំដែង​មក ដោយសារ​គាត់​ដូច្នេះ ១៥ តែ​អ្នក​ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា ឬ​ដូច​ជា​ហោរា​ណា​មួយ ១៦ ប៉ុន្តែ​កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា នោះ​គឺ​ជា​យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល​ទេ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ ១៧ ដ្បិត​គឺ​ស្តេច​ហេរ៉ូឌ​នេះ​ឯង ដែល​បាន​ប្រើ​គេ​ទៅ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក ដោយ​ព្រោះ​ហេរ៉ូឌាស ជា​ភរិយា​របស់​ភីលីព អនុជ​ទ្រង់ ព្រោះ​ស្តេច​បាន​យក​នាង​នោះ​មក​ធ្វើ​ជា​ភរិយា​របស់​ខ្លួន​វិញ ១៨ ហើយ​លោក​យ៉ូហាន​បាន​ទូល​ទាស់​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ភរិយា​របស់​អនុជ​ទ្រង់​ទេ ១៩ ឯ​នាង​ហេរ៉ូឌាស ក៏​ចង​គំនុំ​ចង់​សំឡាប់​លោក តែ​មិន​បាន​ឱកាស​សោះ ២០ ព្រោះ​ស្តេច​ហេរ៉ូឌ​កោតខ្លាច​លោក​យ៉ូហាន ដោយ​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ទ្រង់​ក៏​ការពារ​ទុក​វិញ កាល​ទ្រង់​បាន​ស្តាប់​លោក នោះ​ក៏​មាន​ព្រះទ័យ​រារែក​ជា​ខ្លាំង ប៉ុន្តែ​បាន​ស្តាប់​លោក​ដោយ​អំណរ ២១ លុះ​ថ្ងៃ​១​ជា​ថ្ងៃ​មាន​ឱកាស​ស្រួល គឺ​ថ្ងៃ​ចំរើន​ព្រះជន្ម​ស្តេច​ហេរ៉ូឌ កាល​ទ្រង់​រៀប​ជប់លៀង​ពួក​មន្ត្រី ពួក​មេ​ទ័ព​ធំ និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលីឡេ ២២ នោះ​កូន​ស្រី​របស់​ហេរ៉ូឌាស​បាន​ចូល​មក​រាំ ជា​ទី​នាំ​ឲ្យ​គាប់​ព្រះទ័យ​ដល់​ស្តេច​ហេរ៉ូឌ និង​ពួក​ភ្ញៀវ​ណាស់ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា របស់​អ្វី​ដែល​នាង​ចង់​បាន ចូរ​សូម​ពី​យើង​ចុះ យើង​នឹង​ឲ្យ ២៣ ទ្រង់​ក៏​ស្បថ​នឹង​នាង​ទៀត​ថា របស់​អ្វី​ក៏​ដោយ​ដែល​នាង​សូម នោះ​យើង​នឹង​ឲ្យ​ដោយ​ពិត ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង ២៤ នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ម្ចាស់​សូម​អ្វី មាតា​ឆ្លើយ​ថា ឲ្យ​សូម​ក្បាល​យ៉ូហាន-បាទីស្ទ​វិញ ២៥ រួច​នាង​ក៏​ប្រញាប់ប្រញាល់​ចូល​ទៅ​ឯ​ស្តេច​ភ្លាម ទូល​ថា ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឥឡូវ​នេះ ២៦ ពាក្យ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ស្តេច​មាន​ព្រះទ័យ​ព្រួយ​ខ្លាំង​ណាស់ តែ​ដោយ​ព្រោះ​សម្បថ​របស់​ទ្រង់ ហើយ​និង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​មិន​ប្រកែក​ឡើយ ២៧ ទ្រង់​ចាត់​ពេជ្ឃឃាត​ម្នាក់​ទៅ​ភ្លាម ដោយ​បង្គាប់​ឲ្យ​ទៅ​យក​ក្បាល​លោក​មក ២៨ អ្នក​នោះ​ក៏​ទៅ​កាត់​ក្បាល​លោក នៅ​ក្នុង​គុក ដាក់​លើ​ថាស​មក​ជូន​នាង នាង​ក៏​ថ្វាយ​ដល់​មាតា ២៩ កាល​ពួក​សិស្ស​របស់​លោក​បាន​ឮ នោះ​គេ​មក​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ទៅ។

ព្រះយេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិភោគ

៣០ ឯ​ពួក​សាវ័ក ក៏​ប្រជុំ​គ្នា​ឯ​ព្រះយេស៊ូវ រ៉ាយ​រឿង​ទូល​ទ្រង់​ពី​ការ​ដែល​ខ្លួន​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​សេចក្តី​ដែល​បាន​បង្រៀន​ដែរ ៣១ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង ៣២ នោះ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​ឯ​ទី​ស្ងាត់​ដោយឡែក​ទៅ ៣៣ ឯ​ហ្វូង​មនុស្ស​គេ​ឃើញ​ទ្រង់​ចេញ​ទៅ ហើយ​មាន​គ្នា​ច្រើន​បាន​ស្គាល់​ទ្រង់ បាន​ជា​មាន​មនុស្ស​ពី​គ្រប់​ក្រុង​ទាំង​ប៉ុន្មាន នាំ​គ្នា​រត់​ទៅ​មុន ប្រជុំ​គ្នា​ឯ​ទ្រង់។ ៣៤ កាល​ព្រះយេស៊ូវ​បាន​ឡើង​ពី​ទូក​មក នោះ​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ជា​ធំ ក៏​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ពី​ព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្តី​ជា​ច្រើន ៣៥ លុះ​ពេល​ជ្រុល​ហើយ នោះ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា ទី​នេះ​ជា​ទី​ស្ងាត់ ហើយ​ពេល​ក៏​ជ្រុល​ផង ៣៦ សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ទិញ​អាហារ​នៅ​ស្រុក​ស្រែ ហើយ​ក្នុង​ភូមិ​នៅ​ជុំវិញ​ចុះ ដ្បិត​គេ​គ្មាន​អ្វី​បរិភោគ​សោះ ៣៧ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ប៉ុន្តែ​ពួក​សិស្ស​ទូល​ថា តើ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ទិញ​នំបុ័ង​ចំនួន​៤០​រៀល ឲ្យ​គេ​បរិភោគ​ឬ​អី ៣៨ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន ចូរ​ទៅ​មើល​សិន កាល​បាន​ដឹង​ហើយ ក៏​ទូល​ឆ្លើយ​ថា មាន​៥​ដុំ និង​ត្រី​២​ទេ ៣៩ នោះ​ទ្រង់​បង្គាប់​ឲ្យ​ពួក​សិស្ស​ប្រាប់​គេ ឲ្យ​អង្គុយ​លើ​ស្មៅ​ខ្ចី​ដោយ​ពួកៗ ៤០ គេ​ក៏​អង្គុយ​ដោយ​ជួរ ក្នុង​១​ជួរ​៥០​នាក់ ទាំង​អស់​មាន​១០០​ជួរ ៤១ រួច​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ប្រទាន​ពរ ហើយ​កាច់​នំបុ័ង​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​គេ ក៏​បែង​ភាគ​ត្រី​២​នោះ ចែក​ទៅ​មនុស្ស​ទាំង​អស់​ដែរ ៤២ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា ៤៣ រួច​ប្រមូល​ចំណិត​នំបុ័ង និង​ត្រី​ទាំង​ប៉ុន្មាន ដែល​សល់​នៅ បាន​១២​កន្ត្រក ៤៤ ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ប្រុសៗ​៥​ពាន់​នាក់។

ព្រះយេស៊ូវ​យាង​លើ​ទឹក​សមុទ្រ

៤៥ ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​បេតសៃដា នៅ​ត្រើយ​ម្ខាង​ជា​មុន ដរាប​ដល់​ទ្រង់​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​អស់ ៤៦ កាល​ទ្រង់​បាន​ឲ្យ​គេ​ទៅ​អស់​ហើយ នោះ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន ៤៧ លុះ​ពេល​ព្រលប់ នោះ​ទូក​នៅ​កណ្តាល​សមុទ្រ តែ​ទ្រង់​គង់​នៅ​លើ​គោក​តែ​១​ព្រះអង្គ​ទ្រង់ ៤៨ ទ្រង់​ក៏​ឃើញ​ពួក​សិស្ស​ចែវ​ទូក​ទាំង​លំបាក ព្រោះ​ច្រាស​ខ្យល់ លុះ​ពេល​ប្រហែល​ជា​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​គេ ហើយ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បង្ហួស​ទៅ​ទៀត ៤៩ លុះ​កាល​គេ​បាន​ឃើញ​ទ្រង់​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ នោះ​គេ​នឹក​ស្មាន​ថា​ជា​ខ្មោច​លង ហើយ​ក៏​ស្រែក​ឡើង ៥០ ដ្បិត​គ្រប់​គ្នា​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ស្លុត តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ជា​១​រំពេច​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី ៥១ នោះ​ទ្រង់​យាង​ឡើង​ទៅ​ឯ​គេ​នៅ​ក្នុង​ទូក រួច​ខ្យល់​ក៏​ស្ងប់​ឈឹង អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ពន់ពេក ព្រម​ទាំង​វិលវល់​ក្នុង​ចិត្ត ៥២ គេ​មិន​បាន​យល់​ដោយសារ​ការ​ដែល​បាន​ចំរើន​នំបុ័ង​ទេ ដ្បិត​គេ​មាន​ចិត្ត​រឹងរូស។

ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​នៅ​ស្រុក​គេនេសារ៉ែត

៥៣ លុះ​បាន​ឆ្លង​ទៅ​ដល់​ស្រុក​គេនេសារ៉ែត ត្រើយ​ខាង​នាយ​ហើយ នោះ​ក៏​ឈប់​ចត​ទូក ៥៤ កាល​បាន​ឡើង​ពី​ទូក នោះ​មនុស្ស​ទាំងឡាយ​បាន​ស្គាល់​ទ្រង់​ជា​១​រំពេច ៥៥ ហើយ​រត់​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំវិញ តាំង​សែង​មនុស្ស​ជំងឺ​ដេក​លើ​ពូក​មក​ឯ​ទ្រង់ នៅ​កន្លែង​ត្រង់​ណា​ដែល​គេ​ឮ​ថា​ទ្រង់​គង់​នៅ ៥៦ ហើយ​កន្លែង​ណា​ក៏​ដោយ ដែល​ទ្រង់​យាង​ចូល ទោះ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ក៏​បាន​ដាក់​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​នៅ​ទី​ផ្សារ រួច​ទូល​អង្វរ​ទ្រង់​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ ហើយ​អស់​អ្នក​ណា​ដែល​បាន​ពាល់​ទ្រង់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។

ម៉ាកុស ៧

ពួក​ខាង​គណៈផារិស៊ី និង​សណ្តាប់​ពី​បុរាណ

១ គ្រា​នោះ​ពួក​ផារិស៊ី និង​អ្នក​ខ្លះ​ក្នុង​ពួក​អាចារ្យ​ដែល​មក​ពី​ក្រុង​យេរូសាឡិម គេ​ប្រជុំ​គ្នា​ឯ​ទ្រង់ ២ កាល​គេ​ឃើញ​ពួក​សិស្ស​ទ្រង់​ខ្លះ​បរិភោគ​ទាំង​ដៃ​មិន​ស្អាត គឺ​មិន​បាន​លាង​ចេញ នោះ​ក៏​ចោទ​ប្រកាន់​ទោស ៣ ដ្បិត​ពួក​ផារិស៊ី និង​ពួក​យូដា​ទាំង​អស់​គ្នា គេ​មិន​ដែល​បរិភោគ​ឡើយ ទាល់​តែ​បាន​ដុស​លាង​ដៃ​យ៉ាង​ស្អាត​អស់​ពី​ចិត្ត​ជា​មុន​សិន ដោយ​កាន់​តាម​សណ្តាប់​ពី​បុរាណ​របស់​ពួក​ចាស់ទុំ ៤ ហើយ​កាល​គេ​មក​ពី​ផ្សារ នោះ​គេ​មិន​បរិភោគ​ទេ ទាល់​តែ​បាន​ងូត​ទឹក​រួច​សិន ក៏​មាន​សេចក្តី​ឯ​ទៀត​ជា​ច្រើន ដែល​គេ​ទទួល​កាន់​តាម​ដែរ ដូច​ជា​ការ​លាង​ពែង លាង​ឆ្នាំង លាង​ប្រដាប់​លង្ហិន ហើយ​និង​តុ​ជា​ដើម ៥ ដូច្នេះ ពួក​ផារិស៊ី និង​ពួក​អាចារ្យ​គេ​ពិចារណា​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក មិន​កាន់​តាម​សណ្តាប់​បុរាណ​របស់​ពួក​ចាស់ទុំ​យ៉ាង​នេះ គឺ​គេ​បរិភោគ​ឥត​លាង​ដៃ​ទេ ៦ តែ​ទ្រង់​ឆ្លើយ​តប​ថា ពួក​អ្នក​មាន​ពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ជនជាតិ​នេះ គេ​គោរព​ប្រតិបត្តិ​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ ៧ ដែល​គេ​ថ្វាយ​បង្គំ​អញ ដោយ​បង្រៀន​សេចក្តី​បញ្ញត្ត​ជា​របស់​មនុស្ស នោះ​ជា​ឥត​ប្រយោជន៍​ទេ» ៨ ដ្បិត​អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្តាប់​មនុស្ស​វិញ ដូច​ជា​ការ​លាង​ឆ្នាំង លាង​ពែង​នោះ ហើយ​និង​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត ៩ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​លះបង់​ចោល​បញ្ញត្ត​ព្រះ​មែន ដើម្បី​នឹង​កាន់​តាម​សណ្តាប់​របស់​ខ្លួន​វិញ ១០ ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា «ចូរ​គោរព​ប្រតិបត្តិ​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន» ១១ តែ​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​ណា​និយាយ​ទៅ​ឪពុក​ម្តាយ​ខ្លួន​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​ជា «គ័របាន់» គឺ​ស្រាយ​ថា​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ ១២ នោះ​អ្នក​រាល់​គ្នា​មិន​បើក​ឲ្យ​អ្នក​នោះ​ជួយ​ដល់​ឪពុក​ម្តាយ ក្នុង​ការ​អ្វី​ទៀត​សោះ ១៣ ក៏​លើក​ព្រះបន្ទូល​ចោល ដោយសារ​សណ្តាប់ធ្នាប់ ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាត់​បង្រៀន​មក ហើយ​ក៏​ធ្វើ​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត​ដែរ ១៤ រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​ទាំង​អស់​មក​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ខ្ញុំ​សិន ហើយ​ឲ្យ​យល់​ចុះ ១៥ គ្មាន​អ្វី​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្មោកគ្រោក​បាន​ទេ គឺ​ជា​សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក​វិញ ១៦ បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ ១៧ កាល​ទ្រង់​បាន​ថយ​ពី​ហ្វូង​មនុស្ស យាង​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ ១៨ ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ដែរ​ឬ​អី តើ​អ្នក​រាល់​គ្នា​នឹក​មិន​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ពី​ខាង​ក្រៅ​ដែល​ចូល​ក្នុង​មនុស្ស នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ស្មោកគ្រោក​បាន​ទេ ១៩ ដ្បិត​របស់​នោះ​មិន​បាន​ចូល​ទៅ​ក្នុង​ចិត្ត គឺ​ចូល​ទៅ​តែ​ក្នុង​ពោះ​ប៉ុណ្ណោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ ដូច្នេះ អស់​ទាំង​អាហារ​ឈ្មោះ​ថា ជា​របស់​ស្អាត​វិញ ២០ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា គឺ​ជា​សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក​នោះ ២១ ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយស្មន់ កាប់​សំឡាប់​គេ ២២ លួច​ប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើងឆ្មៃ និង​សេចក្តី​ចំកួត ២៣ គឺ​សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​វិញ។

ស្ត្រី​សាសន៍​ដទៃ​ម្នាក់​ជឿ​ព្រះយេស៊ូវ

២៤ ទ្រង់​ក្រោក​ឡើង​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ប្រទល់​ដែន​ស្រុក​ទីរ៉ុស និង​ស្រុក​ស៊ីដូន រួច​ចូល​ទៅ​ក្នុង​ផ្ទះ​១ មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ តែ​ទ្រង់​នៅ​កំបាំង​ពុំ​បាន ២៥ ដ្បិត​មាន​ស្ត្រី​ម្នាក់​មាន​កូន​ស្រី​១ ដែល​អារក្សអសោច​ចូល នាង​បាន​ឮ​និយាយ​ពី​ទ្រង់ ក៏​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះបាទ​ទ្រង់ ២៦ (រីឯ​ស្ត្រី​នោះ ជា​សាសន៍​ក្រេក កូន​កាត់​ស៊ីរ៉ូ-ភេនីស) នាង​ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដេញ​អារក្ស​ពី​កូន​ស្រី​នាង​ចេញ ២៧ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ទុក​ឲ្យ​កូន​ក្មេង​ស៊ី​ឆ្អែត​ជា​មុន​សិន ព្រោះ​មិន​គួរ​នឹង​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​ទេ ២៨ នាង​ទូល​ឆ្លើយ​ថា មែន​ហើយ ព្រះអម្ចាស់ ប៉ុន្តែ​ឆ្កែ​នៅ​ក្រោម​តុ​វា​ស៊ី​កំទេច​ពី​កូន​ក្មេង​ដែរ ២៩ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ដោយ​ព្រោះ​ពាក្យ​នោះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ ៣០ រួច​កាល​នាង​បាន​ទៅ​ដល់​ផ្ទះ​វិញ ក៏​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ អារក្ស​បាន​ចេញ​ស្រេច​ហើយ។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​គ​ថ្លង់​ម្នាក់​ឲ្យ​ជា

៣១ លំដាប់​ពី​នោះ​មក ទ្រង់​ចេញ​ពី​ព្រំដែន​ស្រុក​ទីរ៉ុស និង​ស៊ីដូន ក៏​យាង​កាត់​ស្រុក​ដេកាប៉ូល មក​ដល់​សមុទ្រ​កាលីឡេ​វិញ ៣២ នោះ​មាន​គេ​នាំ​មនុស្ស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក​មក​ឯ​ទ្រង់ ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដាក់​ព្រះហស្ត​លើ​គាត់ ៣៣ ទ្រង់​ក៏​នាំ​គាត់​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ដោយឡែក យក​អង្គុលី​ព្រះហស្ត​ដាក់​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់ ៣៤ កាល​ទ្រង់​បាន​ងើប​ទត​ទៅ​លើ​មេឃ​ហើយ នោះ​ទ្រង់​ថ្ងូរ រួច​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា «អិបផាថា» គឺ​ថា ឲ្យ​បើក​ឡើង ៣៥ ស្រាប់​តែ​ត្រចៀក​ក៏​បើក សរសៃ​អណ្តាត​បាន​ធូរ នោះ​គាត់​និយាយ​បាន​យ៉ាង​ច្បាស់ ៣៦ ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ប៉ុន្តែ​ដែល​ទ្រង់​ហាម​ប៉ុណ្ណា នោះ​គេ​ចេះ​តែ​ប្រកាស​ប្រាប់​រឹត​តែ​ច្រើន​ឡើង​ប៉ុណ្ណោះ​ទៀត ៣៧ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់ពេក ដោយ​ពាក្យ​ថា លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន។

ម៉ាកុស ៨

ព្រះយេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​បួន​ពាន់​នាក់​បរិភោគ

១ នៅ​គ្រា​នោះ មាន​ហ្វូង​មនុស្ស​ជា​ធំ​ណាស់ ហើយ​គេ​គ្មាន​អ្វី​បរិភោគ បាន​ជា​ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស មក​មាន​ព្រះបន្ទូល​ថា ២ ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​មនុស្ស​ទាំង​អស់​នេះ​ណាស់ ពី​ព្រោះ​គេ​បាន​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ ៣​ថ្ងៃ​ហើយ តែ​ឥឡូវ​នេះ​គ្មាន​អ្វី​បរិភោគ​ទេ ៣ បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​អត់ នោះ​គេ​នឹង​ហេវ​តាម​ផ្លូវ ដ្បិត​ខ្លះ​បាន​មក​ពី​ឆ្ងាយ​ណាស់ ៤ ពួក​សិស្ស​ទូល​ឆ្លើយ​ថា នៅ​ទី​ស្ងាត់​នេះ តើ​នឹង​រក​នំបុ័ង​ពី​ណា ដើម្បី​ចំអែត​ដល់​មនុស្ស​ទាំង​នេះ​បាន ៥ ទ្រង់​សួរ​គេ​ថា អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ឆ្លើយ​ថា មាន​៧ ៦ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី រួច​ទ្រង់​យក​នំបុ័ង​៧​នោះ​មក ក៏​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស​ឲ្យ​លើក​ទៅ​ជូន​ដល់​ហ្វូង​មនុស្ស គេ​ក៏​លើក​ទៅ ៧ មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​ទ្រង់​បាន​ប្រទាន​ពរ​ហើយ នោះ​ក៏​បង្គាប់​ឲ្យ​លើក​យក​ទៅ​ឲ្យ​គេ​ទៀត ៨ ហើយ​ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត រួច​គេ​ប្រមូល​ចំណិត ដែល​សល់​នៅ​បាន​៧​កំប្រោង ៩ ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៤​ពាន់​នាក់ រួច​ទ្រង់​ឲ្យ​គេ​ទៅ​វិញ ១០ ស្រាប់​តែ​ទ្រង់​យាង​ចុះ​ទូក ជា​មួយ​នឹង​ពួក​សិស្ស​ទៅ​ឯ​ស្រុក​ដាលម៉ានូថាទៅ។

ពួក​ខាង​គណៈផារិស៊ី​ចង់​ឃើញ​ការ​អស្ចារ្យ

១១ នោះ​ពួក​ផារិស៊ី​ចេញ​មក តាំង​ជជែក​ដើម្បី​នឹង​ល្បង​ទ្រង់ ដោយ​សូម​ឲ្យ​ទ្រង់​សំដែង​ទី​សំគាល់​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ ១២ ទ្រង់​ក៏​ថ្ងូរ​ក្នុង​ព្រះហឫទ័យ ហើយ​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​ដំណ​នេះ​ចង់​រក​តែ​ទី​សំគាល់​ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​មក​មនុស្ស​ដំណ​នេះ​ឡើយ ១៣ រួច​ទ្រង់​យាង​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​វិញ។

ពុតត្បុត​របស់​ពួក​គណៈផារិស៊ី និង​ពុតត្បុត​របស់​ស្តេច​ហេរ៉ូឌ

១៤ ឯ​ពួក​សិស្ស គេ​ភ្លេច​យក​នំបុ័ង​ទៅ នៅ​ជាប់​តែ​១​ដុំ​ក្នុង​ទូក​ប៉ុណ្ណោះ ១៥ ទ្រង់​ក៏​ផ្តាំ​គេ​ថា ចូរ​ប្រុង​មើល ហើយ​ប្រយ័ត្ន​នឹង​ដំបែរ​របស់​ពួក​ផារិស៊ី និង​របស់​ហេរ៉ូឌ ឲ្យ​មែនទែន ១៦ គឺ​គេ​រិះគិត​គ្នា​ថា គឺ​ពី​ព្រោះ​យើង​គ្មាន​នំបុ័ង​ទេ​ដឹង ១៧ កាល​ព្រះយេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ថា ពី​ព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬ​អី តើ​មាន​ចិត្ត​រឹងរូស​ឬ​អី ១៨ អ្នក​រាល់​គ្នា​មាន​ភ្នែក តើ​មើល​មិន​ឃើញ មាន​ត្រចៀក តើ​ស្តាប់​មិន​ឮ ហើយ​មិន​ចាំ​ទេ​ឬ​អី ១៩ ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង​៥​ឲ្យ​ដល់​៥​ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន​១២ ២០ ហើយ​កាល​កាច់​នំបុ័ង​៧​ឲ្យ​ដល់​៤​ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន​៧ ២១ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​ភ្លឺ

២២ ទ្រង់​ក៏​យាង​មក​ដល់​ក្រុង​បេតសៃដា រួច​មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​ទូល​អង្វរ​ឲ្យ​ទ្រង់​ពាល់​គាត់ ២៣ ទ្រង់​ក៏​ចាប់​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ទៅ​ក្រៅ​ភូមិ រួច​ស្តោះ​ដាក់​ភ្នែក​គាត់ ហើយ​ដាក់​ព្រះហស្ត​លើ ព្រម​ទាំង​សួរ​បើ​គាត់​ឃើញ​អ្វី​ឬ​ទេ ២៤ គាត់​ក៏​ងើប​ភ្នែក​ឡើង​ទូល​ឆ្លើយ​ថា ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ ២៥ នោះ​ទ្រង់​ដាក់​ព្រះហស្ត​លើ​ភ្នែក​គាត់​ម្តង​ទៀត ប្រាប់​ឲ្យ​ងើប​ឡើង​មើល ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង ឃើញ​ច្បាស់​ទាំង​អស់ ២៦ ទ្រង់​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ ទាំង​ហាម​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ភូមិ ឬ​ប្រាប់​អ្នក​ណា​នៅ​ក្នុង​ភូមិ​ឡើយ។

លោក​ពេត្រុស​ប្រកាស​ថា​ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ

២៧ ព្រះយេស៊ូវ និង​ពួក​សិស្ស ក៏​ចេញ​ទៅ​ឯ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ស្រុក​សេសារា-ភីលីព ទ្រង់​មាន​ព្រះបន្ទូល​សួរ​ពួក​សិស្ស​តាម​ផ្លូវ​ថា តើ​មនុស្ស​ទាំងឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា ២៨ ពួក​សិស្ស​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ ២៩ ទ្រង់​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ឆ្លើយ​ឡើង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ៣០ ទ្រង់​ក៏​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ពី​ដំណើរ​ទ្រង់​សោះ ៣១ រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ថា កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ហើយ​ត្រូវ​ពួក​ចាស់ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បោះ​បង់​ចោល ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​លោក​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ ៣២ ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​នោះ​យ៉ាង​ច្បាស់លាស់ នោះ​ពេត្រុស​នាំ​ទ្រង់​ទៅ ចាប់​តាំង​និយាយ​ជំទាស់​ដល់​ទ្រង់ ៣៣ តែ​ទ្រង់​បែរ​មក​ទត​ឃើញ​ពួក​សិស្ស ក៏​បន្ទោស​ពេត្រុស​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះ​សោះ គឺ​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ។ ៣៤ កាល​ទ្រង់​បាន​ហៅ​ហ្វូង​មនុស្ស និង​ពួក​សិស្ស​មក នោះ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ៣៥ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​និង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ ៣៦ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ៣៧ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ៣៨ ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ពាក្យ​ខ្ញុំ នៅ​ក្នុង​ដំណ​មនុស្ស​កំផិត ហើយ​មាន​បាប​នេះ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរីល្អ​របស់​ព្រះវរបិតា ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ។

ម៉ាកុស ៩

១ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្តី​ស្លាប់ ដរាប​ដល់​បាន​ឃើញ​នគរ​ព្រះ​មក ទាំង​មាន​ព្រះចេស្តា។

សិរីរុងរឿង​របស់​ព្រះយេស៊ូវ

២ កន្លង​៦​ថ្ងៃ​មក​ទៀត ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ទៅ​ជា​មួយ នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់ ដោយឡែក ទ្រង់​ក៏​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ៣ ព្រះពស្ត្រ​ទ្រង់​ត្រឡប់​ជា​ភ្លឺ​សស្គុស​ដូច​ហិមៈ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ប្រមោក​ណា នៅ​ផែនដី​នេះ ដែល​អាច​នឹង​ប្រមោក​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ ៤ នោះ​លោក​អេលីយ៉ា ព្រម​ទាំង​លោក​ម៉ូសេ បាន​លេច​មក​ឲ្យ​ឃើញ កំពុង​តែ​ទូល​នឹង​ព្រះយេស៊ូវ ៥ រួច​ពេត្រុស​ទូល​ទៅ​ទ្រង់​ថា លោក​គ្រូ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ៦ នេះ​ដ្បិត​គាត់​មិន​ដឹង​ជា​ត្រូវ​និយាយ​ដូច​ម្តេច​ទេ ពី​ព្រោះ​មាន​សេចក្តី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ៧ នោះ​មាន​ពពក​មក​គ្រប​បាំង ហើយ​មាន​ឮ​សូរ​សំឡេង​ចេញ​ពី​ពពក​ថា នេះ​ជា​កូន​ស្ងួនភ្ងា​អញ ចូរ​ស្តាប់​តាម​ចុះ ៨ ស្រាប់​តែ​គេ​ក្រឡេក​មើល​ជុំវិញ​ទៅ ឥត​មាន​ឃើញ​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះយេស៊ូវ​គង់​ជា​មួយ​ប៉ុណ្ណោះ។ ៩ កំពុង​ដែល​ចុះ​ពី​ភ្នំ​មក នោះ​ទ្រង់​ហាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ ដរាប​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ១០ អ្នក​ទាំង​នោះ​ក៏​រក្សា​ពាក្យ​នោះ​ទុក​នៅ​តែ​ក្នុង​ពួក​គេ ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​យ៉ាង​ណា ១១ ក៏​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន ១២ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ ប៉ុន្តែ​ធ្វើ​ដូច​ម្តេច​បាន​ជា​មាន​សេចក្តី​ចែង​ទុក​ពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើលងាយ​ផង ១៣ ចំណែក​លោក​អេលីយ៉ា នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​បាន​មក​ហើយ គេ​ក៏​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​ជា​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ស្រាប់។

ព្រះយេស៊ូវ​ដេញ​អារក្ស​ចេញ​ពី​ក្មេង​ម្នាក់

១៤ លុះ​បាន​មក​ដល់​ពួក​សិស្ស​ហើយ នោះ​ទ្រង់​ឃើញ​មាន​ហ្វូង​មនុស្ស​ជា​ធំ​នៅ​ព័ទ្ធ​គេ​ជុំវិញ ក៏​មាន​ពួក​អាចារ្យ​ខ្លះ កំពុង​តែ​ដេញ​ដោល ១៥ កាល​ហ្វូង​មនុស្ស​ឃើញ​ទ្រង់ ស្រាប់​តែ​កើត​មាន​សេចក្តី​ស្រឡាំង​កាំង រួច​រត់​ទៅ​ទទួល​ទ្រង់​ដោយ​គោរព ១៦ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ពួក​អាចារ្យ​ថា តើ​អ្នក​រាល់​គ្នា​ជជែក​ពី​រឿង​អ្វី​នឹង​អ្នក​ទាំង​នេះ ១៧ នោះ​មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​កាត់​ឆ្លើយ​ថា លោក​គ្រូ​អើយ ខ្ញុំ​បាន​នាំ​កូន​ខ្ញុំ​មក​ឯ​លោក ព្រោះ​វា​មាន​អារក្ស​គ​ចូល ១៨ នៅ​កន្លែង​ណា​ដែល​អារក្ស​ជាន់​វា​ម្តងៗ នោះ​ធ្វើ​ឲ្យ​វា​ប្រកាច់​ជា​ខ្លាំង វា​បែក​ពពុះ​មាត់ ព្រម​ទាំង​សង្កៀត​ធ្មេញ ហើយ​ចេះ​តែ​ហេវ​ទៅៗ ខ្ញុំ​បាន​សូម​ពួក​សិស្ស​លោក ឲ្យ​ដេញ​អារក្ស​នោះ​ដែរ តែ​គេ​ពុំ​អាច​ដេញ​ចេញ​បាន​ទេ ១៩ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ ២០ គេ​ក៏​នាំ​វា​ទៅ កាល​បាន​ឃើញ​ទ្រង់ នោះ​ស្រាប់​តែ​អារក្ស​ជាន់​វា ឲ្យ​ប្រកាច់​ដួល​ននៀល​នៅ​ដី ទាំង​បែក​ពពុះ​មាត់ ២១ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ឪពុក​ថា វា​បាន​ឈឺ​ដូច្នេះ​ជា​យូរ​ប៉ុន្មាន​មក​ហើយ គាត់​ទូល​ឆ្លើយ​ថា តាំង​តែ​ពី​តូច​មក ២២ ជួនកាល​ក៏​បោះ​វា​ទៅ​ក្នុង​ភ្លើង​ក្នុង​ទឹក​ជា​ញយៗ ដើម្បី​នឹង​បំផ្លាញ​វា​ទៅ ប៉ុន្តែ​បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង ២៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សំរេច​បាន ដល់​អ្នក​ណា​ដែល​ជឿ ២៤ ស្រាប់​តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង ២៥ កាល​ព្រះយេស៊ូវ​ឃើញ​មនុស្ស​សន្ធឹក​កំពុង​តែ​រត់​មក នោះ​ទ្រង់​កំហែង​ទៅ​អារក្សអសោច​ថា នែ អារក្ស​គ​ថ្លង់​អើយ អញ​បង្គាប់​ឲ្យ​ឯង​ចេញ​ពី​វា​ទៅ កុំ​ឲ្យ​ចូល​វា​ទៀត​ឡើយ ២៦ វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ ២៧ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។ ២៨ លុះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយឡែក​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ អារក្ស​នេះ​ពុំ​បាន ២៩ ទ្រង់​មាន​ព្រះបន្ទូល​ថា ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយសារ​តែ​អធិស្ឋាន ហើយ​និង​តម​ទេ។

ព្រះយេស៊ូវ​ប្រកាស​សា​ជា​ថ្មី​អំពី​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត

៣០ កាល​ចេញ​ពី​ទី​នោះ ក៏​យាង​កាត់​ស្រុក​កាលីឡេ​ទៅ ហើយ​ទ្រង់​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ ៣១ ដ្បិត​ទ្រង់​កំពុង​តែ​បង្រៀន​ពួក​សិស្ស​ថា កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់​៣​ថ្ងៃ​ក្រោយ​ដែល​គេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ ៣២ តែ​អ្នក​ទាំង​នោះ​មិន​បាន​យល់​សេចក្តី​នោះ​ទេ ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ផង។

អ្នក​ដែល​ធំ​ជាង​គេ

៣៣ លុះ​ទៅ​ដល់​កាពើណិម កាល​កំពុង​តែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ ៣៤ តែ​គេ​នៅ​តែ​ស្ងៀម ពី​ព្រោះ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា អំពី​អ្នក​ណា​ដែល​ធំ​ជាង ៣៥ ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក​១២​មក​មាន​ព្រះបន្ទូល​ថា បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ ៣៦ ទ្រង់​ក៏​យក​កូន​តូច​១ ដាក់​នៅ​កណ្តាល​ជំនុំ រួច​ទ្រង់​បី​វា មាន​ព្រះបន្ទូល​ទៅ​គេ​ថា ៣៧ អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ។

អ្នក​ណា​មិន​ជំទាស់​យើង អ្នក​នោះ​ជា​ពួក​យើង

៣៨ យ៉ូហាន​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់ ដែល​មិន​ដើរ​តាម​យើង​ខ្ញុំ គេ​កំពុង​តែ ដេញ​អារក្ស ដោយ​នូវ​ឈ្មោះ​លោក ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គេ ពី​ព្រោះ​គេ​មិន​ដើរ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ ៣៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា កុំ​ឃាត់​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​ឫទ្ធិបារមី ដោយ​នូវ​ឈ្មោះ​ខ្ញុំ រួច​និយាយ​អាក្រក់​ពី​ខ្ញុំ​ភ្លាម​១​រំពេច​បាន​ទេ ៤០ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​វិញ ៤១ អ្នក​ណា​ដែល​ឲ្យ​ទឹក​១​កែវ ទៅ​អ្នក​រាល់​គ្នា​ផឹក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ នោះ​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។

កុំ​នាំ​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប

៤២ តែ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​កូន​ណា​មួយ ដែល​ជឿ​ដល់​ខ្ញុំ​នេះ រវាត​ចិត្ត​ចេញ នោះ​បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ ហើយ​ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ យ៉ាង​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង ៤៣ បើ​ដៃ​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​វិញ ជា​ជាង​មាន​ដៃ​ទាំង​២ ហើយ​ធ្លាក់​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ៤៤ ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ ៤៥ បើ​ជើង​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ជើង​វិញ ជា​ជាង​មាន​ជើង​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ៤៦ ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ ៤៧ ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​ខ្វែះ​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ក្នុង​នគរ​ព្រះ​មាន​ភ្នែក​តែ​១ ជា​ជាង​មាន​ភ្នែក​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​នរក​វិញ ៤៨ ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ ៤៩ ដ្បិត​គ្រប់​គ្នា​ត្រូវ​បំប្រៃ​នឹង​ភ្លើង ហើយ​គ្រប់​ទាំង​យញ្ញបូជា​ត្រូវ​បំប្រៃ​នឹង​អំបិល ៥០ អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន ៥១ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំបិល​នៅ​ក្នុង​ខ្លួន ហើយ​នៅ​ជា​មួយ​គ្នា​ដោយ​មេត្រី​ចុះ។

ម៉ាកុស ១០

ព្រះដំបូន្មាន​អំពី​រឿង​លែងលះ​ប្តី​ប្រពន្ធ

១ ព្រះយេស៊ូវ​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ព្រំដែន​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នោះ​មាន​មនុស្ស​កកកុញ​ប្រជុំ​គ្នា​ឯ​ទ្រង់​ម្តង​ទៀត ហើយ​ទ្រង់​ក៏​បង្រៀន​គេ​តាម​ទំលាប់​ទ្រង់ ២ ពួក​ផារិស៊ី​គេ​មក​ល្បង​សួរ​ទ្រង់ ពី​ច្បាប់​ដែល​នឹង​លែង​ប្រពន្ធ​បាន​ឬ​មិន​បាន ៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា តើ​លោក​ម៉ូសេ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច ៤ គេ​ទូល​ថា លោក​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សំបុត្រ​លះលែង ហើយ​ឲ្យ​លែង​ទៅ ៥ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ដែល​លោក​បាន​តែង​ច្បាប់​នោះ​ឲ្យ​អ្នក​រាល់​គ្នា គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹងរូស​ប៉ុណ្ណោះ ៦ ប៉ុន្តែ តាំង​ពី​ដើម​កំណើត​មនុស្ស​មក នោះ​ព្រះ​ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ៧ ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​តែង​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ៨ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​សុទ្ធ ៩ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស​ដែល​ព្រះ​បាន​ផ្សំផ្គុំ​គ្នា​ឡើយ ១០ កាល​កំពុង​នៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់ ពី​សេចក្តី​ដដែល​ម្តង​ទៀត ១១ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ដែល​នឹង​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ផិត​ប្រពន្ធ​ហើយ ១២ បើ​ស្ត្រី​ណា​លែង​ប្តី​ទៅ​យក​១​ទៀត នោះ​ក៏​ឈ្មោះ​ថា​បាន​ផិត​ប្តី​ដែរ។

ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​ក្មេងៗ

១៣ រួច​មាន​គេ​នាំ​ក្មេង​តូចៗ មក​ថ្វាយ​ទ្រង់​ពាល់ ប៉ុន្តែ ពួក​សិស្ស​បន្ទោស​ដល់​ពួក​អ្នក​ដែល​នាំ​វា​មក ១៤ កាល​ព្រះយេស៊ូវ​បាន​ឃើញ នោះ​ទ្រង់​គ្នាន់​ក្នុង​ព្រះហឫទ័យ ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ ១៥ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១​នេះ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ ១៦ ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។

អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់​កល្ប​ជានិច្ច

១៧ កាល​ទ្រង់​យាង​ចេញ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​រត់​មក លុត​ជង្គង់​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់​ទូល​សួរ​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​កល្ប​ជានិច្ច ១៨ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​សោះ មាន​តែ​១ គឺ​ជា​ព្រះ​ប៉ុណ្ណោះ ១៩ អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​គេ​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ កុំ​ឲ្យ​បំបាត់​គេ​ឲ្យ​សោះ ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង» ២០ តែ​គាត់​ទូល​ឆ្លើយ​ថា លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ ២១ ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គាត់ ដោយ​ស្រឡាញ់ ហើយ​មាន​ព្រះបន្ទូល​ថា អ្នក​នៅ​ខ្វះ​កិច្ច​១​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្តិ​នៅ​លើ​ស្ថានសួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ ២២ តែ​គាត់​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ឮ​ពាក្យ​នោះ ក៏​ចេញ​ទៅ​ទាំង​ក្តី​ទុក្ខ ព្រោះ​គាត់​មាន​សម្បត្តិ​ច្រើន​ណាស់។ ២៣ ព្រះយេស៊ូវ​ទ្រង់​ងាក​ទត​ជុំវិញ ហើយ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ដែល​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ នោះ​ពិបាក​ណាស់ ២៤ ឯ​ពួក​សិស្ស ក៏​នឹក​ស្ងើច​នឹង​ព្រះបន្ទូល​ទ្រង់ តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា កូន​អើយ ពួក​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ទ្រព្យសម្បត្តិ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ដោយ​ពិបាក​ណាស់ ២៥ បើ​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​វិញ ២៦ គេ​ក៏​មាន​សេចក្តី​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​បើ​ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ២៧ ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គេ មាន​ព្រះបន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ​ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន ២៨ នោះ​ពេត្រុស​ចាប់​តាំង​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ ២៩ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះសំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​និង​ដំណឹង​ល្អ ៣០ ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះសំបែង បង​ប្អូន​ប្រុស​ស្រី ម្តាយ​ហើយ​កូន និង​ស្រែ​ចំការ ព្រម​ទាំង​សេចក្តី​បៀតបៀន​ដែរ ហើយ​ដល់​បរលោក​នាយ នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជានិច្ច​ផង ៣១ តែ​នឹង​មាន​មនុស្ស​មុន​ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន​វិញ។

ព្រះយេស៊ូវ​ប្រកាស​ជា​លើក​ទី​បី​អំពី​ព្រះអង្គ​ចូល​ទិវង្គត

៣២ កំពុង​ដែល​ដើរ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​ព្រះយេស៊ូវ​យាង​មុខ​គេ ហើយ​ពួក​សិស្ស​មាន​ចិត្ត​វិលវល់ ក៏​ដើរ​តាម​ទ្រង់​ទៅ​ទាំង​ភ័យភិត ទ្រង់​ក៏​យក​ពួក​១២​មក​ម្តង​ទៀត ចាប់​តាំង​មាន​ព្រះបន្ទូល​ប្រាប់​អំពី​ការ​ដែល​ត្រូវ​កើត​មក​ដល់​ទ្រង់​ថា ៣៣ មើល យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឯ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ហើយ​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ៣៤ ពួក​នោះ​នឹង​ចំអក​មើលងាយ វាយ​នឹង​រំពាត់ ស្តោះ​ដាក់ ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ។

សំណូមពរ​របស់​លោក​យ៉ាកុប និង​លោក​យ៉ូហាន

៣៥ ខណៈ​នោះ យ៉ាកុប និង​យ៉ូហាន​ជា​កូន​សេបេដេ ក៏​មក​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្តី​សំណូម​របស់​យើង​ខ្ញុំ​ផង ៣៦ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​សំរេច​អ្វី​ឲ្យ​អ្នក ៣៧ គេ​ក៏​ទូល​ឆ្លើយ​ថា សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក ក្នុង​ស្ថាន​នៃ​សិរីល្អ​របស់​លោក ៣៨ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា អ្នក​មិន​យល់​សេចក្តី​ដែល​អ្នក​សូម​នោះ​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែងដែល​ខ្ញុំ​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ ៣៩ គេ​ទូល​ឆ្លើយ​ថា ទទួល​បាន នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​អំពី​ពែង​ខ្ញុំ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន ៤០ តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា​ដែល​ទី​នោះ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ ៤១ កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្តី​នោះ នោះ​គេ​ក៏​នឹក​តូច​ចិត្ត​នឹង​យ៉ាកុប ហើយ​និង​យ៉ូហាន ៤២ តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ៤៣ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ៤៤ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ ៤៥ ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារទីមេ​ឲ្យ​ភ្លឺ

៤៦ ខណៈ​នោះ ក៏​មក​ដល់​ក្រុង​យេរីខូរ ហើយ​កំពុង​ដែល​ទ្រង់​យាង​ចេញ​ពី​នោះ​ទៅ ព្រម​ទាំង​ពួក​សិស្ស និង​ហ្វូង​មនុស្ស​ជា​ធំ​ផង នោះ​មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទីមេ ជា​កូន​ទីមេ កំពុង​អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ ៤៧ កាល​គាត់​បាន​ឮ​ថា ជា​ព្រះយេស៊ូវ ពី​ណាសារ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះយេស៊ូវ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង ៤៨ មាន​មនុស្ស​ជា​ច្រើន​កំហែង​ឲ្យ​គាត់​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះអង្គ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ៤៩ នោះ​ព្រះយេស៊ូវ​ទ្រង់​ឈប់ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​គាត់​មក គេ​ក៏​ហៅ​មក ដោយ​ប្រាប់​ថា ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​ឯង ៥០ គាត់​បោះ​អាវ​ធំ​ចោល រួច​ស្ទុះ​ក្រោក​ឡើង ទៅ​ឯ​ព្រះយេស៊ូវ ៥១ ទ្រង់​មាន​ព្រះបន្ទូល​សួរ​គាត់​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក អ្នក​នោះ​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង ៥២ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ទៅ​ចុះ​សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ស្រាប់​តែ​ភ្នែក​ក៏​ភ្លឺ​ឡើង​ភ្លាម រួច​គាត់​ដើ​តាម​ទ្រង់​ទៅ។

ម៉ាកុស ១១

ព្រះយេស៊ូវ​យាង​ចូល​ក្រុង​យេរូសាឡិម

១ កាល​មក​ជិត​ដល់​ក្រុង​យេរូសាឡិម ដល់​ភូមិ​បេតផាសេ និង​បេថានី ទន្ទឹម​នឹង​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ២ ដោយ​ព្រះបន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ទៅ​ដល់ នោះ​នឹង​ឃើញ​កូន​លា​គេ​បាន​ចង​ទុក ដែល​ឥត​មាន​អ្នក​ណា​ទាន់​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​ដឹកនាំ​វា​មក ៣ បើ​អ្នក​ណា​សួរ​ថា ស្រាយ​វា​ធ្វើ​អ្វី នោះ​ត្រូវ​ឆ្លើយ​ថា ព្រះអម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ ៤ អ្នក​ទាំង​២​ក៏​ទៅ ឃើញ​កូន​លា​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ត្រង់​កន្លែង​ផ្លូវ​ប្រសព្វ រួច​ក៏​ស្រាយ​វា ៥ ឯ​ពួក​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​គេ​សួរ​ថា អ្នក​ស្រាយ​កូន​លា​ធ្វើ​អី ៦ អ្នក​ទាំង​នោះ​ឆ្លើយ​ប្រាប់ ដូច​ជា​ព្រះយេស៊ូវ​ទ្រង់​បង្គាប់ រួច​គេ​ក៏​បើក​ឲ្យ ៧ អ្នក​ទាំង​២​ដឹកនាំ​កូន​លា​មក​ឯ​ព្រះយេស៊ូវ រួច​ក្រាល​អាវ​លើ​វា ហើយ​ទ្រង់​ឡើង​គង់ ៨ មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ហើយ​ខ្លះ​ទៀត​កាច់​មែក​ឈើ យក​មក​រាយ​តាម​ផ្លូវ​ដែរ ៩ ឯ​ពួក​អ្នក​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសាណា ព្រះអង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ១០ រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​យើង​រាល់​គ្នា ដែល​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ក៏​ប្រកប​ដោយ​ព្រះពរ​ដែរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ១១ នោះ​ព្រះយេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម ក៏​ទៅ​ក្នុង​ព្រះវិហារ កាល​ទ្រង់​ទត​ជុំវិញ​មើល​សព្វ​គ្រប់​ទាំង​អស់​ហើយ នោះ​ក៏​យាង​ទៅ​ឯ​បេថានី ព្រម​ទាំង​ពួក​១២​ផង ដ្បិត​ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ។

ដើម​ល្វា​ត្រូវ​បណ្តាសា

១២ ថ្ងៃ​ស្អែក​ឡើង កាល​បាន​ចេញ​ពី​បេថានី​មក នោះ​ទ្រង់​ក៏​ឃ្លាន ១៣ ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ តែ​កាល​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​ស្លឹក​ទទេ ព្រោះ​មិន​ទាន់​ដល់​រដូវ​នៅ​ឡើយ ១៤ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ដើម​នោះ​ថា កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ ពួក​សិស្ស​ទ្រង់​ក៏​ឮ។ ១៥ ព្រះយេស៊ូវ ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូសាឡិម កាល​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​ហើយ នោះ​ក៏​តាំង​ដេញ​ពួក​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះវិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដែល​ដូរ​ប្រាក់ និង​ជើងម៉ា​នៃ​ពួក​អ្នក​លក់​ព្រាប ១៦ ក៏​មិន​ព្រម​ឲ្យ​អ្នក​ណា​លីសែង​អ្វី ដើរ​កាត់​ព្រះវិហារ​ឡើយ ១៧ ទ្រង់​បង្រៀន​គេ​ថា តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍» ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក ធ្វើ​ជា​រោង​ចោរវិញ ១៨ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​ឮ ហើយ​គេ​រក​ឱកាស​ធ្វើ​យ៉ាង​ណា​នឹង​បំផ្លាញ​ទ្រង់​ចេញ ដ្បិត​គេ​ខ្លាច​ទ្រង់ ដោយ​ព្រោះ​បណ្តា​មនុស្ស​ទាំង​អស់​គ្នា មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សេចក្តី​ដែល​ទ្រង់​បង្រៀន ១៩ ដល់​ល្ងាច ទ្រង់​យាង​ចេញ​ពី​ទី​ក្រុង​ទៅ។

ដើម​ល្វា​ងាប់

២០ លុះ​ព្រឹក​ឡើង កំពុង​ដែល​ដើរ​តាម​ផ្លូវ​ទៅ នោះ​ពួក​សិស្ស​ឃើញ​ដើម​ល្វា​នោះ​ស្វិត​ក្រៀម តាំង​តែ​ពី​ឫស​ឡើង ២១ ពេត្រុស​ក៏​នឹក​ឃើញ ហើយ​ទូល​ទ្រង់​ថា លោក​គ្រូ មើល​ដើម​ល្វា​ដែល​លោក​ដាក់​បណ្តាសា នោះ​ក្រៀម​ស្វិត​ទៅ​ហើយ ២២ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា ចូរ​មាន​សេចក្តី​ជំនឿ​ដល់​ព្រះ​ចុះ ២៣ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ចុះ ដោយ​ឥត​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿជាក់​ថា​សេចក្តី​អ្វី​ដែល​ខ្លួន​ថា នឹង​បាន​កើត​មក​ពិត នោះ​នឹង​បាន​ដូច​ប្រាថ្នា​គ្រប់​ជំពូក​ទាំង​អស់ ២៤ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​សេចក្តី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន ២៥ ហើយ​កាល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ហេតុ​អ្វី​នឹង​អ្នក​ណា នោះ​ត្រូវ​អត់​ទោស​ឲ្យ​គេ​សិន ដើម្បី​ឲ្យ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ បាន​អត់​ទោស​គ្រប់​ទាំង​សេចក្តី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ ២៦ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​មិន​អត់​ទោស​សេចក្តី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ។

អំណាច​របស់​ព្រះយេស៊ូវ

២៧ នោះ​ក៏​មក​ដល់​ក្រុង​យេរូសាឡិម​ម្តង​ទៀត រួច​កាល​ទ្រង់​កំពុង​តែ​យាង​ក្នុង​ព្រះវិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់ទុំ គេ​មក​ឯ​ទ្រង់ ២៨ ហើយ​ទូល​សួរ​ថា អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក​ធ្វើ ២៩ តែ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្តី​១​ដែរ ចូរ​ឆ្លើយ​ប្រាប់​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ស្គាល់​អំណាច​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ ៣០ ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថានសួគ៌ ឬ​ពី​មនុស្ស ចូរ​ឆ្លើយ​ប្រាប់​មក ៣១ នោះ​គេ​រិះគិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថានសួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់ ៣២ តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​ខ្លាច​ពួក​បណ្តាជន ដ្បិត​មនុស្ស​ទាំង​អស់​រាប់​យ៉ូហាន​នេះ​ទុក​ជា​ហោរា​មែន ៣៣ គេ​ក៏​ទូល​ឆ្លើយ​ថា យើង​មិន​ដឹង​ទេ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​អំណាច​អ្វី​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។

ម៉ាកុស ១២

ប្រស្នា​អំពី​អ្នក​ថែ​រក្សា​ចំការ​ទំពាំងបាយជូរ

១ ទ្រង់​ក៏​ចាប់​តាំង​មាន​ព្រះបន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ថា មាន​មនុស្ស​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំងបាយជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ និង​សង់​ប៉ម ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ ២ ដល់​រដូវ​ហើយ គាត់​ចាត់​បាវ​ម្នាក់​ទៅ​ឯ​ពួក​អ្នក​ធ្វើ​ចំការ ដើម្បី​នឹង​ទទួល​ផល​ខ្លះ​ពី​ពួក​អ្នក​ទាំង​នោះ ៣ តែ​គេ​ចាប់​បាវ​នោះ​វាយ ហើយ​ឲ្យ​ត្រឡប់​ទៅ​វិញ​ទទេ ៤ គាត់​ចាត់​បាវ​១​ទៀត​ឲ្យ​ទៅ​ឯ​គេ តែ​គេ​ចោល​បាវ​នោះ​នឹង​ថ្ម ទាំង​វាយ​ក្បាល ហើយ​បណ្តេញ​ឲ្យ​ទៅ​វិញ ទាំង​ជេរ​ប្រមាថ​ផង ៥ គាត់​ក៏​ចាត់​ម្នាក់​ទៀត តែ​គេ​សំឡាប់​អ្នក​នោះ​បង់ ក៏​បាន​ចាត់​ជា​ច្រើន​នាក់​ទៅ​ទៀត ខ្លះ​ត្រូវ​គេ​វាយ ខ្លះ​ត្រូវ​គេ​សំឡាប់​ចោល ៦ គាត់​នៅ​មាន​កូន​សំឡាញ់​តែ​១ ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​គេ​ក្រោយ​បង្អស់ ដោយ​គិត​ថា គេ​នឹង​កោតខ្លាច​ដល់​កូន​អញ ៧ តែ​ពួក​អ្នក​ធ្វើ​ចំការ​នោះ គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចេញ នោះ​មរដក​នេះ​នឹង​បាន​មក​លើ​យើង​រាល់​គ្នា​វិញ ៨ រួច​គេ​ចាប់​កូន​គាត់ សំឡាប់​បោះ​ចោល​ទៅ​ក្រៅ​ចំការ​ទៅ ៩ ដូច្នេះ តើ​ម្ចាស់​ចំការ​នឹង​ធ្វើ​ដូច​ម្តេច គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ ១០ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​បទ​គម្ពីរ​នេះ​ផង​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ១១ ការ​នោះ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ» ១២ គេ​ក៏​រក​ឱកាស​ចាប់​ទ្រង់ ព្រោះ​ដឹង​ថា ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស រួច​គេ​ដើរ​ចោល​ទ្រង់​បាត់​ទៅ។

អំពី​ពន្ធដារ

១៣ គេ​បាន​ចាត់​ពួក​ផារិស៊ី​ខ្លះ និង​ពួក​ហេរ៉ូឌ​ខ្លះ ទៅ​ឯ​ព្រះយេស៊ូវ ដើម្បី​នឹង​ចាប់​ព្រះបន្ទូល ១៤ អ្នក​ទាំង​នោះ​ក៏​មក​ឯ​ទ្រង់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​មិន​អំពល់​ដល់​អ្នក​ណា​សោះ ពី​ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​លោក​ទេ លោក​បង្រៀន​តែ​ពី​ផ្លូវ​ព្រះ តាម​សេចក្តី​ពិត​ប៉ុណ្ណោះ ដូច្នេះ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ ១៥ តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់ ប៉ុន្តែ​ទ្រង់​ស្គាល់​ពុត​មាយា​របស់​គេ ក៏​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ ចូរ​យក​ប្រាក់​កាក់​ធំ​មក​ឲ្យ​ខ្ញុំ​មើល ១៦ គេ​ក៏​យក​មក រួច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា រូប​នេះ និង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា គេ​ឆ្លើយ​ថា របស់​សេសារ ១៧ នោះ​ទ្រង់​តប​ទៅ​វិញ​ថា ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ គេ​ក៏​អស្ចារ្យ​នឹង​ទ្រង់។

អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

១៨ ឯ​ពួក​សាឌូស៊ី ដែល​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​ក៏​មក​ទូល​សួរ​ទ្រង់​ថា ១៩ លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា «បើ​បង​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ​ឥត​មាន​កូន នោះ​ត្រូវ​ឲ្យ​ប្អូន​យក​ប្រពន្ធ​គាត់ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន» ២០ ឥឡូវ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន ២១ ប្អូន​បន្ទាប់​ក៏​យក​នាង​នោះ ហើយ​ស្លាប់​ទៅ ឥត​មាន​កូន​ដែរ អ្នក​ទី​៣​ក៏​ដូច​គ្នា ២២ អ្នក​ទាំង​៧​នោះ​បាន​យក​នាង តែ​គ្មាន​កូន​១​សោះ ក្រោយ​បង្អស់​មក នាង​នោះ​ក៏​ស្លាប់​ទៅ​ដែរ ២៣ ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​ត្រូវ​បាន​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​នោះ ពី​ព្រោះ​អ្នក​ទាំង​៧​បាន​យក​នាង​គ្រប់ៗ​គ្នា ២៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា ដូច្នេះ អ្នក​រាល់​គ្នា​ភាន់ច្រឡំ​ទេ​តើ ពី​ព្រោះ​មិន​ស្គាល់​គម្ពីរ ឬ​ព្រះចេស្តា​នៃ​ព្រះ ២៥ ដ្បិត​កាល​ណា​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​មិន​ដែល​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៀត​ទេ គេ​បាន​ដូច​ជា​ទេវតា​នៅ​ស្ថានសួគ៌​វិញ ២៦ ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​គុម្ព​បន្លា ដែល​មាន​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ទេ​ឬ​អី   ដែល​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​លោក​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ២៧ ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​ភាន់ច្រឡំ​ខ្លាំង​ណាស់។

បញ្ញត្ត​សំខាន់​ជាង​គេ

២៨ នោះ​មាន​អាចារ្យ​ម្នាក់​ចូល​មក​ឮ​ជជែក​គ្នា ក៏​យល់​ឃើញ​ថា ទ្រង់​បាន​ឆ្លើយ​ត្រូវ​ចំ រួច​គាត់​ទូល​សួរ​ទ្រង់​ថា ក្នុង​បញ្ញត្ត​ទាំង​ប៉ុន្មាន តើ​មាន​បទ​ណា​សំខាន់​ជាង​គេ​ទាំង​អស់ ២៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា «ចូរ​ស្តាប់​ចុះ អ៊ីស្រាអែល​អើយ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះអម្ចាស់​តែ​១​ព្រះអង្គ​ទ្រង់ ៣០ ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១ ៣១ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ ៣២ អាចារ្យ​នោះ​ក៏​ទូល​ទ្រង់​ថា មែន​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ ៣៣ ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​បា្រជ្ញា អស់​ពី​ព្រលឹង និង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត និង​យញ្ញបូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត ៣៤ កាល​ព្រះយេស៊ូវ​បាន​ឃើញ​ថា គាត់​ឆ្លើយ​ដោយ​បា្រជ្ញា នោះ​ក៏​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា អ្នក​មិន​ឆ្ងាយ​ពី​នរគ​ព្រះ​ទេ រួច​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់​លើ​ស្តេច​ដាវីឌ

៣៥ កំពុង​ដែល​ព្រះយេស៊ូវ​បង្រៀន​ក្នុង​ព្រះវិហារ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ថា ព្រះគ្រីស្ទ​ជា​ព្រះវង្ស​ហ្លួង​ដាវីឌ ៣៦ ដ្បិត​ហ្លួង​ដាវីឌ​មាន​ព្រះបន្ទូល​ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា «ព្រះអម្ចាស់ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ព្រះអម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ខ្មាំងសត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ៣៧ ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ នោះ​ធ្វើ​ដូចមេ្តច​ឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ជា​ព្រះវង្ស​ទ្រង់​បាន ឯ​ហ្វូង​មនុស្ស​ដ៏​ធំ​នោះ គេ​ក៏​ស្តាប់​ទ្រង់​ដោយ​អំណរ។

ព្រះយេស៊ូវ​ប្រាប់​បណ្តាជន​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ

៣៨ កំពុង​ដែល​ទ្រង់​បង្រៀន នោះ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ចូល​ចិត្ត​ពាក់​អាវ​វែងៗ​ដើរ​ចុះ​ឡើង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ ៣៩ និង​អង្គុយ​ទី​មុខ​គេ​នៅ​សាលា​ប្រជុំ ហើយ​នៅ​កន្លែង​លេខ​១​ក្នុង​ការ​ស៊ីលៀង ៤០ គេ​ឆ​ស៊ី​ផ្ទះ​ស្រ្តី​មេម៉ាយ ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ដោះ​សា​ខ្លួន ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។

តង្វាយ​របស់​ស្ត្រី​មេម៉ាយ

៤១ គ្រា​នោះ ព្រះយេស៊ូវ​គង់​ទល់​មុខ​នឹង​ឃ្លាំង ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូចមេ្តច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន ៤២ តែ​មាន​ស្រ្តី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន ៤៣ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះបន្ទូល​ថា ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង ៤៤ ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្រ្តី​នេះ បាន​យក​ពី​សេចក្តី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

ម៉ាកុស ១៣

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​ការ​បំផ្លាញ​ព្រះវិហារ*

១ កាល​កំពុង​តែ​ចេញ​ពី​ព្រះវិហារ​មក នោះ​ពួក​សិស្ស​ទ្រង់​ម្នាក់​ទូល​ថា លោក​គ្រូ មើល​ន៏ ថ្ម ហើយ​និង​មន្ទីរ​ល្អ​ណាស់​ហ្ន៎ ២ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា តើ​ឃើញ​មន្ទីរ​ធំ​ទាំង​នេះ​ឬ​ទេ បន្តិច​ទៀត នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ ៣ រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​នឹង​ព្រះវិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ គេ​មក​ទូល​សួរ​ទ្រង់​ដោយឡែក​ថា ៤ សូម​ប្រាប់​យើង​ខ្ញុំ តើ​កាល​ណា​បាន​ការ​ទាំង​នេះ​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ដឹង ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​កើត​មក ៥ ព្រះយេស៊ូវ​ចាប់​តាំង​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ៦ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ គេ​ក៏​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ផង ៧ កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង ហើយ​ពី​សូរ​ចំបាំង នោះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ ៨ ពី​ព្រោះ​សាសន៍១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍១ នគរ​១​ទាស់​នឹង​នគរ​១ ក៏​នឹង​មាន​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ ហើយ​និង​មាន​អំណត់​នឹង​ចលាចល​កើត​ឡើង នេះ​ជា​ដើម​ចម​នៃ​សេចក្តី​ទុក្ខ​វេទនា​ទេ ៩ ប៉ុន្តែ ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ពី​ព្រោះ​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឯ​ក្រុមជំនុំ គេ​នឹង​វាយ​អ្នក​រាល់​គ្នា នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នាំ​ទៅ​ចំពោះ​ចៅហ្វាយ​ខេត្ត និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ១០ ឯ​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន ១១ ប៉ុន្តែ​កាល​ណា​គេ​នាំ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ជា​មុន​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ត្រូវ​និយាយ​តែ​សេចក្តី​ណា ដែល​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ឯង ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​តើ ១២ បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ហើយ​និង​សំឡាប់​គាត់​បង់ ១៣ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត។

គ្រា​មាន​ទុក្ខ​លំបាក​វេទនា

១៤ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្តី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ (អ្នក​ណា​ដែល​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ ១៥ កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ ចុះ​មក​ក្នុង​ផ្ទះ ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ផ្ទះ ១៦ ក៏​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ​ត្រឡប់​មក​វិញ និង​យក​សំលៀកបំពាក់​ខ្លួន​ឡើយ ១៧ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ ១៨ ត្រូវ​ឲ្យ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា​ឡើយ ១៩ ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​វេទនា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​លោកីយ៍ ដែល​ព្រះ​ទ្រង់​បាន​បង្កើត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ទេ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ផង ២០ បើ​ព្រះអម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ ដោយ​ព្រោះ​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង ២១ នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះគ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​ថា មើល ទ្រង់​គង់​នៅ​ទី​នុ៎ះ នោះ​កុំ​ឲ្យ​ជឿ​ឡើយ ២២ ដ្បិត​នឹង​មាន​ព្រះគ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់ ព្រម​ទាំង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន ២៣ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​អស់​ជា​មុន​ហើយ។

កូន​មនុស្ស​នឹង​យាង​មក​វិញ

២៤ ប៉ុន្តែ​នៅ​គ្រា​ក្រោយ​សេចក្តី​វេទនា​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ ២៥ អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃនឹង​ធ្លាក់​ចុះ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក ២៦ នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​ក្នុង​ពពក មាន​ទាំង​ព្រះចេស្តា​ជា​ខ្លាំង និង​សិរីល្អ​ផង ២៧ ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​ដែល​បាន​រើស​តាំង មក​ពី​ទិស​ទាំង​៤ តាំង​ពី​ទី​បំផុត​នៃ​ផែនដី​ម្ខាង រហូត​ដល់​ទី​បំផុត​នៃ​ផ្ទៃ​មេឃ។ ២៨ ប៉ុន្តែ​ត្រូវ​រៀន​សេចក្តី​ប្រៀប​ប្រដូច ពី​ដើម​ល្វា​ចុះ គឺ​កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ ២៩ ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នោះ​កើត​មក នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង ៣០ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​ពុំ​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នោះ​បាន​កើត​មក ៣១ ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ នឹង​មិន​ដែល​កន្លង​បាត់​ឡើយ ៣២ ឯ​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​បាន​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​ស្ថានសួគ៌ ឬ​ព្រះរាជបុត្រា​ក៏​មិន​ជ្រាប​ដែរ ជ្រាប​តែ​ព្រះវរបិតា​ប៉ុណ្ណោះ ៣៣ ចូរ​ប្រុង​ប្រយ័ត្ន ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ ៣៤ នេះ​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ចាក​ចោល​ផ្ទះ ចេញ​ពី​ស្រុក​ទៅ​ទី​ឆ្ងាយ ក៏​ប្រគល់​អំណាច​ដល់​ពួក​បាវ​ព្រាវ ព្រម​ទាំង​ដាក់​ការ​ឲ្យ​ធ្វើ​គ្រប់​គ្នា ហើយ​ផ្តាំ​អ្នក​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង ៣៥ ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​មិន​ដឹង​ជា​វេលា​ណា​ដែល​ម្ចាស់​ផ្ទះ​នឹង​មក​វិញ​ទេ ទោះ​បើ​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ព្រឹក​ក្តី ៣៦ ក្រែង​លោ​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់ ៣៧ ឯ​សេចក្តី​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ។

ម៉ាកុស ១៤

ការ​ឃុបឃិត​ចាប់​ព្រះយេស៊ូវ

១ ក្រោយ​២​ថ្ងៃ​មក នោះ​ជា​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ ឯ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​រក​ឱកាស​នឹង​ចាប់​ទ្រង់ ដោយ​ឧបាយកល ដើម្បី​នឹង​សំឡាប់​ទ្រង់​ចោល ២ តែ​គេ​ថា កុំ​ឲ្យ​ធ្វើ​ក្នុង​រវាង​បុណ្យ​ឡើយ ក្រែង​បណ្តាជន​កើត​កោលាហល។ ៣ កំពុង​ដែល​ទ្រង់​គង់​នៅ​តុ ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នៅ​ភូមិ​បេថានី នោះ​មាន​ស្ត្រី​ម្នាក់​កាន់​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ ៤ មាន​អ្នក​ខ្លះ​នឹក​តូច​ចិត្ត ហើយ​ថា តើ​មាន​ប្រយោជន៍​អ្វី​នឹង​ធ្វើ​បង្ខាត​ប្រេង​នេះ​ដូច្នេះ ៥ ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ជាង​៦០​រៀល ដើម្បី​ចែក​ទាន​ដល់​ពួក​អ្នក​ទ័លក្រ​វិញ គេ​ក៏​រទូរទាំ​នឹង​នាង ៦ ប៉ុន្តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ធ្វើ​នាង ហេតុ​អ្វី​បាន​ជា​នាំ​បង្អាក់​ចិត្ត​នាង​ដូច្នេះ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ ៧ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ នោះ​ចេះ​តែ​ធ្វើ​បាន តែ​ចំណែក​ខ្ញុំ មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ ៨ នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ និង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សំរាប់​កប់​ខ្មោច​ខ្ញុំ ៩ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទួទៅ គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​ហើយ​នេះ ទុក​សំរាប់​ជា​កេរ្តិ៍​នាង​ត​ទៅ។

យូដាស-អ៊ីស្ការីយ៉ុត​ក្បត់​ព្រះយេស៊ូវ

១០ ឯ​យូដាស-អ៊ីស្ការីយ៉ុត ជា​អ្នក​១​ក្នុង​ពួក​១២ វា​ក៏​ទៅ​ឯ​ពួក​សង្គ្រាជ ដើម្បី​នឹង​បញ្ជូន​ទ្រង់​ទៅ​គេ ១១ កាល​គេ​បាន​ឮ នោះ​ក៏​មាន​សេចក្តី​ត្រេកអរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា រួច​វា​ខំ​ស្វែង​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ​ដោយ​ស្រួល។

ព្រះយេស៊ូវ​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស

១២ នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ កាល​គេ​ត្រូវ​សំឡាប់​កូន​ចៀម ធ្វើ​បុណ្យ​រំលង នោះ​ពួក​សិស្ស​ទូល​ទ្រង់​ថា តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀបចំ​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា ១៣ ទ្រង់​ក៏​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​ព្រះបន្ទូល​ថា ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​មនុស្ស​ម្នាក់​លី​ក្អម​ទឹក​មក​ជួប​នឹង​អ្នក ចូរ​ឲ្យ​ដើរ​តាម​អ្នក​នោះ​ទៅ ១៤ នៅ​កន្លែង​ណា​ដែល​គាត់​ចូល ចូរ​អ្នក​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ណា​ដែល​លោក​នឹង​បរិភោគ​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​របស់​លោក ១៥ នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​ខាង​លើ​ដែល​រៀប​ជា​ស្រេច ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ ១៦ សិស្ស​ទ្រង់​២​នាក់​នោះ​ក៏​ចេញ​ទៅ ដល់​ទី​ក្រុង​ហើយ នោះ​ក៏​ឃើញ​ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល រួច​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។ ១៧ ដល់​ពេល​ល្ងាច​ហើយ ទ្រង់​យាង​មក ព្រម​ទាំង​ពួក​១២​នាក់ ១៨ កាល​កំពុង​តែ​អង្គុយ​បរិភោគ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នេះ នោះ​មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ ១៩ គេ​ក៏​តាំង​ព្រួយ​ចិត្ត ហើយ​ទូល​ទ្រង់​ម្តង​ម្នាក់ៗ​ថា តើ​ទូលបង្គំ​ឬ​អី រួច​ម្នាក់​ទៀត​ថា តើ​ទូលបង្គំ​ឬ​អី ២០ ព្រះយេស៊ូវ​ឆ្លើយ​ថា គឺ​ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ ២១ កូន​មនុស្ស​ត្រូវ​ទៅ​ពិត ដូច​ជា​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ស្រាប់ តែ​វេទនា​ដល់​មនុស្ស​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្សទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង។

ពិធី​ជប់លៀង​ចុង​ក្រោយ​បំផុត

២២ កាល​កំពុង​តែ​បរិភោគ នោះ​ព្រះយេស៊ូវ​ទ្រង់​យក​នំបុ័ង​ប្រទាន​ពរ​ឲ្យ រួច​កាច់​ប្រទាន​ដល់​គេ ដោយ​ព្រះបន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ២៣ នោះ​ទ្រង់​យក​ពែង​មក​អរ​ព្រះគុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា ២៤ ទ្រង់​មាន​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​ត្រូវ​ច្រួច​សំរាប់​មនុស្ស​ជា​ច្រើន ២៥ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំងបាយជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី នៅ​ក្នុង​នគរ​ព្រះ។ ២៦ រួច​កាល​បាន​ច្រៀង​ទំនុក​១​ហើយ នោះ​ក៏​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ

២៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ» ២៨ ប៉ុន្តែ​កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលីឡេ មុន​អ្នក​រាល់​គ្នា ២៩ តែ​ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ គង់​តែ​ទូលបង្គំ​មិន​ដូច្នោះ​ទេ ៣០ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ពេល​យប់​នេះ​ឯង មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ ៣១ តែ​គាត់​ប្រកែក​យ៉ាង​ខ្លាំង​លើស​ទៅ​ទៀត​ថា ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក្តី គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ដូច្នេះ​នោះ​ឡើយ ហើយ​ទាំង​អស់​ក៏​ថា​ដូច​គ្នា។

ព្រះយេស៊ូវ​អធិស្ឋាន​នៅ​ក្នុង​សួន​គែតសេម៉ានី

៣២ នោះ​ក៏​មក​ដល់​កន្លែង​ហៅ​ថា ច្បារ​គែតសេម៉ានី ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន ៣៣ ទ្រង់​ក៏​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ​ដែរ ទ្រង់​ចាប់​តាំង​មាន​ព្រះហឫទ័យ​ភាំង​ជា​ខ្លាំង ហើយ​តប់ប្រមល់​ណាស់ ៣៤ ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ​ចាំ​យាម​ចុះ ៣៥ រួច​កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច នោះ​ទ្រង់​ទំលាក់​ព្រះអង្គ ផ្កាប់​ព្រះភក្ត្រ​ចុះ​អធិស្ឋាន សូម​ឲ្យ​ពេល​វេលា​នេះបាន​កន្លង​ហួស​ពី​ទ្រង់​ទៅ បើ​សិន​ជា​បាន ៣៦ ទ្រង់​មាន​ព្រះបន្ទូល​ថា ឱ​អ័ប្បា ព្រះវរបិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះចេញ​ពី​ទូលបង្គំ​ផង ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សំរេច​តាម​ព្រះហឫទ័យ​ទ្រង់​វិញ ៣៧ ទ្រង់​ត្រឡប់​មក​វិញ ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់ ក៏​មាន​ព្រះបន្ទូល​ទៅ​ពេត្រុស​ថា អ្នក​ដេក​លក់​ឬ​អី តើ​នឹង​នៅ​ចាំ​យាម តែ​១​ម៉ោង​មិន​បាន​ឬ ៣៨ ចូរ​ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​នាំ​ចិត្ត​ឡើយ វិញ្ញាណ​ប្រុង​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ ៣៩ រួច​ទ្រង់​ចេញ​ទៅ​អធិស្ឋាន​ម្តង​ទៀត ដោយ​ព្រះបន្ទូល​ជា​សេចក្តី​ដដែល ៤០ កាល​ទ្រង់​បាន​យាង​ត្រឡប់​មក​វិញ នោះ​ក៏​ឃើញ​គេ​កំពុង​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ គេ​មិន​ដឹង​ខ្លួន​ជា​ទូល​ឆ្លើយ​នឹង​ទ្រង់​ថា​ដូច​ម្តេច​ទេ ៤១ ទ្រង់​បាន​យាង​មក​ជា​គំរប់​៣​ដង មាន​ព្រះបន្ទូល​ថា ឥឡូវ​នេះ នៅ​តែ​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ ប៉ុណ្ណឹង​ចុះ កំណត់​ដល់​ហើយ មើល កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ៤២ ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ វា​ជិត​មក​ដល់​ហើយ។

គេ​ចាប់​ព្រះយេស៊ូវ

៤៣ កំពុង​ដែល​ទ្រង់​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​មក​ដល់​ភ្លាម នាំ​ទាំង​ហ្វូង​មនុស្ស​ដ៏​ធំ ពី​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់ទុំ មក​ជា​មួយ​ផង ព្រម​ទាំង​កាន់​ដាវ កាន់​ដំបង ៤៤ អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​នាំ​ទៅ​ដោយ​ប្រយ័ត្នប្រយែង​ចុះ ៤៥ កាល​គេ​បាន​មក​ដល់ នោះ​វា​ចូល​ទៅ​ឯ​ទ្រង់​ភ្លាម ដោយ​ទូល​ថា លោក​គ្រូៗ​អើយ ហើយ​ក៏​ថើប​ទ្រង់ ៤៦ នោះ​គេ​លូក​ដៃ​ទៅ​ចាប់​ទ្រង់ ៤៧ តែ​មាន​ម្នាក់​ឈរ​ជិត​ខាង គាត់​ហូត​ដាវ​កាត់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ ៤៨ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ៤៩ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​បង្រៀន​ក្នុង​ព្រះវិហារ​រាល់​តែ​ថ្ងៃ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ​នេះ​ដើម្បី​នឹង​ធ្វើ​ឲ្យ​សំរេច​តាម​បទ​គម្ពីរ​ទេ ៥០ នោះ​ពួក​សិស្ស​ក៏​រត់​ចោល​ទ្រង់​ទាំង​អស់​គ្នា​ទៅ ៥១ មាន​មនុស្ស​កំឡោះ​ម្នាក់​ដែល​ដើរ​តាម​ទ្រង់ មាន​តែ​សំពត់​ទេសឯក​ព័ទ្ធ​នឹង​ខ្លួន ៥២ គេ​ក៏​ចាប់​គាត់ តែ​គាត់​រត់​រួច​ចោល​សំពត់​នោះ នៅ​តែ​ខ្លួន​ទទេ។

ព្រះយេស៊ូវ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

៥៣ គេ​ក៏​នាំ​ព្រះយេស៊ូវ​ទៅ​ដល់​សំដេច​សង្ឃ ឯ​ពួក​សង្គ្រាជ ពួក​ចាស់ទុំ ហើយ​ពួក​អាចារ្យ​ទាំង​អស់​គ្នា ក៏​ប្រជុំ​គ្នា​ឯ​លោក ៥៤ ចំណែក​ពេត្រុស គាត់​តាម​ទ្រង់​ទៅ​ពី​ចំងាយ រហូត​ដល់​ខាង​ក្នុង​ព្រះលាន​សំដេច​សង្ឃ ក៏​អង្គុយ​អាំង​ភ្លើង​ជា​មួយ​ពួក​អាជ្ញា។ ៥៥ ពួក​សង្គ្រាជ និង​ពួក​ក្រុមជំនុំ​ទាំង​អស់​គ្នា គេ​ប្រឹង​រក​ទី​បន្ទាល់​ទាស់​នឹង​ព្រះយេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់​បង់ តែ​រក​មិន​បាន​សោះ ៥៦ ក៏​មាន​មនុស្ស​ជា​ច្រើន មក​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ដែរ តែ​សេចក្តី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​សោះ ៥៧ នោះ​មាន​ខ្លះ​ឈរ​ឡើង ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ថា ៥៨ យើង​ខ្ញុំ​បាន​ឮ​វា​ថា ខ្ញុំ​នឹង​បំផ្លាញ​ព្រះវិហារ​នេះ ដែល​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​១​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ ៥៩ យ៉ាង​នោះ គង់​តែ​សេចក្តី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​ទៀត ៦០ ឯ​សំដេច​សង្ឃ ក៏​ឈរ​ឡើង​នៅ​កណ្តាល​ជំនុំ ដណ្តឹង​សួរ​ព្រះយេស៊ូវ​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្តី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច ៦១ តែ​ទ្រង់​នៅ​ស្ងៀម មិន​បាន​ឆ្លើយ​អ្វី​សោះ រួច​សំដេច​សង្ឃ​ពិចារណា​សួរ​ទ្រង់​ទៀត​ថា តើ​ឯង​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ពរ​ឬ​អី ៦២ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា គឺ​ខ្ញុំ​នេះ​ហើយ មួយ​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះចេស្តា ហើយ​ទាំង​មក​ក្នុង​ពពក​នៅ​លើ​មេឃផង ៦៣ នោះ​សំដេច​សង្ឃ​ក៏​ហែក​ព្រះពស្ត្រ​លោក ដោយ​ពាក្យ​ថា តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ទៀត ៦៤ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​នេះ​ហើយ ចុះ​តើ​គិត​ដូច​ម្តេច អ្នក​ទាំង​អស់​គ្នា​ក៏​កាត់​ទោស​ទ្រង់​ថា គួរ​ស្លាប់​ហើយ ៦៥ អ្នក​ខ្លះ​ចាប់​តាំង​ស្តោះ​ដាក់​ទ្រង់ ក៏​ខ្ទប់​ព្រះភក្ត្រ ហើយ​វាយ​ទ្រង់ រួច​ទូល​ប្រាប់​ថា ចូរ​ទាយ​ចុះ ឯ​ពួក​អាជ្ញា ក៏​ទះ​ទ្រង់​ដែរ។

លោក​ពេត្រុស​បដិសេធ​ថា​មិន​ស្គាល់​ព្រះយេស៊ូវ

៦៦ រីឯ​ពេត្រុស គាត់​នៅ​ក្នុង​ព្រះលាន​ឰដ៏​ខាង​ក្រោម ហើយ​មាន​បាវ​ស្រី​របស់​សំដេច​សង្ឃ​ម្នាក់​មក ៦៧ ឃើញ​ពេត្រុស​កំពុង​តែ​អាំង​ភ្លើង ក៏​សំឡឹង​មើល​គាត់ ហើយ​និយាយ​ថា អ្នក​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ពី​ណាសារ៉ែត​នេះ​ដែរ ៦៨ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ដឹង មិន​យល់​ជា​អ្នក​និយាយ​អ្វី​ទេ រួច​គាត់​ចេញ​ទៅ​ឯ​ទីធ្លា​ខាង​ក្រៅ នោះ​មាន់​តាំង​រងាវ​ឡើង ៦៩ បាវ​ស្រី​នោះ​ក៏​ឃើញ​គាត់​ម្តង​ទៀត ហើយ​ចាប់​តាំង​ប្រាប់​ដល់​ពួក​អ្នក ដែល​ឈរ​នៅ​ទី​នោះ​ថា អ្នក​នេះ​ជា​ពួក​គេ​ដែរ ៧០ គាត់​ប្រកែក​ម្តង​ទៀត រួច​ក្រោយ​បន្តិច​មក ពួក​អ្នក​ឈរ​នៅ​ទី​នោះ​និយាយ​ទៅ​ពេត្រុស​ថា ឯង​ប្រាកដ​ជា​ពួក​គេ​ដែរ ដ្បិត​ឯង​ជា​អ្នក​ស្រុក​កាលីឡេ ៧១ តែ​គាត់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ដែល​អ្នក​រាល់​គ្នា​និយាយ​ទេ ៧២ នោះ​មាន់​ក៏​រងាវ​ឡើង​ជា​គំរប់​២​ដង ពេត្រុស​ក៏​នឹក​ឃើញ​ពី​ព្រះបន្ទូល ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ កាល​គាត់​បាន​គិត​ពី​សេចក្តី​នោះ​ហើយ នោះ​ក៏​យំ។

ម៉ាកុស ១៥

ព្រះយេស៊ូវ​នៅ​មុខ​លោក​ពីឡាត់

១ ដល់​ព្រឹក​ឡើង កាល​ពួក​សង្គ្រាជ ពួក​ចាស់ទុំ និង​ពួក​អាចារ្យ ព្រម​ទាំង​ក្រុមជំនុំ​ទាំង​អស់​បាន​ប្រជុំ​ពិគ្រោះ​គ្នា នោះ​ក៏​ចង​ព្រះយេស៊ូវ នាំ​បញ្ជូន​ទៅ​ឯ​លោក​ពីឡាត់ ២ លោក​ពីឡាត់​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ៣ ឯ​ពួក​សង្គ្រាជ គេ​ចោទ​ប្រកាន់​ទ្រង់​ខ្លាំង​ណាស់ ៤ នោះ​លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ម្តង​ទៀត ដោយ​ពាក្យ​ថា តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ទេ​ឬ​អី មើល​រឿង​ជា​ច្រើន​ទាំង​ម៉្លេះ ដែល​គេ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក ៥ តែ​ព្រះយេស៊ូវ​ទ្រង់​ឥត​មាន​ឆ្លើយ​អ្វី​ទៀត​សោះ បាន​ជា​លោក​ពីឡាត់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

លោក​ពីឡាត់​កាត់​ទោស​ប្រហារ​ជីវិត​ព្រះយេស៊ូវ

៦ រីឯ​នៅ​បុណ្យ​នោះ លោក​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ តាម​ដែល​គេ​សូម ៧ គ្រា​នោះ មាន​ម្នាក់​ឈ្មោះ​បារ៉ាបាស ជាប់​គុក​ជា​មួយ​នឹង​ពួក​អ្នក​បះបោរ ជា​អ្នក​ដែល​បាន​សំឡាប់​គេ​ក្នុង​វេលា​បះ​នោះ ៨ ហ្វូង​មនុស្ស​ក៏​ចាប់​តាំង​ស្រែក​ឡើង សូម​លោក​បើក​ឲ្យ​ដល់​គេ ដូច​ជា​លោក​តែង​ធ្លាប់​ធ្វើ​មក ៩ លោក​ពីឡាត់​សួរ​គេ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​ដល់​អ្នក​រាល់​គ្នា​ឬ​អី ១០ នេះ​ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ទ្រង់ ដោយ​ឈ្នានីស​ទេ ១១ តែ​ពួក​សង្គ្រាជ​បាន​ញុះញង់​ហ្វូង​មនុស្ស ឲ្យ​សូម​ឲ្យ​លោក​លែង​បារ៉ាបាស​វិញ ១២ លោក​ពីឡាត់​ក៏​សួរ​គេ​ម្តង​ទៀត​ថា ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នឹង​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ ១៣ គេ​ស្រែក​ឡើង​ទៀត​ថា ចូរ​ឆ្កាង​វា​ទៅ ១៤ លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​គាត់​បាន​ធ្វើ​ខុស​អ្វី នោះ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ ១៥ ឯ​ពីឡាត់ លោក​ចង់​ធ្វើ​បំពេញ​ដល់​ចិត្ត​ហ្វូង​មនុស្ស​ដែរ បាន​ជា​លែង​បារ៉ាបាស​ដល់​គេ រួច​កាល​បាន​វាយ​ព្រះយេស៊ូវ​ដោយ​រំពាត់​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង។

ទាហាន​មើលងាយ និង​ធ្វើ​បាប​ព្រះយេស៊ូវ

១៦ ចំណែក​ពួក​ទាហាន ក៏​នាំ​ទ្រង់​ទៅ​ឯ​ទីធ្លា ជា​ទី​កាត់​ក្តី រួច​គេ​ហៅ​ពួក​កង​ទាហាន​ទាំង​អស់ ឲ្យ​មូល​គ្នា​មក ១៧ ក៏​យក​អាវ​ពណ៌​ស្វាយ​បំពាក់​ទ្រង់ ហើយ​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ ១៨ រួច​ចាប់​តាំង​សំពះ​ទូល​ទ្រង់​ថា ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា ១៩ គេ​ក៏​យក​ដើម​ត្រែង​វាយ​ព្រះសិរ ស្តោះ​ដាក់​ទ្រង់ ហើយ​លុត​ជង្គង់​ថ្វាយ​បង្គំ​ទ្រង់​ផង ២០ កាល​បាន​ចំអក​មើលងាយ​ទ្រង់​ស្រេច​ហើយ នោះ​គេ​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ ក៏​បំពាក់​ព្រះពស្ត្រ​ទ្រង់​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង ២១ គេ​ចាប់​អ្នក​ស្រុក​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​អ័លេក្សានត្រុស និង​រូភូស ដែល​ដើរ​តាម​ផ្លូវ​ចុះ​មក​ពី​ចំការ បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​ទ្រង់។

គេ​ឆ្កាង​ព្រះយេស៊ូវ

២២ គេ​នាំ​ទ្រង់​ទៅ​ដល់​កន្លែង​ហៅ​ថា «គាល់កូថា» ដែល​ស្រាយ​ថា​ភ្នំ​លលាដ៏​ក្បាល ២៣ នោះ​គេ​យក​ស្រា​ទំពាំងបាយជូរ លាយ​នឹង​ជ័រ​ល្វីងទេស ថ្វាយ​ទ្រង់​សោយ តែ​ទ្រង់​មិន​សោយ​ទេ ២៤ កាល​បាន​ឆ្កាង​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ព្រះពស្ត្រ​ទ្រង់​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ជា​អ្នក​ណា​ត្រូវ​បាន​អ្វី ២៥ ពេល​ដែល​គេ​ឆ្កាង​ទ្រង់ គឺ​ជា​ពេល​ម៉ោង​៩​ព្រឹក ២៦ គេ​សរសេរ​ប្រកាស​កាត់​ទោស​ទ្រង់​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា» ២៧ ហើយ​ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់ ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង ២៨ នោះ​បាន​សំរេច​តាម​បទ​គម្ពីរ​ដែល​ថា «គេ​បាន​រាប់​ទ្រង់​ជា​ពួក​អ្នក​ទទឹង​ច្បាប់»។ ២៩ ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​ជេរ​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា អើ ឯង​ដែល​បំផ្លាញ​ព្រះវិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ ៣០ ឥឡូវ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ដោយ​ចុះ​ពី​ឈើ​ឆ្កាង​មក ៣១ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា វា​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ឯ​ទៀត​បាន តែ​ពុំ​អាច​នឹង​សង្គ្រោះ​ចំពោះ​ខ្លួន​ឯង​បាន​ទេ ៣២ ចូរ​ឲ្យ​ព្រះគ្រីស្ទ ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​ចុះ ឲ្យ​យើង​បាន​ឃើញ ហើយ​ជឿ​ផង ឯ​២​នាក់​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ដៀល​ត្មះ​ទ្រង់​ដែរ។

ព្រះយេស៊ូវ​សោយ​ទិវង្គត

៣៣ ដល់​ម៉ោង​១២ នោះ​មាន​ងងឹត​ដាប​គ្រប​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល ៣៤ លុះ​វេលា​ម៉ោង​៣ នោះ​ព្រះយេស៊ូវ ទ្រង់​បន្លឺឧទាន​ជា​ខ្លាំង​ថា អេឡយៗ ល៉ាម៉ាសាបាច់ថានី គឺ​ស្រាយ​ថា ព្រះអង្គ​នៃ​ទូលបង្គំ​អើយ ឱ​ព្រះអង្គ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ ៣៥ អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ក៏​ឮ ហើយ​គេ​និយាយ​ថា មើល វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ ៣៦ រួច​ម្នាក់​រត់​ទៅ​យក​សារាយរំហួត​ជ្រលក់​ទឹកខ្មេះ​ជោក ដាក់​នឹង​ចុង​ដើម​ត្រែង​ហុច​ទៅ ថ្វាយ​ទ្រង់​សោយ ដោយ​ពោល​ថា ឈប់​សិន ចាំ​មើល តើ​លោក​អេលីយ៉ា​មក​បញ្ចុះ​វា​ឬ​ទេ។ ៣៧ រួច​ព្រះយេស៊ូវ ទ្រង់​ស្រែក​ជា​ខ្លាំង ហើយ​ក៏​ផុត​ដង្ហើម​ទៅ ៣៨ គ្រា​នោះ វាំងនន​ក្នុង​ព្រះវិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ដល់​ក្រោម ៣៩ ឯ​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​នឹង​ទ្រង់ គាត់​ឃើញ​ថា ទ្រង់​ស្រែក​ឡើង ហើយ​ផុត​ដង្ហើម​ទៅ​យ៉ាង​ដូច្នោះ ក៏​និយាយ​ថា មនុស្ស​នេះ​ប្រាកដ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន ៤០ ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​តាម​បំរើ​ព្រះយេស៊ូវ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ស្រុក​កាលីឡេ​នៅ​ឡើយ គេ​ឈរ​មើល​ពី​ចំងាយ ៤១ ក្នុង​ពួក​ស្ត្រី​ទាំង​នោះ គឺ​ម៉ារា​ពី​ស្រុក​ម៉ាក់ដាឡា​១ និង​ម៉ារា ជា​ម្តាយ​យ៉ាកុប​តូច និង​យ៉ូសេ​១ ហើយ​និង​សាឡូមេ​១ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ឯ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​ទ្រង់​ដែរ។

ការ​បញ្ចុះ​ព្រះសព​ព្រះយេស៊ូវ

៤២ មាន​ម្នាក់​ឈ្មោះ​យ៉ូសែប​នៅ​ស្រុក​អើរីម៉ាថេ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​ក្រុមជំនុំ ជា​អ្នក​រង​ចាំ​នគរ​ព្រះ​ដែរ អ្នក​នោះ​បាន​មក​ដល់ ក៏​ចូល​ទៅ​ឯ​លោក​ពីឡាត់ ដោយ​ចិត្ត​កា្លហាន សូម​ព្រះសព​ព្រះយេស៊ូវ ៤៣ ដោយ​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ គឺ​ជា​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ល្ងាច​ណាស់​ផង ៤៤ ឯ​លោក​ពីឡាត់ មាន​សេចក្តី​ឆ្ងល់​ពី​ទ្រង់​ដែល​សុគត​ជា​ឆាប់​ម៉្លេះ ក៏​ហៅ​មេ​ទ័ព​មក​សួរ​បញ្ជាក់ បើ​ទ្រង់​សុគត​ជា​យូរ​មក​ហើយ ឬ​ដូច​ម្តេច ៤៥ កាល​មេ​ទ័ព​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ហើយ នោះ​លោក​ក៏​អនុញ្ញាត​ឲ្យ​ព្រះសព​ដល់​យ៉ូសែប ៤៦ គាត់​ក៏​ទិញ​សំពត់​ទេសឯក រួច​ដាក់​ព្រះសព​ទ្រង់​ចុះ​មក រុំ​នឹង​សំពត់​នោះ នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​បាន​ដាប់​នៅ​ក្នុង​ថ្ម រួច​ប្រមៀល​ថ្ម​១​មក សន្ធប់​ខ្ទប់​មាត់​ផ្នូរ​ជិត ៤៧ ឯ​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា ជា​ម្តាយ​យ៉ូសេ គេ​ក៏​ឃើញ​កន្លែង​ដែល​បញ្ចុះ​ព្រះសព​ទ្រង់​ដែរ។

ម៉ាកុស ១៦

ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ

១ កាល​ផុត​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា ម៉ារា ជា​ម្តាយ​យ៉ាកុប និង​សាឡូមេ​បាន​នាំ​គ្នា​ទិញ​គ្រឿង​ក្រអូប ដើម្បី​នឹង​ទៅ​អប់​ព្រះសព​ទ្រង់ ២ ដល់​ព្រលឹម​ឡើង នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យនោះ កាល​ថ្ងៃ​ទើប​នឹង​រះ​ឡើង គេ​ក៏​ទៅ​ឯ​ផ្នូរ ៣ ព្រម​ទាំង​និយាយ​គ្នា​បណ្តើរ​ថា តើ​មាន​អ្នក​ណា នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង ៤ តែ​កាល​បាន​ងើប​មើល​ទៅ នោះ​ឃើញ​ថ្ម​បាន​ប្រមៀល​ចេញ​ហើយ (ថ្ម​នោះ​ធំ​ណាស់) ៥ លុះ​កាល​បាន​ចូល​ទៅ​ក្នុង​ផ្នូរ ក៏​ឃើញ​កំឡោះ​ម្នាក់ ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ហើយ​ស្ត្រី​ទាំង​នោះ​មាន​សេចក្តី​ភាំង​ស្លុត ៦ តែ​អ្នក​នោះ​និយាយ​ថា កុំ​ឲ្យ​ភ័យ​ឡើយ អ្នក​រាល់​គ្នា​មក​រក​ព្រះយេស៊ូវ ពី​ណាសារ៉ែត ដែល​ត្រូវ​ឆ្កាង ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល នេះ​ជា​កន្លែង​ដែល​គេ​បាន​ផ្តេក​ព្រះសព​ទ្រង់ ៧ ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង​ពេត្រុស​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូច​ជា​ទ្រង់​បាន​ប្រាប់​ទុក ៨ នោះ​គេ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ក្រៅ រត់​ចោល​ផ្នូរ​ទៅ ដោយ​កើត​មាន​សេចក្តី​ភ័យ​ញ័រ ទាំង​ស្រឡាំងកាំង គេ​មិន​បាន​និយាយ​អ្វី​ប្រាប់​ដល់​អ្នក​ណា​ឡើយ ព្រោះ​គេ​ខ្លាច។

ព្រះយេស៊ូវ​បង្ហាញ​ព្រះអង្គ​ឲ្យ​សិស្ស​ឃើញ

៩ រីឯ​កាល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១ ក្នុង​អាទិត្យ​នោះ​ឯង នោះ​ទ្រង់​ក៏​លេច​មក​មុន​ដំបូង ឲ្យ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​ឃើញ គឺ​ជា​ស្ត្រី​ដែល​ទ្រង់​បាន​បណ្តេញ​អារក្ស​៧​ឲ្យ​ចេញ​នោះ ១០ នាង​ក៏​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បាន​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ដែល​គេ​កំពុង​តែ​កាន់​ទុក្ខ ហើយ​យំ​សោក ១១ តែ​កាល​គេ​បាន​ឮ​ថា​ទ្រង់​រស់ ហើយ​ថា​នាង​បាន​ឃើញ​ទ្រង់ នោះ​គេ​មិន​ជឿ​ទេ ១២ ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​បែប​១​ទៀត ឲ្យ​ពួក​គេ​២​នាក់​ឃើញ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ដើរ​ទៅ​ឯ​ស្រុក​ស្រែ ១៣ អ្នក​ទាំង​២​នោះ​ក៏​ទៅ​ប្រាប់​ដល់​ពួក​គេ​ឯ​ទៀត តែ​គេ​នៅ​តែ​មិន​ជឿ​ទៀត ១៤ ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​ឲ្យ​ពួក​១១​នាក់​បាន​ឃើញ ក្នុង​កាល​ដែល​កំពុង​អង្គុយ​នៅ​តុ ហើយ​ទ្រង់​បន្ទោស​គេ ដោយ​ព្រោះ​មាន​ចិត្ត​រឹងរូស ហើយ​មិន​ជឿ ពី​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ពួក​អ្នក​ដែល​ឃើញ​ទ្រង់ ក្រោយ​ដែល​ទ្រង់​រស់​ឡើង​វិញ​នោះ​ទេ ១៥ ទ្រង់​ផ្តាំ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ ១៦ អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ នោះ​នឹង​ត្រូវ​ទោស​វិញ ១៧ ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី ១៨ និង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​មិន​ធ្វើ​ឲ្យ​អន្តរាយ​ទេ ហើយ​គេ​នឹង​ដាក់​ដៃ​លើ​មនុស្ស​ជំងឺ​ឲ្យ​បាន​ជា​ផង។ ១៩ ដូច្នេះ ក្រោយ​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​នឹង​គេ​រួច​ហើយ នោះ​ព្រះវរបិតា​បាន​ទទួល​ទ្រង់​ឡើង​ទៅ​ស្ថានសួគ៌​វិញ ឲ្យ​គង់​នៅ​ខាង​ស្តាំ ២០ ឯ​ពួក​សិស្ស គេ​ចេញ​ទៅ​ប្រកាស​ប្រាប់​នៅ​សព្វ​គ្រប់​អន្លើ ដោយ​មាន​ព្រះអម្ចាស់​ធ្វើ​ការ​ជា​មួយ ទាំង​បញ្ជាក់​ព្រះបន្ទូល ដោយ​ទី​សំគាល់​ដែល​កើត​មក​តាម​ក្រោយ​ផង។ អាម៉ែន។:៚

លូកា ១

១ មាន​មនុស្ស​ជា​ច្រើន បាន​ផ្តើម​តែង​រឿង ពី​អស់​ទាំង​ការ​ដែល​ពួក​យើង​ខ្ញុំ​បាន​ជឿជាក់ ២ ដូច​ជា​គេ​បាន​ប្រាប់​មក​យើង​ខ្ញុំ ដែល​គេ​បាន​ឃើញ​ការ​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ធ្វើ​ជា​អ្នក​បំរើ​ផ្សាយ​ព្រះបន្ទូល ៣ ហេតុ​នោះ​បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយ​លំដាប់​ដែរ ឱ​ព្រះតេជព្រះគុណ​ថេវភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់ចត់​ហើយ ៤ ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ពី​សេចក្តី​ពិត​នៃ​អស់​ទាំង​សេចក្តី ដែល​គេ​បាន​បង្រៀន​លោក។

ទេវតា​ជូន​ដំណឹង​អំពី​កំណើត​របស់​យ៉ូហាន-បាទីស្ទ

៥ កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលីសាបិត ជា​ពូជ​លោក​អើរ៉ុន ៦ អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិតក្រម និង​ច្បាប់​នៃ​ព្រះអម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ ៧ លោក​គ្មាន​កូន​សោះ ដ្បិត​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​ទាំង​ប្តី​ប្រពន្ធ​ក៏​ចាស់​ណាស់​ផង។ ៨ រីឯ​តាម​ទំលាប់​ការងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះអម្ចាស់ ៩ កាល​កំពុង​តែ​ធ្វើ​ការងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ តាម​វេន​លោក ១០ ហើយ​បណ្តា​មនុស្ស ដែល​នៅ​ខាង​ក្រៅ​កំពុង​តែ​អធិស្ឋាន នៅ​វេលា​ដុត​គ្រឿង​ក្រអូប ១១ នោះ​មាន​ទេវតា​នៃ​ព្រះអម្ចាស់​លេច​មក ឈរ​ខាង​ស្តាំ​នៃ​អាសនា​គ្រឿង​ក្រអូប​ឲ្យ​លោក​ឃើញ ១២ កាល​សាការី​ឃើញ​ទេវតា​ហើយ លោក​ក៏​ភាន់ភាំង ហើយ​កើត​មាន​សេចក្តី​ភ័យ​ខ្លាច ១៣ ប៉ុន្តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលីសាបិត ប្រពន្ធ​លោក នឹង​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា «យ៉ូហាន» ១៤ លោក​នឹង​មាន​សេចក្តី​រីករាយ និង​សេចក្តី​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អរ​សាទរ ក្នុង​កាល​ដែល​វា​កើត​មក​នោះ ១៥ ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះអម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំងបាយជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក ១៦ វា​នឹង​បង្វិល​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​ឯ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​គេ​វិញ ១៧ វា​នឹង​នាំ​មុខ​ទ្រង់ ដោយ​នូវ​វិញ្ញាណ ហើយ​និង​អំណាច​របស់​លោក​អេលីយ៉ា ដើម្បី​នឹង​បំបែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ពួក​ចចេស​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ប្រយោជន៍​នឹង​រៀបចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់​ព្រះអម្ចាស់ ១៨ សាការី​សួរ​ទេវតា​ថា តើ​ខ្ញុំ​នឹង​ដឹង​សេចក្តី​នោះ​បាន ដោយសារ​អ្វី ដ្បិត​ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ ១៩ ទេវតា​ឆ្លើយ​តប​នឹង​លោក​ថា ខ្ញុំ​នេះ ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ ២០ មើល​លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ពី​ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សំរេច​នៅ​វេលា​កំណត់​នោះ​ទេ។ ២១ ឯ​បណ្តា​មនុស្ស​គេ​នៅ​ចាំ​សាការី ក៏​នឹក​ប្លែក​ពី​លោក ដែល​នៅ​ក្នុង​ព្រះវិហារ​ជា​យូរ​ម៉្លេះ ២២ កាល​លោក​ចេញ​មក លោក​និយាយ​នឹង​គេ​មិន​បាន​ទេ គេ​ក៏​យល់​ឃើញ​ថា លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​ណា​មួយ នៅ​ក្នុង​ព្រះវិហារ​ជា​មិន​ខាន ដោយ​លោក​ធ្វើ​គ្រឿង​សំគាល់​ឲ្យ​ដឹង ហើយ​ក៏​នៅ​តែ​គ ២៣ កាល​វេលា​ដែល​ការងារ​លោក​បាន​សំរេច​ហើយ នោះ​លោក​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ២៤ គ្រា​ក្រោយ​នោះ អេលីសាបិត ជា​ប្រពន្ធ​លោក នាង​មាន​ផ្ទៃ​ពោះ រួច​ក៏​លាក់​ខ្លួន​នៅ​៥​ខែ ដោយ​ថា ២៥ ព្រះអម្ចាស់​ទ្រង់​បាន​ប្រោស​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ទ្រង់​ទត​មក​ខ្ញុំ ដើម្បី​នឹង​ដោះ​សេចក្តី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ នៅ​កណ្តាល​មនុស្ស​ចេញ។

ទេវតា​ជូន​ដំណឹង​អំពី​កំណើត​ព្រះយេស៊ូវ

២៦ កន្លង​៦​ខែ​ក្រោយ​នោះ​មក ព្រះ​ទ្រង់​ចាត់​ទេវតា​កាព្រីយ៉ែល ឲ្យ​ទៅ​ឯ​នាង​ព្រហ្មចារី​ម្នាក់ ដែល​នៅ​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ ២៧ ជា​ស្ត្រី​ដែល​បាន​បំរុង​ទុក​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ហ្លួង​ដាវីឌ នាង​នោះ​ឈ្មោះ​ម៉ារា ២៨ ទេវតា​ក៏​ចូល​មក​ឯ​នាង​ពោល​ថា ជំរាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះគុណ​អើយ ព្រះអម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្រ្តី​មាន​ពរ​ពិត ២៩ នាង​មាន​សេចក្តី​ភាំង ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះគិត​ក្នុង​ចិត្ត ពី​ពាក្យ​ជំរាប​សួរ​យ៉ាង​នោះ​មាន​ន័យ​ដូច​ម្តេច ៣០ តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​បាន​ប្រោស​មេត្តា​ដល់​នាង​ហើយ ៣១ មើល នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ៣២ បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ ៣៣ ទ្រង់​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់​កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ ៣៤ តែ​ម៉ារា​សួរ​ទេវតា​ថា ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង ដូច្នេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ការ​នេះ​សំរេច​បាន ៣៥ ទេវតា​ក៏​ឆ្លើយ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​ដូច្នេះ បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ៣៦ មើល ឥឡូវ​អេលីសាបិត ជា​ញាតិ​នាង ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​ការ​ដែល​ចាស់​ហើយ​ដែរ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ថា​ជា​ស្រ្តី​អារ នោះ​នាង​មាន​ផ្ទៃ​ពោះ​៦​ខែ​មក​ហើយ ៣៧ ដ្បិត​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ ៣៨ នោះ​ម៉ារា​និយាយ​ថា មើល ខ្ញុំ​នេះ​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សំរេច​ដូច​ពាក្យ​លោក​ចុះ រួច​ទេវតា​ក៏​ថយ​ចេញ​ពី​នាង​បាត់​ទៅ។

នាង​ម៉ារា​ទៅ​សួរ​សុខ​ទុក្ខ​នាង​អេលីសាបិត

៣៩ នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា ៤០ ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ជំរាប​សួរ​ដល់​អេលីសាបិត ៤១ កាល​អេលីសាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជំរាប​សួរ នោះ​កូន​ក៏​បង្រះ​នៅ​ក្នុង​ផ្ទៃ រួច​គាត់​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ៤២ ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្នុង​បណ្តា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង ៤៣ ដូច​ម្តេច​ហ្ន៎ បាន​ជា​ដល់​ទៅ​ព្រះមាតា​ព្រះអម្ចាស់​នៃ​ខ្ញុំ​ក៏​មក​សួរ​ដូច្នេះ​ដែរ ៤៤ ដ្បិត​មើល កាល​សំឡេង​នាង​ជំរាប​សួរ​ឮ​មក​ដល់​ត្រចៀក​ខ្ញុំ នោះ​កូន​នៅ​ក្នុង​ពោះ​ខ្ញុំ​ក៏​បង្រះ​ដោយ​សេចក្តី​អំណរ ៤៥ នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្តី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​នាង នោះ​នឹង​បាន​សំរេច​ជា​មិន​ខាន។

ទំនុកដំកើង​របស់​នាង​ម៉ារា

៤៦ រួច​ម៉ារា​និយាយ​ឡើង​ថា ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះអម្ចាស់ ៤៧ វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ ៤៨ ដ្បិត​ទ្រង់​បាន​ទត​មើល​សណ្ឋាន​ទាប​ថោក​របស់​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ មើល​ចុះ ពី​នេះ​ទៅ​មុខ គ្រប់​ទាំង​ដំណ​មនុស្ស​នឹង​រាប់​ខ្ញុំ​ថា ជា​អ្នក​មាន​ពរ ៤៩ ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះនាម​ទ្រង់​បរិសុទ្ធ ៥០ ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ដែល​គេ​កោតខ្លាច​ទ្រង់​ត​រៀង​ទៅ ៥១ ទ្រង់​បាន​សំដែង​ឫទ្ធិ ដោយ​ព្រះហស្ត​ទ្រង់ ព្រម​ទាំង​កំចាត់កំចាយ​មនុស្ស​អំនួត ដោយសារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ ៥២ ទាំង​ទំលាក់​ស្តេច​ពី​បល្ល័ង្ក​ចេញ ហើយ​លើក​មនុស្ស​រាបសា​ឡើង​វិញ ៥៣ ឯ​មនុស្ស​ឃ្លាន ទ្រង់​បាន​ចំអែត​ដោយ​របស់​ល្អ តែ​ពួក​អ្នក​មាន ទ្រង់​បាន​បណ្តេញ​ឲ្យ​ទៅ​ទទេ​វិញ ៥៤ ទ្រង់​បាន​ជួយ​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​បាន​នឹក​ចាំ​ពី​សេចក្តី​មេត្តាករុណា​ទ្រង់ ៥៥ ដូច​ជា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ​យើង គឺ​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក​ជា​រៀង​រាប​ដរាប​ត​មក ៥៦ ម៉ារា​ក៏​នៅ​ជា​មួយ​នឹង​អេលីសាបិត ប្រហែល​ជា​៣​ខែ ទើប​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ។

កំណើត​លោក​យ៉ូហាន-បាទីស្ទ

៥៧ រីឯ​ពេល​ដែល​អេលីសាបិត ត្រូវ​សំរាល​កូន ក៏​មក​ដល់ ហើយ​នាង​សំរាល​បាន​កូន​ប្រុស ៥៨ ចំណែក​ពួក​អ្នក​ជិត​ខាង និង​ញាតិ​សន្តាន​គាត់​ទាំង​ប៉ុន្មាន​ក៏​ឮ​ថា ព្រះអម្ចាស់​បាន​ចំរើន​សេចក្តី​មេត្តាករុណា​ដល់​គាត់ ហើយ​គេ​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ជា​មួយ​នឹង​គាត់ ៥៩ ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក ៦០ តែ​ម្តាយ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​ឲ្យ​ឈ្មោះ យ៉ូហាន វិញ ៦១ គេ​ឆ្លើយ​ទៅ​គាត់​ថា ក្នុង​ពួក​ញាតិ​សន្តាន​អ្នក គ្មាន​អ្នក​ណា​ដែល​មាន​ឈ្មោះ​នោះ​ទេ ៦២ គេ​ក៏​ធ្វើ​គ្រឿង​សំគាល់ សួរ​ដល់​ឪពុក តើ​លោក​ចង់​ឲ្យ​ឈ្មោះ​អ្វី​ដល់​កូន ៦៣ លោក​សូម​ក្តារខៀន​មក​សរសេរ​ថា វា​ឈ្មោះ​យ៉ូហាន នោះ​គេ​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ៦៤ ខណៈ​នោះ មាត់​លោក​បើក​ឡើង​ជា​១​រំពេច អណ្តាត​ក៏​រលាស់​បាន ហើយ​លោក​ពណ៌នា​សរសើរ​ដល់​ព្រះ ៦៥ ឯ​មនុស្ស​ដែល​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្តី​ភ័យ​ខ្លាច រួច​គេ​រ៉ាយរ៉ាប់​រឿង​នេះ​ទួទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា ៦៦ ហើយ​អស់​អ្នក​ដែល​ឮ ក៏​ទុក​តែ​ក្នុង​ពោះ​ដោយ​ថា ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី ព្រះហស្ត​ព្រះអម្ចាស់ក៏​នៅ​ជា​មួយ​នឹង​វា។

ទំនុកដំកើង​របស់​លោក​សាការី

៦៧ រីឯ​សាការី ជា​ឪពុក ក៏​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទាយ​ថា ៦៨ សូម​ឲ្យ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះគុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ៦៩ ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង ៧០ ដូច​ជា​ទ្រង់​មាន​ព្រះបន្ទូល ដោយ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់​តាំង​ពី​បុរាណ​មក ៧១ គឺ​ជា​សេចក្តី​សង្គ្រោះ ឲ្យ​រួច​ពី​ខ្មាំងសត្រូវ​យើង ហើយ​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ណា​ដែល​ស្អប់​យើង ៧២ ដើម្បី​នឹង​សំរេច​សេចក្តី​មេត្តាករុណា ដល់​ពួក​ឰយុកោ​យើង ហើយ​នឹង​នឹក​ចាំ ពី​សេចក្តី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់ ៧៣ គឺ​ជា​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​ថា ៧៤ នឹង​បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្តាប់​ដៃ​ពួក​ខ្មាំងសត្រូវ ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច ៧៥ ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​សុចរិត នៅ​ចំពោះ​ទ្រង់ អស់​១​ជីវិត​យើង ៧៦ ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះអម្ចាស់ ដើម្បី​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ ៧៧ ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្តី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប ៧៨ ដោយ​ព្រោះ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូសកាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់ ៧៩ ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ​សាន្ត​វិញ។ ៨០ រីឯ​ទារក​នោះ ក៏​កាន់​តែ​ធំ​ឡើង បាន​ចំរើន​កំឡាំង​ខាង​វិញ្ញាណ​ជា​ខ្លាំង​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោស្ថាន ដរាប​ដល់​ថ្ងៃ ដែល​បង្ហាញ​ខ្លួន ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ឃើញ។

លូកា ២

កំណើត​ព្រះយេស៊ូវ

១ នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះរាជឱង្ការ​១​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែនដីបាន​ចុះ​បញ្ចី ២ បញ្ជី​មុន​ដំបូង​នោះ បាន​ធ្វើ​នៅ​វេលា​ដែល​លោក​គីរេនាស ធ្វើ​ជា​ចៅហ្វាយ​នៅ​ស្រុក​ស៊ីរី ៣ មនុស្ស​ទាំង​អស់​ក៏​ទៅ​ឯ​ស្រុក​កំណើត​រៀង​ខ្លួន ដើម្បី​ចុះ​បញ្ជី ៤ ឯ​យ៉ូសែប គាត់​ក៏​ចេញ​ពី​ណាសារ៉ែត ស្រុក​កាលីឡេ ឡើង​ទៅ​ឯ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ​ដែល​ឈ្មោះ​ថា បេថ្លេហិម ពី​ព្រោះ​គាត់​ជា​ព្រះវង្ស ហើយ​ជា​ព្រះញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ ៥ ដើម្បី​នឹង​ចុះ​បញ្ជី​ជា​មួយ​នឹង​ម៉ារា ដែល​បាន​បំរុង​ទុក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់ ដែល​នាង​មាន​គភ៌​នោះ ៦ កាល​កំពុង​តែ​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់ ៧ ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ។

ទេវតា​ប្រកាស​អំពី​កំណើត​ព្រះយេស៊ូវ​ប្រាប់​ពួក​គង្វាល

៨ រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់ ៩ នោះ​មើល មាន​ទេវតា​នៃ​ព្រះអម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរីល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ១០ តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា ១១ ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ១២ ហើយ​នេះ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក ១៣ នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កកកុញ​ពី​ស្ថានសួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា ១៤ សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ ១៥ កាល​ពួក​ទេវតា​បាន​ឃ្លាត​ចេញ ហោះ​ទៅ​ស្ថានសួគ៌​វិញ​ហើយ នោះ​ពួក​អ្នក​គង្វាល​និយាយ​គ្នា​ថា ចូរ​យើង​ទៅ​ឯ​បេថ្លេហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង ១៦ គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប​នៅ​ទី​នោះ ព្រម​ទាំង​ព្រះឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង ១៧ កាល​បាន​ឃើញ​ហើយ នោះ​គេ​ក៏​រ៉ាយរ៉ាប់​រឿង ពី​សេចក្តី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះឱរស ១៨ ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក ១៩ តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត ២០ ឯ​ពួក​អ្នក​គង្វាល ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក។ ២១ លុះ​ដល់​គំរប់​៨​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះឱរស នោះ​គេ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ដែល​ទ្រង់​មក​ចាប់​ទំ​ផ្ទៃ។

ពិធី​ថ្វាយ​ព្រះឱរស​យេស៊ូវ​នៅ​ក្នុង​ព្រះវិហារ

២២ លុះ​ដល់​កំណត់ កាល​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ តាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ នោះ​ក៏​នាំ​យក​ព្រះឱរស​ទៅ​ឯ​ក្រុង​យេរូសាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះអម្ចាស់ ២៣ ដូច​ជា​មាន​កត់​ទុក​មក​ក្នុង​ក្រឹត្យវិន័យ​ព្រះអម្ចាស់​ថា «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះអម្ចាស់» ២៤ ហើយ​និង​ថ្វាយ​យញ្ញបូជា តាម​សេចក្តី​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ គឺ​ថា «លលក​១​គូ ឬ​ព្រាប​ជំទើរ​២»។ ២៥ នោះ​មើល នៅ​ក្រុង​យេរូសាឡិម មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​អ្នក​សុចរិត ដែល​កោតខ្លាច​ដល់​ព្រះ គាត់​រង់ចាំ​សេចក្តី​ដោះ​ទុក្ខ របស់​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់ ២៦ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ​ទាល់​តែ​បាន​ឃើញ​ព្រះគ្រីស្ទ​នៃ​ព្រះអម្ចាស់ ២៧ គាត់​ចូល​មក​ក្នុង​ព្រះវិហារ​ដោយ​នូវ​ព្រះវិញ្ញាណ រួច​កាល​មាតាបិតា​នាំ​យក​ព្រះយេស៊ូវ ជា​ឱរស​ចូល​មក ដើម្បី​ធ្វើ​តាម​ទំលាប់​ក្រឹត្យវិន័យ​ដល់​ទ្រង់ ២៨ នោះ​គាត់​ក៏​ទទួល​មក​បី ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា ២៩ ឥឡូវ​នេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បំរើ​ទ្រង់​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​ទ្រង់​ចុះ ៣០ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ផង​ទ្រង់ ៣១ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​បណ្តាជន​ទាំងឡាយ ៣២ ជា​ពន្លឺ​សំរាប់​បំភ្លឺ​ដល់​សាសន៍​ដទៃ ហើយ​ជា​សិរីល្អ របស់​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ៣៣ ឯ​យ៉ូសែប និង​មាតា​ទ្រង់ ក៏​អស្ចារ្យ​ពី​សេចក្តី​ទាំង​ប៉ុន្មាន ដែល​គេ​ថ្លែង​ពី​ទ្រង់។

ពាក្យ​ទំនាយ​របស់​លោក​ស៊ីម្មាន

៣៤ ស៊ីម្មាន​ក៏​ឲ្យ​ពរ ហើយ​និយាយ​ទៅ​ម៉ារា ជា​មាតា​ទ្រង់​ថា មើល បុត្រ​នេះ​បាន​តាំង​ឡើង សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង ៣៥ ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹងនាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សំដែង​ចេញ​មក។

ពាក្យ​ទំនាយ​របស់​ហោរា​ស្រី​អាណ

៣៦ ហើយ​មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​ផាញូអែល ក្នុង​ពូជ​អំបូរ​អេស៊ើរ គាត់​មាន​ប្តី​៧​ឆ្នាំ តាំង​តែ​ពី​ក្រមុំ​មក ឥឡូវ​នេះ​គាត់​ចាស់​ណាស់​ហើយ ៣៧ នៅ​ជា​មេម៉ាយ​ប្រហែល​ជា​៨៤​ឆ្នាំ ក៏​នៅ​តែ​ក្នុង​ព្រះវិហារ មិន​ដែល​ចេញ​ឡើយ គាត់​គោរព​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ការ​តម ហើយ​អធិស្ឋាន ៣៨ គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ក៏​អរ​ព្រះគុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះឱរស ដល់​អស់​អ្នក​ដែល​នៅ​រង់ចាំ​សេចក្តី​ប្រោស​លោះ​នៅ​ក្រុង​យេរូសាឡិម។

ព្រះឱរស​ត្រឡប់​ទៅ​ភូមិ​ណាសារ៉ែត​វិញ

៣៩ កាល​បាន​ធ្វើ​សំរេច​គ្រប់​ទាំង​អស់ តាម​ក្រឹត្យវិន័យ​ព្រះអម្ចាស់​ហើយ នោះ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ឯ​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ ៤០ ឯ​ព្រះឱរស ក៏​កាន់​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង មាន​កំឡាំង​ខាង​វិញ្ញាណ​រឹត​តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរពេញ ហើយ​ព្រះគុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង។

ព្រះកុមារ​យេស៊ូវ​នៅ​ក្នុង​ព្រះវិហារ

៤១ រីឯ​មាតាបិតា​ទ្រង់ តែង​តែ​ទៅ​ឯ​ក្រុង​យេរូសាឡិម នៅ​វេលា​បុណ្យ​រំលង រាល់​តែ​ឆ្នាំ ៤២ លុះ​ទ្រង់​មាន​ព្រះជន្ម​បាន​១២​ឆ្នាំ នោះ​ក៏​នាំ​គ្នា​ឡើង​ទៅ តាម​ទំលាប់​បុណ្យ ៤៣ តែ​ដល់​ថ្ងៃ​រួច​បុណ្យ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ត្រឡប់​ទៅ​វិញ នោះ​ព្រះកុមារ​យេស៊ូវ ទ្រង់​បាន​គង់​នៅ​ក្រុង​យេរូសាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប និង​មាតា​ទ្រង់ ឥត​បាន​ដឹង​ទេ ៤៤ ស្មាន​ថា ទ្រង់​គង់​នៅ​ក្នុង​ពួក​គេ ក៏​ដើរ​ទៅ​បាន​១​ថ្ងៃ ទើប​ចាប់ភ្លឹក​សួរ​រក​ទ្រង់ ក្នុង​ពួក​ញាតិ​សន្តាន និង​ពួក​អ្នក​ដែល​ស្គាល់​គ្នា ៤៥ កាល​មិន​ឃើញ នោះ​ក៏​ត្រឡប់​ទៅ​រក​ទ្រង់​ឯ​ក្រុង​យេរូសាឡិម​វិញ ៤៦ លុះ​កន្លង​ក្រោយ​មក​៣​ថ្ងៃ នោះ​ទើប​ឃើញ​ទ្រង់​គង់​នៅ​កណ្តាល​ពួក​អាចារ្យ​ក្នុង​ព្រះវិហារ កំពុង​តែ​ស្តាប់ ហើយ​និង​សួរ​គេ ៤៧ ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​និង​ពាក្យ​ចំឡើយ​របស់​ទ្រង់ ៤៨ លុះ​មាតាបិតា​បាន​ឃើញ​ទ្រង់ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ មើល ឪពុក​អ្នក និង​ម្តាយ បាន​ខំ​ដើរ​រក​អ្នក​ទាំង​ថប់​ព្រួយ ៤៩ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​ម្តាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះវរបិតា​នៃ​ខ្ញុំ​ទេ​ឬ​អី ៥០ តែ​គាត់​មិន​យល់​ពាក្យ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​នោះ​ទេ ៥១ ទ្រង់​ក៏​ចុះ​ទៅ​ឯ​ភូមិ​ណាសារ៉ែត ជា​មួយ​នឹង​គាត់​វិញ ហើយ​បាន​នៅ​ក្នុង​ឱវាទ​របស់​គាត់ ឯ​មាតា​ទ្រង់ បាន​កំណត់​រឿង​ទាំង​នោះ​ទុក​នៅ​តែ​ក្នុង​ចិត្ត ៥២ ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង។

លូកា ៣

លោក​យ៉ូហាន-បាទីស្ទ​ប្រៀន​ប្រដៅ​បណ្តាជន

១ នៅ​ឆ្នាំ​ទី​១៥ ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុនទាស-ពីឡាត់ ធ្វើ​ជា​ចៅហ្វាយ​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុរាជ​នៅ​ស្រុក​កាលីឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុរាជ​នៅ​ស្រុក​អ៊ីទូរេ និង​នៅ​ក្រវល់​ស្រុក​ត្រាខូនីត លីសានាស ជា​ស្តេច​អនុរាជ​នៅ​ស្រុក​អាប៊ីនលេ ២ ហើយ​ក្នុង​កាល​ដែល​លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​សំដេច​សង្ឃ នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​មក​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោស្ថាន ៣ គាត់​ក៏​ទៅ​ពេញ​ក្នុង​ស្រុក​ជុំវិញ​ទន្លេ​យ័រដាន់​ទាំង​អស់ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប ៤ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយថា «ជា​សំឡេង​មនុស្ស​ម្នាក់ ដែល​កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ ៥ គ្រប់​ទាំង​ច្រក​ភ្នំ​នឹង​បាន​លុប​ឲ្យ​ពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​បន្ទាប​ទៅ ផ្លូវ​ក្ងិចក្ងក់​នឹង​ទៅ​ជា​ត្រង់ ហើយ​ផ្លូវ​រដិបរដុប​នឹង​បាន​រាប​ស្មើ​ទៅ​វិញ ៦ នៅ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ព្រះ»។ ៧ គាត់​ក៏​ពោល​ដល់​មនុស្ស​ទាំង​ហ្វូង ដែល​មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ថា ឱ​ពូជ​ពស់វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ពី​សេចក្តី​ក្រោធ ដែល​ត្រូវ​មក​ដូច្នេះ ៨ បើ​ដូច្នេះ ចូរ​បង្កើត​ផល​ដែល​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ចុះ កុំ​ឲ្យ​ចាប់​តាំង​នឹក​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឰយុកោ​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ ៩ ប៉ុន្តែ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មាន​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ ១០ បណ្តា​មនុស្ស​ក៏​សួរ​គាត់​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច​វិញ ១១ គាត់​ឆ្លើយ​ថា អ្នក​ណា​ដែល​មាន​អាវ​២ ត្រូវ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ផង ហើយ​អ្នក​ណា​ដែល​មាន​ស្បៀង​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ ១២ មាន​ពួក​អ្នក​យក​ពន្ធ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក​ដែរ គេ​ក៏​សួរ​គាត់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច ១៣ គាត់​ឆ្លើយ​ថា កុំ​ឲ្យ​ទារ​ពន្ធ​ហួស​កំរិត​ដែល​បាន​កំណត់​មក​ឡើយ ១៤ ក៏​មាន​ពួក​ទាហាន​សួរ​គាត់​ដែរ​ថា ឯ​យើង​ខ្ញុំ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច គាត់​ឆ្លើយ​ថា កុំ​ឲ្យ​សង្កត់សង្កិន ឬ​ចោទ​បង្កាច់​អ្នក​ឯ​ណា​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។ ១៥ កាល​បណ្តា​មនុស្ស​នៅ​តែ​ចាំ​មើល ដោយ​រិះគិត​ក្នុង​ចិត្ត​ពី​ដំណើរ​យ៉ូហាន ដែល​គាត់​ជា​ព្រះគ្រីស្ទ​ឬ​មិន​មែន ១៦ នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា ឯ​ខ្ញុំៗ ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​ក៏​ពិត ប៉ុន្តែ​មាន​ព្រះ​១​អង្គ​មក ដែល​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌បាទ​ទ្រង់​ផង ព្រះអង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​និង​ភ្លើង​វិញ ១៧ ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​និង​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក​ទ្រង់ តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ១៨ នោះ​គាត់​ក៏​ប្រាប់​ដំណឹង​ល្អ​ដល់​បណ្តា​មនុស្ស ព្រម​ទាំង​ទូន្មាន​សេចក្តី​ជា​ច្រើន​ទៀត​ដែរ ១៩ ប៉ុន្តែ​កាល​គាត់​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុរាជ ពី​រឿង​ហេរ៉ូឌាស ជា​ភរិយា​របស់​អនុជ​ទ្រង់ ហើយ​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ទ្រង់​បាន​ធ្វើ ២០ នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​ទៀត គឺ​បាន​ចាប់​គាត់​ដាក់​គុក។

ព្រះយេស៊ូវ​ទទួល​ពិធី​ជ្រមុជទឹក

២១ លុះ​កាល​បណ្តាជន​ទាំង​ប៉ុន្មាន បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ព្រះយេស៊ូវ​ក៏​ទទួល​ដែរ រួច​កំពុង​ដែល​ទ្រង់​អធិស្ឋាន នោះ​ស្រាប់​តែ​មេឃ​របើក​ឡើង ២២ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប ក៏​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា ឯង​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។

បញ្ជី​រាយ​នាម​ព្រះឰយុកោ​របស់​ព្រះយេស៊ូវ

២៣ ឯ​ព្រះយេស៊ូវ កាល​ទ្រង់​ចាប់​តាំង​ប្រារព្ធ​ការ នោះ​ទ្រង់​មាន​ព្រះជន្ម​ប្រហែល​ជា​៣០​ឆ្នាំ ហើយ​តាម​ដែល​គេ​គិត​ស្មាន នោះ​ថា​ទ្រង់​ជា​កូន​យ៉ូសែប ដែល​ជា​កូន​ហេលី ២៤ ហេលី​ជា​កូន​ម៉ាត់ថាត់ៗ ជា​កូន​លេវីៗ ជា​កូន​ម៉ិលគីៗ ជា​កូន​យ៉ាណាយៗ ជា​កូន​យ៉ូសែប ២៥ យ៉ូសែប​ជា​កូន​របស់​ម៉ាតាធាសៗ ជា​កូន​ហាម៉ូសៗ ជា​កូន​ណាអ៊ូមៗ ជា​កូន​អែសលីៗ ជា​កូន​ណាកៃ ២៦ ណាកៃ ជា​កូន​ម៉ាអាតៗ ជា​កូន​ម៉ាតាធាសៗ ជា​កូន​សេម៉ីៗ ជា​កូន​យ៉ូសែបៗ ជា​កូន​យូដា ២៧ យូដា​ជា​កូន​យ៉ូអាណាន់ៗ ជា​កូន​រេសាៗ ជា​កូន​សូរ៉ូបាបិលៗ ជា​កូន​សាលធាលៗ ជា​កូន​នេរី ២៨ នេរី​ជា​កូន​ម៉ិលគីៗ ជា​កូន​អ័តឌីៗ ជា​កូន​កូសាមៗ ជា​កូន​អែលម៉ូដាម អែលម៉ូដាម ជា​កូន​អ៊ើរ ២៩ អ៊ើរ​ជា​កូន​យ៉ូសេៗ ជា​កូន​អេលាស៊ើរៗ ជា​កូន​យ៉ូរិមៗ ជា​កូន​ម៉ាត់ថាត់ៗ ជា​កូន​លេវី ៣០ លេវី​ជា​កូន​ស៊ីម្មានៗ ជា​កូន​យូដាៗ ជា​កូន​យ៉ូសែបៗ ជា​កូន​យ៉ូណានៗ ជា​កូន​អេលាគីម ៣១ អេលាគីម​ជា​កូន​មេលាសៗ ជា​កូន​ម៉ៃណានៗ ជា​កូន​ម៉ាតាថាៗ ជា​កូន​របស់​ណាថាន់ៗ ជា​កូន​ដាវីឌ ៣២ ដាវីឌ​ជា​កូន​អ៊ីសាយៗ ជា​កូន​អូបិឌៗ ជា​កូន​បូអូសៗ ជា​កូន​សាលម៉ូនៗ ជា​កូន​របស់​ណាសូន ៣៣ ណាសូន​ជា​កូន​អេមីន៉ាដាប់ៗ ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូមៗ ជា​កូន​ពេរេសៗ ជា​កូន​របស់​យូដា ៣៤ យូដា​ជា​កូន​យ៉ាកុបៗ ជា​កូន​អ៊ីសាកៗ ជា​កូន​អ័ប្រាហាំ អ័ប្រាហាំ​ជា​កូន​ថេរ៉ាៗ ជា​កូន​ណាឃរ ៣៥ ណាឃរ​ជា​កូន​សេរូកៗ ជា​កូន​រេហ៊ូវៗ ជា​កូន​ផាលេកៗ ជា​កូន​ហេប៊ើរៗ ជា​កូន​សេឡា ៣៦ សេឡា​ជា​កូន​កៃណានៗ ជា​កូន​របស់​អើប៉ាក់សាឌៗ ជា​កូន​សិមៗ ជា​កូន​ណូអេៗ ជា​កូន​ឡាមេក ៣៧ ឡាមេក​ជា​កូន​មធូសាឡាៗ ជា​កូន​ហេណុកៗ ជា​កូន​យ៉ារេឌៗ ជា​កូន​ម៉ាលេលាលៗ ជា​កូន​របស់​កៃណាន ៣៨ កៃណាន​ជា​កូន​អេណុសៗ ជា​កូន​សេតៗ ជា​កូន​អ័ដាមៗ ជា​កូន​ព្រះ។

លូកា ៤

ព្រះយេស៊ូវ​ឈ្នះ​ការ​ល្បួង

១ រីឯ​ព្រះយេស៊ូវ​ទ្រង់​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​វិល​ពី​ទន្លេ​យ័រដាន់​មក​វិញ នោះ​ព្រះវិញ្ញាណ​នាំ​ទៅ​នៅ​ទី​រហោស្ថាន ២ ទ្រង់​ត្រូវ​អារក្ស​ល្បួង​ក្នុង​រវាង​៤០​ថ្ងៃ មិន​បាន​សោយ​អ្វី​សោះ​នៅ​វេលា​នោះ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក ទ្រង់​ក៏​ឃ្លាន ៣ ហើយ​អារក្ស​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ ៤ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា មាន​សេចក្តី​ចែង​ទុក​មក​ថា «មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ងប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះ​វិញ»។ ៥ អារក្ស​ក៏​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ បង្ហាញ​នគរ​នៅ​លោកីយ៍​ទាំង​អស់​ក្នុង​១​ភ្លែត​នោះ ៦ ហើយ​ទូល​ថា ខ្ញុំ​នឹង​ឲ្យ​អំណាច និង​សិរី​លំអ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​ណា​ស្រេច​នឹង​ចិត្ត​ខ្ញុំ ៧ ដូច្នេះ បើ​អ្នក​ក្រាប​ថ្វាយ​បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក ៨ តែ​ព្រះយេស៊ូវ​ឆ្លើយ​តប​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ត្រូវ​ឲ្យ​ឯង​ថ្វាយ​បង្គំ​ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​១​ព្រះអង្គ​ប៉ុណ្ណោះ»។ ៩ រួច​វា​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​យេរូសាឡិម ដាក់​នៅ​លើ​កំពូល​ព្រះវិហារ ទូល​ថា បើ​អ្នក​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​ចុះ ១០ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​ទ្រង់ ពី​ដំណើរ​អ្នក​ឲ្យ​ថែ​រក្សា​អ្នក ១១ ទេវតា​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម» ១២ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា មាន​បទ​គម្ពីរ​ដែល​ថា «កុំ​ឲ្យ​ឯង​ល្បង​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ» ១៣ កាល​អារក្ស​បាន​ល្បួង​សព្វ​គ្រប់​ហើយ នោះ​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ ទាល់​តែ​មាន​ឱកាស​ទៀត។

ព្រះយេស៊ូវ​ចាប់​ផ្តើម​ផ្សាយ​ដំណឹង​ល្អ​នៅ​ស្រុក​កាលីឡេ អ្នក​ភូមិ​ណាសារ៉ែត​បដិសេធ​មិន​ព្រម​ទទួល​ព្រះអង្គ

១៤ ឯ​ព្រះយេស៊ូវ​ទ្រង់​វិល​ទៅ​ស្រុក​កាលីឡេ​វិញ ទាំង​មាន​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​ល្បី​ពី​ទ្រង់​សុសសាយ​ទួទៅ​ក្នុង​ស្រុក​នៅ​ជុំវិញ ១៥ ទ្រង់​បង្រៀន​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​ក៏​សរសើរដំកើង​ទ្រង់​ទាំង​អស់​គ្នា ១៦ រួច​ទ្រង់​យាង​មក​ដល់​ណាសារ៉ែត ជា​ស្រុក​ដែល​ទ្រង់​គង់​នៅ​ពី​កុមារ ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក តាម​ទំលាប់​ទ្រង់ ហើយ​ឈរ​ឡើង ដើម្បី​អាន​មើល​គម្ពីរ ១៧ គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ទ្រង់ កាល​ទ្រង់​បាន​បើក​គម្ពីរ​ហើយ នោះ​ទ្រង់​រក​ឃើញ​ត្រង់​កន្លែង​ដែល​មាន​សេចក្តី​ចែង​ទុក​មក​ថា ១៨ «ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច ១៩ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះអម្ចាស់​កំណត់​ទុក» ២០ កាល​ទ្រង់​បាន​បិទ​គម្ពីរ ប្រគល់​ដល់​អ្នក​រក្សា​សាលា​វិញ​ហើយ នោះ​ទ្រង់​ក៏​គង់​ចុះ ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​សាលា គេ​ក៏​សំឡឹង​មើល​ទ្រង់ ២១ ទ្រង់​ចាប់​តាំង​មាន​ព្រះបន្ទូល​ទៅ​គេ​ថា នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ ២២ គ្រប់​គ្នា​ជា​សាក្សី​ពី​ទ្រង់ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ព្រះបន្ទូល​ដ៏​ផ្អែម​ពីរោះ ដែល​ចេញ​ពី​ព្រះឱស្ឋ​ទ្រង់​មក ហើយ​គេ​និយាយ​ថា តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ​អី ២៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​ពាក្យ​ប្រៀប​នេះ​ដាក់​ខ្ញុំ​ថា គ្រូពេទ្យ​អើយ ចូរ​មើល​ខ្លួន​អ្នក​ឲ្យ​ជា​សិន​ចុះ ការ​អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើណិម នោះ​ចូរ​ធ្វើ​នៅ​ស្រុក​របស់​ខ្លួន​នេះ​ដែរ ២៤ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៀត​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​ហោរា​ណា​ដែល​គេ​រាប់​អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ ២៥ ខ្ញុំ​ក៏​និយាយ​បា្រកដ​នឹង​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​លោក​អេលីយ៉ា កាល​រាំង​៣​ឆ្នាំ​៦​ខែ ហើយ​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​ពេញ​ក្នុង​ស្រុក នោះ​មាន​មេម៉ាយ​ជា​ច្រើន នៅ​ស្រុក​អ៊ីស្រាអែល​ដែរ ២៦ តែ​ព្រះ​ទ្រង់​មិន​បាន​ចាត់​លោក​អេលីយ៉ា ឲ្យ​ទៅ​ឯ​មេម៉ាយ​ណា​មួយ​នោះ​សោះ គឺ​បាន​ចាត់​លោក​ទៅ​ឯ​ស្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​សារិបតា ក្នុង​ស្រុក​ស៊ីដូន​វិញ ២៧ ហើយ​នៅ​ជាន់​ហោរា​អេលីសេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រាអែល​ដែរ តែ​គ្មាន​អ្នក​ណា​មួយ បាន​ជា​ស្អាត​សោះ បាន​ជា​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​១​ប៉ុណ្ណោះ ២៨ កាល​ពួក​អ្នក​នៅ​ក្នុង​សាលា​ប្រជុំ បាន​ឮ​សេចក្តី​ទាំង​នោះ​ហើយ គេ​មាន​ពេញ​ដោយ​សេចក្តី​ក្រោធ ២៩ ក៏​ក្រោក​ឡើង ដេញ​ទ្រង់​ចេញ​ពី​ភូមិ បណ្តើរ​ទៅ​ដល់​ចំរែះ​នៅ​លើ​ភ្នំ​ដែល​គេ​បាន​ក​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ទំលាក់​ចុះ​ទៅ​ក្រោម ៣០ ប៉ុន្តែ​ទ្រង់​យាង​កាត់​កណ្តាល​ពួក​គេ​ចេញ​បាត់​ទៅ។

ព្រះយេស៊ូវ​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ម្នាក់

៣១ ទ្រង់​យាង​ចុះ​ទៅ​ដល់​កាពើណិម ជា​ទី​ក្រុង​ស្រុក​កាលីឡេ ក៏​តែង​តែ​បង្រៀន​គេ​រាល់​ថ្ងៃ​ឈប់​សំរាក ៣២ គេ​ក៏​នឹក​ប្លែក​ពី​សេចក្តី​ដែល​ទ្រង់​បង្រៀន​ណាស់ ពី​ព្រោះ​ទ្រង់​មាន​ព្រះបន្ទូល​ដោយ​អំណាច ៣៣ រីឯ​នៅ​ក្នុង​សាលា​នោះ មាន​មនុស្ស​ម្នាក់ ដែល​មាន​វិញ្ញាណ​អារក្សអសោច​ចូល វា​ស្រែក​ឡើង​ជា​ខ្លាំង​ថា ៣៤ ហ៊ឹះ នែ ព្រះយេស៊ូវ​ពី​ណាសារ៉ែត​អើយ តើ​យើង ហើយ​និង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ទ្រង់​ជា​ព្រះអង្គ​បរិសុទ្ធ​នៃ​ព្រះ ៣៥ ព្រះយេស៊ូវ​ក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ ៣៦ គ្រប់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ថា តើ​ពាក្យ​បែប​យ៉ាង​ណា​នេះ ដែល​លោក​បង្គាប់​ដល់​វិញ្ញាណ​អសោច ដោយ​អំណាច និង​ឫទ្ធិ​បាន ហើយ​វា​ក៏​ចេញ​ទៅ​ដូច្នេះ ៣៧ នោះ​ក៏​ឮ​ល្បី​ខ្ចរខ្ចាយ​ពី​ទ្រង់ សុសសាយ​ទៅ​គ្រប់​ទី​កន្លែង​ជុំវិញ។

ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា

៣៨ រួច​ទ្រង់​ក្រោក​ឡើង យាង​ចេញ​ពី​សាលា​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន រីឯ​ម្តាយ​ក្មេក​ស៊ីម៉ូន នាង​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​សូម​អង្វរ​ទ្រង់​ឲ្យ​នាង ៣៩ ទ្រង់​ក៏​ឈរ​ឈ្ងោក​ទៅ​នាង ទាំង​កំហែង​ដល់​គ្រុន នោះ​គ្រុន​ក៏​បាត់​ទៅ រួច​នាង​ក្រោក​ឡើង​ភ្លាម បំរើ​ដល់​ទាំង​អស់​គ្នា។ ៤០ ដល់​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង​ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ គេ​នាំ​អ្នក​ទាំង​នោះ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា ដោយ​ដាក់​ព្រះហស្ត​លើ ៤១ ក៏​មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ដែរ វា​ស្រែក​ឡើង​ថា ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ តែ​ទ្រង់​បន្ទោស ហាម​មិន​ឲ្យ​វា​និយាយ​សោះ ពី​ព្រោះ​វា​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ​ពិត។ ៤២ លុះ​ព្រឹក​ឡើង ទ្រង់​យាង​ចេញ​ទៅ​ឯ​កន្លែង​ស្ងាត់ ឯ​បណ្តា​មនុស្ស​គេ​តាម​រក​ទ្រង់ ក៏​មក​ដល់ ហើយ​ឃាត់​ទ្រង់ ដើម្បី​មិន​ឲ្យ​ទ្រង់​យាង​ចេញ​ពី​គេ​ឡើយ ៤៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ ដល់​អស់​ទាំង​ស្រុក​ឯ​ទៀត​ដែរ គឺ​ហេតុ​នោះ​បាន​ជា​ព្រះវរបិតា​ចាត់​ឲ្យ​ខ្ញុំ​មក ៤៤ ទ្រង់​ក៏​ប្រកាស​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​នៅ​ស្រុក​កាលីឡេ​ទួទៅ។

លូកា ៥

ព្រះយេស៊ូវ​ត្រាស់ហៅ​សិស្ស​បី​រូប

១ កាល​ទ្រង់​កំពុង​ឈរ នៅ​មាត់​សមុទ្រ​គេនេសារ៉ែត នោះ​មាន​មនុស្ស​កកកុញ​ប្រជ្រៀត​គ្នា​មក​ឯ​ទ្រង់ ដើម្បី​នឹង​ស្តាប់​ព្រះបន្ទូល ២ ហើយ​ទ្រង់​ទត​ឃើញ​ទូក​២​ចត​នៅ​មាត់​សមុទ្រ ដែល​ពួក​អ្នក​នេសាទ​បាន​ឡើង​ទៅ​លាង​អួន​ហើយ ៣ ទ្រង់​យាង​ចុះ​ទូក​១​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សូម​ឲ្យ​គាត់​ចេញ​ទូក​ពី​ដី​បន្តិច​ទៅ រួច​ទ្រង់​គង់​បង្រៀន​ដល់​បណ្តា​មនុស្ស​ពី​ក្នុង​ទូក​វិញ ៤ លុះ​ឈប់​អធិប្បាយ​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ស៊ីម៉ូន​ថា ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ ៥ ស៊ីម៉ូន​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ យប់​មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ តែ​ខ្ញុំ​នឹង​ទំលាក់​អួន តាម​ពាក្យ​លោក​មើល ៦ កាល​ទំលាក់​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ ៧ នោះ​គេ​បោយ​ដៃ​ហៅ​គូកន ដែល​នៅ​ក្នុង​ទូក​១​ទៀត ឲ្យ​មក​ជួយ​គ្នា គេ​ក៏​មក ហើយ​ចាប់​ដាក់​បាន​ពេញ​ទូក​ទាំង​២ ទាល់​តែ​ពៀប​ស្ទើរ​នឹង​លិច ៨ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​ក្រាប​នៅ​ទៀប​ព្រះជង្ឃ​ព្រះយេស៊ូវ ទូល​ថា ព្រះអម្ចាស់​អើយ សូម​ថយ​ចេញ​ពី​ទូលបង្គំ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​មាន​បាប ៩ គាត់​ទូល​ដូច្នោះ ដោយ​ហេតុ​គាត់ និង​ពួក​អ្នក​នៅ​ជា​មួយ នឹក​ស្ងើច​ក្នុង​ចិត្ត ពី​ត្រី​ដែល​បាន​ច្រើន​ដល់​ម៉្លោះ ១០ ហើយ​យ៉ាកុប និង​យ៉ូហាន ជា​កូន​សេបេដេ ដែល​ជា​ពួក​ហ៊ុន​នឹង​ស៊ីម៉ូន ក៏​ដូច្នោះ​ដែរ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ស៊ីម៉ូន​ថា កុំ​ខ្លាច​អី ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ ១១ រួច​កាល​ទូក​បាន​ដល់​គោក នោះ​គេ​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ទ្រង់​ទៅ។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា

១២ កាល​ព្រះយេស៊ូវ​គង់​នៅ​ក្នុង​ទី​ក្រុង​១ នោះ​មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ទាំង​ខ្លួន គាត់​ឃើញ​ទ្រង់ ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​ទូល​អង្វរ​ថា ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន ១៣ ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ដោយ​ព្រះបន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​ឃ្លង់​ចេញ​ពី​គាត់​ជា​១​រំពេច​ទៅ ១៤ រួច​ទ្រង់​ហាម​មិន​ឲ្យ​គាត់​ប្រាប់​ដល់​អ្នក​ណា​ឡើយ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​សង្ឃ​ពិនិត្យ​មើល ហើយ​ថ្វាយ​ដង្វាយ​ដោយ​ព្រោះ​បាន​ជា​ស្អាត​វិញ ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​ពួក​លោក ១៥ ប៉ុន្តែ ចេះ​តែ​ឮ​និយាយ​ពី​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ក៏​មាន​មនុស្ស​កកកុញ​មក​ស្តាប់​ផង ហើយ​ឲ្យ​ទ្រង់​បាន​ប្រោស​ជំងឺ​គេ​ឲ្យ​ជា​ផង ១៦ តែ​ទ្រង់​ថយ​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន​វិញ។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា

១៧ មាន​ថ្ងៃ​១ កាល​ទ្រង់​កំពុង​តែ​បង្រៀន នោះ​មាន​ពួក​ផារិស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ចេញ​ពី​គ្រប់​ទាំង​ភូមិ​ស្រុក​កាលីឡេ ស្រុក​យូដា និង​ក្រុង​យេរូសាឡិម គេ​មក​អង្គុយ​ស្តាប់ ហើយ​ព្រះចេស្តា​នៃ​ព្រះអម្ចាស់​ក៏​នៅ​ទី​នោះ បំរុង​នឹង​ប្រោស​គេ​ឲ្យ​ជា​ដែរ ១៨ នោះ​ឃើញ​មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ទៅ​ដាក់​នៅ​ចំពោះ​ទ្រង់ ១៩ តែ​ពុំ​បាន​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ នោះ​ក៏​ឡើង​ទៅ​លើ​ដំបូល សំរូត​គាត់​ទៅ ទាំង​ដេក​លើ​គ្រែ នៅ​កណ្តាល​ជំនុំ ចំពោះ​ព្រះយេស៊ូវ តាម​ប្រហោង​ដំបូល ២០ លុះ​ទ្រង់​បាន​ឃើញ​សេចក្តី​ជំនឿ​របស់​គេ​ដូច្នោះ ក៏​មាន​ព្រះបន្ទូល​ថា អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ២១ នោះ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ចាប់​តាំង​រិះគិត​គ្នា​ថា តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន ២២ តែ​ព្រះយេស៊ូវ​បាន​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះបន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រិះគិត​ក្នុង​ចិត្ត​ដូច្នេះ ២៣ ដ្បិត​ដែល​ថា បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ឬ​ថា ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង ២៤ ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (នោះ​ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ) ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ ២៥ គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ​ជា​១​រំពេច ហើយ​លើក​គ្រែ ដែល​បាន​ដេក ចេញ​ទៅ​ឯ​ផ្ទះ ទាំង​សរសើរដំកើង​ដល់​ព្រះ​បណ្តើរ ២៦ នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរដំកើង​ព្រះ ហើយ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចំឡែក​ណាស់​នៅ​ថ្ងៃ​នេះ។

ព្រះយេស៊ូវ​ត្រាស់ហៅ​លោក​លេវី

២៧ ក្រោយ​ការ​ទាំង​នោះ ទ្រង់​យាង​ចេញ​ទៅ ឃើញ​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​ទី​យក​ពន្ធ ទ្រង់​មាន​ព្រះបន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ឯ​ណេះ ២៨ គាត់​ក៏​ទុក​របស់​ទាំង​អស់​ចោល ក្រោក​តាម​ទ្រង់​ទៅ ២៩ លេវី​បាន​រៀប​ជប់លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង និង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ ៣០ ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​ឌុកដាន់​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​បរិភោគ ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ដូច្នេះ ៣១ តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ពួក​អ្នក​ជា​មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ ត្រូវ​ការ​តែ​ពួក​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ ៣២ ខ្ញុំ​មិន​បាន​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ។

អំពី​ការ​តម​អាហារ

៣៣ គេ​ទូល​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​យ៉ូហាន​តម ហើយ​អធិស្ឋាន​ជា​ញយៗ ដូច​ជា​សិស្ស​របស់​ពួក​ផារិស៊ី​ដែរ តែ​សិស្ស​លោក​តែង​តែ​បរិភោគ​ដូច្នេះ​វិញ ៣៤ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា កំពុង​ដែល​ប្តី​ថ្មោងថ្មី​នៅ​ជា​មួយ​គ្នា តើ​អាច​នឹង​ឲ្យ​ពួក​សំឡាញ់​គាត់​តម​អាហារ​បាន​ឬ​ទេ ៣៥ តែ​នឹង​មាន​ថ្ងៃ​មក​ដល់ កាល​ណោះ ប្តី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ គេ​នឹង​តម​វិញ ៣៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ជា​ពាក្យ​ប្រៀប​ប្រដូច​ថា គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​រហែក​ដល់​ទាំង​កំណាត់​ថ្មី​ដែរ ហើយ​កំណាត់​ដែល​យក​ពី​អាវ​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ផង ៣៧ ក៏​គ្មាន​អ្នក​ណា​ដែល​យក​ស្រា​ទំពាំងបាយជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំងបាយជូរ​ថ្មី នឹង​ទំលាយ​ថង់​ស្បែក​ហូរ​ចេញ​មក ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ផង ៣៨ តោង​តែ​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទាំង​២​យ៉ាង​នឹង​បាន​គង់​នៅ ៣៩ លុះ​កាល​បាន​ផឹក​ស្រា​ទំពាំងបាយជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​បាន​ថ្មី​ទេ ដ្បិត​គេ​ថា​ចាស់​ឆ្ងាញ់​ជាង។

លូកា ៦

ព្រះយេស៊ូវ​មាន​អំណាច​លើ​ថ្ងៃ​ឈប់​សំរាក

១ មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ទ្រង់​យាង​កាត់​ស្រែ ហើយ​ពួក​សិស្ស​បាន​បូត​គួរ​ស្រូវ​បរិភោគ ដោយ​ញី​នឹង​ដៃ ២ មាន​ពួក​ផារិស៊ី​ខ្លះ​ស្តី​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ ៣ តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​នេះ​ផង​ទេ​ឬ​អី គឺ​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ និង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន ៤ ដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ យក​នំបុ័ង​តាំង​ទុក​ទៅ​សោយ ទាំង​ចែក​ឲ្យ​ពួក​អ្នក​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​បរិភោគ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ ៥ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា កូន​មនុស្ស​ក៏​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សំរាក​ដែរ។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក

៦ នៅ​ថ្ងៃ​ឈប់​សំរាក​១​ទៀត ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ទី​នោះ​មាន​មនុស្ស​ម្នាក់ ដែល​ស្វិត​ដៃ​ខាង​ស្តាំ ៧ ឯ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ក៏​សំឡឹង​មើល ក្រែង​ទ្រង់​ប្រោស​ឲ្យ​គាត់​ជា​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ គឺ​ដើម្បី​នឹង​រក​រឿង​ចោទ​ប្រកាន់​ទ្រង់ ៨ តែ​ទ្រង់​ស្គាល់​គំនិត​គេ ក៏​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ ៩ កាល​គាត់​ក្រោក​ឈរ​ឡើង នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ ឬ​អាក្រក់ និង​សង្គ្រោះ​ជីវិត ឬ​បំផ្លាញ ១០ ទ្រង់​ក៏​ងាក​ជុំវិញ ទត​មើល​គេ​ទាំង​អស់​គ្នា រួច​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង ១១ គេ​មាន​សេចក្តី​ឃោរឃៅ​ពោរពេញ ក៏​ពិគ្រោះ​គ្នា​ពី​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ដល់​ព្រះយេស៊ូវ។

ព្រះយេស៊ូវ​ជ្រើសរើស​សាវ័ក​១២​រូប

១២ នៅ​គ្រា​នោះ ទ្រង់​ចេញ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ ដរាប​ទាល់​ភ្លឺ ១៣ លុះ​ភ្លឺ​ឡើង ទ្រង់​ហៅ​ពួក​សិស្ស​មក ក៏​រើស​យក​១២​នាក់ ដែល​ទ្រង់​ហៅ​ថា សាវ័ក ១៤ គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប​១ យ៉ូហាន​១ ភីលីព​១ បារថូល៉ូមេ​១ ១៥ ម៉ាថាយ​១ ថូម៉ាស​១ យ៉ាកុប ជា​កូន​អាល់ផាយ​១ ស៊ីម៉ូន ដែល​ហៅ​ជា​អ្នក​ឧស្សាហ៍​១ ១៦ និង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប​១ ហើយ​យូដាស-អ៊ីស្ការីយ៉ុត ដែល​ត្រឡប់​ជា​អ្នក​ក្បត់​១ ១៧ ទ្រង់​យាង​ចុះ​មក​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ក៏​ឈប់​នៅ​ត្រង់​កន្លែង​រាប​ស្មើ នោះ​មាន​សិស្ស​ទ្រង់​ជា​ច្រើន និង​បណ្តាជន​កកកុញ មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ក្រុង​យេរូសាឡិម ហើយ​ពី​ស្រុក​ទីរ៉ុស ស្រុក​ស៊ីដូន ដែល​នៅ​ក្បែរ​សមុទ្រ ដើម្បី​នឹង​ស្តាប់​ទ្រង់ ហើយ​ប្រយោជន៍​ឲ្យ​បាន​ជា​ជំងឺ​គេ​ផង ១៨ ក៏​មាន​មនុស្ស​អារក្សអសោច​ចូល​បាន​ជា​ដែរ ១៩ មនុស្ស​ទាំង​អស់​រក​ពាល់​ទ្រង់ ដ្បិត​មាន​ព្រះចេស្តា​ចេញ​ពី​ទ្រង់ មក​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។

ព្រះពរ និង​ទុក្ខ​វេទនា

២០ ទ្រង់​ងើប​ព្រះនេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស មាន​ព្រះបន្ទូល​ថា មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​អើយ ដ្បិត​នគរ​ព្រះ​ជា​របស់​ផង​អ្នក​រាល់​គ្នា ២១ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច​វិញ ២២ មាន​ពរ​ហើយ កាល​ណា​មនុស្ស​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាត់កាល់ ត្មះតិះដៀល ហើយ​ចោល​ឈ្មោះ​អ្នក​រាល់​គ្នា​ចេញ ទុក​ដូច​ជា​អាក្រក់ ដោយ​ព្រោះ​កូន​មនុស្ស ២៣ ចូរ​អ្នក​រាល់​គ្នា​អរ​សប្បាយ​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​លោតកញ្ឆេង​ចុះ ដ្បិត​មើល អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​យ៉ាង​ធំ នៅ​ឯ​ស្ថានសួគ៌ ឯ​ពួក​ឰយុកោ​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ ២៤ តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​សេចក្តី​កំសាន្ត​ចិត្ត​ក្នុង​សម័យ​នេះ ២៥ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត ដ្បិត​នឹង​ត្រូវ​ឃ្លាន​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​សើច​ក្នុង​ជាន់​ឥឡូវ​នេះ ដ្បិត​នឹង​កើត​ទុក្ខ​ព្រួយ ហើយ​យំ​សោក​វិញ ២៦ វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ពី​ព្រោះ​កាល​ពី​ដើម ពួក​ឰយុកោ​បាន​ប្រព្រឹត្ត​នឹង​ពួក​ហោរា​ក្លែងក្លាយ​យ៉ាង​ដូច្នោះ​ដែរ។

សេចក្តី​ស្រឡាញ់​ចំពោះ​ខ្មាំងសត្រូវ

២៧ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ ២៨ ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក ២៩ ឯ​អ្នក​ណា​ដែល​ទះ​កំផ្លៀង​អ្នក​ម្ខាង នោះ​ត្រូវ​បែរ​ម្ខាង​ទៅ​ឲ្យ​គេ​ទៀត ហើយ​បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក នោះ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​អ្នក​ផង​ឡើយ ៣០ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ផង​អ្នក នោះ​កុំ​ឲ្យ​ទារ​វិញ​ឡើយ ៣១ ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ ៣២ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្រឡាញ់​គេ​ដូច​គ្នា​ដែរ ៣៣ ហើយ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ចំពោះ​តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​នឹង​ខ្លួន​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ ៣៤ បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដែល​សង្ឃឹម​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ឲ្យ​មនុស្ស​មាន​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ដូច​ដើម​វិញ ៣៥ ចូរ​ស្រឡាញ់​ដល់​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​និង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ដែរ ៣៦ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តាករុណា ដូច​ជា​ព្រះវរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា​ដែរ។

កុំ​ថ្កោល​ទោស​អ្នក​ដទៃ

៣៧ កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ ៣៨ ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ។ ៣៩ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​ទៅ​គេ​ថា តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬ​ទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​២​នាក់​ទេ​ឬ​អី ៤០ សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ តែ​អ្នក​ណា​ដែល​បាន​គ្រប់​លក្ខណ៍ នោះ​នឹង​បាន​ដូច​ជា​គ្រូ​ដែរ ៤១ ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​ខ្លួន​វិញ​សោះ ៤២ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​ប្អូន​បាន​ថា ប្អូន​អើយ ឲ្យ​អញ​យក​កំទេច ពី​ភ្នែក​ឯង​ចេញ​ដូច្នេះ ឱ​អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​ប្អូន​អ្នក​បាន​ដែរ។

ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់

៤៣ ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា ដែល​មាន​ផល​ផ្លែ​អាក្រក់​ទេ ក៏​គ្មាន​ដើម​អាក្រក់​ណា ដែល​មាន​ផល​ផ្លែ​ល្អ​ដែរ ៤៤ ពី​ព្រោះ​គេ​ស្គាល់​ដើម​ឈើ​និមួយៗ ដោយសារ​តែ​ផ្លែ​ទេ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា ឬ​ផ្លែ​ទំពាំងបាយជូរ​ពី​អញ្ចាញ​ឡើយ ៤៥ ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្តី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្តី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច។

មនុស្ស​ពីរ​នាក់​សង់​ផ្ទះ

៤៦ ហេតុ​អ្វី​បាន​ជា​ហៅ​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​វិញ​ដូច្នេះ ៤៧ ឯ​អស់​អ្នក​ដែល​មក​ស្តាប់​ពាក្យ​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ធៀប​ដូច​ជា​អ្វី ៤៨ គឺ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ដាក់​ជើង​សសរ​នៅ​លើ​ថ្ម កាល​មាន​ទឹក​ជន់​ឡើង ហូរ​គំហុក​មក​ប៉ះ​នឹង​ផ្ទះ​នោះ នោះ​ធ្វើ​ឲ្យ​រញ្ជួយ​មិន​បាន​ឡើយ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ៤៩ តែ​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ឥត​ដាំ​ជើង​សសរ​សោះ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះ​ត្រូវ ផ្ទះ​នោះ​ក៏​រលំ​ទៅ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​ជា​ច្រើន​ផង។

លូកា ៧

ព្រះយេស៊ូវ​ប្រោស​អ្នក​បំរើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា

១ កាល​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ ឲ្យ​បណ្តាជន​ស្តាប់​រួច​ហើយ ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើណិម​វិញ ២ នោះ​មាន​បាវ​សំណប់​របស់​មេ​ទ័ព​ម្នាក់ វា​ឈឺ​ហៀប​នឹង​ស្លាប់ ៣ លោក​បាន​ឮ​និយាយ​ពី​ព្រះយេស៊ូវ ក៏​ចាត់​ពួក​ចាស់ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​អង្វរ​អញ្ជើញ​ទ្រង់​មក​ជួយ​សង្គ្រោះ​បាវ​នោះ ៤ កាល​គេ​បាន​ទៅ​ដល់​ព្រះយេស៊ូវ​ហើយ នោះ​ក៏​ទទូច​អង្វរ​ទ្រង់​ថា មេ​ទ័ព​នោះ​មាន​បំណាច់​ណាស់ គួរ​ឲ្យ​ប្រោស​មេត្តា​ដែរ ៥ ដ្បិត​គាត់​ស្រឡាញ់​ដល់​សាសន៍​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​១​សំរាប់​យើង​រាល់​គ្នា ៦ ព្រះយេស៊ូវ​ក៏​យាង​ទៅ​ជា​មួយ​នឹង​គេ កាល​ហៀប​នឹង​ដល់​ផ្ទះ​ហើយ នោះ​មេ​ទ័ព​ចាត់​ពួក​សំឡាញ់​ឲ្យ​មក​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ សូម​កុំ​ព្រួយ​ព្រះទ័យ​ឡើយ មិន​គួរ​នឹង​ឲ្យ​ទូលបង្គំ​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ ៧ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូលបង្គំ​មិន​បាន​រាប់​ខ្លួន​ថា គួរ​នឹង​មក​ឯ​ទ្រង់​ដែរ សូម​ទ្រង់​គ្រាន់​តែ​មាន​ព្រះបន្ទូល​១​ព្រះឱស​ប៉ុណ្ណោះ​ចុះ នោះ​បាវ​ទូលបង្គំ​បាន​ជា​ហើយ ៨ ដ្បិត​ទូលបង្គំ​នៅ​ក្រោម​អំណាច​គេ​ដែរ ក៏​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូលបង្គំ ទូលបង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ​ចុះ នោះ​វា​ក៏​ធ្វើ​តាម ៩ កាល​ព្រះយេស៊ូវ​បាន​ឮ​សេចក្តី​ទាំង​នោះ ទ្រង់​ក៏​មាន​សេចក្តី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់ រួច​ទ្រង់​បែរ​ទៅ មាន​ព្រះបន្ទូល​នឹង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្តី​ជំនឿ​ណា​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​បើ​នៅ​សាសន៍​អ៊ីស្រាអែល​ក៏​ដោយ ១០ ឯ​ពួក​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​បាវ​ដែល​ឈឺ​នោះ​បាន​ជា​ហើយ។ ព្រះយេស៊ូវ​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ ១១ ដល់​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ទៅ​ឯ​ក្រុង​១​ហៅ​ថា ណាអ៊ីន មាន​ទាំង​ពួក​សិស្ស និង​មនុស្ស​សន្ធឹក​ទៅ​ដែរ ១២ កាល​ចូល​ទៅ​ជិត​ដល់​ទ្វារ​កំផែង​ក្រុង នោះ​ឃើញ​គេ​សែង​ខ្មោច​ចេញ​មក ជា​ខ្មោច​កូន​តែ​១ ដែល​ម្តាយ​នៅ​មេម៉ាយ ហើយ​មាន​មនុស្ស​ក្រុង​នោះ​ជា​ច្រើន​ហែ​មក​ជា​មួយ​នឹង​គាត់ ១៣ កាល​ព្រះអម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ក្តួល​អាណិតអាសូរ​ដល់​គាត់​ណាស់ ក៏​មាន​ព្រះបន្ទូល​ថា កុំ​យំ​អី ១៤ រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង ១៥ អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្តាយ​វិញ ១៦ មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ ១៧ ពាក្យ​គេ​ថ្លែង​ពី​ទ្រង់​នេះ បាន​ឮ​សុសសាយ​ពេញ​ទួទៅ​ក្នុង​ស្រុក​យូដា និង​ស្រុក​នៅ​ជុំវិញ​ទាំង​អស់។

លោក​យ៉ូហាន-បាទីស្ទ​ចាត់​សិស្ស​ទៅ​ជួប​ព្រះយេស៊ូវ

១៨ ពួក​សិស្ស​យ៉ូហាន ក៏​ទៅ​ប្រាប់​គាត់​ពី​គ្រប់​ការ​ទាំង​នេះ ១៩ រួច​យ៉ូហាន​ហៅ​សិស្ស​គាត់​២​នាក់​មក ប្រើ​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូវ​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត ២០ កាល​អ្នក​ទាំង​២​នោះ​មក​ដល់ ក៏​ទូល​ទ្រង់​ថា លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​ទ្រង់​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត ២១ នៅ​វេលា​នោះ​ឯង ទ្រង់​បាន​ប្រោស​មនុស្ស​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​អារក្សអសោច​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ ២២ រួច​ទ្រង់​ក៏​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​ក៏​បាន​ឮ​ដំណឹង​ល្អ ២៣ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។ ២៤ កាល​សិស្ស​ដែល​យ៉ូហាន​ចាត់​ឲ្យ​មក បាន​ចេញ​ទៅ​ហើយ នោះ​ទ្រង់​ចាប់​តាំង​មាន​ព្រះបន្ទូល​នឹង​បណ្តា​មនុស្ស​ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ និង​ខ្យល់​ឬ​អី ២៥ តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ស្លៀកពាក់​អាវ​ទន់ភ្លន់​ឬ​អី មើល ពួក​អ្នក​ដែល​ស្លៀកពាក់​ល្អ​ប្រសើរ ហើយ​រស់​នៅ​ដោយ​រុងរឿង នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ ២៦ ចុះ​អ្នក​រាល់​គ្នា បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង ២៧ ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្តី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង» ២៨ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ពួក​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​ហោរា​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ព្រះ នោះ​ក៏​ធំ​ជាង​គាត់​ហើយ ២៩ ឯ​បណ្តាជន និង​ពួក​អ្នក​យក​ពន្ធ​ទាំង​ប៉ុន្មាន ដែល​ស្តាប់​យ៉ូហាន គេ​ក៏​រាប់​ព្រះ​ថា​ជា​សុចរិត ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ពី​គាត់ ៣០ តែ​ពួក​ផារិស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ គេ​បាន​លើក​ព្រះដំរិះ ដែល​តម្រូវ​ដល់​គេ​ចោល​ចេញ ដោយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​វិញ ៣១ នោះ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី តើ​គេ​ដូច​ជា​អ្វី ៣២ គឺ​គេ​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង​តែ​ឯង​មិន​បាន​យំ​សោះ ៣៣ ដ្បិត​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិភោគ​បាយ ឬ​ស្រា​ទំពាំងបាយជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា គាត់​មាន​អារក្ស​ចូល ៣៤ ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិភោគ​វិញ ហើយ​អ្នក​រាល់​គ្នា​ថា មើល នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​និង​មនុស្ស​មាន​បាប ៣៥ ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត​ទាំង​ប៉ុន្មាន។

ព្រះយេស៊ូវ​លើក​លែង​ទោស​ឲ្យ​ស្ត្រី​មាន​បាប​ម្នាក់

៣៦ មាន​ពួក​ផារិស៊ី​ម្នាក់​ទូល​សូម​ទ្រង់ ឲ្យ​សោយ​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ ក្នុង​ផ្ទះ​គាត់ ៣៧ ហើយ​មើល នៅ​ក្រុង​នោះ​មាន ស្ត្រី​ម្នាក់​ដែល​មាន​បាប នាង​បាន​ដឹង​ថា ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​អ្នក​ផារិស៊ី​នោះ ក៏​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​មក ៣៨ នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះបាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង ៣៩ កាល​ពួក​ផារិស៊ី​ម្នាក់​ដែល​អញ្ជើញ​ទ្រង់​មក បាន​ឃើញ​ដូច្នោះ ក៏​គិត​ក្នុង​ចិត្ត​ថា បើ​អ្នក​នេះ​ជា​ហោរា​មែន នោះ​នឹង​ស្គាល់​ស្ត្រី​ដែល​ពាល់​ខ្លួន ហើយ​ដឹង​ថា​ជា​មនុស្ស​យ៉ាង​ណា ព្រោះ​នាង​ជា​មនុស្ស​មាន​បាប ៤០ ព្រះយេស៊ូវ​ក៏​មាន​ព្រះបន្ទូល​ថា ស៊ីម៉ូន​អើយ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​បន្តិច គាត់​ក៏​ឆ្លើយ​ថា សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ ៤១ ទ្រង់​មាន​ព្រះបន្ទូល​ថា មាន​២​នាក់​ជំពាក់​អ្នក​ចង​ការ​ម្នាក់ អ្នក​១ ជំពាក់​១០០​រៀល អ្នក​១​ទៀត​១០​រៀល ៤២ ដោយ​ព្រោះ​គេ​គ្មាន​អ្វី​នឹង​សង បាន​ជា​គាត់​លែង​ទារ​ពី​អ្នក​ទាំង​២​ទៅ ដូច្នេះ​ក្នុង​២​នាក់​នោះ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជា​ជាង ៤៣ ស៊ីម៉ូន​ទូល​ឆ្លើយ​ថា ខ្ញុំ​ស្មាន​ថា​ជា​អ្នក​មួយ​ដែល​ជំពាក់​ច្រើន​ជាង​នោះ​ឯង ទ្រង់​ក៏​មាន​ព្រះបន្ទូល​តប​ថា អ្នក​ស្មាន ត្រូវ​ហើយ ៤៤ រួច​ទ្រង់​បែរ​ទៅ​ឯ​ស្ត្រី​នោះ តែ​មាន​ព្រះបន្ទូល​នឹង​ស៊ីម៉ូន​ថា អ្នក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​សំរាប់​លាង​ជើង​ខ្ញុំ​ទេ តែ​នាង​បាន​សំរក់​ទឹក​ភ្នែក​ទទឹក​ជើង​ខ្ញុំ ហើយ​យក​សក់​ជូត​ផង ៤៥ អ្នក​មិន​បាន​ថើប​ខ្ញុំ​សោះ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​ដោយ​ស្រឡាញ់ ៤៦ អ្នក​មិន​បាន​យក​ប្រេង​លាប​ក្បាល​ខ្ញុំ​សោះ តែ​នាង​យក​ប្រេង​ក្រអូប​មក​លាប​ជើង​ខ្ញុំ​វិញ ៤៧ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​ថា បាប​នាង​ដែល​មាន​ច្រើន​ទាំង​ម៉្លេះ បាន​អត់​ទោស​ឲ្យ​នាង​ហើយ ដ្បិត​នាង​មាន​សេចក្តី​ស្រឡាញ់​ជា​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គេ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច ៤៨ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​នាង​ថា បាប​នាង​បាន​អត់​ទោស​ឲ្យ​នាង​ហើយ ៤៩ ឯ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ ជា​មួយ ក៏​ចាប់​តាំង​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​នេះ​ជា​អ្វី​ដែល​អត់​ទោស​បាប​បាន​ផង​ដូច្នេះ ៥០ តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ស្ត្រី​នោះ​ថា សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ។

លូកា ៨

ស្រ្តីៗ​ដែល​បំរើ​ព្រះយេស៊ូវ

១ ក្រោយ​នោះ​មក​ទៀត ទ្រង់​យាង​ទៅ​ប្រដៅ​ក្នុង​គ្រប់​ក្រុង​គ្រប់​ភូមិ​ជា​មួយ​នឹង​ពួក​១២​នាក់ ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ ២ ក៏​មាន ស្ត្រី​ខ្លះ​ដែល​បាន​ជា​ពី​អារក្សអសោច ហើយ​ពី​ជំងឺ​ផ្សេងៗ​បាន​ទៅ​ជា​មួយ​ដែរ គឺ​មាន​ម៉ារា ហៅ​ថា​អ្នក​ស្រុក​ម៉ាក់ដាឡា ដែល​មាន​អារក្ស​៧​ចេញ​ពី​នាង​១ ៣ និង​យ៉ូអាន់ ជា​ប្រពន្ធ​ឃូសា មហាតលិក​ស្តេច​ហេរ៉ូឌ​១ ស៊ូសាន​១ ហើយ​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​ដែរ ដែល​យក​ទ្រព្យ​ខ្លួន​មក​ជួយ​ទ្រង់។

ប្រស្នា​អំពី​គ្រាប់​ពូជ

៤ កាល​មាន​មនុស្ស​មក​ពី​គ្រប់​ស្រុក ប្រជុំ​គ្នា​ឯ​ទ្រង់​ជា​ណែនណាន់តាន់តាប់​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ដោយ​ពាក្យ​ប្រៀប​ប្រដូច​ថា ៥ «មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី ៦ ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ថ្ម កាល​ពន្លក​ឡើង នោះ​ក៏​ក្រៀម​ស្វិត​ទៅ ពី​ព្រោះ​គ្មាន​ធាតុ​សើម​សោះ ៧ មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លា បន្លា​ក៏​ដុះ​ឡើង​ជា​មួយ ហើយ​រួប​ខ្ទប់​វា ៨ មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​ពន្លក​ដុះ​ឡើង បង្កើត​ផល​ផ្លែ​បាន​១​ជា​១​រយ​ភាគ» កាល​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​ស្រេច​ហើយ នោះ​ក៏​បន្លឺ​វាចា​ថា «អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ»។

ព្រះយេស៊ូវ​ពន្យល់​ពាក្យ​ប្រស្នា​ស្តី​អំពី​គ្រាប់​ពូជ

៩ ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា ពាក្យ​ប្រៀប​នេះ​មាន​ន័យ​ដូច​ម្តេច ១០ ទ្រង់​ឆ្លើយ​ថា ឯ​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អស់​ទាំង​ការ​អាថ៌កំបាំង​របស់​នគរ​ទ្រង់​ហើយ តែ​បាន​សំដែង​ដល់​អ្នក​ឯ​ទៀត ដោយ​ពាក្យ​ប្រៀប​ប្រដូច​វិញ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​មិន​ឃើញ​វិញ ហើយ​កាល​ណា​គេ​ឮ នោះ​មិន​យល់​ឡើយ ១១ រីឯ​ពាក្យ​ប្រៀប​ប្រដូច​នេះ គឺ​ស្រាយ​យ៉ាង​នេះ​ថា ពូជ​នោះ គឺ​ព្រះបន្ទូល ១២ ឯ​ពួក​អ្នក​ដែល​ទទួល​តាម​ផ្លូវ គឺ​ជា​អស់​អ្នក​ដែល​បាន​ឮ រួច​អារក្ស​មក​ឆក់​យក​ព្រះបន្ទូល​ពី​ចិត្ត​គេ​ចេញ​ទៅ ក្រែង​គេ​ជឿ ហើយ​បាន​សង្គ្រោះ ១៣ ឯ​ពួក​អ្នក​ដែល​ទទួល​នៅ​លើ​ថ្ម គឺ​អស់​អ្នក​ដែល​កាល​ណា​ឮ​ព្រះបន្ទូល​ហើយ នោះ​ក៏​ទទួល​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​សោះ គេ​ជឿ​នៅ​តែ​១​ស្របក់​ប៉ុណ្ណោះ លុះ​កើត​មាន​សេចក្តី​ល្បួង នោះ​គេ​រសាយ​ចិត្ត​ទៅ​វិញ ១៤ ឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ រួច​ចេញ​ទៅ នោះ​សេចក្តី​ខ្វល់ខ្វាយ​នឹង​ទ្រព្យសម្បត្តិ ហើយ​និង​សេចក្តី​ស្រើបស្រាល​នៅ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ដ៏​ពេញលេញ​បាន​ឡើយ ១៥ តែ​ពូជ​ដែល​នៅ​ដី​ល្អ គឺ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ក៏​ឮ​ព្រះបន្ទូល ហើយ​យក​ចិត្ត​ទុក​ដាក់ រួច​បង្កើត​ផល​ដោយ​សេចក្តី​អត់ធន់​វិញ។

ប្រស្នា​អំពី​ចង្កៀង

១៦ គ្មាន​អ្នក​ណា​អុជ​ចង្កៀង រួច​យក​ផើង​មក​គ្រប ឬ​យក​ទៅ​ដាក់​នៅ​ក្រោម​គ្រែ​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ណា ដែល​ចូល​មក​បាន​ឃើញ​ពន្លឺ​ភ្លឺ ១៧ ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ឲ្យ​ដឹង ហើយ​យក​ទៅ​ដាក់​នៅ​ពន្លឺ​នោះ​ឡើយ ១៨ ដូច្នេះ ត្រូវ​ឲ្យ​ប្រយ័ត្ន ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ដក​យក​ទាំង​របស់​ដែល​មើល​ទៅ​ដូច​ជា​អ្នក​នោះ​មាន​ចេញ​ផង។

មាតា និង​បង​ប្អូន​របស់​ព្រះយេស៊ូវ

១៩ នោះ​មាតា និង​បង​ប្អូន​ទ្រង់ ក៏​មក​រក​ទ្រង់ តែ​ចូល​ទៅ​ឯ​ទ្រង់​មិន​បាន ដោយ​ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់ ២០ មាន​គេ​ទូល​ទ្រង់​ថា «ម្តាយ និង​បង​ប្អូន​លោក មក​ឈរ​នៅ​ខាង​ក្រៅ ចង់​ជួប​នឹង​លោក» ២១ តែ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា «ឯ​អ្នក​ដែល​ជា​ម្តាយ និង​បង​ប្អូន​ខ្ញុំ គឺ​អស់​អ្នក​ដែល​ស្តាប់​ព្រះបន្ទូល ហើយ​ប្រព្រឹត្ត​តាម​វិញ»។

ព្រះយេស៊ូវ​ធ្វើ​ឲ្យ​រលក​ស្ងប់

២២ មាន​កាល​១​ថ្ងៃ​នោះ ទ្រង់​ចុះ​ទូក​ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា «ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង» នោះ​ក៏​ចេញ​ទៅ ២៣ កាល​កំពុង​តែ​បើក​ក្តោង​ទៅ នោះ​ទ្រង់​ផ្ទំ​លក់ រួច​មាន​ខ្យល់​ព្យុះ​ធ្លាក់​មក​លើ​សមុទ្រ ទឹក​ក៏​ចូល​ស្ទើរ​តែ​ពេញ​ទូក ហើយ​គេ​ភ័យ​ខ្លាច​លិច ២៤ គេ​ចូល​ទៅ តើន​ទ្រង់​ទូល​ថា «លោក​គ្រូៗ​អើយ យើង​ខ្ញុំ​ស្លាប់​ហើយ តែ​ទ្រង់​ក្រោក​ឡើង កំហែង​ទៅ​ខ្យល់ និង​ទឹក ដែល​កំពុង​បោក​បក់​ជា​ខ្លាំង នោះ​ក៏​ស្ងប់​បាត់​ឈឹង​ទៅ» ២៥ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា «តើ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា»? គេ​ក៏​ភ័យ​ខ្លាច ហើយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ»។

ព្រះយេស៊ូវ​ប្រោស​បុរស​អារក្ស​ចូល​ម្នាក់

២៦ ទ្រង់ និង​ពួក​សិស្ស​ក៏​មក​ដល់​ស្រុក​គេរ៉ាស៊ីន ដែល​ប្រទល់​មុខ​នឹង​ស្រុក​កាលីឡេ ២៧ កាល​ឡើង​ដល់​លើ​គោក នោះ​មាន​មនុស្ស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​នឹង​ទ្រង់ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀកពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​អាស្រ័យ​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច​វិញ ២៨ កាល​បាន​ឃើញ​ព្រះយេស៊ូវ នោះ​គាត់​ស្រែក​ឡើង ក៏​ទំលាក់​ខ្លួន​ក្រាប​នៅ​ចំពោះ​ទ្រង់ ទូល​ជា​សំឡេង​ខ្លាំង​ថា «ឱ​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់ ហើយ​និង​ទូលបង្គំ មាន​ការ​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​អង្វរ​ទ្រង់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទូលបង្គំ​ឡើយ» ២៩ ដ្បិត​ទ្រង់​កំពុង​តែ​បង្គាប់​ដល់​វិញ្ញាណ​អសោច ឲ្យ​ចេញ​ពី​មនុស្ស​នោះ​ទៅ ពី​ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​វា​នាំ​បណ្តាល​ឲ្យ​ទៅ​នៅ​ទី​ស្ងាត់ ៣០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល សួរ​គាត់​ថា «អ្នក​ឈ្មោះ​អី» គាត់​ទូល​ថា ទូលបង្គំ​ឈ្មោះ«កងទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់ ៣១ អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ កុំ​ឲ្យ​ទ្រង់​បង្គាប់​វា ឲ្យ​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ ៣២ នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ​ទ្រង់ ឲ្យ​បើក​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ ទ្រង់​ក៏​បើក​ឲ្យ ៣៣ រួច​វា​ចេញ​ពី​មនុស្ស​នោះ ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូកៗ​ក៏​បោល​ម្នីម្នា តាម​ភ្នំ​ចោត​ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ ៣៤ កាល​ពួក​អ្នក​គង្វាល​ជ្រូក​បាន​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រត់​ទៅ​ប្រាប់​ដល់​ជន​ក្នុង​ក្រុង ហើយ​និង​ស្រុក​ស្រែ ៣៥ រួច​មនុស្ស​ទាំងឡាយ​ក៏​ចេញ​មក​មើល​ការ​ដែល​កើត​មក​នោះ គេ​មក​ដល់​ព្រះយេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​ទាំង​នោះ​បាន​ចេញ កំពុង​តែ​អង្គុយ​ទៀប​ព្រះបាទ​ទ្រង់ ទាំង​ស្លៀកពាក់ ហើយ​ដឹង​ខ្លួន នោះ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​គ្រប់​គ្នា ៣៦ ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ប្រាប់​គេ​ពី​បែប​យ៉ាង​ណា​ដែល​មនុស្ស​អារក្ស​ចូល​នោះ​បាន​ជា ៣៧ រួច​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ស្រុក​គេរ៉ាស៊ីន គេ​សូម​ឲ្យ​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច​ជា​ខ្លាំង នោះ​ទ្រង់​យាង​ចុះ​ទូក​ត្រឡប់​វិល​វិញ​ទៅ ៣៨ ឯ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​នោះ គាត់​សូម​អង្វរ​ទ្រង់ ឲ្យ​បាន​ទៅ​ជា​មួយ​ដែរ ប៉ុន្តែ​ព្រះយេស៊ូវ​ឲ្យ​គាត់​ទៅ​វិញ ដោយ​ប្រាប់​ថា ៣៩ ចូរ​វិល​ទៅ​ឯ​ផ្ទះ​អ្នក​ទៅ ហើយ​ប្រាប់​ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក​វិញ គាត់​ក៏​ទៅ​ផ្សាយ​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ការ​ដែល​ព្រះយេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន។ ព្រះយេស៊ូវ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ុស​ឲ្យ​រស់​ឡើង​វិញ (ម៉ាថាយ​៩.១៨-២៦ ម៉ាកុស​៥.២១-៤៣) ៤០ កាល​ព្រះយេស៊ូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ នោះ​បណ្តា​មនុស្ស​ក៏​ទទួល​ទ្រង់​ដោយ​អំណរ ដ្បិត​គេ​ទន្ទឹង​មើល​តែ​ផ្លូវ​ទ្រង់​ទាំង​អស់​គ្នា ៤១ នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស ជា​មេ​សាលា​ប្រជុំ គាត់​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះបាទ​ព្រះយេស៊ូវ សូម​អង្វរ​ទ្រង់ ឲ្យ​យាង​ទៅ​ផ្ទះ​គាត់ ៤២ ព្រោះ​គាត់​មាន​កូន​ស្រី​តែ​១ អាយុ​ប្រហែល​១២​ឆ្នាំ មាន​ជំងឺ​ឈឺ​ជិត​ស្លាប់ កាល​ទ្រង់​កំពុង​តែ​យាង​ទៅ នោះ​បណ្តា​មនុស្ស​ប្រជ្រៀត​គ្នា​លើ​ទ្រង់។ ៤៣ ហើយ​មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ខ្លួន​ទាំង​អស់ ដោយ​រក​គ្រូពេទ្យ តែ​គ្មាន​គ្រូ​ណា​មួយ​មើល​ឲ្យ​ជា​បាន​ទេ ៤៤ នាង​មក​ពី​ក្រោយ ចាប់​ពាល់​ជាយ​ព្រះពស្ត្រ​ទ្រង់ នោះ​ឈាម​ក៏​បាត់​ធ្លាក់​មក​ក្នុង​ខណៈ​១​រំពេច​នោះ ៤៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សួរ​ថា អ្នក​ណា​ពាល់​ខ្ញុំ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ប្រកែក នោះ​ពេត្រុស និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទូល​ថា លោក​គ្រូ បណ្តា​មនុស្ស​កំពុង​ប្រជ្រៀត​គ្នា​ត្បៀត​ទ្រង់ ដូច្នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ធ្វើ​អី ៤៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ ៤៧ កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ នោះ​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ផ្តួល​ខ្លួន​នៅ​ចំពោះ​ទ្រង់ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​ពាល់​ទ្រង់ ហើយ​ពី​បែប​ដែល​នាង​បាន​ជា​ភ្លាម​១​រំពេច​ផង ៤៨ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្តី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត​ចុះ។ ៤៩ កាល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ នោះ​មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​គាត់​ថា កូន​លោក​ស្លាប់​ហើយ កុំ​នៅ​រំខាន​ចិត្ត​លោក​គ្រូ​ទៀត ៥០ ព្រះយេស៊ូវ​ក៏​ឮ ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​រស់​វិញ ៥១ រួច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មិន​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ហើយ​ឪពុក​ម្តាយ​របស់​កូន​នោះ​ប៉ុណ្ណោះ ៥២ ឯ​មនុស្ស​ទាំង​អស់ គេ​កំពុង​តែ​យំ​សោក​សង្រេង​នឹង​នាង តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​យំ​អី នាង​មិន​មែន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ ៥៣ គេ​ក៏​សើច​ចំអក​ឲ្យ​ទ្រង់ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន ៥៤ នោះ​ទ្រង់​បណ្តេញ​គេ​ចេញ​អស់ ហើយ​ចាប់​ដៃ​នាង មាន​ព្រះបន្ទូល​ជា​ខ្លាំង​ថា កូន​អើយ ចូរ​ក្រោក​ឡើង ៥៥ ខណៈ​នោះ ព្រលឹង​នាង​ក៏​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម នោះ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​អ្វីៗ មក​ឲ្យ​នាង​បរិភោគ ៥៦ ឪពុក​ម្តាយ​នាង​ក៏​កើត​មាន​សេចក្តី​អស្ចារ្យ តែ​ទ្រង់​ហាម មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ដឹង​ពី​ការ​នោះ​ឡើយ។

លូកា ៩

ព្រះយេស៊ូវ​ចាត់​សិស្ស​១២​រូប​ទៅ​ប្រកាស​ដំណឹង​ល្អ

១ លុះ​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​ព្រះចេស្តា និង​អំណាច​លើ​អស់​ទាំង​អារក្ស ហើយ​ឲ្យ​អាច​មើល​ជំងឺ​ឲ្យ​ជា ២ ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​ឲ្យ​មើល​មនុស្ស​មាន​ជំងឺ​ឲ្យ​បាន​ជា​ផង ៣ ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា កុំ​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​ឡើយ ទោះ​ជា​ដំបង យាម នំបុ័ង ឬ​ប្រាក់​ក្តី ក៏​កុំ​ឲ្យ​មាន​អាវ​២​ដែរ ៤ បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ ៥ ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​រាក់​ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ នោះ​ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ទាំង​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ ៦ កាល​គេ​ចេញ​ទៅ នោះ​ក៏​ដើរ​ទៅ​សព្វ​ពេញ​អស់​ទាំង​ភូមិ ព្រម​ទាំង​ផ្សាយ​ដំណឹង​ល្អ ហើយ​បាន​មើល​គេ​ឲ្យ​ជា​នៅ​គ្រប់​កន្លែង​ដែរ។

ព្រះបាទ​ហេរ៉ូឌ​នឹក​ឆ្ងល់​អំពី​ព្រះយេស៊ូវ

៧ ឯ​ហេរ៉ូឌ ជា​ស្តេច​អនុរាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះទ័យ​អល់អែក ពី​ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ៨ ខ្លះ​ថា លោក​អេលីយ៉ា​បាន​លេច​មក​ហើយ ខ្លះ​ទៀត​ថា មាន​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ​ដូច្នេះ ៩ តែ​ហេរ៉ូឌ​មាន​ព្រះបន្ទូល​ថា យើង​បាន​កាត់​ក្បាល​យ៉ូហាន​ហើយ ដូច្នេះ តើ​អ្នក​ណា​ហ្ន៎ ដែល​អញ​ឮ​ថា ធ្វើ​ការ​ប្លែក​ទាំង​ម៉្លេះ​នេះ ហើយ​ក៏​រក​ចង់​ឃើញ​ទ្រង់។

ព្រះយេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់

១០ កាល​ពួក​សាវ័ក​បាន​ត្រឡប់​មក​វិញ ក៏​រ៉ាយ​រឿង​ទូល​ព្រះយេស៊ូវ ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នាំ​គេ​ទៅ​ដោយឡែក​នៅ​ទី​ស្ងាត់ ជិត​ភូមិ​១​ឈ្មោះ​បេតសៃដា ១១ កាល​បណ្តា​មនុស្ស​បាន​ដឹង ក៏​តាម​ទ្រង់​ទៅ ទ្រង់​រាក់​ទាក់​ទទួល​គេ ហើយ​មាន​ព្រះបន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង ១២ វេលា​នោះ ថ្ងៃ​កាន់​តែ​ទាប​ហើយ នោះ​ពួក​១២​នាក់​មក​ទូល​ទ្រង់​ថា សូម​ឲ្យ​មនុស្ស​ទាំងឡាយ​ទៅ ដើម្បី​ឲ្យ​ទៅ​រក​ទី​ស្នាក់ និង​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ និង​ស្រុក​ស្រែ​ជុំវិញ ដ្បិត​ទី​នេះ​ស្ងាត់​ណាស់ ១៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ទូល​ថា យើង​ខ្ញុំ​មាន​តែ​នំបុ័ង​៥​ដុំ និង​ត្រី​២​ទេ លើក​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ទៀត សំរាប់​មនុស្ស​ទាំង​នេះ​វិញ ១៤ (រីឯ​ពួក​មនុស្ស​ទាំង​នោះ មាន​ប្រុសៗ​ចំនួន​៥​ពាន់​នាក់) តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ឲ្យ​គេ​អង្គុយ​ដោយ​ជួរៗ​ទៅ ក្នុង​១​ជួរ​៥០​នាក់ ១៥ ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ ១៦ នោះ​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២ ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​មនុស្ស ១៧ គេ​ក៏​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​១២​កន្ត្រក។

លោក​ពេត្រុស​ប្រកាស​ថា​ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ

១៨ គ្រា​មួយ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​ដោយឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​ហ្វូង​មនុស្ស​ទាំងឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា ១៩ គេ​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ ២០ ទ្រង់​មាន​ព្រះបន្ទូល​សួរ​គេ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះគ្រីស្ទ​នៃ​ព្រះ ២១ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា ពី​សេចក្តី​នេះ​ឡើយ ២២ ដោយ​មាន​ព្រះបន្ទូល​ថា ត្រូវ​ឲ្យ​កូន​មនុស្ស​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បោះ​បង់​ចោល ត្រូវ​គេ​សំឡាប់ ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ ២៣ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ២៤ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ ២៥ ដ្បិត​បើ​សិន​ជា​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល ប៉ុន្តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​វិនាស ឬ​ឲ្យ​បាត់បង់ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ២៦ ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរីល្អ​របស់​លោក របស់​ព្រះវរបិតា ហើយ​និង​ពួក​ទេវតា​បរិសុទ្ធ ២៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​ដែល​មិន​ត្រូវ​ភ្លក់​សេចក្តី​ស្លាប់ ទាល់​តែ​បាន​ឃើញ​នគរ​ព្រះ។ ២៨ ប្រហែល​ជា​៨​ថ្ងៃ ក្រោយ​ដែល​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​មក នោះ​ទ្រង់​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន ២៩ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន នោះ​បែប​ភាព​ព្រះភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះពស្ត្រ​ត្រឡប់​ជា​ស​ព្រាត ៣០ នោះ​ឃើញ​មាន​មនុស្ស​២​នាក់​កំពុង​តែ​ទូល​នឹង​ទ្រង់ គឺ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា ៣១ ដែល​លេច​មក​ក្នុង​សិរីល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សំរេច​នៅ​ក្រុង​យេរូសាឡិម ៣២ ឯ​ពេត្រុស និង​អ្នក​ទាំង​២​ដែល​នៅ​ជា​មួយ​នឹង​គាត់ គេ​ងងុយ​ជា​ខ្លាំង លុះ​កាល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរីល្អ​ទ្រង់ និង​មនុស្ស​២​នាក់ ដែល​ឈរ​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ៣៣ កាល​មនុស្ស​ទាំង​២​នោះ​កំពុង​តែ​ថយ​ចេញ​ពី​ទ្រង់​ទៅ នោះ​ពេត្រុស​ទូល​ថា លោក​គ្រូ​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ជា​ថា​ដូច​ម្តេច​ទេ ៣៤ កំពុង​ដែល​ទូល​សេចក្តី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ពពក​មក​គ្រប​បាំង​គេ គេ​ក៏​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ដោយ​ចូល​ខ្លួន​ក្នុង​ពពក​នោះ ៣៥ ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា នេះ​ជា​កូន​ស្ងួនភ្ងា​អញ ចូរ​ឲ្យ​ស្តាប់​តាម​ចុះ ៣៦ ក្រោយ​សំឡេង​នោះ​មក ក៏​ឃើញ​មាន​តែ​ព្រះយេស៊ូវ​១​អង្គ​ទ្រង់​ប៉ុណ្ណោះ ក្នុង​គ្រា​នោះ គេ​នៅ​តែ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។

ព្រះយេស៊ូវ​ដេញ​វិញ្ញាណ​អារក្ស​ចេញ​ពី​ក្មេង​ម្នាក់

៣៧ ដល់​ថ្ងៃ​ក្រោយ កាល​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​សន្ធឹក​មក​ជួប​នឹង​ទ្រង់ ៣៨ ហើយ​មើល មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ ៣៩ ហើយ​មើល មាន​វិញ្ញាណ​អារក្ស​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ និង​ហើម​ជាំ​អស់​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក ៤០ ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ចេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ ៤១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ ៤២ កាល​វា​កំពុង​តែ​ដើរ​ចូល​មក នោះ​អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់ប្រកិន​ជា​ខ្លាំង តែ​ព្រះយេស៊ូវ​ទ្រង់​កំហែង​ទៅ​វិញ្ញាណ​អសោច ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ ឯ​មនុស្ស​ទាំងឡាយ ក៏​អស្ចារ្យ​ចំពោះ​ឥទ្ធិឫទ្ធិ​របស់​ព្រះ​ទាំង​អស់​គ្នា។ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​ព្រះអង្គ​សោយ​ទិវង្គត (ម៉ាថាយ​១៧.២២-២៣ ម៉ាកុស​៩.៣០-៣២) ៤៣ កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ៤៤ ចូរ​អ្នក​រាល់​គ្នា​ចាំ​ពាក្យ​ទាំង​នេះ ទុក​នៅ​ក្នុង​ត្រចៀក​ចុះ ដ្បិត​បន្តិច​ទៀត កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក​ហើយ ៤៥ ប៉ុន្តែ​គេ​មិន​បាន​យល់​សេចក្តី​នោះ​ទេ ព្រោះ​ជា​សេចក្តី​លាក់​កំបាំង​ដល់​គេ ដើម្បី​មិន​ឲ្យ​គេ​គិត​ឃើញ ហើយ​គេ​ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ពី​សេចក្តី​នោះ​ដែរ។

អ្នក​ដែល​ធំ​ជាង​គេ

៤៦ ខណៈ​នោះ គេ​កើត​មាន​សេចក្តី​ជជែក​គ្នា ពី​អ្នក​ណា​ដែល​ធំ​ជាង​ក្នុង​ពួក​គេ​វិញ ៤៧ កាល​ព្រះយេស៊ូវ​បាន​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ​ហើយ នោះ​ទ្រង់​យក​ក្មេង​តូច​១​មក​ដាក់​នៅ​ជិត​ទ្រង់ ៤៨ រួច​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​វិញ ៤៩ យ៉ូហាន​ទូល​ឆ្លើយ​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេញ​អារក្ស ដោយ​ឈ្មោះ​លោក តែ​យើង​ខ្ញុំ​បាន​ឃាត់​ដល់​អ្នក​នោះ ដោយ​ព្រោះ​គេ​មិន​តាម​យើង​រាល់​គ្នា ៥០ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ។

ព្រះយេស៊ូវ​យាង​កាត់​ភូមិ​សាសន៍​សាម៉ារី

៥១ កាល​ជិត​ដល់​កំណត់ ដែល​ទ្រង់​ត្រូវ​ឡើង​ទៅ​ស្ថានសួគ៌ នោះ​ទ្រង់​ដំរង់​ព្រះភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ឯ​ក្រុង​យេរូសាឡិម​តែ​ម្តង ៥២ ទ្រង់​ចាត់​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ជា​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​១​របស់​សាសន៍​សាម៉ារី ដើម្បី​នឹង​រៀបចំ​ថ្វាយ​ទ្រង់ ៥៣ តែ​ពួក​ភូមិ​នោះ​មិន​ទទួល​ទ្រង់​ទេ ពី​ព្រោះ​ទ្រង់​ដូច​ជា​មាន​ព្រះភក្ត្រ​ឆ្ពោះ​ត្រង់​យាង​ទៅ​ឯ​ក្រុង​យេរូសាឡិម ៥៤ កាល​យ៉ាកុប និង​យ៉ូហាន ជា​សិស្ស​ទ្រង់ បាន​ឃើញ​ដូច្នោះ នោះ​ក៏​ទូល​ថា ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលីយ៉ា​បាន​ធ្វើ​ដែរ​ឬ​អី ៥៥ តែ​ទ្រង់​បែរ​ទៅ​បន្ទោស​គេ​ថា អ្នក​រាល់​គ្នា​មិន​ដឹង​ជា​មាន​វិញ្ញាណ​បែប​យ៉ាង​ណា​ទេ ៥៦ ពី​ព្រោះ​កូន​មនុស្ស​មិន​មែន​មក ប៉ង​នឹង​បំផ្លាញ​ជីវិត​មនុស្ស​ទេ គឺ​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​វិញ រួច​ក៏​នាំ​គ្នា​ទៅ​ឯ​ភូមិ​មួយ​ទៀត​ទៅ។

លក្ខណសម្បត្តិ​របស់​អ្នក​ដែល​ចង់​តាម​ព្រះយេស៊ូវ

៥៧ កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ ៥៨ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ ៥៩ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម្នាក់​ទៀត​ថា ចូរ​មក​តាម​ខ្ញុំ អ្នក​នោះ​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន ៦០ តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ ៦១ មាន​ម្នាក់​ទៀត​ទូល​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន ៦២ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ។

លូកា ១០

ព្រះយេស៊ូវ​ចាត់​សិស្ស​៧២​រូប​ទៅ​ផ្សាយ​ដំណឹង​ល្អ

១ លុះ​ក្រោយ​ការ​ទាំង​នោះ​មក ព្រះអម្ចាស់​ទ្រង់​តម្រូវ​៧០​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ទ្រង់ មួយ​គូៗ​ក្នុង​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ទ្រង់​គិត​យាង​ទៅ ២ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ឲ្យ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់ ៣ ទៅ​ចុះ មើល ខ្ញុំ​ប្រើ​អ្នក​រាល់​គ្នា​ទៅ ដូច​ជា​កូន​ចៀម នៅ​កណ្តាល​ហ្វូង​ស្វាន ៤ កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង ៥ ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្តី​សុខសាន្ត ៦ បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្តី​សុខសាន្ត នោះ​សេចក្តី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ បើ​គ្មាន​ទេ នោះ​សេចក្តី​សុខ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ ៧ ហើយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​នោះ​ឯង ទាំង​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​ឲ្យ​ចុះ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​ឈ្នួល​វិញ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ឡើយ ៨ ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់​ទាក់​ទទួល នោះ​ឲ្យ​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​លើក​មក​ឲ្យ​ចុះ ៩ ទាំង​មើល​ពួក​អ្នក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ១០ តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ឯ​ផ្លូវ ហើយ​និយាយ​ថា ១១ នែ ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង នោះ​យើង​ក៏​ជូត​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្តី​នេះ​ថា នគរ​ព្រះ​ជិត​ដល់​ហើយ ១២ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ភូមិ​នោះ ១៣ វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេតសៃដា​អើយ ពី​ព្រោះ​ការ​ឫទ្ធិបារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះផង ១៤ ដូច្នេះ នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស និង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា ១៥ ហើយ​ក្រុង​កាពើណិម​អើយ គឺ​ឯង​ដែល​បាន​ដំកើង​ឡើង​ស្មើ​ស្ថានសួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ១៦ ឯ​អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើលងាយ​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​មើលងាយ​ដល់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មើលងាយ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​មើលងាយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។

ពួក​សិស្ស​វិល​ត្រឡប់​មក​វិញ

១៧ ពួក​៧០​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា ព្រះអម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា ដោយ​ព្រះនាម​ទ្រង់​ដែរ ១៨ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ មក​ដូច​ជា​ផ្លេកបន្ទោរ ១៩ មើល ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យាដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិឫទ្ធិ​របស់​ខ្មាំងសត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ ២០ ប៉ុន្តែ​កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថានសួគ៌​វិញ។

ព្រះយេស៊ូវ​មាន​ព្រះហឫទ័យ​រីករាយ

២១ នៅ​វេលា​នោះ​ឯង ព្រះយេស៊ូវ​ទ្រង់​កំពុង​តែ​រីករាយ​ដោយ​ព្រះវិញ្ញាណ ក៏​មាន​ព្រះបន្ទូល​ថា ឱ​ព្រះវរបិតា ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ និង​ផែនដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​លាក់​សេចក្តី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​និង​ពួក​ឈ្លាសវៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ អើ ព្រះវរបិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច្នោះ ២២ រួច​ទ្រង់​បែរ​ទៅ​មាន​ព្រះបន្ទូល​នឹង​ពួក​សិស្ស​ថា គ្រប់​សេចក្តី​ទាំង​អស់​សុទ្ធ​តែ​បាន​ប្រទាន​មក​ខ្ញុំ ពី​ព្រះវរបិតា​នៃ​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះរាជបុត្រា​ទេ មាន​តែ​ព្រះវរបិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះវរបិតា​ដែរ មាន​តែ​ព្រះរាជបុត្រា ហើយ​និង​អ្នក​ណា ដែល​ព្រះរាជបុត្រា​សព្វ​ព្រះហឫទ័យ បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ ២៣ ទ្រង់​ក៏​បែរ​ទៅ​មាន​ព្រះបន្ទូល​នឹង​ពួក​សិស្ស​ដោយឡែក​ថា មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ ២៤ ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា និង​ស្តេច​ជា​ច្រើន បាន​ប្រាថ្នា​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ។

ពាក្យ​ប្រស្នា​អំពី​អ្នក​ស្រុក​សាម៉ារី​ម្នាក់​មាន​ចិត្ត​សប្បុរស

២៥ នៅ​គ្រា​នោះ មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឈរ​ឡើង ទូល​ល្បង​ទ្រង់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជានិច្ច ២៦ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច ២៧ អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ» ២៨ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត ២៩ តែ​អ្នក​នោះ​ចង់​សំដែង​ខ្លួន​ជា​អ្នក​សុចរិត ក៏​ទូល​សួរ​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ ៣០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ ៣១ ជួន​ជា​មាន​សង្ឃ​១​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ ៣២ ហើយ​មាន​ពួក​លេវី​ម្នាក់ មក​ដល់​កន្លែង​នោះ​ដែរ កាល​បាន​ឃើញ​ហើយ ក៏​វាង​តាម​ម្ខាង​ហួស​ទៅ​ទៀត ៣៣ តែ​មាន​សាសន៍​សាម៉ារី​ម្នាក់ ដើរ​ដំណើរ​មក​ដល់ កាល​បាន​ឃើញ​ហើយ នោះ​ក៏​មាន​ចិត្ត​ក្តួល​អាណិត​ដល់​គាត់ ៣៤ ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹកនាំ​ទៅ​ឯ​ផ្ទះ​សំណាក់ ថែទាំ​រក្សា​គាត់ ៣៥ ស្អែក​ឡើង​កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​៤​កាក់ ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា ចូរ​ថែ​រក្សា​អ្នក​នេះ​ផង បើ​ចួនជា​អ្នក​ចាយ​លើស​ពី​នេះ​ទៅ នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក ៣៦ ដូច្នេះ ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ​នោះ ៣៧ អ្នក​នោះ​ឆ្លើយ​ថា គឺ​អ្នក​១​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង ដូច្នេះ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ។

ព្រះយេស៊ូវ​គង់​នៅ​ផ្ទះ​នាង​ម៉ាថា និង នាង​ម៉ារា

៣៨ កាល​កំពុង​តែ​នាំ​គ្នា​ទៅ នោះ​ទ្រង់​យាង​ចូល​ទៅ​ភូមិ​១ ហើយ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​អញ្ជើញ​ទ្រង់​ទៅ​ក្នុង​ផ្ទះ ៣៩ នាង​មាន​ប្អូន​ស្រី​១​ឈ្មោះ​ម៉ារា នាង​នោះ​បាន​អង្គុយ​ស្តាប់​ព្រះបន្ទូល នៅ​ទៀប​ព្រះបាទ​ព្រះអម្ចាស់ ៤០ ឯ​ម៉ាថា នាង​មាន​ការ​រវល់​ជា​ច្រើន ក៏​ចូល​មក​ទូល​ថា ព្រះអម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់ ឲ្យ​ខ្វល់ខ្វាយ​បំរើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង ៤១ ប៉ុន្តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ ៤២ មាន​សេចក្តី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ។

លូកា ១១

ព្រះយេស៊ូវ​បង្រៀន​សិស្ស​អំពី​របៀប​អធិស្ឋាន

១ ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះអម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ ២ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន នោះ​ត្រូវ​ថា ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់ បាន​សំរេច នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ ៣ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ ៤ សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្តី​អាក្រក់​វិញ។ ៥ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្ត​សំឡាញ់​ម្នាក់ ហើយ​ទៅ​និយាយ​នឹង​អ្នក​នោះ ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា សំឡាញ់​អើយ សូម​ឲ្យ​អញ​ខ្ចី​នំបុ័ង​៣​ដុំ​សិន ៦ ដ្បិត​មាន​សំឡាញ់​អញ​ម្នាក់ មាន​ដំណើរ​មក​ឯ​ផ្ទះ អញ​គ្មាន​អ្វី​ទទួល​គេ​សោះ ៧ តែ​អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា កុំ​មក​រំខាន​ចិត្ត​អញ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​អញ​ក៏​ដេក​នៅ​គ្រែ​ជា​មួយ​នឹង​អញ​ផង អញ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ ៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច ៩ បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ១០ ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ ១១ ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​វា ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ ១២ បើ​វា​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យាដំរី​ឬ​អី ១៣ បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះវរបិតា ដែល​គង់​ស្ថានសួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

ព្រះយេស៊ូវ​ឆ្លើយ​តប​នឹង​ពួក​អ្នក​ចោទ​ប្រកាន់​ព្រះអង្គ

១៤ គ្រា​នោះ ទ្រង់​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ កាល​វា​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​មនុស្ស​គ​ក៏​និយាយ​ឡើង​បាន ហើយ​បណ្តា​មនុស្ស​គេ​កើត​មាន​សេចក្តី​អស្ចារ្យ ១៥ តែ​ខ្លះ​និយាយ​ថា អ្នក​នេះ​ដេញ​អារក្ស​ដោយសារ​តែ​បេលសេប៊ូល ជា​មេ​អារក្ស​ទេ ១៦ អ្នក​ខ្លះ​ទៀត​ល្បង​ទ្រង់ ដោយ​សូម​ទី​សំគាល់​១​មក​ពី​លើ​មេឃ ១៧ តែ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះបន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែកខ្ញែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​ទាស់ទែង​គ្នា​ឯង នោះ​នឹង​ត្រូវ​រលំ​ទៅ​ជា​មិន​ខាន ១៨ បើ​សាតាំង​បែក​ទាស់​គ្នា​វា​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​នគរ​វា​នៅ​ស្ថិតស្ថេរ​បាន នេះ​ព្រោះ​ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេលសេប៊ូល ១៩ បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេលសេប៊ូល​មែន នោះ​តើ​កូន​ចៅ​អ្នក​រាល់​គ្នា​ដេញ​វា ដោយសារ​អ្វី​វិញ ដូច្នេះ វា​រាល់​គ្នា​នឹង​ធ្វើ​ជា​ចៅក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ ២០ ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយសារ​អង្គុលី​ព្រះហស្ត​នៃ​ព្រះ​វិញ នោះ​ច្បាស់​ជា​នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ២១ កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យសម្បត្តិ​ក៏​បាន​គង់​វង់​នៅ ២២ តែ​បើ​មាន​មនុស្ស​ខ្លាំង​ជាង មក​បង្គ្រប​ឲ្យ​ឈ្នះ​គាត់​កាល​ណា នោះ​ក៏​ដណ្តើម​យក អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ​ចេញ រួច​ប្លន់​យក​របឹប​ទៅ​ចែក​គ្នា​វិញ ២៣ អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កំចាត់កំចាយ​វិញ ២៤ កាល​ណា​អារក្សអសោច​បាន​ចេញ​ពី​មនុស្ស​ណា នោះ​វា​ដើរ​កាត់​កន្លែង​ហួតហែង ទៅ​រក​ទី​ឈប់​សំរាក តែ​ដោយ​រក​មិន​បាន​សោះ បាន​ជា​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ​វិញ ដែល​ទើប​នឹង​ចេញ​មក​នោះ ២៥ រួច​កាល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុបតែង​យ៉ាង​ល្អ ២៦ នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹងរឹត​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត។ ពរ​ដ៏​ពិត​ប្រាកដ ២៧ កាល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ហ្វូង​មនុស្ស​ថា មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ ២៨ តែ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះបន្ទូល ហើយ​កាន់​តាម។

ទី​សំគាល់​របស់​លោក​យ៉ូណាស

២៩ កាល​ណោះ មាន​មនុស្ស​ប្រជុំ​គ្នា​តាន់តាប់​ជា​ខ្លាំង ហើយ​ទ្រង់​ចាប់​តាំង​មាន​ព្រះបន្ទូល​ថា មនុស្ស​ដំណ​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សំគាល់​ទេ តែ​គ្មាន​ទី​សំគាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​នៃ​ហោរា​យ៉ូណាស​ឡើយ ៣០ ពី​ព្រោះ ដូច​ជា​លោក​យ៉ូណាស​ជា​ទី​សំគាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា នោះ​កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សំគាល់ ដល់​មនុស្ស​ដំណ​នេះ​យ៉ាង​ដូច្នោះ​ដែរ ៣១ នៅ​ថ្ងៃ​ជំនុំ​ជំរះ មហាក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ​ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​ព្រះនាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​ហ្លួង​សាឡូម៉ូន ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស​លើស​ជាង​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត ៣២ នៅ​ថ្ងៃ​ជំនុំ​ជំរះ មនុស្ស​នៅ​ក្រុង​នីនីវេ នឹង​ឈរ​ឡើង​ជំនុំជំរះ​មនុស្ស​ដំណ​នេះ ហើយ​និង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយសារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។

ពាក្យ​ប្រស្នា​ស្តី​អំពី​ចង្កៀង

៣៣ គ្មាន​អ្នក​ណា​ដែល​អុជ​ចង្កៀង យក​ទៅ​ដាក់​នៅ​ទី​កំបាំង ឬ​គ្រប​នឹង​ថាំង​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល បាន​ឃើញ​ពន្លឺ​ភ្លឺ ៣៤ ឯ​ចង្កៀង​រូបកាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូបកាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ តែ​កាល​ណា​ភ្នែក​អាក្រក់ នោះ​រូបកាយ​អ្នក​នឹង​ងងឹត​វិញ ៣៥ ដូច្នេះ ចូរ​ប្រយ័ត្ន ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត​វិញ ៣៦ បើ​សិន​ជា​រូបកាយ​អ្នក​ទាំង​មូល​បាន​ភ្លឺ ឥត​មាន​ងងឹត​ត្រង់​ណា​សោះ នោះ​នឹង​បាន​ភ្លឺ​ទាំង​អស់ ដូច​កាល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ។

ពុតត្បុត​របស់​ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈផារិស៊ី

៣៧ កាល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ នោះ​មាន​ពួក​ផារិស៊ី​ម្នាក់ ទូល​សូម​ទ្រង់​ឲ្យ​យាង​ទៅ​សោយ​ជា​មួយ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ ៣៨ កាល​អ្នក​ផារិស៊ី​នោះ​បាន​ឃើញ ក៏​នឹក​ប្លែក​ណាស់ ដែល​ទ្រង់​មិន​បាន​លាង​ព្រះហស្ត​មុន​នឹង​សោយ ៣៩ ប៉ុន្តែ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ឯ​អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា មាន​ពេញ​ដោយ​ការ​ឆ​ស៊ី និង​អំពើ​អាក្រក់​វិញ ៤០ ឱ​មនុស្ស​ល្ងីល្ងើ​អើយ ព្រះ​ដែល​បង្កើត​ខាង​ក្រៅ តើ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ​អី ៤១ ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​ដល់​អ្នក​រាល់​គ្នា ៤២ តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​តែង​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរអង្កាម ជីរ​លីងលាក់ និង​បន្លែ​គ្រប់​មុខ តែ​លះ​ចោល​សេចក្តី​យុត្តិធម៌ និង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​វិញ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្តី​ទាំង​នេះ​វិញ ហើយ​ឥត​ចោល​ការ​ខាង​ដើម​នោះ​ផង ៤៣ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នឹង​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ ៤៤ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​អ្នក​មាន​ពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ផ្នូរ​ខ្មោច ដែល​មើល​មិន​ឃើញ ហើយ​មនុស្ស​ដើរ​ជាន់​ឥត​ដឹង​ទេ។ ៤៥ មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឆ្លើយ​ឡើង​ថា លោក​គ្រូ ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​ឈ្មោះ​ថា​ត្មះតិះដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ ៤៦ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​១​ឆ្កឹះ​បន្ទុក​នោះ​ផង ៤៧ វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ពួក​ហោរា ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​សំឡាប់​បង់ ៤៨ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ ដែល​ពួក​ឰយុកោ​បាន​ធ្វើ​ហើយ​នោះ ដ្បិត​ពួក​ឰយុកោ​បាន​សំឡាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ដែរ ៤៩ ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​នៃ​ព្រះ​បាន​សំដែង​ថា អញ​ចាត់​ពួក​ហោរា ហើយ​ពួក​សាវ័ក​ទៅ​ឯ​គេ គេ​នឹង​សំឡាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ ៥០ ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ តាំង​ពី​កំណើត​លោកីយ៍​រៀង​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ ៥១ គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សំឡាប់ នៅ​កណ្តាល​អាសនា និង​វិហារ​ផង អើ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ ៥២ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ចេញ​ទៅ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ក៏​ហាម​ឃាត់​ដល់​ពួក​អ្នក ដែល​កំពុង​តែ​រក​ចូល មិន​ឲ្យ​គេ​ចូល​ដែរ។ ៥៣ កាល​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ ដល់​គេ​រួច​ហើយ នោះ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់ពេក ឲ្យ​មាន​ព្រះបន្ទូល​ពី​សេចក្តី​ជា​ច្រើន​ទៅ​ទៀត ៥៤ ដោយ​ចាំ​ពិនិត្យ​ពិចារណា​មើល ទាំង​រក​ហេតុ​នឹង​ចាប់​ព្រះបន្ទូល​ពី​ព្រះឱស្ឋ​ទ្រង់ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់។

លូកា ១២

ព្រះយេស៊ូវ​ទូន្មាន​សិស្ស​កុំ​ឲ្យ​ភ័យ​បារម្ភ

១ កាល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល នោះ​មាន​មនុស្ស​ប្រជុំ​គ្នា​មីរដេរដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា​ឯង ទ្រង់​ក៏​ចាប់​តាំង​មាន​ព្រះបន្ទូល​នឹង​ពួក​សិស្ស​ជា​មុន​ដំបូង​ថា ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​ដំបែ​ពួក​ផារិស៊ី ដែល​ជា​សេចក្តី​កំពុត ២ គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់លៀម​ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ ៣ ដូច្នេះ គ្រប់​ទាំង​សេចក្តី ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ក្នុង​ទី​ងងឹត នោះ​នឹង​បាន​ឮ​នៅ​ទី​ភ្លឺ ហើយ​សេចក្តី​អ្វី ដែល​អ្នក​រាល់​គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក នៅ​ក្នុង​បន្ទប់ នោះ​នឹង​បាន​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ ៤ តែ​ពួក​សំឡាញ់​អើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្លាច​អ្នក​ណា​ដែល​សំឡាប់​បាន​តែ​រូបកាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ ៥ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ជា​ត្រូវ​ខ្លាច​ដល់​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​វិញ ដែល​កាល​ណា​ទ្រង់​សំឡាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​នរក​បាន​ផង អើ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះអង្គ​ចុះ ៦ តើ​គេ​មិន​លក់​ចាប​៥​ថ្លៃ​២​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ ៧ សូម្បី​ទាំង​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន ៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ ៩ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ ១០ ឯ​អស់​អ្នក​ណា ដែល​ពោល​ពាក្យ ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​បាន​អត់​ទោស​ឲ្យ តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ នោះ​មិន​បាន​អត់​ទោស​ឲ្យ​ឡើយ ១១ កាល​ណា​គេ​បណ្តើរ​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ពួក​ជំនុំ​គេ ឬ​ចំពោះ​ចៅក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ឲ្យ​បារម្ភ​ព្រួយ ពី​បែប​យ៉ាង​ណា ឬ​ពី​ពាក្យ​អ្វី​ដែល​នឹង​ត្រូវ​ឆ្លើយ​ដោះ​សា ឬ​និយាយ​នោះ​ឡើយ ១២ ដ្បិត​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​បង្រៀន​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង។

ប្រស្នា​អំពី​អ្នក​មាន​ដ៏​ឆោត​ល្ងង់​ម្នាក់

១៣ មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង ១៤ ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា ១៥ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ ១៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចំរើន​ជា​បរិបូរ ១៧ ហើយ​អ្នក​នោះ​រិះគិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ ១៨ ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យសម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ ១៩ នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ២០ ប៉ុន្តែ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ ២១ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យសម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ។

ត្រូវ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់ និង​ស្វែង​រក​សម្បត្តិ​សួគ៌

២២ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ ២៣ ឯ​ជីវិត នោះ​វិសេស​ជាង​អាហារ​ចំណី ហើយ​រូបកាយ ក៏​វិសេស​ជាង​ស្លៀក​បំពាក់​ដែរ ២៤ ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាបព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ទ្រង់​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​ដំឡៃ​លើស​ជាង​សត្វ​ស្លាប​អម្បាលម៉ាន​ទៅ​ទៀត ២៥ តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កំពស់​ខ្លួន​ឡើង​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ ២៦ ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ នោះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់ខ្វាយ​ពី​ការ​ឯ​ទៀត​ធ្វើ​អី ២៧ ចូរ​ពិចារណា​ពី​ផ្កា​ឈូក​ដែរ ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច វា​មិន​ដែល​នឿយ​ធ្វើ​ការងារ ឬ​ស្រាវ​រវៃ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ទ្រង់ នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​១​នោះ​ផង ២៨ ឯ​តិណជាតិ​ដែល​ដុះ​ឡើង​ដូច្នេះ ហើយ​ថ្ងៃ​នេះ​មាន តែ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើងក្រាន នោះ​បើ​ព្រះ​ទ្រង់​តុបតែង​វា​យ៉ាង​ដូច្នោះ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត ២៩ កុំ​ឲ្យ​ស្វែង​រក​តែ​គ្រឿង​សំរាប់​បរិភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ ៣០ ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លោកីយ៍​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ នោះ​ព្រះវរបិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ ៣១ ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ នោះ​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ផង ៣២ កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះហឫទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត ៣៣ ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​ស្ថាន​គ្មាន​ចោរ​ចូល​ទៅ​ជិត​ឡើយ ហើយ​កន្លាត​ក៏​មិន​កាត់​បំផ្លាញ​ដែរ ៣៤ ព្រោះ​សម្បត្តិទ្រព្យ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ឯង។

ការ​ប្រុង​ប្រៀប​ខ្លួន

៣៥ ចូរ​ឲ្យ​ចង្កេះ​អ្នក​រាល់​គ្នា​នៅ​ជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ ៣៦ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​មនុស្ស ដែល​នៅ​រង់ចាំ​ចៅហ្វាយ​ខ្លួន ត្រឡប់​មក​ពី​ស៊ី​ការ​វិញ ដើម្បី​កាល​ណា​លោក​មក​គោះ​ទ្វារ​ហៅ នោះ​ឲ្យ​បាន​បើក​ឲ្យ​ជា​១​រំពេច ៣៧ បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​ពួក​បាវ​កំពុង​តែ​ចាំ​យាម​ដូច្នោះ នោះ​គេ​មាន​ពរ​ណាស់ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ខ្លួន​លោក មក​បំរើ​គេ​វិញ ៣៨ បើ​លោក​មក​ដល់​ក្នុង​យាម​ទី​២ ឬ​យាម​ទី​៣ ហើយ​ឃើញ​ពួក​បាវ​នៅ​ចាំ​យាម​ដូច្នោះ​ដដែល នោះ​គេ​មាន​ពរ​ហើយ ៣៩ តែ​ត្រូវ​ដឹង​សេចក្តី​នេះ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ជា​ចោរ​នឹង​មក​នៅ​វេលា​ថ្មើរ​ម៉ាន នោះ​គាត់​នឹង​ចាំ​យាម មិន​ឲ្យ​ចោរ​ទំលុះ​ផ្ទះ​បាន​ទេ ៤០ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បំរុង​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។

ប្រស្នា​អំពី​អ្នក​បំរើ​ស្មោះត្រង់ និង​អ្នក​បំរើ​មិន​ស្មោះត្រង់

៤១ ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​ត្រឹម​យើង​ខ្ញុំ​ប៉ុណ្ណោះ ឬ​ដល់​មនុស្ស​គ្រប់​គ្នា​ដែរ ៤២ ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ចុះ​តើ​អ្នក​ណា​ជា​នាយ​ដំរួត​ការ​ដែល​ស្មោះត្រង់ មាន​មារយាទ​ល្អ ដែល​ចៅហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​នឹង​បើក​អាហារ​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល ៤៣ បើ​កាល​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​វា​មាន​ពរ​ហើយ ៤៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​តាំង​អ្នក​នោះ ឲ្យ​ត្រួត​ត្រា​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់ ៤៥ ប៉ុន្តែ បើ​អ្នក​បំរើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ចៅហ្វាយ​អញ​ក្រ​មក ហើយ​ក៏​តាំង​វាយ​ពួក​បាវ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង​វិញ ៤៦ ដូច្នេះ ដល់​ថ្ងៃ​ដែល​អ្នក​បំរើ​នោះ​មិន​នៅ​ចាំ ហើយ​វេលា​ណា​ដែល​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ ក៏​នឹង​ធ្វើ​ទោស​ជា​យ៉ាង​ធ្ងន់ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មិន​ជឿ​ផង ៤៧ អ្នក​បំរើ​ណា​ដែល​ស្គាល់​ចិត្ត​ចៅហ្វាយ តែ​មិន​បាន​រៀបចំ ឬ​ធ្វើ​តាម​ចិត្ត​លោក​សោះ នោះ​នឹង​ត្រូវ​រំពាត់​ជា​យ៉ាង​ច្រើន ៤៨ ឯ​អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ នោះ​នឹង​ត្រូវ​វាយ​តិច​វិញ ឯ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង។

ការ​បាក់​បែក​គ្នា​ព្រោះ​ជំនឿ

៤៩ ខ្ញុំ​បាន​មក ដើម្បី​នឹង​បោះ​ភ្លើង​នៅ​លើ​ផែនដី បើ​ភ្លើង​នោះ​ឆេះ​ហើយ តើ​ខ្ញុំ​នៅ​ចង់​បាន​អ្វី​ទៀត ៥០ តែ​ខ្ញុំ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​១សិន ហើយ​ខ្ញុំ​ត្រូវ​ចង្អៀតចង្អល់​យ៉ាង​ដូច​ម្តេច​ទៅ​ហ្ន៎ ទំរាំ​តែ​បុណ្យ​នោះ​បាន​សំរេច ៥១ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​នៅ​ផែនដី​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ គឺ​មក​ដើម្បី​ឲ្យ​កើត​ប្រដិបក្ស​វិញ​ទេ​តើ ៥២ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​៥​នាក់​ក្នុង​ផ្ទះ​១​បាក់​បែក​គ្នា គឺ​៣​នាក់​ទាស់​នឹង​២​នាក់ ហើយ​២​នាក់​ទាស់​នឹង​៣​នាក់ ៥៣ ឯ​ឪពុក នឹង​បាក់​បែក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪពុក ម្តាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ ម្តាយ​ក្មេក​ទាស់​នឹង​កូន​ប្រសា​ស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក​ដែរ។

ត្រូវ​យល់​ហេតុការណ៍​ផ្សេងៗ

៥៤ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​បណ្តា​មនុស្ស​ដែរ​ថា កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​ពី​ទិស​ខាង​លិច ស្រាប់​តែ​អ្នក​រាល់​គ្នា​ថា ចង់​ភ្លៀង​ហើយ រួច​ក៏​មាន​ដូច្នោះ​មែន ៥៥ ហើយ​កាល​ណា​ខ្យល់​បក់​ពី​ខាង​ត្បូង នោះ​អ្នក​រាល់​គ្នា​ថា ថ្ងៃ​នេះ មុខ​ជា​ក្តៅ នោះ​ក៏​មាន​ដែរ ៥៦ ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សភាព​ដី ហើយ​នឹង​មេឃ​បាន ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ស្គាល់​ពេល​វេលា​នេះ។

ត្រូវ​សំរុះសំរួល​រឿងរ៉ាវ​មុន​ថ្ងៃ​ព្រះ​វិនិច្ឆ័យ​ទោស

៥៧ ហើយ​ហេតុ​អ្វី​បាន​ជា​មិន​ពិចារណា ក្នុង​ខ្លួន​អ្នក​រាល់​គ្នា ពី​សេចក្តី​ណា​ដែល​សុចរិត ៥៨ ដ្បិត​ដែល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​ឯ​ចៅហ្វាយ ជា​មួយ​នឹង​សត្រូវ​អ្នក នោះ​ចូរ​ខំ​ប្រឹង​ដោះ​ខ្លួន​ឲ្យ​រួច​ចេញ ក្រែង​គេ​ទាញ​អូស​អ្នក​ទៅ​ឯ​ចៅក្រម ចៅក្រម​ប្រគល់​អ្នក​ដល់​នាយ​ភូឃុំ ហើយ​នាយ​ភូឃុំ​នឹង​ដាក់​អ្នក​ជាប់​គុក ៥៩ ខ្ញុំ​ប្រាប់​អ្នក​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​កន្លះ​សេន​នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។

លូកា ១៣

ត្រូវ​កែ​ប្រែ​ចិត្ត​គំនិត

១ នៅ​វេលា​នោះ​ឯង មាន​អ្នក​ខ្លះ​នៅ​ទី​នោះ គេ​ទូល​ព្រះយេស៊ូវ ពី​រឿង​ពួក​សាសន៍​កាលីឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​គេ លាយ​នឹង​យញ្ញបូជា ដែល​គេ​កំពុង​តែ​ថ្វាយ ២ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​នោះ​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលីឡេ​ទាំង​នោះ​មាន​បាប លើស​ជាង​សាសន៍​កាលីឡេ​ឯ​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ​អី ៣ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ​បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ ៤ ឬ​ស្មាន​ថា ពួក​១៨​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​មក​លើ​កិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូសាឡិម​ឬ​អី ៥ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ​បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។

ប្រស្នា​ស្តី​អំពី​ល្វា​គ្មាន​ផ្លែ

៦ រួច​ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់ មាន​ដើម​ល្វា​ដុះ​ក្នុង​ចំការ​ខ្លួន គាត់​បាន​មក​រក​ផល​ផ្លែ​ពី​ដើម​នោះ តែ​គ្មាន​សោះ ៧ ក៏​និយាយ​ទៅ​អ្នក​រក្សា​ចំការ​ថា មើល ៣​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ មិន​ដែល​បាន​សោះ ដូច្នេះ ចូរ​កាប់​ចោល​ទៅ ទុក​ឲ្យ​នៅ​បង្ខាត​ដី​ធ្វើ​អី ៨ តែ​អ្នក​នោះ​ឆ្លើយ​ថា សូម​លោក​ទុក​នៅ​១​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី ហើយ​ដាក់​ជី ល​មើល ៩ ក្រែង​កើត​មាន​ផល​ផ្លែ​ឡើង បើ​គ្មាន​ទេ នោះ​សូម​កាប់​ចោល​ទៅ​ចុះ។

ព្រះយេស៊ូវ​ប្រោស​ស្ត្រី​ពិការ​ម្នាក់​ឲ្យ​ជា

១០ កាល​ព្រះយេស៊ូវ ទ្រង់​កំពុង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​១ នៅ​ថ្ងៃ​ឈប់​សំរាក ១១ នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់ ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​១៨​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ ១២ លុះ​ទ្រង់​បាន​ឃើញ​គាត់ ក៏​មាន​ព្រះបន្ទូល​ហៅ​គាត់​មក ប្រាប់​ថា នាង​អើយ នាង​បាន​រួច​ពី​ជរា​ពិការ​ហើយ ១៣ រួច​ទ្រង់​ដាក់​ព្រះហស្ត​លើ​គាត់ នោះ​គាត់​ក៏​ងើប​ត្រង់​ឡើង​ជា​១​រំពេច ហើយ​ពោល​ពណ៌នា​សរសើរ​ដល់​ព្រះ ១៤ ឯ​មេ​សាលា​ប្រជុំ​គាត់​នឹក​គ្នាន់​ក្នុង​ចិត្ត​ណាស់ ដោយ​ព្រោះ​ព្រះយេស៊ូវ​បាន​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក ក៏​និយាយ​ទៅ​មនុស្ស​ទាំង​នោះ​ថា មាន​តែ​៦​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ជា​ចុះ កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​ឈប់​សំរាក​ឡើយ ១៥ នោះ​ព្រះអម្ចាស់ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា មនុស្ស​មាន​ពុត​អើយ តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ស្រាយ​លា​ពី​ចំណង ដឹក​ទៅ​ឲ្យ​ផឹក​ទឹក នៅ​ថ្ងៃ​ឈប់​សំរាក​ទេ​ឬ​អី ១៦ ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រាហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​១៨​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ​ទេ​ឬ​អី ១៧ កាល​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ហើយ នោះ​អស់​អ្នក​ដែល​ទាស់​នឹង​ទ្រង់ ក៏​អៀនខ្មាស​គ្រប់​គ្នា តែ​បណ្តា​មនុស្ស គេ​កើត​មាន​សេចក្តី​អំណរ ចំពោះ​គ្រប់​ទាំង​ការ​ឧត្តម ដែល​ទ្រង់​ធ្វើ​នោះ​វិញ។

ប្រស្នា​ស្តី​អំពី​គ្រាប់​ពូជ​ល្អិត និង​មេ​ម្សៅ

១៨ ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​នគរ​ព្រះ​ធៀប​ដូច​ជា​អ្វី តើ​ត្រូវ​យក​អ្វី​មក​ផ្ទឹម​នឹង​នគរ​នោះ ១៩ គឺ​ធៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ច្បារ​ខ្លួន វា​ដុះ​ឡើង​ទៅ​ជា​ដើម​ឈើ​យ៉ាង​ធំ ហើយ​សត្វ​ហើរ​លើ​មេឃ​ក៏​មក​ទំ​នៅ​មែក​បាន ២០ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៀត​ថា តើ​គួរ​ឲ្យ​ខ្ញុំ​ធៀប​នគរ​ព្រះ​ដូច​ជា​អ្វី ២១ នោះ​ត្រូវ​ធៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់។

ទ្វារ​ចង្អៀត

២២ ទ្រង់​ក៏​យាង​កាត់​អស់​ទាំង​ក្រុង អស់​ទាំង​ភូមិ ទាំង​បង្រៀន​បណ្តើរ ហើយ​ចេះ​តែ​ដំរង់​ត្រង់​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូសាឡិម ២៣ ក៏​មាន​ម្នាក់​ទូល​សួរ​ថា ព្រះអម្ចាស់​អើយ តើ​មនុស្ស​ដែល​បាន​សង្គ្រោះ មាន​គ្នា​តែ​បន្តិច​ទេ​ឬ​អី តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ២៤ ចូរ​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ឲ្យ​បាន​ចូល​ទៅ​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​រក​ចូល​ដែរ តែ​ចូល​មិន​បាន​ទេ ២៥ កាល​ណា​ម្ចាស់​ផ្ទះ​បាន​ក្រោក​ឡើង​បិទ​ទ្វារ នោះ​អ្នក​រាល់​គ្នា​នឹង​ចាប់​តាំង​ឈរ​ពី​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា ឱ​ព្រះអម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង នោះ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​ឆ្លើយ​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ ២៦ រួច​អ្នក​រាល់​គ្នា​នឹង​តាំង​ទូល​ថា យើង​ខ្ញុំ​បាន​ទទួល​ទាន​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បាន​បង្រៀន​តាម​ផ្លូវ​យើង​ខ្ញុំ​ដែរ ២៧ តែ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​សេចក្តី​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ ២៨ ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​ត្រូវ​បោះ​ទៅ​ក្រៅ នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ នៅ​ទី​នោះ ដោយ​ឃើញ​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ហើយ​អស់​ទាំង​ហោរា​នៅ​ក្នុង​នគរ​ព្រះ ២៩ ដ្បិត​នឹង​មាន​មនុស្ស​ពី​ទិស​ខាង​កើត ខាង​លិច ខាង​ជើង ហើយ​ខាង​ត្បូង មក​អង្គុយ​ក្នុង​នគរ​ព្រះ​ដែរ ៣០ ហើយ​មើល នឹង​មាន​មនុស្ស​ក្រោយ​ទៅ​ជា​មុន និង​មនុស្ស​មុន​ទៅ​ជា​ក្រោយ​វិញ។

អ្នក​ក្រុង​យេរូសាឡិម​បដិសេធ​មិន​ទទួល​ព្រះយេស៊ូវ

៣១ នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិត​ស្តេច​ហេរ៉ូឌ​រក​ចង់​សំឡាប់​លោក ៣២ តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោងនោះ​ថា មើល ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក លុះ​ដល់​ថ្ងៃ​ទី​៣ ខ្ញុំ​នឹង​បាន​សំរេច​ការ ៣៣ ប៉ុន្តែ​ត្រូវ​ឲ្យ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ខ្ញុំ​ទៅ នៅ​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ហើយ​ខាន​ស្អែក​ទៀត ដ្បិត​គ្មាន​ទំនង​ឲ្យ​ហោរា​ណា​វិនាស ក្រៅ​ពី​ក្រុង​យេរូសាឡិម​ទេ ៣៤ ឱ​យេរូសាឡិម ក្រុង​យេរូសាឡិម ជា​ទី​ក្រុង​ដែល​សំឡាប់​ពួក​ហោរា ហើយ​ចោល​ថ្ម​ទៅ​អស់​អ្នក ដែល​បាន​ចាត់​មក​ឯ​ឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​រាល់​គ្នា ដូច​ជា​មេ​មាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ​នោះ ៣៥ មើល ផ្ទះ​ឯង​រាល់​គ្នា​ត្រូវ​ចោល​នៅ​ស្ងាត់​ឈឹង ហើយ​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា មិន​ឃើញ​អញ​ទៀត ទាល់​តែ​ឯង​និយាយ​ថា ព្រះអង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់​ទ្រង់​ប្រកប​ដោយ​ព្រះពរ។

លូកា ១៤

ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​ឈប់​សំរាក

១ មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សំរាក ព្រះយេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះស្ងោយ ក្នុង​ផ្ទះ​នាម៉ឺន​ម្នាក់ ដែល​ជា​ពួក​ផារិស៊ី ពួក​នោះ​ក៏​រិះគន់​មើល​ទ្រង់ ២ គ្រា​នោះ ឃើញ​មាន​មនុស្ស​កើត​ទាច​ម្នាក់ នៅ​ចំពោះ​ទ្រង់ ៣ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ និង​ពួក​ផារិស៊ី​ថា តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​ទេ ៤ តែ​គេ​នៅ​តែ​ស្ងៀម នោះ​ទ្រង់​ក៏​យក​គាត់​មក​ប្រោស​ឲ្យ​ជា រួច​ឲ្យ​គាត់​ទៅ​វិញ ៥ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​លា ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក តើ​មិន​ស្រង់​យក​ចេញ ក្នុង​១​រំពេច​នោះ​ទេ​ឬ​អី ៦ តែ​គេ​ពុំ​អាច​នឹង​ឆ្លើយ​អ្វី​ទូល​ទ្រង់ ពី​ដំណើរ​នោះ​បាន​ទេ។

កុំ​ចង់​បាន​កន្លែង​កិត្តិយស

៧ កាល​ទ្រង់​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ នោះ​ក៏​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា ៨ បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​បរិភោគ​ការ នោះ​កុំ​ឲ្យ​អង្គុយ​ត្រង់​កន្លែង​ដ៏​ប្រសើរ​ឡើយ ក្រែង​ជួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក ៩ ហើយ​កាល​ណា​អ្នក​មង្គលការ ដែល​បាន​អញ្ជើញ​អ្នក និង​អ្នក​នោះ​ផង គាត់​មក​និយាយ​នឹង​អ្នក​ថា ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​ផង ១០ ដូច្នេះ កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​អ្នក​មង្គលការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា សំឡាញ់​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខ​វិញ នោះ​អ្នក​នឹង​បាន​ថ្កើង​ឡើង នៅ​មុខ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា ១១ ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ។

ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ​មក​បរិភោគ

១២ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក ដែល​បាន​អញ្ជើញ​ទ្រង់​ថា កាល​ណា​អ្នក​លៀង​ភ្ញៀវ​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច នោះ​កុំ​ឲ្យ​អញ្ជើញ​ពួក​សំឡាញ់ បង​ប្អូន​សាច់ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​ដូច្នោះ​វិញ​ដែរ ១៣ បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ​នោះ ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ ១៤ យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​គ្មាន​អ្វី​នឹង​សង​អ្នក​វិញ​ទេ លុះ​កាល​ណា​ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​រង្វាន់​ហើយ។

ប្រស្នា​ស្តី​អំពី​អ្នក​ក្រីក្រ​ជប់លៀង​ជំនួស​ភ្ញៀវ

១៥ កាល​ម្នាក់ ដែល​អង្គុយ​នៅ​តុ​ជា​មួយ បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ទូល​ទ្រង់​ថា មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​បរិភោគ​ក្នុង​នគរ​ព្រះ ១៦ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា មាន​បុរស​ម្នាក់​រៀប​ជប់លៀង​ជា​យ៉ាង​ធំ ក៏​អញ្ជើញ​មនុស្ស​ជា​ច្រើន ១៧ ដល់​ពេល​ជិត​ស៊ី​លៀង គាត់​ប្រើ​បាវ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា សូម​អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ ១៨ តែ​គេ​ចាប់​តាំង​ដោះ​សា​ដូច​គ្នា​ទាំង​អស់ អ្នក​មុន​និយាយ​ថា ខ្ញុំ​បាន​ទិញ​ចំការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចំការ​នោះ សូម​ឲ្យ​លោក​អត់​ទោស ១៩ ម្នាក់​ទៀត​ក៏​ថា ខ្ញុំ​បាន​ទិញ​គោ​៥​នឹម ខ្ញុំ​ត្រូវ​ទៅ​ល​វា​មើល សូម​ឲ្យ​លោក​អត់​ទោស ២០ ម្នាក់​ទៀត​ថា ខ្ញុំ​ទើប​នឹង​ការ​ប្រពន្ធ​ហើយ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទៅ​មិន​បាន ២១ បាវ​នោះ​ក៏​ត្រឡប់​ទៅ​វិញ ជំរាប​ចៅហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ ដូច្នេះ លោក​ប្រាប់​ទៅ​បាវ ទាំង​កំហឹង​ថា ចូរ​ប្រញាប់​ចេញ​ទៅ​ឯ​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​ពួក​មនុស្ស​ក្រ ពិការ ខ្វាក់ និង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់ ២២ បាវ​នោះ​ក៏​ជំរាប​ថា លោក ការ​ដែល​លោក​បង្គាប់​នោះ បាន​ធ្វើ​ហើយ តែ​នៅ​តែ​មាន​សល់​កន្លែង​ទៀត ២៣ រួច​ចៅហ្វាយ​ប្រាប់​ថា ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ច្រក​ល្ហក តាម​របង ហើយ​បង្ខំ​គេ​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​ផ្ទះ​អញ​បាន​ពេញ ២៤ ដ្បិត​អញ​ប្រាប់​ថា ឯ​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​អញ​បាន​អញ្ជើញ​មក​មុន​នោះ អញ​លែង​ឲ្យ​អ្នក​ណា​១​ភ្លក់​ម្ហូប​របស់​អញ​ហើយ។

អំពី​របៀប​ដែល​ត្រូវ​តាម​ព្រះយេស៊ូវ

២៥ មាន​មនុស្ស​សន្ធឹក​ណាស់ ដើរ​ទៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ទ្រង់​បែរ​ទៅ​មាន​ព្រះបន្ទូល​នឹង​គេ​ថា ២៦ បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្តាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ឯង​ផង អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ ២៧ ហើយ​អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ នោះ​ក៏​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ដែរ ២៨ ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃលក​មើល​ជា​មុន​ទេ​ឬ​អី ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន ២៩ ក្រែង​កាល​ណា​ដាក់​ជើង​ជញ្ជាំង រួច​បង្ហើយ​មិន​បាន នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ក៏​នឹង​សើច​ចំអក​ឲ្យ ៣០ ដោយ​ពាក្យ​ថា អ្នក​នេះ​បាន​ចាប់​ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន ៣១ ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​១​ទៀត ឥត​អង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ខ្លួន​នាំ​ពល​១​ម៉ឺន ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​២​ម៉ឺន មក​ច្បាំង​បាន​ឬ​មិន​បាន ៣២ បើ​ឃើញ​ថា​មិន​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជ​ទូត ឲ្យ​ទៅ​ស៊ើប​សួរ​ពី​កិច្ច ដែល​ចង​ស្ពាន​មេត្រី​នឹង​គ្នា​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ស្តេច​នោះ​នៅ​ឆ្ងាយ​នៅ​ឡើយ ៣៣ ដូច្នេះ អស់​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ។

កុំ​ឲ្យ​បាត់​ជាតិ​ប្រៃ

៣៤ អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន ៣៥ គ្មាន​ប្រយោជន៍​ដល់​ដី​ឬ​ជី​ទេ គេ​នឹង​ចោល​ទៅ​ក្រៅ​វិញ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

លូកា ១៥

ប្រស្នា​អំពី​ចៀម​ដែល​បាត់ ហើយ​រក​ឃើញ​វិញ

១ អស់​ទាំង​អ្នក​យក​ពន្ធ និង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់ ២ នោះ​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​គេ​ឌុកដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង ៣ តែ​ទ្រង់​មាន​ព្រះបន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​គេ​ថា ៤ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី ៥ កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ ៦ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ ៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថានសួគ៌ នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ។

ប្រស្នា​អំពី​ប្រាក់​ដួង​ដែល​បាត់ ហើយ​រក​ឃើញ​វិញ

៨ ឬ​មាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​១០​ដួង បើ​បាត់​១ តើ​មិន​អុជ​ចង្កៀង ហើយ​បោស​ផ្ទះ​រក​អស់​ពី​ចិត្ត ទាស់​តែ​បាន​ឃើញ​ទេ​ឬ​អី ៩ កាល​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ និង​អ្នក​ជិត​ខាង​មក​ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ ១០ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ។

ប្រស្នា​អំពី​កូន​ពៅ​ដែល​បាត់ ហើយ​រក​ឃើញ​វិញ

១១ រួច​ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​២ ១២ កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា សូម​លោក​ឪពុក​ប្រគល់​ចំណែក​មរដក ដែល​ត្រូវ​ចែក​ដល់​ខ្ញុំ​នោះ​មក គាត់​ក៏​ចែក​ទ្រព្យ​នោះ​ដល់​កូន ១៣ ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទាំង​អស់ ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​ទៅ ដោយ​ល្បែង​ដ៏​ហួស​ខ្នាត ១៤ កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ វា​ក៏​មាន​សេចក្តី​ទ័លក្រ ១៥ រួច​ទៅ​បំរើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​ឲ្យ​ទៅ​ឯ​វាល​ឃ្វាល​ហ្វូង​ជ្រូក ១៦ វា​មាន​ចិត្ត​ចង់​ចំអែត​ពោះ ដោយ​សំបក​ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ ១៧ កាល​វា​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ ១៨ អញ​នឹង​ក្រោក​ឡើង ទៅ​និយាយ​នឹង​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន ១៩ ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ ២០ នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា ២១ ទើប​វា​និយាយ​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​និង​លោក​ឪពុក ខ្ញុំ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ ២២ តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​គាត់​ថា ចូរ​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​វា ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង​មក​ឲ្យ​ផង ២៣ រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត ២៤ ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ ២៥ ឯ​កូន​ច្បង​នៅ​ឯ​ចំការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង និង​របាំ ២៦ គាត់​ហៅ​ពួក​បាវ​ម្នាក់​មក​សួរ​ថា គេ​ធ្វើ​អ្វី​ហ្នឹង ២៧ បាវ​នោះ​ជំរាប​ថា ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​លោក​ឪពុក​បាន​សំឡាប់​កូន​គោ​ដែល​បំប៉ន ដោយ​ព្រោះ​បាន​កូន​មក​វិញ​ដោយ​សុខសាន្ត ២៨ ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ទៅ​សោះ បាន​ជា​ឪពុក​ចេញ​មក​អង្វរ​ដល់​គាត់ ២៩ តែ​គាត់​ឆ្លើយ​ថា មើល ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​១ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ខ្ញុំ​ឡើយ ៣០ ឯ​កូន​លោក​ឪពុក ដែល​វា​បង្ហិន​បំផ្លាញ​សម្បត្តិ​លោក​ឪពុក​អស់ ដោយ​នូវ​ស្រី​អ្នក​លេង​នេះ កាល​បាន​មក​ដល់ នោះ​លោក​ឪពុក​សំឡាប់​កូន​គោ ដែល​បំប៉ន​ឲ្យ​វា​ភ្លាម ៣១ ឪពុក​ក៏​តប​ថា កូន​អើយ ឯង​បាន​នៅ​ជា​មួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ ៣២ គួរ​ឲ្យ​យើង​ស៊ី​លៀង ដោយ​អរ​សប្បាយ​ទៅ ពី​ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់បង់ តែ​បាន​ឃើញ​មក​វិញ​ហើយ។

លូកា ១៦

ប្រស្នា​អំពី​អ្នក​បំរើ​ប៉ិន​បោក​បញ្ឆោត

១ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​ត្រួត​ត្រា​លើ​របស់​ទ្រព្យ​លោក​ថា គាត់​ចាយ​បង្ហិន​បង្ហោច​ទ្រព្យសម្បត្តិ​លោក​ជា​ច្រើន ២ លោក​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា តើ​រឿង​អ្វី​ដែល​អញ​ឮ​និយាយ​ពី​ឯង ចូរ​រៀប​រាប់​ប្រាប់​ពី​ការ​ឯង​ត្រួត​ត្រា​នោះ​មក​មើល ពី​ព្រោះ​ឯង​នៅ​ត្រួត​ត្រា​ការ​ទៀត​ពុំ​បាន​ទេ ៣ អ្នក​ដំរួត​នោះ​គិត​ក្នុង​ចិត្ត​ថា តើ​អញ​នឹង​ធ្វើ​អ្វី ដ្បិត​ចៅហ្វាយ​អញ​គិត​ដក​ការ​ត្រួត​ត្រា​នេះ​ពី​អញ​ចេញ​ហើយ អញ​ទៅ​កាប់​ដី​មិន​កើត​ទេ និង​ទៅ​សូម​ទាន ក៏​ខ្មាស​គេ​ដែរ ៤ អញ​ដឹង​ការ​ដែល​អញ​នឹង​ធ្វើ​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​អញ ពី​ការ​ត្រួត​ត្រា​ចេញ នោះ​នឹង​មាន​គេ​ទទួល​អញ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន ៥ គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​មក គាត់​សួរ​អ្នក​ដែល​មក​មុន​ថា តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន ៦ អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ប្រេង​១​រយ​ប៉ោត រួច​គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​អង្គុយ​សរសេរ​ដាក់​៥០​វិញ ជា​ប្រញាប់​ទៅ ៧ រួច​គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា ឯ​អ្នក តើ​ជំពាក់​ប៉ុន្មាន អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ស្រូវ​១​រយ​ហាប គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​៨០​វិញ​ទៅ ៨ ចៅហ្វាយ​ក៏​សរសើរ​អ្នក​ត្រួត​ត្រា​ទុច្ចរិត​នោះ ពី​ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវ​ឆ្លាត ដ្បិត​មនុស្ស​របស់​ផង​លោកីយ៍​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ផង​ពន្លឺ​ទៅ​ទៀត។

សម្បត្តិ​លោកីយ៍ និង​សម្បត្តិ​សួគ៌

៩ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ ១០ អ្នក​ណា​ដែល​ស្មោះត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ ១១ ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះត្រង់ ចំពោះ​ទ្រព្យសម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ហ៊ាន​ផ្ញើ​សម្បត្តិ​ដ៏​ពិត ទុក​នឹង​អ្នក​រាល់​គ្នា​បាន ១២ ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះត្រង់​នឹង​របស់​គេ​ទេ តើ​អ្នក​ណា​នឹង​ហ៊ាន​ឲ្យ​របស់​អ្វី​ដាច់​ជា​របស់​ផង​អ្នក​បាន ១៣ គ្មាន​បាវ​ណា​ដែល​បំរើ​ចៅហ្វាយ​២​បាន​ទេ ពី​ព្រោះ​បាវ​នោះ​នឹង​ស្អប់​១ ស្រឡាញ់​១ ឬ​នឹង​កាន់​ខាង​១ ហើយ​មើលងាយ​១ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​បំរើ​ព្រះ​ផង ទ្រព្យសម្បត្តិ​ផង​ពុំ​បាន​ដែរ។

ក្រឹត្យវិន័យ និង​នគរ​ព្រះ

១៤ ឯ​ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ គេ​ក៏​បាន​ស្តាប់​គ្រប់​សេចក្តី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ទ្រង់ ១៥ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សំដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ ១៦ មាន​ក្រឹត្យវិន័យ និង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទួទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល ១៧ ប៉ុន្តែ ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​១ ក្នុង​ក្រឹត្យវិន័យ​ទៅ​ទៀត។ ១៨ អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្តី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្តី​កំផិត​ដែរ។

បុរស​អ្នក​មាន និង​ឡាសារ​ជា​អ្នក​ក្រ

១៩ មាន​បុរស​ម្នាក់​មាន​ទ្រព្យសម្បត្តិ​ច្រើន គាត់​ស្លៀកពាក់​សំពត់​ពណ៌​ស្វាយ នឹង​សំពត់​ទេសឯក​យ៉ាង​ម៉ដ្ត តែង​តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ ២០ ក៏​មាន​បុរស​ក្រ​ម្នាក់ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ទាំង​ខ្លួន គេ​នាំ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ ២១ គាត់​មាន​ប្រាថ្នា​ចង់​ចំអែត​ពោះ ដោយ​ចំណិត​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​មក​ណាស់ ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ដែរ ២២ ចំណេរ​ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​នាំ​យក​គាត់ ទៅ​ដាក់​នៅ​ស្ថានបរមសុខ នា​ដើម​ទ្រូង​លោក​អ័ប្រាហាំ ឯ​អ្នក​មាន​នោះ ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​នាំ​យក​ទៅ​កប់ ២៣ គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំងាយ និង​ឡាសារ​នៅ​ដើម​ទ្រូង​លោក ២៤ នោះ​គាត់​ស្រែក​ឡើង​ថា ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ ២៥ តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ គាត់​បាន​តែ​សេចក្តី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្តី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា ២៦ មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​និង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ ២៧ គាត់​ក៏​និយាយ​ថា លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច ២៨ ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់ សូម​ឲ្យ​គាត់​ទៅ​ធ្វើ​បន្ទាល់​ប្រាប់​គេ​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ ២៩ លោក​អ័ប្រាហាំ​ឆ្លើយ​ថា គេ​មាន​លោក​ម៉ូសេ និង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ ៣០ តែ​គាត់​ប្រកែក​ថា ទេ លោក​អ័ប្រាហាំ ឪពុក​អើយ បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ឯ​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន ៣១ លោក​ឆ្លើយ​ទៅ​ថា បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​ពួក​ហោរា​ទេ នោះ​ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ គង់​តែ​គេ​មិន​ព្រម​ជឿ​ដែរ។

លូកា ១៧

កុំ​នាំ​គេ​ប្រព្រឹត្ត​អំពើ​បាប

១ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​ធ្វើ​ឲ្យ​បាត់​ហេតុ​ដែល​នាំ​ឲ្យ​រវាត​ចិត្ត នោះ​មិន​បាន​ឡើយ តែ​វេទនា​ដល់​អ្នក​ណា​ដែល​បង្កើត​ហេតុ​នោះ​ឡើង ២ បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទៅ​ចង​ក​អ្នក​នោះ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ ជា​ជាង​ទុក​ឲ្យ​នៅ​ធ្វើ​ហេតុ​នាំ​ឲ្យ​កូន​តូច​ណា​មួយ​នេះ​រវាត​ចិត្ត​វិញ ៣ ចូរ​ប្រយ័ត្ន​ខ្លួន បើ​បង​ប្អូន​ធ្វើ​បាប​នឹង​អ្នក ត្រូវ​ឲ្យ​អ្នក​បន្ទោស​ដល់​គាត់ បើ​គាត់​ប្រែ​ចិត្ត​មក​វិញ នោះ​ចូរ​អត់​ទោស​ដល់​គាត់​ចុះ ៤ បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​៧​ដង​ក្នុង​១​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​៧​ដង​ថា ខ្ញុំ​ប្រែ​ចិត្ត​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​អត់​ទោស​ដល់​គាត់​ជា​កុំ​ខាន។

អំពី​ជំនឿ

៥ ដូច្នេះ ពួក​សាវ័ក​ទូល​ដល់​ព្រះអម្ចាស់​ថា សូម​ទ្រង់​ចំរើន​សេចក្តី​ជំនឿ​ដល់​យើង​ខ្ញុំ​ទៀត​ផង ៦ តែ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា បើ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ជំនឿ​ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​នឹង​និយាយ​ទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់​តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ។

ភារកិច្ច​របស់​អ្នក​បំរើ

៧ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​បាវ​កំពុង​តែ​ភ្ជួរ ឬ​ឃ្វាល​សត្វ លុះ​កាល​ណា​វា​វិល​មក​ពី​ចំការ តើ​នឹង​និយាយ​ទៅ​វា​ភ្លាម​ថា មក​អង្គុយ​ស៊ី​បាយ​សិន ឬ​អី ៨ គឺ​នឹង​ប្រាប់​វា​យ៉ាង​នេះ​វិញ​ទេ​តើ ថា ចូរ​រៀបចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បំរើ​អញ​ដែល​កំពុង​តែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ ៩ តើ​ចៅហ្វាយ​ដឹង​គុណ​បាវ​នោះ ដោយ​ព្រោះ​វា​ធ្វើ​តាម​បង្គាប់ ឬ​ដូច​ម្តេច ខ្ញុំ​យល់​ថា មិន​មែន​ទេ ១០ ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​១០​នាក់​ឲ្យ​ជា

១១ កាល​ទ្រង់​កំពុង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​ក៏​យាង​តាម​ព្រំដែន​ស្រុក​សាម៉ារី ហើយ​និង​ស្រុក​កាលីឡេ ១២ លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ​១ ក៏​មាន​មនុស្ស​ឃ្លង់​១០​នាក់​មក​ជួប​នឹង​ទ្រង់ ឈរ​នៅ​ពី​ចំងាយ ស្រែក​ទូល​ថា ១៣ ឱ​ព្រះយេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង ១៤ ទ្រង់​ទត​ឃើញ​គេ ហើយ​ក៏​មាន​ព្រះបន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ លុះ​គេ​កំពុង​តែ​ដើរ​ទៅ នោះ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា ១៥ មាន​ម្នាក់ កាល​ឃើញ​ថា ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង ១៦ គាត់​ទំលាក់​ខ្លួន​ផ្កាប់​មុខ នៅ​ទៀប​ព្រះបាទ​ព្រះយេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ទ្រង់​ផង អ្នក​នោះ​ជា​សាសន៍​សាម៉ារី ១៧ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អ្នក​ទាំង​១០​នោះ​មិន​បាន​ជា​ស្អាត​ទេ​ឬ​អី ចុះ​៩​នាក់​ឯ​ទៀត​នៅ​ឯ​ណា ១៨ តើ​ឃើញ​មាន​តែ​សាសន៍​ដទៃ​១​នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ ១៩ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ក្រោក​ឡើង​ទៅ​ចុះ សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ។

ទី​សំគាល់​អំពី​នគរ​ព្រះ

២០ ឯ​ពួក​ផារិស៊ី គេ​ទូល​សួរ​ទ្រង់​ពី​នគរ​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា នោះ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា នគរ​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មើល​ឃើញ​ទេ ២១ គ្មាន​អ្នក​ណា​នឹង​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ​បាន​ឡើយ ដ្បិត​មើល នគរ​ព្រះ​ក៏​នៅ​កណ្តាល​អ្នក​រាល់​គ្នា​ហើយ។ ២២ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​រាល់​គ្នា​នឹង​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស តែ​មិន​ឃើញ​ទេ ២៣ ហើយ​គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ចេញ​ទៅ​តាម​ឡើយ ២៤ ដ្បិត​នៅ​ថ្ងៃ​របស់​កូន​មនុស្ស នោះ​លោក​នឹង​បាន​ដូច​ជា​ផ្លេកបន្ទោរ ដែល​ភ្លឺផ្លេកៗ ពី​ជើង​មេឃ​ម្ខាង ដល់​ជើង​មេឃ​ម្ខាង​ដូច្នោះ​ដែរ ២៥ ប៉ុន្តែ​មុន​ដំបូង​ត្រូវ​ឲ្យ​លោក​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ត្រូវ​មនុស្ស​ដំណ​នេះ បោះ​បង់​ចោល​លោក​ផង ២៦ នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ២៧ ដ្បិត​នៅ​ជំនាន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក រៀបការ​ប្តី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ នោះ​ទឹក​ក៏​ជន់​មក​លិច​បំផ្លាញ​គ្រប់​គ្នា​ទៅ ២៨ ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុតដែរ គេ​កំពុង​តែ​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ ហើយ​សង់​ផ្ទះ ២៩ តែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុំម​មក នោះ​មាន​ភ្លៀង ជា​ភ្លើង និង​ស្ពាន់ធ័រ ធ្លាក់​ពី​លើ​មេឃ​មក បំផ្លាញ​គេ​ទាំង​អស់​គ្នា​បង់ ៣០ នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​លេច​មក នោះ​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ ៣១ ថ្ងៃ​នោះ​ឯង បើ​អ្នក​ណា​នៅ​លើ​ដំបូល ហើយ​មាន​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ផ្ទះ នោះ​កុំ​ឲ្យ​ចុះ​មក​យក​ឡើយ ឯ​អ្នក​ណា​ដែល​នៅ​ចំការ​ក៏​ដូច្នោះ​ដែរ កុំ​ឲ្យ​ត្រឡប់​មក​វិញ​ឲ្យ​សោះ ៣២ ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត ៣៣ អ្នក​ណា​ដែល​រក​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ ហើយ​អ្នក​ណា​ដែល​បាត់​ជីវិត នោះ​នឹង​បាន​គង់​នៅ​វិញ ៣៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ នឹង​មាន​មនុស្ស​២​នាក់​ដេក​នៅ​ដំណេក​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ ៣៥ នឹង​មាន​ស្ត្រី​២​នាក់ កិន​ម្សៅ​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ ៣៦ នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ត្រូវ​ទុក​នៅ ៣៧ នោះ​គេ​ទូល​សួរ​ថា ព្រះអម្ចាស់​អើយ តើ​នៅ​ឯ​ណា ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ខ្មោច​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​ទី​នោះ​ឯង។

លូកា ១៨

ប្រស្នា​អំពី​ចៅក្រម និង​ស្ត្រី​មេម៉ាយ

១ នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ ២ ទ្រង់​មាន​ព្រះបន្ទូល​ថា នៅ​ក្នុង​ក្រុង​១ មាន​ចៅក្រម​ម្នាក់ ដែល​មិន​កោតខ្លាច​ដល់​ព្រះ ក៏​មិន​ព្រម​ញញើត​ចំពោះ​មនុស្ស​ណា​ផង ៣ ហើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ក្នុង​ក្រុង​នោះ​ដែរ នាង​ចេះ​តែ​មក​និយាយ​នឹង​លោក​នោះ​ថា សូម​លោក​កាត់​ទោស​ដល់​ខ្មាំងសត្រូវ​ឲ្យ​ខ្ញុំ​ផង ៤ តែ​លោក​មិន​ទទួល​ព្រម​ជា​យូរ​ក្រែល​ហើយ លុះ​ក្រោយ​មក​ក៏​គិត​ក្នុង​ចិត្ត​ថា ទោះ​បើ​អញ​មិន​ខ្លាច​ដល់​ព្រះ ឬ​ព្រម​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ ៥ គង់​តែ​អញ​នឹង​ជំនុំ​ជំរះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​អញ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​អញ​ពិបាក​ចិត្ត​ទៅ​ទៀត ៦ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ពិចារណា​សេចក្តី ដែល​ចៅក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ ៧ ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះហឫទ័យ​អត់ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវនាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សងសឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី ៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សងសឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន ប៉ុន្តែ​កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្តី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្តេច។

បុរស​ម្នាក់​ខាង​គណៈផារិស៊ី និង​អ្នក​ទារ​ពន្ធ

៩ ឯ​ពួក​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​នឹង​ខ្លួន​គេ​ថា គេ​សុចរិត ហើយ​ក៏​មើលងាយ​ដល់​មនុស្ស​ឯ​ទៀត​ផង នោះ​ទ្រង់​មាន​ព្រះបន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា ១០ មាន​បុរស​២​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះវិហារ មួយ​ជា​ពួក​ផារិស៊ី មួយ​ទៀត​ជា​អ្នក​យក​ពន្ធ ១១ អ្នក​ផារិស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះអង្គ​អើយ ទូលបង្គំ​អរ​ព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ ១២ ទូលបង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាលម៉ាន​ដែល​ទូលបង្គំ​បាន​ចំណេញ​ផង ១៣ ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះអង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូលបង្គំ ដែល​ជា​អ្នក​មាន​បាប​ផង ១៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​១​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។

ព្រះយេស៊ូវ​ប្រទាន​ពរ​ឲ្យ​ក្មេងៗ

១៥ មាន​គេ​នាំ​កូន​តូចៗ មក​ឯ​ព្រះយេស៊ូវ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​ពាល់​វា តែ​កាល​ពួក​សិស្ស​បាន​ឃើញ នោះ​ក៏​បន្ទោស​ដល់​គេ ១៦ ប៉ុន្តែ​ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះបន្ទូល​ថា ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯ​ណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ ១៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ ដូច​ជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។

អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់​កល្ប​ជានិច្ច

១៨ មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ទ្រង់​ថា ឱ​លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​បាន​ជីវិត​រស់​អស់​កល្ប​ជានិច្ច ១៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា ល្អ ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​ឡើយ មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ ២០ អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ» ២១ តែ​គាត់​ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ហើយ ២២ កាល​ព្រះយេស៊ូវ​បាន​ឮ​ដូច្នោះ នោះ​ក៏​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា អ្នក​នៅ​ខ្វះ​សេចក្តី​១​ទៀត ដូច្នេះ ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្តិ នៅ​លើ​ស្ថានសួគ៌​វិញ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ ២៣ កាល​គាត់​បាន​ឮ​សេចក្តី​ទាំង​នេះ​ហើយ នោះ​ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។ ២៤ ព្រះយេស៊ូវ​ក៏​ឃើញ​ថា គាត់​កើត​មាន​ចិត្ត​ព្រួយ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពិបាក​ណាស់ ២៥ ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត ២៦ ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ២៧ ទ្រង់​មាន​ព្រះបន្ទូល​ថា ការ​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់ ២៨ នោះ​ពេត្រុស​ទូល​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ទ្រង់​ហើយ ២៩ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា ដែល​លះ​ចោល​ផ្ទះសំបែង ឪពុក​ម្តាយ បង​ប្អូន ឬ​ប្រពន្ធ​កូន ដោយ​យល់​ដល់​នគរ​ព្រះ ៣០ ឥត​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ ហើយ​លុះ​ដល់​បរលោក​នាយ ក៏​នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជានិច្ច​ថែម​ទៀត​ផង។

ព្រះយេស៊ូវ​ប្រកាស​អំពី​ព្រះអង្គ​សោយ​ទិវង្គត

៣១ ទ្រង់​ក៏​យក​ពួក​១២​នាក់​មក​មាន​ព្រះបន្ទូល​ថា មើល យើង​រាល់​គ្នា​នឹង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​គ្រប់​សេចក្តី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សំរេច​ពិត ៣២ ដ្បិត​គេ​នឹង​បញ្ជូន​លោក​ទៅ​ពួក​សាសន៍​ដទៃ គេ​នឹង​សើច​ចំអក​ឲ្យ ត្មះតិះដៀល ហើយ​ស្តោះ​ដាក់​លោក ៣៣ រួច​កាល​គេ​បាន​វាយ​នឹង​រំពាត់​ហើយ នោះ​គេ​នឹង​សំឡាប់​លោក​បង់ តែ​ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​រស់​ឡើង​វិញ ៣៤ តែ​ពួក​សាវ័ក​មិន​បាន​យល់​សេចក្តី​ទាំង​នោះ​សោះ ពាក្យ​នោះ​ជា​ពាក្យ​លាក់​កំបាំង​ដល់​គេ ហើយ​គេ​មិន​បាន​យល់​ជា​ថា​ដូច​ម្តេច​ទេ។

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​ភ្លឺ

៣៥ កាល​ជិត​ដល់​ក្រុង​យេរីខូរ​ហើយ នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ ៣៦ គាត់​ឮ​សូរ​សន្ធឹក​មនុស្ស​ទាំង​ហ្វូង ដែល​ដើរ​តាម​នោះ ក៏​សួរ​គេ​ថា តើ​មាន​ការ​អ្វី ៣៧ គេ​ប្រាប់​គាត់​ថា គឺ​ព្រះយេស៊ូវ ពី​ស្រុក​ណាសារ៉ែត ទ្រង់​យាង​មក ៣៨ រួច​គាត់​ស្រែក​ឡើង​ថា ឱ​ព្រះយេស៊ូវ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង ៣៩ ឯ​ពួក​អ្នក​ដែល​ដើរ​មុន គេ​កំហែង​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង ៤០ នោះ​ព្រះយេស៊ូវ​ទ្រង់​ក៏​ឈប់ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​គាត់​មក កាល​គាត់​មក​ជិត​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា ៤១ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក គាត់​ទូល​ថា ឱ​ព្រះអម្ចាស់​អើយ សូម​ឲ្យ​ភ្នែក​ទូលបង្គំ​បាន​ភ្លឺ​ឡើង ៤២ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ឲ្យ​ភ្លឺ​ចុះ សេចក្តី​ជំនឿ​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ ៤៣ ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ទ្រង់ ទាំង​ពណ៌នា​សរសើរដំកើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​ដល់​ព្រះ​ដែរ។

លូកា ១៩

ព្រះយេស៊ូវ និង​លោក​សាខេ

១ លុះ​ទ្រង់​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរីខូរ ក៏​យាង​កាត់​ទី​ក្រុង​ទៅ ២ នោះ​ឃើញ​មាន​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​ពួក​អ្នក​យក​ពន្ធ ៣ គាត់​ខំ​រក​មើល​ព្រះយេស៊ូវ ដែល​ទ្រង់​មាន​បែប​ភាព​ជា​យ៉ាង​ណា តែ​មិន​ឃើញ​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ ហើយ​គាត់​ក៏​តូច​ទាប​ផង ៤ ដូច្នេះ គាត់​រត់​ទៅ​ពី​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ទ្រង់ ព្រោះ​ទ្រង់​ត្រូវ​យាង​មក​តាម​នោះ ៥ កាល​ព្រះយេស៊ូវ​យាង​មក​ដល់ នោះ​ទ្រង់​ងើប​ព្រះនេត្រ​ឡើង​ឃើញ ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក ៦ គាត់​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ទ្រង់​ដោយ​អំណរ ៧ កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូរទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប ៨ ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា មើល ព្រះអម្ចាស់​អើយ ទូលបង្គំ​ចែក​ទ្រព្យ​ទូលបង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូលបង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូលបង្គំ​នឹង​សង​គេ​១​ជា​៤​វិញ ៩ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ថ្ងៃ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពី​ព្រោះ​អ្នក​នេះ​ជា​ពូជ​លោក​អ័ប្រាហាំ​ដែរ ១០ ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់។

ប្រស្នា​អំពី​ប្រាក់​ណែន

១១ កាល​គេ​កំពុង​តែ​ស្តាប់​សេចក្តី​ទាំង​នោះ​នៅ​ឡើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ថែម​ទៀត ដោយ​ព្រោះ​ជិត​ដល់​ក្រុង​យេរូសាឡិម​ហើយ គេ​ក៏​ស្មាន​ថា នគរ​ព្រះ​រៀប​នឹង​លេច​មក​ភ្លាម ១២ ដូច្នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ដើម្បី​គ្រង​រាជ្យ រួច​ត្រឡប់​មក​វិញ ១៣ ក៏​ហៅ​ពួក​បាវ​១០​នាក់ មក​ប្រគល់​ប្រាក់​១០​ណែនដល់​គេ ដោយ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​ជំនួញ ដរាប​ដល់​អញ​ត្រឡប់​មក​វិញ ១៤ ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​សារ​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា យើង​រាល់​គ្នា​មិន​ចង់​ឲ្យ​មនុស្ស​នេះ​សោយ​រាជ្យ​លើ​យើង​ទេ ១៥ លុះ​ត្រឡប់​មក​វិញ ក្រោយ​ដែល​បាន​គ្រង​រាជ្យ​ហើយ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ចង់​ដឹង ពី​អ្នក​និមួយៗ ដែល​ជួញ​បាន​ចំណេញ​ប៉ុន្មាន​ម្នាក់ ១៦ អ្នក​មុន​ដំបូង​ក៏​មក​ទូល​ថា ព្រះអម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​១០​ណែន​ទៀត ១៧ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ប្រពៃ​ហើយ​បាវ​ល្អ​អើយ ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ស្មោះ​ចំពោះ ក្នុង​ការ​បន្តិច​បន្តួច​នេះ នោះ​ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​១០​ចុះ ១៨ អ្នក​ទី​២​ក៏​មក​ទូល​ថា ព្រះអម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​៥​ណែន​ទៀត ១៩ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​នេះ​ដែរ​ថា ឯ​ឯង ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​៥​ចុះ ២០ អ្នក​១​ទៀត​មក​ទូល​ថា ព្រះអម្ចាស់​អើយ នេះ​នែ​ប្រាក់​ណែន​របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង ២១ ដ្បិត​ទូលបង្គំ​នឹក​ខ្លាច​ទ្រង់ ព្រោះ​ទ្រង់​ជា​មនុស្ស​ប្រិតប្រៀប ទ្រង់​លើក​យក​របស់​ដែល​ទ្រង់​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​ទ្រង់​មិន​បាន​សាបព្រោះ ២២ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា បាវ​អាក្រក់​អើយ អញ​នឹង​ជំនុំ​ជំរះ​ឯង តាម​សំដី​ឯង ចុះ​បើ​ឯង​ដឹង​ថា អញ​ជា​មនុស្ស​ប្រិតប្រៀប ទាំង​លើក​យក​របស់​ដែល​អញ​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​អញ​មិន​បាន​សាបព្រោះ ២៣ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​យក​ប្រាក់​អញ​នោះ ទៅ​ដាក់​នៅ​ឯ​ផ្ទះ​ចង​ការ​វិញ ដើម្បី​ដល់​អញ​ត្រឡប់​មក​វិញ នោះ​អញ​នឹង​បាន​ទាំង​ដើម​ទាំង​ការ​ផង ២៤ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​ពួក​អ្នក ដែល​ឈរ​នៅ​មុខ​លោក​ថា ចូរ​ដក​យក​ប្រាក់​១​ណែន​ពី​វា​ចេញ ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​១០​ណែន​វិញ ២៥ (អ្នក​ទាំង​នោះ​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ អ្នក​នោះ​មាន​១០​ណែន​ហើយ) ២៦ ដ្បិត​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា គេ​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​មាន តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​ហូត​យក​ទាំង​របស់​ដែល​អ្នក​នោះ​មាន​ចេញ​ផង ២៧ មួយ​ទៀត ឯ​ពួក​ខ្មាំងសត្រូវ ដែល​មិន​ចង់​ឲ្យ​អញ​សោយ​រាជ្យ​លើ​គេ នោះ​ចូរ​នាំ​គេ​មក​សំឡាប់​ទាំង​អស់ នៅ​មុខ​អញ​នេះ​វិញ។

ព្រះយេស៊ូវ​យាង​ចូល​ក្រុង​យេរូសាឡិម

២៨ លុះ​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​មុខ ឡើង​សំដៅ​ទៅ​ឯ​ក្រុង​យេរូសាឡិម ២៩ កាល​យាង​ទៅ​ជិត​ដល់​ភូមិ​បេតផាសេ និង​ភូមិ​បេថានី នៅ​ក្បែរ​ភ្នំ ដែល​ហៅ​ថា​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​ថា ៣០ ត្រូវ​ចូល​ទៅ​ក្នុង​ភូមិ​នៅ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ដល់​ហើយ នោះ​នឹង​ឃើញ​កូន​លា​១ គេ​ចង​ទុក ដែល​មិន​ទាន់​មាន​អ្នក​ណា​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​វា​ដឹកនាំ​មក ៣១ បើ​អ្នក​ណា​សួរ​អ្នក​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ពី​ព្រោះ​ព្រះអម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា ៣២ ពួក​អ្នក​ដែល​ទ្រង់​បាន​ចាត់​នោះ ក៏​ទៅ​ឃើញ​មាន​ដូច​ជា​ទ្រង់​ប្រាប់ ៣៣ កំពុង​ដែល​គេ​ស្រាយ​កូន​លា ម្ចាស់​វា​ក៏​សួរ​ថា អ្នក​ស្រាយ​វា​ធ្វើ​អី ៣៤ គេ​ឆ្លើយ​ថា ព្រះអម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា ៣៥ រួច​គេ​ដឹក​វា​ទៅ ថ្វាយ​ព្រះយេស៊ូវ ក៏​ក្រាល​អាវ​គេ​លើ​ខ្នង ហើយ​ថ្វាយ​ទ្រង់​គង់ ៣៦ កំពុង​ដែល​ទ្រង់​យាង​ទៅ គេ​ក៏​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ៣៧ លុះ​ទ្រង់​យាង​ជិត​ដល់​ហើយ គឺ​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​មក នោះ​ពួក​សិស្ស​ទ្រង់​ទាំង​ហ្វូង​ចាប់​តាំង​មាន​សេចក្តី​រីករាយ ក៏​ពោល​សរសើរ​ដល់​ព្រះ ដោយ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​អស់​ទាំង​ការ​ឫទ្ធិបារមី ដែល​គេ​បាន​ឃើញ​នោះ ៣៨ គឺ​ពោល​ថា ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ សូម​ឲ្យ​បាន​សេចក្តី​ក្សេមក្សាន្ត​នៅ​ស្ថានសួគ៌ និង​សិរីល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ៣៩ នោះ​ពួក​ផារិស៊ី​ខ្លះ ដែល​នៅ​ក្នុង​បណ្តា​មនុស្ស គេ​ទូល​ទ្រង់​ថា លោក​គ្រូ ត្រូវ​ស្តី​បន្ទោស​ដល់​ពួក​សិស្ស​លោក​ផង ៤០ តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ។

ព្រះយេស៊ូវ​សោកសៅ​ស្រណោះ​ក្រុង​យេរូសាឡិម

៤១ កាល​ទ្រង់​យាង​ទៅ​បង្កើយ នឹង​ឃើញ​ទី​ក្រុង​ហើយ នោះ​ក៏​ទ្រង់​ព្រះកន្សែង​នឹង​ក្រុង​នោះ​ថា ៤២ ឱ​ឯង ឯង​អើយ នៅ​ថ្ងៃ​របស់​ឯង​នេះ គួរ​ណាស់​តែ​ឯង​បាន​ស្គាល់​សេចក្តី ដែល​សំរាប់​ឲ្យ​ឯង​បាន​សុខសាន្ត​ទៅ​អេះ ប៉ុន្តែ​ឥឡូវ​នេះ សេចក្តី​ទាំង​នោះ​បាន​កំបាំង​នឹង​ភ្នែក​ឯង​ហើយ ៤៣ ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំងសត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំវិញ​ឯង ព្រម​ទាំង​ឡោមព័ទ្ធ ហើយ​បិទ​ផ្លូវ​គ្រប់​ទិស ៤៤ គេ​នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី ព្រម​ទាំង​កូន​ចៅ​ដែល​មាន​ក្នុង​ឯង​ផង ឥត​ទុក​ថ្ម​ណា​មួយ​ឲ្យ​នៅ​ត្រួត​លើ​ថ្ម​ណា នៅ​ក្នុង​ឯង​ឡើយ ពី​ព្រោះ​ឯង​មិន​បាន​ស្គាល់​ពេល ដែល​ព្រះ​យាង​មក​ប្រោស​ឯង​សោះ។

ព្រះយេស៊ូវ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះវិហារ*

៤៥ កាល​ទ្រង់​យាង​ចូល​ដល់​ក្នុង​ព្រះវិហារ​ហើយ នោះ​ទ្រង់​ចាប់​តាំង​ដេញ​ពួក​អ្នក​ដែល​លក់​ដូរ​ចេញ ៤៦ ដោយ​ព្រះបន្ទូល​ថា មាន​សេចក្តី​ចែង​ទុក​មក​ថា «ដំណាក់​អញ​ជា​ទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរវិញ ៤៧ ទ្រង់​ក៏​បង្រៀន​ក្នុង​ព្រះវិហារ​រាល់​តែ​ថ្ងៃ តែ​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​អ្នក​ធំ ក្នុង​បណ្តាជន គេ​ខំ​ស្វែង​រក​ឱកាស​នឹង​បំផ្លាញ​ទ្រង់​ចេញ ៤៨ តែ​រក​ហេតុ​អ្វី​មិន​បាន​សោះ ពី​ព្រោះ​បណ្តាជន​កំពុង​ប្រុង​ស្តាប់​ទ្រង់​ណាស់។

លូកា ២០

អំណាច​របស់​ព្រះយេស៊ូវ

១ មាន​កាល​១​ថ្ងៃ​នោះ កំពុង​ដែល​ព្រះយេស៊ូវ​ទ្រង់​បង្រៀន​ដល់​ពួក​ជន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះវិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់ទុំ ក៏​មក​ដល់ ២ គេ​ទូល​ទ្រង់​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​អំណាច​អ្វី អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក ៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្តី​១​ដែរ ចូរ​ប្រាប់​មក​ខ្ញុំ​សិន ៤ ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថានសួគ៌ ឬ​ពី​មនុស្ស ៥ គេ​ក៏​រិះគិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថានសួគ៌ នោះ​វា​នឹង​សួរ​យើង​វិញ​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់ ៦ តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​បណ្តាជន​នឹង​ចោល​យើង​នឹង​ថ្ម ពី​ព្រោះ​គេ​ជឿ​ប្រាកដ​ថា យ៉ូហាន​នេះ​ជា​ហោរា​មែន ៧ រួច​គេ​ទូល​ឆ្លើយ​ថា មិន​ដឹង​ជា​មក​ពី​ណា​ទេ ៨ ទ្រង់​ក៏​មាន​ព្រះបន្ទូល​តប​ដល់​គេ​ថា ដូច្នេះ ខ្ញុំ​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ដែល​ខ្ញុំ​អាង​អំណាច​អ្វី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។

ប្រស្នា​អំពី​អ្នក​ថែ​រក្សា​ចំការ​ទំពាំងបាយជូរ

៩ ទ្រង់​ក៏​ចាប់​តាំង​មាន​ព្រះបន្ទូល​ទៅ​បណ្តាជន ជា​ពាក្យ​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់​បាន​ដាំ​ចំការ​ទំពាំងបាយជូរ ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ក៏​ចេញ​ពី​ស្រុក​នោះ​ទៅ​ជា​យូរ ១០ លុះ​ដល់​រដូវ​ហើយ គាត់​ក៏​ចាត់​បាវ​ទៅ​ឯ​ពួក​ធ្វើ​ចំការ ដើម្បី​ឲ្យ​ចែក​ផល​ទំពាំងបាយជូរ​មក​គាត់ តែ​ពួក​អ្នក​ទាំង​នោះ គេ​វាយ​បណ្តេញ​បាវ​នោះ​ឲ្យ​មក​វិញ​ទទេ ១១ គាត់​ចាត់​បាវ​១​ទៅ​ទៀត តែ​គេ​វាយ​បាវ​នោះ​ដែរ ទាំង​ដៀល​ត្មះ ហើយ​បណ្តេញ​ឲ្យ​មក​វិញ​ទទេ ១២ គាត់​ក៏​ចាត់​អ្នក​ទី​៣​ឲ្យ​ទៅ​ទៀត តែ​គេ​វាយ​អ្នក​នោះ​ឲ្យ​មាន​របួស រួច​បោះ​ចោល​ទៅ​ក្រៅ​ទៅ ១៣ នោះ​ថៅកែ​ចំការ​គិត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច អញ​នឹង​ចាត់​កូន​សំឡាញ់​របស់​អញ​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ នោះ​គេ​នឹង​កោតខ្លាច​ដល់​វា ១៤ តែ​កាល​ពួក​ធ្វើ​ចំការ​បាន​ឃើញ នោះ​គេ​រិះគិត​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចោល​ទៅ ដើម្បី​ឲ្យ​បាន​មរដក​មក​យើង​វិញ ១៥ គេ​ក៏​បោះ​ទៅ​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ ដូច្នេះ តើ​ថៅកែ​ចំការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច ១៦ គឺ​គាត់​នឹង​មក​បំផ្លាញ​ដល់​ពួក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ កាល​បាន​ឮ​សេចក្តី​នោះ​ហើយ គេ​ក៏​ទូល​ថា សូម​កុំ​ឲ្យ​បាន​ដូច្នោះ​ឡើយ ១៧ តែ​ទ្រង់​ទត​ទៅ​គេ មាន​ព្រះបន្ទូល​ថា ឯ​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ថ្ម​ដែល​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» តើ​មាន​ន័យ​ដូច​ម្តេច ១៨ អស់​អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ថ្ម​នោះ​ធ្លាក់​លើ នោះ​នឹង​ត្រូវ​កិន​ខ្ទេចខ្ទី​ទៅ។

អំពី​ពន្ធដារ

១៩ នៅ​វេលា​នោះ​ឯង ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​រក​ចាប់​ទ្រង់ ដ្បិត​គេ​ដឹង​ថា ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ តែ​គេ​នឹក​ខ្លាច​បណ្តាជន។ ២០ គេ​ឃ្លាំ​មើល​ទ្រង់ ហើយ​ក៏​ចាត់​ពួក​សំងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម​ត្រូវ ដើម្បី​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះបន្ទូល ប្រយោជន៍​នឹង​បញ្ជូន​ទ្រង់​ទៅ​ក្នុង​កំឡាំង និង​អំណាច​នៃ​ចៅហ្វាយ​ខេត្ត ២១ អ្នក​ទាំង​នោះ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ ហើយ​បង្រៀន សុទ្ធ​តែ​ដោយ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​អ្នក​ណា​សោះ លោក​បង្រៀន​ពី​ផ្លូវ​ព្រះ តាម​តែ​សេចក្តី​ពិត ២២ ដូច្នេះ តើ​បើក​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ ២៣ តែ​ទ្រង់​ជ្រាប​ឧបាយកល​របស់​គេ ក៏​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ ២៤ ចូរ​បង្ហាញ​កាក់​ធំ​១​មក​ឲ្យ​ខ្ញុំ​មើល តើ​មាន​រូប និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា ជា​របស់​សេសារ ២៥ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ ២៦ ខណៈ​នោះ គេ​ចាប់​ព្រះបន្ទូល​ទ្រង់​នៅ​មុខ​ជន​ទាំងឡាយ​មិន​បាន ហើយ​ក៏​ស្ងៀម​នៅ ដោយ​អស្ចារ្យ​ពី​ចំលើយ​របស់​ទ្រង់។

អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

២៧ នោះ​មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ដល់​ព្រះយេស៊ូវ​ថា ២៨ លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង ២៩ ដូច្នេះ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ ៣០ ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅ​ឥត​កូន​ដែរ ៣១ អ្នក​ទី​៣​ក៏​យក​នាង​ទៀត បណ្តា​ទាំង​៧​នាក់​នោះ​ក៏​យក​នាង​គ្រប់ៗ​គ្នា ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន​ដូច​គ្នា​ទាំង​អស់ ៣២ ក្រោយ​បង្អស់​មក នាង​នោះ​ស្លាប់​ទៅ​ដែរ ៣៣ ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ដ្បិត​អ្នក​ទាំង​៧​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា ៣៤ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ធម្មតា​មនុស្ស​នៅ​លោកីយ៍​នេះ គេ​តែង​យក​ប្តី​ប្រពន្ធ ៣៥ តែ​អស់​អ្នក​ដែល​បាន​រាប់​ជា​គួរ ឲ្យ​បាន​ទៅ​ឯ​បរលោក​នាយ ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​ដែល​យក​ប្តី​ប្រពន្ធ​ទៀត​ទេ ៣៦ ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ៣៧ រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះអម្ចាស់ ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោក​យ៉ាកុប ៣៨ ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំង​អស់​រស់​សំរាប់​ទ្រង់ ៣៩ នោះ​មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ ៤០ រួច​គេ​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់​លើ​ស្តេច​ដាវីឌ

៤១ ទ្រង់​ក៏​មាន​ព្រះបន្ទូល​សួរ​គេ​ថា ដូច​ម្តេច​បាន​ជា​គេ​ថា ព្រះគ្រីស្ទ​ជា​ព្រះវង្ស​ហ្លួង​ដាវីឌ ៤២ ព្រោះ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​បាន​មាន​ព្រះបន្ទូល​ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ព្រះអម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ៤៣ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំងសត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ៤៤ ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ជា​ព្រះវង្ស​ទ្រង់​បាន។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​ពុតត្បុត​របស់​ពួក​អាចារ្យ

៤៥ កាល​បណ្តាជន​កំពុង​តែ​ស្តាប់​ទ្រង់ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ៤៦ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ឡើង ក៏​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​គេ​នៅ​ទី​ផ្សារ ហើយ​ចង់​អង្គុយ​កន្លែង​មុខ​គេ ក្នុង​សាលា​ប្រជុំ និង​កន្លែង​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​ស៊ី​លៀង ៤៧ តែ​គេ​ឆ​ស៊ី​ផ្ទះ​ស្រី​មេម៉ាយ ទាំង​ដោះ​សា​ខ្លួន ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន អ្នក​ទាំង​នោះ​ឯង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។

លូកា ២១

ដង្វាយ​របស់​ស្ត្រី​មេម៉ាយ

១ នោះ​ទ្រង់​ក្រឡេក​ព្រះនេត្រ​ទត​ទៅ ឃើញ​ពួក​អ្នក​មាន កំពុង​តែ​ដាក់​ប្រាក់​ដង្វាយ​ក្នុង​ឃ្លាំង ២ ទ្រង់​ក៏​ឃើញ​ស្រី​មេម៉ាយ​ក្រ​ម្នាក់ ដាក់​ថ្វាយ​តែ​២​ស្លឹង​គត់ ៣ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ទ័លក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់ ៤ ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្តី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​ការ​បំផ្លាញ​ព្រះវិហារ និង​ហេតុការណ៍​នៅ​គ្រា​ចុង​ក្រោយ

៥ កាល​អ្នក​ខ្លះ​កំពុង​តែ​និយាយ​ពី​ព្រះវិហារ ដែល​ធ្វើ​នឹង​ថ្ម​យ៉ាង​ល្អ ហើយ​តាក់តែង​ដោយ​ដង្វាយ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ៦ ឯ​របស់​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម​ទៀត ឥត​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ ៧ នោះ​គេ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​កាល​ណា​ការ​ទាំង​នេះ​នឹង​កើត​ឡើង តើ​មាន​ទី​សំគាល់​ណា ឲ្យ​ដឹង​ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​មក​ដល់ ៨ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ ក៏​នឹង​ថា វេលា​ជិត​ដល់​ហើយ ដូច្នេះ កុំ​ឲ្យ​ទៅ​តាម​គេ​ឡើយ ៩ កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង និង​ចលាចល នោះ​កុំ​ឲ្យ​ភ័យ​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ជា​មុន តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​ជា​ឆាប់​ម៉្លេះ​ទេ។ ១០ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា សាសន៍១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍១ ហើយ​នគរ​១​ទាស់​នឹង​នគរ​១ ១១ ក៏​នឹង​មាន​កក្រើក​ដី​ជា​ខ្លាំង និង​អំណត់ ហើយ​អាសន្នរោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ និង​ទី​សំគាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង ១២ តែ​មុន​ការ​ទាំង​នោះ គេ​នឹង​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ បញ្ជូន​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច និង​ចៅហ្វាយ​ខេត្ត ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ផង ១៣ ប៉ុន្តែ​ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ ១៤ ដូច្នេះ ចូរ​សំរេច​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​នឹង​មិន​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ដោះ​សា​ទេ ១៥ ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ ហើយ​និង​ប្រាជ្ញា​វិញ ដែល​ពួក​អ្នក​តតាំង​ពុំ​អាច​នឹង​ឆ្លើយ​ឆ្លង ឬ​ទទឹង​ទាស់​បាន​ឡើយ ១៦ ប៉ុន្តែ ទោះ​ទាំង​ឪពុក​ម្តាយ បង​ប្អូន ញាតិ​សន្តាន ហើយ​មិត្រ​សំឡាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​នឹង​សំឡាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ ១៧ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ១៨ តែ​សូម្បី​សក់​១​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង ១៩ អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ​វិញ ដោយ​មាន​ចិត្ត​ខ្ជាប់ខ្ជួន។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម

២០ ប៉ុន្តែ​កាល​ណា​ឃើញ​ពល​ទ័ព​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្តី​ហិនវិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ ២១ គ្រា​នោះ ត្រូវ​ឲ្យ​អ្នក​នៅ​ស្រុក​យូដា រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្តាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ ២២ ដ្បិត​គ្រា​នោះ​ជា​គ្រា​សងសឹក ដើម្បី​នឹង​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក ២៣ ឯ​ពួក​ស្រីៗ ដែល​មាន​ផ្ទៃ​ពោះ ហើយ​ពួក​ដែល​បំបៅ​កូន នៅ​គ្រា​នោះ នឹង​វេទនា​ណាស់ ដ្បិត​នឹង​មាន​សេចក្តី​វេទនា​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​និង​សេចក្តី​ក្រោធ​ដល់​បណ្តាជន​នេះ ២៤ គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​និង​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ ដល់​អស់​ទាំង​នគរ ក្រុង​យេរូសាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំរេច។

កូន​មនុស្ស​យាង​ត្រឡប់​មក​វិញ

២៥ កាល​ណោះ នឹង​មាន​ទី​សំគាល់​នៅ​ក្នុង​ព្រះអាទិត្យ ក្នុង​ព្រះចន្ទ និង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្តី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្តី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ និង​រលក ២៦ មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក ២៧ នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក មាន​ទាំង​ព្រះចេស្តា និង​សិរីល្អ​ជា​ខ្លាំង ២៨ កាល​ណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី​ព្រោះ​សេចក្តី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ។

ព្រះបន្ទូល​អំពី​ដើម​ល្វា

២៩ រួច​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ទៅ​គេ​ថា ចូរ​មើល​ដើម​ល្វា និង​អស់​ទាំង​ដើម​ឈើ​ចុះ ៣០ កាល​ណា​វា​លាស់​ឡើង នោះ​អ្នក​រាល់​គ្នា​យល់​ឃើញ​ដោយ​ខ្លួន​ឯង​ថា រដូវ​ក្តៅជិត​ដល់​ហើយ ៣១ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា នគរ​ព្រះ​ជិត​ដល់​ហើយ​យ៉ាង​ដូច្នោះ​ដែរ ៣២ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ​ឡើយ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក ៣៣ ឯ​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​កន្លង​បាត់​ទៅ តែ​ឯ​ពាក្យ​ខ្ញុំ មិន​ដែល​កន្លង​បាត់​ឡើយ។

ការ​ត្រៀម​ខ្លួន​ប្រុង​ប្រយ័ត្ន

៣៤ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្តី​វក់​នឹង​ស៊ី​ផឹក ហើយ​និង​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម ៣៥ ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី ៣៦ ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង។ ៣៧ នៅ​ពេល​ថ្ងៃ ទ្រង់​តែង​បង្រៀន​ក្នុង​ព្រះវិហារ លុះ​ដល់​ពេល​យប់ ទ្រង់​តែង​តែ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ ៣៨ ព្រលឹមៗ​ឡើង បណ្តាជន​ក៏​មក​ស្តាប់​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​ជានិច្ច។

លូកា ២២

ការ​ឃុបឃិត​ចាប់​ព្រះយេស៊ូវ

១ រីឯ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា បុណ្យ​រំលង នោះ​ក៏​ជិត​មក​ដល់ ២ ហើយ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​រក​វិធី​យ៉ាង​ណា​នឹង​សំឡាប់​ទ្រង់​ចេញ ព្រោះ​គេ​ខ្លាច​បណ្តាជន ៣ នោះ​អារក្ស​សាតាំង​វា​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​ពួក​១២ ៤ រួច​វា​ទៅ​និយាយ​នឹង​ពួក​សង្គ្រាជ ហើយ​ពួក​មេ​ទ័ព​រក្សា​ព្រះវិហារ ពី​បែប​ដែល​នឹង​បញ្ជូន​ទ្រង់​ឲ្យ​ដល់​គេ ៥ គេ​ក៏​ត្រេកអរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា ៦ វា​យល់​ព្រម រួច​ក៏​ទៅ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ដល់​គេ ក្នុង​កាល​ដែល​ឃ្លាត​ពី​បណ្តា​មនុស្ស។

ព្រះយេស៊ូវ​ឲ្យ​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង*

៧ ឯ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សំឡាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង ៨ នោះ​ទ្រង់​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ទៅ ដោយ​ព្រះបន្ទូល​ថា ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​សំរាប់​យើង​រាល់​គ្នា​បរិភោគ ៩ តែ​គេ​ទូល​សួរ​ថា តើ​ទ្រង់​សព្វ​ព្រះហឫទ័យ ឲ្យ​យើង​ខ្ញុំ​រៀបចំ​នៅ​កន្លែង​ណា ១០ ទ្រង់​ក៏​ប្រាប់​ថា មើល កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល ១១ ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា ១២ នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់​ប្រដា ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ ១៣ គេ​ក៏​ទៅ​ឃើញ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល ហើយ​គេ​រៀបចំ​បុណ្យ​រំលង។

ពិធី​ជប់លៀង​របស់​ព្រះអម្ចាស់

១៤ លុះ​ដល់​ពេល​ហើយ ទ្រង់​ក៏​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​សាវ័ក ១៥ ទ្រង់​មាន​ព្រះបន្ទូល​ថា មុន​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​បាន​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត ១៦ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​បុណ្យ​នេះ​ទៀត​ទេ ទាល់​តែ​បុណ្យ​នេះ​បាន​សំរេច​នៅ​ក្នុង​នគរ​ព្រះ​វិញ ១៧ កាល​ទ្រង់​បាន​ទទួល​ពែង​នោះ ក៏​អរ​ព្រះគុណ រួច​មាន​ព្រះបន្ទូល​ថា ចូរ​យក​ពែង​នេះ​ចែក​គ្នា​ផឹក ១៨ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំងបាយជូរ​ទៀត​ទេ ដរាប​ដល់​នគរ​ព្រះ​បាន​មក​ដល់ ១៩ រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ២០ ក្រោយ​ដែល​បាន​បរិភោគ​ហើយ នោះ​ទ្រង់​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​ព្រះបន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សំរាប់​អ្នក​រាល់​គ្នា ២១ មួយ​ទៀត មើល ដៃ​នៃ​អ្នក​ដែល​បញ្ជូន​ខ្ញុំ ក៏​នៅ​តុ​ជា​មួយ​នឹង​ខ្ញុំ​ដែរ ២២ កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្តី​ដែល​សំរេច​មក ប៉ុន្តែ វេទនា​ដល់​មនុស្ស​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ ២៣ នោះ​គេ​ចាប់​តាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​អ្នក​ណា​ក្នុង​ពួក​គេ ដែល​នឹង​ធ្វើ​ការ​នោះ។

អ្នក​ធំ​ត្រូវ​បំរើ​អ្នក​តូច

២៤ គេ​ក៏​កើត​មាន​សេចក្តី​ទាស់ទែង​គ្នា អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ ២៥ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ គេ​តែង​សោយ​រាជ្យ​លើ​បណ្តារាស្ត្រ ហើយ​បណ្តាជន​ហៅ​ពួក​អ្នក​មាន​អំណាច​លើ​គេ ថា​ជា​អ្នក​មាន​គុណ​ដែរ ២៦ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ឯ​អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បំរើ​ដែរ ២៧ ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បំរើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ ២៨ ឯ​អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្តី​ល្បង​ល​ខ្ញុំ ២៩ ខ្ញុំ​ក៏​តម្រូវ​នគរ​១​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរបិតា​នៃ​ខ្ញុំ​បាន​តម្រូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ ៣០ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ស្គាល់​ព្រះអង្គ

៣១ ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ ៣២ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចំរើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង ៣៣ តែ​គាត់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី ៣៤ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ មាន់​មិន​រងាវ​ឡើយ ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ។ ៣៥ រួច​មក ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​ថា កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ឥត​កាបូប ឥត​យាម ហើយ​ឥត​ស្បែក​ជើង នោះ​តើ​មាន​ខ្វះ​អ្វី​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ៣៦ ដូច្នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា ឥឡូវ​នេះ​វិញ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម នោះ​ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក ៣៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្តី​នេះ ដែល​បាន​ចែង​ទុក​មក​ថា «គេ​បាន​រាប់​ទ្រង់ ជា​ពួក​ទទឹង​ច្បាប់» នោះ​ត្រូវ​សំរេច​លើ​ខ្លួន​ខ្ញុំ ដ្បិត​គ្រប់​សេចក្តី​ដែល​តម្រូវ​មក​ខ្ញុំ ត្រូវ​តែ​បាន​សំរេច​ទាំង​អស់ ៣៨ រួច​គេ​ទូល​ថា ព្រះអម្ចាស់​អើយ មើល នេះ​មាន​ដាវ​២​ហើយ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា អើ ល្មម​ហើយ។

ព្រះយេស៊ូវ​អធិស្ឋាន​នៅ​លើ​ភ្នំ​ដើម​អូលីវ

៣៩ កាល​ទ្រង់​យាង​ចេញ​ទៅ នោះ​ទ្រង់​ទៅ​ឯ​ភ្នំ​ដើម​អូលីវ តាម​ទំលាប់ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ ៤០ លុះ​ដល់​កន្លែង​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្តី​ល្បួង​ឡើយ ៤១ រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចំងាយ​ទី​ប្រហែល​ជា​គេ​ចោល​ថ្ម​១​ទំហឹង​ដៃ ក៏​លុត​ព្រះជង្ឃ​កា្រប​ចុះ​អធិស្ឋាន​ថា ៤២ ឱ​ព្រះវរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ៤៣ នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​អំពី​ស្ថានសួគ៌ មក​ចំរើន​កំឡាំង​ថ្វាយ ៤៤ ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត​តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី ៤៥ រួច​ទ្រង់​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​ឯ​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត ៤៦ ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ដេក​លក់​ដូច្នេះ ចូរ​ក្រោក​ឡើង​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្តី​ល្បួង​ឡើយ។

គេ​ចាប់​ព្រះយេស៊ូវ

៤៧ កំពុង​ដែល​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​នៅ​ឡើយ នោះ​ឃើញ​មាន​មនុស្ស​ទាំង​ហ្វូង​មក ហើយ​អ្នក​ដែល​មាន​ឈ្មោះ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​នាំ​មុខ​គេ វា​ចូល​មក​ជិត ដើម្បី​ថើប​ព្រះយេស៊ូវ ៤៨ តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​វា​ថា យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​១​ខ្សឺត​ឬ​អី ៤៩ កាល​ពួក​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់ ឃើញ​ការ​ដែល​ហៀប​នឹង​កើត​មក​ដូច្នេះ នោះ​ក៏​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​កាប់​នឹង​ដាវ​ឬ​អី ៥០ មាន​ម្នាក់​ក្នុង​ពួក​គេ ក៏​កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ ៥១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ឈប់​ប៉ុណ្ណឹង​ចុះ រួច​ទ្រង់​ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ ៥២ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ​ទ័ព​រក្សា​ព្រះវិហារ និង​ពួក​ចាស់ទុំ​ដែល​មក​ចាប់​ទ្រង់​ថា តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ៥៣ កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ព្រះវិហារ​រាល់​តែ​ថ្ងៃ នោះ​អ្នក​រាល់​គ្នា​មិន​បាន​លូក​ដៃ​មក​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ជា​ពេល​វេលា​របស់​ផង​អ្នក​រាល់​គ្នា​ទេ ហើយ​ជា​អំណាច​នៃ​សេចក្តី​ងងឹត​ផង។

លោក​ពេត្រុស​បដិសេធ​មិន​ស្គាល់​ព្រះយេស៊ូវ

៥៤ គេ​ក៏​ចាប់​ទ្រង់​ដឹកនាំ​ទៅ​ដល់​ដំណាក់​សំដេច​សង្ឃ ឯ​ពេត្រុស គាត់​តាម​ទៅ​ពី​ចំងាយ​ដែរ ៥៥ កាល​គេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្តាល​ព្រះលាន ហើយ​អង្គុយ​ជា​មួយ​គ្នា នោះ​ពេត្រុស​ក៏​អង្គុយ​ជា​មួយ​នឹង​គេ​ដែរ ៥៦ មាន​ស្រី​បំរើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សំឡឹង​មើល ហើយ​និយាយ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ ៥៧ តែ​គាត់​ប្រកែក​ថា នាង​អើយ ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ៥៨ ក្រោយ​បន្តិច​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ក៏​ថា អ្នក​ឯង​ជា​ពួក​នោះ​ដែរ តែ​ពេត្រុស​ឆ្លើយ​ថា អ្នក​អើយ ខ្ញុំ​មិន​មែន​ទេ ៥៩ រួច​ប្រហែល​ជា​១​ម៉ោង​ក្រោយ​មក​មាន​ម្នាក់​ទៀត​ថា អ្នក​នេះ​ប្រាកដ​ជា​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ ដ្បិត​ជា​សាសន៍​កាលីឡេ​ដូច​គ្នា ៦០ តែ​ពេត្រុស​ប្រកែក​ថា អ្នក​អើយ ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ កាល​គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន់​រងាវ​ឡើង ៦១ ហើយ​ព្រះអម្ចាស់​ទ្រង់​បែរ​មក​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ ពី​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ដែល​មាន​ព្រះបន្ទូល​នឹង​គាត់​ថា មុន​ដែល​មាន់​រងាវ​នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ ៦២ រួច​គាត់​ចេញ​ទៅ​ក្រៅ​ដោយ​យំ​ក្តួល។

គេ​វាយដំ​ជេរ​ប្រមាថ​ព្រះយេស៊ូវ

៦៣ ឯ​ពួក​មនុស្ស​ដែល​រក្សា​ព្រះយេស៊ូវ គេ​ចំអក​ឲ្យ ហើយ​វាយ​ទ្រង់ ៦៤ ក៏​ខ្ទប់​ព្រះនេត្រ ហើយ​ទះ​កំផ្លៀង​ទ្រង់ ដោយ​ទូល​ថា ចូរ​ទាយ​ចុះ តើ​អ្នក​ណា​បាន​ទះ​ឯង ៦៥ គេ​ក៏​ពោល​ពាក្យ​ប្រមាថ​ទ្រង់​ជា​ច្រើន​ទៅ​ទៀត​ដែរ។

ព្រះយេស៊ូវ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

៦៦ ដល់​ព្រឹក​ឡើង នោះ​ពួក​ចាស់ទុំ​បណ្តាជន ព្រម​ទាំង​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​ប្រជុំ​គ្នា ហើយ​គេ​នាំ​ទ្រង់​មក​ក្នុង​ក្រុមជំនុំ សួរ​ថា ៦៧ បើ​ឯង​ជា​ព្រះគ្រីស្ទ​មែន ចូរ​ប្រាប់​មក​យើង​ចុះ តែ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​ខ្ញុំ​ជំរាប​ដល់​លោក​រាល់​គ្នា នោះ​លោក​ក៏​មិន​ព្រម​ជឿ ៦៨ ហើយ​បើ​ខ្ញុំ​សួរ​លោក​វិញ នោះ​ក៏​មិន​ព្រម​ឆ្លើយ​មក​ខ្ញុំ ឬ​លែង​ឲ្យ​ខ្ញុំ​ទៅ​ដែរ ៦៩ អំណឹះ​ទៅ​មុខ កូន​មនុស្ស​នឹង​អង្គុយ​ខាង​ស្តាំ​ព្រះចេស្តា​នៃ​ព្រះ ៧០ នោះ​ទាំង​អស់​គ្នា​និយាយ​ឡើង​ថា ដូច្នេះ ឯង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ឬ​អី ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា លោក​រាល់​គ្នា​មាន​ប្រសាសន៍​ដូច្នោះ នោះ​គឺ​ខ្ញុំ​នេះ​ហើយ ៧១ គេ​ក៏​និយាយ​ថា តើ​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​អ្វី​ទៀត ព្រោះ​យើង​បាន​ឮ​ចេញ​ពី​មាត់​ខ្លួន​វា​មក​ស្រាប់​ហើយ។

លូកា ២៣

ព្រះយេស៊ូវ​នៅ​មុខ​លោក​ពីឡាត់

១ បណ្តា​មនុស្ស​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង នាំ​ទ្រង់​ទៅ​ឯ​លោក​ពីឡាត់ ២ ចាប់​តាំង​ចោទ​ប្រកាន់​ទ្រង់​ថា យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​នេះ នាំ​បំភាន់​សាសន៍​យើង​ឲ្យ​វង្វេង​ចេញ ក៏​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ​ផង ដោយ​លើក​ខ្លួន​ថា​ជា​ព្រះគ្រីស្ទ គឺ​ជា​ស្តេច​ដែរ ៣ លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ​អី ទ្រង់​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ៤ នោះ​លោក​ពីឡាត់​មាន​ប្រសាសន៍​ដល់​ពួក​សង្គ្រាជ និង​បណ្តា​មនុស្ស​ថា ខ្ញុំ​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ ៥ ប៉ុន្តែ គេ​និយាយ​ទទូច​ថា វា​ញុះញង់​បណ្តាជន ហើយ​ក៏​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលីឡេ រហូត​មក​ដល់​ទី​នេះ ៦ កាល​លោក​ពីឡាត់​ឮ​និយាយ​ពី​ស្រុក​កាលីឡេ នោះ​លោក​សួរ​ថា មនុស្ស​នេះ​ជា​អ្នក​ស្រុក​កាលីឡេ​ឬ​អី ៧ លុះ​បាន​ជ្រាប​ថា ទ្រង់​នៅ​ក្នុង​អំណាច​នៃ​ស្តេច​ហេរ៉ូឌ នោះ​លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឯ​ស្តេច​ហេរ៉ូឌ​ទៅ ដ្បិត​គ្រា​នោះ ស្តេច​គង់​នៅ​ក្រុង​យេរូសាឡិម​ដែរ។ ៨ កាល​ស្តេច​ហេរ៉ូឌ​បាន​ឃើញ​ព្រះយេស៊ូវ នោះ​ក៏​អរ​ណាស់ ដ្បិត​ស្តេច​ចង់​ឃើញ​ទ្រង់​ជា​យូរ​មក​ហើយ ព្រោះ​បាន​ឮ​រឿង​ពី​ទ្រង់​ជា​ច្រើន ហើយ​បាន​សង្ឃឹម​ថា នឹង​ឃើញ​ទ្រង់​ធ្វើ​ទី​សំគាល់​ណា​មួយ ៩ នោះ​ស្តេច​មាន​ព្រះបន្ទូល​សួរ​ទ្រង់​ជា​ច្រើន ប៉ុន្តែ ទ្រង់​មិន​ព្រម​ឆ្លើយ​សោះ ១០ ឯ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​ឈរ​នៅ​ទី​នោះ​កំពុង​តែ​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង ១១ លុះ​ស្តេច​ហេរ៉ូឌ ព្រម​ទាំង​ពួក​ទាហាន បាន​ចំអក​មើលងាយ​ព្រះយេស៊ូវ​រួច​ហើយ នោះ​ក៏​យក​អាវ​ដ៏​រុងរឿង​មក​បំពាក់​ទ្រង់ រួច​បញ្ជូន​ត្រឡប់​ទៅ​ឯ​លោក​ពីឡាត់​វិញ ១២ នៅ​ថ្ងៃ​នោះ លោក​ពីឡាត់ និង​ស្តេច​ហេរ៉ូឌ ក៏​បាន​ជា​នឹង​គ្នា ដ្បិត​ពី​មុន លោក​ទាំង​២​នោះ​បាន​ទាស់ទែង​គ្នា។

លោក​ពីឡាត់​កាត់​ទោស​ប្រហារ​ជីវិត​ព្រះយេស៊ូវ

១៣ កាល​លោក​ពីឡាត់​បាន​ប្រមូល​ពួក​សង្គ្រាជ ពួក​នាម៉ឺន និង​បណ្តា​មនុស្ស​ទាំង​អស់​មក ១៤ នោះ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​នេះ​មក​ឯ​ខ្ញុំ ទុក​ជា​មនុស្ស​ដែល​នាំ​បណ្តាជន​ឲ្យ​វង្វេង តែ​មើល ខ្ញុំ​បាន​ពិចារណា​សួរ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ មិន​ឃើញ​ជា​មាន​ទោស​អ្វី តាម​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​នោះ​សោះ ១៥ ទាំង​ស្តេច​ហេរ៉ូឌ​ក៏​រក​គ្មាន​ដែរ ដ្បិត​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ឯ​ទ្រង់ ហើយ​មើល ទ្រង់​មិន​ថា​ជា​អ្នក​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​ទេ ១៦ ដូច្នេះ ខ្ញុំ​នឹង​គ្រាន់​តែ​វាយ​ប្រដៅ រួច​លែង​ឲ្យ​ទៅ​ចុះ ១៧ ដ្បិត​នៅ​បុណ្យ​នោះ លោក​ត្រូវ​តែ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ ១៨ តែ​គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា សូម​យក​មនុស្ស​នេះ​ទៅ ហើយ​លែង​បារ៉ាបាស​ឲ្យ​យើង​វិញ ១៩ ឯ​បារ៉ាបាស​នេះ វា​ជាប់​គុក​ដោយ​ព្រោះ​ការ​បះបោរ ដែល​វា​បង្កើត​នៅ​ក្នុង​ទី​ក្រុង ហើយ​និង​ការ​សំឡាប់​គេ ២០ បាន​ជា​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត ដោយ​ចង់​លែង​ព្រះយេស៊ូវ​វិញ ២១ ប៉ុន្តែ​គេ​ស្រែក​ឡើង​ថា ឲ្យ​ឆ្កាង​វាៗ​ទៅ ២២ លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គំរប់​៣​ដង​ថា តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី ខ្ញុំ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​វា​ទៅ ២៣ តែ​គេ​ស្រែក​ទទូច​ជា​ខ្លាំង ទាំង​សូម​ឲ្យ​ឆ្កាង​ទ្រង់​វិញ ហើយ​សំរែក​របស់​ជន​ទាំង​នោះ និង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ ២៤ លោក​ពីឡាត់​កាត់​សំរេច​ទោស​តាម​គេ​សូម ២៥ រួច​លែង​អ្នក​នោះ​ដែល​ជាប់​គុក ដោយ​ព្រោះ​ការ​បះបោរ និង​ការ​សំឡាប់​មនុស្ស​ឲ្យ​ដល់​ពួក​គេ តាម​គេ​សូម ហើយ​ប្រគល់​ព្រះយេស៊ូវ​ទៅ​តាម​ចិត្ត​គេ​ប្រាថ្នា​វិញ។

គេ​ឆ្កាង​ព្រះយេស៊ូវ

២៦ កាល​គេ​នាំ​ព្រះយេស៊ូវ​ទៅ នោះ​គេ​ចាប់​មនុស្ស​សាសន៍​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​តែ​វិល​មក​ពី​ចំការ ក៏​ដាក់​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​តាម​ទ្រង់​ទៅ ២៧ មាន​មនុស្ស​ដើរ​តាម​ទ្រង់​ដ៏​ណែនណាន់ ក៏​មាន​ពួក​ស្រីៗ ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង ២៨ ព្រះយេស៊ូវ​ទ្រង់​ងាក​បែរ​ទៅ មាន​ព្រះបន្ទូល​នឹង​ពួក​ស្ត្រី​ទាំង​នោះ​ថា កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ កុំ​យំ​នឹង​ខ្ញុំ​ឡើយ ឲ្យ​យំ​នឹង​ខ្លួន​អ្នក​រាល់​គ្នា ហើយ​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ២៩ ដ្បិត​មើល នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​ថា មាន​ពរ​ហើយ ពួក​ស្រី​អារ និង​ពោះ​ដែល​មិន​កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន ៣០ នៅ​គ្រា​នោះ គេ​នឹង​ចាប់​តាំង​និយាយ​ទៅ​ភ្នំ​ធំ​ថា សូម​ឲ្យ​រលំ​មក​លើ​យើង​វិញ ហើយ​ទៅ​ភ្នំ​តូច​ថា សូម​គ្រប​មក​លើ​យើង​ចុះ ៣១ ព្រោះ​បើ​គេ​ធ្វើ​ការ​ទាំង​នេះ ដល់​ដើម​ឈើ​ស្រស់ នោះ​តើ​នឹង​កើត​អ្វី​ដល់​ដើម​ឈើ​ស្ងួត​វិញ។ ៣២ គេ​ក៏​នាំ​ចោរ​កំណាច២​នាក់ ទៅ​សំឡាប់​ជា​មួយ​នឹង​ទ្រង់​ដែរ ៣៣ កាល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​លលាដ៏​ក្បាល​ហើយ គេ​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​ចោរ​កំណាច​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង​ទ្រង់ ៣៤ ឯ​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ថា ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ គេ​ក៏​នាំ​គ្នា​ធ្វើ​ឆ្នោត​ចាប់​ព្រះពស្ត្រ​ទ្រង់​ចែក​គ្នា ៣៥ ឯ​បណ្តាជន​ដែល​ឈរ​មើល និង​ពួក​នាម៉ឺន ដែល​ឈរ​ជា​មួយ ក៏​បន្តុះ​ទ្រង់​ថា វា​បាន​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត បើ​វា​ជា​ព្រះគ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ ៣៦ ពួក​ទាហាន​ក៏​បង្អាប់​ទ្រង់​ដែរ ហើយ​គេ​យក​ទឹកខ្មេះ ចូល​ទៅ​ជិត​ថ្វាយ​ទ្រង់ ដោយ​ថា ៣៧ បើ​ឯង​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ ៣៨ ហើយ​នៅ​ពី​លើ​ទ្រង់ មាន​អក្សរ​ជា​ភាសា​ក្រេក ឡាតាំង និង​ហេព្រើរ​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា»។ ៣៩ រីឯ​ចោរ​កំណាច​ម្នាក់​ដែល​ជាប់​ព្យួរ វា​ប្រមាថ​មើលងាយ​ដល់​ទ្រង់​ថា បើ​ឯង​ជា​ព្រះគ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​និង​យើង​ផង ៤០ ប៉ុន្តែ ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​វា​ថា តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ​អី ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា ៤១ គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ ៤២ រួច​អ្នក​នោះ​ទូល​ព្រះយេស៊ូវ​ថា ព្រះអម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង ៤៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។

ព្រះយេស៊ូវ​ចូល​ទិវង្គត

៤៤ ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​កើត​មាន​ងងឹត នៅ​គ្រប​ពេញ​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល ៤៥ ថ្ងៃ​ត្រឡប់​ទៅ​ងងឹត ហើយ​វាំងនន​ក្នុង​ព្រះវិហារ ក៏​រហែក​ចំ​ពាក់​កណ្តាល ៤៦ នោះ​ព្រះយេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ កាល​មាន​ព្រះបន្ទូល​ពាក្យ​ទាំង​នេះ​ហើយ នោះ​ទ្រង់​ផុត​ដង្ហើម​ទៅ។ ៤៧ កាល​មេ​ទ័ព​បាន​ឃើញ​ការ​ដែល​កើត​មក នោះ​ក៏​ពោល​សរសើរ​ដល់​ព្រះ ហើយ​ថា មនុស្ស​នេះ​សុចរិត​ពិត​មែន ៤៨ ឯ​បណ្តា​មនុស្ស​ទាំង​ហ្វូង ដែល​ប្រជុំ​គ្នា​មើល​ការ​នោះ កាល​គេ​បាន​ឃើញ​ការ​ដែល​កើត​ឡើង​ដូច្នោះ ក៏​វិល​ទៅ​វិញ​ទាំង​គក់​ដើម​ទ្រូង​បណ្តើរ ៤៩ ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ និង​ពួក​ស្រីៗ ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលីឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។

ការ​បញ្ចុះ​សព​ព្រះយេស៊ូវ

៥០ ហើយ​មើល មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពួក​ក្រុមជំនុំ ជា​មនុស្ស​ល្អ ត្រឹម​ត្រូវ សុចរិត ៥១ (លោក​នេះ​មិន​បាន​ចូល​ដៃ ចូល​គំនិត ជា​មួយ​នឹង​គេ​ទេ) លោក​នៅ​ឯ​អើរីម៉ាថេ ជា​ភូមិ​សាសន៍​យូដា ហើយ​ក៏​រង់ចាំ​នគរ​ព្រះ​ដែរ ៥២ លោក​ទៅ​ឯ​ពីឡាត់ ដើម្បី​នឹង​សូម​ព្រះសព​ព្រះយេស៊ូវ ៥៣ កាល​បាន​យក​ព្រះសព​ចុះ​មក​ហើយ នោះ​ក៏​រុំ​នឹង​សំពត់​ទេសឯក នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដាប់​ក្នុង​ថ្ម ដែល​មិន​ទាន់​មាន​បញ្ចុះ​ខ្មោច​ណា​នៅ​ឡើយ ៥៤ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ។ ៥៥ ឯ​ពួក​ស្រីៗ ដែល​មក​ពី​ស្រុក​កាលីឡេ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​តាម​ទៅ​ឃើញ​ផ្នូរ និង​សណ្ឋាន​ដែល​គេ​បញ្ចុះ​ព្រះសព​ទ្រង់​ដែរ ៥៦ រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សំរាក តាម​បញ្ញត្ត​សិន។

លូកា ២៤

ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ

១ លុះ​ដល់​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ កាល​ភ្លឺ​ស្រាងៗ នោះ​គេ​យក​គ្រឿង​ក្រអូប ដែល​រៀបចំ​នោះ នាំ​គ្នា​ទៅ​ឯ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ ២ គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ​ហើយ ៣ តែ​កាល​ចូល​ទៅ នោះ​មិន​ឃើញ​ព្រះសព​ព្រះអម្ចាស់យេស៊ូវ​ទេ ៤ កំពុង​ដែល​មាន​សេចក្តី​ងឿងឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​២​នាក់​ស្លៀកពាក់​ភ្លឺព្រោងពា្រយ ឈរ​ជិត​គេ ៥ គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​នឹង​ដី រួច​អ្នក​នោះ​និយាយ​មក​គេ​ថា ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះអង្គ ដែល​មាន​ព្រះជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ ៦ ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះបន្ទូល ដែល​ទ្រង់​មាន​ព្រះបន្ទូល​នឹង​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ស្រុក​កាលីឡេ​នៅ​ឡើយ​ថា ៧ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ឲ្យ​គេ​ឆ្កាង ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ ៨ នោះ​គេ​ក៏​នឹក​ឃើញ​ពី​ព្រះបន្ទូល​ទ្រង់ ៩ លុះ​វិល​មក​ពី​ផ្នូរ​វិញ នោះ​ក៏​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​១១​នាក់ និង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែរ ១០ រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​សាវ័ក នោះ​គឺ ម៉ារា ពី​ស្រុក​ម៉ាក់ដាឡា​១ យ៉ូអាន់​១ ម៉ារា ជា​ម្តាយ​យ៉ាកុប​១ ហើយ​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង ១១ ពួក​សាវ័ក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សំដី​របស់​ស្រីៗ នោះ មើល​ទៅ​ដូច​ជា​រឿង​លេង​សុទ្ធ ១២ តែ​ពេត្រុស គាត់​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ ក៏​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ពី​ការ​ដែល​កើត​មាន​មក។

សិស្ស​២​នាក់​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេម៉ោស

១៣ រីឯ​នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​សិស្ស​២​នាក់​កំពុង​តែ​ដើរ​ទៅ​ឯ​ភូមិ​អេម៉ោស ចំងាយ​១១​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម​ទៅ ១៤ គេ​កំពុង​តែ​និយាយ​គ្នា ពី​អស់​ទាំង​ការ​ដែល​កើត​មាន​មក​នោះ ១៥ កាល​គេ​កំពុង​តែ​និយាយ​គ្នា ហើយ​រិះគិត​ដូច្នេះ នោះ​ព្រះយេស៊ូវ​ក៏​ចូល​មក យាង​ជា​មួយ​នឹង​គេ​ដែរ ១៦ តែ​ភ្នែក​គេ​ត្រូវ​ថ្ពឹន មិន​ឲ្យ​ស្គាល់​ទ្រង់​ទេ ១៧ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា តើ​រឿង​អ្វី ដែល​អ្នក​និយាយ​គ្នា កំពុង​ដែល​ដើរ​ទៅ ដោយ​មាន​មុខ​ស្រងូត​ដូច្នេះ ១៨ ឯ​ម្នាក់​ដែល​ឈ្មោះ​ក្លេវប៉ាស គាត់​ឆ្លើយ​ថា តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូសាឡិម​តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការ​ដែល​កើត​មក​នៅ​គ្រា​នេះ ១៩ ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​ការ​អ្វី​ហ្នឹង នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណាសារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ និង​ពាក្យ​សំដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ និង​បណ្តាជន​ទាំងឡាយ​ផង ២០ ហើយ​ពី​បែប​យ៉ាង​ណា ដែល​ពួក​សង្គ្រាជ និង​ពួក​នាម៉ឺន​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ផង ២១ តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នេះ​ហើយ ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ឥឡូវ​នេះ ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គំរប់​៣​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក ២២ ហើយ​មាន​ស្ត្រី​ខ្លះ​ក្នុង​ពួក​យើង​ខ្ញុំ​បាន​នាំ​ឲ្យ​ឆ្ងល់​ដែរ ដោយ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម ២៣ តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ ២៤ មាន​ពួក​យើង​ខ្ញុំ​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ​ដែរ ក៏​ឃើញ​ដូច​ជា​ពួក​ស្រី​បាន​ថា​មែន តែ​មិន​បាន​ឃើញ​រូប​លោក​ទេ ២៥ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្តី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ ២៦ តើ​មិន​គួរ​ឲ្យ​ព្រះគ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរីល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី ២៧ រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្តី ដែល​តម្រូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំងឡាយ ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក ២៨ នោះ​ក៏​ជិត​ដល់​ភូមិ​ដែល​គេ​គិត​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស ២៩ តែ​គេ​ឃាត់​ទ្រង់ ដោយ​ពាក្យ​ថា សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន ពី​ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ ដូច្នេះ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​នឹង​គេ ៣០ កាល​គង់​នៅ​តុ​ជា​មួយ​គ្នា នោះ​ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ ៣១ នោះ​ភ្នែក​គេ​បាន​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ទ្រង់ តែ​ទ្រង់​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម ៣២ នោះ​គេ​និយាយ​គ្នា​ថា តើ​យើង​មិន​មាន​សេចក្តី​ខ្មួលខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល​នឹង​យើង ហើយ​សំដែង​ពី​គម្ពីរ តាម​ផ្លូវ​នោះ​ទេ​ឬ​អី ៣៣ នៅ​វេលា​នោះ​ឯង គេ​ក៏​ក្រោក​ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ឃើញ​ពួក​សាវ័ក​១១​នាក់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បាន​ប្រជុំ​គ្នា កំពុង​តែ​និយាយ​ថា ៣៤ ព្រះអម្ចាស់ ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន ក៏​បាន​លេច​មក​មក​ឲ្យ​ស៊ីម៉ូន​ឃើញ ៣៥ នោះ​គេ​ក៏​និយាយ​ប្រាប់​ពី​ការ​ដែល​កើត​មាន​មក​តាម​ផ្លូវ ហើយ​ដែល​គេ​បាន​ស្គាល់​ទ្រង់​ជាក់ ដោយ​ទ្រង់​កាច់​នំបុ័ង​ឲ្យ។

ពួក​សិស្ស​បាន​ឃើញ​ព្រះយេស៊ូវ

៣៦ កាល​កំពុង​តែ​ប្រាប់​រឿង​ទាំង​នោះ ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្តាល​គេ មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​ចុះ ៣៧ តែ​គេ​ភ័យ​ញ័រ ទាំង​មាន​សេចក្តី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មាន​ថា​ជា​ខ្មោច​លង​វិញ ៣៨ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​វិលវល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ ៣៩ ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ ៤០ លុះ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​បង្ហាញ​ព្រះហស្ត និង​ព្រះបាទ​ទ្រង់​ដល់​គេ ៤១ កាល​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​សេចក្តី​អំណរ និង​សេចក្តី​អស្ចារ្យ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា នៅ​ទី​នេះ អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ ៤២ គេ​ក៏​យក​ត្រី​អាំង​១​ដុំ និង​សំណុំ​ឃ្មុំ​មក​ថ្វាយ​ទ្រង់ ៤៣ រួច​ទ្រង់​យក​ទៅ​សោយ​នៅ​មុខ​គេ ៤៤ ក៏​មាន​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សំរេច​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យវិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក​ដំកើង​ផង ៤៥ នោះ​ទ្រង់​ក៏​បើក​បំភ្លឺ​សតិស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ ៤៦ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា គឺ​សេចក្តី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះគ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ ៤៧ ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​សេចក្តី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះនាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូសាឡិម​ទៅ ៤៨ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ ៤៩ ហើយ​មើល ខ្ញុំ​នឹង​ឲ្យ​សេចក្តី​សន្យា​របស់​ព្រះវរបិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូសាឡិម ដរាប​ដល់​ព្រះចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា។

ព្រះយេស៊ូវ​យាង​ឡើង​ទៅ​ស្ថានសួគ៌

៥០ នោះ​ទ្រង់​នាំ​គេ​ចេញ​ទៅ​ត្រឹម​បេថានី រួច​ទ្រង់​លើក​ព្រះហស្ត​ឡើង​ប្រទាន​ពរ​ឲ្យ ៥១ កំពុង​ដែល​ទ្រង់​ប្រទាន​ពរ នោះ​ព្រះវរបិតា​បាន​ញែក​ទ្រង់​ចេញ​ពី​គេ លើក​ឡើង​ទៅ​ស្ថានសួគ៌​ទៅ ៥២ គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​ទ្រង់ រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ដោយ​អំណរ​ជា​ខ្លាំង ៥៣ ក៏​នៅ​ក្នុង​ព្រះវិហារ​ជានិច្ច ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ។ អាម៉ែន។:៚

យ៉ូហាន ១

បុរេកថា

១ កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ ២ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក ៣ គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ ៤ នៅ​ក្នុង​ទ្រង់​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក ៥ ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។ ៦ មាន​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ​ទ្រង់​ចាត់​ឲ្យ​មក ៧ អ្នក​នោះ​បាន​មក​សំរាប់​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយសារ​គាត់ ៨ គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​តែ​ប៉ុណ្ណោះ ៩ ឯ​ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍ ១០ ទ្រង់​បាន​គង់​ក្នុង​លោកីយ៍ ហើយ​លោកីយ៍​ក៏​កើត​មក​ដោយសារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ ១១ ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ ១២ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ ១៣ គឺ​ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។ ១៤ ព្រះបន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរីល្អ​ទ្រង់ គឺ​ជា​សិរីល្អ​នៃ​ព្រះរាជបុត្រា​តែ​១ ដែល​មក​ពី​ព្រះវរបិតា មាន​ពេញ​ជា​ព្រះគុណ និង​សេចក្តី​ពិត ១៥ ឯ​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ពី​ទ្រង់ ដោយ​បន្លឺឧទាន​ឡើង​ថា គឺ​ពី​ព្រះអង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​បាន​ត្រឡប់​ជា​មុន​ខ្ញុំ​វិញ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ ១៦ ហើយ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​អំពី​សេចក្តី​ពោរពេញ​របស់​ទ្រង់​មក គឺ​ជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​ផង ១៧ ដ្បិត​បណ្តា​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន បាន​ប្រទាន​មក ដោយសារ​លោក​ម៉ូសេ តែ​ឯ​ព្រះគុណ និង​សេចក្តី​ពិត នោះ​បាន​មក ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​វិញ ១៨ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះរាជបុត្រា​តែ​១​ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះវរបិតាប៉ុណ្ណោះ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះអង្គ។

សក្ខីភាព​របស់​លោក​យ៉ូហាន-បាទីស្ទ

១៩ កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម ឲ្យ​មក​សួរ​យ៉ូហាន​ថា តើ​លោក​ជា​អ្នក​ណា នោះ​គាត់​ធ្វើ​បន្ទាល់​យ៉ាង​នេះ ២០ គឺ​គាត់​ប្រាប់​តាម​ត្រង់ ឥត​មាន​លាក់​អ្វី​ឡើយ ថា ខ្ញុំ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ ២១ នោះ​គេ​សួរ​ថា ចុះ​លោក​ជា​អ្នក​ណា ជា​លោក​អេលីយ៉ា​ឬ​អី គាត់​ឆ្លើយ​ថា មិន​មែន​ទេ តើ​លោក​ជា​ហោរា​នោះ​ឬ​អី នោះ​គាត់​ឆ្លើយ​ថា ទេ ២២ ដូច្នេះ គេ​សួរ​គាត់​ទៀត​ថា តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ លោក​នឹង​មាន​ប្រសាសន៍​ពី​ខ្លួន​លោក​ដូច​ម្តេច ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នាំ​ពាក្យ​ទៅ ជំរាប​ដល់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង ២៣ នោះ​គាត់​ក៏​ប្រាប់​ថា ខ្ញុំ​ជា​សំលេង ដែល​បន្លឺ​ឡើង​នៅ​ទី​រហោស្ថាន​ថា «ចូរ​តំរង់​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់» ដូច​ជា​ហោរា​អេសាយ​បាន​ទាយ​ទុក ២៤ ឯ​ពួក​អ្នក​ដែល​បាន​ចាត់​មក​នោះ គេ​ជា​ពួក​ផារិស៊ី ២៥ គេ​ក៏​សួរ​គាត់​ថា បើ​លោក​មិន​មែន​ជា​ព្រះគ្រីស្ទ ឬ​លោក​អេលីយ៉ា ឬ​ហោរា​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​បុណ្យ​ជ្រមុជទឹក​ដូច្នេះ ២៦ យ៉ូហាន​ឆ្លើយ​ថា ឯ​ខ្ញុំៗ ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា នោះ​មាន​ព្រះ​១​អង្គ ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ២៧ គឺ​ព្រះអង្គ​នោះ​ហើយ ដែល​មក​ក្រោយ​ខ្ញុំ តែ​បាន​គង់​នៅ​មុន​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌បាទ​ទ្រង់​ទេ ២៨ រីឯ​ការ​ទាំង​នេះ បាន​កើត​មក​នៅ​ភូមិ​បេថានី ខាង​នាយ​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​យ៉ូហាន​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជទឹក។

ព្រះយេស៊ូវ​ជា​កូន​ចៀម​របស់​ព្រះ

២៩ លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក ៣០ គឺ​ពី​ព្រះអង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ក្រោយ​ខ្ញុំ​មាន​ព្រះ​១​អង្គ​យាង​មក ដែល​បាន​ត្រឡប់​ជា​មុន​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ ៣១ ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ តែ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​នេះ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ស្គាល់​ទ្រង់​ប៉ុណ្ណោះ។ ៣២ យ៉ូហាន​ក៏​ធ្វើ​បន្ទាល់​ថា ខ្ញុំ​បាន​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះ​ពី​លើ​មេឃ មាន​រូប​ដូច​ជា​ព្រាប មក​សណ្ឋិត​លើ​ទ្រង់ ៣៣ ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ ប៉ុន្តែ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ដែល​ឯង​ឃើញ​ព្រះវិញ្ញាណ យាង​ចុះ​មក សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​បុណ្យ​ជ្រមុជ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ៣៤ ខ្ញុំ​បាន​ឃើញ​មែន ហើយ​ក៏​ធ្វើ​បន្ទាល់​ពី​ព្រះអង្គ​នោះ​ថា ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត​មែន។

សិស្ស​ដែល​តាម​ព្រះយេស៊ូវ​មុន​គេ

៣៥ លុះ​ស្អែក​ឡើង​ទៀត យ៉ូហាន​ឈរ​នៅ​ជា​មួយ​នឹង​សិស្ស​គាត់​២​នាក់ ៣៦ គាត់​មើល​ទៅ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​ទៅ ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ៣៧ សិស្ស​គាត់​ទាំង​២​នាក់​នោះ​ក៏​ឮ​ដែរ រួច​គេ​ដើរ​តាម​ព្រះយេស៊ូវ​ទៅ ៣៨ ឯ​ព្រះយេស៊ូវ ទ្រង់​ងាក​បែរ​មក ឃើញ​អ្នក​ទាំង​២ កំពុង​តែ​ដើរ​តាម ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​មក​រក​អី គេ​ទូល​ឆ្លើយ​ថា រ៉ាប៊ី (គឺ​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា ៣៩ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ទ្រង់​គង់​នៅ រួច​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ថ្ងៃ​នោះ ពេល​នោះ​ប្រហែល​ជា​ម៉ោង​៤​ល្ងាច​ហើយ ៤០ ក្នុង​អ្នក​២​នាក់ ដែល​ឮ​យ៉ូហាន​ពោល​នោះ​ហើយ​ក៏​តាម​ទ្រង់​ទៅ នោះ​មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស ៤១ មុន​ដំបូង​គាត់​រក​ស៊ីម៉ូន ជា​បង​បង្កើត ក៏​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះមែស្ស៊ី​ហើយ (គឺ​ប្រែ​ថា​ព្រះគ្រីស្ទ) ៤២ រួច​គាត់​នាំ​បង​ទៅ​ឯ​ព្រះយេស៊ូវ ឯ​ទ្រង់ ក៏​ទត​មើល​គាត់ ហើយ​មាន​ព្រះបន្ទូល​ថា អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូណាស តែ​ត្រូវ​ហៅ​ថា កេផាស​វិញ (គឺ​ប្រែ​ថា ថ្ម)។ ៤៣ លុះ​ស្អែក​ឡើង ព្រះយេស៊ូវ​សព្វ​ព្រះហឫទ័យ​ចង់​យាង​ទៅ​ឯ​ស្រុក​កាលីឡេ ទ្រង់​ក៏​រក​ភីលីព កាល​បាន​ឃើញ​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​តាម​ខ្ញុំ​មក ៤៤ ឯ​ភីលីព​នេះ គាត់​នៅ​បេតសៃដា ជា​ទី​ក្រុង​របស់​អនទ្រេ និង​ពេត្រុស ៤៥ ភីលីព​ក៏​រក​ណាថាណែល រួច​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះអង្គ​នោះ​ហើយ គឺ​ជា​ព្រះ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ពី​ទ្រង់ នៅ​ក្នុង​ក្រឹត្យវិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ទាយ​ពី​ទ្រង់​ផង ទ្រង់​ព្រះនាម​ជា យេស៊ូវ ជា​បុត្រ​យ៉ូសែប នៅ​ភូមិ​ណាសារ៉ែត ៤៦ តែ​ណាថាណែល​និយាយ​ថា តើ​មាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពី​ណាសារ៉ែត​មក​បាន​ឬ​ទេ ភីលីព​ឆ្លើយ​ឡើង​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ ៤៧ ព្រះយេស៊ូវ ទ្រង់​ឃើញ​ណាថាណែល​មក​ឯ​ទ្រង់ ក៏​មាន​ព្រះបន្ទូល​ពី​គាត់​ថា នុ៎ះ​ន៍ ជា​សាសន៍​អ៊ីស្រាអែល​ពិត​មែន ដែល​ឥត​មាន​ចិត្ត​ឧបាយ ៤៨ នោះ​ណាថាណែល​ទូល​សួរ​ថា លោក​ស្គាល់​ខ្ញុំ​ពី​ណា​មក ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា មុន​ដែល​ភីលីព​ហៅ​មក កាល​អ្នក​នៅ​ក្រោម​ដើម​ល្វា​នៅ​ឡើយ នោះ​ខ្ញុំ​បាន​ឃើញ​ហើយ ៤៩ ណាថាណែល​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ លោក​ជា​ព្រះរាជបុត្រា​នៃ​ព្រះ លោក​ប្រាកដ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​មែន ៥០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ដោយ​ព្រោះ​តែ​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​ថា ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​នោះ បាន​ជា​អ្នក​ជឿ​ឬ​អី អ្នក​នឹង​ឃើញ​ការ​ដ៏​ធំ​វិសេស លើស​ជាង​នេះ​ទៅ​ទៀត ៥១ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ឃើញមេឃ​បើក​ចំហ និង​ពួក​ទេវតា​នៃ​ព្រះ​ហោះ​ឡើង​ហោះ​ចុះ​លើ​កូន​មនុស្ស។

យ៉ូហាន ២

ពិធី​មង្គលការ​នៅ​ភូមិ​កាណា

១ លុះ​៣​ថ្ងៃ​ក្រោយ​មក មាន​វិវាហមង្គល នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ ហើយ​មាតា​ព្រះយេស៊ូវ​ក៏​នៅ​ឯ​ណោះ​ស្រាប់ ២ គេ​បាន​អញ្ជើញ​ព្រះយេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ ៣ កាល​ស្រា​ទំពាំងបាយជូរ​អស់​ហើយ នោះ​មាតា​ព្រះយេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំងបាយជូរ​ហើយ ៤ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា មាតា​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ ៥ មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ ៦ រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២ឬ៣​អម្រែក ៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង ៨ រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក​ជា​មង្គលការ​ចុះ គេ​ក៏​ដង​យក​ទៅ ៩ កាល​អ្នក​មង្គលការ​បាន​ភ្លក់​ទឹក ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំងបាយជូរ​ហើយ ឥត​មាន​ដឹង​ជា​មក​ពី​ណា (តែ​ពួក​បាវ​បំរើ​ដែល​ដង​ទឹក​នោះ គេ​ដឹង) នោះ​អ្នក​មង្គលការ​ក៏​ហៅ​ប្តី​ថ្មោងថ្មី​មក​និយាយ​ថា ១០ មនុស្ស​ទាំងឡាយ គេ​តែង​តែ​លើក​ស្រា​ទំពាំងបាយជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំងបាយជូរ ដែល​មិនសូវ​ល្អ​មក​ជា​ក្រោយ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំងបាយជូរ​យ៉ាង​ល្អ ដរាប​ដល់​ឥឡូវ​នេះ​វិញ ១១ ព្រះយេស៊ូវ ទ្រង់​ធ្វើ​ទី​សំគាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ ទាំង​សំដែង​សិរីល្អ​របស់​ទ្រង់ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ទ្រង់។ ១២ លុះ​ក្រោយ​មក ទ្រង់​យាង​ចុះ​ទៅ​ឯ​ក្រុង​កាពើណិម មាន​ទាំង​មាតា បង​ប្អូន និង​ពួក​សិស្ស​ទ្រង់​ទៅ​ជា​មួយ​ផង តែ​នៅ​ឯ​ណោះ​មិន​យូរ​ប៉ុន្មាន​ទេ។

ព្រះយេស៊ូវ​បណ្តេញ​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះវិហារ

១៣ រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ក៏​ជិត​ដល់ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ១៤ កាល​ទ្រង់​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះវិហារ ១៥ នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះវិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយ​ក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង ១៦ រួច​មាន​ព្រះបន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ ១៧ សិស្ស​ទ្រង់​ក៏​នឹក​ឃើញ​ពី​សេចក្តី​ដែល​ចែង​ទុក​មក​ថា«សេចក្តី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូលបង្គំ» ១៨ ដូច្នេះ ពួក​សាសន៍​យូដា គេ​ទូល​សួរ​ទ្រង់​ថា ដែល​លោក​ធ្វើ​យ៉ាង​ដូច្នេះ នោះ​តើ​នឹង​សំដែង​ទី​សំគាល់​ណា ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ១៩ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ ២០ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា គេ​សង់​ព្រះវិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ ២១ ប៉ុន្តែ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ ២២ ដូច្នេះ កាល​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ពួក​សិស្ស​នឹក​ឃើញ​ថា ទ្រង់​បាន​មាន​ព្រះបន្ទូល​ពាក្យ​នោះ ហើយ​គេ​ក៏​ជឿ​គម្ពីរ និង​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ។

ព្រះយេស៊ូវ​យល់​ជំរៅ​ចិត្ត​មនុស្ស

២៣ កាល​ទ្រង់​គង់​នៅ​ក្រុង​យេរូសាឡិម នៅ​ក្នុង​វេលា​បុណ្យ​រំលង នោះ​មាន​មនុស្ស​ជា​ច្រើន​ជឿ​ដល់​ព្រះនាម​ទ្រង់ ដោយ​ឃើញ​ទី​សំគាល់​ដែល​ទ្រង់​ធ្វើ​មក ២៤ តែ​ព្រះយេស៊ូវ​ទ្រង់​មិន​ទុក​ចិត្ត​នឹង​គេ​ទេ ពី​ព្រោះ​ទ្រង់​ស្គាល់​ដល់​គ្រប់​ទាំង​មនុស្ស ២៥ ហើយ​ទ្រង់​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​ធ្វើ​បន្ទាល់​ពី​មនុស្ស​ណា​ទេ ដ្បិត​ទ្រង់​ជ្រាប​ហើយ ពី​សេចក្តី​ដែល​នៅ​ក្នុង​មនុស្ស​ទាំងឡាយ។

យ៉ូហាន ៣

ព្រះយេស៊ូវ​សន្ទនា​ជា​មួយ​លោក​នីកូដេម

១ រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម ២ លោក​ក៏​មក​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ ៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ ៤ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ ៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ ៦ របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះវិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ ៧ កុំ​ឲ្យ​ឆ្ងល់ ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ ៨ ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ ៩ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន ១០ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ ១១ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្តី​បន្ទាល់​របស់​យើង​ទេ ១២ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថានសួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន ១៣ គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថានសួគ៌​ឡើយ មាន​តែ​ព្រះអង្គ ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្សដែល​នៅ​ស្ថានសួគ៌​នោះ​ឯង ១៤ ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើងយ៉ាង​នោះ​ដែរ ១៥ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្សនោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ១៦ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ១៧ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំជំរះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយសារ​ទ្រង់​វិញ ១៨ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះនាម​នៃ​ព្រះរាជបុត្រា​តែ​១​របស់​ព្រះ ១៩ ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្តី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ ២០ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ ២១ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ។

សក្ខីភាព​របស់​លោក​យ៉ូហាន-បាទីស្ទ

២២ ក្រោយ​នោះ​មក ព្រះយេស៊ូវ និង​ពួក​សិស្ស​ទ្រង់​ក៏​មក​ក្នុង​ស្រុក​យូដា ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ផង ២៣ ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក​ផង ២៤ ដ្បិត​យ៉ូហាន​មិន​ទាន់​ជាប់​គុក​នៅ​ឡើយ ២៥ វេលា​នោះ ពួក​សិស្ស​យ៉ូហាន និង​សាសន៍​យូដា​ម្នាក់ កើត​ជជែក​គ្នា ពី​ដំណើរ​លាង​សំអាត ២៦ រួច​គេ​មក​ឯ​យ៉ូហាន​ជំរាប​ថា លោក​គ្រូ លោក​នោះ​ដែល​នៅ​ជា​មួយ​នឹង​លោក ខាង​នាយ​ទន្លេ​យ័រដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​ឲ្យ មើល លោក​ក៏​ធ្វើ​បុណ្យ​ជ្រមុជ​ដែរ ហើយ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​ទៅ​ឯ​លោក​វិញ ២៧ យ៉ូហាន​ឆ្លើយ​ថា គ្មាន​មនុស្ស​ណា​អាច​នឹង​ទទួល​អ្វី​បាន​ទេ លើក​តែ​បាន​ប្រទាន​ពី​ស្ថានសួគ៌​មក​ឲ្យ​ប៉ុណ្ណោះ ២៨ ខ្លួន​អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ ២៩ អ្នក​ណា​ដែល​យក​ប្រពន្ធ នោះ​ឈ្មោះ​ថា​ជា​ប្តី​ហើយ ឯ​ពួក​មិត្រ​សំឡាញ់ ដែល​ឈរ​ស្តាប់​គាត់ កំពុង​ដែល​រៀបការ នោះ​ក៏​មាន​សេចក្តី​អំណរ​អរ​ឡើង ដោយសារ​សំឡេង​ប្តី គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្តី​អំណរ​របស់​ខ្ញុំ​បាន​ពោរពេញ​ហើយ ៣០ ត្រូវ​ឲ្យ​ព្រះអង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ ៣១ ព្រះអង្គ​ដែល​មក​ពី​ស្ថាន​លើ នោះ​ខ្ពស់​លើស​ទាំង​អស់ ឯ​មនុស្ស​ដែល​នៅ​ផែនដី នោះ​កើត​ពី​ផែនដី​មក ហើយ​ក៏​និយាយ​តាម​របៀប​ផែនដី តែ​ព្រះអង្គ​ដែល​យាង​មក​ពី​ស្ថានសួគ៌ នោះ​ខ្ពស់​លើស​ជាង​ទាំង​អស់ ៣២ ទ្រង់​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ទ្រង់​បាន​ឃើញ ហើយ​ឮ តែ​គ្មាន​អ្នក​ណា​ដែល​ទទួល​សេចក្តី​បន្ទាល់​របស់​ទ្រង់​ទេ ៣៣ អ្នក​ណា​ដែល​ទទួល​សេចក្តី​បន្ទាល់​របស់​ទ្រង់ នោះ​បាន​បោះ​ត្រា យល់​ព្រម​ថា ព្រះ​ទ្រង់​ពិត​ត្រង់​មែន ៣៤ ដ្បិត​ព្រះអង្គ ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​មាន​ព្រះបន្ទូល​តាម​ព្រះបន្ទូល​នៃ​ព្រះ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​ប្រទាន​ព្រះវិញ្ញាណ​មក ដោយ​មាន​កំរិត​ទេ ៣៥ ឯ​ព្រះវរបិតា ទ្រង់​ស្រឡាញ់​ព្រះរាជបុត្រា ហើយ​បាន​ប្រគល់​គ្រប់​ទាំង​អស់ មក​ក្នុង​ព្រះហស្ត​ទ្រង់ ៣៦ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះរាជបុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង។

យ៉ូហាន ៤

ព្រះយេស៊ូវ​សន្ទនា​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់

១ ដូច្នេះ កាល​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ពី​ពួក​ផារិស៊ី ដែល​គេ​បាន​ឮ​និយាយ​ថា ទ្រង់​បាន​សិស្ស ហើយ​ក៏​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ជា​ច្រើន​លើស​ជាង​យ៉ូហាន​ទៅ​ទៀត ២ (តែ​មិន​មែន​ព្រះយេស៊ូវ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ព្រះអង្គ​ទ្រង់​ទេ គឺ​ជា​ពួក​សិស្ស​ទ្រង់​វិញ) ៣ នោះ​ទ្រង់​យាង​ក៏​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ឯ​ស្រុក​កាលីឡេ​វិញ ៤ ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី ៥ ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី​ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន ៦ នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ៧ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង ៨ ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ ៩ ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ) ១០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់ដល់​នាង ១១ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់ លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក ១២ តើ​លោក​ធំ​ជាង​យ៉ាកុប ជា​ឰយុកោ​យើង​ខ្ញុំ ដែល​ឲ្យ​អណ្តូង​នេះ​មក​យើង​ខ្ញុំ ហើយ​ទាំង​ខ្លួន​លោក កូន​ចៅ និង​ហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ផង​ឬ​អី ១៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត ១៤ តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច ១៥ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត ១៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ឯ​ណេះ ១៧ ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ប្តី​ទេ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ដែល​នាង​ថា គ្មាន​ប្តី នោះ​ថា​ត្រូវ​ហើយ ១៨ ដ្បិត​នាង​បាន​មាន​ប្តី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្តី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ ១៩ ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា ២០ ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូសាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ​បង្គំ​វិញ ២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះវរបិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡិម​ទេ ២២ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ​បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​សេចក្តី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា ២៣ តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ពី​ព្រោះ​ព្រះវរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ​បង្គំ​ទ្រង់ ២៤ ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ ដោយ​វិញ្ញាណ និង​សេចក្តី​ពិត​ដែរ ២៥ ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះមែស៊ី ដែល​ហៅ​ជា​ព្រះគ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់ ២៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង។ ២៧ ខណៈ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ ២៨ ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា ២៩ ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី ៣០ គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។ ៣១ ក្នុង​រវាង​នោះ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ អញ្ជើញ​ពិសា ៣២ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​មាន​អាហារ​សំរាប់​ទទួល​ទាន​ហើយ គឺ​ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ៣៣ ដូច្នេះ ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ដែរ​ឬ​អី ៣៤ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង ៣៥ តើ​អ្នក​រាល់​គ្នា​មិន​ថា នៅ​៤​ខែ​ទៀត ទើប​ដល់​រដូវ​ចំរូត​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ ៣៦ អ្នក​ណា​ដែល​ច្រូត នោះ​បាន​រង្វាន់ ក៏​ប្រមូល​ផល​សំរាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដើម្បី​ឲ្យ​អ្នក​ដែល​ព្រោះ និង​អ្នក​ដែល​ច្រូត បាន​អរ​សប្បាយ​ផង​គ្នា ៣៧ ដ្បិត​ចំពោះ​ដំណើរ​នេះ នោះ​ពាក្យ​ទំនៀម​នេះ​ត្រូវ​ណាស់​ថា ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត ៣៨ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ទៅ​ច្រូត​ចំរូត ដែល​មិន​បាន​នឿយ​នឹង​ធ្វើ​សោះ មាន​អ្នក​ឯ​ទៀត​បាន​នឿយ​ហត់ ហើយ​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ការ​របស់​គេ។ ៣៩ នៅ​ក្រុង​នោះ ក៏​មាន​សាសន៍​សាម៉ារី​ជា​ច្រើន បាន​ជឿ​ដល់​ទ្រង់ ដោយ​ព្រោះ​ពាក្យ​ដែល​ស្ត្រី​នោះ​ធ្វើ​បន្ទាល់​ថា លោក​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ៤០ ដូច្នេះ កាល​ពួក​សាសន៍​សាម៉ារី​បាន​មក​ដល់​ទ្រង់​ហើយ នោះ​គេ​សូម​ទ្រង់ ឲ្យ​នៅ​ជា​មួយ​នឹង​គេ ទ្រង់​ក៏​គង់​នៅ​ទី​នោះ​អស់​២​ថ្ងៃ ៤១ ហើយ​មាន​មនុស្ស​ជា​ច្រើន​ទៀត​បាន​ជឿ ដោយសារ​ព្រះបន្ទូល​ទ្រង់ ៤២ រួច​គេ​និយាយ​ទៅ​ស្ត្រី​នោះ​ថា ឥឡូវ​នេះ យើង​ជឿ មិន​មែន​ដោយ​ព្រោះ​ពាក្យ​សំដី​របស់​អ្នក​ទៀត​ទេ គឺ​ជឿ​ដោយ​ព្រោះ​បាន​ឮ​ទ្រង់​ផ្ទាល់​ខ្លួន​យើង​វិញ ហើយ​យើង​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​មនុស្ស​លោក​ពិត​ប្រាកដ​មែន។

ព្រះយេស៊ូវ​ប្រោស​កូន​ប្រុស​របស់​មន្ត្រី​ម្នាក់​ឲ្យ​ជា

៤៣ កន្លង​២​ថ្ងៃ​នោះ​មក ព្រះយេស៊ូវ​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​កាលីឡេ​វិញ ៤៤ ដ្បិត​ទ្រង់​ធ្វើ​បន្ទាល់​ដោយ​ព្រះអង្គ​ទ្រង់​ថា គេ​មិន​រាប់​អាន​ហោរា នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ទេ ៤៥ ដូច្នេះ កាល​ទ្រង់​បាន​យាង​មក​ដល់​ស្រុក​កាលីឡេ​ហើយ នោះ​ពួក​អ្នក​នៅ​ស្រុក​នោះ​ក៏​ទទួល​ទ្រង់ ដោយ​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្រុង​យេរូសាឡិម ក្នុង​វេលា​បុណ្យ ពី​ព្រោះ​គេ​ក៏​បាន​ទៅ​ឯ​បុណ្យ​នោះ​ដែរ។ ៤៦ រួច​មក ទ្រង់​យាង​មក​ដល់​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ​ម្តង​ទៀត គឺ​នៅ​ភូមិ​នោះ​ហើយ ដែល​ទ្រង់​ធ្វើ​ទឹក​ឲ្យ​ប្រែ​ទៅ​ជា​ស្រា​ទំពាំងបាយជូរ នោះ​មាន​នាម៉ឺន​ម្នាក់ មាន​កូន​ឈឺ នៅ​ឯ​កាពើណិម ៤៧ កាល​លោក​បាន​ឮ​ថា ព្រះយេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា មក​ដល់​ស្រុក​កាលីឡេ​ហើយ នោះ​លោក​ក៏​ទៅ​សូម​ទ្រង់ ឲ្យ​យាង​ចុះ​ទៅ​ប្រោស​កូន​ឲ្យ​ជា ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ ៤៨ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​លោក​ថា បើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ នោះ​មិន​ព្រម​ជឿ​ទេ ៤៩ នាម៉ឺន​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់ សូម​អញ្ជើញ​ចុះ​ទៅ​ជា​ប្រញាប់ ក្រែង​កូន​ខ្ញុំ​ស្លាប់ ៥០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​លោក​ថា អញ្ជើញ​ទៅ​ចុះ កូន​លោក​នឹង​រស់​នៅ​ទេ លោក​ក៏​ជឿ​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវ ហើយ​ចេញ​ទៅ ៥១ កំពុង​ដែល​លោក​ចុះ​ទៅ ស្រាប់​តែ​ពួក​បាវ​លោក​មក​ជំរាប​ថា កូន​លោក​ជា​ហើយ ៥២ ដូច្នេះ លោក​ក៏​សួរ​គេ ពី​ពេល​ណា​ដែល​កូន​បាន​គ្រាន់​បើ គេ​ជំរាប​ថា បាត់​គ្រុន​ពី​ម៉ោង​១​ម្សិលមិញ ៥៣ នោះ​ឪពុក​បាន​ដឹង​ថា គឺ​ជា​ពេល​នោះ​ឯង ដែល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា កូន​រស់​នៅ​ទេ ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ពួក​ផ្ទះ​លោក​ទាំង​អស់​ដែរ ៥៤ នេះ​ជា​ទី​សំគាល់​ទី​២ ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​យាង​ត្រឡប់​ពី​ស្រុក​យូដា មក​ក្នុង​ស្រុក​កាលីឡេ​វិញ។

យ៉ូហាន ៥

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ពិការ​ម្នាក់​ឲ្យ​ជា

១ ក្រោយ​នោះ​មក មាន​បុណ្យ​១​របស់​សាសន៍​យូដា ហើយ​ព្រះយេស៊ូវ ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ២ រីឯ​នៅ​ក្រុង​យេរូសាឡិម ជិត​ទ្វារ​ចៀម នោះ​មាន​ស្រះ​១ ដែល​ភាសា​ហេព្រើរ ហៅ​ថា បេថែសដា មាន​សាលា​សំណាក់​៥ ៣ មាន​មនុស្ស​សន្ធឹក​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត គេ​រង់ចាំ​ទឹក​កំរើក​ឡើង ៤ ដ្បិត​ជួន​ណា​មាន​ទេវតា​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ លុះ​ក្រោយ​ដែល​បាន​កូរ​ស្រេច​ហើយ នោះ​អ្នក​ណា​ដែល​ចុះ​ទៅ​មុន​គេ ក៏​បាន​ជា​ស្អាត ទោះ​បើ​ឈឺ​រោគ​អ្វី​ក៏​ដោយ ៥ នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ដែល​ឈឺ​៣៨​ឆ្នាំ​មក​ហើយ ៦ កាល​ព្រះយេស៊ូវ​ឃើញ​គាត់​ដេក​នៅ ហើយ​បាន​ជ្រាប​ថា គាត់​នៅ​យ៉ាង​នោះ​ជា​យូរ​មក​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ ៧ អ្នក​ជំងឺ​នោះ​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ ខ្ញុំ​គ្មាន​អ្នក​ណា​នឹង​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ ក្នុង​កាល​ដែល​ទឹក​បាន​កំរើក​ឡើង​នោះ​ទេ ហើយ​កំពុង​ដែល​ខ្ញុំ​ចុះ​ទៅ នោះ​ក៏​មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ ៨ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ ៩ ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ក៏​យក​គ្រែ​ដើរ​ទៅ ឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​ឈប់​សំរាក ១០ ដូច្នេះ ពួក​សាសន៍​យូដា គេ​ស្តី​ឲ្យ​អ្នក​ដែល​បាន​ជា​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សំរាក អ្នក​គ្មាន​ច្បាប់​នឹង​លី​គ្រែ​ទៅ​ទេ ១១ គាត់​ឆ្លើយ​ទៅ​គេ​ថា លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា លោក​បង្គាប់​ថា ចូរ​យក​គ្រែ​ឯង​ដើរ​ទៅ ១២ នោះ​គេ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​យក​គ្រែ​ដើរ​ទៅ​ដូច្នេះ ១៣ តែ​អ្នក​ដែល​បាន​ជា​មិន​ស្គាល់​ជា​អ្នក​ណា​ទេ ពី​ព្រោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ទៅ​បាត់​ហើយ ក៏​មាន​មនុស្ស​សន្ធឹក​នៅ​ទី​នោះ​ដែរ ១៤ ក្រោយ​នោះ​មក ព្រះយេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះវិហារ ក៏​មាន​ព្រះបន្ទូល​ទៅ​ថា មើល ឥឡូវ​អ្នក​បាន​ជា​ហើយ កុំ​ឲ្យ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​កើត​មាន​សេចក្តី​អាក្រក់​ជាង​នេះ​ទៅ​ទៀត ១៥ មនុស្ស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ដល់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា​ជា​ព្រះយេស៊ូវ ដែល​ប្រោស​ឲ្យ​ខ្លួន​បាន​ជា ១៦ ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា គេ​បៀតបៀន​ដល់​ព្រះយេស៊ូវ ហើយ​រក​សំឡាប់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​ធ្វើ​ការ​នោះ នៅ​ថ្ងៃ​ឈប់​សំរាក ១៧ ប៉ុន្តែ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ព្រះវរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ ១៨ ដោយ​ហេតុ​ពាក្យ​នោះ បាន​ជា​ពួក​សាសន៍​យូដា គេ​រក​សំឡាប់​ទ្រង់​រឹត​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក​តែ​ប៉ុណ្ណោះ គឺ​បាន​ទាំង​ហៅ​ព្រះ ថា​ជា​ព្រះវរបិតា​នៃ​ទ្រង់​ថែម​ទៀត ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ផង។

អំណាច​របស់​ព្រះយេស៊ូវ

១៩ ដូច្នេះ ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះវរបិតា​ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ ២០ ពី​ព្រោះ​ព្រះវរបិតា​ទ្រង់​ស្រឡាញ់​ព្រះរាជបុត្រា ហើយ​ក៏​បង្ហាញ ឲ្យ​ព្រះរាជបុត្រា​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ​ដែរ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ការ​ធំ លើស​ជាង​ការ​ទាំង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អស្ចារ្យ ២១ ដ្បិត​ដែល​ព្រះវរបិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះរាជបុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ ២២ ព្រះវរបិតា​ទ្រង់​មិន​ជំនុំជំរះ​អ្នក​ណា​ទេ ទ្រង់​បាន​ប្រគល់​គ្រប់​ការ​ជំនុំជំរះ ដល់​ព្រះរាជបុត្រា​វិញ ២៣ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា ដូច​ជា​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា​ដែរ អ្នក​ណា​ដែល​មិន​គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា នោះ​ក៏​មិន​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ទ្រង់​មក​ដែរ។ ២៤ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំជំរះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្តី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ ២៥ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់​វិញ ២៦ ពី​ព្រោះ​ដែល​ព្រះវរបិតា​មាន​ជីវិត​ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះរាជបុត្រា​មាន​ជីវិត ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាង​នោះ​ដែរ ២៧ ហើយ​បាន​ប្រទាន​អំណាច​មក​ទ្រង់ ឲ្យ​ជំនុំជំរះ​ផង ពី​ព្រោះ​ទ្រង់​ជា​កូន​មនុស្ស ២៨ កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក ២៩ គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស។

សក្ខីភាព​អំពី​អំណាច​របស់​ព្រះយេស៊ូវ

៣០ ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំជំរះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​សេចក្តី​ជំនុំជំរះ​របស់​ខ្ញុំ​ក៏​សុចរិត ពី​ព្រោះ​ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។ ៣១ បើ​សិន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ នោះ​សេចក្តី​បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ ៣២ មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា សេចក្តី​បន្ទាល់ ដែល​អ្នក​នោះ​ធ្វើ​ពី​ខ្ញុំ​ក៏​ពិត​ប្រាកដ​មែន ៣៣ អ្នក​រាល់​គ្នា​បាន​ចាត់​គេ ឲ្យ​ទៅ​ឯ​លោក​យ៉ូហាន លោក​ក៏​ធ្វើ​បន្ទាល់​តាម​សេចក្តី​ពិត ៣៤ ប៉ុន្តែ​សេចក្តី​បន្ទាល់​ដែល​ខ្ញុំ​ទទួល នោះ​មិន​មែន​មក​ពី​មនុស្ស​ទេ ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្តី​ទាំង​នេះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ប៉ុណ្ណោះ ៣៥ ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត ឲ្យ​បាន​អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក ក្នុង​១​គ្រា​នោះ​ដែរ ៣៦ ប៉ុន្តែ ខ្ញុំ​មាន​ទី​បន្ទាល់ វិសេស​ជាង​ទី​បន្ទាល់​របស់​លោក​យ៉ូហាន​ទៅ​ទៀត ពី​ព្រោះ​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះវរបិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ គឺ​ការ​ដែល​ខ្ញុំ​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ឯង នោះ​បាន​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ថា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក ៣៧ ឯ​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ អ្នក​រាល់​គ្នា​មិន​ដែល​ឮ​សំឡេង​ទ្រង់​ឡើយ ក៏​មិន​ដែល​ឃើញ​រូប​អង្គ​ទ្រង់​ផង ៣៨ អ្នក​រាល់​គ្នា​គ្មាន​ព្រះបន្ទូល​ទ្រង់​នៅ​ក្នុង​ខ្លួន​សោះ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ដល់​ព្រះអង្គ ដែល​ទ្រង់​ចាត់​ឲ្យ​មក​នេះ ៣៩ អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ៤០ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ។ ៤១ ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​អំពី​មនុស្ស​ទេ ៤២ ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​ហើយ ថា​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​សោះ ៤៣ ខ្ញុំ​បាន​មក​ដោយ​នូវ​ព្រះនាម​របស់​ព្រះវរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ បើ​សិន​ជា​មាន​អ្នក​ណា​ទៀត​មក ដោយ​នូវ​ឈ្មោះ​របស់​ខ្លួន​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ ៤៤ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន ដែល​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ឯង ឥត​ស្វែង​រក​កិត្តិសព្ទ ដែល​មក​ពី​ព្រះអង្គ​ដ៏​ជា​ព្រះ​តែ​១​អង្គ​ទ្រង់​ដូច្នេះ ៤៥ កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ដល់​ព្រះវរបិតា ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​ជា​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម ៤៦ បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ​ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពី​ព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ ៤៧ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្តី ដែល​លោក​បាន​ចែង​ទុក​មក​ទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ជឿ​ពាក្យ​ខ្ញុំ​ទៅ​បាន។

យ៉ូហាន ៦

ព្រះយេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់

១ លុះ​ក្រោយ​មក ព្រះយេស៊ូវ​ទ្រង់​ឆ្លង​សមុទ្រ​កាលីឡេ គឺ​ជា​សមុទ្រ​ទីបេរាស ២ ហើយ​មាន​ហ្វូង​មនុស្ស​ជា​ធំ​តាម​ទ្រង់​ទៅ ដោយ​បាន​ឃើញ​ទី​សំគាល់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​ប្រោស​ដល់​ពួក​ជំងឺ ៣ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ជា​មួយ​នឹង​ពួក​សិស្ស​នៅ​ទី​នោះ ៤ រីឯ​បុណ្យ​រំលង ជា​បុណ្យ​របស់​សាសន៍​យូដា ក៏​ជិត​ដល់​ហើយ ៥ ឯ​ព្រះយេស៊ូវ​ទ្រង់​ងើប​ព្រះនេត្រ​ឡើង ឃើញ​មនុស្ស​កកកុញ​មក​ឯ​ទ្រង់ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ភីលីព​ថា យើង​នឹង​ទិញ​នំបុ័ង​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បាន​បរិភោគ ៦ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ដូច្នេះ ដើម្បី​នឹង​ល្បង​ល​គាត់​ទេ ព្រោះ​ទ្រង់​ជ្រាប​ការ ដែល​ទ្រង់​គិត​ធ្វើ​ហើយ ៧ ភីលីព​ទូល​ឆ្លើយ​ថា ទោះ​បើ​ទិញ​នំបុ័ង​អស់​៤០​រៀល ក៏​មិន​គ្រាន់​ឲ្យ​គ្រប់​គ្នា សូម្បី​តែ​បន្តិច​បន្តួច​ផង ៨ មាន​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ទ្រង់​ថា ៩ នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥ និង​ត្រី​តូច​២ ប៉ុន្តែ​ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ ១០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ទៅ រីឯ​នៅ​ទី​នោះ មាន​ស្មៅ​ច្រើន ដូច្នេះ គេ​ក៏​នាំ​គ្នា​អង្គុយ មាន​ចំនួន​ប្រហែល​ជា​៥​ពាន់​នាក់ ១១ រួច​ព្រះយេស៊ូវ​ទ្រង់​យក​នំបុ័ង​នោះ​អរ​ព្រះគុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន ១២ លុះ​គេ​បាន​ឆ្អែត​គ្រប់​គ្នា​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ ១៣ ក្រោយ​ដែល​បរិភោគ​រួច​ហើយ នោះ​គេ​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក ដែល​សល់​ពី​៥​ដុំ​នោះ ដាក់​ពេញ​បាន​១២​កន្ត្រក ១៤ កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់ ដែល​ព្រះយេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ៍​មែន ១៥ ដូច្នេះ ព្រះយេស៊ូវ​ក៏​ថយ​ឡើង​ទៅ​លើ​ភ្នំ តែ​១​អង្គ​ទ្រង់​វិញ​ទៀត ពី​ព្រោះ​ទ្រង់​ជ្រាប​ថា គេ​គិត​មក​ចាប់​ទ្រង់​ដោយ​កំឡាំង ដើម្បី​នឹង​តាំង​ឡើង​ជា​ស្តេច។

ព្រះយេស៊ូវ​យាង​លើ​ទឹក​សមុទ្រ

១៦ លុះ​ព្រលប់​ហើយ ពួក​សិស្ស​ទ្រង់​ចុះ​ទៅ​ឯ​សមុទ្រ ១៧ ក៏​ចុះ​ទូក​ឆ្លង​ទៅ​កាពើណិម ពេល​នោះ​ងងឹត​ហើយ តែ​ព្រះយេស៊ូវ​មិន​ទាន់​មក​ដល់​នៅ​ឡើយ ១៨ សមុទ្រ​ក៏​មាន​រលក បោក​ដោយ​ខ្យល់​បក់​ជា​ខ្លាំង ១៩ កាល​គេ​បាន​ចែវ​ទៅ​ប្រហែល​ជា​៥ ឬ ៦​គីឡូម៉ែត្រ​ហើយ នោះ​ស្រាប់​តែ​គេ​ឃើញ​ព្រះយេស៊ូវ ទ្រង់​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច ២០ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ​តើ ២១ នោះ​គេ​ក៏​ព្រម​ទទួល​ទ្រង់ មក​ក្នុង​ទូក ស្រាប់​តែ​ទូក​បាន​ដល់​ស្រុក​ដែល​គេ​ប៉ង​នឹង​ទៅ។

ព្រះយេស៊ូវ​ជា​អាហារ​ដែល​ផ្តល់​ជីវិត

២២ ស្អែក​ឡើង កាល​ហ្វូង​មនុស្ស ដែល​នៅ​ត្រើយ​សមុទ្រ​ម្ខាង បាន​ឃើញ​ថា នៅ​ទី​នោះ​គ្មាន​ទូក​ណា​ទៀត ក្រៅ​ពី​ទូក​១ ដែល​ពួក​សិស្ស​ទ្រង់​បាន​ជិះ ហើយ​ថា ព្រះយេស៊ូវ​មិន​បាន​ជិះ​ទូក​នោះ ទៅ​ជា​មួយ​នឹង​ពួក​សិស្ស​ទេ គឺ​ពួក​សិស្ស​បាន​ចេញ​ទៅ​តែ​គ្នា​គេ ២៣ (ប៉ុន្តែ​មាន​ទូក​ខ្លះ​ទៀត មក​ពី​ស្រុក​ទីបេរាស ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំបុ័ង ក្រោយ​ដែល​ព្រះអម្ចាស់​បាន​អរ​ព្រះគុណ​រួច​ហើយ) ២៤ ដូច្នេះ កាល​ហ្វូង​មនុស្ស​មិន​ឃើញ​ព្រះយេស៊ូវ ឬ​ពួក​សិស្ស​ទ្រង់​នៅ​ទី​នោះ គេ​ក៏​ជិះ​ទូក​ទៅ​ឯ​កាពើណិម ដើម្បី​នឹង​រក​ទ្រង់ ២៥ កាល​ឃើញ​ទ្រង់​នៅ​ឯ​ត្រើយ​ម្ខាង​ហើយ នោះ​គេ​ទូល​សួរ​ថា លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​កាល​ណា ២៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ ២៧ កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុករលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិតស្ថេរ ដរាប​ដល់​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះវរបិតា​ដ៏​ជា​ព្រះ ទ្រង់​បាន​ដៅ​ចំណាំ​ទុក ២៨ ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា ដែល​នឹង​ធ្វើ​ការ​របស់​ព្រះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ ២៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ឯ​ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ៣០ នោះ​គេ​ទូល​សួរ​ទ្រង់​ថា បើ​ដូច្នេះ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​ណា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ដើម្បី​ឲ្យ​បាន​ជឿ​ដល់​លោក តើ​លោក​ធ្វើ​ការ​អ្វី​ខ្លះ ៣១ ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោស្ថាន ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «លោក​បាន​ឲ្យ​នំបុ័ង​ពី​ស្ថានសួគ៌ មក​ឲ្យ​គេ​បរិភោគ» ៣២ ឯ​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ងពី​ស្ថានសួគ៌​នោះ មក​អ្នក​រាល់​គ្នា​ទេ តែ​ឯ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថានសួគ៌ នោះ​គឺ​ព្រះវរបិតា​ខ្ញុំ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា​វិញ ៣៣ ដ្បិត​នំបុ័ង​របស់​ព្រះ គឺ​ជា​ព្រះអង្គ​ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មនុស្ស​លោក​បាន​ជីវិត​ផង ៣៤ ដូច្នេះ គេ​ទូល​ទ្រង់​ថា លោក​ម្ចាស់ អើយ សូម​ឲ្យ​នំបុ័ង​នោះ​មក​យើង​ខ្ញុំ​ជានិច្ច។ ៣៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ ៣៦ ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ ៣៧ អស់​អ្នក​ណា​ដែល​ព្រះវរបិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ ខ្ញុំ​ក៏​មិន​ដែល​ចោល​ទៅ​ក្រៅ​ឡើយ ៣៨ ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក ៣៩ ឯ​បំណង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ ៤០ នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះរាជបុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ ៤១ នោះ​ពួក​សាសន៍​យូដា គេ​ឌុកដាន់​ទ្រង់ ពី​ព្រោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថានសួគ៌​មក ៤២ គេ​និយាយ​ថា អ្នក​នេះ តើ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក​ម្តាយ​គាត់​ទេ​ឬ​អី ចុះ​ដូច​ម្តេច​ឡើយ​បាន​ជា​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថានសួគ៌​មក​ដូច្នេះ ៤៣ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា កុំ​ឲ្យ​រទូរទាំ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ៤៤ គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត​ដែរ ៤៥ នៅ​ក្នុង​គម្ពីរ​ពួក​ហោរា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​ទ្រង់​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា» ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ព្រះវរបិតា ហើយ​បាន​រៀន​ពី​ទ្រង់ នោះ​ក៏​មក​ឯ​ខ្ញុំ ៤៦ នេះ​មិន​មែន​ថា មាន​អ្នក​ណា​ដែល​ឃើញ​ព្រះវរបិតា​នោះ​ឡើយ មាន​តែ​ព្រះអង្គ ដែល​យាង​មក​ពី​ព្រះ​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ទើប​ទ្រង់​បាន​ឃើញ​ព្រះវរបិតា​មែន ៤៧ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​កល្ប​ជានិច្ច ៤៨ ខ្ញុំ​ជា​នំបុ័ង​ជីវិត ៤៩ ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ ៥០ ឯ​នំបុ័ង​ដែល​ខ្ញុំ​និយាយ​នេះ គឺ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថានសួគ៌​មក ដើម្បី​ឲ្យ​អ្នក​ណា ដែល​បរិភោគ មិន​ត្រូវ​ស្លាប់​ឡើយ ៥១ ខ្ញុំ​ជា​នំបុ័ង​ដ៏​រស់ ដែល​ចុះ​ពី​ស្ថានសួគ៌​មក បើ​អ្នក​ណា​បរិភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​កល្ប​ជានិច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក ៥២ ដូច្នេះ ពួក​សាសន៍​យូដា​គេ​ជជែក​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​ខ្លួនមក​យើង​បរិភោគ​បាន។ ៥៣ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ ហើយ​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ទេ ៥៤ អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត ៥៥ ពី​ព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿង​ផឹក​ពិត​ប្រាកដ ៥៦ អ្នក​ណា​ដែល​បរិភោគ​សាច់ និង​ឈាម​របស់​ខ្ញុំ នោះ​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​នោះ​ដែរ ៥៧ អ្នក​ណា​ដែល​បរិភោគ​ខ្ញុំ អ្នក​នោះ​នឹង​រស់​ដោយសារ​ខ្ញុំ ដូច​ជា​ព្រះវរបិតា​ដ៏​មាន​ព្រះជន្ម​រស់ ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ខ្ញុំ​ក៏​រស់​នៅ ដោយសារ​ទ្រង់​ដែរ ៥៨ នំបុ័ង​នេះ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថានសួគ៌​មក​ជា​ពិត មិន​មែន​ដូច​ជា​ពួក​ឰយុកោ​អ្នក​រាល់​គ្នា បាន​បរិភោគ​នំ​ម៉ាន៉ា ហើយ​ក៏​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​កល្ប​ជានិច្ច​វិញ ៥៩ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ ក្នុង​សាលា​ប្រជុំ នៅ​កាពើណិម កំពុង​ដែល​ទ្រង់​បង្រៀន​គេ។ ៦០ ពួក​សិស្ស​ទ្រង់​ជា​ច្រើន ដែល​ឮ​សេចក្តី​នោះ ក៏​និយាយ​ថា ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន ៦១ ប៉ុន្តែ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​ព្រះអង្គ​ទ្រង់​ថា ពួក​សិស្ស​រទូរទាំ​ពី​សេចក្តី​នោះ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​សេចក្តី​នេះ​នាំ​បង្អាក់​ដល់​ចិត្ត​អ្នក​រាល់​គ្នា​ឬ​អី ៦២ ចុះ​បើ​អ្នក​រាល់​គ្នា​បាន​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​ឯ​ស្ថាន ដែល​លោក​នៅ​ពី​ដើម នោះ​តើ​នឹង​គិត​ដូច​ម្តេច​ទៅ ៦៣ គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ទេ ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ ៦៤ ប៉ុន្តែ មាន​អ្នក​រាល់​គ្នា​ខ្លះ​មិន​ជឿ​ទេ នេះ​ដ្បិត​ព្រះយេស៊ូវ​ទ្រង់​ជ្រាប តាំង​តែ​ពី​ដើម​មក អំពី​អ្នក​ណា​ដែល​មិន​បាន​ជឿ ហើយ​អំពី​អ្នក​ណា ដែល​នឹង​បញ្ជូន​ទ្រង់ ៦៥ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា គឺ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរបិតា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប៉ុណ្ណោះ។ ៦៦ តាំង​ពី​នោះ​មក មាន​សិស្ស​ទ្រង់​ជា​ច្រើន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ ៦៧ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ពួក​១២​នាក់​ថា អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ៦៨ ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ៦៩ យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត ៧០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា តើ​ខ្ញុំ​មិន​បាន​រើស​អ្នក​រាល់​គ្នា ជា​ពួក​១២​នាក់​ទេ​ឬ​អី តែ​មាន​ម្នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​អារក្ស​វិញ ៧១ នេះ​គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​យូដាស-អ៊ីស្ការីយ៉ុត ជា​កូន​ស៊ីម៉ូន ដែល​នៅ​ក្នុង​ពួក​១២​នាក់​នោះ ដ្បិត​វា​រៀប​នឹង​បញ្ជូន​ទ្រង់​ទៅ។

យ៉ូហាន ៧

ព្រះញាតិវង្ស​ព្រះយេស៊ូវ​មិន​ជឿ​លើ​ព្រះអង្គ

១ ក្រោយ​នោះ​មក ព្រះយេស៊ូវ ទ្រង់​យាង​នៅ​តែ​ក្នុង​ស្រុក​កាលីឡេ​ប៉ុណ្ណោះ ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​នឹង​យាង​ក្នុង​ស្រុក​យូដា​ទេ ពី​ព្រោះ​សាសន៍​យូដា​រក​សំឡាប់​ទ្រង់ ២ រីឯ​បុណ្យ​របស់​សាសន៍​យូដា ដែល​ហៅ​ថា​បុណ្យ​បារាំ​នោះ​ជិត​ដល់​ហើយ ៣ ដូច្នេះ ពួក​ប្អូន​ទ្រង់​ទូល​ថា ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង បាន​ឃើញ​ការ​ដែល​បង​ធ្វើ​ផង ៤ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន នោះ​មិន​ដែល​ធ្វើ​ការ​ដោយ​សំងាត់​ទេ បើ​បង​ធ្វើ​ការ​ទាំង​នេះ ចូរ​សំដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដែរ ៥ ដ្បិត​ពួក​ប្អូន​ទ្រង់​មិន​បាន​ជឿ​ដល់​ទ្រង់​ទេ ៦ ដូច្នេះ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា ឯ​ពេល​វេលា​របស់​ឯង​រាល់​គ្នា នោះ​ចេះ​តែ​មាន​ជានិច្ច តែ​ពេល​វេលា​របស់​អញ​មិន​ទាន់​ដល់​នៅ​ឡើយ ៧ លោកីយ៍​ពុំ​អាច​នឹង​ស្អប់​ឯង​រាល់​គ្នា​បាន​ទេ តែ​គេ​ស្អប់​អញ​វិញ ពី​ព្រោះ​អញ​ធ្វើ​បន្ទាល់​ពី​គេ​ថា ការ​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ ៨ ចូរ​ឯង​រាល់​គ្នា​ឡើង​ទៅ​ឯ​បុណ្យ​នេះ​ចុះ ឯ​អញ​មិន​ទាន់​ទៅ​ទេ ព្រោះ​កំណត់​អញ​មិន​ទាន់​សំរេច​នៅ​ឡើយ ៩ កាល​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​គង់​នៅ​ស្រុក​កាលីឡេ​ដដែល។

ព្រះយេស៊ូវ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​ឱកាស​ពិធី​បុណ្យ

១០ ប៉ុន្តែ កាល​ពួក​ប្អូន​ទ្រង់​ឡើង​ទៅ​ឯ​បុណ្យ​នោះ​ផុត​ហើយ នោះ​ទ្រង់​ក៏​យាង​ទៅ​ដែរ តែ​មិន​ទៅ​ជា​មួយ​នឹង​អ្នក​ណា​ទេ គឺ​ទៅ​ដោយ​សំងាត់​វិញ ១១ រីឯ​ពួក​សាសន៍​យូដា គេ​សួរ​រក​ទ្រង់​នៅ​ឯ​ទី​បុណ្យ​ថា តើ​លោក​នៅ​ឯ​ណា ១២ ហើយ​ក្នុង​ហ្វូង​មនុស្ស ក៏​ឮ​ខ្សឹបខ្សៀវ​ពី​ដំណើរ​ទ្រង់​ជា​ច្រើន ខ្លះ​ថា លោក​ជា​មនុស្ស​ល្អ ខ្លះ​ទៀត​ថា ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជាជន​ទេ​តើ ១៣ ប៉ុន្តែ គ្មាន​អ្នក​ឯ​ណា​ហ៊ាន​និយាយ​ពី​ដំណើរ​ទ្រង់ ឲ្យ​បណ្តាជន​ដឹង​ឡើយ ព្រោះ​ខ្លាច​សាសន៍​យូដា។ ១៤ នៅ​ពាក់​កណ្តាល​ពេល​បុណ្យ នោះ​ព្រះយេស៊ូវ​ទ្រង់​ឡើង​ទៅ បង្រៀន​ក្នុង​ព្រះវិហារ ១៥ ហើយ​ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​ចេះ​គម្ពីរ​ដូច្នេះ ពី​ព្រោះ​គាត់​មិន​ដែល​រៀនសូត្រ​សោះ ១៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា សេចក្តី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ ១៧ បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ ១៨ អ្នក​ណា​ដែល​និយាយ​ដោយ​អាង​ខ្លួន​ឯង នោះ​ចង់​តែ​លើក​ដំកើង​ដល់​ខ្លួន​ទេ តែ​អ្នក​ដែល​ចង់​លើក​ដំកើងថ្វាយ​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក នោះ​ទើប​ពិត​វិញ ហើយ​ឥត​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ឡើយ ១៩ ឯ​លោក​ម៉ូសេ តើ​មិន​បាន​ឲ្យ​ក្រឹត្យវិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ​អី ប៉ុន្តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​មួយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះ​ទេ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ​ដូច្នេះ ២០ ហ្វូង​មនុស្ស​ក៏​ឆ្លើយ​ឡើង​ថា អ្នក​ឯង​មាន​អារក្ស​ចូល​ទេ តើ​មាន​អ្នក​ណា​រក​សំឡាប់​ឯង ២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ធ្វើ​ការ​១ ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ២២ លោក​ម៉ូសេ​ក៏​ឲ្យ​ពិធី​កាត់​ស្បែក​មក​អ្នក​រាល់​គ្នា (មិន​មែន​ថា​កើត​ពី​លោក​ម៉ូសេ​ទេ គឺ​ពី​ពួក​ឰយុកោ​វិញ) ហើយ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ឲ្យ​មនុស្ស នៅ​ថ្ងៃ​ឈប់​សំរាក​ផង ២៣ ដូច្នេះ បើ​មនុស្ស​ទទួល​កាត់​ស្បែក នៅ​ថ្ងៃ​ឈប់​សំរាក ដើម្បី​មិន​ឲ្យ​រំលង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ នោះ​តើ​អ្នក​រាល់​គ្នា​ខឹង​នឹង​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​ស្រឡះ នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​អី ២៤ កុំ​ឲ្យ​ជំនុំជំរះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំជំរះ​តាម​សេចក្តី​សុចរិត​វិញ។

ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ​មែន​ឬ

២៥ នោះ​មាន​ពួក​ក្រុង​យេរូសាឡិម​ខ្លះ​និយាយ​ថា គឺ​អ្នក​នេះ​ទេ​តើ ដែល​គេ​រក​សំឡាប់​នោះ ២៦ ហើយ​មើល​គាត់​និយាយ​នៅ​កណ្តាល​ចំណោម តែ​គ្មាន​អ្នក​ណា​ថា​អ្វី​ឲ្យ​សោះ តើ​ពួក​នាម៉ឺន​បាន​យល់​ឃើញ​ហើយ​ថា អ្នក​នេះ​ជា​ព្រះគ្រីស្ទ​មែន​ឬ​អី ២៧ ឯ​អ្នក​នេះ យើង​ដឹង​ជា​មក​ពី​ណា តែ​ព្រះគ្រីស្ទ​វិញ កាល​ណា​ទ្រង់​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ជា​មក​ពី​ណា​ទេ ២៨ ដូច្នេះ​កំពុង​ដែល​ព្រះយេស៊ូវ​បង្រៀន​ក្នុង​ព្រះវិហារ នោះ​ក៏​បន្លឺឧទាន​ឡើង​ថា អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា​ផង តែ​ខ្ញុំ​មិន​បាន​មក ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ឯ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ត្រង់​ហើយ អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ២៩ តែ​ខ្ញុំ​ស្គាល់​ទ្រង់ ពី​ព្រោះ​ខ្ញុំ​មក​ពី​ទ្រង់ គឺ​ទ្រង់​ពិត​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ៣០ ដូច្នេះ​គេ​រក​ចាប់​ទ្រង់ ប៉ុន្តែ​គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​សោះ ពី​ព្រោះ​កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ ៣១ នៅ​ក្នុង​បណ្តា​មនុស្ស​នោះ មាន​គ្នា​ច្រើន​បាន​ជឿ​ដល់​ទ្រង់ ហើយ​គេ​និយាយ​ថា កាល​ណា​ព្រះគ្រីស្ទ​យាង​មក តើ​ទ្រង់​នឹង​ធ្វើ​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ​អី។

គេ​ចាត់​កង​រក្សា​ព្រះវិហារ​ឲ្យ​មក​ចាប់​ព្រះយេស៊ូវ

៣២ ឯ​ពួក​ផារិស៊ី ក៏​ឮ​គេ​ខ្សឹបខ្សៀវ​រឿង​ទាំង​នេះ​ពី​ទ្រង់ រួច​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី គេ​ចាត់​ពួក​អាជ្ញា​ឲ្យ​ទៅ​ចាប់​ទ្រង់ ៣៣ ដូច្នេះ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ រួច​ខ្ញុំ​ទៅ​ឯ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ ៣៤ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ ៣៥ នោះ​ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា តើ​អ្នក​នេះ​គិត​ទៅ​ឯ​ណា ដែល​យើង​នឹង​រក​មិន​ឃើញ តើ​គិត​ទៅ​ឯ​ពួក​អ្នក​ខ្ចាត់ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រេក ដើម្បី​នឹង​បង្រៀន​ដល់​សាសន៍​នោះ​ឬ​អី ៣៦ ពាក្យ​ដែល​គាត់​ថា «អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ» ហើយ​ថា «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ» នេះ​តើ​មាន​ន័យ​ដូច​ម្តេច។

ទន្លេ​ដែល​មាន​ទឹក​ផ្តល់​ជីវិត

៣៧ នៅ​ថ្ងៃ​ក្រោយ​បង្អស់ ជា​ថ្ងៃ​បុណ្យ​យ៉ាង​សំខាន់ នោះ​ព្រះយេស៊ូវ​ទ្រង់​ឈរ​បន្លឺឧទាន​ប្រកាស​ឡើង​ថា បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ ៣៨ អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ ៣៩ តែ​សេចក្តី​នេះ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះយេស៊ូវ​មិន​ទាន់​បាន​ដំកើង​ឡើងនៅ​ឡើយ។

បណ្តាជន​ខ្វែង​គំនិត​គ្នា​អំពី​ព្រះយេស៊ូវ

៤០ ដូច្នេះ កាល​បណ្តា​មនុស្ស​បាន​ឮ នោះ​មាន​គ្នា​ច្រើន​និយាយ​ថា លោក​នេះ ពិត​ប្រាកដ​ជា​ហោរា​នោះ​ហើយ ៤១ អ្នក​ខ្លះ​ទៀត​ថា នេះ​ជា​ព្រះគ្រីស្ទ​ហើយ ខ្លះ​ទៀត​ថា ចុះ​ព្រះគ្រីស្ទ​យាង​មក​ពី​ស្រុក​កាលីឡេ​ដែរ​ឬ ៤២ តើ​គម្ពីរ​មិន​ថា ព្រះគ្រីស្ទ​ត្រូវ​កើត​ពី​ព្រះវង្ស​ហ្លួង​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេហិម ជា​កន្លែង​ដែល​ហ្លួង​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ​អី ៤៣ ដូច្នេះ គេ​ក៏​បាក់​បែក​ទាស់​គ្នា ដោយ​ព្រោះ​ទ្រង់ ៤៤ មាន​ខ្លះ​ចង់​ចាប់​ទ្រង់ តែ​គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​ទេ។

ពួក​អ្នក​ធំ​មិន​ជឿ​លើ​ព្រះអង្គ

៤៥ នោះ​ពួក​អាជ្ញា​ក៏​ត្រឡប់​ទៅ​ឯ​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​វិញ លោក​ទាំង​នោះ​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក ៤៦ ពួក​អាជ្ញា​ឆ្លើយ​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ ៤៧ ដូច្នេះ ពួក​ផារិស៊ី​ស្តី​ឲ្យ​ថា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឆោត​ដែរ​ឬ ៤៨ តើ​មាន​អ្នក​ឯ​ណា​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិស៊ី ដែល​ជឿ​ដល់​អ្នក​នោះ​ឬ​ទេ ៤៩ ឯ​ហ្វូង​មនុស្ស​នេះ ដែល​មិន​ស្គាល់​ក្រឹត្យវិន័យ គេ​ជា​មនុស្ស​ត្រូវ​បណ្តាសា​វិញ ៥០ ឯ​លោក​នីកូដេម ជា​អ្នក​ដែល​មក​ឯ​ទ្រង់​ទាំង​យប់ ដែល​ជា​ពួក​ផារិស៊ី​ដែរ លោក​និយាយ​ទៅ​គេ​ថា ៥១ តើ​ក្រឹត្យវិន័យ​យើង​កាត់​ទោស​ដល់​មនុស្ស​ណា មុន​ដែល​បាន​ឮ​ពាក្យ​ចំឡើយ​ពី​ខ្លួន​អ្នក​នោះ ហើយ​ដឹង​ជា​ធ្វើ​ខុស​យ៉ាង​ណា​ឬ​អី ៥២ នោះ​គេ​ឆ្លើយ​ទៅ​លោក​ថា តើ​លោក​មក​ពី​ស្រុក​កាលីឡេ​ដែរ​ឬ ចូរ​ពិចារណា​មើល​ចុះ ឥត​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលីឡេ​ឡើយ ៥៣ គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ខ្លួន

យ៉ូហាន ៨

១ តែ​ព្រះយេស៊ូវ​ទ្រង់​យាង​ទៅ​ឯ​ភ្នំ​ដើម​អូលីវ​វិញ។

ស្ត្រី​ម្នាក់​ប្រព្រឹត្ត​សហាយស្មន់

២ ដល់​ព្រលឹម​ឡើង ទ្រង់​យាង​ត្រឡប់​ទៅ​ក្នុង​ព្រះវិហារ ហើយ​បណ្តាជន​ក៏​មក​ឯ​ទ្រង់ នោះ​ទ្រង់​គង់​ចុះ​បង្រៀន​គេ ៣ រួច​ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ដំណេក​មក​ឯ​ទ្រង់ កាល​គេ​ដាក់​ស្ត្រី​នោះ នៅ​កណ្តាល​ជំនុំ​ហើយ នោះ​ក៏​ទូល​ថា ៤ លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយស្មន់​នឹង​គ្នា ៥ រីឯ​ក្នុង​ក្រឹត្យវិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច ៦ គេ​ទូល​ដូច្នោះ ដើម្បី​នឹង​ល្បង​ល​ទ្រង់​ទេ ប្រយោជន៍​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ឱន​ទៅ​សរសេរ​នៅ​ដី ដោយ​ព្រះអង្គុលី​វិញ ៧ តែ​ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ បាន​ជា​ទ្រង់​ងើប​ឡើង មាន​ព្រះបន្ទូល​ថា អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ ៨ រួច​ទ្រង់​ក៏​ឱន​សរសេរ​នៅ​ដី​ម្តង​ទៀត ៩ កាល​បាន​ឮ​ពាក្យ​ទាំង​នោះ ហើយ​បញ្ញា​ចិត្ត​គេ បាន​ចោទ​ប្រកាន់​ទោស​ខ្លួន នោះ​គេ​ក៏​ថយ​ចេញ​ទៅ​ម្នាក់​ម្តងៗ ចាប់​តាំង​ពី​មនុស្ស​ចាស់​ជាង​គេ ដរាប​ដល់​អ្នក​ក្រោយ​បង្អស់ សល់​នៅ​តែ​ព្រះយេស៊ូវ និង​ស្ត្រី​នោះ ដែល​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ ១០ ព្រះយេស៊ូវ​ងើប​ឡើង​វិញ ឃើញ​តែ​ស្ត្រី​នោះ ក៏​មាន​ព្រះបន្ទូល​ទៅ​ថា នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី ១១ នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ លោក​ម្ចាស់ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។

ព្រះយេស៊ូវ​ជា​ពន្លឺ​ពិភព​លោក

១២ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ ១៣ នោះ​ពួក​ផារិស៊ី​ទូល​ថា អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្តី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ ១៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ទោះបី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​សេចក្តី​បន្ទាល់​នោះ​ក៏​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ឯ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ ១៥ អ្នក​រាល់​គ្នា​ជំនុំជំរះ​តាម​សាច់​ឈាម ឯ​ខ្ញុំ​មិន​ជំនុំជំរះ​អ្នក​ណា​ទេ ១៦ តែ​បើ​ខ្ញុំ​ជំនុំជំរះ​ដែរ នោះ​សេចក្តី​ជំនុំជំរះ​របស់​ខ្ញុំ​ជា​ពិត​វិញ ពី​ព្រោះ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​គង់​ជា​មួយ​ផង ១៧ ហើយ​ក្នុង​ក្រឹត្យវិន័យ​របស់​អ្នក​រាល់​គ្នា ក៏​មាន​ពាក្យ​ចែង​ទុក​មក​ថា សេចក្តី​បន្ទាល់​របស់​មនុស្ស​២​នាក់ នោះ​ពិត​ហើយ ១៨ ដូច្នេះ មាន​ខ្ញុំ​នេះ​១​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះវរបិតា​១​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ ១៩ នោះ​គេ​ទូល​សួរ​ថា តើ​ព្រះវរបិតា​អ្នក​នៅ​ឯ​ណា ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ឬ​ព្រះវរបិតា​ខ្ញុំ​ទេ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​នឹង​ស្គាល់​ដល់​ព្រះវរបិតា​ខ្ញុំ​ដែរ ២០ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ទាំង​នេះ​នៅ​ត្រង់​ឃ្លាំង កំពុង​ដែល​ទ្រង់​បង្រៀន នៅ​ក្នុង​ព្រះវិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ទ្រង់​ទេ ព្រោះ​កំណត់​របស់​ទ្រង់​មិន​ទាន់​ដល់​នៅ​ឡើយ។

ឋានៈ​របស់​កូន​មនុស្ស

២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នាវិញ ២២ ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា តើ​អ្នក​នេះ​នឹង​សំឡាប់​ខ្លួន​ឯង​ឬ​អី បាន​ជា​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ ២៣ ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំៗ មក​ពី​ស្ថាន​លើ​វិញ អ្នក​រាល់​គ្នា​កើត​ពី​លោកីយ៍​នេះ តែ​ខ្ញុំ​មិន​កើត​ពី​លោកីយ៍​នេះ​ទេ ២៤ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ពី​ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំនេះ​ជា​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន ២៥ ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ជា​អ្វី ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ពី​ដើម​រៀង​មក​នោះ​ឯង ២៦ ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំជំរះ​ពី​ដំណើរ​អ្នក​រាល់​គ្នា ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ប្រាកដ ហើយ​សេចក្តី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ ២៧ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​គេ ពី​ព្រះវរបិតា​ទេ ២៨ ដូច្នេះ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំនេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​ដែល​ព្រះវរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ ២៩ ព្រះអង្គ​នោះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ក៏​គង់​ជា​មួយ​នឹង​ខ្ញុំ ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប ៣០ កំពុង​ដែល​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ទ្រង់។

អ្នក​ជា និង​អ្នកងារ

៣១ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច ៣៣ គេ​ទូល​ឆ្លើយ​ថា យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ ក៏​មិន​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ ៣៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ ៣៥ រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះរាជបុត្រា ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ ៣៦ ដូច្នេះ បើ​ព្រះរាជបុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត ៣៧ ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ ប៉ុន្តែ​អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ ពី​ព្រោះ​ពាក្យ​ខ្ញុំ គ្មាន​កន្លែង​ដក់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទេ ៣៨ ឯ​ខ្ញុំៗ និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ឯ​ព្រះវរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​ការ​ដែល​បាន​ឃើញ នៅ​ឯ​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ ៣៩ គេ​ទូល​ឆ្លើយ​ថា គឺ​លោក​អ័ប្រាហាំ ជា​ឪពុក​នៃ​យើង​រាល់​គ្នា ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ ៤០ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​ចង់​សំឡាប់​ខ្ញុំ​វិញ ជា​មនុស្ស​ដែល​យក​សេចក្តី​ពិត ដែល​បាន​ឮ​ពី​ព្រះ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា លោក​អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ៤១ អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ​គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះវរបិតា​តែ​១ គឺ​ជា​ព្រះ ៤២ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​ព្រះ​ជា​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះអង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ ៤៣ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ ៤៤ អ្នក​រាល់​គ្នា​មាន​អារក្សសាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្តី​ពិត ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង ៤៥ ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ ៤៦ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ ៤៧ អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។

ព្រះយេស៊ូវ និង​លោក​អ័ប្រាហាំ

៤៨ នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី ៤៩ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះវរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះតិះដៀល​ខ្ញុំ​វិញ ៥០ ឯ​ខ្ញុំ មិន​មែន​រក​កិត្តិសព្ទ​ចំពោះ​ខ្លួន​ទេ មាន​ព្រះ​១​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​វិញ ហើយ​ទ្រង់​ក៏​ជំនុំជំរះ​ផង ៥១ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្តី​ស្លាប់ នៅ​អស់​កល្ប​រៀង​ទៅ ៥២ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រាហាំ និង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្តី​ស្លាប់ នៅ​អស់​កល្ប​រៀង​ទៅ​វិញ ៥៣ តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី ៥៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​ខ្ញុំ​ដំកើង​ខ្លួន​ខ្ញុំ នោះ​កិត្តិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះវរបិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​ដំកើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក ៥៥ តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ឯ​ខ្ញុំៗ ស្គាល់​ទ្រង់ បើ​ខ្ញុំ​ថា​មិន​ស្គាល់​ទ្រង់​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ភូតភរ​ដូច​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ទ្រង់​ពិត ហើយ​ក៏​កាន់​តាម​ព្រះបន្ទូល​ទ្រង់​ផង ៥៦ លោក​អ័ប្រាហាំ ជា​ឰយុកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេកអរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្តី​រីករាយ ៥៧ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា អាយុ​អ្នក​មិន​ទាន់​ដល់​៥០​ឆ្នាំ​ផង ហើយ​អ្នក​ថា បាន​ឃើញ​លោក​អ័ប្រាហាំ​ដែរ​ឬ ៥៨ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ ៥៩ ដូច្នេះ គេ​រើស​ថ្ម​នឹង​ចោល​ព្រះយេស៊ូវ តែ​ទ្រង់​បាន​បំបាំង​ដល់​គេ រួច​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះវិហារ​ផុត​ទៅ។

យ៉ូហាន ៩

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពី​កំណើត​ម្នាក់​ឲ្យ​ជា

១ លុះ​ទ្រង់​យាង​ហួស​ទៅ ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត ២ ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​អ្នក​ណា​បាន​ធ្វើ​បាប មនុស្ស​នេះ ឬ​ឪពុក​ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ ៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សំដែង​មក ក្នុង​ខ្លួន​គាត់​វិញ ៤ កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ ៥ កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​លោកីយ៍​នៅ​ឡើយ នោះ​ខ្ញុំ​ជា​ពន្លឺ​នៃ​លោកីយ៍ ៦ លុះ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ដាក់​នៅ​ដី ហើយ​យក​ទឹក​ព្រះឱស្ឋ​ទ្រង់​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​នៃ​មនុស្ស​ខ្វាក់​នោះ ៧ រួច​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោមទៅ (ស៊ីឡោម គឺ​ស្រាយ​ថា ចាត់​ឲ្យ​ទៅ) ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ ទាំង​មើល​ឃើញ ៨ នោះ​ពួក​អ្នក​ជិត​ខាង និង​ពួក​អ្នក​ដែល​ពី​ដើម​បាន​ឃើញ​ថា គាត់​ជា​អ្នក​សុំ​ទាន គេ​និយាយ​ថា អ្នក​នេះ​ទេ​តើ ដែល​ធ្លាប់​តែ​អង្គុយ​សុំ​ទាន​គេ ៩ ខ្លះ​ថា គឺ​អ្នក​ហ្នឹង​ហើយ ខ្លះ​ទៀត​ថា គាត់​ដូច​ជា​អ្នក​នោះ​ទេ តែ​គាត់​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ឯង ១០ គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​បាន​ជា​ភ្នែក​ឯង​បាន​ភ្លឺ​ដូច្នេះ ១១ គាត់​ឆ្លើយ​ថា មាន​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ឲ្យ​ទៅ​លាង​នៅ​ស្រះ​ស៊ីឡោម ខ្ញុំ​ក៏​ទៅ​លាង ហើយ​បាន​ភ្លឺ​ឡើង ១២ គេ​សួរ​ទៀត​ថា អ្នក​នោះ​នៅ​ឯ​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ទេ។

ពួក​ផារិស៊ី​សួរ​ចម្លើយ​អ្នក​ខ្វាក់​ពី​មុន

១៣ គេ​ក៏​នាំ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ ទៅ​ឯ​ពួក​ផារិស៊ី ១៤ រីឯ​ថ្ងៃ​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ភក់ ប្រោស​ឲ្យ​គាត់​ភ្លឺ​ភ្នែក​នោះ គឺ​ជា​ថ្ងៃ​ឈប់​សំរាក ១៥ ដូច្នេះ ពួក​ផារិស៊ី​ក៏​សួរ​គាត់ ពី​ដំណើរ​ដែល​បាន​ភ្លឺ​ភ្នែក ជា​យ៉ាង​ដូច​ម្តេច​ដែរ នោះ​គាត់​ជំរាប​ថា លោក​យក​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ខ្ញុំ​ទៅ​លាង ហើយ​ក៏​មើល​ឃើញ ១៦ ដូច្នេះ ពួក​ផារិស៊ី​ខ្លះ​និយាយ​ថា មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សំរាក​សោះ ខ្លះ​ទៀត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សំគាល់​យ៉ាង​នេះ​បាន នោះ​ក៏​កើត​បាក់​បែក​គ្នា ១៧ រួច​គេ​សួរ​មនុស្ស​ខ្វាក់​ម្តង​ទៀត​ថា តើ​ឯង​ថា​ដូច​ម្តេច ពី​ដំណើរ​អ្នក​ដែល​ធ្វើ​ឲ្យ​ភ្នែក​ឯង​ភ្លឺ​នោះ គាត់​ឆ្លើយ​ថា លោក​ជា​ហោរា ១៨ តែ​ពួក​សាសន៍​យូដា​មិន​ជឿ​ថា គាត់​ខ្វាក់​ភ្នែក ហើយ​បាន​ភ្លឺ​ឡើង​វិញ​ទេ ទាល់​តែ​បាន​ហៅ​ឪពុក​ម្តាយ​របស់​អ្នក ដែល​បាន​ភ្លឺ​ភ្នែក​នោះ​មក សួរ​ថា ១៩ តើ​អ្នក​នេះ​ជា​កូន​របស់​អ្នក ដែល​អ្នក​ថា បាន​កើត​មក​ខ្វាក់​នោះ​ឬ​អី ចុះ​ឥឡូវ​នេះ ធ្វើ​ដូច​ម្តេច​បាន​ជា​វា​ភ្លឺ​ឡើង​វិញ ២០ ឪពុក​ម្តាយ​គាត់​ឆ្លើយ​ថា យើង​ខ្ញុំ​ដឹង​ថា នេះ​ជា​កូន​យើង​ខ្ញុំ​ពិត ហើយ​ថា វា​កើត​មក​ខ្វាក់​មែន ២១ តែ​ឥឡូវ​នេះ ដែល​វា​ភ្លឺ​ជា​យ៉ាង​ដូច​ម្តេច នោះ​យើង​ខ្ញុំ​មិន​ដឹង​ទេ ក៏​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្លឺ​ផង​ដែរ វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ វា​នឹង​ជំរាប​ពី​ដំណើរ​ខ្លួន​វា ២២ ឪពុក​ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ ថា​បើ​អ្នក​ណា​នឹង​ទទួល​ទ្រង់​ទុក​ជា​ព្រះគ្រីស្ទ នោះ​ត្រូវ​កាត់​ពី​ពួក​ជំនុំ​គេ​ចេញ ២៣ ហេតុ​នោះ​បាន​ជា​ឪពុក​ម្តាយ​គាត់​និយាយ​ថា វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ។ ២៤ គេ​ក៏​ហៅ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ មក​ម្តង​ទៀត​ប្រាប់​ថា ចូរ​សរសើរដំកើង​ដល់​ព្រះ​វិញ ឯ​មនុស្ស​នោះ យើង​ដឹង​ថា​ជា​អ្នក​មាន​បាប​ទេ ២៥ គាត់​ឆ្លើយ​ទៅ​ថា បើ​លោក​ជា​មនុស្ស​មាន​បាប នោះ​ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណេះ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ ២៦ នោះ​គេ​សួរ​គាត់​ម្តង​ទៀត​ថា អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​ឯង តើ​បាន​ធ្វើ​ដូច​ម្តេច​ខ្លះ ឲ្យ​ភ្នែក​ឯង​ភ្លឺ​ឡើង ២៧ គាត់​ឆ្លើយ​ថា ខ្ញុំ​បាន​ជំរាប​ហើយ តែ​លោក​មិន​ស្តាប់ ហេតុ​អ្វី​បាន​ជា​ចង់​ស្តាប់​ម្តង​ទៀត តើ​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ឬ​អី ២៨ នោះ​គេ​ដៀលត្មះ​គាត់​ថា គឺ​ឯង​ជា​សិស្ស​អ្នក​នោះ​ហើយ ឯ​យើង ជា​សិស្ស​របស់​លោក​ម៉ូសេ​វិញ ២៩ យើង​ដឹង​ថា ព្រះ​បាន​មាន​ព្រះបន្ទូល​នឹង​លោក​ម៉ូសេ​ពិត តែ​អ្នក​នោះ យើង​មិន​ដឹង​ជា​មក​ពី​ណា​ទេ ៣០ មនុស្ស​នោះ​ឆ្លើយ​ថា នេះ​ចំឡែក​ណាស់​មែន លោក​រាល់​គ្នា​មិន​ដឹង​ជា​លោក​នោះ​មក​ពី​ណា ដែល​លោក​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ​ផង ៣១ យើង​ខ្ញុំ​ដឹង​ថា ព្រះ​មិន​ស្តាប់​តាម​មនុស្ស​មាន​បាប​ទេ ប៉ុន្តែ បើ​អ្នក​ណា​កោតខ្លាច​ដល់​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​ទ្រង់ ទើប​ទ្រង់​នឹង​ស្តាប់​តាម​អ្នក​នោះ​ឯង ៣២ ចាប់​តាំង​ពី​អស់​កល្ប​រៀង​មក មិន​ដែល​ឮ​និយាយ​ពី​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​បាន​ទេ ៣៣ បើ​លោក​នោះ​មិន​មក​ពី​ព្រះ​ទេ នោះ​លោក​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ ៣៤ គេ​ឆ្លើយ​តប​ទៅ​គាត់​ថា ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​ឯង​បង្រៀន​យើង​ឬ រួច​គេ​បណ្តេញ​គាត់​ទៅ។ ៣៥ ព្រះយេស៊ូវ ទ្រង់​ឮ​ថា គេ​បាន​បណ្តេញ​គាត់​ហើយ រួច​កាល​ទ្រង់​បាន​ឃើញ​គាត់ នោះ​ក៏​មាន​ព្រះបន្ទូល​ទៅ​ថា តើ​អ្នក​ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ​ឬ​ទេ ៣៦ គាត់​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ តើ​អ្នក​ណា​ជា​ព្រះរាជបុត្រា​នោះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ទ្រង់​ផង ៣៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា អ្នក​បាន​ឃើញ​ទ្រង់​ហើយ គឺ​ជា​ខ្ញុំ​ដែល​និយាយ​នឹង​អ្នក​នេះ​ឯង ៣៨ គាត់​ទូល​ថា ខ្ញុំ​ជឿ​ហើយ ព្រះអម្ចាស់​អើយ រួច​គាត់​ក៏​ក្រាប​ថ្វាយ​បង្គំ​ទ្រង់។ ៣៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​នេះ ដើម្បី​នឹង​ជំនុំជំរះ ឲ្យ​ពួក​អ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង ហើយ​ឲ្យ​ពួក​អ្នក​ដែល​មើល​ឃើញ បាន​ទៅ​ជា​ខ្វាក់​វិញ ៤០ ពួក​ផារិស៊ី ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ​អី ៤១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ខ្វាក់​មែន នោះ​អ្នក​រាល់​គ្នា​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​អាង​ថា​ភ្លឺ បាន​ជា​ជាប់​មាន​បាប​នៅ​ឡើយ។

យ៉ូហាន ១០

ព្រះយេស៊ូវ​ជា​អ្នក​គង្វាល​ដ៏​ល្អ

១ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ក្រោល​ចៀម មិន​មែន​តាម​ទ្វារ គឺ​ឡើង​ចូល​តាម​កន្លែង​ណា​ឯ​ទៀត​វិញ អ្នក​នោះ​ឈ្មោះ​ថា​ជា​ចោរ​លួច ចោរ​ប្លន់​ហើយ ២ ឯ​អ្នក​ដែល​ចូល​តាម​ទ្វារ នោះ​ជា​អ្នក​គង្វាល​ចៀម​ពិត ៣ អ្នក​ឆ្មាំ​ទ្វារ​ក៏​បើក​ឲ្យ​អ្នក​នោះ ហើយ​ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​និមួយៗ នាំ​ចេញ​ទៅ​ក្រៅ ៤ កាល​បាន​បញ្ចេញ​ចៀម​ខ្លួន ទៅ​ក្រៅ​អស់​ហើយ នោះ​គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់ ៥ វា​មិន​ព្រម​តាម​មនុស្ស​ដទៃ​ទេ វា​នឹង​រត់​ចេញ​ពី​គេ​វិញ ពី​ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​ណា​សោះ ៦ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​អ្វី​ទេ។ ៧ ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​ចៀម ៨ អស់​អ្នក​ដែល​មក​មុន​ខ្ញុំ នោះ​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ ៩ ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ នេះ​នឹង​បាន​សង្គ្រោះ រួច​នឹង​ចេញ​ចូល ហើយ​នឹង​រក​បាន​វាល​ស្មៅដ៏​ស្រួល ១០ ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សំឡាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង ១១ ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម ១២ តែ​អ្នក​ស៊ី​ឈ្នួល ដែល​មិន​មែន​ជា​អ្នក​គង្វាល​ពិត ហើយ​ចៀម​ក៏​មិន​មែន​ជា​របស់​ផង​វា លុះ​វា​ឃើញ​ឆ្កែ​ព្រៃ​មក ក៏​រត់​ចេញ​ចោល​ចៀម នោះ​ឆ្កែ​ព្រៃ​ឆក់​យក​ទៅ ទាំង​ដេញ​កំចាត់កំចាយ​ហ្វូង​ចៀម​ផង ១៣ អ្នក​ស៊ី​ឈ្នួល​នោះ​រត់​ទៅ ពី​ព្រោះ​វា​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ វា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ឡើយ ១៤ ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ ១៥ ដូច​ជា​ព្រះវរបិតា​ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម ១៦ ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ និង​អ្នក​គង្វាល​តែ​១​វិញ ១៧ ហេតុ​នោះ​បាន​ជា​ព្រះវរបិតា​ទ្រង់​ស្រឡាញ់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ដាក់​ជីវិត​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​បាន​យក​មក​វិញ ១៨ គ្មាន​អ្នក​ណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បាន​ទេ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ ខ្ញុំ​បាន​ទទួល​អំណាច​នេះ ពី​ព្រះវរបិតា​ខ្ញុំ​មក ១៩ នោះ​ពួក​សាសន៍​យូដា​ក៏​កើត​បែក​បាក់​ទាស់​គ្នា​ម្តង​ទៀត ដោយ​ព្រោះ​ពាក្យ​នេះ ២០ ក៏​មាន​ពួក​គេ​ជា​ច្រើន​និយាយ​ថា អ្នក​នោះ​មាន​អារក្ស​ចូល​មែន ហើយ​ក៏​ឆ្កួត​ផង ហេតុ​អី​បាន​ជា​ស្តាប់​វា ២១ ខ្លះ​ទៀត​ថា នេះ​មិន​មែន​ជា​ពាក្យ​សំដី​របស់​មនុស្ស​មាន​អារក្ស​ចូល​ទេ តើ​អារក្ស​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​បាន​ភ្លឺ​ដែរ​ឬ។

ជនជាតិ​យូដា​មិន​ទទួល​ស្គាល់​ព្រះយេស៊ូវ

២២ គ្រា​នោះ​ជា​រដូវ​រងា ហើយ​នៅ​ក្រុង​យេរូសាឡិម គេ​កំពុង​តែ​ធ្វើ​បុណ្យ​ឆ្លង ២៣ ឯ​ព្រះយេស៊ូវ ទ្រង់​យាង​ចុះ​ឡើង​ក្នុង​ព្រះវិហារ ត្រង់​បាំងសាច​ហ្លួង​សាឡូម៉ូន ២៤ នោះ​មាន​ពួក​សាសន៍​យូដា​ចោម​ព័ទ្ធ​ទ្រង់​ទូល​សួរ​ថា តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់ស្ទើរ​ដល់​កាល​ណា​ទៀត បើ​លោក​ជា​ព្រះគ្រីស្ទ​ពិត នោះ​សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក​ចុះ ២៥ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ ឯ​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ ដោយ​នូវ​នាម​ព្រះវរបិតា​ខ្ញុំ ការ​ទាំង​នោះ​ឯង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ២៦ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ស្រេច​ហើយ ២៧ ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ ២៨ ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ ២៩ ព្រះវរបិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​វា​ចេញ​ពី​ព្រះហស្ត​របស់​ព្រះវរបិតា​ខ្ញុំ​បាន​ឡើយ ៣០ ខ្ញុំ​ហើយ និង​ព្រះវរបិតា គឺ​តែ​១​ព្រះអង្គ​ទេ។ ៣១ នោះ​ពួក​សាសន៍​យូដា​ក៏​រើស​ថ្ម​ម្តង​ទៀត ដើម្បី​នឹង​ចោល​ព្រះយេស៊ូវ ៣២ តែ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​គេ​ថា ខ្ញុំ​បាន​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះវរបិតា​ខ្ញុំ តើ​អ្នក​រាល់​គ្នា​ចោល​ខ្ញុំ​នឹង​ថ្ម ដោយ​ព្រោះ​ការ​ណា​មួយ​នោះ ៣៣ ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា យើង​ចោល​អ្នក​នឹង​ថ្ម មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ ហើយ​ពី​ព្រោះ​អ្នក ដែល​ជា​មនុស្ស បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​វិញ​ប៉ុណ្ណោះ ៣៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​ក្រឹត្យវិន័យ​របស់​អ្នក​រាល់​គ្នា​ថា «អញ​បាន​និយាយ​ថា ឯង​រាល់​គ្នា​ជា​ព្រះ»ទេ​ឬ​អី ៣៥ ដូច្នេះ បើ​ទ្រង់​បាន​ហៅ​អ្នក​ទាំង​នោះ​ជា​ព្រះ ដែល​ព្រះបន្ទូល​របស់​ព្រះអង្គ​បាន​ឮ​ទៅ​ដល់​គេ ហើយ​បើ​លើក​ចោល​បទ​គម្ពីរ​ណា​មិន​បាន ៣៦ នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ​នេះ ដែល​ព្រះវរបិតា​ញែក​ជា​បរិសុទ្ធ ហើយ​ចាត់​មក​ក្នុង​លោកីយ៍ ថា ខ្ញុំ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដូច្នេះ​ឬ​អី ៣៧ បើ​សិន​ជា​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះវរបិតា​ខ្ញុំ​ទេ នោះ​កុំ​ឲ្យ​ជឿ​ដល់​ខ្ញុំ​ឡើយ ៣៨ ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​ការ​របស់​ទ្រង់​វិញ នោះ​ទោះ​បើ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ គង់​តែ​ត្រូវ​ជឿ​ដល់​ការ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះវរបិតា​ទ្រង់​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក្នុង​ទ្រង់​ដែរ។ ៣៩ គេ​ក៏​ចាប់​ទ្រង់​ម្តង​ទៀត តែ​ទ្រង់​គេច​ចេញ​រួច​ពី​កណ្តាប់​ដៃ​គេ​ទៅ ៤០ រួច​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ទៀត គឺ​ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ​ជា​មុន​ដំបូង ហើយ​ទ្រង់​គង់​នៅ​ទី​នោះ ៤១ នោះ​មាន​មនុស្ស​ជា​ច្រើន​មក​ឯ​ទ្រង់ ក៏​និយាយ​ថា លោក​យ៉ូហាន​គ្មាន​ធ្វើ​ទី​សំគាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់ ៤២ នៅ​ទី​នោះ មាន​មនុស្ស​ជា​ច្រើន​ជឿ​ដល់​ទ្រង់​ដែរ។

យ៉ូហាន ១១

លោក​ឡាសារ​ទទួល​មរណភាព

១ មាន​មនុស្ស​ម្នាក់ ឈ្មោះ​ឡាសារ មាន​ជំងឺ​ឈឺ គាត់​នៅ​ភូមិ​បេថានី ជា​ភូមិ​របស់​នាង​ម៉ារា និង​បង​នាង​ឈ្មោះ​ម៉ាថា ២ ឯ​នាង​ម៉ារា ដែល​ប្អូន​នាង​ឈ្មោះ​ឡាសារ​មាន​ជំងឺ​នេះ គឺ​នាង​នេះ​ហើយ ដែល​បាន​ចាក់​ប្រេង​ក្រអូប លាប​ថ្វាយ​ព្រះអម្ចាស់ រួច​យក​សក់​នាង​ជូត​ព្រះបាទ​ទ្រង់ ៣ បង​ប្អូន​ស្រី​២​នាក់​នោះ ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះយេស៊ូវ ទូល​ថា ព្រះអម្ចាស់​អើយ មើល អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ ៤ កាល​ទ្រង់​បាន​ឮ​ដូច្នេះ នោះ​ក៏​មាន​ព្រះបន្ទូល​ថា ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សំរាប់​ជា​កិត្តិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​ដំកើង​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដោយសារ​ជំងឺ​នេះ​ឯង ៥ រីឯ​ព្រះយេស៊ូវ ទ្រង់​ស្រឡាញ់​នាង​ម៉ាថា និង​ប្អូន​ស្រី​នាង ហើយ​និង​ឡាសារ​ផង ៦ ដូច្នេះ កាល​ទ្រង់​បាន​ឮ​ថា គាត់​ឈឺ នោះ​ទ្រង់​ក៏​គង់​នៅ​កន្លែង​ដដែល​២​ថ្ងៃ​ទៀត ៧ ក្រោយ​នោះ​មក ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ ៨ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ ៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ក្នុង​១​ថ្ងៃ មាន​១២​ម៉ោង​ទេ​តើ បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ទេ ព្រោះ​ឃើញ​ពន្លឺ​លោកីយ៍​នេះ ១០ តែ​បើ​អ្នក​ណា​ដើរ​ទៅ​ពេល​យប់ នោះ​ត្រូវ​ជំពប់​ជើង​វិញ គឺ​ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ ១១ ក្រោយ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ហើយ នោះ​ក៏​មាន​ព្រះបន្ទូល​ទៀត​ថា ឡាសារ ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង ១២ ដូច្នេះ ពួក​សិស្ស​ទូល​ថា ព្រះអម្ចាស់​អើយ បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ ១៣ ឯ​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ពី​គាត់​ស្លាប់​ទេ តែ​គេ​ស្មាន​ថា ទ្រង់​មាន​ព្រះបន្ទូល​អំពី​គាត់​គ្រាន់​តែ​ដេក​សំរាក​ប៉ុណ្ណោះ ១៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ជា​យ៉ាង​ច្បាស់​ថា ឡាសារ​ស្លាប់​ហើយ ១៥ ខ្ញុំ​ក៏​អរ​ណាស់ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ឯ​ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ឥឡូវ ចូរ​យើង​ទៅ​ឯ​គាត់​ចុះ ១៦ ដូច្នេះ ថូម៉ាស​ដែល​ហៅ​ថា ឌីឌីម គាត់​និយាយ​ទៅ​ពួក​សិស្ស​ជា​គូកន​គាត់​ថា ចូរ​យើង​រាល់​គ្នា​ទៅ​ដែរ ដើម្បី​នឹង​ប្តូរ​ស្លាប់​ជា​មួយ​នឹង​លោក។

ព្រះយេស៊ូវ​ជា​អ្នក​ផ្តល់​ជីវិត​រស់​ឡើង​វិញ

១៧ កាល​ព្រះយេស៊ូវ​យាង​ទៅ​ដល់​ហើយ នោះ​បាន​ឮ​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​៤​ថ្ងៃ​ហើយ ១៨ រីឯ​ភូមិ​បេថានី នោះ​នៅ​ជិត​ក្រុង​យេរូសាឡិម ប្រហែល​ជា​៣​គីឡូ​ម៉ែត្រ​ទេ ១៩ ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់ ២០ កាល​ម៉ាថា​បាន​ឮ​ថា ព្រះយេស៊ូវ​យាង​មក​ហើយ នោះ​នាង​ក៏​ទៅ​ទទួល​ទ្រង់ តែ​ម៉ារា​អង្គុយ​នៅ​ឯ​ផ្ទះ ២១ ម៉ាថា​ទូល​ព្រះយេស៊ូវ​ថា ព្រះអម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ ២២ ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការ​អ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន ២៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ប្អូន​នាង​នឹង​រស់​ឡើង​វិញ ២៤ ម៉ាថា​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​វិញ​ដែរ ២៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ២៦ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ ២៧ នាង​ទូល​ឆ្លើយ​ថា ព្រះពរ​ព្រះអម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ ថា​ទ្រង់​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ៍​មែន។

ព្រះយេស៊ូវ​ទ្រង់​ព្រះកន្សែង

២៨ កាល​នាង​បាន​ពោល​ពាក្យ​ដូច្នោះ​ហើយ នោះ​ក៏​ទៅ​ហៅ​ម៉ារា ប្អូន​នាង មក​ដោយ​សំងាត់ ប្រាប់​ថា លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​រក​ឯង ២៩ កាល​នាង​ម៉ារា​បាន​ឮ​ពាក្យ​នោះ ក៏​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​ឯ​ទ្រង់ ៣០ ឯ​ព្រះយេស៊ូវ ទ្រង់​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ គឺ​ទ្រង់​គង់​នៅ​ត្រង់​កន្លែង​ដែល​ម៉ាថា​បាន​ជួប​នោះ ៣១ កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ កំពុង​តែ​ជួយ​កំសាន្ត​ចិត្ត​នាង​ម៉ារា បាន​ឃើញ​ថា នាង​ក្រោក​ឡើង​ចេញ​ទៅ​ជា​ប្រញាប់​ដូច្នេះ គេ​ក៏​តាម​នាង​ទៅ ដោយ​និយាយ​គ្នា​ថា នាង​គិត​ទៅ​យំ​ឯ​ផ្នូរ​ហើយ។ ៣២ នាង​ម៉ារា​ក៏​ទៅ​ដល់​កន្លែង ដែល​ព្រះយេស៊ូវ​គង់​នៅ កាល​បាន​ឃើញ​ទ្រង់ នោះ​នាង​ក្រាប​នៅ​ទៀប​ព្រះបាទ​ទូល​ថា ព្រះអម្ចាស់​អើយ បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ ៣៣ កាល​ព្រះយេស៊ូវ​ឃើញ​នាង​យំ ព្រម​ទាំង​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នឹង​នាង​ផង នោះ​ទ្រង់​មាន​សេចក្តី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះហឫទ័យ ៣៤ ហើយ​មាន​ព្រះបន្ទូល​សួរ​ថា អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា គេ​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់ សូម​យាង​ទៅ​ទត​មើល ៣៥ ព្រះយេស៊ូវ​ក៏​ទ្រង់​ព្រះកន្សែង ៣៦ ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា មើល លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎ ៣៧ ហើយ​ពួក​ខ្លះ​និយាយ​ថា លោក​នេះ​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ តើ​ពុំ​អាច​នឹង​ឃាត់​មិន​ឲ្យ​មនុស្ស​នេះ​ស្លាប់​បាន​ដែរ​ឬ។

ព្រះយេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​បាន​រស់​ឡើង​វិញ

៣៨ នោះ​ព្រះយេស៊ូវ​យាង​ទៅ​ដល់​ផ្នូរ ទាំង​មាន​សេចក្តី​ក្នាញ់​ក្នុង​ព្រះហឫទ័យ​ម្តង​ទៀត ឯ​ផ្នូរ​នោះ​ជា​រអាង​ភ្នំ ហើយ​មាន​ថ្ម​១​បិទ​សន្ធប់ ៣៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​យក​ថ្ម​ចេញ តែ​ម៉ាថា ជា​បង​របស់​រូប​បុគ្គល​នោះ​ទូល​ថា ព្រះអម្ចាស់​អើយ ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ ៤០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬ​អី ៤១ ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះយេស៊ូវ​ងើប​ព្រះនេត្រ​ទៅ​លើ ទូល​ថា ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូលបង្គំ ៤២ ទូលបង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូលបង្គំ​ជា​ដរាប តែ​ដែល​ទូលបង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ជុំវិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ៤៣ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក ៤៤ នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ។

ការ​ឃុបឃិត​ចាប់​ព្រះយេស៊ូវ

៤៥ ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះយេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់ ៤៦ តែ​មាន​ខ្លះ​ទៅ​ជំរាប​ដល់​ពួក​ផារិស៊ី ពី​ការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ៤៧ នោះ​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី គេ​ប្រមូល​ក្រុម​ប្រឹក្សា​មក​និយាយ​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សំគាល់​ច្រើន​ណាស់ ៤៨ បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង ៤៩ មាន​ក្រុមជំនុំ​ម្នាក់​ឈ្មោះ​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ ៥០ ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ ៥១ តែ​លោក​មិន​និយាយ​សេចក្តី​នោះ ដោយ​អាង​តែ​ខ្លួន​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សំដេច​សង្ឃ​នៅ​ឆ្នាំ​នោះ បាន​ជា​លោក​ទាយ​ថា ព្រះយេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ ៥២ ហើយ​មិន​ជំនួស​ត្រឹម​តែ​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​នៃ​ព្រះ ដែល​ខ្ចាត់ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​១​ដែរ ៥៣ ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ ៥៤ ហេតុ​នោះ​បាន​ជា​ព្រះយេស៊ូវ មិន​បាន​យាង​នៅ​ក្នុង​ពួក​សាសន៍​យូដា ឲ្យ​គេ​ឃើញ​ទៀត​ទេ គឺ​ទ្រង់​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោស្ថាន​វិញ ដល់​ភូមិ​១​ហៅ​ថា អេប្រាអិម ក៏​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស។ ៥៥ រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា នោះ​ជិត​ដល់​ហើយ ក៏​មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ៥៦ ពួក​អ្នក​ទាំង​នោះ​កំពុង​តែ​ឈរ​នៅ​ក្នុង​ព្រះវិហារ សួរ​គ្នា​រក​ព្រះយេស៊ូវ​ថា លោក​នោះ​មិន​មក​ឯ​បុណ្យ​នេះ​ទេ​ឬ​អី តើ​គិត​ដូច​ម្តេច ៥៧ ឯ​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​បង្គាប់​មក​ថា បើ​អ្នក​ណា​ដឹង​ជា​ទ្រង់​គង់​នៅ​ឯ​ណា នោះ​ត្រូវ​ប្រាប់​ឲ្យ​គេ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ទ្រង់។

យ៉ូហាន ១២

នាង​ម៉ារា​ចាក់​ប្រេង​ក្រអូប​លាប​ព្រះបាទា​ព្រះយេស៊ូវ

១ កាល​មុន​បុណ្យ​រំលង​៦​ថ្ងៃ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ដល់​ភូមិ​បេថានី ជា​កន្លែង​ឡាសារ​នៅ គឺ​ជា​អ្នក​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ២ នៅ​ទី​នោះ គេ​រៀបចំ​ព្រះស្ងោយ​ថ្វាយ​ទ្រង់ ហើយ​នាង​ម៉ាថា​ក៏​ខ្វល់ខ្វាយ​បំរើ ឯ​ឡាសារ គាត់​នៅ​ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ ជា​មួយ​នឹង​ទ្រង់​ដែរ ៣ នោះ​នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេព្វិរូ​សុទ្ធ​១​នាលិ មាន​ដំឡៃ​ណាស់ មក​ចាក់​លាប​ព្រះបាទ​ទ្រង់ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ ៤ ដូច្នេះ ពួក​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​យូដាស-អ៊ីស្ការីយ៉ុត ជា​កូន​ស៊ីម៉ូន ដែល​រៀប​នឹង​បញ្ជូន​ទ្រង់ ក៏​និយាយ​ឡើង​ថា ៥ ម្តេច​ឡើយ​ក៏​មិន​បាន​លក់​ប្រេង​ក្រអូប​នេះ​ជា​ដំឡៃ​៦០​រៀល ដើម្បី​ចែក​ឲ្យ​មនុស្ស​ក្រីក្រ​វិញ ៦ វា​និយាយ​ដូច្នោះ មិន​មែន​ដោយ​ព្រោះ​វា​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ក្រីក្រ​ទេ គឺ​ដោយ​ព្រោះ​វា​ជា​ចោរ វា​កាន់​ថង់​ប្រាក់ ហើយ​ក៏​លួច​យក​របស់​ដែល​ដាក់​នៅ​ក្នុង​ថង់​នោះ​ផង ៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​ធ្វើ​នាង​ឡើយ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សំរាប់​ដល់​ថ្ងៃ​បញ្ចុះ​ខ្មោច​ខ្ញុំ ៨ ឯ​អ្នក​រាល់​គ្នា តែង​តែ​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ។

ការ​ឃុបឃិត​ចង់​សំឡាប់​លោក​ឡាសារ

៩ មាន​ពួក​សាសន៍​យូដា​សន្ធឹក​ណាស់ បាន​ដឹង​ថា ទ្រង់​គង់​ទី​នោះ ដូច្នេះ គេ​ក៏​នាំ​គ្នា​មក តែ​មិន​មែន​ដោយ​ព្រោះ​ព្រះយេស៊ូវ​ប៉ុណ្ណោះ គឺ​មក​ចង់​ឃើញ​ឡាសារ ដែល​ទ្រង់​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ផង ១០ តែ​ពួក​សង្គ្រាជ​គេ​ជំនុំ​គ្នា​នឹង​សំឡាប់​ទាំង​ឡាសារ​ដែរ ១១ ដ្បិត ដោយ​ព្រោះ​តែ​គាត់ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន ដក​ខ្លួន​ចេញ​ពី​ពួក​គេ ទៅ​ជឿ​ដល់​ព្រះយេស៊ូវ​វិញ។

ព្រះយេស៊ូវ​យាង​ចូល​ក្រុង​យេរូសាឡិម

១២ លុះ​ថ្ងៃ​ស្អែក​ឡើង កាល​បណ្តា​មនុស្ស ដែល​មក​ឯ​បុណ្យ បាន​ឮ​ថា ព្រះយេស៊ូវ​កំពុង​យាង​ចូល​មក​ក្នុង​ក្រុង​យេរូសាឡិម ១៣ នោះ​មាន​គ្នា​សន្ធឹក យក​ធាង​ចាក​ចេញ​ទៅ​ទទួល​ទ្រង់ ទាំង​ស្រែក​ថា ហូសាណា ព្រះអង្គ​ដែល​យាង​មក​ដោយ​ព្រះនាម​ព្រះអម្ចាស់ គឺ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ព្រះអង្គ​ដែល​យាង​មក​ដោយ​ព្រះនាម​ព្រះអម្ចាស់ គឺ​ជា​ស្តេច​នៃ​អ៊ីស្រាអែល ទ្រង់​ប្រកប​ដោយ​ព្រះពរ ១៤ កាល​ព្រះយេស៊ូវ​រក​បាន​កូន​លា​១ នោះ​ក៏​គង់​លើ​វា តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា ១៥ «កុំ​ខ្លាច​អ្វី កូន​ស្រី​ស៊ីយ៉ូន​អើយ មើល ស្តេច​ឯង​ទ្រង់​យាង​មក ទាំង​គង់​លើ​កូន​លា» ១៦ មុន​ដំបូង ពួក​សិស្ស​ទ្រង់​មិន​បាន​យល់​សេចក្តី​ទាំង​នោះ​ទេ តែ​កាល​ព្រះយេស៊ូវ​បាន​ដំកើង​ឡើង​ហើយ នោះ​គេ​នឹង​ឃើញ​ថា មាន​សេចក្តី​ទាំង​នោះ​ចែង​ទុក​ពី​ទ្រង់ ហើយ​ថា គេ​បាន​សំរេច​ការ​ទាំង​នោះ​ថ្វាយ​ទ្រង់​ដែរ ១៧ រីឯ​ហ្វូង​មនុស្ស ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ធ្វើ​បន្ទាល់​ពី​កាល​ទ្រង់​ហៅ​ឡាសារ​ចេញ​ពី​ផ្នូរ​មក ហើយ​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​ឡើង​វិញ ១៨ គឺ​ដោយ​ហេតុ​នោះ បាន​ជា​មាន​ហ្វូង​មនុស្ស​ទៅ​ទទួល​ទ្រង់ ពី​ព្រោះ​គេ​ឮ​ថា ទ្រង់​បាន​ធ្វើ​ទី​សំគាល់​នោះ ១៩ ដូច្នេះ ពួក​ផារិស៊ី​និយាយ​គ្នា​គេ​ថា មើល ពួក​យើង​មិន​ឈ្នះ​ទេ ឃើញ​ឬ​ទេ លោកីយ៍​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ។

ជនជាតិ​ក្រេក​ចង់​ជួប​ព្រះយេស៊ូវ

២០ ក្នុង​ពួក​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ​បង្គំ នៅ​ក្នុង​វេលា​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រេក​ខ្លះ​ដែរ ២១ គេ​មក​ឯ​ភីលីព ជា​អ្នក​នៅ​ភូមិ​បេតសៃដា ស្រុក​កាលីឡេ គេ​សូម​គាត់​ថា លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះយេស៊ូវ ២២ ភីលីព​ក៏​ទៅ​ប្រាប់​អនទ្រេ និង​ភីលីព​ទៅ​ទូល​ដល់​ព្រះយេស៊ូវ ២៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ ២៤ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង ២៥ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ៍​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់​កល្ប​រៀង​ទៅ ២៦ បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះបី​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរបិតា​នឹង​លើក​មុខ​អ្នក​នោះ។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​ព្រះអង្គ​សោយ​ទិវង្គត

២៧ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះវរបិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូលបង្គំ​មក​ដល់​ពេល​នេះ ២៨ ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ព្រះនាម​ទ្រង់​ឡើង នោះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា អញ​បាន​ដំកើង​ហើយ ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ ២៩ ដូច្នេះ បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ទី​នោះ ហើយ​ឮ ក៏​និយាយ​ថា ឮ​ផ្គរលាន់ ខ្លះ​ទៀត​ថា មាន​ទេវតា​ទូល​នឹង​ទ្រង់ ៣០ តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា សំឡេង​នេះ​មិន​មែន​ឮ​ដោយ​ព្រោះ​ខ្ញុំ​ទេ គឺ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​វិញ ៣១ ឥឡូវ លោកីយ៍​នេះ​ត្រូវ​ជាប់​ទោស​ហើយ ឥឡូវ​នេះ ចៅហ្វាយ​របស់​លោកីយ៍​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ ៣២ ឯ​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ ៣៣ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ ដើម្បី​នឹង​បង្ហាញ ពី​ទ្រង់​ត្រូវ​សុគត​ជា​បែប​យ៉ាង​ណា ៣៤ ហ្វូង​មនុស្ស​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រឹត្យវិន័យ​ថា ព្រះគ្រីស្ទ ទ្រង់​គង់​នៅ​អស់​កល្ប​ជានិច្ច ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ តើ​អ្នក​ណា​ជា​កូន​មនុស្ស​នេះ ៣៥ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ពន្លឺ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ ចូរ​ដើរ​កំពុង​ដែល​នៅ​មាន​ពន្លឺ​ចុះ ក្រែង​លោ​សេចក្តី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត នោះ​មិន​ដឹង​ជា​ទៅ​ឯ​ណា​ទេ ៣៦ ចូរ​អ្នក​រាល់​គ្នា​ជឿ​ដល់​ពន្លឺ កំពុង​ដែល​នៅ​មាន​នៅ​ឡើយ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ។

បណ្តាជន​មិន​ព្រម​ជឿ​ព្រះយេស៊ូវ

៣៧ លុះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ទៅ ហើយ​បាន​កំបាំង​ពី​គេ ប៉ុន្តែ ទោះ​បើ​ទ្រង់​បាន​ធ្វើ​ទី​សំគាល់ នៅ​មុខ​គេ​ជា​ច្រើន​ទាំង​ម៉្លេះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ជឿ​ដល់​ទ្រង់​ដែរ ៣៨ ដើម្បី​ឲ្យ​ពាក្យ​របស់​ហោរា​អេសាយ​បាន​សំរេច ដែល​ទាយ​ថា «ព្រះអម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​ខ្ញុំ​ប្រាប់ ហើយ​តើ​ព្រះហស្ត​ព្រះអម្ចាស់​បាន​បើក​សំដែង​មក ឲ្យ​អ្នក​ណា​ឃើញ» ៣៩ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គេ​ជឿ​ពុំ​បាន ពី​ព្រោះ​លោក​អេសាយ​ក៏​ទាយ​ទៀត​ថា ៤០ «ទ្រង់​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ហើយ​ឲ្យ​ចិត្ត​គេ​រឹង ក្រែង​ភ្នែក​គេ​មើល​ឃើញ ចិត្ត​គេ​យល់ ហើយ​គេ​ប្រែ​គំនិត ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​ជា» ៤១ លោក​អេសាយ​មាន​ប្រសាសន៍​សេចក្តី​ទាំង​នេះ ពី​ព្រោះ​លោក​បាន​ឃើញ​សិរីល្អ​ទ្រង់ ហើយ​ក៏​ទាយ​ពី​ទ្រង់ ៤២ ប៉ុន្តែ នៅ​ក្នុង​ពួក​នាម៉ឺន ក៏​មាន​ជា​ច្រើន​នាក់​បាន​ជឿ​ដល់​ទ្រង់​ដែរ តែ​គេ​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ណា​សោះ ដោយ​ព្រោះ​ពួក​ផារិស៊ី ក្រែង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​គេ​ទៅ ៤៣ ពី​ព្រោះ​គេ​ចូល​ចិត្ត​នឹង​សេចក្តី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្តី​សរសើរ​របស់​ព្រះ​វិញ។ ៤៤ ព្រះយេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មិន​មែន​ជឿ​ដល់​ខ្ញុំ គឺ​ជឿ​ដល់​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ ៤៥ ហើយ​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​ឃើញ​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ៤៦ ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ ៤៧ បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ តែ​មិន​ជឿ នោះ​ខ្ញុំ​មិន​កាត់​ទោស​គេ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​កាត់​ទោស​ដល់​លោកីយ៍​ទេ គឺ​មក​ប្រយោជន៍​នឹង​សង្គ្រោះ​វិញ ៤៨ អ្នក​ណា​ដែល​វៀរ​បង់​ចោល​ខ្ញុំ ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅក្រម​ដែល​កាត់​ទោស​ខ្លួន​ហើយ គឺ​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឯង ពាក្យ​នោះ​នឹង​កាត់​ទោស​ដល់​គេ នៅ​ថ្ងៃ​ចុង​បំផុត ៤៩ ដ្បិត​ខ្ញុំ​មិន​បាន​និយាយ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​បាន​បង្គាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​និយាយ ហើយ​ពី​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​វិញ ៥០ ខ្ញុំ​ក៏​ដឹង​ថា សេចក្តី​ដែល​ទ្រង់​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដូច្នេះ សេចក្តី​អ្វី​ដែល​ខ្ញុំ​និយាយ នោះ​ខ្ញុំ​និយាយ​តាម​ដែល​ព្រះវរបិតា​បាន​ប្រាប់​មក។

យ៉ូហាន ១៣

ព្រះយេស៊ូវ​លាង​ជើង​ពួក​សិស្ស

១ កាល​មុន​បុណ្យ​រំលង នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ៍​នេះ ទៅ​ឯ​ព្រះវរបិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ ដរាប​ដល់​ចុង​បំផុត ២ កំពុង​ពេល​បាយ​យប់​នោះ​ឯង កាល​អារក្ស​បាន​បញ្ចូល​ចិត្ត​យូដាស-អ៊ីស្ការីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​បញ្ជូន​ទ្រង់​ហើយ ៣ នោះ​ដោយ​ព្រោះ​ព្រះយេស៊ូវ​បាន​ជ្រាប​ថា ព្រះវរបិតា​បាន​ប្រគល់​ការ​ទាំង​អស់​មក​ក្នុង​ព្រះហស្ត​ទ្រង់ ហើយ​ថា ទ្រង់​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ ៤ បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះពស្ត្រ​ពេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ ៥ ក្រោយ​នោះ​ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត ៦ កាល​ទ្រង់​មក​ដល់​ស៊ីម៉ូន-ពេត្រុស នោះ​គាត់​ទូល​ថា ព្រះអម្ចាស់​អើយ ទ្រង់​លាង​ជើង​ឲ្យ​ទូលបង្គំ​ឬ ៧ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ ៨ ពេត្រុស​ទូល​ប្រកែក​ថា ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ ៩ ស៊ីម៉ូន-ពេត្រុស​ទូល​ទ្រង់​ថា ឱ​ព្រះអម្ចាស់​អើយ បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ ១០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា អ្នក​ដែល​ងូត​ទឹក​ហើយ នោះ​ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ឲ្យ​បាន​ស្អាត​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ ១១ នេះ​ព្រោះ​ទ្រង់​ជ្រាប​នូវ​អ្នក​ណា​ដែល​នឹង​បញ្ជូន​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ។ ១២ កាល​ទ្រង់​បាន​លាង​ជើង​គេ​រួច ហើយ​បាន​ពាក់​ព្រះពស្ត្រ​ទ្រង់​វិញ នោះ​ក៏​គង់​នៅ​តុ មាន​ព្រះបន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​ការ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ ១៣ អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ជា​លោក​គ្រូ ហើយ​ជា​ព្រះអម្ចាស់ នោះ​ក៏​ត្រូវ​មែន ពី​ព្រោះ​គឺ​ខ្ញុំ​នេះ​ហើយ ១៤ ដូច្នេះ បើ​ខ្ញុំ ដែល​ជា​ព្រះអម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ ១៥ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ ១៦ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ ហើយ​អ្នក​បំរើ​ក៏​មិន​ធំ​ជាង​អ្នក​ដែល​ប្រើ​ដែរ ១៧ បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ ១៨ ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​រាល់​គ្នា​ទាំង​អស់​ទេ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​រើស ប៉ុន្តែ​បទ​គម្ពីរ​ដែល​ថា «អ្នក​ដែល​បរិភោគ​នំបុ័ង ជា​មួយ​នឹង​ទូលបង្គំ នោះ​បាន​លើក​កែងជើង ទាស់​នឹង​ទូលបង្គំ​វិញ» ពាក្យ​នោះ​ត្រូវ​តែ​បាន​សំរេច ១៩ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ឥឡូវ​នេះ មុន​ដែល​ការ​នោះ​កើត​មក ដើម្បី​កាល​ណា​បាន​កើត​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា គឺ​ខ្ញុំ​នេះ​ហើយ ២០ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។

ព្រះយេស៊ូវ​ប្រកាស​អំពី​យូដាស​ក្បត់​ព្រះអង្គ

២១ កាល​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​តប់ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ពួក​អ្នក​រាល់​គ្នា​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ ២២ ដូច្នេះ ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ជា​ទ្រង់​មាន​ព្រះបន្ទូល​ពី​អ្នក​ណា​ទេ ២៣ មាន​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ គាត់​អង្គុយ​នៅ​តុ ផ្អែក​លើ​ព្រះឧរា​ទ្រង់ ២៤ ដូច្នេះ ស៊ីម៉ូន-ពេត្រុស​ក៏​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​អ្នក​នោះ​ទូល​សួរ​ព្រះយេស៊ូវ អំពី​អ្នក​ណា​ដែល​ទ្រង់​មាន​ព្រះបន្ទូល​នោះ ២៥ អ្នក​នោះ​ក៏​ទូល​សួរ​ព្រះយេស៊ូវ ទាំង​ទំរេត​លើ​ព្រះឧរា​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​អ្នក​ណា ២៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ រួច​ទ្រង់​ជ្រលក់​នំបុ័ង​១​ចំណិត ប្រទាន​ទៅ​ឲ្យ​យូដាស-អ៊ីស្ការីយ៉ុត ជា​កូន​ស៊ីម៉ូន ២៧ ក្រោយ​ដែល​ទទួល​ចំណិត​នោះ​ហើយ នោះ​អារក្ស​សាតាំង​ក៏​ចូល​វា រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​វា​ថា ការ​អ្វី​ដែល​អ្នក​គិត​ធ្វើ នោះ​ចូរ​ធ្វើ​ជា​ប្រញាប់​ទៅ​ចុះ ២៨ ប៉ុន្តែ ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ គ្មាន​អ្នក​ណា​ដឹង​ជា​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​វា ដោយ​ហេតុ​អ្វី​ទេ ២៩ ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​បា្រក់ បាន​ជា​ព្រះយេស៊ូវ ទ្រង់​ប្រាប់​ឲ្យ​វា​ទៅ​ទិញ​អីវ៉ាន់​អ្វី​និមួយ ដែល​ត្រូវ​ការ​សំរាប់​បុណ្យ​នោះ ឬ​ឲ្យ​វា​ចែក​ទាន​អ្វី​ដល់​ពួក​អ្នក​ក្រីក្រ ៣០ កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ។

បញ្ញត្ត​ថ្មី

៣១ កាល​វា​ចេញ​ផុត​ទៅ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ឥឡូវ​នេះ កូន​មនុស្ស​បាន​ដំកើង​ឡើង​ហើយ ព្រះ​ក៏​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស​ដែរ ៣២ បើ​សិន​ជា​ព្រះ​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ទ្រង់​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះអង្គ​ទ្រង់​ដែរ ក៏​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ជា​១​រំពេច​ផង ៣៣ ឱ​កូន​រាល់​គ្នា​អើយ ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ដល់​ពួក​សាសន៍​យូដា​រួច​ហើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ ឥឡូវ​នេះ ខ្ញុំ​ក៏​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ៣៤ ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ៣៥ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ

៣៦ ស៊ីម៉ូន-ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​ទ្រង់​យាង​ទៅ​ឯ​ណា ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ​តាម ក្នុង​គ្រា​ឥឡូវ​នេះ​បាន​ទេ លុះ​គ្រា​ក្រោយ​ទើប​អ្នក​នឹង​ទៅ​បាន ៣៧ ពេត្រុស​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ទៅ​តាម ក្នុង​គ្រា​នេះ​ពុំ​បាន ទូលបង្គំ​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ទ្រង់ ៣៨ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា តើ​អ្នក​នឹង​ប្តូរ​ជីវិត​ជំនួស​ខ្ញុំ​ឬ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន់​មិន​រងាវ​ទៀត ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង ថា​មិន​ស្គាល់​ខ្ញុំ។

យ៉ូហាន ១៤

ព្រះយេស៊ូវ​ជា​មាគ៌ា​ទៅ​កាន់​ព្រះវរបិតា

១ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ ២ នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា ៣ បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ ៤ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​ដឹង ហើយ​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ ៥ ថូម៉ាស​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ជា​ទ្រង់​យាង​ទៅ​ឯ​ណា​ទេ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន ៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ ៧ បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរបិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង ៨ ភីលីព​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ ៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះវរបិតា​ផង​ដូច្នេះ ១០ តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតា ហើយ​ព្រះវរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរបិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ ១១ ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតា ហើយ​ព្រះវរបិតា​ក៏​គង់​ក្នុង​ខ្ញុំ ពុំ​នោះ​សោត ឲ្យ​ជឿ​ខ្ញុំ​ដោយ​ព្រោះ​ការ​ទាំង​នោះ​ឯង​ចុះ ១២ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា ១៣ ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ ដើម្បី​ឲ្យ​ព្រះវរបិតា​បាន​ដំកើង​ឡើង​ក្នុង​ព្រះរាជបុត្រា ១៤ បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ។

ព្រះបន្ទូល​សន្យា​អំពី​ព្រះវិញ្ញាណ

១៥ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ ១៦ នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ ១៧ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ១៨ ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ ១៩ បន្តិច​ទៀត លោកីយ៍​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ ២០ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតា​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ២១ អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សំដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង ២២ យូដាស(មិន​មែន​អ៊ីស្ការីយ៉ុត) គាត់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​កើត​មាន​ហេតុ​ដូច​ម្តេច បាន​ជា​ទ្រង់​នឹង​សំដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ៍​ស្គាល់​ផង ២៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ នៅ​ជា​មួយ​ដែរ ២៤ អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ទេ ឯ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យ​ខ្ញុំ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះវរបិតា ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ។ ២៥ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ ២៦ តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ ២៧ ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ ២៨ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ទៅ ហើយ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​ខ្ញុំ នោះ​នឹង​មាន​សេចក្តី​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា ដ្បិត​ព្រះវរបិតា​ទ្រង់​ធំ​លើស​ជាង​ខ្ញុំ ២៩ ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ដែល​ការ​នោះ​មក​ដល់ ដើម្បី​កាល​ណា​មក​ហើយ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ៣០ ពី​នេះ​ទៅ​មុខ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅហ្វាយ​របស់​លោកីយ៍​នេះ​ជិត​មក​ដល់​ហើយ តែ​វា​គ្មាន​អ្វី​នៅ​ក្នុង​ខ្ញុំ​ទេ ៣១ គឺ​ខ្ញុំ​ធ្វើ​បង្គាប់​ព្រះវរបិតា​វិញ ដើម្បី​ឲ្យ​លោកីយ៍​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ដល់​ទ្រង់ ចូរ​យើង​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ។

យ៉ូហាន ១៥

ព្រះយេស៊ូវ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត

១ ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត ហើយ​ព្រះវរបិតា​ខ្ញុំ​ជា​អ្នក​ដាំ ២ អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង ៣ ឯ​អ្នក​រាល់​គ្នា បាន​ស្អាត​ហើយ ដោយសារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ៤ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ៥ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ ៦ បើ​អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​ខ្នែង​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ ៧ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្តី​នោះ​នឹង​បាន​សំរេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន ៨ ព្រះវរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។ ៩ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរបិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ ១០ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែរ ១១ ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង ១២ នេះ​ជា​សេចក្តី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ១៣ គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ ១៤ បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្តី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ ១៥ ខ្ញុំ​មិន​ហៅ​ជា​អ្នក​បំរើ​ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ថា​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរបិតា​ខ្ញុំ​មក ១៦ មិន​មែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង ដើម្បី​ឲ្យ​ព្រះវរបិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វីៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ ១៧ ខ្ញុំ​បង្គាប់​សេចក្តី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។

មនុស្ស​លោក​ស្អប់​ព្រះយេស៊ូវ និង​ស្អប់​សិស្ស​របស់​ព្រះអង្គ

១៨ បើ​សិន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន ១៩ បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ៍ នោះ​លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា​វិញ ២០ ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ បើ​គេ​បាន​បៀតបៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀតបៀន​ដល់​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​គេ​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ ២១ គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ​ដល់​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ ពី​ព្រោះ​គេ​មិន​ស្គាល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ ២២ បើ​សិន​ជា​ខ្ញុំ​មិន​បាន​មក​និយាយ​នឹង​គេ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ​គេ​គ្មាន​សេចក្តី​ដោះ​សា​ចំពោះ​បាប​របស់​ខ្លួន​សោះ ២៣ អ្នក​ណា​ដែល​ស្អប់​ខ្ញុំ នោះ​ក៏​ស្អប់​ដល់​ព្រះវរបិតា​ខ្ញុំ​ដែរ ២៤ បើ​ខ្ញុំ​មិន​បាន​ធ្វើ​ការ​នៅ​ក្នុង​ពួក​គេ ដែល​គ្មាន​អ្នក​ណា​ទៀត​បាន​ធ្វើ​ឡើយ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​បាន​ទាំង​ឃើញ ហើយ​ទាំង​ស្អប់​ខ្ញុំ នឹង​ព្រះវរបិតា​របស់​ខ្ញុំ​ដែរ ២៥ នោះ​ដើម្បី​ឲ្យ​សេចក្តី ដែល​ចែង​ទុក​មក ក្នុង​ក្រឹត្យវិន័យ​របស់​គេ​បាន​សំរេច ដែល​ថា «គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ» ២៦ ប៉ុន្តែ​កាល​ណា​ព្រះ​ដ៏​ជា​ជំនួយ​ទ្រង់​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះវរបិតា គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ចេញ​ពី​ព្រះវរបិតា​មក ព្រះអង្គ​នោះ ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ២៧ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ តាំង​តែ​ពី​ដើម​មក។

យ៉ូហាន ១៦

១ ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ឡើយ ២ គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ ៣ គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​គេ​មិន​ស្គាល់​ព្រះវរបិតា​ឬ​ខ្ញុំ​ទេ ៤ តែ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​ថា ខ្ញុំ​ប្រាប់​ហើយ ខ្ញុំ​មិន​បាន​ប្រាប់​កាល​ពី​ដើម​ទេ ពី​ព្រោះ​ខ្ញុំ​កំពុង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ។

ព្រះបរមកិច្ច​របស់​ព្រះវិញ្ញាណ

៥ តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា នោះ​ទេ ៦ ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្តី​ទាំង​នេះ ៧ ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក ៨ កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្តី​សុចរិត ហើយ​ពី​សេចក្តី​ជំនុំជំរះ ៩ គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ ១០ ពី​សេចក្តី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ ១១ និង​ពី​សេចក្តី​ជំនុំជំរះ ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទោស​ហើយ។ ១២ ខ្ញុំ​នៅ​មាន​សេចក្តី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ ១៣ កាល​ណា​ព្រះអង្គ​នោះ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ទ្រង់​នឹង​មាន​ព្រះបន្ទូល មិន​មែន​ដោយ​អាង​ព្រះអង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះបន្ទូល ចំពោះ​តែ​សេចក្តី​ណា​ដែល​ទ្រង់​ឮ ហើយ​និង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក ១៤ ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្តី​ដែល​តម្រូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា ១៥ គ្រប់​ទាំង​អស់​ដែល​ព្រះវរបិតា​មាន នោះ​ជា​របស់​ផង​ខ្ញុំ​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ទ្រង់​នឹង​យក​សេចក្តី​ដែល​តម្រូវ​ពី​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។

ទុក្ខ​ព្រួយ​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ

១៦ នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា ១៧ ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច ១៨ ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា «នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ ១៩ ព្រះយេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា តើ​អ្នក​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី ២០ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ ២១ ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សំរាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្តី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្តី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក ២២ ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ ២៣ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះវរបិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ ២៤ តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ពិត។

ព្រះយេស៊ូវ​មាន​ជ័យជំនះ

២៥ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះវរបិតា​យ៉ាង​ច្បាស់លាស់​វិញ ២៦ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សូម​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នក​រាល់​គ្នា​នោះ​ទេ ២៧ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​ជឿ​ថា ខ្ញុំ​បាន​ចេញ​ពី​ព្រះ​មក ២៨ ខ្ញុំ​បាន​ចេញ​ពី​ព្រះវរបិតា​មក​មែន ហើយ​បាន​មក​ក្នុង​លោកីយ៍ ក៏​នឹង​ចេញ​ពី​លោកីយ៍ ទៅ​ឯ​ព្រះវរបិតា​វិញ​ទៀត។ ២៩ ពួក​សិស្ស​ទូល​ទ្រង់​ថា ហ្ន៎ ម្តង​ណេះ​ទ្រង់​មាន​ព្រះបន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ ៣០ ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សួរ​ទ្រង់​ទេ ដោយ​ហេតុ​នេះ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​ចេញ​ពី​ព្រះ​មក​មែន ៣១ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជឿ​ហើយ​ឬ ៣២ មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯកឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯកឯង​ទេ គឺ​មាន​ព្រះវរបិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ ៣៣ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ។

យ៉ូហាន ១៧

ព្រះយេស៊ូវ​ទូល​អង្វរ​ឲ្យ​ពួក​សិស្ស

១ កាល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះនេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះវរបិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះរាជបុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះរាជបុត្រា​បាន​ដំកើង​ទ្រង់​ដែរ ២ ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះរាជបុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដល់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះរាជបុត្រា​ដែរ ៣ នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង ៤ ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ ៥ ឥឡូវ​នេះ ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ទូលបង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរីល្អ​ដែល​ទូលបង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ៍​មិន​ទាន់​បាន​កើត​នៅ​ឡើយ។ ៦ ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ អំពី​មនុស្ស​លោក នោះ​ទូលបង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះនាម​ទ្រង់ អ្នក​ទាំង​នោះ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​គេ​មក​ទូលបង្គំ គេ​ក៏​កាន់​តាម​ព្រះបន្ទូល​ទ្រង់ ៧ ឥឡូវ​នេះ គេ​ដឹង​ថា គ្រប់​ទាំង​អស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​សុទ្ធ​តែ​កើត​ពី​ទ្រង់​មក ៨ ដ្បិត​អស់​ទាំង​ព្រះបន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូលបង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ៩ ទូលបង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ៍​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់ ១០ (របស់​ទូលបង្គំ​ទាំង​អស់​ជា​របស់​ផង​ទ្រង់ ហើយ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ផង​ទូលបង្គំ​ដែរ) ទូលបង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ ១១ អ្នក​ទាំង​នេះ​នៅ​ក្នុង​លោកីយ៍ តែ​ទូលបង្គំ​មិន​នៅ​ក្នុង​លោកីយ៍​ទៀត​ទេ ទូលបង្គំ​នឹង​ទៅ​ឯ​ទ្រង់ ឱ​ព្រះវរបិតា​ដ៏​បរិសុទ្ធ​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​សូម​ទ្រង់​រក្សា​គេ​ដោយ​ព្រះនាម​ទ្រង់​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​១ ដូច​ជា​យើង​ដែរ ១២ កាល​ទូលបង្គំ​នៅ​ក្នុង​លោកីយ៍​ជា​មួយ​នឹង​គេ នោះ​ទូលបង្គំ​បាន​រក្សា​គេ ដោយ​ព្រះនាម​ទ្រង់​ដែរ ទូលបង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ ១៣ ឥឡូវ​នេះ ទូលបង្គំ​ទៅ​ឯ​ទ្រង់ តែ​ទូលបង្គំ​ថ្លែង​សេចក្តី​ទាំង​នេះ នៅ​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​គេ​បាន​សេចក្តី​អំណរ​របស់​ទូលបង្គំ ឲ្យ​នៅ​ពោរពេញ​ក្នុង​ខ្លួន​គេ ១៤ ទូលបង្គំ​បាន​ឲ្យ​ព្រះបន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ៍​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ ១៥ ទូលបង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ ១៦ គេ​មិន​មែន​ជា​របស់​ផង​លោកីយ៍ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ ១៧ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​របស់​ទ្រង់ ឯ​សេចក្តី​ពិត គឺ​ជា​ព្រះបន្ទូល​របស់​ទ្រង់ ១៨ ទូលបង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ៍ ដូច​ជា​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​មក​ក្នុង​លោកីយ៍​ដែរ ១៩ ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​ដែរ។ ២០ ទូលបង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ ២១ ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​ពិត ២២ ឯ​សិរីល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ ២៣ គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូលបង្គំ​ដែរ។ ២៤ ឱ​ព្រះវរបិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរីល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូលបង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក ២៥ ឱ​ព្រះវរបិតា​ដ៏​សុចរិត​អើយ លោកីយ៍​មិន​ស្គាល់​ទ្រង់​ទេ តែ​ទូលបង្គំ​ស្គាល់​ទ្រង់ ហើយ​ពួក​អ្នក​នេះ​ក៏​ដឹង​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​ដែរ ២៦ ទូលបង្គំ​បាន​ឲ្យ​គេ​ស្គាល់​ព្រះនាម​ទ្រង់ ក៏​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​ស្រឡាញ់​ដល់​ទូលបង្គំ បាន​នៅ​ក្នុង​គេ ហើយ​ឲ្យ​ទូលបង្គំ​នៅ​ក្នុង​គេ​ដែរ។

យ៉ូហាន ១៨

គេ​ចាប់​ព្រះយេស៊ូវ

១ កាល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រុន បាន​នាំ​ទាំង​ពួក​សិស្ស​ទៅ​ផង ហើយ​ទ្រង់ និង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​ច្បារ​១​ដែល​នៅ​ទី​នោះ ២ ឯ​យូដាស ដែល​ជា​អ្នក​បញ្ជូន​ទ្រង់ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពី​ព្រោះ​ព្រះយេស៊ូវ និង​ពួក​សិស្ស តែង​ប្រជុំ​នៅ​ទី​នោះ​ជា​ញឹកញយ ៣ ដូច្នេះ កាល​យូដាស​បាន​ទទួល​ពួក​ទាហាន និង​ពួក​អាជ្ញា​ខ្លះ ពី​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ និង​គ្រឿង​សស្ត្រាវុធ​ផង ៤ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ការ​ទាំង​អស់ ដែល​ត្រូវ​មក​ដល់​ទ្រង់ បាន​ជា​ទ្រង់​យាង​ចេញ​ទៅ​សួរ​គេ​ថា តើ​មក​រក​អ្នក​ណា ៥ គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ ឯ​យូដាស​ដែល​បញ្ជូន​ទ្រង់ ក៏​ឈរ​នៅ​ជា​មួយ​នឹង​គេ​ដែរ ៦ កាល​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ នោះ​គេ​ក៏​ថយ​ក្រោយ ដួល​ផ្ងារ​ទាំង​អស់​គ្នា ៧ ដូច្នេះ ទ្រង់​មាន​ព្រះបន្ទូល​សួរ​គេ​ម្តង​ទៀត​ថា តើ​រក​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត ៨ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​អ្នក​រាល់​គ្នា​រក​ខ្ញុំ នោះ​ចូរ​បើក​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ ៩ នោះ​គឺ​ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​សូម្បី​ម្នាក់ ក៏​មិន​បាត់បង់ ១០ រីឯ​ស៊ីម៉ូន-ពេត្រុស គាត់​មាន​ដាវ ហើយ​ក៏​ហូត​មក កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ បាវ​នោះ​ឈ្មោះ​ម៉ាលកុស ១១ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ពេត្រុស​ថា ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះវរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ​អី។

ព្រះយេស៊ូវ​នៅ​មុខ​លោក​មហាបូជាចារ្យ លោក​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះយេស៊ូវ

១២ នោះ​ពួក​ទាហាន និង​មេទ័ព ហើយ​ពួក​អាជ្ញា​របស់​សាសន៍​យូដា ក៏​ចាប់​ព្រះយេស៊ូវ​ចង ១៣ រួច​នាំ​ទៅ​ឯ​លោក​អាណ ជា​មុន​ដំបូង ដ្បិត​លោក​ជា​ឪពុក​ក្មេក​របស់​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ ១៤ គឺ​លោក​កៃផា​នេះ​ឯង ដែល​ទូន្មាន​ដល់​ពួក​សាសន៍​យូដា​ថា មាន​ប្រយោជន៍​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន ១៥ ឯ​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត ក៏​តាម​ព្រះយេស៊ូវ​ទៅ សំដេច​សង្ឃ​បាន​ស្គាល់​សិស្ស​១​នោះ​ដែរ ហើយ​គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះលាន​សំដេច​សង្ឃ ជា​មួយ​នឹង​ព្រះយេស៊ូវ ១៦ ឯ​ពេត្រុស គាត់​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក ១៧ នោះ​បាវ​ស្រី​ដែល​ចាំ​ទ្វារ​និយាយ​ទៅ​ពេត្រុស​ថា អ្នក​ឯង​ជា​សិស្ស​របស់​មនុស្ស​នោះ​ដែរ​ឬ គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​មែន​ទេ ១៨ ពួក​បាវ និង​ពួក​អាជ្ញា ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​នៅ​ជា​មួយ​នឹង​គេ។

មហាបូជាចារ្យ​សួរ​ចម្លើយ​ព្រះយេស៊ូវ

១៩ នោះ​សំដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះយេស៊ូវ ពី​ដំណើរ​ពួក​សិស្ស និង​សេចក្តី​ដែល​ទ្រង់​បង្រៀន ២០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះវិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ ២១ ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ ចូរ​សួរ​ដល់​ពួក​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នោះ​វិញ មើល គេ​ដឹង​សេចក្តី​ដែល​ខ្ញុំ​និយាយ​ដែរ ២២ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ នោះ​មាន​ពួក​អាជ្ញា​ម្នាក់ ដែល​ឈរ​នៅ​ទី​នោះ បាន​ទះ​កំផ្លៀង​ព្រះយេស៊ូវ ដោយ​ពាក្យ​ថា ឯង​ឆ្លើយ​ទៅ​សំដេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ ២៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា បើ​ខ្ញុំ​បាន​និយាយ​អាក្រក់ នោះ​ចូរ​ធ្វើ​បន្ទាល់​ពី​សេចក្តី​អាក្រក់​នោះ​ចុះ តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ ២៤ នោះ​លោក​អាណ​ឲ្យ​គេ​នាំ​ទ្រង់​ទាំង​ជាប់​ចំណង ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ​វិញ។

លោក​ពេត្រុស​បដិសេធ​សា​ជា​ថ្មី​ថា​មិន​ស្គាល់​ព្រះយេស៊ូវ

២៥ ឯ​ស៊ីម៉ូន-ពេត្រុស គាត់​កំពុង​ឈរ​អាំង​ភ្លើង ដូច្នេះ គេ​សួរ​គាត់​ថា អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​មែន​ទេ ២៦ មាន​ពួក​បាវ​សំដេច​សង្ឃ​ម្នាក់ គឺ​ជា​សាច់ញាតិ​នឹង​អ្នក​ដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក​នោះ ក៏​និយាយ​ថា តើ​អញ​មិន​បាន​ឃើញ​ឯង​នៅ​ក្នុង​ច្បារ​ជា​មួយ​នឹង​អ្នក​នោះ​ទេ​ឬ​អី ២៧ ពេត្រុស​ក៏​ប្រកែក​ម្តង​ទៀត ស្រាប់​តែ​មាន់​រងាវ​ឡើង។

ព្រះយេស៊ូវ​នៅ​មុខ​លោក​ពីឡាត់

២៨ គេ​នាំ​ព្រះយេស៊ូវ ពី​លោក​កៃផា ទៅ​ក្នុង​សាលា​ជំនុំ ពេល​នោះ ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​សាលា​ទេ ក្រែង​គេ​ត្រូវ​សៅហ្មង និង​បរិភោគ​បុណ្យ​រំលង​មិន​បាន ២៩ ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​ឯ​គេ សួរ​ថា តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​មនុស្ស​នេះ​ពី​រឿង​អ្វី ៣០ គេ​ឆ្លើយ​ទៅ​លោក​ថា បើ​វា​មិន​មែន​ជា​មនុស្ស​អាក្រក់ នោះ​យើង​ខ្ញុំ​មិន​បាន​បញ្ជូន​វា​មក​ទេ ៣១ ដូច្នេះ លោក​ពីឡាត់​មាន​ប្រសាសន៍​ថា ចូរ​យក​ទៅ​ជំនុំជំរះ​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ តែ​ពួក​សាសន៍​យូដា​ជំរាប​លោក​ថា យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​សំឡាប់​អ្នក​ណា​ទេ ៣២ គេ​និយាយ​ដូច្នោះ ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល នឹង​បង្ហាញ​ពី​ទ្រង់​សុគត​បែប​យ៉ាង​ណា ៣៣ នោះ​លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​វិញ រួច​ហៅ​ព្រះយេស៊ូវ​មក​ដណ្តឹង​សួរ​ថា តើ​អ្នក​ជា​សេ្តច​សាសន៍​យូដា​ឬ​អី ៣៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា តើ​លោក​មាន​ប្រសាសន៍​ដូច្នេះ ដោយ​ខ្លួន​លោក ឬ​មាន​អ្នក​ណា​ជំរាប​លោក​ពី​ខ្ញុំ ៣៥ លោក​ពីឡាត់​ឆ្លើយ​ថា តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ​អី គឺ​សាសន៍​របស់​អ្នក​ឯង និង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ ចុះ​អ្នក​បាន​ធ្វើ​អ្វី ៣៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ៍​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​តយុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ ៣៧ លោក​ពីឡាត់​ក៏​សួរ​ទ្រង់​ថា ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ៍​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ ៣៨ លោក​ពីឡាត់​ទូល​សួរ​ទ្រង់​ថា តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្តី​ពិត​នោះ។

គេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះយេស៊ូវ

កាល​បាន​ទូល​ដូច្នោះ​រួច​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​សាសន៍​យូដា​ម្តង​ទៀត ក៏​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​ឃើញ​ជា​អ្នក​នោះ​មាន​ទោស​ខុស​អ្វី​សោះ ៣៩ អ្នក​រាល់​គ្នា​មាន​ទំលាប់​ធ្លាប់​ឲ្យ​ខ្ញុំ​លែង​ម្នាក់ ដល់​អ្នក​រាល់​គ្នា នៅ​វេលា​បុណ្យ​រំលង ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​នៃ​សាសន៍​យូដា​ឬ​អី ៤០ គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា​ម្តង​ទៀត​ថា កុំ​លែង​អ្នក​នោះ​ឡើយ សូម​លែង​បារ៉ាបាស​វិញ រីឯ​បារ៉ាបាស វា​ជា​ចោរ​ប្លន់។

យ៉ូហាន ១៩

១ ខណៈ​នោះ លោក​ពីឡាត់​នាំ​យក​ព្រះយេស៊ូវ​ទៅ​វាយ​នឹង​រំពាត់ ២ ពួក​ទាហាន​ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ទ្រង់ ៣ ទាំង​ទូល​ថា សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា រួច​គេ​ទះ​ទ្រង់ ៤ លោក​ពីឡាត់​ក៏​ចេញ​ទៅ មាន​ប្រសាសន៍​នឹង​គេ​ម្តង​ទៀត​ថា មើល ខ្ញុំ​នាំ​អ្នក​នេះ​ចេញ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មិន​ឃើញ​ជា​គាត់​មាន​ទោស​យ៉ាង​ណា​សោះ ៥ ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា មើល​ចុះ មនុស្ស​នេះ​ហើយ ៦ កាល​ពួក​សង្គ្រាជ និង​ពួក​អាជ្ញា​បាន​ឃើញ​ទ្រង់ នោះ​ក៏​ស្រែក​ឡើង​ថា ឆ្កាង​វា ឆ្កាង​វា​ទៅ លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​វិញ ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ ៧ ពួក​សាសន៍​យូដា​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ក្រឹត្យវិន័យ ហើយ​តាម​ក្រឹត្យវិន័យ​នោះ វា​ត្រូវ​ស្លាប់ ពី​ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ។ ៨ កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​ភ័យ​រឹត​តែ​ខ្លាំង​ឡើង ៩ លោក​ត្រឡប់​ទៅ​ក្នុង​សាលា​ជំនុំ ទូល​សួរ​ព្រះយេស៊ូវ​ថា តើ​អ្នក​មក​ពី​ណា តែ​ព្រះយេស៊ូវ​ទ្រង់​មិន​ឆ្លើយ​សោះ ១០ ដូច្នេះ លោក​ពីឡាត់​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឆ្លើយ​ទេ​ឬ​អី អ្នក​មិន​ដឹង​ទេ​ឬ​អី​ថា ខ្ញុំ​មាន​អំណាច​នឹង​ឆ្កាង​អ្នក ឬ​លែង​អ្នក​ក៏​បាន ១១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក អ្នក​នោះ​មាន​បាប​ធ្ងន់​ជាង ១២ តាំង​ពី​នោះ​មក​លោក​ពីឡាត់​រក​ទំនង​នឹង​លែង​ទ្រង់​ដែរ តែ​ពួក​សាសន៍​យូដា​ស្រែក​កង​ឡើង​ថា បើ​លោក​លែង​អ្នក​នេះ​ទៅ នោះ​លោក​មិន​មែន​ជា​ទី​ស្រឡាញ់​នឹង​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច នោះ​ក្បត់​នឹង​សេសារ​ហើយ ១៣ កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​នាំ​ព្រះយេស៊ូវ​ចេញ​ទៅ​ឯ​កន្លែង​ហៅ​ថា ទី​ក្រាល​ថ្ម ដែល​ភាសា​ហេព្រើរ​ហៅ​ថា កាបាថា រួច​លោក​អង្គុយ​នៅ​ទី​ជំនុំជំរះ ១៤ (រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ) លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា មើល នេះ​ស្តេច​នៃ​អ្នក​រាល់​គ្នា ១៥ តែ​គេ​ស្រែក​ឡើង​ថា យក​វា​ចេញ យក​វា​ចេញ ឲ្យ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​នៃ​អ្នក​រាល់​គ្នា​ឬ​អី ពួក​សង្គ្រាជ​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ ១៦ ដូច្នេះ លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឲ្យ​គេ​ឆ្កាង ហើយ​គេ​នាំ​ទ្រង់​យក​ទៅ។

គេ​ឆ្កាង​ព្រះយេស៊ូវ

១៧ ព្រះយេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​លលាដ៏​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់កូថា ១៨ គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ និង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះយេស៊ូវ​នៅ​ជា​កណ្តាល ១៩ លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្តី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ស្តេច​នៃ​សាសន៍​យូដា» ២០ មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក និង​ឡាតាំង ២១ ដូច្នេះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា គេ​ជំរាប​លោក​ពីឡាត់​ថា សូម​លោក​កុំ​សរសេរ​ថា នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា ២២ លោក​ពីឡាត់​ឆ្លើយ​ថា ឯ​សេចក្តី​ដែល​ខ្ញុំ​សរសេរ នោះ​បាន​សរសេរ​ស្រេច​ទៅ​ហើយ ២៣ ឯ​ពួក​ទាហាន កាល​បាន​ឆ្កាង​ព្រះយេស៊ូវ​រួច​ហើយ នោះ​គេ​យក​ព្រះពស្ត្រ​ទ្រង់​ចែក​ជា​៤​ចំណែក ឲ្យ​ម្នាក់ៗ​បាន​១​ចំណែក ក៏​យក​អាវ​វែង​ទ្រង់​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​លើ​ជា​សំពត់​តែ​១ គ្មាន​ថ្នេរ​សោះ ២៤ ដូច្នេះ គេ​និយាយ​គ្នា​ថា កុំ​ហែក​អាវ​នេះ​ឡើយ ចូរ​យើង​ចាប់​ឆ្នោត​វិញ ឲ្យ​បាន​ដឹង​ជា​អាវ​នេះ​នឹង​ទៅ​ជា​របស់​អ្នក​ណា នោះ​ដើម្បី​ឲ្យ​បាន​សំរេច​បទ​គម្ពីរ​ដែល​ថា «គេ​បាន​យក​សំលៀកបំពាក់​ទូលបង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​យក​ដោយ​ចាប់​ជា​ឆ្នោត» ពួក​ទាហាន​ក៏​ធ្វើ​ដូច្នោះ។ ២៥ ឯ​មាតា​ព្រះយេស៊ូវ ប្អូន​ស្រី​មាតា​ទ្រង់ ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស និង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា គេ​ឈរ​នៅ​ជិត​ឈើ​ឆ្កាង​ទ្រង់ ២៦ ព្រះយេស៊ូវ​ក៏​ឃើញ​មាតា​ទ្រង់ និង​សិស្ស​ម្នាក់​ដែល​ទ្រង់​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មាតា​ថា មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា ២៧ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​សិស្ស​នោះ​ថា នុ៎ះ​ន៏ ម្តាយ​អ្នក តាំង​ពី​នោះ​មក សិស្ស​នោះ​ក៏​នាំ​យក​គាត់​ទៅ​នៅ​ផ្ទះ​ខ្លួន។

ព្រះយេស៊ូវ​សោយ​ទិវង្គត

២៨ ក្រោយ​នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ ២៩ រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹកខ្មេះ​ពេញ គេ​ក៏​យក​សារាយរំហួត​ជ្រលក់​ទឹកខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះឱស្ឋ​ទ្រង់ ៣០ កាល​ព្រះយេស៊ូវ​បាន​ទទួល​ទឹកខ្មេះ​រួច​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។ ៣១ ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មោច​នៅ​ជាប់​លើ​ឈើ​ឆ្កាង ក្នុង​ថ្ងៃ​ឈប់​សំរាក ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ ឯ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ធំ ៣២ ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​១ រួច​អ្នក​១​ទៀត​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ ៣៣ តែ​កាល​គេ​មក​ដល់​ព្រះយេស៊ូវ ក៏​ឃើញ​ថា ទ្រង់​សុគត​ផុត​ហើយ បាន​ជា​គេ​មិន​បំបាក់​ព្រះបាទ​ទ្រង់​ទេ ៣៤ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់ នោះ​ក៏​ចេញ​ឈាម ហើយ​និង​ទឹក​មក ៣៥ អ្នក​ដែល​ឃើញ​បាន​ធ្វើ​បន្ទាល់ ហើយ​សេចក្តី​បន្ទាល់​របស់​អ្នក​នោះ​ក៏​ពិត​ប្រាកដ អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​ត្រូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ៣៦ ដ្បិត​ការ​ទាំង​នោះ​បាន​កើត​មក ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សំរេច ដែល​ថា «គ្មាន​ឆ្អឹង​ទ្រង់​ណា​មួយ​ត្រូវ​បាក់​សោះ» ៣៧ ក៏​មាន​បទ​១​ទៀត​ថា «គេ​នឹង​មើល​ព្រះអង្គ​ដែល​គេ​បាន​ចាក់»។

ការ​បញ្ចុះ​សព​ព្រះយេស៊ូវ

៣៨ ក្រោយ​នោះ​មក យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះយេស៊ូវ​ដោយ​សំងាត់ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សូម​ដល់​លោក​ពីឡាត់ ឲ្យ​មាន​ច្បាប់​នឹង​យក​ព្រះសព​ព្រះយេស៊ូវ​ចុះ​មក លោក​ពីឡាត់​ក៏​បើក​ឲ្យ ដូច្នេះ លោក​បាន​មក​យក​ព្រះសព​ព្រះយេស៊ូវ​ទៅ ៣៩ ហើយ​លោក​នីកូដេម ដែល​ពី​មុន​បាន​ទៅ​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីងទេស​លាយ​នឹង​ក្រឹស្នា បាន​ប្រហែល​ជា​១​រយ​នាលិ​មក ៤០ លោក​ទាំង​២​នោះ​ក៏​យក​ព្រះសព​ព្រះយេស៊ូវ​មក រុំ​នឹង​សំពត់​ទេសឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំលាប់​របស់​សាសន៍​យូដា ដែល​គេ​ធ្លាប់​រៀបចំ​កប់​ខ្មោច ៤១ មាន​ច្បារ​១​នៅ​ត្រង់​កន្លែង​ដែល​គេ​ឆ្កាង​ទ្រង់ ហើយ​ក្នុង​ច្បារ​នោះ មាន​ផ្នូរ​១​ថ្មី ដែល​មិន​ទាន់​ដាក់​ខ្មោច​ណា​នៅ​ឡើយ ៤២ ដូច្នេះ លោក​ក៏​បញ្ចុះ​ព្រះសព​ព្រះយេស៊ូវ​នៅ​ទី​នោះ ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​របស់​សាសន៍​យូដា ហើយ​ផ្នូរ​នោះ​ក៏​នៅ​ជិត​ស្រាប់។

យ៉ូហាន ២០

ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ

១ នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ ក៏​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ ២ នោះ​នាង​រត់​ទៅ​ប្រាប់​ដល់​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​១​នោះ​ដែល​ទ្រង់​ស្រឡាញ់​ថា គេ​បាន​យក​ព្រះអម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ជា​គេ​យក​ទៅ​ទុក​ឯ​ណា​ទេ ៣ នោះ​ពេត្រុស និង​សិស្ស​១​នោះ ក៏​ចេញ​ទៅ​ឯ​ផ្នូរ ៤ អ្នក​ទាំង​២​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​១​នោះ​រត់​លឿន​ជាង​ពេត្រុស បាន​ដល់​ផ្នូរ​មុន ៥ រួច​គាត់​ឱន​ខ្លួន​ទៅ​មើល ឃើញ​មាន​តែ​សំពត់ស្នប​នៅ​ក្នុង​នោះ តែ​គាត់​មិន​បាន​ចូល​ទេ ៦ ឯ​ស៊ីម៉ូន-ពេត្រុស ដែល​មក​តាម​ក្រោយ គាត់​ក៏​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​សំពត់ស្នប​នៅ​ក្នុង​នោះ​ដែរ ៧ ហើយ​ឃើញ​កន្សែង​ដែល​គ្រប​ព្រះសិរ​ទ្រង់ មិន​នៅ​ជា​មួយ​នឹង​សំពត់ស្នប​នោះ​ទេ គឺ​បាន​បត់​ដាក់​នៅ​ទី​កន្លែង​ដោយ​ខ្លួន​វិញ ៨ សិស្ស​មួយ​នោះ​ដែល​មក​ដល់​ផ្នូរ​មុន គាត់​ក៏​ចូល​ទៅ​ឃើញ​ដូច្នោះ​ដែរ រួច​គាត់​ជឿ ៩ ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ ១០ សិស្ស​ទាំង​២​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ។

នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​បាន​ឃើញ​ព្រះយេស៊ូវ

១១ ឯ​ម៉ារា នាង​ឈរ​យំ​ពី​ខាង​ក្រៅ​ផ្នូរ ហើយ​កំពុង​ដែល​នាង​យំ នោះ​ក៏​ឱន​ខ្លួន​មើល​ទៅ​ក្នុង​ផ្នូរ ១២ ឃើញ​ទេវតា​២​រូប ស្លៀកពាក់​ស អង្គុយ​១​ខាង​ក្បាល ១​ចុង​ជើង ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះសព​ព្រះយេស៊ូវ ១៣ ទេវតា​នោះ​សួរ​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះអម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ ១៤ នាង​និយាយ​ដូច្នោះ រួច​បែរ​ខ្លួន​ទៅ​ក្រោយ ឃើញ​ព្រះយេស៊ូវ​ទ្រង់​ឈរ តែ​មិន​ដឹង​ជា​ព្រះយេស៊ូវ​ទេ ១៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ឯ​នាង ក៏​ស្មាន​ថា​ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះសព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ ១៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា ម៉ារា​អើយ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ ១៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ ជា​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ ១៨ នោះ​ម៉ារា-ម៉ាក់ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះអម្ចាស់ ហើយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​មក​នាង។

ពួក​សិស្ស​បាន​ឃើញ​ព្រះយេស៊ូវ

១៩ នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ២០ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះហស្ត និង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ ពួក​សិស្ស​មាន​ចិត្ត​ត្រេកអរ ដោយ​បាន​ឃើញ​ព្រះអម្ចាស់ ២១ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​សេចក្តី​សុខ​សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ២២ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​ព្រះបន្ទូល​ថា ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ២៣ បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។

ព្រះយេស៊ូវ និង​លោក​ថូម៉ាស

២៤ រីឯ​ថូម៉ាស ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​គេ​ហៅ​ថា ឌីឌីម គាត់​មិន​នៅ​ជា​មួយ ក្នុង​កាល​ដែល​ព្រះយេស៊ូវ​យាង​មក​នោះ​ទេ ២៥ ដូច្នេះ ពួក​សិស្ស​ឯ​ទៀត​ប្រាប់​គាត់​ថា យើង​បាន​ឃើញ​ព្រះអម្ចាស់ តែ​គាត់​ឆ្លើយ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល នៅ​ព្រះហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ ២៦ ដល់​៨​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ទ្រង់​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក ឈរ​កណ្តាល​ពួក​គេ ទាំង​ទ្វារ​នៅ​បិទ ហើយ​មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត ២៧ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ថូម៉ាស​ថា ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ ២៨ នោះ​ថូម៉ាស​ទូល​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ២៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ។

គោលដៅ​របស់​គម្ពីរ​យ៉ូហាន

៣០ ព្រះយេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ ៣១ បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយសារ​ព្រះនាម​ទ្រង់ ដោយ​មាន​សេចក្តី​ជំនឿ។

យ៉ូហាន ២១

ព្រះយេស៊ូវ​បង្ហាញ​ព្រះអង្គ​ឲ្យ​ពួក​សិស្ស​ឃើញ​នៅ​ជិត​មាត់​សមុទ្រ​ទីបេរាស

១ ក្រោយ​នោះ​មក ព្រះយេស៊ូវ​ទ្រង់​សំដែង​អង្គ​ទ្រង់ ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត ត្រង់​សមុទ្រ​ទីបេរាស គឺ​ទ្រង់​សំដែង​មក​បែប​យ៉ាង​នេះ ២ មាន​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថាណែល ដែល​នៅ​ភូមិ​កាណា​ស្រុក​កាលីឡេ កូន​សេបេដេ​ទាំង​២ នឹង​ពួក​សិស្ស​២​នាក់​ទៀត នៅ​ជា​មួយ​គ្នា ៣ នោះ​ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា ខ្ញុំ​ទៅ​នេសាទ​ត្រី គេ​ក៏​ឆ្លើយ​ថា យើង​ទៅ​ដែរ ស្រាប់​តែ​គេ​នាំ​គ្នា​ចេញ​ទៅ​ចុះ​ទូក តែ​យប់​នោះ​គេ​ចាប់​មិន​បាន​អ្វី​សោះ ៤ ដល់​ព្រលឹម​ឡើង ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ជា​ព្រះយេស៊ូវ​ទេ ៥ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា កូន​រាល់​គ្នា​អើយ តើ​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ទេ ៦ រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ គេ​ក៏​ទំលាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់ ៧ នោះ​សិស្ស​១​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះអម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា​ជា​ព្រះអម្ចាស់ នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក ៨ ពួក​សិស្ស​ឯ​ទៀត​បាន​មក​ក្នុង​ទូក​តូច​ទាំង​ដឹក​អួន​ជាប់​បាន​ត្រី ដ្បិត​គេ​មិនសូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​ជា​២០០​ហត្ថ​ប៉ុណ្ណោះ ៩ កាល​បាន​ឡើង​ទៅ​លើ​គោក​វិញ នោះ​គេ​ឃើញ​រងើក​ភ្លើង ហើយ​មាន​ត្រី​អាំង​នៅ​ពី​លើ និង​នំបុ័ង​ដែរ ១០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​យក​ត្រី​ខ្លះ ដែល​ទើប​នឹង​ចាប់​នោះ​មក ១១ ស៊ីម៉ូន-ពេត្រុស​ក៏​ឡើង​មក​ទាំង​ទាញ​អួន ដាក់​លើ​គោក បាន​ពេញ​ដោយ​ត្រី​ធំៗ​១៥៣ ហើយ​ទោះ​បើ​មាន​ត្រី​ច្រើន​ដល់​ម៉្លេះ គង់​តែ​អួន​មិន​បាន​ធ្លាយ​ដែរ ១២ ព្រះយេស៊ូវ​ទ្រង់​ហៅ​គេ​មក​ថា ចូរ​មក​ពិសា​សិន ប៉ុន្តែ​គ្មាន​សិស្ស​ណា​មួយ​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ណា​នុ៎ះ ដោយ​គេ​ដឹង​ថា​ជា​ព្រះអម្ចាស់​ហើយ ១៣ ព្រះយេស៊ូវ​ក៏​យាង​មក យក​នំបុ័ង និង​ត្រី ប្រទាន​ដល់​គេ ១៤ នោះ​ជា​គំរប់​៣​ដង​ហើយ ដែល​ព្រះយេស៊ូវ​សំដែង​មក ឲ្យ​ពួក​សិស្ស​ឃើញ ក្នុង​ពេល​ក្រោយ​ដែល​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ផ្តាំ​លោក​ពេត្រុស

១៥ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង ១៦ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ ១៧ រួច​ទ្រង់​មាន​ព្រះបន្ទូល​ជា​គំរប​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​ព្រះបន្ទូល​ជា​គំរប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង ១៨ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង ១៩ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ។

ព្រះយេស៊ូវ និង​សិស្ស​ដែល​ព្រះអង្គ​ស្រឡាញ់

២០ ប៉ុន្តែ ពេត្រុស​បែរ​ខ្លួន​ទៅ​ឃើញ​សិស្ស​១​នោះ ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ដើរ​មក​តាម​ក្រោយ គឺ​ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះឧរា​ទ្រង់ ក្នុង​កាល​ដែល​បរិភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា ព្រះអម្ចាស់​អើយ តើ​អ្នក​ណា​នោះ​ដែល​បញ្ជូន​ទ្រង់ ២១ កាល​ពេត្រុស​បាន​ឃើញ​គាត់ នោះ​ក៏​ទូល​សួរ​ដល់​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ ២២ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ ២៣ ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរខ្ចាយ​ទួទៅ ក្នុង​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះយេស៊ូវ​មិន​បាន​មាន​ព្រះបន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ទេ គឺ​គ្រាន់​តែ​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក​វិញ​ប៉ុណ្ណោះ។

អវសានកថា

២៤ គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់​គ្នា​ដឹង​ថា សេចក្តី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ ២៥ មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង។ អាម៉ែន។:៚

កិច្ចការ ១

បុព្វកថា

១ ឱ​លោក​ថេវភីល​អើយ ខ្ញុំ​បាន​តែង​រឿង​១​ច្បាប់​មុន​នោះ ពី​អស់​ទាំង​ការ​ដែល​ព្រះយេស៊ូវ បាន​ចាប់​តាំង​ធ្វើ ហើយ​បង្រៀន ២ ដរាប​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង​ផុត​ទៅ​ហើយ គឺ​ក្រោយ​ដែល​ទ្រង់​បាន​ផ្តាំ ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវ័ក ជា​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស ៣ ហើយ​កាល​ទ្រង់​បាន​រង​ទុក្ខ​រួច​ហើយ នោះ​ក៏​បាន​សំដែង​អង្គ​ទ្រង់​មក​ទាំង​រស់ ឲ្យ​ពួក​សាវ័ក​នោះ​ឃើញ ដោយសារ​ភស្តុតាង​ជា​ច្រើន ព្រម​ទាំង​លេច​មក​ឯ​គេ ក៏​សំដែង​ពី​អស់​ទាំង​សេចក្តី​ខាង​ឯ​នគរ​ព្រះ ក្នុង​រវាង​៤០​ថ្ងៃ ៤ រួច​មក កាល​បាន​ប្រជុំ​ទាំង​អស់​គ្នា​ហើយ នោះ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូសាឡិម​ឡើយ ដោយ​ព្រះបន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្តី​សន្យា​នៃ​ព្រះវរបិតា ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ ៥ ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ។

ព្រះយេស៊ូវ​យាង​ឡើង​ទៅ​ស្ថានសួគ៌

៦ ដូច្នេះ កាល​ពួក​សាវ័ក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ព្រះអម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ ៧ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរបិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ ៨ ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ៩ កាល​ទ្រង់​បាន​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវ័ក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់ ពី​ភ្នែក​គេ។ ១០ កំពុង​ដែល​គេ​ងើយ​សំឡឹង​មើល​ទៅ​លើ​មេឃ ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅ នោះ​ឃើញ​មាន​២​នាក់ ស្លៀកពាក់​ស ឈរ​នៅ​ជិត និយាយ​ថា ១១ ពួក​អ្នក​ស្រុក​កាលីឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះយេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថានសួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ ១២ ពួក​អ្នក​ទាំង​នោះ​ក៏​វិល​ពី​ភ្នំ​ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ រីឯ​ភ្នំ​នោះ នៅ​ជិត​ក្រុង​យេរូសាឡិម ចំងាយ​ផ្លូវ​ដើរ​អស់​១​ថ្ងៃ​ឈប់​សំរាក ១៣ កាល​គេ​ចូល​ទៅ​ដល់​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​បន្ទប់​ខាង​លើ ជា​លំនៅ​របស់​ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូល៉ូមេ ម៉ាថាយ យ៉ាកុប ជា​កូន​អាល់ផាយ ស៊ីម៉ូន ជា​ពួក​ឧស្សាហ៍ និង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប ១៤ ពួក​អ្នក​ទាំង​នេះ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ដោយ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ជា​មួយ​នឹង​ពួក​ស្រីៗ ព្រម​ទាំង​ម៉ារា ជា​មាតា​ព្រះយេស៊ូវ និង​បង​ប្អូន​ទ្រង់​ដែរ។

ការ​ជ្រើសរើស​ម៉ាត់ធាស​ជា​សាវ័ក​ជំនួស​យូដាសអ៊ីស្ការីយ៉ុត

១៥ នៅ​គ្រា​នោះ ពេត្រុស​ឈរ​ឡើង​កណ្តាល​ពួក​បង​ប្អូន ដែល​មាន​ឈ្មោះ​ប្រហែល​ជា​១២០​នាក់ ប្រកាស​ថា ១៦ បង​ប្អូន​រាល់​គ្នា​អើយ បទ​គម្ពីរ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ទាយ​ដោយសារ​ព្រះឱស្ឋ​ហ្លួង​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សំរេច ១៧ ដ្បិត​វា​បាន​រាប់​ក្នុង​ពួក​យើង​រាល់​គ្នា ហើយ​បាន​ទទួល​១​ចំណែក​ក្នុង​ការងារ​នេះ​ដែរ ១៨ (រីឯ​មនុស្ស​នេះ​បាន​ទិញ​ដី​វាល ដោយសារ​រង្វាន់​នៃ​ការ​ទុច្ចរិត​របស់​ខ្លួន​វា ប៉ុន្តែ វា​ដួល​ទៅ​មុខ​ធ្លាយ​ពោះ ហើយ​ពោះ​វៀន​ក៏​ចេញ​ទ្រេល ១៩ រឿង​នោះ​បាន​ឮ ទៅ​ដល់​មនុស្ស​ទាំងឡាយ ដែល​នៅ​ក្រុង​យេរូសាឡិម បាន​ជា​គេ​ហៅ​វាល​នោះ​តាម​ភាសា​គេ​ថា អាកិលដាម៉ា គឺ​ប្រែ​ថា វាល​ឈាម) ២០ ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ចូរ​ឲ្យ​ទី​លំនៅ​វា​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ» ហើយ​ថា «ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល​ការងារ​ជំនួស​វា» ២១ ដូច្នេះ ក្នុង​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​យើង គ្រប់​វេលា​ដែល​ព្រះអម្ចាស់យេស៊ូវ​យាង​ចេញ​ចូល​ក្នុង​ពួក​យើង ២២ ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ដរាប​មក​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង ពី​យើង​រាល់​គ្នា​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទី​បន្ទាល់ ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ២៣ ដូច្នេះ គេ​ក៏​តម្រូវ​លើ​រូប​២​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា បារសាបាស ដែល​មាន​ឈ្មោះ​យូស្ទុស​ផង​នោះ​១ និង​ម៉ាត់ធាស​១ ២៤ រួច​គេ​អធិស្ឋាន​ទូល​ថា ឱ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំងឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ ២៥ ឲ្យ​បាន​ទទួល​ចំណែក ក្នុង​កិច្ចការ និង​ងារ​ជា​សាវ័ក​នេះ ជំនួស​យូដាស ដែល​បាន​ធ្លាក់​ចេញ​ពី​ងារ​នេះ​ហើយ ដើម្បី​នឹង​ទៅ​ឯ​កន្លែង​របស់​វា ២៦ នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវ័ក​ទាំង​១១​នាក់។

កិច្ចការ ២

ព្រះវិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​សិស្ស

១ កាល​បុណ្យ​ថ្ងៃ​ទី​៥០​បាន​មក​ដល់ នោះ​គេ​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​១ ២ ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ ៣ ក៏​មាន​អណ្តាត ដូច​ជា​អណ្តាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា ៤ រួច​គេ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេងៗ តាម​ដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ។ ៥ រីឯ​នៅ​ក្រុង​យេរូសាឡិម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោតខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ ៦ កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ នោះ​បណ្តា​មនុស្ស​ក៏​ប្រជុំ​គ្នា ហើយ​គេ​មាន​សេចក្តី​ស្រឡាំង​កាំង ដោយ​គ្រប់​គ្នា​ឮ​ភាសា​ជាតិ​របស់​ខ្លួន ដែល​ពួក​សាវ័ក​កំពុង​តែ​អធិប្បាយ ៧ គេ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឆ្ងល់​ថា អ្នក​ទាំង​នេះ​ដែល​អធិប្បាយ តើ​មិន​មែន​ជា​ពួក​អ្នក​ស្រុក​កាលីឡេ​ទាំង​អស់​គ្នា​ទេ​ឬ​អី ៨ ចុះ​ដូច​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​តាម​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ ៩ គឺ​ជា​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូប៉ូតាមា ស្រុក​យូដា ស្រុក​កាបាដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី ១០ ព្រម​ទាំង​ស្រុក​ព្រីគា ស្រុក​ប៉ាមភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំវិញ​ស្រុក​គីរេន ហើយ​ពួក​អ្នក​ស្រុក​រ៉ូម ដែល​ស្នាក់​នៅ​ទី​នេះ ទោះ​ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍​ផង ១១ ហើយ​សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ទាំង​អស់​គ្នា​ឮ​គេ​និយាយ ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​រៀង​ខ្លួន ១២ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ព្រម​ទាំង​វល់​ក្នុង​ចិត្ត ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​ការ​នេះ​ដូច​ម្តេច​ហ្ន៎ ១៣ តែ​មាន​អ្នក​ខ្លះ​ចំអក​ឲ្យ​ថា ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ។

សុន្ទរកថា​របស់​ពេត្រុស

១៤ នោះ​ពេត្រុស​ក៏​ឈរ​ឡើង ជា​មួយ​នឹង​ពួក​១១​នាក់ ក៏​បន្លឺ​សំឡេង​និយាយ​ទៅ​គេ​ថា ឱ​ពួក​សាសន៍​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ ១៥ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​៩​ព្រឹក​នៅ​ឡើយ ១៦ នេះ​គឺ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញ ដែល​លោក​ទាយ​ទុក​មក​ថា ១៧ «ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះវិញ្ញាណ​អញ ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​នឹង​ទាយ​ទំនាយ ពួក​កំឡោះ​ឯង​រាល់​គ្នា នឹង​ឃើញ​ការ​ជាក់​ស្តែង ហើយ​ពួក​ចាស់ៗ របស់​ឯង​រាល់​គ្នា​នឹង​យល់​សប្តិ ១៨ នៅ​គ្រា​នោះ អញ​នឹង​ចាក់​ព្រះវិញ្ញាណ​អញ ទៅ​លើ​ទាំង​ពួក​អ្នក​បំរើ​ប្រុស​ស្រី​ផង ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ ១៩ អញ​នឹង​សំដែង​ការ​អស្ចារ្យ នៅ​លើ​មេឃ និង​ទី​សំគាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង ហើយ​និង​កំសួល​ផ្សែង ២០ ថ្ងៃ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះអម្ចាស់​មក​ដល់ ២១ នោះ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ គេ​នឹង​បាន​សង្គ្រោះ» ២២ ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះយេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា​ដោយ​ការ​ឫទ្ធិបារមី ការ​អស្ចារ្យ និង​ទី​សំគាល់ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយសារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ២៣ ព្រះអង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សំរេច និង​បព្វញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយសារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង ២៤ ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្តី​ស្លាប់​ចេញ ពី​ព្រោះ​សេចក្តី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំឃាំង​ទ្រង់​ទុក​បាន​ឡើយ ២៥ ដ្បិត​ហ្លួង​ដាវីឌ​មាន​ព្រះបន្ទូល​ពី​ទ្រង់​ថា «ទូលបង្គំ​បាន​ឃើញ​ព្រះអម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ពី​ព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្តាំ​ទូលបង្គំ ដើម្បី​មិន​ឲ្យ​ទូលបង្គំ​ត្រូវ​រង្គើ​ឡើយ ២៦ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូលបង្គំ​មាន​សេចក្តី​អំណរ ហើយ​អណ្តាត​ទូលបង្គំ​ក៏​ថ្លែង ដោយ​សេចក្តី​ត្រេកអរ ១​ទៀត រូប​សាច់​ទូលបង្គំ​នឹង​ស្នាក់​នៅ ដោយ​សេចក្តី​សង្ឃឹម​ដែរ ២៧ ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូលបង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្តី​ពុករលួយ​ដែរ ២៨ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ស្គាល់​អស់​ទាំង​ផ្លូវ​នៃ​ជីវិត ក៏​នឹង​ឲ្យ​ទូលបង្គំ​បាន​ពេញ​ដោយ​សេចក្តី​អំណរ ដោយ​ភាព​នៃ​ព្រះភក្ត្រ​ទ្រង់» ២៩ ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​ឰយុកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ៣០ ដូច្នេះ ដោយ​ព្រោះ​លោក​ជា​ហោរា ហើយ​ក៏​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​នឹង​លោក​ថា ទ្រង់​នឹង​បង្កើត​ព្រះគ្រីស្ទ ពី​ពូជ​របស់​លោក​ខាង​សាច់​ឈាម ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក ៣១ គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះគ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្តី​ពុករលួយ​ឡើយ ៣២ ឯ​ព្រះយេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា ៣៣ ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង ដោយសារ​ព្រះហស្ត​ស្តាំ​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សន្យា គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរបិតា នោះ​ទ្រង់​បាន​ចាក់​សេចក្តី​នេះ​មក ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល​ហើយ​ស្តាប់ ៣៤ ដ្បិត​ហ្លួង​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថានសួគ៌​ទេ ប៉ុន្តែ លោក​បាន​និយាយ​ថា «ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ព្រះអម្ចាស់​នៃ​ទូលបង្គំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ៣៥ ដរាប​ដល់​អញ​យក​ពួក​ខ្មាំងសត្រូវ​ឯង ដាក់​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ៣៦ ដូច្នេះ ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ​ទ្រង់​បាន​លើក​ព្រះយេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង។

ក្រុម​គ្រិស្តបរិស័ទ​ដំបូង​បង្អស់

៣៧ កាល​គេ​បាន​ឮ នោះ​គេ​មាន​សេចក្តី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស និង​ពួក​សាវ័ក​ឯ​ទៀត​ថា បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ៣៨ ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ៣៩ ដ្បិត​សេចក្តី​សន្យា​នោះ គឺ​សន្យា​ដល់​អ្នក​រាល់​គ្នា និង​កូន​ចៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ហៅ ៤០ គាត់​ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​រួច​ពី​ពូជ​ដំណ​វៀច​នេះ ៤១ នោះ​ពួក​អ្នក​ដែល​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​នៅ​ថ្ងៃ​ដដែល​នោះ មាន​ប្រហែល​ជា​៣​ពាន់​នាក់​ថែម​កើន​ឡើង​ទៀត។ ៤២ អ្នក​ទាំង​នោះ​ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំបុ័ង និង​សេចក្តី​អធិស្ឋាន​ផង ៤៣ គ្រប់​គ្នា​កើត​មាន​ចិត្ត​កោតខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សំគាល់​ជា​ច្រើន​កើត​មក ដោយសារ​ពួក​សាវ័ក​ដែរ ៤៤ ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា ៤៥ គេ​ក៏​លក់​ទ្រព្យសម្បត្តិ និង​របស់​គេ​ទាំង​ប៉ុន្មាន ចែក​ដល់​គ្នា​តាម​ដែល​គ្រប់​គ្នា​ត្រូវ​ការ ៤៦ រាល់​តែ​ថ្ងៃ គេ​នៅ​តែ​ព្យាយាម​ក្នុង​ព្រះវិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ឯ​កាល​នៅ​ផ្ទះ ក៏​កាច់​នំបុ័ង ហើយ​បរិភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះត្រង់ ៤៧ ព្រម​ទាំង​សរសើរ​ដល់​ព្រះ ហើយ​បណ្តាជន​ទាំង​អស់​គ្នា​ក៏​រាប់​អាន​គេ ចំណែក​ព្រះអម្ចាស់ ទ្រង់​ក៏​បន្ថែម​នូវ​អស់​អ្នក ដែល​កំពុង​តែ​បាន​សង្គ្រោះ​រាល់​តែ​ថ្ងៃ​ទៅ ក្នុង​ពួក​ជំនុំ​ថែម​ទៀត។

កិច្ចការ ៣

ពេត្រុស និង​យ៉ូហាន​ប្រោស​ជន​ពិការ​ម្នាក់​ឲ្យ​ជា

១ នៅ​ពេល​អធិស្ឋាន ជា​ពេល​ម៉ោង​៣​រសៀល នោះ​ពេត្រុស និង​យ៉ូហាន ឡើង​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​គ្នា ២ រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះវិហារ ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ ៣ កាល​គាត់​ឃើញ​ពេត្រុស និង​យ៉ូហាន កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះវិហារ នោះ​គាត់​សូម​ទាន ៤ តែ​ពេត្រុស ព្រម​ទាំង​យ៉ូហាន ក៏​សំឡឹង​មើល​ទៅ​គាត់ ប្រាប់​ថា ចូរ​មើល​មក​យើង​ឯ​ណេះ ៥ គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​ខ្លះ ៦ តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ ៧ រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង និង​ភ្នែក​គោរ​របស់​គាត់ មាន​កំឡាំង​ឡើង​ភ្លាម ៨ គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង ៩ បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឃើញ​គាត់​ដើរ ទាំង​សរសើរ​ព្រះ​ដូច្នោះ ១០ ហើយ​គេ​ស្គាល់​គាត់ ថា​ជា​អ្នក​ដែល​តែង​តែ​អង្គុយ​សូម​ទាន​គេ នៅ​ត្រង់​មាត់​ទ្វារ​លំអរ​របស់​ព្រះវិហារ នោះ​គេ​ក៏​មាន​ពេញ​ជា​សេចក្តី​អស្ចារ្យ ហើយ​មមិងមមាំង​ពី​ការ​ដែល​កើត​មក​នោះ។

សុន្ទរកថា​របស់​ពេត្រុស​នៅ​ក្នុង​ព្រះវិហារ

១១ ដូច្នេះ កំពុង​ដែល​គាត់​ចាប់​តោង​ឃាត់​ពេត្រុស និង​យ៉ូហាន នោះ​បណ្តាជន​ទាំង​អស់​ក៏​រត់​មូល​មក​ឯ​គេ នៅ​ត្រង់​បាំងសាច​ដែល​ហៅ​ថា បាំងសាច​សាឡូម៉ូន ហើយ​គេ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់។ ១២ កាល​ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​និយាយ​ទៅ​ប្រជាជន​ថា ឱ​សាសន៍​អ៊ីស្រាអែល​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​មាន​សេចក្តី​ប្លែក​ក្នុង​ចិត្ត​ពី​ការ​នេះ ហើយ​សំឡឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​អាង​អំណាច ឬ​គុណានុភាព​របស់​ខ្លួន​យើង​ខ្ញុំ​ដូច្នេះ ១៣ ព្រះ​នៃ​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ទ្រង់​បាន​ដំកើង​អ្នក​បំរើ​ទ្រង់​នោះ គឺ​ព្រះយេស៊ូវ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​ក្នុង​កាល​ដែល​លោក​ពីឡាត់​សំរេច​សេចក្តី​ថា​នឹង​លែង​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ទ្រង់​ទេ ១៤ គឺ​ជា​មិន​ព្រម​ទទួល​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត​នោះ​ឯង បែរ​ជា​សូម​ឲ្យ​លោក​លែង​មនុស្ស​ដែល​សំឡាប់​គេ ដល់​អ្នក​រាល់​គ្នា​វិញ ១៥ អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះអម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ យើង​ខ្ញុំ​នេះ​ជា​ទី​បន្ទាល់​ពី​ការ​នោះ​ឯង ១៦ ហើយ​គឺ​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ព្រះនាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កំឡាំង​ឡើង គឺ​ជា​សេចក្តី​ជំនឿ​ដែល​កើត​មក ដោយសារ​ព្រះអង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ ១៧ ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​នាម៉ឺន​នៃ​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​បាន​យល់​ទេ ១៨ ប៉ុន្តែ សេចក្តី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយសារ​មាត់​នៃ​អស់​ទាំង​ហោរា​របស់​ទ្រង់ ពី​ដំណើរ​ព្រះគ្រីស្ទ​ថា ទ្រង់​ត្រូវ​រង​ទុក្ខ​លំបាក នោះ​ព្រះ​ទ្រង់​ក៏​បាន​សំរេច​តាម​យ៉ាង​ដូច្នោះ​ឯង ១៩ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះអម្ចាស់ ២០ ហើយ​ឲ្យ​ទ្រង់​បាន​ចាត់​ព្រះអង្គ​នោះ ដែល​បាន​តម្រូវ​ទុក​ជា​មុន មក​ឯ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ២១ ដែល​ស្ថានសួគ៌​ត្រូវ​ទទួល ដរាប​ដល់​គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ ដែល​ព្រះ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពី​គ្រា​នោះ ដោយសារ​មាត់​នៃ​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក ២២ ដ្បិត​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​ដល់​ពួក​ឰយុកោ​ថា «ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ ក្នុង​គ្រប់​ការ​ទាំង​អស់ ដែល​លោក​នឹង​ប្រាប់​មក​ចុះ ២៣ ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​តាម​វិញ នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​សាសន៍​ខ្លួន​ចេញ» ២៤ ហើយ​អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូអែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក ក៏​បាន​ប្រាប់​ជា​មុន​ពី​គ្រា​នេះ​ដែរ ២៥ អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា និង​សេចក្តី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដោយ​មាន​ព្រះបន្ទូល​នឹង​លោក​អ័ប្រាហាំ​ថា «អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង» ២៦ រីឯ​ដែល​ព្រះ​បាន​តាំង​ព្រះយេស៊ូវ ជា​អ្នក​បំរើ​ទ្រង់​ឡើង នោះ​គឺ​សំរាប់​អ្នក​រាល់​គ្នា​ជា​ដើម ហើយ​ក៏​ចាត់​ទ្រង់​មក ដើម្បី​នឹង​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ពី​សេចក្តី​អាក្រក់​របស់​ខ្លួន​ចេញ។

កិច្ចការ ៤

ពេត្រុស និង​យ៉ូហាន​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

១ កាល​អ្នក​ទាំង​២ កំពុង​តែ​និយាយ​នឹង​បណ្តាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ និង​ពួក​សាឌូស៊ី ព្រម​ទាំង​មេ​ទ័ព​រក្សា​ព្រះវិហារ ក៏​មក​ដល់ ២ គេ​មាន​សេចក្តី​អាក់អន់​ចិត្ត​ពី​ដំណើរ​ដែល​គាត់​បង្រៀន​ដល់​ពួក​ជន ហើយ​ក៏​សំដែង​ប្រាប់​ដល់​បណ្តាជន ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ ដោយសារ​ព្រះយេស៊ូវ ៣ គេ​ក៏​ចាប់​អ្នក​ទាំង​២ នាំ​ទៅ​ឃុំ​ទុក​ដរាប​ដល់​ស្អែក ដ្បិត​ពេល​នោះ​ល្ងាច​ហើយ ៤ ប៉ុន្តែ ឯ​ពួក​អ្នក​ដែល​ឮ​ព្រះបន្ទូល នោះ​មាន​គ្នា​ជា​ច្រើន​បាន​ជឿ ហើយ​ពួក​ដែល​ជឿ ក៏​បាន​កើន​ឡើង​មាន​ប្រុសៗ ប្រហែល​ជា​៤​ពាន់​នាក់។ ៥ ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ៦ ព្រម​ទាំង​លោក​អាណ ជា​សំដេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន និង​លោក​អ័លេក្សានត្រុស ហើយ​អស់​អ្នក​ដែល​ជា​គ្រួសារ​នៃ​សំដេច​សង្ឃ​ដែរ ៧ កាល​បាន​នាំ​អ្នក​ទាំង​២​មក ដាក់​នៅ​កណ្តាល​ចំណោម​ហើយ នោះ​ក៏​ពិចារណា​សួរ​ថា ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា ៨ នោះ​ពេត្រុស ដែល​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ជំរាប​ថា ឱ​លោក​ដ៏​ធំ​លើ​បណ្តាជន និង​ពួក​លោក​ចាស់ទុំ​ទាំងឡាយ នៃ​សាសន៍​អ៊ីស្រាអែល​អើយ ៩ នៅ​ថ្ងៃ​នេះ បើ​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយសារ​អ្វី ១០ នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ១១ ព្រះអង្គ​នោះ ជា​ថ្ម​ដែល​លោក​រាល់​គ្នា ជា​ជាង​សង់​ផ្ទះ បាន​មើលងាយ ប៉ុន្តែ​ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ ១២ ហើយ​គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។ ១៣ កាល​បាន​ឃើញ​ថា ពេត្រុស និង​យ៉ូហាន​មាន​ចិត្ត​ក្លាហាន នោះ​ពួក​លោក​ទាំង​នោះ​ក៏​មាន​សេចក្តី​អស្ចារ្យ ដោយ​ដឹង​ថា គេ​ជា​មនុស្ស​មិនសូវ​ចេះ​ជ្រៅជ្រះ ហើយ​ឥត​បាន​រៀនសូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់​ឃើញ​ថា គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះយេស៊ូវ ១៤ តែ​លោក​គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​មក​វិញ​សោះ ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជា គាត់​ឈរ​ជា​មួយ​នឹង​គេ ១៥ ដូច្នេះ កាល​បាន​បង្គាប់​ឲ្យ​គេ​ចេញ​ពី​ពួក​ក្រុមជំនុំ​ទៅ​បន្តិច នោះ​ក៏​ពិគ្រោះ​ថា ១៦ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នេះ ដ្បិត​ដែល​គេ​បាន​ធ្វើ​ទី​សំគាល់​យ៉ាង​អស្ចារ្យ នោះ​ក៏​ច្បាស់​ដល់​គ្រប់​មនុស្ស​នៅ​ក្រុង​យេរូសាឡិម​ហើយ យើង​ក៏​ប្រកែក​មិន​បាន​ផង ១៧ ប៉ុន្តែ ចូរ​យើង​កំហែង​ហាម​គេ មិន​ឲ្យ​និយាយ​នឹង​អ្នក​ណា​ទៀត ដោយ​ឈ្មោះ​នោះ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ផ្សាយ​ទៅ​ក្នុង​ពួក​ជន​ទៀត ១៨ រួច​លោក​ហៅ​មក​វិញ ហាម​ផ្តាច់​មិន​ឲ្យ​និយាយ ឬ​បង្រៀន ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវ​ទៀត​ឡើយ ១៩ តែ​ពេត្រុស និង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ២០ ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ ២១ តែ​លោក​កំហែង​ទៀត រួច​លែង​ឲ្យ​ទៅ ដោយ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​នឹង​ធ្វើ​ទោស​សោះ ដោយ​ព្រោះ​បណ្តាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​តែ​សរសើរដំកើង​ដល់​ព្រះ ពី​ការ​នោះ​ដែល​ទើប​នឹង​កើត​មក ២២ ពី​ព្រោះ​មនុស្ស​ដែល​បាន​ជា ដោយសារ​ទី​សំគាល់​នោះ គាត់​មាន​អាយុ​ជាង​៤០​ឆ្នាំ​ហើយ។ ២៣ លុះ​បាន​លែង​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ពួក​របស់​ខ្លួន​វិញ ទាំង​រ៉ាយ​រឿង​ប្រាប់​ពី​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​បាន​ហាមប្រាម ២៤ កាល​ពួក​ជំនុំ​បាន​ឮ​ដូច្នោះ នោះ​ក៏​បន្លឺឧទាន​ព្រម​គ្នា ទូល​ដល់​ព្រះ​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់​ធំ​បំផុត​អើយ គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី និង​សមុទ្រ ហើយ​របស់​ទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ២៥ ទ្រង់​បាន​មាន​ព្រះបន្ទូល ដោយសារ​ព្រះឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួលជ្រើម​ឡើង ហើយ​ជនជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ ២៦ ពួក​មហាក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះអម្ចាស់ ហើយ​ទាស់​នឹង​ព្រះគ្រីស្ទ​នៃ​ទ្រង់» ២៧ ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាសពីឡាត់ បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះយេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ២៨ ដើម្បី​នឹង​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះហស្ត​ទ្រង់ និង​ព្រះដំរិះ​ទ្រង់ បាន​គិត​សំរេច​ជា​មុន ២៩ ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ទត​មើល​សេចក្តី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បាន​ផ្សាយ​ព្រះបន្ទូល ដោយ​សេចក្តី​ក្លាហាន​ដ៏​ពេញលេញ ៣០ ដោយ​ទ្រង់​លូក​ព្រះហស្ត​មក សំរាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ហើយ​និង​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ ដោយសារ​ព្រះនាម​ព្រះយេស៊ូវ ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ៣១ កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះបន្ទូល​ដោយ​ចិត្ត​ក្លាហាន។

ក្រុម​គ្រីស្ទបរិស័ទ​រួម​រស់​ជា​មួយ​គ្នា

៣២ ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិត​តែ​១ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ ដែល​ខ្លួន​មាន​ជា​របស់​ផង​ខ្លួន​នោះ​ទេ គឺ​គ្រប់​របស់​ទាំង​ប៉ុន្មាន ជា​របស់​សំរាប់​ប្រើ​ជា​មួយ​គ្នា​ទាំង​អស់ ៣៣ ពួក​សាវ័ក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះអម្ចាស់យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះគុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ ៣៤ នៅ​ក្នុង​ពួក​គេ​គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​សោះ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី​មាន​ផ្ទះ នោះ​ក៏​លក់ យក​ប្រាក់​ដែល​ជា​ថ្លៃ​របស់​ទាំង​នោះ​មក ៣៥ ដាក់​នៅ​ទៀប​ជើង​ពួក​សាវ័ក ហើយ​គេ​ក៏​ចែក​ដល់​គ្រប់​គ្នា​តាម​ត្រូវ​ការ។ ៣៦ រីឯ​យ៉ូសេ ដែល​ពួក​សាវ័ក​ហៅ​ថា បាណាបាស (ប្រែ​ថា​ជា​អ្នក​ជំនួយ) ជា​ពួក​លេវី ដែល​កើត​នៅ​កោះ​គីប្រុស ៣៧ គាត់​មាន​ដី​ដែរ ហើយ​ក៏​លក់​យក​ប្រាក់​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវ័ក។

កិច្ចការ ៥

អាន៉្នានាស និង​សាភីរ៉ា

១ តែ​មាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ​អាន៉្នានាស ប្រពន្ធ​ឈ្មោះ​សាភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ ២ ហើយ​បាន​គៃ​ដំឡៃ​នោះ​ទុក​ខ្លះ ដោយ​ប្រពន្ធ​យល់​ព្រម​ដែរ រួច​នាំ​យក​១​ចំណែក​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវ័ក ៣ តែ​ពេត្រុស​សួរ​ថា អាន៉្នានាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​អ្នក​ហ៊ាន​កុហក​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​គៃ​ទុក​ដំឡៃ​ដ៏​១​ចំណែក​ដូច្នេះ ៤ កាល​នៅៗ​ឡើយ តើ​មិន​មែន​ជា​របស់​ផង​អ្នក​ទេ​ឬ​អី ហើយ​ដែល​លក់​ទៅ តើ​ប្រាក់​មិន​នៅ​ក្នុង​អំណាច​អ្នក​ដែរ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​អ្នក​កាត់​ចិត្ត​ធ្វើ​ដូច្នេះ នេះ​មិន​មែន​កុហក​ដល់​មនុស្ស​ទេ គឺ​ឈ្មោះ​ថា​កុហក​ដល់​ព្រះ​វិញ ៥ កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ៦ នោះ​ពួក​កំឡោះៗ​ក្រោក​ឡើង រុំ​ខ្មោច​យក​ទៅ​កប់ ៧ នៅ​គ្រា​ប្រហែល​ជា​៣​ម៉ោង​ក្រោយ​មក​ប្រពន្ធ​គាត់​ក៏​ចូល​មក ឥត​ដឹង​ការ​ដែល​កើត​មក​នោះ​សោះ ៨ ពេត្រុស​សួរ​ថា សូម​ប្រាប់​ខ្ញុំ តើ​បាន​លក់​ដី​ថ្លៃ​ប៉ុណ្ណោះ​មែន​ឬ នាង​ឆ្លើយ​តប​ថា ចាស ពិត​មែន​ហើយ ៩ រួច​ពេត្រុស​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ព្រម​ព្រៀង​គ្នា និង​ល្បង​ដល់​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដូច្នេះ មើល ពួក​អ្នក​ដែល​កប់​ខ្មោច​ប្តី​អ្នក គេ​មក​ដល់​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​អ្នក​យក​ទៅ​ដែរ ១០ នោះ​ស្រាប់​តែ​នាង​ដួល​ដាច់​ខ្យល់​១​រំពេច នៅ​ទៀប​ជើង​ពេត្រុស​ទៀត កាល​ពួក​កំឡោះ​បាន​ចូល​មក ឃើញ​នាង​ស្លាប់ នោះ​ក៏​សែង​យក​ទៅ​កប់ នៅ​ជិត​ខ្មោច​ប្តី​ទៅ ១១ រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន និង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។

ក្រុម​សាវ័ក​សំដែង​ការ​អស្ចារ្យ​ផ្សេងៗ

១២ មាន​ទី​សំគាល់ និង​ការ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​កើត​មក​ក្នុង​ពួក​ជំនុំ ដោយសារ​ដៃ​ពួក​សាវ័ក (គេ​បាន​ស្រុះ​ចិត្ត​ទាំង​អស់​គ្នា នឹង​នៅ​ក្នុង​បាំងសាច​សាឡូម៉ូន ១៣ ឯ​អ្នក​ឯ​ទៀត មិន​ហ៊ាន​ចូល​ក្នុង​ពួក​គេ​ឡើយ តែ​ប្រជាជន​សរសើរ​ដល់​គេ ១៤ ហើយ​ពួក​អ្នក​ដែល​ជឿ​ដល់​ព្រះអម្ចាស់ ក៏​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង មាន​មនុស្ស​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី) ១៥ ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្ស ដែល​មាន​ជំងឺ​ផ្សេងៗ ចេញ​មក​នៅ​ផ្លូវ ផ្តេក​លើ​គ្រែ និង​ពូក ដើម្បី​កាល​ណា​ពេត្រុស​ដើរ​មក នោះ​សូម្បី​ហោច​ណាស់ ឲ្យ​គ្រាន់​តែ​ស្រមោល​គាត់ ចោល​ទៅ​លើ​ពួក​នោះ​ខ្លះ​ប៉ុណ្ណោះ ១៦ ឯ​បណ្តា​មនុស្ស ដែល​នៅ​អស់​ទាំង​ស្រុក​ជុំវិញ​ក្រុង​យេរូសាឡិម គេ​ក៏​មូល​គ្នា នាំ​ទាំង​មនុស្ស​មាន​ជំងឺ​មក ព្រម​ទាំង​មនុស្ស​អារក្សអសោច​ចូល​ផង ហើយ​គេ​បាន​ជា​ទាំង​អស់​គ្នា។

ក្រុម​សាវ័ក​ត្រូវ​គេ​បៀត​បៀន

១៧ រីឯ​សំដេច​សង្ឃ និង​អស់​អ្នក​នៅ​ជា​មួយ​នឹង​លោក ដែល​នៅ​ខាង​ពួក​សាឌូស៊ី គេ​លើក​គ្នា​ឡើង ដោយ​មាន​សេចក្តី​កំហឹង​ដ៏​ពោរពេញ ១៨ ក៏​ចាប់​ពួក​សាវ័ក​យក​ទៅ​ឃុំ​ទុក ១៩ ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះអម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា ២០ ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះវិហារ ឲ្យ​បណ្តាជន​ស្តាប់​អស់​ទាំង​ព្រះបន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ ២១ កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះវិហារ​ពី​ព្រលឹម ឯ​សំដេច​សង្ឃ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុមជំនុំ និង​ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវ័ក​មក ២២ គេ​ក៏​បាន​ទៅ​ដល់​គុក​តែ​មិន​ឃើញ​ពួក​សាវ័ក​នៅ​ក្នុង​គុក​ទេ រួច​ត្រឡប់​មក​វិញ​ជំរាប​ថា ២៣ យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ទាំង​ប្រយ័ត្ន​គ្រប់​ជំពូក ព្រម​ទាំង​មាន​ពួក​យាម​ល្បាត​ឈរ​នៅ​មាត់​ទ្វារ​ផង តែ​កាល​បាន​បើក​ទៅ នោះ​មិន​ឃើញ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ទី​នោះ​សោះ ២៤ កាល​មេ​ទ័ព​រក្សា​ព្រះវិហារ និង​ពួក​សង្គ្រាជ​បាន​ឮ​ដូច្នោះ នោះ​ក៏​វល់​ក្នុង​ចិត្ត​ពី​ដំណើរ​ពួក​នោះ ដែល​កើត​ជា​យ៉ាង​ណា ២៥ តែ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា មើល ពួក​មនុស្ស​ដែល​លោក​បាន​ដាក់​គុក​នោះ ឥឡូវ​នេះ គេ​កំពុង​តែ​ឈរ​បង្រៀន​ដល់​ពួក​ជន នៅ​ក្នុង​ព្រះវិហារ​វិញ ២៦ នោះ​មេ​ទ័ព និង​ពួក​អាជ្ញា ក៏​ទៅ​នាំ​គេ​មក ដោយ​ឥត​មាន​គំហកកំហែង​សោះ ដ្បិត​ខ្លាច​ក្រែង​បណ្តាជន​ចោល​ខ្លួន​នឹង​ថ្ម ២៧ កាល​បាន​នាំ​មក​ដាក់​នៅ​មុខ​ក្រុមជំនុំ​ហើយ នោះ​សំដេច​សង្ឃ​ស្តី​ថា ២៨ តើ​យើង​មិន​បាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្តី​នោះ នៅ​ពេញ​ក្រុង​យេរូសាឡិម​ទាំង​មូល​វិញ ព្រម​ទាំង​គិត​ទំលាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង ២៩ តែ​ពេត្រុស និង​ពួក​សាវ័ក​ឯ​ទៀត ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស ៣០ រីឯ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រោស​ព្រះយេស៊ូវ ដែល​លោក​រាល់​គ្នា​បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ៣១ ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយសារ​ព្រះហស្ត​ស្តាំ ឲ្យ​ធ្វើ​ជា​ព្រះអម្ចាស់ នឹង​ជា​ព្រះអង្គ​សង្គ្រោះ ដើម្បី​នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប ៣២ យើង​ខ្ញុំ​នេះ ព្រម​ទាំង​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ទ្រង់​ពី​ការ​ទាំង​នោះ។ ៣៣ លុះ​កាល​ពួក​ក្រុមជំនុំ​បាន​ឮ នោះ​គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ពួក​សាវ័ក​ចេញ ៣៤ ប៉ុន្តែ មាន​ពួក​ផារិស៊ី​ម្នាក់ ឈ្មោះ​កាម៉ាលាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​មនុស្ស​ទាំង​អស់​រាប់​អាន លោក​ឈរ​ឡើង​ក្នុង​ក្រុមជំនុំ បង្គាប់​ឲ្យ​បញ្ចេញ​ពួក​សាវ័ក​ទៅ​ខាង​ក្រៅ​បន្តិច​សិន ៣៥ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ក្រុមជំនុំ​ថា ពួក​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​ប្រយ័ត្ន​ខ្លួន ពី​ដំណើរ​មនុស្ស​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​គិត​ធ្វើ​អ្វី​ដល់​គេ ៣៦ ដ្បិត​ពី​ដើម​មាន​ឈ្មោះ​ធើដាស លើក​ខ្លួន​ឡើង​ថា​ជា​អ្វីៗ ក៏​មាន​មនុស្ស​ចំនួន​ជា​៤​រយ​នាក់​បាន​ចូល​ពួក​វា តែ​វា​ត្រូវ​គេ​សំឡាប់​ទៅ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ចុះ​ចូល​ចំពោះ​វា ក៏​ត្រូវ​ខ្ចាត់ខ្ចាយ​សូន្យ​អស់​ទៅ​ដែរ ៣៧ ក្រោយ​នោះ​មក នៅ​វេលា​ធ្វើ​បញ្ជី​កត់​ត្រា​រាស្ត្រ នោះ​មាន​ឈ្មោះ​យូដាស ជា​អ្នក​ស្រុក​កាលីឡេ​ទៀត បាន​លើក​ខ្លួន​ឡើង បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​ខ្លួន វា​ក៏​វិនាស​បាត់​ទៅ​ដែរ ហើយ​ពួក​អ្នក​ដែល​ចុះ​ចូល​តាម ក៏​ត្រូវ​ខ្ចាត់ខ្ចាយ​ទាំង​អស់​គ្នា​ទៅ ៣៨ ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន ៣៩ តែ​បើ​កើត​មក​ពី​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នក​រាល់​គ្នា​ជាប់​ទោស​ជា​ពួក​អ្នក​តយុទ្ធ​នឹង​ព្រះ​ដែរ ៤០ ពួក​ក្រុមជំនុំ​ក៏​យល់​ព្រម​តាម​គំនិត​លោក រួច​កាល​បាន​ហៅ​ពួក​សាវ័ក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាម​ឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះនាម​ព្រះយេស៊ូវ​ទៀត រួច​លែង​ឲ្យ​ទៅ ៤១ ពួក​សាវ័ក​ក៏​ចេញ​ពី​ពួក​ក្រុមជំនុំ​ទៅ ដោយ​អរ​សប្បាយ ពី​ព្រោះ​ព្រះ​បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្តី​ដំនៀល ដោយ​ព្រោះ​ព្រះនាម​ទ្រង់ ៤២ ហើយ​អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ នៅ​ក្នុង​ព្រះវិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច។

កិច្ចការ ៦

ការ​ជ្រើសរើស​ក្រុម​ប្រាំ​ពីរ​រូប

១ នៅ​គ្រា​នោះ កាល​ពួក​សិស្ស​បាន​ចំរើន​ច្រើន​ឡើង នោះ​ពួក​ហេលេនចាប់​តាំង​រទូរទាំ​ទាស់​នឹង​ពួក​ហេព្រើរ អំពី​ការ​ចែក​ចាយ​រាល់​តែ​ថ្ងៃ ដោយ​ព្រោះ​គេ​តែង​ធ្វេស​ការ​នឹង​ស្រី​មេម៉ាយ​របស់​ពួក​ហេលេន​នោះ ២ ពួក​សាវ័ក​១២​នាក់​ក៏​ហៅ​សិស្ស​ទាំង​អស់​មក​និយាយ​ថា មិន​គួរ​គប្បី​ឲ្យ​យើង​ខ្ញុំ​ទុក​ព្រះបន្ទូល​ចោល ដើម្បី​នឹង​ទៅ​បំរើ​តុ​ទេ ៣ ដូច្នេះ បង​ប្អូន​អើយ ចូរ​រើស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត​ត្រា​លើ​ការងារ​នេះ ៤ ឯ​យើង​ខ្ញុំ នឹង​ខំ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន និង​ការ​ផ្សាយ​ព្រះបន្ទូល​វិញ ៥ សេចក្តី​នោះ​ក៏​ពេញ​ចិត្ត​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​គេ​រើស​យក​ស្ទេផាន​១ ជា​មនុស្ស​ពេញ​ដោយ​សេចក្តី​ជំនឿ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព​១ ប្រូខូរ៉ុស​១ នីកាន័រ​១ ទីម៉ូន​១ ប៉ាមេណា​១ និង​នីកូឡាស ជា​អ្នក​ស្រុក​អាន់ទីយ៉ូក ដែល​ចូល​សាសន៍១ ៦ ក៏​នាំ​អ្នក​ទាំង​នោះ​មក​នៅ​ចំពោះ​មុខ​ពួក​សាវ័ក កាល​ពួក​សាវ័ក​បាន​អធិស្ឋាន​រួច​ហើយ នោះ​ក៏​ដាក់​ដៃ​លើ​អ្នក​ទាំង​៧​នាក់​នោះ ៧ ព្រះបន្ទូល​ក៏​បាន​ផ្សាយ​ទៅ​កាន់​តែ​ច្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្ស បាន​ចំរើន​ឡើង​ក្រៃលែង នៅ​ក្រុង​យេរូសាឡិម ឯ​ពួក​សង្ឃ ក៏​មាន​សន្ធឹក​ចុះ​ចូល​ជឿ​ដែរ។

លោក​ស្ទេផាន​ត្រូវ​គេ​ចាប់​ខ្លួន

៨ ឯ​ស្ទេផាន ដែល​ពេញ​ដោយ​សេចក្តី​ជំនឿ និង​ព្រះចេស្តា គាត់​ក៏​ធ្វើ​ការ​អស្ចារ្យ និង​ទី​សំគាល់​យ៉ាង​ធំ​នៅ​ក្នុង​ពួក​ជន ៩ គ្រា​នោះ មាន​អ្នក​ខ្លះ​ក្នុង​ពួក​ដែល​ហៅ​ថា ពួក​អ្នក​បំរោស និង​ពួក​ស្រុក​គីរេន ពួក​ស្រុក​អ័លេក្សានទ្រា ពួក​អ្នក​មក​ពី​ស្រុក​គីលីគា ហើយ​ស្រុក​អាស៊ី គេ​លើក​គ្នា​មក​ជជែក​នឹង​ស្ទេផាន ១០ តែ​គេ​ពុំ​អាច​ដើម្បី​ទប់​ទល់​នឹង​ប្រាជ្ញា ហើយ​និង​ព្រះវិញ្ញាណ ដែល​គាត់​អាង​នឹង​និយាយ​នោះ​បាន​ទេ ១១ នោះ​គេ​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​បង្កាច់​ថា យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ ហើយ​ដល់​ព្រះ​ផង ១២ អ្នក​ទាំង​នោះ​ក៏​ញុះញង់​ដល់​បណ្តាជន ពួក​ចាស់ទុំ និង​ពួក​អាចារ្យ រួច​នាំ​គ្នា​ទៅ​ចាប់​គាត់ យក​ទៅ​ដល់​ពួក​ក្រុមជំនុំ ១៣ គេ​តាំង​ឲ្យ​មាន​សាក្សី​ក្លែង​និយាយ​ថា មនុស្ស​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រមាថ​ដល់​ទី​បរិសុទ្ធ និង​ក្រឹត្យវិន័យ ១៤ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​វា​ថា ឈ្មោះ​យេស៊ូវ ពី​ស្រុក​ណាសារ៉ែត​នោះ នឹង​បំផ្លាញ​ទី​នេះ​បង់ ព្រម​ទាំង​បំផ្លាស់​បំប្រែ​ទំនៀមទំលាប់ ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​រាល់​គ្នា​ចេញ ១៥ តែ​អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុមជំនុំ ក៏​ជាប់​ភ្នែក​មើល​មុខ​គាត់ ឃើញ​ដូច​ជា​មុខ​ទេវតា។

កិច្ចការ ៧

សុន្ទរកថា​របស់​ស្ទេផាន

១ នោះ​សំដេច​សង្ឃ​សួរ​ថា សេចក្តី​ទាំង​នេះ​ត្រូវ​ឬ​ទេ ២ ស្ទេផាន​ឆ្លើយ​ថា ឱ​អ្នក​រាល់​គ្នា​ជា​បង​ប្អូន ជា​ឪពុក​អើយ សូម​ស្តាប់​សិន ព្រះ​ដ៏​មាន​សិរីល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន ៣ ហើយ​មាន​ព្រះបន្ទូល​ប្រាប់​លោក​ថា «ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្តាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ» ៤ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ លុះ​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ ៥ ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក និង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង ៦ ហើយ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​បែប​ដូច្នេះ គឺ​ពូជ​លោក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​ចាប់​គេ​ធ្វើ​ជា​ខ្ញុំ​កំដរ ព្រម​ទាំង​ធ្វើ​ទុក្ខ​គេ​គ្រប់​៤០០​ឆ្នាំ ៧ ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៀត​ថា «អញ​នឹង​ជំនុំជំរះ​សាសន៍​នោះ ដែល​ចាប់​គេ​ទៅ​បំរើ ក្រោយ​នោះ គេ​នឹង​ចេញ​មក​គោរព​ប្រតិបត្តិ​ដល់​អញ នៅ​ទី​នេះ​វិញ» ៨ ទ្រង់​ក៏​តាំង​សេចក្តី​សញ្ញា​ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។ ៩ ឯ​ពួក​ឰយុកោ​ទាំង​នោះ ក៏​លក់​យ៉ូសែប​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​លោក ១០ ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ទាំង​អស់​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាងវៃ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ និង​លើ​ព្រះរាជវាំង​ទាំង​មូល​ផង ១១ រីឯ​នៅ​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន ក៏​កើត​មាន​អំណត់​អត់​បាយ​គ្រប់​កន្លែង មាន​សេចក្តី​វេទនា​ជា​ខ្លាំង ហើយ​ពួក​ឰយុកោ​នៃ​យើង​រាល់​គ្នា គេ​រក​អ្វី​នឹង​ចិញ្ចឹម​ជីវិត​មិន​បាន ១២ នោះ​លោក​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ក៏​ចាត់​ប្រើ​ពួក​ឰយុកោ​យើង ឲ្យ​ទៅ​ជា​ជាន់​មុន​ដំបូង ១៣ លុះ​ដល់​លើក​ទី​២ ទើប​លោក​យ៉ូសែប​បាន​ឲ្យ​បង​ប្អូន​ស្គាល់​ខ្លួន ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​នៃ​លោក​យ៉ូសែប​ដែរ ១៤ រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក និង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក ១៥ ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ស្លាប់​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ឰយុកោ​យើង​ដែរ ១៦ គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រាហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។ ១៧ កាល​ជិត​ដល់​កំណត់​នៃ​សេចក្តី​សន្យា ដែល​ព្រះ​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ​ហើយ នោះ​សាសន៍​យើង​ក៏​ចំរើន​ជា​ច្រើន​ឡើង នៅ​ស្រុក​អេស៊ីព្ទ ១៨ ដរាប​ដល់​មាន​ស្តេច​១​ទៀត​សោយ​រាជ្យ​ឡើង ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ ១៩ ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​ឰយុកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូនង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ ២០ នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ ២១ កាល​គេ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​វិញ នោះ​ព្រះរាជបុត្រី​ផារ៉ោន​ក៏​យក​ទៅ​ចិញ្ចឹម ទុក​ជា​កូន​បង្កើត ២២ លោក​បាន​រៀនសូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី និង​ការ​ធ្វើ​យ៉ាង​ចំណាន ២៣ កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​បង​ប្អូន​ខ្លួន ២៤ លុះ​បាន​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​បង​ប្អូន​ខ្លួន​ម្នាក់ នោះ​ក៏​ជួយ​ការពារ ហើយ​សងសឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន ដោយ​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​បង់ ២៥ ដ្បិត​លោក​ស្មាន​ថា បង​ប្អូន​លោក​នឹង​យល់​ថា ព្រះ​ទ្រង់​ប្រទាន​សេចក្តី​សង្គ្រោះ​មក ដោយសារ​ដៃ​លោក តែ​គេ​មិន​បាន​យល់​ទេ ២៦ លុះ​ថ្ងៃ​ក្រោយ​មក កំពុង​ដែល​មាន​គេ​ប្រឈ្លោះ​គ្នា នោះ​លោក​មក​ដល់ ក៏​ទូន្មាន​ឲ្យ​ស្រុះ​ស្រួល​នឹង​គ្នា​វិញ ដោយ​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ ២៧ តែ​អ្នក​១​ដែល​កំពុង​តែ​ធ្វើ​បាប​ដល់​អ្នក​ជិត​ខាង ក៏​ច្រាន​លោក​ចេញ​ដោយ​ពាក្យ​ថា តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅក្រម​លើ​យើង ២៨ តើ​ចង់​សំឡាប់​អញ ដូច​ជា​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ ពី​ថ្ងៃ​ម្សិលមិញ​ឬ​អី ២៩ កាល​ឮ​ពាក្យ​នោះ លោក​ម៉ូសេ​ក៏​រត់​ភៀស​ទៅ​ស្នាក់​នៅ​ស្រុក​ម៉ាឌាន​ទៅ ហើយ​បង្កើត​បាន​កូន​ប្រុស​២​នៅ​ស្រុក​នោះ​ឯង។ ៣០ លុះ​ក្រោយ​មក​៤០​ឆ្នាំ នោះ​ទេវតា​នៃ​ព្រះអម្ចាស់​លេច​មក ឲ្យ​លោក​ម៉ូសេ​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​ត្រង់​ទី​រហោស្ថាន​ភ្នំ​ស៊ីណាយ ៣១ កាល​លោក​ឃើញ នោះ​ក៏​ឆ្ងល់​នឹង​ការ​ជាក់​ស្តែង​នោះ រួច​លោក​ចូល​ទៅ​ជិត ដើម្បី​នឹង​ពិនិត្យ​មើល ស្រាប់​តែ​ឮ​សំឡេង​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ថា ៣២ «អញ​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ម៉ូសេ​ក៏​ញ័ររន្ធត់ មិន​ហ៊ាន​មើល​ឡើយ ៣៣ រួច​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​លោក​ថា «ចូរ​ដោះ​ស្បែក​ជើង​ឯង​ចេញ ដ្បិត​កន្លែង​ដែល​ឯង​ឈរ​នោះ​ជា​ដី​បរិសុទ្ធ ៣៤ អញ​បាន​ឃើញ​សេចក្តី​ទុក្ខ​លំបាក ដែល​គេ​ធ្វើ​ដល់​រាស្ត្រ​អញ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​ឮ​សូរ​ដំងូរ​របស់​គេ​ដែរ ហេតុ​នោះ​បាន​ជា​អញ​ចុះ​មក ដើម្បី​ប្រោស​ឲ្យ​គេ​រួច ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ» ៣៥ ឯ​លោក​ម៉ូសេ​នេះ ដែល​គេ​មិន​ព្រម​ទទួល ដោយ​ថា «តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅក្រម»ដូច្នេះ គឺ​លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​អ្នក​ជួយ​ឲ្យ​រួច ដោយសារ​ព្រះហស្ត​នៃ​ទេវតា ដែល​លេច​មក​ឲ្យ​លោក​ឃើញ ក្នុង​គុម្ព​បន្លា​នោះ ៣៦ លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ និង​ទី​សំគាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម ហើយ​នៅ​ទី​រហោស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ ៣៧ គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ដល់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ថា «ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ជា​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ​ចុះ» ៣៨ គឺ​លោក​នេះ​ឯង ដែល​បាន​នៅ​ក្នុង​ពួក​ជំនុំ​នៅ​ទី​រហោស្ថាន​ជា​មួយ​នឹង​ទេវតា ដែល​មាន​ព្រះបន្ទូល​នឹង​លោក នៅ​លើ​ភ្នំ​ស៊ីណាយ ហើយ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដែល​បាន​ទទួល​ព្រះបន្ទូល​រស់ សំរាប់​នឹង​បន្ត​មក​ដល់​យើង​រាល់​គ្នា​ដែរ ៣៩ តែ​ពួក​ឰយុកោ​យើង​មិន​ព្រម​ចុះ​ចូល​នឹង​លោក​ទេ គេ​ផាត់​លោក​ចោល ហើយ​នឹក​រឭក​ដល់​ស្រុក​អេស៊ីព្ទ​វិញ ៤០ ដោយ​និយាយ​នឹង​អើរ៉ុន​ថា «ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា ដែល​នឹង​នាំ​មុខ​យើង​ផង ដ្បិត​ឯ​លោក​ម៉ូសេ​នោះ ដែល​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​មាន​កើត​គ្រោះ​ថ្នាក់​អ្វី​ដល់​លោក​ទេ» ៤១ នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​១ រួច​ថ្វាយ​យញ្ញបូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ ៤២ នោះ​ព្រះ​ទ្រង់​ផ្លាស់​ប្រែ​ទៅ​ជា​បញ្ជូន​គេ ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ​វិញ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក ក្នុង​គម្ពីរ​ពួក​ហោរា​ថា «ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដែល​ឯង​រាល់​គ្នា​បាន​សំឡាប់​សត្វ​ថ្វាយ​ជា​យញ្ញបូជា នៅ​ទី​រហោស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នោះ ៤៣ ព្រម​ទាំង​រើស​យក​បារាំ​របស់​ព្រះម៉ូឡុក និង​ផ្កាយ​របស់​ព្រះរេមផាន់ ជា​រូប​ដែល​ឯង​បាន​ធ្វើ សំរាប់​នឹង​ថ្វាយ​បង្គំ​ផង នោះ​តើ​បាន​ថ្វាយ​ដល់​អញ​ឬ ដូច្នេះ អញ​នឹង​និរទេស​ឯង​រាល់​គ្នា ឲ្យ​ទៅ​នៅ​ខាង​នាយ​ស្រុក​បាប៊ីឡូន​វិញ»។ ៤៤ រីឯ​រោង​ឧបោសថនៃ​សេចក្តី​បន្ទាល់ នោះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា នៅ​ទី​រហោស្ថាន ដូច​ជា​ព្រះ​បាន​បង្គាប់​មក ឲ្យ​លោក​ម៉ូសេ​ធ្វើ​តាម​គំរូ ដែល​លោក​បាន​ឃើញ ៤៥ ពួក​ឰយុកោ​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក ជា​មួយ​នឹង​លោក​យ៉ូស្វេ ក្នុង​កាល​ដែល​គេ​ចាប់​យក​អស់​ទាំង​នគរ​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ​បាន​បណ្តេញ​ពី​មុខ​ពួក​ឰយុកោ​យើង​ចេញ ដរាប​ដល់​រាជ្យ​ហ្លួង​ដាវីឌ។ ៤៦ រីឯ​ហ្លួង​ដាវីឌ​នេះ ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ទ្រង់ ហើយ​ស្តេច​ទ្រង់​មាន​ព្រះទ័យ​ប្រាថ្នា​ចង់​រក​ទី​លំនៅ​សំរាប់​ព្រះ​នៃ​យ៉ាកុប ៤៧ តែ​គឺ​ហ្លួង​សាឡូម៉ូន​វិញ ដែល​ស្អាង​ដំណាក់​១​ថ្វាយ​ដល់​ព្រះ ៤៨ ប៉ុន្តែ ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ព្រះវិហារ ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​ឡើយ​ដូច​ជា​ហោរា​បាន​ទាយ​ថា ៤៩ «ស្ថានសួគ៌​ជា​បល្ល័ង្ក​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា តើ​ឯង​រាល់​គ្នា​នឹង​ស្អាង​ដំណាក់​ណា​ឲ្យ​អញ ឬ​កន្លែង​ណា​ឲ្យ​អញ​ឈប់​សំរាក​បាន ៥០ តើ​មិន​មែន​ដៃ​អញ ដែល​បង្កើត​របស់​ទាំង​នេះ​ទេ​ឬ​អី» ៥១ ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ ៥២ តើ​មាន​ហោរា​ណា​មួយ ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​គេ​បាន​សំឡាប់​ពួក​អ្នក ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់ ហើយ​សំឡាប់​ព្រះអង្គ​នោះ ៥៣ អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យវិន័យ ដោយ​ព្រះ​ចាត់ចែង​ពួក​ទេវតា​មក តែ​មិន​បាន​កាន់​តាម​សោះ។

បណ្តាជន​សំឡាប់​ស្ទេផាន

៥៤ កាល​បាន​ឮ​សេចក្តី​ទាំង​នោះ​ហើយ គេ​កើត​មាន​ចិត្ត​ក្តៅ​ក្រហាយ​ណាស់ ទាំង​សង្កៀត​ធ្មេញ​ដាក់​គាត់​ផង ៥៥ តែ​ដែល​គាត់​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សំឡឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរីល្អ​នៃ​ព្រះ និង​ព្រះយេស៊ូវ​ឈរ​នៅ​ខាង​ព្រះហស្ត​ស្តាំ ៥៦ រួច​គាត់​មាន​វាចា​ថា​មើល ខ្ញុំ​ឃើញ​មេឃ​ចំហ និង​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះហស្ត​ស្តាំ​នៃ​ព្រះ ៥៧ នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់ ៥៨ គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម ឯ​ពួក​ស្មរ​បន្ទាល់ គេ​ក៏​ផ្ញើ​អាវ​គេ​ដាក់​នៅ​ទៀប​ជើង​មនុស្ស​កំឡោះ​ម្នាក់ ឈ្មោះ​សុល ៥៩ គេ​ចោល​ស្ទេផាន​នឹង​ថ្ម កំពុង​ដែល​គាត់​ទូល​អង្វរ​ដល់​ព្រះ​ថា ឱ​ព្រះអម្ចាស់យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​ទូលបង្គំ​ផង ៦០ នោះ​គាត់​លុត​ជង្គង់​ចុះ រួច​ស្រែក​ឡើង​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះអម្ចាស់​អើយ សូម​កុំ​រាប់​បាប​នេះ​ដល់​គេ​ឡើយ កាល​គាត់​បាន​ពោល​ដូច្នោះ​ហើយ នោះ​ក៏​ដេក​លក់​ទៅ ឯ​សុល​ក៏​យល់​ព្រម​ក្នុង​ការ​សំឡាប់​គាត់​ដែរ។

កិច្ចការ ៨

សុល​បៀត​បៀន​ពួក​សិស្ស

១ នៅ​ថ្ងៃ​នោះ​ឯង ក៏​កើត​មាន​សេចក្តី​បៀត​បៀន​ជា​ខ្លាំង ទាស់​នឹង​ពួក​ជំនុំ​នៅ​ក្រុង​យេរូសាឡិម ហើយ​ពួក​ជំនុំ​ត្រូវ​ខ្ចាត់ខ្ចាយ ទៅ​នៅ​តែពាស ក្នុង​ស្រុក​យូដា និង​ស្រុក​សាម៉ារី លើក​តែ​ពួក​សាវ័ក​ចេញ ២ រីឯ​ខ្មោច​ស្ទេផាន នោះ​មាន​ពួក​មនុស្ស​ខ្លះ​ដែល​កោតខ្លាច​ដល់​ព្រះ បាន​នាំ​យក​ទៅ​កប់ ព្រម​ទាំង​យំ​សោក​នឹង​គាត់​ជា​ខ្លាំង​ផង។ ៣ ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក។ ៤ ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះបន្ទូល ៥ ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះគ្រីស្ទ ៦ ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា និង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្តី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សំគាល់​ដែល​គាត់​ធ្វើ ៧ ព្រោះ​មាន​អារក្ស​អសោច ដែល​បាន​ចូល​មនុស្ស​ជា វា​ស្រែក​ឡើង​ជា​ខ្លាំង រួច​ចេញ​មក ក៏​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើន បាន​ជា​ដែរ ៨ ហើយ​នៅ​ទី​ក្រុង​នោះ គេ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង។ ៩ រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ដែល​ពី​ដើម​នាំ​ឲ្យ​សាសន៍​សាម៉ារី​ភាន់ភាំង ដោយ​វិធី​មន្តអាគម​របស់​ខ្លួន ទាំង​ប្រកាស​ខ្លួន​ថា​ជា​អ្នក​ធំ​ណា​មួយ ១០ មនុស្ស​ទាំងឡាយ ចាប់​តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ក៏​ប្រុង​ផ្ចង់​ស្តាប់​គាត់​ទាំង​អស់​គ្នា ដោយ​ថា អ្នក​នេះ​ពិត​ជា​តួ​ព្រះចេស្តា​នៃ​ព្រះ​ដ៏​ធំ​ហើយ ១១ គេ​ប្រុង​ស្តាប់​គាត់ ពី​ព្រោះ​គាត់​នាំ​ឲ្យ​ភាន់​ជា​យូរ​មក​ហើយ ដោយ​មន្តអាគម​របស់​គាត់ ១២ តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​ប្រុស​ទាំង​ស្រី ១៣ ហើយ​ស៊ីម៉ូន​នោះ​ក៏​ជឿ​ដែរ លុះ​គាត់​ទទួល​បុណ្យ​ជ្រមុជ​រួច​ហើយ នោះ​ក៏​នៅ​ជាប់​នឹង​ភីលីព​ជា​ដរាប​ទៅ ហើយ​គាត់​កើត​មាន​សេចក្តី​អស្ចារ្យ ដោយ​បាន​ឃើញ​ទី​សំគាល់ និង​ការ​ឫទ្ធិបារមី​ជា​ធំ​ដែល​កើត​មក។ ១៤ កាល​ពួក​សាវ័ក នៅ​ក្រុង​យេរូសាឡិម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះបន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស និង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ ១៥ លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ១៦ ដ្បិត​ព្រះវិញ្ញាណ​មិន​ទាន់​ចុះ​មក សណ្ឋិត​លើ​ពួក​គេ​ណា​មួយ​នៅ​ឡើយ គេ​គ្រាន់​តែ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ​ប៉ុណ្ណោះ ១៧ ដូច្នេះ អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ១៨ កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​ដោយ​ពួក​សាវ័ក​ដាក់​ដៃ​លើ​គេ​ដូច្នោះ នោះ​គាត់​យក​ប្រាក់​មក​ជូន ដោយ​ពាក្យ​ថា ១៩ សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា ឲ្យ​អ្នក​នោះ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ២០ តែ​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​ឲ្យ​ប្រាក់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា នឹង​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​ព្រះ​បាន​ដូច្នេះ ២១ អ្នក​គ្មាន​ភាគ​គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ស្មោះត្រង់​ចំពោះ​ព្រះ​ទេ ២២ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្តី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន ២៣ ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា អ្នក​នៅ​ក្នុង​សេចក្តី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ដោយ​ចំណង​នៃ​សេចក្តី​ទុច្ចរិត​ផង ២៤ ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះអម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ ២៥ កាល​អ្នក​ទាំង​២​បាន​ប្រឹង​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ប្រាប់​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​រួច​ហើយ នោះ​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ នៅ​ក្នុង​ភូមិ​របស់​សាសន៍​សាម៉ារី​ជា​ច្រើន​តាម​ផ្លូវ​រៀង​ទៅ។

ភីលីព​នាំ​ដំណឹង​ល្អ​ទៅ​ជំរាប​មន្ត្រី​សាសន៍​អេធីយ៉ូពី

២៦ នោះ​ទេវតា​នៃ​ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូសាឡិម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោស្ថាន​ទៅ ២៧ គាត់​ក៏​ក្រោក​ឡើង​ដើរ​ទៅ នោះ​ឃើញ​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ ជា​មនុស្ស​កំរៀវ​ដែល​មាន​អំណាច​ក្រោម​ព្រះនាង​កានដេស មហាក្សត្រី​ដែល​សោយ​រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី លោក​ជា​អ្នក​ត្រួត​ត្រា​លើ​អស់​ទាំង​ព្រះរាជទ្រព្យ​របស់​ស្តេច ហើយ​បាន​មក​ឯ​ក្រុង​យេរូសាឡិម ដើម្បី​នឹង​ថ្វាយ​បង្គំ។ ២៨ លោក​កំពុង​តែ​ជិះ​រថ​ត្រឡប់​ទៅ​វិញ ក៏​មើល​គម្ពីរ​ហោរា​អេសាយ ២៩ ខណៈ​នោះ ព្រះវិញ្ញាណ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ភីលីព​ថា ឲ្យ​ចូល​ទៅ​ប្រកៀក​នឹង​រថ​នោះ​ទៅ ៣០ ភីលីព​ក៏​រត់​ទៅ​តាម ឮ​លោក​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ រួច​សួរ​ថា លោក​មើល​យល់​ឬ​ទេ ៣១ ឯ​លោក​ក៏​ឆ្លើយ​ឡើង​ថា បើ​គ្មាន​អ្នក​ណា​ដឹកនាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យល់​បាន រួច​លោក​ក៏​សូម​ឲ្យ​ភីលីព​ឡើង​ជិះ​រថ​ជា​មួយ​គ្នា ៣២ ឯ​បទ​គម្ពីរ​ដែល​លោក​កំពុង​តែ​មើល​នោះ គឺ​ត្រង់​បទ​នេះ​ថា «ទ្រង់​ត្រូវ​គេ​ដឹកនាំ​ទៅ ដូច​ជា​ដឹក​ចៀម​ទៅ​សំឡាប់ ទ្រង់​មិន​បាន​ហើប​ព្រះឱស្ឋ​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម​វា ៣៣ នៅ​គ្រា​ដែល​ទ្រង់​ត្រូវ​បន្ទាបបន្ថោក នោះ​គេ​បាន​ដក​សេចក្តី​យុត្តិធម៌​ចេញ​ពី​ទ្រង់​ទៅ តើ​អ្នក​ណា​នឹង​ថ្លែង​ពី​ព្រះវង្សា​ទ្រង់​បាន ដ្បិត​គេ​បាន​ដក​ព្រះជន្ម​ទ្រង់​ពី​ផែនដី​ចេញ​ហើយ» ៣៤ អ្នក​កំរៀវ​នោះ​សួរ​ភីលីព​ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ ៣៥ នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ ៣៦ កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា មើល នុ៎ះ​ន៏​ទឹក តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជទឹក​បាន ៣៧ ភីលីព​ឆ្លើយ​ថា បើ​លោក​ជឿ​អស់​ពី​ចិត្ត នោះ​ទទួល​បាន លោក​ឆ្លើយ​ឡើង​ថា ខ្ញុំ​ជឿ​ហើយ ថា​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជ្យបុត្រា​នៃ​ព្រះ ៣៨ នោះ​លោក​បង្គាប់​ឲ្យ​បញ្ឈប់​រថ រួច​ភីលីព និង​អ្នក​កំរៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​២​នាក់ ហើយ​ភីលីព គាត់​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ៣៩ លុះ​ឡើង​ពី​ទឹក​មក នោះ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ទ្រង់​ឆក់​យក​ភីលីព​បាត់​ទៅ ហើយ​អ្នក​កំរៀវ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ ក៏​ទៅ​តាម​ផ្លូវ​ទៅ​ដោយ​អរ​សប្បាយ ៤០ ឯ​ភីលីព គេ​បាន​ឃើញ​គាត់​នៅ​ក្រុង​អាសូត​វិញ គាត់​ក៏​ដើរ​ទៅ​ទាំង​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​អស់​ទាំង​ទី​ក្រុង​រៀង​ទៅ រហូត​ទៅ​ដល់​ក្រុង​សេសារា។

កិច្ចការ ៩

លោក​សុល​ប្រែ​ចិត្ត​គំនិត​ជឿ​ព្រះយេស៊ូវ

១ ឯ​សុល គាត់​នៅ​តែ​បញ្ចេញ​សេចក្តី​គំរាម និង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សំឡាប់ ដល់​ពួក​សិស្ស​នៃ​ព្រះអម្ចាស់​នៅ​ឡើយ ២ ក៏​ទៅ​ឯ​សំដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិបត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯ​ក្រុង​យេរូសាឡិម ៣ ប៉ុន្តែ កំពុង​ដែល​គាត់​ដើរ​តាម​ផ្លូវ ទៅ​ជិត​នឹង​ដល់​ក្រុង​ដាម៉ាស​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​នៅ​ជុំវិញ​ខ្លួន ៤ គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​ព្រះបន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ដល់​ខ្ញុំ​ដូច្នេះ ៥ គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ណា​នុ៎ះ រួច​ព្រះអម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះយេស៊ូវ ដែល​អ្នក​បៀត​បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់ ៦ នោះ​គាត់​ក៏​ញាប់ញ័រ ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ ៧ ឯ​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​គាត់ គេ​ក៏​ឈរ​ស្រឡាំង​កាំង​នៅ ដោយ​បាន​ឮ​សំឡេង​មែន តែ​មិន​ឃើញ​អ្នក​ណា​សោះ ៨ រួច​សុល​ក៏​ក្រោក​ពី​ដី​ឡើង តែ​កាល​គាត់​បើក​ភ្នែក​ហើយ នោះ​មើល​មិន​ឃើញ​អ្វី​ទេ គេ​ក៏​ដឹក​ដៃ​គាត់​នាំ​ទៅ​ឯ​ដាម៉ាស ៩ ក្នុង​រវាង​៣​ថ្ងៃ​គាត់​មើល​មិន​ឃើញ​ឡើយ ក៏​មិន​បរិភោគ​អ្វី​ផង។ ១០ រីឯ​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​ដែល​ហៅ​ថា ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើសុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត​មើល គាត់​កំពុង​តែ​អធិស្ឋាន ១២ ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង ១៣ អាន៉្នានាស​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ នៅ​ក្រុង​យេរូសាឡិម ១៤ ហើយ​នៅ​ទី​នេះ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្គ្រាជ អាច​នឹង​ទៅ​ចាប់​ចង​នូវ​អស់​អ្នក​ណា ដែល​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់​ដែរ ១៥ ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​និង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង ១៦ ដ្បិត​ខ្ញុំ​នឹង​បង្ហាញ ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាលម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ១៧ ដូច្នេះ អាន៉្នានាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ និយាយ​ថា អ្នក​សុល​អើយ ព្រះអម្ចាស់ គឺ​ព្រះយេស៊ូវ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​អ្នក​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​អ្នក​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ១៨ ស្រាប់​តែ​មាន​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​គាត់​មក ហើយ​គាត់​ក៏​បាន​ភ្លឺ​ជា​១​រំពេច រួច​ក្រោក​ឡើង​ទទួល​បុណ្យ​ជ្រមុជទឹក ១៩ ហើយ​ក្រោយ​ដែល​គាត់​បាន​បរិភោគ នោះ​ក៏​មាន​កំឡាំង​ឡើង​វិញ។

សុល​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ដាម៉ាស

២០ សុល​ក៏​នៅ​ក្រុង​ដាម៉ាស ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ថ្ងៃ នោះ​ស្រាប់​តែ​គាត់​ប្រកាស​ប្រាប់​ពី​ព្រះយេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ថា ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ២១ ឯ​អស់​អ្នក​ដែល​ឮ ក៏​មាន​សេចក្តី​ងឿងឆ្ងល់ ហើយ​គេ​និយាយ​ថា តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវនាវ​ដល់​ព្រះនាម​នោះ នៅ​ក្រុង​យេរូសាឡិម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ ២២ តែ​សុល គាត់​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ក៏​ផ្ទុញផ្ទាល់​ដល់​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ដាម៉ាស​វិញ ដោយ​សំដែង​បញ្ជាក់​ពី​ព្រះអង្គ​នេះ​ថា ទ្រង់​ជា​ព្រះគ្រីស្ទ​ពិត​មែន ២៣ លុះ​យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា គេ​ពិគ្រោះ​គ្នា​នឹង​សំឡាប់​គាត់​ចេញ ២៤ គេ​ក៏​ចាំ​ទ្វា​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សំឡាប់​គាត់ តែ​សុល​បាន​ដឹង​ពី​ឧបាយកល​របស់​គេ​ដែរ ២៥ ហើយ​ក្នុង​វេលា​យប់ ពួក​សិស្ស​យក​កញ្ជើ​មក​ដាក់​គាត់​សំរូត​ចុះ​តាម​កំផែង​ក្រុង​ទៅ។

សុល​នៅ​ក្រុង​យេរូសាឡិម

២៦ កាល​សុល​បាន​មក​ដល់​ក្រុង​យេរូសាឡិម នោះ​គាត់​ខំ​ចូល​ទៅ​ឯ​ពួក​សិស្ស តែ​គេ​ខ្លាច​គាត់​ទាំង​អស់​គ្នា គេ​មិន​ជឿ​ថា គាត់​ជា​សិស្ស​ទេ ២៧ តែ​បាណាបាស​នាំ​គាត់​ទៅ​ឯ​ពួក​សាវ័ក រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​គាត់​បាន​ឃើញ​ព្រះអម្ចាស់​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​គាត់ ក៏​និយាយ​ពី​បែប​យ៉ាង​ណា ដែល​គាត់​មាន​ចិត្ត​ក្លាហាន​នឹង​អធិប្បាយ ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវ នៅ​ក្រុង​ដាម៉ាស​ផង ២៨ គាត់​ក៏​នៅ​ជា​មួយ​នឹង​គេ​ក្នុង​ក្រុង​យេរូសាឡិម ទាំង​ចេញ​ចូល ហើយ​បាន​អធិប្បាយ ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ ដោយ​ក្លាហាន ២៩ គាត់​សំដែង​ហើយ​ជជែក​ជា​មួយ​នឹង​ពួក​ហេលេន តែ​ពួក​នោះ​រក​រឿង​សំឡាប់​គាត់​វិញ ៣០ បាន​ជា​កាល​ពួក​បង​ប្អូន​បាន​ដឹង នោះ​គេ​ជូន​គាត់​ទៅ​ត្រឹម​សេសារា រួច​ឲ្យ​ទៅ​ឯ​តើសុស ៣១ នៅ​គ្រា​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​គ្រប់​ក្នុង​ស្រុក​យូដា ស្រុក​កាលីឡេ និង​ស្រុក​សាម៉ារី ក៏​មាន​សេចក្តី​សុខ​សាន្ត ហើយ​មាន​ចិត្ត​ស្អាង​ឡើង ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ ដោយ​ជឿន​ទៅ​មុខ ក្នុង​សេចក្តី​កោតខ្លាច ដល់​ព្រះអម្ចាស់ និង​ក្នុង​សេចក្តី​កំសាន្ត​ចិត្ត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។

ពេត្រុស​ប្រោស​អេនាស​ឲ្យ​ជា

៣២ រីឯ​ពេត្រុស កំពុង​ដែល​គាត់​ដើរ​ចុះ​ឡើង​គ្រប់​កន្លែង នោះ​ក៏​ចុះ​ទៅ​ឯ​ពួក​បរិសុទ្ធ​នៅ​ភូមិ​លីដា​ដែរ ៣៣ នៅ​ទី​នោះ​គាត់​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ អេនាស មាន​ជំងឺ​ឈឺ​ស្លាប់​ដៃ​ជើង ដេក​នៅ​តែ​លើ​គ្រែ អស់​៨​ឆ្នាំ​មក​ហើយ ៣៤ ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះយេស៊ូវ​ដ៏​ជា​ព្រះគ្រីស្ទ ទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម ៣៥ ឯ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ភូមិ​លីដា និង​ស្រុក​សារ៉ូន ក៏​ឃើញ​គាត់ ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះអម្ចាស់។

នាង​តេប៊ីថា​រស់​ឡើង​វិញ

៣៦ នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន ៣៧ នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ កាល​គេ​បាន​ផ្ងូត​ទឹក​រូប​នាង​ហើយ នោះ​ក៏​យក​ទៅ​ដាក់​នៅ​ឯ​បន្ទប់​ខាង​លើ ៣៨ រួច​ដោយ​ព្រោះ​ភូមិ​លីដា​នៅ​ជិត​យ៉ុបប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា ពេត្រុស​នៅ​ទី​នោះ បាន​ជា​គេ​ប្រើ​២​នាក់​ឲ្យ​ទៅ​រក​គាត់ ដើម្បី​នឹង​សូម​អង្វរ​ឲ្យ​មក​ឯ​គេ​ដោយ​ឥត​បង្អង់ ៣៩ ពេត្រុស​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ កាល​បាន​ដល់​ហើយ នោះ​គេ​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​នោះ ហើយ​ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ និង​សំលៀកបំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ ៤០ តែ​ពេត្រុស​បណ្តេញ​គេ​ទៅ​ក្រៅ​ទាំង​អស់ ក៏​លុត​ជង្គង់​អធិស្ឋាន រួច​គាត់​បែរ​ខ្លួន​ទៅ​ឯ​រូប​បុគ្គល​នោះ និយាយ​ថា តេប៊ីថា​អើយ ចូរ​នាង​ក្រោក​ឡើង នាង​ក្រោក​ឡើង នាង​ក៏​បើក​ភ្នែក​ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ ៤១ គាត់​ក៏​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​គាត់​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្រី​មេម៉ាយ​មក ប្រគល់​នាង​ទៅ​គេ​ទាំង​រស់ ៤២ មនុស្ស​ទាំងឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះអម្ចាស់ ៤៣ រួច​គាត់​ក៏​អាស្រ័យ​នៅ​យ៉ុបប៉េ ក្នុង​ផ្ទះ​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ។

កិច្ចការ ១០

កូនេលាស​ប្រែ​ចិត្ត​គំនិត​ជឿ​ព្រះអម្ចាស់

១ រីឯ​នៅ​ក្រុង​សេសារា មាន​មនុស្ស​ម្នាក់​ឈ្មោះ​កូនេលាស ជា​មេ​លើ​កងទ័ព ដែល​ហៅ​ថា កងទ័ព​អ៊ីតាលី ២ ជា​អ្នក​គោរព ហើយ​កោតខ្លាច​ដល់​ព្រះ ព្រម​ទាំង​ពួក​គ្រួសារ​របស់​លោក​ទាំង​អស់​ផង លោក​ក៏​ដាក់​ទាន​ជា​ច្រើន​ដល់​ពួក​ជន ហើយ​អំពាវនាវ​ដល់​ព្រះ​ជានិច្ច ៣ លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ច្បាស់ ប្រហែល​ជា​ម៉ោង​៣​រសៀល គឺ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​មក​ឯ​លោក ពោល​ថា កូនេលាស​អើយ ៤ លោក​ក៏​សំឡឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ តើ​មាន​ការ​អ្វី ទេវតា​ប្រាប់​ថា សេចក្តី​អធិស្ឋាន និង​ការ​ដាក់​ទាន​របស់​អ្នក បាន​ឡើង​ទៅ​ទុក​ជា​សេចក្តី​រំឭក នៅ​ចំពោះ​ព្រះ​ហើយ ៥ ដូច្នេះ ចូរ​អ្នក​ប្រើ​គេ​ឲ្យ​ទៅ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​មាន​ឈ្មោះ​ថា ពេត្រុស ឲ្យ​មក​ឥឡូវ ៦ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ អ្នក​នោះ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​យ៉ាង​ណា ៧ កាល​ទេវតា ដែល​និយាយ​មក​លោក បាន​ចេញ​ទៅ​បាត់​ហើយ នោះ​លោក​ហៅ​អ្នក​បំរើ​២​នាក់ និង​ទាហាន​ម្នាក់ ដែល​កោតខ្លាច​ដល់​ព្រះ ពី​ពួក​មនុស្ស​ដែល​តែង​តែ​បំរើ​លោក​ឲ្យ​មក ៨ រួច​ប្រាប់​រឿងរ៉ាវ​សព្វ​គ្រប់ ហើយ​ប្រើ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ។ ៩ ដល់​ស្អែក​ឡើង​កំពុង​ដែល​ពួក​អ្នក​ទាំង​នោះ​ដើរ​ទៅ​ជិត​ដល់​ទី​ក្រុង​ហើយ នោះ​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​នឹង​អធិស្ឋាន ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ១០ គាត់​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ ១១ គាត់​ឃើញ​មេឃ​ចំហ ហើយ​មាន​ប្រដាប់ ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ បាន​ចុះ​មក ចង​ទាំង​៤​ជ្រុង សំរូត​មក​ដល់​ដី ១២ នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​ជើង​៤ សត្វ​ព្រៃ សត្វ​លូន​វារ​គ្រប់​មុខ ដែល​នៅ​លើ​ដី និង​សត្វ​ហើរ​លើ​អាកាស​ដែរ ១៣ ក៏​ឮ​សំឡេង​មាន​ព្រះបន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ ១៤ តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះអម្ចាស់ ដ្បិត​ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ ១៥ រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ ១៦ ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ប្រដាប់​នោះ ឡើង​ទៅ​លើ​មេឃ​វិញ។ ១៧ កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេលាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ ១៨ គេ​កំពុង​តែ​ហៅ​សួរ បើ​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នៅ​ផ្ទះ​នោះ​ឬ​ទេ ១៩ ដូច្នេះ កំពុង​ដែល​ពេត្រុស​គិត​រំពឹង​ពី​ការ​ជាក់​ស្តែង នោះ​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​គាត់​ថា មើល មាន​មនុស្ស​៣​នាក់​មក​រក​អ្នក ២០ ចូរ​ក្រោក​ឡើង​ចុះ​ទៅ ហើយ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ប្រកាន់​ឡើយ ពី​ព្រោះ​គឺ​ខ្ញុំ​ហើយ ដែល​ចាត់​ឲ្យ​គេ​មក ២១ ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ទទួល​គេ ដោយ​ពាក្យ​ថា គឺ​ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​រក តើ​មាន​ការ​អ្វី ២២ គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេលាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោតខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយសារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ ២៣ ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​គេ​ចូល​មក​ស្នាក់​នៅ​សិន លុះ​ដល់​ស្អែក គាត់​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ ហើយ​មាន​ពួក​បង​ប្អូន​ខ្លះ ដែល​នៅ​យ៉ុបប៉េ ក៏​ទៅ​ជា​មួយ​ដែរ ២៤ ដល់​ស្អែក​ឡើង គេ​ចូល​ទៅ​ក្នុង​សេសារា ឯ​កូនេលាស​ក៏​ទន្ទឹង​មើល​ផ្លូវ​គេ បាន​ទាំង​ប្រមូល​ញាតិ​សន្តាន និង​សំឡាញ់​ស្និទ្ធស្នាល​របស់​លោក​មក​ផង។ ២៥ កាល​ពេត្រុស​កំពុង​តែ​ចូល​ទៅ កូនេលាស​ក៏​មក​រាក់​ទាក់​ទទួល ដោយ​ក្រាប​ថ្វាយ​បង្គំ​នៅ​ទៀប​ជើង​គាត់ ២៦ តែ​ពេត្រុស​លើក​លោក​ឡើង ដោយ​ពាក្យ​ថា សូម​ក្រោក​ឡើង ខ្លួន​ខ្ញុំ​ជា​មនុស្ស​ដូច​គ្នា​ដែរ ២៧ នោះ​ក៏​ចូល​ទៅ​ទាំង​ចរចា​គ្នា ហើយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ប្រជុំ​ចាំ ២៨ រួច​គាត់​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ ២៩ ហេតុ​នោះ​បាន​ជា​កាល​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ខ្ញុំ នោះ​ខ្ញុំ​បាន​មក​ដោយ​ឥត​ប្រកែក​សោះ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក តើ​លោក​ឲ្យ​ខ្ញុំ​មក​មាន​ការ​អ្វី ៣០ កូនេលាស​ឆ្លើយ​ថា កន្លង​មក​៤​ថ្ងៃ​ហើយ ពេល​ថ្មើរ​ណេះ កាល​ខ្ញុំ​កំពុង​តែ​តម ហើយ​អធិស្ឋាន​នៅ​ផ្ទះ​ខ្ញុំ ក្នុង​ពេល​ម៉ោង​៣​រសៀល នោះ​ឃើញ​មាន​ម្នាក់​ពាក់​អាវ​ដ៏​ភ្លឺ ឈរ​នៅ​មុខ​ខ្ញុំ ៣១ ប្រាប់​ថា កូនេលាស​អើយ ព្រះ​បាន​ទទួល​សេចក្តី​អធិស្ឋាន​របស់​អ្នក​ហើយ ក៏​នឹក​ចាំ​ពី​ទាន​របស់​អ្នក​ដែរ ៣២ ដូច្នេះ ចូរ​ប្រើ​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ អញ្ជើញ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​មក លោក​នោះ​នៅ​ក្នុង​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ កាល​ណា​លោក​បាន​មក​ដល់ នោះ​នឹង​អធិប្បាយ​ឲ្យ​អ្នក​ស្តាប់ ៣៣ ដូច្នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ឯ​លោក​ភ្លាម ដែល​លោក​អញ្ជើញ​មក​នេះ​ក៏​ល្អ​ហើយ ឥឡូវ​នេះ យើង​ទាំង​អស់​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​ស្តាប់​គ្រប់​ទាំង​សេចក្តី ដែល​ព្រះ​បាន​បង្គាប់​មក​លោក។

សុន្ទរកថា​របស់​ពេត្រុស​នៅ​ផ្ទះ​កូនេលាស

៣៤ ពេត្រុស​ក៏​បើក​មាត់​និយាយ​ថា ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ ៣៥ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោតខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​សុចរិត នោះ​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ដែរ ៣៦ ឯ​ព្រះបន្ទូល ដែល​ទ្រង់​បាន​ផ្សាយ​មក​ដល់​ពួក​ជនជាតិ​អ៊ីស្រាអែល ដោយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ ជា​សេចក្តី​មេត្រី ដែល​មក​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ដ៏​ជា​ព្រះអម្ចាស់​លើ​ទាំង​អស់ ៣៧ នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ គឺ​ជា​រឿង​ដែល​បាន​ថ្លែង​ប្រាប់ ចាប់​តាំង​ពី​ស្រុក​កាលីឡេ ក្នុង​គ្រា​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជទឹក ក៏​ផ្សាយ​មក​គ្រប់​ក្នុង​ស្រុក​យូដា​ផង ៣៨ គឺ​ពី​ព្រះយេស៊ូវ ពី​ស្រុក​ណាសារ៉ែត ដែល​ព្រះ​បាន​ចាក់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ព្រះចេស្តា​ឲ្យ​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់សង្កិន​បាន​ជា​ផង ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់ ៣៩ ឯ​យើង​រាល់​គ្នា ជា​ទី​បន្ទាល់​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​យូដា ហើយ​នៅ​ក្រុង​យេរូសាឡិម ៤០ គេ​បាន​ធ្វើ​គុត​ទ្រង់ ដោយ​ព្យួរ​នៅ​លើ​ឈើ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ទ្រង់​សំដែង​មក​ឲ្យ​ឃើញ​ផង ៤១ មិន​មែន​ឲ្យ​ប្រជាជន​ទាំង​អស់​ឃើញ​ទេ គឺ​ឲ្យ​ពួក​ស្មរ​បន្ទាល់​ដែល​ព្រះ​បាន​រើស​អំពី​មុន​មក​វិញ គឺ​ជា​ពួក​យើង​រាល់​គ្នា ដែល​បាន​ទទួល​ទាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​ពេល​ក្រោយ ដែល​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ៤២ ទ្រង់​ក៏​ផ្តាំ​មក​យើង​រាល់​គ្នា ឲ្យ​ប្រកាស​ប្រាប់​ដល់​បណ្តាជន​ទាំងឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះអង្គ​នេះ​ហើយ ដែល​ព្រះ​បាន​តាំង​ឡើង ឲ្យ​ជំនុំជំរះ​ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង ៤៣ ពួក​ហោរា​សុទ្ធ​តែ​ធ្វើ​បន្ទាល់​ពី​ទ្រង់​ថា អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​បាន​រួច​ពី​បាប ដោយសារ​ព្រះនាម​ទ្រង់។

សាសន៍​ដទៃ​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​បរិសុទ្ធ

៤៤ កាល​ពេត្រុស​កំពុង​តែ​អធិប្បាយ​នៅ​ឡើយ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក សណ្ឋិត​លើ​អស់​អ្នក​ដែល​កំពុង​តែ​ស្តាប់​ព្រះបន្ទូល ៤៥ ឯ​ពួក​អ្នក​ជឿ ក្នុង​ពួក​កាត់​ស្បែក​ទាំង​ប៉ុន្មាន ដែល​មក​ជា​មួយ​នឹង​ពេត្រុស គេ​ក៏​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង ពី​ដំណើរ​ដែល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ចាក់​មក​លើ​ពួក​សាសន៍​ដទៃ​ដូច្នេះ​ដែរ ៤៦ ដ្បិត​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ដទៃ ហើយ​សរសើរដំកើង​ដល់​ព្រះ ៤៧ នោះ​ពេត្រុស​សួរ​ថា តើ​មាន​អ្នក​ណា​អាច​នឹង​ឃាត់ មិន​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជទឹក​ដល់​អ្នក​ទាំង​នេះ​បាន​ឬ​ទេ ដែល​ពួក​គេ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដូច​ជា​យើង​ដែរ ៤៨ គាត់​ក៏​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​គេ​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ រួច​គេ​សូម​អង្វរ​គាត់ ឲ្យ​នៅ​ជា​មួយ​ពីរ​បី​ថ្ងៃ​ទៀត។

កិច្ចការ ១១

ពេត្រុស​ធ្វើ​សេចក្តី​រាយការណ៍​ជូន​ក្រុម​អ្នក​ជឿ​នៅ​ក្រុង​យេរូសាឡិម

១ ឯ​ពួក​សាវ័ក និង​ពួក​បង​ប្អូន ដែល​នៅ​ស្រុក​យូដា គេ​ក៏​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះបន្ទូល​ដែរ ២ រួច​កាល​ពេត្រុស​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​អស់​អ្នក​ខាង​ពួក​កាត់​ស្បែក​គេ​មាន​សេចក្តី​ប្រកាន់​ចំពោះ​គាត់​ថា ៣ លោក​បាន​ចូល​ទៅ​ឯ​ពួក​មនុស្ស​ដែល​មិន​កាត់​ស្បែក ក៏​បាន​ពិសា​ជា​មួយ​នឹង​គេ​ផង ៤ តែ​ពេត្រុស​ចាប់​ផ្តើម​រ៉ាយ​រឿង​ប្រាប់​គេ ដោយ​លំដាប់​ថា ៥ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​ការ​ជាក់​ស្តែង ជា​ប្រដាប់​ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ ចង​ទាំង​៤​ជ្រុង សំរូត​ចុះ​ពី​លើ​មេឃ​មក​ត្រឹម​ខ្ញុំ ៦ កាល​ខ្ញុំ​សំឡឹង​គិត​ពិចារណា​មើល នោះ​ក៏​ឃើញ​មាន​សត្វ​ជើង​៤ សត្វ​ព្រៃ និង​សត្វ​លូន​វារ​ដែល​នៅ​លើ​ដី ព្រម​ទាំង​សត្វ​ស្លាប​នៅ​លើ​អាកាស​ផង ៧ រួច​ខ្ញុំ​ឮ​សំឡេង​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់​ហើយ​បរិភោគ​ទៅ ៨ តែ​ខ្ញុំ​ប្រកែក​ថា ទេ ព្រះអម្ចាស់ ព្រោះ​មិន​ដែល​មាន​អ្វី​ដែល​មិន​ស្អាត មិន​បរិសុទ្ធ ចូល​មក​ក្នុង​មាត់​ទូលបង្គំ​ឡើយ ៩ ក៏​មាន​ឮ​សំឡេង​ពី​លើ​មេឃ​នោះ​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​ថា​ជា​មិន​ស្អាត​ឡើយ ១០ ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ទាំង​អស់​ទៅ​លើ​មេឃ​វិញ ១១ ទី​បំផុត​នោះ ស្រាប់​តែ​មាន​មនុស្ស​៣​នាក់​ដែល​លោក​នោះ​ចាត់​ពី​សេសារា​មក​រក​ខ្ញុំ គេ​ឈរ​នៅ​មុខ​ផ្ទះ​តែ​ម្តង ១២ ហើយ​ព្រះវិញ្ញាណ ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​នឹង​គេ ឥត​ប្រកាន់​ឡើយ ក៏​មាន​បង​ប្អូន​ទាំង​៦​នាក់​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ យើង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ១៣ ហើយ​លោក​រ៉ាយ​រឿង​ប្រាប់​យើង ពី​ដំណើរ​ដែល​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស ឲ្យ​មក ១៤ គាត់​នឹង​អធិប្បាយ ឲ្យ​លោក​ស្តាប់​សេចក្តី ដែល​នឹង​ជួយ​សង្គ្រោះ​ដល់​លោក ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង ១៥ កាល​ខ្ញុំ​ចាប់​តាំង​និយាយ​ទៅ​នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​គេ ដូច​ជា​បាន​សណ្ឋិត​លើ​យើង​រាល់​គ្នា​កាល​ពី​ដើម​ដែរ ១៦ នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ពី​សេចក្តី ដែល​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ថា «លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ» ១៧ ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន ១៨ កាល​បាន​ឮ​សេចក្តី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា ដូច្នេះ ព្រះ​ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎។

ក្រុម​គ្រីស្ទបរិស័ទ​នៅ​ក្រុង​អាន់ទីយ៉ូក

១៩ រីឯ​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ ដោយ​ព្រោះ​សេចក្តី​បៀត​បៀន ដែល​កើត​មក​ពី​ដំណើរ​ស្ទេផាន នោះ​ក៏​ដើរ​រៀង​រហូត​ទៅ​ដល់​ស្រុក​ភេនីស ស្រុក​គីប្រុស និង​ក្រុង​អាន់ទីយ៉ូក តែ​បាន​ផ្សាយ​ព្រះបន្ទូល ដល់​ចំពោះ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ ២០ ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន គេ​បាន​ទៅ​ដល់​ក្រុង​អាន់ទីយ៉ូក ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះអម្ចាស់យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ ២១ ព្រះហស្ត​ព្រះអម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ ដោយ​មាន​សេចក្តី​ជំនឿ ២២ រឿង​នោះ​បាន​ឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូសាឡិម រួច​គេ​ចាត់​បាណាបាស ឲ្យ​ទៅ​ត្រឹម​អាន់ទីយ៉ូក ២៣ កាល​គាត់​ទៅ​ដល់ ហើយ​បាន​ឃើញ​ព្រះគុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្តី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់ ២៤ ដ្បិត​គាត់​ជា​មនុស្ស​ល្អ ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​សេចក្តី​ជំនឿ ហើយ​មាន​មនុស្ស​សន្ធឹក​ណាស់ បាន​ចំរើន​ដល់​ព្រះអម្ចាស់ ២៥ នោះ​បាណាបាស​ក៏​ទៅ​ឯ​ក្រុង​តើសុស ដើម្បី​នឹង​រក​សុល ២៦ កាល​បាន​ឃើញ​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់ទីយ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់ទីយ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង។ ២៧ នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូសាឡិម មក​ដល់​អាន់ទីយ៉ូក ២៨ ក្នុង​ពួក​ហោរា​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កាបុស គាត់​ក្រោក​ឡើង​ទាយ ដោយ​ព្រះវិញ្ញាណ​ថា​នឹង​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​គ្រប់​លើ​ផែនដី នោះ​ក៏​កើត​មក​ក្នុង​ប្រវត្តិ​នៃ​មហា​រាជ​ក្លូឌាស​មែន ២៩ ដូច្នេះ ពួក​សិស្ស​ក៏​គិត​សំរេច នឹង​ផ្ញើ​ទៅ​ជួយ​ដល់​ពួក​បង​ប្អូន​ដែល​នៅ​ស្រុក​យូដា តាម​កំឡាំង​រៀង​ខ្លួន ៣០ ហើយ​ក៏​បាន​ធ្វើ​ការ​នោះ​មែន ព្រម​ទាំង​ផ្ញើ​ទៅ​ដល់​ពួក​ចាស់ទុំ ដោយសារ​បាណាបាស និង​សុល។

កិច្ចការ ១២

យ៉ាកុប​ត្រូវ​គេ​សំឡាប់ ពេត្រុស​ត្រូវ​គេ​ឃុំឃាំង

១ នៅ​គ្រា​នោះ ស្តេច​ហេរ៉ូឌ ទ្រង់​លូក​ព្រះហស្ត​ទៅ ចាប់​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លះ ២ ក៏​សំឡាប់​យ៉ាកុប ជា​បង​យ៉ូហាន ដោយ​ដាវ​ផង ៣ លុះ​ទ្រង់​យល់​ឃើញ​ថា ការ​នោះ​ជា​ទី​គាប់​ចិត្ត​ដល់​ពួក​សាសន៍​យូដា នោះ​ក៏​ចាប់​ពេត្រុស​ថែម​ទៀត (រីឯ​វេលា​នោះ​ជា​បុណ្យ​នំបុ័ង​ឥត​ដំបែរ) ៤ កាល​ចាប់​បាន​ហើយ នោះ​ក៏​ដាក់​គុក ព្រម​ទាំង​ប្រគល់​ដល់​ទាហាន​៤​សង្កាត់​ឲ្យ​ឃុំ​រក្សា​ទុក​ដោយ​ប្រាថ្នា​នឹង​នាំ​គាត់​មក​នៅ​មុខ​បណ្តាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង ៥ ដូច្នេះ គេ​ក៏​ឃុំ​ពេត្រុស​ទុក​នៅ​ក្នុង​គុក តែ​ចំណែក​ខាង​ពួក​ជំនុំ គេ​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់​ពី​ចិត្ត។

ទេវតា​ដោះ​លែង​ពេត្រុស

៦ រីឯ​ក្នុង​កាល​ដែល​ស្តេច​ហេរ៉ូឌ​គិត​នាំ​ពេត្រុស​មក នៅ​វេលា​យប់​នោះ​ឯង គាត់​ដេក​នៅ​ជា​កណ្តាល​ទាហាន​២​នាក់ មាន​ទាំង​ច្រវាក់​២​ខ្សែ​ជាប់​នៅ​ខ្លួន ហើយ​មាន​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​រក្សា​គុក​ដែរ ៧ នោះ​មើល មាន​ទេវតា​នៃ​ព្រះអម្ចាស់​ឈរ​ខាង​គាត់ ក៏​មាន​ពន្លឺ​ផ្សាយ​មក​ក្នុង​គុក ទេវតា​នោះ​ក៏​គោះ​ពី​ខាង​ចំហៀង ដាស់​គាត់​ឡើង​ថា ចូរ​ក្រោក​ឡើង​ជា​ប្រញាប់ នោះ​ច្រវាក់​ក៏​ជ្រុះ​ពី​ដៃ​គាត់​ចេញ ៨ រួច​ទេវតា​ប្រាប់​ថា ចូរ​ក្រវាត់​ខ្លួន ហើយ​ពាក់​ស្បែក​ជើង​ទៅ គាត់​ក៏​ធ្វើ​ដូច្នោះ ហើយ​ទេវតា​ប្រាប់​ទៀត​ថា ចូរ​ពាក់​អាវ​មក​តាម​ខ្ញុំ​ចុះ ៩ នោះ​គាត់​ចេញ​ទៅ​តាម​ទេវតា ឥត​មាន​ដឹង​ជា​ការ​ដែល​កើត​មក ដោយសារ​ទេវតា​នោះ ជា​ពិត​ឬ​មិន​ពិត​ទេ គឺ​គាត់​ស្មាន​ថា​បាន​ឃើញ​ការ​ជាក់​ស្តែង​វិញ ១០ កាល​បាន​ដើរ​ផុត​ពី​អ្នក​យាម​ទី​១ រួច​ទី​២ នោះ​ក៏​មក​ដល់​ទ្វារ​ដែក ដែល​នាំ​ចេញ​ទៅ​ខាង​ក្រៅ ទ្វារ​នោះ​ក៏​របើក​ឯង កាល​បាន​ចេញ​ទៅ​ផុត​ផ្លូវ​១​ហើយ នោះ​ស្រាប់​តែ​ទេវតា​ឃ្លាត​ចេញ​ពី​គាត់​បាត់​ទៅ ១១ លុះ​ពេត្រុស​ដឹង​ខ្លួន​ឡើង ក៏​នឹក​ឃើញ​ថា ឥឡូវ​នេះ អញ​ដឹង​ប្រាកដ​ថា ព្រះអម្ចាស់​បាន​ចាត់​ទេវតា​នៃ​ទ្រង់ ឲ្យ​មក​ដោះ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ហេរ៉ូឌ ហើយ​ពី​គ្រប់​ទាំង​បំណង ដែល​សាសន៍​យូដា​បាន​រង់ចាំ​ដែរ ១២ លុះ​គាត់​ពិចារណា​ហើយ នោះ​ក៏​ទៅ​ឯ​ផ្ទះ​ម៉ារា ជា​ម្តាយ​យ៉ូហាន-ម៉ាកុស ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​បាន​ប្រជុំ​គ្នា​អធិស្ឋាន ១៣ គាត់​ក៏​គោះ​ទ្វារ​មុខ នោះ​មាន​ស្រី​បំរើ​ម្នាក់ ឈ្មោះ​រ៉ូដា មក​ផ្ទៀង​ស្តាប់ ១៤ លុះ​ស្គាល់​សំឡេង​ពេត្រុស​ហើយ នោះ​នាង​មាន​សេចក្តី​អំណរ​ដ៏​ពន្លឹក ដល់​ម៉្លេះ​បាន​ជា​ភ្លេច​ទាំង​បើក​ទ្វារ រត់​ចូល​ទៅ​ប្រាប់​គេ​វិញ​ថា លោក​ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ ១៥ តែ​គេ​ស្តី​ថា ឯង​វង្វេង​ហើយ តែ​នាង​នៅ​តែ​ថា ប្រាកដ​មែនៗ រួច​គេ​ថា​ជា​ទេវតា​របស់​គាត់​ទេ ១៦ ឯ​ពេត្រុស គាត់​ចេះ​តែ​គោះ​ទ្វារ​ថែម កាល​គេ​បាន​បើក​ទ្វារ​ឃើញ នោះ​គេ​មាន​សេចក្តី​ស្រឡាំង​កាំង ១៧ តែ​គាត់​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ឲ្យ​គេ​ស្ងៀម​ទៅ រួច​ក៏​រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ជា​យ៉ាង​ណា ហើយ​គាត់​ផ្តាំ​គេ​ថា សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប និង​ពួក​បង​ប្អូន​ឲ្យ​ដឹង​ផង នោះ​គាត់​ចេញ​ទៅ​ឯ​កន្លែង​១​ទៀត​ទៅ។ ១៨ លុះ​ភ្លឺ​ឡើង ក៏​កើត​មាន​វឹកវរ​ជា​ធំ នៅ​ក្នុង​ពួក​កង​ទាហាន ពី​ដំណើរ​ពេត្រុស ដែល​ទៅ​ឯ​ណា​បាត់ ១៩ កាល​ស្តេច​ហេរ៉ូឌ​បាន​រក​គាត់​មិន​ឃើញ នោះ​ក៏​ពិចារណា​សួរ​ពួក​អ្នក​យាម​ល្បាត ហើយ​បង្គាប់​ឲ្យ​នាំ​គេ​ទៅ​សំឡាប់​បង់ រួច​ស្តេច​ក៏​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ឯ​សេសារា គង់​នៅ​ទី​នោះ។

ស្តេច​ហេរ៉ូឌ​សោយ​ទិវង្គត

២០ រីឯ​ស្តេច​ហេរ៉ូឌ ទ្រង់​មាន​ព្រះទ័យ​ចង​គំនុំ​នឹង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស និង​ស៊ីដូន​ជា​ខ្លាំង តែ​គេ​ស្រុះ​ចិត្ត​គ្នា​នឹង​មក​គាល់​ស្តេច លុះ​បាន​បញ្ចុះ​បញ្ចូល​ប្លាសតុស ជា​មន្ត្រី​សេវកាមាត្យ​របស់​ស្តេច​ហើយ នោះ​ក៏​សូម​ចង​ជា​ស្ពាន​មេត្រី​វិញ ពី​ព្រោះ​គេ​តែង​តែ​បាន​ស្បៀង​អាហារ ពី​ស្រុក​ស្តេច​មក ២១ លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូឌ​ទ្រង់​ព្រះពស្ត្រារាជ្យ កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក អធិប្បាយ​ឲ្យ​គេ​ស្តាប់ ២២ ហើយ​រាស្ត្រ​គ្រប់​គ្នា​ចេះ​តែ​បន្លឺ​វាចា​ថា នេះ​ជា​សំឡេង​ព្រះ​ទេ​វ៉ឺយ មិន​មែន​ជា​សំឡេង​មនុស្ស​ទេ ២៣ នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះអម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្តី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។ ២៤ ឯ​ព្រះបន្ទូល ក៏​ដុះ​ដាល​ចំរើន កាន់​តែ​ច្រើន​ឡើង ២៥ កាល​បាណាបាស និង​សុល បាន​ធ្វើ​ការងារ​របស់​ខ្លួន​រួច​សព្វ​គ្រប់​ហើយ នោះ​ក៏​ត្រឡប់​ពី​ក្រុង​យេរូសាឡិម​មក​វិញ នាំ​ទាំង​យ៉ូហាន-ម៉ាកុស​មក​ជា​មួយ​ផង។

កិច្ចការ ១៣

ព្រះវិញ្ញាណ​ជ្រើស​យក​បាណាបាស និង​សុល​ឲ្យ​ទៅ​បំពេញ​បេសកកម្ម

១ រីឯ​ក្នុង​ពួក​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក នោះ​មាន​គ្រូ​អធិប្បាយ និង​គ្រូ​បង្រៀន​ខ្លះ គឺ​បាណាបាស​១ ស៊ីម្មាន​ដែល​ហៅ​ថា នីគើរ​១ លូគាស ជា​សាសន៍​គីរេន​១ ម៉ាន៉ាអេន ជា​កូន​ចិញ្ចឹម​ជា​មួយ​នឹង​ហេរ៉ូឌ ស្តេច​អនុរាជ​១ និង​សុល​១ ២ កំពុង​ដែល​អ្នក​ទាំង​នោះ​ធ្វើ​ការងារ ថ្វាយ​ព្រះអម្ចាស់​ទាំង​តម នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះបន្ទូល​ប្រាប់​ថា ចូរ​ញែក​បាណាបាស និង​សុល​ចេញ​ឲ្យ​ខ្ញុំ សំរាប់​ការងារ​ដែល​ខ្ញុំ​ហៅ​គេ​ឲ្យ​ធ្វើ ៣ ដូច្នេះ ក្រោយ​ដែល​បាន​តម ហើយ​អធិស្ឋាន ព្រម​ទាំង​ដាក់​ដៃ​លើ​អ្នក​ទាំង​២ នោះ​ក៏​បើក​ឲ្យ​គេ​ទៅ។

បាណាបាស និង​សុល​នៅ​កោះ​គីប្រុស

៤ ឯ​អ្នក​ទាំង​២​នោះ ក៏​ចុះ​ទៅ​ដល់​សេលើស៊ា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាត់​ឲ្យ​ទៅ នៅ​ទី​នោះ គេ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​កោះ​គីប្រុស ៥ ដល់​សាឡាមីន​ហើយ គេ​ក៏​ផ្សាយ​ព្រះបន្ទូល នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​ពួក​សាសន៍​យូដា មាន​ទាំង​យ៉ូហានជា​អ្នក​ជំនួយ​ដែរ ៦ កាល​បាន​ដើរ​កាត់​កោះ​ទៅ​ត្រឹម​ប៉ាផុស​ហើយ នោះ​ក៏​ប្រទះ​នឹង​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​គ្រូ​អាបធ្មប់ ជា​ហោរា​ក្លែងក្លាយ ឈ្មោះ​បារ-យេស៊ូវ ៧ គ្រូ​នោះ​នៅ​ជា​មួយ​នឹង​អ្នក​ដំណាង​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស-ប៉ូល៉ូស ជា​អ្នក​ឆ្លៀវ​ឆ្លាត លោក​ក៏​ហៅ​បាណាបាស និង​សុល​មក ដើម្បី​ចង់​ស្តាប់​ព្រះបន្ទូល ៨ តែ​អេលីម៉ាស ជា​គ្រូ​អាបធ្មប់​នោះ (ដ្បិត​ឈ្មោះ​នោះ​ប្រែ​មក​ដូច្នេះ) ក៏​តាំង​ខ្លួន​ទាស់​នឹង​គេ ដើម្បី​បង្វែរ​លោក​មិន​ឲ្យ​ជឿ ៩ តែ​សុល​ដែល​ហៅ​ថា ប៉ុលដែរ គាត់​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​សំឡឹង​មើល​ទៅ​គ្រូ​នោះ ដោយ​និយាយ​ថា ១០ នែ មនុស្ស​ដែល​ពេញ​ដោយ​កិច្ចកល និង​សេចក្តី​ល្បិច​គ្រប់​យ៉ាង ជា​កូន​នៃ​អារក្ស ហើយ​ជា​ខ្មាំងសត្រូវ ដល់​គ្រប់​ទាំង​សេចក្តី​សុចរិត​អើយ តើ​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ​អី ១១ មើល ឥឡូវ​នេះ ព្រះហស្ត​នៃ​ព្រះអម្ចាស់​បាន​មក​លើ​ឯង​ហើយ ឯង​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ជា​យូរ​បន្តិច នោះ​ស្រាប់​តែ​ភ្នែក​របស់​គ្រូ​នោះ​បាន​ទៅ​ជា​ព្រិលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​ក៏​ដើរ​វិលវល់​រក​អ្នក​ណា​ឲ្យ​ដឹក​ដៃ ១២ កាល​លោក​ដំណាង​ជាតិ​ឃើញ​ការ​ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ជឿ ព្រម​ទាំង​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្តី​បង្រៀន​របស់​ព្រះអម្ចាស់​ផង។

ប៉ុល និង​បាណាបាស​នៅ​ក្រុង​អាន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា

១៣ ប៉ុល និង​ពួក​គូកន​គាត់ ក៏​ចុះ​សំពៅ​ចេញ​ពី​ប៉ាផុស ទៅ​ដល់​ពើកា នៅ​ស្រុក​ប៉ាមភីលា ឯ​យ៉ូហាន គាត់​បែក​ពី​គេ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ១៤ តែ​គេ​ចេញ​ពី​ពើកា ដើរ​កាត់​ទៅ​ឯ​អាន់ទីយ៉ូក នៅ​ស្រុក​ពីស៊ីឌា ក៏​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក ១៥ ក្រោយ​ការ​ដែល​អាន​មើល​ក្រឹត្យវិន័យ និង​គម្ពីរ​ពួក​ហោរា​ហើយ នោះ​មេ​សាលា​ក៏​ប្រើ​មនុស្ស ឲ្យ​ទៅ​ប្រាប់​ថា បង​ប្អូន​អើយ បើ​មាន​សេចក្តី​អ្វី​នឹង​ទូន្មាន​ដល់​ពួក​ជន នោះ​សូម​បង​ប្អូន​មាន​ប្រសាសន៍​ចុះ។ ១៦ លំដាប់​នោះ ប៉ុល​ក៏​ក្រោក​ឡើង ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ និយាយ​ថា ពួក​សាសន៍​អ៊ីស្រាអែល និង​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ព្រះ​អើយ សូម​ស្តាប់​ចុះ ១៧ ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​យើង​នេះ ទ្រង់​បាន​រើស​ពួក​ឰយុកោ​យើង​រាល់​គ្នា ក៏​លើក​ដំកើង​សាសន៍​យើង ក្នុង​កាល​ដែល​គេ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ រួច​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​នោះ ដោយ​ព្រះហស្ត​ដ៏​មាន​ព្រះចេស្តា ១៨ ហើយ​ទ្រង់​បាន​ទ្រាំទ្រនឹង​កិរិយា​របស់​គេ នៅ​ទី​រហោស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ ១៩ ក្រោយ​ដែល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ទាំង​៧​នគរ​នៅ​ស្រុក​កាណាន នោះ​ក៏​ចែក​ស្រុក​របស់​គេ​ដល់​ពួក​ឰយុកោ​យើង​ដោយ​ចាប់​ឆ្នោត ២០ ក្រោយ​ការ​ទាំង​នោះ​មក ទ្រង់​ប្រទាន​ឲ្យ​មាន​ចៅហ្វាយ​ក្នុង​រវាង​ប្រហែល​ជា​៤៥០​ឆ្នាំ ដរាប​ដល់​គ្រា​ហោរា​សាំយូអែល ២១ នោះ​គេ​សូម​ឲ្យ​មាន​ស្តេច រួច​ព្រះ​ទ្រង់​តាំង​សូល ជា​បុត្រ​គីស ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ នៅ​រវាង​៤០​ឆ្នាំ ២២ កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក» ២៣ គឺ​ពី​ព្រះវង្សា​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះអង្គ​សង្គ្រោះ​១​អង្គ ដល់​សាសន៍​អ៊ីស្រាអែល តាម​សេចក្តី​សន្យា គឺ​ជា​ព្រះយេស៊ូវ ២៤ តែ​មុន​ដែល​ទ្រង់​យាង​មក នោះ​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ ២៥ កាល​លោក​យ៉ូហាន​កំពុង​តែ​ធ្វើ​សំរេច​ការងារ នោះ​លោក​មាន​ប្រសាសន៍​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​ជា​អ្នក​ណា ខ្ញុំ​មិន​មែន​ជា​ព្រះអង្គ​នោះ​ទេ តែ​មើល ព្រះអង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌បាទ​ទ្រង់​ផង។ ២៦ ឱ​បង​ប្អូន ជា​កូន​ចៅ​ពូជ​អ័ប្រាហាំ និង​អស់​អ្នក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​កោតខ្លាច​ដល់​ព្រះ​អើយ ទ្រង់​បាន​ផ្ញើ​ព្រះបន្ទូល​ពី​សេចក្តី​សង្គ្រោះ​នេះ មក​ដល់​អ្នក​រាល់​គ្នា ២៧ ដ្បិត​ដោយ​ព្រោះ​ពួក​មនុស្ស​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ពួក​មេ​របស់​គេ​មិន​បាន​ស្គាល់​ទ្រង់​ទេ ក៏​មិន​បាន​យល់​សេចក្តី​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​មើល​រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ បាន​ជា​គេ​ធ្វើ​សំរេច​តាម​សេចក្តី​ទំនាយ​នោះ​ឯង ដោយ​គេ​បាន​កាត់​ទោស​ដល់​ទ្រង់ ២៨ ហើយ​ទោះ​បើ​គេ​រក​ហេតុ​អ្វី​នឹង​សំឡាប់​ទ្រង់​មិន​បាន​ក៏​ដោយ គង់​តែ​គេ​សូម​អង្វរ​ដល់​លោក​ពីឡាត់ ឲ្យ​បាន​សំឡាប់​ទ្រង់​ដែរ ២៩ ក្រោយ​ដែល​គេ​ធ្វើ​សំរេច​គ្រប់​សេចក្តី ដែល​ចែង​ទុក​ពី​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ទ្រង់​ចុះ​ពី​ឈើ​ឆ្កាង​មក​បញ្ចុះ​ក្នុង​ផ្នូរ ៣០ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ៣១ ហើយ​ទ្រង់​លេច​មក ឲ្យ​ពួក​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលីឡេ មក​ឯ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​ទ្រង់​បាន​ឃើញ​ជា​យូរ​ថ្ងៃ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់​ដល់​ពួក​ជន​ទាំងឡាយ។ ៣២ យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្តី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​ថា ៣៣ ព្រះ​បាន​ធ្វើ​សំរេច​តាម​សេចក្តី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​ឰយុកោ​នោះ​ហើយ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្តី​ចែង​ទុក​មក ក្នុង​ទំនុក​ដំកើង​បទ​ទី​២​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ៣៤ ហើយ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​មិន​ឲ្យ​ទ្រង់​ត្រឡប់​ទៅ​ឯ​សេចក្តី​ពុករលួយ​ទៀត​ឡើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា «អញ​នឹង​ផ្តល់​សេចក្តី​មេត្តាករុណា​ស្មោះត្រង់​ដែល​ឲ្យ​ដល់​ដាវីឌ ដល់​ឯង​រាល់​គ្នា​ដែរ» ៣៥ ហេតុ​ដូច្នេះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ក្នុង​បទ​១​ទៀត​ថា «ទ្រង់​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​នៃ​ទ្រង់ ឃើញ​សេចក្តី​ពុករលួយ​ឡើយ» ៣៦ រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ទ្រង់ ក៏​ឃើញ​សេចក្តី​ពុករលួយ​ដែរ ៣៧ តែ​ព្រះអង្គ​នោះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​មិន​បាន​ឃើញ​សេចក្តី​ពុករលួយ​ឡើយ ៣៨ ដូច្នេះ អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ សូម​ជ្រាប​ថា ដែល​មាន​សេចក្តី​ប្រោស​ឲ្យ​រួច​ពី​បាប បាន​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​គឺ​ដោយសារ​ព្រះអង្គ​នោះ​ឯង ៣៩ មួយ​ទៀត ដោយសារ​ទ្រង់ អស់​អ្នក​ណា​ដែល​ជឿ បាន​រាប់​ជា​សុចរិត រួច​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ពុំ​អាច​នឹង​បាន​រាប់​ជា​សុចរិត ដោយសារ​ក្រឹត្យវិន័យ​លោក​ម៉ូសេ​បាន​ឡើយ ៤០ ដូច្នេះ ត្រូវ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្តី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​ថា ៤១ «នែ អស់​អ្នក​ដែល​មើលងាយ​អើយ ចូរ​ភាំង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​អញ​ធ្វើ​ការ​១​នៅ​ជំនាន់​ឯង​រាល់​គ្នា គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ឡើយ ទោះ​បើ​មាន​គេ​ប្រាប់​មក​ឯង​រាល់​គ្នា​ក៏​ដោយ»។ ៤២ កាល​ពួក​សាសន៍​យូដា បាន​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ហើយ នោះ​ពួក​សាសន៍​ដទៃ ក៏​សូម​ឲ្យ​ប៉ុល​អធិប្បាយ តាម​សេចក្តី​ទាំង​នោះ នៅ​ថ្ងៃ​ឈប់​សំរាក​មួយ​ក្រោយ​ទៀត ៤៣ កាល​ពួក​អ្នក​ប្រជុំ​នោះ​បាន​បែក​ចេញ​ពី​គ្នា​ទៅ នោះ​មាន​ពួក​សាសន៍​យូដា និង​ពួក​ចូល​សាសន៍​ជា​ច្រើន ដែល​មក​ថ្វាយ​បង្គំ គេ​ដើរ​តាម​ប៉ុល និង​បាណាបាស ដែល​ទូន្មាន​ឲ្យ​គេ​កាន់​ខ្ជាប់​ក្នុង​ព្រះគុណ​នៃ​ព្រះ។ ៤៤ ដល់​ថ្ងៃ​ឈប់​សំរាក​ក្រោយ នោះ​ពួក​អ្នក​ក្រុង​ស្ទើរ​តែ​ទាំង​អស់ ក៏​មក​ប្រជុំ​គ្នា ដើម្បី​នឹង​ស្តាប់​ព្រះបន្ទូល ៤៥ តែ​កាល​ពួក​សាសន៍​យូដា​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូង​ដូច្នេះ នោះ​កើត​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ច្រណែន ហើយ​ក៏​ឆ្លើយ​ទទឹង​ទាស់​នឹង​សេចក្តី ដែល​ប៉ុល​អធិប្បាយ​នោះ ទាំង​ជំនះ ហើយ​ប្រមាថ​ផង ៤៦ ប៉ុន្តែ ប៉ុល និង​បាណាបាស​និយាយ​ដោយ​ក្លាហាន​ថា មុខ​គួរ​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ព្រះបន្ទូល ដល់​អ្នក​រាល់​គ្នា​ជា​មុន​ដំបូង ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះបន្ទូល​នោះ ហើយ​ជំនុំជំរះ​កាត់​ទោស​ដល់​ខ្លួន​ឯង​ថា មិន​គួរ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នោះ​ទេ ហេតុ​ដូច្នេះ​បាន​ជា​យើង​ខ្ញុំ​បែរ​ទៅ​ឯ​ពួក​សាសន៍​ដទៃ​វិញ ៤៧ ដ្បិត​ព្រះអម្ចាស់ ទ្រង់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ដូច្នេះ​ថា «អញ​បាន​តាំង​ឯង​សំរាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ឯង​បាន​សំរាប់​ជា​សេចក្តី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត»។ ៤៨ កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ នោះ​គេ​មាន​សេចក្តី​អំណរ ហើយ​ក៏​សរសើរ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ចំណែក​អស់​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប​ជានិច្ច នោះ​ក៏​បាន​ជឿ ៤៩ ឯ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ បាន​ផ្សាយ​សុស​សាយ​ទួទៅ​ពេញ​ក្នុង​ស្រុក​នោះ ៥០ តែ​ពួក​សាសន៍​យូដា​គេ​ញុះញង់​ពួក​ស្ត្រី​អ្នក​មុខ​អ្នក​ការ ដែល​មក​ថ្វាយ​បង្គំ និង​ពួក​អ្នក​ធំ​នៅ​ក្នុង​ទី​ក្រុង​នោះ បណ្តាល​ឲ្យ​មាន​សេចក្តី​បៀត​បៀន ដល់​ប៉ុល និង​បាណាបាស ក៏​ដេញ​អ្នក​ទាំង​២​នោះ​ចេញ​ពី​ស្រុក​គេ​ទៅ ៥១ ដូច្នេះ អ្នក​ទាំង​២​ក៏​រលាស់​ធូលី​ដី ពី​ជើងចេញ​ទាស់​នឹង​គេ រួច​ចេញ​ទៅ​ឯ​ក្រុង​អ៊ីកូនាម ៥២ ឯ​ពួក​សិស្ស គេ​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​អំណរ ហើយ​និង​ព្រះវិញ្ញាណ​បរិសុទ្ធ។

កិច្ចការ ១៤

ប៉ុល និង​បាណាបាស​នៅ​ក្រុង​អ៊ីកូនាម

១ កាល​នៅ​ក្រុង​អ៊ីកូនាម ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា បាន​អធិប្បាយ​នាំ​ឲ្យ​ទាំង​ពួក​សាសន៍​យូដា និង​សាសន៍​ក្រេក​យ៉ាង​សន្ធឹក​បាន​ជឿ ២ ប៉ុន្តែ ឯ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​ញុះញង់ ហើយ​ចាក់រុក​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ទាស់​នឹង​ពួក​ជំនុំ​វិញ ៣ ចំណែក​ប៉ុល និង​បាណាបាស ក៏​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ គេ​អធិប្បាយ​យ៉ាង​ក្លៀវក្លា​ដោយ​នូវ​ព្រះអម្ចាស់ ហើយ​ទ្រង់​ក៏​ធ្វើ​បន្ទាល់ អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​ទ្រង់ ដោយ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សំគាល់ និង​ការ​អស្ចារ្យ​កើត​មក ដោយសារ​ដៃ​អ្នក​ទាំង​២​នោះ ៤ ឯ​មនុស្ស​ទាំងឡាយ​នៅ​ទី​ក្រុង​នោះ គេ​បែក​បាក់​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវ័ក ៥ តែ​កាល​ពួក​សាសន៍​ដទៃ និង​ពួក​សាសន៍​យូដា ព្រម​ទាំង​ពួក​នាម៉ឺន​របស់​គេ បាន​លើក​ព្រួត​គ្នា​នឹង​ទៅ​ត្មះតិះដៀល ហើយ​ចោល​នឹង​ថ្ម ៦ នោះ​អ្នក​ទាំង​២​បាន​ដឹង ហើយ​ក៏​រត់​ទៅ​ឯ​ទី​ក្រុង​នៅ​ស្រុក​លូកៅនា​វិញ គឺ​លីស្ត្រា នឹង​ឌើបេ ហើយ​និង​ស្រុក​នៅ​ជុំវិញ ៧ ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​កន្លែង​ទាំង​នោះ។

ប៉ុល និង​បាណាបាស​នៅ​ក្រុង​លីស្ត្រា

៨ រីឯ​នៅ​ក្រុង​លីស្ត្រា មាន​មនុស្ស​ម្នាក់​មាន​ជើង​ពិការ គាត់​អង្គុយ​នៅ​ដោយ​ខ្វិន តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក មិន​ដែល​ដើរ​សោះ​ឡើយ ៩ អ្នក​នោះ​បាន​ឮ​ប៉ុល​អធិប្បាយ ហើយ​ប៉ុល​ក៏​សំឡឹង​មើល​ទៅ​គាត់ ឃើញ​ថា គាត់​មាន​សេចក្តី​ជំនឿ​ល្មម ដើម្បី​ឲ្យ​បាន​ជា ១០ នោះ​ក៏​បន្លឺ​ជា​សំឡេង​ខ្លាំង​ថា ចូរ​ក្រោក​ឈរ​ឲ្យ​ត្រង់​ឡើង រួច​អ្នក​នោះ​ក៏​ស្ទុះ​ឡើង​ដើរ ១១ កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​ដែល​ប៉ុល​ធ្វើ នោះ​គេ​បន្លឺ​ឡើង​ជា​ភាសា​លូកៅនា​ថា ពួក​ព្រះ​បាន​កាឡា​និម្មិត​ជា​មនុស្ស ចុះ​មក​ឯ​យើង​ហើយ ១២ គេ​ក៏​ហៅ​បាណាបាស ជា​ព្រះសេយូស ហើយ​ប៉ុល ជា​ព្រះហ៊ើមេស ពី​ព្រោះ​គាត់​ជា​មេ​សំដែង ១៣ ហើយ​សង្ឃ​របស់​ព្រះសេយូស ដែល​នៅ​មុខ​ក្រុង​គេ ក៏​នាំ​យក​គោ​ឈ្មោល ហើយ​និង​ភួង​ទៅ​ដល់​ខ្លោងទ្វារ​ក្រុង ចង់​ថ្វាយ​យញ្ញបូជា​ជា​មួយ​នឹង​បណ្តា​មនុស្ស ១៤ កាល​បាណាបាស និង​ប៉ុល ជា​សាវ័ក​បាន​ដឹង នោះ​ក៏​ហែក​អាវ​ខ្លួន រត់​ចូល​ទៅ​កណ្តាល​ហ្វូង​មនុស្ស​ស្រែក​ឡើង​ថា ១៥ អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀត យើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការ ដែល​ឥត​ប្រយោជន៍​យ៉ាង​នេះ ទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ១៦ ក្នុង​កាល​ជំនាន់​មនុស្ស​ពី​បុរាណ នោះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គ្រប់​ទាំង​សាសន៍ ដើរ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ១៧ ប៉ុន្តែ ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះអង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង​តែ​ផ្សាយ​ព្រះគុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ និង​សេចក្តី​អំណរ ១៨ តែ​ដែល​គាត់​អធិប្បាយ​សេចក្តី​ទាំង​នោះ​ដល់​គេ នោះ​ឃាត់​គេ មិន​ឲ្យ​ថ្វាយ​យញ្ញបូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន​ផង។ ១៩ មាន​ពួក​សាសន៍​យូដា​ខ្លះ មក​ពី​អាន់ទីយ៉ូក និង​អ៊ីកូនាម គេ​បញ្ចុះ​បញ្ចូល​ហ្វូង​មនុស្ស ឲ្យ​ចោល​ប៉ុល​នឹង​ថ្ម រួច​គេ​អូស​គាត់​ចេញ​ទៅ​ក្រៅ​ទុក​ចោល ដោយ​ស្មាន​ថា បាន​ស្លាប់​ហើយ ២០ ប៉ុន្តែ ពួក​សិស្ស​មក​ចោម​ព័ទ្ធ​គាត់ រួច​គាត់​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ ហើយ​ដល់​ថ្ងៃ​ស្អែក គាត់​នឹង​បាណាបាស ក៏​ចេញ​ទៅ​ឯ​ឌើបេ។

ប៉ុល និង​បាណាបាស​វិល​ត្រឡប់​ទៅ​ក្រុង​អាន់ទីយ៉ូក​ក្នុង​ស្រុក​ស៊ីរី​វិញ

២១ ក្រោយ​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ហើយ​បាន​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះ នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម និង​អាន់ទីយ៉ូក​វិញ ២២ ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹងប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិតស្ថេរ​ក្នុង​សេចក្តី​ជំនឿ ដោយ​ពាក្យ​ថា ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន ២៣ កាល​បាន​រើស​ពួក​ចាស់ទុំ​តាំង​ឡើង​ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ ហើយ​អធិស្ឋាន​ទាំង​តម នោះ​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះអម្ចាស់ ដែល​គេ​បាន​ជឿ​ដល់​ទ្រង់​ហើយ ២៤ រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​ពីស៊ីឌា​ទៅ រហូត​ដល់​ស្រុក​ប៉ាមភីលា ២៥ ក្រោយ​ដែល​អធិប្បាយ​តាម​ព្រះបន្ទូល នៅ​ក្រុង​ពើកា​រួច​ហើយ នោះ​ក៏​ចុះ​ទៅ​ឯ​អាតាលា ២៦ ក៏​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ឯ​អាន់ទីយ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​អ្នក​ទាំង​២ ក្នុង​ព្រះគុណ​នៃ​ព្រះ សំរាប់​ការ​ដែល​ទើប​នឹង​ធ្វើ​សំរេច ២៧ លុះ​ដល់​ហើយ ក៏​ប្រមូល​ពួក​ជំនុំ​មក ថ្លែង​ប្រាប់​ពី​ការ​ដែល​ព្រះ​បាន​ធ្វើ​ដោយសារ​ខ្លួន ហើយ​ពី​ទ្រង់​បាន​បើក​ទ្វារ​នៃ​សេចក្តី​ជំនឿ​ដល់​សាសន៍​ដទៃ​ដែរ ២៨ រួច​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ក្រែល។

កិច្ចការ ១៥

ការ​ប្រជុំ​នៅ​ក្រុង​យេរូសាឡិម

១ មាន​មនុស្ស​ខ្លះ​ចុះ​ពី​ស្រុក​យូដា មក​បង្រៀន​ដល់​ពួក​ជំនុំ​ថា បើ​មិន​បាន​កាត់​ស្បែក តាម​ទំលាប់​របស់​លោក​ម៉ូសេ នោះ​ពុំ​អាច​នឹង​បាន​សង្គ្រោះ​ឡើយ ២ ដូច្នេះ កាល​ប៉ុល និង​បាណាបាស​បាន​ជជែក​នឹង​គេ ហើយ​មាន​សេចក្តី​ដេញ​ដោល​គ្នា​ជា​ខ្លាំង​រួច​ហើយ នោះ​ពួក​ជំនុំ​បាន​តម្រូវ​ឲ្យ​ប៉ុល និង​បាណាបាស ព្រម​ទាំង​អ្នក​ខ្លះ​ទៀត​ក្នុង​ពួក​គេ ឡើង​ទៅ​ឯ​ពួក​សាវ័ក និង​ពួក​ចាស់ទុំ នៅ​ក្រុង​យេរូសាឡិម ដើម្បី​នឹង​សួរ​បញ្ជាក់​ពី​ដំណើរ​នោះ ៣ ដូច្នេះ ពួក​ជំនុំ​ក៏​ចេញ ជូន​ដំណើរ​អ្នក​ទាំង​នោះ​ទៅ រួច​គេ​ដើរ​កាត់​ស្រុក​ភេនីស និង​ស្រុក​សាម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ គេ​ក៏​នាំ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ៤ លុះ​ដល់​ក្រុង​យេរូសាឡិម​ហើយ នោះ​ពួក​ជំនុំ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ក៏​រាក់​ទាក់​ទទួល​គេ រួច​គេ​ថ្លែង​ប្រាប់​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ព្រះ​បាន​ធ្វើ​ដោយសារ​ខ្លួន ៥ នោះ​មាន​អ្នក​ខ្លះ​ក្នុង​ពួក​ផារិស៊ី​ដែល​ជឿ គេ​ឈរ​ឡើង​និយាយ​ថា ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ពួក​សាសន៍​ដទៃ​នោះ ហើយ​បង្គាប់​ឲ្យ​កាន់​តាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ដែរ។ ៦ ពួក​សាវ័ក និង​ពួក​ចាស់ទុំ ក៏​ប្រជុំ​គ្នា​ប្រឹក្សា​ពី​ដំណើរ​នោះ ៧ លុះ​បាន​ជជែក​គ្នា​ជា​យូរ​ទៅ នោះ​ពេត្រុស​ក្រោក​ឡើង​និយាយ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​ពី​ដើម ព្រះ​បាន​រើស​ក្នុង​ពួក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះបន្ទូល​នៃ​ដំណឹង​ល្អ ហើយ​ឲ្យ​បាន​ជឿ​ដោយសារ​មាត់​ខ្ញុំ ៨ នោះ​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំងឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ទ្រង់ ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ជា​ដល់​យើង​រាល់​គ្នា​ដែរ ៩ ទ្រង់​មិន​បាន​រាប់​ពួក​យើង និង​ពួក​គេ ខុស​ពី​គ្នា​ទេ គឺ​បាន​សំអាត​ចិត្ត​គេ ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដែរ ១០ ចុះ​ហេតុ​អ្វី​បាន​ជា​ល្បង​ព្រះ ដោយ​បំពាក់​នឹមនៅ​ក​ពួក​សិស្ស​ដូច្នេះ ដែល​ទោះ​ទាំង​ពួក​ឰយុកោ​យើង ឬ​យើង​រាល់​គ្នា​ក៏​ពុំ​អាច​នឹង​ទ្រទ្រាំ​បាន​ផង ១១ យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវ ដូច​ជា​គេ​ដែរ ១២ ឯ​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​នៅ​ស្ងៀម​ស្តាប់​បាណាបាស និង​ប៉ុល ដែល​គេ​រ៉ាយ​រឿង​ប្រាប់​ពី​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយសារ​ខ្លួន ១៣ កាល​ឈប់​អធិប្បាយ​ហើយ នោះ​យ៉ាកុប​ឆ្លើយ​ឡើង​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន ១៤ ស៊ីម៉ូន​បាន​ថ្លែង​ប្រាប់​ពី​បែប​យ៉ាង​ណា ដែល​ព្រះ​ទ្រង់​ប្រោស​ដល់​ពួក​សាសន៍​ដទៃ​ជា​មុន​ដំបូង ដើម្បី​រើស​យក​រាស្ត្រ​១​ពួក​ពី​គេ ទុក​សំរាប់​ព្រះនាម​ទ្រង់ ១៥ ហើយ​សេចក្តី​ទំនាយ​របស់​ពួក​ហោរា ក៏​ត្រូវ​នឹង​ដំណើរ​នោះ​ដែរ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា ១៦ «ក្រោយ​នោះ អញ​នឹង​ត្រឡប់​មក លើក​ទី​លំនៅ​របស់​ហ្លួង​ដាវីឌ ដែល​រលំ​នោះ​ឡើង អញ​នឹង​សង់​ត្រង់​កន្លែង​បាក់​បែក ហើយ​ដំឡើង​ឲ្យ​ត្រង់​ឡើង​វិញ ១៧ ដើម្បី​ឲ្យ​សំណល់​មនុស្ស បាន​ស្វះស្វែង​រក​ព្រះអម្ចាស់ ព្រម​ទាំង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ​នោះ​ផង នេះ​ហើយ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ជា​ព្រះ​ដែល​ធ្វើ​ការ​ទាំង​នោះ» ១៨ គ្រប់​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ នោះ​ទ្រង់​បាន​ជ្រាប តាំង​ពី​អស់​កល្ប​រៀង​មក ១៩ ដូច្នេះ បើ​តាម​គំនិត​ខ្ញុំ នោះ​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ ដែល​ងាក​បែរ​មក​ឯ​ព្រះ​វិញ មាន​ចិត្ត​ខ្វល់​ឡើយ ២០ គឺ​ត្រូវ​សរសេរ​ផ្ញើ​ទៅ ឲ្យ​គេ​គ្រាន់​តែ​ចៀស​វាង​ចេញ​ពី​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោកគ្រោក​១ ពី​សេចក្តី​កំផិត​១ ពី​សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ ហើយ​ពី​ឈាម​១​ប៉ុណ្ណោះ ២១ ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក មាន​គេ​ប្រកាស​ប្រាប់​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​គេ​មើល​គម្ពីរ​លោក នៅ​អស់​ទាំង​សាលា​ប្រជុំ រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ។

សំបុត្រ​ផ្ញើ​ទៅ​ជូន​សាសន៍​ដទៃ​ជា​អ្នក​ជឿ

២២ នោះ​ពួក​សាវ័ក និង​ពួក​ចាស់ទុំ ព្រម​ទាំង​ពួក​ជំនុំ​គ្រប់​គ្នា​ក៏​យល់​ព្រម​ថា គួរ​នឹង​រើស​យក​អ្នក​ខ្លះ​ក្នុង​ពួក​គេ គឺ​យូដាស ដែល​ហៅ​ថា បាណាបាស​១ និង​ស៊ីឡាស​១ ជា​ពួក​អ្នក​មុខ​ក្នុង​ពួក​ជំនុំ ដើម្បី​នឹង​ចាត់​ឲ្យ​ទៅ​ឯ​អាន់ទីយ៉ូក​ជា​មួយ​នឹង​ប៉ុល ហើយ​និង​បាណាបាស ២៣ គេ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ដោយសារ​អ្នក​ទាំង​នោះ បែប​ដូច្នេះ​ថា សំបុត្រ​យើង​ខ្ញុំ ជា​ពួក​សាវ័ក ពួក​ចាស់ទុំ និង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ផ្ញើ​មក​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ឲ្យ​បាន​ជ្រាប ២៤ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត ហើយ​ឲ្យ​វល់​គំនិត ដោយ​ពាក្យ​សំដី​ដែល​គេ​ថា ត្រូវ​តែ​កាត់​ស្បែក ហើយ​កាន់​តាម​ក្រឹត្យវិន័យ​ផង តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ ២៥ ដូច្នេះ យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​យល់​ឃើញ​ថា គួរ​នឹង​រើស​អ្នក​ខ្លះ ចាត់​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​បាណាបាស ហើយ​និង​ប៉ុល ជា​សំឡាញ់​ស្ងួនភ្ងា​នៃ​យើង​ខ្ញុំ ២៦ ដែល​បាន​ប្រថុយ​ជីវិត ដោយ​យល់​ដល់​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​នៃ​យើង​រាល់​គ្នា ២៧ ដូច្នេះ យើង​ខ្ញុំ​បាន​ចាត់​យូដាស និង​ស៊ីឡាស​មក ឲ្យ​ជំរាប​ដល់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ពី​សេចក្តី​នោះ​ឯង ២៨ ពី​ព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ ២៩ គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ និង​សេចក្តី​កំផិត​១ បើ​អ្នក​រាល់​គ្នា​ចៀស​វាង​ពី​របស់​ទាំង​នេះ នោះ​បាន​ល្អ​ហើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ។ ៣០ កាល​ពួក​ជំនុំ​បាន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ​ហើយ នោះ​គេ​ទៅ​ដល់​អាន់ទីយ៉ូក ក៏​ប្រជុំ​ពួក​សិស្ស​ទាំង​ប៉ុន្មាន ហើយ​ប្រគល់​សំបុត្រ​នោះ​ដល់​ពួក​ជំនុំ ៣១ លុះ​បាន​អាន​មើល​សំបុត្រ​ស្រេច​ហើយ ពួក​នោះ​ក៏​មាន​សេចក្តី​រីករាយ​ដោយ​ពាក្យ​កំសាន្ត​នោះ ៣២ ឯ​យូដាស និង​ស៊ីឡាស ដែល​ជា​គ្រូ​អធិប្បាយ​ដែរ គេ​បាន​ប្រដៅ​ទូន្មាន​ជា​ច្រើន​ដល់​ពួក​ជំនុំ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ចិត្ត​ខ្ជាប់ខ្ជួន​ឡើង ៣៣ កាល​នៅ​ទី​នោះ​ជា​យូរ​បន្តិច នោះ​ពួក​ជំនុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ពួក​សាវ័ក​វិញ​ដោយ​សុខ​សាន្ត ៣៤ តែ​ស៊ីឡាស​គាត់​គាប់​ចិត្ត​នៅ​ទី​នោះ​ត​ទៅ​ទៀត ៣៥ ឯ​ប៉ុល និង​បាណាបាស បាន​បង្អង់​នៅ​ឯ​ក្រុង​អាន់ទីយ៉ូក​នោះ​ដែរ ទាំង​បង្រៀន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ជា​ច្រើន។

បេសកកម្ម​លើក​ទី​ពីរ ប៉ុល និង​បាណាបាស​បែក​គ្នា

៣៦ កាល​ក្រោយ​បន្តិច​ថ្ងៃ​មក នោះ​ប៉ុល​និយាយ​នឹង​បាណាបាស​ថា ចូរ​យើង​ត្រឡប់​ទៅ​សួរ​ពួក​បង​ប្អូន នៅ​អស់​ទាំង​ក្រុង ជា​ទី​ដែល​យើង​បាន​ផ្សាយ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ផង ដើម្បី​ឲ្យ​ដឹង​ពី​គេ​ថា​ជា​យ៉ាង​ដូច​ម្តេច ៣៧ ឯ​បាណាបាស គាត់​គិត​ចង់​យក​យ៉ូហាន ដែល​ហៅ​ថា​ម៉ាកុស ទៅ​ជា​មួយ​ផង ៣៨ តែ​ប៉ុល​មិន​ចូល​ចិត្ត​នឹង​យក​គាត់​ទៅ​ទេ ពី​ព្រោះ​ជាន់​មុន គាត់​បាន​ចាក​ចោល​គេ ពី​កាល​នៅ​ស្រុក​ប៉ាមភីលា​ម្តង​ហើយ មិន​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​គ្នា​ត​ទៅ​ឡើយ ៣៩ ដូច្នេះ គេ​មាន​ការណ៍​ទាស់ទែង​គ្នា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​បែក​ចេញ​ពី​គ្នា ឯ​បាណាបាស គាត់​យក​ម៉ាកុស ចុះ​សំពៅ​ទៅ​ឯ​កោះ​គីប្រុស ៤០ តែ​ប៉ុល គាត់​រើស​យក​ស៊ីឡាស​វិញ ហើយ​ចេញ​ដំណើរ​ទៅ ដោយ​មាន​ពួក​ជំនុំ​ផ្ទុកផ្តាក់​ក្នុង​ព្រះគុណ​នៃ​ព្រះអម្ចាស់ ៤១ នោះ​គាត់​ដើរ​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ក៏​តាំង​ឲ្យ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ខ្ជាប់ខ្ជួន​ឡើង។

កិច្ចការ ១៦

ធីម៉ូថេ​រួម​ដំណើរ​ជា​មួយ​ប៉ុល និង​ស៊ីឡាស

១ រីឯ​ប៉ុល បាន​ទៅ​ដល់​ក្រុង​ឌើបេ និង​លីស្ត្រា ហើយ​នៅ​ទី​នោះ ក៏​ប្រទះ​ឃើញ​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​បាន​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រេក ២ គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​ជំនុំ​នៅ​លីស្ត្រា និង​អ៊ីកូនាម ៣ ឯ​ប៉ុល ចង់​ឲ្យ​អ្នក​នោះ​ទៅ​ជា​មួយ​ផង បាន​ជា​គាត់​នាំ​យក​ទៅ​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​ពួក​សាសន៍​យូដា​ដែល​នៅ​ស្រុក​ទាំង​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រេក ៤ កំពុង​ដែល​ដើរ​កាត់​អស់​ទាំង​ទី​ក្រុង នោះ​ក៏​ប្រគល់​សេចក្តី​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដល់​គេ ជា​សេចក្តី​ដែល​ពួក​សាវ័ក និង​ពួក​ចាស់ទុំ ដែល​នៅ​ក្រុង​យេរូសាឡិម បាន​ជំនុំ​សំរេច​ឲ្យ​កាន់​តាម ៥ យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្តី​ជំនឿ រឹត​តែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចំរើន​កើន​ឡើង​ជា​រាល់​ថ្ងៃ។

ប៉ុល​នៅ​ក្រុង​ទ្រអាស ព្រះ​ចាត់​លោក​ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន

៦ កាល​បាន​ដើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​ឃាត់ មិន​ឲ្យ​ផ្សាយ​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ៧ បាន​ជា​នាំ​គ្នា​ចុះ​ទៅ​ឯ​ស្រុក​មីស៊ា​វិញ ហើយ​ខំ​ចូល​ទៅ​ក្នុង​ស្រុក​ប៊ីធូនា ប៉ុន្តែ​ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ ៨ រួច​គេ​ដើរ​ហួស​ពី​ស្រុក​មីស៊ា ចុះ​ទៅ​ឯ​ទ្រអាស​វិញ ៩ នៅ​យប់​នោះ ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង ១០ លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើងក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះអម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ។ ប៉ុល​នៅ​ក្រុង​ភីលីព នាង​លីឌា​ប្រែ​ចិត្ត​គំនិត​មក​ជឿ​ព្រះអម្ចាស់ ១១ កាល​បាន​ចុះ​សំពៅ​ចេញ​ពី​ទ្រអាស​ទៅ នោះ​ក៏​ដំរង់​ទៅ​ឯ​កោះ​សាម៉ូត្រាស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​នាប៉ូល ១២ ពី​ទី​នោះ យើង​ក៏​ទៅ​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​១​ក្នុង​ដែន​ខេត្ត​ម៉ាសេដូន ដែល​ជា​ស្រុក​ចំណុះ ហើយ​យើង​សំចត​នៅ​ទី​នោះ​បាន​បួន​ដប់​ថ្ងៃ។ ១៣ ដល់​ថ្ងៃ​ឈប់​សំរាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ ដែល​ប្រជុំ​គ្នា ១៤ នោះ​មាន​ស្ត្រី​ម្នាក់ ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធាទេរ៉ា ជា​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ នាង​ប្រុង​ស្តាប់ ហើយ​ព្រះអម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្តី ដែល​ប៉ុល​អធិប្បាយ ១៥ កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។

ប៉ុល និង​ស៊ីឡាស​ជាប់​ឃុំឃាំង​នៅ​ក្រុង​ភីលីព

១៦ រួច​កាល​យើង​កំពុង​តែ​ទៅ​ឯ​ទី​អធិស្ឋាន នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ជួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចំរើន​ឲ្យ​ចៅហ្វាយ​នាង​ជា​ច្រើន ដោយ​ការ​ទាយ ១៧ នាង​ដើរ​តាម​ប៉ុល និង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ ១៨ នាង​ក៏​ធ្វើ​ដូច្នោះ​ជា​យូរ​ថ្ងៃ ទាល់​តែ​ប៉ុល​មាន​សេចក្តី​រំខាន​ចិត្ត ហើយ​បែរ​ទៅ​និយាយ​នឹង​អារក្ស​នោះ​ថា អញ​បង្គាប់​ឯង​ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ឯង​ចេញ​ពី​នាង​នេះ​ទៅ វា​ក៏​ចេញ​ទៅ​នៅ​វេលា​នោះ​ឯង ១៩ កាល​ពួក​ចៅហ្វាយ​របស់​នាង​ឃើញ​ថា ទី​សង្ឃឹម​ដែល​នឹង​បាន​កំរៃ បាន​បាត់​អស់​ទៅ​ហើយ នោះ​គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំ​ទៅ​ឯ​ទី​ផ្សារ នៅ​ចំពោះ​មុខ​មេ​នគរបាល ២០ រួច​កាល​នាំ​ទៅ​ដល់​នាយក​ដំរួត​នគរបាល គេ​ជំរាប​ថា ពួក​សាសន៍​យូដា​ទាំង​នេះ​នាំ​ឲ្យ​ទី​ក្រុង​យើង កើត​វឹកវរ​ជា​ខ្លាំង​ណាស់ ២១ គេ​ប្រកាស​ប្រាប់​ពី​ទំនៀមទំលាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​ទទួល ឬ​កាន់​តាម​ឡើយ ២២ ហ្វូង​មនុស្ស​ក៏​លើក​គ្នា​ទាស់​នឹង​ប៉ុល ហើយ​និង​ស៊ីឡាស​ដែរ រួច​មេ​នគរបាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់ ២៣ ក្រោយ​ដែល​វាយ មាន​ស្នាម​ជា​ច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់​គុក បង្គាប់​មេភូឃុំ ឲ្យ​រក្សា​ដោយ​ប្រយ័ត្នប្រយែង ២៤ មេភូឃុំ​ទទួល​បង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រម​ទាំង​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង ២៥ លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ ២៦ នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ ២៧ កាល​មេភូឃុំ​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នោះ ក៏​ហូត​ដាវ​បំរុង​នឹង​សំឡាប់​ខ្លួន​ចោល ដោយ​ស្មាន​ថា អ្នក​ទោស​បាន​រត់​រួច​អស់​ហើយ ២៨ ប៉ុន្តែ ប៉ុល​ស្រែក​ឡើង​ឃាត់​ថា កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ ២៩ មេភូឃុំ​ក៏​ឲ្យ​គេ​យក​ភ្លើង​មក រួច​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​គុក ផ្តួល​ខ្លួន​នៅ​ទៀប​ជើង​ប៉ុល និង​ស៊ីឡាស ទាំង​ញាប់ញ័រ ៣០ គាត់​នាំ​គេ​ចេញ​ទៅ​ក្រៅ​សួរ​ថា លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង ៣១ គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង ៣២ គេ​ក៏​ផ្សាយ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដល់​គាត់ និង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ៣៣ នៅ​វេលា​យប់​នោះ​ឯង គាត់​យក​គេ​ទៅ​លាង​ស្នាម​រំពាត់​ចេញ រួច​ខ្លួន​គាត់ និង​ពួក​គាត់​ទាំង​អស់ ក៏​ទទួល​បុណ្យ​ជ្រមុជទឹក​ភ្លាម ៣៤ នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីករាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។ ៣៥ ដល់​ភ្លឺ​ឡើង នោះ​មេ​នគរបាល​ចាត់​ពួក​នាយ ឲ្យ​ទៅ​ប្រាប់​ថា ចូរ​លែង​អ្នក​ទាំង​២​នោះ​ទៅ ៣៦ មេភូឃុំ​ក៏​ប្រាប់​ដល់​ប៉ុល តាម​ពាក្យ​នោះ​ថា លោក​នគរបាល​បាន​ចាត់​គេ​មក ប្រាប់​ឲ្យ​លែង​លោក​ចេញ​ទៅ​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ ៣៧ តែ​ប៉ុល​ឆ្លើយ​ទៅ​គេ​ថា ពួក​មេ​នគរបាល​វាយ​យើង​នឹង​រំពាត់ នៅ​កណ្តាល​ជំនុំ ឥត​មាន​កាត់​ទោស ហើយ​បាន​ដាក់​គុក​យើង​ផង ដែល​យើង​ជា​ជាតិ​រ៉ូម​ដូច្នេះ ឥឡូវ​នេះ លោក​ចង់​គេចកែ​ប្រែ​ជា​ដេញ​យើង​ទៅ​ដោយ​សំងាត់​វិញ​ឬ ធ្វើ​ដូច្នេះ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ខ្លួន​លោក​មក​នាំ​យើង​ចេញ​ទៅ​វិញ ៣៨ ពួក​នាយ​ក៏​ទៅ​ជំរាប​តាម​ពាក្យ​នោះ រួច​ពួក​មេ​នគរបាល​មាន​សេចក្តី​ភិតភ័យ ដោយ​ឮ​ថា​ជា​ជាតិ​រ៉ូម ៣៩ ក៏​មក​សូម​អង្វរ​ដល់​គាត់​ទាំង​២​នាក់ រួច​នាំ​ចេញ​ពី​ក្នុង​គុក ហើយ​សូម​ឲ្យ​ចេញ​ពី​ទី​ក្រុង​គេ​ទៅ ៤០ កាល​ចេញ​ពី​គុក​ហើយ ទើប​នាំ​គ្នា​ទៅ​ឯ​នាង​លីឌា លុះ​បាន​ឃើញ​ពួក​ជំនុំ នោះ​ក៏​ទូន្មាន​ដល់​គេ រួច​ចេញ​ដំណើរ​ទៅ។

កិច្ចការ ១៧

ប៉ុល និង​ស៊ីឡាស​ទៅ​ដល់​ក្រុង​ថែស្សាឡូនីច

១ រីឯ​កាល​បាន​ដើរ​កាត់​ក្រុង​អាំភីប៉ូលី និង​ក្រុង​អ័ប៉ុឡូនា នោះ​គេ​ទៅ​ដល់​ក្រុង​ថែស្សាឡូនីច ជា​កន្លែង​ដែល​មាន​សាលា​ប្រជុំ​របស់​សាសន៍​យូដា ២ ប៉ុល​ក៏​ចូល​ទៅ​ឯ​គេ​តាម​ទំលាប់​គាត់ ហើយ​ជជែក​ពន្យល់​ដល់​គេ​តាម​គម្ពីរ ក្នុង​៣​ថ្ងៃ​ឈប់​សំរាក ៣ ក៏​បើក​សំដែង​យ៉ាង​ច្បាស់​ថា ព្រះគ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គាត់​ក៏​និយាយ​ថា ព្រះយេស៊ូវ​នេះ​ឯង ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះគ្រីស្ទ​នោះ​ហើយ ៤ ពួក​អ្នក​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​ខាង​ប៉ុល និង​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រេក​សន្ធឹក ដែល​តែង​តែ​ថ្វាយ​បង្គំ​ព្រះ និង​ពួក​ស្រី​អ្នក​មុខ​ជា​ក្រែល​ដែរ ៥ តែ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​មាន​ចិត្ត​ឈ្នានីស ក៏​នាំ​យក​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​មនុស្ស​យ៉ាង​សន្ធឹក ទៅ​បង្កើត​វឹកវរ​ក្នុង​ទី​ក្រុង ហើយ​នាំ​គ្នា​ទៅ​ចោម​ព័ទ្ធ​ផ្ទះ​យ៉ាសុន រក​ចាប់​ប៉ុល និង​ស៊ីឡាស នាំ​ចេញ​មក​ឯ​បណ្តាជន ៦ លុះ​រក​មិន​ឃើញ ក៏​ចាប់​យ៉ាសុន និង​ពួក​ជំនុំ​ខ្លះ កន្ត្រាក់​ដឹកនាំ​ទៅ​ដាក់​នៅ​មុខ​ចៅហ្វាយ​ទី​ក្រុង ដោយ​ស្រែក​ថា ពួក​ដែល​នាំ​ឲ្យ​ក្រឡាប់​ផែនដី​នោះ បាន​មក​ទី​នេះ​ហើយ ៧ ឯ​យ៉ាសុន​នេះ ជា​អ្នក​បាន​ទទួល​គេ ពួក​នោះ​ប្រព្រឹត្ត​សុទ្ធ​តែ​ខុស​នឹង​បញ្ញត្ត​របស់​សេសារ ដោយ​និយាយ​ថា មាន​ស្តេច​១​ទៀត ឈ្មោះ​យេស៊ូវ ៨ មនុស្ស​ទាំង​នោះ​ក៏​នាំ​ឲ្យ​អស់​បណ្តាជន និង​ចៅហ្វាយ​នៃ​ទី​ក្រុង​កើត​បារម្ភ​ព្រួយ ដោយ​ឮ​សេចក្តី​នោះ ៩ រួច​កាល​បាន​យក​ប្រាក់​ធានា​ពី​យ៉ាសុន និង​អ្នក​ឯ​ទៀត​ហើយ នោះ​ក៏​លែង​គេ​ចេញ​ទៅ។

ប៉ុល និង​ស៊ីឡាស​នៅ​ក្រុង​បេរា

១០ ពួក​ជំនុំ​ក៏​ឲ្យ​ប៉ុល និង​ស៊ីឡាស ចេញ​ទៅ​ឯ​ក្រុង​បេរា ទាំង​យប់​ភ្លាម កាល​ទៅ​ដល់ នោះ​គេ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា ១១ រីឯ​ពួក​អ្នក​ស្រុក​នោះ មាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ថែស្សាឡូនីច គេ​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះបន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្តី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ ១២ ដូច្នេះ មាន​ពួក​គេ និង​ពួក​ស្រី​សាសន៍​ក្រេក ជា​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​បាន​ជឿ ក៏​មាន​ប្រុសៗ​ក្រែល​ដែរ ១៣ តែ​កាល​ពួក​សាសន៍​យូដា​នៅ​ថែស្សាឡូនីច​បាន​ដឹង​ថា ប៉ុល​បាន​ផ្សាយ​ព្រះបន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​ក៏​មក​ញុះញង់​បណ្តាជន​នៅ​ទី​នោះ​ទៀត ១៤ ដូច្នេះ ពួក​ជំនុំ​ឲ្យ​ប៉ុល​ចេញ​ទៅ​ភ្លាម ធ្វើ​ដូច​ជា​នឹង​ទៅ​ឯ​សមុទ្រ តែ​ស៊ីឡាស និង​ធីម៉ូថេ នៅ​ទី​នោះ​ត​ទៅ ១៥ ឯ​ពួក​អ្នក​ដែល​ជូន​ប៉ុល​ទៅ គេ​នាំ​ទៅ​ឯ​ក្រុង​អាថែន​វិញ រួច​កាល​គេ​ទទួល​ពាក្យ ដែល​គាត់​ផ្តាំ​ទៅ​ស៊ីឡាស និង​ធីម៉ូថេ ឲ្យ​គេ​មក​ជួប​នឹង​គាត់​ជា​ប្រញាប់ នោះ​គេ​នាំ​គ្នា​ត្រឡប់​វិល​ទៅ​វិញ។

សុន្ទរកថា​ប៉ុល​នៅ​ក្រុង​អាថែន

១៦ កំពុង​ដែល​ប៉ុល​ចាំ​គេ​នៅ​ក្រុង​អាថែន នោះ​គាត់​មាន​សេចក្តី​រំជួល​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ ១៧ ដូច្នេះ គាត់​ក៏​ជជែក​ពន្យល់​ដល់​សាសន៍​យូដា និង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ក្នុង​សាលា​ប្រជុំ​គេ ហើយ​នៅ​ទី​ផ្សារ ជា​មួយ​នឹង​អស់​អ្នក​ដែល​មក​ជួប​នឹង​គាត់​រាល់​តែ​ថ្ងៃ​ដែរ ១៨ តែ​មាន​ពួក​អេពីគួរ និង​ពួក​ស្ទអ៊ីកខ្លះ ជា​អ្នក​ប្រាជ្ញ​បរមត្ថ គេ​មក​ជួប​នឹង​គាត់ ខ្លះ​សួរ​ថា តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​នេះ​ចង់​ថា​ដូច​ម្តេច ខ្លះ​ទៀត​ថា មើល​ទៅ​ដូច​ជា​គាត់​សំដែង​ពី​ព្រះ​ដទៃ​ទេ ដ្បិត​ឮ​គាត់​ប្រាប់​គេ​ពី​ព្រះយេស៊ូវ ហើយ​ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ ១៩ គេ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ភ្នំ​អើរីយ៉ូស​សួរ​ថា តើ​យើង​អាច​នឹង​ដឹង​ជា​សេចក្តី​បង្រៀន​ថ្មី ដែល​អ្នក​អធិប្បាយ​នេះ​ជា​យ៉ាង​ណា​បាន​ឬ​ទេ ២០ ដ្បិត​យើង​បាន​ឮ​អ្នក​អធិប្បាយ​យ៉ាង​ប្លែក​ណាស់ ដូច្នេះ យើង​ចង់​ដឹង​ន័យ​សេចក្តី​ទាំង​នេះ​ដែរ ២១ រីឯ​ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​បង់​ពេល​ទំនេរ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គេ​គិត​តែ​ពី​ប្រាប់ ឬ​ស្តាប់​សេចក្តី​ថ្មី​ប៉ុណ្ណោះ។ ២២ ឯ​ប៉ុល គាត់​ឈរ​នៅ​កណ្តាល​ទី​អើរីយ៉ូស សំដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញ​ថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះខ្នែង​កាន់​សាសនា​ណាស់ ២៣ ដ្បិត​កំពុង​ដែល​ខ្ញុំ​ដើរ​ចុះ​ឡើង មើល​ប្រដាប់​ប្រដា ដែល​អ្នក​រាល់​គ្នា​គោរព​បូជា នោះ​ខ្ញុំ​ឃើញ​មាន​អាសនា​១ ដែល​មាន​ចារិក​ថា «ព្រះ​ដ៏​ពុំ​ស្គាល់» ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ដោយ​ឥត​ស្គាល់​នោះ​ឯង ២៤ ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ៍ និង​របស់​សព្វ​សារពើ ព្រះអង្គ​នោះ ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ ២៥ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់ផ្គង់​ដោយ​ព្រះអង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក ២៦ ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន និង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា ២៧ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ​ក៏​ដោយ ២៨ ដ្បិត​គឺ​ដោយសារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា «មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ» ២៩ ដូច្នេះ បើ​យើង​រាល់​គ្នា ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ​ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ ៣០ ពី​ដើម ព្រះ​ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ ៣១ ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំជំរះ​លោកីយ៍​ដោយ​យុត្តិធម៌ ដោយសារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​តម្រូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុតាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំងឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ៣២ កាល​គេ​បាន​ឮ​និយាយ​ពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​និយាយ​ថា យើង​នឹង​ស្តាប់​អ្នក​ពី​ដំណើរ​នេះ​ម្តង​ទៀត ៣៣ ដូច្នេះ ប៉ុល​ក៏​ចេញ​ពី​ចំណោម​គេ​ទៅ ៣៤ តែ​មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ឌេវនីស ជា​ចៅក្រម​នៅ​ភ្នំ​អើរីយ៉ូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស ហើយ​និង​អ្នក​ខ្លះ​ទៀត​ដែរ។

កិច្ចការ ១៨

ប៉ុល​នៅ​ក្រុង​កូរិនថូស

១ ក្រោយ​នោះ​មក ប៉ុល​ចេញ​ពី​ក្រុង​អាថែន ទៅ​ឯ​កូរិនថូស ២ នៅ​ទី​នោះ គាត់​ជួប​នឹង​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័គីឡា ដែល​កើត​នៅ​ស្រុក​ប៉ុនតុស ជា​អ្នក​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី​ព្រម​ទាំង​ព្រីស៊ីល ជា​ប្រពន្ធ​គាត់​ផង ពី​ព្រោះ​មហារាជ​ក្លូឌាស ទ្រង់​បាន​បង្គាប់ ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់​ទៅ គាត់​ក៏​ទៅ​ឯ​អ្នក​ទាំង​២​នោះ ៣ រួច​គាត់​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​គេ ពី​ព្រោះ​មាន​របរ​រក​ស៊ី​ធ្វើ​ជាង​ត្រសាល​ដូច​គ្នា ៤ គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា និង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង។ ៥ កាល​ស៊ីឡាស និង​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ នោះ​ប៉ុល​មាន​សេចក្តី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះបន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ​ពិត ៦ តែ​ដោយ​ព្រោះ​គេ​តាំង​ខ្លួន​ទាស់​ទទឹង ហើយ​ក៏​ជេរ​ប្រមាថ​ផង បាន​ជា​ប៉ុល​រលាស់​អាវ​ខ្លួន និយាយ​ថា ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​វិញ​ចុះ ឯ​ខ្ញុំៗ បរិសុទ្ធ​ទេ អំណឹះ​ទៅ​មុខ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​ហើយ ៧ គាត់​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ ៨ ឯ​គ្រីសប៉ុស ជា​មេ​សាលា​ប្រជុំ គាត់​ជឿ​ដល់​ព្រះអម្ចាស់ ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ក៏​មាន​ពួក​ក្រុង​កូរិនថូស​បាន​ស្តាប់ ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យ​ជ្រមុជទឹក​ផង ៩ វេលា​យប់​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​ប៉ុល​ក្នុង​ការ​ជាក់​ស្តែង​ថា កុំ​ខ្លាច​អ្វី ចូរ​សំដែង​ទៅ កុំ​នៅ​ស្ងៀម​ឡើយ ១០ ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ គ្មាន​អ្នក​ណា​នឹង​ប្រទូស្ត​ដល់​អ្នក​បាន​ទេ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែរ ១១ គាត់​ក៏​នៅ​ទី​នោះ​១​ឆ្នាំ​៦​ខែ ព្រម​ទាំង​បង្រៀន​ព្រះបន្ទូល​នៅ​ក្នុង​ពួក​គេ។ ១២ កាល​លោក​កាលីយ៉ូ ធ្វើ​ជា​អ្នក​ដំណាង​សាសន៍​រ៉ូម នៅ​ស្រុក​អាខៃ នោះ​ពួក​សាសន៍​យូដា​លើក​គ្នា ព្រួត​ទាស់​នឹង​ប៉ុល គេ​ចាប់​នាំ​គាត់​ទៅ​ឯ​ទី​ជំនុំ​ក្តី ចោទ​ថា ១៣ អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ខុស​ច្បាប់ ១៤ តែ​កាល​ប៉ុល​រៀប​នឹង​បើក​មាត់​ដោះ​សា​ខ្លួន នោះ​លោក​កាលីយ៉ូ​និយាយ​ទៅ​ពួក​សាសន៍​យូដា​ថា នែ ពួក​សាសន៍​យូដា​អើយ បើ​សិន​ណា​ជា​មាន​ការ​ទុច្ចរិត​ណា ឬ​ទោស​កំណាច​អ្វី​ដទៃ នោះ​តាម​ទំនង​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្តាប់​អ្នក​រាល់​គ្នា ១៥ ប៉ុន្តែ បើ​សិន​ជា​កើត​ក្តី​ពី​ដំណើរ​ពាក្យ​សំដី ឬ​ពី​នាម​ឈ្មោះ ឬ​ពី​ក្រឹត្យវិន័យ​របស់​អ្នក​រាល់​គ្នា​វិញ នោះ​ស្រេច​នឹង​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ជំនុំជំរះ​ចំពោះ​ការ​យ៉ាង​នោះ​ទេ ១៦ លោក​ក៏​បណ្តេញ​គេ ចេញ​ពី​សាលា​ជំនុំជំរះ​ទៅ ១៧ នោះ​គេ​ក៏​ចាប់​សូស្ថេន ជា​មេ​សាលា​ប្រជុំ មក​វាយផ្ចាល​នៅ​មុខ​សាលា​ជំនុំ តែ​លោក​កាលីយ៉ូ​មិន​រវល់​សោះ។

ប៉ុល​វិល​ត្រឡប់​ទៅ​ក្រុង​អាន់ទីយ៉ូក​វិញ

១៨ ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល និង​អ័គីឡា ទៅ​ជា​មួយ​ផង ១៩ កាល​ទៅ​ដល់​ក្រុង​អេភេសូរ​ហើយ នោះ​ប៉ុល​ទុក​គេ​នៅ​ទី​នោះ តែ​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​ក៏​ជជែក​ពន្យល់​ដល់​គេ ២០ រួច​គេ​សូម​ឲ្យ​គាត់​នៅ​ជា​មួយ​នឹង​គេ​ជា​យូរ​បន្តិច​ទៀត តែ​គាត់​មិន​ព្រម​ទេ ២១ គាត់​លា​គេ​ទៅ​ដោយ​ពាក្យ​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​ធ្វើ​បុណ្យ​ក្រោយ​នេះ នៅ​ក្រុង​យេរូសាឡិម​ជា​មិន​ខាន តែ​បើ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ រួច​គាត់​ចុះ​សំពៅ ចេញ​ពី​អេភេសូរ​ទៅ ២២ លុះ​ចូល​ចត​នៅ​ក្រុង​សេសារា​ហើយ ក៏​ឡើង​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ រួច​ចុះ​ទៅ​ឯ​អាន់ទីយ៉ូក​វិញ។

អ័ប៉ុឡូស​នៅ​ក្រុង​អេភេសូរ និង​ក្រុង​កូរិនថូស

២៣ គាត់​នៅ​ទី​នោះ​ជា​យូរ​ក្រែល រួច​ចេញ​ទៅ​ដើរ​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ដោយ​លំដាប់ ព្រម​ទាំង​តាំង​ឲ្យ​ពួក​សិស្ស​ទាំង​អស់​បាន​ខ្ជាប់ខ្ជួន​ឡើង។ ២៤ នៅ​ក្នុង​គ្រា​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុឡូស ដែល​កើត​នៅ​ក្រុង​អ័លេក្សានទ្រា ជា​អ្នក​មាន​វោហារ ហើយ​ក៏​ចេះ​ស្ទាត់​ក្នុង​គម្ពីរ​ដែរ គាត់​មក​ដល់​ក្រុង​អេភេសូរ ២៥ គាត់​បាន​សិក្សា​ខាង​ឯ​ផ្លូវ​ព្រះអម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ បាន​ជា​គាត់​អធិប្បាយ ហើយ​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ពី​អស់​ទាំង​សេចក្តី​ខាង​ឯ​ព្រះអម្ចាស់ ទោះ​បើ​ស្គាល់​តែ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ ២៦ ហើយ​គាត់​ចាប់​តាំង​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លាហាន កាល​អ័គីឡា និង​ព្រីស៊ីល បាន​ឮ នោះ​ក៏​នាំ​ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹត​តែ​ច្បាស់​ទៅ​ទៀត ២៧ រួច​គាត់​គិត​នឹង​ទៅ​ឯ​ស្រុក​អាខៃ នោះ​ពួក​ជំនុំ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ ទូន្មាន​ពួក​សិស្ស​ឲ្យ​ទទួល​គាត់ លុះ​ដល់​ហើយ គាត់​ក៏​ជួយ​យ៉ាង​សន្ធឹក ដល់​ពួក​អ្នក​ដែល​ជឿ​ដោយ​ព្រះគុណ ២៨ ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្តាល​ជំនុំ ដោយ​ប៉ិនប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ​មែន។

កិច្ចការ ១៩

ប៉ុល​នៅ​ក្រុង​អេភេសូរ

១ កំពុង​ដែល​អ័ប៉ុឡូស​នៅ​ក្រុង​កូរិនថូស នោះ​ប៉ុល​បាន​ដើរ​កាត់​អស់​ទាំង​ស្រុក​ខាង​លើ រហូត​ដល់​ក្រុង​អេភេសូរ កាល​គាត់​រក​ឃើញ​សិស្ស​ខ្លះ នោះ​ក៏​សួរ​ថា ២ ចាប់​តាំង​ពី​អ្នក​រាល់​គ្នា​ជឿ​មក តើ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ឬ​នៅ គេ​ឆ្លើយ​ថា​យើង​ខ្ញុំ​មិន​បាន​ទាំង​ឮ​និយាយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង ៣ គាត់​សួរ​គេ​ទៀត​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​អ្វី គេ​ឆ្លើយ​ថា គឺ​ដោយ​នូវ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ទេ ៤ រួច​ប៉ុល​និយាយ​ថា លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក ពី​ដំណើរ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ពួក​ជន​ឲ្យ​ជឿ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្រោយ​លោក​វិញ គឺ​ដល់​ព្រះយេស៊ូវគ្រីស្ទ ៥ កាល​បាន​ឮ​ដូច្នោះ​ហើយ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជទឹក ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ​វិញ ៦ រួច​ប៉ុល​ដាក់​ដៃ​លើ​គេ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​គេ នោះ​គេ​ចាប់​តាំង​និយាយ​ភាសា​ដទៃ ហើយ​អធិប្បាយ​ផង ៧ ពួក​អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ជា​១២​នាក់។ ៨ ប៉ុល​ក៏​ចូល​ទៅ​អធិប្បាយ ក្នុង​សាលា​ប្រជុំ ដោយ​ក្លាហាន ហើយ​ក្នុង​រវាង​៣​ខែ គាត់​ចេះ​តែ​ជជែក​ពន្យល់ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​គេ ឲ្យ​ជឿ​តាម​អស់​ទាំង​សេចក្តី​ពី​នគរ​ព្រះ ៩ លុះ​កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹងទទឹង ហើយ​ចចេស ព្រម​ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ នៅ​មុខ​ប្រជាជន នោះ​គាត់​ក៏​ថយ​ចេញ​ពី​គេ​ទៅ ញែក​យក​ទាំង​ពួក​សិស្ស​ទៅ​ផង រួច​គាត់​ជជែក​ពន្យល់​ក្នុង​សាលា​បង្រៀន​របស់​ទីរ៉ានុស​ជា​រាល់​ថ្ងៃ ១០ គាត់​ធ្វើ​ដូច្នោះ អស់​២​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រេក​ផង ១១ ហើយ​ព្រះ​ទ្រង់​ធ្វើ​ការ​ឫទ្ធិបារមី​យ៉ាង​ប្លែកៗ ដោយសារ​ដៃ​ប៉ុល ១២ ដល់​ម៉្លេះ​បាន​ជា​គេ​គ្រាន់​តែ​យក​កន្សែង ឬ​ក្រមា ពី​ខ្លួន​គាត់ ទៅ​ដាក់​លើ​មនុស្ស​មាន​ជំងឺ នោះ​គេ​ក៏​បាន​ជា ហើយ​មាន​អារក្សអសោច​ចេញ​ពី​មនុស្ស​ដែរ។

កូន​របស់​ស្កេវ៉ា

១៣ រីឯ​មាន​មនុស្ស​សាសន៍​យូដា​ខ្លះ ជា​គ្រូ​មន្តអាគម ដែល​ដើរ​ចុះ​ឡើង គេ​ក៏​ចាប់​តាំង​អំពាវនាវ ដល់​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ ពី​លើ​មនុស្ស​ដែល​មាន​អារក្សអសោច​ចូល​ថា អញ​បង្គាប់​ឯង ដោយ​នូវ​ព្រះយេស៊ូវ ដែល​ប៉ុល​ប្រកាស​ប្រាប់​នោះ ១៤ ក្នុង​ពួក​មនុស្ស​ដែល​ធ្វើ​ដូច្នោះ មាន​៧​នាក់ ជា​កូន​នៃ​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​សង្គ្រាជ​ឈ្មោះ​ស្កេវ៉ា ១៥ តែ​អារក្សអសោច​ឆ្លើយ​ទៅ​គេ​ថា យើង​ស្គាល់​ព្រះយេស៊ូវ​ហើយ ក៏​ស្គាល់​ប៉ុល​បន្តិច​បន្តួច​ដែរ តែ​ឯង​រាល់​គ្នា តើ​ជា​អ្នក​ណា​វិញ ១៦ រួច​មនុស្ស​ដែល​មាន​អារក្សអសោច​ចូល​ក៏​ស្ទុះ​ទៅ​លើ​គេ ទាំង​បង្គ្រប ហើយ​ឈ្នះ​គេ ដល់​ម៉្លេះ​បាន​ជា​គេ​រត់​ចេញ​ពី​ផ្ទះ​នោះ​ទាំង​អាក្រាត ហើយ​មាន​របួស​ផង ១៧ ឯ​អស់​មនុស្ស​នៅ​ក្រុង​អេភេសូរ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រេក​ផង បាន​ដឹង​រឿង​នោះ ក៏​កើត​មាន​ចិត្ត​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ហើយ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ​ក៏​បាន​ថ្កើង​ឡើង ១៨ មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ជឿ គេ​មក​លន់តួ ព្រម​ទាំង​សំដែង​ប្រាប់​ពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ផង ១៩ ឯ​មនុស្ស​ដែល​ប្រព្រឹត្ត​វិជ្ជា​ប្លែកៗ នោះ​ក៏​មាន​ច្រើន​នាក់ បាន​យក​ក្បួន​ដំរា​របស់​ខ្លួន មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​គ្នា គេ​បាន​គិត​ថ្លៃ​ក្បួន​ទាំង​នោះ​មើល ឃើញ​មាន​ដំឡៃ​អស់​៥​ម៉ឺន​រៀល ២០ គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​បាន​ចំរើន​កើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។

ការ​បះបោរ​នៅ​ក្រុង​អេភេសូរ

២១ ក្រោយ​ការ​ទាំង​នោះ​មក ប៉ុល​គិត​សំរេច​ក្នុង​ចិត្ត​ថា កាល​ណា​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​ហើយ នោះ​គាត់​នឹង​ទៅ​ឯ​ក្រុង​យេរូសាឡិម ក៏​និយាយ​ថា ក្រោយ​ដែល​ខ្ញុំ​បាន​ទៅ​ឯ​ណោះ​ហើយ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ ២២ គាត់​ចាត់​អ្នក​ជំនួយ​គាត់​២​នាក់ គឺ​ធីម៉ូថេ និង​អេរ៉ាស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន តែ​ខ្លួន​គាត់​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​បន្តិច​ទៀត។ ២៣ នៅ​គ្រា​នោះ កើត​មាន​វឹកវរ​ជា​ធំ ពី​ដំណើរ​ផ្លូវ​នោះ ២៤ ដ្បិត​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដេមេទ្រាស ជា​ជាង​ប្រាក់ ដែល​ធ្វើ​អាស្រម​ព្រះឌីអាន​ពី​ប្រាក់ គាត់​ជួយ​ដល់​ពួក​ជាង​ទាំង​ប៉ុន្មាន ឲ្យ​បាន​កំរៃ​ជា​ច្រើន ២៥ កាល​គាត់​បាន​ប្រមូល​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​មាន​របរ​ដូច​គ្នា​ទាំង​ប៉ុន្មាន​មក នោះ​គាត់​និយាយ​ថា អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​បាន​ផល​ចំណេញ​ពី​របរ​នេះ​មក ២៦ អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះបញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​សន្ធឹក​ទៅ​ហើយ មិន​ត្រឹម​តែ​នៅ​អេភេសូរ​ប៉ុណ្ណោះ គឺ​ស្ទើរ​តែ​នឹង​គ្រប់​សព្វ​នៅ​ស្រុក​អាស៊ី​ផង ដោយ​ពាក្យ​ថា​អស់​ទាំង​ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​មិន​មែន​ជា​ព្រះ​ទេ ២៧ ដូច្នេះ មាន​អន្តរាយ​កើត​ដល់​យើង មិន​ត្រឹម​តែ​សមាគម​នេះ ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិបត្តិ ដល់​ព្រះវិហារ​របស់​ព្រះឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរីល្អ​នៃ​ព្រះ​របស់​យើង ដែល​គ្រប់​ស្រុក​អាស៊ី និង​លោកីយ៍​ទាំង​មូល​ក៏​ថ្វាយ​បង្គំ នឹង​ត្រូវ​សាបសូន្យ​ទៅ ២៨ កាល​គេ​ឮ​សេចក្តី​នោះ​ហើយ គេ​ក៏​មាន​ពេញ​ដោយ​សេចក្តី​កំហឹង ហើយ​ស្រែក​ប្រកាស​ថា ព្រះឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស ២៩ នោះ​ក៏​កើត​មាន​វឹកវរ​ពេញ​ក្នុង​ក្រុង គេ​ស្រុះ​ចិត្ត​គ្នា​ចាប់​កន្ត្រាក់​កៃយុស និង​អើរីស្តាក ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​ប៉ុល នាំ​ម្នីម្នា​ចូល​ទៅ​ក្នុង​រោង​ជំនុំ ៣០ ឯ​ប៉ុល​គាត់​គិត​ចូល​ទៅ​ឯ​បណ្តាជន​ដែរ តែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​ទៅ​ទេ ៣១ ហើយ​មាន​ពួក​ចៅហ្វាយ​នៅ​ស្រុក​អាស៊ី​ខ្លះ​ដែល​ស្រឡាញ់​គាត់ ក៏​ចាត់​គេ​មក​អង្វរ​ថា សូម​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ជំនុំ​នោះ​ឡើយ ៣២ ឯ​បណ្តាជន ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មនុស្ស​ក្នុង​ចំណោម​នោះ កំពុង​ជ្រួលជ្រើម​ជា​ខ្លាំង ច្រើន​មិន​ដឹង​ជា​គេ​ប្រជុំ​គ្នា​ដោយ​ហេតុ​អ្វី​ផង ៣៣ ពួក​សាសន៍​យូដា​ក៏​ច្រាន​អ័លេក្សានត្រុស​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ខាង​មុខ គាត់​ក៏​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ចង់​ដោះ​សា​នឹង​បណ្តា​មនុស្ស ៣៤ កាល​គេ​បាន​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​ចំនួន​ប្រហែល​ជា​២​ម៉ោង​ថា ព្រះឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស ៣៥ កាល​លោក​ភូឈួយ​បាន​ធ្វើ​បង្អន់​ដល់​ហ្វូង​មនុស្ស នោះ​ក៏​និយាយ​ថា នែ ពួក​ក្រុង​អេភេសូរ​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ដឹង​ថា ពួក​អ្នក​នៅ​ក្រុង​នេះ ជា​អ្នក​ថែ​រក្សា​ព្រះវិហារ​នៃ​ព្រះឌីអាន​ដ៏​ធំ ដែល​ធ្លាក់​មក​ពី​ព្រះសេយូស​នោះ ៣៦ ដូច្នេះ ដែល​សេចក្តី​នោះ​ជា​ពិត​ហើយ នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដោយ​ស្រួល​ទៅ​ចុះ មិន​ត្រូវ​ធ្វើ​ដោយ​រលះរលាំង​ដូច្នេះ​ឡើយ ៣៧ អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​ទាំង​នេះ​មក ដែល​មិន​មែន​ជា​ចោរ​លួច​វិហារ ឬ​ប្រមាថ​ដល់​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ ៣៨ ដូច្នេះ បើ​សិន​ជា​ដេមេទ្រាស និង​ពួក​ជាង​ដែល​មក​ជា​មួយ​គ្នា​នេះ មាន​រឿង​អ្វី​នឹង​អ្នក​ណា នោះ​មាន​ទី​សំរាប់​ជំនុំជំរះ​ក្តី​ស្រាប់ ហើយ​មាន​ទាំង​ពួក​ចៅក្រម​ផង ត្រូវ​ឲ្យ​គេ​ប្តឹងប្តល់​គ្នា​ទៅ​ចុះ ៣៩ តែ​បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​ដំណើរ​ណា​ទៀត នោះ​ត្រូវ​តែ​បាន​សំរេច​ក្នុង​ជំនុំ ដែល​ប្រជុំ​តាម​ច្បាប់​វិញ ៤០ ដ្បិត​ខ្លាច​ក្រែង​យើង​ត្រូវ​ទោស​ជា​ពួក​បះបោរ ដោយ​ព្រោះ​រឿង​ដែល​កើត​មក​នៅ​ថ្ងៃ​នេះ ដ្បិត​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​នេះ​បាន​ទេ ៤១ កាល​មាន​ប្រសាសន៍​សេចក្តី​ទាំង​នេះ​រួច​ហើយ នោះ​លោក​ឲ្យ​គេ​ទៅ​វិញ​ទៅ។

កិច្ចការ ២០

ប៉ុល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​ក្រេក

១ លុះ​ក្រោយ​ដែល​ការ​ចលាចល​នោះ បាន​ស្ងប់​ស្ងាត់​ហើយ នោះ​ប៉ុល​ហៅ​ពួក​សិស្ស​មក រួច​លា​គេ ចេញ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ ២ កាល​គាត់​បាន​ដើរ​កាត់​ដែន​ស្រុក​ទាំង​នោះ ហើយ​អធិប្បាយ​ទូន្មាន​ជា​ច្រើន ដល់​ពួក​សិស្ស នោះ​គាត់​បាន​ដល់​ទៅ​ស្រុក​ក្រេក ៣ ក៏​នៅ​ស្រុក​នោះ​អស់​៣​ខែ តែ​កាល​គាត់​រៀប​នឹង​ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី នោះ​ពួក​សាសន៍​យូដា គេ​គិត​ល្បិច​ទាស់​នឹង​គាត់ បាន​ជា​គាត់​សំរេច​នឹង​ទៅ​តាម​ស្រុក​ម៉ាសេដូន​វិញ ៤ មាន​សូប៉ាត្រុស ដែល​នៅ​ក្រុង​បេរា អើរីស្តាក និង​សេគុនដុស ពី​ពួក​ថែស្សាឡូនីច កៃយុស និង​ធីម៉ូថេ ពី​ក្រុង​ឌើបេ ហើយ​ទីឃីកុស និង​ទ្រភីម ពី​ស្រុក​អាស៊ី គេ​ជូន​ដំណើរ​ទៅ​ត្រឹម​ស្រុក​អាស៊ី ៥ អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន ក៏​ចាំ​យើង​រាល់​គ្នា​នៅ​ត្រង់​ក្រុង​ទ្រអាស ៦ ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​យើង​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​ភីលីព​ទៅ​៥​ថ្ងៃ ទើប​បាន​ដល់​ទៅ​គេ​នៅ​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​អស់​៧​ថ្ងៃ។

ប៉ុល​ប្រោស​អើទីកុស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្រុង​ទ្រអាស

៧ លុះ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យនោះ កាល​ពួក​សិស្ស​បាន​ប្រជុំ​គ្នា ដើម្បី​កាច់​នំបុ័ង នោះ​ប៉ុល​ក៏​អធិប្បាយ​ឲ្យ​គេ​ស្តាប់ ដោយ​ព្រោះ​គាត់​រៀប​នឹង​ចេញ​ដំណើរ​ទៅ នៅ​ថ្ងៃ​ស្អែក ក៏​សំដែង​ដរាប​ដល់​ពេល​កណ្តាល​អធ្រាត្រ ៨ រីឯ​នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ប្រជុំ នោះ​មាន​ចង្កៀង​ជា​ច្រើន ៩ គ្រា​នោះ មាន​ក្មេង​ជំទង់​ម្នាក់ ឈ្មោះ​អើទីកុស វា​អង្គុយ​នៅ​បង្អួច ក៏​យន់​ជា​ខ្លាំង​ពេក ក្នុង​ពេល​ដែល​ប៉ុល​អធិប្បាយ​ជា​យូរ​ទៅ​ទៀត រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​៣​ទៅ​ខាង​ក្រោម នោះ​គេ​លើក​វា​ឡើង​បាន​ស្លាប់​ហើយ ១០ តែ​ប៉ុល​ចុះ​ទៅ​ទ្រោប​ពី​លើ​វា​ឱប​ត្រកង រួច​និយាយ​ថា កុំ​យំ​ស្រែក​អ្វី​ឡើយ ដ្បិត​វា​មាន​ជីវិត​ទេ ១១ កាល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​កាច់​នំបុ័ង​បរិភោគ​ទៅ នោះ​ក៏​និយាយ​គ្នា​ជា​យូរ​ទៅ​ទៀត ដរាប​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ ១២ គេ​ក៏​នាំ​ក្មេង​ជំទង់​នោះ​មក​វិញ​ទាំង​រស់ ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។

ប៉ុល​នៅ​ក្រុង​មីលេត

១៣ ឯ​យើង​រាល់​គ្នា ក៏​ចុះ​សំពៅ​ជា​មុន បើក​ទៅ​ដល់​អាសុស ចាំ​ទទួល​ប៉ុល​នៅ​ទី​នោះ ដ្បិត​គាត់​បាន​ផ្តាំ​ដូច្នោះ ព្រោះ​គាត់​ចង់​ដើរ​វិញ ១៤ កាល​គាត់​មក​ដល់​យើង​នៅ​ត្រង់​អាសុស នោះ​យើង​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ឯ​មីទូលេន ១៥ ក៏​ចេញ​ពី​ទី​នោះ រួច​ស្អែក​ឡើង​បាន​ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស ហើយ​ដល់​ថ្ងៃ​ក្រោយ​ទៀត យើង​បាន​ដល់​ទៅ​សាម៉ូស រួច​ចូល​ចត​នៅ​ក្រុង​ទ្រគីលាម លុះ​ថ្ងៃ​ក្រោយ​ទៀត ទើប​បាន​ដល់​ទៅ​ក្រុង​មីលេត ១៦ ដ្បិត​ប៉ុល​បាន​សំរេច​នឹង​ទៅ​បង្ហួស​ក្រុង​អេភេសូរ ដើម្បី​មិន​ឲ្យ​ខាត​ពេល​នៅ​ស្រុក​អាស៊ី ដោយ​គាត់​ប្រញាប់​នឹង​ទៅ​ឯ​ក្រុង​យេរូសាឡិម ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​៥០ បើ​សិន​ជា​បាន។

ប៉ុល​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចាស់ទុំ​ដែល​មក​ពី​ក្រុង​អេភេសូរ

១៧ ប៉ុល​ក៏​ចាត់​គេ ពី​មីលេត​ទៅ​ឯ​ក្រុង​អេភេសូរ ដើម្បី​នឹង​ហៅ​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​នោះ​មក ១៨ លុះ​មក​ដល់​ហើយ គាត់​និយាយ​ទៅ​គេ​ថា ឯ​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​គ្រប់​វេលា ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​ទៅ​ស្រុក​អាស៊ី​មុន​ដំបូង ១៩ គឺ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះអម្ចាស់ ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក ហើយ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្តី​ល្បង ដោយ​កិច្ចកល​របស់​ពួក​សាសន៍​យូដា​បែប​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ២០ ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្តី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង ២១ ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ ហើយ​ពី​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​នៃ​យើង​រាល់​គ្នា ២២ ឥឡូវ​នេះ មើល ខ្ញុំ​មាន​សេចក្តី​បណ្តាល​ក្នុង​ចិត្ត ចង់​ទៅ​ឯ​ក្រុង​យេរូសាឡិម ឥត​ដឹង​ការ​អ្វី ដែល​នឹង​កើត​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ ២៣ ដឹង​តែ​ប៉ុណ្ណេះ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ដល់​ខ្ញុំ នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង និង​សេចក្តី​វេទនា នៅ​រង់ចាំ​ខ្ញុំ ២៤ ប៉ុន្តែ នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះអម្ចាស់យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​ព្រះ​វិញ ២៥ ឥឡូវ​នេះ មើល ខ្ញុំ​ដឹង​ហើយ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក​ជា​មួយ ដោយ​ភប់ប្រសព្វ​គ្នា ទាំង​ប្រកាស​ប្រាប់​ពី​នគរ​នៃ​ព្រះ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ ២៦ ដូច្នេះ ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​អ្នក​រាល់​គ្នា​ទាំង​អស់ ២៧ ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ ២៨ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះលោហិត​ព្រះអង្គ​ទ្រង់​ចុះ ២៩ ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា ៣០ ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្តី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ ៣១ ដូច្នេះ ឲ្យ​ចាំ​យាម​ចុះ ចូរ​នឹក​ចាំ​ថា ក្នុង​រវាង​៣​ឆ្នាំ ខ្ញុំ​ចេះ​តែ​ប្រដៅ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​និមួយៗ ដោយ​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ៣២ ឥឡូវ​នេះ ខ្ញុំ​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ ហើយ​និង​ព្រះបន្ទូល​នៃ​ព្រះគុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​និង​ឲ្យ​អ្នក​រាល់​គ្នា​មាន​កេរ្តិ៍​អាករ​នៅ​ក្នុង​ពួក​នៃ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ៣៣ ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សំលៀកបំពាក់​របស់​អ្នក​ណា​ឡើយ ៣៤ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ដៃ​ខ្ញុំ​នេះ​បាន​ផ្គត់ផ្គង់​គ្រប់​របស់ ដែល​ខ្ញុំ​ត្រូវ ការ​ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង ៣៥ ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ ហើយ​និង​នឹក​ចាំ​ពី​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេស៊ូវ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល ៣៦ លុះ​បាន​និយាយ​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា​មួយ​នឹង​គេ​ទាំង​អស់​គ្នា ៣៧ ហើយ​គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់​ថើប​ដោយ​ថ្និតថ្នម ៣៨ ទាំង​មាន​សេចក្តី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ រួច​ក៏​ជូន​គាត់​ទៅ​ដល់​សំពៅ។

កិច្ចការ ២១

ប៉ុល​នៅ​ក្រុង​ទីរ៉ុស និង​នៅ​ក្រុង​សេសារា

១ កាល​យើង​បាន​ឃ្លាត​ចេញ​ផុត​ពី​គេ​ទៅ​ហើយ នោះ​ក៏​បើក​ក្តោង​ដំរង់​ទៅ​ឯ​កោះ​កូស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​កោះ​រ៉ូដូស រួច​ពី​នោះ​ទៅ​ដល់​ក្រុង​ប៉ាតារ៉ា ២ កាល​ឃើញ​សំពៅ​១​មាន​ដំណើរ​ទៅ​ឯ​ស្រុក​ភេនីស នោះ​យើង​ក៏​ចុះ​តាម​សំពៅ​នោះ​ចេញ​ទៅ​ទៀត ៣ ដល់​បាន​ឃើញ​កោះ​គីប្រុស​ហើយ នោះ​បាន​បើក​បង្ហួស​ទៅ​ខាង​ឆ្វេង រួច​ទៅ​ដល់​ស្រុក​ស៊ីរី ចូល​ចត​នៅ​ត្រង់​ក្រុង​ទីរ៉ុស ដ្បិត​សំពៅ​ត្រូវ​រើ​ទំនិញ​នៅ​ទី​នោះ ៤ លុះ​កាល​រក​ឃើញ​ពួក​សិស្ស​ហើយ នោះ​ក៏​ស្នាក់​នៅ​ទី​នោះ​៧​ថ្ងៃ ហើយ​គេ​ឃាត់​ប៉ុល​ដោយ​នូវ​ព្រះវិញ្ញាណ មិន​ឲ្យ​គាត់​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ឡើយ ៥ ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង ៦ កាល​បាន​លា​គ្នា​រួច​ជា​ស្រេច នោះ​យើង​ក៏​ចុះ​សំពៅ​ទៅ ហើយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៧ លុះ​សំរេច​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ផ្ទលេមេ​ហើយ នោះ​ក៏​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ ហើយ​បាន​សំចត​នៅ​ជា​មួយ​នឹង​គេ​អស់​១​ថ្ងៃ ៨ ដល់​ថ្ងៃ​ស្អែក​ឡើង ប៉ុល និង​ពួក​គាត់​បាន​ចេញ​ទៅ​ឯ​សេសារា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ក្នុង​ពួក​ទាំង​៧​នាក់នោះ ហើយ​ស្នាក់​នៅ​នឹង​គាត់ ៩ អ្នក​នោះ​មាន​កូន​ក្រមុំ​៤​នាក់​ដែល​ចេះ​ទាយ​ទំនាយ ១០ លុះ​យើង​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​មាន​ហោរា​ម្នាក់ ឈ្មោះ​អ័ក្កាបុស គាត់​ចុះ​ពី​ស្រុក​យូដា​មក ១១ លុះ​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែ​ក្រវាត់​របស់​ប៉ុល​មក ចង​ជើង​ចង​ដៃ​ខ្លួន ប្រាប់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ពួក​សាសន៍​យូដា​នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បែប​យ៉ាង​នេះ នៅ​ក្រុង​យេរូសាឡិម ហើយ​នឹង​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ ១២ កាល​ឮ​ដូច្នោះ នោះ​យើង និង​ពួក​អ្នក​នៅ​ទី​នោះ ក៏​អង្វរ​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ឯ​ក្រុង​យេរូឡិម​ឡើយ ១៣ តែ​គាត់​ឆ្លើយ​ថា ហេតុ​អ្វី​បាន​ជា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ព្រម​ស្រេច​ហើយ នឹង​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ចុះ មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​ផង នៅ​ក្នុង​ក្រុង​យេរូសាឡិម​ទៀត គឺ​ដោយ​យល់​ដល់​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ ១៤ នោះ​យើង​ក៏​ឈប់​និយាយ ដោយ​ថា សូម​តាម​ព្រះហឫទ័យ​ព្រះអម្ចាស់​ចុះ ពី​ព្រោះ​គាត់​មិន​យល់​ព្រម​តាម​យើង​ទេ។ ១៥ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក កាល​យើង​បាន​រៀប​អីវ៉ាន់​ស្រេច​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ១៦ ក៏​មាន​សិស្ស​ខ្លះ​ពី​សេសារា​ទៅ​ជា​មួយ​នឹង​យើង​ដែរ បាន​នាំ​ទាំង​មនុស្ស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​សិស្ស​ចាស់ ពី​កោះ​គីប្រុស ដែល​យើង​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​គាត់​ទៅ​ផង។

ប៉ុល​នៅ​ក្រុង​យេរូសាឡិម

១៧ គ្រា​ដល់​ក្រុង​យេរូសាឡិម​ហើយ នោះ​ពួក​ជំនុំ​ក៏​ទទួល​យើង​ដោយ​អំណរ ១៨ ថ្ងៃ​ស្អែក​ឡើង ប៉ុល​ក៏​ចូល​ទៅ​សួរ​យ៉ាកុប​ជា​មួយ​នឹង​យើង ក្នុង​កាល​ដែល​ពួក​ចាស់ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ​ទី​នោះ ១៩ កាល​គាត់​បាន​ជំរាប​សួរ​ដល់​គេ​រួច​ហើយ នោះ​គាត់​ថ្លែង​ប្រាប់ ពី​អស់​ទាំង​ការ​និមួយៗ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយសារ​គាត់ ២០ គេ​ឮ​ដូច្នោះ ក៏​សរសើរដំកើង​ដល់​ព្រះ រួច​និយាយ​ទៅ​ប៉ុល​ថា បង​អើយ បង​ដឹង​ថា មាន​សាសន៍​យូដា​ប៉ុន្មាន​ម៉ឺន​បាន​ជឿ​ហើយ គេ​សុទ្ធ​តែ​មាន​សេចក្តី​ឧស្សាហ៍​ខ្មីឃ្មាត​កាន់​តាម​ក្រឹត្យវិន័យ​ទាំង​អស់​គ្នា ២១ ក៏​បាន​ឮ​និយាយ​ពី​បង​ថា បង​បង្រៀន​ដល់​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​សាសន៍​ដទៃ ឲ្យ​គេ​លះ​ចោល​លោក​ម៉ូសេ​ចេញ ព្រម​ទាំង​ហាមប្រាម​គេ កុំ​ឲ្យ​កាត់​ស្បែក​កូន ឬ​ប្រតិបត្តិ​តាម​ទំលាប់​ពី​បុរាណ​ផង ២២ ដូច្នេះ តើ​ដូច​ម្តេច មុខ​ជា​នឹង​មាន​គេ​ប្រជុំ​គ្នា​ទាំង​ហ្វូង​ជា​មិន​ខាន ដ្បិត​គេ​នឹង​ឮ​ថា បង​មក​ដល់​ហើយ ២៣ ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ ២៤ ចូរ​បង​នាំ​យក​គេ​ទៅ​លា​បំណន់​ជា​មួយ​គ្នា ហើយ​ចេញ​សោហ៊ុយ​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​កោរ​សក់​ចេញ នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សេចក្តី​ដែល​គេ​ឮ​និយាយ​ពី​បង​នោះ​មិន​ពិត​ទេ គឺ​ខ្លួន​បង​តែង​ប្រព្រឹត្ត​ទៀង​ត្រង់ ហើយ​កាន់​តាម​ក្រឹត្យវិន័យ​ដែរ ២៥ ឯ​ពួក​សាសន៍​ដទៃ​ដែល​ជឿ នោះ​យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សំរេច​ថា មិន​ចាំ​បាច់​ឲ្យ​គេ​កាន់​តាម​សេចក្តី​ទាំង​នោះ​ទេ ត្រូវ​ប្រយ័ត្ន​តែ​នឹង​របស់​អ្វី ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឈាម និង​សត្វ​សំឡាប់​ដោយ​ច្របាច់​ក ហើយ​និង​សេចក្តី​កំផិត​ប៉ុណ្ណោះ ២៦ នោះ​ប៉ុល​ក៏​នាំ​យក​អ្នក​ទាំង​នោះ​ទៅ លុះ​ស្អែក​ឡើង កាល​បាន​ញែក​ជា​បរិសុទ្ធ​ជា​មួយ​នឹង​គេ​ហើយ ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ ដើម្បី​ប្រាប់​ពី​កំណត់​ដែល​ត្រូវ​បាន​បរិសុទ្ធ ចាំ​ទំរាំ​ដល់​បាន​ថ្វាយ​ដង្វាយ​សំរាប់​គេ​គ្រប់​គ្នា។

ប៉ុល​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ព្រះវិហារ

២៧ កាល​ជិត​គ្រប់​៧​ថ្ងៃ​នោះ​ហើយ នោះ​ពួក​សាសន៍​យូដា​ពី​ស្រុក​អាស៊ី គេ​ឃើញ​ប៉ុល​ក្នុង​ព្រះវិហារ ក៏​ញុះញង់​ដល់​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន រួច​លូក​ដៃ​ទៅ​ចាប់​យក​គាត់ ហើយ​ស្រែក​ថា ២៨ នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រាអែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​ដំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង និង​ក្រឹត្យវិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះវិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង ២៩ ដំណើរ​នេះ គេ​ស្មាន​ថា គាត់​នាំ​សាសន៍​ក្រេក​នោះ​ទៅ​ក្នុង​ព្រះវិហារ ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង ៣០ នោះ​ក្រុង​ទាំង​មូល​ក៏​កើត​ជ្រួលជ្រើម បណ្តាជន​ទាំងឡាយ គេ​រត់​មក​មូល​គ្នា កាល​ចាប់​ប៉ុល​បាន​ហើយ នោះ​គេ​ទាញ​កន្ត្រាក់​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ព្រះវិហារ រួច​បិទ​ទ្វារ​ភ្លាម ៣១ តែ​កំពុង​ដែល​គេ​រក​ចន្លោះ​សំឡាប់​គាត់ នោះ​ដំណឹង​ក៏​ឮ​ផ្សាយ​ទៅ​ដល់​មេ​ទ័ព​ធំ​ថា មាន​កើត​វឹកវរ​ពេញ​ក្នុង​ក្រុង​យេរូសាឡិម ៣២ លោក​ក៏​យក​ទាហាន និង​មេ​ទ័ព​រង នាំ​រត់​ចុះ​ទៅ​ឯ​គេ​ភ្លាម កាល​ឃើញ​លោក និង​ទាហាន​មក​ដល់ គេ​ក៏​ឈប់​លែង​វាយ​ប៉ុល ៣៣ លោក​ចូល​ទៅ​ចាប់​គាត់ ហើយ​បង្គាប់​ឲ្យ​ដាក់​ច្រវាក់​២​ខ្សែ រួច​ស៊ើប​សួរ​ពី​គាត់​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ ៣៤ តែ​ក្នុង​ហ្វូង​មនុស្ស ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដូច្នេះ លោក​ពុំ​អាច​នឹង​ដឹង​អ្វី​ជា​ប្រាកដ​បាន ដោយ​ព្រោះ​មាន​សូរស៊ានអឺងកង​ជា​ខ្លាំង បាន​ជា​លោក​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ ៣៥ លុះ​បាន​ដល់​ទៅ​ជណ្តើរ​បន្ទាយ​ហើយ នោះ​ពួក​ទាហាន​ត្រូវ​លើក​សែង​គាត់​ឡើង ដោយ​ព្រោះ​ហ្វូង​មនុស្ស​ច្រឡោត​ឡើង​ជា​ខ្លាំង ៣៦ ដ្បិត​មាន​បណ្តាជន​សន្ធឹក​ណាស់​ដែល​ដើរ​តាម​មក ទាំង​ស្រែក​ថា ឲ្យ​សំឡាប់​វា​ទៅ។

ប៉ុល​ឆ្លើយ​ដោះ​សា​ខ្លួន

៣៧ កាល​គេ​រៀប​នឹង​នាំ​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​ធំ​ថា តើ​លោក​បើក​ឲ្យ​ខ្ញុំ​ជំរាប​បន្តិច​បាន​ឬ​ទេ លោក​សួរ​ថា ឯង​ចេះ​និយាយ​ភាសា​ក្រេក​ដែរ​ឬ ៣៨ ដូច្នេះ តើ​ឯង​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ​នោះ ដែល​នាំ​ឲ្យ​បះបោរ​អំពី​មុន ព្រម​ទាំង​នាំ​ពួក​មនុស្ស​កាប់​ចាក់​គ្នា​៤​ពាន់​នាក់ ឲ្យ​ទៅ​នៅ​ទី​ហោរស្ថាន​ទេ​ឬ​អី ៣៩ តែ​ប៉ុល​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​យូដា មក​ពី​ក្រុង​តើសុស ដែល​នៅ​ស្រុក​គីលីគា ឯ​ស្រុក​កំណើត​របស់​ខ្ញុំ មិន​មែន​ជា​ក្រុង​ឥត​មាន​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំងឡាយ​បន្តិច​សិន ៤០ លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា

កិច្ចការ ២២

១ ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ហើយ​ជា​ឪពុក​អើយ សូម​ស្តាប់​សេចក្តី​ដោះ​សា​របស់​ខ្ញុំ​សិន ២ (កាល​គេ​ឮ​គាត់​និយាយ​ជា​ភាសា​ហេព្រើរ នោះ​គេ​រឹត​តែ​នៅ​ស្ងៀម​ទៅ​ទៀត) រួច​គាត់​និយាយ​ថា ៣ ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលីគា តែ​បាន​រៀន​នៅ​ទី​ក្រុង​នេះ ទៀប​ជើង​លោក​កាម៉ាលាល ដែល​លោក​បង្រៀន​ខ្ញុំ តាម​ន័យ​ត្រឹម​ត្រូវ ក្នុង​ក្រឹត្យវិន័យ​របស់​ពួក​ឰយុកោ​យើង ហើយ​ខ្ញុំ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ដូច​ជា​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ ៤ ពី​ដើម ខ្ញុំ​ជា​អ្នក​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​មនុស្ស ដែល​កាន់​តាម​ផ្លូវ​នេះ ឲ្យ​ដល់​ស្លាប់​ក៏​មាន ព្រម​ទាំង​ចាប់​ចង​គេ​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក​ដែរ ៥ ដូច​ជា​សំដេច​សង្ឃ និង​ពួក​ចាស់ទុំ​ទាំង​អស់ ជា​ទី​បន្ទាល់​ពី​ខ្ញុំ​ស្រាប់ ហើយ​ខ្ញុំ​បាន​ទទួល​យក​សំបុត្រ​ពី​លោក ទៅ​ឲ្យ​ពួក​សាសន៍​យើង​នៅ​ក្រុង​ដាម៉ាស រួច​ខ្ញុំ​ក៏​ចេញ​ទៅ ដើម្បី​នឹង​នាំ​យក​អស់​អ្នក​ក្នុង​ពួក​នេះ​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​នោះ ទាំង​ជាប់​ចំណង មក​ឯ​ក្រុង​យេរូសាឡិម​វិញ ឲ្យ​គេ​ជាប់​ទោស ៦ លុះ​កាល​ខ្ញុំ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ បាន​ភ្លឺ​មក​នៅ​ជុំវិញ​ខ្ញុំ ៧ ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ៨ ខ្ញុំ​បាន​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ជា​ព្រះយេស៊ូវ ពី​ភូមិ​ណាសារ៉ែត ដែល​អ្នក​បៀត​បៀន ៩ ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​ក៏​ឃើញ​ពន្លឺ​នោះ​ដែរ ហើយ​មាន​សេចក្តី​ភ័យ​ខ្លាច តែ​មិន​ឮ​សំឡេង​ព្រះអង្គ​ដែល​មាន​ព្រះបន្ទូល​មក​ខ្ញុំ​នោះ​ទេ ១០ ខ្ញុំ​ក៏​ទូល​សួរ​ថា ព្រះអម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច រួច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក ពី​អស់​ទាំង​ការ ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ធ្វើ ១១ នោះ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស ពី​ព្រោះ​ខ្ញុំ​មើល​អ្វី​មិន​ឃើញ​សោះ ដោយ​ព្រោះ​រស្មី​ដ៏​ឧត្តម​នៃ​ពន្លឺ​នោះ ១២ រួច​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស គឺ​ជា​អ្នក​កោតខ្លាច​ដល់​ព្រះ តាម​ក្រឹត្យវិន័យ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​សាសន៍​យូដា​ទាំង​អស់​ដែល​នៅ​ទី​នោះ ១៣ អ្នក​នោះ​ក៏​មក​ឈរ​ជិត​ខ្ញុំ​និយាយ​ថា អ្នក​សុល​អើយ សូម​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង នៅ​វេលា​នោះ​ឯង ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​ឃើញ​គាត់ ១៤ រួច​គាត់​និយាយ​មក​ខ្ញុំ​ថា ព្រះ​នៃ​ពួក​ឰយុកោ​យើង​បាន​តម្រូវ​ឲ្យ​អ្នក​ស្គាល់​ចំណង់​នៃ​ព្រះហឫទ័យ​ទ្រង់ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​សំឡេង​ពី​ព្រះឱស្ឋ​ទ្រង់ ១៥ ដ្បិត​អ្នក​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់ ដល់​មនុស្ស​ទាំង​អស់ ពី​គ្រប់​ការ​ដែល​អ្នក​បាន​ឃើញ​បាន​ឮ ១៦ ឥឡូវ​នេះ តើ​អ្នក​បង្អង់​ចាំ​អ្វី​ទៀត ចូរ​ក្រោក​ឡើង ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​លាង​បាប​អ្នក​ចេញ​ចុះ ដោយ​ការ​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ ១៧ កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្នុង​ព្រះវិហារ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ១៨ ហើយ​ក៏​ឃើញ​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូសាឡិម​ទៅ​ជា​ឆាប់ ពី​ព្រោះ​គេ​មិន​ទទួល​ពាក្យ​ដែល​អ្នក​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ទេ ១៩ ខ្ញុំ​ក៏​ទូល​ថា ព្រះអម្ចាស់​អើយ អ្នក​ទាំង​នោះ​ដឹង​ថា ទូលបង្គំ​បាន​ចាប់​ពួក​អ្នក​ដែល​ជឿ​ដល់​ទ្រង់​ដាក់​គុក​ហើយ ព្រម​ទាំង​វាយ​គេ​នៅ​ក្នុង​គ្រប់​ទាំង​សាលា​ប្រជុំ​ផង ២០ កាល​ដែល​ឈាម​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ទ្រង់ បាន​ត្រូវ​ខ្ចាយ នោះ​ទូលបង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ បាន​ទាំង​យល់​ព្រម​ឲ្យ​សំឡាប់​គាត់ ហើយ​នៅ​ចាំ​អាវ​នៃ​ពួក​អ្នក ដែល​សំឡាប់​គាត់​ផង ២១ នោះ​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ចូរ​ទៅ​ចុះ ដ្បិត​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយ។ ២២ គេ​ក៏​ស្តាប់​គាត់ ដរាប​ដល់​ពាក្យ​នោះ រួច​គេ​ស្រែក​កាត់​ឡើង​ថា ចូរ​ដក​មនុស្ស​យ៉ាង​នេះ​ពី​ផែនដី​ចេញ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ ២៣ ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​ស្រែក​ឡើង ទាំង​កន្ត្រាក់​ដោះ​អាវ​គេ​ចេញ ហើយ​បាច​ធូលី​ដី​ទៅ​លើ ២៤ នោះ​បាន​ជា​មេ​ទ័ព​ធំ​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ រួច​ប្រាប់​ឲ្យ​វាយ​សួរ​ចំឡើយ ដើម្បី​ឲ្យ​ដឹង​ពី​ហេតុ​អ្វី បាន​ជា​គេ​ស្រែក​ទាស់​នឹង​គាត់​ជា​ខ្លាំង​ម៉្លេះ ២៥ ប៉ុន្តែ កំពុង​ដែល​គេ​យក​ខ្សែ​មក​ចង​ប៉ុល​ឲ្យ​ចំកោង នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​រង​ដែល​ឈរ​នៅ​ទី​នោះ​ថា តើ​មាន​ច្បាប់​នឹង​វាយ​សាសន៍​រ៉ូម​នឹង​រំពាត់ មុន​ដែល​កាត់​ទោស​ដែរ​ឬ​អី ២៦ លុះ​មេ​ទ័ព​រង​ឮ​ដូច្នេះ នោះ​ក៏​ទៅ​ជំរាប​ដល់​មេ​ទ័ព​ធំ​ថា លោក​គិត​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​មនុស្ស​នោះ​ជា​សាសន៍​រ៉ូម ២៧ នោះ​មេ​ទ័ព​ធំ​ចូល​មក​សួរ​ប៉ុល​ថា ចូរ​ប្រាប់​អញ ឯង​ជា​សាសន៍​រ៉ូម​ឬ គាត់​ឆ្លើយ​ថា បាទ ២៨ លោក​ក៏​និយាយ​ថា អញ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​ចូល​ជាតិ​រ៉ូម​នេះ តែ​ប៉ុល​និយាយ​ថា ខ្ញុំ​នេះ​កើត​មក​ជា​សាសន៍​រ៉ូម​តែ​ម្តង ២៩ ដូច្នេះ ពួក​អ្នក​ដែល​ត្រូវ​សួរ​ចំឡើយ ក៏​ថយ​ចេញ​ជា​១​រំពេច ហើយ​មេ​ទ័ព​ធំ​មាន​សេចក្តី​ភិតភ័យ ដោយ​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម ពី​ព្រោះ​បាន​ជ្រុល​ជា​ចង​គាត់​ហើយ។

ប៉ុល​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

៣០ ដល់​ថ្ងៃ​ស្អែក​ឡើង លោក​ក៏​ស្រាយ​ចំណង ហើយ​ប្រាប់​ដល់​ពួក​សង្គ្រាជ និង​ពួក​ក្រុមជំនុំ​ទាំង​អស់ ឲ្យ​ប្រជុំ​គ្នា រួច​លោក​នាំ​ប៉ុល​ចុះ​មក ដាក់​នៅ​កណ្តាល​ពួក​គេ ដោយ​ចង់​ដឹង​ច្បាស់ ពី​ហេតុ​អ្វី​បាន​ជា​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​គាត់​ដូច្នោះ។

កិច្ចការ ២៣

១ ប៉ុល​ក៏​សំឡឹង​មើល​ទៅ​ពួក​ក្រុមជំនុំ និយាយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​បញ្ញា​ចិត្ត​ជ្រះ​ស្អាត​នៅ​ចំពោះ​ព្រះ ដរាប​មក​ដល់​ថ្ងៃ​នេះ ២ តែ​អាន៉្នានាស ជា​សំដេច​សង្ឃ លោក​បង្គាប់​ដល់​ពួក​អ្នក​ដែល​ឈរ​ជិត ឲ្យ​ទះ​មាត់​គាត់ ៣ នោះ​ប៉ុល​និយាយ​ទៅ​លោក​ថា ឱ​កំផែង​លាប​សអើយ ព្រះ​ទ្រង់​នឹង​វាយ​លោក​វិញ លោក​អង្គុយ​ជំនុំជំរះ​ខ្ញុំ​តាម​ក្រឹត្យវិន័យ ចុះ​ដូច​ម្តេច​បាន​ជា​ហ៊ាន​បង្គាប់​ឲ្យ​គេ​វាយ​ខ្ញុំ ខុស​នឹង​ក្រឹត្យវិន័យ​ដូច្នេះ ៤ ឯ​ពួក​អ្នក​ដែល​ឈរ​ជិត​ក៏​ស្តី​ឲ្យ​គាត់​ថា តើ​ឯង​ហ៊ាន​ដៀល​ដល់​សំដេច​សង្ឃ​នៃ​ព្រះ​ដែរ​ឬ ៥ ប៉ុល​ឆ្លើយ​ថា បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សំដេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «មិន​ត្រូវ​និយាយ​អាក្រក់ ពី​ចៅហ្វាយ​របស់​សាសន៍​ឯង​ឡើយ» ៦ កាល​ប៉ុល​បាន​ដឹង​ថា ពួក​គេ​១​ចំណែក​ជា​ពួក​សាឌូស៊ី ហើយ​១​ចំណែក​ទៀត​ជា​ពួក​ផារិស៊ី នោះ​គាត់​បន្លឺ​សំឡេង​ឡើង​ក្នុង​ពួក​ក្រុមជំនុំ​ថា បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​ជា​ពួក​ផារិស៊ី ហើយ​ជា​កូន​នៃ​ពួក​ផារិស៊ី ខ្ញុំ​ជាប់​ជំនុំជំរះ គឺ​ដោយ​ព្រោះ​តែ​សេចក្តី​សង្ឃឹម​នេះ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ៧ កាល​គាត់​និយាយ​ដូច្នោះ​ហើយ នោះ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី គេ​កើត​ទាស់ទែង​គ្នា បណ្តា​ជំនុំ​ក៏​បែកខ្ញែក​ដែរ ៨ ដ្បិត​ពួក​សាឌូស៊ី​ប្រកាន់​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ ក៏​គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ផង តែ​ពួក​ផារិស៊ី​ជឿ​ថា មាន​វិញ ៩ នោះ​កើត​មាន​សូរ​ទ្រហឹង​អឺងអាប់​ជា​ខ្លាំង ហើយ​ពួក​អាចារ្យ​ខ្លះ​ខាង​ពួក​ផារិស៊ី ក៏​ឈរ​ឡើង​ជជែក​ថា យើង​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​ខុស​អ្វី​សោះ តែ​បើ​មាន​វិញ្ញាណ ឬ​ទេវតា​បាន​និយាយ​នឹង​គាត់ នោះ​ធ្វើ​ដូច​ម្តេច​វិញ ១០ លុះ​កើត​ទាស់​គ្នា​ជា​ខ្លាំង​ដូច្នោះ នោះ​មេ​ទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​ពួក​ទាហាន​ចុះ​ទៅ យក​គាត់​ពី​កណ្តាល​គេ​មក ដោយ​អំណាច ហើយ​នាំ​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ ក្រែង​លោ​គេ​ប្រញាយ​ហែក​គាត់​ខ្ទេចខ្ទី​ទៅ។ ១១ នៅ​វេលា​យប់​នោះ ព្រះអម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​ព្រះបន្ទូល​ថា ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូច​ជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម​ដែរ។

សាសន៍​យូដា​ឃុបឃិត​គ្នា​ប៉ង​សំឡាប់​លោក​ប៉ុល

១២ ដល់​ភ្លឺ​ឡើង មាន​ពួក​សាសន៍​យូដា​ខ្លះ រួម​គំនិត​គ្នា​ស្បថ​ឡាក់ឡាំង​ថា មិន​ស៊ី​មិន​ផឹក​ទាល់​តែ​បាន​សំឡាប់​ប៉ុល​ហើយ ១៣ ឯ​មនុស្ស​ដែល​បង្កើត​ឧបាយ​យ៉ាង​នេះ មាន​ជាង​៤០​នាក់ ១៤ គេ​ក៏​ទៅ​ជំរាប​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​ថា យើង​ខ្ញុំ​បាន​ស្បថ​ថា មិន​ភ្លក់​អ្វី​សោះ ទាល់​តែ​បាន​សំឡាប់​ប៉ុល​ចេញ ១៥ ដូច្នេះ សូម​ឲ្យ​លោក​ទាំងឡាយ និង​ពួក​ក្រុមជំនុំ ចាត់​ឲ្យ​ទៅ​សូម​វា​ពី​លោក​មេ​ទ័ព​ធំ​មក​ឥឡូវ ដើម្បី​ឲ្យ​លោក​នាំ​វា​ចុះ​មក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ ពី​ដំណើរ​វា ឲ្យ​ច្បាស់លាស់​ឡើង ឯ​ពួក​យើង​ខ្ញុំ ក៏​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​សំឡាប់​វា មុន​ដែល​វា​ចូល​មក​ដល់​ផង។ ១៦ ឯ​កូន​របស់​ប្អូន​ស្រី​ប៉ុល កាល​បាន​ដឹង​ពី​ការ​ដែល​ឈ្លប​លប​នោះ​ហើយ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ប្រាប់​ដល់​ប៉ុល ១៧ នោះ​ប៉ុល គាត់​ហៅ​មេ​ទ័ព​រង​ម្នាក់​មក​ជំរាប​ថា សូម​នាំ​អ្នក​កំឡោះ​នេះ​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ទៅ ដ្បិត​វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​លោក ១៨ អ្នក​នោះ​ក៏​នាំ​វា​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ជំរាប​ថា ប៉ុល ជា​អ្នក​ទោស​បាន​ហៅ​ខ្ញុំ ហើយ​សូម​ខ្ញុំ​ឲ្យ​នាំ​អ្នក​កំឡោះ​នេះ​មក​ឯ​លោក វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​ដល់​លោក ១៩ មេ​ទ័ព​ក៏​ចាប់​ដៃ​វា នាំ​ទៅ​ដោយឡែក សួរ​ថា ឯង​មាន​រឿង​អ្វី​នឹង​ប្រាប់​ដល់​អញ​ខ្លះ ២០ វា​ជំរាប​ថា ពួក​សាសន៍​យូដា​បាន​ស្រុះ​ចិត្ត​គ្នា​នឹង​សូម​លោក ឲ្យ​នាំ​ប៉ុល​ចុះ​ទៅ​ឯ​ពួក​ក្រុមជំនុំ នៅ​វេលា​ថ្ងៃ​ស្អែក ធ្វើ​ដូច​ជា​ចង់​ពិចារណា​សួរ​ពី​ដំណើរ​គាត់ ឲ្យ​ច្បាស់​ឡើង ២១ ដូច្នេះ សូម​លោក​កុំ​ព្រម​តាម​គេ​ឡើយ ដ្បិត​មាន​ពួក​គេ​ចំនួន​ជាង​៤០​នាក់ បាន​លប​ចាំ​គាត់​តាម​ផ្លូវ គេ​បាន​ស្បថ​ថា មិន​ស៊ី​មិន​ផឹក​អ្វី​ឡើយ ទាល់​តែ​បាន​សំឡាប់​គាត់​ចេញ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ ចាំ​តែ​លោក​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ​ទេ ២២ នោះ​មេ​ទ័ព​ធំ​ឲ្យ​អ្នក​កំឡោះ​នោះ​ទៅ​វិញ ទាំង​ហាម​មិន​ឲ្យ​ប្រាប់​ដល់​អ្នក​ណា ពី​ដំណើរ​ដែល​វា​ជំរាប​លោក​នោះ​ឡើយ។

គេ​បញ្ជូន​ប៉ុល​ទៅ​លោក​ចៅហ្វាយ​ខេត្ត​ភេលីច

២៣ លោក​ក៏​ហៅ​មេ​ទ័ព​រង​២​នាក់​មក​ប្រាប់​ថា ចូរ​រៀប​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ពល​សេះ​៧០ និង​ពល​កាន់​លំពែង​២០០ ឲ្យ​ទាន់​ក្នុង​វេលា​ម៉ោង​៩​យប់​នេះ ដើម្បី​នឹង​ទៅ​ឯ​សេសារា ២៤ ហើយ​ឲ្យ​មាន​ជំនិះ​សំរាប់​ប៉ុល​ជិះ​ដែរ ដើម្បី​នឹង​នាំ​ទៅ​ឯ​លោក​ភេលីច ជា​ចៅហ្វាយ​ខេត្ត ដោយ​សុខ​សាន្ត ២៥ លោក​ក៏​ធ្វើ​សំបុត្រ​១​ច្បាប់ មាន​សេចក្តី​បែប​ដូច្នេះ​ថា ២៦ សំបុត្រ​ក្លូឌាស-លូស៊ា សូម​ក្រាប​ប្រណិប័តន៍ ចូល​មក​ដល់​លោក​ចៅហ្វាយ​ភេលីច ដ៏​ជា​ធំ សូម​ទាន​ជ្រាប ២៧ មនុស្ស​នេះ ពួក​សាសន៍​យូដា​បាន​ចាប់ ហើយ​គេ​រៀប​នឹង​សំឡាប់​បង់ ប៉ុន្តែ​ខ្ញុំ​នាំ​ទាហាន​ទៅ​ទាន់ ដោះ​រួច​ពី​ពួក​គេ​ចេញ ដោយ​បាន​ឮ​ថា​ជា​សាសន៍​រ៉ូម​ដូច្នេះ ២៨ ហើយ​ដែល​ខ្ញុំ​ចង​ដឹង ពី​ហេតុ​អ្វី​បាន​ជា​គេ​ចោទ​ប្រកាន់​វា នោះ​ខ្ញុំ​បាន​នាំ​ចុះ​ទៅ​នៅ​មុខ​ក្រុមជំនុំ​របស់​គេ ២៩ ក៏​ឃើញ​ថា គេ​ចោទ​ប្រកាន់​ពី​រឿង​ជជែក​គ្នា ខាង​ឯ​ក្រឹត្យវិន័យ​របស់​គេ​ទេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់ ឬ​ជាប់​ចំណង​សោះ​ឡើយ ៣០ កាល​មាន​គេ​មក​ប្រាប់​ខ្ញុំ​ពី​ឧបាយកល ដែល​ពួក​សាសន៍​យូដា​គិត​ធ្វើ​ដល់​វា នោះ​ខ្ញុំ​ក៏​បញ្ជូន​មក​ឯ​លោក​ភ្លាម ទាំង​ប្រាប់​ពួក​អ្នក​ដើម​ចោទ ឲ្យ​គេ​មក​ចោទ​ប្រកាន់​នៅ​ចំពោះ​លោក​ចុះ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត សេចក្តី​គួរ​ពុំ​គួរ សូម​ទាន​អភ័យទោស។ ៣១ ដូច្នេះ ពួក​ពល​ក៏​នាំ​យក​ប៉ុល​ទាំង​យប់ ទៅ​ឯ​ក្រុង​អាន់ទីប៉ាទ្រីស តាម​បង្គាប់ ៣២ ស្អែក​ឡើង គេ​ទុក​ពល​សេះ​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់ រួច​គេ​ត្រឡប់​មក​ឯ​បន្ទាយ​វិញ ៣៣ កាល​ចូល​ក្រុង​សេសារា ហើយ​ជូន​សំបុត្រ​ដល់​លោក​ចៅហ្វាយ នោះ​ក៏​ប្រគល់​ប៉ុល​ទៅ​លោក​ដែរ ៣៤ កាល​លោក​បាន​មើល​សំបុត្រ​រួច​ជា​ស្រេច​ហើយ នោះ​លោក​សួរ​ពី​គាត់​នៅ​ខេត្ត​ណា លុះ​ជ្រាប​ថា នៅ​ស្រុក​គីលីគា ៣៥ ក៏​មាន​ប្រសាសន៍​ថា ចាំ​កាល​ណា​ពួក​ដើម​ចោទ​បាន​ចុះ​មក​ដល់ នោះ​អញ​នឹង​ស្តាប់​រឿង​ឯង​សព្វ​គ្រប់ រួច​លោក​បង្គាប់​ឲ្យ​ឃុំ​គាត់ ទុក​ក្នុង​សាលា​ជំនុំ​របស់​ស្តេច​ហេរ៉ូឌ។

កិច្ចការ ២៤

សាសន៍​យូដា​ចោទ​ប្រកាន់​លោក​ប៉ុល

១ ក្រោយ​៥​ថ្ងៃ​មក អាន៉្នានាស ជា​សំដេច​សង្ឃ​ក៏​ចុះ​ទៅ ជា​មួយ​នឹង​ពួក​ចាស់ទុំ នាំ​ទាំង​មនុស្ស​ម្នាក់​មាន​វោហារ ឈ្មោះ​ទើទូលុស​ទៅ​ផង ដើម្បី​ឲ្យ​ចូល​ទៅ​ប្តឹង​លោក​ចៅហ្វាយ​ពី​រឿង​ប៉ុល ២ កាល​លោក​បាន​ហៅ​ប៉ុល​មក នោះ​ទើទូលុស​ចាប់​ចោទ​ប្រកាន់​គាត់​ថា ៣ ឱ​ព្រះតេជព្រះគុណ​ភេលីច​អើយ សាសន៍​យើង​ខ្ញុំ​បាន​សេចក្តី​សុខ​ប្រពៃ ដោយសារ​លោក​ម្ចាស់ ក៏​មាន​ចំរើន​ការ​ផ្លាស់​ប្រែ​យ៉ាង​ប្រសើរ ដែល​មាន​ប្រយោជន៍​ដល់​សាសន៍​យើង​ខ្ញុំ​នេះ ដោយសារ​គំនិត​លោក​ម្ចាស់ ហើយ​ទោះ​បើ​នៅ​វេលា​ណា ឬ​កន្លែង​ណា​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទទួល​ការ​ទាំង​នោះ​ដោយ​អំណរ ទាំង​អរគុណ​ដល់​លោក​ម្ចាស់​គ្រប់​ជំពូក​ដែរ ៤ តែ​ដើម្បី​កុំ​ឲ្យ​បង្ខាត​ពេល​លោក​ម្ចាស់​ទៀត នោះ​សូម​មេត្តា​ស្តាប់​យើង​ខ្ញុំ​បន្តិច ៥ ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា អ្នក​នេះ​ជា​មនុស្ស​ចង្រៃ ជា​មេ​នៃ​ពួក​ណាសារ៉ែត ដែល​ញុះញង់​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់ នៅ​លោកីយ៍​នេះ​បះបោរ​ឡើង ៦ ក៏​ចង់​ធ្វើ​បង្អាប់​ដល់​ព្រះវិហារ​ផង នោះ​យើង​ខ្ញុំ​បាន​ចាប់​វា​មក ប្រាថ្នា​ចង់​ជំនុំជំរះ​តាម​ក្រឹត្យវិន័យ​របស់​យើង​ខ្ញុំ ៧ ប៉ុន្តែ លោក​លូស៊ា ជា​មេ​ទ័ព​ធំ បាន​មក​កន្ត្រាក់​យក​វា​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សំបើម ៨ ទាំង​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​មក​ឯ​លោក​ម្ចាស់ បើ​កាល​ណា​លោក​ម្ចាស់​បាន​ពិចារណា​វា នោះ​នឹង​បាន​ជ្រាប​ពី​គ្រប់​ទាំង​ការ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​ដល់​វា​ហើយ ៩ ឯ​ពួក​សាសន៍​យូដា ក៏​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា រឿង​ទាំង​នោះ​ប្រាកដ​មែន។

ប៉ុល​ឆ្លើយ​ដោះ​សា​ខ្លួន​នៅ​មុខ​លោក​ភេលីច

១០ កាល​លោក​ចៅហ្វាយ បាន​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​ប៉ុល​និយាយ នោះ​គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​ប្របាទ​នឹង​ដោះ​សារ​រឿង​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ព្រះតេជព្រះគុណ​បាន​ធ្វើ​ជា​ចៅក្រម​លើ​សាសន៍​នេះ​ជា​យូរ​ឆ្នាំ​ហើយ ១១ ក៏​អាច​នឹង​ជ្រាប​ថា តាំង​ពី​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ថ្វាយ​បង្គំ​ឯ​ក្រុង​យេរូសាឡិម នោះ​មិន​លើស​ពី​១២​ថ្ងៃ​ទេ ១២ គេ​ក៏​មិន​បាន​ឃើញ​ខ្ញុំ​ប្របាទ កំពុង​ដែល​ជជែក​នឹង​អ្នក​ណា នៅ​ក្នុង​ព្រះវិហារ ឬ​ប្រមូល​ញុះញង់​បណ្តា​មនុស្ស​ដែរ ទោះ​បើ​ក្នុង​សាលា​ប្រជុំ​គេ ឬ​កន្លែង​ណា​នៅ​ក្នុង​ទី​ក្រុង​ក្តី ១៣ គេ​ពុំ​អាច​នឹង​រក​ភស្តុតាង ពី​ការ​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​ឥឡូវ​នេះ​បាន​ទេ ១៤ ប៉ុន្តែ សូម​ជំរាប​លោក​ម្ចាស់​តាម​ត្រង់​ថា ខ្ញុំ​ប្របាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ តាម​របៀប​ដែល​គេ​ហៅ​ថា ក្បត់​សាសនា ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​អស់​ទាំង​សេចក្តី ដែល​ចែង​ទុក​មក​ក្នុង​ក្រឹត្យវិន័យ និង​ក្នុង​គម្ពីរ​ពួក​ហោរា ១៥ ហើយ​ខ្ញុំ​ប្របាទ​មាន​សេចក្តី​សង្ឃឹម​ដល់​ព្រះ ដែល​គេ​ក៏​យល់​ព្រម​ដែរ គឺ​ថា ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់ ១៦ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្របាទ​ខំ​ប្រឹង​ឲ្យ​មាន​បញ្ញា​ចិត្ត​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះ និង​នៅ​ចំពោះ​មនុស្ស​លោក​ជានិច្ច​ដែរ ១៧ លុះ​ក្រោយ​ដែល​ខ្ញុំ​ប្របាទ​បាន​ចោល​ស្រុក​ទៅ​ជា​យូរ​ឆ្នាំ នោះ​ក៏​ត្រឡប់​មក​ធ្វើ​ទាន​វិញ ព្រម​ទាំង​យក​ជំនូន​មក ជូន​ដល់​សាសន៍​របស់​ខ្ញុំ​ប្របាទ ១៨ ហើយ​កំពុង​ដែល​ខ្ញុំ​ប្របាទ​រវល់​នឹង​ការ​នោះ គេ​ក៏​ឃើញ​ខ្ញុំ​ប្របាទ​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ មិន​មែន​មាន​មនុស្ស​ទាំង​ហ្វូង ឬ​ដោយ​វឹកវរ​ទេ ប៉ុន្តែ​មាន​ពួក​សាសន៍​យូដា​ខ្លះ​ពី​ស្រុក​អាស៊ី​បាន​ឃើញ​ខ្ញុំ​ប្របាទ ១៩ ដែល​គួរ​ឲ្យ​គេ​មក​ចោទ​ប្រកាន់​ខ្ញុំ​ប្របាទ​នៅ​មុខ​លោក​ម្ចាស់​វិញ បើ​សិន​ជា​គេ​មាន​រឿង​អ្វី​ទាស់​នឹង​ខ្ញុំ​ប្របាទ ២០ ឬ​ឲ្យ​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​ចុះ បើ​គេ​ឃើញ​ខ្ញុំ​ប្របាទ​មាន​សេចក្តី​ទុច្ចរិត​ណា ក្នុង​កាល​ដែល​ឈរ​នៅ​មុខ​ក្រុមជំនុំ​នោះ ២១ លើក​តែ​ពាក្យ​១​ម៉ាត់​នេះ​ចេញ ដែល​ខ្ញុំ​ប្របាទ​ស្រែក​ឡើង​នៅ​ពេល​កំពុង​ឈរ​ជា​កណ្តាល​ពួក​គេ​ថា ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​អ្នក​រាល់​គ្នា​ជំនុំជំរះ ពី​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ ប៉ុណ្ណោះ។ ២២ ឯ​លោក​ភេលីច ដែល​ដឹង​ជ្រៅ​ជ្រះ​ខាង​សាសនា​គេ​ដែរ កាល​បាន​ស្តាប់​សេចក្តី​ចោទ​ឆ្លើយ​រួច​ហើយ នោះ​លោក​ក៏​ផ្អាក​រឿង​នោះ​សិន ដោយ​ថា កាល​ណា​លោក​លូស៊ា ជា​មេ​ទ័ព​ធំ​បាន​ចុះ​មក នោះ​ចាំ​ខ្ញុំ​ពិចារណា​រឿង​អ្នក​រាល់​គ្នា​ទៀត ២៣ រួច​លោក​បង្គាប់​មេ​ទ័ព​រង​ឲ្យ​រក្សា​ប៉ុល​ដោយ​ស្រួលបួល ឥត​ឃាត់​ហាម​ពួក​គាត់​ណា​មួយ មិន​ឲ្យ​មក​បំរើ​គាត់​នោះ​ឡើយ។

ប៉ុល​ជួប​លោក​ភេលីច និង​ភរិយា

២៤ លុះ​បួន​ដប់​ថ្ងៃ​ក្រោយ​មក លោក​ភេលីច​មក​ដល់ ជា​មួយ​នឹង​ទ្រូស៊ីល ជា​ភរិយា ដែល​ជា​សាសន៍​យូដា រួច​លោក​ចាត់​គេ​ទៅ​នាំ​ប៉ុល​មក ក៏​ស្តាប់​គាត់​អធិប្បាយ​ពី​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ ២៥ កំពុង​ដែល​គាត់​សំដែង​ពន្យល់​ពី​សេចក្តី​សុចរិត សេចក្តី​ដឹង​ខ្នាត និង​សេចក្តី​ជំនុំជំរះ​ដែល​ត្រូវ​មក នោះ​លោក​ភេលីច​កើត​មាន​ចិត្ត​ភិតភ័យ ក៏​ឆ្លើយ​ថា ឥឡូវ​នេះ ឲ្យ​ទៅ​សិន​ចុះ កាល​ណា​មាន​ឱកាស​ស្រួល នោះ​អញ​នឹង​ហៅ​ឯង​មក​ទៀត ២៦ លោក​ក៏​សង្ឃឹម​ថា ប៉ុល​នឹង​យក​ប្រាក់​មក​សូក​លោក ឲ្យ​លែង​ចេញ​ដែរ ហេតុ​នោះ​បាន​ជា​លោក​ឲ្យ​គេ​នាំ​គាត់​មក​ពិគ្រោះ​កាន់​តែ​ញឹកញយ​ឡើង ២៧ ប៉ុន្តែ លុះ​កន្លង​មក​បាន​២​ឆ្នាំ​ហើយ នោះ​មាន​លោក​ព័រគាស-ភេស្ទុស មក​ឈរ​ជំនួស​លោក​ភេលីច ហើយ​ដោយ​ព្រោះ​លោក​ភេលីច ចង់​បាន​បំណាច់ ចំពោះ​សាសន៍​យូដា​ផង បាន​ជា​លោក​ទុក​ឲ្យ​ប៉ុល​ជាប់​គុក​នៅ។

កិច្ចការ ២៥

ប៉ុល​សុំ​ឲ្យ​សេសារ​កាត់​ក្តី

១ លុះ​កាល​លោក​ភេស្ទុស​បាន​ចូល​មក​ក្នុង​ខេត្ត នោះ​ក្រោយ​៣​ថ្ងៃ លោក​ក៏​ឡើង​ពី​សេសារា ទៅ​ឯ​ក្រុង​យេរូសាឡិម ២ ឯ​ពួក​សង្គ្រាជ និង​ពួក​មេ​សាសន៍​យូដា គេ​ចូល​ទៅ​ជំរាប​លោក​ពី​ដំណើរ​ប៉ុល ៣ ហើយ​សូម​អង្វរ​ឲ្យ​លោក​អនុញ្ញាត​ចាត់​គេ ឲ្យ​ទៅ​នាំ​គាត់​មក​ក្រុង​យេរូសាឡិម​វិញ ពី​ព្រោះ​គេ​មត់​គ្នា​នឹង​សំឡាប់​គាត់​តាម​ផ្លូវ ៤ តែ​លោក​ភេស្ទុស​ឆ្លើយ​ថា ត្រូវ​តែ​ឃុំ​ប៉ុល​ទុក​នៅ​ក្រុង​សេសារា​នោះ ចាំ​បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​ទៅ​ឯ​ណោះ​ដែរ ៥ ដូច្នេះ លោក​ប្រាប់​ថា ចូរ​អស់​អ្នក​ដែល​មាន​អំណាច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចុះ​ទៅ​ជា​មួយ​គ្នា បើ​មនុស្ស​នោះ​មាន​ទោស​អ្វី នោះ​ត្រូវ​ឲ្យ​ចោទ​ប្រកាន់​វា​ចុះ ៦ កាល​បាន​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​គេ​ជាង​១០​ថ្ងៃ នោះ​ក៏​ចុះ​ទៅ​ឯ​សេសារា​វិញ ដល់​ថ្ងៃ​ស្អែក​ឡើង លោក​អង្គុយ​នៅ​ទី​ជំនុំជំរះ​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​ប៉ុល​មក ៧ លុះ​គាត់​ចូល​មក​ដល់ នោះ​ពួក​សាសន៍​យូដា ដែល​ចុះ​ពី​ក្រុង​យេរូសាឡិម​មក គេ​ឈរ​នៅ​ជុំវិញ ក៏​ចោទ​គាត់​ពី​រឿង​ធ្ងន់ៗ​ជា​ច្រើន ដែល​គេ​មិន​អាច​នឹង​រក​ភស្តុតាង​បាន ៨ តែ​គាត់​ដោះ​សារ​ខ្លួន​ថា ខ្ញុំ​ប្របាទ​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ទោះ​នឹង​ក្រឹត្យវិន័យ​របស់​សាសន៍​យូដា ឬ​នឹង​ព្រះវិហារ ឬ​នឹង​សេសារ​ក្តី ៩ តែ​លោក​ភេស្ទុស​ចង់​បាន​បំណាច់​ចំពោះ​ពួក​សាសន៍​យូដា ក៏​សួរ​ទៅ​ប៉ុល​ថា ឯង​សុខ​ចិត្ត​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ឲ្យ​អញ​ជំនុំជំរះ​ឯង​ពី​ដំណើរ​នេះ​ឬ​ទេ ១០ នោះ​ប៉ុល​ឆ្លើយ​ថា ខ្ញុំ​ប្របាទ​ឈរ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ក្តី​នៃ​សេសារ ជា​កន្លែង​ដែល​គួរ​ជំនុំជំរះ​ខ្ញុំ​ប្របាទ ខ្ញុំ​ប្របាទ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ជា​ព្រះតេជព្រះគុណ​ក៏​ជ្រាប​ច្បាស់​ហើយ ១១ បើ​សិន​ជា​ខ្ញុំ​ប្របាទ​បាន​ធ្វើ​អ្វី​ខុស ឬ​ដែល​គួរ​នឹង​ស្លាប់ នោះ​ខ្ញុំ​ប្របាទ​ក៏​យល់​ព្រម​នឹង​ស្លាប់​ឥត​ប្រកែក តែ​បើ​រឿង​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​គេ​បាន​ឡើយ ខ្ញុំ​ប្របាទ​សូម​រើ​ក្តី​នេះ​ដល់​សេសារ​វិញ ១២ ក្រោយ​ដែល​ភេស្ទុស​បាន​ពិគ្រោះ​នឹង​ក្រុមជំនុំ នោះ​ក៏​ឆ្លើយ​ថា ឯង​បាន​សូម​រើ​ក្តី​នេះ​ដល់​សេសារ​វិញ បើ​ដូច្នេះ ឯង​ត្រូវ​ទៅ​ដល់​សេសារ​ចុះ។

ប៉ុល​នៅ​មុខ​ព្រះរាជាអ័គ្រីប៉ា

១៣ ក្រោយ​បួន​ដប់​ថ្ងៃ​មក​ទៀត ព្រះរាជា​អ័គ្រីប៉ា និង​ព្រះនាង​បេរេនីស ស្តេច​យាង​ចុះ​មក​ឯ​សេសារា ក៏​ចូល​ទៅ​សួរ​លោក​ភេស្ទុស ១៤ កាល​ទ្រង់​គង់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​លោក​ភេស្ទុស​ក៏​ទូល​ពី​រឿង​ប៉ុល ថ្វាយ​ស្តេច​ថា លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ ឲ្យ​ជាប់​គុក​នៅ​ទី​នេះ ១៥ ហើយ​កាល​ដែល​ទូលបង្គំ​នៅ​ក្រុង​យេរូសាឡិម នោះ​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ​នៃ​សាសន៍​យូដា បាន​ប្តឹង​ទូលបង្គំ ទាំង​សូម​ឲ្យ​ទូលបង្គំ​កាត់​ទោស​ឲ្យ ១៦ តែ​ទូលបង្គំ​ឆ្លើយ​ប្រាប់​គេ​ថា សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​មនុស្ស​ណា​ឲ្យ​ត្រូវ​ស្លាប់ មុន​ដែល​ចុង​ចំឡើយ​មាន​ពួក​ដើម​ចោទ​នៅ​មុខ​ខ្លួន ហើយ​មាន​ឱកាស​នឹង​ដោះ​សា​ពី​រឿង​គេ​ចោទ​នោះ​ឡើយ ១៧ ដូច្នេះ កាល​គេ​បាន​មក​ទី​នេះ នោះ​ដល់​ថ្ងៃ​ស្អែក​ឡើង ទូលបង្គំ​បាន​អង្គុយ​នៅ​ទី​ជំនុំជំរះ​ក្តី​ដោយ​ឥត​បង្អង់ ហើយ​ក៏​បង្គាប់​ឲ្យ​នាំ​មនុស្ស​នោះ​មក ១៨ តែ​កាល​ពួក​ដើម​ចោទ​បាន​ឈរ​ឡើង គេ​មិន​បាន​ចោទ​ប្រកាន់​វា​អំពី​រឿង​អ្វី ឲ្យ​ដូច​ដែល​ទូលបង្គំ​បាន​ស្មាន​នោះ​ទេ ១៩ គេ​គ្រាន់​តែ​ប្រកាន់​ពី​របៀប​សាសនា​គេ ហើយ​ពី​ដំណើរ​ម្នាក់​ឈ្មោះ​យេស៊ូវ ដែល​ស្លាប់​ទៅ​ហើយ តែ​ប៉ុល​ប្រកាន់​ថា​នៅ​រស់​ទេ​ប៉ុណ្ណោះ ២០ ហើយ​ដែល​ទូលបង្គំ​ទ័ល​គំនិត​នឹង​ពិចារណា​ពី​សេចក្តី​នោះ ក៏​សួរ​វា បើ​វា​សុខ​ចិត្ត​នឹង​ទៅ​ឯ​ក្រុង​យេរូសាឡិម ឲ្យ​បាន​ជំនុំជំរះ​ពី​រឿង​នោះ​ឬ​ទេ ២១ តែ​វា​បាន​សូម​រើ​ក្តី​ដល់​មហារាជ​អូគូស្ទ ឲ្យ​បាន​ជ្រាប​វិញ បាន​ជា​ទូលបង្គំ​បង្គាប់​ឲ្យ​ឃុំ​ទុក​សិន ទំរាំ​តែ​ទូលបង្គំ​មាន​ឱកាស​នឹង​បញ្ជូន​ទៅ​ឯ​សេសារ ២២ ព្រះរាជា​អ័គ្រីប៉ា​មាន​ព្រះបន្ទូល​ទៅ​លោក​ភេស្ទុស​ថា ខ្ញុំ​ក៏​ចង់​ស្តាប់​អ្នក​នោះ​ដែរ លោក​ទូល​ឆ្លើយ​ថា ស្អែក​នោះ​ទ្រង់​នឹង​បាន​ស្តាប់​វា​ហើយ។ ២៣ ដូច្នេះ លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​ព្រះរាជា​អ័គ្រីប៉ា និង​ព្រះនាង​បេរេនីស ក៏​យាង​មក ដោយ​ដំណើរ​ដ៏​រុងរឿង ចូល​ក្នុង​សាលា​ក្តី មាន​ទាំង​មេ​ទ័ព​ធំ និង​ពួក​អ្នក​ធំ​ក្នុង​ទី​ក្រុង​ផង រួច​កាល​លោក​ភេស្ទុស​បាន​បង្គាប់​ហើយ នោះ​គេ​នាំ​ប៉ុល​ចូល​មក ២៤ លោក​ភេស្ទុស​ក៏​ទូល​ថា ឱ​ព្រះករុណា​អ័គ្រីប៉ា និង​អស់​លោក​ដែល​ទៅ​ទី​នេះ ជា​មួយ​នឹង​យើង​ខ្ញុំ​អើយ សូម​ទត​មើល​មនុស្ស​នេះ ដែល​បណ្តាជន​សាសន៍​យូដា​ទាំង​ប៉ុន្មាន បាន​ប្តឹង​ដល់​ទូលបង្គំ កាល​នៅ​ឯ​ក្រុង​យេរូសាឡិម ហើយ​និង​នៅ​ទី​នេះ​ដែរ ដោយ​សំរែក​ថា មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ ២៥ តែ​ទូលបង្គំ​មិន​ឃើញ​ថា មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​សោះ ហើយ​ដែល​ខ្លួន​វា​បាន​សូម​រើ​ក្តី​ដល់​មហារាជ​អូគូស្ទ​វិញ នោះ​បាន​ជា​ទូលបង្គំ​សំរេច​ថា នឹង​បញ្ជូន​វា​ឲ្យ​ទៅ​ចុះ ២៦ តែ​ទូលបង្គំ​គ្មាន​រឿង​អ្វី​ជា​ប្រាកដ នឹង​សរសេរ​ថ្វាយ​ដល់​ព្រះអម្ចាស់​នៃ​ទូលបង្គំ ពី​ដំណើរ​វា​ទេ ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នាំ​វា​មក​នៅ​ទី​ចំពោះ​មុខ​នៃ​អស់​លោក​ទាំងឡាយ មាន​ព្រះរាជា​ជា​ដើម ឱ​ព្រះរាជា​អ័គ្រីប៉ា​អើយ ដើម្បី​កាល​ណា​បាន​ពិចារណា​សួរ​វា​រួច​ហើយ នោះ​ទូលបង្គំ​នឹង​បាន​រឿង​អ្វី​ខ្លះ ឲ្យ​ដាក់​ចុះ​ក្នុង​សំបុត្រ ២៧ ដ្បិត​បើ​តាម​ទូលបង្គំ មើល​ទៅ​ដូច​ជា​គ្មាន​ទំនង​នឹង​បញ្ជូន​អ្នក​ទោស​ទៅ ឥត​មាន​បង្ហាញ​ទោស​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ដល់​វា​នោះ​ទេ។

កិច្ចការ ២៦

ប៉ុល​ឆ្លើយ​ការពារ​ខ្លួន​នៅ​មុខ​ព្រះរាជា​អ័គ្រីប៉ា

១ ព្រះរាជា​អ័គ្រីប៉ា​មាន​ព្រះបន្ទូល​ទៅ​ប៉ុល​ថា ឯង​មាន​ច្បាប់​និយាយ​ដោយ​ខ្លួន​ឯង​បាន រួច​ប៉ុល​ក៏​លើក​ដៃ​ទៅ​មុខ​ដោះ​សា​ខ្លួន​ថា ២ បពិត្រ​ព្រះករុណា​អ័គ្រីប៉ា​អើយ នៅ​ថ្ងៃ​នេះ ទូលបង្គំ​មាន​ចិត្ត​អំណរ​ណាស់ ដោយ​មាន​ច្បាប់​នឹង​ដោះ​សា​ខ្លួន​នៅ​ចំពោះ​ទ្រង់ ពី​អស់​ទាំង​សេចក្តី​ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​ទូលបង្គំ ៣ គឺ​ពី​ព្រោះ​ទ្រង់​ជ្រាប​គ្រប់​ទាំង​ទំលាប់ និង​សេចក្តី​ជជែក​របស់​ពួក​សាសន៍​យូដា​ជា​ដើម ដូច្នេះ ទូលបង្គំ​សូម​អង្វរ ឲ្យ​ព្រះករុណា​ទ្រង់​ព្រះសណ្តាប់​ទូលបង្គំ ដោយ​អំណត់​សិន ៤ ដ្បិត​ពួក​សាសន៍​យូដា​ទាំង​អស់​បាន​ស្គាល់​ចរិត​ដែល​ទូលបង្គំ​ប្រព្រឹត្ត តាំង​ពី​ក្មេង​មក​ហើយ ថា​ពី​ដើម​ទូលបង្គំ​នៅ​កណ្តាល​សាសន៍​នៃ​ទូលបង្គំ​នៅ​ក្រុង​យេរូសាឡិម ៥ ហើយ​បើ​គេ​ព្រម​ធ្វើ​បន្ទាល់ នោះ​មុខ​ជា​គេ​បាន​ស្គាល់​ទូលបង្គំ​ពី​ដើម​មក​ជា​ពិត​ថា ទូលបង្គំ​បាន​ប្រព្រឹត្ត​តាម​បក្សពួក​តឹង​រ៉ឹង​ជាង​គេ ក្នុង​សាសន៍​នៃ​ទូលបង្គំ គឺ​ជា​ពួក​ផារិស៊ី ៦ ហើយ​ឥឡូវ ទូលបង្គំ​ជាប់​ជំនុំជំរះ​នេះ នោះ​គឺ​ដោយ​ព្រោះ​តែ​មាន​ចិត្ត​សង្ឃឹម​ដល់​សេចក្តី​សន្យា ដែល​ព្រះ​ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​ទូលបង្គំ ៧ ដែល​ពូជ​អំបូរ​ទាំង​១២​ខំ​ប្រឹង​ប្រតិបត្តិ​តាម​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹម​នឹង​បាន​សេចក្តី​សន្យា​នោះ​ដែរ បពិត្រ​ព្រះរាជា​អ័គ្រីប៉ា​អើយ គឺ​ដោយ​ព្រោះ​សេចក្តី​សង្ឃឹម​នោះ​ឯង បាន​ជា​ពួក​សាសន៍​យូដា គេ​ចោទ​ប្រកាន់​ដល់​ទូលបង្គំ ៨ ហេតុ​អ្វី​បាន​ជា​អស់​លោក​ទាំងឡាយ​រាប់​សេចក្តី ដែល​ព្រះ​ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ថា​ជា​សេចក្តី​មិន​គួរ​ជឿ ៩ សូម្បី​ទូលបង្គំ​ក៏​បាន​គិត​ស្មាន​ថា គួរ​ឲ្យ​ទូលបង្គំ​ធ្វើ​ទាស់​ទទឹង​ជា​ច្រើន ដល់​ព្រះនាម​ព្រះយេស៊ូវ ពី​ស្រុក​ណាសារ៉ែត​ដែរ ១០ គឺ​ទូលបង្គំ​បាន​ធ្វើ​ការ​ទាំង​នោះ​នៅ​ក្រុង​យេរូសាឡិម បាន​ទាំង​ចាប់​ពួក​អ្នក​បរិសុទ្ធជា​ច្រើន​យក​ទៅ​ដាក់​គុក ដោយ​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ​មក ហើយ​កាល​គេ​សំឡាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ព្រម​ដែរ ១១ ទូលបង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹកញយ នៅ​គ្រប់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ផង ហើយ​ដោយ​ព្រោះ​ទូលបង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុល​ពេក ទាស់​នឹង​គេ​ដូច្នេះ បាន​ជា​ទូលបង្គំ​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​គេ រហូត​ដល់​ក្រុង​នៃ​សាសន៍​ដទៃ​ផង ១២ នៅ​គ្រា​នោះ ទូលបង្គំ​បាន​ទទួល​អំណាច និង​សេចក្តី​បង្គាប់​មក​ពី​ពួក​សង្គ្រាជ ហើយ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ឯ​ក្រុង​ដាម៉ាស ១៣ នោះ​បពិត្រ​ព្រះករុណា​អើយ នៅ​ពេល​ថ្ងៃ​ត្រង់​ហើយ ដែល​ទូលបង្គំ​កំពុង​ដើរ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​ជុំវិញ​ទូលបង្គំ និង​ពួក​អ្នក​ដើរ​ជា​មួយ ជា​ពន្លឺ​ភ្លឺ​ជាង​ថ្ងៃ ១៤ ទូលបង្គំ​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ទូលបង្គំ​ឮ​សំឡេង​មាន​ព្រះបន្ទូល​មក ជា​ភាសា​ហេព្រើរ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ដែល​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់ ១៥ ទូលបង្គំ​ក៏​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​នេះ​ជា​ព្រះយេស៊ូវ ដែល​អ្នក​ធ្វើ​ទុក្ខ ១៦ ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​នឹង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​បំរើ ហើយ​ជា​ទី​បន្ទាល់ ពី​អស់​ទាំង​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ ព្រម​ទាំង​ការ​ដែល​ខ្ញុំ​នឹង​លេច​មក ឲ្យ​អ្នក​ឃើញ​ទៅ​មុខ​ទៀត ១៧ ខ្ញុំ​បាន​ញែក​អ្នក​ចេញ​ពី​បណ្តាជន និង​ពី​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​គេ​វិញ ១៨ ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្តី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្សសាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ខ្ញុំ ១៩ ដូច្នេះ បពិត្រ​ព្រះរាជា​អ័គ្រីប៉ា​អើយ ទូលបង្គំ​មិន​បាន​ចចេស​នឹង​ការ​ជាក់​ស្តែង​ពី​ស្ថានសួគ៌​នោះ​ទេ ២០ គឺ​ទូលបង្គំ​បាន​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក ឯ​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​ជា​មុន​ដំបូង រួច​នៅ​ក្រុង​យេរូសាឡិម និង​គ្រប់​ក្នុង​ខេត្ត​យូដា ហើយ​ដល់​អស់​ទាំង​សាសន៍​ដទៃ​ផង ២១ ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះវិហារ ហើយ​ព្យាយាម​នឹង​សំឡាប់​ទូលបង្គំ​ចោល ២២ តែ​ព្រះ​ទ្រង់​បាន​ជួយ​ទូលបង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្តី​ដែល​ពួក​ហោរា និង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ ២៣ គឺ​ថា ព្រះគ្រីស្ទ​ត្រូវ​រង​ទុក្ខ ហើយ​ថា​ដោយសារ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំង​អស់ នោះ​ទ្រង់​បាន​ប្រកាស​ប្រាប់​ពី​ពន្លឺ ដល់​សាសន៍​នេះ ហើយ​ដល់​សាសន៍​ដទៃ​ផង។ ២៤ កំពុង​ដែល​គាត់​និយាយ​សេចក្តី​ទាំង​នោះ ដើម្បី​ដោះ​សារ​ខ្លួន នោះ​លោក​ភេស្ទុស​ឡើង​សំឡេង​កាត់​ថា ប៉ុល​អើយ ឯង​ឆ្កួត​ទេ ឯង​រៀនសូត្រ​ជា​ច្រើន​ដល់​ម៉្លេះ បាន​ជា​ឆ្កួត​ហើយ ២៥ តែ​គាត់​ប្រកែក​ថា ព្រះតេជព្រះគុណ​ភេស្ទុស​អើយ ខ្ញុំ​ប្របាទ​មិន​មែន​ឆ្កួត​ទេ ខ្ញុំ​ប្របាទ​និយាយ​ចំពោះ​ពាក្យ​ពិត ហើយ​ជា​នា​ទេ​តើ ២៦ ដ្បិត​ព្រះករុណា​ទ្រង់​បាន​ជ្រាប​ការ​ទាំង​នេះ​ហើយ ខ្ញុំ​ប្របាទ​ក៏​ទូល​ដល់​ទ្រង់​ដោយ​ក្លាហាន​ដែរ ព្រោះ​ខ្ញុំ​ប្របាទ​ជឿ​ប្រាកដ​ថា ក្នុង​ការ​ទាំង​នេះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ទ្រង់​ទេ ដ្បិត​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​ឯ​ណា​ឡើយ ២៧ បពិត្រ​ព្រះរាជា​អ័គ្រីប៉ា​អើយ តើ​ទ្រង់​ជឿ​សេចក្តី​ទំនាយ​របស់​ពួក​ហោរា​ឬ​ទេ ទូលបង្គំ​ដឹង​ថា​ទ្រង់​ជឿ​ហើយ ២៨ ស្តេច​អ័គ្រីប៉ា​ក៏​មាន​ព្រះបន្ទូល​ទៅ​ប៉ុល​ថា បន្តិច​ទៀត ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ ២៩ រួច​ប៉ុល​ទូល​ថា ទូលបង្គំ​សូម​ដល់​ព្រះ មិន​មែន​ឲ្យ​ត្រឹម​តែ​ព្រះករុណា​ប៉ុណ្ណោះ គឺ​ឲ្យ​អស់​អ្នក​ដែល​ស្តាប់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ថែម​ទៀត​ផង ទោះ​បើ​នៅ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្តី ឲ្យ​តែ​គ្រប់​គ្នា​បាន​ដូច​ទូលបង្គំ លើក​តែ​ចំណង​នេះ​ចេញ។ ៣០ នោះ​ស្តេច ព្រម​ទាំង​ចៅហ្វាយ​ស្រុក និង​ព្រះនាង​បេរេនីស ហើយ​និង​អស់​អ្នក​ដែល​អង្គុយ​ជា​មួយ ក៏​ក្រោក​ឡើង ៣១ កាល​បាន​ថយ​ចេញ​ផុត នោះ​ក៏​ពិភាក្សា​គ្នា​ថា មនុស្ស​នេះ​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ស្លាប់ ឬ​នឹង​ជាប់​ចំណង​សោះ ៣២ ហើយ​ស្តេច​អ័គ្រីប៉ា​មាន​ព្រះបន្ទូល​ទៅ​លោក​ភេស្ទុស​ថា មនុស្ស​នេះ បើ​មិន​បាន​សូម​រើ​ក្តី​ដល់​សេសារ​ទេ នោះ​នឹង​លែង​បាន។

កិច្ចការ ២៧

ប៉ុល​ត្រូវ​គេ​បញ្ជូន​ទៅ​ក្រុង​រ៉ូម

១ កាល​បាន​សំរេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​ស្រុក​អ៊ីតាលី នោះ​គេ​ក៏​ប្រគល់​ប៉ុល និង​អ្នក​ទោស​ខ្លះ​ទៀត ដល់​មេ​ទ័ព​រង​ម្នាក់ ឈ្មោះ​យូលាស ក្នុង​កងទ័ព​អូគូស្ទ ២ យើង​ចុះ​សំពៅ​១​ពី​ស្រុក​អាត្រាមីត ដែល​រៀប​នឹង​បើក​ទៅ​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី ហើយ​ក៏​បើក​ទៅ​មាន​ទាំង​អើរីស្តាក ជា​សាសន៍​ម៉ាសេដូន ដែល​នៅ​ក្រុង​ថែស្សាឡូនីច ទៅ​ជា​មួយ​ផង ៣ ដល់​ថ្ងៃ​ស្អែក យើង​បាន​ចូល​ទៅ​ចត​នៅ​ក្រុង​ស៊ីដូន នោះ​យូលាស​បាន​ប្រព្រឹត្ត​នឹង​ប៉ុល​ដោយ​សប្បុរស បាន​បើក​ឲ្យ​គាត់​ទៅ​សួរ​ពួក​សំឡាញ់ និង​ទទួល​របស់​អ្វី​ដែល​គេ​ជូន​ដល់​គាត់​ដែរ ៤ យើង​បើក​ពី​ទី​នោះ សសៀរ​តាម​កោះ​គីប្រុស​ទៅ ដោយ​ព្រោះ​ច្រាស​ខ្យល់ ៥ ក្រោយ​ដែល​បាន​ឆ្លង​កាត់​សមុទ្រ ក្បែរ​ស្រុក​គីលីគា និង​ស្រុក​ប៉ាមភីលា​ផុត​ហើយ ក៏​មក​ដល់​មីរ៉ា នៅ​ក្នុង​ស្រុក​លូគា ៦ នៅ​ទី​នោះ មេ​ទ័ព​រក​បាន​សំពៅ​១ មក​ពី​ក្រុង​អ័លេក្សានទ្រា ដែល​ទៅ​ស្រុក​អ៊ីតាលី ក៏​ឲ្យ​យើង​ជិះ​ទៅ ៧ កាល​បើក​បន្តិចៗ​ទៅ​ជា​យូរ​ថ្ងៃ ក៏​មក​ទន្ទឹម​នឹង​គ្នីដុស ដោយ​ពិបាក​ណាស់ ពី​ព្រោះ​ខ្យល់​មិន​ស្រួល​សោះ នោះ​យើង​បើក​សសៀរ​ចូល​ទៅ តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាលម៉ូន ៨ បើក​ទៅ​តាម​កោះ​នោះ ដោយ​ពិបាក​ណាស់ ក៏​ដល់​កន្លែង​១​ហៅ​ថា ទ្វារ​សមុទ្រ​លំអ ដែល​នៅ​ជិត​ក្រុង​ឡាសេ។ ៩ លុះ​បាន​កន្លង​មក​ជា​យូរ​ថ្ងៃ កាល​សំពៅ​ណា​បើក​ទៅ​នឹង​មាន​អន្តរាយ ពី​ព្រោះ​បុណ្យ​តមបាន​កន្លង​ហើយ នោះ​ប៉ុល​ទូន្មាន​គេ​ថា ១០ អ្នក​រាល់​គ្នា​អើយ បើ​បើក​ទៅ​ឥឡូវ ខ្ញុំ​យល់​ឃើញ​ថា នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ដល់​ទាំង​ជីវិត​យើង​រាល់​គ្នា​ផង ១១ ប៉ុន្តែ មេ​ទ័ព​បាន​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត ហើយ​និង​ម្ចាស់​សំពៅ ជា​ជាង​ពាក្យ​ដែល​ប៉ុល​ថា​នោះ​វិញ ១២ ហើយ​ដោយ​ព្រោះ​ទ្វារ​សមុទ្រ​នោះ​មិន​ស្រួល​នឹង​សំណាក់​នៅ​ក្នុង​រដូវ​រងា​ផង បាន​ជា​ច្រើន​គ្នា​គេ​ទូន្មាន​ឲ្យ​បើក​ចេញ​ពី​ទី​នោះ​ទៅ ដើម្បី​នឹង​ស្រូត​ទៅ​ឯ​ភេនីច ហើយ​ឲ្យ​ស្នាក់​នៅ​ក្នុង​រដូវ​រងា​វិញ បើ​សិន​ជា​បាន នោះ​ជា​ទ្វារ​សមុទ្រ​នៅ​កោះ​ក្រេត ដែល​បែរ​ទៅ​ទិស​និរតី និង​ទិស​ពាយព្យ។

ខ្យល់​ព្យុះ

១៣ ដូច្នេះ កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេ​ស្មាន​ថា​បាន​ដូច​ចិត្ត​ហើយ ក៏​ស្រាវ​យុថ្កា​ឡើង បើក​ទៅ​តាម​ក្បែរ​កោះ​ក្រេត ១៤ តែ​ក្រោយ​មក​បន្តិច នោះ​មាន​ធ្លាក់​ខ្យល់​ព្យុះ​កំណាច ដែល​ហៅ​ថា ខ្យល់​អ៊ើរ៉ាគ្លីដូន មក​ប៉ះ​នឹង​សំពៅ ១៥ ហើយ​យើង​បំបែរ​ក្បាល​សំពៅ​ទៅ​ចំ​ខ្យល់​ពុំ​បាន នោះ​ក៏​ទុក​ឲ្យ​បណ្តោយ​តាម​ខ្យល់​ទៅ ១៦ បាន​សសៀរ​ទៅ​តាម​កោះ​១​តូច ឈ្មោះ​ក្លូដេ ហើយ​លើក​ទូកចង​ដោយ​ពិបាក​ណាស់ ១៧ កាល​លើក​ចង​ស្រេច​ហើយ គេ​ក៏​យក​ខ្សែពួរ​ចង​ព័ទ្ធ​សំពៅ រួច​ទំលាក់​ក្តោង​ឲ្យ​រសាត់​ទៅ​តាម​ខ្យល់ ខ្លាច​ក្រែង​កឿង​នឹង​ផ្នូក​ខ្សាច់ ១៨ ដល់​ថ្ងៃ​ស្អែក​ឡើង យើង​ទំលាក់​ទំនិញ​ចោល​ចេញ ព្រោះ​ខ្យល់​ព្យុះ​សង្ឃរា​បោក​ប៉ះ​យើង​ជា​ខ្លាំង ១៩ ហើយ​ដល់​ថ្ងៃ​ទី​៣ ក៏​ចោល​គ្រឿង​ប្រដាប់​សំពៅ ដោយ​ដៃ​ខ្លួន​យើង​ទៀត ២០ រួច​ដោយ​ព្រោះ​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​ជា​យូរ​ថ្ងៃ ហើយ​ព្យុះ​សង្ឃរា​មិន​ចេះ​អន់​ស្រាក​សោះ បាន​ជា​យើង​លែង​សង្ឃឹម​នឹង​រួច​ជីវិត​បាន។ ២១ កាល​គេ​បាន​តម​អាហារ​ជា​យូរ​ថ្ងៃ នោះ​ប៉ុល​ឈរ​ឡើង​នៅ​កណ្តាល​គេ​និយាយ​ថា អ្នក​រាល់​គ្នា​អើយ គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយ​មិន​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ ២២ តែ​ឥឡូវ​នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​សង្ឃឹម​ឡើង ដ្បិត​គ្មាន​ពួក​អ្នក​រាល់​គ្នា​ណា​១​នឹង​បាត់​ជីវិត​ទេ ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ ២៣ ព្រោះ​យប់​មិញ មាន​ទេវតា​នៃ​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ទ្រង់ បាន​មក​ឈរ​ជិត​ខ្ញុំ​ប្រាប់​ថា ២៤ ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេសារ ហើយ​មើល ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ ២៥ ដូច្នេះ អ្នក​រាល់​គ្នា​អើយ ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ​ថា ការ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ នឹង​កើត​មក​ដូច្នោះ​មែន ២៦ ប៉ុន្តែ យើង​ត្រូវ​ធ្លាក់​ទៅ​លើ​កោះ​ណា​មួយ។ ២៧ ដល់​គំរប់​១៤​យប់ កំពុង​ដែល​យើង​រសាត់​ទៅ​មក ក្នុង​សមុទ្រ​អាឌ្រា នោះ​ប្រហែល​ជា​កណ្តាល​អធ្រាត្រ​ពួក​សំពៅ​ស្មាន​ថា យើង​ជិត​ដល់​ទី​គោក​ណា​មួយ​ហើយ ២៨ លុះ​បាន​បោះ​សំណ​ស្ទង់​ទឹក​ចុះ​ទៅ ក៏​ឃើញ​មាន​ជំរៅ​២០​ព្យាម រួច​ទៅ​បន្តិច​ទៀត​ក៏​ស្ទង់​មើល ឃើញ​មាន​តែ​១៥​ព្យាម ២៩ នោះ​គេ​ទំលាក់​យុថ្កា​៤​ពី​ខាង​កន្សៃ ក្រែង​សំពៅ​ទង្គិច​ប៉ះ​នឹង​ថ្ម រួច​គេ​ទន្ទឹង​ចាំ​ភ្លឺ​ឡើង ៣០ ពួក​សំពៅ​ក៏​សំរូត​ទូក​ទំលាក់​ទឹក ធ្វើ​ដូច​ជា​ចង់​ទំលាក់​យុថ្កា​ពី​ខាង​ក្បាល​ដែរ តែ​គេ​ចង់​រត់​ចោល​សំពៅ​ទេ ៣១ នោះ​ប៉ុល​និយាយ​ទៅ​មេ​ទ័ព និង​ទាហាន​ថា បើ​ពួក​នោះ​មិន​នៅ​ក្នុង​សំពៅ នោះ​អ្នក​រាល់​គ្នា​មិន​បាន​រួច​ទេ ៣២ ពួក​ទាហាន​ក៏​កាត់​ខ្សែ​ឲ្យ​ទូក​ធ្លាក់​ទៅ ៣៣ លុះ​ដល់​ថ្ងៃ​ជិត​រះ ប៉ុល​ក៏​ទូន្មាន​ឲ្យ​គេ​បរិភោគ​ទាំង​អស់​គ្នា ដោយ​ពាក្យ​ថា នេះ​គំរប់​១៤​ថ្ងៃ​ហើយ ដែល​អ្នក​រាល់​គ្នា​នៅ​ចាំ​យាម ទាំង​តម​អាហារ ៣៤ ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ពិសា​ទៅ ដ្បិត​នេះ​មាន​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត ព្រោះ​សក់​១​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង ៣៥ កាល​និយាយ​ដូច្នេះ​ហើយ គាត់​យក​នំបុ័ង​មក​អរ​ព្រះគុណ​ដល់​ព្រះ នៅ​មុខ​គេ​ទាំង​អស់​គ្នា រួច​កាច់​បរិភោគ​ទៅ ៣៦ គេ​មាន​សង្ឃឹម​ឡើង ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ដែរ ៣៧ រីឯ​យើង​ទាំង​អស់​ដែល​នៅ​ក្នុង​សំពៅ នោះ​មាន​២៧៦​នាក់ ៣៨ កាល​បរិភោគ​ឆ្អែត​ហើយ ក៏​សំរាល​សំពៅ​ចេញ ដោយ​ទំលាក់​ស្រូវ​ចុះ​ទៅ​ក្នុង​សមុទ្រ។ ៣៩ លុះ​ភ្លឺ​ច្បាស់​ហើយ នោះ​គេ​មិន​បាន​ស្គាល់​ស្រុក​នោះ​ទេ តែ​គេ​ឃើញ​ញោច​១​មាន​ជំរាល រួច​គេ​គិត​ដំរង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ បើ​សិន​ជា​បាន ៤០ គេ​ក៏​កាត់​ពួរ​យុថ្កា​ចោល​នៅ​សមុទ្រ រួច​ស្រាយ​ចង្កូត ហើយ​លើក​ក្តោង​ខាង​មុខ​ឲ្យ​ត្រូវ​ខ្យល់ ដំរង់​សំពៅ​ទៅ​ឯ​ទី​ជំរាល​នោះ ៤១ សំពៅ​ក៏​ចូល​ទៅ​កឿង​នៅ​កន្លែង​ដែល​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ទៅ​ដោយ​អំណាច​រលក ៤២ ឯ​ពួក​ទាហាន គេ​ចង់​សំឡាប់​អ្នក​ទោស​ទាំង​ប៉ុន្មាន​ចោល​ចេញ ដោយ​ខ្លាច​ក្រែង​ហែល​រត់​រួច​ខ្លះ ៤៣ តែ​មេ​ទ័ព​ចង់​ជួយ​ប៉ុល​ឲ្យ​រួច បាន​ជា​ឃាត់​គេ មិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ ក៏​បង្គាប់​អ្នក​ណា​ដែល​ចេះ​ហែល ឲ្យ​លោត​ហែល​ទៅ​ដល់​គោក​ជា​មុន ៤៤ ហើយ​ឲ្យ​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​បណ្តែត​ទៅ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដល់​គោក​ដោយ​សុខ​សាន្ត​ត្រាណ។

កិច្ចការ ២៨

ប៉ុល​នៅ​កោះ​មេលីត

១ កាល​គេ​បាន​រួច​ជីវិត​ហើយ នោះ​ទើប​ស្គាល់​កោះ​នោះ ថា​ជា​កោះ​មេលីត ២ មនុស្ស​ស្រុក​នោះ​ក៏​ប្រព្រឹត្ត​នឹង​យើង ដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ពី​ព្រោះ​ធ្លាក់​ភ្លៀង ហើយ​រងា​ផង ៣ ឯ​ប៉ុល ក៏​ប្រមូល​រំកាច់​មែក​ឈើ​១​កង យក​មក​ដាក់​លើ​ភ្លើង នោះ​មាន​ពស់វែក​១​ត្រូវ​កំដៅ​ភ្លើង បាន​ចេញ​មក​ចឹក​ជាប់​នៅ​ដៃ​គាត់ ៤ លុះ​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពី​ដៃ​គាត់​មក​ដូច្នោះ នោះ​ក៏​និយាយ​គ្នា​ថា ប្រាកដ​ជា​មនុស្ស​នេះ​បាន​សំឡាប់​គេ​ហើយ បាន​ជា​ទោះ​បើ​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​សេចក្តី​យុត្តិធម៌មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ ៥ តែ​គាត់​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ​ចាប់​អ្វី​ឡើយ ៦ គេ​រង​ចាំ​មើល​គាត់​ជា​ហើម ឬ​ដួល​ស្លាប់​ភ្លាម​ទៅ តែ​កាល​គេ​បាន​ចាំ​ជា​យូរ ហើយ​ឥត​ឃើញ​មាន​ឈឺ​អ្វី​សោះ នោះ​គេ​ប្រែ​គំនិត​ទៅ​ជា​ថា គាត់​ជា​ព្រះ​វិញ។ ៧ នៅ​ព័ទ្ទ​ជុំវិញ​ទី​នោះ មាន​ដី​របស់​អ្នក​មេ​កោះ ឈ្មោះ​ពូញ្លស ដែល​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់​៣​ថ្ងៃ​ដោយ​សប្បុរស ៨ គាប់​ចួនជា​ឪពុក​ពូញ្លស​ដេក​គ្រុន ហើយ​មួល​ផង ប៉ុល​ក៏​ចូល​ទៅ​អធិស្ឋាន ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ជា ៩ ដូច្នេះ អស់​អ្នក​ឯ​ទៀត ដែល​ឈឺ​នៅ​កោះ​នោះ ក៏​មក ហើយ​បាន​ជា​ដែរ ១០ គេ​ក៏​រាប់​អាន​យើង​ជា​ខ្លាំង ហើយ​ដល់​វេលា​ដែល​យើង​ចេញ​ទៅ នោះ​គេ​បាន​ឲ្យ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ​ដែរ។

ប៉ុល​នៅ​ក្រុង​រ៉ូម

១១ លុះ​៣​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​១​ទៅ ជា​សំពៅ​ដែល​មក​ពី​ក្រុង​អ័លេក្សានទ្រា ឈ្មោះ​ឌីអូស្គួរ ដែល​នៅ​នឹង​កោះ​នោះ​ក្នុង​រដូវ​រងា ១២ កាល​បាន​ចូល​ចត​នៅ​ស៊ីរ៉ាគូស ក៏​នៅ​ក្រុង​នោះ​៣​ថ្ងៃ ១៣ ពី​ទី​នោះ​យើង​បើក​វាង​ទៅ​ដល់​រេគាម ហើយ​១​ថ្ងៃ​ក្រោយ​មក កើត​មាន​ខ្យល់​ពី​ខាង​ត្បូង ដល់​ថ្ងៃ​ទី​២​យើង​ទៅ​ដល់​ពូទីយ៉ូលី ១៤ នៅ​ទី​នោះ យើង​រក​ឃើញ​ពួក​ជំនុំ​ខ្លះ គេ​ក៏​សូម​ឲ្យ​យើង​នៅ​ជា​មួយ​អស់​៧​ថ្ងៃ គឺ​ដូច្នោះ​ឯង ដែល​យើង​បាន​ទៅ​ឯ​ក្រុង​រ៉ូម ១៥ រីឯ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម កាល​បាន​ឮ​និយាយ​ពី​យើង នោះ​គេ​ក៏​ចេញ​មក​ជួប​នឹង​យើង​ត្រឹម​ផ្សារ​អាប់ភាស និង​ផ្ទះ​សំណាក់​បី លុះ​ប៉ុល​ឃើញ​គេ នោះ​ក៏​អរ​ព្រះគុណ​ដល់​ព្រះ ហើយ​មាន​ចិត្ត​សង្ឃឹម​ឡើង។ ១៦ គ្រា​ដល់​ក្រុង​រ៉ូម​ហើយ នោះ​មេ​ទ័ព​ក៏​ប្រគល់​ពួក​អ្នក​ទោស​ទៅ​លោក​មេ​បន្ទាយ ប៉ុន្តែ គេ​បើក​ឲ្យ​ប៉ុល​នៅ​ដោយ​ខ្លួន មាន​តែ​ទាហាន​១​ដែល​រក្សា​ប៉ុណ្ណោះ។

ប៉ុល​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​រ៉ូម

១៧ ក្រោយ​៣​ថ្ងៃ​មក ប៉ុល​អញ្ជើញ​ពួក​មេ​សាសន៍​យូដា ឲ្យ​មក​ប្រជុំ​គ្នា កាល​គេ​មូល​គ្នា​ហើយ នោះ​គាត់​ពោល​ពាក្យ​ទៅ​គេ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​យើង ឬ​នឹង​ទំលាប់​ពួក​ឰយុកោ​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​រ៉ូម ១៨ ដែល​ពិចារណា​សួរ​ខ្ញុំ រួច​ចង់​លែង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ទេ ១៩ ប៉ុន្តែ ពួក​សាសន៍​យូដា​ប្រកែក​មិន​ព្រម បាន​ជា​បង្ខំ​ឲ្យ​ខ្ញុំ​សូម​រើ​ក្តី​ដល់​សេសារ​វិញ មិន​មែន​ជា​ខ្ញុំ​មាន​ការណ៍​អ្វី នឹង​ចោទ​ប្រកាន់​ពី​សាសន៍​ខ្ញុំ​ទេ ២០ ហេតុ​នោះ​បាន​ជា​ខ្ញុំ​អញ្ជើញ​អ្នក​រាល់​គ្នា​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​នឹង​ពិគ្រោះ​គ្នា ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រាអែលហើយ បាន​ជា​ខ្ញុំ​ជាប់​ច្រវាក់​ដូច្នេះ ២១ គេ​ឆ្លើយ​ឡើង​ថា យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ពី​រឿង​អ្នក​សោះ ក៏​គ្មាន​បង​ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​សេចក្តី​អ្វី​អាក្រក់​ពី​អ្នក​ដែរ ២២ តែ​យើង​ចូល​ចិត្ត​ចង់​ដឹង​គំនិត​របស់​អ្នក ដែល​អ្នក​គិត​ដូច​ម្តេច ព្រោះ​យើង​ដឹង​ថា នៅ​គ្រប់​ទី​កន្លែង គេ​តែង​តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់។ ២៣ គេ​ក៏​ណាត់​ថ្ងៃ​កំណត់ រួច​មាន​គ្នា​ជា​ច្រើន​មក​ឯ​គាត់ ក្នុង​ទី​លំនៅ​របស់​គាត់ ហើយ​គាត់​អធិប្បាយ ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់ តាំង​ពី​ព្រឹក​ដល់​ល្ងាច ពី​នគរ​ព្រះ​ឲ្យ​គេ​ស្តាប់ ក៏​បញ្ចុះបញ្ចូល​ឲ្យ​គេ​ជឿ​អស់​ទាំង​សេចក្តី ដែល​តម្រូវ​ពី​ព្រះយេស៊ូវ ក្នុង​ក្រឹត្យវិន័យ​លោក​ម៉ូសេ ហើយ​ក្នុង​គម្ពីរ​ពួក​ហោរា ២៤ អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្តី​ដែល​គាត់​អធិប្បាយ តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ ២៥ នោះ​គេ​ចេញ​ទៅ​ទាំង​ទាស់ទែង​គ្នា ក្រោយ​ដែល​ប៉ុល​បាន​និយាយ​១​ម៉ាត់​នេះ​ទៅ​គេ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះបន្ទូល​នឹង​ពួក​ព្ធយុកោ​យើង ដោយសារ​ហោរា​អេសាយ​ត្រូវ​ណាស់​ថា ២៦ «ចូរ​ទៅ​ឯ​សាសន៍​នេះ​ប្រាប់​គេ​ថា ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្តាប់​មិន​បាន ហើយ​ដែល​ឯង​រាល់​គ្នា​ឃើញ នោះ​ឃើញ​មែន តែ​មិន​យល់​សោះ ២៧ ព្រោះ​ចិត្ត​សាសន៍​នេះ​បាន​ត្រឡប់​ជា​ស្ពឹក គេ​បាន​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ចិត្ត​បាន​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​បាន​យល់ រួច​គេ​វិល​មក ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​គេ​ជា» ២៨ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ​ទ្រង់​ផ្សាយ​សេចក្តី​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ហើយ​គេ​នឹង​ស្តាប់​ជា​ពិត ២៩ លុះ​កាល​គាត់​បាន​និយាយ​សេចក្តី​ទាំង​នេះ​រួច​ហើយ នោះ​ពួក​សាសន៍​យូដា​ក៏​ចេញ​ទៅ​ទាំង​ជជែក​គ្នា​ជា​ខ្លាំង។ ៣០ រីឯ​ប៉ុល គាត់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល ពេញ​២​ឆ្នាំ គាត់​បាន​ទទួល​អស់​អ្នក​ណា​ដែល​មក​ឯ​គាត់ ទាំង​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​បង្រៀន​គ្រប់​ទាំង​សេចក្តី ពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​តាម​ចិត្ត ឥត​មាន​អ្នក​ណា​ឃាត់ឃាំង​ឡើយ។:៚

រ៉ូម ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើរបស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​សាវ័ក ទាំង​ញែក​ចេញ​ទុក​សំរាប់​ដំណឹង​ល្អ​នៃ​ព្រះ ២ (ជា​ដំណឹង​ល្អ​ដែល​ទ្រង់​បាន​សន្យា​ពី​ដើម ដោយសារ​ពួក​ហោរា​ទ្រង់ ទុក​ក្នុង​គម្ពីរ​បរិសុទ្ធ ៣ គឺ​ពី​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ខាង​ឯ​សាច់​ឈាម ទ្រង់​បាន​ចាប់​កំណើត​ក្នុង​ព្រះវង្សា​ហ្លួង​ដាវីឌ ៤ តែ​ខាង​ឯ​ព្រះវិញ្ញាណ​នៃ​សេចក្តី​បរិសុទ្ធ នោះ​បាន​សំដែង​មក​ច្បាស់​ថា ទ្រង់​ជា​ព្រះរាជបុត្រា​របស់​ព្រះ​ពិត ទាំង​មាន​ព្រះចេស្តា​ផង ដោយ​ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ៥ ដែល​យើង​ខ្ញុំ​បាន​ទទួល​ព្រះគុណ និង​ងារ​ជា​សាវ័ក​ដោយសារ​ទ្រង់ សំរាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្តី​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទុក​ជា​ប្រយោជន៍​ដល់​ព្រះនាម​ទ្រង់ ៦ ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ពួក​អ្នក​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​បាន​ហៅ​ដែរ) ៧ ខ្ញុំ​ផ្ញើ​មក​អស់​អ្នក នៅ​ក្រុង​រ៉ូម​ជា​ពួក​ស្ងួនភ្ងា​នៃ​ព្រះ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​នូវ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

ប៉ុល​មាន​បំណង​ទៅ​សួរ​សុខ​ទុក្ខ​គ្រីស្ទបរិស័ទ​នៅ​ក្រុង​រ៉ូម

៨ មុន​ដំបូង ខ្ញុំ​សូម​អរ​ព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ឮ​គេ​ថ្លែង​ប្រាប់ នៅ​គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល ពី​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ៩ ដ្បិត​ព្រះ​ដែល​ខ្ញុំ​បំរើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ពី​ព្រះរាជបុត្រា​ទ្រង់ នោះ​ជា​ស្មរ​បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​ទូល​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​ជានិច្ច ១០ ព្រម​ទាំង​សូម​អង្វរ​ជា​ដរាប ឲ្យ​ខ្ញុំ​បាន​ឱកាស​ស្រួល​តាម​ព្រះហឫទ័យ​ម្តង​ណេះ ដើម្បី​នឹង​មក​ឯ​អ្នក​រាល់​គ្នា បើ​សិន​ជា​បាន ១១ ដោយ​ព្រោះ​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណា​មួយ ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់ខ្ជួន ១២ គឺ​ថា ឲ្យ​យើង​បាន​សេចក្តី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ​របស់​យើង​និមួយៗ គឺ​របស់​អ្នក​រាល់​គ្នា និង​របស់​ខ្ញុំ​ផង ១៣ តែ​បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​គិត​មក​ឯ​អ្នក​រាល់​គ្នា​ជា​រឿយៗ ដើម្បី​ឲ្យ​បាន​ផល​ខ្លះ ក្នុង​ពួក​អ្នក​រាល់​គ្នា ដូច​ជា​ក្នុង​ពួក​សាសន៍​ឯ​ទៀត​ដែរ តែ​ខ្ញុំ​មាន​សេចក្តី​ឃាត់ឃាំង ដរាប​មក​ដល់​ឥឡូវ​នេះ ១៤ ខ្ញុំ​មាន​សេចក្តី​ជំពាក់​ទាំង​សាសន៍​ក្រេក និង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ និង​អ្នក​ខ្លៅ​ផង ១៥ ដូច្នេះ ឯ​ខ្ញុំៗ ប្រុង​ប្រៀប​តែ​នឹង​ប្រាប់​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​ដែរ ១៦ ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង ១៧ ដ្បិត​សេចក្តី​សុចរិត​នៃ​ព្រះ បាន​សំដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​ឲ្យ​បាន​សេចក្តី​ជំនឿ​ចំរើន​ច្រើន​ឡើង​ផង ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្តី​ជំនឿ»។ ១៨ ពី​ព្រោះ​សេចក្តី​ក្រោធរបស់​ព្រះ បាន​សំដែង​មក​ពី​ស្ថានសួគ៌ ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិល​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​គេ​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត ១៩ ព្រោះ​ការ​អ្វី​ដែល​អាច​នឹង​ស្គាល់​ពី​ព្រះ​បាន នោះ​បាន​សំដែង​មក​ក្នុង​ពួក​គេ​ហើយ ដោយ​ព្រះ​ទ្រង់​សំដែង​ការ​នោះ​ឲ្យ​គេ​ឃើញ​ជាក់ ២០ ដ្បិត​អ្វីៗ របស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ៍​មក ទោះ​ទាំង​ព្រះចេស្តា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក ២១ ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​ដំកើង​ទ្រង់ ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ ២២ គេ​អួត​ខ្លួន​ថា មាន​ប្រាជ្ញា បាន​ជា​គេ​ត្រឡប់​ទៅ​ជា​ល្ងង់ល្ងើ​វិញ ២៣ គឺ​គេ​បំផ្លាស់​សិរីល្អ​នៃ​ព្រះ​ដែល​មិន​ចេះ​ខូច ឲ្យ​ទៅ​ជា​រូប មើល​ទៅ​ដូច​ជា​មនុស្ស ដែល​តែង​តែ​ខូច​វិញ ហើយ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​៤ និង​សត្វ​លូន​វារ​ដែរ ២៤ ហេតុ​នោះ​បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ​ទៅ​ឯ​សេចក្តី​ស្មោកគ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ឲ្យ​បាន​បង្អាប់​ដល់​រូបកាយ​គេ​ទៅ​វិញ​ទៅ​មក ២៥ គេ​បាន​ផ្លាស់​សេចក្តី​ពិត​នៃ​ព្រះ ឲ្យ​ទៅ​ជា​សេចក្តី​ភូតភរ​វិញ ក៏​កោតខ្លាច ហើយ​គោរព​បូជា​ដល់​របស់​ដែល​កើត​មក ជា​ជាង​ដល់​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះ​មក ជា​ព្រះ​ដែល​មាន​ព្រះពរ​អស់​កល្ប​ជានិច្ច អាម៉ែន ២៦ ហេតុ​នោះ​បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​សេចក្តី​រំជួល​ដ៏​អាស្រូវ​បារាយ ដ្បិត​ទាំង​ពួក​ស្រីៗ របស់​គេ ក៏​បាន​ផ្លាស់​ប្រែ​ទំនៀមទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា ២៧ ហើយ​ពួក​ប្រុសៗ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​លះ​ចោល​ទំនៀមទំលាប់​របស់​ស្ត្រី​ពី​បវេណី​ចេញ ហើយ​បង្កើត​ឲ្យ​មាន​សេចក្តី​សំរើប​រោលរាល ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រុស​ប្រព្រឹត្ត​នឹង​ប្រុសៗ ជា​ការ​ដ៏​អាក្រក់​ជួជាតិ នោះ​គេ​ក៏​ទទួល​រង្វាន់​ចំពោះ​ខ្លួន​គេ ដែល​សំណំ​នឹង​សេចក្តី​កំហុស​របស់​ខ្លួន ២៨ ហើយ​ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ដល់​ព្រះ​សោះ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​តាម​គំនិត​ចោលម្សៀត​វិញ ដើម្បី​ឲ្យ​បាន​សំរេច​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ ២៩ ជា​មនុស្ស​មាន​ពេញ​ដោយ​សេចក្តី​ទុច្ចរិត​គ្រប់​យ៉ាង គឺ​សេចក្តី​កំផិត សេចក្តី​កំណាច សេចក្តី​លោភ និង​សេចក្តី​ព្យាបាទ ក៏​មាន​សេចក្តី​ឈ្នានីស និង​ការ​កាប់​សំឡាប់ ឈ្លោះ​ប្រកែក កិច្ចកល គំនិត​ខិលខូច​ដ៏​ពោរពេញ​ផង ៣០ ជា​មនុស្ស​ចែចូវ បេះបួយ ស្អប់​ព្រះ ព្រហើន​ឈ្លានពាន មានះ​កាន់​ខ្លួន អួត​អាង ជា​មេ​បង្កើត​ការ​អាក្រក់ ហើយ​មិន​ស្តាប់​បង្គាប់​តាម​ឪពុក​ម្តាយ ៣១ ឥត​យោបល់ មាន​ចិត្ត​មិន​ទៀង មិន​ចេះ​ស្រឡាញ់​តាម​ធម្មតា ក៏​ឥត​មាន​សេចក្តី​មេត្តាករុណា​សោះ ៣២ គេ​ក៏​ស្គាល់​សេចក្តី​ជំនុំជំរះ​ដ៏​សុចរិត​របស់​ព្រះ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ នោះ​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ​គេ​មិន​គ្រាន់​តែ​ប្រព្រឹត្ត​យ៉ាង​នោះ​ប៉ុណ្ណោះ គឺ​គេ​ចូល​ចិត្ត​យល់​ព្រម​នឹង​អស់​អ្នក​ណា ដែល​ប្រព្រឹត្ត​ដូច្នោះ​ផង​ដែរ។

រ៉ូម ២

ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​របស់​ព្រះ

១ ដូច្នេះ ឱ​មនុស្ស​អើយ អស់​អ្នក​ណា​ដែល​ថ្កោល​ទោស​គេ នោះ​គ្មាន​សេចក្តី​ដោះ​សារ​ចំពោះ​ខ្លួន​ឡើយ ដ្បិត​ដែល​អ្នក​ថ្កោល​ទោស​គេ នោះ​ឈ្មោះ​ថា​កាត់​ទោស​ខ្លួន​ឯង​ហើយ ពី​ព្រោះ​អ្នក​ឯង​ដែល​ថ្កោល​ទោស​គេ ក៏​ប្រព្រឹត្ត​ដូច​គ្នា​ដែរ ២ តែ​យើង​រាល់​គ្នា​ដឹង​ថា ចំណែក​សេចក្តី​ជំនុំជំរះ​របស់​ព្រះ​វិញ នោះ​ត្រូវ​នឹង​សេចក្តី​ពិត ទាស់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ ៣ មួយ​ទៀត ឱ​មនុស្ស​អើយ ដែល​អ្នក​ថ្កោល​ទោស ដល់​អស់​អ្នក ដែល​ប្រព្រឹត្ត​ការ​យ៉ាង​នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​តើ​អ្នក​ស្មាន​ថា​ខ្លួន​អ្នក​នឹង​រួច​ពី​សេចក្តី​ជំនុំជំរះ​របស់​ព្រះ​ឬ​អី ៤ ឬ​អ្នក​មើលងាយ​សេចក្តី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្តី​ទ្រាំ​ទ្រ និង​សេចក្តី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្តី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី ៥ តែ​ដោយ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ បាន​ជា​អ្នក​ឈ្មោះ​ថា​កំពុង​តែ​ប្រមូល​សេចក្តី​ក្រោធ ទុក​សំរាប់​ខ្លួន​ដល់​ថ្ងៃ​នៃ​សេចក្តី​ក្រោធវិញ ជា​ថ្ងៃ​ដែល​សេចក្តី​ជំនុំជំរះ​ដ៏​សុចរិត​របស់​ព្រះ​នឹង​សំដែង​មក ៦ ដែល​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ៧ គឺ​ជា​ជីវិត​អស់​កល្ប​ជានិច្ច ដល់​ពួក​អ្នក​ដែល​រក​សិរីល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​មិន​ពុករលួយ ដោយ​គេ​កាន់​ខ្ជាប់​ក្នុង​ការ​ល្អ ៨ តែ​ពួក​អ្នក​ដែល​ទាស់​ទទឹង មិន​ព្រម​ស្តាប់​តាម​សេចក្តី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្តី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្តី​ក្រោធ និង​សេចក្តី​ឃោរឃៅ ៩ ជា​សេចក្តី​វេទនា និង​សេចក្តី​លំបាក​នៅ​លើ​គ្រប់​ទាំង​ព្រលឹង​មនុស្ស​ណា ដែល​ប្រព្រឹត្ត​អាក្រក់ មាន​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង ១០ តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ល្អ នោះ​នឹង​បាន​សិរីល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​សុខ​វិញ គឺ​មាន​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង ១១ ដ្បិត​ព្រះ​ទ្រង់​មិន​យោគយល់​ខាង​អ្នក​ណា​សោះ ១២ ព្រោះ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ឥត​ស្គាល់​ក្រឹត្យវិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ឥត​ក្រឹត្យវិន័យ​ដែរ ហើយ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ក្នុង​បន្ទុក​ក្រឹត្យវិន័យ នោះ​នឹង​ត្រូវ​ក្រឹត្យវិន័យ​ជំនុំជំរះ​វិញ ១៣ (ដ្បិត​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្តាប់​ក្រឹត្យវិន័យ នោះ​មិន​មែន​ឈ្មោះ​ថា​សុចរិត នៅ​ចំពោះ​ព្រះ​ឡើយ គឺ​បាន​រាប់​ជា​សុចរិត​តែ​ពួក​អ្នក ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​ទេ ១៤ ពី​ព្រោះ​កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រឹត្យវិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រឹត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រឹត្យវិន័យ​ដល់​ខ្លួន​គេ​វិញ ១៥ ដោយ​សំដែង​ថា របៀប​ក្រឹត្យវិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ជួនកាល​ប្រកាន់​ទោស ជួនកាល​ដោះ​សា​គ្នា​ទៅ​វិញ​ទៅ​មក) ១៦ គឺ​ក្នុង​ថ្ងៃ ដែល​ព្រះ​ទ្រង់​នឹង​ជំនុំជំរះ​អស់​ទាំង​ការ​លាក់​កំបាំង​របស់​មនុស្ស តាម​ដំណឹង​ល្អ​ខ្ញុំ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ។ ១៧ បើ​អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា ទាំង​ទុក​ចិត្ត​នឹង​ក្រឹត្យវិន័យ ហើយ​អួត​សរសើរ​ពី​ព្រះ ១៨ ក៏​ស្គាល់​ព្រះហឫទ័យ​ទ្រង់ ហើយ​ចេះ​សំគាល់​រើស​សេចក្តី​ល្អ ដោយ​បាន​រៀន​តាម​ក្រឹត្យវិន័យ ១៩ ទាំង​ជឿ​ប្រាកដ​ថា ខ្លួន​ជា​អ្នក​ដឹកនាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​ងងឹត ២០ ជា​អ្នក​ទូន្មាន​ប្រដៅ​ដល់​ពួក​ខ្លៅ​ល្ងង់ ជា​គ្រូ​បង្រៀន​ដល់​កូន​ក្មេង ក៏​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យវិន័យ ២១ ដូច្នេះ អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី អ្នក​ឯង​ដែល​ប្រដៅ​ថា កុំ​ឲ្យ​លួច​គេ តើ​អ្នក​លួច​ឬ​ទេ ២២ អ្នក​ឯង​ដែល​ថា កុំ​ឲ្យ​ផិត​គ្នា តើ​អ្នក​ផិត​ឬ​ទេ អ្នក​ឯង​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ ២៣ អ្នក​ឯង​ដែល​អួត​ពី​ក្រឹត្យវិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​នឹង​ក្រឹត្យវិន័យ​ឬ​ទេ ២៤ ដ្បិត​ពួក​សាសន៍​ដទៃ គេ​ប្រមាថ​ដល់​ព្រះនាម​ព្រះ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ហើយ។ ២៥ រីឯ​ការ​កាត់​ស្បែក នោះ​មាន​ប្រយោជន៍​មែន បើ​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ តែ​បើ​អ្នក​ប្រព្រឹត្ត​រំលង​ក្រឹត្យវិន័យ​វិញ នោះ​ការ​ដែល​ទទួល​កាត់​ស្បែក បាន​ត្រឡប់​ដូច​ជា​មិន​កាត់​វិញ ២៦ ដូច្នេះ បើ​សិន​ជា​ពួក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បញ្ញត្ត​ក្រឹត្យវិន័យ​ទៅ នោះ​ការ​ដែល​មិន​បាន​កាត់​ស្បែក តើ​មិន​រាប់​ដូច​ជា​បាន​កាត់​វិញ​ទេ​ឬ​អី ២៧ ហើយ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​តាម​បវេណី បើ​គេ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​សព្វ​គ្រប់ តើ​គេ​មិន​ជំនុំជំរះ​អ្នក​ទេ​ឬ​អី ដែល​អ្នក​មាន​ទាំង​គម្ពីរ និង​ការ​កាត់​ស្បែក​ផង តែ​ចេះ​តែ​ប្រព្រឹត្ត​រំលង​ក្រឹត្យវិន័យ​វិញ ២៨ ឯ​ដំណើរ​ដែល​ហៅ​ថា​សាសន៍​យូដា នោះ​មិន​មែន​ចំពោះ​តែ​អ្នក​ណា​ដែល​មាន​ទី​សំគាល់​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ ២៩ រីឯ​សាសន៍​យូដា​ដ៏​ពិត​ប្រាកដ នោះ​គឺ​ខាង​ក្នុង​វិញ ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត ខាង​ព្រលឹង​វិញ្ញាណ​ដែរ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ មនុស្ស​យ៉ាង​នោះ​តែង​មាន​សេចក្តី​សរសើរ មិន​មែន​មក​ពី​មនុស្ស គឺ​ពី​ព្រះ​វិញ។

រ៉ូម ៣

១ ដូច្នេះ តើ​សាសន៍​យូដា​វិសេស​ជាង​គេ​យ៉ាង​ណា ឬ​ការ​កាត់​ស្បែក​មាន​ប្រយោជន៍​ដូច​ម្តេច​ខ្លះ ២ មាន​គ្រប់​ជំពូក​ជា​ច្រើន​ណាស់ មុន​ដំបូង គឺ​ពី​ព្រោះ​បាន​ផ្ញើ​ព្រះបន្ទូល​ទុក​នឹង​គេ ៣ តែ​បើ​មាន​អ្នក​ខ្លះ​មិន​ជឿ នោះ​ដូច​ម្តេច​ទៅ សេចក្តី​ដែល​គេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅ​ជា​មិន​កើត​ការ​វិញ​ឬ​អី ៤ ទេ មិន​មែន​ឡើយ សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូតភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាល​ដែល​គេ​ជំនុំជំរះ​ទ្រង់» ៥ ប៉ុន្តែ បើ​សិន​ជា​សេចក្តី​ទុច្ចរិត​របស់​យើង​រាល់​គ្នា បាន​នាំ​ឲ្យ​គេ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ​ច្បាស់​ជាង នោះ​តើ​នឹង​ថា​ដូច​ម្តេច តើ​ព្រះ​ទ្រង់​ទុច្ចរិត​ឬ​អី ដែល​ទ្រង់​ធ្វើ​ទោស​នោះ (នេះ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក) ៦ ទេ មិន​មែន​ឡើយ តែ​បើ​សិន​ជា​ទុច្ចរិត​មែន នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​ព្រះ​ជំនុំជំរះ​លោកីយ៍​បាន ៧ ដ្បិត​បើ​សិន​ជា​សេចក្តី​ពិត​របស់​ព្រះ​បាន​ចំរើន​ឡើង សំរាប់​ជា​សិរីល្អ​ដល់​ទ្រង់ ដោយសារ​សេចក្តី​ភូតភរ​របស់​ខ្ញុំ នោះ​តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជាប់​សេចក្តី​ជំនុំជំរះ ទុក​ដូច​ជា​មនុស្ស​មាន​បាប​ទៀត ៨ ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​មិន​ថា ចូរ​ប្រព្រឹត្ត​ការ​អាក្រក់ ដើម្បី​ឲ្យ​ការ​ល្អ​បាន​កើត​ឡើង ដូច​ជា​គេ​និយាយ​បង្កាច់​យើង​ខ្ញុំ ហើយ​ខ្លះ​ប្រកាន់​ថា យើង​ខ្ញុំ​ប្រដៅ​ដូច្នោះ​មែន​នោះ ឯ​ទោស​នៃ​ពួក​អ្នក​ដែល​ប្រកាន់​ដូច្នោះ នោះ​ត្រឹម​ត្រូវ​ហើយ។

គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ទេ

៩ ដូច្នេះ តើ​ដូច​ម្តេច យើង​ល្អ​ជាង​គេ​ឬ​ទេ មិន​មែន​ទេ ដ្បិត​យើង​ខ្ញុំ​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទោះ​ទាំង​សាសន៍​យូដា និង​សាសន៍​ក្រេក​ផង សុទ្ធ​តែ​នៅ​ក្រោម​អំពើ​បាប ១០ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង ១១ គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ ១២ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង ១៣ បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​គេ​សំរាប់​នឹង​បញ្ឆោត ឯ​នៅ​បបូរ​មាត់​គេ មាន​សុទ្ធ​តែ​ពិស​ពស់​ហនុមាន ១៤ ហើយ​មាត់​គេ​មាន​ពេញ​ដោយ​សេចក្តី​បណ្តាសា និង​សេចក្តី​ជូរ​ចត់ ១៥ ជើង​គេ​រហ័ស​នឹង​កំចាយ​ឈាម ១៦ នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធ​តែ​សេចក្តី​វិនាស និង​សេចក្តី​ទុក្ខ​លំបាក ១៧ គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ​សាន្ត​សោះ ១៨ ក៏​គ្មាន​សេចក្តី​កោតខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ» ១៩ រីឯ​គ្រប់​ទាំង​សេចក្តី​ដែល​ក្រឹត្យវិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រឹត្យវិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ៍​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ ២០ ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ ដ្បិត​ក្រឹត្យវិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។

ព្រះ​ប្រោស​ឲ្យ​មនុស្ស​បាន​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

២១ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យវិន័យ សេចក្តី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រឹត្យវិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ ២២ គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ២៣ ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ ២៤ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ២៥ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស ដោយសារ​សេចក្តី​ជំនឿ​ដល់​ព្រះលោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះហឫទ័យ​អត់ធ្មត់ ២៦ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ។ ២៧ ដូច្នេះ តើ​សេចក្តី​អួត​អាង​នៅ​ឯ​ណា គឺ​ត្រូវ​លើក​ចោល​ហើយ តើ​ច្បាប់​ណា​ដែល​លើក​ចោល​នោះ តើ​ជា​ច្បាប់​ខាង​ឯ​ការ​ប្រព្រឹត្ត​ឬ មិន​មែន​ទេ គឺ​ជា​ច្បាប់​ខាង​ឯ​សេចក្តី​ជំនឿ​វិញ​ទេ​តើ ២៨ ដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយសារ​សេចក្តី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ ២៩ តើ​ព្រះអង្គ​ទ្រង់​ជា​ព្រះ​នៃ​សាសន៍​យូដា​តែ​ប៉ុណ្ណោះ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ​ទេ​ឬ​អី មែន​ហើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​ដទៃ​ដែរ ៣០ ដ្បិត​គឺ​ជា​ព្រះ​តែ​១​ព្រះអង្គ ដែល​នឹង​រាប់​ទាំង​ពួក​កាត់​ស្បែក ថា​ជា​សុចរិត ដោយសារ​តែ​គេ​មាន​សេចក្តី​ជំនឿ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ផង ដោយ​គេ​មាន​សេចក្តី​ជំនឿ​នោះ​ដែរ ៣១ ដូច្នេះ តើ​យើង​ឈ្មោះ​ថា​ធ្វើ​ឲ្យ​ក្រឹត្យវិន័យ​ទៅ​ជា​ឥត​ប្រយោជន៍ ដោយ​សេចក្តី​ជំនឿ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ឈ្មោះ​ថា យើង​តាំង​ក្រឹត្យវិន័យ​ឲ្យ​កាន់​តែ​មាំមួន​ឡើង​វិញ​ទេ​តើ។

រ៉ូម ៤

អ័ប្រាហាំ​បាន​សុចរិត​ដោយសារ​ជំនឿ

១ បើ​ដូច្នេះ យើង​នឹង​ថា លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង បាន​អ្វី​ខ្លះ ខាង​ឯ​សាច់​ឈាម ២ ដ្បិត​បើ​សិន​ណា​ជា​លោក​អ័ប្រាហាំ​បាន​រាប់​ជា​សុចរិត ដោយ​ការ​ដែល​លោក​ប្រព្រឹត្ត នោះ​លោក​មាន​កន្លែង​នឹង​អួត​ខ្លួន​ហើយ តែ​មិន​មែន​ចំពោះ​ព្រះ​ទេ ៣ តើ​គម្ពីរ​ថា​ដូច​ម្តេច គម្ពីរ​ថា «អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​ជំនឿ​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក» ៤ រីឯ​អ្នក​ណា​ដែល​ធ្វើ​ការ នោះ​រង្វាន់​មិន​រាប់​ជា​គុណ​របស់​ចៅហ្វាយ​ទេ គឺ​ទុក​ជា​ថ្លៃ​ឈ្នួល​វិញ​ទេ​តើ ៥ តែ​ចំណែក​អ្នក​ដែល​មិន​ធ្វើ​ការ​សោះ គឺ​គ្រាន់​តែ​ជឿ​ដល់​ព្រះអង្គ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ទមិល​ល្មើស​បាន​សុចរិត នោះ​សេចក្តី​ជំនឿ​របស់​អ្នក​នោះ បាន​រាប់​ទុក​ជា​សេចក្តី​សុចរិត​វិញ ៦ ដូច​ជា​ហ្លួង​ដាវីឌ​បាន​សំដែង​ពី​សណ្ឋាន​ដ៏​មាន​ពរ​នៃ​មនុស្ស ដែល​ព្រះ​ទ្រង់​រាប់​ជា​សុចរិត​ក្រៅ​ពី​ការ​ប្រព្រឹត្ត​ថា ៧ «មាន​ពរ​ហើយ អ្នក​ណា​ដែល​ការ​ទទឹង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ និង​បាន​ខ្លួន​បាន​គ្រប​បាំង ៨ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះអម្ចាស់​មិន​រាប់​ជា​មាន​បាប​ឡើយ»។ ៩ ដូច្នេះ តើ​បាន​ពរ​នោះ ចំពោះ​តែ​ពួក​កាត់​ស្បែក​តែ​ប៉ុណ្ណោះ ឬ​ពួក​មិន​កាត់​ស្បែក​ក៏​បាន​ដែរ ដ្បិត​យើង​ថា​សេចក្តី​ជំនឿ បាន​រាប់​ទុក​ជា​សេចក្តី​សុចរិត ដល់​លោក​អ័ប្រាហាំ ១០ ចុះ​សេចក្តី​នោះ​បាន​រាប់​ដូច​ម្តេច តើ​ពី​កាល​លោក​បាន​កាត់​ស្បែក​រួច​ហើយ ឬ​នៅ​ឡើយ មិន​មែន​ពី​កាល​លោក​បាន​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​ក្នុង​កាល​ដែល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ​វិញ ១១ ហើយ​លោក​បាន​ទទួល​ពិធី​កាត់​ស្បែក​នេះ ទុក​ជា​ទី​សំគាល់ ជា​ត្រា​នៃ​សេចក្តី​សុចរិត ដែល​មក​ដោយ​សេចក្តី​ជំនឿ​នោះ​ឯង គឺ​ជា​សេចក្តី​ជំនឿ ដែល​លោក​មាន ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​អស់​អ្នក​ដែល​ជឿ ឥត​កាត់​ស្បែក​ផង ប្រយោជន៍​ឲ្យ​បាន​រាប់​សេចក្តី​សុចរិត​នេះ​ដល់​អ្នក​ទាំង​នោះ ១២ ហើយ​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​ពួក​ដែល​មិន​គ្រាន់​តែ​កាត់​ស្បែក​ប៉ុណ្ណេះ គឺ​ដែល​ដើរ​តាមដាន​នៃ​សេចក្តី​ជំនឿ​របស់​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​ផង ជា​សេចក្តី​ជំនឿ​ដែល​លោក​មាន ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។

លោក​អ័ប្រាហាំ​បាន​ទទួល​ព្រះបន្ទូល​សន្យា​ដោយសារ​ជំនឿ

១៣ ដ្បិត​សេចក្តី​សន្យា ដល់​លោក​អ័ប្រាហាំ និង​ពូជ​លោក ឲ្យ​បាន​លោកីយ៍​ជា​មរដក នោះ​មិន​មែន​ដោយសារ​ក្រឹត្យវិន័យ​ទេ គឺ​ដោយសារ​សេចក្តី​សុចរិត​ដែល​មក​ដោយ​សេចក្តី​ជំនឿ​វិញ ១៤ ពី​ព្រោះ​បើ​សិន​ជា​ពួក​អ្នក​ដែល​អាង​ក្រឹត្យវិន័យ​បាន​គ្រង​មរដក នោះ​សេចក្តី​ជំនឿ​បាន​ទៅ​ជា​ឥត​អំពើ​វិញ ហើយ​សេចក្តី​សន្យា​ក៏​ឥត​ប្រយោជន៍​ដែរ ១៥ ឯ​ក្រឹត្យ​វិន័យ នោះ​បង្កើត​សេចក្តី​ក្រោធ ដ្បិត​កន្លែង​ណា​ដែល​គ្មាន​ក្រឹត្យវិន័យ នោះ​ក៏​ឥត​មាន​សេចក្តី​រំលង​ដែល ១៦ ដូច្នេះ សេចក្តី​សន្យា​បាន​មក​ដោយ​សេចក្តី​ជំនឿ ដើម្បី​ឲ្យ​បាន​ត្រូវ​ខាង​ព្រះគុណ ប្រយោជន៍​ឲ្យ​សេចក្តី​សន្យា​បាន​ខ្ជាប់ខ្ជួន ដល់​ពូជ​លោក​ត​ទៅ មិន​មែន​ត្រឹម​តែ​ពូជ​ដែល​អាង​ក្រឹត្យវិន័យ​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពូជ​ដែល​អាង​សេចក្តី​ជំនឿ​របស់​លោក​អ័ប្រាហាំ ដែល​ជា​ឰយុកោ​នៃ​យើង​ទាំង​អស់​គ្នា​ថែម​ទៀត​ផង ១៧ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» រីឯ​នៅ​ចំពោះ​ព្រះ ជា​ទី​ជឿ​របស់​លោក ដែល​ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ទាំង​មាន​ព្រះបន្ទូល​ពី​របស់​ដែល​គ្មាន ទុក​ដូច​ជា​មាន​ហើយ នោះ​លោក​ជា​ឪពុក​របស់​យើង​មែន ១៨ ដ្បិត​កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ដូច​សេចក្តី​ដែល​មាន​ព្រះបន្ទូល​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​ដូច្នោះ» ១៩ ហើយ​ដោយ​ព្រោះ​លោក​មិន​ខ្សោយ​ខាង​សេចក្តី​ជំនឿ បាន​ជា​លោក​មិន​គិត​ពី​រូបកាយ​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​ជា​១០០​ឆ្នាំ​ហើយ ឬ​ពី​ផ្ទៃ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ដែរ​នោះ​ទេ ២០ លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹត​តែ​មាន​សេចក្តី​ជំនឿ​ខ្លាំង​ឡើង ទាំង​សរសើរដំកើង​ដល់​ព្រះ​វិញ ២១ ហើយ​ក៏​ជឿជាក់​អស់​ពី​ចិត្ត​ថា សេចក្តី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សំរេច​បាន ២២ ហេតុ​នោះ​បាន​ជា​រាប់​សេចក្តី​ជំនឿ​របស់​លោក ទុក​ជា​សេចក្តី​សុចរិត​ដល់​លោក។ ២៣ ប៉ុន្តែ​ដែល​ថា «បាន​រាប់​ដល់​លោក»ដូច្នេះ នោះ​មិន​ចែង​ទុក​មក​សំរាប់​លោក​តែ​ឯង​ទេ ២៤ គឺ​សំរាប់​យើង​រាល់​គ្នា​ដែរ សេចក្តី​សុចរិត​នោះ​នឹង​បាន​រាប់​ដល់​យើង​រាល់​គ្នា ជា​ពួក​អ្នក​ជឿ​ដល់​ព្រះអង្គ ដែល​ទ្រង់​ប្រោស​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ២៥ ដែល​ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត។

រ៉ូម ៥

សន្តិភាព​ជា​មួយ​ព្រះជាម្ចាស់

១ ដូច្នេះ ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ២ ក៏​ដោយសារ​ទ្រង់ យើង​មាន​ផ្លូវ​ចូល​ក្នុង​ព្រះគុណនេះ ជា​ទី​ដែល​យើង​កំពុង​ឈរ​នៅ​ដោយ​សេចក្តី​ជំនឿ ហើយ​យើង​អួត​ពី​សេចក្តី​សង្ឃឹម​ដល់​សិរីល្អ​នៃ​ព្រះ​ផង ៣ មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ ៤ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ៥ ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ ៦ ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅ​ឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទមិល​ល្មើស ៧ កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង ៨ តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង ៩ ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយសារ​ព្រះលោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្តី​ក្រោធ ដោយសារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត ១០ ដ្បិត​កាល​យើង​ជា​ខ្មាំងសត្រូវ បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះរាជបុត្រា​ទ្រង់​សុគត ដូចេ្នះ ដែល​យើង​បាន ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ១១ ហើយ​មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​មាន​សេចក្តី​រីករាយ​ចំពោះ​ព្រះ​ផង ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ដែល​ឥឡូវ​នេះ យើង​បាន​ជា​មេត្រី​ដោយសារ​ទ្រង់​ហើយ។

លោក​អ័ដាម និង​ព្រះគ្រីស្ទ

១២ ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាលដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ ១៣ (ព្រោះ​រមែង​មាន​បាប​នៅ​ក្នុង​លោកីយ៍ ដរាប​ដល់​ក្រឹត្យវិន័យ តែ​កាល​មិន​ទាន់​មាន​ក្រឹត្យវិន័យ​នៅ​ឡើយ នោះ​មិន​បាន​រាប់​ជា​ទោស​ដល់​គេ​ទេ ១៤ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​អ័ដាម ដរាប​ដល់​លោក​ម៉ូសេ នោះ​សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើ​បាប មិន​មែន​ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ផង ដែល​លោក​ជា​គំរូ​ពី​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ១៥ ប៉ុន្តែ ព្រះគុណ​មិន​មែន​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះគុណ​នៃ​ព្រះ ហើយ​និង​អំណោយ​ទាន​នៃ​ព្រះគុណ​នោះ ដែល​មក​ដោយសារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះយេស៊ូវគ្រីស្ទ នឹង​បាន​ចំរើន​លើស​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ ១៦ ហើយ​អំណោយ​ទាន​នោះ ក៏​មិន​មែន​ដូច​ជា​អំពើ​បាប ដែល​មនុស្ស​តែ​ម្នាក់​បាន​ធ្វើ​នោះ​ទៀត ដ្បិត​សេចក្តី​ជំនុំជំរះ ដែល​កើត​មក ដោយ​ព្រោះ​ម្នាក់​នោះ​ឯង នោះ​បាន​កាត់​ទោស​ហើយ តែ​ព្រះគុណ ដែល​កើត​មក​ដោយ​ព្រោះ​ការ​រំលង​ជា​ច្រើន នោះ​បាន​រាប់​យើង​ទុក​ជា​សុចរិត​វិញ ១៧ ដ្បិត បើ​សិន​ជា​សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ ដោយសារ​មនុស្ស​តែ​ម្នាក់ ដោយ​ព្រោះ​ម្នាក់​នោះ​ឯង​បាន​ប្រព្រឹត្ត​សេចក្តី​រំលង ដូច្នេះ ប្រាកដ​ជា​ពួក​អ្នក​ដែល​ទទួល​ព្រះគុណ​ដ៏​បរិបូរ និង​អំណោយ​ទាន​ជា​សេចក្តី​សុចរិត នោះ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិតលើស​ទៅ​ទៀត ដោយសារ​តែ​ម្នាក់​ដែរ គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ) ១៨ ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយសារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ ១៩ ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយសារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយសារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ ២០ តែ​ក្រឹត្យវិន័យ​បាន​ចូល​មក​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្តី​រំលង​នោះ​បាន​រឹត​តែ​ធ្ងន់​ឡើង ប៉ុន្តែ កន្លែង​ណា​ដែល​មាន​បាប​ចំរើន​ជា​បរិបូរ​ឡើង នោះ​ព្រះគុណ​ក៏​ចំរើន​ជា​បរិបូរ​លើស​ទៅ​ទៀត ២១ ដើម្បី​ឲ្យ​ព្រះគុណ​បាន​សោយ​រាជ្យ ដោយសារ​សេចក្តី​សុចរិត សំរាប់​ជា​ជីវិត​អស់​កល្ប​ជានិច្ច ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដូច​ជា​បាប​បាន​សោយ​រាជ្យ ឲ្យ​ត្រូវ​ស្លាប់​ពី​ដើម​នោះ​ដែរ។

រ៉ូម ៦

ព្រះគុណ​នាំ​ឲ្យ​អ្នក​ជឿ​រួច​ពី​ចំណង​អំពើ​បាប

១ ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ត្រូវ​ឲ្យ​យើង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះគុណ​បាន​ចំរើន​ឡើង​ឬ​អី ២ ទេ មិន​ត្រូវ​ឡើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​បាន​នៅ​រស់​ក្នុង​អំពើ​បាប​ទៀត​បាន ៣ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា យើង​ទាំង​ប៉ុន្មាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ នោះ​គឺ​បាន​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​សុគត​នៃ​ទ្រង់​ដែរ ៤ ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ជា​ព្រះគ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយសារ​សិរីល្អនៃ​ព្រះវរបិតា​ដែរ ៥ ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្តី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ ៦ ដោយ​ដឹង​សេចក្តី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​បាបបាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ ៧ ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ ៨ បើ​សិន​ជា​យើង​ស្លាប់​ជា​មួយ​នឹង​ព្រះគ្រីស្ទ នោះ​យើង​ជឿ​ថា យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ៩ ដោយ​ដឹង​ថា ដែល​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត ១០ ដ្បិត​ដែល​ទ្រង់​សុគត នោះ​គឺ​បាន​សុគត​ខាង​ឯ​បាប​១​ដង​ជា​សំរេច ហើយ​ដែល​ទ្រង់​មាន​ព្រះជន្ម​រស់ នោះ​ទ្រង់​រស់​ខាង​ឯ​ព្រះ​វិញ ១១ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​រាប់​ខ្លួន​ទុក​ជា​ស្លាប់​ខាង​បាប​ដែរ តែ​រស់​ខាង​ឯ​ព្រះ​វិញ​ចុះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ ១២ ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ​រាជ្យ​ក្នុង​រូបកាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង​តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​បាប​នោះ​ឡើយ ១៣ ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង ១៤ ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ។

គ្រីស្ទបរិស័ទ​ជា​អ្នក​បំរើ​របស់​សេចក្តី​សុចរិត

១៥ ដូច្នេះ ធ្វើ​ដូច​ម្តេច តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប ដោយ​ព្រោះ​នៅ​ក្រោម​ព្រះគុណ មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ឬ​អី ទេ មិន​គួរ​ឡើយ ១៦ តើ​អ្នក​រាល់​គ្នា​ដឹង​ទេ​ឬ​អី ថា​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បំរើ និង​ស្តាប់​តាម​ចៅហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បំរើ​របស់​ចៅហ្វាយ​នោះ​ឯង​ដែល​អ្នក​ស្តាប់​តាម ទោះ​ជា​របស់​ផង​អំពើ​បាប ឲ្យ​បាន​សេចក្តី​ស្លាប់ ឬ​ជា​របស់​ផង​សេចក្តី​ស្តាប់​បង្គាប់ ឲ្យ​បាន​សុចរិត​ក្តី ១៧ ឯ​អ្នក​រាល់​គ្នា ពី​ដើម​ជា​បាវ​បំរើ​របស់​អំពើ​បាប​មែន ប៉ុន្តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ឥឡូវ​នេះ បាន​ស្តាប់​ដោយ​ស្ម័គ្រ​ពី​ចិត្ត តាម​ក្បួន​នៃ​លទ្ធិ ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ១៨ ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​នៃ​សេចក្តី​សុចរិត​វិញ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ ១៩ ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក ដោយ​ព្រោះ​សេចក្តី​កំសោយ​របស់​សាច់​ឈាម​នៃ​អ្នក​រាល់​គ្នា ដ្បិត​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន ទៅ​បំរើ​សេចក្តី​ស្មោកគ្រោក និង​សេចក្តី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ប្រគល់​អវយវៈ​ទាំង​អស់​នោះ ទៅ​បំរើ​សេចក្តី​សុចរិត​វិញ ប្រយោជន៍​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ ២០ ពី​ព្រោះ​កាល​ពី​ដើម ដែល​នៅ​ជា​បាវ​បំរើ​របស់​អំពើ​បាប នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​អំណាច​នៃ​សេចក្តី​សុចរិត​ទេ ២១ កាល​ណោះ​តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​អៀនខ្មាស​វិញ ដ្បិត​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ​ជា​សេចក្តី​ស្លាប់ ២២ តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្តី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​កល្ប​ជានិច្ច​ផង ២៣ ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។

រ៉ូម ៧

គ្រីស្ទបរិស័ទ​រួច​ផុត​ពី​អំណាច​របស់​ក្រឹត្យវិន័យ

១ ឱ​បង​ប្អូន​អើយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ដ្បិត​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ដែល​ស្គាល់​ក្រឹត្យវិន័យ​ហើយ ថា​ក្រឹត្យវិន័យ​មាន​អំណាច​លើ​មនុស្ស ដរាប​ដល់​អស់​មួយ​ជីវិត ២ ពី​ព្រោះ​ស្ត្រី​ណា​ដែល​មាន​ប្តី​នៅ​រស់ នោះ​ជាប់​នឹង​ប្តី​ដោយសារ​ក្រឹត្យវិន័យ ប៉ុន្តែ បើ​កាល​ណា​ប្តី​ស្លាប់​ទៅ នោះ​បាន​រួច​ពី​ច្បាប់​របស់​ប្តី​ហើយ ៣ ដូច្នេះ កាល​ប្តី​កំពុង​រស់​នៅ​ឡើយ បើ​ស្ត្រី​នោះ​ទៅ​យក​ប្តី​១​ទៀត នោះ​គេ​សន្មត​ហៅ​ថា​ជា​ស្រី​កំផិត តែ​បើ​ប្តី​ស្លាប់​ទៅ នោះ​នាង​បាន​រួច​ពី​ច្បាប់​នោះ​ហើយ បាន​ជា​ទោះ​បើ​នាង​យក​ប្តី​១​ទៀត ក៏​មិន​បាន​ហៅ​ថា​ជា​ស្រី​កំផិត​ឡើយ ៤ យ៉ាង​ដូច្នោះ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ពី​ខាង​ឯ​ក្រឹត្យវិន័យ​ដែរ ដោយសារ​រូប​អង្គ​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​របស់​ផង​អ្នក​ម្នាក់​ទៀត ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​បាន​បង្កើត​ផល​ថ្វាយ​ព្រះ ៥ ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្តី​រំជួល​របស់​អំពើ​បាប ដែល​កើត​ដោយ​នូវ​ក្រឹត្យវិន័យ បាន​បណ្តាល​ឲ្យ​អស់​ទាំង​អវយវៈ ក្នុង​រូបកាយ​របស់​យើង​រាល់​គ្នា បង្កើត​ផល​ដល់​សេចក្តី​ស្លាប់ ៦ តែ​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រឹត្យវិន័យ​ហើយ ដោយ​បាន​ស្លាប់​ក្នុង​សេចក្តី​ដែល​ឃុំឃាំង​យើង​ទុក ប្រយោជន៍​ឲ្យ​យើង​បាន​គោរព​ប្រតិបត្តិ ដោយ​វិញ្ញាណ​ដែល​បាន​កែ​ជា​ថ្មី​វិញ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ពី​បុរាណ​នោះ​ទៀត​ឡើយ។

ក្រឹត្យវិន័យ​ពុំ​អាច​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​បាប​ឡើយ

៧ ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ក្រឹត្យវិន័យ​ជា​តួ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយសារ​ក្រឹត្យវិន័យ​ចេញ ដ្បិត​បើ​សិន​ជា​ក្រឹត្យវិន័យ​មិន​បាន​ថា «កុំ​ឲ្យ​លោភ» នោះ​ខ្ញុំ​ឥត​បាន​ដឹង​ថា មាន​សេចក្តី​លោភ​ផង​ឡើយ ៨ តែ​កាល​អំពើ​បាប​បាន​ឱកាស ដោយសារ​បញ្ញត្ត នោះ​ក៏​បង្កើត​គ្រប់​ទាំង​សេចក្តី​លោភ នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ដ្បិត​ក្រៅ​ពី​ក្រឹត្យវិន័យ អំពើ​បាប​បាន​សាបសូន្យ ៩ តែ​ពី​ដើម ក្រៅ​ពី​ក្រឹត្យវិន័យ នោះ​ខ្ញុំ​បាន​រស់​នៅ លុះ​សេចក្តី​បញ្ញត្ត​បាន​កើត​មក នោះ​បាប​ក៏​រស់​ឡើង ឯ​ខ្ញុំ​ក៏​ត្រូវ​ស្លាប់​វិញ ១០ ហើយ​ខ្ញុំ​ឃើញ​ថា បញ្ញត្ត​នោះ ដែល​សំរាប់​ឲ្យ​មាន​ជីវិត នោះ​បាន​ឲ្យ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ ១១ ដ្បិត​ដែល​បាប​បាន​ឱកាស ដោយសារ​សេចក្តី​បញ្ញត្ត នោះ​ក៏​មក​បញ្ឆោត​ខ្ញុំ ព្រម​ទាំង​សំឡាប់​ខ្ញុំ​ផង ដោយសារ​បញ្ញត្ត​នោះ​ឯង ១២ ដូច្នេះ ក្រឹត្យវិន័យ​ជា​បរិសុទ្ធ​ទេ ហើយ​សេចក្តី​បញ្ញត្ត​ក៏​បរិសុទ្ធ សុចរិត ល្អ​ដែរ ១៣ ចុះ​សេចក្តី​ល្អ​នេះ បាន​ប្រែ​ទៅ​ជា​ឲ្យ​ខ្ញុំ​ស្លាប់​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ជា​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់ ដោយសារ​សេចក្តី​ល្អ​នោះ ដើម្បី​ឲ្យ​បាប​បាន​សំដែង​ចេញ​មក​ថា​ជា​បាប​មែន ហើយ​ឲ្យ​បាប​បាន​ត្រឡប់​ទៅ​ជា​ធ្ងន់​ក្រៃលែង ដោយសារ​សេចក្តី​បញ្ញត្ត​នោះ​ផង។

មនុស្ស​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​បាប

១៤ ដ្បិត​យើង​ដឹង​ថា ក្រឹត្យវិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​នៅ​ខាង​សាច់​ឈាម​វិញ ដោយ​បាន​ត្រូវ​លក់​ទៅ​ក្នុង​អំណាច​របស់​បាប ១៥ ពី​ព្រោះ​ខ្ញុំ​មិន​ដឹង​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​ការ​ដែល​ខ្ញុំ​ចង់​ធ្វើ​សោះ គឺ​តែង​តែ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​ស្អប់​វិញ ១៦ បើ​សិន​ជា​ខ្ញុំ​តែង​តែ​ប្រព្រឹត្ត​ការ ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់​ព្រម​ថា ក្រឹត្យវិន័យ​ល្អ​មែន ១៧ ដូច្នេះ មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ១៨ ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជានិច្ច ប៉ុន្តែ រក​ធ្វើ​មិន​កើត​សោះ ១៩ ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ ២០ ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ២១ យ៉ាង​នោះ​ខ្ញុំ​ឃើញ​ច្បាប់​១​នេះ​ថា ឯ​ខ្ញុំ ដែល​ចង់​ប្រព្រឹត្ត​តែ​សេចក្តី​ល្អ នោះ​ចេះ​តែ​មាន​សេចក្តី​អាក្រក់​ជាប់​នៅ​នឹង​ខ្ញុំ​ជានិច្ច ២២ ដ្បិត​តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេកអរ​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ ២៣ តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូបកាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង ២៤ វេទនា​ណាស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្តី​ស្លាប់​នេះ​ទៅ​បាន ២៥ អរ​ព្រះគុណ​ដល់​ព្រះអង្គ គឺ​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដូច្នេះ ខ្លួន​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ដោយ​គំនិត​ខ្ញុំ តែ​ខាង​សាច់​ឈាម​ខ្ញុំ នោះ​តាម​ច្បាប់​របស់​អំពើ​បាប​វិញ។

រ៉ូម ៨

ជីវិត​រួម​ជា​មួយ​ព្រះវិញ្ញាណ

១ ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​គ្មាន​ទោស​សោះ ២ ដ្បិត​អំណាច​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អំណាច​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ ៣ ពី​ព្រោះ ឯ​ការ​ដែល​ក្រឹត្យវិន័យ​ធ្វើ​មិន​កើត​ដោយ​មាន​សេចក្តី​កំសោយ​ព្រោះ​សាច់​ឈាម នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​វិញ ដោយ​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ​បែប​ដូច​ជា​សាច់​ឈាម ដែល​តែង​តែ​មាន​បាប ហើយ​ដោយ​ព្រោះ​អំពើ​បាប ក៏​កាត់​ទោស​អំពើ​បាប​នៅ​ក្នុង​សាច់​ឈាម ៤ ដើម្បី​ឲ្យ​សេចក្តី​ក្រឹត្យវិន័យ​បង្គាប់​មក បាន​សំរេច​ក្នុង​ខ្លួន​យើង​រាល់​គ្នា ដែល​មិន​ដើរ​តាម​សាច់​ឈាម គឺ​ដើរ​តាម​ព្រះវិញ្ញាណ​វិញ ៥ ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​គិត​តាម​ព្រះវិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ ៦ ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្តី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត​វិញ ៧ ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ៨ ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​បាន​ឡើយ ៩ តែ​បើ​សិន​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះគ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ ១០ ហើយ​បើ​សិន​ជា​ព្រះគ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​រូប​សាច់​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​មែន តែ​វិញ្ញាណ​មាន​ជីវិត​វិញ ដោយ​ព្រោះ​សេចក្តី​សុចរិត ១១ មួយ​ទៀត បើ​ព្រះវិញ្ញាណ​នៃ​ព្រះអង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះគ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូបកាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយសារ​ព្រះវិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។ ១២ ដូច្នេះ បង​ប្អូន​អើយ យើង​មាន​សេចក្តី​ជាប់​ជំពាក់ មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ឲ្យ​បាន​រស់​តាម​សាច់​ឈាម​នោះ​ទេ ១៣ ដ្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម នោះ​នឹង​ត្រូវ​ស្លាប់​ទៅ តែ​បើ​សំឡាប់​អំពើ​របស់​រូប​សាច់​ចេញ ដោយសារ​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​វិញ ១៤ ហើយ​អស់​អ្នក​ណា​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះ​ទ្រង់​នាំ អ្នក​ទាំង​នោះ​ហើយ​ជា​ពួក​កូន​របស់​ព្រះ ១៥ អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះវរបិតា​អើយ ១៦ ហើយ​ព្រះវិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ ១៧ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ។

សិរីល្អ​នៅ​បរលោក

១៨ ខ្ញុំ​រាប់​អស់​ទាំង​សេចក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្តី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ ១៩ ដ្បិត​សេចក្តី​ទន្ទឹង​របស់​ជីវិត​ទាំងឡាយ នោះ​រង់ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ​ទេ ២០ ពី​ព្រោះ​ជីវិត​ទាំងឡាយ​បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្តី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះអង្គ ដែល​ទ្រង់​បញ្ចុះបញ្ចូល​វិញ ដោយ​សង្ឃឹម​ថា ២១ ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុករលួយ ឲ្យ​បាន​សេរីភាព​នៃ​សិរីល្អ​របស់​ពួក​កូន​ព្រះ​វិញ ២២ ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំងឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ ២៣ មិន​តែ​ប៉ុណ្ណោះ​សោត ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះវិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្តី​ប្រោស​លោះ​ដល់​រូបកាយ​យើង​ផង ២៤ ដ្បិត​យើង​បាន​សង្គ្រោះ​រួច ដោយ​សេចក្តី​សង្ឃឹម តែ​សេចក្តី​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ឈ្មោះ​ថា​ជា​សេចក្តី​សង្ឃឹម​ទេ ដ្បិត​របស់​អ្វី​ដែល​អ្នក​ណា​មើល​ឃើញ​ហើយ នោះ​នឹង​សង្ឃឹម​ចង់​បាន​ធ្វើ​អ្វី​ទៀត ២៥ តែ​បើ​យើង​សង្ឃឹម​នឹង​បាន​អ្វី ដែល​មើល​មិន​ឃើញ​វិញ នោះ​យើង​នឹង​រង់ចាំ​នៅ​ដោយ​អំណត់ ២៦ ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ ២៧ ប៉ុន្តែ ព្រះអង្គ​ដែល​ស្ទង់​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះវិញ្ញាណ ដ្បិត​ព្រះវិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះហឫទ័យ​ព្រះ ២៨ តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះដំរិះ​ទ្រង់ ២៩ ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះរាជបុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះរាជបុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន ៣០ ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​តម្រូវ​ទុក​ជា​មុន នោះ​ទ្រង់​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​រាប់​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​ដំកើង​ឡើង​ដែរ។

ព្រះហឫទ័យ​ស្រឡាញ់​ដ៏​លើស​លប់​របស់​ព្រះ

៣១ ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្តី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ៣២ ឯ​ព្រះអង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះរាជបុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះរាជបុត្រា​ទ្រង់​នោះ​ផង ៣៣ តើ​អ្នក​ណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​បាន ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត ៣៤ តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន ដ្បិត​ព្រះគ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​ជាង​ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ ៣៥ តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន តើ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​ឬ​អី ៣៦ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់​វាល់​ព្រឹក​វាល់​ល្ងាច ដោយ​យល់​ដល់​ទ្រង់» គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់ ៣៧ ទេ គឺ​ក្នុង​សេចក្តី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជំនះ​ទៅ​ទៀត ដោយសារ​ព្រះអង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង ៣៨ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិឫទ្ធិ​អ្វី ៣៩ ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ។

រ៉ូម ៩

ព្រះ​បាន​ជ្រើសរើស​សាសន៍​អ៊ីស្រាអែល

១ ខ្ញុំ​និយាយ​សេចក្តី​ពិត ដោយ​នូវ​ព្រះគ្រីស្ទ ខ្ញុំ​មិន​ភូតកុហក​ទេ បញ្ញា​ចិត្ត​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ជា​មួយ​នឹង​ខ្ញុំ ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង ថា ២ ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ៣ ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម ៤ គឺ​ជា​សាសន៍​អ៊ីស្រាអែល ដែល​គេ​មាន​ការ​ចិញ្ចឹម​ជា​កូន​ព្រះ និង​សិរីល្អ សេចក្តី​សញ្ញា ការ​ប្រទាន​ក្រឹត្យវិន័យ របៀប​ថ្វាយ​បង្គំ និង​សេចក្តី​សន្យា​ជា​របស់​ផង​ខ្លួន ព្រម​ទាំង​ពួក​ឰយុកោ​ផង ៥ ហើយ​ព្រះគ្រីស្ទ​ក៏​បាន​កើត​ពី​ពួក​គេ ខាង​ឯ​សាច់​ឈាម​ដែរ ដែល​ទ្រង់​ខ្ពស់​លើស​ទាំង​អស់ ជា​ព្រះ​ដ៏​មាន​ពរ​អស់​កល្ប​ជានិច្ច អាម៉ែន ៦ ប៉ុន្តែ មិន​មែន​ថា​ព្រះបន្ទូល​ទច់​អាក់​នោះ​ទេ ដ្បិត​មិន​មែន​អស់​អ្នក​ដែល​កើត​ក្នុង​សាសន៍​អ៊ីស្រាអែល ជា​សាសន៍​អ៊ីស្រាអែល​ពិត​នោះ​ឡើយ ៧ ក៏​មិន​មែន​ជា​កូន​លោក​អ័ប្រាហាំ​ទាំង​អស់​គ្នា ដោយ​ព្រោះ​តែ​ជា​ពូជ​លោក​នោះ​ដែរ តែ​មាន​សេចក្តី​ចែង​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​រាប់​ពី​អ៊ីសាក​មក» ៨ គឺ​ថា មិន​មែន​កូន​ខាង​សាច់​ឈាម ដែល​ជា​កូន​របស់​ព្រះ​នោះ​ទេ ឯ​កូន​ខាង​ឯ​សេចក្តី​សន្យា នោះ​ទើប​បាន​រាប់​ជា​ពូជ​វិញ ៩ ដ្បិត​សេចក្តី​សន្យា​នោះ គឺ​ជា​ព្រះបន្ទូល​នេះ​ដែល​ថា «អញ​នឹង​មក​វិញ​តាម​កំណត់​នេះ នោះ​សារ៉ា​នឹង​មាន​កូន» ១០ មិន​តែ​ប៉ុណ្ណោះ​សោត រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​មនុស្ស​ម្នាក់​ដែរ គឺ​អ៊ីសាក ជា​ឰយុកោ​នៃ​យើង​រាល់​គ្នា ១១ គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​អាក្រក់​អ្វី ១២ នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​នាង​ថា «កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន» ១៣ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​បាន​ស្រឡាញ់​យ៉ាកុប តែ​ស្អប់​អេសាវ​វិញ» គឺ​ដើម្បី​ឲ្យ​ព្រះដំរិះ​របស់​ព្រះ ខាង​ឯ​សេចក្តី​រើស​តាំង​បាន​ជាប់​នៅ មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទេ គឺ​ដោយ​អាង​ព្រះ​ដែល​ទ្រង់​ហៅ​វិញ។ ១៤ ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ព្រះ​មាន​សេចក្តី​ទុច្ចរិត​ឬ​អី ទេ គ្មាន​សោះ ១៥ ដ្បិត​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​លោក​ម៉ូសេ​ថា «អញ​នឹង​ផ្សាយ​សេចក្តី​មេត្តាករុណា ដល់​អ្នក​ណា​ដែល​អញ​មេត្តាករុណា ក៏​នឹង​មាន​សេចក្តី​ក្តួល​អាណិត ដល់​អ្នក​ណា​ដែល​អញ​ក្តួល​អាណិត» ១៦ ដូច្នេះ មិន​សំរេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តាករុណា​វិញ ១៧ ដ្បិត​មាន​បទ​គម្ពីរ​សំដែង​ដល់​ផារ៉ោន​ថា «អញ​បាន​តាំង​ឯង​ឡើង​សំរាប់​ការ​នេះ​ឯង គឺ​ដើម្បី​សំដែង​ឫទ្ធិបារមី​អញ​ក្នុង​ខ្លួន​ឯង ប្រយោជន៍​ឲ្យ​គេ​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទួទៅ​ពេញ​ផែនដី» ១៨ ដូច្នេះ ទ្រង់​តែង​ផ្សាយ​មេត្តាករុណា ដល់​អ្នក​ណា​តាម​ព្រះហឫទ័យ ហើយ​ទ្រង់​ធ្វើ​ឲ្យ​អ្នក​ណា​រឹងទទឹង​ក៏​តាម​តែ​ព្រះហឫទ័យ​ដែរ។

សេចក្តី​ក្រោធ និង​ព្រះហឫទ័យ​អាណិតអាសូរ

១៩ ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​តែ​បន្ទោស​ទៀត ដ្បិត​តើ​អ្នក​ណា​បាន​ទទឹង​នឹង​ព្រះហឫទ័យ​ទ្រង់ ២០ ប៉ុន្តែ ឱ​មនុស្ស​អើយ តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន​ធ្វើ​ហើយ និង​និយាយ​ទៅ​ជាង​នោះ​ថា ហេតុ​អ្វី​បាន​ជា​សូន​ធ្វើ​អញ​ដូច្នេះ​ឬ​អី ២១ តើ​ជាង​ស្មូន​គ្មាន​អំណាច​លើ​ដី​ឥដ្ឋ និង​យក​ដុំ​ដី​ដដែល​ធ្វើ​ជា​វត្ថុ​១​សំរាប់​ការ​ដ៏​ប្រសើរ ហើយ​១​ទៀត​សំរាប់​ការ​មិន​ប្រសើរ​ទេ​ឬ​អី ២២ ចុះ​បើ​សិន​ជា​ព្រះ​ទ្រង់​ចង់​សំដែង​សេចក្តី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះចេស្តា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀបចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ​ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ ២៣ ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្តី​មេត្តាករុណា ដែល​ទ្រង់​បាន​រៀបចំ​ជា​មុន បាន​ស្គាល់​សេចក្តី​វិសេស​នៃ​សិរីល្អ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​វិញ ២៤ គឺ​យើង​រាល់​គ្នា​ដែល​ទ្រង់​បាន​ហៅ​មក មិន​មែន​ពី​សាសន៍​យូដា​តែ​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ផង នោះ​ធ្វើ​ដូច​ម្តេច​ទៅ ២៥ ដូច​មាន​សេចក្តី​ចែង​ទុក​ក្នុង​គម្ពីរ​ហូសេ សំដែង​មក​ថា «អញ​នឹង​ហៅ​សាសន៍​នោះ ដែល​មិន​មែន​ជា​រាស្ត្រ​អញ ថា​ជា​រាស្ត្រ​អញ​វិញ ហើយ​អ្នក​នោះ​ដែល​មិន​មែន​ជា​ស្ងួនភ្ងា ថា​ជា​ស្ងួនភ្ងា​ដែរ» ២៦ ដូច្នេះ នៅ​កន្លែង​ដែល​បាន​សំដែង​ថា «ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ» ត្រង់​កន្លែង​នោះ​ឯង​នឹង​ហៅ​គេ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ​វិញ ២៧ ឯ​ហោរា​អេសាយ លោក​ក៏​បន្លឺ​ឡើង ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល​ថា «ទោះ​បើ​ជនជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​បាន​សង្គ្រោះ​តែ​សំណល់​ដែល​សល់​ទេ ២៨ ដ្បិត​ការ​នោះ​កំពុង​តែ​បង្ហើយ ហើយ​បង្រួម​ជា​ខ្លី ដោយ​សេចក្តី​សុចរិត ពី​ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​កាត់​ការ​នោះ​យ៉ាង​ខ្លី នៅ​លើ​ផែនដី» ២៩ ដូច​ជា​លោក​អេសាយ​បាន​ទាយ​ទុក​មក​អំពី​មុន​ថា «បើ​សិន​ណា​ជា​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មិន​បាន​ទុក​ពូជ​ឲ្យ​យើង នោះ​យើង​នឹង​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុំម ហើយ​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ»។

អ៊ីស្រាអែល និង​ដំណឹង​ល្អ

៣០ ដូច្នេះ តើ​យើង​នឹង​ថា​ដូច​ម្តេច គឺ​ត្រូវ​ថា សាសន៍​ដទៃ ដែល​មិន​ដេញ​តាម​សេចក្តី​សុចរិត នោះ​បាន​ទាន់​សេចក្តី​សុចរិត​នោះ​ហើយ គឺ​ជា​សេចក្តី​សុចរិត ដែល​មក​ដោយសារ​សេចក្តី​ជំនឿ ៣១ តែ​ឯ​សាសន៍​អ៊ីស្រាអែល​វិញ ដែល​គេ​ដេញ​តាម​ក្រឹត្យវិន័យ​ដ៏​សុចរិត នោះ​គេ​មិន​បាន​ទាន់​ក្រឹត្យវិន័យ​ដ៏​សុចរិត​ទេ ៣២ តើ​ដោយ​ហេតុ​អ្វី គឺ​ដោយ​ព្រោះ​តែ​គេ​រក ដោយ​អាង​ការ​គេ​ប្រព្រឹត្ត មិន​មែន​ដោយ​សេចក្តី​ជំនឿ​ទេ ដ្បិត​គេ​បាន​ជំពប់​នឹង​ថ្ម​ជំពប់​នោះ ៣៣ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មើល អញ​ដាក់​ថ្ម​ជំពប់​១ គឺ​ជា​ថ្មដា​បង្អាក់បង្អន់​ចិត្ត នៅ​ក្រុង​ស៊ីយ៉ូន អស់​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»។

រ៉ូម ១០

១ បង​ប្អូន​អើយ បំណង​ចិត្ត​ខ្ញុំ និង​សេចក្តី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រាអែល នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ ២ ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញាទេ ៣ ពី​ព្រោះ​គេ​មិន​បាន​ចុះ​ចូល តាម​សេចក្តី​សុចរិត​នៃ​ព្រះ ដោយ​គេ​រក​តាំង​សេចក្តី​សុចរិត​របស់​ខ្លួន​គេ ឥត​ស្គាល់​សេចក្តី​សុចរិត​របស់​ទ្រង់​ឡើយ ៤ ដ្បិត​ព្រះគ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ សំរាប់​ជា​សេចក្តី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ជឿ។

ការ​សង្គ្រោះ​តាម​រយៈ​ជំនឿ​លើ​ព្រះអម្ចាស់

៥ លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្តី​សុចរិត ដែល​មក​ដោយសារ​ក្រឹត្យវិន័យ​ថា «មនុស្ស​ណា​ដែល​បាន​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ នឹង​រស់​នៅ​ដោយសារ​ការ​ខ្លួន​ប្រព្រឹត្ត​នោះ​ឯង» ៦ តែ​សេចក្តី​សុចរិត​ដែល​មក​ដោយ​សេចក្តី​ជំនឿ នោះ​ថា​ដូច្នេះ​វិញ គឺ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា «តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ស្ថានសួគ៌» គឺ​ដើម្បី​នឹង​នាំ​ព្រះគ្រីស្ទ​ចុះ​មក ៧ ឬ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ» គឺ​ដើម្បី​នឹង​នាំ​ព្រះគ្រីស្ទ​ពី​ពួក​ស្លាប់​ឡើង​មក​នោះ​ឡើយ ៨ តែ​សេចក្តី​សុចរិត​នោះ តើ​ថា​ដូច​ម្តេច នោះ​ថា «ព្រះបន្ទូល​នៅ​ជិត​ឯង ក៏​នៅ​ក្នុង​មាត់ ហើយ​ក្នុង​ចិត្ត​ឯង​ផង» នោះ​គឺ​ជា​ព្រះបន្ទូល​នៃ​សេចក្តី​ជំនឿ ដែល​យើង​ខ្ញុំ​កំពុង​តែ​ប្រកាស​ប្រាប់​ថា ៩ បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត ១០ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់ ១១ ពី​ព្រោះ​គម្ពីរ​ថា «អស់​អ្នក​ណា​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ» ១២ ហើយ​សាសន៍​យូដា និង​សាសន៍​ក្រេក​មិន​ខុស​អំពី​គ្នា​ឡើយ ដ្បិត​ព្រះអម្ចាស់​ដដែល​នៃ​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរ សំរាប់​អស់​អ្នក​ណា ដែល​អំពាវនាវ​រក​ទ្រង់ ១៣ ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ ១៤ ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវនាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ ១៥ មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្តី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្តី​ដែល​បណ្តាល​ឲ្យ​រីករាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎»។ ១៦ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទាំង​អស់​គ្នា​ទេ ដ្បិត​លោក​អេសាយ​មាន​ប្រសាសន៍​ថា «ឱ​ព្រះអម្ចាស់​អើយ តើ​មាន​អ្នក​ណា​ខ្លះ បាន​ជឿ​សេចក្តី ដែល​យើង​ខ្ញុំ​ប្រាប់» ១៧ ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ ១៨ តែ​ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ​អី បាន​ឮ​មែន «សំឡេង​នោះ​បាន​ចេញ​ទៅ​ដល់​គ្រប់​លើ​ផែនដី ហើយ​ពាក្យ​នោះ​បាន​ឮ​ទៅ​ដល់​ចុង​លោកីយ៍​បំផុត» ១៩ ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រាអែល​មិន​បាន​ដឹង​ទេ​ឬ​អី លោក​ម៉ូសេ​មាន​ប្រសាសន៍​ជា​មុន​ថា «អញ​នឹង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ច្រណែន ដោយសារ​ពួក​មនុស្ស ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នាំ​ឲ្យ​ឯង​ខឹង ដោយសារ​សាសន៍១​ដែល​ឥត​ប្រាជ្ញា» ២០ លោក​អេសាយ​ក៏​មាន​ចិត្ត​ក្លាហាន​ណាស់ និង​មាន​ប្រសាសន៍​ថា «ពួក​អ្នក​ដែល​មិន​ស្វែង​រក​អញ នោះ​បាន​ឃើញ​អញ​ហើយ អញ​បាន​សំដែង​មក​ច្បាស់​ឲ្យ​ពួក​អ្នក ដែល​មិន​សួរ​រក​អញ​បាន​ឃើញ» ២១ ក៏​មាន​ប្រសាសន៍​ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល​ថា «អញ​បាន​លូក​ដៃ​អញ​វាល់​ព្រឹក​វាល់​ល្ងាច ទៅ​ឯ​សាសន៍១​ដែល​មិន​ស្តាប់​បង្គាប់ ហើយ​ចេះ​តែ​និយាយ​ទាស់​ទទឹង»។

រ៉ូម ១១

ព្រះ​ពុំ​បោះ​បង់​ចោល​សាសន៍​អ៊ីស្រាអែល​ឡើយ

១ ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់​ឬ​អី ទេ មិន​មែន​ទេ ដ្បិត​ខ្លួន​ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល​ដែរ គឺ​ជា​ពូជ​លោក​អ័ប្រាហាំ កើត​ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ២ ព្រះ​ទ្រង់​មិន​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ទេ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​រឿង​ពី​លោក​អេលីយ៉ា ដែល​គម្ពីរ​ថា​ដូច​ម្តេច​ទេ​ឬ​អី គឺ​ដែល​លោក​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រាអែល​ថា ៣ «ឱ​ព្រះអម្ចាស់​អើយ គេ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ហើយ​រំលំ​អាសនា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ មាន​សល់​តែ​ទូលបង្គំ​១ ហើយ​គេ​រក​សំឡាប់​ទូលបង្គំ​ទៀត» ៤ ប៉ុន្តែ ព្រះ​ទ្រង់​ឆ្លើយ​នឹង​លោក​យ៉ាង​ដូច​ម្តេច គឺ​ឆ្លើយ​ថា «អញ​បាន​ទុក​មនុស្ស​៧​ពាន់​នាក់​សំរាប់​អញ ដែល​មិន​បាន​លុត​ជង្គង់​នៅ​មុខ​ព្រះបាល​សោះ» ៥ ដូច្នេះ សព្វ​ថ្ងៃ​នេះ ក៏​មាន​សំណល់​សល់​ដែល​ទ្រង់​បាន​រើស​តាំង ដោយ​ព្រះគុណ​ដែរ ៦ ហើយ​បើ​សិន​ជា​ដោយសារ​ព្រះគុណ​ពិត នោះ​មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទៀត​ទេ ពុំ​នោះ ព្រះគុណ​មិន​មែន​ជា​ព្រះគុណ​ទៀត តែ​បើ​អាង​ដោយ​ការ​ប្រព្រឹត្ត​មែន នោះ​មិន​មែន​ដោយ​ព្រះគុណ​ទៀត ពុំ​នោះ ការ​ប្រព្រឹត្ត​មិន​មែន​ការ​ប្រព្រឹត្ត​ទៀត​ទេ ៧ ដូច្នេះ តើ​ដូច​ម្តេច គឺ​ថា សេចក្តី​ដែល​សាសន៍​អ៊ីស្រាអែល​ស្វែង​រក នោះ​គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្តី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត​ត្រូវ​មាន​ចិត្ត​រឹងរូស ៨ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​មាន​វិញ្ញាណ​រលីវ ភ្នែក​ដែល​មើល​មិន​ឃើញ និង​ត្រចៀក​ដែល​ស្តាប់​មិន​ឮ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ» ៩ ហ្លួង​ដាវីឌ​ក៏​មាន​ព្រះបន្ទូល​ថា «ឲ្យ​តុគេ​ត្រឡប់​ទៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​គេ​ចុះ គឺ​ជា​ហេតុ​ឲ្យ​វិនាស រវាត​ចិត្ត ហើយ​ជា​សំណង​ដល់​គេ​ដែរ ១០ ឲ្យ​ភ្នែក​គេ​ត្រូវ​ងងឹត មិន​ឲ្យ​ឃើញ​ឡើយ ហើយ​ឲ្យ​ខ្នង​គេ​ត្រូវ​បង្កោង​ជានិច្ច​ផង»។ ១១ ដូច្នេះ ខ្ញុំ​សួរ​ថា តើ​គេ​បាន​ជំពប់ ឲ្យ​គ្រាន់​តែ​ដួល​ប៉ុណ្ណោះ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ដោយសារ​ការ​ដួល​របស់​គេ បាន​ជា​មាន​សេចក្តី​សង្គ្រោះ ផ្សាយ​ទៅ​ដល់​ពួក​សាសន៍​ដទៃ​វិញ ដើម្បី​បណ្តាល​ឲ្យ​គេ​ច្រណែន ១២ ដូច្នេះ បើ​ការ​ដួល​របស់​គេ ជា​សេចក្តី​ចំរើន​ដល់​លោកីយ៍ ហើយ​សេចក្តី​ខ្វះ​មិន​ពេញ​ខ្នាត​របស់​គេ ជា​សេចក្តី​ចំរើន​ដល់​ពួក​សាសន៍​ដទៃ​វិញ នោះ​តើ​សេចក្តី​ពេញ​ខ្នាត​របស់​គេ នឹង​បាន​លើស​ជាង​យ៉ាង​ណា​ទៅ។

ព្រះសង្គ្រោះ​សាសន៍​ដទៃ

១៣ ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ដែល​ជា​សាសន៍​ដទៃ ហើយ​ពី​ព្រោះ​ខ្ញុំ​ជា​សាវ័ក​ដល់​សាសន៍​ដទៃ បាន​ជា​ខ្ញុំ​ដំកើង​ដល់​ការងារ​ខ្ញុំ ១៤ ដើម្បី​នឹង​បណ្តាល​សាច់ញាតិ​ខ្ញុំ ឲ្យ​មាន​សេចក្តី​ច្រណែន ហើយ​និង​ជួយ​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ពួក​គេ បើ​សិន​ជា​បាន ១៥ ដ្បិត​បើ​សិន​ជា​ការ​បោះ​បង់​ចោល​គេ​នោះ ជា​សេចក្តី​មេត្រី​ដល់​លោកីយ៍​ដូច្នេះ នោះ​តើ​ការ​ទទួល​គេ​នឹង​បាន​ជា​អ្វី បើ​មិន​មែន​ជា​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។ ១៦ បើ​ម្សៅ​១​ក្តាប់​មុន​ដំបូង​ជា​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ ហើយ​បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ ១៧ ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នក​ឯង​ដែល​ជា​ដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាលមែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅ​ជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯ​ទៀត ១៨ នោះ​កុំ​ឲ្យ​អួត​នឹង​មែក​នោះ​ឡើយ តែ​បើ​អ្នក​អួត​នឹង​គេ នោះ​ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ដែល​ចិញ្ចឹម​ឫស​ទេ គឺ​ឫស​ទេ​តើ ដែល​ចិញ្ចឹម​អ្នក​វិញ ១៩ ដូច្នេះ អ្នក​នឹង​ប្រកែក​ថា មែក​ទាំង​នោះ​ត្រូវ​កាច់​ចេញ ដើម្បី​នឹង​បំបៅ​ខ្ញុំ​វិញ ២០ ត្រូវ​ហើយ គេ​ត្រូវ​កាច់​ចេញ ដោយ​ព្រោះ​មិន​ជឿ ហើយ​ដែល​អ្នក​ជាប់​នៅ គឺ​ដោយសារ​សេចក្តី​ជំនឿ ដូច្នេះ កុំ​ឲ្យ​ឆ្មើងឆ្មៃ​ឡើយ ចូរ​ភ័យ​ខ្លាច​វិញ ២១ ពី​ព្រោះ បើ​ព្រះ​ទ្រង់​មិន​បាន​សំចៃ​ទុក​មែក​កំណើត នោះ​ក្រែង​មិន​សំចៃ​ទុក​អ្នក​ដែរ ២២ ដូច្នេះ ចូរ​មើល​សេចក្តី​សប្បុរស និង​សេចក្តី​ប្រិត​ប្រៀប​នៃ​ព្រះ គឺ​ទ្រង់​ប្រិត​នឹង​ពួក​អ្នក​ដែល​ដួល តែ​សប្បុរស​នឹង​អ្នក​វិញ បើ​អ្នក​ណា​នៅ​ជាប់​នឹង​សេចក្តី​សប្បុរស​នោះ ពុំ​នោះ អ្នក​នឹង​ត្រូវ​កាត់​ចេញ​ដែរ ២៣ ហើយ​មែក​កំណើត​ទាំង​នោះ​ដែរ បើ​គេ​លះ​សេចក្តី​មិន​ជឿ​ចោល​ចេញ នោះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ភ្ជាប់​ជាតិ​វិញ​បាន ២៤ ពី​ព្រោះ បើ​សិន​ជា​អ្នក​ត្រូវ​កាត់​ចេញ​ពី​ដើម​អូលីវ​ព្រៃ​ពី​កំណើត ហើយ​បាន​បំបៅ​ជាប់​នឹង​ដើម​អូលីវ​ស្រុក​ខុស​ពី​ធម្មតា នោះ​តើ​មែក​កំណើត​ទាំង​នោះ នឹង​បាន​បំបៅ​ជាប់​នឹង​គល់​កំណើត​របស់​វា លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

ព្រះសង្គ្រោះ​សាសន៍​អ៊ីស្រាអែល

២៥ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ខាង​ឯ​សេចក្តី​អាថ៌​កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ចង់​ឲ្យ​ដឹង​ថា សាសន៍​អ៊ីស្រាអែល​កើត​មាន​សេចក្តី​រឹង​របឹង​ប៉ុន្មាន​ភាគ​នេះ​ទៅ​ហើយ ទាល់​តែ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​បាន​ចូល​ជឿ​គ្រប់​ចំនួន ២៦ នោះ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា នឹង​បាន​សង្គ្រោះ​ជា​ក្រោយ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «មាន​ព្រះ​ដ៏​ប្រោស​ឲ្យ​រួច ទ្រង់​នឹង​ចេញ​ពី​ស៊ីយ៉ូន​មក ទ្រង់​នឹង​បង្វែរ​សេចក្តី​ទមិល​ល្មើស​ពី​យ៉ាកុប​ទៅ ២៧ នោះ​ហើយ​ជា​សេចក្តី​សញ្ញា​ដែល​អញ​តាំង​នឹង​គេ ក្នុង​កាល​ដែល​អញ​បាន​ដោះ​បាប​គេ​ចេញ​ហើយ» ២៨ ខាង​ឯ​ដំណឹង​ល្អ គេ​ជា​ខ្មាំងសត្រូវ ដើម្បី​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា តែ​ត្រង់​សេចក្តី​រើស​តាំង នោះ​គេ​ជា​ស្ងួនភ្ងា​វិញ ដោយ​ព្រោះ​ពួក​ឰយុកោ ២៩ ដ្បិត​ព្រះ​ទ្រង់​មិន​ដែល​ស្តាយ​អំណោយ​ទាន​ទ្រង់ ឬ​ការ​ដែល​ទ្រង់​ហៅ​មនុស្ស​ណា​នោះ​ឡើយ ៣០ ពី​ព្រោះ ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ តែ​ឥឡូវ​នេះ ទ្រង់​បាន​ផ្តល់​សេចក្តី​មេត្តាករុណា ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ពួក​នោះ​មិន​ស្តាប់​បង្គាប់​វិញ ៣១ ដូច្នេះ ដែល​គេ​មិន​ស្តាប់​បង្គាប់​នៅ​ជាន់​នេះ នោះ​គឺ​ដើម្បី​ឲ្យ​គេ​បាន​ទទួល​សេចក្តី​មេត្តាករុណា ដោយសារ​សេចក្តី​មេត្តាករុណា ដែល​ទ្រង់​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ៣២ ដ្បិត​ព្រះ​ទ្រង់​បាន​បង្ខាំង​ទាំង​អស់​គ្នា​ទុក​ក្នុង​សេចក្តី​មិន​ស្តាប់​បង្គាប់ ដើម្បី​ឲ្យ​បាន​សំដែង​នូវ​សេចក្តី​មេត្តាករុណា​ដល់​គ្រប់​គ្នា ៣៣ អើ​ហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន ៣៤ តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះអម្ចាស់ ឬ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ទ្រង់​បាន ៣៥ តើ​អ្នក​ណា​បាន​ថ្វាយ​ដល់​ទ្រង់​ជា​មុន នោះ​នឹង​បាន​ប្រគល់​មក​អ្នក​នោះ​វិញ ៣៦ ដ្បិត​របស់​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ​នៅ​អស់​កល្ប​ជានិច្ច អាម៉ែន។

រ៉ូម ១២

ជីវិត​ថ្មី​ស្រប​តាម​ព្រះហឫទ័យ​ព្រះ

១ ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តាករុណា​នៃ​ព្រះ ឲ្យ​បាន​ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញបូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង ២ កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង ៣ ដ្បិត​ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ​ព្រះគុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ថា ចូរ​គិត​បែប​ឲ្យ​មាន​គំនិត​នឹងធឹង តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​បាន​ចែក​មក​អ្នក​រាល់​គ្នា​និមួយៗ កុំ​ឲ្យ​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ ៤ ដ្បិត​ដែល​យើង​រាល់​គ្នា​មាន​អវយវៈ​ជា​ច្រើន រួម​គ្នា​ជា​រូបកាយ​តែ​មួយ តែ​អវយវៈ​ទាំង​នោះ​មាន​ការងារ​ផ្សេងៗ ពី​គ្នា​ជា​យ៉ាង​ណា ៥ នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែ​មួយ​ក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ ៦ ដូច្នេះ ដែល​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះគុណ​ដែល​ផ្តល់​មក​យើង ទោះ​បើ​ជា​សេចក្តី​ទំនាយ នោះ​ក៏​ត្រូវ​ទាយ​តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ ៧ ឬ​បើ​ជា​ការ​បំរើ នោះ​ចូរ​បំរើ​ចុះ ឬ​ជា​ការ​បង្រៀន ចូរ​បង្រៀន​ទៅ ៨ ឬ​ជា​ការ​ទូន្មាន ចូរ​ទូន្មាន​ទៅ ឬ​ជា​ការ​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ឬ​ជា​ការ​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ឬ​ការ​មេត្តាករុណា ក៏​ចូរ​ធ្វើ​ដោយ​រីករាយ​ចុះ។ ៩ ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្តី​អាក្រក់ ហើយ​កាន់​ខ្ជាប់​ខាង​សេចក្តី​ល្អ​វិញ ១០ ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្តី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន ១១ ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់ ១២ ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម ចូរ​អត់​ធន់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​អធិស្ឋាន ១៣ ខាង​សេចក្តី​ខ្វះ​ខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់ផ្គង់​ឲ្យ ទាំង​ខំ​ប្រឹង​ឲ្យ​មាន​សេចក្តី​ចៅរ៉ៅ​ផង​ចុះ ១៤ ចូរ​សូម​ពរ​ឲ្យ​ដល់​អ្នក​ណា​ដែល​បៀត​បៀន​អ្នក ចូរ​សូម​ពរ​ចុះ កុំ​ឲ្យ​ប្រទេច​ផ្តាសា​ឡើយ ១៥ ចូរ​អរ​សប្បាយ ជា​មួយ​នឹង​អ្នក​ណា​ដែល​អរ​សប្បាយ ហើយ​យំ​ជា​មួយ​នឹង​អ្នក​ណា​ដែល​យំ​ផង ១៦ ចូរ​ឲ្យ​មាន​គំនិត​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក កុំ​ឲ្យ​មាន​គំនិត​ឆ្មើងឆ្មៃ​សោះ​ឡើយ គឺ​ត្រូវ​ភប់ប្រសព្វ​នឹង​មនុស្ស​រាប​សា​វិញ កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ខ្លួន ថា​មាន​ប្រាជ្ញា​ឲ្យ​សោះ។ ១៧ កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ ត្រូវ​តែ​ខំ​សំដែង​កិរិយា​ល្អ នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ១៨ ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន ១៩ ឱ​ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​សងសឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្តី​កំហឹង​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះអម្ចាស់ ទ្រង់​មាន​ព្រះបន្ទូល​ថា ការ​សងសឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ» ២០ ដូច្នេះ បើ​សិន​ណា​ជា​ខ្មាំងសត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ដូច​ជា​អ្នក​បាន​ប្រមូល​រងើក​ភ្លើង ដាក់​លើ​ក្បាល​គេ​វិញ ២១ កុំ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយសារ​សេចក្តី​ល្អ​វិញ។

រ៉ូម ១៣

ការ​ស្តាប់​បង្គាប់​អាជ្ញាធរ

១ ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ ដ្បិត​គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ គឺ​ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច ២ បាន​ជា​អ្នក​ណា​ដែល​តាំង​ខ្លួន​ទាស់​នឹង​អំណាច​នោះ ក៏​ទាស់​ទទឹង​នឹង​បញ្ញត្ត​នៃ​ព្រះ​ដែរ ហើយ​អស់​អ្នក​ដែល​ទាស់​ទទឹង នោះ​នឹង​ត្រូវ​ទោស​ជា​មិន​ខាន ៣ ដ្បិត​ពួក​នាម៉ឺន​មិន​មែន​ជា​សេចក្តី​ស្ញែង​ខ្លាច​ដល់​ការ​ល្អ​ទេ គឺ​ដល់​ការ​អាក្រក់​វិញ តើ​អ្នក​ចង់​រួច​ពី​សេចក្តី​ស្ញែង​ខ្លាច​ចំពោះ​អំណាច​នោះ​ឬ​ទេ បើ​ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​ពោល​សរសើរ​ដល់​អ្នក​ហើយ ៤ ដ្បិត​លោក​ជា​អ្នក​បំរើ​របស់​ព្រះ សំរាប់​សេចក្តី​ល្អ​ដល់​អ្នក ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ នោះ​ត្រូវ​ខ្លាច​វិញ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវជា​ឥត​អំពើ​ទេ ពី​ព្រោះ​ជា​អ្នក​បំរើ​របស់​ព្រះ គឺ​ជា​អ្នក​សំរាប់​សងសឹក ដើម្បី​នឹង​នាំ​សេចក្តី​ក្រោធរបស់​ព្រះ មក​លើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ ៥ ដូច្នេះ ត្រូវ​ឲ្យ​ចុះ​ចូល មិន​មែន​ដោយ​ព្រោះ​តែ​សេចក្តី​ក្រោធ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​បញ្ញា​ចិត្តផង ៦ ដោយ​ហេតុ​នោះ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ពី​ព្រោះ​លោក​ទាំង​នោះ​ជា​ភ្នាក់ងារ​របស់​ព្រះ សំរាប់​នឹង​ត្រួត​ត្រា​ការ​នោះ​ឯង​ជានិច្ច ៧ ដូច្នេះ ចូរ​សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ គឺ​ឲ្យ​បង់​ពន្ធ​ខ្លួន ដល់​លោក​ណា​ដែល​ត្រូវ​ទទួល បង់​ពន្ធគយ​ដល់​លោក​ណា​ដែល​ទទួល​ខាង​ពន្ធគយ ត្រូវ​មាន​សេចក្តី​កោតខ្លាច ចំពោះ​លោក​ណា​ដែល​គួរ​កោតខ្លាច ហើយ​ត្រូវ​គោរព​ប្រតិបត្តិ ដល់​លោក​ណា​ដែល​គួរ​គោរព​ដែរ។

ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

៨ កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រឹត្យវិន័យ​ហើយ ៩ ពី​ព្រោះ​បទ​ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​លោភ​ឲ្យ​សោះ» ហើយ​បើ​មាន​បញ្ញត្ត​ណា​ទៀត នោះ​ក៏​រួម​គ្នា​មក​ក្នុង​ពាក្យ​១​ម៉ាត់​នេះ​ឯង ដែល​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» ១០ សេចក្តី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់ ជា​កិច្ច​សំរេច​តាម​ក្រឹត្យវិន័យ​ហើយ។

ការ​រៀបចំ​ខ្លួន​រង់ចាំ​ទទួល​ព្រះអម្ចាស់

១១ ត្រូវ​ប្រព្រឹត្ត​ដូច្នោះ ដោយ​ដឹង​ពេល​វេលា​ថា ដល់​ម៉ោង​នឹង​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ ១២ យប់​យូរ​ណាស់​ហើយ ថ្ងៃក៏​ជិត​រះ ដូច្នេះ យើង​ត្រូវ​ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្តី​ងងឹតចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ ១៣ ត្រូវ​ឲ្យ​យើង​ដើរ​តាម​ដែល​គួរ​គប្បី ដូច​ជា​ដើរ​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ ១៤ គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ។

រ៉ូម ១៤

គ្រីស្ទបរិស័ទ​ត្រូវ​យល់​អធ្យាស្រ័យ​គ្នា

១ ចូរ​ទទួល​អ្នក​ណា ដែល​ខ្សោយ​ខាង​ឯ​សេចក្តី​ជំនឿ​ដែរ មិន​មែន​ឲ្យ​បាន​ជជែក​គ្នា​ពី​សេចក្តី​ប្រកាន់​ផ្សេងៗ ឡើយ ២ ដ្បិត​ម្នាក់​ជឿ​ថា បរិភោគ​បាន​គ្រប់​មុខ​ទាំង​អស់ ម្នាក់​ទៀត ដែល​ខ្សោយ បរិភោគ​តែ​បន្លែ​ទេ ៣ កុំ​ឲ្យ​អ្នក​ដែល​បរិភោគ មើលងាយ​ដល់​អ្នក​ដែល​មិន​បរិភោគ​ឡើយ ក៏​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិភោគ និន្ទា​ចំពោះ​អ្នក​ដែល​បរិភោគ​ដែរ ដ្បិត​ព្រះ​ទ្រង់​ទទួល​អ្នក​នោះ​ដូច​គ្នា ៤ តើ​អ្នក​ជា​អ្វី​ដែល​និន្ទា​បាវ​បំរើ​របស់​គេ អ្នក​នោះ​ឈរ​ឬ​ដួល​ក្តី នោះ​ស្រេច​នឹង​ចៅហ្វាយ​ទេ​តើ ហើយ​គេ​នឹង​បាន​ឈរ​មែន ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​តាំង​ឲ្យ​ឈរ​បាន ៥ ម្នាក់​រាប់​ថា ថ្ងៃ​១​ល្អ​ជាង​ថ្ងៃ​១ ម្នាក់​ទៀត​រាប់​ថា ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា ត្រូវ​ឲ្យ​គ្រប់​គ្នា​ជឿ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន ៦ អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​មិន​ប្រកាន់​ដោយ​គោរព​ដល់​ព្រះអម្ចាស់ ហើយ​អ្នក​ណា​ដែល​មិន​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​មិន​ប្រកាន់ ដោយ​គោរព​ដល់​ព្រះអម្ចាស់​ដែរ អ្នក​ណា​ដែល​បរិភោគ នោះ​បរិភោគ ដោយ​គោរព​ដល់​ព្រះអម្ចាស់ ដ្បិត​គេ​អរ​ព្រះគុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិភោគ នោះ​គឺ​មិន​បរិភោគ ដោយ​គោរព​ដល់​ព្រះអម្ចាស់​ដែរ ក៏​អរ​ព្រះគុណ​ដល់​ព្រះ​ដូច​គ្នា។ ៧ ដ្បិត​គ្មាន​អ្នក​ណា​ក្នុង​ពួក​មនុស្ស​យើង ដែល​រស់​សំរាប់​ខ្លួន​ឯង​ទេ ក៏​គ្មាន​អ្នក​ណា​ស្លាប់​សំរាប់​ខ្លួន​ឯង​ដែរ ៨ ទោះ​បើ​យើង​រស់ ឬ​ស្លាប់​ក្តី គង់​តែ​យើង​ត្រូវ​រស់ ឬ​ស្លាប់​ថ្វាយ​ព្រះអម្ចាស់​វិញ ដូច្នេះ បើ​រស់​ឬ​ស្លាប់​ក្តី នោះ​យើង​ក៏​ជា​របស់​ផង​ព្រះអម្ចាស់​ដែរ ៩ ដ្បិត​ដោយ​ហេតុ​នោះ​ឯង បាន​ជា​ព្រះគ្រីស្ទ​ទ្រង់​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​ដើម្បី​នឹង​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ និង​មនុស្ស​រស់​ផង ១០ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​និន្ទា​ចំពោះ​បង​ប្អូន​ខ្លួន ឬ​មើលងាយ​ដល់​បង​ប្អូន​ខ្លួន ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំជំរះ​របស់​ផង​ព្រះគ្រីស្ទ ១១ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះអម្ចាស់​ទ្រង់​ស្បថ​ដោយ​ព្រះជន្ម​ទ្រង់​ថា ត្រូវ​ឲ្យ​គ្រប់​ទាំង​ជង្គង់​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​ត្រូវ​សរសើរ​ដល់​ព្រះ​ផង» ១២ ដូច្នេះ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ​ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន។

កុំ​ធ្វើ​ឲ្យ​បង​ប្អូន​បាត់បង់​ជំនឿ​ឡើយ

១៣ ហេតុ​នោះ កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ ១៤ ខ្ញុំ​ដឹង ហើយ​ក៏​ជឿ​ពិត ដោយ​នូវ​ព្រះអម្ចាស់យេស៊ូវ​ថា គ្មាន​អ្វី​ស្មោកគ្រោក​ដោយ​ខ្លួន​ឯង​ទេ គឺ​ស្មោកគ្រោក​ដល់​តែ​អ្នក​ណា ដែល​ជឿ​ថា​របស់​នោះ​ស្មោកគ្រោក​ប៉ុណ្ណោះ ១៥ ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ កុំ​ធ្វើ​ឲ្យ​អ្នក​ណា ដែល​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយសារ​ម្ហូប​របស់​អ្នក​ឡើយ ១៦ ក៏​កុំ​ឲ្យ​គេ​មាន​ឱកាស​នឹង​និយាយ​អាក្រក់ ពី​ការ​ល្អ​របស់​អ្នក​ដែរ ១៧ ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ការ​ស៊ី ឬ​ផឹក​នោះ​ទេ គឺ​ស្រេច​នឹង​សេចក្តី​សុចរិត សេចក្តី​មេត្រី និង​សេចក្តី​អំណរ ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ ១៨ ពី​ព្រោះ​អ្នក​ណា​ដែល​បំរើ​ព្រះគ្រីស្ទ ដោយសារ​សេចក្តី​ទាំង​នោះ អ្នក​នោះ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ហើយ ព្រម​ទាំង​មាន​មនុស្ស​រាប់​អាន​ដល់​ខ្លួន​ដែរ ១៩ ហេតុ​ដូច្នេះ ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្តី ដែល​នាំ​ឲ្យ​មេត្រី​គ្នា និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ ២០ កុំ​ឲ្យ​បំផ្លាញ​ការ​ព្រះ ដោយ​ព្រោះ​តែ​ម្ហូប​ណា​នោះ​ឡើយ គ្រប់​របស់​ទាំង​អស់​ឈ្មោះ​ថា​ស្អាត​មែន តែ​រមែង​ជា​អាក្រក់​ដល់​អ្នក​ណា​ដែល​បរិភោគ​ដោយ​ប្រទាំង​វិញ ២១ គួរ​តែ​កុំ​ឲ្យ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំងបាយជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ឡើយ ២២ អ្នក​ឯង​មាន​សេចក្តី​ជំនឿ​យ៉ាង​ណា ចូរ​ជឿ​យ៉ាង​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ចុះ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​កាត់​ទោស​ខ្លួន​ឯង ក្នុង​ការ​ដែល​ខ្លួន​រាប់​ថា​ធ្វើ​បាន ២៣ តែ​បើ​អ្នក​ណា​បរិភោគ​ទាំង​សង្ស័យ នោះ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​បរិភោគ​ដោយ​សេចក្តី​ជំនឿ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ដោយ​ឥត​មាន​សេចក្តី​ជំនឿ នោះ​សុទ្ធ​តែ​ជា​បាប​ទាំង​អស់​ហើយ។

រ៉ូម ១៥

ត្រូវ​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត

១ គួរ​តែ​ឲ្យ​យើង​រាល់​គ្នា ដែល​មាន​កំឡាំង បាន​ទ្រាំទ្រ​នឹង​សេចក្តី​កំសោយ របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ ២ ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង ៣ ដ្បិត​ព្រះគ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះហឫទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «សេចក្តី​ដំនៀល​ដែល​គេ​ត្មះតិះដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ» ៤ ដ្បិត​អស់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​សង្ឃឹម ដោយ​សេចក្តី​អត់​ធន់ និង​សេចក្តី​កំសាន្ត​ចិត្ត ដោយសារ​គម្ពីរ ៥ ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្តី​អត់ធ្មត់ និង​សេចក្តី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះគ្រីស្ទយេស៊ូវ ៦ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។

ដំណឹង​ល្អ​សំរាប់​ប្រជាជាតិ​ទាំង​អស់

៧ ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះគ្រីស្ទ​បាន​ទទួល​យើង​ដែរ សំរាប់​នឹង​សរសើរ​ដល់​ព្រះ​ចុះ។ ៨ ឥឡូវ​ខ្ញុំ​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បំរើ ដល់​ពួក​អ្នក​កាត់​ស្បែក ដើម្បី​នឹង​សំដែង​សេចក្តី​ស្មោះត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ ៩ ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នឹង​សរសើរដំកើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូលបង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះនាម​ទ្រង់» ១០ ហើយ​មាន​សេចក្តី​មួយ​ទៀត​ថា «ឱ​សាសន៍​ទាំង​ប៉ុន្មាន​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់» ១១ ក៏​មាន​១​ទៀត​ថា «ឱ​សាសន៍​ទាំងឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះអម្ចាស់ ឱ​ជន​រាល់​គ្នា​អើយ ចូរ​ដំកើង​ទ្រង់​ចុះ» ១២ ក្នុង​បទ​១​ទៀត លោក​អេសាយ​ក៏​មាន​ប្រសាសន៍​ថា «នឹង​មាន​ឫស​របស់​អ៊ីសាយ​១​កើត​ឡើង សំរាប់​នឹង​កាន់​កាប់​លើ​អស់​ទាំង​សាសន៍​ដទៃ សាសន៍​ទាំង​នោះ​នឹង​យក​ទ្រង់​ជា​ទី​សង្ឃឹម» ១៣ ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្តី​អំណរ និង​សេចក្តី​សុខ​សាន្ត​ដ៏​ពោរពេញ ដោយសារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្តី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។

សកម្មភាព និង​គំរោង​ការ​របស់​លោក​ប៉ុល

១៤ ឱ​បង​ប្អូន​អើយ ខ្ញុំ​ជឿជាក់​ខាង​ឯ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពេញលេញ​ហើយ ក៏​បាន​ពេញ​ជា​ចំណេះ​គ្រប់​មុខ​ផង អាច​នឹង​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ ១៥ ហេតុ​ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវក្លា​លើស​ទៅ​ទៀត ដែល​មាន​១​ផ្នែក សំរាប់​នឹង​រំឭក​ដល់​អ្នក​រាល់​គ្នា ដោយសារ​ព្រះគុណដែល​ព្រះ​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ ១៦ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ភ្នាក់ងារ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដល់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​ធ្វើ​ការងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​ឲ្យ​ការ​ប្រមូល​ពួក​សាសន៍​ដទៃ បាន​ទុក​ជា​ដង្វាយ​ថ្វាយ​ព្រះ ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ទទួល បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង។ ១៧ ដូច្នេះ ខ្ញុំ​មាន​ហេតុ​នឹង​អួត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ពី​សេចក្តី​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ១៨ ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​ដោយសារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី ១៩ ទោះ​ដោយ​អំណាច​នៃ​ទី​សំគាល់ ឬ​ការ​អស្ចារ្យ ឬ​ដោយ​ព្រះចេស្តា​ព្រះវិញ្ញាណ​នៃ​ព្រះ​ក្តី ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះគ្រីស្ទ​ពេញពាស​ទួទៅ តាំង​ពី​ក្រុង​យេរូសាឡិម ដើរ​វាង​រហូត​ទៅ​ដល់​ស្រុក​អ៊ីលីរីកុន ២០ គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ខ្ញុំ​ខំ​សង្វាត​នឹង​ផ្សាយ​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះនាម​ព្រះគ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​លើ​ជើង​ជញ្ជាំង​របស់​គេ ២១ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ពួក​អ្នក​ដែល​គ្មាន​អ្នក​ណា​ទៅ​ផ្សាយ​ដំណឹង​ពី​ទ្រង់​ឲ្យ​គេ​ស្តាប់ នោះ​នឹង​ឃើញ ហើយ​ពួក​ដែល​មិន​បាន​ឮ​សោះ នោះ​នឹង​បាន​យល់​វិញ»។

គំរោង​ការ​របស់​ប៉ុល​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម

២២ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​មាន​សេចក្តី​ឃាត់ឃាំង​ជា​ច្រើន​ដង មិន​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ២៣ ប៉ុន្តែ​ឥឡូវ​នេះ ដោយ​គ្មាន​កន្លែង​ណា​សល់ នៅ​ស្រុក​ទាំង​នេះ​ទៀត ហើយ​ដោយ​ខ្ញុំ​មាន​ចិត្ត​រឭក​ចង់​មក​ឯ​អ្នក​រាល់​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ផង ២៤ បាន​ជា​កាល​ណា​ខ្ញុំ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ នោះ​ខ្ញុំ​នឹង​ចូល​មក​សួរ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​ឃើញ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ​ទៅ​មុខ​ទៀត គឺ​ក្នុង​គ្រា​ក្រោយ​ដែល​បាន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​បន្តិច ២៥ តែ​ឥឡូវ​នេះ ខ្ញុំ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ដើម្បី​នឹង​ជួយ​ដល់​ពួក​បរិសុទ្ធ​សិន ២៦ ដ្បិត​ពួក​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ គេ​សុខ​ចិត្ត​រៃ​គ្នា ផ្ញើ​ទៅ​ជួយ​ដល់​ពួក​អ្នក​ក្រីក្រ ក្នុង​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម ២៧ គេ​សុខ​ចិត្ត​ចង់​ធ្វើ​ការ​នោះ ហើយ​គេ​ក៏​ជំពាក់​ពួក​នោះ​ដែរ ដ្បិត​បើ​សិន​ជា​ពួក​សាសន៍​ដទៃ បាន​ទទួល​ចំណែក​នៃ​អស់​ទាំង​សេចក្តី ខាង​ព្រលឹង​វិញ្ញាណ​ពី​គេ នោះ​គួរ​តែ​ជួយ​គេ​ក្នុង​របស់​ទាំង​ប៉ុន្មាន ខាង​សាច់​ឈាម​វិញ ២៨ ដូច្នេះ កាល​ណា​ខ្ញុំ​បាន​សំរេច​ការ​នេះ គឺ​ប្រគល់​ផល​នៃ​ការ​ជំនួយ​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ ដោយសារ​អ្នក​រាល់​គ្នា ២៩ ហើយ​ខ្ញុំ​ដឹង​ថា ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​នាំ ទាំង​ព្រះពរ នៃ​ដំណឹង​ល្អ ផង​ព្រះគ្រីស្ទ ដ៏​ពោរពេញ​មក​ដែរ។ ៣០ តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ហើយ​ដោយ​នូវ​សេចក្តី​ស្រឡាញ់​នៃ​ព្រះវិញ្ញាណ​ថា ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ ៣១ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​មនុស្ស​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ការ​ដែល​ខ្ញុំ​ទៅ​ធ្វើ​នៅ​ក្រុង​យេរូសាឡិម បាន​គាប់​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ផង ៣២ ប្រយោជន៍​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​អំណរ​តាម​ព្រះហឫទ័យ​ព្រះ ហើយ​ឲ្យ​ខ្ញុំ​បាន​លំហើយ​ចិត្ត​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ៣៣ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា អាម៉ែន។

រ៉ូម ១៦

ពាក្យ​សួរ​សុខ​ទុក្ខ

១ ខ្ញុំ​ទុក​ដាក់​នាង​ភីបេ ជា​បង​ប្អូន​យើង​នឹង​អ្នក​រាល់​គ្នា នាង​ជា​អ្នក​ជំនួយ​ដល់​ពួក​ជំនុំ នៅ​ក្រុង​កេងគ្រា ២ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះអម្ចាស់ តាម​បែប​ដែល​គួរ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​នាង ក្នុង​ការ​អ្វី​ដែល​នាង​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ដែរ ដ្បិត​នាង​បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង។ ៣ សូម​ជំរាប​សួរ​ដល់​នាង​ព្រីស៊ីល និង​អ្នក​អ័គីឡា ជា​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ព្រះគ្រីស្ទយេស៊ូវ ៤ គេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ មិន​មែន​តែ​ខ្ញុំ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត ៥ សូម​ជំរាប​សួរ​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​គេ​ដែរ សូម​ជំរាប​សួរ​អ្នក​អេប៉ាយនេត ជា​ស្ងួនភ្ងា​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះគ្រីស្ទ​ពី​ស្រុក​អាស៊ី ៦ សូម​ជំរាប​សួរ​នាង​ម៉ារា ដែល​បាន​នឿយ​ហត់​ជា​ច្រើន ប្រយោជន៍​នឹង​ជួយ​យើង ៧ សូម​ជំរាប​សួរ​អ្នក​អាន់ត្រូនីក និង​អ្នក​យូនាស ជា​ញាតិ​ខ្ញុំ គឺ​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវ័ក ក៏​ជឿ​ដល់​ព្រះគ្រីស្ទ​មុន​ខ្ញុំ​ដែរ ៨ សូម​ជំរាប​សួរ​អ្នក​អាំភ្លាស ជា​ស្ងួនភ្ងា​ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ៩ សូម​ជំរាប​សួរ​អ្នក​អ៊ើបាន់ ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង ក្នុង​ព្រះគ្រីស្ទ និង​អ្នក​ស័តាឃីស ជា​ស្ងួនភ្ងា​ខ្ញុំ​ដែរ ១០ សូម​ជំរាប​សួរ​អ្នក​អ័ពេលេស ដែល​ជា​អ្នក​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគ្រីស្ទ ហើយ​សូម​ជំរាប​សួរ​ពួក​ផ្ទះ​អើរិស្តូប៊ូល ១១ សូម​ជំរាប​សួរ​អ្នក​ហេរ៉ូឌាន ជា​ញាតិ​ខ្ញុំ សូម​ជំរាប​សួរ​ពួក​ផ្ទះ​ណើគីស ដែល​នៅ​ក្នុង​ព្រះអម្ចាស់ ១២ សូម​ជំរាប​សួរ​នាង​ទ្រីភេន និង​នាង​ទ្រីផូស ដែល​ធ្វើ​ការ​ក្នុង​ព្រះអម្ចាស់ សូម​ជំរាប​សួរ​នាង​ពើស៊ីស ជា​អ្នក​ស្ងួនភ្ងា ដែល​ធ្វើ​ការ​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះអម្ចាស់ ១៣ សូម​ជំរាប​សួរ​អ្នក​រូភូស ដែល​ព្រះអម្ចាស់​បាន​រើស​តាំង និង​ម្តាយ​គាត់​ដែល​រាប់​ជា​ម្តាយ​ខ្ញុំ​ដែរ ១៤ សូម​ជំរាប​សួរ​អ្នក​អ័ស៊ីងគ្រីត អ្នក​ភ្លេកូន អ្នក​ហ៊ើម៉ាស អ្នក​ប៉ាត្រូបាស អ្នក​ហ៊ើមេស និង​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ១៥ សូម​ជំរាប​សួរ​អ្នក​ភីឡូឡូក និង​នាង​យូលាស អ្នក​នេរើស និង​ប្អូន​ស្រី​គាត់ ហើយ​អ្នក​អូលីមប៉ាស និង​ពួក​បរិសុទ្ធ ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ១៦ សូម​អ្នក​រាល់​គ្នា​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ ពួក​ជំនុំ​នៃ​ព្រះគ្រីស្ទ​ទាំង​អស់ សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។

ពាក្យ​ដាស់តឿន​ចុង​បញ្ចប់

១៧ ឱ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បណ្តាល​ឲ្យ​បាក់​បែក​គ្នា ហើយ​នាំ​ឲ្យ​មាន​សេចក្តី​រវាត​ចិត្ត ខុស​នឹង​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​មក ត្រូវ​ឲ្យ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ ១៨ ដ្បិត​មនុស្ស​បែប​យ៉ាង​នោះ មិន​មែន​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ គេ​បំរើ​តែ​ពោះ​ខ្លួន​គេ​វិញ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូតត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើច​ផង ១៩ ដ្បិត​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​បែប​ដែល​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ហើយ ដូច្នេះ ខ្ញុំ​ត្រេកអរ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ឯ​សេចក្តី​ល្អ ហើយ​ល្ងង់​ខាង​ឯ​សេចក្តី​អាក្រក់​វិញ ២០ ឯ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត នៅ​បន្តិច​ទៀត​ទ្រង់​នឹង​កិន​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ហើយ សូម​ឲ្យ​អ្នក​បាន​ប្រកប ដោយ​នូវ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​ចុះ។ ២១ អ្នក​ធីម៉ូថេ ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ហើយ​អ្នក​លូគាស អ្នក​យ៉ាសុន និង​អ្នក​សូសិប៉ាត្រុស ជា​ញាតិ​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ ២២ ឯ​ខ្ញុំ ឈ្មោះ​ទើទាស​ដែល​សរសេរ​សំបុត្រ​នេះ ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះអម្ចាស់​ដែរ ២៣ អ្នក​កៃយុស ជា​អ្នក​ដែល​ទទួល​ខ្ញុំ និង​ពួក​ជំនុំ​ទាំង​អស់​ផង គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​អេរ៉ាស្ទុស ជា​មេ​ត្រួត​ត្រា​ក្នុង​ទី​ក្រុង និង​អ្នក​ក្វើតុស ជា​ពួក​បង​ប្អូន គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ ២៤ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​នូវ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាប់​គ្នា​ទាំង​អស់ អាម៉ែន។ ២៥ រីឯ​ព្រះ ដែល​អាច​នឹង​តាំង​អ្នក​រាល់​គ្នា ឲ្យ​ខ្ជាប់ខ្ជួន​តាម​ដំណឹង​ល្អ​ខ្ញុំ នឹង​តាម​ខ្លឹម​នៃ​លទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ត្រូវ​នឹង​សេចក្តី​បើក​សំដែង អំពី​ការ​អាថ៌កំបាំង ដែល​បាន​លាក់​ទុក​នៅ​អស់​ទាំង​កល្ប​រៀង​មក ២៦ តែ​ឥឡូវ​នេះ​បាន​បើក​សំដែង​មក ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង ដោយសារ​គម្ពីរ​ហោរា តាម​បង្គាប់​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​អស់​កល្ប​ជានិច្ច ដើម្បី​ឲ្យ​គេ​បាន​ចុះ​ចូល​ជឿ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ២៧ ជា​ព្រះ​ដ៏​មាន​ប្រាជ្ញា​តែ​១​ព្រះអង្គ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ នៅ​អស់​កល្ប​រៀង​ទៅ។ អាម៉ែន។:៚

១ កូរិនថូសទី ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល​ខ្ញុំ ជា​អ្នក​ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​ហៅ​មក​ធ្វើ​ជា​សាវ័ក​របស់​ទ្រង់ តាម​បំណង​ព្រះហឫទ័យ​ព្រះ ព្រម​ទាំង​សូស្ថេន ជា​ពួក​បង​ប្អូន ២ ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ នៅ​ក្រុង​កូរិនថូស ជា​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះគ្រីស្ទយេស៊ូវ បាន​ទាំង​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ ជា​មួយ​នឹង​អស់​អ្នក នៅ​គ្រប់​ទី​កន្លែង ដែល​អំពាវនាវ​ដល់​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​នៃ​គេ និង​យើង​ផង ៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះគុណ និង​សេចក្តី​សុខសាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​រាល់​គ្នា និង​ពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ផង។ ៤ ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ អំពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​ដរាប ដោយ​ព្រោះ​ព្រះគុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ៥ ព្រោះ​អ្នក​រាល់​គ្នា​បាន​ចំរើន​ឡើង​គ្រប់​ជំពូក ដោយសារ​ទ្រង់ គឺ​ក្នុង​គ្រប់​ទាំង​ពាក្យ​សំដី និង​ចំណេះ​ទាំង​អស់​ដែរ ៦ តាម​ដែល​សេចក្តី​បន្ទាល់​ពី​ព្រះគ្រីស្ទ​បាន​បញ្ជាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ៧ ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាញ់​គេ ខាង​អំណោយ​ទាន​ណា​មួយ​ឡើយ ទាំង​ចាំ​ទំរាំ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​យើង​រាល់​គ្នា ទ្រង់​លេច​មក​ផង ៨ ដែល​ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់ខ្ជួន ដរាប​ដល់​ចុង​បំផុត ឲ្យ​បាន​ឥត​កន្លែង​បន្ទោស​បាន ក្នុង​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ៩ ឯ​ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្តី​ប្រកប​នឹង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង នោះ​ទ្រង់​ស្មោះត្រង់។

ការ​បាក់​បែក​ក្នុង​ពួក​ជំនុំ

១០ ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្តី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្តី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ ១១ ឱ​បង​ប្អូន​អើយ ពី​ព្រោះ​មាន​ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ប្រាប់​ខ្ញុំ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា តែង​តែ​មាន​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា ១២ គឺ​ថា អ្នក​រាល់​គ្នា​និមួយៗ ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះគ្រីស្ទ ១៣ ដូច្នេះ តើ​ព្រះគ្រីស្ទ​បាន​បាក់​បែក​ឬ​អី តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នក​រាល់​គ្នា​ឬ​អី តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ ដោយ​នូវ​ឈ្មោះ​ប៉ុល​ឬ​អី ១៤ ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ​ថា ខ្ញុំ​មិន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​មួយ ក្នុង​ពួក​អ្នក​រាល់​គ្នា​ទេ បាន​ធ្វើ​ឲ្យ​តែ​គ្រីសប៉ុល និង​កៃយុស​ប៉ុណ្ណោះ ១៥ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រកាន់​ថា ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​នោះ​ឡើយ ១៦ ខ្ញុំ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​ពួក​ផ្ទះ​ស្ទេផាន៉ាស​ដែរ តែ​ឯ​មនុស្ស​ឯ​ទៀត ខ្ញុំ​មិន​ដឹង​ជា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​ទេ ១៧ ដ្បិត​ព្រះគ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​បុណ្យ​ជ្រមុជទឹក​ទេ គឺ​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះគ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ​វិញ។

ព្រះយេស៊ូវ​ជា​ឫទ្ធានុភាព និង​ជា​ប្រាជ្ញាញាណ​របស់​ព្រះ

១៨ ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ ១៩ ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​និង​លើក​ចំណេះ​របស់​ពួក​អ្នក ដែល​ចេះ ចោល​ចេញ» ២០ តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា តើ​អាចារ្យ​នៅ​ឯ​ណា តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​សេចក្តី​ល្ងង់ល្ងើ​វិញ​ទេ​តើ ២១ ដ្បិត​ដោយ​ព្រោះ​ព្រះ​ទ្រង់​បាន​សំរេច​តាម​ប្រាជ្ញា​នៃ​ទ្រង់​ថា មនុស្ស​លោក​នឹង​រក​ស្គាល់​ព្រះ​ដោយ​អាង​ប្រាជ្ញា​ខ្លួន​មិន​បាន​ទេ បាន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ជួយ​សង្គ្រោះ​អស់​លោក​អ្នក​ដែល​ជឿ ដោយសារ​សេចក្តី​ល្ងីល្ងើ​វិញ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ ២២ ពី​ព្រោះ​សាសន៍​យូដា គេ​ចង់​ឃើញ​ភស្តុតាង ហើយ​សាសន៍​ក្រេក គេ​ស្វែង​រក​ប្រាជ្ញា ២៣ តែ​យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ព្រះគ្រីស្ទ ដែល​ទ្រង់​ត្រូវ​ឆ្កាង​វិញ ជា​ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​សាសន៍​ក្រេក ២៤ តែ​ព្រះគ្រីស្ទ ទ្រង់​ជា​ព្រះចេស្តា ហើយ​ជា​ប្រាជ្ញា​របស់​ព្រះ​វិញ ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ ទាំង​សាសន៍​យូដា ហើយ​និង​សាសន៍​ក្រេក​ផង ២៥ ដ្បិត​សេចក្តី​ល្ងង់ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្តី​កំសោយ​របស់​ព្រះ ក៏​មាន​កំឡាំង​លើស​ជាង​មនុស្ស​ដែរ។ ២៦ ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិនសូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច និង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ ២៧ ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស ២៨ ហើយ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ៍​នេះ និង​ពួក​អ្នក​ដែល​គេ​មើលងាយ ព្រម​ទាំង​របស់​ដែល​គ្មាន​ផង ដើម្បី​នឹង​លើក​ចោល​របស់​ដែល​មាន​ចេញ ២៩ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ ៣០ តែ​ដោយសារ​ព្រះ នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ដែល​ទ្រង់​បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង​ផង ៣១ ដើម្បី​ឲ្យ​បាន​ត្រូវ​នឹង​សេចក្តី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះអម្ចាស់​ប៉ុណ្ណោះ»។

១ កូរិនថូសទី ២

អំពី​ព្រះគ្រីស្ទ​ជាប់​ឆ្កាង

១ រីឯ​ខ្ញុំ បង​ប្អូន​អើយ កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម ដើម្បី​នឹង​ប្រាប់​សេចក្តី​បន្ទាល់​ពី​ព្រះដល់​អ្នក​រាល់​គ្នា​ទេ ២ ដ្បិត​ខ្ញុំ​បាន​ផ្តាច់​ចិត្ត​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្តាប់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះយេស៊ូវគ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង ៣ ខ្ញុំ​ក៏​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​កំសោយ​ភិតភ័យ ហើយ​ញាប់ញ័រ​ជា​ច្រើន​ដែរ ៤ ឯ​ពាក្យ​សំដី និង​វោហា​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តម ដែល​ពូកែ​បញ្ចុះបញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះវិញ្ញាណ និង​ព្រះចេស្តា​វិញ​ទេ​តើ ៥ ដើម្បី​កុំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះចេស្តា​នៃ​ព្រះ​វិញ។

ព្រះប្រាជ្ញាញាណ​របស់​ព្រះ

៦ ប៉ុន្តែ នៅ​ក្នុង​ចំណោម​មនុស្ស​គ្រប់​លក្ខណ៍ នោះ​យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា​ដែរ តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ៍​នេះ ឬ​របស់​ពួក​ចៅហ្វាយ​នៅ​លោកីយ៍​នេះ ដែល​ត្រូវ​សាបសូន្យ​នោះ​ទេ ៧ គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្តី​អាថ៌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត​គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សំរាប់​ជា​សិរីល្អ​ដល់​យើង​រាល់​គ្នា ៨ គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ​បាន​ស្គាល់​សេចក្តី​អាថ៌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់ នោះ​គេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​ដ៏​មាន​សិរី​ទេ ៩ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា«សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់» ១០ ព្រះ​ទ្រង់​បាន​សំដែង ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្តី​ទាំង​នោះ ដោយសារ​ព្រះវិញ្ញាណ​ទ្រង់ ដ្បិត​ព្រះវិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្តី​ជ្រាល​ជ្រៅ​នៃ​ព្រះ​ដែរ ១១ ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។ ១២ ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះវិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះគុណ ដែល​ព្រះ​បាន​ផ្តល់​មក​យើង ១៣ ហើយ​យើង​ក៏​និយាយ​ពី​សេចក្តី​ទាំង​នោះ​ឯង មិន​មែន​ដោយ​ពាក្យ​សំដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សំដី ដែល​ព្រះវិញ្ញាណ​បង្រៀន​វិញ ព្រម​ទាំង​ផ្ទឹម​ពន្យល់​សេចក្តី​ខាង​វិញ្ញាណ ដោយសារ​សេចក្តី​ខាង​ឯ​វិញ្ញាណ​ផង ១៤ ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណនៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្តី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ ១៥ ឯ​មនុស្ស​ខាង​វិញ្ញាណ​វិញ គេ​ពិចារណា​យល់​គ្រប់​ទាំង​អស់​បាន តែ​មិន​ត្រូវ​អ្នក​ណា​ពិចារណា​ខ្លួន​ឡើង ១៦ ដ្បិត តើ​អ្នក​ណា​ស្គាល់​គំនិត​នៃ​ព្រះអម្ចាស់ តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះគ្រីស្ទ​វិញ។

១ កូរិនថូសទី ៣

ភារកិច្ច​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ

១ ឯ​ខ្ញុំ បង​ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​នឹង​អ្នក​រាល់​គ្នា ដូច​នឹង​មនុស្ស​ខាង​ឯ​វិញ្ញាណ​បាន​ទេ ត្រូវ​តែ​និយាយ​ដូច​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​នឹង​កូន​ខ្ចី​ក្នុង​ព្រះគ្រីស្ទ ២ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ ៣ ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ ដ្បិត​ដែល​មាន​សេចក្តី​ឈ្នានីស ឈ្លោះ​ប្រកែក និង​បាក់​បែក​គ្នា ក្នុង​ពួក​អ្នក​រាល់​គ្នា នេះ​តើ​មិន​នៅ​ខាង​សាច់​ឈាម ហើយ​ដើរ​តាម​បែប​មនុស្ស​លោក​ទេ​ឬ​អី ៤ គឺ​កាល​ដែល​ម្នាក់​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ហើយ​ម្នាក់​ទៀត​ថា ខ្លួន​ជា​របស់​អ័ប៉ុឡូស នោះ​តើ​មិន​មែន​នៅ​ខាង​សាច់​ឈាម​ទេ​ឬ​អី ៥ ដូច្នេះ តើ​ប៉ុល​ជា​អ្វី ឬ​អ័ប៉ុឡូស​ជា​អ្វី គឺ​គ្រាន់​តែ​ជា​អ្នក​បំរើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​ទេ​តើ ៦ ខ្ញុំ​បាន​សាបព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ ៧ ហេតុ​នោះ​បាន​ជា​អ្នក​សាបព្រោះ និង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច​ហើយ​នឹង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ ៨ ឯ​អ្នក​ដែល​សាបព្រោះ និង​អ្នក​ដែល​ស្រោច នោះ​ដូច​គ្នា​ទេ ហើយ​ក្នុង​អ្នក​និមួយៗ នោះ​នឹង​បាន​រង្វាន់​តាម​ការ​ដែល​ខ្លួន​ធ្វើ ៩ ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ។ ១០ ខ្ញុំ​បាន​ដាំ​ជើង​ជញ្ជាំង ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ចំណាន តាម​ព្រះគុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ មាន​ម្នាក់​ទៀត​ជា​អ្នក​សង់​ពី​លើ ប៉ុន្តែ​ត្រូវ​ឲ្យ​មនុស្ស​ប្រយ័ត្ន​រៀង​ខ្លួន អំពី​បែប​ណា​ដែល​សង់​ពី​លើ​ជើង​នោះ ១១ ដ្បិត​គ្មាន​អ្នក​ណា​អាន​នឹង​ដាំ​ជើង​ជញ្ជាំង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ជើង​ដែល​បាន​ដាំ​រួច​ហើយ​នោះ​បាន​ទេ គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ១២ បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក ដើម្បី​នឹង​ធ្វើ​ពី​លើ​ជើង​ជញ្ជាំង​នេះ ១៣ នោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ​យ៉ាង​ច្បាស់លាស់ ព្រោះ​ការ​នោះ​នឹង​សំដែង​ចេញ​មក​ដោយសារ​ភ្លើង ហើយ​ភ្លើង​នឹង​សាក​មើល​ការ​ដែល​និមួយៗ ធ្វើ ឲ្យ​ដឹង​ជា​យ៉ាង​ណា ១៤ បើ​ការ​ដែល​អ្នក​ណា​សង់​ឡើង​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់ ១៥ បើ​ការ​ដែល​អ្នក​ណា​ធ្វើ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត​វិញ តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច បែប​ដូច​ជា​ដើរ​កាត់​ភ្លើង។ ១៦ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ១៧ បើ​អ្នក​ណា​បង្ខូច​ព្រះវិហារ​នៃ​ព្រះ នោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​ខូច​ដែរ ដ្បិត​ព្រះវិហារ​នៃ​ព្រះ​ជា​វត្ថុ​ដ៏​បរិសុទ្ធ គឺ​ជា​ខ្លួន​អ្នក​រាល់​គ្នា​នេះ​ឯង។ ១៨ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​ខ្លួន​ឡើយ បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងង់ល្ងើវិញ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ឡើង ១៩ ពី​ព្រោះ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ជា​សេចក្តី​ល្ងង់ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្តី​ចែង​ទុក​ថា «ព្រះ​ទ្រង់​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយសារ​កិច្ចកល​របស់​ខ្លួន​គេ» ២០ ហើយ​មាន​បទ​១​ទៀត​ថា «ព្រះអម្ចាស់​ទ្រង់​ជ្រាប​គំនិត​នៃ​ពួក​អ្នក​ប្រាជ្ញ ថា​ជា​ឥត​ប្រយោជន៍​ទាំង​អស់» ២១ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង​អស់​ជា​របស់ផង​អ្នក​រាល់​គ្នា ២២ ទោះ​ទាំង​ប៉ុល ឬ​អ័ប៉ុឡូស កេផាស លោកីយ៍ ជីវិត សេចក្តី​ស្លាប់ របស់​នៅ​ជំនាន់​សព្វ​ថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​ផង​អ្នក​រាល់​គ្នា​ទាំង​អស់ ២៣ តែ​ឯ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ​វិញ ហើយ​ព្រះគ្រីស្ទ ទ្រង់​ជា​របស់​ព្រះ។

១ កូរិនថូសទី ៤

សាវ័ក​របស់​ព្រះគ្រីស្ទ

១ ដូច្នេះ មនុស្ស​ត្រូវ​រាប់​យើង​ខ្ញុំ ទុក​ដូច​ជា​អ្នក​ជំនួយ​នៃ​ព្រះគ្រីស្ទ ហើយ​ជា​អ្នក​រ៉ាប់រង​ចំពោះ​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះ​វិញ ២ រីឯ​អ្នក​រ៉ាប់រង ត្រូវ​ឲ្យ​គេ​បាន​ស្មោះត្រង់ ៣ តែ​ខាង​ឯ​ដំណើរ​របស់​ខ្ញុំ ដែល​អ្នក​រាល់​គ្នា ឬ​មនុស្ស​ណា​ក៏​ដោយ ចោទ​ប្រកាន់​ទោស​ខ្ញុំ នោះ​មិន​ជា​ការ​អំពល់​អ្វី​ដល់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​ចោទ​ទោស​ខ្លួន​ខ្ញុំ​ផង ៤ ពី​ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​នៅ​ក្នុង​ខ្លួន​ខ្ញុំ​សោះ ប៉ុន្តែ ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិត​ដោយសារ​ហេតុ​នោះ​ទេ អ្នក​ដែល​ចោទ​ប្រកាន់​ទោស នោះ​គឺ​ជា​ព្រះអម្ចាស់​វិញ​ទេ​តើ ៥ ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះអម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​និង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្តី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។ ៦ បង​ប្អូន​អើយ ខ្ញុំ​បាន​បង្វែរ​សេចក្តី​ទាំង​នេះ​មក​លើ​ខ្លួន​ខ្ញុំ និង​អ័ប៉ុឡូស ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហាត់​រៀន​តាម​យើង មិន​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្តី ដែល​បាន​ចែង​ទុក​មក ប្រយោជន៍​កុំ​ឲ្យ​អ្នក​ណា​មាន​សេចក្តី​អំនួត អួត​ពី​អ្នក​១​ទាស់​នឹង​អ្នក​១​ឡើយ ៧ ដ្បិត​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ ៨ អ្នក​រាល់​គ្នា​ឆ្អែត​ហើយ ក៏​ជា​អ្នក​មាន​ផង កាល​ឥត​ពី​យើង​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​ឡើង ហើយ​ខ្ញុំ​ក៏​សុខ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​ដែរ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​សោយ​រាជ្យ​ជា​មួយ​គ្នា ៩ ខ្ញុំ​ស្មាន​ថា ព្រះ​ទ្រង់​បាន​ដាក់​យើង​ខ្ញុំ ដែល​ជា​ពួក​សាវ័ក ឲ្យ​នៅ​ក្រោយ​បង្អស់ ហាក់​ដូច​ជា​បាន​តម្រូវ​ឲ្យ​ស្លាប់​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដែល​សំរាប់​ឲ្យ​លោកីយ៍​បាន​មើល​លេង គឺ​ដល់​ទាំង​ពួក​ទេវតា និង​ពួក​មនុស្ស​ផង ១០ យើង​ខ្ញុំ​ជា​មនុស្ស​ល្ងង់ល្ងើ​ដោយ​យល់​ព្រះគ្រីស្ទ តែ​អ្នក​រាល់​គ្នា​ជា​អ្នក​ប្រាជ្ញ​ក្នុង​ព្រះគ្រីស្ទ​វិញ យើង​ខ្ញុំ​ខ្សោយ តែ​អ្នក​រាល់​គ្នា​មាន​កំឡាំង អ្នក​រាល់​គ្នា​មាន​សេចក្តី​រុងរឿង តែ​យើង​ខ្ញុំ​អាប់ឱន​កេរ្តិ៍​ឈ្មោះ​វិញ ១១ លុះ​មក​ដល់​ឥឡូវ​នេះ យើង​ខ្ញុំ​ត្រូវ​ទាំង​ឃ្លាន ទាំង​ស្រេក ហើយ​នៅ​អាក្រាត ទាំង​ត្រូវ​គេ​វាយ ហើយ​ក៏​ដើរ​សាត់​អណ្តែត ១២ យើង​ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​នឹង​ដៃ​យើង កាល​ណា​គេ​ជេរ នោះ​យើង​ខ្ញុំ​ឲ្យ​ពរ​វិញ កាល​ណា​គេ​បៀត​បៀន នោះ​យើង​ខ្ញុំ​ទ្រាំ​ទ្រ ១៣ កាល​ណា​គេ​ប្រមាថ នោះ​យើង​ខ្ញុំ​អង្វរ​ដល់​គេ យើង​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សំរាម​របស់​លោកីយ៍ ហើយ​ដូច​ជា​កំអែល​នៃ​មនុស្ស​ទាំង​អស់ ដរាប​ដល់​ឥឡូវ​នេះ ១៤ ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ខ្មាស​ទេ ខ្ញុំ​គ្រាន់​តែ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ស្ងួនភ្ងា​វិញ​ប៉ុណ្ណោះ ១៥ ដ្បិត​ថ្វី​បើ​អ្នក​រាល់​គ្នា​មាន​គ្រូ ទាំង​ម៉ឺន​ក្នុង​ព្រះគ្រីស្ទ តែ​គ្មាន​ឪពុក​ជា​ច្រើន​ទេ មាន​តែ​ខ្ញុំ​១​ប៉ុណ្ណោះ ដែល​បាន​បង្កើត​អ្នក​រាល់​ក្នុង​ព្រះគ្រីស្ទ តែ​គ្មាន​ឪពុក​ជា​ច្រើន​ទេ មាន​តែ​១​ប៉ុណ្ណោះ ដែល​បាន​បង្កើត​អ្នក​រាល់​ក្នុង​ព្រះគ្រីស្ទ ដោយសារ​ដំណឹង​ល្អ ១៦ ដូច្នេះ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​យក​ដំរាប់​តាម​ខ្ញុំ​ចុះ។ ១៧ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចាត់​ធីម៉ូថេ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គាត់​ជា​កូន​ស្ងួនភ្ងា ហើយ​ស្មោះត្រង់​របស់​ខ្ញុំ ក្នុង​ព្រះអម្ចាស់ គាត់​នឹង​រំឭក​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​កិរិយា​របស់​ខ្ញុំ​ក្នុង​ព្រះគ្រីស្ទ តាម​សេចក្តី​ដែល​ខ្ញុំ​បង្រៀន ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​នៅ​សព្វ​អន្លើ ១៨ មាន​អ្នក​ខ្លះ​កើត​មាន​ចិត្ត​ធំ ដោយ​គិត​ស្មាន​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា​ទេ ១៩ ប៉ុន្តែ​បន្តិច​ទៀត បើ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​ខ្ញុំ​នឹង​មក​ជា​មិន​ខាន ហើយ​ខ្ញុំ​នឹង​ស្គាល់ មិន​ត្រឹម​តែ​ពាក្យ​សំដី​របស់​ពួក​អ្នក​ដែល​មាន​ចិត្ត​ធំ​ប៉ុណ្ណោះ គឺ​នឹង​ស្គាល់​ដល់​ទាំង​អំណាច​គេ​ថែម​ទៀត​ផង ២០ ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ស្រេច​នឹង​ឥទ្ធិឫទ្ធិ​វិញ ២១ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​យ៉ាង​ណា ចង់​ឲ្យ​ខ្ញុំ​មក​ទាំង​កាន់​ដំបង ឬ​ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​សុភាព​រាប​សា​វិញ។

១ កូរិនថូសទី ៥

អំពី​ការ​ប្រាស​ចាក​សីលធម៌

១ មាន​ឮ​រន្ទឺ​សុល​សាយ​ជានិច្ច​ថា មាន​ការ​កំផិត​កើត​ឡើង ក្នុង​ពួក​អ្នក​រាល់​គ្នា​ពិត ជា​ការ​កំផិត​ម្យ៉ាង ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង គឺ​ថា មាន​មនុស្ស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន ២ តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ចិត្ត​ធំ ឥត​កើត​ទុក្ខ​ព្រួយ ដើម្បី​នឹង​ដក​អ្នក​ដែល​ប្រព្រឹត្ត​ការ​នោះ ឲ្យ​ថយ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ៣ ឯ​ខ្ញុំ ទោះ​បើ​មិន​នៅ​ជា​មួយ​ខាង​សាច់​ឈាម​ក៏​មែន គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ ខ្ញុំ​ក៏​បាន​កាត់​ទោស​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ហើយ ហាក់​ដូច​ជា​បាន​នៅ​ជា​មួយ​គ្នា​ដែរ ៤ គឺ​ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា និង​វិញ្ញាណ​ខ្ញុំ​បាន​ប្រជុំ​គ្នា ព្រម​ទាំង​មាន​ព្រះចេស្តា​នៃ​ព្រះអម្ចាស់យេស៊ូវ​នៃ​យើង​ផង នោះ​ខ្ញុំ​បាន​កាត់​ទោស​អ្នក​នោះ ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ៥ ដើម្បី​នឹង​បញ្ជូន​មនុស្ស​យ៉ាង​នោះ​ទៅ​អារក្សសាតាំង ឲ្យ​បំផ្លាញ​និស្ស័យ​សាច់​ឈាម​គេ ប្រយោជន៍​ឲ្យ​ព្រលឹង​វិញ្ញាណ​បាន​សង្គ្រោះ ក្នុង​ថ្ងៃ​នៃ​ព្រះអម្ចាស់យេស៊ូវ​វិញ ៦ សេចក្តី​អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ តើ​មិន​ដឹង​ថា ដំបែ​តែ​បន្តិច អាច​នឹង​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន​ទេ​ឬ​អី ៧ ចូរ​សំអាត​ដំបែរ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឥត​ដំបែ​ហើយ ព្រោះ​ព្រះគ្រីស្ទ​ដ៏​ជា​យញ្ញបូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ ៨ បាន​ជា​ត្រូវ​ឲ្យ​យើង​ធ្វើ​បុណ្យ​នេះ​ដោយ​ឥត​មាន​ដំបែរ គឺ​ដោយ​សេចក្តី​ស្មោះត្រង់ និង​សេចក្តី​ពិត​វិញ មិន​មែន​ដោយ​ដំបែរ​ចាស់ ឬ និង​ដំបែរ​ជា​សេចក្តី​អាក្រក់ និង​សេចក្តី​កំណាច​នោះ​ទៀត​ឡើយ។ ៩ ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ភប់ប្រសព្វ​នឹង​មនុស្ស​កំផិត​ឡើយ ១០ តែ​ពាក្យ​នោះ​មិន​សំដៅ​ចំពោះ​មនុស្ស​កំផិត​របស់​ផង​លោកីយ៍​នេះ ឬ​មនុស្ស​លោភ មនុស្ស​ប្លន់​កំហែង ឬ​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ​នោះ​ទេ ដ្បិត​បើ​ដូច្នោះ នោះ​ត្រូវ​តែ​ចេញ​ឲ្យ​ផុត​ពី​លោកីយ៍​នេះ​ទៅ ១១ គឺ​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា ដោយ​ន័យ​យ៉ាង​នេះ​ថា បើ​មាន​អ្នក​ណា​នៅ​ក្នុង​ពួក​ជំនុំ ជា​មនុស្ស​កំផិត ឬ​លោភ ឬ​ថ្វាយ​បង្គំ​រូប​ព្រះ ឬ​ជេរ​ប្រមាថ ជា​អ្នក​ប្រមឹក ឬ​ប្លន់​កំហែង នោះ​មិន​ត្រូវ​ឲ្យ​ភប់ប្រសព្វ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិភោគ​ជា​មួយ​នឹង​គេ​ផង ១២ ដ្បិត​តើ​ត្រូវ​ការ​អ្វី​ឲ្យ​ខ្ញុំ​ជំនុំជំរះ​ដល់​មនុស្ស​ខាង​ក្រៅ តើ​អ្នក​រាល់​គ្នា​មិន​ជំនុំជំរះ​មនុស្ស​ក្នុង​ពួក​ជំនុំ​ទេ​ឬ​អី ១៣ ឯ​ចំណែក​ពួក​អ្នក​ខាង​ក្រៅ នោះ​ព្រះ​នឹង​ជំនុំជំរះ​គេ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បណ្តេញ​មនុស្ស​អាក្រក់​នោះ ពី​ពួក​អ្នក​រាល់​គ្នា​ចេញ។

១ កូរិនថូសទី ៦

អំពី​ការ​ប្តឹង​ផ្តល់​គ្នា​ក្នុង​ចំណោម​ពួក​បង​ប្អូន

១ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​រឿង​ទាស់​នឹង​អ្នក​ឯ​ទៀត តើ​ហ៊ាន​ប្តឹង​ដល់​ពួក​មនុស្ស​ទុច្ចរិត មិន​ប្តឹង​ដល់​ពួក​បរិសុទ្ធ​វិញ​ទេ​ឬ​អី ២ តើ​មិន​ដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំជំរះ​លោកីយ៍​ដែរ​ទេ​ឬ ដូច្នេះ បើ​អ្នក​រាល់​គ្នា​នឹង​ជំនុំជំរះ​លោកីយ៍​បាន នោះ​តើ​មិន​គួរ​នឹង​ជំនុំជំរះ​ការណ៍​តូច​បំផុត​នេះ​បាន​ដែរ​ទេ​ឬ​អី ៣ តើ​មិន​ដឹង​ថា យើង​រាល់​គ្នា​នឹង​ជំនុំជំរះ ដល់​ទាំង​ពួក​ទេវតា​ផង​ទេ​ឬ​អី ដូច្នេះ ចំណង​បើ​ការណ៍​នៅ​ជីវិត​នេះ តើ​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត ៤ ចុះ​បើ​អ្នក​រាល់​គ្នា​មាន​រឿង​អ្វី​ពី​ជីវិត​នេះ នោះ​តើ​នឹង​យក​មនុស្ស ដែល​ពួក​ជំនុំ​រាប់​អាន​តិច​ជាង​គេ ឲ្យ​បាន​ជំនុំជំរះ​រឿង​នោះ​ឬ​អី ៥ ដែល​ខ្ញុំ​និយាយ​ដូច្នេះ​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ខ្មាស​វិញ តើ​គ្មាន​អ្នក​មាន​ប្រាជ្ញា​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា សូម្បី​តែ​មួយ ដែល​អាច​នឹង​ជំនុំជំរះ​រឿង ដែល​ពួក​បង​ប្អូន​ប្តឹងប្តល់​គ្នា​ទេ​ឬ​អី ៦ បាន​ជា​ពួក​បង​ប្អូន​កើត​ក្តី​នឹង​គ្នា ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​មិន​ជឿ​ផង​ដូច្នេះ ៧ យ៉ាង​នោះ មាន​ពេញ​ជា​ការ​កំហុស ក្នុង​ពួក​អ្នក​រាល់​គ្នា​ហើយ គឺ​ដែល​គ្រាន់​តែ​កើត​ក្តី​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឯង ហេតុ​អ្វី​បាន​ជា​មិន​ស៊ូ​ទ្រាំ​ក្នុង​ការ​អាក្រក់​នោះ ហើយ​មិន​ស៊ូ​ទ្រាំ​ឲ្យ​គេ​បំបាត់​អ្នក​វិញ ៨ តែ​អ្នក​រាល់​គ្នា​ធ្វើ​បាប ហើយ​បំបាត់​គេ ទាំង​ប្រព្រឹត្ត​ដូច្នោះ​នឹង​ពួក​បង​ប្អូន​ផង ៩ តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ១០ ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ ១១ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

សិទ្ធិ​សេរីភាព​របស់​គ្រីស្ទបរិស័ទ

១២ ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន ប៉ុន្តែ​មិន​មែន​ការ​ទាំង​នោះ​មាន​ប្រយោជន៍​ទាំង​អស់​ទេ ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​មែន ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​ក្នុង​អំណាច​នៃ​ការ​ណា​មួយ​នោះ​សោះ ១៣ ឯ​ចំណី​អាហារ នោះ​សំរាប់​ក្រពះ ហើយ​ក្រពះ​ក៏​សំរាប់​ចំណី​អាហារ​ដែរ តែ​ព្រះ​ទ្រង់​នឹង​ឲ្យ​ទាំង​២​យ៉ាង​សាបសូន្យ​ទៅ ឯ​រូបកាយ មិន​មែន​សំរាប់​ការ​កំផិត​ទេ គឺ​សំរាប់​តែ​ព្រះអម្ចាស់​វិញ ហើយ​ព្រះអម្ចាស់​ក៏​សំរាប់​រូបកាយ​ដែរ ១៤ ព្រះ​ទ្រង់​បាន​ទាំង​ប្រោស​ឲ្យ​ព្រះអម្ចាស់​រស់​ឡើង​វិញ ហើយ​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​រស់​ឡើង​ដែរ ដោយសារ​ព្រះចេស្តា​នៃ​ទ្រង់ ១៥ តែ​មិន​ដឹង​ថា រូបកាយ​អ្នក​រាល់​គ្នា ជា​អវយវៈ​របស់​ព្រះ​ទេ​ឬ​អី ដូច្នេះ តើ​ខ្ញុំ​នឹង​យក​អវយវៈ​របស់​ព្រះគ្រីស្ទ ឲ្យ​ទៅ​ធ្វើ​ជា​អវយវៈ​របស់​ស្រី​សំផឹង​វិញ​ឬ ទេ មិន​ត្រូវ​ឡើយ ១៦ ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា អ្នក​ណា​ដែល​ទៅ​សេពសម្ភព​នឹង​ស្រី​សំផឹង នោះ​ជា​រូប​សាច់​តែ​១​ផង​គ្នា ដ្បិត​ព្រះទ្រង់​មាន​ព្រះបន្ទូល​ថា «អ្នក​ទាំង​២​នឹង​ទៅ​ជា​សាច់​តែ​១» ១៧ ឯ​អ្នក​ដែល​នៅ​ជាប់​នឹង​ព្រះអម្ចាស់ នោះ​ក៏​ជា​វិញ្ញាណ​តែ​១​នឹង​ទ្រង់​ដែរ ១៨ ចូរ​រត់​ពី​ការ​សហាយស្មន់​ចេញ គ្រប់​ទាំង​អំពើ​បាប​ណា​ដែល​មនុស្ស​ប្រព្រឹត្ត នោះ​នៅ​ខាង​ក្រៅ​រូបកាយ​ទេ តែ​អ្នក​ណា​ដែល​សហាយស្មន់​គ្នា នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​រូបកាយ​ខ្លួន​ឯង​ផង ១៩ តើ​មិន​ដឹង​ទេ​ឬ​អី​ថា រូបកាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ ២០ ដ្បិត​ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​ដំកើង​ព្រះនៅ​ក្នុង​រូបកាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​របស់​ផង​ទ្រង់​ចុះ។

១ កូរិនថូសទី ៧

អំពី​បញ្ហា​គូ​ស្រករ

១ ឯ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​សួរ​ខ្ញុំ នោះ​ខ្ញុំ​យល់​ឃើញ​ថា បើ​មនុស្ស​ប្រុស​មិន​ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង ២ តែ ដោយ​ព្រោះ​មាន​ការ​សហាយស្មន់​កើត​ឡើង បាន​ជា​គួរ​ឲ្យ​គ្រប់​មាន​ប្រពន្ធ​ជា​របស់​ផង​ខ្លួន​វិញ ហើយ​គ្រប់​ទាំង​ស្រី​ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ផង​ខ្លួន​ដែរ ៣ ត្រូវ​ឲ្យ​ប្តី​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ដោយ​ចិត្ត​សប្បុរស ហើយ​ត្រូវ​ឲ្យ​ប្រពន្ធ​ប្រព្រឹត្ត​នឹង​ប្តី​ក៏​ដូច្នោះ​ដែរ ៤ ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូបកាយ​ខ្លួន​ឯង​ទេ គឺ​ជា​ប្តី​វិញ ហើយ​ប្តី​ក៏​មិន​មែន​ជា​ម្ចាស់​លើ​រូបកាយ​ខ្លួន​ឯង​ដែរ គឺ​ជា​ប្រពន្ធ​វិញ ៥ ដូច្នេះ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើក​តែ​ស្រុះ​ចិត្ត​គ្នា​ក្នុង​១​ពេល ដើម្បី​ឲ្យ​បាន​ជា​ទំនេរ​នឹង​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជា​មួយ​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​លួង​អ្នក​រាល់​គ្នា ដោយ​មិន​ចេះ​អត់​ទ្រាំ ៦ ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​នេះ​ដោយ​អធ្យាស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ ៧ ខ្ញុំ​ចូល​ចិត្ត​ឲ្យ​គ្រប់​មនុស្ស​ទាំង​អស់​បាន​ដូច​ជា​ខ្ញុំ តែ​គ្រប់​គ្នា​មាន​អំណោយ​ទាន​មក​ពី​ព្រះ​ផ្សេង​គ្នា​រៀង​ខ្លួន គឺ​ម្នាក់​យ៉ាង​នេះ ម្នាក់​យ៉ាង​នោះ ៨ ខ្ញុំ​ក៏​និយាយ​ចំពោះ​នឹង​ពួក​ក្រមុំ កំឡោះ ហើយ​និង​ពួក​មេម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ នោះ​ល្អ​ហើយ ៩ ប៉ុន្តែ បើ​អ្នក​ទាំង​នោះ​អត់​ទ្រាំ​មិន​បាន នោះ​ចូរ​យក​ប្តី​ប្រពន្ធ​ចុះ ដ្បិត​ដែល​យក​ប្តី​ប្រពន្ធ នោះ​ជា​ជាង​ទ្រាំ​ឲ្យ​មាន​សេចក្តី​រោលរាល​វិញ ១០ ឯ​ខាង​អ្នក​ដែល​មាន​ប្តី​ប្រពន្ធ​ហើយ នោះ​ខ្ញុំ​នឹង​បង្គាប់​ដែរ តែ​មិន​គឺ​ខ្ញុំ គឺ​ជា​ព្រះអម្ចាស់​វិញ ទ្រង់​បង្គាប់​ថា កុំ​ឲ្យ​ប្រពន្ធ​លែង​ប្តី​ឡើយ ១១ ឬ​បើ​បាន​លែង​ប្តី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្តី​ទៅ​ចុះ ឬ​ឲ្យ​ជា​នឹង​ប្តី​ខ្លួន​វិញ​ទៅ ហើយ​ឯ​ប្តី ក៏​កុំ​ឲ្យ​លែង​ប្រពន្ធ​ខ្លួន​ដែរ។ ១២ ឯ​មនុស្ស​ឯ​ទៀត មិន​មែន​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទេ គឺ​ខ្លួន​ខ្ញុំ​និយាយ​ថា បើ​បង​ប្អូន​ណា​មាន​ប្រពន្ធ​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​ខ្លួន នោះ​មិន​ត្រូវ​លះ​ចោល​នាង​ឡើយ ១៣ ហើយ​ស្ត្រី​ណា​មាន​ប្តី​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​នាង នោះ​ក៏​មិន​ត្រូវ​ឲ្យ​នាង​លះ​ចោល​គេ​ដែរ ១៤ ដ្បិត​ប្តី​ដែល​មិន​ជឿ នោះ​បាន​រាប់​ជា​ស្អាត​ដោយសារ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ដោយសារ​ប្តី​ដែរ ពុំ​នោះ កូន​ចៅ​គេ​មិន​ស្អាត​ទេ តែ​ឥឡូវ​នេះ វា​ស្អាត​ហើយ ១៥ តែ​បើ​អ្នក​ដែល​មិន​ជឿ​គេ​ដក​ខ្លួន​ចេញ នោះ​ឲ្យ​គេ​ចេញ​ចុះ យ៉ាង​នោះ បង​ប្អូន​ប្រុស​ឬ​ស្រី នឹង​មិន​នៅ​ជាប់​ចំណង​ទៀត​ទេ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា ឲ្យ​មាន​សេចក្តី​មេត្រី​នឹង​គ្នា​វិញ ១៦ ដ្បិត​ឱ​ស្ត្រី​អើយ ប្រហែល​ជា​នាង​នឹង​សង្គ្រោះ​ប្តី​បាន​ទេ​ដឹង ឬ​បុរស​អើយ ប្រហែល​ជា​អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​បាន​ដែរ​ទេ​ដឹង។

ជីវិត​រស់​នៅ​ស្រប​តាម​ការ​ត្រាស់ហៅ​របស់​ព្រះ

១៧ តែ​ត្រូវ​ឲ្យ​គ្រប់​គ្នា​ដើរ​តាម​ដែល​ព្រះអម្ចាស់​បាន​ចែក​ឲ្យ ហើយ​តាម​ដែល​ព្រះ​បាន​ហៅ​មក​រៀង​ខ្លួន ខ្ញុំ​ក៏​តាំង​របៀប​យ៉ាង​ដូច្នេះ ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​ដែរ ១៨ បើ​ទ្រង់​បាន​ហៅ​អ្នក​ណា​ដែល​កាត់​ស្បែក​ហើយ កុំ​ឲ្យ​អ្នក​នោះ​ត្រឡប់​ដូច​ជា​មិន​កាត់​ស្បែក​វិញ​ឡើយ បើ​ទ្រង់​ហៅ​អ្នក​ណា​ដែល​មិន​បាន​កាត់​ស្បែក កុំ​ឲ្យ​អ្នក​នោះ​កាត់​ស្បែក​ឲ្យ​សោះ ១៩ ព្រោះ​ការ​កាត់​ស្បែក​មិន​ជា​អ្វី​ទេ ឬ​ដែល​មិន​កាត់​ស្បែក នោះ​ក៏​មិន​ជា​អ្វី​ដែរ តែ​ដែល​មាន​ប្រយោជន៍ នោះ​គឺ​ស្រេច​នឹង​កាន់​តាម​បញ្ញត្ត​របស់​ព្រះ​វិញ ២០ បើ​មនុស្ស​មាន​សណ្ឋាន​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ហៅ នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ​ចុះ ២១ កាល​ទ្រង់​ហៅ​អ្នក​មក តើ​អ្នក​ជា​បាវ​បំរើ​គេ​ឬ​អី កុំ​ឲ្យ​ព្រួយ​ពី​សេចក្តី​នោះ​ឡើយ តែ​បើ​អាច​នឹង​ដោះ​ខ្លួន​រួច នោះ​ស៊ូ​ដោះ​ខ្លួន​ចេញ​ទៅ ២២ ដ្បិត​អ្នក​ណា​ដែល​ធ្វើ​ជា​បាវ​បំរើ​គេ ក្នុង​កាល​ដែល​ព្រះអម្ចាស់​ហៅ​មក នោះ​ជា​អ្នក​ជា​របស់​ព្រះអម្ចាស់ ហើយ​អ្នក​ជា​ណា​ដែល​ទ្រង់​ហៅ​មក នោះ​ជា​បាវ​បំរើ​នៃ​ព្រះគ្រីស្ទ​វិញ ២៣ ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ កុំ​ឲ្យ​ត្រឡប់​ជា​បាវ​បំរើ​របស់​មនុស្ស​ទៀត​ឡើយ ២៤ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ហៅ​មក នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ នៅ​ចំពោះ​ទ្រង់​ចុះ។

អ្នក​មិន​ទាន់​រៀប​ការ និង​ស្ត្រី​មេម៉ាយ

២៥ ឯ​ត្រង់​ពួក​ស្រី​ក្រមុំៗ ខ្ញុំ​គ្មាន​ទទួល​សេចក្តី​បង្គាប់​ពី​ព្រះអម្ចាស់​មក​ទេ តែ​ខ្ញុំ​សំដែង​ដោយ​គំនិត​ខ្ញុំ ទុក​ដូច​ជា​បាន​ទទួល​សេចក្តី​មេត្តាករុណា​មក​ពី​ព្រះអម្ចាស់ ឲ្យ​បាន​គួរ​ជឿ​ដែរ ២៦ ដូច្នេះ ដោយ​ព្រោះ​គ្រា​លំបាក​នេះ ខ្ញុំ​ស្មាន​ជា​យ៉ាង​នេះ​បាន​ស្រួល គឺ​ថា​គួរ​ឲ្យ​មនុស្ស​នៅ​តែ​ដដែល​វិញ ២៧ តើ​ជាប់​មាន​ប្រពន្ធ​ឬ​អី កុំ​ឲ្យ​រក​ផ្លូវ​នឹង​លែង​គ្នា​ឡើយ បើ​មិន​ទាន់​ជាប់​មាន​ប្រពន្ធ​នៅ​ឡើយ នោះ​ក៏​កុំ​ឲ្យ​រក​ប្រពន្ធ​ដែរ ២៨ ប៉ុន្តែ បើ​អ្នក​បាន​យក​ប្រពន្ធ​ហើយ នោះ​មិន​មែន​ហៅ​ថា​មាន​បាប​ទេ ហើយ​បើ​ស្រ្តី​ក្រមុំ​ណា​យក​ប្តី​ហើយ នាង​នោះ​ក៏​មិន​មែន​ហៅ​ថា​មាន​បាប​ដែរ តែ​ពួក​អ្នក​យ៉ាង​នោះ​នឹង​មាន​សេចក្តី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម ណ្ហើយ ខ្ញុំ​ឈប់​ស្លេះ​ប៉ុណ្ណេះ​ចុះ ដោយ​ព្រោះ​អាណិត​ដល់​អ្នក​រាល់​គ្នា។ ២៩ បង​ប្អូន​អើយ ខ្ញុំ​ប្រាប់​សេចក្តី​នេះ​ថា ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ ៣០ ពួក​ដែល​យំ ដូច​ជា​មិន​យំ ពួក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ ពួក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ ៣១ ហើយ​ពួក​អ្នក​ដែល​ប្រើ​ប្រាស​លោកីយ៍​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ ដ្បិត​គំរូ​នៃ​លោកីយ៍​នេះ​តែង​តែ​ផ្លាស់​ទៅ ៣២ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​សេចក្តី​កង្វល់ ឯ​អ្នក​ដែល​គ្មាន​ប្រពន្ធ នោះ​តែង​រវល់​តែ​នឹង​ការ​របស់​ព្រះអម្ចាស់ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ​ប៉ុណ្ណោះ ៣៣ តែ​អ្នក​ណា​ដែល​មាន​ប្រពន្ធ នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ៍​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច ឲ្យ​ប្រពន្ធ​បាន​ពេញ​ចិត្ត ៣៤ ស្ត្រី​មាន​ប្តី និង​ស្ត្រី​ក្រមុំ​ក៏​ខុស​ពី​គ្នា​យ៉ាង​នោះ​ដែរ គឺ​ស្រី​ដែល​គ្មាន​ប្តី នោះ​តែង​រវល់​នឹង​ការ​របស់​ព្រះអម្ចាស់ ឲ្យ​បាន​បរិសុទ្ធ​ទាំង​ខ្លួន​ប្រាណ និង​ព្រលឹង​វិញ្ញាណ​ផង តែ​ស្ត្រី​ណា​ដែល​មាន​ប្តី នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ៍​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ប្តី​បាន​ពេញ​ចិត្ត ៣៥ ដែល​ខ្ញុំ​និយាយ​សេចក្តី​នេះ នោះ​សំរាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ជា​ការ​ដាក់​អន្ទាក់​រូត​នៅ​មុខ​អ្នក​រាល់​គ្នា​ទេ គឺ​សំរាប់​ការ​ដែល​គួរ​គប្បី ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឧស្សាហ៍​បំរើ​ព្រះអម្ចាស់ ឥត​មាន​សេចក្តី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត​ឡើយ ៣៦ បើ​មាន​អ្នក​ណា​ស្មាន​ថា មិន​គួរ​គប្បី​ចំពោះ​កូន​ក្រមុំ ដែល​ហួស​អាយុ​គ្រប់​ការ​ហើយ ក៏​មាន​សេចក្តី​បង្ខំ​ក្នុង​ការ​នោះ​ដែរ នោះ​ឲ្យ​ឪពុក​ធ្វើ​តាម​ចិត្ត​ទៅ គឺ​ឲ្យ​កូន​យក​ប្តី​ចុះ គ្មាន​បាប​ទេ ៣៧ តែ​ឪពុក​អ្នក​ណា​ដែល​មាន​ចិត្ត​ដាច់ ឥត​មាន​សេចក្តី​បង្ខំ​ទេ គឺ​មាន​អំណាច​នឹង​សំរេច​ដោយ​ខ្លួន​ឯង​បាន ហើយ​បាន​តាំង​ចិត្ត​ថា នឹង​ទុក​កូន​នៅ​ជា​ក្រមុំ​ដរាប​ទៅ នោះ​ក៏​ស្រួល​ហើយ ៣៨ បាន​ជា​អ្នក​ដែល​ឲ្យ​កូន​ទៅ​គេ ក៏​បាន​ប្រព្រឹត្ត​ល្អ ហើយ​អ្នក​ដែល​មិន​ឲ្យ​កូន​ទៅ​គេ នោះ​ក៏​ប្រព្រឹត្ត​ល្អ​ជាង​ទៅ​ទៀត ៣៩ កាល​ប្តី​នៅ​រស់​នៅ​ឡើយ នោះ​ប្រពន្ធ​ត្រូវ​តែ​ជាប់​នៅ​ក្នុង​ចំណង​របស់​ប្តី​ជា​ដរាប តែ​បើ​កាល​ណា​ប្តី​ស្លាប់​ទៅ នោះ​នាង​មាន​ច្បាប់​នឹង​យក​ប្តី​បាន​តាម​ចិត្ត ឲ្យ​តែ​យក​ក្នុង​ព្រះអម្ចាស់ ៤០ ប៉ុន្តែ តាម​គំនិត​ខ្ញុំ​យល់​ថា បើ​នាង​នោះ​នៅ​តែ​មេម៉ាយ​ត​ទៅ នោះ​នាង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​ស្មាន​ថា ខ្ញុំ​មាន​វិញ្ញាណ​នៃ​ព្រះ​ដែរ។

១ កូរិនថូសទី ៨

អំពី​សាច់​ដែល​គេ​សែន​ហើយ

១ ឯ​ត្រង់​ភោជនាហារ ដែល​បាន​ថ្វាយ​ទៅ​រូប​ព្រះនោះ​យើង​រាល់​គ្នា​ដឹង​ថា (ដ្បិត​យើង​ទាំង​អស់​គ្នា​មាន​ចំណេះ រីឯ​ចំណេះ​នោះ​នាំ​ឲ្យ​ចិត្ត​ប៉ោង​ឡើង តែ​សេចក្តី​ស្រឡាញ់​ស្អាង​ចិត្ត​ឡើង​វិញ ២ បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នោះ​នៅ​ឡើយ​ទេ ៣ តែ​បើ​អ្នក​ណា​ស្រឡាញ់​ព្រះ ទ្រង់​ក៏​ស្គាល់​អ្នក​នោះ) ៤ ឯ​ដំណើរ​បរិភោគ​ភោជនាហារ ដែល​បាន​ថ្វាយ​ទៅ​រូប​ព្រះ នោះ​យើង​ដឹង​ថា ក្នុង​លោកីយ៍​នេះ រូប​ព្រះ​មិន​បាន​ជា​អ្វី​ទេ ហើយ​ថា គ្មាន​ព្រះ​ណា​ទៀត ក្រៅ​ពី​ព្រះ​តែ​១​ឡើយ ៥ ដ្បិត​ថ្វី​បើ​មាន​អ្វី​ដែល​ហៅ​ថា​ព្រះ ទោះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក្តី ដូច​ជា​មាន​ព្រះ​ជា​ច្រើន និង​ម្ចាស់​ជា​ច្រើន​មែន ៦ គង់​តែ​ខាង​យើង មាន​ព្រះ​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះវរបិតា ដែល​របស់​សព្វ​សារពើ​កើត​មក​ពី​ទ្រង់ ហើយ​យើង​រាល់​គ្នា​ក៏​សំរាប់​ទ្រង់ ក៏​មាន​ព្រះអម្ចាស់​តែ​១ គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយសារ​ទ្រង់ ហើយ​យើង​ក៏​ដោយសារ​ទ្រង់​ដែរ ៧ តែ​មនុស្ស​ទាំង​អស់​គ្មាន​ចំណេះ​នេះ​ទេ មាន​អ្នក​ខ្លះ​នៅ​តែ​កោតខ្លាច​ចំពោះ​រូប​ព្រះ ហើយ​គេ​បរិភោគ​ភោជនាហារ​ទាំង​នោះ ទុក​ដូច​ជា​ដង្វាយ​ថ្វាយ​ទៅ​រូប​ព្រះ លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ម៉្លោះ​ហើយ បញ្ញា​ចិត្ត​គេ​ដែល​ខ្សោយ នោះ​ត្រូវ​ស្មោកគ្រោក​ទៅ​វិញ ៨ ប៉ុន្តែ ចំណី​អាហារ មិន​មែន​ជា​គ្រឿង ដែល​នាំ​ឲ្យ​ព្រះ​រាប់​អាន​យើង​ទេ ដ្បិត​បើ​យើង​បរិភោគ នោះ​មិន​មែន​មាន​បំណាច់​អ្វី ហើយ​បើ​មិន​បរិភោគ​ទេ នោះ​យើង​ក៏​មិន​ខ្វះ​អ្វី​ដែរ ៩ តែ​ត្រូវ​ប្រយ័ត្ន ក្រែង​អំណាច​យើង​នេះ បាន​បង្កើត​ជា​ហេតុ​នាំ​ឲ្យ​ពួក​កំសោយ​ជំពប់​ដួល ១០ ដ្បិត បើ​អ្នក​ណា​ឃើញ​អ្នក​ឯង ដែល​មាន​ចំណេះ កំពុង​តែ​អង្គុយ​បរិភោគ ក្នុង​វិហារ​មាន​រូប​ព្រះ នោះ​តើ​មិន​បាន​កំឡា​ចិត្ត​អ្នក​កំសោយ ឲ្យ​បរិភោគ​ដង្វាយ​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​ដែរ​ឬ​អី ១១ ដូច្នេះ បង​ប្អូន​កំសោយ ដែល​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស គេ​នឹង​ត្រូវ​វិនាស​ដោយសារ​ចំណេះ​របស់​អ្នក​វិញ ១២ យ៉ាង​នោះ​ដែល​ធ្វើ​បាប​នឹង​ពួក​បង​ប្អូន ហើយ​ធ្វើ​ឲ្យ​បញ្ញា​ចិត្ត​កំសោយ​របស់​គេ​ត្រូវ​របួស នោះ​ឈ្មោះ​ថា​ធ្វើ​បាប​នឹង​ព្រះគ្រីស្ទ​ដែរ ១៣ ហេតុ​ដូច្នេះ បើ​សិន​ជា​ចំណី​អាហារ​អ្វី នាំ​ឲ្យ​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល នោះ​ខ្ញុំ​មិន​ព្រម​ទទួល​ទាន​ចំណី​អាហារ​នោះ​ជា​ដរាប​ត​ទៅ ក្រែង​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល។

១ កូរិនថូសទី ៩

សិទ្ធិ​របស់​សាវ័ក

១ តើ​ខ្ញុំ​មិន​មែន​ជា​សាវ័ក​ទេ​ឬ​អី តើ​ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​សេរីភាព​ទេ​ឬ​អី តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ​ឬ​អី តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ស្នាដៃ ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះអម្ចាស់​ទេ​ឬ​អី ២ បើ​ខ្ញុំ​មិន​មែន​ជា​សាវ័ក​ដល់​មនុស្ស​ឯ​ទៀត ក៏​គង់​តែ​ជា​សាវ័ក​ដល់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ភស្តុតាង ពី​ការងារ​ជា​សាវ័ក​របស់​ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ៣ ឯ​សេចក្តី​ដោះ​សា​របស់​ខ្ញុំ នៅ​មុខ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ ៤ នោះ​គឺ​ថា តើ​យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ទទួល​ទាន​ទេ​ឬ​អី ៥ តើ​គ្មាន​ច្បាប់​នឹង​នាំ​សិស្ស​ស្រី​ម្នាក់ ជា​ប្រពន្ធ​យើង​ខ្ញុំ ទៅ​ជា​មួយ ដូច​ជា​សាវ័ក​ឯ​ទៀត និង​បង​ប្អូន​ព្រះអម្ចាស់ ហើយ​កេផាស​ដែរ​ឬ​អី ៦ ឬ​មួយ តើ​មាន​តែ​ខ្ញុំ និង​បាណាបាស ដែល​គ្មាន​ច្បាប់​នឹង​លែង​ធ្វើ​ការ​រក​ស៊ី​ឬ​អី ៧ ចុះ​តើ​ដែល​មាន​អ្នក​ណា​ធ្វើ​ជា​ទាហាន ហើយ​ចាយ​តែ​ប្រាក់​ខ្លួន​ឯង​ឬ​ទេ តើ​ដែល​មាន​អ្នក​ណា​ដាំ​ចំការ​ទំពាំងបាយជូរ រួច​មិន​បរិភោគ​ផល​ពី​ចំការ​នោះ ឬ​ដែល​មាន​អ្នក​ណា​ឃ្វាល​ហ្វូង​សត្វ ឥត​ផឹក​ទឹក​ដោះ​វា​ឬ​ទេ ៨ ដែល​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ នោះ​តើ​តាម​តែ​របៀប​មនុស្ស​ប៉ុណ្ណោះ ឯ​ក្រឹត្យវិន័យ តើ​មិន​ថា​ដូច្នេះ​ដែរ​ទេ​ឬ ៩ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក ក្នុង​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ថា «កុំ​ឲ្យ​ឃ្លុំ​មាត់​របស់​គោ ដែល​បញ្ជាន់​ស្រូវ​ឡើយ» នោះ​តើ​ព្រះ​ទ្រង់​គិត​ដល់​គោ​តែ​ប៉ុណ្ណោះ ១០ ឬ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​ចំពោះ​ដល់​យើង​រាល់​គ្នា​ដែរ គឺ​ដោយ​ព្រោះ​តែ​យើង​រាល់​គ្នា​ហើយ បាន​ជា​សេចក្តី​នោះ​បាន​ចែង​ទុក​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ភ្ជួររាស់ បាន​ភ្ជួររាស់​ដោយ​សង្ឃឹម ហើយ​អ្នក​ណា​ដែល​បញ្ជាន់​ដោយ​សង្ឃឹម នោះ​នឹង​បាន​តាម​សេចក្តី​សង្ឃឹម​នោះ​ឯង ១១ បើ​សិន​ជា​យើង​ខ្ញុំ​បាន​សាបព្រោះ​របស់​ខាង​ព្រលឹង​វិញ្ញាណ នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ច្រូត​បាន​របស់​អ្នក​រាល់​គ្នា​ខាង​សាច់​ឈាម​វិញ នោះ​តើ​ច្រើន​ហួស​ពេក​ឬ​អី ១២ បើ​អ្នក​ឯ​ទៀត​មាន​អំណាច​នោះ​លើ​អ្នក​រាល់​គ្នា នោះ​តើ​យើង​ខ្ញុំ​មិន​ត្រូវ​មាន​លើស​ជាង​គេ​ទៅ​ទៀត​ទេ​ឬ​អី ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​នោះ​ទេ យើង​ខ្ញុំ​បាន​ទ្រ​ទ្រង់​ទាំង​អស់​វិញ ដើម្បី​មិន​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ត្រូវ​បង្អាក់​ឡើយ ១៣ តើ​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​ធ្វើ​ការ​ព្រះ គេ​បរិភោគ​ដោយសារ​ព្រះវិហារ ហើយ​ពួក​អ្នក​ដែល​បំរើ​អាសនា ក៏​បាន​ចំណែក​ពី​អាសនា​ដែរ។ ១៤ ព្រះអម្ចាស់​ទ្រង់​ក៏​បង្គាប់ ឲ្យ​ពួក​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ បាន​រស់​ដោយសារ​ដំណឹង​ល្អ​ដូច្នោះ​ដែរ ១៥ តែ​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​ណា​១​នេះ​ទេ ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្តី​ទាំង​នេះ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ខ្លួន​ខ្ញុំ​ដែរ ខ្ញុំ​ស៊ូ​តែ​ស្លាប់​វិញ ជា​ជាង​ឲ្យ​សេចក្តី​អំនួត​របស់​ខ្ញុំ​នេះ​ត្រូវ​វិនាស ១៦ ពី​ព្រោះ​បើ​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ទៅ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្តី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ ១៧ បើ​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ខ្ញុំ​បាន​រង្វាន់ តែ​បើ​ធ្វើ​ទាំង​ទើស​ទ័ល នោះ​គង់​តែ​មាន​ការងារ​ចែក​ចាយ​ផ្ញើ​ទុក​នឹង​ខ្ញុំ​ដែរ ១៨ ដូច្នេះ តើ​រង្វាន់​ខ្ញុំ​ជា​យ៉ាង​ណា គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះគ្រីស្ទ ដោយ​ឥត​យក​ថ្លៃ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាន​ប្រើ​អំណាច​ខ្លួន ក្នុង​ដំណឹង​ល្អ​ហួស​ល្បត់​ឡើយ ១៩ ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​បំរើ​អ្នក​ណា​សោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បំរើ​ដល់​មនុស្ស​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​មនុស្ស​ជា​ច្រើន​ទៅ​ទៀត ២០ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​ឲ្យ​បាន​ពួក​យូដា ហើយ​ដូច​ជា​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ ដល់​ពួក​អ្នក​ដែល​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ (តែ​ខ្ញុំ​មិន​មែន​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​ទេ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក ដែល​នៅ​ក្នុង​បន្ទុក​ក្រឹត្យវិន័យ ២១ ហើយ​ដូច​ជា​ឥត​ក្រឹត្យវិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ (មិន​មែន​ថា​ខ្ញុំ​ឥត​ក្រឹត្យវិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​នៅ​ក្នុង​ក្រឹត្យវិន័យ​ព្រះគ្រីស្ទ​វិញ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ​ដែរ ២២ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​ខ្សោយ​ដល់​ពួក​អ្នក​កំសោយ ដើម្បី​ឲ្យ​បាន​ពួក​កំសោយ គឺ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយសារ​សណ្ឋាន​ទាំង​នោះ​ឯង ២៣ ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ។ ២៤ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​១​ទេ​ដែល​បាន​រង្វាន់ ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ ២៥ ហើយ​អស់​អ្នក​ដែល​តយុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុករលួយ តែ​យើង​រាល់​គ្នា​វិញ គឺ​ឲ្យ​បាន​មកុដ​១ ដែល​មិន​ចេះ​ពុករលួយ​ឡើយ ២៦ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ ២៧ គឺ​ខ្ញុំ​វាយដំ​រូបកាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ។

១ កូរិនថូសទី ១០

ត្រូវ​ប្រយ័ត្ន​នឹង​ព្រះ​ក្លែងក្លាយ

១ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពី​ដំណើរ​ពួក​ឰយុកោ​យើង​ទេ ថា​គេ​បាន​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​កាត់​សមុទ្រ ២ គ្រប់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ពពក ហើយ​ក្នុង​សមុទ្រ​នោះ ឲ្យ​បាន​តាម​លោក​ម៉ូសេ ៣ គ្រប់​គ្នា​បាន​បរិភោគ​ចំណី​អាហារ​ដដែល​ខាង​ព្រលឹង​វិញ្ញាណ ៤ ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ដដែល​ខាង​ព្រលឹង​វិញ្ញាណ​ដែរ ដ្បិត​បាន​ផឹក​ពី​ថ្មដា​ខាង​ព្រលឹងវិញ្ញាណ​ដែល​តាម​គេ ឯ​ថ្មដា​នោះ គឺ​ជា​ព្រះគ្រីស្ទ ៥ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ពេញ​ព្រះហឫទ័យ​នឹង​គេ​ជា​ច្រើន​គ្នា​ទេ ដ្បិត​គេ​ត្រូវ​ដួល​ស្លាប់​រាត់រាយ នៅ​ក្នុង​ទី​រហោស្ថាន ៦ ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​គំរូ​ដល់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្តី​អាក្រក់ ដូច​ជា​គេ​ឡើយ ៧ ឬ​ថ្វាយ​បង្គំ​រូប​ព្រះ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ថ្វាយ​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «បណ្តាជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ» ៨ ឬ​ប្រព្រឹត្ត​សេចក្តី​កំផិត ដូច​ជា​ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​២​ម៉ឺន​៣​ពាន់​នាក់ បាន​ត្រូវ​វិនាស​ក្នុង​១​ថ្ងៃ​នោះ​ឯង ៩ ឬ​ល្បង​ព្រះគ្រីស្ទ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ល្បង​ទ្រង់ ហើយ​ត្រូវ​វិនាស​ទៅ ដោយ​ពស់​ចឹក ១០ ក៏​កុំ​ឲ្យ​ត្អូញត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ ១១ រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក សំរាប់​ជា​សេចក្តី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប ១២ បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ដួល ១៣ ដ្បិត​គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន។ ១៤ ហេតុ​នោះ ឱ​ពួក​ស្ងួនភ្ងា​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ចេញ ១៥ ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​នឹង​មនុស្ស​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្តី​ដែល​ខ្ញុំ​ថា​នេះ​ចុះ ១៦ ឯ​ពែង​ដ៏​មាន​ពរ ដែល​យើង​សូម​ពរ​ឲ្យ តើ​មិន​មែន​ជា​សេចក្តី​ប្រកប​នឹង​លោហិត​របស់​ព្រះគ្រីស្ទ​ទេ​ឬ​អី ហើយ​នំបុ័ង​ដែល​យើង​កាច់ នោះ​តើ​មិន​មែន​ជា​សេចក្តី​ប្រកប​នឹង​រូប​អង្គ​នៃ​ព្រះគ្រីស្ទ​ទេ​ឬ​អី ១៧ ដ្បិត​ដែល​មាន​នំបុ័ង​តែ​១​ដុំ​នោះ​យ៉ាង​ណា ចំណែក​ពួក​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែ​១​យ៉ាង​នេះ​ដែរ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ទទួល​ទាន​ពី​ដុំ​នំបុ័ង​តែ​មួយ​នោះ​ឯង ១៨ ចូរ​ពិចារណា​ពី​សាសន៍​អ៊ីស្រាអែលខាង​សាច់​ឈាម​ចុះ ឯ​ពួក​អ្នក​ដែល​បរិភោគ​យញ្ញបូជា​ទាំង​នោះ តើ​មិន​មាន​សេចក្តី​ប្រកប​នឹង​អាសនាទេ​ឬ​អី ១៩ ដែល​ខ្ញុំ​និយាយ​ដូច្នេះ តើ​មាន​ន័យ​ថា រូប​ព្រះ​ជា​អ្វី​ឬ​ទេ ឬ​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ជា​អ្វី​ឬ​ទេ ២០ មិន​មែន​ជា​អ្វី​ទេ ឯ​របស់​ដែល​សាសន៍​ដទៃ​បូជា​ថ្វាយ នោះ​មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ គឺ​ថ្វាយ​ដល់​អារក្ស​វិញ​ទេ​តើ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា មាន​សេចក្តី​ប្រកប​នឹង​អារក្ស​ឡើយ ២១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់ និង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ ក៏​ពុំ​អាច​នឹង​បរិភោគ​នៅ​តុ​ព្រះអម្ចាស់ និង​តុ​របស់​អារក្ស​ផង​បាន​ដែរ ២២ ឬ​តើ​យើង​ចង់​បណ្តាល​ឲ្យ​ព្រះអម្ចាស់​ទ្រង់​ប្រចណ្ឌ​ឬ​អី តើ​យើង​ខ្លាំង​ពូកែ​ជាង​ទ្រង់​ឬ។

អំពី​ការ​ដែល​ត្រូវ​ប្រព្រឹត្ត​ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះ

២៣ មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​គ្មាន​ប្រយោជន៍​ទេ មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​មិន​ស្អាង​ចិត្ត​ឡើង​ទេ ២៤ កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ ២៥ ចូរ​បរិភោគ​គ្រប់​របស់​ទាំង​អស់ ដែល​គេ​លក់​នៅ​ទី​ផ្សារ ឥត​ចាំ​បាច់​ស៊ើប​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត ២៦ ដ្បិត​ផែនដី និង​របស់​ទាំង​អស់​នៅ​ផែនដី សុទ្ធ​តែ​ជា​របស់​ផង​ព្រះអម្ចាស់ ២៧ តែ​បើ​អ្នក​ណា​ដែល​មិន​ជឿ គេ​អញ្ជើញ​អ្នក​ទៅ​ពិសា ហើយ​អ្នក​ចង់​ទៅ​ដែរ នោះ​ត្រូវ​បរិភោគ​គ្រប់​មុខ ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ ឥត​ចាំ​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត ២៨ ប៉ុន្តែ បើ​អ្នក​ណា​ប្រាប់​អ្នក​ថា មុខ​នេះ​ជា​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ហើយ នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ និង​បញ្ញា​ចិត្ត​ផង ២៩ ដែល​ខ្ញុំ​ថា បញ្ញា​ចិត្ត​នេះ នោះ​មិន​មែន​បញ្ញា​ចិត្ត​របស់​អ្នក​ទេ គឺ​របស់​គេ​វិញ ដ្បិត​ហេតុ​អ្វី​បាន​ជា​សេរីភាព​របស់​ខ្ញុំ​ត្រូវ​បញ្ញា​ចិត្ត​របស់​គេ​ជំនុំជំរះ ៣០ បើ​ខ្ញុំ​ទទួល​ទាន​ដោយ​អរ​ព្រះគុណ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ប្រកាន់​ទោស​ខ្ញុំ ដោយ​ព្រោះ​របស់​ដែល​ខ្ញុំ​បាន​អរ​ព្រះគុណ​រួច​ហើយ​នោះ ៣១ ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរីល្អ​ដល់​ព្រះ​ចុះ ៣២ កុំ​ឲ្យ​ធ្វើ​ជា​ទី​បង្អាក់​ចិត្ត ដល់​ពួក​សាសន៍​យូដា ឬ​សាសន៍​ក្រេក ឬ​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ ៣៣ ដូច​ជា​ខ្លួន​ខ្ញុំ​ក៏​ផ្គាប់​ដល់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​ការ​ទាំង​អស់​ដែរ ដោយ​ឥត​រក​ផល​ប្រយោជន៍​ដល់​ខ្លួន​ឡើយ គឺ​ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​រួច។

១ កូរិនថូសទី ១១

១ ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះគ្រីស្ទ​ដែរ។

ឥរិយាបថ​គ្រីស្ទបរិស័ទ​នៅ​ពេល​ថ្វាយ​បង្គំ​ព្រះ

២ បង​ប្អូន​អើយ ខ្ញុំ​សរសើរ​ដល់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ខ្ញុំ ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កាន់​តាម​សេចក្តី ដែល​ខ្ញុំ​បាន​បង្វឹក​បង្រៀន​ផង ៣ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះគ្រីស្ទ​ជា​សិរសា នៃ​បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះគ្រីស្ទ គឺ​ជា​ព្រះ ៤ បុរស​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ​ទាំង​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​សិរសា​ខ្លួន ៥ ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ ដោយ​មាន​ក្បាល​ទទេ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​ក្បាល​ខ្លួន​វិញ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​ដូច​ជា​បាន​កោរ​សក់​ចេញ​ដែរ ៦ បើ​ស្ត្រី​ណា​មិន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ត្រូវ​កាត់​សក់​ចេញ តែ​បើ​ពួក​ស្រីៗ អៀនខ្មាស​ចំពោះ​ការ​កាត់ ឬ​កោរ​សក់ នោះ​ត្រូវ​តែ​មាន​អ្វី​ពាក់​វិញ ៧ ផ្នែក​ខាង​ពួក​បុរស​វិញ នោះ​មិន​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​ទេ ពី​ព្រោះ​ខ្លួន​ជា​គំរូ ហើយ​ជា​សិរីល្អ​នៃ​ព្រះ តែ​ស្ត្រី​ជា​សិរីល្អ​ដល់​បុរស​វិញ ៨ ដ្បិត​បុរស​ដើម​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​មក​ទេ គឺ​ស្ត្រី​បាន​ចេញ​មក​ពី​បុរស​នោះ​វិញ ៩ ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សំរាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សំរាប់​បុរស​វិញ ១០ ហេតុ​នោះ​ត្រូវ​ឲ្យ​ពួក​ស្ត្រី​មាន​ទី​សំគាល់ ពី​អំណាច​របស់​ប្តី នៅ​លើ​ក្បាល​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា ១១ ប៉ុន្តែ ក្នុង​ព្រះអម្ចាស់​នោះ​បុរស​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ ១២ ដ្បិត​បុរស​កើត​មក​ដោយសារ​ស្ត្រី ដូច​ជា​ស្ត្រី​ដើម​បាន​កើត​មក​ពី​បុរស​នោះ​ដែរ តែ​គ្រប់​របស់​ទាំង​អស់​សំរេច​កើត​មក​អំពី​ព្រះ​វិញ ១៣ ចូរ​ពិចារណា​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​មើល តើ​គួរ​គប្បី​ឲ្យ​ស្ត្រី​អធិស្ឋាន​ដល់​ព្រះ ដោយ​ឥត​មាន​ពាក់​អី​លើ​ក្បាល​ឬ​ទេ ១៤ តើ​ធម្មតា​លោក​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​អី​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន ១៥ តែ​បើ​ស្ត្រី​ទុក​សក់​វែង នោះ​ឯង​ជា​សេចក្តី​លំអ​ដល់​នាង​វិញ ដ្បិត​សក់​វែង​នោះ ទ្រង់​បាន​ប្រទាន​មក​នាង ទុក​ជា​ប្រដាប់​សំរាប់​ទទូរ ១៦ ប៉ុន្តែ បើ​មាន​អ្នក​ណា​ចង់​ជជែក​ពី​សេចក្តី​នេះ នោះ​យើង​រាល់​គ្នា​គ្មាន​ទំលាប់​យ៉ាង​នេះ​ទេ ហើយ​ពួក​ជំនុំ​នៃ​ព្រះ​ក៏​គ្មាន​ដែរ។

អំពី​ពិធី​ជប់លៀង​របស់​ព្រះអម្ចាស់

១៧ ខាង​សេចក្តី​ដែល​ខ្ញុំ​ប្រាប់​មក​ក្រោយ​នេះ ខ្ញុំ​មិន​សរសើរ​ដល់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ដែល​អ្នក​ប្រជុំ​គ្នា នោះ​មិន​មែន​ឲ្យ​បាន​ល្អ​ឡើង​ទេ គឺ​ឲ្យ​បាន​អាក្រក់​ជាង​វិញ ១៨ ព្រោះ​មុន​ដំបូង​ខ្ញុំ​ឮ​ថា កាល​ណា​អ្នក​រាល់​គ្នា​មូល​មក​ក្នុង​ពួក​ជំនុំ នោះ​តែង​មាន​ការ​បែកខ្ញែក​គ្នា​ទៅ ហើយ​ខ្ញុំ​ក៏​បាន​ជឿ​ខ្លះ​ដែរ ១៩ ពី​ព្រោះ​ត្រូវ​តែ​មាន​បក្សពួក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​ខ្ជាប់ខ្ជួន​បាន​សំដែង​មក​ឲ្យ​ស្គាល់​ច្បាស់ ២០ ដូច្នេះ ដែល​ប្រជុំ​គ្នា​នៅ​ទី​ណា​មួយ នោះ​មិន​មែន​ប្រជុំ ដើម្បី​នឹង​បរិភោគ​លៀង​បរិសុទ្ធ​នៃ​ព្រះអម្ចាស់​ទេ ២១ ដ្បិត​កាល​បរិភោគ នោះ​គ្រប់​គ្នា​ខំ​បរិភោគ​ម្ហូប​របស់​ខ្លួន​ឲ្យ​តែ​ឆ្អែត​មុន​គេ​ទៅ បាន​ជា​មាន​មួយ​នៅ​ឃ្លាន ហើយ​មួយ​ទៀត​ស្រវឹង ២២ ចុះ​តើ​អ្នក​រាល់​គ្នា​គ្មាន​ផ្ទះ សំរាប់​ជា​ទី​ឲ្យ​បាន​បរិភោគ​អាហារ​ទេ​ឬ​អី ឬ​តើ​អ្នក​មើលងាយ​ដល់​ពួក​ជំនុំ​នៃ​ព្រះ ហើយ​ចង់​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ មាន​សេចក្តី​ខ្មាស​ឬ​អី តើ​គួរ​ឲ្យ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច គួរ​ឲ្យ​សរសើរ​ឬ ខ្ញុំ​មិន​សរសើរ​ទេ។ ២៣ ដ្បិត​ឯ​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​មក គឺ​ថា​នៅ​ពេល​យប់​ដែល​ព្រះអម្ចាស់យេស៊ូវ​ត្រូវ​គេ​បញ្ជូន នោះ​ទ្រង់​បាន​យក​នំបុ័ង ២៤ លុះ​ទ្រង់​បាន​អរ​ព្រះគុណ​រួច​ហើយ ក៏​កាច់​នំបុ័ង​ដោយ​មាន​ព្រះបន្ទូល​ថា «ចូរ​យក​ពិសា​ចុះ នេះ​ជា​រូបកាយ​ខ្ញុំ ដែល​ត្រូវ​កាច់​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​កិច្ច​នេះ ទុក​ជា​សេចក្តី​រំឭក​ពី​ខ្ញុំ​ចុះ» ២៥ លុះ​ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​ក៏​យក​ពែង​បែប​ដូច្នោះ​ដែរ ដោយ​ព្រះបន្ទូល​ថា «ពែង​នេះ​ជា​សញ្ញា​ថ្មី ដោយ​នូវ​ឈាម​ខ្ញុំ ចូរ​ធ្វើ​ដូច្នេះ​រាល់​វេលា​ណា​ដែល​ផឹក ទុក​ជា​សេចក្តី​រំឭក​ដល់​ខ្ញុំ» ២៦ ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក ២៧ បាន​ជា​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ ឬ​ផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់​បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ចំពោះ​រូប​អង្គ ហើយ​និង​ព្រះលោហិត​នៃ​ព្រះអម្ចាស់ ២៨ ត្រូវ​ឲ្យ​មនុស្ស​ល្បង​ខ្លួន​ឯង​មើល រួច​សឹម​បរិភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ​ចុះ ២៩ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​បែប​មិន​គួរ​សម អ្នក​នោះ​ឈ្មោះ​ថា​បរិភោគ​ជា​សេចក្តី​ជំនុំជំរះ​ដល់​ខ្លួន​វិញ ដោយ​ព្រោះ​មិន​ពិចារណា​ឃើញ​រូប​អង្គ​នៃ​ព្រះអម្ចាស់​ទេ ៣០ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​មាន​អ្នក​រាល់​គ្នា​ជា​ច្រើន ទៅ​ជា​ខ្សោយ ហើយ​ឈឺ ក៏​មាន​គ្នា​ជា​ច្រើន​ដេក​លក់​ទៅ​ហើយ​ដែរ ៣១ បើ​សិន​ជា​យើង​រាល់​គ្នា​ពិចារណា​មើល​ក្នុង​ខ្លួន​យើង នោះ​យើង​មិន​ត្រូវ​ជាប់​ជំនុំជំរះ​ទេ ៣២ តែ​កាល​ណា​យើង​រាល់​គ្នា​ត្រូវ​ជាប់​ជំនុំជំរះ នោះ​ព្រះអម្ចាស់​ទ្រង់​វាយផ្ចាល​យើង​វិញ ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជា​មួយ​នឹង​លោកីយ៍​ឡើយ ៣៣ ដូច្នេះ បង​ប្អូន​អើយ កាល​ណា​ប្រជុំ​គ្នា ដើម្បី​នឹង​បរិភោគ​នោះ​ត្រូវ​បង្អង់​ចាំ​គ្នា​ផង ៣៤ បើ​សិន​ជា​អ្នក​ណា​ឃ្លាន ឲ្យ​អ្នក​នោះ​បរិភោគ​នៅ​ឯ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រជុំ​ទៅ នាំ​ឲ្យ​ជាប់​មាន​ទោស​ឡើយ ឯ​ការ​ឯ​ទៀត ដល់​កាល​ណា​ខ្ញុំ​មក នោះ​ខ្ញុំ​នឹង​សំរេច​គ្រប់​ទាំង​អស់។

១ កូរិនថូសទី ១២

អំពី​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ

១ ចំណែក​ឯ​អំណោយ​ទាន​ខាង​វិញ្ញាណ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ទេ ២ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ ដែល​ត្រូវ​បង្វែរ​ទៅ​ឯ​រូប​ព្រះ​គេ តាម​តែ​មាន​សេចក្តី​ដឹកនាំ​ទៅ​នោះ ៣ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ ដោយ​នូវ​ព្រះវិញ្ញាណ​នៃ​ព្រះ​ថា ព្រះយេស៊ូវ​ត្រូវ​បណ្តាសា​នោះ​ឡើយ ក៏​គ្មាន​អ្នក​ណា​អាច​នឹង​ថា ព្រះយេស៊ូវ​ទ្រង់​ជា​ព្រះអម្ចាស់​ដែរ លើក​តែ​ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ។ ៤ រីឯ​អំណោយ​ទាន នោះ​មាន​ផ្សេងៗ ពី​គ្នា តែ​គឺ​ជា​ព្រះវិញ្ញាណ​ដដែល​ទេ ៥ ហើយ​ក៏​មាន​មុខងារ​ផ្សេងៗ ពី​គ្នា តែ​គឺ​ជា​ព្រះអម្ចាស់​ដដែល​ទេ ៦ ព្រម​ទាំង​មាន​របៀប​ធ្វើ​ផ្សេងៗ ពី​គ្នា​ទៀត តែ​គឺ​ជា​ព្រះ​ដដែល​នោះ​ឯង ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់ ក្នុង​មនុស្ស​ទាំង​អស់ ៧ ហើយ​ទ្រង់​ប្រទាន​ឲ្យ​ព្រះវិញ្ញាណ​សំដែង​មក​ក្នុង​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​កើត​ផល ៨ ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាងវៃ ដោយសារ​ព្រះវិញ្ញាណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សំដី​នៃ​ចំណេះ​ចេះ​ស្ទាត់ តាម​ព្រះវិញ្ញាណ​ដដែល ៩ ហើយ​ឲ្យ​ម្នាក់​ផ្សេង​ទៀត​មាន​សេចក្តី​ជំនឿ ដោយ​នូវ​ព្រះវិញ្ញាណ​ដដែល ឲ្យ​មួយ​ទៀត​បាន​អស់​ទាំង​អំណោយ​ទាន នឹង​អាច​ប្រោស​ឲ្យ​ជា ដោយ​នូវ​ព្រះវិញ្ញាណ​ដដែល ១០ ឲ្យ​មួយ​ទៀត​បាន​សំដែង​ការ​ឫទ្ធិ​បារមី និង​ឲ្យ​មួយ​ទៀត​ចេះ​អធិប្បាយ ឲ្យ​មួយ​ទៀត​សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ ឲ្យ​មួយ​ទៀត​ចេះ​និយាយ​ភាសា​ដទៃ​ទៀតៗ ហើយ​ឲ្យ​មួយ​ទៀត​ចេះ​បក​ប្រែ​ភាសា​ដទៃ ១១ តែ​គឺ​ជា​ព្រះវិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​គ្រប់​ការ​ទាំង​នោះ ទាំង​ចែក​ដល់​គ្រប់​គ្នា​ដោយ​មុខៗ ផង តាម​ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ។

ព្រះកាយ​តែ​មួយ​បែង​ចែក​ជា​ច្រើន​ផ្នែក

១២ ដ្បិត​ដូច​ជា​រូប​កាយ​១​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏​ពិត គង់​តែ​រួម​គ្នា​មក​ជា​រូប​តែ​១​ទេ នោះ​ព្រះគ្រីស្ទ​ក៏​ដូច្នោះ​ដែរ ១៣ ដ្បិត​យើង​ទាំង​អស់​គ្នា ទោះ​បើ​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រេក បាវ​បំរើ ឬ​អ្នក​ជា​ក្តី យើង​បាន​ទទួល​បុណ្យ​ជ្រមុជ ចូល​ក្នុង​រូបកាយ​តែ​១ ដោយសារ​ព្រះវិញ្ញាណ​តែ​១ ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះវិញ្ញាណ​តែ​១​ដែរ ១៤ រូបកាយ​មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​១​ទេ គឺ​មាន​ច្រើន​វិញ ១៥ បើ​សិន​ជា​ជើង​នឹង​និយាយ​ថា អញ​មិន​មែន​ជា​របស់​ផង​រូបកាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ដៃ នោះ​តើ​មិន​មែន​ជា​របស់​ផង​រូបកាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី ១៦ ហើយ​បើ​សិន​ជា​ត្រចៀក​នឹង​និយាយ​ថា អញ​មិន​មែន​របស់​ផង​រូបកាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ភ្នែក នោះ​តើ​មិន​មែន​ជា​របស់​ផង​រូបកាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី ១៧ បើ​រូបកាយ​ទាំង​ស្រុង​សុទ្ធ​តែ​ជា​ភ្នែក នោះ​តើ​នឹង​ស្តាប់​នៅ​ត្រង់​ណា បើ​រូបកាយ​ទាំង​ស្រុង សុទ្ធ​តែ​ជា​ត្រចៀក នោះ​តើ​នឹង​ដឹង​ក្លិន​នៅ​ត្រង់​ណា ១៨ តែ​ព្រះ​ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​និមួយៗ ក្នុង​រូបកាយ​តាម​ព្រះហឫទ័យ​ទ្រង់ ១៩ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា ២០ តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូបកាយ​តែ​១​ទេ ២១ ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ ២២ ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូបកាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ ២៣ ហើយ​អវយវៈ​ណា​ក្នុង​រូបកាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​បាន​រាប់​អាន​លើស​ទៅ​ទៀត ឯ​អវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត ២៤ តែ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ​ទ្រង់​បាន​ផ្សំ​រូបកាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត ២៥ ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​បែកខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក ២៦ ដូច្នេះ បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីករាយ​ជា​មួយ​ដែរ ២៧ អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​របស់​រូបកាយ​រៀង​ខ្លួន ២៨ ព្រះ​ទ្រង់​បាន​តាំង​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​ឡើង មុន​ដំបូង គឺ​ពួក​សាវ័ក ទី​២​ពួក​គ្រូ​អធិប្បាយ ទី​៣​ពួក​គ្រូ​បង្រៀន រួច​មក មាន​ការ​ឫទ្ធិបារមី មាន​អំណោយ​ទាន​ជា​ការ​ប្រោស​ឲ្យ​ជា ជា​ការ​ជំនួយ ជា​ការ​គ្រប់​គ្រង ហើយ​ជា​ភាសា​ដទៃ​ផង ២៩ តើ​គ្រប់​គ្នា​ជា​សាវ័ក​ឬ​អី គ្រប់​គ្នា​ជា​គ្រូ​បង្រៀន​ឬ​អី គ្រប់​គ្នា​ធ្វើ​ការ​ឫទ្ធិបារមី​បាន​ឬ​អី ៣០ គ្រប់​គ្នា​មាន​អស់​ទាំង​អំណោយ​ទាន​នឹង​ប្រោស​ឲ្យ​ជា​បាន​ឬ​អី គ្រប់​គ្នា​អាច​និយាយ​ភាសា​ដទៃ​បាន​ឬ​អី គ្រប់​គ្នា​ចេះ​បក​ប្រែ​ភាសា​បាន​ឬ​អី ៣១ ចូរ​សង្វាត​ឲ្យ​បាន​អំណោយ​ទាន យ៉ាង​វិសេស​ទៅ​ចុះ ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត។

១ កូរិនថូសទី ១៣

សេចក្តី​ស្រឡាញ់

១ ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន និង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ ២ បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្តី​អាថ៌កំបាំង និង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្តី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ ៣ បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យសម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ ៤ ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង ៥ មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស ៦ មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្តី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ស្មោះត្រង់​វិញ ៧ ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់ ៨ រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ​ក៏​ត្រូវ​សាបសូន្យ​ទៅ​ដែរ តែ​ឯ​សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ ៩ ដ្បិត​យើង​ចេះ​មិន​ទាន់​សព្វ​គ្រប់ ហើយ​យើង​អធិប្បាយ​មិន​ទាន់​បាន​ពេញ​ខ្នាត​ផង ១០ តែ​កាល​ណា​សេចក្តី​គ្រប់​លក្ខណ៍​បាន​ចូល​មក នោះ​សេចក្តី​ដែល​មិន​ពេញ​ខ្នាត​នឹង​បាត់​ទៅ ១១ កាល​ដែល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ នោះ​ខ្ញុំ​បាន​និយាយ​ដូច​ជា​កូន​ក្មេង ក៏​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ហើយ​បាន​ពិចារណា ដូច​ជា​កូន​ក្មេង​ដែរ លុះ​កាល​ខ្ញុំ​ធំ​ហើយ នោះ​ខ្ញុំ​បាន​លះ​ចោល​ការ​របស់​កូន​ក្មេង​ចេញ​ទៅ ១២ ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយសារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​មិន​ទាន់​អស់ តែ​នៅ​វេលា​នោះ ខ្ញុំ​នឹង​ស្គាល់​វិញ ដូច​ជា​ព្រះ​ទ្រង់​ស្គាល់​ខ្ញុំ​ដែរ ១៣ ឥឡូវ​នេះ នៅ​មាន​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ទាំង​៣​មុខ​នេះ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​ជា​សេចក្តី​ស្រឡាញ់។

១ កូរិនថូសទី ១៤

របៀប​ប្រើ​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ​នៅ​ក្នុង​ពួក​ជំនុំ

១ ចូរ​ដេញ​តាម​សេចក្តី​ស្រឡាញ់​ចុះ ហើយ​សង្វាត​ចង់​បាន​អស់​ទាំង​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ​ដែរ តែ​ស៊ូ​ឲ្យ​ចេះ​អធិប្បាយ​ជា​ដើម ២ ដ្បិត​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​មិន​មែន​និយាយ​នឹង​មនុស្ស គឺ​ទូល​នឹង​ព្រះ​វិញ ពី​ព្រោះ​គ្មាន​អ្នក​ណា​ស្តាប់​បាន​ទេ ប៉ុន្តែ អ្នក​នោះ​និយាយ​ជា​សេចក្តី​អាថ៌កំបាំង ដោយ​នូវ​វិញ្ញាណ ៣ ឯ​អ្នក​ដែល​អធិប្បាយ​វិញ អ្នក​នោះ​និយាយ​នឹង​មនុស្ស សំរាប់​នឹង​ស្អាង​ចិត្ត កំឡាំង​ចិត្ត ហើយ​កំសាន្ត​ចិត្ត ៤ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ស្អាង​តែ​ចិត្ត​ខ្លួន​ឯង​ទេ តែ​អ្នក​ណា​ដែល​អធិប្បាយ នោះ​ទើប​ស្អាង​ចិត្ត​ចំពោះ​ជំនុំ​ទាំង​អស់​គ្នា​វិញ ៥ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង​អស់​ដែរ តែ​ស៊ូ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​អធិប្បាយ​ជា​ជាង ដ្បិត​អ្នក​ដែល​អធិប្បាយ នោះ​ប្រសើរ​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៀត លើក​តែ​អ្នក​នោះ​ចេះ​បក​ប្រែ ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ស្អាង​ចិត្ត​ឡើង ៦ ដូច្នេះ បង​ប្អូន​អើយ បើ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​និយាយ​ភាសា​ដទៃ នោះ​តើ​ខ្ញុំ​នឹង​និយាយ​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា លើក​តែ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ជា​ការ​បើក​សំដែង ឬ​តាម​ចំណេះ ឬ​ជា​សេចក្តី​អធិប្បាយ ឬ​សេចក្តី​បង្រៀន​ណា​មួយ​វិញ ៧ ឯ​របស់​ឥត​ជីវិត​ទាំង​ប៉ុន្មាន​ដែល​មាន​ចេញ​សូរ ទោះ​បើ​ជា​ខ្លុយ​ឬ​ស៊ុង​ក្តី បើ​មិន​មាន​ឮ​ខ្ពស់​ទាប នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ផ្លុំ​ឬ​ចាប់​លេង​បទ​ណា​ទៅ​បាន ៨ ឯ​ត្រែ ក៏​ដូច​គ្នា បើ​ឮ​សូរ​មិន​ច្បាស់ នោះ​តើ​នឹង​មាន​អ្នក​ណា​ប្រុង​ប្រៀប​ខ្លួន​ទៅ​ច្បាំង​បាន ៩ អ្នក​រាល់​គ្នា​ក៏​យ៉ាង​ដូច្នោះ​ដែរ បើ​សិន​ជា​អណ្តាត​មិន​បញ្ចេញ​ចំពោះ​ពាក្យ​ដែល​ស្តាប់​បាន នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ដឹង​ជា​ថា​អ្វីៗ បាន គឺ​ដូច​ជា​និយាយ​ទៅ​តាម​ខ្យល់​ទេ ១០ នៅ​ក្នុង​លោកីយ៍​នេះ មាន​សូរ​សំឡេង​ជា​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ ១១ ដូច្នេះ បើ​ខ្ញុំ​មិន​យល់​ន័យ​សំឡេង​នោះ នោះ​អ្នក​ដែល​និយាយ នឹង​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ប្រទេស​ដទៃ ហើយ​អ្នក​ដែល​និយាយ​នឹង​បាន​ដូច​ជា​អ្នក​ប្រទេស​ដទៃ​ដល់​ខ្ញុំ​ដែរ ១២ ដូច្នេះ ដែល​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ​ទាន ខាង​ឯ​វិញ្ញាណ នោះ​ត្រូវ​ស្វែង​រក ឲ្យ​បាន​កាន់​តែ​ច្រើន​ចុះ ដើម្បី​នឹង​ស្អាង​ចិត្ត​ពួក​ជំនុំ​ឡើង ១៣ ហេតុ​នោះ​បាន​ជា​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ដែរ ១៤ បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​គឺ​ជា​វិញ្ញាណ​ខ្ញុំ​ដែល​អធិស្ឋាន តែ​ឥត​មាន​ប្រយោជន៍​ដល់​ប្រាជ្ញា​ខ្ញុំ​សោះ ១៥ ដូច្នេះ ត្រូវ​ធ្វើ​ដូច​ម្តេច ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​វិញ្ញាណ ហើយ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​ប្រាជ្ញា​ផង ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយ​នឹង​ច្រៀង​ដោយ​ប្រាជ្ញា​ដែរ ១៦ ពុំ​នោះ បើ​សូម​ពរ​ដោយ​នូវ​វិញ្ញាណ​ទទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដែល​មិន​ចេះ បាន​ថា «អាម៉ែន» បាន ក្នុង​កាល​ដែល​អ្នក​អរ​ព្រះគុណ​នោះ ដ្បិត​អ្នក​នោះ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ ១៧ ឯ​អ្នកៗ អរ​ព្រះគុណ​យ៉ាង​ល្អ​មែន តែ​អ្នក​នោះ​មិន​បាន​ស្អាង​ចិត្ត​ឡើង​សោះ ១៨ ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ជា​ច្រើន លើស​ជាង​អ្នក​រាល់​គ្នា​ទាំង​អស់ ១៩ ប៉ុន្តែ ក្នុង​ពួក​ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​៥​ម៉ាត់​ដោយ​នូវ​ប្រាជ្ញា​ខ្ញុំ ដើម្បី​នឹង​បង្រៀន​ដល់​មនុស្ស​ឯ​ទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​១​ម៉ឺន​ម៉ាត់​វិញ។ ២០ បង​ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ខ្ចី​ខាង​ឯ​គំនិត​ឡើយ បើ​ខាង​ឯ​បំណង​អាក្រក់ នោះ​ចូរ​នៅ​ជា​កូនង៉ែត​ចុះ តែ​ចំណែក​ខាង​ឯ​គំនិត នោះ​ចូរ​ធ្វើ​ជា​មនុស្ស​ពេញ​អាយុ​វិញ ២១ មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​ក្រឹត្យវិន័យ​ថា «អញ​នឹង​និយាយ​នឹង​សាសន៍​នេះ ដោយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​យ៉ាង​នោះ គេ​ក៏​មិន​ស្តាប់​អញ​ដែរ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់» ២២ បាន​ជា​ភាសា​ដទៃ នោះ​សំរាប់​ជា​ទី​សំគាល់ មិន​មែន​ដល់​ពួក​អ្នក​ដែល​ជឿ​ទេ គឺ​ដល់​អស់​ពួក​អ្នក​ដែល​មិន​ជឿ​វិញ តែ​ការ​អធិប្បាយ នោះ​មិន​មែន​សំរាប់​ពួក​អ្នក​ដែល​មិន​ជឿ គឺ​សំរាប់​ពួក​អ្នក​ដែល​ជឿ​វិញ ២៣ ដូច្នេះ បើ​កាល​ណា​ពួក​ជំនុំ​ទាំង​មូល​ប្រជុំ​គ្នា​នៅ​កន្លែង​ណា​មួយ ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​មនុស្ស​ដែល​មិន​ចេះ ឬ​មនុស្ស​មិន​ជឿ​គេ​ចូល​មក នោះ​តើ​គេ​មិន​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ​អី ២៤ តែ​បើ​គ្រប់​គ្នា​អធិប្បាយ​វិញ ហើយ​មាន​មនុស្ស​ដែល​មិន​ជឿ ឬ​មនុស្ស​ខ្លះ​ដែល​មិន​ចេះ គេ​ចូល​មក នោះ​គេ​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ដោយសារ​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ដែរ ២៥ យ៉ាង​នោះ អស់​ទាំង​សេចក្តី​លាក់​កំបាំង​ក្នុង​ចិត្ត​គេ នឹង​បាន​សំដែង​មក ហើយ​យ៉ាង​នោះ គេ​នឹង​ក្រាប​ផ្កាប់​មុខ​ថ្វាយ​បង្គំ​ដល់​ព្រះ​វិញ ព្រម​ទាំង​ធ្វើ​បន្ទាល់​ថា ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន។

សណ្តាប់ធ្នាប់​ក្នុង​ពួក​ជំនុំ

២៦ ដូច្នេះ ធ្វើ​ដូច​ម្តេច បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​ប្រជុំ នោះ​គ្រប់​គ្នា​មាន​ទំនុកដំកើង មាន​សេចក្តី​បង្រៀន មាន​សេចក្តី​បើក​សំដែង មាន​និយាយ​ភាសា​ដទៃ មាន​សេចក្តី​បក​ប្រែ​ដែរ ត្រូវ​ឲ្យ​ធ្វើ​ការ​ទាំង​អស់ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង ២៧ បើ​មាន​អ្នក​ណា​និយាយ​ជា​ភាសា​ដទៃ នោះ​និយាយ​បាន​តែ​២ឬ៣​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្តងៗ ផង រួច​ត្រូវ​មាន​អ្នក​១​ជា​អ្នក​បក​ប្រែ ២៨ បើ​គ្មាន​អ្នក​ណា​សំរាប់​បក​ប្រែ​ទេ នោះ​ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ពួក​ជំនុំ​ចុះ ហើយ​ទូល​ដល់​ព្រះ​ដោយ​ខ្លួន​ឯង​វិញ ២៩ ឯ​អ្នក​ដែល​អធិប្បាយ នោះ​ទុក​ឲ្យ​២ឬ៣​នាក់​សំដែង​ទៅ ហើយ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ពិចារណា​ចុះ ៣០ បើ​មាន​អ្នក​ណា​ទៀត​អង្គុយ​នៅ​ទី​នោះ ដែល​ក៏​មាន​សេចក្តី​សំរាប់​នឹង​បើក​សំដែង​ដែរ នោះ​ត្រូវ​ឲ្យ​អ្នក​មុន​ផ្អាក​នៅ​ស្ងៀម​សិន ៣១ ដ្បិត​អ្នក​រាល់​គ្នា​មាន​ច្បាប់​នឹង​អធិប្បាយ​បាន​ទាំង​អស់​គ្នា តែ​ត្រូវ​សំដែង​ម្នាក់​ម្តងៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀន​តាម ហើយ​ឲ្យ​គ្រប់​គ្នា​បាន​សេចក្តី​ទូន្មាន​ដែរ ៣២ ឯ​វិញ្ញាណ​នៃ​ពួក​អ្នក​ដែល​អធិប្បាយ នោះ​នៅ​ក្រោម​អំណាច​អ្នក​នោះ​ឯង ៣៣ ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ ដូច​ក្នុង​អស់​ទាំង​ពួក​ជំនុំ​របស់​ពួក​បរិសុទ្ធ​ដែរ។ ៣៤ នៅ​ក្នុង​ពួក​ជំនុំ ត្រូវ​ឲ្យ​ពួក​ស្រីៗ នៅ​ស្ងៀម ដ្បិត​គ្មាន​ច្បាប់​ឲ្យ​និយាយ​ឡើយ ត្រូវ​ឲ្យ​គេ​ប្រតិបត្តិ​តាម​វិញ ដូច​ជា​ក្រឹត្យវិន័យ​ក៏​សំដែង​ដែរ ៣៥ បើ​គេ​ចង់​រៀន​អ្វី នោះ​ត្រូវ​តែ​សួរ​ប្តី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ពួក​ស្រីៗ និយាយ​នៅ​ក្នុង​ពួក​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។ ៣៦ ចុះ​ដូច​ម្តេច តើ​ព្រះបន្ទូល​បាន​ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​មក ឬ​បាន​មក​ត្រឹម​តែ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណោះ ៣៧ បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ចេះ​អធិប្បាយ ឬ​ថា ខ្លួន​ជា​មនុស្ស​ប្រកប​ដោយ​ព្រះវិញ្ញាណ នោះ​ត្រូវ​តែ​យល់​ព្រម​ថា សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា​នេះ សុទ្ធ​តែ​ជា​បញ្ញត្ត​ផង​ព្រះអម្ចាស់​ទាំង​អស់ ៣៨ បើ​អ្នក​ណា​មិន​យល់​ទេ នោះ​ឲ្យ​គេ​នៅ​តែ​មិន​យល់​ទៅ​ចុះ ៣៩ ដូច្នេះ បង​ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ចេះ​អធិប្បាយ ហើយ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​នោះ​ឡើយ ៤០ ត្រូវ​តែ​ធ្វើ​ការ​ទាំង​អស់​តាម​បែប​គួរ​សម ហើយ​ដោយ​លំដាប់លំដោយ​ផង។

១ កូរិនថូសទី ១៥

អំពី​ព្រះអម្ចាស់​មាន​ព្រះជន្ម​រស់​ឡើង​វិញ

១ បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង ២ អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ ដោយសារ​ដំណឹង​ល្អ​នោះ​ផង គឺ​បើ​សិន​ជា​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល ដែល​ខ្ញុំ​បាន​ថ្លែង ប្រាប់​មក លើក​តែ​អ្នក​រាល់​គ្នា​បាន​ជឿ ដោយ​ឥត​បើ​គិត ៣ ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ ៤ ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ ៥ ហើយ​ថា ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ ៦ ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់ទៅ​ហើយ ៧ ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​យ៉ាកុប​ឃើញ ក៏​ឲ្យ​ពួក​សាវ័ក​ទាំង​អស់​គ្នា​ឃើញ​ដែរ ៨ រួច​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ជា​ខាង​ក្រោយ​គេ​បង្អស់ ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់​ដែរ ៩ ដ្បិត​ក្នុង​បណ្តា​ពួក​សាវ័ក នោះ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ មិន​គួរ​នឹង​ហៅ​ខ្ញុំ​ជា​សាវ័ក​ផង​ទេ ពី​ព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ដល់​ពួក​ជំនុំ​នៃ​ព្រះ ១០ ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាង​ណា នោះ​គឺ​បាន​ដោយ​ព្រះគុណ​នៃ​ព្រះ​ទេ ហើយ​ព្រះគុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិន​មែន​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិន​មែន​ជា​ខ្ញុំ គឺ​ជា​ព្រះគុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​វិញ ១១ ដូច្នេះ ទោះ​បើ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី គង់​តែ​យើង​ផ្សាយ​ដំណឹង​បែប​យ៉ាង​នោះ ក៏​យ៉ាង​នោះ​ឯង ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។

គ្រីស្ទបរិស័ទ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ

១២ បើ​សិន​ជា​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះគ្រីស្ទ​ថា ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​អ្នក​រាល់​គ្នា​ខ្លះ និយាយ​បាន ថា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ១៣ បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះគ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ១៤ ហើយ​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ ១៥ ឈ្មោះ​ថា​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់​ក្លែងក្លាយ​ពី​ព្រះ​វិញ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​ថា ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះគ្រីស្ទ​រស់​ឡើង​វិញ​ហើយ តែ​បើ​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ប្រាកដ​ជា​ទ្រង់​មិន​បាន​ប្រោស​ឲ្យ​ព្រះគ្រីស្ទ​រស់​ឡើង​វិញ​ពិត ១៦ ដ្បិត​បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​ទេ នោះ​ព្រះគ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​ដែរ ១៧ ហើយ​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ ១៨ ហើយ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះគ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ ១៩ បើ​សិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត។ ២០ តែ​ឥឡូវ​នេះ ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ ២១ ដ្បិត​ដែល​សេចក្តី​ស្លាប់​បាន​មក​ដោយសារ​មនុស្ស នោះ​សេចក្តី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយសារ​មនុស្ស​ដែរ ២២ ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់ ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ ២៣ តែ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះគ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះគ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក ២៤ គ្រា​នោះ​បាន​ដល់​ចុង​បំផុត​ហើយ ជា​វេលា​ដែល​ទ្រង់​នឹង​ប្រគល់​នគរ ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​ទៅ​វិញ ក្រោយ​ដែល​ទ្រង់​បាន​ទំលាក់​អស់​ទាំង​រាជ្យ និង​អំណាច ហើយ​និង​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ ២៥ ដ្បិត​គួរ​ឲ្យ​ទ្រង់​បាន​សោយ​រាជ្យ ទាស់​តែ​ដាក់​អស់​ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោម​ព្រះបាទ​ទ្រង់ ២៦ ឯ​ខ្មាំងសត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្តី​ស្លាប់ ២៧ ពី​ព្រោះ​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ព្រះបាទ​ទ្រង់​ហើយ តែ​ដែល​ថា​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នោះ​ច្បាស់​ជា​មិន​និយាយ​ពី​ព្រះ ដែល​បង្ក្រាប​គ្រប់​របស់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​នោះ​ទេ ២៨ ហើយ​កាល​ណា​ទ្រង់​បាន​បង្ក្រាប​គ្រប់​របស់​ទាំង​អស់​នៅ​ក្រោម​ទ្រង់ នោះ​ព្រះរាជ្យបុត្រា​នោះ​ឯង ក៏​នឹង​ត្រូវ​ក្រាប​ក្រោម​ព្រះ ដែល​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​ដែរ ដើម្បី​ឲ្យ​ព្រះ​បាន​ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់។ ២៩ ពុំ​នោះ ពួក​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្តី​ស្លាប់ និង​ធ្វើ​ដូច​ម្តេច បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្តី​ស្លាប់​ធ្វើ​អី ៣០ ហេតុ​អ្វី​បាន​ជា​យើង​មាន​សេចក្តី​អន្តរាយ រាល់​ពេល​វេលា​ដែរ ៣១ ខ្ញុំ​ស្បថ​ដោយ​នូវ​សេចក្តី​អំនួត ដែល​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ថា ខ្ញុំ​ស្លាប់​រាល់​តែ​ថ្ងៃ ៣២ បើ​សិន​ជា​ខ្ញុំ​បាន​តយុទ្ធ​នឹង​សត្វ​ព្រៃ នៅ​ក្រុង​អេភេសូរ តាម​របៀប​ជា​មនុស្ស នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ បើ​សិន​ណា​ជា​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ ៣៣ កុំ​ឲ្យ​ច្រឡំ​ឡើយ ពី​ព្រោះ​ពួកម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ ៣៤ ចូរ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ខាង​សេចក្តី​សុចរិត​ចុះ កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ ខ្ញុំ​ថា​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ខ្មាស។

អំពី​រូបកាយ​អ្នក​ដែល​រស់​ឡើង​វិញ

៣៥ មុខ​ជា​នឹង​មាន​អ្នក​ណា​មួយ​សួរ​ថា ឯ​ពួក​មនុស្ស​ស្លាប់ នឹង​រស់​ឡើង​វិញ​យ៉ាង​ណា តើ​មក​វិញ​មាន​រូបកាយ​ដូច​ម្តេច ៣៦ ឱ​មនុស្ស​កំឡៅ​អើយ គ្រាប់​ពូជ​ដដែល​អ្នក​ព្រោះ​ទៅ បើ​មិន​ងាប់ នោះ​មិន​ពន្លក​ដុះ​ឡើង​ទេ ៣៧ ហើយ​គ្រាប់​ដែល​អ្នក​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ពន្លក​ឡើង​នោះ​ដែរ គឺ​ជា​គ្រាប់​សុទ្ធ ដូច​ជា​គ្រាប់​ស្រូវ ឬ​ពូជ​ណា​ទៀត​ក្តី ៣៨ តែ​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ដើម​ទីទៃ​ពី​គ្នា​រៀង​រាល់​ពូជ តាម​ព្រះហឫទ័យ​ទ្រង់ ៣៩ គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ គឺ​មាន​១​របស់​មនុស្ស ១​របស់​សត្វ ១​របស់​ត្រី ហើយ​១​របស់​សត្វ​ហើរ ៤០ ក៏​មាន​រូបកាយ​សំរាប់​ស្ថានសួគ៌ ហើយ​មាន​រូបកាយ​សំរាប់​ផែនដី​ដែរ តែ​សិរី​របស់​រូបកាយ​នៅ​ស្ថានសួគ៌ និង​របស់​រូបកាយ​នៅ​ផែនដី​នោះ​ទីទៃ​ពី​គ្នា ៤១ ឯ​ព្រះអាទិត្យ នោះ​មាន​រស្មី​ម្យ៉ាង​ទៅ ព្រះចន្ទ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ ហើយ​ផ្កាយ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ សូម្បី​តែ​ផ្កាយ​ទាំង​ប៉ុន្មាន​សោត ក៏​មាន​រស្មី​ខុស​ពី​គ្នា​ដែរ ៤២ សេចក្តី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​កប់​ទៅ ជា​រូបកាយ ដែល​ពុករលួយ តែ​រស់​ឡើង​វិញ ជា​រូបកាយ​មិន​ចេះ​ពុករលួយ​ឡើយ ៤៣ បាន​កប់​ទៅ ទាំង​មាន​សេចក្តី​អាប់ឱន តែ​រស់​ឡើង​វិញ ទាំង​មាន​សិរីល្អ បាន​កប់​ទៅ ទាំង​មាន​សេចក្តី​កំសោយ តែ​រស់​ឡើង​វិញ ទាំង​មាន​ព្រះចេស្តា ៤៤ បាន​កប់​ទៅ ជា​រូបកាយ ខាង​សាច់​ឈាម តែ​រស់​ឡើង ជា​រូបកាយ​ខាង​វិញ្ញាណ​វិញ បើ​មាន​រូបកាយ​ខាង​សាច់​ឈាម នោះ​ក៏​មាន​រូបកាយ ខាង​វិញ្ញាណ​ដែរ ៤៥ ដូច​ជា​សេចក្តី​ដែល​ចែង​ទុក ពី​លោក​អ័ដាម ដែល​ជា​មនុស្ស​មុន​ដំបូង​ថា «បាន​ត្រឡប់​ជា​មាន​ព្រលឹង​រស់»តែ​លោក​អ័ដាម​ក្រោយ​បង្អស់ ជា​វិញ្ញាណ​ដ៏​ប្រោស​ឲ្យ​រស់​វិញ ៤៦ ឯ​វិញ្ញាណ​មិន​មែន​កើត​មុន​ទេ គឺ​ជា​រូប​សាច់​ទេ​តើ រួច​ទើប​មាន​វិញ្ញាណ​ជា​ខាង​ក្រោយ ៤៧ មនុស្ស​មុន​ដំបូង​កើត​មក​ពី​ដី គឺ​ធ្វើ​មក​ពី​ធូលី​ដី តែ​មនុស្ស​ទី​២ ជា​ព្រះអម្ចាស់​ដែល​ចេញ​មក​ពី​ស្ថានសួគ៌​វិញ ៤៨ ឯ​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី ក៏​យ៉ាង​នោះ​ដែរ ហើយ​ព្រះអម្ចាស់ ដែល​យាង​មក​ពី​ស្ថានសួគ៌ ជា​យ៉ាង​ណា ពួក​ស្ថានសួគ៌​ក៏​យ៉ាង​នោះ​ដែរ ៤៩ យើង​ក៏​នឹង​មាន​រូប​រាង​របស់​ព្រះអម្ចាស់​ពី​ស្ថានសួគ៌ ដូច​ជា​យើង​មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលី​មក​ដែរ ៥០ បង​ប្អូន​អើយ សេចក្តី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​ពុំ​អាច​នឹង​គ្រង​នគរ​ព្រះ​ជា​មរដក​បាន​ឡើយ ហើយ​សេចក្តី​ពុករលួយ​ក៏​ពុំ​អាច​នឹង​គ្រង​សេចក្តី ដែល​មិន​ចេះ​ពុករលួយ​បាន​ដែរ។ ៥១ នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​អាថ៌កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ ៥២ តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុករលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ ៥៣ ដ្បិត​ត្រូវ​តែ​រូបកាយ​ដ៏​ពុករលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ពុករលួយ​វិញ ហើយ​រូបកាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ចេះ​ស្លាប់​វិញ​ដែរ ៥៤ កាល​ណា​រូបកាយ​ពុករលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ពុករលួយ ហើយ​រូបកាយ​ដែល​តែង​តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ចេះ​ស្លាប់​វិញ នោះ​ទើប​នឹង​បាន​សំរេច​តាម​ពាក្យ ដែល​ចែង​ទុក​មក​ថា «សេចក្តី​ជ័យជំនះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ» ៥៥ «ឱ​សេចក្តី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា សេចក្តី​ស្លាប់​អើយ ជ័យជំនះ​របស់​ឯង​នៅ​ឯ​ណា» ៥៦ រីឯ​ទ្រនិច​នៃ​សេចក្តី​ស្លាប់ គឺ​ជា​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ជា​ក្រឹត្យវិន័យ ៥៧ តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យជំនះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ៥៨ បាន​ជា​បង​ប្អូន​ស្ងួនភ្ងា​អើយ ចូរ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះអម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះអម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។

១ កូរិនថូសទី ១៦

អំពី​ការ​រៃ​ប្រាក់​ផ្ញើ​ទៅ​គ្រីស្ទបរិស័ទ​នៅ​ក្រុង​យេរូសាឡិម

១ ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សំរាប់​ពួក​បរិសុទ្ធ នោះ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ជា​ខ្ញុំ​បាន​ផ្តាំ​ទុក​ក្នុង​ពួក​ជំនុំ​នៅ​ស្រុក​កាឡាទី​ទាំង​ប៉ុន្មាន​ដែរ ២ គឺ​រាល់​តែ​អាទិត្យ ក្នុង​ថ្ងៃ​ដំបូង នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រមូល​ដាក់​ទុក​នូវ​អ្វីៗ​ដោយឡែក តាម​ដែល​ព្រះ​បាន​ចំរើន​ឲ្យ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​បាច់​នឹង​រៃ​ទៀត ៣ កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​ពេញ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​កាន់​សំបុត្រ និង​យក​ទេយ្យទាន​របស់​អ្នក​រាល់​គ្នា ទៅ​ដល់​ក្រុង​យេរូសាឡិម ៤ ហើយ​បើ​សិន​ជា​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ នោះ​គេ​នឹង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង។

គំរោង​ការ​របស់​ប៉ុល

៥ កាល​ណា​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន​ហើយ នោះ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​ត្រូវ​ដើរ​កាត់​ស្រុក​ម៉ាសេដូន​សិន ៦ ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា​១​នឹង​អ្នក​រាល់​គ្នា​បន្តិច ឬ​អស់​១​រដូវ​រងា​ផង​ទេ​ដឹង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ ទៅ​ឯ​ទី​កន្លែង​ណា ដែល​ខ្ញុំ​នឹង​ទៅ​ត​ទៅ​ទៀត ៧ ដ្បិត​ខ្ញុំ​មិន​ចូល​ចិត្ត​មក​សួរ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​ឥឡូវ​នេះ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​បន្តិច បើ​សិន​ជា​ព្រះអម្ចាស់​ទ្រង់​អនុញ្ញាត​ឲ្យ ៨ ប៉ុន្តែ ខ្ញុំ​នឹង​នៅ​ក្រុង​អេភេសូរ ទាល់​តែ​ដល់​បុណ្យ​ថ្ងៃ​ទី​៥០ ៩ ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បាន​បើក​ចំហរ​ឲ្យ​ខ្ញុំ ហើយ​ក៏​មាន​ពួក​ឃាត់ឃាំង​ជា​ច្រើន​ដែរ។ ១០ បើ​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ចូរ​ខំ​ទំនុក​បំរុង​ឲ្យ​គាត់​នៅ​ជា​មួយ​ផង កុំ​ឲ្យ​គាត់​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​គាត់​ក៏​ធ្វើ​ការ​របស់​ព្រះអម្ចាស់ ដូច​ជា​ខ្ញុំ​ដែរ ១១ កុំ​ឲ្យ​អ្នក​ណា​មើលងាយ​គាត់ ត្រូវ​ជូន​ដំណើរ​គាត់​ទៅ​មុខ ដោយ​សុខ​សាន្ត ឲ្យ​គាត់​បាន​ទៅ​ដល់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​នឹង​ចាំ​គាត់​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត ១២ ឯ​អ័ប៉ុឡូស ជា​បង​ប្អូន ខ្ញុំ​បាន​ទូន្មាន​គាត់​ជា​ច្រើន ឲ្យ​បាន​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​ពួក​បង​ប្អូន​នោះ​ដែរ តែ​គាត់​មិន​សុខ​ចិត្ត​នឹង​មក​ឥឡូវ​នេះ​ទេ គឺ​នឹង​មក​ក្នុង​កាល​ដែល​មាន​ឱកាស​ស្រួល។

ពាក្យ​ផ្តែផ្តាំ​ផ្សេងៗ

១៣ ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំមួន​ក្នុង​សេចក្តី​ជំនឿ ចូរ​ប្រព្រឹត្ត​ឲ្យ​ពេញ​ជា​ភាព​បុរស ចូរ​ឲ្យ​មាន​កំឡាំង​ចុះ ១៤ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​អស់ ដោយ​សេចក្តី​ស្រឡាញ់។ ១៥ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ស្គាល់​ពួក​ផ្ទះ​ស្ទេផាន៉ាស ថា​គេ​ជា​ផល​ដំបូង​ពី​ស្រុក​អាខៃ ហើយ​ថា គេ​បាន​តាំង​ខ្លួន​គេ សំរាប់​នឹង​បំរើ​ពួក​បរិសុទ្ធ ១៦ ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ចុះ​ចូល​នឹង​មនុស្ស​យ៉ាង​នោះ ហើយ​នឹង​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ជា​មួយ​នឹង​យើង​ខ្ញុំ​ផង ១៧ ខ្ញុំ​អរ​ណាស់ ដែល​ស្ទេផាន៉ាស ភ័រទូន៉ាតុស និង​អ័ខៃកុស បាន​ទៅ​ដល់​ខ្ញុំ​ហើយ ដ្បិត​សេចក្តី​ណា​ដែល​អ្នក​រាល់​គ្នា​ខាន​ធ្វើ នោះ​គេ​បាន​ធ្វើ​បំពេញ​ឡើង ១៨ គេ​បាន​លំហើយ​ចិត្ត​ខ្ញុំ និង​ចិត្ត​អ្នក​រាល់​គ្នា​ផង ដូច្នេះ ចូរ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ ១៩ អស់​ទាំង​ពួក​ជំនុំ​នៅ​ស្រុក​អាស៊ី គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​អ័រគីឡា និង​នាង​ព្រីស៊ីល ព្រម​ទាំង​ពួក​ជំនុំ​ដែល​ប្រជុំ​នៅ​ផ្ទះ​គេ សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​យ៉ាង​ថ្នម ក្នុង​ព្រះអម្ចាស់ ២០ ពួក​បង​ប្អូន​ទាំង​អស់​គ្នា ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ សូម​ឲ្យ​អ្នក​រាល់​គ្នា​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​យ៉ាង​បរិសុទ្ធ​ផង។ ២១ នេះ​ជា​ពាក្យ​ដែល​ប៉ុល​ខ្ញុំ សរសេរ​ដោយ​ដៃ​ខ្លួន​ខ្ញុំ ផ្ញើ​មក​ជំរាប​សួរ​អ្នក​រាល់​គ្នា ២២ បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ ដ្បិត​ព្រះអម្ចាស់​ទ្រង់​យាង​មក ២៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ២៤ សូម​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់ ក្នុង​ព្រះគ្រីស្ទយេស៊ូវ។ អាម៉ែន។:៚

២ កូរិនថូសទី ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវ័ក​នៃ​ព្រះយេស៊ូវគ្រីស្ទ តាម​បំណង​ព្រះហឫទ័យ​ព្រះ និង​ធីម៉ូថេ ជា​ពួក​បង​ប្អូន ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្រុង​កូរិនថូស ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ដែល​នៅ​គ្រប់​ក្នុង​ស្រុក​អាខៃ ២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត​មក​អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

ប៉ុល និង​អ្នក​ជឿ​នៅ​ក្រុង​កូរិនថូស​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា

៣ សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ៤ ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ ៥ ដ្បិត​ដូច​ជា​សេចក្តី​ទុក្ខ​លំបាក​របស់​ព្រះគ្រីស្ទ បាន​ចំរើន​ឡើង​ដល់​យើង​រាល់​គ្នា​យ៉ាង​ណា នោះ​សេចក្តី​ក្សាន្ត​ចិត្ត​នៃ​យើង​រាល់​គ្នា ក៏​ចំរើន​ដោយសារ​ព្រះគ្រីស្ទ​បែប​ដូច្នោះ​ដែរ ៦ ដូច្នេះ បើ​សិន​ជា​យើង​ខ្ញុំ​កើត​មាន​សេចក្តី​វេទនា នោះ​គឺ​សំរាប់​ជា​សេចក្តី​កំសាន្ត​ចិត្ត និង​សេចក្តី​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា ជា​សេចក្តី​ដែល​បាន​កើត​មក ដោយ​ការ​ទ្រាំទ្រ និង​សេចក្តី​ទុក្ខ​លំបាក​ដដែល ដែល​យើង​ខ្ញុំ​ក៏​រង​ទុក្ខ​ដែរ ហើយ​យើង​ខ្ញុំ​មាន​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​មាំមួន​ផង ៧ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​ក្នុង​សេចក្តី​កំសាន្ត​ចិត្ត ដូច​ជា​បាន​ចំណែក​ក្នុង​ការ​ទុក្ខ​លំបាក​នោះ​ដែរ ៨ ដ្បិត​បង​ប្អូន​អើយ យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​សេចក្តី​វេទនា​ដែល​កើត​ឡើង ដល់​យើង​ខ្ញុំ​នៅ​ស្រុក​អាស៊ី​ថា យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃលែង ហួស​ពី​កំឡាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង ៩ យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្តី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ ១០ ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ ឲ្យ​រួច​ពី​សេចក្តី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ ១១ ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​អំណោយ​ទាន​នោះ ដែល​បាន​ប្រទាន​មក​យើង​ខ្ញុំ ដោយសារ​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​ហេតុ ឲ្យ​មនុស្ស​ជា​ច្រើន​បាន​អរ​ព្រះគុណ ដោយ​ព្រោះ​យើង​ខ្ញុំ។

គំរោង​ការ​របស់​ប៉ុល

១២ ដ្បិត​សេចក្តី​អំនួត​របស់​យើង​ខ្ញុំ នោះ​គឺ​ជា​សេចក្តី​បន្ទាល់​របស់​បញ្ញា​ចិត្ត​យើង​ខ្ញុំ ដែល​សំដែង​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ក្នុង​លោកីយ៍​នេះ ហើយ​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះគុណ​នៃ​ព្រះ​វិញ ១៣ យើង​ខ្ញុំ​មិន​សរសេរ​សេចក្តី​ណា​ផ្សេង​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ដែល​បាន​អាន​មើល នឹង​យល់​ព្រម​ហើយ​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​ព្រម​តាម​សេចក្តី​នោះ​ឯង ដរាប​ដល់​ចុង​បំផុត​ដែរ ១៤ ដូច​ជា​អ្នក​រាល់​គ្នា​ខ្លះ​បាន​យល់​ព្រម​ហើយ​ថា យើង​ខ្ញុំ​ជា​ទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ខ្ញុំ​ដែរ នៅ​ថ្ងៃ​នៃ​ព្រះអម្ចាស់យេស៊ូវ។ ១៥ ដោយ​ព្រោះ​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​នោះ បាន​ជា​ខ្ញុំ​គិត​នឹង​មក​ឯ​អ្នក​រាល់​គ្នា​ពី​កាល​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះគុណ​មួយ​លើក​ទៀត ១៦ ហើយ​ឲ្យ​ខ្ញុំ​បាន​ហួស​ទៅ​ឯ​ស្រុក​ម៉ាសេដូន ដោយសារ​អ្នក​រាល់​គ្នា រួច​សឹម​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ ទៅ​ឯ​ស្រុក​យូដា​ផង ១៧ ដូច្នេះ ដែល​ខ្ញុំ​សំរេច​ធ្វើ​យ៉ាង​នោះ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សាវា​ឬ​អី ឬ​ការ​ដែល​ខ្ញុំ​សំរេច​នឹង​ធ្វើ តើ​បាន​សំរេច​តាម​សាច់​ឈាម​បាន​ជា​ជួនកាល​ខ្ញុំ​ថា «បាទ» ជួនកាល​ថា «ទេ» វិញ​ឬ​អី ១៨ រីឯ​ព្រះ ទ្រង់​ស្មោះត្រង់ បាន​ជា​ពាក្យ​សំដី​ដែល​យើង​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​មិន​មែន​ថា «បាទ»ផង «ទេ»ផង​ឡើយ ១៩ ដ្បិត​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​យើង​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ ស៊ីលវ៉ាន និង​ធីម៉ូថេ បាន​ប្រកាស​ប្រាប់​ក្នុង​ពួក​អ្នក​រាល់​គ្នា ទ្រង់​មិន​មែន​ជា «បាទ»ផង «ទេ»ផង​នោះ​ទេ គឺ​មាន​តែ «បាទ» សុទ្ធ​នៅ​ក្នុង​ទ្រង់​ប៉ុណ្ណោះ ២០ ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​សុទ្ធ​តែ​ជា «បាទ»ក្នុង​ទ្រង់ ហើយ«អាម៉ែន»ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរីល្អ​ដល់​ព្រះ ដោយសារ​យើង​រាល់​គ្នា ២១ រីឯ​អ្នក​ដែល​តាំង​យើង​ខ្ញុំ ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ដែល​ចាក់​ប្រេងឲ្យ​យើង នោះ​គឺ​ជា​ព្រះ ២២ ទ្រង់​ក៏​បាន​ដៅ​ចំណាំ​យើង​រាល់​គ្នា ហើយ​បាន​ប្រទាន​ព្រះវិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​រាល់​គ្នា​ផង។ ២៣ ខ្ញុំ​សូម​យក​ព្រះ​ធ្វើ​ជា​សាក្សី​ពី​ចិត្ត​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​ទាន់​មក​ឯ​ក្រុង​កូរិនថូស នោះ​គឺ​ដោយ​ប្រណី​ដល់​អ្នក​រាល់​គ្នា​ទេ ២៤ មិន​មែន​ថា យើង​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​លើ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​ធ្វើ​ជា​គូកន ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​អំណរ​វិញ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយសារ​សេចក្តី​ជំនឿ។

២ កូរិនថូសទី ២

១ តែ​ខ្ញុំ​បាន​គិត​សំរេច​សេចក្តី​នេះ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ព្រួយ​ទៀត​ទេ ២ ដ្បិត​បើ​សិន​ជា​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ទៅ​ហើយ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​បាន លើក​តែ​អ្នក​នោះ​ឯង​ដែល​ព្រួយ​ដោយសារ​ខ្ញុំ​ប៉ុណ្ណោះ ៣ ហើយ​ខ្ញុំ​បាន​សរសេរ​សេចក្តី​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​កើត​ព្រួយ​ចិត្ត​ពី​ដំណើរ​អ្នក​ខ្លះ ដែល​មុខ​គួរ​ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ​ដោយសារ​គេ​វិញ ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ថា ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​រីករាយ នោះ​ក៏​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រីករាយ​ដែរ ៤ ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​ខ្ញុំ​មាន​ចិត្ត​លំបាក ហើយ​ថប់​ព្រួយ ព្រម​ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ដែរ​នោះ​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្តី​ស្រឡាញ់ ដែល​ខ្ញុំ​មាន​ជា​បរិបូរ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ឯង។

ប៉ុល​អត់​ទោស​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​ខុស

៥ ប៉ុន្តែ បើ​មាន​អ្នក​ណា​បាន​បណ្តាល​ឲ្យ​កើត​មាន​សេចក្តី​ព្រួយ នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​មាន​ទុក្ខ​ខ្លះ​វិញ ដ្បិត​ខ្ញុំ​មិន​ចង់​និយាយ​ពន្លើស​ឡើយ ៦ ឯ​ទោស​ដែល​ច្រើន​គ្នា​បាន​ធ្វើ​ដល់​មនុស្ស​យ៉ាង​នោះ នោះ​ល្មម​ប៉ុណ្ណឹង​ហើយ ៧ បាន​ជា​ស៊ូ​ឲ្យ​អត់​ទោស ហើយ​កំសាន្ត​ចិត្ត​មនុស្ស​នោះ​វិញ ក្រែង​មនុស្ស​នោះ​ត្រូវ​ស្រូប​បាត់ ដោយ​កើត​ទុក្ខ​ព្រួយ​កាន់​តែ​ខ្លាំង​ឡើង ៨ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​សំដែង​សេចក្តី​ស្រឡាញ់ ដល់​អ្នក​នោះ​ឲ្យ​ជាក់​លាក់ ៩ ដ្បិត​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ដែរ គឺ​ដើម្បី​នឹង​ល​មើល​អ្នក​រាល់​គ្នា​ឲ្យ​ដឹង តើ​នឹង​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ ១០ បើ​អ្នក​រាល់​គ្នា​អត់​ទោស​ដល់​អ្នក​ណា​ពី​រឿង​អ្វី នោះ​ខ្ញុំ​ក៏​អត់​ទោស​ដែរ ហើយ​រឿង​អ្វី​ដែល​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​ពួក​គេ បើ​សិន​ជា​បាន​អត់​ទោស​អ្វី​មែន នោះ​គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះគ្រីស្ទ​ហើយ ១១ ដើម្បី​មិន​ឲ្យ​អារក្ស​សាតាំង​មាន​ឱកាស​នឹង​ឈ្នះ​យើង​បាន​ឡើយ ដ្បិត​យើង​ស្គាល់​អស់​ទាំង​កិច្ចកល​របស់​វា​ហើយ។

ប៉ុល​ខ្វល់ខ្វាយ​ក្នុង​ចិត្ត

១២ កាល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ទ្រអាស ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះគ្រីស្ទ ហើយ​មាន​ទ្វារ​បើក​ឲ្យ​ខ្ញុំ ដោយ​នូវ​ព្រះអម្ចាស់ ១៣ នោះ​ខ្ញុំ​ឥត​មាន​ធូរ​ក្នុង​ចិត្ត​សោះ ដោយ​ហេតុ​រក​ទីតុស ជា​បង​ប្អូន​ខ្ញុំ មិន​ឃើញ បាន​ជា​ខ្ញុំ​លា​គេ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ ១៤ តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យជំនះ​ក្នុង​ព្រះគ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង ១៥ ដ្បិត​យើង​ខ្ញុំ​ជា​ក្លិន​ក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ នៅ​ក្នុង​ពួក​មនុស្ស​ដែល​កំពុង​តែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុង​តែ​វិនាស​ទៅ​ដែរ ១៦ ដល់​ពួក​១​ជា​ក្លិន​នៃ​សេចក្តី​ស្លាប់ ឲ្យ​ត្រូវ​ស្លាប់ ដល់​ពួក​១​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​បាន​រស់​នៅ តើ​អ្នក​ណា​គួរ​នឹង​សេចក្តី​ទាំង​នេះ ១៧ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ដូច​ជា​មនុស្ស​ច្រើន​គ្នា ដែល​បំប្លែង​ព្រះបន្ទូល​នោះ​ទេ គឺ​ដូច​ជា​អ្នក​ស្មោះត្រង់ ដែល​មក​ពី​ព្រះ​វិញ ហើយ​យើង​និយាយ​ចំពោះ​ព្រះ​ដោយ​នូវ​ព្រះគ្រីស្ទ។

២ កូរិនថូសទី ៣

អ្នក​បំរើ​ព្រះជាម្ចាស់ ក្នុង​សញ្ញា​ថ្មី

១ ដូច្នេះ តើ​យើង​ចាប់​តាំង​ផ្ទុកផ្តាក់​ខ្លួន​យើង​ខ្ញុំម្តង​ទៀត​ឬ​អី តើ​យើង​ខ្ញុំ​ត្រូវ​ការ​នឹង​សំបុត្រ​ផ្ទុកផ្តាក់​ខ្លួន​យើង​នឹង​អ្នក​រាល់​គ្នា ឬ​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ឲ្យ​សំបុត្រ​ផ្ទុកផ្តាក់​យើង​នឹង​គេ ដូច​ជា​អ្នក​ខ្លះ​ត្រូវ​ការ​ឬ​អី ២ គឺ​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​យើង​ខ្ញុំ​ហើយ ទាំង​កត់​ទុក​ក្នុង​ចិត្ត​យើង​ខ្ញុំ​ផង ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ ៣ ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការងារ​យើង​ខ្ញុំ មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ ៤ ហើយ​យើង​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នោះ​ដល់​ព្រះ ដោយសារ​ព្រះគ្រីស្ទ ៥ មិន​មែន​ថា យើង​ខ្ញុំ​ពូកែ​ល្មម​ដោយ​ខ្លួន​ឯង និង​គិត​ស្មាន​ថា មាន​អ្វី​កើត​ពី​ខ្លួន​យើង​ខ្ញុំ​នោះ​ឡើយ តែ​ដែល​យើង​ខ្ញុំ​ពូកែ នោះ​មក​តែ​ពី​ព្រះ​ទេ ៦ ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​ខ្ញុំ​អាច​នឹង​ធ្វើ​ជា​អ្នក​បំរើ​នៃ​សញ្ញា​ថ្មី​បាន មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ ដ្បិត​ន័យ​ពាក្យ នោះ​ធ្វើ​ឲ្យ​ស្លាប់ តែ​ព្រះវិញ្ញាណ ទ្រង់​ប្រទាន​ឲ្យ​មាន​ជីវិត​វិញ។ ៧ ហើយ​បើ​ការងារ​ខាង​ឯ​សេចក្តី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​លើ​ថ្ម​បាន​កើត​មក​ក្នុង​សិរីល្អ ដល់​ម៉្លេះ​បាន​ជា​ជនជាតិ​អ៊ីស្រាអែល មិន​អាច​នឹង​សំឡឹង​មើល​មុខ​លោក​ម៉ូសេ​បាន​ទេ ដោយ​ព្រោះ​សិរីល្អ​នៃ​មុខ​លោក គឺ​ជា​សេចក្តី​ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ ៨ នោះ​ចំណង់​បើ​ការងារ​ខាង​ឯ​ព្រះវិញ្ញាណ តើ​នឹង​មាន​សិរីល្អ​លើស​ជាង​អម្បាលម៉ាន​ទៅ ៩ ដ្បិត​បើ​សិន​ជា​ការងារ​ខាង​ឯ​សេចក្តី​កាត់​ទោស មាន​សិរីល្អ​ទៅ​ហើយ នោះ​ការងារ​ខាង​ឯ​សេចក្តី​សុចរិត ប្រាកដ​ជា​នឹង​មាន​សិរីល្អ​ជា​បរិបូរ​លើស​ទៅ​ទៀត ១០ ពី​ព្រោះ​ឯ​សេចក្តី​ដែល​មាន​សិរីល្អ​ពី​ដើម​នោះ បាន​ដូច​ជា​គ្មាន​សិរីល្អ​វិញ ដោយ​ព្រោះ​សិរីល្អ​នេះ​ដែល​លើស​ទៅ​ទៀត ១១ ដ្បិត​បើ​សិន​ជា​សេចក្តី​នោះ ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ បាន​មក​ដោយសារ​សិរីល្អ នោះ​សេចក្តី​ដែល​ជាប់​នៅ ប្រាកដ​ជា​មាន​សិរីល្អ​លើស​ទៅ​ទៀត ១២ ដូច្នេះ ដែល​មាន​សេចក្តី​សង្ឃឹម​ជា​ខ្លាំង​ក្រៃ​ដល់​ម៉្លេះ នោះ​យើង​ខ្ញុំ​កើត​មាន​សេចក្តី​ក្លាហាន​ណាស់ ១៣ មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ជនជាតិ​អ៊ីស្រាអែល បាន​សំឡឹង​មើល​ទៅ​ដល់​ចុង​នៃ​សេចក្តី ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ​នោះ​ឡើយ ១៤ តែ​ចិត្ត​គេ​បាន​រឹងទទឹង​វិញ ដ្បិត​ដរាប​ដល់​ឥឡូវ​នេះ កាល​បើ​គេ​មើល​ក្នុង​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​ដដែល ឥត​បក​ចេញ​ឡើយ ដែល​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះគ្រីស្ទ ១៥ ដរាប​ដល់​ថ្ងៃ​នេះ កាល​ណា​គេ​មើល​គម្ពីរ​លោក​ម៉ូសេ នោះ​ក៏​គង់​មាន​ស្បៃ​បាំង​ចិត្ត​គេ​នៅ​ឡើយ ១៦ តែ​កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ នោះ​ទើប​ស្បៃ​នឹង​បាន​ដោះ​ចោល​ចេញ ១៧ រីឯ​ព្រះអម្ចាស់ ទ្រង់​ជា​ព្រះវិញ្ញាណ ហើយ​កន្លែង​ណា​ដែល​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះ​ក៏​មាន​សេរីភាព​ដែរ ១៨ ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរីល្អ​ព្រះអម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរីល្អ​ទៅ​ដល់​សិរីល្អ គឺ​ដោយសារ​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ។

២ កូរិនថូសទី ៤

ព្រះគ្រីស្ទ​ជួយ​គាំពារ​អ្នក​ផ្សាយ​ដំណឹង​ល្អ

១ ដូច្នេះ ដែល​មាន​ការងារ​នេះ នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ តាម​ខ្នាត​នៃ​សេចក្តី​មេត្តាករុណា ដែល​យើង​ខ្ញុំ​ទទួល​មក ២ យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយកល ឬ​បំប្លែង​ព្រះបន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុកផ្តាក់​ខ្លួន និង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្តី​ពិត​វិញ ៣ បើ​សិន​ណា​ជា​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ​ត្រូវ​គ្រប​បាំង នោះ​គឺ​ត្រូវ​គ្រប​បាំង​ចំពោះ​តែ​ពួក​អ្នក ដែល​កំពុង​វិនាស​ទេ ៤ ជា​ពួក​អ្នក ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សំដែង​ពី​សិរីល្អ​នៃ​ព្រះគ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ ៥ យើង​ខ្ញុំ​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះយេស៊ូវ​ដែរ ៦ ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះបន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរីល្អ​របស់​ព្រះ ដែល​នៅ​ព្រះភក្ត្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ ៧ យើង​មាន​ទ្រព្យសម្បត្តិ​នេះនៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិឫទ្ធិ​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ ៨ ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ ៩ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ ១០ យើង​ខ្ញុំ​ផ្ទុក​សេចក្តី​សុគត​នៃ​ព្រះអម្ចាស់យេស៊ូវ នៅ​ក្នុង​រូបកាយ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​ព្រះជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូបកាយ​យើង​ខ្ញុំ​ដែរ ១១ ដ្បិត​យើង​រាល់​គ្នា​ដែល​រស់​នៅ នោះ​យើង​ត្រូវ​ប្រគល់​ដល់​សេចក្តី​ស្លាប់​ជា​ដរាប ដោយ​ព្រោះ​ព្រះយេស៊ូវ ដើម្បី​ឲ្យ​ព្រះជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូប​សាច់​យើង ដែល​តែង​តែ​ស្លាប់​នេះ ១២ ហេតុ​នោះ​បាន​ជា​សេចក្តី​ស្លាប់​កំពុង​តែ​ចំរើន​ឡើង​ក្នុង​យើង​ខ្ញុំ តែ​ជីវិត​ចំរើន​ក្នុង​អ្នក​រាល់​គ្នា​វិញ ១៣ ហើយ​ដែល​មាន​ចិត្ត​ជឿ​ដូច​គ្នា ត្រូវ​នឹង​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ខ្ញុំ​បាន​ជឿ បាន​ជា​ខ្ញុំ​និយាយ» នោះ​យើង​ខ្ញុំ​ក៏​ជឿ​ដែរ បាន​ជា​យើង​ខ្ញុំ​និយាយ ១៤ ដោយ​ដឹង​ថា ព្រះអង្គ ដែល​ប្រោស​ព្រះអម្ចាស់យេស៊ូវ ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​ឡើង​ដែរ ដោយសារ​ព្រះយេស៊ូវ ហើយ​និង​នាំ​យើង​ខ្ញុំ​ទៅ​នៅ​ចំពោះ​ទ្រង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ១៥ ពី​ព្រោះ​គ្រប់​ទាំង​អស់​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះគុណ ដែល​ចំរើន​ឡើង ដោយសារ​មនុស្ស​ជា​ច្រើន បាន​បណ្តាល​ឲ្យ​មាន​សេចក្តី​អរ​ព្រះគុណ​ចំរើន​ជា​បរិបូរ​ឡើង ដល់​សិរីល្អ​នៃ​ព្រះ​លើស​ទៅ​ទៀត។

លំនៅ​ដែល​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច

១៦ ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុករលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុងកំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ ១៧ ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ១៨ ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ។

២ កូរិនថូសទី ៥

១ ពី​ព្រោះ​យើង​ខ្ញុំ​ដឹង​ថា បើ​ត្រសាល​ដែល​ជា​ទី​លំនៅ​របស់​យើង​ខ្ញុំ នៅ​ផែនដី​នេះ ត្រូវ​បំផ្លាញ​វេលា​ណា នោះ​យើង​ខ្ញុំ​មាន​វិមាន​១ ដែល​មក​ពី​ព្រះ មិន​មែន​ធ្វើ​នឹង​ដៃ​ទេ គឺ​នៅ​លើ​ស្ថានសួគ៌​វិញ ជា​វិមាន​នៅ​ជាប់​អស់​កល្ប​ជានិច្ច ២ ដ្បិត​នៅ​ក្នុង​ត្រសាល​នេះ យើង​ខ្ញុំ​តែង​តែ​ថ្ងូរ ដោយ​សង្វាត​នឹង​ចង់​ប្រដាប់​ខ្លួន ដោយ​ទី​លំនៅ​របស់​យើង​ខ្ញុំ ជា​ទី​លំនៅ​ដែល​មក​ពី​ស្ថានសួគ៌​ណាស់ ៣ ឲ្យ​តែ​យើង​ខ្ញុំ​បាន​ប្រដាប់​ខ្លួន​ចុះ ដើម្បី​កុំ​ឲ្យ​មាន​ឃើញ​យើង​ខ្ញុំ​នៅ​អាក្រាត​ឡើយ ៤ ដ្បិត​យើង​ខ្ញុំ​ដែល​នៅ​ក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ពី​ព្រោះ​យើង​មិន​ចង់​ដោះ​សំលៀកបំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀកពាក់​វិញ ដើម្បី​ឲ្យ​ជីវិត​បាន​លេប​របស់ ដែល​តែង​តែ​ស្លាប់ ឲ្យ​បាត់​ទៅ​នោះ ៥ រីឯ​អ្នក​ដែល​បាន​បង្កើត​យើង​ខ្ញុំ​សំរាប់​ការ​នោះ​ឯង ជា​ព្រះ​ដែល​ទ្រង់​ក៏​ប្រទាន​ព្រះវិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ខ្ញុំ​ដែរ។ ៦ ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿជាក់​ជា​ដរាប ហើយ​ដឹង​ថា ដែល​យើង​ខ្ញុំ​នៅ​ក្នុង​រូបកាយ​នេះ នោះ​យើង​ខ្ញុំ​នៅ​ឃ្លាត​ពី​ព្រះអម្ចាស់ ៧ ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ ៨ ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿជាក់ ហើយ​ក៏​សុខ​ចិត្ត​ស៊ូ​ចេញ​ពី​រូបកាយ​នេះ ទៅ​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ជាង ៩ ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូបកាយ ឬ​ឃ្លាត​ពី​រូបកាយ​ក្តី ១០ ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំជំរះ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូបកាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី។

ការ​សំរុះសំរួល​ឲ្យ​មនុស្ស​លោក​បាន​ជា​នា​នឹង​ព្រះជាម្ចាស់​វិញ

១១ ដូច្នេះ ដែល​ស្គាល់​សេចក្តី​ស្ញែង​ខ្លាច​របស់​ព្រះអម្ចាស់ នោះ​យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​យើង​ខ្ញុំ​ជា​អ្នក​ប្រាកដ​ច្បាស់​ដល់​ព្រះ​ហើយ ខ្ញុំ​ក៏​សង្ឃឹម​ថា ដល់​បញ្ញា​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរ ១២ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ផ្ទុកផ្តាក់​ខ្លួន​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត គឺ​យើង​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស​នឹង​អួត​ពី​យើង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​តប​ឆ្លើយ ដល់​អស់​អ្នក​ដែល​អួត​តែ​ពី​ចរិត​ខាង​ក្រៅ មិន​មែន​ពី​សណ្ឋាន​ក្នុង​ចិត្ត​នោះ​ទេ ១៣ ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​វង្វេង​ស្មារតី​ក្តី នោះ​គឺ​វង្វេង​សំរាប់​ព្រះអង្គ ឬ​បើ​មាន​គំនិត​នឹងធឹង​ក្តី ក៏​សំរាប់​អ្នក​រាល់​គ្នា​វិញ ១៤ ដ្បិត​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​បង្ខំ​យើង​ខ្ញុំ ដោយ​យើង​ខ្ញុំ​ពិចារណា​ឃើញ​ថា បើ​ម្នាក់​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ១៥ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ ១៦ បាន​ជា​ពី​នេះ​ទៅ​មុខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះគ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ ១៧ បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ ១៨ គ្រប់​ទាំង​អស់​ក៏​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះផ្សា​យើង​នឹង​ព្រះអង្គ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ប្រទាន​ការងារ​ផ្សះផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ ១៩ គឺ​ពី​ដំណើរ​ដែល​ព្រះ​ទ្រង់​គង់​ក្នុង​ព្រះគ្រីស្ទ កំពុង​ផ្សះផ្សា​លោកីយ៍​នឹង​ព្រះអង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះបន្ទូល ពី​ការ​ផ្សះផ្សា​នោះ​មក​យើង​ខ្ញុំ។ ២០ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ ហាក់​ដូច​ជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ ២១ ដ្បិត​ឯ​ព្រះអង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះអង្គ​នោះ​ឯង។

២ កូរិនថូសទី ៦

១ ហើយ​ដែល​យើង​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ បាន​ជា​យើង​ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទទួល​ព្រះគុណ​របស់​ព្រះ ដោយ​បែប​ឥត​ប្រយោជន៍​ឡើយ ២ ដ្បិត​ទ្រង់​មាន​ព្រះបន្ទូល​ថា «នៅ​វេលា​ដែល​គាប់​ចិត្ត​ដល់​អញ នោះ​អញ​បាន​ស្តាប់​ឯង ហើយ​ក្នុង​ថ្ងៃ​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង» មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ មើល ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ ៣ យើង​ខ្ញុំ​មិន​បង្អាក់បង្អន់​ចិត្ត​ដល់​អ្នក​ណា​ក្នុង​កិច្ចការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ថ្កោល​ទោស​ចំពោះ​ការងារ​នេះ ៤ ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​យើង​ខ្ញុំ​ខំ​ផ្ទុកផ្តាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ គឺ​ក្នុង​ការ​ទ្រាំទ្រ​ជា​ច្រើន ក្នុង​ការ​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀតចង្អល់ ៥ កាល​គេ​វាយ ដាក់​គុក កើត​វឹកវរ ក្នុង​ការ​នឿយ​ហត់ ចាំ​យាម តម​អត់ ៦ ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្តី​ស្រឡាញ់​ស្មោះត្រង់ ៧ ដោយសារ​ព្រះបន្ទូល​ដ៏​ពិត ដោយ​ព្រះចេស្តា​នៃ​ព្រះ ដោយ​កាន់​គ្រឿង​សស្ត្រាវុធ​សុចរិត ទាំង​ស្តាំ​ទាំង​ឆ្វេង ៨ ដោយ​មាន​កេរ្តិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់ឱន ដោយ​គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្តី ទុក​ដូច​ជា​មនុស្ស​កំភូត តែ​ពិត​ត្រង់​ទេ ៩ ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់​យើង​ខ្ញុំ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​វិញ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល យើង​ខ្ញុំ​រស់​ទេ ដូច​ជា​ត្រូវ​វាយផ្ចាល តែ​មិន​បាន​ដល់​ស្លាប់​ទេ ១០ ដូច​ជា​មាន​សេចក្តី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ ដូច​ជា​ទ័លក្រ តែ​កំពុង​តែ​ចំរើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។ ១១ ឱ​ពួក​កូរិនថូស​អើយ មាត់​យើង​ខ្ញុំ​បើក​ចំពោះ​អ្នក​រាល់​គ្នា​ហើយ ចិត្ត​យើង​ខ្ញុំ​បាន​ទូលាយ​ឡើង ១២ អ្នក​រាល់​គ្នា​មិន​ចង្អៀត​ក្នុង​យើង​ខ្ញុំ​ទេ គឺ​ចង្អៀត​តែ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​វិញ ១៣ ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​ដល់​កូន​ថា ចូរ​សង​ដូច​គ្នា​វិញ ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​ដូច្នោះ​ដែរ។

ការ​ញែក​ខ្លួន​ចេញ​ពី​អំពើ​អាក្រក់

១៤ កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្តី​សុចរិត និង​សេចក្តី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ និង​ងងឹត លាយឡំ​គ្នា​ដូច​ម្តេច​បាន ១៥ តើ​ព្រះគ្រីស្ទ នឹង​អារក្ស​បេលាល​ត្រូវ​អ្វី​នឹង​គ្នា ឬ​អ្នក​ជឿ​មាន​ចំណែក​អ្វី​នឹង​អ្នក​ដែល​មិន​ជឿ ១៦ តើ​វិហារ​នៃ​ព្រះ​សំណំ​អ្វី​នឹង​រូប​ព្រះ ដ្បិត​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ដូច​ជា​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា «អញ​នឹង​នៅ​ក្នុង​គេ ហើយ​នឹង​ដើរ​ជា​មួយ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ» ១៧ ហេតុ​នោះ​បាន​ជា​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ថា «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោកគ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា ១៨ អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​ដល់​អញ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដ៏​មាន​ព្រះចេស្តា​បំផុត»។

២ កូរិនថូសទី ៧

១ ដូច្នេះ ពួក​ស្ងួនភ្ងា​អើយ ដែល​មាន​សេចក្តី​សន្យា​ទាំង​នេះ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សំអាត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្តី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង ព្រម​ទាំង​បង្ហើយ​សេចក្តី​បរិសុទ្ធ ដោយ​នូវ​សេចក្តី​កោតខ្លាច​ដល់​ព្រះ។

អំណរ​សប្បាយ​របស់​ប៉ុល

២ ចូរ​ទទួល​យើង​ខ្ញុំ យើង​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា ក៏​មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​សោះ​ឡើយ ៣ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ប្រកាន់​ទោស​ដល់​អ្នក​ណា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​អំពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​បាន​ស្លាប់​ឬ​រស់​ជា​មួយ​គ្នា ៤ ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ដែរ ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ក្សេមក្សាន្ត ខ្ញុំ​មាន​សេចក្តី​អំណរ​លើស​លប់ ពី​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​យើង​ខ្ញុំ ៥ ដ្បិត​កាល​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូន នោះ​យើង​ខ្ញុំ​ឥត​មាន​សេចក្តី​ស្រាកស្រាន្ត ខាង​សាច់​ឈាម​សោះ មាន​សុទ្ធ​តែ​សេចក្តី​លំបាក​វិញ គឺ​នៅ​ខាង​ក្រៅ​មាន​សេចក្តី​តតាំង ហើយ​ខាង​ក្នុង​មាន​សេចក្តី​ភ័យ​ខ្លាច ៦ តែ​ព្រះអង្គ​ដែល​កំសាន្ត​ចិត្ត​ពួក​អ្នក​ដែល​ត្រូវ​បន្ទាប ទ្រង់​ក៏​បាន​កំសាន្ត​ចិត្ត​យើង​ខ្ញុំ ដោយ​អ្នក​ទីតុស​មក​ដល់ ៧ មិន​មែន​ដោយ​គាត់​មក​ដល់​តែ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​សេចក្តី​ក្សេមក្សាន្ត ដែល​បាន​កំសាន្ត​ចិត្ត​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ដែរ គាត់​បាន​ប្រាប់​ពី​សេចក្តី​សង្វាត សេចក្តី​ទុក្ខ​ព្រួយ និង​សេចក្តី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ បាន​ជា​ខ្ញុំ​មាន​ចិត្ត​អរ​រឹត​តែ​ខ្លាំង​ឡើង ៨ ដ្បិត​បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដោយ​សំបុត្រ​នោះ ខ្ញុំ​ក៏​មិន​ស្តាយ​ដែរ ទោះ​បើ​បាន​ស្តាយ​ពី​មុន​ក៏​មែន ព្រោះ​ខ្ញុំ​ឃើញ​ថា សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ សូម្បី​តែ​១​ភ្លែត​ក៏​មែន ៩ គង់​តែ​ខ្ញុំ​អរ​ក្នុង​ពេល​ឥឡូវ​នេះ​វិញ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ព្រួយ រហូត​ដល់​បាន​ប្រែ​ចិត្ត​វិញ​ទេ​តើ ដ្បិត​អ្នក​រាល់​គ្នា​បាន​កើត​ទុក្ខ​ព្រួយ បែប​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខូច​ខាត​អ្វី ដោយ​ព្រោះ​យើង​ខ្ញុំ​ឡើយ ១០ ព្រោះ​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ នោះ​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ ជា​សេចក្តី​ដែល​មិន​ត្រូវ​ស្តាយ​ឡើយ តែ​សេចក្តី​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​សេចក្តី​ស្លាប់​វិញ ១១ ដ្បិត​មើល សេចក្តី​នេះ​ឯង គឺ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្តី​ព្រួយ​ដ៏​គាប់​ដល់​ព្រះហឫទ័យ​នៃ​ព្រះ នោះ​បាន​បង្កើត​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​សង្វាត សេចក្តី​ដោះ​សា សេចក្តី​គ្នាន់ក្នាញ់ សេចក្តី​ភ័យ​ខ្លាច សេចក្តី​នឹក​រឭក សេចក្តី​ឧស្សាហ៍ និង​សេចក្តី​សងសឹក​ជា​ខ្លាំង​ទាំង​ម៉្លេះ អ្នក​រាល់​គ្នា​បាន​សំដែង​យ៉ាង​ច្បាស់​ថា ខ្លួន​បរិសុទ្ធ​ក្នុង​ដំណើរ​នេះ​គ្រប់​ជំពូក។ ១២ ដូច្នេះ ដែល​ខ្ញុំ​បាន​ធ្វើ​សំបុត្រ​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ដោយ​ព្រោះ​តែ​អ្នក​ដែល​ធ្វើ​ខុស ឬ​ដោយ​ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​នោះ​ទេ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​ឃើញ​សេចក្តី​សង្វាត​របស់​អ្នក​រាល់​គ្នា ដល់​យើង​ខ្ញុំ នៅ​ចំពោះ​ព្រះ​ទេ​តើ ១៣ ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​សេចក្តី​ក្សាន្ត​ចិត្ត ដោយសារ​សេចក្តី​កំសាន្ត​របស់​អ្នក​រាល់​គ្នា ក៏​មាន​សេចក្តី​អំណរ​លើស​ទៅ​ទៀត ដោយ​ឃើញ​សេចក្តី​អំណរ​របស់​ទីតុស ដ្បិត​អ្នក​រាល់​គ្នា​បាន​លំហើយ​ចិត្ត​គាត់ ១៤ ពី​ព្រោះ​បើ​សិន​ជា​ខ្ញុំ​បាន​អួត​នឹង​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្តី​ដែល​យើង​ខ្ញុំ​បាន​អួត​នឹង​ទីតុស ពី​អ្នក​រាល់​គ្នា នោះ​ឃើញ​ថា​ពិត​មែន ដូច​ជា​សេចក្តី​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ក៏​ពិត​ដែរ ១៥ ហើយ​គាត់​មាន​ចិត្ត​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​នឹក​ឃើញ​ពី​អ្នក​រាល់​គ្នា​ចុះ​ចូល​តាម ហើយ​ដែល​ទទួល​គាត់​ដោយ​ភ័យ​ខ្លាច ហើយ​ញាប់ញ័រ ១៦ ខ្ញុំ​ត្រេកអរ​ណាស់ ពី​ព្រោះ​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។

២ កូរិនថូសទី ៨

អំពី​ការ​រៃ​ប្រាក់

១ បង​ប្អូន​អើយ យើង​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​ព្រះគុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ម៉ាសេដូន​ថា ២ កាល​មាន​សេចក្តី​ទុក្ខ​លំបាក​កំពុង​តែ​ល្បង​គេ​ជា​ខ្លាំង នោះ​សេចក្តី​អំណរ​ជា​បរិបូរ និង​សេចក្តី​កំសត់​ទុគ៌ត​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស​លប់​វិញ ៣ ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ថា គេ​ស្ម័គ្រ​ចិត្ត​តាម​កំឡាំង​គេ ហើយ​ហួស​កំឡាំង​គេ​ផង ៤ ក៏​សូម​យើង​ខ្ញុំ​ដោយ​ពាក្យ​ទទូច​អង្វរ ឲ្យ​យើង​ខ្ញុំ​ទទួល​យក​ទានរបស់​គេ​នេះ ដែល​ជា​សេចក្តី​ប្រកប​ក្នុង​ការងារ​សំរាប់​ពួក​បរិសុទ្ធ ៥ មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បាន​សង្ឃឹម​តែ​ប៉ុណ្ណោះ​ទេ គឺ​គេ​បាន​ប្រគល់​ខ្លួន​គេ​ទៅ​ព្រះអម្ចាស់​ជា​មុន​ដំបូង ហើយ​ដល់​យើង​ខ្ញុំ​ថែម​ទៀត តាម​បំណង​ព្រះហឫទ័យ​ព្រះ ៦ បាន​ជា​យើង​ខ្ញុំ​ទូន្មាន​ទីតុស តាម​ការ​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​ហើយ ឲ្យ​គុណ​នេះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ ៧ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​គុណ​នេះ​រឹត​តែ​ច្រើន​ឡើង ដូច​ជា​បាន​ចំរើន​ក្នុង​គ្រប់​សេចក្តី​ឯ​ទៀត គឺ​ក្នុង​សេចក្តី​ជំនឿ ពាក្យ​សំដី ចំណេះ សេចក្តី​ឧស្សាហ៍​គ្រប់​ជំពូក ហើយ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដល់​យើង​ខ្ញុំ​ដែរ ៨ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ជា​ពាក្យ​បង្គាប់​ទេ គឺ​ចង់​តែ​យក​សេចក្តី​ឧស្សាហ៍​របស់​គេ មក​ល្បង​ល​មើល​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា តើ​ពិត​ត្រង់​ឬ​ទេ​ប៉ុណ្ណោះ ៩ ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់ ១០ ខ្ញុំ​សំដែង​គំនិត​ខ្ញុំ​ក្នុង​ការ​នេះ​ដែរ ដ្បិត​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​មិន​គ្រាន់​តែ​ចាប់​ផ្តើម​ធ្វើ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​ចិត្ត​ប្រាថ្នា​ចង់​ធ្វើ តាំង​តែ​ពី​ឆ្នាំ​មុន​មក​ហើយ​ផង ១១ ឥឡូវ​នេះ ចូរ​បំពេញ​ការ​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ដែល​មាន​ដូច​ជា​បំណង ដែល​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​នឹង​ធ្វើ​មក​ហើយ​នោះ​ដែរ ១២ ដ្បិត​បើ​សិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ​ទ្រង់​ទទួល​អ្នក​តាម​ដែល​មាន មិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ ១៣ ការ​នោះ​មិន​មែន​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​ទំនេរ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​លំបាក​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ ឲ្យ​សេចក្តី​បរិបូរ​របស់​អ្នក​រាល់​គ្នា​ក្នុង​ជាន់​នេះ​បាន​បំពេញ​ការ​ដែល​គេ​ខ្វះ​ខាត ១៤ ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង ១៥ ដូច​ជា​សេចក្តី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់​ឡើយ ឯ​អ្នក​ដែល​រើស​បាន​តិច នោះ​មិន​បាន​ខ្វះ​ទេ»។

ទីតុស និង​សហការី​របស់​លោក

១៦ អរ​ព្រះគុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​បណ្តាល​ចិត្ត​ទីតុស ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​នោះ ដល់​អ្នក​រាល់​គ្នា​ដែរ ១៧ គាត់​បាន​ទទួល​សេចក្តី​ទូន្មាន​នោះ តែ​ដោយ​ព្រោះ​គាត់​មាន​សេចក្តី​ឧស្សាហ៍​លើស​ទៅ​ទៀត បាន​ជា​គាត់​មក​ឯ​អ្នក​រាល់​គ្នា តាម​បំណង​ចិត្ត​គាត់​វិញ ១៨ ហើយ​យើង​ខ្ញុំ​បាន​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​មក​ជា​មួយ​ដែរ អ្នក​នោះ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ដំណឹង​ល្អ នៅ​គ្រប់​ទាំង​ពួក​ជំនុំ ១៩ មិន​តែ​ប៉ុណ្ណោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ក៏​រើស​អ្នក​នោះ ឲ្យ​បាន​ដើរ​ដំណើរ​ជា​មួយ​នឹង​យើង​ខ្ញុំ ក្នុង​ការ​ធ្វើ​ទាន​នេះ​ដែរ ជា​ការ​ដែល​យើង​ខ្ញុំ​ទទួល​រ៉ាប់រង សំរាប់​ជា​សិរីល្អ​ដល់​ព្រះអម្ចាស់ ហើយ​ដើម្បី​នឹង​សំដែង​សេចក្តី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា ២០ ព្រម​ទាំង​ខំ​ចៀស​វាង មិន​ឲ្យ​គេ​បន្ទោស​យើង​ខ្ញុំ ពី​ដំណើរ​ទាន​ដ៏​បរិបូរ​នេះ ដែល​យើង​ខ្ញុំ​ទទួល​រ៉ាប់រង​ឡើយ ២១ ដ្បិត​យើង​ខ្ញុំ​ខំ​ធ្វើ​ការ​ល្អ មិន​មែន​នៅ​ចំពោះ​ព្រះអម្ចាស់​តែ​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​លោក​ដែរ ២២ យើង​ខ្ញុំ​ក៏​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​ទៅ​ជា​មួយ​នឹង​គេ ជា​អ្នក​ដែល​យើង​ខ្ញុំ​បាន​ល​មើល​ជា​ញឹកញយ ហើយ​ក៏​ឃើញ​ថា មាន​សេចក្តី​ឧស្សាហ៍​ក្នុង​ការ​ជា​ច្រើន ហើយ​ឥឡូវ​នេះ គាត់​មាន​ចិត្ត​ឧស្សាហ៍​លើស​ទៅ​ទៀត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង ២៣ រីឯ​ទីតុស គាត់​ជា​គូកន​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ នៅ​ចំពោះ​អ្នក​រាល់​គ្នា ឯ​ពួក​បង​ប្អូន​យើង​ខ្ញុំ​ឯ​ទៀត​នោះ គេ​ជា​ពួក​អ្នក​ដែល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ចាត់​ឲ្យ​ធ្វើ​ការ ហើយ​ជា​សិរីល្អ​នៃ​ព្រះគ្រីស្ទ ២៤ ដូច្នេះ ចូរ​សំដែង​ភស្តុតាង​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ហើយ​ពី​សេចក្តី​ដែល​យើង​ខ្ញុំ​បាន​អួត​ពី​អ្នក​រាល់​គ្នា​ចុះ ឲ្យ​អ្នក​ទាំង​នោះ​បាន​ឃើញ ព្រម​ទាំង​នៅ​មុខ​ពួក​ជំនុំ​ទាំង​អស់​ផង។

២ កូរិនថូសទី ៩

ជំនួយ​ផ្ញើ​ទៅ​ជូន​ពួក​បង​ប្អូន

១ ឯ​ត្រង់​ការ​ជំនួយ​ជួយ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា​ទេ ២ ដ្បិត​ខ្ញុំ​ស្គាល់​សេចក្តី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ដល់​ពួក​ស្រុក​ម៉ាសេដូន ពី​អ្នក​រាល់​គ្នា​ខាង​ឯ​ដំណើរ​នោះ​ដែរ​ថា ពួក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​តែ​ពី​ឆ្នាំ​មុន​មក ហើយ​សេចក្តី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន ៣ ខ្ញុំ​ក៏​បាន​ចាត់​ពួក​បង​ប្អូន​នោះ​មក ក្រែង​សេចក្តី​អំនួត​ដែល​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នោះ បាន​ទៅ​ជា​ឥត​ប្រយោជន៍​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀបចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មក​ហើយ ៤ ក្រែង​មាន​ពួក​ស្រុក​ម៉ាសេដូន​មក​ជា​មួយ​នឹង​ខ្ញុំ​វេលា​ណា មិន​ឃើញ​អ្នក​រាល់​គ្នា​បាន​រៀបចំ​ទេ នោះ​មិន​ចាំ​ថា​តែ​អ្នក​រាល់​គ្នា​នឹង​ខ្មាស​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​ក៏​នឹង​ខ្មាស​ពី​សេចក្តី​អំនួត ដែល​យើង​ខ្ញុំ​អួត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ៥ ដូច្នេះ ខ្ញុំ​បាន​រាប់​ថា គួរ​នឹង​ទូន្មាន​ពួក​បង​ប្អូន​នោះ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​នឹង​បំពេញ​គុណ​អ្នក​រាល់​គ្នា​នោះ ឲ្យ​បាន​ហើយ​ជា​មុន ដូច​ជា​បាន​ប្រាប់​តាំង​ពី​មុន​មក​ដែរ ប្រយោជន៍​ឲ្យ​បាន​រាប់​ជា​គុណ​នៃ​អ្នក​រាល់​គ្នា​ពិត មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បោក​យក​ទេ។ ៦ ខ្ញុំ​ចង់​និយាយ​ដូច្នេះ គឺ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ ៧ ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ ៨ ហើយ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច ដើម្បី​ឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក ៩ ដូច​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ទ្រង់​បាន​ចែក​សុសសាយ ទ្រង់​បាន​ប្រទាន​ទៅ​ពួក​ទ័លក្រ សេចក្តី​សុចរិត​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច» ១០ រីឯ​ព្រះ​ដែល​ទ្រង់​ផ្គត់ផ្គង់​ពូជ សំរាប់​អ្នក​ដែល​ព្រោះ និង​អាហារ​សំរាប់​បរិភោគ​ផង នោះ​ទ្រង់​នឹង​ផ្គត់ផ្គង់ ហើយ​ចំរើន​ពូជ​ដែល​អ្នក​រាល់​គ្នា​ព្រោះ​នោះ​ដែរ ព្រម​ទាំង​ចំរើន​ផល​ពី​ការ​សុចរិត របស់​អ្នក​រាល់​គ្នា​ផង ១១ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សំរាប់​ជា​ការ​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​សេចក្តី​អរ​ព្រះគុណ​ដល់​ព្រះ ដោយសារ​យើង​រាល់​គ្នា ១២ ពី​ព្រោះ​ការ​ជំនួយ​ជួយ​ពួក​បរិសុទ្ធ​នេះ មិន​មែន​គ្រាន់​តែ​បំពេញ​សេចក្តី​ដែល​គេ​ត្រូវ​ការ​ប៉ុណ្ណោះ គឺ​បាន​ចំរើន​ឡើង​ជា​ហូរហៀរ​ដល់​ព្រះ​ដែរ ដោយសារ​ពាក្យ​គេ​អរ​ព្រះគុណ​ជា​ច្រើន ១៣ ហើយ​ដោយ​គេ​ឃើញ​ភស្តុតាង​ពី​ការ​ជំនួយ​នេះ នោះ​គេ​សរសើរដំកើង​ដល់​ព្រះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សំដែង​ច្បាស់​ថា ខ្លួន​ជា​អ្នក​ចុះ​ចូល​តាម​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ពិត ហើយ​ដោយ​ព្រោះ​ការ​សទ្ធា​ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​គេ នឹង​មនុស្ស​ទាំង​អស់​ផង ១៤ គេ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ស្រឡាញ់​ជា​ខ្លាំង ដោយ​ព្រោះ​ព្រះគុណ​នៃ​ព្រះ​ដ៏​លើស​លប់ ដែល​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ១៥ អរ​ព្រះគុណ​ដល់​ព្រះអង្គ ដោយ​ព្រោះ​អំណោយ​ទាន​ទ្រង់​ដ៏​រក​ថ្លែង​ពុំ​បាន។

២ កូរិនថូសទី ១០

ប៉ុល​ឆ្លើយ​ការពារ​ខ្លួន

១ ឯ​ប៉ុល​ខ្ញុំ ដែល​កាល​ណា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​មាន​ឫកពា​ជា​ថោក​ទាប តែ​កាល​ណា​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ នោះ​មាន​សេចក្តី​ក្លាហាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​សុភាព និង​សេចក្តី​សំឡូត​របស់​ព្រះគ្រីស្ទ ២ ក៏​អង្វរ​អ្នក​រាល់​គ្នា​ថា កាល​ណា​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​មាន​សេចក្តី​ក្លាហាន​តាម​ដែល​ខ្ញុំ​សំរេច​ថា នឹង​មាន​ចំពោះ​អ្នក​ខ្លះ ដែល​ស្មាន​ថា​យើង​ខ្ញុំ​ដើរ​តាម​សាច់​ឈាម​នោះ​ឡើយ ៣ ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​ដើរ​ក្នុង​សាច់​ឈាម​មែន គង់​តែ​មិន​តយុទ្ធ​តាម​សាច់​ឈាម​ទេ ៤ ព្រោះ​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិឫទ្ធិ​ដែល​មក​ពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំមួន​វិញ ៥ ដែល​អាច​នឹង​រំលាយ​អស់​ទាំង​គំនិត​ដែល​គេ​រិះគិត និង​គ្រប់​ទាំង​សេចក្តី​យ៉ាង​ខ្ពង់ខ្ពស់ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​នៃ​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះគ្រីស្ទ​វិញ ៦ ក៏​ប្រុង​ប្រៀប​ទុក​ជា​ស្រេច នឹង​ធ្វើ​ទោស​ដល់​គ្រប់​ទាំង​សេចក្តី​រឹងចចេស ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ហើយ។ ៧ អ្នក​រាល់​គ្នា​មើល​តែ​ឫកពារ​ខាង​ក្រៅ​ឬ​អី បើ​អ្នក​ណា​ជឿ​ប្រាកដ​ថា ខ្លួន​ជា​របស់​ផង​ព្រះគ្រីស្ទ នោះ​ត្រូវ​ពិចារណា​សេចក្តី​នេះ ដោយ​ខ្លួន​ឯង​ទៀត គឺ​ថា យើង​ខ្ញុំ​ជា​របស់​ព្រះគ្រីស្ទ​ដូច​ជា​អ្នក​នោះ​ដែរ ៨ ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ខ្លួន​ហួស​បន្តិច ពី​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​យើង​ខ្ញុំ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​សំរាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ នោះ​គង់​តែ​ខ្ញុំ​មិន​មាន​សេចក្តី​ខ្មាស​ដែរ ៩ ក្រែង​មើល​ទៅ​ដូច​ជា​ខ្ញុំ​ចង់​បំភ័យ​អ្នក​រាល់​គ្នា ដោយសារ​សំបុត្រ ១០ ដ្បិត​គេ​ថា «សំបុត្រ​លោក​មាន​ពាក្យ​ធ្ងន់ ហើយ​មាន​អំណាច តែ​កាល​ណា​លោក​នៅ​ជា​មួយ នោះ​លោក​ខ្សោយ​ខាង​រូប​សាច់​វិញ ហើយ​ពាក្យ​សំដី​លោក​ក៏​គួរ​ឲ្យ​មើលងាយ​ដែរ» ១១ ត្រូវ​ឲ្យ​មនុស្ស​យ៉ាង​នោះ​បាន​យល់​ថា កាល​ណា​យើង​ខ្ញុំ​នៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ប្រព្រឹត្ត ដូច​ជា​យើង​ខ្ញុំ​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ពី​កាល​ដែល​មិន​បាន​នៅ​ជា​មួយ​ដែរ ១២ ដ្បិត​យើង​ខ្ញុំ​មិន​ហ៊ាន​រាប់​ខ្លួន​ជា​មួយ​នឹង​ពួក​អ្នក​នោះ​ខ្លះ ឬ​ផ្ទឹម​ខ្លួន​នឹង​គេ ដែល​ផ្ទុកផ្តាក់​ខ្លួន​គេ​នោះ​ឡើយ ពួក​អ្នក​នោះ​ដែល​គេ​វាស់ ហើយ​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​គេ នោះ​គ្មាន​ប្រាជ្ញា​ទេ ១៣ រីឯ​យើង​ខ្ញុំៗ មិន​ព្រម​អួត​ពី​ការ​ក្រៅ​ខ្នាត​របស់​យើង​ខ្ញុំ​ឡើយ គឺ​អួត​តាម​តែ​មាត្រា​ខ្នាត ដែល​ព្រះ​ដ៏​ជា​ម្ចាស់​នៃ​ខ្នាត ទ្រង់​បាន​ចែក​មក​យើង​ខ្ញុំ ជា​ខ្នាត​ដែល​បាន​លូក​មក​រហូត​ដល់​អ្នក​រាល់​គ្នា​ផង ១៤ ដ្បិត​យើង​ខ្ញុំ​មិន​មែន​លូក​រំលង​ហួស​ខ្នាត​យើង​ខ្ញុំ ទុក​ដូច​ជា​ខ្នាត​នោះ​មិន​ដល់​អ្នក​រាល់​គ្នា​នោះ​ទេ ពី​ព្រោះ​យើង​ខ្ញុំ​បាន​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ដែរ ១៥ ហើយ​យើង​ខ្ញុំ​មិន​អួត​ពី​ការ​អ្វី​ក្រៅ​ខ្នាត ដែល​មនុស្ស​ឯ​ទៀត​បាន​ធ្វើ​នោះ​ឡើយ ដ្បិត​យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ថា កាល​ណា​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​ឡើង នោះ​យើង​ខ្ញុំ​នឹង​បាន​ដំកើង​ធំ​ឡើង​ជា​បរិបូរ ក្នុង​ពួក​អ្នក​រាល់​គ្នា តាម​មាត្រា​របស់​យើង​ខ្ញុំ​ដែរ ១៦ ប្រយោជន៍​ឲ្យ​បាន​ផ្សាយ​ដំណឹង​ល្អ ទៅ​ខាង​នាយ​អ្នក​រាល់​គ្នា​ទៅ​ទៀត ឥត​អួត​ពី​ការ​អ្វី​ដែល​រៀបចំ​ជា​ស្រេច ក្នុង​មាត្រា​នៃ​មនុស្ស​ឯ​ទៀត​ឡើយ ១៧ ឯ​អ្នក​ណា​ដែល​អួត នោះ​ត្រូវ​អួត​តែ​ក្នុង​ព្រះអម្ចាស់​ប៉ុណ្ណោះ ១៨ ដ្បិត​មិន​មែន​ជា​អ្នក​ដែល​ផ្ទុកផ្តាក់​ខ្លួន​ឯង ដែល​បាន​លើក​តាំង​នោះ​ទេ គឺ​ជា​អ្នក​ណា​ដែល​ព្រះអម្ចាស់​ទ្រង់​ផ្ទុកផ្តាក់​វិញ​ទេ​តើ។

២ កូរិនថូសទី ១១

ប៉ុល និង​សាវ័ក​ក្លែងក្លាយ

១ ឱ​បើ​សិន​ណា​ជា​អ្នក​រាល់​គ្នា​នឹង​ទ្រាំ​ទ្រ ចំពោះ​សេចក្តី​ចំកួត​របស់​ខ្ញុំ​បន្តិច​ទៅ​អេះ សូម​អ្នក​រាល់​គ្នា​ទ្រាំ​ទ្រ​នឹង​ខ្ញុំ​ចុះ ២ ពី​ព្រោះ​ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​នៃ​ព្រះ ដ្បិត​ខ្ញុំ​បាន​បំរុង​អ្នក​រាល់​គ្នា​ទុក ឲ្យ​មាន​ប្តី​តែ​១ ទុក​ដូច​ជា​ក្រមុំ​បរិសុទ្ធ គឺ​ដើម្បី​នឹង​ថ្វាយ​ទៅ​ព្រះគ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ ៣ តែ​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​យ៉ាង​នោះ​ដែរ ៤ ពី​ព្រោះ​បើ​សិន​ជា​មាន​អ្នក​ណា​មក ប្រកាស​ប្រាប់​ពី​ព្រះយេស៊ូវ​១​ទៀត ដែល​យើង​ខ្ញុំ​មិន​បាន​ប្រកាស​ប្រាប់ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​ផ្សេង​ទៀត ដែល​មិន​បាន​ទទួល​ពី​ដើម ឬ​ដំណឹង​ណា​ផ្សេង​ទៀត ដែល​មិន​ទទួល​កាល​ពី​មុន នោះ​អ្នក​រាល់​គ្នា​នឹង​ទ្រាំ​ទ្រ​វិញ​ជា​មិន​ខាន ៥ ខ្ញុំ​ស្មាន​ថា ខ្លួន​ខ្ញុំ​មិន​ចាញ់​ពួក​សាវ័ក​យ៉ាង​ធំ​នោះ ក្នុង​ការ​អ្វី​សោះ​ឡើយ ៦ ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ប៉ិន​ប៉ាវ​ខាង​ឯ​ពាក្យ​សំដី​ក៏​មែន ប៉ុន្តែ​ខ្ញុំ​មិន​មែន​ខ្សត់​ខ្សោយ​ខាង​ឯ​ចំណេះ​ទេ ហើយ​ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​ខ្ញុំ​បាន​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ច្បាស់​គ្រប់​ជំពូក​ដែរ ៧ កាល​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​មក​អ្នក​រាល់​គ្នា​ទទេ ទាំង​បន្ទាប​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ថ្កើង​ឡើង នោះ​តើ​ឈ្មោះ​ថា​ខ្ញុំ​បាន​ធ្វើ​បាប​ឬ​អី ៨ ខ្ញុំ​បាន​បង្អត់​ពួក​ជំនុំ​ឯ​ទៀត ដោយ​ទទួល​ឈ្នួល​ពី​គេ ដើម្បី​នឹង​យក​មក​បំរើ​អ្នក​រាល់​គ្នា​វិញ ៩ ហើយ​កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា បើ​កាល​ណា​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​កើត​ទុក្ខ​ទេ ដ្បិត​ពួក​បង​ប្អូន ដែល​មក​ពី​ស្រុក​ម៉ាសេដូន បាន​ជួយ​បំពេញ​សេចក្តី​ដែល​ខ្ញុំ​ខ្វះ​នោះ​ហើយ ខ្ញុំ​មិន​ដែល​ឲ្យ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ពី​ព្រោះ​ខ្ញុំ ក្នុង​ការ​អ្វី​សោះ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​ដែរ ១០ ខ្ញុំ​ប្រាប់​ដោយ​នូវ​សេចក្តី​ពិត​របស់​ព្រះគ្រីស្ទ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្តី​អំនួត​នេះ​ពី​ខ្ញុំ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ ១១ ចុះ​តើ​ដោយ​ហេតុ​អ្វី ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ​អី នោះ​ព្រះអង្គ​ទ្រង់​ជ្រាប​ហើយ ១២ តែ​ការ​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​នឹង​ចេះ​តែ​ធ្វើ​ទៅ ដើម្បី​នឹង​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​រក​រឿង ប្រយោជន៍​ឲ្យ​គេ​បាន​ដូច​ជា​យើង​ខ្ញុំ ក្នុង​ការ​អ្វី​ដែល​គេ​អួត​ខ្លួន​នោះ​ដែរ ១៣ ដ្បិត​មនុស្ស​យ៉ាង​នោះ​ជា​សាវ័ក​ក្លែងក្លាយ​ជា​អ្នក​ឆបោក ដែល​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​នៃ​ព្រះគ្រីស្ទ​ទេ ១៤ ហើយ​សេចក្តី​នោះ​មិន​ជា​អស្ចារ្យ​ឡើយ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ ១៥ ដូច្នេះ បើ​អ្នក​បំរើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​សេចក្តី​សុចរិត​វិញ នោះ​មិន​មែន​ជា​ការ​ធំ​អ្វី​ទេ ឯ​ចុង​បំផុត​របស់​គេ នឹង​បាន​ត្រូវ​តាម​អំពើ​ដែល​គេ​ធ្វើ​ដែរ។

ទុក្ខ​លំបាក​របស់​ប៉ុល​ក្នុង​ការ​បំពេញ​មុខងារ​ជា​សាវ័ក

១៦ ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យ​អ្នក​ណា​រាប់​ខ្ញុំ​ទុក​ដូច​ជា​ល្ងង់​ខ្លៅ​ឡើយ តែ​បើ​រាប់​ទុក​ជា​ល្ងង់​ខ្លៅ​មែន នោះ​ត្រូវ​ទទួល​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ​ដែរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​ខ្លួន​បន្តិច ១៧ សេចក្តី​ដែល​ខ្ញុំ​ប្រាប់​នេះ មិន​មែន​ប្រាប់​តាម​ព្រះអម្ចាស់​ទេ គឺ​ប្រាប់​បែប​ដូច​ជា​ល្ងង់​ខ្លៅ​វិញ ដោយ​ស្មាន​ថា ខ្ញុំ​មាន​កន្លែង​អួត​ខ្លួន​បាន​ខ្លះ ១៨ ដ្បិត​ដែល​មាន​មនុស្ស​ជា​ច្រើន​អួត​ខ្លួន​ខាង​សាច់​ឈាម នោះ​ខ្ញុំ​នឹង​អួត​ដែរ ១៩ ព្រោះ​អ្នក​រាល់​គ្នា​ដែល​មាន​ប្រាជ្ញា នោះ​ចេះ​តែ​ទ្រាំ​ទ្រ​នឹង​មនុស្ស​ល្ងង់​ខ្លៅ ដោយ​ស្ម័គ្រ​ពី​ចិត្ត​វិញ ២០ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទ្រាំ​ទ្រ​នឹង​ការ​ដែល​គេ​ចាប់​អ្នក​ប្រើ ឬ​ស៊ី​សាច់​អ្នក ឬ​ដណ្តើម​យក​អ្វី​ពី​អ្នក ឬ​បើ​អ្នក​ណា​ដំកើង​ខ្លួន​លើ​អ្នក ឬ​បើ​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​នោះ​ផង ២១ ខ្ញុំ​និយាយ​បែប​ជា​បន្ទាប​ខ្លួន ទុក​ដូច​ជា​យើង​ខ្ញុំ​ខ្សោយ​មែន ប៉ុន្តែ ក្នុង​ការ​អ្វី​ដែល​អ្នក​ណា​ហ៊ាន នោះ​ខ្ញុំ​ក៏​ហ៊ាន​ដែរ ខ្ញុំ​និយាយ​នេះ​ដោយ​សេចក្តី​ល្ងង់​ខ្លៅ ២២ តើ​គេ​ជា​ពួក​ហេព្រើរ​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​សាសន៍​អ៊ីស្រាអែល​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​ពូជ​លោក​អ័ប្រាហាំ​ឬ​អី ខ្ញុំ​ក៏​ដែរ ២៣ គេ​ជា​អ្នក​បំរើ​ព្រះគ្រីស្ទ​ឬ​អី (ខ្ញុំ​និយាយ​បែប​ដូច​ជា​វង្វេង​ស្មារតី​ហើយ) ខ្ញុំ​ក៏​លើស​ជាង​គេ​ទៅ​ទៀត ក្នុង​ការ​នឿយ​ហត់​លើស​ជាង​គេ ដោយ​ត្រូវ​រំពាត់​ហួស​ល្បត់ ទាំង​ត្រូវ​ជាប់​គុក​ច្រើន​ជាង​គេ ក៏​ដល់​នូវ​ភាព​ជិត​ស្លាប់​ជា​ញឹកញយ ២៤ ប្រាំ​ដង​ហើយ សាសន៍​យូដា​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​១ ២៥ គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់ ២៦ ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្តី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរ​ប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទី​ក្រុង ក្នុង​ទី​រហោស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បង​ប្អូន​ក្លែងក្លាយ​ដែរ ២៧ ត្រូវ​នឿយ​ហត់ ហើយ​លំបាក ត្រូវ​ចាំ​យាម​ជា​ញយ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​ជា​ញឹកញយ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ផង ២៨ ក្រៅ​ពី​ការ​ខាង​សាច់​ឈាម​ទាំង​នោះ ក៏​មាន​សេចក្តី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​ប្រជ្រៀត​មក​លើ​ខ្ញុំ រាល់​តែ​ថ្ងៃ​ជានិច្ច​ថែម​ទៀត ២៩ តើ​អ្នក​ឯ​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​បាន​ខ្សោយ​ផង តើ​អ្នក​ឯ​ណា​អាក់អន់​ចិត្ត ហើយ​ខ្ញុំ​មិន​ឈឺឆ្អាល​ផង ៣០ បើ​សិន​ជា​គួរ​នឹង​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ​វិញ ៣១ ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែល​មាន​ព្រះពរ​អស់​កល្ប​ជានិច្ច ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​កុហក​ទេ ៣២ នៅ​ក្រុង​ដាម៉ាស ចៅហ្វាយ​ស្រុក​នៃ​ស្តេច​អើរេតាស បាន​ឲ្យ​គេ​ចាំ​យាម​ទី​ក្រុង ដោយ​ចង់​ចាប់​ខ្ញុំ ៣៣ ប៉ុន្តែ មាន​គេ​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ សំរូត​ចុះ​តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​លោក​ចេញ។

២ កូរិនថូសទី ១២

ប៉ុល​និមិត្ត​ឃើញ​ការ​អស្ចារ្យ

១ ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​និយាយ​ពី​ការ​ជាក់​ស្តែង និង​ការ​បើក​សំដែង​មក​ពី​ព្រះអម្ចាស់​ទៀត ២ ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះគ្រីស្ទ ដែល​បាន​លើក​ឡើង​ទៅ​ស្ថានសួគ៌ នៅ​ជាន់​ទី​៣ នោះ​ប្រហែល​១៤​ឆ្នាំ​មក​ហើយ ទោះ​បើ​ក្នុង​រូបកាយ ឬ​ក្រៅ​ពី​រូបកាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប ៣ ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​បើ​ក្នុង​រូប​កាយ ឬ​ក្រៅ​ពី​រូប​កាយ​ក្តី ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប) ថា ៤ អ្នក​នោះ​បាន​លើក​ឡើង​ដល់​ស្ថានបរមសុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ ៥ ខ្ញុំ​នឹង​មាន​សេចក្តី​អំនួត​ពី​មនុស្ស​នោះ ខ្ញុំ​មិន​អួត​ពី​ខ្លួន​ខ្ញុំ​ទេ លើក​តែ​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ​ចេញ ៦ ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន នោះ​គង់​តែ​ខ្ញុំ​មិន​មែន​ខ្លៅ​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​តាម​តែ​សេចក្តី​ពិត ប៉ុន្តែ ខ្ញុំ​ឈប់​ស្លេះ​ចុះ ក្រែង​អ្នក​ណា​រាប់​ខ្ញុំ ទុក​ជា​លើស​ជាង​ភាព​ដែល​ឃើញ ឬ​ឮ​និយាយ​ពី​ខ្ញុំ។ ៧ ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ ៨ ខ្ញុំ​បាន​សូម​អង្វរ​ដល់​ព្រះអម្ចាស់​៣​ដង ឲ្យ​សេចក្តី​នោះ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ៩ តែ​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ ១០ ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្តី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះតិះដៀល ក្នុង​សេចក្តី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ក្នុង​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀតចង្អល់ ដោយ​យល់​ដល់​ព្រះគ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ។

ប៉ុល​ខ្វល់ខ្វាយ​អំពី​ក្រុម​គ្រីស្ទបរិស័ទ​នៅ​ក្រុង​កូរិនថូស

១១ ខ្ញុំ​បាន​ត្រឡប់​ជា​ល្ងង់​ខ្លៅ ដោយ​សេចក្តី​អំនួត គឺ​អ្នក​រាល់​គ្នា​បាន​បង្ខំ​ខ្ញុំ ដ្បិត​គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្ទុកផ្តាក់​ខ្ញុំ​វិញ ទោះ​បើ​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​ចាញ់​ពួក​សាវ័ក​ធំ​ណា​មួយ​នោះ​ទេ ១២ ពិត​មែន មាន​ភស្តុតាង​បាន​កើត​ឡើង​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​នឹង​បញ្ជាក់​ការងារ​ជា​សាវ័ក​របស់​ខ្ញុំ ដោយ​ការ​អត់​ធន់ ដោយ​ទី​សំគាល់ ការ​អស្ចារ្យ និង​ការ​ឬទ្ធិបារមី​គ្រប់​យ៉ាង ១៣ តើ​អ្នក​រាល់​គ្នា​បាន​ចាញ់​ពួក​ជំនុំ​ឯ​ទៀត​ទាំង​ប៉ុន្មាន​យ៉ាង​ណា​ខ្លះ លើក​ចេញ​តែ​ការ​ដែល​ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ សូម​អត់​ទោស​សេចក្តី​កំហុស​នេះ​ឲ្យ​ខ្ញុំ​ផង។ ១៤ មើល ខ្ញុំ​រៀប​នឹង​មក​ឯ​អ្នក​រាល់​គ្នា ជា​គំរប់​៣​លើក​នេះ​ហើយ ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ​ទៀត ដ្បិត​ខ្ញុំ​មិន​រក​ចង់​បាន​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ទេ គឺ​រក​តែ​ខ្លួន​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដ្បិត​មិន​គួរ​ឲ្យ​កូន​ចៅ​ត្រូវ​ប្រមូល​ទុក​ឲ្យ​ឪពុក​ម្តាយ​ទេ គឺ​ឪពុក​ម្តាយ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​ឲ្យ​កូន​វិញ ១៥ ឯ​ខ្ញុំៗ សុខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​និង​ត្រូវ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះ​ព្រលឹងរបស់​អ្នក​រាល់​គ្នា ថ្វី​បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ប៉ុណ្ណា នោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ក៏​កាន់​តែ​ថយ​ចុះ​ប៉ុណ្ណោះ​ដែរ ១៦ ទោះ​បើ​ដូច្នោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​មួយ​ព្រួយ​នឹង​ខ្ញុំ​ឡើយ តែ​ដោយ​ខ្ញុំ​ឆ្លាត បាន​ជា​ខ្ញុំ​ចាប់​អ្នក​រាល់​គ្នា ដោយ​ឧបាយកល ១៧ តើ​ខ្ញុំ​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា ដោយសារ​អ្នក​ណា​ដែល​ខ្ញុំ​ចាត់​មក​ឬ​អី ១៨ ខ្ញុំ​បាន​អង្វរ​អ្នក​ទីតុស​ឲ្យ​មក ហើយ​បាន​ចាត់​បង​ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​ដែរ តើ​ទីតុស​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា​ឬ​អី តើ​យើង​ទាំង​២​នាក់​មិន​បាន​ដើរ​ដោយ​គំនិត​តែ​១ ហើយ​តាមដាន​ជើង​ដដែល​ទេ​ឬ​អី។ ១៩ មួយ​ទៀត តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា យើង​ខ្ញុំ​កំពុង​តែ​ដោះ​សា​នឹង​អ្នក​រាល់​គ្នា​ឬ​អី ឱ​ពួក​ស្ងួនភ្ងា​អើយ យើង​ខ្ញុំ​និយាយ​ក្នុង​ព្រះគ្រីស្ទ​នៅ​ចំពោះ​ព្រះ ហើយ​យើង​ខ្ញុំ​និយាយ​គ្រប់​ទាំង​អស់​នេះ សំរាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ទេ ២០ ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ជា​ខ្ញុំ​ចូល​ចិត្ត​នោះ​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ឃើញ​ខ្ញុំ ដូច​ជា​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ដែរ ក្រែង​កើត​មាន​សេចក្តី​ឈ្លោះ​ប្រកែក ឈ្នានីស គ្នាន់ក្នាញ់ បាក់​បែក បរិហារ បង្កាច់ ឆ្មើងឆ្មៃ ហើយ​វឹកវរ​ឡើង ២១ ក្រែង​កាល​ណា​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះ​នៃ​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​ត្រូវ​យំ​នឹង​មនុស្ស​ជា​ច្រើន ដែល​ធ្វើ​បាប​ពី​មុន តែ​មិន​បាន​ប្រែ​ចិត្ត​ចេញ ពី​សេចក្តី​ស្មោកគ្រោក សេចក្តី​កំផិត និង​សេចក្តី​អាសអាភាស ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។

២ កូរិនថូសទី ១៣

ការ​រំលឹក​ដាស់តឿន និង​ការ​សួរ​សុខ​ទុក្ខ​របស់​ប៉ុល

១ នេះ​ជា​គំរប់​៣​ដង​ហើយ ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា គ្រប់​ការ​ទាំង​អស់​នឹង​បាន​សំរេច ដោយ​នូវ​មាត់​ស្មរ​បន្ទាល់​២ឬ៣​នាក់ ២ ខ្ញុំ​បាន​ប្រាប់​កាល​ពី​ដើម ហើយ​ឥឡូវ​នេះ​ក៏​និយាយ​ទុក​ជា​មុន ទុក​ដូច​ជា​កាល​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​លើក​ទី​២​នោះ​នៅ​ឡើយ ហើយ​សព្វ​ថ្ងៃ​នេះ​ដែល​នៅ​ឃ្លាត​គ្នា ខ្ញុំ​សរសេរ​មក​ពួក​អ្នក​នោះ​ដែល​ធ្វើ​បាប​ពី​មុន ហើយ​ទៅ​អ្នក​ឯ​ទៀត​ទាំង​អស់​ដែរ​ថា បើ​ខ្ញុំ​មក​ម្តង​ទៀត នោះ​ខ្ញុំ​មិន​ត្រាប្រណី​ទេ ៣ ដ្បិត​អ្នក​រាល់​គ្នា​រក​ភស្តុតាង​ពី​ព្រះគ្រីស្ទ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ដោយសារ​ខ្ញុំ (ដែល​ទ្រង់​មិន​ខ្សោយ​ចំពោះ​អ្នក​រាល់​គ្នា គឺ​មាន​ព្រះចេស្តា​ក្នុង​អ្នក​រាល់​វិញ ៤ ទោះ​បើ​ទ្រង់​ត្រូវ​គេ​ឆ្កាង ដោយ​សេចក្តី​កំសោយ​ក៏​ដោយ គង់​តែ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ដោយ​ព្រះចេស្តា​នៃ​ព្រះ​ដែរ ព្រោះ​យើង​ខ្ញុំ​ខ្សោយ​ក្នុង​ទ្រង់​មែន តែ​យើង​ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ដោយសារ​ព្រះចេស្តា​នៃ​ព្រះ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា​វិញ)។ ៥ ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ៦ តែ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ខ្ញុំ​មិន​ត្រូវ​កាត់​ចោល​ចេញ​ទេ ៧ ហើយ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រាប់​ជា​គួរ​ទេ គឺ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្តី​ល្អ​តែ​ប៉ុណ្ណោះ ហើយ​ឲ្យ​យើង​ខ្ញុំ​ទុក​ដូច​ជា​ត្រូវ​កាត់​ចេញ​វិញ​ចុះ ៨ ដ្បិត​យើង​ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​អ្វី ទាស់​នឹង​សេចក្តី​ពិត​បាន​ទេ ធ្វើ​បាន​តែ​អ្វី​ដែល​សំរាប់​សេចក្តី​ពិត​វិញ ៩ ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្តី​អំណរ ក្នុង​កាល​ដែល​យើង​ខ្ញុំ​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ឡើង តែ​យើង​ខ្ញុំ​អធិស្ឋាន​សូម​សេចក្តី​នេះ​ទៀត គឺ​ឲ្យ​ពួក​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ទាំង​អស់​គ្នា ១០ ហេតុ​នោះ​បាន​ជា​កាល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ ក្រែង​កាល​ណា​ខ្ញុំ​មក​នៅ​ជា​មួយ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹងរ៉ឹង តាម​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​នឹង​ផ្តួល​ទេ។ ១១ ឯ​សេចក្តី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​មាន​សេចក្តី​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​នៅ​ដោយ​មេត្រី​នឹង​គ្នា​ចុះ នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ១២ សូម​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​យ៉ាង​បរិសុទ្ធ។

១៣ ពួក​បរិសុទ្ធ​គ្រប់​គ្នា​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។

១៤ សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​និង​សេចក្តី​រួបរួម​គ្នា​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ។ អាម៉ែន។:៚

កាឡាទី ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល​ខ្ញុំ ដែល​ជា​សាវ័ក មិន​មែន​អំពី​មនុស្ស ឬ​ដោយសារ​មនុស្ស​ទេ គឺ​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះ​ដ៏​ជា​ព្រះវរបិតា ដែល​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​នោះ​វិញ ២ ខ្ញុំ និង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ យើង​ផ្ញើ​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡាទី ៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា និង​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ៤ ដែល​ទ្រង់​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួច​ពី​លោកីយ៍ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង ៥ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ ដល់​អស់​កល្ប​ជានិច្ច​រៀង​ត​ទៅ អាម៉ែន។

ដំណឹង​ល្អ​មាន​តែ​មួយ​គត់

៦ ខ្ញុំ​ឆ្ងល់​ណាស់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​ព្រះគុណ នៃ​ព្រះគ្រីស្ទ ជា​ឆាប់​ម៉្លេះ និង​ទៅ​តាម​ដំណឹង​ល្អ​ផ្សេង​ទៀត​នោះ ៧ ដែល​មិន​មែន​ជា​ដំណឹង​ល្អ​១​ទៀត​ទេ គឺ​មាន​មនុស្ស​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា​វិញ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះគ្រីស្ទ​ផង ៨ ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថានសួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ ៩ ឯ​សេចក្តី​ដែល​ខ្ញុំ​ទើប​នឹង​និយាយ​អម្បាញ់មិញ​នេះ នោះ​ខ្ញុំ​និយាយ​ម្តង​ទៀត​ថា បើ​អ្នក​ណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ ១០ ដ្បិត​តើ​ខ្ញុំ​រក​បញ្ចុះបញ្ចូល​អ្នក​ណា តើ​ជា​មនុស្ស ឬ​ព្រះ ឬ​ចង់​បំពេញ​ចិត្ត​មនុស្ស​ឬ​អី បើ​សិន​ជា​ខ្ញុំ​ចង់​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​ទេ។

អំពី​ព្រះយេស៊ូវ​នាំ​ប៉ុល​ឲ្យ​ស្គាល់​ព្រះអង្គ

១១ បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ថ្លែង​ប្រាប់ នោះ​មិន​មែន​តាម​មនុស្ស​ទេ ១២ ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​មក​ពី​មនុស្ស ក៏​គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ​ផង គឺ​ដោយ​ព្រះយេស៊ូវគ្រីស្ទ​បាន​បើក​សំដែង​វិញ ១៣ អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​ពួក​យូដា​កាល​ពី​ដើម​ថា ខ្ញុំ​បាន​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​បំផ្លាញ​ដល់​ពួក​ជំនុំ​នៃ​ព្រះ​ជា​ខ្លាំង​ណាស់ ១៤ ហើយ​ថា ខ្ញុំ​កំពុង​តែ​ជឿន​ឡើង​ក្នុង​សាសនា​របស់​ពួក​យូដា លើស​ជាង​ពួក​សាសន៍​ខ្ញុំ ដែល​ស្រករ​នឹង​ខ្ញុំ​ជា​ច្រើន​ដែរ ពី​ព្រោះ​ខ្ញុំ​មាន​ចិត្ត​ឧស្សាហ៍ តាម​សណ្តាប់​បុរាណ​របស់​ពួក​ឰយុកោ​ខ្ញុំ លើស​ជាង​គេ​សន្ធឹក ១៥ ប៉ុន្តែ កាល​ព្រះ​ដែល​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​បាន​ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​ទ្រង់ ១៦ បាន​សព្វ​ព្រះហឫទ័យ នឹង​បើក​សំដែង​ព្រះរាជបុត្រា​ទ្រង់ មក​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ទ្រង់ ដល់​ពួក​សាសន៍​ដទៃ នោះ​ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​នឹង​សាច់​ឈាម​ទេ ១៧ ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួក​អ្នក ដែល​ជា​សាវ័ក​មុន​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម​ដែរ គឺ​បាន​ទៅ​ឯ​ស្រុក​អារ៉ាប់​ភ្លាម រួច​ត្រឡប់​ទៅ​ក្រុង​ដាម៉ាស​វិញ ១៨ លុះ​ក្រោយ​៣​ឆ្នាំ​មក ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​នឹង​លោក​អស់​១៥​ថ្ងៃ ១៩ តែ​មិន​បាន​ឃើញ​ពួក​សាវ័ក​ឯ​ទៀត​ទេ ឃើញ​តែ​យ៉ាកុប ជា​ប្អូន​នៃ​ព្រះអម្ចាស់​ប៉ុណ្ណោះ ២០ រីឯ​សេចក្តី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ មើល ខ្ញុំ​នៅ​ចំពោះ​ព្រះ​ហើយ ខ្ញុំ​មិន​កុហក​ទេ ២១ ក្រោយ​នោះ ខ្ញុំ​បាន​មក​ក្នុង​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ២២ តែ​ពួក​ជំនុំ​ក្នុង​ព្រះគ្រីស្ទ ដែល​នៅ​ស្រុក​យូដា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ ២៣ គេ​គ្រាន់​តែ​ឮ​ថា អ្នក​ដែល​ធ្វើ​ទុក​គេ​កាល​ពី​ដើម ឥឡូវ​នេះ កំពុង​ផ្សាយ​ដំណឹង​ពី​សេចក្តី​ជំនឿ ដែល​ខ្លួន​បាន​បំផ្លាញ​ពី​ដើម​នោះ​វិញ ២៤ ហើយ​គេ​ក៏​សរសើរដំកើង​ដល់​ព្រះ​ដោយ​ព្រោះ​ខ្ញុំ។

កាឡាទី ២

ប៉ុល និង​សាវ័ក​ឯ​ទៀតៗ នៅ​ក្រុង​យេរូសាឡិម

១ លុះ​កន្លង​ក្រោយ​មក​១៤​ឆ្នាំ នោះ​ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ម្តង​ទៀត ជា​មួយ​នឹង​បាណាបាស ក៏​យក​ទីតុស​ទៅ​ជា​មួយ​ដែរ ២ ខ្ញុំ​បាន​ឡើង​ទៅ តាម​សេចក្តី​ដែល​បើក​សំដែង​មក ហើយ​បាន​បង្ហាញ​ដំណឹង​ល្អ ដែល​ខ្ញុំ​ថ្លែង​ប្រាប់​នៅ​ក្នុង​ពួក​សាសន៍​ដទៃ ឲ្យ​ពួក​អ្នក​មុខ​បាន​ស្គាល់​ដោយឡែក ក្រែង​ខ្ញុំ​កំពុង​តែ​រត់ ឬ​បាន​រត់​ពី​ដើម​នោះ ជា​បែប​ឥត​ប្រយោជន៍​យ៉ាង​ណា ៣ (តែ​គេ​មិន​បង្ខំ​ឲ្យ​ទីតុស ជា​សាសន៍​ក្រេក ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ បាន​កាត់​ស្បែក​ទេ) ៤ ដែល​បង្ហាញ​គេ​ដូច្នេះ គឺ​ដោយ​ព្រោះ​ពួក​បង​ប្អូន​ក្លែងក្លាយ ដែល​បាន​ស៊ក​សៀត​ចូល​មក ដោយ​លួច​លាក់ គេ​បាន​លួច​ចូល ដើម្បី​នឹង​លប​មើល​សេរីភាព​នៃ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ដោយ​ចង់​នាំ​ឲ្យ​យើង​ខ្ញុំ​ជាប់​ចំណងវិញ ៥ តែ​យើង​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​នោះ សូម្បី​តែ​១​ភ្លែត​ផង ដើម្បី​ឲ្យ​សេចក្តី​ពិត​របស់​ដំណឹង​ល្អ បាន​នៅ​ស្ថិតស្ថេរ​ជាប់​នឹង​អ្នក​រាល់​គ្នា ៦ តែ​ពួក​អ្នក ដែល​គេ​រាប់​ទុក​ជា​ប្រសើរ ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ នោះ​ឥត​មាន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ព្រោះ​ព្រះ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ ពួក​អ្នក​មុខ​នោះ​មិន​បាន​បន្ថែម​ចំណេះ​អ្វី​ឲ្យ​ខ្ញុំ​សោះ ៧ តែ​កាល​គេ​បាន​ឃើញ​ថា ដំណឹង​ល្អ​សំរាប់​ពួក​មិន​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ ដូច​ជា​ដំណឹង​ល្អ​សំរាប់​ពួក​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​លោក​ពេត្រុស​ដែរ ៨ (ដ្បិត​ព្រះ ដែល​បណ្តាល​ឲ្យ​លោក​ពេត្រុស ធ្វើ​ជា​សាវ័ក​ដល់​ពួក​កាត់​ស្បែក នោះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ ធ្វើ​ជា​សាវ័ក​ដល់​ពួក​សាសន៍​ដទៃ​ដែរ) ៩ ហើយ​កាល​បាន​ឃើញ​ព្រះគុណ ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ នោះ​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ទុក​ជា​សសរ​ទ្រូង លោក​បាន​លូក​ដៃ​ស្តាំ​មក​ទទួល​ខ្ញុំ និង​បាណាបាស ក្នុង​សេចក្តី​ប្រកប​គ្នា ដើម្បី​ឲ្យ​យើង​ខ្ញុំ​ទៅ​ឯ​សាសន៍​ដទៃ ហើយ​លោក​ទៅ​ឯ​ពួក​កាត់​ស្បែក​វិញ ១០ លោក​ផ្តាំ​ឲ្យ​តែ​យើង​ខ្ញុំ​នឹង​ចាំ​ពី​ពួក​អ្នក​ក្រ ជា​ការ​ដែល​ខ្ញុំ​ឧស្សាហ៍​ខំ​ធ្វើ​ដែរ។

ការ​ខ្វែង​គំនិត​គ្នា​រវាង​ប៉ុល និង​ពេត្រុស

១១ ប៉ុន្តែ កាល​លោក​ពេត្រុស​បាន​មក​ដល់​អាន់ទីយ៉ូក នោះ​ខ្ញុំ​បាន​ទាស់​ទទឹង​នឹង​លោក​នៅ​ប្រទល់​មុខ ពី​ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន ១២ ដ្បិត​មុន​ដែល​មាន​អ្នក​ខ្លះ​មក​ពី​លោក​យ៉ាកុប នោះ​លោក​បាន​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ដទៃ តែ​លុះ​គេ​មក​ដល់​ហើយ នោះ​លោក​ដក​ខ្លួន​ថយ​ចេញ ដោយ​កោតខ្លាច​ដល់​ពួក​កាត់​ស្បែក ១៣ ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត ក៏​ធ្វើ​ជា​ពើ​ជា​មួយ​នឹង​លោក​ដែរ ដល់​ម៉្លេះ​បាន​ជា​បាណាបាស ត្រូវ​បណ្តោយ​តាម​អំពើ​កំពុត​របស់​គេ​ទៀត ១៤ កាល​ខ្ញុំ​ឃើញ​ថា គេ​មិន​ដើរ​ត្រង់​តាម​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ទេ នោះ​ខ្ញុំ​ក៏​សួរ​លោក​ពេត្រុស នៅ​មុខ​មនុស្ស​ទាំង​អស់​ថា បើ​លោក ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​តាម​ទំនៀមទំលាប់​របស់​សាសន៍​យូដា​ទេ គឺ​ប្រព្រឹត្ត​តាម​ទំនៀមទំលាប់​សាសន៍​ដទៃ​វិញ នោះ​ហេតុ​អ្វី​បាន​ជា​បង្ខំ​ឲ្យ​សាសន៍​ដទៃ ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ ១៥ ឯ​យើង​ដែល​ជា​សាសន៍​យូដា​ពី​កំណើត ហើយ​មិន​មែន​ជា​អ្នក​ដែល​មាន​បាប​ក្នុង​សាសន៍​ដទៃ ១៦ យើង​ដឹង​ថា មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ​វិញ ហេតុ​នោះ​បាន​ជា​យើង​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដោយសារ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះគ្រីស្ទនោះ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ ពី​ព្រោះ​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ឡើយ ១៧ រីឯ កាល​យើង​ខ្ញុំ​កំពុង​តែ​សែ្វងរក​ឲ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​ព្រះគ្រីស្ទ នោះ​បើ​សិន​ជា​គេ​ឃើញ​យើង​មាន​បាប​វិញ ដូច្នេះ តើ​ព្រះគ្រីស្ទ​ជា​អ្នក​ចែក​ចាយ​អំពើ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ១៨ ដ្បិត​បើ​សិន​ជា​ខ្ញុំ​តាំង​ការ​ទាំង​នោះ​ឡើង​វិញ ដែល​ខ្ញុំ​បាន​រំលំ​ពី​ដើម នោះ​ឈ្មោះ​ថា ខ្ញុំ​តាំង​ខ្លួន​ខ្ញុំ​ជា​អ្នក​រំលង​ច្បាប់ហើយ ១៩ ពី​ព្រោះ​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យវិន័យ ដោយសារ​ក្រឹត្យវិន័យនោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះ​វិញ ២០ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ ២១ ខ្ញុំ​មិន​លើក​ព្រះគុណ​នៃ​ព្រះ​ចោល​ទេ ដ្បិត​បើ​សិន​ជា​សេចក្តី​សុចរិត​មក​ដោយសារ​ក្រឹត្យវិន័យ នោះ​ព្រះគ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍​សោះ។

កាឡាទី ៣

ជំនឿ និង​ក្រឹត្យវិន័យ

១ ឱ​ពួក​អ្នក​ស្រុក​កាឡាទី​ឥត​បើ​គិត​អើយ ដែល​បាន​បើក​សំដែង​ព្រះយេស៊ូវគ្រីស្ទ​មក​យ៉ាង​ច្បាស់ នៅ​ភ្នែក​អ្នក​រាល់​គ្នា ហើយ​ទាំង​ជាប់​ឆ្កាង​ផង នោះ​តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​ដាក់​អ្នក​រាល់​គ្នា ឲ្យ​លែង​ស្តាប់​តាម​សេចក្តី​ពិត​វិញ​ដូច្នេះ ២ ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះវិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ ឬ​ដោយ​បាន​ស្តាប់ ទាំង​មាន​សេចក្តី​ជំនឿ ៣ តើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ឥត​បើ​គិត​ជា​ខ្លាំង​ដល់ម៉្លេះ​ឬ​អី ដែល​បាន​ចាប់​ផ្តើម ដោយ​ព្រះវិញ្ញាណ​ហើយ តើ​ឥឡូវ​នេះ​បាន​គ្រប់​លក្ខណ៍​ឡើង ដោយ​សាច់​ឈាម​វិញ​ឬ ៤ តើ​បាន​រង​ទុក្ខ​ច្រើន​ម៉្លេះ​ជា​ឥត​ប្រយោជន៍​ឬ​អី គឺ​បើ​ជា​ឥត​ប្រយោជន៍​មែន ៥ ឯ​ព្រះ ដែល​ទ្រង់​ប្រទាន​ព្រះវិញ្ញាណ​មក​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ឫទ្ធិបារមី​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ ឬ​ដោយ​ស្តាប់ ទាំង​មាន​សេចក្តី​ជំនឿ​វិញ ៦ ដូច​ជា​លោក​អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក ៧ ដូច្នេះ ចូរ​ដឹង​ថា ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ នោះ​ជា​ពូជ​លោក​អ័ប្រាហាំ​ហើយ ៨ ហើយ​ដោយ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ​ទ្រង់​នឹង​រាប់​ពួក​សាសន៍​ដទៃ​ជា​សុចរិត ដោយ​សេចក្តី​ជំនឿ បាន​ជា​មាន​សេចក្តី​ប្រកាស​ប្រាប់​មក ដល់​លោក​អ័ប្រាហាំ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយសារ​ឯង» ៩ ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្តី​ជំនឿ នោះ​ឈ្មោះ​ថា​បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ ដែល​ជា​អ្នក​ជឿ​ដែរ ១០ តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម» ១១ ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយសារ​ក្រឹត្យវិន័យ​ឡើយ ពី​ព្រោះ«មនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្តី​ជំនឿ» ១២ ឯ​ក្រឹត្យវិន័យ មិន​អាង​សេចក្តី​ជំនឿ​ទេ គឺ​អ្នក​ណា​ដែល​អាច​នឹង​ប្រព្រឹត្ត តាម​សេចក្តី​ទាំង​នោះ​បាន អ្នក​នោះ​នឹង​រស់​នៅ ដោយសារ​សេចក្តី​ទាំង​នោះ ១៣ ព្រះគ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្តី​បណ្តាសា​របស់​ក្រឹត្យវិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ») ១៤ ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រាហាំ បាន​មក​ដល់​អស់​ទាំង​សាសន៍​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សេចក្តី​សន្យា គឺ​ជា​ព្រះវិញ្ញាណ ដោយសារ​សេចក្តី​ជំនឿ។

ក្រឹត្យវិន័យ និង​ព្រះបន្ទូល​សន្យា

១៥ បង​ប្អូន​អើយ ខ្ញុំ​និយាយ​តាម​បែប​ភាព​មនុស្ស​ថា សូម្បី​តែ​សេចក្តី​សញ្ញា​របស់​មនុស្ស បើ​គេ​យល់​ព្រម​តាំង​នឹង​គ្នា​ជា​ស្រេច​ហើយ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ចោល ឬ​បន្ថែម​បញ្ចូល​អ្វី​ឡើយ ១៦ រីឯ​សេចក្តី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រាហាំ ហើយ​និង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​ព្រះបន្ទូល​ថា «និង​ពូជ​ទាំង​ប៉ុន្មាន» ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា «និង​ពូជ​លោក​១​នោះ​ឯង» គឺ​ជា​ព្រះគ្រីស្ទ ១៧ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា សេចក្តី​សញ្ញា​ដែល​ព្រះ​បាន​យល់​ព្រម​ជា​មុន នោះ​ក្រឹត្យវិន័យ ដែល​កើត​ឡើង​៤៣០​ឆ្នាំ​ជា​ក្រោយ​នឹង​លើក​ចោល ឲ្យ​សេចក្តី​សញ្ញា​នោះ​ទៅ​ជា​ឥត​ប្រយោជន៍​មិន​បាន ១៨ ដ្បិត​បើ​សិន​ជា​មរដក​នោះ​បាន​មក ដោយ​អាង​ក្រឹត្យវិន័យ នោះ​មិន​មែន​អាង​សេចក្តី​សន្យា​ទៀត​ទេ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​លោក​អ័ប្រាហាំ តាម​សេចក្តី​សន្យា​វិញ ១៩ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រឹត្យវិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្តី​រំលង​ច្បាប់ ទាល់​តែ​ពូជបាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្តី​សន្យា​នោះ​ឲ្យ ដោយសារ​ពួក​ទេវតា នៅ​ដៃ​នៃ​អ្នក​កណ្តាល​ម្នាក់ ២០ រីឯ​អ្នក​កណ្តាល នោះ​មិន​មែន​បង្រួបបង្រួម​អ្នក​ណា​តែ​ម្នាក់​ឯង​នោះ​ឡើយ តែ​ចំណែក​ព្រះ ទ្រង់​ជា​ព្រះ​តែ​១​ទេ។ ២១ ដូច្នេះ តើ​ក្រឹត្យវិន័យ​ទាស់​ទទឹង​នឹង​សេចក្តី​សន្យា​នៃ​ព្រះ​ឬ​អី មិន​មែន​ទេ ដ្បិត​បើ​សិន​ជា​មាន​ក្រឹត្យវិន័យ​ណា​ប្រទាន​មក ដែល​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្តី​សុចរិត​នឹង​មក ដោយសារ​ក្រឹត្យវិន័យ​នោះ​ហើយ ២២ ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្នុង​អំពើ​បាប ដើម្បី​ឲ្យ​សេចក្តី​ដែល​ទ្រង់​សន្យា បាន​ប្រទាន​មក​ដល់​ពួក​អ្នក​ជឿ​វិញ ដោយសារ​សេចក្តី​ជំនឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ២៣ តែ​កាល​មុន​ដែល​មាន​សេចក្តី​ជំនឿ​ចូល​មក នោះ​យើង​រាល់​គ្នា​ត្រូវ​បង្ខាំង​នៅ​ក្រោម​ក្រឹត្យវិន័យ គឺ​ត្រូវ​ឃុំ​ទុក សំរាប់​សេចក្តី​ជំនឿ ដែល​ត្រូវ​លេច​មក ២៤ បាន​ជា​ក្រឹត្យវិន័យ​ធ្វើ​ជា​អ្នក​ដឹកនាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​សេចក្តី​ជំនឿ ២៥ តែ​លុះ​កាល​សេចក្តី​ជំនឿ​បាន​មក​ដល់ នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹកនាំ​នោះ​ទៀត​ទេ ២៦ ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ ២៧ ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ ២៨ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ២៩ ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្តី​សន្យា​ផង។

កាឡាទី ៤

១ ខ្ញុំ​និយាយ​ដូច្នេះ​ថា កាល​អ្នក ដែល​ត្រូវ​គ្រង​មរដក នៅ​ក្មេង​នៅ​ឡើយ នោះ​មិន​ផ្សេង​ពី​បាវ​បំរើ​ប៉ុន្មាន​ទេ ទោះ​បើ​ជា​ម្ចាស់​លើ​ទាំង​អស់​ក៏​ដោយ ២ ដ្បិត​ត្រូវ​នៅ​ក្នុង​អំណាច​ភីលៀង និង​អ្នក​ត្រួត​ត្រា ដរាប​ដល់​វេលា ដែល​ឪពុក​បាន​កំណត់​ជា​មុន ៣ ឯ​យើង​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេងនៅ​ឡើយ នោះ​យើង​ត្រូវ​ជាប់​ចំណង ក្នុង​អំណាច​នៃ​អស់​ទាំង​បថម​សិក្សា​របស់​លោកីយ៍ ៤ តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ​ទ្រង់​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រឹត្យវិន័យ ៥ ដើម្បី​នឹង​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រឹត្យវិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម ៦ ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ​ទ្រង់​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះវរបិតា​អើយ ៧ ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បំរើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន​នោះ​នឹង​បាន​មរដក​នៃ​ព្រះ ដោយសារ​ព្រះគ្រីស្ទ​ដែរ។

ប៉ុល​ព្រួយ​បារម្ភ​អំពី​អ្នក​ស្រុក​កាឡាទី

៨ នៅ​វេលា​នោះ កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ នោះ​ត្រូវ​ជាប់​បំរើ​ដល់​អស់​ទាំង​របស់ ដែល​មិន​មែន​ជា​ព្រះ​ពី​កំណើត​ទេ ៩ តែ​ឥឡូវ​នេះ លុះ​បាន​ស្គាល់​ព្រះ​ហើយ (តែ​ស៊ូ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ជា​ជាង) នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់ ទៅ​ឯ​បថម​សិក្សា​ខ្សោយ ហើយ​ទាប​ថោក ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​ជាប់​បំរើ​ម្តង​ទៀត​នោះ ១០ អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​ថ្ងៃ ខែ រដូវ និង​ឆ្នាំ​ផ្សេងៗ ១១ ខ្ញុំ​ខ្លាច​ក្រែង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់ ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​ឥត​ប្រយោជន៍។ ១២ បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ ១៣ តែ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា​កាល​ពី​ដើម ដោយ​សេចក្តី​កំសោយ​ខាង​សាច់​ឈាម ១៤ ហើយ​អ្នក​រាល់​គ្នា​មិន​បាន​មើលងាយ ចំពោះ​សេចក្តី​ល្បង​ក្នុង​សាច់​ឈាម​ខ្ញុំ ឬ​ចោល​ខ្ញុំ​ចេញ ដោយ​ខ្ពើម​នោះ​ទេ គឺ​បាន​ទទួល​ខ្ញុំ ទុក​ដូច​ជា​ទេវតា​នៃ​ព្រះ​វិញ ហើយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ​ផង ១៥ ដូច្នេះ សេចក្តី​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ តើ​នៅ​ឯ​ណា ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ​អ្នក​រាល់​គ្នា​នឹង​ខ្វេះ​ភ្នែក​ចេញ​ឲ្យ​មក​ខ្ញុំ បើ​សិន​ជា​បាន ១៦ ដូច្នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំងសត្រូវ​នឹង​អ្នក​រាល់​គ្នា​វិញ ដោយ​ព្រោះ​តែ​និយាយ​សេចក្តី​ពិត​ឬ​អី ១៧ គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា​ណាស់ តែ​មិន​ល្អ​ទេ គឺ​គេ​ចង់​តែ​ឲ្យ​អ្នក​រាល់​គ្នា​ចោល​យើង​ខ្ញុំ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រឹង​សង្វាត​ទៅ​តាម​គេ​វិញ ១៨ គួរ​ឲ្យ​មាន​សេចក្តី​សង្វាត ខាង​ការ​ល្អ​ជា​ដរាប​ទៅ មិន​មែន​តែ​ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ ១៩ កូន​ចៅ​អើយ ខ្ញុំ​លំបាក​ក្នុង​ចិត្ត​ជា​ពន់ពេក ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ម្តង​ទៀត ទាល់​តែ​ព្រះគ្រីស្ទ​បាន​ក​មាន​រូប​រាង ក្នុង​អ្នក​រាល់​គ្នា​ឡើង ២០ ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ពាក្យ​សំដី​ចេញ ដ្បិត​ខ្ញុំ​មាន​សេចក្តី​សង្ស័យ ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់។

សញ្ញា​ចាស់ និង​សញ្ញា​ថ្មី

២១ អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ថា​ទេ​ឬ​អី ២២ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា លោក​អ័ប្រាហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា ២៣ តែ​កូន​ដែល​កើត​ពី​បាវ​ស្រី នោះ​បាន​កើត​តាម​សាច់​ឈាម ហើយ​១​ដែល​កើត​ពី​អ្នក​ជា បាន​កើត​តាម​សេចក្តី​សន្យា​វិញ ២៤ នោះ​ជា​សេចក្តី​ប្រៀប​ធៀប គឺ​ស្ត្រី​ទាំង​២​នេះ​ជា​គំរូ​ពី​សេចក្តី​សញ្ញា​២​ច្បាប់ មួយ​មក​ពី​ភ្នំ​ស៊ីណាយ ក៏​បង្កើត​សភាព​ជា​បាវ​បំរើ នោះ​គឺ​ជា​នាង​ហាការ ២៥ ដ្បិត​នាង​ហាការ​ទុក​ដូច​ជា​ភ្នំ​ស៊ីណាយ នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ត្រូវ​នឹង​ក្រុង​យេរូសាឡិម​សព្វ​ថ្ងៃ​នេះ ជា​ក្រុង​ដែល​ជាប់​បំរើ​ជា​មួយ​នឹង​កូន​ចៅ​ផង ២៦ តែ​ក្រុង​យេរូសាឡិម ដែល​នៅ​ស្ថាន​លើ នោះ​ជា​ស្រី​អ្នក​ជា​វិញ ដែល​ជា​ម្តាយ​យើង​ទាំង​អស់​គ្នា ២៧ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឱ​នាង​អារ ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង ឱ​នាង​ដែល​មិន​បាន​ឈឺ​នឹង​សំរាល​អើយ ចូរ​ធ្លាយ​សំរែក​ឡើង​ចុះ ពី​ព្រោះ​កូន​របស់​នាង​ដែល​គ្មាន​គូ នោះ​ច្រើន​ជាង​កូន​នៃ​នាង​ដែល​មាន​ប្តី​ទៅ​ហើយ» ២៨ តែ​បង​ប្អូន​អើយ យើង​រាល់​គ្នា​ជា​កូន​តាម​សេចក្តី​សន្យា ដូច​ជា​លោក​អ៊ីសាក​ដែរ ២៩ តែ​ឥឡូវ​នេះ ក៏​ដូច​ជា​កាល​ពី​ដើម ដ្បិត​កូន​ដែល​កើត​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​ដល់​កូន ដែល​កើត​តាម​ព្រះវិញ្ញាណ​វិញ ៣០ តែ​គម្ពីរ​ថា​ដូច​ម្តេច គឺ​ថា «ចូរ​ដេញ​បាវ​ស្រី​នឹង​កូន​វា​ចេញ ដ្បិត​កូន​របស់​បាវ​ស្រី មិន​ត្រូវ​គ្រង​មរដក ជា​មួយ​នឹង​កូន​របស់​ស្រី​អ្នក​ជា​ឡើយ» ៣១ ដូច្នេះ បង​ប្អូន​អើយ យើង​រាល់​គ្នា​មិន​មែន​ជា​កូន​របស់​បាវ​ស្រី​ទេ គឺ​ជា​កូន​របស់​ស្រី​អ្នក​ជា​វិញ។

កាឡាទី ៥

សេរីភាព​របស់​គ្រីស្ទបរិស័ទ

១ ព្រះគ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំមួន ក្នុង​សេរីភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បំរើ​ទៀត​ឡើយ ២ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះគ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ៣ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ នឹង​ត្រូវ​ធ្វើ​តាម​គ្រប់​ជំពូក ៤ អ្នក​រាល់​គ្នា​ណា​ដែល​ពឹង​ដល់​ក្រឹត្យវិន័យ ឲ្យ​បាន​រាប់​ជា​សុចរិត នោះ​ត្រូវ​កាត់​ចេញ​ពី​ព្រះគ្រីស្ទ អ្នក​បាន​ធ្លាក់​ចេញ​ពី​ព្រះគុណ​ហើយ ៥ ដ្បិត​យើង​រាល់​គ្នា​អាង​សេចក្តី​ជំនឿ ដើម្បី​នឹង​រង់ចាំ​ដោយ​នូវ​ព្រះវិញ្ញាណ ឲ្យ​បាន​សេចក្តី​សុចរិត​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ៦ ពី​ព្រោះ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ដែល​កាត់​ស្បែក​ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ មាន​ប្រយោជន៍​តែ​សេចក្តី​ជំនឿ ដែល​ប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ ៧ អ្នក​រាល់​គ្នា​បាន​រត់​យ៉ាង​ល្អ ហើយ តើ​អ្នក​ណា​បាន​ឃាត់​មិន​ឲ្យ​ស្តាប់​តាម​សេចក្តី​ពិត​វិញ ៨ ការ​បញ្ចុះបញ្ចូល​នេះ​មិន​មែន​មក​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​ទេ ៩ ដំបែ​តែ​បន្តិច អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន ១០ ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះអម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា នោះ​នឹង​ត្រូវ​ទោស​វិញ ទោះ​បើ​ជា​អ្នក​ណា​ក៏​ដោយ ១១ ប៉ុន្តែ បង​ប្អូន​អើយ បើ​សិន​ជា​ខ្ញុំ​នៅ​តែ​ប្រដៅ​ឲ្យ​គេ​កាត់​ស្បែក នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​បៀត​បៀន​ដល់​ខ្ញុំ​ទៀត បើ​ប្រដៅ​ដូច្នោះ នោះ​សេចក្តី​បង្អាក់បង្អន់ ពី​រឿង​ឈើ​ឆ្កាង ត្រូវ​បាត់​ហើយ ១២ បើ​ពួក​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា​បាន​កាត់​ខ្លួន​គេ​ចោល​ចេញ នោះ​ខ្ញុំ​ចូល​ចិត្ត​ណាស់។

និស្ស័យ​លោកីយ៍ និង​ព្រះវិញ្ញាណ

១៣ បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ ១៤ ដ្បិត​ក្រឹត្យវិន័យ​ទាំង​មូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង» ១៥ បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ ហើយ​ហែក​គ្នា​ស៊ី​ទៅ​វិញ​ទៅ​មក នោះ​ត្រូវ​ប្រយ័ត្ន​ចុះ ក្រែង​លោ​វិនាស​អស់​រលីង​ទៅ។ ១៦ តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ ១៧ ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត ១៨ បើ​ព្រះវិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​ទៀត​ទេ ១៩ រីឯ​កិច្ចការ​ខាង​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​ជា​សេចក្តី កំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ២០ ថ្វាយ​បង្គំ​រូប​ព្រះ មន្តអាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់ទែង​គ្នា បាក់​បែក បក្សពួក ២១ ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្តី​ទាំង​នេះ​ផង ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន ដូច​ជា​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​មិន​បាន​គ្រង​នគរ​ព្រះ ទុក​ជា​មរដក​ឡើយ ២២ តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ២៣ ស្លូតបូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​នឹង​សេចក្តី​យ៉ាង​នោះ​ទេ ២៤ ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះគ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្តី​រំជួល និង​សេចក្តី​ប៉ងប្រាថ្នា​ទាំង​ប៉ុន្មាន​ផង ២៥ បើ​សិន​ជា​យើង​រស់​ដោយ​នូវ​ព្រះវិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះវិញ្ញាណ​ដែរ ២៦ កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្តិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

កាឡាទី ៦

ការ​ជួយ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ ៣ ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ ៤ ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀងៗ ខ្លួន នោះ​នឹង​មាន​សេចក្តី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ ៥ ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន។ ៦ អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះបន្ទូល នោះ​ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង ៧ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ ៨ អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្តី​ពុករលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះវិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះវិញ្ញាណ​វិញ ៩ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ ១០ ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម។

ពាក្យ​រំលឹក​ដាស់តឿន​ចុង​បញ្ចប់

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន ដោយ​ព្រោះ​ឈើ​ឆ្កាង​នៃ​ព្រះគ្រីស្ទ ១៣ ដ្បិត​ពួក​អ្នក​ដែល​ទទួល​ពិធី​កាត់​ស្បែក​នោះ គេ​មិន​ទាំង​កាន់​តាម​ក្រឹត្យវិន័យ​ផង តែ​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​កាត់​ស្បែក​វិញ ដើម្បី​ឲ្យ​គេ​បាន​អួត​ខ្លួន ខាង​ឯ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ១៤ ឯ​ខ្ញុំ កុំ​បី​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ អួត​បាន​តែ​ពី​ឈើ​ឆ្កាង​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ប៉ុណ្ណោះ ដែល​ដោយសារ​ទ្រង់ នោះ​លោកីយ៍​បាន​ត្រូវ​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ខាង​ឯ​លោកីយ៍​ដែរ ១៥ ដ្បិត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ដែល​កាត់​ស្បែក ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ ដែល​ហៅ​ថា​មាន​ប្រយោជន៍ នោះ​មាន​តែ​កើត​ជា​ថ្មី​វិញ​ប៉ុណ្ណោះ ១៦ សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​មាត្រា​នេះ បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត និង​សេចក្តី​មេត្តាករុណា​ចុះ ព្រម​ទាំង​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​ផង។ ១៧ អំពី​នេះ​ទៅ​មុខ កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​ជាប់​មាន​ស្នាម​ត្រា របស់​ព្រះអម្ចាស់យេស៊ូវ នៅ​ខ្លួន​ខ្ញុំ​ហើយ ១៨ បង​ប្អូន​អើយ សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚

អេភេសូ ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវ័ក​របស់​ផង​ព្រះយេស៊ូវគ្រីស្ទ ដោយ​នូវ​បំណង​ព្រះហឫទ័យ​ព្រះ ផ្ញើ​មក​ពួក​បរិសុទ្ធ ដែល​នៅ​ក្រុង​អេភេសូរ ជា​ពួក​អ្នក​ស្មោះត្រង់​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

ព្រះពរ​ដ៏​លើស​លប់​ដែល​ព្រះ​ប្រទាន​ដល់​អ្នក​ជឿ

៣ សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះគ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់ ៤ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ៥ ពី​ព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយសារ​ព្រះយេស៊ូវគ្រីស្ទ តាម​បំណង​ព្រះហឫទ័យ​ទ្រង់ ៦ ដើម្បី​នឹង​សរសើរ​ដល់​ព្រះគុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់ ៧ ហើយ​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់ ៨ ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ ដោយ​នូវ​ប្រាជ្ញា និង​ដំរិះ​សព្វ​គ្រប់ ៩ ព្រម​ទាំង​សំដែង ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្តី​អាថ៌​កំបាំង​នៃ​ព្រះហឫទ័យ​ទ្រង់ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំរេច ក្នុង​ព្រះអង្គ​ទ្រង់ ១០ សំរាប់​ការ​កាន់​កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង ១១ ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរ្តិ៍​អាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​តម្រូវ​យើង​ទុក​ជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ ១២ ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ដែល​បាន​ទុក​ចិត្ត​ជឿ​ដល់​ព្រះគ្រីស្ទ​ជា​មុន បាន​សំរាប់​នឹង​សរសើរ​ដល់​សេរី​ល្អ​ទ្រង់ ១៣ ឯ​អ្នក​រាល់​គ្នា ក៏​បាន​ឮ​ព្រះបន្ទូល​នៃ​សេចក្តី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្តី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ដោយសារ​ទ្រង់​ដែរ ហើយ​កាល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា ១៤ ព្រះវិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ្តិ៍​អាករ​របស់​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ សំរាប់​ជា​សេចក្តី​សរសើរ​ដល់​សិរីល្អ​នៃ​ទ្រង់។

ពាក្យ​អធិស្ឋាន​របស់​ប៉ុល

១៥ ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ឮ​និយាយ​ពី​សេចក្តី​ជំនឿ ដែល​អ្នក​រាល់​គ្នា​មាន ដល់​ព្រះអម្ចាស់យេស៊ូវ ហើយ​និង​ពី​សេចក្តី​ស្រឡាញ់ ដែល​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ១៦ នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះគុណ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​វិញ ១៧ ដើម្បី​នឹង​សូម​ឲ្យ​ព្រះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សិរីល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះវិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់ ១៨ ដើម្បី​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​ឡើង​ប្រយោជន៍​ឲ្យ​បាន​ដឹង​ថា ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា នោះ​មាន​សេចក្តី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរីល្អ​ដ៏​ប្រសើរ​ក្រៃលែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង ១៩ ហើយ​ថា ព្រះចេស្តា​ដ៏​ខ្លាំង​លើសលន់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ តាម​ដែល​កំឡាំង​ទ្រង់​ដ៏​មាន​ឫទ្ធិ​បាន​ពូកែ​នឹង​ធ្វើ ២០ ជា​ព្រះចេស្តា​ដែល​ទ្រង់​បាន​សំដែង​ចេញ ដោយ​ប្រោស​ព្រះគ្រីស្ទ ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​តាំង​ឲ្យ​គង់​ខាង​ស្តាំ​ទ្រង់ នៅ​ស្ថាន​ដ៏​ខ្ពស់ ២១ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច មាន​ឫទ្ធិ​បារមី និង​ពួក​មេ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​ឈ្មោះ​ដែល​បាន​តាំង​ឡើង​ដែរ មិន​មែន​តែ​ក្នុង​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណោះ គឺ​ទៅ​ក្នុង​អនាគត​ខាង​មុខ​ទៀត​ផង ២២ ហើយ​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ព្រះបាទ​នៃ​ព្រះរាជបុត្រា ទាំង​ប្រទាន​ទ្រង់​មក​ធ្វើ​ជា​សិរសា​លើ​គ្រប់​ទាំង​អស់ ដល់​ពួក​ជំនុំ ដែល​ជា​រូបកាយ​ទ្រង់ ២៣ គឺ​ជា​សេចក្តី​ពោរពេញ​របស់​ព្រះអង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។

អេភេសូ ២

គ្រីស្ទបរិស័ទ​ឆ្លង​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត

១ ពី​ដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ ២ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត តាម​របៀប​លោកីយ៍​នេះ គឺ​តាម​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ បណ្តាល​មក​ក្នុង​ពួក​មនុស្ស​រឹងចចេស ៣ យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពី​ដើម​ដែរ ដោយ​សេចក្តី​ប៉ងប្រាថ្នា​របស់​សាច់​ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្តី​ដែល​សាច់​ឈាម និង​គំនិត​យើង​ចង់​បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្តី​ខ្ញាល់ ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ ៤ ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើស​លប់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា ៥ ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ៦ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ ក៏​ឲ្យ​យើង​អង្គុយ​ជា​មួយ​នឹង​ព្រះគ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ ៧ ដើម្បី​ឲ្យ​ទ្រង់​បាន​សំដែង ឲ្យ​អស់​ទាំង​កល្ប​ខាង​មុខ បាន​ឃើញ​ព្រះគុណ​ដ៏​ធ្ងន់​លើស​លប់​របស់​ទ្រង់ ដោយ​សេចក្តី​សប្បុរស ដែល​ទ្រង់​ផ្តល់​មក​យើង ក្នុង​ព្រះគ្រីស្ទយេស៊ូវ ៨ ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ៩ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន ១០ ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម។

ការ​រួបរួម​គ្នា​ក្នុង​អង្គ​ព្រះគ្រីស្ទ

១១ ដូច្នេះ ចូរ​នឹក​ចាំ​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃខាង​សាច់​ឈាម ដែល​ពួក​ទទួល​កាត់​ស្បែក​ក្នុង​សាច់ ដោយ​ដៃ​មនុស្ស គេ​ហៅ​អ្នក​រាល់​គ្នា​ជា​ពួក​មិន​កាត់​ស្បែក​វិញ ១២ នៅ​វេលា​នោះ អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះគ្រីស្ទ ក៏​ឃ្លាត​ចេញ​ពី​អំណាច​ជាតិ​អ៊ីស្រាអែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ ១៣ តែ​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់ ១៤ ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ ១៥ ព្រម​ទាំង​បំបាត់​សេចក្តី​សំអប់​គ្នា ដោយ​នូវ​រូប​សាច់​ទ្រង់ គឺ​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បញ្ញត្ត និង​សេចក្តី​ហាមប្រាម​ទាំង​ប៉ុន្មាន​ចេញ ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះអង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ ១៦ ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះផ្សា​ទាំង​២​នឹង​ព្រះ ក្នុង​រូបកាយ​តែ​១ ដោយសារ​ឈើ​ឆ្កាង ព្រម​ទាំង​រំងាប់​សេចក្តី​សំអប់​គ្នា ដោយ​ឈើ​ឆ្កាង​នោះ​ឯង ១៧ ហើយ​កាល​ទ្រង់​បាន​យាង​មក នោះ​ទ្រង់​បាន​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​សេចក្តី​មេត្រី​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​ពួក​អ្នក​ដែល​នៅ​ជិត​ផង ១៨ ដ្បិត​ដោយសារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះវរបិតា ដោយ​ព្រះវិញ្ញាណ​តែ​១ ១៩ ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ ២០ ដែល​បាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ២១ ដែល​ដោយសារ​ទ្រង់ ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចំរើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះវិញ្ញាណ។

អេភេសូ ៣

ភារកិច្ច​របស់​ប៉ុល​ក្នុង​ការ​នាំ​ជនជាតិ​ដទៃ​ឲ្យ​ស្គាល់​ព្រះ

១ ហេតុ​នោះ​បាន​ជា​ប៉ុល​ខ្ញុំ ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ខ្ញុំ​ជាប់​គុក​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ជា​ពួក​សាសន៍​ដទៃ ២ គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​ការ​ត្រួត​ត្រា​របស់​ព្រះគុណ​នៃ​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា​ថា ៣ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ការ​អាថ៌កំបាំង ដោយ​ការ​បើក​សំដែង ដូច​ជា​ខ្ញុំ​សរសេរ​យ៉ាង​ខ្លី​ពី​កាល​មុន​ដែរ ៤ កាល​ណា​អ្នក​រាល់​គ្នា​មើល​សំបុត្រ​នោះ នោះ​នឹង​អាច​នឹង​យល់​ពី​ចំណេះ​ខ្ញុំ ខាង​ឯ​ការ​អាថ៌កំបាំង​របស់​ព្រះគ្រីស្ទ​បាន ៥ ជា​ការ​អាថ៌កំបាំង​ដែល​កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់​ដូច​ជា​បាន​សំដែង​មក​ឲ្យ​ពួក​សាវ័ក និង​ពួក​ហោរា​បរិសុទ្ធ​ស្គាល់ ដោយសារ​ព្រះវិញ្ញាណ​សព្វ​ថ្ងៃ​នេះ​ទេ ៦ គឺ​ដែល​ពួក​សាសន៍​ដទៃ បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក​ជា​មួយ​គ្នា នឹង​ជា​រូបកាយ​ជា​មួយ​គ្នា ហើយ​ជា​អ្នក​ទទួល​ចំណែក​នៃ​សេចក្តី​សន្យា​របស់​ទ្រង់ ជា​មួយ​គ្នា​ក្នុង​ព្រះគ្រីស្ទ​ដែរ ដោយសារ​ដំណឹង​ល្អ ៧ ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​បំរើ​ដំណឹង​ល្អ​នោះ តាម​ព្រះគុណ​នៃ​ព្រះ ជា​អំណោយ​ទាន​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ តាម​ដែល​ព្រះចេស្តា​ទ្រង់​ពូកែ​នឹង​ធ្វើ ៨ ទ្រង់​បាន​ប្រទាន​ព្រះគុណ​នេះ គឺ​ជា​សម្បត្តិ​របស់​ព្រះគ្រីស្ទដ៏​ប្រមាណ​មិន​បាន​មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ ៩ ហើយ​ឲ្យ​ខ្ញុំ​បាន​បំភ្លឺ​ដល់​គ្រប់​មនុស្ស​ទាំង​អស់ ពី​សេចក្តី​ប្រកប​ក្នុង​ការ​អាថ៌កំបាំង ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់​កល្ប​រៀង​មក ជា​ព្រះ​ដែល​ទ្រង់​បង្កើត​របស់​សព្វ​សារពើ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ១០ ដើម្បី​ឲ្យ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់ បាន​ស្គាល់​ពី​ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់ ដោយសារ​ពួក​ជំនុំ ១១ តាម​គំនិត​សំរេច​តាំង​ពី​អស់​កល្ប​រៀង​មក ដែល​ទ្រង់​បាន​គិត​ស្រេច​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង ១២ ហើយ​ក្នុង​ទ្រង់ យើង​រាល់​គ្នា​ក៏​មាន​សេចក្តី​ក្លាហាន និង​ច្បាប់​ចូល​ដោយ​ទុក​ចិត្ត ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ទ្រង់​ដែរ ១៣ ហេតុ​នោះ​បាន​ជា​ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា កុំ​ឲ្យ​រសាយ​ចិត្ត​ដោយ​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ជា​ការ​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​ការ​នោះ​ជា​សិរីល្អ​ដល់​អ្នក​រាល់​គ្នា​ទេ។

ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រីស្ទ

១៤ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់ នៅ​ចំពោះ​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ១៥ ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថានសួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក ១៦ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះចេស្តា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយសារ​ព្រះវិញ្ញាណ​ទ្រង់ តាម​សិរីល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃលែង ១៧ ឲ្យ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំមួន​ក្នុង​សេចក្តី​ស្រឡាញ់ ១៨ ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្តោយ ជំរៅ និង​កំពស់​នៃ​សេចក្តី​ស្រឡាញ់​នោះ ១៩ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ផង​ព្រះ។ ២០ ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះចេស្តា ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា ២១ នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយសារ​ព្រះគ្រីស្ទយេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

អេភេសូ ៤

ការ​រួបរួម​របស់​គ្រីស្ទបរិស័ទ

១ ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះអម្ចាស់ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរបែប​គួរ​នឹង​ការងារ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ចុះ ២ ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ ៣ ហើយ​ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង ៤ មាន​រូបកាយ​តែ​១ ហើយ​ព្រះវិញ្ញាណ​តែ​១ ដូច​ជា​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​សេចក្តី​សង្ឃឹម​តែ​១​របស់​ការងារ​អ្នក​រាល់​គ្នា​ដែរ ៥ មាន​ព្រះអម្ចាស់​តែ​១ សេចក្តី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​តែ​១ ៦ មាន​ព្រះ​តែ​១ គឺ​ជា​ព្រះវរបិតា​នៃ​ទាំង​អស់ ដែល​ទ្រង់​ខ្ពស់​លើ​ទាំង​អស់ គង់​នៅ​កណ្តាល​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់ ៧ តែ​មាន​ព្រះគុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ ៨ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ នោះ​ទ្រង់​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស» ៩ តែ​ដែល​ថា ទ្រង់​យាង​ឡើង​ទៅ​នោះ តើ​មាន​ន័យ​ដូច​ម្តេច បើ​មិន​មែន​ថា ទ្រង់​បាន​យាង​ចុះ​ទៅ​ដល់​ស្ថាន​ទាប​ក្រោម​ដីជា​មុន​ប៉ុណ្ណោះ ១០ ឯ​ព្រះ​ដែល​យាង​ចុះ​ទៅ​នោះ គឺ​ជា​ព្រះ​ដដែល ដែល​បាន​យាង​ឡើង​ផុត​អស់​ទាំង​ជាន់​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ទ្រង់​បាន​គង់​នៅ​ពេញ​គ្រប់​ទាំង​អស់ ១១ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវ័ក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ១២ ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង ១៣ ទាល់​តែ​យើង​រាល់​គ្នា​បាន​រួបរួម ខាង​ឯ​សេចក្តី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះរាជបុត្រា​នៃ​ព្រះ ដូច​គ្នា​ទាំង​អស់ គឺ​ដល់​បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ ១៤ ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្តី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយកល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ ១៥ តែ​ដោយ​កាន់​តាម​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំ​ឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះគ្រីស្ទ ១៦ ដែល​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​និមួយៗ នោះ​រូបកាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់។

ជីវិត​ចាស់ និង​ជីវិត​ថ្មី

១៧ ដូច្នេះ ខ្ញុំ​និយាយ​សេចក្តី​នេះ ហើយ​ធ្វើ​បន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដូច​ជា​សាសន៍​ដទៃឯ​ទៀត ដែល​គេ​ដើរ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​គេ​ទៀត​ឡើយ ១៨ គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញ​ពី​ព្រះជន្ម​ព្រះ ដោយសារ​សេចក្តី​ខ្លៅ​ល្ងង់ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹងទទឹង ១៩ គេ​លែង​ខ្លាច​បាប បាន​ជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្តី​អាសអាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្តី​ស្មោកគ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ ២០ តែ​អ្នក​រាល់​គ្នា​មិន​បាន​រៀន​ឲ្យ​ស្គាល់​ព្រះគ្រីស្ទ​យ៉ាង​នោះ​ទេ ២១ នោះ​គឺ​បើ​តិច​ណាស់​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​រៀន​នឹង​ទ្រង់ តាម​សេចក្តី​ពិត​ដែល​នៅ​ក្នុង​ព្រះយេស៊ូវ​ដែរ ២២ ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច​ទៅ តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោល​ចេញ ២៣ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ២៤ ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ។ ២៥ ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក ២៦ ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ២៧ ក៏​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ ២៨ អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៅ ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ​ហត់​ជា​ជាង ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង ២៩ មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្តាប់ ៣០ កុំ​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះហឫទ័យ ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ ៣១ ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ ៣២ ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះគ្រីស្ទ​ដែរ។

អេភេសូ ៥

ជីវិត​រស់​នៅ​ក្នុង​ពន្លឺ

១ ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួនភ្ងា ២ ហើយ​ដើរ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​ដង្វាយ ហើយ​ជា​យញ្ញបូជា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះ។ ៣ ឯ​សេចក្តី​កំផិត សេចក្តី​ស្មោកគ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ ៤ ព្រម​ទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចំកួត និង​ពាក្យ​កំប្លែង ដែល​សេចក្តី​ទាំង​នោះ​មិន​គួរ​គប្បី​ដែរ ស៊ូ​ពោល​តែ​ពាក្យ​សំរាប់​អរ​ព្រះគុណ​វិញ ៥ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​មនុស្ស​កំផិត ឬ​ស្មោកគ្រោក ឬ​លោភ គឺ​ជា​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​នឹង​គ្រង​មរដក​ក្នុង​នគរ​នៃ​ព្រះគ្រីស្ទ ហើយ​នៃ​ព្រះ​ផង​បាន​ឡើយ ៦ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នោះ បាន​ជា​សេចក្តី​ក្រោធ​របស់​ព្រះ បាន​មក​លើ​មនុស្ស​រឹងចចេស ៧ ដូច្នេះ កុំ​ឲ្យ​មាន​ចំណែក​ជា​១​នឹង​គេ​ឡើយ ៨ ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ ៩ ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត ១០ ចូរ​ល​មើល​ឲ្យ​ដឹង​សេចក្តី​អ្វី ដែល​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ​ចុះ ១១ កុំ​ឲ្យ​ប្រកប​ក្នុង​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ស៊ូ​បន្ទោស​វិញ ១២ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សំងាត់ នោះ​បើ​គ្រាន់​តែ​និយាយ​ពី​ការ​ទាំង​នោះ ក៏​គួរ​ខ្មាស​ទៅ​ហើយ ១៣ តែ​ការ​ទាំង​នោះ​បាន​សំដែង​មក​យ៉ាង​ច្បាស់ ដោយ​ពន្លឺ​ភ្លឺ​បញ្ជាក់ ដ្បិត​គឺ​ជា​ពន្លឺ​ហើយ ដែល​សំដែង​ឲ្យ​ឃើញ​ទាំង​អស់ ១៤ ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ឯង​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង» ១៥ ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ១៦ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់ ១៧ ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះហឫទ័យ​ព្រះអម្ចាស់​វិញ ១៨ កុំ​ឲ្យ​ស្រវឹង​ស្រា​ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​វិញ ១៩ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះអម្ចាស់​ដោយ​ចិត្ត ២០ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ។

ទំនាក់ទំនង​រវាង​ស្វាមី​ភរិយា

២១ ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​កោតខ្លាច​ដល់​ព្រះគ្រីស្ទ។ ២២ ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្តី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះអម្ចាស់​ដែរ ២៣ ដ្បិត​ប្តី​ជា​ក្បាលនៃ​ប្រពន្ធ ដូច​ជា​ព្រះគ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ ក៏​ជា​ព្រះអង្គ​សង្គ្រោះ​ដល់​រូបកាយ​ផង ២៤ ហើយ​ដូច​ជា​ពួក​ជំនុំ​ចុះ​ចូល​នឹង​ព្រះគ្រីស្ទ​ជា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្តី​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ២៥ បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ផង ២៦ ដើម្បី​ឲ្យ​ទ្រង់​បាន​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សំអាត​នឹង​ទឹក គឺ​ជា​ព្រះបន្ទូល ២៧ ប្រយោជន៍​នឹង​ថ្វាយ​ពួក​ជំនុំ​នេះ​ដល់​ព្រះអង្គ​ទ្រង់ ទុក​ជា​ពួក​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​ឲ្យ​ដូច​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ ២៨ ត្រូវ​ឲ្យ​ប្តី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូបកាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ ២៩ ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​វិញ ដូច​ជា​ព្រះអម្ចាស់​ដល់​ពួក​ជំនុំ​ដែរ ៣០ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​របស់​រូប​អង្គ និង​សាច់​ឆ្អឹង​ទ្រង់ ៣១ «ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស និង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​វិញ ៣២ សេចក្តី​អាថ៌កំបាំង​នេះ​ជ្រៅ​ណាស់ តែ​ខ្ញុំ​និយាយ​ខាង​ឯ​ព្រះគ្រីស្ទ​នឹង​ពួក​ជំនុំ​វិញ ៣៣ ប៉ុន្តែ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោតខ្លាច​ប្តី​ដែរ។

អេភេសូ ៦

ទំនាក់ទំនង​រវាង​ឪពុកម្តាយ និង​កូន

១ ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះអម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ ២ «ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង ៣ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរអង្វែង​ទៅ។ ៤ ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់​វិញ។

ទំនាក់ទំនង​រវាង​ទាសករ និង​ម្ចាស់

៥ អ្នក​បំរើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅហ្វាយ​ខ្លួន​ខាង​សាច់​ឈាម ដោយ​គោរព​កោតខ្លាច​ហើយ​ញាប់ញ័រ ព្រម​ទាំង​មាន​ចិត្ត​ទៀង​ត្រង់ ដូច​ជា​ដល់​ព្រះគ្រីស្ទ ៦ កុំ​បំរើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ៧ ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ ៨ ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះអម្ចាស់ ទោះ​បើ​ជា​បាវ​បំរើ ឬ​អ្នក​ជា​ក្តី។ ៩ ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​នឹង​បាវ​បំរើ​ដូច្នោះ​ដែរ ទាំង​លែង​គំហកកំហែង​ទៅ ដោយ​ដឹង​ថា ចៅហ្វាយ​របស់​គេ ហើយ​របស់​អ្នក​រាល់​គ្នា​ផង នោះ​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ហើយ​ទ្រង់​មិន​ចេះ​រើស​មុខ​អ្នក​ណា​ឡើយ។ ១០ ឯ​សេចក្តី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់ ១១ ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស ១២ ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ និង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ ១៣ ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំមួន​ដដែល ១៤ ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ១៥ ទាំង​ពាក់​សេចក្តី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្តី​សុខ​សាន្ត ទុក​ជា​ស្បែក​ជើង ១៦ ថែម​ទាំង​យក​សេចក្តី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយសារ​ខែល​នោះ​បាន ១៧ ចូរ​យក​សេចក្តី​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះវិញ្ញាណ​ដែរ គឺ​ជា​ព្រះបន្ទូល ១៨ ព្រម​ទាំង​ប្រើ​សេចក្តី​អធិស្ឋាន និង​សេចក្តី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះវិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់ ១៩ ហើយ​ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សំដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ ២០ ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​មាន​សេចក្តី​ក្លាហាន​ក្នុង​ដំណឹង​ល្អ ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​និយាយ តាម​ដែល​គួរ​គប្បី ២១ តែ​អ្នក​ទី​ឃីកុស ជា​បង​ប្អូន​ស្ងួនភ្ងា ហើយ​ជា​អ្នក​ជំនួយ​ស្មោះត្រង់​ក្នុង​ព្រះអម្ចាស់ គាត់​នឹង​ប្រាប់​គ្រប់​ការ​ទាំង​អស់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខ្ញុំ​ធ្វើ​អ្វីៗ ២២ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​សេចក្តី​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​ដំណើរ​យើង​ខ្ញុំ ហើយ​ឲ្យ​គាត់​បាន​កំឡា​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ដែរ។ ២៣ សូម​ឲ្យ​ពួក​បង​ប្អូន​បាន​ប្រកប​ដោយ​នូវ​សេចក្តី​សុខសាន្ត និង​សេចក្តី​ស្រឡាញ់ ព្រម​ទាំង​សេចក្តី​ជំនឿ អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ២៤ សូម​ឲ្យ​ព្រះគុណ បាន​សណ្ឋិត​នៅ​ជា​១​នឹង​អស់​អ្នក​ណា ដែល​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ដោយ​ស្មោះត្រង់។ អាម៉ែន។:៚

ភីលីព ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល និង​ធីម៉ូថេ ជា​បាវ​បំរើ​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះគ្រីស្ទយេស៊ូវ ដែល​នៅ​ក្រុង​ភីលីព ព្រម​ទាំង​ពួក​អ្នក​ត្រួត​ត្រា និង​ពួក​ជំនួយ​ផង ២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

ពាក្យ​អរ​ព្រះគុណ និង​ពាក្យ​ទូល​អង្វរ

៣ ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា ៤ ខ្ញុំ​ក៏​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​អំណរ​នៅ​គ្រប់​វេលា​ដែល​ខ្ញុំ​អធិស្ឋាន​ជានិច្ច ៥ ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដរាប​ដល់​ឥឡូវ​នេះ ៦ ខ្ញុំ​ជឿ​សេចក្តី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៧ គួរ​គប្បី​ឲ្យ​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជានិច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ដោះ​សា ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​សេចក្តី​ប្រកប ក្នុង​ព្រះគុណ​ជា​មួយ​នឹង​ខ្ញុំ​ដែរ ៨ ព្រះ​ទ្រង់​ជា​ស្មរបន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះហឫទ័យ​សន្តោស​នៃ​ព្រះយេស៊ូវគ្រីស្ទ ៩ ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្តី​នេះ គឺ​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្តី​ចេះ​ដឹង និង​យោបល់​គ្រប់​ជំពូក ១០ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្តី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះគ្រីស្ទ ១១ ព្រម​ទាំង​មាន​ពេញ​ជា​ផល​នៃ​សេចក្តី​សុចរិត​ដែល​មក​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ សំរាប់​ជា​សិរីល្អ ហើយ​ជា​សេចក្តី​សរសើរ​ដល់​ព្រះ​ផង។

ប៉ុល​ជាប់​ឃុំឃាំង

១២ បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ ១៣ ដល់​ម៉្លេះ​បាន​ជា​នៅ​ពេញ​ក្នុង​ផ្ទៃ​វាំង និង​គ្រប់​កន្លែង​ឯ​ទៀត គេ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះគ្រីស្ទ ១៤ ហើយ​ពួក​បង​ប្អូន​ច្រើន​គ្នា​ក្នុង​ព្រះអម្ចាស់ ក៏​បាន​សង្ឃឹម​ឡើង​ដោយសារ​ចំណង​ខ្ញុំ ហើយ​គេ​ហ៊ាន​ផ្សាយ​ព្រះបន្ទូល​កាន់​តែ​ច្រើន​ឡើង ដោយ​ឥត​ភ័យ​ខ្លាច ១៥ មាន​ខ្លះ​សំដែង​ពី​ព្រះគ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រកែក​មែន តែ​ខ្លះ ដោយ​ចិត្ត​ស្មោះសរ​វិញ ១៦ ឯ​ពួក​មួយ គេ​សំដែង​ពី​ព្រះគ្រីស្ទ ដោយ​ចិត្ត​ទទឹង មិន​មែន​ដោយ​ចិត្ត​ស្អាត​ទេ នោះ​គឺ​ដោយ​ស្មាន​ថា គេ​នឹង​បន្ថែម​សេចក្តី​ទុក្ខ​លំបាក​ដល់​ចំណង​ខ្ញុំ​ទៀត ១៧ ឯ​ពួក​មួយ​ទៀត គេ​ប្រព្រឹត្ត​ដោយ​ស្រឡាញ់​វិញ ដោយ​ដឹង​ថា ខ្ញុំ​បាន​តាំង​ឡើង សំរាប់​ដោះ​សា​ពី​ដំណឹង​ល្អ ១៨ ចុះ​តើ​អំពល់​អ្វី ទោះបី​យ៉ាង​ណា​ក៏​ដោយ ទោះ​ដោយ​ពើ ឬ​ដោយ​សេចក្តី​ស្មោះ​ក្តី គង់​តែ​គេ​សំដែង​ពី​ព្រះគ្រីស្ទ​ដែរ ដូច្នេះ ខ្ញុំ​មាន​សេចក្តី​អំណរ​ណាស់ ក៏​នឹង​ចេះ​តែ​មាន​អំណរ​ត​ទៅ​មុខ​ទៀត ១៩ ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​បាន​ត្រឡប់​ជា​សេចក្តី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ ដោយ​អ្នក​រាល់​គ្នា​អធិស្ឋាន​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ​ទ្រង់​ប្រទាន​ព្រះវិញ្ញាណ នៃ​ព្រះយេស៊ូវគ្រីស្ទ​មក​ជួយ​ផង ២០ តាម​សេចក្តី​ដែល​ខ្ញុំ​ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះគ្រីស្ទ​ក្នុង​រូបកាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូច​ជា​ពី​ដើម​រៀង​មក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី ២១ ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សំរាប់​ព្រះគ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ ២២ ប៉ុន្តែ​បើ​រស់​ខាង​ឯ​សាច់​ឈាម និង​នាំ​ឲ្យ​ការ​ខ្ញុំ​កើត​ផល នោះ​ខ្ញុំ​មិន​ដឹង​រើស​យក​ខាង​ណា​ទេ ២៣ ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះគ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង ២៤ តែ​បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង ២៥ ហើយ​ដោយ​ហេតុ​ដែល​ខ្ញុំ​ជឿ​សេចក្តី​នោះ​យ៉ាង​ពិត​ប្រាកដ បាន​ជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ត​ទៅ​ទៀត ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿន​ជឿន​ឡើង ហើយ​ឲ្យ​មាន​សេចក្តី​អំណរ ដោយសារ​សេចក្តី​ជំនឿ​ផង ២៦ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​អួត​ពី​ខ្ញុំ ក្នុង​ព្រះគ្រីស្ទយេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​ខ្ញុំ​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត។

ការ​តស៊ូ​ស្វិតស្វាញ​ក្នុង​ជំនឿ

២៧ ប៉ុន្តែ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​ចុះ ដើម្បី​កាល​ណា​ខ្ញុំ​មក​សួរ ឬ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា​ក្តី នោះ​គង់​តែ​នឹង​បាន​ឮ​និយាយ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំមួន​ហើយ ព្រម​ទាំង​មាន​ចិត្ត​មាន​គំនិត​តែ​១ ដើម្បី​នឹង​តតាំង​ជា​មួយ​គ្នា ដោយ​នូវ​សេចក្តី​ជំនឿ ខាង​ឯ​ដំណឹង​ល្អផង ២៨ ឥត​មាន​ភ័យ​ខ្លាច ចំពោះ​ពួក​ទាស់​ទទឹង​ក្នុង​ការ​អ្វី​ឡើយ ដំណើរ​នោះ​ឯង និង​សំដែង​ពី​សេចក្តី​នោះ​បាន​មក​ពី​ព្រះ​ផង ២៩ ដ្បិត​មាន​ឱកាស​បើក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ មិន​មែន​ឲ្យ​គ្រាន់​តែ​ជឿ​ដល់​ព្រះគ្រីស្ទ​តែ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ទ្រង់​ដែរ ៣០ ទាំង​កើត​មាន​សេចក្តី​តតាំង​ដដែល ដែល​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​មាន​ទៀត។

ភីលីព ២

ព្រះគ្រីស្ទ​បន្ទាប​ខ្លួន និង​ទទួល​សិរីរុងរឿង

១ ដូច្នេះ បើ​សិន​ជា​មាន​សេចក្តី​ដាស់តឿនណា​ក្នុង​ព្រះគ្រីស្ទ ឬ​សេចក្តី​កំសាន្ត​ណា​របស់​ផង​សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​ប្រកប​ណា​ផង​ព្រះវិញ្ញាណ ឬ​សេចក្តី​ថ្និតថ្នម និង​សេចក្តី​អាណិតអាសូរ​ណា ២ នោះ​ចូរ​បំពេញ​សេចក្តី​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត មាន​សេចក្តី​ស្រឡាញ់​តែ​១ ទាំង​រួបរួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១​ដូច​គ្នា​ចុះ ៣ កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ ៤ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង ៥ ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ ៦ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ ៧ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង ៨ ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះអង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង ៩ ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ១០ ដើម្បី​កាល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ១១ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាតបាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ សំរាប់​ជា​សិរីល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា។

គ្រីស្ទបរិស័ទ​ជា​ពន្លឺ​ពិភព​លោក

១២ បាន​ជា ឱ​ពួក​ស្ងួនភ្ងា​អើយ ចូរ​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោតខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង ១៣ ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់​ដែរ ១៤ ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញត្អែរ ឥត​ប្រកែក ១៥ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅហ្មង ឥត​កិច្ចកល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិលខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ១៦ ទាំង​ហុច​ព្រះបន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះគ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​បាន​សេចក្តី​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ឡើយ ១៧ ប៉ុន្តែ បើ​សិន​ជា​ត្រូវ​ច្រួច​ខ្ញុំ​ចេញ​លើ​យញ្ញបូជា និង​ការ​ជំនួយ​របស់​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ក៏​អរ ហើយ​មាន​សេចក្តី​អំណរ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ដែរ ១៨ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អំណរ​យ៉ាង​នោះ ហើយ​អរ​សប្បាយ ជា​មួយ​នឹង​ខ្ញុំ​ផង។

បេសកកម្ម​របស់​លោក​ធីម៉ូថេ និង លោក​អេប៉ាប្រូឌីត

១៩ ខ្ញុំ​សង្ឃឹម ដោយ​នូវ​ព្រះអម្ចាស់យេស៊ូវ​ថា បន្តិច​ទៀត ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត​ឡើង ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា ២០ ដ្បិត​ខ្ញុំ​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះត្រង់​នោះ​ទេ ២១ ពី​ព្រោះ​មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​ដល់​ព្រះយេស៊ូវគ្រីស្ទ​ទេ ២២ តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ ថា​គាត់​បាន​បំរើ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បំរើ​ឪពុក ២៣ ដូច្នេះ កាល​ណា​ខ្ញុំ​បាន​ឃើញ​ថា រឿង​ខ្ញុំ​នឹង​សំរេច​ជា​យ៉ាង​ណា នោះ​ខ្ញុំ​សង្ឃឹម​ថា នឹង​ចាត់​គាត់​មក​ភ្លាម ២៤ ហើយ​ខ្ញុំ​ជឿ​ប្រាកដ ដោយសារ​ព្រះអម្ចាស់​ថា បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​មក​ដែរ។ ២៥ ខ្ញុំ​បាន​យល់​ឃើញ​ថា ត្រូវ​ចាត់​អេប៉ាប្រូឌីត​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គាត់​ជា​បង​ប្អូន ជា​គូកន​ធ្វើ​ការ ហើយ​ធ្វើ​ទាហាន​ជា​មួយ​នឹង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ទៅ ឲ្យ​ជួយ​ផ្គត់ផ្គង់​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​ការ ២៦ គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា គាត់​ឈឺ ២៧ គាត់​បាន​ឈឺ​មែន​ស្ទើរ​តែ​នឹង​ស្លាប់​ផង តែ​ព្រះ​ទ្រង់​អាណិត​មេត្តា​ដល់​គាត់ មិន​មែន​ដល់​គាត់​តែ​១ គឺ​ដល់​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ជា​ខ្ជាន់ៗ​ឡើយ ២៨ ដូច្នេះ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អំណរ ដោយ​ឃើញ​គាត់ ហើយ​ឲ្យ​ខ្ញុំ​បាន​អន់​ព្រួយ​ដែរ ២៩ ចូរ​ទទួល​គាត់​ក្នុង​ព្រះអម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ ៣០ ដ្បិត​ដែល​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​ការ​របស់​ព្រះគ្រីស្ទ​ទេ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​នឹង​បំពេញ​សេចក្តី​ណា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួយ​ដល់​ខ្ញុំ។

ភីលីព ៣

របៀប​រស់​នៅ​ស្រប​តាម​ព្រះ

១ មួយ​សោត​ទៀត បង​ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះអម្ចាស់​ចុះ ឯ​ការ​សរសេរ​សេចក្តី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ធុញទ្រាន់​ដល់​ខ្ញុំ​ទេ តែ​ជា​ការ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ ២ ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ហើយ​និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែងក្លាយ​ផង ៣ ដ្បិត​យើង​រាល់​គ្នា​ដែល​បំរើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះគ្រីស្ទយេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ នោះ​យើង​ជា​ពួក​កាត់​ស្បែក​ដ៏​ពិត ៤ ប៉ុន្តែ ខ្ញុំ​មាន​កន្លែង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​បាន​ដែរ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត ៥ ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​អ្នក​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រឹត្យវិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិស៊ី ៦ ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យវិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ ៧ ប៉ុន្តែ សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះគ្រីស្ទ ៨ ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះគ្រីស្ទ​វិញ ៩ ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់ ដោយ​សេចក្តី​សុចរិត​ដែល​មក​ពី​សេចក្តី​ជំនឿ​ដល់​ព្រះគ្រីស្ទ មិន​មែន​ដោយ​សេចក្តី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យវិន័យ​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សេចក្តី​ជំនឿវិញ ១០ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ និង​ព្រះចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្តី​ស្លាប់​ផង ១១ នោះ​គឺ​បើ​សិន​ជា​មាន​ផ្លូវ​ណា ឲ្យ​ខ្ញុំ​បាន​មក​ដល់​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ។

ការ​សង្វាត​ឲ្យ​បាន​គ្រប់​លក្ខណៈ

១២ មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទយេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ១៣ បង​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ១៤ ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ ១៥ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​គ្រប់​លក្ខណ៍​ហើយ យើង​ត្រូវ​មាន​គំនិត​យ៉ាង​នោះ​ឯង តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​ទ្រង់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្តី​នេះ​ដែរ ១៦ ប៉ុន្តែ​ទោះ​បើ​បាន​ដល់​ទី​ណា​ក៏​ដោយ គង់​តែ​ត្រូវ​ឲ្យ​យើង​កាន់​តាម​ច្បាប់​នោះ​ឯង។ ១៧ បង​ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ​គ្រប់​គ្នា ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក ដែល​ដើរ​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ក្បួន​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ១៨ ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត ថា គេ​ជា​ខ្មាំងសត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះគ្រីស្ទ​ទេ ១៩ ចុង​បំផុត​របស់​គេ​ជា​សេចក្តី​ហិនវិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្តី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរីល្អវិញ គេ​នឹង​តែ​ពី​របស់​នៅ​ផែនដី​នេះ ២០ ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថានសួគ៌​វិញ ក៏​នៅ​ចាំ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង ២១ ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះបញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។

ភីលីព ៤

១ ដូច្នេះ បង​ប្អូន ជា​ពួក​ស្ងួនភ្ងា ហើយ​ជា​ទី​រឭក ជា​ទី​ត្រេកអរ ហើយ​ជា​មកុដ​របស់​ខ្ញុំ​អើយ ចូរ​ឈរ​ឲ្យ​មាំមួន​ក្នុង​ព្រះអម្ចាស់​ចុះ ឱ​ពួក​ស្ងួនភ្ងា​អើយ។

សេចក្តី​ដាស់តឿន​ផ្សេងៗ

២ ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច​ដែរ ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះអម្ចាស់ ៣ ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូកន​ស្មោះត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​២​នោះ ដែល​បាន​តតាំង​ជា​១​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​និង​អ្នក​ក្លេមេន និង​គូកន​ខ្ញុំ​ឯ​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ។ ៤ ចូរ​អរ​សប្បាយ ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង ៥ ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្តី​សំឡូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះអម្ចាស់​ទ្រង់​ជិត​ដល់​ហើយ ៦ កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង ៧ យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ។ ៨ មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ ៩ ហើយ​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

ប៉ុល​អរគុណ​គ្រីស្ទបរិស័ទ​នៅ​ក្រុង​ភីលីព

១០ ខ្ញុំ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះអម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជានិច្ច​ដែរ តែ​រក​ឱកាស​គ្មាន ១១ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង ១២ ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្តី​ចង្អៀតចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្តី​រីករាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ ១៣ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ ១៤ ប៉ុន្តែ ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្តី​កំសត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។ ១៥ ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ក៏​ដឹង​ថា កាល​ចាប់​ប្រារព្ធ​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក នោះ​គ្មាន​ពួក​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​ដំណើរ​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ១៦ ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សាឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ពីរ​ដង​ផង ១៧ មិន​មែន​ថា ខ្ញុំ​រក​ចង់​បាន​ទាន​ទេ ខ្ញុំ​រក​តែ​ផលដែល​ចំរើន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ១៨ ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ាប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះហឫទ័យ​ដែរ ១៩ ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ ២០ សូម​ឲ្យ​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​រាល់​គ្នា បាន​សិរីល្អ​នៅ​អស់​កល្ប​រៀង​ត​ទៅ អាម៉ែន។

អវសានកថា

២១ សូម​ជំរាប​សួរ មក​ពួក​បរិសុទ្ធ ក្នុង​ព្រះគ្រីស្ទយេស៊ូវ​ផង ឯ​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា ២២ ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា មាន​ពួក​អ្នក​នៅ​ដំណាក់​សេសារ​ជា​ដើម ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ ២៣ សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚

កូឡូស ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវ័ក​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​នូវ​ព្រះហឫទ័យ​ព្រះ ២ និង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ខ្ញុំ ផ្ញើ​មក​ពួក​បរិសុទ្ធ ជា​ពួក​បង​ប្អូន​ស្មោះត្រង់​ក្នុង​ព្រះគ្រីស្ទ ដែល​នៅ​ក្រុង​កូឡូស សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​រាល់​គ្នា។

ពាក្យ​អរ​ព្រះគុណ និង​ពាក្យ​ទូល​អង្វរ​របស់​ប៉ុល

៣ យើង​ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច ៤ ដោយ​បាន​ឮ​ដំណាល​ពី​សេចក្តី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ ហើយ​ពី​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ ៥ គឺ​អរ​ព្រះគុណ​ដោយ​ព្រោះ​សេចក្តី​សង្ឃឹម ដែល​បំរុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ស្ថានសួគ៌ ជា​សេចក្តី​សង្ឃឹម ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ក្នុង​ព្រះបន្ទូល​ដ៏​ពិត​នៃ​ដំណឹង​ល្អ ៦ ដែល​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ដូច​ជា​ដល់​លោកីយ៍​ទាំង​មូល​ដែរ ក៏​កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង ដូច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះគុណ​នៃ​ព្រះ​ជា​ប្រាកដ ៧ តាម​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​នឹង​អេប៉ាប្រាស ជា​បាវ​បំរើ​ស្ងួនភ្ងា​ជា​មួយ​នឹង​យើង​ខ្ញុំ គាត់​ជា​អ្នក​បំរើ​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ សំរាប់​អ្នក​រាល់​គ្នា ៨ ហើយ​គាត់​បាន​ថ្លែង​ប្រាប់​យើង​ខ្ញុំ ពី​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដោយ​នូវ​ព្រះវិញ្ញាណ។ ៩ ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា និង​ចំណេះ​ខាង​វិញ្ញាណ ១០ ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះអម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង ១១ ដោយ​បាន​គ្រប់​ទាំង​ព្រះចេស្តា​ចំរើន​កំឡាំង តាម​ឫទ្ធិបារមី​ដ៏​ឧត្តម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំ​ទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ ១២ ព្រម​ទាំង​អរ​ព្រះគុណ ដល់​ព្រះវរបិតា​ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​គួរ នឹង​ទទួល​ចំណែក​កេរ្តិ៍​អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង ១៣ ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់ ១៤ យើង​រាល់​គ្នា​មាន​សេចក្តី​ប្រោស​លោះ​ក្នុង​ព្រះរាជបុត្រា​នោះ គឺ​ជា​សេចក្តី​ផ្តាច់​បាប ដោយសារ​ព្រះលោហិត​ទ្រង់ ១៥ ដែល​ទ្រង់​ជា​រូប​អង្គនៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក ១៦ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះអម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង ១៧ ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិតស្ថេរ ដោយសារ​ទ្រង់ ១៨ ទ្រង់​ជា​សិរសា​របស់​រូបកាយ គឺ​ជា​ពួក​ជំនុំ ទ្រង់​ជា​ដើម ក៏​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ ដើម្បី​ឲ្យ​ទ្រង់​បាន​ជា​ប្រធាន​ក្នុង​គ្រប់​ទាំង​អស់ ១៩ ដ្បិត​ព្រះ​បាន​សព្វ​ព្រះហឫទ័យ ឲ្យ​គ្រប់​ទាំង​សេចក្តី​ពោរពេញ​បាន​ស្ថិត​នៅ​ក្នុង​ទ្រង់ ២០ ហើយ​ឲ្យ​បាន​ផ្សះផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយសារ​ព្រះរាជបុត្រា​នោះ ទោះ​បើ​របស់​នៅ​ស្ថានសួគ៌ ឬ​នៅ​ផែនដី​ក្តី ទាំង​តាំង​ស្ពាន​មេត្រី ដោយសារ​ព្រះលោហិត​នៃ​ឈើ​ឆ្កាង​ទ្រង់ ២១ រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ពង្រាត់​ចេញ ហើយ​ជា​ខ្មាំងសត្រូវ​ក្នុង​គំនិត ដោយ​អំពើ​អាក្រក់​នោះ ២២ ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះផ្សា​ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់ ២៣ នោះ​គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​តាំង​នៅ​ជាប់លាប់ ហើយ​មាំមួន ក្នុង​សេចក្តី​ជំនឿ​ដែរ ឥត​ងាក​បែរ​ចេញ​ពី​សេចក្តី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង ឯ​ប៉ុល​ខ្ញុំ ជា​អ្នក​បំរើ​ចំពោះ​ដំណឹង​ល្អ​នោះ​ដែរ។

កិច្ចការ​ដ៏​លំបាក​របស់​ប៉ុល

២៤ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​រង​ទុក្ខ​លំបាក ដែល​ខ្ញុំ​ទ្រាំ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​សេចក្តី​វេទនា​ណា​របស់​ព្រះគ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូបកាយ​ទ្រង់ គឺ​ជា​ពួក​ជំនុំ ២៥ ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​ជំនុំ​នោះ តាម​ការ​កាន់​កាប់​ត្រួត​ត្រា​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​នឹង​បំពេញ​ព្រះបន្ទូល ២៦ គឺ​ជា​សេចក្តី​អាថ៌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប​រៀង​រាល់​តែ​ដំណ​ត​មក តែ​ឥឡូវ​នេះ បាន​បើក​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​ស្គាល់ ២៧ ព្រះ​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ នឹង​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​នោះ​ដឹង​ថា សិរីល្អ​ដ៏​បរិបូរ​របស់​សេចក្តី​អាថ៌កំបាំង​នេះ​ជា​យ៉ាង​ណា ក្នុង​ពួក​សាសន៍​ដទៃ គឺ​ថា ព្រះគ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម ២៨ យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ទ្រង់ ទាំង​ទូន្មាន​ដល់​គ្រប់​មនុស្ស ហើយ​ទាំង​បង្រៀន​ដល់​គ្រប់​មនុស្ស ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ថ្វាយ​គ្រប់​មនុស្ស ជា​ដង្វាយ​គ្រប់​លក្ខណ៍​ក្នុង​ព្រះគ្រីស្ទ ២៩ ខ្ញុំ​ក៏​ខំ​ធ្វើ​ការ​នោះ​ឯង ទាំង​តយុទ្ធ​តាម​ឫទ្ធិបារមី​ទ្រង់ ដែល​បណ្តាល​ឡើង​ក្នុង​ខ្ញុំ​ដោយ​ព្រះចេស្តា។

កូឡូស ២

១ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខំ​តយុទ្ធ​ជា​ខ្លាំង​ទាំង​ម៉្លេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា និង​ពួក​នៅ​ក្រុង​ឡៅឌីសេ ព្រម​ទាំង​អស់​អ្នក​ណា ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម​ផងង ២ ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​ក្សាន្ត ដោយ​បាន​រួបរួម​គ្នា​មក​ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​បាន​អស់​ទាំង​ផល​ប្រយោជន៍​នៃ​ប្រាជ្ញា ដែល​ជឿជាក់​ផ្តាច់ ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះគ្រីស្ទ ៣ ដែល​មាន​គ្រប់​ទាំង​ផល​ថ្លៃ​វិសេស​នៃ​ប្រាជ្ញា និង​សេចក្តី​ចេះ​ដឹង​លាក់​ទុក​ក្នុង​ទ្រង់ ៤ ហើយ​ដែល​ខ្ញុំ​ថា​ដូច្នេះ នោះ​គឺ​ក្រែង​លោ​មាន​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​លលួង ៥ ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ទាំង​មាន​សេចក្តី​អំណរ ដោយ​ឃើញ​សណ្តាប់ធ្នាប់​របស់​អ្នក​រាល់​គ្នា និង​សេចក្តី​ខ្ជាប់ខ្ជួន​នៃ​សេចក្តី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះគ្រីស្ទ។

ជីវិត​រួម​ជា​មួយ​ព្រះគ្រីស្ទ

៦ ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់ បែប​យ៉ាង​ណា នោះ​ចូរ​ដើរ​ក្នុង​ទ្រង់​តាម​បែប​យ៉ាង​នោះ​ចុះ ៧ ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​អរ​ព្រះគុណ​កាន់​តែ​ច្រើន​ឡើង​ផង។ ៨ ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ៍ គឺ​មិន​មែន​តាម​ព្រះគ្រីស្ទ​ទេ ៩ ដ្បិត​មាន​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង ១០ ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញលេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន ១១ អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក​ម្យ៉ាង​ក្នុង​ទ្រង់ ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​ដោះ​រូបកាយ​ខាង​សាច់​ឈាម​ចេញ ដោយ​ទទួល​ការ​កាត់​ស្បែក​របស់​ព្រះគ្រីស្ទ​វិញ ១២ ហើយ​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​នឹង​ទ្រង់​ក្នុង​បុណ្យ​ជ្រមុជ ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​នឹង​ទ្រង់ ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ឫទ្ធិបារមី​នៃ​ព្រះ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ១៣ ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា ១៤ ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើងក្នុង​សេចក្តី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង ១៥ ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹកនាំ​គេ​ទៅ ដោយ​មាន​ជ័យជំនះ ដោយសារ​ឈើ​ឆ្កាង​នោះ​ឯង។ ១៦ ដូច្នេះ កុំ​ទុក​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ឡើយ ១៧ សេចក្តី​ទាំង​នេះ​ជា​ស្រមោល​នៃ​ការ​ដែល​ត្រូវ​មក តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះគ្រីស្ទ ១៨ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា តាម​តែ​ចិត្ត​ឡើយ ដោយ​គេ​ប្រព្រឹត្ត​បែប​សុភាព ទាំង​ថ្វាយ​បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​ការ​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង ដោយ​គំនិត​ខាង​សាច់​ឈាម​គេ​នោះ ១៩ គេ​មិន​កាន់​ជាប់​តាម​សិរសា​ទេ ដែល​ដោយសារ​សិរសា​នោះ រូប​កាយ​ទាំង​មូល​បាន​មាន​កំឡាំង ហើយ​ជាប់​គ្នា ដោយសារ​សន្លាក់ និង​សរសៃ​ទាំង​ប៉ុន្មាន ឲ្យ​បាន​ចំរើន​ឡើង ដោយ​សេចក្តី​ចំរើន​របស់​ព្រះ។

ស្លាប់ និង​រស់​រួម​ជា​មួយ​ព្រះគ្រីស្ទ

២០ ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្លាប់​ទៅ ជា​មួយ​នឹង​ព្រះគ្រីស្ទ ខាង​ឯ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន នោះ​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ ដោយ​ចុះ​ចូល​នឹង​សេចក្តី​បញ្ញត្ត​ទាំង​ប៉ុន្មាន​វិញ ២១ ដូច​ជា​ថា កុំ​ឲ្យ​កាន់ កុំ​ឲ្យ​ភ្លក់ កុំ​ឲ្យ​ពាល់​ឲ្យ​សោះ ២២ គឺ​តាម​សេចក្តី​ហាមប្រាម និង​សេចក្តី​បង្រៀន​របស់​មនុស្ស ដែល​សេចក្តី​ទាំង​នោះ​តែង​តែ​វិនាស​បាត់​ទៅ​ដោយ​ការ​ប្រើ​ប្រាស់ ២៣ ជា​សេចក្តី​ដែល​មើល​ទៅ​ដូច​ជា​មាន​ទំនង​មែន ដោយ​មាន​ការ​ថ្វាយ​បង្គំ​ស្ម័គ្រ​ពី​ចិត្ត ហើយ​មាន​សេចក្តី​សុភាព ឥត​ប្រណី​រូប​សាច់ តែ​គ្មាន​ប្រយោជន៍​នឹង​ទប់​ទល់​សេចក្តី​ប៉ងប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

កូឡូស ៣

១ ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ ជា​មួយ​នឹង​ព្រះគ្រីស្ទ នោះ​ចូរ​ស្វែង​រក​អស់​ទាំង​សេចក្តី ដែល​នៅ​ស្ថាន​លើ​វិញ ជា​ស្ថាន​ដែល​ព្រះគ្រីស្ទ​គង់​ខាង​ស្តាំ​នៃ​ព្រះ ២ ចូរ​ផ្ចង់​ចិត្ត​ទៅ​ឯ​សេចក្តី​ទាំង​អស់​ដែល​នៅ​ខាង​លើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ ៣ ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ជីវិត​អ្នក​រាល់​គ្នា​ក៏​លាក់​ទុក​ក្នុង​ព្រះ ជា​មួយ​នឹង​ព្រះគ្រីស្ទ ៤ កាល​ណា​ព្រះគ្រីស្ទ​ដ៏​ជា​ជីវិត​នៃ​យើង បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​លេច​មក​ក្នុង​សិរីល្អ ជា​មួយ​នឹង​ទ្រង់​ដែរ។

ជីវិត​ចាស់ និង​ជីវិត​ថ្មី

៥ ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយស្មន់​ស្មោកគ្រោក សំរើប​សំរាល ប៉ងប្រាថ្នា​អាក្រក់ និង​សេចក្តី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ៦ គឺ​ដោយ​ហេតុ​សេចក្តី​ទាំង​នោះ បាន​ជា​សេចក្តី​ខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹងចចេស ៧ ហើយ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​កាល​ពី​ដើម គឺ​ពី​កាល​ដែល​នៅ​រស់​ក្នុង​កិរិយា​ទាំង​នោះ​ដែរ ៨ តែ​ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្តី​កំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ និង​ពាក្យ​អព្វមង្គល ចេញ​ពី​មាត់​ចោល​ទៅ ៩ កុំ​ឲ្យ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ នឹង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ១០ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក ១១ ជា​សណ្ឋាន​ដែល​គ្មាន​សាសន៍​ក្រេក និង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះគ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង។ ១២ ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ ១៣ ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ១៤ ចូរ​បន្ថែម​ទាំង​សេចក្តី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍ ១៥ ចូរ​ឲ្យ​សេចក្តី​មេត្រី​របស់​ព្រះគ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូបកាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។ ១៦ ចូរ​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ និង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះគុណ ១៧ ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយសារ​ទ្រង់​ផង។

ក្រុម​គ្រួសារ​របស់​គ្រីស្ទបរិស័ទ

១៨ ពួក​ស្រីៗ អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្តី​ខ្លួន ដូច​ជា​គួរ​គប្បី​ក្នុង​ព្រះអម្ចាស់ ១៩ ពួក​ប្រុសៗ អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ចុះ កុំ​ឲ្យ​មាន​ចិត្ត​ជិន​ឆ្អន់​ឡើយ ២០ ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច្នោះ​ឯង ២១ ឪពុក​រាល់​គ្នា​អើយ កុំ​ឌុកដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ ២២ ពួក​បាវ​បំរើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅហ្វាយ​នាយ​ខាង​សាច់​ឈាម ក្នុង​គ្រប់​ការ​ទាំង​អស់​ចុះ មិន​មែន​តែ​កាល​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ទេ គឺ​ដោយ​ចិត្ត​ស្មោះត្រង់​វិញ ទាំង​កោតខ្លាច​ដល់​ព្រះ​ផង ២៣ ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ២៤ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះអម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ ២៥ ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុសឆ្គង នោះ​នឹង​ទទួល​តាម​ការ​កំហុស​របស់​ខ្លួន ហើយ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

កូឡូស ៤

១ ពួក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បំរើ​របស់​អ្នក តាម​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅហ្វាយ​១​នៅ​ស្ថានសួគ៌​ដែរ។

ពាក្យ​ដាស់តឿន និង​ពាក្យ​សួរ​សុខ​ទុក្ខ​ផ្សេងៗ

២ ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ ៣ ព្រម​ទាំង​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផ្សាយ​ព្រះបន្ទូល ជា​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះគ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង ដោយ​ព្រោះ​ព្រះបន្ទូល​នោះ​ឯង ៤ ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​សំដែង​ព្រះបន្ទូល​តាម​ដែល​គួរ​គប្បី ៥ ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ៦ ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ជានិច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ។ ៧ អ្នក​ទីឃីកុស ជា​បង​ប្អូន​ស្ងួនភ្ងា គឺ​ជា​អ្នក​ជំនួយ​ដ៏​ស្មោះត្រង់ ហើយ​ជា​បាវ​បំរើ​ជា​មួយ​គ្នា​ក្នុង​ព្រះអម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​អស់​ទាំង​រឿង​របស់​ខ្ញុំ ៨ ខ្ញុំ​បាន​ចាត់​គាត់​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​ការ​នោះ​ឯង គឺ​ឲ្យ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ផង ៩ ក៏​ចាត់​អ្នក​អូនេស៊ីម ជា​បង​ប្អូន​ស្ងួនភ្ងា ហើយ​ស្មោះត្រង់ ដែល​មក​ពី​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​២​នេះ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ ដែល​នៅ​ខាង​នាយ​នោះ។ ១០ អ្នក​អើរីស្តាក ដែល​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ហើយ​ម៉ាកុស ជា​ក្មួយ​បាណាបាស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា បើ​គាត់​មក​ឯ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទទួល​គាត់​ចុះ ១១ ឯ​អ្នក​យេស៊ូវ ដែល​ហៅ​ថា យូស្ទុស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​នោះ​ជា​ពួក​កាត់​ស្បែក ឯ​ពួក​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ខាង​ឯ​នគរ​ព្រះ មាន​តែ​ប៉ុណ្ណឹង​ទេ ដែល​កំសាន្ត​ចិត្ត​ខ្ញុំ ១២ អ្នក​អេប៉ាប្រាស ជា​បាវ​បំរើ​នៃ​ព្រះគ្រីស្ទ ដែល​មក​ពី​ពួក​អ្នក​រាល់​គ្នា គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ គាត់​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក ១៣ ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​មាន​ចិត្ត​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ហើយ​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល​ជា​ខ្លាំង​ណាស់ ១៤ លោក​លូកា ជា​គ្រូពេទ្យ​ស្ងួនភ្ងា និង​អ្នក​ដេម៉ាស ក៏​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ ១៥ សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ និង​អ្នក​នីមផាស ហើយ​ពួក​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់ ១៦ កាល​ណា​បាន​អាន​មើល​សំបុត្រ​នេះ ក្នុង​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​ហើយ នោះ​ចូរ​ឲ្យ​គេ​អាន​មើល​ក្នុង​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ​ដែរ រួច​ឲ្យ​អ្នក​រាល់​គ្នា​មើល​សំបុត្រ ដែល​ផ្ញើ​ទៅ​ពួក​ឡៅឌីសេ​ផង ១៧ សូម​ប្រាប់​ដល់​អ្នក​អើឃីព​ថា ចូរ​ប្រយ័ត្ន​នឹង​ការងារ ដែល​បាន​ទទួល​ក្នុង​ព្រះអម្ចាស់​ហើយ​ចុះ ដើម្បី​ឲ្យ​បាន​បំពេញ​ការងារ​នោះ។ ១៨ ប៉ុល​ខ្ញុំ​សរសេរ​ពាក្យ​ជំរាប​សួរ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ចំណង​របស់​ខ្ញុំ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។ អាម៉ែន។:៚

១ ថែស្សាឡូនីច​ទី​ ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល ស៊ីលវ៉ាន និង​ធីម៉ូថេ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនីច ដែល​នៅ​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរបិតា និង​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

ជីវិត និង​ជំនឿ​របស់​គ្រីស្ទបរិស័ទ​នៅ​ក្រុង​ថែស្សាឡូនីច

២ យើង​ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ហើយ​កាល​ណា​យើង​ខ្ញុំ​អធិស្ឋាន នោះ​ក៏​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ៣ ដោយ​នឹក​ចាំ​ជា​ដរាប ពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួន ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​ផង ៤ ឱ​បង​ប្អូន ដែល​ព្រះ​ទ្រង់​ស្រឡាញ់​អើយ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​បាន​រើស​តាំង​អ្នក​រាល់​គ្នា​ហើយ ៥ ដ្បិត​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ មិន​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះចេស្តា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ហើយ​ដោយ​សេចក្តី​ជំនឿ​ដ៏​មោះមុត​ជា​ខ្លាំង​ថែម​ទៀត​ផង ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំណើរ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា សំរាប់​នឹង​ជួយ​ដល់​អ្នក​រាល់​គ្នា ៦ អ្នក​រាល់​គ្នា​ក៏​បាន​ត្រាប់​តាម​យើង​ខ្ញុំ ហើយ​និង​ព្រះអម្ចាស់ ដោយ​បាន​ទទួល​ព្រះបន្ទូល ដោយ​សេចក្តី​អំណរ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ក្នុង​កាល​ដែល​កំពុង​តែ​កើត​ទុក្ខ​លំបាក​ជា​ខ្លាំង​ផង ៧ ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​គំរូ ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ ៨ ដ្បិត​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​បាន​ផ្សាយ​ចេញ​ពី​អ្នក​រាល់​គ្នា មិន​មែន​តែ​ក្នុង​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​គ្រប់​ទាំង​កន្លែង ដែល​ឮ​និយាយ​ពី​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ព្រះ​ថែម​ទៀត​ផង បាន​ជា​មិន​ចាំ​បាច់​ឲ្យ​យើង​ខ្ញុំ​និយាយ​អ្វី​ទៀត​ទេ ៩ ដ្បិត​គេ​ថ្លែង​ប្រាប់​ពី​យើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ជា​យ៉ាង​ណា ទាំង​បែរ​ចេញ​ពី​រូប​ព្រះ មក​ឯ​ព្រះ​ដ៏​ពិត ឲ្យ​បាន​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដ៏​មាន​ព្រះជន្ម​រស់​នៅ​នោះ​វិញ ១០ ហើយ​ឲ្យ​បាន​ចាំ​ព្រះរាជបុត្រា​ព្រះ ទ្រង់​យាង​មក​ពី​ស្ថានសួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះយេស៊ូវ ដែល​ទ្រង់​ប្រោស​ឲ្យ​យើង​រួច​ពី​សេចក្តី​ខ្ញាល់​ទៅ​មុខ។

១ ថែស្សាឡូនីច​ទី​ ២

បេសកកម្ម​របស់​ប៉ុល​នៅ​ក្រុង​ថែស្សាឡូនីច

១ ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​បែប​ដែល​យើង​ខ្ញុំ​ចូល​មក​ឯ​អ្នក​រាល់​គ្នា​ថា មិន​មែន​ជា​ឥត​កើត​ផល​ទេ ២ ឯ​ក្រោយ​ដែល​យើង​ខ្ញុំ​បាន​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុង​ភីលីព ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ដោយសារ​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​ដល់​អ្នក​រាល់​គ្នា​ដែរ ទាំង​មាន​សេចក្តី​តយុទ្ធ​ជា​ច្រើន​ផង ៣ ដ្បិត​សេចក្តី​ដែល​យើង​ខ្ញុំ​ទូន្មាន នោះ​មិន​មែន​កើត​ពី​សេចក្តី​ខុសឆ្គង ឬ​ពី​សេចក្តី​ស្មោកគ្រោក ឬ​ពី​សេចក្តី​ឆបោក​នោះ​ទេ ៤ តែ​តាម​ដែល​ព្រះ​ទ្រង់​ល្បង​ល​ឃើញ​ថា គួរ​នឹង​ផ្ញើ​ព្រះបន្ទូល​ទុក​នឹង​យើង​ខ្ញុំ​ជា​យ៉ាង​ណា នោះ​យើង​ខ្ញុំ​បាន​អធិប្បាយ​តាម​បែប​យ៉ាង​នោះ​ឯង មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ ៥ ដ្បិត​យើង​ខ្ញុំ​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ​ឡើយ សឹង​មាន​ព្រះ​ទ្រង់​ជា​សាក្សី​ហើយ ៦ ហើយ​ទោះ​បើ​យើង​ខ្ញុំ​មាន​អំណាច និង​នៅ​ជា​បន្ទុក​លើ​អ្នក​រាល់​គ្នា ទុក​ដូច​ជា​សាវ័ក​នៃ​ព្រះគ្រីស្ទ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​មិន​រក​ឲ្យ​មនុស្ស​គោរព​ប្រតិបត្តិ​ដល់​យើង​ខ្ញុំ​ឡើយ ទោះ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ទៀត​ក្តី ៧ យើង​ខ្ញុំ​បាន​នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ​ស្លូតបូត​វិញ ប្រៀប​ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ ៨ គឺ​យ៉ាង​នោះ​ហើយ ដែល​យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​ចូល​ចិត្ត​ចែក​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ចូល​ចិត្ត​ចែក​ទាំង​ជីវិត​យើង​ខ្ញុំ​ផង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ងួនភ្ងា​ដល់​យើង​ខ្ញុំ ៩ ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​យ៉ាង​ធ្ងន់ ហើយ​នឿយ​ហត់ ដែល​យើង​ខ្ញុំ​បាន​ធ្វើ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ព្រួយ ដោយសារ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា ដោយ​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ១០ អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន ១១ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​និមួយៗ ដូច​ជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន និង​កំសាន្ត​ចិត្ត​ផង ១២ ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរីល្អ​របស់​ទ្រង់។ ១៣ ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះបន្ទូល ជា​ដំណឹង​ពី​ព្រះ ដោយសារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ ១៤ ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នៅ​ស្រុក​យូដា ពី​ព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ ១៥ ដែល​គេ​បាន​សំឡាប់​ទាំង​ព្រះអម្ចាស់យេស៊ូវ និង​ពួក​ហោរា​ផង ក៏​បាន​បណ្តេញ​យើង​ខ្ញុំ​ទៀត ពួក​នោះ​មិន​ជា​ទី​គាប់​ដល់​ព្រះហឫទ័យ​របស់​ព្រះ​ទេ ហើយ​ក៏​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់​ដែរ ១៦ គេ​ហាម​មិន​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ដល់​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ឡើយ គឺ​ដើម្បី​តែ​នឹង​បំពេញ​អំពើ​បាប​របស់​ខ្លួន​គេ​ជានិច្ច​ប៉ុណ្ណោះ តែ​សេចក្តី​ក្រោធ​បាន​មក​លើ​គេ​ពេញ​ទី​ហើយ។

ប៉ុល​ចង់​ជួប​គ្រីស្ទបរិស័ទ​នៅ​ក្រុង​ថែស្សាឡូនីច

១៧ បង​ប្អូន​អើយ ក្រោយ​ដែល​យើង​ខ្ញុំ​ត្រូវ​ឃ្លាត​មុខ​ពី​អ្នក​រាល់​គ្នា​បន្តិច តែ​មិន​មែន​ឃ្លាត​ចិត្ត​ឡើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​សង្វាត រឭក​ចង់​ឃើញ​មុខ​អ្នក​រាល់​គ្នា​វិញ​ជា​ខ្លាំង ១៨ បាន​ជា​យើង​ខ្ញុំ​ចង់​មក​សួរ​អ្នក​រាល់​គ្នា គឺ​ប៉ុល​ខ្ញុំ​ចង់​មក​មួយ​ដង​ពីរ​ទៅ​ហើយ តែ​អារក្ស​សាតាំង​បាន​ឃាត់​យើង​ខ្ញុំ​វិញ ១៩ ដ្បិត​តើ​សេចក្តី​សង្ឃឹម សេចក្តី​អំណរ និង​មកុដ​ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​រីករាយ​ឡើង នោះ​ជា​អ្វី បើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ក្នុង​កាល​ដែល​ទ្រង់​យាង​មក​ប៉ុណ្ណោះ ២០ ដ្បិត​អ្នក​រាល់​គ្នា​ជា​សិរីល្អ ហើយ​ជា​សេចក្តី​អំណរ​របស់​យើង​ខ្ញុំ​ពិត​មែន។

១ ថែស្សាឡូនីច​ទី​ ៣

១ ដូច្នេះ កាល​ទ្រាំ​មិន​បាន​ទៀត នោះ​យើង​ខ្ញុំ​បាន​គិត​ថា គួរ​ឲ្យ​យើង​ខ្ញុំ​នៅ​ក្រុង​អាថែន​តែ​ម្នាក់​ឯង​ចុះ ២ ដើម្បី​នឹង​ចាត់​ធីម៉ូថេ ជា​បង​ប្អូន គឺ​ជា​អ្នក​បំរើ​នៃ​ព្រះ ដែល​បាន​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ ឲ្យ​គាត់​បាន​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​មាំមួន ហើយ​ជួយ​ចំរើន​ខាង​ឯ​សេចក្តី​ជំនឿ​ផង ៣ ក្រែង​អ្នក​ណា​កើត​មាន​ចិត្ត​ថប់​ព្រួយ ដោយ​សេចក្តី​ទុក្ខ​លំបាក​ទាំង​នេះ (ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ចៀស​ពី​សេចក្តី​យ៉ាង​នេះ​មិន​រួច​ទេ ៤ ព្រោះ​កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ នោះ​ក៏​បាន​ប្រាប់​ជា​មុន​ថា យើង​រៀប​នឹង​រង​ទុក្ខ​លំបាក ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ថា មាន​មក​ហើយ) ៥ ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ទ្រាំ​មិន​បាន​ទៀត នោះ​ខ្ញុំ​បាន​ចាត់​គាត់​មក​ឲ្យ​បាន​ដឹង​ពី​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក្រែង​មេ​ល្បួង​បាន​លួង​នាំ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​ការ​នឿយ​ហត់​របស់​យើង​ខ្ញុំ​បាន​ទៅ​ជា​ឥត​អំពើ​វិញ ៦ តែ​ឥឡូវ​នេះ ដែល​ធីម៉ូថេ​បាន​ចេញ​ពី​អ្នក​រាល់​គ្នា ទៅ​ដល់​យើង​ខ្ញុំ ព្រម​ទាំង​នាំ​ដំណឹង​ល្អ​ពី​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​យើង​ខ្ញុំ​វិញ ហើយ​ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​យើង​ខ្ញុំ ដោយ​អំណរ​ជានិច្ច ទាំង​រឭក​ចង់​ឃើញ​យើង​ខ្ញុំ​ផង ដូច​ជា​យើង​ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ដែរ ៧ ដូច្នេះ បង​ប្អូន​អើយ ក្នុង​ខណៈ​ដែល​យើង​ខ្ញុំ​កំពុង​តែ​មាន​សេចក្តី​ទុក្ខ​ព្រួយ និង​សេចក្តី​លំបាក​ជា​ច្រើន នោះ​យើង​ខ្ញុំ​មាន​សេចក្តី​ក្សាន្ត​ចិត្ត ពី​ដំណើរ​អ្នក​រាល់​គ្នា​ឡើង​វិញ ដោយសារ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ៨ ដ្បិត​ឥឡូវ​នេះ បើ​អ្នក​រាល់​គ្នា​ឈរ​នៅ​មាំមួន​ក្នុង​ព្រះអម្ចាស់ នោះ​ទើប​យើង​ខ្ញុំ​នឹង​រស់​នៅ ៩ តើ​យើង​ខ្ញុំ​អាច​នឹង​អរ​ព្រះគុណ​ដល់​ព្រះ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ប្រការ​ដូច​ម្តេច ឲ្យ​បាន​ល្មម​ធួន​នឹង​អស់​ទាំង​សេចក្តី​អំណរ ដែល​យើង​ខ្ញុំ​មាន​នៅ​ចំពោះ​ព្រះ​នៃ​យើង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន ១០ យើង​ខ្ញុំ​ទូល​អង្វរ​ដោយ​ទទូច​ទាំង​យប់​ទាំង​ថ្ងៃ សូម​ឲ្យ​បាន​ឃើញ​មុខ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ផង ១១ សូម​ឲ្យ​ព្រះ​ដ៏​ជា​ព្រះវរបិតា និង​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​នៃ​យើង​ខ្ញុំ ទ្រង់​ដំរង់​ផ្លូវ​យើង​ខ្ញុំ ឲ្យ​បាន​មក​ឯ​អ្នក​រាល់​គ្នា ១២ សូម​ឲ្យ​ព្រះអម្ចាស់​ចំរើន​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​ពេញពោរ​ហូរហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ដល់​មនុស្ស​ទាំង​អស់​ផង ដូច​ជា​យើង​ខ្ញុំ​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​ដែរ ១៣ ប្រយោជន៍​នឹង​តាំង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បរិសុទ្ធ ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​របស់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង ទ្រង់​យាង​មក ជា​មួយ​នឹង​អស់​ទាំង​អ្នក​បរិសុទ្ធ​របស់​ទ្រង់។

១ ថែស្សាឡូនីច​ទី​ ៤

របៀប​រស់​នៅ​ដែល​គាប់​ព្រះហឫទ័យ​ព្រះ

១ មួយ​សោត​ទៀត បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ ហើយ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ក្នុង​ព្រះអម្ចាស់យេស៊ូវ​ថា ចូរ​ដើរ​តាម​ដែល​គួរ​គប្បី ដើម្បី​ឲ្យ​បាន​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង ដូច​ជា​បាន​ទទួល​បង្គាប់​ពី​យើង​ខ្ញុំ​រួច​ហើយ ២ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​សេចក្តី​បញ្ញត្ត​ដែល​យើង​ខ្ញុំ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះអម្ចាស់យេស៊ូវ​ហើយ ៣ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​សេចក្តី​កំផិត​ចេញ ៤ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ​ចេះ​រក្សា​អត្តភាព​ខ្លួន ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រសើរ ៥ មិន​មែន​ដោយ​សេចក្តី​រំជួល​ក្នុង​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ ៦ កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​សងសឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង ៧ ដ្បិត​ព្រះ​មិន​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សេចក្តី​ស្មោកគ្រោក​ទេ គឺ​មក​ក្នុង​សេចក្តី​បរិសុទ្ធ​វិញ ៨ ដូច្នេះ អ្នក​ណា​ដែល​មិន​ព្រម​ទទួល នោះ​មិន​មែន​បោះ​បង់​ចោល​មនុស្ស ឈ្មោះ​ថា​បោះ​បង់​ចោល​ព្រះ​វិញ ដែល​ទ្រង់​បាន​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ទ្រង់​មក​យើង។ ៩ រីឯ​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​បង្រៀន ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ ១០ អ្នក​រាល់​គ្នា​ក៏​ស្រឡាញ់​ដល់​អស់​ទាំង​ពួក​បង​ប្អូន នៅ​គ្រប់​ក្នុង​ស្រុក​ម៉ាសេដូន​ដែរ តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​នោះ កាន់​តែ​ខ្លាំង​ឡើង​ចុះ ១១ ហើយ​ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង​ផង ដូច​ជា​យើង​ខ្ញុំ​បាន​បង្គាប់​ហើយ ១២ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ឥត​ត្រូវ​ការ​អ្វី​ឡើយ។

អំពី​ព្រះអម្ចាស់​យាង​មក

១៣ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម ១៤ ដ្បិត​បើ​យើង​ជឿ​ថា ព្រះយេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ​ទ្រង់​នឹង​នាំ​អស់​អ្នក ដែល​ដេក​លក់​ទៅ​ក្នុង​ព្រះយេស៊ូវ ឲ្យ​បាន​មក​ជា​មួយ​នឹង​ទ្រង់​ដែរ ១៥ ដ្បិត​យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​ដូច្នេះ​ថា យើង​ដែល​រស់​នៅ​ជាប់ ដរាប​ដល់​ព្រះអម្ចាស់​យាង​មក នោះ​យើង​មិន​ទៅ​មុន​ពួក​អ្នក ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ ១៦ ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ ១៧ រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ ១៨ ដូច្នេះ ចូរ​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ដំណើរ​នេះ​ចុះ។

១ ថែស្សាឡូនីច​ទី​ ៥

១ បង​ប្អូន​អើយ ឯ​ត្រង់​ពេល​វេលា នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​មក​អ្នក​រាល់​គ្នា​ទេ ២ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះអម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់ ៣ ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្តី​សុខ​សាន្ត មាន​សេចក្តី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្តី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ ៤ តែ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​មែន​នៅ​ក្នុង​សេចក្តី​ងងឹត ឲ្យ​ថ្ងៃ​នោះ​បាន​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ ៥ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​ពួក​នៃ​ពន្លឺ ហើយ​ជា​ពួក​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​នៃ​យប់ ឬ​នៃ​សេចក្តី​ងងឹត​ឡើយ ៦ ដូច្នេះ ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ ៧ ដ្បិត​ពួក​អ្នក​ដែល​ដេក​លក់ នោះ​គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​ពួក​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ ៨ តែ​យើង​ដែល​ជា​ពួក​នៃ​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ហើយ​សេចក្តី​សង្ឃឹម​របស់​ផង​សេចក្តី​សង្គ្រោះ ទុក​ជា​មួក​សឹក ៩ ដ្បិត​ព្រះ​ទ្រង់​មិន​បាន​តម្រូវ​យើង ទុក​សំរាប់​សេចក្តី​ក្រោធ​ទេ គឺ​សំរាប់​ឲ្យ​បាន​សេចក្តី​សង្គ្រោះ​វិញ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ដែល​ទ្រង់​សុគត​ជំនួស​យើង ១០ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ទោះ​បើ​ចាំ​យាម​ឬ​ដេក​លក់​ក្តី ១១ ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ។

ពាក្យ​ដាស់តឿន​ផ្សេងៗ និង​ពាក្យ​សួរ​សុខ​ទុក្ខ

១២ តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ​អ្នក​រាល់​គ្នា​ថា ចូរ​ចំណាំ​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​ខំ​ធ្វើ​កិច្ចការ​ក្នុង​ពួក​អ្នក​រាល់​គ្នា និង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ព្រះអម្ចាស់ ហើយ​និង​ពួក​អ្នក​ដែល​ទូន្មាន​ដែរ ១៣ ដើម្បី​ឲ្យ​បាន​រាប់​អាន​ជា​ខ្លាំង ចំពោះ​ពួក​អ្នក​យ៉ាង​នោះ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ព្រោះ​ការ​ដែល​គេ​ធ្វើ ចូរ​នៅ​ជា​មួយ​គ្នា​ដោយ​មេត្រី​ចុះ ១៤ បង​ប្អូន​អើយ យើង​ខ្ញុំ​ទូន្មាន​ឲ្យ​អ្នក​រាល់​គ្នា​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​សណ្តាប់ធ្នាប់ ហើយ​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្តី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ និង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់ ១៥ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំងឡាយ​ដែរ ១៦ ចូរ​អរ​សប្បាយ​ជានិច្ច ១៧ ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ១៨ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ ១៩ កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ ២០ កុំ​ឲ្យ​មើលងាយ​ការ​អធិប្បាយ​ឡើយ ២១ ចូរ​ល​មើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្តី​ដែល​ត្រឹម​ត្រូវ ២២ ចូរ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​គ្រប់​យ៉ាង។ ២៣ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប​កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅហ្មង ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ទ្រង់​យាង​មក ២៤ ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការ​នោះ។ ២៥ បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ២៦ សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ថើប​បរិសុទ្ធ​ដែរ ២៧ ខ្ញុំ​ផ្តាំ​មក​អ្នក​រាល់​គ្នា​ដោយ​ព្រះអម្ចាស់​ថា សូម​អាន​មើល​សំបុត្រ​នេះ ឲ្យ​ពួក​បង​ប្អូន​បរិសុទ្ធ​គ្រប់​គ្នា​ស្តាប់​ផង ២៨ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚

២ ថែស្សាឡូនីច​ទី​ ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល ស៊ីលវ៉ាន និង​ធីម៉ូថេ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​ជំនុំ នៅ​ក្រុង​ថែស្សាឡូនីច ដែល​នៅ​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង​រាល់​គ្នា និង​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ៣ បង​ប្អូន​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះគុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ដូច​ជា​គួរ​គប្បី​ដែរ ពី​ព្រោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា កំពុង​តែ​ចំរើន​កាន់​តែ​ច្រើន​ឡើង ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើង​ដែរ ៤ ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ពី​ដំណើរ​សេចក្តី​ខ្ជាប់ខ្ជួន និង​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដែល​មាន​ក្នុង​សេចក្តី​បៀតបៀន និង​សេចក្តី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​រង​ទ្រាំ ៥ នោះ​ជា​ភស្តុតាង​ពី​សេចក្តី​ជំនុំជំរះ​ដ៏​សុចរិត​របស់​ព្រះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​គួរ​នឹង​នគរ​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រង​ទុក្ខ ដោយ​ព្រោះ​នគរ​នោះ​ឯង ៦ ដ្បិត​នេះ​ជា​សេចក្តី​សុចរិត​នៅ​ចំពោះ​ព្រះ គឺ​នឹង​សង​សេចក្តី​ទុក្ខ​លំបាក ដល់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា ៧ ហើយ​ឲ្យ​អ្នក​រាល់​គ្នា ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សំរាក​ជា​មួយ​នឹង​យើង​ខ្ញុំ​វិញ ក្នុង​កាល​ដែល​ព្រះអម្ចាស់យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថានសួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះចេស្តា​ទ្រង់ ៨ នៅ​ក្នុង​អណ្តាត​ភ្លើង ទាំង​សងសឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​និង​ពួក​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អ ពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់​នៃ​យើង ៩ គេ​នឹង​រង​ទុក្ខ​ទោស ជា​សេចក្តី​ហិនវិនាស​អស់​កល្ប​ជានិច្ច ឃ្លាត​ពី​ព្រះភក្ត្រ​នៃ​ព្រះអម្ចាស់ ហើយ​ពី​សិរីល្អ​នៃ​ព្រះចេស្តា​ទ្រង់ ១០ ក្នុង​កាល​ដែល​ទ្រង់​យាង​មក ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ក្នុង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​នៅ​ថ្ងៃ​នោះ ឲ្យ​បាន​គេ​មើល​ទ្រង់​ដោយ​អស្ចារ្យ ក្នុង​ពួក​អ្នក​ដែល​ជឿ ដ្បិត​អ្នក​រាល់​គ្នា​បាន​ជឿ​ពាក្យ​បន្ទាល់​របស់​យើង​ខ្ញុំ​ហើយ ១១ ដូច្នេះ យើង​ខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច ដើម្បី​ឲ្យ​ព្រះ​នៃ​យើង​ខ្ញុំ បាន​រាប់​អ្នក​រាល់​គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់​ទាំង​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ និង​ការ​ដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះចេស្តា ១២ ដើម្បី​ឲ្យ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះគុណ​របស់​ព្រះ​នៃ​យើង និង​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

២ ថែស្សាឡូនីច​ទី​ ២

ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​មុន​ព្រះយេស៊ូវ​យាង​មក

១ ឥឡូវ​នេះ បង​ប្អូន​អើយ ដោយ​ព្រោះ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ទ្រង់​ត្រូវ​យាង​មក ហើយ​យើង​រាល់​គ្នា​ត្រូវ​ប្រជុំ​គ្នា​នៅ​ចំពោះ​ទ្រង់ នោះ​យើង​ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​រាល់​គ្នា​ថា ២ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើរវាយ ឬ​ថប់​ព្រួយ​អ្វី ទោះ​បើ​ដោយសារ​វិញ្ញាណ​ណា ឬ​ពាក្យ​សំដី​ណា ឬ​សំបុត្រ​ណា ដូច​ជា​មក​ពី​យើង​ខ្ញុំ​ក្តី ដែល​ថា​ថ្ងៃ​នៃ​ព្រះអម្ចាស់​ជិត​ដល់​ហើយ​នោះ​ឡើយ ៣ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិនវិនាស ៤ ដែល​ទាស់​ទទឹង ហើយ​លើក​ខ្លួន​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​អ្វី ដែល​ហៅ​ថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិបត្តិ​ផង ដល់​ម៉្លេះ​បាន​ជា​វា​នឹង​អង្គុយ​នៅ ដូច​ជា​ព្រះ​ក្នុង​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ថា​ជា​ព្រះ​ផង ៥ តើ​ឯង​អ្នក​រាល់​គ្នា​មិន​នឹក​ចាំ​ទេ​ឬ​អី​ថា ក្នុង​គ្រា​ដែល​ខ្ញុំ​នៅ​ជា​មួយ នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ទាំង​នេះ​ដែរ ៦ ហើយ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​សេចក្តី​ដែល​ឃាត់​វា ប្រយោជន៍​ឲ្យ​វា​បាន​លេច​មក​តែ​ក្នុង​ពេល​វេលា​របស់​វា​ប៉ុណ្ណោះ ៧ ដ្បិត​សេចក្តី​អាថ៌កំបាំង​របស់​ការ​ទទឹង​ច្បាប់ កំពុង​តែ​បណ្តាល​ឡើង​ហើយ ប៉ុន្តែ មាន​១​អង្គ​ដែល​ឃាត់ឃាំង​វា​សព្វ​ថ្ងៃ​នេះ ទាល់​តែ​បាន​ដក​ទ្រង់​ចេញ​ទៅ ៨ នោះ​ទើប​អា​ទទឹង​ច្បាប់​នោះ​នឹង​លេច​មក ដែល​ព្រះអម្ចាស់យេស៊ូវ​នឹង​បំផ្លាញ ដោយ​ខ្យល់ពី​ព្រះឱស្ឋ​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វិនាស ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក ៩ អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ទាំង​ធ្វើ​ការ ដូច​ជា​អារក្ស​សាតាំង ដោយ​នូវ​គ្រប់​ទាំង​ឫទ្ធិ ទី​សំគាល់ និង​ការ​អស្ចារ្យ​ដ៏​កំភូត ១០ ហើយ​ដោយ​គ្រប់​ទាំង​សេចក្តី​ឆបោក​របស់​សេចក្តី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស ដោយ​ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​ដល់​សេចក្តី​ពិត ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ ១១ ហេតុ​នោះ​បាន​ជា​ព្រះ ទ្រង់​នឹង​ឲ្យ​សេចក្តី​ខុសឆ្គង​មក បណ្តាល​ឲ្យ​គេ​ជឿ​តាម​សេចក្តី​ភូតភរ​វិញ ១២ ដើម្បី​ឲ្យ​អស់​មនុស្ស​ណា​ដែល​មិន​ជឿ​តាម​សេចក្តី​ពិត គឺ​ពេញ​ចិត្ត​នឹង​សេចក្តី​ទុច្ចរិត នោះ​បាន​ជាប់​មាន​ទោស​វិញ។

ជីវិត​ខ្ជាប់ខ្ជួន​ក្នុង​ជំនឿ

១៣ ឱ​បង​ប្អូន​ដ៏​ជា​ស្ងួនភ្ងា​នៃ​ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ពី​ព្រោះ​ព្រះ​ទ្រង់​បាន​រើស​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​ព្រះវិញ្ញាណ​ទ្រង់​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ដោយ​មាន​ចិត្ត​ជឿ តាម​សេចក្តី​ពិត​ផង ១៤ ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​ទាំង​នោះ ដោយសារ​ដំណឹង​ល្អ​នៃ​យើង​ខ្ញុំ ប្រយោជន៍​ឲ្យ​បាន​សិរីល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ១៥ ដូច្នេះ បង​ប្អូន​អើយ ចូរ​ឈរ​ឲ្យ​មាំមួន ហើយ​កាន់​ខ្ជាប់​តាម​សេចក្តី​បញ្ញត្ត ដែល​យើង​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ចុះ ទោះ​បើ​ដោយ​ពាក្យ​សំដី ឬ​សំបុត្រ​ក្តី ១៦ សូម​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង និង​ព្រះ​ដ៏​ជា​ព្រះវរបិតា ដែល​ទ្រង់​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សេចក្តី​កំសាន្ត​អស់​កល្ប​ជានិច្ច និង​សេចក្តី​សង្ឃឹម​យ៉ាង​ល្អ ដោយ​ព្រះគុណ​ទ្រង់ ១៧ បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ដែរ ហើយ​តាំង​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាំមួន​ឡើង ក្នុង​គ្រប់​ទាំង​ការ និង​ពាក្យ​សំដី​ដ៏​ល្អ​ផង។

២ ថែស្សាឡូនីច​ទី​ ៣

សេចក្តី​ដាស់តឿន​ផ្សេងៗ

១ មួយ​សោត​ទៀត បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​ដំកើង​ឡើង ដូច​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ ២ ហើយ​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​មនុស្ស​វៀច និង​ពី​មនុស្ស​អាក្រក់​ចេញ ដ្បិត​មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្តី​ជំនឿ​ទេ ៣ តែ​ព្រះអម្ចាស់​ទ្រង់​ស្មោះត្រង់ ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ហើយ​ការពារ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​ផង ៤ យើង​ខ្ញុំ​ក៏​ទុក​ចិត្ត​នឹង​ព្រះអម្ចាស់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​នឹង​ប្រព្រឹត្ត​ត​ទៅ​ទៀត តាម​អស់​ទាំង​សេចក្តី​ដែល​យើង​ខ្ញុំ​បាន​ផ្តាំ​ទុក​ដែរ ៥ សូម​ឲ្យ​ព្រះអម្ចាស់​ដំរង់​ចិត្ត​អ្នក​រាល់​គ្នា ទៅ​ក្នុង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ និង​សេចក្តី​ខ្ជាប់ខ្ជួន​របស់​ព្រះគ្រីស្ទ​ចុះ។ ៦ ឥឡូវ​នេះ បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ផ្តាំ​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ផុត​ពី​គ្រប់​ទាំង​បង​ប្អូន​ណា ដែល​ប្រព្រឹត្ត​ខុស​របៀប ហើយ​មិន​ស្តាប់​តាម​បញ្ញត្ត​ដែល​បាន​ទទួល​ពី​យើង​ខ្ញុំ ៧ ដ្បិត​ខ្លួន​អ្នក​រាល់​គ្នា​ដឹង​ហើយ ដែល​គួរ​ត្រាប់​តាម​យើង​ខ្ញុំ​ជា​យ៉ាង​ណា ពី​ព្រោះ​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ឥត​របៀប ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ៨ ក៏​មិន​បាន​ទទួល​ទាន​បាយ​របស់​អ្នក​ណា​ទទេ​ដែរ យើង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់ ហើយ​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង​ខ្ញុំ​ឡើយ ៩ មិន​មែន​ថា យើង​ខ្ញុំ​គ្មាន​អំណាច​នោះ​ទេ គឺ​យើង​ខ្ញុំ​ចង់​ធ្វើ​ជា​គំរូ ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​យើង​ខ្ញុំ​វិញ​ទេ​តើ ១០ កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​ក៏​បាន​ផ្តាំ​ថា បើ​អ្នក​ណា​មិន​ចង់​ធ្វើ​ការ មិន​ត្រូវ​ទាំង​ឲ្យ​អ្នក​នោះ​បរិភោគ​ផង ១១ ដ្បិត​យើង​ខ្ញុំ​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ប្រព្រឹត្ត​ឥត​របៀប ឥត​មាន​ធ្វើ​ការ​អ្វី​សោះ គឺ​គេ​រវល់​តែ​ចំពោះ​ការ​ឥត​ប្រយោជន៍​វិញ ១២ ដូច្នេះ យើង​ខ្ញុំ​ផ្តាំ​មក​មនុស្ស​យ៉ាង​នោះ ហើយ​ទូន្មាន​គេ ដោយ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​ថា ឲ្យ​គេ​បរិភោគ​បាយ​របស់​ខ្លួន​គេ​ចុះ ទាំង​ធ្វើ​ការ​ដោយ​ស្រគត់ស្រគំ​ផង ១៣ បង​ប្អូន​អើយ កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ​ឡើយ ១៤ បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​របស់​យើង​ខ្ញុំ ក្នុង​សំបុត្រ​នេះ​ទេ នោះ​ចូរ​សំគាល់​អ្នក​នោះ​ទុក ហើយ​កុំ​ឲ្យ​ភប់ប្រសព្វ​នឹង​គេ​ឲ្យ​សោះ ដើម្បី​ឲ្យ​គេ​មាន​សេចក្តី​ខ្មាស ១៥ តែ​កុំ​ឲ្យ​រាប់​គេ​ទុក​ដូច​ជា​ខ្មាំងសត្រូវ​ឡើយ ចូរ​ទូន្មាន​គេ ដូច​ជា​បង​ប្អូន​វិញ។ ១៦ សូម​ឲ្យ​ព្រះអម្ចាស់ ដែល​ទ្រង់​ផ្តល់​សេចក្តី​សុខ​សាន្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ជានិច្ច សូម​ឲ្យ​ព្រះអម្ចាស់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់ ១៧ ប៉ុល​ខ្ញុំ​សរសេរ​ពាក្យ​ជំរាប​សួរ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ នេះ​គឺ​ជា​ទី​សំគាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ គឺ​បែប​យ៉ាង​នេះ​ហើយ ដែល​ខ្ញុំ​សរសេរ​មក ១៨ សូម​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់ បាន​ប្រកប​ដោយ​ព្រះគុណ របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚

១ ធីម៉ូថេ​ទី​ ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវ័ក​នៃ​ព្រះយេស៊ូវគ្រីស្ទ តាម​បង្គាប់​របស់​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង និង​ព្រះយេស៊ូវគ្រីស្ទ ដ៏​ជា​ទី​សង្ឃឹម​នៃ​យើង​រាល់​គ្នា ២ ខ្ញុំ​ផ្ញើ​មក​អ្នក​ធីម៉ូថេ ជា​កូន​ពិត​ក្នុង​សេចក្តី​ជំនឿ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះគុណ សេចក្តី​មេត្តាករុណា និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង ហើយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។

ពាក្យ​ដាស់តឿន​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្តី​បង្រៀន​ក្លែងក្លាយ

៣ កាល​ខ្ញុំ​រៀប​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន នោះ​ខ្ញុំ​បាន​សូម​ឲ្យ​អ្នក​នៅ​តែ​ក្នុង​ក្រុង​អេភេសូរ​ចុះ ដើម្បី​ឲ្យ​អ្នក​បាន​ហាមប្រាម​ដល់​អ្នក​ខ្លះ កុំ​ឲ្យ​គេ​បង្រៀន​ពី​សេចក្តី​ណា​ផ្សេង​ទៀត ៤ ឬ​ស្តាប់​តាម​រឿង​ព្រេង និង​ពង្សាវតារ ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នោះ​ឡើយ ដែល​រឿង​ទាំង​នោះ​តែង​បង្កើត​ឲ្យ​មាន សេចក្តី​ដេញ​ដោល ជា​ជាង​ចំរើន​ការ​នៃ​ព្រះ​ក្នុង​សេចក្តី​ជំនឿ ៥ ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​បញ្ញា​ចិត្ត​ជ្រះថ្លា ហើយ​ពី​សេចក្តី​ជំនឿ​ដ៏​ស្មោះត្រង់​វិញ ៦ ព្រោះ​អ្នក​ខ្លះ​បាន​ជ្រួស​ចេញ​ពី​សេចក្តី​នោះ​ទៅ​ហើយ ព្រម​ទាំង​បែរ​ចេញ ទៅ​ខាង​ពាក្យ​សំដី ដែល​ឥត​ប្រយោជន៍​ផង ៧ គេ​ចង់​ធ្វើ​ជា​គ្រូ​នៃ​ក្រឹត្យវិន័យ តែ​គេ​មិន​ទាំង​យល់​សេចក្តី​ដែល​គេ​និយាយ ឬ​ពី​សេចក្តី​ដែល​គេ​ប្រកាន់​នោះ​ផង ៨ រីឯ​យើងៗ ដឹង​ថា ក្រឹត្យវិន័យ​ល្អ​មែន បើ​អ្នក​ណា​ប្រើ​តាម​ត្រឹម​ត្រូវ ៩ ដោយ​ដឹង​ថា ក្រឹត្យវិន័យ​មិន​មែន​តាំង​សំរាប់​មនុស្ស​សុចរិត​ទេ គឺ​សំរាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹងចចេស មនុស្ស​ទមិល​ល្មើស និង​មនុស្ស​ដែល​មាន​បាប គឺ​ជា​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​រាប់​ព្រះ មនុស្ស​ដែល​វាយ​ឪពុក​ម្តាយ និង​មនុស្ស​ដែល​សំឡាប់​គេ ១០ មនុស្ស​កំផិត លេង​កូន​ជឹង ចាប់​មនុស្ស​លក់ ភូតកុហក ហើយ​ស្បថ​បំពាន​វិញ ព្រម​ទាំង​ការ​អ្វី​ដែល​ទាស់​ទទឹង​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ដែរ ១១ នោះ​គឺ​តាម​ដំណឹង​ពី​សិរីល្អ​នៃ​ព្រះ​ដ៏​មាន​ពរ ជា​ដំណឹង ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ។

ព្រះហឫទ័យ​សប្បុរស​របស់​ព្រះ

១២ ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ គឺ​ជា​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​រាប់​ខ្ញុំ​ទុក​ជា​ស្មោះត្រង់ ទាំង​តាំង​ខ្ញុំ​ឲ្យ​មាន​ការងារ ១៣ ដែល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ព្រហើន​ឈ្លានពាន តែ​ទ្រង់​បាន​អាណិត​មេត្តា​ដល់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅល្ងង់ ឥត​មាន​សេចក្តី​ជំនឿ ១៤ តែ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃ​យើង បាន​ចំរើន​ជា​បរិបូរ​ហូរហៀរ​ឡើង ព្រម​ទាំង​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ​ផង ១៥ ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ ១៦ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាណិត​មេត្តា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​បាន​សំដែង​ចេញ គ្រប់​ទាំង​សេចក្តី​អត់​ធន់​របស់​ទ្រង់​ក្នុង​ខ្លួន​ខ្ញុំ ដែល​ជា​អ្នក​លេខ​១​នោះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ក្បួន​ដល់​ពួក​អ្នក ដែល​នឹង​ជឿ​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​ជីវិត អស់​កល្ប​ជានិច្ច ១៧ រីឯ​ស្តេច​នៃ​អស់​ទាំង​កល្ប ដែល​ទ្រង់​មិន​ចេះ​សុគត ហើយ​មើល​ទ្រង់​មិន​ឃើញ គឺ​ជា​ព្រះ​តែ​១​ព្រះអង្គ នោះ​សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះនាម និង​សិរីល្អ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។ ១៨ ឱ​ធីម៉ូថេ ជា​កូន​អើយ ខ្ញុំ​ប្រគល់​ពាក្យ​បណ្តាំ​នេះ​ទុក​នឹង​អ្នក តាម​សេចក្តី​ទំនាយ​ដែល​បាន​ទាយ​ពី​អ្នក​ជា​មុន ដើម្បី​ឲ្យ​អ្នក​បាន​ច្បាំង​ជា​ចំបាំង​យ៉ាង​ល្អ ដោយសារ​សេចក្តី​ទាំង​នោះ ១៩ ព្រម​ទាំង​រក្សា​សេចក្តី​ជំនឿ និង​បញ្ញា​ចិត្ត​ជ្រះថ្លា ដែល​មនុស្ស​ខ្លះ​បាន​បោះ​បង់​ចោល ហើយ​គេ​បាន​លិច​បាត់​ខាង​ឯ​សេចក្តី​ជំនឿ​ផង ២០ ក្នុង​ពួក​នោះ មាន​ឈ្មោះ​ហ៊ីមេនាស និង​អ័លេក្សានត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​អារក្ស​សាតាំង ឲ្យ​ត្រូវ​វាយផ្ចាល ដើម្បី​ឲ្យ​គេ​រាងចាល​កុំ​ឲ្យ​ប្រមាថ​ទៀត។

១ ធីម៉ូថេ​ទី​ ២

ពាក្យ​ទូន្មាន​ក្នុង​ការ​ទូល​អង្វរ​ព្រះ

១ ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះគុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់ ២ គឺ​ឲ្យ​ស្តេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នៅ​ជា​សុខ​សាន្ត ហើយ​ស្រគត់ស្រគំ ដោយ​កោតខ្លាច ហើយ​ដោយ​នឹងធឹង​គ្រប់​ជំពូក ៣ ដ្បិត​យ៉ាង​នោះ ទើប​បាន​ល្អ ហើយ​គាប់​ព្រះហឫទ័យ ដល់​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ៤ ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ពិត ៥ ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ និង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះគ្រីស្ទយេស៊ូវ​នោះ ៦ ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់ ៧ ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់ និង​ជា​សាវ័ក​ពី​ការ​នោះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ដល់​ពួក​សាសន៍​ដទៃ ដោយ​សេចក្តី​ជំនឿ និង​សេចក្តី​ពិត (ខ្ញុំ​និយាយ​តាម​សេចក្តី​ពិត​មិន​កុហក​ទេ)។ ៨ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង និង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ ៩ ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវមុក្តា ឬ​សំលៀកបំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ ១០ តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោតខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ ១១ ត្រូវ​ឲ្យ​ស្រីៗ រៀន​ដោយ​សំងាត់ ទាំង​ចុះ​ចូល​គ្រប់​ជំពូក ១២ ខ្ញុំ​មិន​បើក​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ឲ្យ​មាន​អំណាច​លើ​បុរស​ទេ ត្រូវ​ឲ្យ​គេ​នៅ​ដោយ​ស្រគត់ស្រគំ​ចុះ ១៣ ពី​ព្រោះ​ព្រះ​បាន​បង្កើត​លោក​អ័ដាម​មក​ជា​មុន រួច​មក​នាង​អេវ៉ា ១៤ ហើយ​មិន​មែន​លោក​អ័ដាម ដែល​ចាញ់​បញ្ឆោត​ទេ គឺ​ជា​ស្ត្រី​វិញ​ទេ​តើ ដែល​ចាញ់​បញ្ឆោត​នោះ ព្រម​ទាំង​រំលង​ច្បាប់​ផង ១៥ តែ​បើ​សិន​ជា​នាង​នៅ​ជាប់​ក្នុង​សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​បរិសុទ្ធ ទាំង​មាន​គំនិត​មារយាទ នោះ​នាង​នឹង​បាន​សង្គ្រោះ​ក្នុង​កាល​ដែល​បង្កើត​កូន។

១ ធីម៉ូថេ​ទី​ ៣

គុណ​សម្បត្តិ​របស់​អ្នក​ដឹកនាំ​ពួក​ជំនុំ

១ ពាក្យ​នេះ​គួរ​ជឿ​ដែល​ថា បើ​អ្នក​ណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ត្រា នោះ​ឈ្មោះ​ថា​ចង់​បាន​ល្អ​ប្រសើរ​ហើយ ២ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ត្រួត​ត្រា​ប្រព្រឹត្ត ដោយ​ឥត​កន្លែង​ចាប់​ទោស​បាន​ចុះ ត្រូវ​ជា​មនុស្ស​មាន​ប្រពន្ធ​តែ​១ ជា​មនុស្ស​ដឹង​ខ្នាត មាន​ចិត្ត​ធ្ងន់ធ្ងរ កាន់​គំនិត​មារយាទ ជា​អ្នក​ចៅរ៉ៅ ហើយ​ប្រសប់​នឹង​ការ​បង្រៀន ៣ មិន​ត្រូវ​ជា​អ្នក​ចំណូល​ស្រា ឬ​ឈ្លោះ​ប្រកែក ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូតបូត ឥត​រក​រឿង​រក​ហេតុ ឥត​លោភ​ចង់​បាន​ប្រាក់ ៤ ត្រូវ​ត្រួត​ត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួលបួល ទាំង​ឲ្យ​កូន​ចៅ​ស្តាប់​បង្គាប់​ដោយ​នឹងធឹង ៥ បើ​អ្នក​ណា​មិន​ចេះ​ត្រួត​ត្រា​ផ្ទះ​ខ្លួន ធ្វើ​ដូច​ម្តេច​ឲ្យ​ថែ​រក្សា​ពួក​ជំនុំ​ព្រះ​បាន ៦ មនុស្ស​ណា​ដែល​ទើប​នឹង​ជឿ​ថ្មី នោះ​ធ្វើ​ពុំ​បាន​ទេ ក្រែង​កើត​មាន​ចិត្ត​ធំ ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស​វិញ ៧ ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះតិះដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។ ៨ ឯ​ពួក​អ្នក​ជំនួយ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹងធឹង ឥត​និយាយ​សំដី​២ ឥត​ចំណូល​ស្រា ឬ​ស៊ី​សំណូក​ឡើយ ៩ ត្រូវ​ជា​អ្នក​កាន់​តាម​សេចក្តី​អាថ៌កំបាំងរបស់​សេចក្តី​ជំនឿ ដោយ​បញ្ញា​ចិត្ត​ដ៏​ស្អាត ១០ មួយ​ទៀត ត្រូវ​ល្បង​ល​ចំពោះ​ពួក​អ្នក​ជំនួយ​ទាំង​នោះ​ជា​មុន​ដំបូង​ដែរ រួច​បើ​កាល​ណា​ឃើញ​ថា គ្មាន​កន្លែង​ចាប់​ទោស​បាន​ហើយ នោះ​សឹម​ឲ្យ​គេ​ជួយ​ទៅ​ចុះ ១១ ឯ​ប្រពន្ធ​របស់​គេ ក៏​ត្រូវ​មាន​ចិត្ត​នឹងធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ ជា​អ្នក​ដឹង​ខ្នាត ហើយ​ស្មោះត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់ ១២ ត្រូវ​ឲ្យ​អ្នក​ជំនួយ​មាន​ប្រពន្ធ​តែ​១ ទាំង​ត្រួត​ត្រា​កូន​ចៅ និង​ផ្ទះ​ខ្លួន ដោយ​ស្រួលបួល ១៣ ដ្បិត​ពួក​អ្នក​ដែល​បាន​ជួយ​យ៉ាង​ល្អ នោះ​នឹង​បាន​ថ្នាក់​ល្អ​សំរាប់​ខ្លួន និង​សេចក្តី​ក្លាហាន​ក្នុង​សេចក្តី​ជំនឿ ដោយសារ​ព្រះគ្រីស្ទយេស៊ូវ។

គំរោង​ការ​ដ៏​លាក់​កំបាំង

១៤ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ឯ​អ្នក​ជា​យ៉ាង​ឆាប់ ប៉ុន្តែ ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក​អ្នក​សិន ១៥ ដើម្បី​ក្រែង​ខ្ញុំ​ក្រ​មក នោះ​ឲ្យ​អ្នក​បាន​ដឹង​ពី​របៀប​យ៉ាង​ណា ដែល​គួរ​ប្រព្រឹត្ត​ក្នុង​ដំណាក់​នៃ​ព្រះ គឺ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្តី​ពិត ១៦ ពិត​ប្រាកដ​ជា​សេចក្តី​អាថ៌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល​ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដ៏ទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ៍​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរីល្អ​វិញ។

១ ធីម៉ូថេ​ទី​ ៤

គ្រូ​ក្លែងក្លាយ

១ តែ​ព្រះវិញ្ញាណ ទ្រង់​មាន​ព្រះបន្ទូល​យ៉ាង​ជាក់​ច្បាស់​ថា នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លាកចាកចេញ​ពី​សេចក្តី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្តី​បង្រៀន​របស់​ពួក​អារក្ស ២ ដោយសារ​ពុត​មាយា​របស់​ពួក​អ្នក ដែល​ពោល​តែ​ពាក្យ​កុហក ទាំង​មាន​បញ្ញា​ចិត្ត​រលាក ៣ ព្រម​ទាំង​ហាមប្រាម​មិន​ឲ្យ​យក​ប្តី​ប្រពន្ធ ហើយ​ឲ្យ​ត្រូវ​តម​អាហារ ដែល​ព្រះ​បាន​បង្កើត​មក សំរាប់​ពួក​អ្នក​ជឿ និង​ពួក​អ្នក​ដែល​ស្គាល់​សេចក្តី​ពិត ឲ្យ​បាន​ទទួល​ដោយ​អរ​ព្រះគុណ ៤ ដ្បិត​សត្វ​ទាំង​អស់​ដែល​ព្រះ​ទ្រង់​បង្កើត​មក នោះ​សុទ្ធ​តែ​ល្អ ហើយ​មិន​ត្រូវ​ចោល​១​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះគុណ​ប៉ុណ្ណោះ ៥ ដ្បិត​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​ព្រះបន្ទូល ហើយ​សេចក្តី​អធិស្ឋាន។

អ្នក​បំរើ​ដ៏​ល្អ​របស់​ព្រះអម្ចាស់

៦ បើ​អ្នក​សំដែង​សេចក្តី​ទាំង​នេះ ដល់​ពួក​បង​ប្អូន​ឲ្យ​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​ជំនួយ​យ៉ាង​ល្អ របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ព្រះបន្ទូល​នៃ​សេចក្តី​ជំនឿ និង​សេចក្តី​បង្រៀន​ដ៏​ល្អ​បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម​ស្មោះ​ចំពោះ​មែន ៧ កុំ​ឲ្យ​ព្រម​ស្តាប់​អស់​ទាំង​រឿង​ល្បែង​របស់​ស្រី​ចាស់ៗ ឡើយ ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ ៨ ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ តែ​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង ៩ ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង ១០ ដ្បិត​គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​ខំ​ធ្វើ​ការ ទាំង​ត្រូវ​គេ​ត្មះតិះដៀល ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ​នៃ​មនុស្ស​ទាំងឡាយ មាន​មនុស្ស​ដែល​ជឿ​ជា​ដើម ១១ ចូរ​ផ្តាំ​គេ​ពី​សេចក្តី​ទាំង​នេះ ហើយ​បង្ហាត់​បង្រៀន​ចុះ ១២ កុំ​ឲ្យ​អ្នក​ណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ ១៣ ចូរ​ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន និង​បង្រៀន​គេ ដរាប​ដល់​ខ្ញុំ​មក ១៤ កុំ​ឲ្យ​ធ្វេស​នឹង​អំណោយ​ទាន ដែល​សណ្ឋិត​លើ​អ្នក ដែល​បាន​ប្រទាន​មក​អ្នក​ដោយ​សេចក្តី​ទំនាយ ក្នុង​កាល​ដែល​ពួក​ចាស់ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ឡើយ ១៥ ចូរ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នេះ ហើយ​កាន់​ខ្ជាប់​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំងឡាយ បាន​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក ១៦ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​និង​សេចក្តី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្តី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។

១ ធីម៉ូថេ​ទី​ ៥

ដំបូន្មាន​ស្តី​អំពី​ការ​មើល​ខុស​ត្រូវ​លើ​អ្នក​ជឿ

១ កុំ​ឲ្យ​ស្តី​បន្ទោស​ដល់​មនុស្ស​ចាស់ៗ ឡើយ ចូរ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក​ចុះ ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក នោះ​ទុក​ដូច​ជា​ប្អូន​វិញ ២ ឯ​ស្ត្រី​ចាស់ៗ ទុក​ដូច​ម្តាយ ហើយ​ពួក​ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន​ដែរ ដោយ​សេចក្តី​បរិសុទ្ធ​សព្វ​គ្រប់ ៣ ចូរ​គោរព​ដល់​ពួក​ស្ត្រី​ដែល​ពិត​ជា​មេម៉ាយមែន ៤ តែ​បើ​ស្រី​មេម៉ាយ​ណា​មាន​កូន​ចៅ នោះ​ត្រូវ​ឲ្យ​កូន​ចៅ​នោះ​រៀន​ឲ្យ​ចេះ​គោរព​ប្រតិបត្តិ ដល់​ពួក​ផ្ទះ​ខ្លួន​ជា​ដើម ទាំង​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច្នោះ ៥ រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ឯង នោះ​សង្ឃឹម​តែ​ដល់​ព្រះ ក៏​ព្យាយាម​ក្នុង​សេចក្តី​ទូល​អង្វរ និង​សេចក្តី​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ ៦ តែ​មេម៉ាយ​ណា​ដែល​នៅ​តែ​ស្រើបស្រាល នោះ​ទោះ​បើ​រស់​នៅ​ក៏​ដោយ ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ ៧ ចូរ​ហាម​គេ​ពី​សេចក្តី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​គេ​មាន​កន្លែង​បន្ទោស​បាន​ឡើយ ៨ បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់ផ្គង់​ឲ្យ​ពួក​ញាតិ​សន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត ៩ ចូរ​ឲ្យ​កត់​ចុះ​ក្នុង​បញ្ជី​មេម៉ាយ​ចំពោះ​តែ​ឈ្មោះ​ស្ត្រី​ណា ដែល​មាន​អាយុ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​លើ​ប៉ុណ្ណោះ ហើយ​ដែល​បាន​មាន​ប្តី​តែ​មួយ​ផង ១០ ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​ការ​ល្អ​របស់​ស្ត្រី​នោះ​ដែរ បើ​បាន​ចិញ្ចឹម​កូន ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នក​ដែល​មាន​សេចក្តី​វេទនា បើ​បាន​ឧស្សាហ៍​តាម​គ្រប់​ទាំង​ការ​ល្អ នោះ​ទើប​ចុះ​បាន ១១ ឯ​ស្រី​មេម៉ាយ​ដែល​ក្មេង​ជាង នោះ​មិន​ត្រូវ​ទទួល​ទេ ដ្បិត​បើ​កាល​ណា​គេ​កើត​មាន​ចិត្ត​រឹងទទឹង​នឹង​ព្រះគ្រីស្ទ នោះ​គេ​នឹង​ចង់​យក​ប្តី​ទៀត ១២ គេ​នឹង​មាន​ទោស ដោយ​ព្រោះ​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​ដើម ១៣ ក៏​នឹង​ទំលាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​មាត់​ប៉ប៉ាច់ប៉ប៉ោច ហើយ​បេះបួយ ក៏​និយាយ​សេចក្តី​ដែល​មិន​គួរ​គប្បី​ទៀត​ផង ១៤ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្រី​មេម៉ាយ​ដែល​នៅ​ក្មេង បាន​យក​ប្តី​ទៅ ដើម្បី​នឹង​បង្កើត​កូន ហើយ​គ្រប់​គ្រង​នៅ​ទី​ផ្ទះ ឥត​បើក​ឱកាស​ឲ្យ​ពួក​អ្នក ដែល​រក​រឿង បាន​ត្មះតិះដៀល​ឡើយ ១៥ ដ្បិត​មាន​អ្នក​ខ្លះ​ងាក​បែរ​ទៅ តាម​អារក្ស​សាតាំង​ហើយ ១៦ បើ​មាន​អ្នក​ជឿ​ណា ទោះ​ប្រុស​ឬ​ស្រី​ដែល​មាន​ម្តាយ​មេម៉ាយ នោះ​ត្រូវ​ជួយ​ផ្គត់ផ្គង់​ឲ្យ​ផង កុំ​ឲ្យ​ផ្ទុក​លើ​ពួក​ជំនុំ​ឡើយ ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ផ្គត់ផ្គង់​ដល់​ពួក​អ្នក ដែល​ពិត​ជា​មេម៉ាយ​នោះ​វិញ។ ១៧ អ្នក​ចាស់ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិបត្តិ​ជា​ទ្វេ​គុណ​ឡើង គឺ​មាន​ពួក​ដែល​ខំ​ផ្សាយ​ព្រះបន្ទូល ហើយ​និង​ពួក​ដែល​បង្រៀន​ជា​ដើម ១៨ ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ​ថា «ជើង​ឈ្នួល គួរ​ឲ្យ​បាន​ប្រាក់​ឈ្នួល​ខ្លួន» ១៩ កុំ​ឲ្យ​ស្តាប់​សេចក្តី​ចោទ​ប្រកាន់​នឹង​អ្នក​ចាស់ទុំ​ណា​ឡើយ លើក​តែ​មាន​ស្មរ​បន្ទាល់​២ឬ៣​នាក់ ២០ ឯ​អ្នក​ណា​ដែល​ធ្វើ​បាប នោះ​ចូរ​ផ្ចាញ់ផ្ចាល​គេ នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​កោតខ្លាច​ដែរ ២១ ខ្ញុំ​ផ្តាំ​នឹង​អ្នក​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ និង​ព្រះគ្រីស្ទយេស៊ូវ ហើយ​ពួក​ទេវតា​រើស​តាំង​ផង​ថា ឲ្យ​អ្នក​កាន់​តាម​សេចក្តី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ ២២ កុំ​ឲ្យ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ក៏​កុំ​ឲ្យ​មាន​សេចក្តី​ប្រកប​ក្នុង​បាប​របស់​មនុស្ស​ឯ​ទៀត​ឲ្យ​សោះ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ចុះ ២៣ កុំ​ឲ្យ​ផឹក​ទឹក​តែ​ប៉ុណ្ណោះ ត្រូវ​ឲ្យ​ផឹក​ស្រា​ទំពាំងបាយជូរ​បន្តិច​ផង ដោយ​ព្រោះ​ក្រពះ​អ្នក និង​រោគ​ដែល​អ្នក​មាន​ជា​ញយៗ ២៤ អំពើ​បាប​របស់​មនុស្ស​ខ្លះ​បាន​ឃើញ​ច្បាស់ ក៏​នាំ​មុខ​គេ​ទៅ ឲ្យ​ត្រូវ​ជំនុំ​ជំរះ ឯ​បាប​របស់​អ្នក​ខ្លះ​ទៀត បាន​មក​តាម​ក្រោយ ២៥ ឯ​ការ​ល្អ​វិញ ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ បើ​មាន​ការ​ល្អ​ណា​ដែល​មិន​ច្បាស់ នោះ​នៅ​តែ​លាក់​មិន​កំបាំង​ដែរ។

១ ធីម៉ូថេ​ទី​ ៦

១ រីឯ​អស់​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​នឹម​ជា​បាវ​បំរើ​គេ នោះ​ត្រូវ​រាប់​ចៅហ្វាយ​ខ្លួន ទុក​ជា​គួរ​នឹង​គោរព​ប្រតិបត្តិ​គ្រប់​យ៉ាង​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ដល់​ព្រះនាម​ព្រះ និង​សេចក្តី​បង្រៀន​នេះ​ឡើយ ២ ហើយ​អ្នក​ណា​ដែល​មាន​ចៅហ្វាយ​ជា​អ្នក​ជឿ នោះ​មិន​ត្រូវ​មាន​ចិត្ត​មើលងាយ​ដល់​ចៅហ្វាយ​នោះ ដោយ​ព្រោះ​ជា​បង​ប្អូន​គ្នា​ទេ តែ​ស៊ូ​បំរើ​វិញ ដោយ​ព្រោះ​ចៅហ្វាយ​នោះ​ជា​អ្នក​ជឿ ហើយ​ជា​ស្ងួនភ្ងា​ដែរ ជា​អ្នក​ដែល​ចំរើន​ឡើង ដោយ​ការ​បំរើ​យ៉ាង​ល្អ​នោះ​ឯង ចូរ​ឲ្យ​អ្នក​បង្រៀន​សេចក្តី​ទាំង​នេះ ហើយ​ទូន្មាន​គេ​ចុះ។

អំពី​សេចក្តី​បង្រៀន​ក្លែងក្លាយ និង​ការ​ស្រឡាញ់​សម្បត្តិ​លោកីយ៍

៣ បើ​អ្នក​ណា​បង្រៀន​ពី​សេចក្តី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សំដី​ដែល​ត្រឹម​ត្រូវ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង និង​ជា​សេចក្តី​បង្រៀន​ដែល​ត្រឹម​ត្រូវ តាម​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ទេ ៤ អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​សេចក្តី​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ និង​សេចក្តី​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ ៥ ជា​សេចក្តី​ជំលោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត ហើយ​ឥត​ស្គាល់​សេចក្តី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កំរៃ ៦ តែ​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន ៧ ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ ៨ តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀកបំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ ៩ ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្តី​ហិនវិនាស និង​សេចក្តី​អន្តរធាន​វិញ ១០ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន។

ពាក្យ​ដាស់តឿន​ចុង​បញ្ចប់

១១ តែ ឱ​អ្នក​សំណប់​នៃ​ព្រះ​អើយ ចូរ​ឲ្យ​អ្នក​រត់​ចៀស​ចេញ​ពី​សេចក្តី​ទាំង​នោះ ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់ខ្ជួន និង​សេចក្តី​សំឡូត​វិញ ១២ ចូរ​ខំ​ប្រឹង​តស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្តី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​កល្ប​ជានិច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​នៅ​មុខ​សាក្សី​ជា​ច្រើន​ដែរ ១៣ ខ្ញុំ​ផ្តាំ​មក​អ្នក​នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​គ្រប់​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះគ្រីស្ទយេស៊ូវ ដែល​ទ្រង់​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា ១៤ ឲ្យ​អ្នក​កាន់​តាម​បញ្ញត្ត​បែប​ដែល​ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ទ្រង់​លេច​មក ១៥ ដែល​ព្រះ​នឹង​សំដែង​ឲ្យ​ឃើញ​ទ្រង់ ក្នុង​វេលា​កំណត់ គឺ​ជា​ស្តេច​ចក្រ​តែ​១​ព្រះអង្គ​ដ៏​មាន​ពរ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ ១៦ ក៏​មាន​ទ្រង់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​សុគត ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែល​រក​ចូល​ទៅ​ជិត​មិន​បាន គ្មាន​មនុស្ស​ណា​ដែល​ឃើញ​ទ្រង់​ឡើយ ក៏​មើល​ទ្រង់​មិន​ឃើញ​ផង សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះនាម និង​ព្រះចេស្តា នៅ​អស់​កល្ប​ជានិច្ច អាម៉ែន។ ១៧ ចូរ​ហាមប្រាម ដល់​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យសម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ ១៨ ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង ១៩ យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​កល្ប​ជានិច្ច។ ២០ ឱ​ធីម៉ូថេ​អើយ ចូរ​រក្សា​សេចក្តី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ហើយ​ចៀស​ចេញ​ពី​សំដី​ឡេះឡោះ​ឥត​ប្រយោជន៍ និង​ពាក្យ​ទទឹងទទែង​នៃ​សេចក្តី ដែល​ក្លែង​ហៅ​ថា ចំណេះ​វិជ្ជា​ផង ២១ ដែល​មាន​មនុស្ស​ខ្លះ​ប្រកាន់ ក៏​បាន​ជ្រួស​ពី​សេចក្តី​ជំនឿ​ចេញ​ហើយ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះគុណ។ អាម៉ែន។:៚

២ ធីម៉ូថេ​ទី​ ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវ័ក​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ព្រះហឫទ័យ​នៃ​ព្រះ តាម​សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ២ ខ្ញុំ​ផ្ញើ​មក​ធីម៉ូថេ ជា​កូន​ស្ងួនភ្ងា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះគុណ សេចក្តី​មេត្តាករុណា និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា ហើយ​អំពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។

លោក​ប៉ុល​អរ​ព្រះគុណ​ព្រះជាម្ចាស់ និង​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ

៣ ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ ដែល​ខ្ញុំ​បំរើ​ដោយ​បញ្ញា​ចិត្ត​ដ៏​បរិសុទ្ធ ដូច​ជា​ពួក​ឰយុកោ​ខ្ញុំ​ដែរ ដោយ​ព្រោះ​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​ទូល​អង្វរ ទាំង​យប់​ទាំង​ថ្ងៃ ៤ គឺ​នឹង​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក បាន​ជា​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពេញ​ជា​សេចក្តី​អំណរ​ឡើង ៥ ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា ក៏​នៅ​ក្នុង​អ្នក​ផង ៦ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​រំឭក​ដល់​អ្នក ឲ្យ​ដាស់តឿន​អំណោយ​ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ ៧ ដ្បិត​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ ៨ ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្តី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះអម្ចាស់​នៃ​យើង ឬ​ដោយ​ព្រោះ​ខ្ញុំ ជា​សិស្ស​របស់​ទ្រង់​ដែល​ជាប់​គុក​នោះ​ឡើយ ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ តាម​ព្រះចេស្តា​នៃ​ព្រះ​ចុះ ៩ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ និង​ព្រះគុណ​នៃ​ទ្រង់​វិញ ដែល​បាន​ផ្តល់​មក​យើង​ក្នុង​ព្រះគ្រីស្ទយេស៊ូវ មុន​អស់​ទាំង​កល្ប ១០ តែ​ឥឡូវ​នេះ ទើប​នឹង​សំដែង​មក ដោយ​ដំណើរ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ទ្រង់​លេច​មក ដែល​ទ្រង់​បាន​បំផ្លាញ​សេចក្តី​ស្លាប់ ហើយ​បាន​យក​ជីវិត និង​សេចក្តី​មិន​ចេះ​ស្លាប់ មក​ដាក់​នៅ​ពន្លឺ ដោយសារ​ដំណឹង​ល្អ​វិញ ១១ ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នោះ និង​ជា​សាវ័ក ហើយ​ជា​គ្រូ​បង្រៀន​ដល់​សាសន៍​ដទៃ ១២ គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើ ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ ដរាប​ដល់​ថ្ងៃ​នោះ​ឯង ១៣ ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ទុក​ជា​គំរូ​ពី​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ១៤ ចូរ​រក្សា​បញ្ញើ​ល្អ​ដែល​ផ្ញើ​ទុក​នឹង​អ្នក ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​សណ្ឋិត​នៅ​ក្នុង​យើង។ ១៥ អ្នក​ដឹង​ដំណឹង​ថា ពួក​អ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​ប៉ុន្មាន បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ ក្នុង​ពួក​គេ មាន​ឈ្មោះ​ភីកេល៉ុស និង​ហ៊ើម៉ូគេន ១៦ សូម​ឲ្យ​ព្រះអម្ចាស់​ផ្តល់​សេចក្តី​មេត្តាករុណា ដល់​ពួក​ផ្ទះ​អូនេសិភ័រ ដ្បិត​គាត់​បាន​លំហើយ​ចិត្ត​ខ្ញុំ​ជា​ញឹកញយ ក៏​មិន​បាន​ខ្មាស​គេ​ដោយ​ព្រោះ​ចំណង​របស់​ខ្ញុំ​ដែរ ១៧ កាល​គាត់​នៅ​ក្រុង​រ៉ូម នោះ​គាត់​ខ្នះខ្នែង​រក​ខ្ញុំ ទាល់​តែ​ឃើញ​ផង ១៨ សូម​ឲ្យ​ព្រះអម្ចាស់​ផ្តល់ ឲ្យ​គាត់​បាន​សេចក្តី​មេត្តាករុណា ពី​ព្រះអម្ចាស់ នៅ​ថ្ងៃ​នោះ ហើយ​ដែល​គាត់​បាន​ជួយ​ខ្ញុំ នៅ​ក្រុង​អេភេសូរ​យ៉ាង​ណា នោះ​អ្នក​ក៏​ដឹង​លើស​ជាង​គេ​ហើយ។

២ ធីម៉ូថេ​ទី​ ២

ទាហាន​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ

១ ដូច្នេះ កូន​អើយ ចូរ​មាន​កំឡាំង​ឡើង​ដោយសារ​ព្រះគុណ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ២ ឯ​អស់​ទាំង​សេចក្តី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ ៣ ដូច្នេះ ចូរ​ឲ្យ​អ្នក​ទ្រាំ​ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចុះ ៤ ធម្មតា​ដែល​ធ្វើ​ទាហាន នោះ​មិន​ដែល​ជាប់​ទាក់ទិន​នឹង​ការ​ក្នុង​ជីវិត​នេះ​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​បាន​គាប់​ចិត្ត​ដល់​អ្នក ដែល​កេណ្ឌ​ខ្លួន​ទៅ​នោះ​វិញ ៥ ហើយ​បើ​អ្នក​ណា​ប្រយុទ្ធ​គ្នា​ក្នុង​ព្រ័ត្រ នោះ​មិន​បាន​ពាក់​ភួង​ជ័យ​ទេ លើក​តែ​ប្រយុទ្ធ​តាម​ច្បាប់​វិញ ៦ ឯ​អ្នក​ធ្វើ​ស្រែ ក៏​ត្រូវ​នឿយ​ហត់​ជា​មុន​ដែរ ទើប​នឹង​ទទួល​ផល​បាន ៧ ចូរ​ពិចារណា​សេចក្តី​ដែល​ខ្ញុំ​ប្រាប់​ទាំង​នេះ​ចុះ ដ្បិត​ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់ ក្នុង​គ្រប់​ការ​ទាំង​អស់។ ៨ ចូរ​នឹក​ចាំ​ថា ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សាយ​បា្រប់ ៩ ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូច​ជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ប៉ុន្តែ ព្រះបន្ទូល​មិន​បាន​ជាប់​ចំណង​ទេ ១០ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទ្រាំ​ទ្រ​នឹង​គ្រប់​ការ​ទាំង​អស់ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​រើស​តាំង ឲ្យ​គេ​បាន​សេចក្តី​សង្គ្រោះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ព្រម​ទាំង​មាន​សិរីល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ផង ១១ ពាក្យ​នេះ​គួរ​ជឿ​ពិត ដ្បិត​បើ​យើង​បាន​ស្លាប់​ជា​មួយ​នឹង​ទ្រង់ នោះ​យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ១២ បើ​យើង​ទ្រាំ​ទ្រ នោះ​យើង​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់ តែ​បើ​យើង​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ទេ នោះ​ទ្រង់​ក៏​មិន​ព្រម​ទទួល​ស្គាល់​យើង​ដែរ ១៣ បើ​ទុក​ជា​យើង​មិន​ស្មោះត្រង់​ក៏​ដោយ គង់​តែ​ទ្រង់​នៅ​ស្មោះត្រង់​ដដែល ទ្រង់​ធ្វើ​ជា​មិន​ស្គាល់​ព្រះអង្គ​ទ្រង់​មិន​បាន​ទេ។

អ្នក​បំរើ​ដែល​មាន​ចិត្ត​ស្មោះត្រង់

១៤ ចូរ​រំឭក​គេ​ពី​សេចក្តី​ទាំង​នេះ ហើយ​ហាមប្រាម​គេ​ដោយ​ដាច់​ខាត នៅ​ចំពោះ​ព្រះអម្ចាស់​ថា កុំ​ឲ្យ​ជជែក​គ្នា​ពី​ន័យ​ពាក្យ ដែល​ជា​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​នាំ​ពួក​អ្នក​ដែល​ស្តាប់ ឲ្យ​វង្វេង​ផង​នោះ​ឡើយ ១៥ ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះបន្ទូល​នៃ​សេចក្តី​ពិត​យ៉ាង​ត្រឹម​ត្រូវ ១៦ តែ​ត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ឡេះឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នឹង​នាំ​ឲ្យ​ចំរើន​សេចក្តី​ទមិល​ល្មើស កាន់​តែ​ច្រើន​ឡើង​ទេ ១៧ ហើយ​សំដី​គេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​ក្លាយ ក្នុង​ពួក​នេះ​មាន​ឈ្មោះ​ហ៊ីមេនាស និង​ភីលេត ១៨ ដែល​បាន​ជ្រួស​ហួស​ចេញ​ពី​សេចក្តី​ពិត ទាំង​និយាយ​ថា សេចក្តី​រស់​ឡើង​វិញ​បាន​កន្លង​ទៅ​ហើយ គេ​ក៏​បង្ខូច​សេចក្តី​ជំនឿ​របស់​អ្នក​ខ្លះ​ដែរ ១៩ ប៉ុន្តែ ឯ​ឫស​មាំមួន​របស់​ព្រះ នោះ​ធន់​នៅ​វិញ ដោយ​បាន​បោះ​ត្រា​ថា ព្រះអម្ចាស់​ទ្រង់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ផង​ទ្រង់ ហើយ​ថា ចូរ​ឲ្យ​អស់​អ្នក ដែល​ចេញ​ព្រះនាម​ព្រះអម្ចាស់ ថយ​ចេញ​ពី​សេចក្តី​ទុច្ចរិត​ទៅ ២០ នៅ​ក្នុង​ផ្ទះ​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​មាស​ប្រាក់​ម្យ៉ាង​ទេ គឺ​មាន​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សំរាប់​ការ​ប្រសើរ ខ្លះ​សំរាប់​ការ​អាប់ឱន​វិញ ២១ ដូច្នេះ បើ​អ្នក​ណា​បាន​សំអាត​ខ្លួន ពី​សេចក្តី​ទាំង​នោះ អ្នក​នោះ​នឹង​បាន​ជា​ប្រដាប់​សំរាប់​ការ​ប្រសើរ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ហើយ ក៏​មាន​ប្រយោជន៍​ដល់​ម្ចាស់​ផង ទុក​ជា​ប្រដាប់​ដែល​បាន​រៀបចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក។ ២២ ចូរ​ឲ្យ​រត់​ពី​សេចក្តី​ស្រើបស្រាល​របស់​ក្មេងៗ​ចេញ ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្រី ជា​មួយ​នឹង​អ្នក​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ព្រះអម្ចាស់ អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ ២៣ កុំ​ឲ្យ​ព្រម​ស្តាប់​សេចក្តី​ដេញ​ដោល​ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្តី​ទាំង​នោះ​នាំ​ឲ្យ​មាន​សេចក្តី​ឈ្លោះ​ប្រកែក​គ្នា​ទេ ២៤ ក៏​មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះអម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់ធ្មត់​ផង ២៥ ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹងទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្តាប់​សេចក្តី​ពិត​វិញ ២៦ ហើយ​គេ​នឹង​ភ្ញាក់​ដឹង​ខ្លួន​ឡើង ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស ដែល​វា​បាន​ចាប់​គេ​ប្រើ​តាម​ចិត្ត​នោះ។

២ ធីម៉ូថេ​ទី​ ៣

ព្រឹត្តិការណ៍​នៅ​គ្រា​ចុង​ក្រោយ

១ ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ ២ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួត​អាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើលងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមឹលគុណ មាន​ចិត្ត​មិន​បរិសុទ្ធ ៣ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្តី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ៤ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ ៥ គេ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះចេស្តា ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្តិ​នោះ​ទេ ចូរ​បែរ​ពី​ពួក​មនុស្ស​យ៉ាង​នោះ​ចេញ ៦ ដ្បិត​មនុស្ស​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​គេ ទាំង​ល្បួង​នាំ​ពួក​ស្រីៗ ដែល​ល្ងង់​ឲ្យ​ឈ្លក់​ចិត្ត ដែល​ស្ត្រី​ទាំង​នោះ​ផ្ទុក​ធ្ងន់ ដោយ​អំពើ​បាប​ហើយ ក៏​បណ្តោយ​តាម​សេចក្តី​ប៉ងប្រាថ្នា​ផ្សេងៗ ៧ គេ​រៀន​ជានិច្ច ប៉ុន្តែ ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេចក្តី​ពិត​ឡើយ ៨ គេ​ជា​អ្នក​ទាស់​ទទឹង​នឹង​សេចក្តី​ពិត បែប​ដូច​ជា​យ៉ានេស និង​យ៉ាមប្រេសបាន​ទាស់​ទទឹង​នឹង​លោក​ម៉ូសេ​ដែរ គឺ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ឯ​សេចក្តី​ជំនឿ ៩ ប៉ុន្តែ គេ​មិន​មាន​សេចក្តី​ចំរើន​ជឿន​ឡើង​ទៅ​មុខ​ទៀត​ទេ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្តី​ខ្លៅល្ងង់​របស់​គេ​ជា​យ៉ាង​ច្បាស់ ដូច​ជា​បាន​ឃើញ​សេចក្តី​ខ្លៅ​ល្ងង់​របស់​អ្នក​ទាំង​២​នោះ​ដែរ។

ពាក្យ​រំលឹក​ដាស់តឿន​ផ្សេងៗ

១០ តែ​ចំណែក​អ្នក អ្នក​បាន​ស្គាល់​គ្រប់​សេចក្តី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត និង​បំណង​ចិត្ត សេចក្តី​ជំនឿ សេចក្តី​អត់ធ្មត់ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់ខ្ជួន​របស់​ខ្ញុំ​ហើយ ១១ ព្រម​ទាំង​ការ​ដែល​គេ​បៀត​បៀន​ដល់​ខ្ញុំ និង​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់ទីយ៉ូក ក្រុង​អ៊ីកូនាម និង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្តី​បៀត​បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ​ទ្រ​នោះ​ដែរ តែ​ក្នុង​ការ​ទាំង​នោះ ព្រះអម្ចាស់​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​វិញ ១២ ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទយេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ ១៣ ហើយ​ពួក​អាក្រក់ និង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្តី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង ១៤ តែ​ឯ​អ្នក ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្តី​នោះ​ពី​អ្នក​ណា ១៥ ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ​ផង ១៦ គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត ១៧ ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ។

២ ធីម៉ូថេ​ទី​ ៤

១ ដូច្នេះ ខ្ញុំ​ផ្តាំ​មក​អ្នក​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ និង​ព្រះគ្រីស្ទយេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជំរះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង គឺ​ផ្តាំ​ដោយ​អាង​ដំណើរ​ទ្រង់​យាង​មក និង​នគរ​ទ្រង់ថា ២ ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះបន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្តី ចូរ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយ​ចិត្ត​អត់ធ្មត់ និង​សេចក្តី​ប្រៀន​ប្រដៅ​គ្រប់​យ៉ាង ៣ ដ្បិត​នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំ​ទ្រ​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​និង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត ៤ គេ​នឹង​ងាក​ត្រចៀក​ចេញ​ពី​សេចក្តី​ពិត បែរ​ទៅ​តាម​រឿង​ព្រេង​វិញ ៥ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ​ទ្រ​នឹង​សេចក្តី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង ៦ ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ ៧ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ៨ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ។

ពាក្យ​ដាស់តឿន​ផ្សេងៗ

៩ ចូរ​ឲ្យ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​ជា​ប្រញាប់ ១០ ដ្បិត​អ្នក​ដេម៉ាស​បាន​លះ​ចោល​ខ្ញុំ​ហើយ ដោយ​គាត់​ស្រឡាញ់​លោកីយ៍​នេះ គាត់​បាន​ទៅ​ឯ​ក្រុង​ថែស្សាឡូនីច​ហើយ អ្នក​ក្រេសេន​បាន​ទៅ​ឯ​ស្រុក​កាឡាទី ហើយ​អ្នក​ទីតុស​ក៏​បាន​ទៅ​ឯ​ស្រុក​ដាល់ម៉ាទា ១១ មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ទេ ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ ចូរ​ឲ្យ​អ្នក​នាំ​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការងារ​ខ្ញុំ ១២ ខ្ញុំ​បាន​ចាត់​អ្នក​ទីឃីកុស ឲ្យ​ទៅ​ឯ​ក្រុង​អេភេសូរ ១៣ ដល់​កាល​ណា​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង និង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម ១៤ ឯ​អ័លេក្សានត្រុស ជា​ជាង​ស្មិត គាត់​បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះអម្ចាស់​ទ្រង់​នឹង​សង​គាត់​វិញ តាម​ការ​ដែល​គាត់​ធ្វើ ១៥ ចូរ​ឲ្យ​អ្នក​ប្រុង​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​បាន​ទាស់​ទទឹង​នឹង​ពាក្យ​សំដី​យើង​ជា​ខ្លាំង​ណាស់។ ១៦ កាល​ខ្ញុំ​បាន​ដោះ​សារ​ជា​មុន​ដំបូង នោះ​គ្មាន​អ្នក​ណា​ឈរ​ជា​មួយ​នឹង​ខ្ញុំ​សោះ គេ​លះ​ចោល​ខ្ញុំ​ទាំង​អស់​គ្នា តែ​សូម​កុំ​ឲ្យ​ព្រះ​រាប់​សេចក្តី​នោះ ជា​ទោស​ដល់​គេ​ឡើយ ១៧ ប៉ុន្តែ ព្រះអម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយសារ​ខ្ញុំ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ ១៨ ព្រះអម្ចាស់​ទ្រង់​នឹង​ប្រោស ឲ្យ​ខ្ញុំ​រួច​ពី​គ្រប់​ការ​អាក្រក់​ទៅ​ទៀត ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ទុក​សំរាប់​នគរ​ទ្រង់​នៅ​ស្ថានសួគ៌ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។ ១៩ សូម​ជំរាប​សួរ​ដល់​នាង​ព្រីស៊ីល និង​អ្នក​អ័គីឡា ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​អូនេសិភ័រ​ផង ២០ អ្នក​អេរ៉ាស្ទុស​បាន​នៅ​ក្រុង​កូរិនថូស ហើយ​ខ្ញុំ​បាន​ទុក​អ្នក​ទ្រភីម​ចោល ទាំង​ឈឺ​នៅ​ក្រុង​មីលេត ២១ ចូរ​ខំ​ប្រឹង​ទៅ​ឲ្យ​បាន​ដល់​មុន​រដូវ​រងា អ្នក​អ៊ើប៊ូល៉ុស អ្នក​ពូដេន អ្នក​លីណុស អ្នក​ក្លូឌាស ហើយ​ពួក​បង​ប្អូន​ទាំង​អស់​គ្នា សូម​ជំរាប​សួរ​ដល់​អ្នក។ ២២ សូម​ឲ្យ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ បាន​គង់​ជា​មួយ​នឹង​វិញ្ញាណ​អ្នក សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។ អាម៉ែន។:៚

ទីតុស ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​នៃ​ព្រះ ហើយ​ជា​សាវ័ក​របស់​ព្រះយេស៊ូវគ្រីស្ទ សំរាប់​ជា​សេចក្តី​ជំនឿ​ដល់​ពួក​រើស​តាំង​នៃ​ព្រះ និង​សេចក្តី​ចេះ​ដឹង​ខាង​ឯ​សេចក្តី​ពិត ដែល​ត្រូវ​នឹង​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ ២ ដោយ​សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះ​ដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​មុន​អស់​ទាំង​កល្ប ៣ តែ​នៅ​ពេល​កំណត់ នោះ​ទើប​បាន​សំដែង​ចេញ​ឲ្យ​ស្គាល់​ព្រះបន្ទូល​ទ្រង់ ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ តាម​បង្គាប់​របស់​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ៤ ខ្ញុំ​ផ្ញើ​មក​អ្នក​ទីតុស ជា​កូន​ពិត​តាម​សេចក្តី​ជំនឿ ដែល​យើង​កាន់​ជា​មួយ​គ្នា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត មក​អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា ហើយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។

កិច្ចការ​ដែល​ទីតុស​ត្រូវ​បំពេញ​នៅ​កោះ​ក្រេត

៥ ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​នឹង​រៀបចំ​ការ​ដែល​នៅ​ខ្វះ ឲ្យ​ស្រួលបួល​ឡើង ហើយ​និង​តាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង ៦ គឺ​បើ​មាន​អ្នក​ណា​ដែល​រក​ចាប់​ទោស​មិន​បាន ដែល​មាន​ប្រពន្ធ​តែ​១ ហើយ​មាន​កូន​ចៅ​ជឿ​ដែរ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ ថា​ជា​មនុស្ស​ខូច​អាក្រក់ ឬ​រឹងចចេស​អ្វី​ឡើយ នោះ​ត្រូវ​តាំង​គេ​ចុះ ដូច​ជា​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ ៧ ដ្បិត​គួរ​ឲ្យ​អ្នក​ដែល​ត្រួត​ត្រា​បាន​ឥត​សៅហ្មង ដូច​ជា​អ្នក​ជំនួយ​របស់​ព្រះ​ដែរ មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ ៨ ត្រូវ​មាន​ចិត្ត​ចៅរ៉ៅ ស្រឡាញ់​ការ​ល្អ មាន​ចិត្ត​ធ្ងន់ធ្ងរ ហើយ​សុចរិត បរិសុទ្ធ ដឹង​ខ្នាត​វិញ ៩ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល​ដ៏​ពិត ដូច​ជា​បាន​បង្រៀន​មក​យើង​ហើយ ដើម្បី​ឲ្យ​អាច​នឹង​កំសាន្ត​ចិត្ត​គេ ដោយ​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ហើយ​ឲ្យ​បាន​ផ្ចាញ់​ដល់​ពួក​អ្នក​ដែល​ស្រដី​ទទឹង ១០ ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ពួក​អ្នក​កាត់​ស្បែក​ជា​ដើម ដែល​រឹងរូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បង្ខូច​គំនិត​មនុស្ស ១១ ត្រូវ​តែ​បំបាត់​មាត់​គេ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្តី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កំរៃ​ដ៏​លាមក ១២ មាន​ពួក​គេ​ម្នាក់ គឺ​ជា​ហោរា​របស់​ផង​គេ​បាន​ថា ពួក​សាសន៍​ក្រេត​ចេះ​តែ​ភូតកុហក ជា​សត្វ​ព្រៃ​កំណាច ជា​ពួក​ល្មោភ​ហើយ​កំជិល ១៣ សេចក្តី​បន្ទាល់​នេះ​ត្រូវ​ណាស់ ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹងរ៉ឹង ដើម្បី​ឲ្យ​គេ​មាន​សេចក្តី​ជំនឿ​ត្រឹម​ត្រូវ​វិញ ១៤ ឥត​ស្តាប់​តាម​រឿង​ទំនៀម​នៃ​សាសន៍​យូដា ឬ​តាម​សេចក្តី​បញ្ញត្ត​របស់​មនុស្ស ដែល​បែរ​ចេញ​ពី​សេចក្តី​ពិត​នោះ​ឡើយ ១៥ គ្រប់​ទាំង​អស់​ជា​ស្អាត​ដល់​អ្នក​ណា​ដែល​ស្អាត តែ​គ្មាន​អ្វី​ស្អាត​សោះ ដល់​ពួក​អ្នក​ដែល​ស្មោកគ្រោក ហើយ​មិន​ជឿ​វិញ​នោះ​ឡើយ គេ​ស្មោកគ្រោក​ទាំង​គំនិត ទាំង​បញ្ញា​ចិត្ត​ដែរ ១៦ គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ខ្ពើម ហើយ​រឹងចចេស គឺ​ជា​មនុស្ស​ឥត​ប្រយោជន៍​អ្វី​ដល់​ការ​ល្អ​ទាំង​អស់។

ទីតុស ២

សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ

១ ចូរ​ឲ្យ​អ្នក​និយាយ​តែ​សេចក្តី​ណា ដែល​សំណំ​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ២ ត្រូវ​ទូន្មាន​ឲ្យ​ពួក​ចាស់ៗ ដឹង​ខ្នាត មាន​ចិត្ត​នឹងធឹង ហើយ​ធ្ងន់ធ្ងរ ឲ្យ​មាន​សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​ខ្ជាប់​ខ្ជួន​ដ៏​ត្រឹម​ត្រូវ​ផង ៣ ឲ្យ​ពួក​ស្ត្រី​ចាស់ៗ បាន​បែប​ដូច​គ្នា ទាំង​ប្រព្រឹត្ត​បែប​គួរ​នឹង​ពួក​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ជាប់​ស្រា​ទំពាំងបាយជូរ​ឡើយ ត្រូវ​ខំ​បង្រៀន​សេចក្តី​ត្រឹម​ត្រូវ​វិញ ៤ ដើម្បី​នឹង​បង្ហាត់​ដល់​ពួក​ស្ត្រី​ក្មេងៗ ឲ្យ​គេ​ស្រឡាញ់​ប្តី និង​កូន​ខ្លួន ៥ ឲ្យ​មាន​ចិត្ត​ធ្ងន់ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ និង​ចុះ​ចូល​ចំពោះ​ប្តី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះបន្ទូល​បាន​ឡើយ។ ៦ ចូរ​ទូន្មាន​ពួក​បុរស ដែល​ក្មេង​ជាង បែប​ដូច្នោះ​ដែរ ឲ្យ​គេ​មាន​ចិត្ត​ធ្ងន់ធ្ងរ ៧ ហើយ​ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹងធឹង​វិញ ៨ ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទឹងទទែង​បាន​អៀនខ្មាស ដោយ​គ្មាន​ហេតុ​នឹង​និយាយ​អាក្រក់​ពី​អ្នក​ឡើយ។ ៩ ចូរ​ឲ្យ​ពួក​បាវ​បំរើ​ចុះ​ចូល​នឹង​ចៅហ្វាយ​ខ្លួន ទាំង​ផ្គាប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់ ឥត​ប្រកែក ១០ ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះត្រង់​ល្អ​គ្រប់​ជំពូក ដើម្បី​ឲ្យ​បាន​តាក់តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។ ១១ ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ ១២ ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នា ឲ្យ​លះ​ចោល​សេចក្តី​ទមិល​ល្មើស និង​សេចក្តី​ប៉ងប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្តី​ធ្ងន់ធ្ងរ សេចក្តី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ ១៣ ទាំង​រង់ចាំ​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរីល្អ​របស់​ព្រះ​ដ៏​ជា​ធំ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ១៤ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​ទទឹង​ច្បាប់ ហើយ​និង​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ ១៥ ចូរ​ប្រាប់​សេចក្តី​ទាំង​នេះ ទាំង​ទូន្មាន ហើយ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ដោយ​គ្រប់​ទាំង​អំណាច កុំ​ឲ្យ​អ្នក​ណា​មើលងាយ​អ្នក​ឡើយ។

ទីតុស ៣

របៀប​រស់​នៅ​របស់​គ្រីស្ទបរិស័ទ

១ ចូរ​រំឭក​គេ ឲ្យ​ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​និង​ពួក​មាន​អំណាច​ទាំង​អស់ ព្រម​ទាំង​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ ២ មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូតបូត ទាំង​សំដែង​សេចក្តី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង ៣ ដ្បិត​ពី​ដើម យើង​រាល់​គ្នា​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹងចចេស ហើយ​វង្វេង​ដែរ ទាំង​បំរើ​សេចក្តី​ប៉ងប្រាថ្នា និង​សេចក្តី​សំរើប​ផ្សេងៗ ទាំង​រស់​នៅ​ដោយ​សេចក្តី​គំរក់ និង​សេចក្តី​ឈ្នានីស យើង​ក៏​គួរ​ខ្ពើម ហើយ​បាន​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ៤ តែ​កាល​សេចក្តី​សប្បុរស របស់​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង និង​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ ៥ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​វិញ ដោយសារ​ការ​សំអាត​នៃ​សេចក្តី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ៦ ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ៧ ដើម្បី​កាល​ណា​យើង​បាន​រាប់​ជា​សុចរិត ដោយសារ​ព្រះគុណ​ទ្រង់ នោះ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក តាម​សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ៨ ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្តី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស ៩ ប៉ុន្តែ ចូរ​ចៀស​វាង​ពី​សេចក្តី​ដេញ​ដោល​យ៉ាង​ល្ងីល្ងើ និង​ពី​រឿង​ពង្សាវតារ ហើយ​ពី​សេចក្តី​ឈ្លោះ​ប្រកែក និង​សេចក្តី​ជជែក​ពី​ក្រឹត្យវិន័យ​ចេញ​ទៅ ដ្បិត​សេចក្តី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់ ១០ ឯ​មនុស្ស​ណា​ដែល​បង្កើត​បក្សពួក នោះ​ត្រូវ​កាត់​គេ​ចោល​ចេញ ក្នុង​ពេល​ក្រោយ​ដែល​ទូន្មាន​ប្រដៅ​គេ​ម្តង​ពីរ​ហើយ ១១ ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ធ្វើ​បាប​ព្រម​ទាំង​កាត់​ទោស​ខ្លួន​គេ​ផង។ ១២ កាល​ណា​ខ្ញុំ​ចាត់​អ្នក​អើតេម៉ាស ឬ​អ្នក​ទី​ឃីកុស​មក​ឯ​អ្នក នោះ​ត្រូវ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូប៉ូល​ផង ដ្បិត​ខ្ញុំ​បាន​សំរេច​នឹង​នៅ​ទី​នោះ ក្នុង​រដូវ​រងា​នេះ ១៣ ចូរ​ខំ​ជួយ​ដំណើរ​ឲ្យ​លោក​សេន៉ាស ជា​ស្មា​ក្តី និង​អ្នក​អ័ប៉ុឡូស ឲ្យ​បាន​ទៅ​ខាង​មុខ ដើម្បី​មិន​ឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ ១៤ ហើយ​ត្រូវ​ឲ្យ​ពួក​យើង​ហាត់​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត សំរាប់​បំពេញ​កិច្ច​ដែល​ខ្វះ​ខាត ដើម្បី​កុំ​ឲ្យ​គេ​នៅ​តែ​ឥត​ផល​ប្រយោជន៍​នោះ​ឡើយ។ ១៥ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក សូម​ឲ្យ​អ្នក​ជំរាប​សួរ ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​យើង​ខ្ញុំ ក្នុង​សេចក្តី​ជំនឿ​ផង សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។ អាម៉ែន។:៚

ភីលេម៉ូន ១

សេចក្តី​ផ្តើម

១ សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះគ្រីស្ទយេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ និង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួនភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ២ ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួនភ្ងា និង​អ្នក​អើឃីព ជា​គូកន​តយុទ្ធ​ជា​មួយ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​អ្នក​ដែរ ៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

សេចក្តី​ស្រឡាញ់ និង​ជំនឿ​របស់​ភីលេម៉ូន

៤ ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ទាំង​ដំណាល​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​អធិស្ឋាន​ផង ៥ ដោយ​បាន​ឮ​និយាយ​ពី​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ជំនឿ ដែល​អ្នក​មាន​ដល់​ព្រះអម្ចាស់យេស៊ូវ ហើយ​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ៦ ខ្ញុំ​សូម​ឲ្យ​សេចក្តី​ប្រកប​សេចក្តី​ជំនឿ​របស់​អ្នក បាន​កើត​ការ​ឡើង ឲ្យ​បាន​យល់​ព្រម​តាម​គ្រប់​ទាំង​ការ​ល្អ ដែល​នៅ​ក្នុង​ខ្លួន​យើង សំរាប់​ព្រះគ្រីស្ទយេស៊ូវ ៧ ដ្បិត ឱ​ប្អូន​អើយ យើង​ខ្ញុំ​មាន​សេចក្តី​អំណរ និង​សេចក្តី​ក្សាន្ត​ចិត្ត​ជា​ខ្លាំង​ដែរ ដោយសារ​សេចក្តី​ស្រឡាញ់​របស់​អ្នក ពី​ព្រោះ​ចិត្ត​នៃ​ពួក​បរិសុទ្ធ បាន​ស្បើយ​ល្ហែ ដោយសារ​អ្នក។

ប៉ុល​អង្វរ​លោក​ភីលេម៉ូន

៨ ដូច្នេះ ទោះ​បើ​ខ្ញុំ​មាន​អំណាច​ជា​ច្រើន ក្នុង​ព្រះគ្រីស្ទ និង​អាច​បង្គាប់​ឲ្យ​អ្នក​ធ្វើ​ការ​ដែល​គួរ​គប្បី​នេះ​ក៏​ដោយ ៩ គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះយេស៊ូវគ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្តី​ស្រឡាញ់​វិញ ១០ ខ្ញុំ​អង្វរ​អ្នក​ជំនួស​កូន​ខ្ញុំ គឺ​ឈ្មោះ​អូនេស៊ីម​នេះ ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង ១១ ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក​នឹង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ ១២ សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ ១៣ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់ ដើម្បី​ឲ្យ​គាត់​បំរើ​ខ្ញុំ​ជំនួស​អ្នក ដែល​ខ្ញុំ​នៅ​ជាប់​ចំណង ដោយ​ព្រោះ​ដំណឹង​ល្អ ១៤ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ទេ លើក​តែ​អ្នក​យល់​ព្រម​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​គុណ​ទាំង​បង្ខំ​ឡើយ គឺ​ចង់​ឲ្យ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ ១៥ ដ្បិត​ប្រហែល​ជា​ដោយ​ហេតុ​នោះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​ទៅ​ជា​យូរ​បន្តិច ដើម្បី​ឲ្យ​អ្នក​បាន​គាត់​វិញ ឲ្យ​នៅ​ជាប់​ជា​ដរាប​ទៅ ១៦ តែ​មិន​មែន​ដូច​ជា​បាវ​បំរើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួនភ្ងា​វិញ គឺ​ដល់​ខ្ញុំ​ជា​ដើម ហើយ​ដល់​អ្នក តើ​លើស​ជាង​យ៉ាង​ណា​ទៅ ទាំង​ខាង​សាច់​ឈាម និង​ក្នុង​ព្រះអម្ចាស់​ផង ១៧ ដូច្នេះ បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូកន នោះ​ចូរ​ទទួល​គាត់​ទុក​ដូច​ជា​ខ្លួន​ខ្ញុំ​ចុះ ១៨ បើ​គាត់​បាន​ធ្វើ​អ្វី​ខុសឆ្គង​នឹង​អ្នក ឬ​ជំពាក់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ ១៩ ប៉ុល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ដែល​អ្នក​ជំពាក់​ខ្ញុំ ទាំង​ខ្លួន​អ្នក​ផង នោះ​មិន​ថា​ទេ ២០ អើ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​អំពី​អ្នក​ក្នុង​ព្រះអម្ចាស់ សូម​លំហែ​ចិត្ត​ខ្ញុំ​ក្នុង​ព្រះគ្រីស្ទ​ផង។ ២១ ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្តី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត។

ពាក្យ​សួរ​សុខ​ទុក្ខ

២២ សូម​រៀប​កន្លែង​ឲ្យ​ខ្ញុំ​បាន​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ព្រះ​ទ្រង់​នឹង​ប្រគល់​ខ្ញុំ​មក​ឯ​អ្នក​វិញ ដោយ​អ្នក​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង។ ២៣ អ្នក​អេប៉ាប្រាស ជា​អ្នក​ជាប់​គុក​ជា​១​នឹង​ខ្ញុំ ដោយ​ព្រោះ​ព្រះគ្រីស្ទយេស៊ូវ គាត់​ជំរាប​សួរ​មក​អ្នក​ដែរ ២៤ ព្រម​ទាំង​អ្នក​ម៉ាកុស អ្នក​អើរីស្តាក អ្នក​ដេម៉ាស និង​អ្នក​លូកា ជា​គូកន​ធ្វើ​ការ​ជា​១​នឹង​ខ្ញុំ គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​ផង។ ២៥ សូម​ឲ្យ​វិញ្ញាណ​អ្នក បាន​ប្រកប​ដោយ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង អាម៉ែន។:៚

ហេព្រើរ ១

សេចក្តី​ផ្តើម

១ ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប ២ នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​យើង​រាល់​គ្នា ដោយសារ​ព្រះរាជ​បុត្រា​វិញ ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ៍ ដោយសារ​ព្រះរាជបុត្រា​នោះ​ដែរ ៣ គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះចេស្តា​នៃ​ទ្រង់ ហើយ​ក្រោយ​ដែល​បាន​សំអាត​អំពើ​បាប របស់​យើង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ឫទ្ធានុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់ ៤ ហើយ​ដែល​ទ្រង់​បាន​ទទួល​នាម​១ទុក​ជា​មរដក ជា​នាម​ដែល​ប្រសើរ​ជាង​នាម​របស់​ពួក​ទេវតា​ប៉ុណ្ណា នោះ​ទ្រង់​ក៏​បាន​ត្រឡប់​ជា​វិសេស​ជាង​ពួក​ទេវតា​ប៉ុណ្ណោះ​ដែរ។

ព្រះយេស៊ូវគ្រីស្ទ​មាន​ឋានៈ​ធំ​ជាង​ពួក​ទេវតា

៥ ដ្បិត​តើ​ព្រះ​ដែល​មាន​ព្រះបន្ទូល​នឹង​ទេវតា​ណា​មួយ​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ឬ​ថា «អញ​នឹង​បាន​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​របស់​អញ» ដូច្នេះ​ឬ​ទេ ៦ ហើយ​ម្តង​ទៀត កាល​ទ្រង់​ឲ្យ​ព្រះរាជបុត្រា​មក​ក្នុង​លោកីយ៍ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា «ចូរ​ឲ្យ​អស់​ទាំង​ទេវតា​នៃ​ព្រះ​ថ្វាយ​បង្គំ​ចុះ» ៧ ខាង​ឯ​ពួក​ទេវតា នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា «ទ្រង់​យក​ពួក​ទេវតា​របស់​ទ្រង់ ធ្វើ​ជា​វិញ្ញាណ ហើយ​ពួក​អ្នក​បំរើ​ទ្រង់​ធ្វើ​ជា​អណ្តាត​ភ្លើង» ៨ តែ​ខាង​ឯ​ព្រះរាជបុត្រា​វិញ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា «ឱ​ព្រះ​អើយ បល្ល័ង្ក​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត ៩ ទ្រង់​បាន​ស្រឡាញ់​សេចក្តី​សុចរិត ហើយ​ស្អប់​ការ​ទទឹង​ច្បាប់ ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់​បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ជា​ប្រេង​នៃ​សេចក្តី​ត្រេកអរ​សាទរ លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់» ១០ ហើយ​ថា «ឱ​ព្រះអម្ចាស់​អើយ កាល​ដើម​ដំបូង ទ្រង់​បាន​បង្ក​ឫស​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​ធ្វើ​ដែរ ១១ ឯ​របស់​ទាំង​នោះ​នឹង​សាបសូន្យ​ទៅ តែ​ទ្រង់​នឹង​គង់​នៅ​ជាប់​ដដែល របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សំលៀកបំពាក់ ១២ ទ្រង់​នឹង​ឆ្មូល​ទៅ​ដូច​ជា​អាវ ហើយ​របស់​ទាំង​នោះ​ក៏​នឹង​ប្រែ​ក្លាយ​ទៅ តែ​ទ្រង់​នៅ​តែ​ដដែល ព្រះជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ» ១៣ តើ​ទ្រង់​ដែល​មាន​ព្រះបន្ទូល​ទៅ​ទេវតា​ណា​មួយ​ថា «ចូរ​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំងសត្រូវ​ឯង ទុក​ជា​កំណល់​កល់​ជើង​ឯង»ដូច្នេះ​ឬ​ទេ ១៤ តើ​ពួក​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បំរើ ដែល​ទ្រង់​បាន​ចាត់​មក សំរាប់​ការងារ​ជួយ ដល់​ពួក​ដែល​ត្រូវ​ទទួល​សេចក្តី​សង្គ្រោះ​ជា​មរដក​ទេ​ឬ​អី។

ហេព្រើរ ២

ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស

១ ដោយ​ហេតុ​នោះ បាន​ជា​គួរ​ឲ្យ​យើង​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​លើស​ទៅ​ទៀត ចំពោះ​សេចក្តី​ដែល​យើង​រាល់​គ្នា​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពី​សេចក្តី​ទាំង​នោះ ២ ដ្បិត​បើ​សិន​ជា​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ពួក​ទេវតា​បាន​ពោល នោះ​បាន​ឃើញ​ថា​ពិត​មែន ហើយ​គ្រប់​ទាំង​អំពើ​រំលង និង​សេចក្តី​រឹងចចេស​ក៏​ត្រូវ​ទោស​ចំពោះ ៣ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន បើ​យើង​ធ្វេស​នឹង​សេចក្តី​សង្គ្រោះ​ដ៏​ធំ​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​ចាប់​ផ្តើម​ផ្សាយ​មក រួច​ពួក​អ្នក​ដែល​ឮ ក៏​បាន​បញ្ជាក់​មក​យើង​រាល់​គ្នា​ដែរ ៤ ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ជា​មួយ​ផង ដោយ​ទី​សំគាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះហឫទ័យ​ទ្រង់​ផង។ ៥ រីឯ​នៅ​ខាង​បរលោក ដែល​យើង​ខ្ញុំ​និយាយ​នេះ ទ្រង់​មិន​បាន​បញ្ចុះបញ្ចូល មក​ក្រោម​អំណាច​នៃ​ពួក​ទេវតា​ទេ ៦ តែ​មាន​មនុស្ស​ម្នាក់​បាន​ធ្វើ​បន្ទាល់ នៅ​កន្លែង​ណា​មួយ​ថា «តើ​មនុស្ស​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ឬ​កូន​មនុស្ស​បាន​ជា​ទ្រង់​ប្រោស​ដូច្នេះ ៧ ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរីល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ ទ្រង់​បាន​តាំង​ឡើង​ឲ្យ​ត្រួត​ត្រា​លើ​អស់​ទាំង​ការ​នៃ​ព្រះហស្ត​ទ្រង់ ៨ ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ហើយ​ដែល​ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នោះ​គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ តែ​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​ឃើញ​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ ៩ តែ​យើង​ឃើញ​ព្រះយេស៊ូវ​វិញ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​បន្តិច ទ្រង់​ពាក់​សិរីល្អ និង​ល្បី​ព្រះនាម ទុក​ជា​មកុដ ដោយ​ព្រោះ​ទ្រង់​បាន​រង​ទុក្ខ​សុគត ដើម្បី​នឹង​ភ្លក់​សេចក្តី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់ ដោយ​នូវ​ព្រះគុណ​នៃ​ព្រះ ១០ ដ្បិត​ឯ​ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សំរាប់​ទ្រង់ ហើយ​ដោយសារ​ទ្រង់​កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរីល្អ នោះ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្តី​សង្គ្រោះគេ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក ១១ ពី​ព្រោះ​ព្រះអង្គ ដែល​ញែក​ជា​បរិសុទ្ធ និង​ពួក​អ្នក​ដែល​ទ្រង់​ញែក​ជា​បរិសុទ្ធ នោះ​សុទ្ធ​តែ​កើត​មក​ពី​ព្រះ​តែ​១ បាន​ជា​ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ ១២ ទ្រង់​មាន​ព្រះបន្ទូល​ថា «ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះនាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ» ១៣ ហើយ​១​ទៀត​ថា «ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់» ហើយ​១​ទៀត​ថា «មើល ទូលបង្គំ​នេះ និង​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូលបង្គំ» ១៤ ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត ១៥ ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់​១​ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ ១៦ ដ្បិត​ច្បាស់​ជា​ទ្រង់​មិន​បាន​យក​ពួក​ទេវតា​ទេ គឺ​បាន​យក​ពូជ​លោក​អ័ប្រាហាំ​វិញ ១៧ ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះទ័យ​មេត្តាករុណា ហើយ​ក៏​ស្មោះត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជាជន​ទាំងឡាយ ១៨ ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្តី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក ដែល​ត្រូវ​សេចក្តី​ល្បួង​បាន​ដែរ។

ហេព្រើរ ៣

ព្រះយេស៊ូវ​មាន​ឋានៈ​ធំ​ជាង​លោក​ម៉ូសេ

១ ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការងារ​ស្ថានសួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះយេស៊ូវ ជា​សាវ័ក និង​ជា​សំដេច​សង្ឃ ដែល​យើង​ថា យើង​ជឿ​តាម​នោះ​ចុះ ២ គឺ​ដែល​ទ្រង់​ស្មោះត្រង់​ដល់​ព្រះ​ដែល​តាំង​ទ្រង់ ដូច​ជា​លោក​ម៉ូសេ​ក៏​ស្មោះត្រង់ ក្នុង​ដំណាក់​នៃ​ព្រះ​ទាំង​មូល​ដែរ ៣ ដ្បិត​ដែល​មនុស្ស​សង់​ផ្ទះ​តែង​មាន​កេរ្តិ៍​ឈ្មោះ លើស​ជាង​ផ្ទះ​នោះ​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​រាប់​ជា​គួរ​នឹង​សិរីល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ ៤ ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯ​អ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ នោះ​គឺ​ជា​ព្រះ​វិញ ៥ ហើយ​លោក​ម៉ូសេ​ក៏​ស្មោះត្រង់ នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់​ទាំង​មូល​មែន ទុក​ដូច​ជា​អ្នក​បំរើ សំរាប់​ជា​ទី​បន្ទាល់ ពី​ការ​ដែល​ត្រូវ​ថ្លែង​ប្រាប់​មក​តាម​ក្រោយ ៦ តែ​ព្រះគ្រីស្ទ ទ្រង់​ស្មោះត្រង់ ទុក​ដូច​ជា​ព្រះរាជបុត្រា ដែល​ត្រួត​លើ​ដំណាក់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​នេះ​ជា​ដំណាក់​នោះ បើ​យើង​កាន់​ចិត្ត​មោះមុត និង​សេចក្តី​អំនួត ចំពោះ​សេចក្តី​សង្ឃឹម​នេះ យ៉ាង​ខ្ជាប់ខ្ជួន​ដរាបដល់​ចុង​បំផុត​មែន។ ៧ ដូច្នេះ ចូរ​ប្រយ័ត្ន​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ ៨ ដូច​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​ព្រះបន្ទូល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ ៩ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹងរូស​ឡើយ ដូច​កាល​គ្រា​បះបោរ នៅ​ថ្ងៃ​ដែល​មាន​សេចក្តី​ល្បួង នៅ​ក្នុង​ទី​រហោស្ថាន ១០ ជា​កន្លែង​ដែល​ពួក​ឰយុកោ​ឯង​រាល់​គ្នា​បាន​ល្បង​អញ ទាំង​សាក​អញ​មើល ហើយ​ក៏​ឃើញ​ការ​អញ​ធ្វើ នៅ​រវាង​៤០​ឆ្នាំ​ផង​នោះ ១១ ដូច្នេះ អញ​ក៏​គ្នាន់ក្នាញ់​នឹង​មនុស្ស​ដំណ​នោះ ហើយ​និយាយ​ថា វា​រាល់​គ្នា​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប ហើយ​មិន​បាន​ស្គាល់​ផ្លូវ​របស់​អញ​សោះ ១២ បាន​ជា​អញ​ស្បថទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្តី​សំរាក​របស់​អញ​សោះ​ឡើយ» ១៣ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ»នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប ១៤ ដ្បិត​បើ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្តី​ជំនឿ​ដើម ដរាប​ដល់​ចុង​បំផុត​មែន នោះ​ពិត​ជា​យើង​បាន​ត្រឡប់​ជា​អ្នក​មាន​ចំណែក​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ហើយ ១៥ កំពុង​ដែល​នៅ​មាន​សេចក្តី​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹងរូស ដូច​កាល​គ្រា​បះបោរ​នោះ​ឡើយ» ១៦ ចុះ​តើ​អ្នក​ណា​ដែល​ឮ រួច​កើត​បះបោរ​នោះ តើ​មិន​មែន​ជា​អស់​អ្នក ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី ១៧ តើ​ឯ​ទ្រង់​គ្នាន់ក្នាញ់​នឹង​អ្នក​ណា នៅ​រវាង​៤០​ឆ្នាំ​នោះ តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​បាន​ធ្វើ​បាប ដែល​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោស្ថាន​ទេ​ឬ​អី ១៨ ហើយ​តើ​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ណា​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល ទៅ​ក្នុង​សេចក្តី​សំរាក របស់​អញ​សោះ​ឡើយ» បើ​មិន​មែន​នឹង​អស់​អ្នក ដែល​មិន​ស្តាប់​បង្គាប់​ទេ ១៩ ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​នឹង​ចូល​បាន​ទេ ដោយ​ព្រោះ​គេ​មិន​ជឿ។

ហេព្រើរ ៤

១ ដូច្នេះ ដែល​នៅ​មាន​សេចក្តី​សន្យា​ទុក​មក ឲ្យ​បាន​ចូល​ក្នុង​សេចក្តី​សំរាក​របស់​ទ្រង់ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ខ្លាច​ចុះ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មើល​ទៅ​ដូច​ជា​ឈោង​ទៅ​មិន​ដល់ ២ ដ្បិត​ដំណឹង​ល្អ​បាន​ផ្សាយ​មក​យើង​រាល់​គ្នា​ដូច​ជា​ដល់​គេ​ដែរ ប៉ុន្តែ ព្រះបន្ទូល​ដែល​គេ​ឮ នោះ​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ដោយ​ព្រោះ​មិន​បាន​លាយ​នឹង​សេចក្តី​ជំនឿ ក្នុង​ចិត្ត​នៃ​ពួក​អ្នក​ដែល​ឮ​នោះ ៣ តាម​សេចក្តី​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា «អញ​បាន​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល ទៅ​ក្នុង​សេចក្តី​សំរាក របស់​អញ​សោះ​ឡើយ» តែ​យើង​រាល់​គ្នា​ដែល​ជឿ យើង​ចូល​ក្នុង​សេចក្តី​សំរាក​នោះ​វិញ ទោះ​បើ​ការ​ទាំង​ប៉ុន្មាន​បាន​សំរេច តាំង​ពី​កំណើត​លោកីយ៍​មក​ក៏​ដោយ ៤ ដ្បិត​នៅ​កន្លែង​ណា​មួយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ថ្ងៃ​ទី​៧​ដូច្នេះ​ថា «ព្រះ​ទ្រង់​បាន​ឈប់​សំរាក ពី​អស់​ទាំង​ការ​របស់​ទ្រង់​នៅ​ថ្ងៃ​ទី​៧» ៥ ហើយ​នៅ​កន្លែង​នេះ​ទៀត​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល ទៅ​ក្នុង​សេចក្តី​សំរាក របស់​អញ​សោះ​ឡើយ» ៦ ដូច្នេះ ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​បាន​ចូល​ទៅ​ក្នុង​សេចក្តី​សំរាក​នោះ ហើយ​ពួក​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម គេ​មិន​បាន​ចូល​ទេ ដោយ​ព្រោះ​មិន​ជឿ ៧ នោះ​បាន​ជា​ទ្រង់​ដាក់​កំណត់​ថ្ងៃ​១​ទៀត​ថា «នៅ​ថ្ងៃ​នេះ»ដូច្នេះ​វិញ ទាំង​មាន​ព្រះបន្ទូល​ដោយសារ​ហ្លួង​ដាវីឌ​ជា​យូរ​ក្រោយ​មក តាម​ពាក្យ​អម្បាញ់មិញ ដែល​ថា«នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹងរូស​ឡើយ» ៨ បើ​សិន​ជា​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​ឈប់​សំរាក នោះ​ក្រោយ​មក ទ្រង់​មិន​មាន​ព្រះបន្ទូល​ពី​ថ្ងៃ​១​ទៀត​ទេ ៩ ដូច្នេះ មាន​សេចក្តី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ ១០ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្តី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្តទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ ១១ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្តី​សំរាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ ១២ ពី​ព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ ១៣ គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់។

ព្រះយេស៊ូវ​ជា​មហា​បូជាចារ្យ​ដ៏​ខ្ពង់ខ្ពស់​លើស​មហា​បូជាចារ្យ​នៃ​សញ្ញា​ចាស់

១៤ ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថានសួគ៌ គឺ​ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ ១៥ ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ១៦ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។

ហេព្រើរ ៥

១ ពី​ព្រោះ​អស់​ទាំង​សំដេច​សង្ឃ ដែល​គេ​រើស​យក​ពី​ពួក​មនុស្ស នោះ​បាន​តាំង​សំរាប់​មនុស្ស ក្នុង​អស់​ទាំង​ការ​ខាង​ឯ​ព្រះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ និង​យញ្ញបូជា ដោយ​ព្រោះ​បាប ២ ជា​អ្នក​ដែល​មាន​អធ្យាស្រ័យ​ដល់​មនុស្ស​ខ្លៅល្ងង់ និង​មនុស្ស​វង្វេង​ផង ដោយ​ព្រោះ​លោក​ក៏​មាន​សេចក្តី​កំសោយ នៅ​ព័ទ្ធ​ជុំវិញ​ខ្លួន​ដែរ ៣ ហើយ​ដោយ​ហេតុ​នោះ បាន​ជា​លោក​ត្រូវ​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​របស់​ខ្លួន​លោក ដូច​ជា​តែង​ថ្វាយ ដោយ​ព្រោះ​បាប​នៃ​បណ្តាជន​ដែរ ៤ គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ​ទ្រង់​ហៅ​ប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជា​លោក​អើរ៉ុន ៥ ដូច្នេះ ព្រះគ្រីស្ទ​ក៏​មិន​បាន​ដំកើង​ព្រះអង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សំដេច​សង្ឃ​ដែរ គឺ​ជា​ព្រះ​វិញ​ទេ​តើ​ដែល​មាន​ព្រះបន្ទូល​ទៅ​ទ្រង់​ថា «ឯង​ជា​កូន​អញៗ បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ៦ ដូច​ក្នុង​បទ​១​ទៀត ព្រះ​ក៏​មាន​ព្រះបន្ទូល​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគីស្សាដែក» ៧ ហើយ​កាល​ទ្រង់​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ នោះ​ទ្រង់​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ទ្រង់​កោតខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់ ៨ ហើយ​ទោះ​បើ​ទ្រង់​ជា​ព្រះរាជបុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្តាប់​បង្គាប់ ដោយសារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ ៩ រួច​កាល​ទ្រង់​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើត នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ទ្រង់ ១០ ដោយ​ព្រះ​បាន​តាំង​ងារ​ទ្រង់​ជា​សំដេច​សង្ឃ តាម​របៀប​លោក​ម៉ិលគីស្សាដែក។

ពាក្យ​ដាស់តឿន​ឲ្យ​តស៊ូ​ស្មោះត្រង់​នឹង​ជំនឿ

១១ យើង​ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន​នឹង​អធិប្បាយ​ពី​លោក​នោះ ដែល​ពិបាក​ពន្យល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្តាប់ ១២ គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​គ្រូ ដោយ​ព្រោះ​ជឿ​ជា​យូរ​មក​ហើយ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បថម​សិក្សា នៃ​ព្រះបន្ទូល​ម្តង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ ១៣ ដ្បិត​អស់​អ្នក​ណា​ដែល​ទទួល​ទាន​ទឹក​ដោះ នោះ​មិន​ប្រសប់​ខាង​ឯ​ព្រះបន្ទូល​នៃ​សេចក្តី​សុចរិត​ទេ ពី​ព្រោះ​អ្នក​នោះ​ជា​កូន​តូច​នៅ​ឡើយ ១៤ ឯ​អាហារ​រឹង នោះ​សំរាប់​តែ​មនុស្ស​ធំ ដែល​បាន​បង្ហាត់​ឥន្ទ្រីយ ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ។

ហេព្រើរ ៦

១ ដូច្នេះ ចូរ​ឲ្យ​យើង​ឈប់ ខាង​ឯ​សេចក្តី​បថម​សិក្សា​នៃ​ព្រះបន្ទូល​ព្រះគ្រីស្ទ ហើយ​ខំ​ឲ្យ​បាន​ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត​ចុះ មិន​ត្រូវ​តាំង​សេចក្តី​ដើម​នោះ​ជា​ថ្មី​ឡើង​វិញ ដូច​ជា​សេចក្តី​ប្រែ​ចិត្ត​ចេញ​ពី​ការ​ស្លាប់ និង​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ ២ ហើយ​និង​សេចក្តី​បង្រៀន​ពី​បុណ្យ​ជ្រមុជ ការ​ដាក់​ដៃ សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ និង​សេចក្តី​ជំនុំជំរះ​កាត់​ទោស​ដល់​អស់​កល្ប​ជានិច្ច​នោះ​ឡើយ ៣ បើ​សិន​ជា​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ នោះ​យើង​រាល់​គ្នា​នឹង​ធ្វើ​ការ​នោះ​ឯង ៤ ដ្បិត​ឯ​ពួក​អ្នក​ដែល​បាន​ភ្លឺ​ម្តង ទាំង​ភ្លក់​អំណោយ​ទាន​នៃ​ស្ថានសួគ៌ ក៏​បាន​ចំណែក​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ៥ ហើយ​ភ្លក់​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ និង​ការ​ឫទ្ធិបារមី​របស់​បរលោក​នាយ ៦ រួច​ធ្លាក់​ទៅ​វិញ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​ទេ ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះរាជបុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួន​គេ​រួច​ទៅ​ហើយ ព្រម​ទាំង​ធ្វើ​ឲ្យ​ទ្រង់​ហាល​មុខ​នៅ​កណ្តាល​ជំនុំ​ផង ៧ ដ្បិត​ដី​ណា​បាន​បៀម​ទឹក​ភ្លៀង ដែល​ធ្លាក់​មក​ជា​ញយៗ រួច​បង្កើត​ជា​បន្លែ​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ភ្ជួររាស់ នោះ​បាន​ទទួល​ព្រះពរ​ហើយ ៨ តែ​ដី​ណា​ដែល​បង្កើត​សុទ្ធ​តែ​បន្លា និង​អញ្ចាញ​វិញ ដី​នោះ​ត្រូវ​បោះ​បង់​ចោល​ចេញ ក៏​ជិត​នឹង​ត្រូវ​បណ្តាសា​ហើយ លុះ​ដល់​ចុង​បំផុត​នឹង​ត្រូវ​ដុត​ចោល​ផង។ ៩ ពួក​ស្ងួនភ្ងា​អើយ ទោះ​បើ​យើង​ខ្ញុំ​និយាយ​ដូច្នេះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទុក​ចិត្ត​ខាង​ឯ​អ្នក​រាល់​គ្នា​ថា បាន​សេចក្តី​ប្រសើរ​ជាង គឺ​ជា​សេចក្តី​ដែល​ត្រូវ​ខាង​សេចក្តី​សង្គ្រោះ​វិញ ១០ ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមឹលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះនាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ ១១ តែ​យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ បាន​សំដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្តី​ជំនឿ​ដ៏​ពេញលេញ​របស់​សេចក្តី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត ១២ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្តី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់ធន់​វិញ។

ព្រះបន្ទូល​សន្យា​ដែល​មិន​ចេះ​ប្រែប្រួល

១៣ ដ្បិត​កាល​ព្រះ​បាន​សន្យា​នឹង​លោក​អ័ប្រាហាំ នោះ​ពី​ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង សំរាប់​ឲ្យ​ទ្រង់​បាន​ស្បថ​ដោយ​អ្នក​នោះ​ទេ បាន​ជា​ទ្រង់​ស្បថ​ដោយ​ព្រះអង្គ​ទ្រង់​វិញ​ថា ១៤ «ដែល​ឲ្យ​ពរ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​មែន ហើយ​ដែល​ចំរើន នោះ​អញ​នឹង​ចំរើន​ពូជ​ឯង​មែន» ១៥ ហើយ​លោក​បាន​ទទួល​សេចក្តី​សន្យា​នោះ ដោយ​ព្រោះ​លោក​មាន​សេចក្តី​អត់ធន់​ជា​យូរ ១៦ ដ្បិត​ឯ​មនុស្ស គេ​តែង​ស្បថ​ដោយ​អ្នក​ណា​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ​ក៏​រាំងរា​គ្រប់​ទាំង​ផ្លូវ​ទាស់ទែង​គ្នា ដើម្បី​ឲ្យ​ការ​នោះ​បាន​សំរេច ១៧ ដូច្នេះ ចំណែក​ខាង​ព្រះ ដែល​ទ្រង់​មាន​ព្រះហឫទ័យ​សង្វាត​លើស​ទៅ​ទៀត ចង់​សំដែង​ឲ្យ​ពួក​អ្នក​គ្រង​សេចក្តី​សន្យា​ទុក​ជា​មរដក បាន​ឃើញ​ព្រះទ័យ​សំរេច​របស់​ទ្រង់​ថា មិន​ចេះ​ប្រែប្រួល​ឡើយ នោះ​ទ្រង់​ក៏​បញ្ចូល​ពាក្យ​សម្បថ​ដូច្នោះ​ដែរ ១៨ ដើម្បី​ឲ្យ​យើង​រាល់​គ្នា ដែល​បាន​រត់​មក​ចាប់​កាន់​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង ទុក​ជា​ទី​ជ្រក​កោន បាន​សេចក្តី​កំឡា​ចិត្ត​ឡើង​ជា​ខ្លាំង ដោយសារ​សេចក្តី​ទាំង​២​មុខ​នេះដ៏​មិន​ចេះ​ប្រែប្រួល ដែល​ខាង​ឯ​សេចក្តី​ទាំង​២​នោះ ព្រះ​ទ្រង់​កុហក​ពុំ​បាន​ទេ ១៩ យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​នោះ ទុក​ដូច​ជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់លាប់​មាំមួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំង​នន ២០ ជា​កន្លែង​ដែល​ព្រះយេស៊ូវ​ទ្រង់​បាន​យាង​ចូល​ទៅ ជំនួស​យើង​រាល់​គ្នា ទុក​ដូច​ជា​អ្នក​នាំ​មុខ ដោយ​ទ្រង់​បាន​ត្រឡប់​ជា​សំដេច​សង្ឃ នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគីស្សាដែក។

ហេព្រើរ ៧

ព្រះបាទ​ម៉ិលគីស្សាដែក​ជា​មហាក្សត្រ និង​ជា​បូជាចារ្យ

១ រីឯ​លោក​ម៉ិលគីស្សាដែក ស្តេច​ក្រុង​សាឡិម ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​នេះ ដែល​បាន​ទៅ​ជួប​នឹង​លោក​អ័ប្រាហាំ ក្នុង​កាល​ដែល​ត្រឡប់​ពី​វាយ​បំផ្លាញ​ពួក​ស្តេច​វិញ ក៏​បាន​ប្រទាន​ពរ​ដល់​លោក ២ ហើយ​លោក​អ័ប្រាហាំ​បាន​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​ជូន​លោក នាម​ស្តេច​នោះ ដើម​ដំបូង​ស្រាយ​ថា ស្តេច​នៃ​សេចក្តី​សុចរិត រួច​មក​ជា​ស្តេច​ក្រុង​សាឡិម គឺ​ថា ជា​ស្តេច​នៃ​សេចក្តី​សុខ​សាន្ត ៣ លោក​គ្មាន​មាតាបិតា គ្មាន​ពង្សាវតារ​ទេ ក៏​គ្មាន​ថ្ងៃ​កំណើត ឬ​ថ្ងៃ​ស្លាប់​ដែរ លោក​មាន​ភាព​ដូច​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ក៏​នៅ​ជា​សង្ឃ​ជា​រៀង​រាប​ដរាប​ត​ទៅ ៤ ចូរ​ពិចារណា​ពី​លោក​នោះ ដែល​ជា​ធំ​ដល់​ម៉្លេះ បាន​ជា​លោក​អ័ប្រាហាំ ជា​ឰយុកោ បាន​ជូន​របឹប​១​ភាគ​ក្នុង​១០​ផង ៥ រីឯ​ខាង​ឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការងារ​ជា​សង្ឃ គេ​បាន​ទទួល​បង្គាប់​តាម​ក្រឹត្យវិន័យ ឲ្យ​ហូត​យក​១​ភាគ​ក្នុង​១០​ពី​ប្រជាជន​ដែរ គឺ​ពី​ពួក​បង​ប្អូន​គេ​ទាំង​ប៉ុន្មាន ទោះ​បើ​ពួក​នោះ​កើត​អំពី​ពូជ​ពង្ស​លោក​អ័ប្រាហាំ​ក៏​ដោយ ៦ តែ​លោក​ម៉ិលគីស្សាដែក​នេះ ដែល​មិន​បាន​រាប់​ជា​វង្សា​គេ​ទេ នោះ​បាន​ទទួល​១​ភាគ​ក្នុង​១០ ពី​លោក​អ័ប្រាហាំ​វិញ ហើយ​ក៏​ឲ្យ​ពរ​ដល់​លោក​ដែល​បាន​ទទួល​សេចក្តី​សន្យា​ទាំង​ប៉ុន្មាន​ផង ៧ ហើយ​ច្បាប់​នេះ​ដែល​ថា គឺ​អ្នក​ធំ​តែង​ឲ្យ​ពរ​ដល់​អ្នក​តូច នោះ​ប្រកែក​មិន​បាន​ឡើយ ៨ រីឯ​នៅ​ទី​នេះ មនុស្ស​ដែល​តែង​តែ​ស្លាប់ គេ​ទទួល​១​ភាគ​ក្នុង​១០ តែ​នៅ​ទី​នោះ​មាន​សេចក្តី​បន្ទាល់​ថា លោក​នេះ​រស់​នៅ ៩ ហើយ​លោក​លេវី ដែល​ទទួល​ដង្វាយ​១​ភាគ​ក្នុង​១០ នោះ​លោក​ឧបមា​ដូច​ជា​បាន​ថ្វាយ​១​ភាគ​ក្នុង​១០​ដែរ ដោយសារ​លោក​អ័ប្រាហាំ ១០ ដ្បិត​កាល​លោក​ម៉ិលគីស្សាដែក​បាន​ទៅ​ជួប​នឹង​លោក​អ័ប្រាហាំ នោះ​លោក​លេវី​នៅ​ជា​ពូជ ក្នុង​ខ្លួន​នៃ​ឰយុកោ​លោក​នៅ​ឡើយ។ ១១ ដូច្នេះ បើ​សិន​ជា​មនុស្ស​បាន​គ្រប់​លក្ខណ៍ ដោយសារ​ការងារ​ជា​សង្ឃ ខាង​ពួក​លេវី ដ្បិត​គឺ​ក្រោម​ការងារ​នោះ ដែល​ប្រជាជន​បាន​ទទួល​ក្រឹត្យវិន័យ​ទៅ​ហើយ នោះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​មាន​សង្ឃ​១​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀប​លោក​អើរ៉ុន គឺ​តាម​របៀប​លោក​ម៉ិលគីស្សាដែក​វិញ​ធ្វើ​អី ១២ ពី​ព្រោះ បើ​ការងារ​ជា​សង្ឃ​បាន​ផ្លាស់​ប្រែ​ទៅ នោះ​ក្រឹត្យវិន័យ​ក៏​ត្រូវ​ផ្លាស់​ប្រែ​ដែរ ១៣ ដ្បិត​ឯ​ព្រះអង្គ ដែល​គេ​បាន​ទាយ​សេចក្តី​នេះ​ពី​ទ្រង់ ទ្រង់​កើត​ពី​ពូជ​អំបូរ​១​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​បាន​ធ្វើ​ការ​បំរើ​នៅ​អាសនា​ឡើយ ១៤ ដ្បិត​ច្បាស់​ជា​ព្រះអម្ចាស់​នៃ​យើង ទ្រង់​បាន​កើត​ពី​ពូជ​អំបូរ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​ពី​ពូជ​អំបូរ​នោះ ខាង​ឯ​ការងារ​ជា​សង្ឃ​ឡើយ ១៥ សេចក្តី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត ដោយ​មាន​សង្ឃ​១​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិលគីស្សាដែក ១៦ សង្ឃនោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យវិន័យ ដែល​មាន​សេចក្តី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ ១៧ ដ្បិត​មាន​សេចក្តី​បន្ទាល់​ពី​ទ្រង់​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគីស្សាដែក» ១៨ ឯ​សេចក្តី​បញ្ញត្ត​ដែល​មាន​ពី​មុន​មក នោះ​ត្រូវ​លើក​ចោល​វិញ ដោយ​ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍ ១៩ (ពី​ព្រោះ​ក្រឹត្យវិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ) ក៏​មាន​សេចក្តី​សង្ឃឹម​ដ៏​ប្រសើរ​ជាង​បាន​ចូល​មក​ផង ដែល​យើង​រាល់​គ្នា​នឹង​ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​សេចក្តី​សង្ឃឹម​នោះ។ ២០ ពួក​សង្ឃ​ទាំង​នោះ គេ​បាន​តាំង​ឲ្យ​មាន​ងារ ដោយ​ឥត​មាន​សម្បថ​ទេ ២១ តែ​ទ្រង់​វិញ មាន​ទាំង​ពាក្យ​សម្បថ​ផង ដោយសារ​ព្រះ​ដែល​មាន​ព្រះបន្ទូល​ពី​ទ្រង់​ថា «ព្រះអម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​មិន​ដែល​ផ្លាស់​គំនិត​ឡើយថា ឯង​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគីស្សាដែក» ២២ ហើយ​ដោយ​ព្រោះ​ការងារ​នោះ ដែល​មិន​មែន​ឥត​ពាក្យ​សម្បថ​ដូច្នោះ បាន​ជា​ព្រះយេស៊ូវ​ទ្រង់​ជា​អ្នក​ធានា ពី​សេចក្តី​សញ្ញា​១​ដ៏​ប្រសើរ​ជាង ២៣ មួយ​ទៀត ពួក​សង្ឃ​ទាំង​នោះ​មាន​គ្នា​ជា​ច្រើន ពី​ព្រោះ​គេ​តែង​តែ​ស្លាប់ មិន​នៅ​ជាប់​ស្ថិតស្ថេរ​ទេ ២៤ តែ​ទ្រង់​មាន​ការងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពី​ព្រោះ​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ ២៥ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយសារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ។ ២៦ គួរ​ឲ្យ​មាន​សំដេច​សង្ឃ​យ៉ាង​នោះ​សំរាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថានសួគ៌​ទៅ​ទៀត ២៧ ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញបូជា​ជា​រាល់​ថ្ងៃ ដូច​ជា​សំដេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជា​មុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំងឡាយ​នោះ​ទេ ដ្បិត​ទ្រង់​បាន​ថ្វាយ​យញ្ញបូជា​នោះ​១​ដង​ជា​សំរេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះអង្គ​ទ្រង់​នោះ​ឯង ២៨ ព្រោះ​ឯ​ក្រឹត្យវិន័យ​នោះ​តែងតាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សំដេច​សង្ឃ ដែល​គេ​មាន​សេចក្តី​កំសោយ តែ​សេចក្តី​សម្បថ​ដែល​មក​ក្រោយ​ក្រឹត្យវិន័យ នោះ​បាន​តាំង​ព្រះរាជបុត្រា​វិញ ដែល​ទ្រង់​បាន​គ្រប់​លក្ខណ៍​នៅ​អស់​កល្ប​ជានិច្ច។

ហេព្រើរ ៨

ព្រះយេស៊ូវ​ជា​មហា​បូជាចារ្យ​នៃ​សញ្ញា​ថ្មី

១ រីឯ​ដែល​បង្រួម​សេចក្តី​អធិប្បាយ​ទាំង​ប៉ុន្មាន​អម្បាញ់មិញ​នេះ នោះ​គឺ​ថា យើង​រាល់​គ្នា​មាន​សំដេច​សង្ឃ​១​អង្គ​យ៉ាង​នោះ ដែល​ទ្រង់​បាន​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ឫទ្ធានុភាព​នៅ​ស្ថានសួគ៌ ២ ជា​អ្នក​មាន​ការងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ក្នុង​រោង​ឧបោសថ​ដ៏​ពិត ដែល​ព្រះអម្ចាស់​បាន​ដំឡើង មិន​មែន​ជា​មនុស្ស​ទេ។ ៣ ឯ​សំដេច​សង្ឃ​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​ឲ្យ​មាន​ងារ សំរាប់​នឹង​ថ្វាយ​ដង្វាយ ហើយ​យញ្ញបូជា បាន​ជា​ត្រូវ​ឲ្យ​ព្រះអង្គ​នេះ​បាន​អ្វី​នឹង​ថ្វាយ​ដែរ ៤ ដ្បិត​បើ​សិន​ជា​ទ្រង់​គង់​នៅ​ផែនដី នោះ​ទ្រង់​មិន​បាន​ធ្វើ​ជា​សង្ឃ​ទេ ពី​ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​ដង្វាយ តាម​ក្រឹត្យវិន័យ​ហើយ ៥ ដែល​គេ​ជា​គំរូ ហើយ​ជា​ស្រមោល ពី​របស់​នៅ​ស្ថានសួគ៌​វិញ ដូច​ជា​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​រៀប​នឹង​ធ្វើ​រោង​ឧបោសថ​ថា «ចូរ​ប្រយ័ត្ន​នឹង​ធ្វើ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​អញ​បាន​បង្ហាញ​ឯង​នៅ​លើ​ភ្នំ» ៦ តែ​ឥឡូវ​នេះ​វិញ ដែល​ទ្រង់​ជា​អ្នក​កណ្តាល​របស់​សេចក្តី​សញ្ញា​១​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណា ដែល​សេចក្តី​សញ្ញា​នោះ​បាន​តាំង​ឡើង លើ​ពាក្យ​សន្យា​ប្រសើរ​ជាង​ផង នោះ​ទ្រង់​ក៏​បាន​ទទួល​ការងារ​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណោះ​ដែរ ៧ ដ្បិត​បើ​សិន​ជា​សញ្ញា​ចាស់​ឥត​មាន​កំហុស នោះ​មិន​បាន​រក​កន្លែង​ឲ្យ​បាន​តាំង​១​ទៀត​ឡើយ ៨ ពី​ព្រោះ ដែល​ទ្រង់​ចាប់​សេចក្តី​កំហុស នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា «មើល ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា នឹង​មាន​ថ្ងៃ​មក ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី ដល់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល និង​ពួក​យូដា ៩ មិន​មែន​តាម​សេចក្តី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​នោះ​ទេ ព្រោះ​គេ​មិន​បាន​កាន់​ខ្ជាប់​តាម​សេចក្តី​សញ្ញា​របស់​អញ​នោះ​ឡើយ ហើយ​អញ​បាន​បែរ​ចេញ​ពី​គេ​ដែរ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ឯ​សេចក្តី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យវិន័យ​អញ​នៅ​ក្នុង​គំនិត​គេ ហើយ​និង​កត់​ទុក​នៅ​ក្នុង​ចិត្ត​គេ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ ១១ នោះ​មិន​ចាំ​បាច់​ឲ្យ​គ្រប់​គ្នា​បង្រៀន​អ្នក​ជិត​ខាង​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​ស្គាល់​ព្រះអម្ចាស់​នោះ​ទេ ដ្បិត​ក្នុង​ពួក​គេ មនុស្ស​នឹង​ស្គាល់​អញ​គ្រប់​គ្នា តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ​ហើយ ១២ ពី​ព្រោះ​អញ​នឹង​អាណិត​មេត្តា​ចំពោះ​សេចក្តី​ទុច្ចរិត​របស់​គេ ហើយ​អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្តី​ទទឹង​ច្បាប់​របស់​គេ​ទៀត» ១៣ រីឯ​ពាក្យ​ដែល​ថា «ថ្មី» នោះ​គឺ​ថា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្តី​មុន​ទៅ​ជា​ចាស់​ហើយ ឯ​របស់​ណា​ដែល​ត្រឡប់​ជា​ចាស់ ហើយ​មាន​វ័យ​កន្លង នោះ​ក៏​ជិត​នឹង​សូន្យ​បាត់​ដែរ។

ហេព្រើរ ៩

ការ​គោរព​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ចាស់ និង​តាម​របៀប​ថ្មី

១ ចំណែក​សេចក្តី​សញ្ញា​មុន​នោះ គឺ​មាន​របៀប​ថ្វាយ​បង្គំ​ព្រះ ក៏​មាន​ទី​បរិសុទ្ធ ដែល​នៅ​លោកីយ៍​នេះ​ដែរ ២ ដ្បិត​គេ​បាន​ធ្វើ​រោង​ឧបោសថ ដែល​ប៉ែក​ខាង​មុខ​ហៅ​ថា ទី​បរិសុទ្ធ ជា​កន្លែង​មាន​ជើង​ចង្កៀង និង​តុ ហើយ​នំបុ័ង​តាំង​ទុក ៣ ខាង​ក្រោយ​វាំងនន​ទី​២ មាន​កន្លែង​ហៅ​ថា ទី​បរិសុទ្ធ​បំផុត ៤ ទី​នោះ​មាន​ជើងពាន​មាស សំរាប់​ដុត​គ្រឿង​ក្រអូប និង​ហិប​នៃ​សេចក្តី​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំវិញ​ទាំង​អស់ នៅ​ក្នុង​ហិប​នោះ​មាន​ចាន​មាស​ដាក់​នំ​ម៉ាន៉ា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​ប៉ិច​ឡើង និង​បន្ទះ​ថ្ម​នៃ​សេចក្តី​សញ្ញា​ផង ៥ ឯ​ខាង​លើ​ហិប​នោះ មាន​រូប​ចេរូប៊ីន​ដ៏​មាន​សិរីល្អ ដែល​បាំង​ទី​សន្តោស​ប្រោស តែ​យើង​ខ្ញុំ​ថ្លែង​ពី​របស់​ទាំង​នោះ​ដោយ​ពិស្តារ ក្នុង​ពេល​ឥឡូវ​នេះ​មិន​បាន​ទេ។ ៦ កាល​របស់​ទាំង​នោះ​បាន​រៀប​ជា​ស្រេច​ហើយ នោះ​ពួក​សង្ឃ​ក៏​ចូល​ទៅ សំរេច​ការងារ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច ៧ តែ​ឯ​ផ្នែក​ខាង​ក្នុង នោះ​មាន​តែ​សំដេច​សង្ឃ​តែ​ឯង​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​១​ឆ្នាំ​១​ដង ក៏​មិន​មែន​ឥត​យក​ឈាម ដែល​លោក​ថ្វាយ​ដោយ​ព្រោះ​ខ្លួន​លោក និង​អំពើ​បាប​ដែល​ប្រជាជន​ប្រព្រឹត្ត ដោយ​ឥត​ដឹង​នោះ​ដែរ ៨ យ៉ាង​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​សំដែង​ថា កាល​រោង​ឧបោសថ​មុន​នោះ​នៅៗ ឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​មិន​ទាន់​បើក​ទេ ៩ នេះ​ជា​សេចក្តី​ប្រៀប​ពន្យល់​ដល់​ជាន់​ឥឡូវ​នេះ ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​ដង្វាយ និង​យញ្ញបូជា​នៅ​ឡើយ ដែល​ដង្វាយ​ទាំង​នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ថ្វាយ​បាន​គ្រប់​លក្ខណ៍​ខាង​ឯ​បញ្ញា​ចិត្ត​បាន​ឡើយ ១០ ដ្បិត​មាន​តែ​សេចក្តី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ ដែល​សំដែង​ពី​ម្ហូបម្ហា និង​គ្រឿង​ផឹក ហើយ​ការ​លាង​សំអាត​ផ្សេងៗ ដែល​បង្គាប់​មក ដរាប​ដល់​វេលា​ដែល​រៀបចំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ។ ១១ ប៉ុន្តែ កាល​ព្រះគ្រីស្ទ​បាន​យាង​មក ធ្វើ​ជា​សំដេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក គឺ​ធ្វើ​ដោយសារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ គឺ​ថា មិន​មែន​ជា​របស់​ផង​លោកីយ៍​នេះ​ទេ ១២ នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សំរេច ទាំង​បាន​សេចក្តី​ប្រោស​លោះ នៅ​អស់​កល្ប​ជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះលោហិត​នៃ​អង្គ​ទ្រង់​វិញ ១៣ ដ្បិត​បើ​សិន​ជា​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​ឈ្មោល ហើយ​ផែះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោកគ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ ១៤ ចំណង់​បើ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ឥត​សៅហ្មង ដល់​ព្រះ ដោយសារ​ព្រះវិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នោះ​នឹង​សំអាត​ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា ពី​អស់​ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ តើ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត ១៥ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្តី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ ១៦ ដ្បិត​ដែល​មាន​សំបុត្រ​សញ្ញា​ចែក​មរដក នោះ​ត្រូវ​ដល់​ម្ចាស់​សំបុត្រ​ស្លាប់​ទៅ​សិន ទើប​ចែក​បាន ១៧ ពី​ព្រោះ​សំបុត្រ​សញ្ញា​នោះ​មាន​ប្រយោជន៍​តែ​កាល​ណា​ម្ចាស់​បាន​ស្លាប់​ទៅ​ហើយ​ទេ កាល​ម្ចាស់​កំពុង​រស់​នៅ​ឡើយ នោះ​គ្មាន​អំណាច​សោះ ១៨ ដូច្នេះ សេចក្តី​សញ្ញា​ចាស់​ក៏​មិន​បាន​តាំង​ឡើង ដោយ​ឥត​ឈាម​ដែរ ១៩ ពី​ព្រោះ កាល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ ប្រាប់​ពី​បញ្ញត្ត​ទាំង​ប៉ុន្មាន តាម​ក្រឹត្យវិន័យ ដល់​ប្រជាជន​ទាំងឡាយ​ហើយ នោះ​លោក​ក៏​យក​ឈាម​កូន​គោ និង​ឈាម​ពពែ ព្រម​ទាំង​ទឹក និង​រោម​ចៀម​ជ្រលក់​ក្រហម ហើយ​និង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ​នោះ​ឯង ព្រម​ទាំង​លើ​ប្រជាជន​ទាំង​អស់​ដែរ ២០ ដោយ​មាន​ប្រសាសន៍​ថា «នេះ​ជា​ឈាម​នៃ​សញ្ញា ដែល​ព្រះ​ទ្រង់​បង្គាប់​មក​អ្នក​រាល់​គ្នា» ២១ លោក​ក៏​ប្រោះ​ឈាម​ទៅ​លើ​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ដែល​សំរាប់​ការងារ​ទាំង​ប៉ុន្មាន​បែប​ដូច្នោះ​ដែរ ២២ ហើយ​តាម​ក្រឹត្យវិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត ដោយសារ​ឈាម បើ​គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ។

ព្រះគ្រីស្ទ​ជា​យញ្ញបូជា​រំដោះ​បាប

២៣ ដូច្នេះ អស់​ទាំង​គំរូ​ពី​របស់​នៅ​ស្ថានសួគ៌​បាន​ត្រូវ​សំអាត ដោយសារ​របស់​ទាំង​នោះ តែ​របស់​នៅ​ស្ថានសួគ៌​វិញ នោះ​ត្រូវ​សំអាត​ដោយ​យញ្ញបូជា​ប្រសើរ​ជាង​ទៅ​ទៀត ២៤ ដ្បិត​ព្រះគ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថានសួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះភក្ត្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា ២៥ ក៏​មិន​មែន​នឹង​ថ្វាយ​ព្រះអង្គ​ទ្រង់​ជា​ញឹកញយ ដូច​ជា​សំដេច​សង្ឃ ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​រាល់​តែ​ឆ្នាំ ទាំង​យក​ឈាម​ដទៃ​នោះ​ដែរ ២៦ ដ្បិត​បើ​យ៉ាង​ដូច្នោះ នោះ​ត្រូវ​ឲ្យ​ទ្រង់​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​លោកីយ៍​មក តែ​ជាន់​ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប នោះ​ទ្រង់​បាន​លេច​មក​១​ដង ដើម្បី​នឹង​លើក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះអង្គ​ទ្រង់​វិញ ទុក​ជា​យញ្ញបូជា ២៧ ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំជំរះ ២៨ ដូច្នេះ ព្រះគ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់​១​ដង ហើយ​ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់ចាំ​ទ្រង់។

ហេព្រើរ ១០

១ ដ្បិត​ឯ​ក្រឹត្យវិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្តី​ល្អ​ដែល​ត្រូវ​មក មិន​មែន​ជា​តួ​រូប​របស់​សេចក្តី​ទាំង​នោះ​ទេ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​ចូល​មក​ថ្វាយ​យញ្ញបូជា​ដដែលៗ រាល់​តែ​ឆ្នាំ​ជានិច្ច បាន​គ្រប់​លក្ខណ៍​ឡើយ ២ ដ្បិត​បើ​បាន តើ​គេ​មិន​បាន​លែង​ថ្វាយ​ទេ​ឬ​អី ពី​ព្រោះ​បញ្ញា​ចិត្ត​នៃ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ នោះ​មិន​បាន​ដឹង​ថា​មាន​បាប​ទៀត​ទេ ដោយ​ព្រោះ​បាន​ញែក​សំអាត​ម្តង​ហើយ ៣ តែ​យញ្ញបូជា​ទាំង​នោះ​នាំ​ឲ្យ​រំឭក​ឃើញ ពី​អំពើ​បាប​របស់​គេ​រាល់​តែ​ឆ្នាំ​វិញ ៤ ដ្បិត​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ ៥ ហេតុ​នោះ​បាន​ជា​កាល​ទ្រង់​យាង​មក​ក្នុង​លោកីយ៍ ទ្រង់​មាន​ព្រះបន្ទូល​ថា «ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា និង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀបចំ​រូបកាយ​ឲ្យ​ទូលបង្គំ​វិញ ៦ ទ្រង់​ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​ដង្វាយ​ដុត ឬ​នឹង​ដង្វាយ​លោះ​បាប​ដែរ ៧ បាន​ជា​ទូលបង្គំ​ទូល​ថា មើល ឱ​ព្រះអង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ (សេចក្តី​នេះ​បាន​កត់​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)» ៨ ក្រោយ​ដែល​មាន​ព្រះបន្ទូល​ថា យញ្ញបូជា និង​ដង្វាយ ហើយ​ដង្វាយ​ដុត និង​ដង្វាយ​លោះ​បាប ទ្រង់​មិន​ចង់​បាន​ទេ ក៏​មិន​សព្វ​ព្រះហឫទ័យ​ដែរ ជា​របស់​ដែល​គេ​ថ្វាយ​តាម​ក្រឹត្យវិន័យ ៩ នោះ​ទ្រង់​ក៏​ថែម​ព្រះបន្ទូល​នេះ​ទៀត​ថា «មើល ឱ​ព្រះអង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់» ដូច្នេះ ទ្រង់​បាន​លើក​ចោល​សេចក្តី​មុន ដើម្បី​នឹង​តាំង​សេចក្តី​ក្រោយ​វិញ ១០ គឺ​ដោយសារ​ចំណង់​ព្រះហឫទ័យ​នោះ ដែល​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះយេស៊ូវគ្រីស្ទ​១​ដង​ជា​សំរេច។ ១១ ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញបូជា​ដដែល​ជា​ញឹកញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ ១២ តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញបូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប ដរាប​ទៅ ១៣ ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះបាទ​ទ្រង់ ១៤ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ​១​នោះ ១៥ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា ១៦ «ឯ​សេចក្តី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យវិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​និង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង» ១៧ នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះបន្ទូល​នេះ​ទៀត​ថា «អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្តី​ទទឹង​ច្បាប់​របស់​គេ​ទៀត» ១៨ ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ។

ពាក្យ​ដាស់តឿន​ឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន

១៩ ដូច្នេះ បង​ប្អូន​អើយ ដែល​យើង​មាន​សេចក្តី​ក្លៀវក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយសារ​ព្រះលោហិត​នៃ​ព្រះយេស៊ូវ ២០ តាម​ផ្លូវ​ដែល​ទ្រង់ បាន​តាំង​សំរាប់​យើង​រាល់​គ្នា ជា​ផ្លូវ​ថ្មី ហើយ​រស់ ដែល​ចូល​កាត់​វាំងនន គឺ​ជា​រូប​សាច់​របស់​ទ្រង់ ២១ ហើយ​ដែល​មាន​សំដេច​សង្ឃ​ដ៏​ធំ​១​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ ២២ នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះត្រង់ និង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្តី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅហ្មង​ផង ហើយ​បាន​លាង​រូបកាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ ២៣ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្តី​បន្ទាល់​របស់​សេចក្តី​សង្ឃឹម​នោះ ឥត​រវើរវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះត្រង់ ២៤ ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ២៥ ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ ២៦ ដ្បិត​ក្រោយ​ដែល​យើង​បាន​ទទួល​ស្គាល់​សេចក្តី​ពិត​ហើយ បើ​យើង​ធ្វើ​បាប ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញបូជា​ណា សំរាប់​នឹង​លោះ​បាប​ទៀត​ទេ ២៧ មាន​តែ​រង់ចាំ ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្តី​ជំនុំ​ជំរះ និង​សេចក្តី​សហ័ស​នៃ​ភ្លើង ដែល​រៀប​នឹង​ឆេះ​ដល់​អស់​ទាំង​ពួក​ទាស់​ទទឹង​ផង​ប៉ុណ្ណោះ ២៨ ឯ​អ្នក​ណា​ដែល​ក្បត់​ក្រឹត្យវិន័យ​លោក​ម៉ូសេ នោះ​បាន​ត្រូវ​ស្លាប់​ឥត​ប្រណី ដោយ​សេចក្តី​បន្ទាល់​របស់​មនុស្ស​២ឬ៣​នាក់ ២៩ ចុះ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គេ​គួរ​មាន​ទោស​ជា​ធ្ងន់​ជាង​យ៉ាង​ណា​ទៅ ដែល​គេ​ជាន់​ឈ្លី​ព្រះរាជបុត្រា​នៃ​ព្រះ ទាំង​រាប់​ព្រះលោហិត​នៃ​សេចក្តី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ទុក​ដូច​ជា​របស់​ប្រើ​ធម្មតា ហើយ​ត្មះតិះដៀល​ដល់​ព្រះវិញ្ញាណ​ដ៏​មាន​ព្រះគុណ​ផង​នោះ ៣០ ដ្បិត​យើង​ស្គាល់​ព្រះអង្គ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា «សេចក្តី​សងសឹក​ជា​របស់​ផង​អញ អញ​នឹង​សង​គេ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់» ហើយ​១​ទៀត​ថា «ព្រះអម្ចាស់​ទ្រង់​នឹង​ជំនុំ​ជំរះ​រាស្ត្រ​ទ្រង់» ៣១ រីឯ​ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះហស្ត​នៃ​ព្រះដ៏​មាន​ព្រះជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់។ ៣២ ចូរ​នឹក​ចាំ​ពី​ជាន់​មុន គឺ​ពី​កាល​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ​ឡើង នោះ​ក៏​ទ្រាំ​នឹង​ទុក្ខ​លំបាក ទាំង​តតាំង​ជា​ខ្លាំង​ដែរ ៣៣ ដោយសារ​គេ​យក​អ្នក​រាល់​គ្នា​ទុក​ជា​ល្បែង​មើល​លេង ទាំង​ត្មះតិះដៀល ហើយ​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា​នោះ​ម្យ៉ាង ហើយ​មួយ​ទៀត ដោយ​អ្នក​រាល់​គ្នា​បាន​ភប់ប្រសព្វ​នឹង​ពួក​អ្នក ដែល​ត្រូវ​ទុក្ខ​លំបាក​ដូច្នោះ​ម្យ៉ាង​ផង ៣៤ ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិតអាសូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យសម្បត្តិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់លាប់​ផង នៅ​ឯ​ស្ថានសួគ៌ ៣៥ ដូច្នេះ កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ ៣៦ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្តី​អត់ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ ៣៧ ពី​ព្រោះ​នៅ​តែ​បន្តិច​ទៀត «នោះ​ព្រះអង្គ​ដែល​ត្រូវ​មក ទ្រង់​នឹង​យាង​មក​មែន​ឥត​បង្អង់​ឡើយ ៣៨ តែ​ពួក​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្តី​ជំនឿ បើ​អ្នក​ណា​ថយ​ទៅ​វិញ នោះ​ចិត្ត​អញ​គ្មាន​សេចក្តី​អំណរ​ចំពោះ​អ្នក​នោះ​ទេ» ៣៩ តែ​យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹងបាន​សង្គ្រោះ​វិញ។

ហេព្រើរ ១១

អំពី​ជំនឿ

១ រីឯ​សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ ២ ព្រះ​ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​មនុស្ស​ចាស់​បុរាណ ដោយ​ព្រោះ​គេ​មាន​សេចក្តី​ជំនឿ​នោះ​ឯង ៣ យើង​រាល់​គ្នា​ក៏​យល់​ដោយសារ​សេចក្តី​ជំនឿ​នោះ​ថា លោកីយ៍​បាន​កើត​មក ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ បាន​ជា​របស់​ដែល​មើល​ឃើញ​ទាំង​ប៉ុន្មាន នោះ​មិន​មែន​កើត​អំពី​របស់​ដែល​មើល​ឃើញ​ទេ។ ៤ ដោយសារ​សេចក្តី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​ដង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្តី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញបូជា​នោះ​ថា គាត់​សុចរិត ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់ពី​ដង្វាយ​គាត់​ផង បាន​ជា​ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ គង់​តែ​នៅ​មាន​និយាយ​ទៅ​ទៀត ដោយសារ​ដង្វាយ​នោះ​ឯង។ ៥ ដោយសារ​សេចក្តី​ជំនឿ នោះ​ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្តី​ស្លាប់​ឡើយ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ដ្បិត​កាល​មុន​ដែល​លើក​យក​គាត់​ទៅ នោះ​មាន​សេចក្តី​បន្ទាល់​ពី​គាត់​ថា ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​គាត់​ណាស់ ៦ តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ ៧ ដោយសារ​សេចក្តី​ជំនឿ នោះ​ព្រះ​បាន​មាន​ព្រះបន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្តី​កោតខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំសំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ៍​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្តី​សុចរិត ដែល​ត្រូវ​ខាង​សេចក្តី​ជំនឿ ទុក​ជា​មរដក​ដែរ។ ៨ ដោយសារ​សេចក្តី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រាហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ ៩ ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្តី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា ១០ ពី​ព្រោះ​លោក​រង់ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ​ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់។ ១១ ដោយសារ​សេចក្តី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះត្រង់ ១២ ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។ ១៣ ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ ឥត​ទទួល​សេចក្តី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ ១៤ ពួក​អ្នក​ដែល​និយាយ​ដូច្នោះ នោះ​សំដែង​ថា គេ​ជា​អ្នក​រក​ស្រុក​សំរាប់​ខ្លួន​គេ​ពិត ១៥ ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន ១៦ តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ បាន​ជា​ព្រះ​ទ្រង់​គ្មាន​សេចក្តី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀបចំ​ទី​ក្រុង​១​ឲ្យ​គេ​ហើយ។ ១៧ ដោយសារ​សេចក្តី​ជំនឿ នោះ​អ័ប្រាហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្តី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូន​លោក​តែ​មួយ ១៨ ដែល​មាន​សេចក្តី​ចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក» ១៩ លោក​បាន​រាប់​ថា ព្រះ​ទ្រង់​អាច​នឹង​ប្រោស​កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។ ២០ ដោយសារ​សេចក្តី​ជំនឿ នោះ​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប និង​អេសាវ ពី​ដំណើរ​ការ​ទៅ​ខាង​មុខ។ ២១ ដោយសារ​សេចក្តី​ជំនឿ នោះ​យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​កូន​យ៉ូសែប​ទាំង​២ ហើយ​ក៏​ថ្វាយ​បង្គំ​ព្រះ ទាំង​ច្រត់លើ​ចុង​ឈើ​ច្រត់ ក្នុង​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់។ ២២ ដោយសារ​សេចក្តី​ជំនឿ នោះ​យ៉ូសែប​បាន​ប្រាប់​ពី​ដំណើរ​ពួក​ជនជាតិ​អ៊ីស្រាអែល ដើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ក៏​ផ្តាំ​ពី​ដំណើរ​សព​របស់​ខ្លួន ក្នុង​កាល​ដែល​ហៀប​នឹង​ផុត​ដង្ហើម​ទៅ​ផង។ ២៣ ដោយសារ​សេចក្តី​ជំនឿ កាល​ម៉ូសេ​បាន​កើត​មក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក​៣​ខែ ឥត​មាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ ពី​ព្រោះ​បាន​ឃើញ​ថា​ជា​កូន​ថ្លោស​ល្អ ២៤ ដោយសារ​សេចក្តី​ជំនឿ លុះ​លោក​ធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ ២៥ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្តី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែតនោះ​វិញ ២៦ ដោយ​បាន​រាប់​សេចក្តី​ដំនៀល​ដែល​គេ​តិះដៀល​ដល់​ព្រះគ្រីស្ទ ទុក​ជា​ទ្រព្យសម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​លោក​សំឡឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ ២៧ ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោតខ្លាច​ដល់​សេចក្តី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ ២៨ ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​បាន​ធ្វើ​បុណ្យ​រំលង ទាំង​រលាស់​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញពួក​កូន​ច្បង បាន​មក​ពាល់​ដល់​គេ​ឡើយ។ ២៩ ដោយសារ​សេចក្តី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេបបាត់​ទៅ ៣០ ដោយសារ​សេចក្តី​ជំនឿ លុះ​គេ​ដើរ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរីខូរ អស់​៧​ថ្ងៃ​ហើយ នោះ​កំផែង​ទី​ក្រុង​ក៏​រលំ​ទៅ ៣១ ដោយសារ​សេចក្តី​ជំនឿ នោះ​នាង​រ៉ាហាប ជា​ស្រី​សំផឹង មិន​បាន​វិនាស​ទៅ ជា​មួយ​នឹង​ពួក​អ្នក​រឹងចចេស​ឡើយ ពី​ព្រោះ​នាង​បាន​ទទួល​ពួក​ឈ្លប​លប ដោយ​មេត្រី​ចិត្ត។ ៣២ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត ដ្បិត​គ្មាន​ពេល​វេលា​នឹង​ថ្លែង​ប្រាប់​រឿង​ពី​គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល និង​ពួក​ហោរា​ទេ ៣៣ ដែល​ដោយសារ​សេចក្តី​ជំនឿ នោះ​គេ​បាន​ឈ្នះ​នគរ​ដទៃ បាន​សំរេច​ការ​សុចរិត បាន​ទទួល​សេចក្តី​សន្យា បាន​បិទ​មាត់​សិង្ហ ៣៤ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង ទាំង​កំចាត់​ពល​ទ័ព​សាសន៍​ដទៃ​ផង ៣៥ ពួក​ស្រីៗ បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់​ឡើង​វិញ ខ្លះ​ត្រូវ​គេ​ធ្វើ​ទុក្ខ​វេទនា ឥត​ទទួល​ការ​ប្រោស​លោះ​ឲ្យ​រួច​ឡើយ គឺ​ដើម្បី​ឲ្យ​បាន​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង ៣៦ ខ្លះ​ទៀត​ត្រូវ​សេចក្តី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង និង​ជាប់​គុក​ផង ៣៧ ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្តាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីមវាម ទាំង​ស្លៀក​ស្បែក​ចៀម និង​ស្បែក​ពពែ ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់សង្កិន ហើយ​ធ្វើ​បាប ៣៨ ក៏​ដើរ​សាត់​ព្រាត់​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​នៅ​ទី​ភ្នំ ទាំង​នៅ​ក្នុង​រអាង ហើយ​និង​រូង​ក្នុង​ដី លោកីយ៍​មិន​គួរ​នឹង​ពួក​អ្នក​ទាំង​នោះ​ទេ ៣៩ ពួក​អ្នក​ទាំង​នោះ ទោះ​បើ​មាន​សេចក្តី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្តី​ជំនឿ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ទទួល​សេចក្តី ដែល​បាន​សន្យា​នោះ​ទេ ៤០ ដ្បិត​ព្រះ​បាន​ផ្គត់ផ្គង់​សេចក្តី​ប្រសើរ​ជាង​សំរាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ ក្រៅ​ពី​យើង​ឡើយ។

ហេព្រើរ ១២

ព្រះ​ជា​ឪពុក​របស់​យើង

១ ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​១​ហ្វូង​ធំ​ម៉្លេះ នៅ​ព័ទ្ធ​ជុំវិញ​យើង នោះ​ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ២ ទាំង​រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ ៣ ដូច្នេះ ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹងទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ ៤ ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​តយុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅ​ឡើយ​ទេ ៥ តែ​អ្នក​រាល់​គ្នា​បាន​ភ្លេច​សេចក្តី​ដំបូន្មាន​អស់​រលីង​ទៅ ដែល​ទ្រង់​បាន​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ថា «កូន​អើយ កុំ​ឲ្យ​មើលងាយ​សេចក្តី​ផ្ចាញ់ផ្ចាល​របស់​ព្រះអម្ចាស់​ឡើយ ក៏​កុំ​ឲ្យ​រសាយ​ចិត្ត​ក្នុង​កាល​ដែល​ទ្រង់​បន្ទោស​ឯង​ដែរ ៦ ដ្បិត​ព្រះអម្ចាស់​ទ្រង់​ផ្ចាញ់ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយ​ប្រដៅ​ដល់​អស់​ទាំង​កូន​ដែល​ទ្រង់​ទទួល» ៧ បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​សេចក្តី​ផ្ចាញ់ផ្ចាល នោះ​គឺ​ព្រះអង្គ​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយផ្ចាល​នោះ ៨ តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ត្រូវ​ផ្ចាញ់ផ្ចាល​សោះ ជា​សេចក្តី​ដែល​គ្រប់​គ្នា​ត្រូវ​រង​ទ្រាំ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ ៩ មួយ​ទៀត​យើង​រាល់​គ្នា​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយផ្ចាល​យើង ហើយ​យើង​ក៏​កោតខ្លាច​ដល់​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល ចំពោះ​ព្រះវរបិតា​ខាង​វិញ្ញាណ​ជា​ជាង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​រស់​នៅ​ទេ​ឬ​អី ១០ ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង តាម​តែ​ខណៈ​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ តែ​មិន​មែន​ជា​យូរ​ឆ្នាំ​ទេ ចំណែក​ព្រះ​ដែល​ទ្រង់​វាយផ្ចាល នោះ​សំរាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់ ១១ កាល​ណា​យើង​ត្រូវ​សេចក្តី​ផ្ចាញ់ផ្ចាល នោះ​មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក នោះ​ទើប​បង្កើត​ផល​ដ៏​សុខ​សាន្ត នៃ​សេចក្តី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រង​ទ្រាំ​នោះ​វិញ។ ១២ ដូច្នេះ ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង និង​ជង្គង់​ដែល​ស្លុត​ដែរ ១៣ ហើយ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់ សំរាប់​ជើង​អ្នក​រាល់​គ្នា ក្រែង​អ្នក​ណា​ដែល​ខ្ញើច​ត្រូវ​បង្វែរ​ចេញ​ទៅ ស៊ូ​ឲ្យ​បាន​ជា​ឡើង​វិញ។

ត្រូវ​ស្មោះត្រង់​នឹង​ការ​ត្រាស់ហៅ​របស់​ព្រះ

១៤ ចូរ​ដេញ​តាម​សេចក្តី​មេត្រី ចំពោះ​មនុស្ស​ទាំង​អស់​ចុះ ហើយ​ឲ្យ​បាន​ញែក​ជា​បរិសុទ្ធ​ដែរ បើ​អ្នក​ណា​គ្មាន​សេចក្តី​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះអម្ចាស់​ឡើយ ១៥ ហើយ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន ក្រែង​មាន​អ្នក​ណា​ខ្វះ​ខាង​ឯ​ព្រះគុណ​នៃ​ព្រះ ហើយ​មាន​ឫស​ជូរ​ចត់​ណា​ពន្លក​ឡើង នាំ​ឲ្យ​ទំនាស់​ចិត្ត រួច​មាន​មនុស្ស​ជា​ច្រើន​បាន​ស្មោកគ្រោក ដោយសារ​សេចក្តី​នោះ ១៦ ក្រែង​មាន​អ្នក​កំផិត ឬ​មនុស្ស​ទមិល​ណា ដូច​ជា​អេសាវ ដែល​លក់​ច្បាប់​បង​ច្បង​របស់​ខ្លួន សង្វាត​ឲ្យ​បាន​តែ​ម្ហូប​១​មុខ​ប៉ុណ្ណោះ​ដែរ ១៧ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា ក្រោយ​មក​គាត់​សង្វាត​ចង់​បាន​ពរ តែ​គាត់​ត្រូវ​ចោល​ចេញ​វិញ ដ្បិត​ទោះ​បើ​គាត់​ខំ​ស្វែង​រក ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ គង់​តែ​រក​ផ្លូវ​ប្រែ​ចិត្ត​មិន​ឃើញ​ទេ។ ១៨ អ្នក​រាល់​គ្នា​មិន​មែន​មក​ដល់​ភ្នំ ដែល​នឹង​ពាល់​បាន ហើយ​ដែល​មាន​ភ្លើង​ឆេះ​នោះ​ទេ ឬ​ដល់​សេចក្តី​ងងឹត ឬ​ស្រអាប់ ឬ​ខ្យល់​ព្យុះ ១៩ ឬ​សូរ​ផ្លុំ​ត្រែ ឬ​ព្រះសៀង​នៃ​ព្រះ ដែល​មាន​ព្រះបន្ទូល​មក ជា​សូរសៀង ដែល​ពួក​អ្នក​ឮ ក៏​អង្វរ​កុំ​ឲ្យ​ព្រះបន្ទូល​បាន​មក​ដល់​ខ្លួន​ទៀត​ឡើយ ២០ ដ្បិត​គេ​ទ្រាំ​នឹង​សេចក្តី​ដែល​បង្គាប់​មក​មិន​បាន គឺ​ជា​សេចក្តី​ថា «សូម្បី​សត្វ​ណា​ដែល​ពាល់​ភ្នំ នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​ទំលុះ​ដោយ​ព្រួញ» ២១ ហើយ​ការ​ដែល​គេ​ឃើញ​នោះ ក៏​គួរ​ស្ញែង​ខ្លាច​ណាស់ ដល់​ម៉្លេះ​បាន​ជា​ម៉ូសេ លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង» ២២ គឺ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន​វិញ ជា​ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ក្រុង​យេរូសាឡិម​នៃ​ស្ថានសួគ៌ ហើយ​ដល់​ពួក​ទេវតា​ទាំង​សល់​សែន ២៣ ដល់​ទី​ប្រជុំ​របស់​មនុស្ស​ទាំងឡាយ និង​ជំនុំ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថានសួគ៌ ដល់​ព្រះ​ដ៏​ជា​ចៅក្រម​នៃ​មនុស្ស​ទាំង​អស់ ដល់​អស់​ទាំង​វិញ្ញាណ​នៃ​ពួក​សុចរិត ដែល​បាន​គ្រប់​លក្ខណ៍​ហើយ ២៤ ដល់​ព្រះយេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្តី​សញ្ញា​ថ្មី ហើយ​ដល់​ព្រះលោហិត ដែល​សំរាប់​នឹង​ប្រោះ ជា​ព្រះលោហិត ដែល​សំដែង​ពី​សេចក្តី​ប្រសើរ ជា​ជាង​ឈាម​របស់​អេបិល​ទៅ​ទៀត​ផង។ ២៥ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ស្តាប់​តាម​ព្រះអង្គ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ឡើយ ដ្បិត​បើ​សិន​ជា​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​សំដែង​ព្រះបន្ទូល ឲ្យ​ស្តាប់​នៅ​ផែនដី គេ​មិន​បាន​រួច​ទោស​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​រាល់​គ្នា ដែល​ងាក​បែរ​ចេញ​ពី​ព្រះ ដែល​មាន​ព្រះបន្ទូល​ពី​ស្ថានសួគ៌​មក តើ​តឹង​ជាង​យ៉ាង​ណា​ទៅ ២៦ សំឡេង​ទ្រង់​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក​រញ្ជួយ​នៅ​វេលា​នោះ តែ​ឥឡូវ​នេះ ទ្រង់​សន្យា​ថា «អញ​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ គឺ​ទាំង​ផ្ទៃ​មេឃ​ថែម​ទៀត​ផង» ២៧ រីឯ​ពាក្យ​ដែល​ថា «ម្តង​ទៀត» នោះ​សំដែង​ថា របស់​ដែល​ត្រូវ​កក្រើក នោះ​ត្រូវ​រើ​ចេញ ទុក​ដូច​ជា​របស់​ដែល​បាន​ធ្វើ​ហើយ ដើម្បី​ឲ្យ​របស់​ដែល​មិន​បាន​កក្រើក​ទាំង​ប៉ុន្មាន បាន​ធន់​នៅ​វិញ ២៨ ដូច្នេះ ដែល​ទទួល​នគរ​១​ដ៏​កក្រើក​រញ្ជួយ​ពុំ​បាន នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ដែល​ដោយសារ​សេចក្តី​នោះ យើង​នឹង​បំរើ​ព្រះ​បែប​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិបត្តិ ហើយ​កោតខ្លាច​ដល់​ទ្រង់ ២៩ ដ្បិត​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។

ហេព្រើរ ១៣

របៀប​រស់​នៅ​ដែល​គាប់​ព្រះហឫទ័យ​ព្រះ

១ ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជានិច្ច ២ កុំ​ឲ្យ​ភ្លេច​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង ៣ ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​ជាប់​គុក ទុក​ដូច​ជា​ជាប់​ចំណង​ជា​មួយ​គ្នា ហើយ​ពី​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ផង ដ្បិត​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​រូបកាយ​ដែរ។ ៤ ការ​វិវាហមង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ដែល​រួម​ដំណេក នោះ​ក៏​ជា​ការ​ឥត​សៅហ្មងដែរ តែ​ព្រះ​ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​កំផិត ហើយ​និង​មនុស្ស​សហាយស្មន់​គ្នា​វិញ។ ៥ ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ» ៦ បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន»។ ៧ ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះបន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង ៨ ដ្បិត​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ ៩ ដូច្នេះ កុំ​ឲ្យ​បណ្តែត​បណ្តោយ​តាម​សេចក្តី​បង្រៀន​ប្លែកៗ ឡើយ ដ្បិត​គួរ​ឲ្យ​ចិត្ត​បាន​តាំង​នៅ​ខ្ជាប់ខ្ជួន ដោយ​ព្រះគុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ ដែល​ពួក​អ្នក​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ពី​នោះ​មក​ឡើយ ១០ យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ ១១ ដ្បិត​ឯ​សត្វ​ទាំង​ប៉ុន្មាន ដែល​សំដេច​សង្ឃ​នាំ​យក​ឈាម ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​ព្រោះ​បាប នោះ​ត្រូវ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ ១២ ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​រង​ទុក្ខ នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជាជន​ឲ្យ​បរិសុទ្ធ ដោយសារ​ព្រះលោហិត​នៃ​អង្គ​ទ្រង់ ១៣ ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដែរ ទាំង​ផ្ទុក​សេចក្តី​ដំនៀល​របស់​ទ្រង់​ចុះ ១៤ ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក ១៥ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយសារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះនាម​ទ្រង់ ១៦ កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ។ ១៧ ចូរ​ស្តាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ។ ១៨ សូម​ជួយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ជឿជាក់​ថា យើង​ខ្ញុំ​មាន​បញ្ញា​ចិត្ត​ជ្រះថ្លា ហើយ​ក៏​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ ក្នុង​គ្រប់​ការ​ទាំង​អស់ ១៩ ខ្ញុំ​ក៏​សូម​ជា​លើស​ទៅ​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អធិស្ឋាន សូម​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ​ជា​ឆាប់ៗ។ ២០ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​ទ្រង់​ប្រោស​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​ត្រឡប់​ពី​ពួក​ស្លាប់​មក​វិញ គឺ​ជា​អ្នក​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ២១ ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ដោយសារ​ព្រះលោហិត នៃ​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់ ដោយ​ទ្រង់​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា ដែល​គាប់​ដល់​ព្រះហឫទ័យ​នៃ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ នៅ​អស់​កល្ប​ជានិច្ច រៀង​រាប​ត​ទៅ អាម៉ែន។ ២២ តែ​បង​ប្អូន​អើយ ចូរ​ទ្រាំទ្រ​នឹង​សេចក្តី​ប្រដៅ​ទូន្មាន​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា​យ៉ាង​ខ្លីៗ ទេ ២៣ សូម​ឲ្យ​ដឹង​ថា គេ​បាន​លែង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ហើយ បើ​គាត់​មក​យ៉ាង​ឆាប់ នោះ​ខ្ញុំ​នឹង​បាន​មក​សួរ​អ្នក​រាល់​គ្នា ជា​មួយ និង​គាត់​ដែរ ២៤ សូម​ជំរាប​សួរ​ដល់​ពួក​អ្នក​នាំ​មុខ​អ្នក​រាល់​គ្នា និង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ពួក​អ្នក​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។ ២៥ សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ទាំង​អស់​គ្នា។ អាម៉ែន។:៚

យ៉ាកុប ១

សេចក្តី​ផ្តើម

១ សំបុត្រ​យ៉ាកុប ជា​បាវ​បំរើ​របស់​ព្រះ ហើយ​របស់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ជំរាប​សួរ​ដល់​ពូជ​អំបូរ​ទាំង​១២ ដែល​ត្រូវ​ខ្ចាត់ខ្ចាយ។ ២ បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ៣ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន ៤ ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញលេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ ៥ តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ ៦ តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង ៧ កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះអម្ចាស់​ឡើយ ៨ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​២ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ។ ៩ ត្រូវ​ឲ្យ​បង​ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាប​ថោក​បាន​ត្រេកអរ ដោយ​បាន​ដំកើង​ឡើង ១០ ហើយ​អ្នក​មាន​ត្រូវ​អរ​សប្បាយ ដោយ​ត្រូវ​បន្ទាប​ចុះ​វិញ ដ្បិត​គេ​នឹង​បាត់​ទៅ​ដូច​ជា​ផ្កា​ស្មៅ ១១ ពី​ព្រោះ​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​វេលា​ណា នោះ​ធ្វើ​ឲ្យ​ស្មៅ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ ឯ​លំអ​ក៏​វិនាស​សូន្យ​ទៅ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​ផ្លូវ​ខ្លួន​យ៉ាង​នោះ​ដែរ ១២ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់ខ្ជួន​ហើយ នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​ទ្រង់​សន្យា​នឹង​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់។ ១៣ កាល​ណា​មាន​សេចក្តី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ព្រះ​ទ្រង់​ល្បួង​ខ្លួន​ឡើយ ដ្បិត​សេចក្តី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ ១៤ តែ​ដែល​គ្រប់​គ្នា​កើត​មាន​សេចក្តី​ល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួងលោម​ទេ ១៥ រួច​កាល​ណា​សេចក្តី​ប៉ងប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់។ ១៦ បង​ប្អូន​ស្ងួនភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​ត្រូវ​បំភាន់​ឡើយ ១៧ គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ ១៨ ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះហឫទ័យ​ទ្រង់ ដោយសារ​ព្រះបន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​បែប​ដូច​ជា​ផល​ដំបូង ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។

ការ​ស្តាប់ និង​ការ​អនុវត្ត​តាម​ព្រះបន្ទូល

១៩ ដូច្នេះ បង​ប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ២០ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិន​ដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ ២១ បាន​ជា​ចូរ​ទទួល​ព្រះបន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​សេចក្តី​ស្មោកគ្រោក​ចេញ និង​សេចក្តី​គំរក់​ដ៏​មាន​ច្រើន​ម៉្លេះ​ចេញ​ផង ដ្បិត​ព្រះបន្ទូល​នោះ​អាច​នឹង​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា​បាន ២២ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ ២៣ ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះបន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ ២៤ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម ២៥ តែ​អ្នក​ណា​ដែល​ពិនិត្យ​មើល​ក្នុង​ក្រឹត្យវិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រឹត្យវិន័យ​ខាង​ឯ​សេរីភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​មាន​ភ្លេច​សេចក្តី​ដែល​ស្តាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន។ ២៦ បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាត​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន​ហើយ ឯ​សាសនា​របស់​អ្នក​នោះ​ជា​ឥត​ប្រយោជន៍​ទទេ ២៧ ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្តី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។

យ៉ាកុប ២

គ្រីស្ទបរិស័ទ​មិន​ត្រូវ​ប្រកាន់​វណ្ណៈ

១ បង​ប្អូន​អើយ កុំ​ឲ្យ​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ ២ ដ្បិត​បើ​សិន​ជា​មាន​អ្នក​ណា​ចូល​មក​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ទាំង​ពាក់​ចិញ្ចៀន​មាស និង​សំលៀកបំពាក់​ដ៏​មាន​ដំឡៃ ហើយ​មាន​អ្នក​ក្រ​ម្នាក់​ស្លៀកពាក់​កខ្វក់​ចូល​មក​ដែរ ៣ រួច​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀកពាក់​មាន​ដំឡៃ​នោះ ក៏​អញ្ជើញ​គេ​ថា សូម​អង្គុយ​នៅ​ទី​ល្អ​នេះ រួច​ប្រាប់​ទៅ​អ្នក​ក្រ​ថា ចូរ​ឈរ​នៅ​ទី​នុ៎ះ​ចុះ ឬ​អង្គុយ​នៅ​ទៀប​កំណល់​ជើង​ខ្ញុំ​នេះ​ដូច្នេះ ៤ នោះ​តើ​មិន​មែន​ឈ្មោះ​ថា បាន​យោគយល់​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​បាន​ត្រឡប់​ជា​អ្នក​រើស​មុខ ដែល​មាន​គំនិត​អាក្រក់​ទេ​ឬ​អី ៥ ចូរ​ស្តាប់​ចុះ បង​ប្អូន​ស្ងួនភ្ងា​អើយ តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ៍​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្តី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ ដែល​ទ្រង់​បាន​សន្យា​ទុក ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទេ​ឬ​អី ៦ តែ​អ្នក​រាល់​គ្នា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះ​វិញ តើ​ពួក​អ្នក​មាន​មិន​សង្កត់សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ ទេ​ឬ​អី ៧ តើ​គេ​មិន​ប្រមាថ​ដល់​ព្រះនាម​ល្អ ដែល​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នាទេ​ឬ​អី ៨ បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រឹត្យវិន័យ​ដ៏​ប្រសើរ ដូច​មាន​បទ​គម្ពីរ​ថា «ចូរ​ឲ្យ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង» នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ល្អ​ហើយ ៩ តែ​បើ​អ្នក​រាល់​គ្នា​រើស​មុខ​គេ នោះ​មាន​បាប​វិញ ហើយ​ក្រឹត្យវិន័យ​ក៏​កាត់​ទោស​អ្នក ទុក​ដូច​ជា​បាន​ប្រព្រឹត្ត​រំលង​ដែរ ១០ ដ្បិត​អ្នក​ណា​ដែល​កាន់​ក្រឹត្យវិន័យ​ទាំង​មូល​តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​ទោស​ចំពោះ​ក្រឹត្យវិន័យ​ទាំង​មូល​នោះ​ហើយ ១១ ពី​ព្រោះ​ព្រះ​ដែល​មាន​ព្រះបន្ទូល​ថា «កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ» ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស»ដែរ ដូច្នេះ បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​ទេ តែ​បាន​សំឡាប់​វិញ នោះ​ឈ្មោះ​ថា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​រំលង​ក្រឹត្យវិន័យ​ហើយ ១២ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​និយាយ ព្រម​ទាំង​ប្រព្រឹត្ត​បែប​ដូច​ជា​ក្រឹត្យវិន័យ​នៃ​សេចក្តី​សេរីភាព រៀប​នឹង​ជំនុំ​ជំរះ​អ្នក​ហើយ​ចុះ ១៣ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​មេត្តា​ដែរ រីឯ​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្តី​ជំនុំ​ជំរះ​វិញ។

ជំនឿ និង​អំពើ​ល្អ

១៤ បង​ប្អូន​អើយ បើ​អ្នក​ណា​ថា​ខ្លួន​មាន​សេចក្តី​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី តើ​សេចក្តី​ជំនឿ​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ​ឬ ១៥ ចុះ​បើ​មាន​បង​ប្អូន​ប្រុស​ស្រី​ណា​នៅ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​ថ្ងៃ ១៦ ហើយ​អ្នក​រាល់​គ្នា​ណា​មួយ​និយាយ​ទៅ​អ្នក​នោះ​ថា អញ្ជើញ​ទៅ​ឲ្យ​សុខ​សាន្ត សូម​ឲ្យ​បាន​កក់ក្តៅ ហើយ​ឆ្អែត​ចុះ តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី ១៧ ឯ​សេចក្តី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង ១៨ តែ​អ្នក​ខ្លះ​នឹង​និយាយ​ថា អ្នក​មាន​សេចក្តី​ជំនឿ ហើយ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត ដូច្នេះ ចូរ​អ្នក​បង្ហាញ​សេចក្តី​ជំនឿ​របស់​អ្នក ក្រៅ​ពី​ការ​ដែល​អ្នក​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​សេចក្តី​ជំនឿ​ខ្ញុំ ដោយសារ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ដែរ ១៩ អ្នក​ជឿ​ថា មាន​ព្រះ​តែ​១ នោះ​ត្រូវ​ហើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ ២០ ឱ​មនុស្ស​កំឡៅ​អើយ អ្នក​ចង់​ដឹង​ពិត​ឬ​ទេ​ថា សេចក្តី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ២១ ចុះ​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​ការ​លោក​ប្រព្រឹត្ត ក្នុង​កាល​ដែល​លោក​បាន​ថ្វាយ​អ៊ីសាក ជា​កូន​លោក នៅ​លើ​អាសនា​ទេ​ឬ​អី ២២ ដូច្នេះ អ្នក​ឃើញ​ថា សេចក្តី​ជំនឿ​បាន​រួម​ជា​មួយ​នឹង​ការ​ដែល​លោក​ប្រព្រឹត្ត ហើយ​សេចក្តី​ជំនឿ​បាន​គ្រប់​លក្ខណ៍ ដោយសារ​ការ​នោះ​ឯង ២៣ នោះ​ទើប​បាន​សំរេច​បទ​គម្ពីរ ដែល​ថា «អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក»ព្រះ​ក៏​ហៅ​លោក​ជា​សំឡាញ់​របស់​ទ្រង់​ដែរ ២៤ ដូច្នេះ អ្នក​រាល់​គ្នា​ឃើញ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត មិន​មែន​ដោយសារ​តែ​សេចក្តី​ជំនឿ​ប៉ុណ្ណោះ​ទេ គឺ​ដោយសារ​ការ​ប្រព្រឹត្ត​ដែរ ២៥ ឯ​នាង​រ៉ាហាប ជា​ស្រី​សំផឹង ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយសារ​ការ​នាង​ប្រព្រឹត្ត​ទេ​ឬ​អី គឺ​ក្នុង​កាល​ដែល​នាង​ទទួល​ពួក​អ្នក ដែល​គេ​ចាត់​មក​នោះ ហើយ​នាង​បាន​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​១​ទៀត ២៦ ពី​ព្រោះ​សេចក្តី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ប្រៀប​ដូច​ជា​រូបកាយ បើ​ឥត​មាន​ព្រលឹង​វិញ្ញាណ​ទេ នោះ​ក៏​ស្លាប់​ហើយ​ដែរ។

យ៉ាកុប ៣

អំពី​អណ្តាត

១ បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ជា​គ្រូ​ច្រើន​គ្នា​ពេក​ឡើយ ពី​ព្រោះ​ដឹង​ហើយ​ថា យើង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​គេ ២ ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ ដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូបកាយ​ទាំង​មូល​បាន​ដែរ ៣ មើល​យើង​ដាក់​ដែក​បង្ខាំ​ចុះ​ក្នុង​មាត់​សេះ ឲ្យ​វា​ស្តាប់​បង្គាប់​តាម ហើយ​យើង​ញាក់​រូបកាយ​វា​ទាំង​មូល​ទៅ​បាន ៤ សូម​គិត​មើល​ពី​សំពៅ​ដែរ វា​ធំ​ដល់​ម៉្លេះ ហើយ​មាន​ខ្យល់​គំហុក​បក់​ផាត់​ទៅ​ផង តែ​តៃកុង​បើក​ទៅ​មក​បាន​តាម​ចិត្ត ក៏​ដោយសារ​តែ​ចង្កូត​យ៉ាង​តូច​ប៉ុណ្ណោះ ៥ ឯ​អណ្តាត​ក៏​ជា​អវយវៈ​១​យ៉ាង​តូច​ដូច្នោះ​ដែរ ប៉ុន្តែ ចេះ​អួត​អាង​យ៉ាង​សំបើម​ណាស់ មើល​ចុះ ភ្លើង​តែ​បន្តិច​ទេ អាច​នឹង​ឆេះ​ព្រៃ​ធំៗ ទៅ​បាន ៦ ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ ៧ រីឯ​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ និង​សត្វ​នៅ​ក្នុង​សមុទ្រ នោះ​គេ​អាច​នឹង​ផ្សាំ​បាន ក៏​មាន​មនុស្ស​បាន​ផ្សាំង​ហើយ​ដែរ ៨ តែ​ឯ​អណ្តាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស ដែល​នាំ​ឲ្យ​ស្លាប់ ៩ ដោយសារ​អណ្តាត នោះ​យើង​សរសើរដំកើង​ដល់​ព្រះអម្ចាស់​ដ៏​ជា​ព្រះវរបិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើត​មក​តាម​រូប​អង្គ​ព្រះ​ផង ១០ មាន​ទាំង​ពាក្យ​សរសើរ និង​ពាក្យ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ ១១ តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ ១២ បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំងបាយជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក ជា​ប្រៃ​ផង​សាប​ផង​បាន​ឡើយ។ ១៣ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយសារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្តី​សុភាព​នៃ​ប្រាជ្ញា​ចុះ ១៤ បើ​មាន​សេចក្តី​ច្រណែន​ដ៏​ជូរ​ល្វីង និង​សេចក្តី​គំនុំ​ក្នុង​ចិត្ត នោះ​កុំ​ឲ្យ​អួត​ខ្លួន ឬ​កុហក​ទទឹង​នឹង​សេចក្តី​ពិត​ឡើយ ១៥ ប្រាជ្ញា​យ៉ាង​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​របស់​ផង​លោកីយ៍​នេះ ហើយ​ក៏​ខាង​សាច់​ឈាម និង​ខាង​អារក្ស​វិញ ទេ​តើ ១៦ ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្តី​ច្រណែន និង​សេចក្តី​គំនុំ នោះ​ក៏​មាន​វឹកវរ និង​សេចក្តី​អាក្រក់​គ្រប់​យ៉ាង​ដែរ ១៧ តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង ១៨ រីឯ​ផល​នៃ​សេចក្តី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្តី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្តី​មេត្រី​នោះ​ឯង។

យ៉ាកុប ៤

ការ​ស្រឡាញ់​លោកីយ៍

១ ឯ​សេចក្តី​ទាស់ទែង និង​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្តី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នាទេ​អី ២ អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សំឡាប់​គេ ហើយ​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​នឹង​បាន​ឡើយ ក៏​ឈ្លោះ​ប្រកែក ហើយ​តយុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ពី​ព្រោះ​មិន​សូម ៣ អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្តី​សំណូម​នោះ​បែប​អាក្រក់ សំរាប់​នឹង​ចាយ​បំពេញ​សេចក្តី​សំរើប​របស់​អ្នក​រាល់​គ្នា​វិញ ៤ ឱ​ពួក​កំផិតទាំង​ប្រុស​ទាំង​ស្រី​អើយ តើ​មិន​ដឹង​ទេ​ឬ​អី​ថា ដែល​ស្រឡាញ់​ដល់​លោកីយ៍ នោះ​គឺ​ជា​ស្អប់​ដល់​ព្រះ​ហើយ ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ៍ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំងសត្រូវ​នឹង​ព្រះ​វិញ ៥ ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គម្ពីរ​សំដែង​ចេញ​ជា​ឥត​ប្រយោជន៍​ឬ​អី រីឯ​ព្រះវិញ្ញាណ​ដែល​បាន​សណ្ឋិត​នៅ​ក្នុង​យើង ទ្រង់​រំឭក​ដល់​យើង ដោយ​មាន​ព្រះហឫទ័យ​ប្រចណ្ឌ ៦ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើង ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ» ៧ ដូច្នេះ ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ ៨ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ឱ​ពួក​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ ចូរ​សំអាត​ចិត្ត​ឡើង ៩ ចូរ​ឲ្យ​មាន​សេចក្តី​ទុក្ខ ហើយ​យំ​សោក ទាំង​ស្រក់​ទឹក​ភ្នែក​ចុះ សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ ហើយ​ឲ្យ​សេចក្តី​អំណរ​ទៅ​ជា​សេចក្តី​ព្រួយ​វិញ ១០ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង។

កុំ​ថ្កោល​ទោស​បង​ប្អូន

១១ បង​ប្អូន​អើយ កុំ​ឲ្យ​និន្ទា​គ្នា​ឡើយ អ្នក​ណា​ដែល​និន្ទា ហើយ​ថ្កោល​ទោស​បង​ប្អូន​ខ្លួន​នោះ​ក៏​និន្ទា ហើយ​ថ្កោល​ទោស​ចំពោះ​ក្រឹត្យវិន័យ​ដែរ បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យវិន័យ នោះ​អ្នក​មិន​មែន​កាន់​តាម​ក្រឹត្យវិន័យ​ទេ គឺ​ឈ្មោះ​ថា​ជា​អ្នក​ថ្កោល​ទោស​វិញ ១២ ឯ​អ្នក​ដែល​តែង​ក្រឹត្យវិន័យ ហើយ​ជំនុំ​ជំរះ​ផង នោះ​មាន​តែ​១​ទេ គឺ​ជា​ព្រះ ដែល​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ ឬ​បំផ្លាញ​ក៏​បាន ចុះ​តើ​អ្នក​ជា​អ្វី ដែល​ថ្កោល​ទោស​អ្នក​ដទៃ​នោះ។

កុំ​មាន​គំនិត​ខ្ពស់

១៣ ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ ១៤ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ ១៥ គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ ១៦ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួត​អាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាង​នោះ សុទ្ធ​តែ​អាក្រក់​ទាំង​អស់ ១៧ ដូច្នេះ ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ។

យ៉ាកុប ៥

ការ​ព្រមាន​ពួក​អ្នក​មាន

១ ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​យំ​សោក​ចុះ ព្រម​ទាំង​ស្រែក​ទ្រហោ​ផង ដោយ​ព្រោះ​សេចក្តី​វេទនា ដែល​ត្រូវ​មក​លើ​អ្នក​រាល់​គ្នា ២ ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុករលួយ ហើយ​សំលៀកបំពាក់​អ្នក​រាល់​គ្នា ត្រូវ​កន្លាត​កាត់​អស់​ហើយ ៣ មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ដុះ​ស្នឹម ឯ​ស្នឹម​នោះ នឹង​បាន​ទុក​សំរាប់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​និង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យសម្បត្តិ​ឡើង នៅ​ជាន់​ក្រោយ​បង្អស់​នេះ ៤ មើល ប្រាក់​ឈ្នួល ដែល​អ្នក​រាល់​គ្នា​បាន​បង្ខាន​ចំពោះ​ពួក​ជើង​ឈ្នួល ជា​អ្នក​ច្រូត​នៅ​ស្រែ​របស់​អ្នក​រាល់​គ្នា នោះ​ក៏​ស្រែក​ឡើង ហើយ​សំរែក​នៃ​ពួក​អ្នក​ដែល​ច្រូត​នោះ បាន​ឮ​ទៅ​ដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ ៥ អ្នក​រាល់​គ្នា​បាន​នៅ​លើ​ផែនដី បែប​ប្រសើរ​រុងរឿង តាម​តែ​ចិត្ត​សំរើប​ស្រើប ទាំង​ចំអែត​ចិត្ត ដូច​ជា​នៅ​ថ្ងៃ​សំឡាប់​សត្វ ៦ អ្នក​រាល់​គ្នា​បាន​កាត់​ទោស ក៏​បាន​សំឡាប់​មនុស្ស​សុចរិត តែ​គេ​មិន​បាន​តយុទ្ធ​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។

ការ​អត់ធ្មត់ និង​ការ​ព្យាយាម​អធិស្ឋាន

៧ បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់ធ្មត់ ដរាប​ដល់​ព្រះអម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ​គេ​រង់ចាំ​ផង​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្តី​អត់ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ និង​ចុង​រដូវ​ផង ៨ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់ខ្ជួន​ឡើង ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ ៩ បង​ប្អូន​អើយ កុំ​ឲ្យ​រទូរទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ក្រែង​មាន​ទោស មើល​ចៅក្រម លោក​ឈរ​នៅ​មាត់​ទ្វារ​ហើយ ១០ បង​ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ទាយ​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្តី​ទុក្ខ​លំបាក និង​ពី​សេចក្តី​អត់ធ្មត់​ចុះ ១១ មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ពី​សេចក្តី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា និង​សេចក្តី​អាណិតអាសូរ​ពោរពេញ​ដែរ ១២ តែ​បង​ប្អូន​អើយ កុំ​ឲ្យ​ស្បថ​ជា​ដើម ទោះ​បើ​នឹង​ស្ថានសួគ៌ ឬ និង​ផែនដី​ក្តី ក៏​កុំ​ឲ្យ​ស្បថ​យ៉ាង​ណា​ឲ្យ​សោះ តែ​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា បាន​នៅ​តែ «បាទ» ហើយ​ពាក្យ «ទេ» នៅ​តែ «ទេ» ដដែល ក្រែង​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស។ ១៣ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា កើត​ទុក្ខ​លំបាក​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ ត្រូវ​ឲ្យ​គេ​ច្រៀង​សរសើរ​ដល់​ព្រះ​ចុះ ១៤ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​ឈឺ​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់​ផង ១៥ នោះ​ពាក្យ​អធិស្ឋាន​នៃ​សេចក្តី​ជំនឿ នឹង​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ហេវ​នោះ ហើយ​ព្រះអម្ចាស់​ទ្រង់​នឹង​ប្រោស​ឲ្យ​គាត់​បាន​ជា​ឡើង បើ​គាត់​បាន​ធ្វើ​បាប​អ្វី នោះ​នឹង​បាន​អត់​ទោស​ឲ្យ​ផង ១៦ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បាន​ជា​ចុះ ដ្បិត​សេចក្តី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់ ១៧ ឯ​ហោរា​អេលីយ៉ា លោក​មាន​ចិត្ត​ដូច​ជា​យើង​ដែរ តែ​លោក​បាន​អធិស្ឋាន សូម​កុំ​ឲ្យ​មាន​ភ្លៀង នោះ​នៅ​ផែនដី​ក៏​រាំង​អស់​រវាង​៣​ឆ្នាំ​៦​ខែ ១៨ រួច​លោក​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​ដី​បាន​បង្កើត​ផល​ផ្លែ​ឡើង។ ១៩ បង​ប្អូន​អើយ បើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា គេ​វង្វេង​ចេញ​ពី​សេចក្តី​ពិត ហើយ​មាន​អ្នក​ណា​នាំ​អ្នក​នោះ​ត្រឡប់​មក​វិញ ២០ នោះ​ត្រូវ​ដឹង​ថា អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ នោះ​ឈ្មោះ​ថា បាន​ជួយ​សង្គ្រោះ​ព្រលឹង​១ ឲ្យ​រួច​ពី​សេចក្តី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត​ផង។:៚

១ ពេត្រុស​ទី​ ១

សេចក្តី​ផ្តើម

១ សំបុត្រ​ពេត្រុស​ជា​សាវ័ក​នៃ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក​ខ្ចាត់ខ្ចាយ ដែល​សំណាក់​នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ាដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូនា ២ ជា​ពួក​អ្នក​រើស​តាំង តាម​បព្វញាណ​នៃ​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយ​ព្រះវិញ្ញាណ​ទ្រង់​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់ ព្រម​ទាំង​បាន​ព្រះលោហិត​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប្រោះ​លើ​ខ្លួន សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត កាន់​តែ​ច្រើន​ឡើង។

សេចក្តី​សង្ឃឹម

៣ សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ ៤ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុករលួយ ក៏​ឥត​សៅហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក​ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថានសួគ៌ ៥ គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយសារ​សេចក្តី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្តី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ ៦ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្តី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្តី​ល្បួង​ផ្សេងៗ​ក៏​ដោយ ៧ ដើម្បី​ឲ្យ​ការ​សាកលសេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា ដ៏​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ នោះ​បាន​ឃើញ​សំរាប់​ជា​សេចក្តី​សរសើរ កេរ្តិ៍ឈ្មោះ និង​សិរីល្អ ក្នុង​កាល​ដែល​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​លេច​មក ៨ ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ៩ ដោយ​បាន​ទទួល​ចុង​បំផុត​នៃ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្តី​សង្គ្រោះ​ដល់​ព្រលឹង ១០ ឯ​ពួក​ហោរា ជា​អ្នក​បាន​ទាយ​ពី​ព្រះគុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា គេ​បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្តី​សង្គ្រោះ​នោះ ១១ ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពេល​វេលា​ណា ឬ​គ្រា​យ៉ាង​ណា ដែល​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ដ៏​សណ្ឋិត​ក្នុង​គេ ទ្រង់​ចង្អុល​បង្ហាញ ក្នុង​កាល​ដែល​ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះគ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរីល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ ១២ តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្តី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថានសួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្តី​ទាំង​នោះ​ដែរ។

ការ​ទូន្មាន​ឲ្យ​មាន​ជីវិត​ដ៏​វិសុទ្ធ

១៣ ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្តី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះគុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​លេច​មក​ផង ១៤ ឲ្យ​ដូច​ជា​ពួក​កូន​ដែល​ស្តាប់​បង្គាប់ ឥត​បណ្តោយ​តាម​សេចក្តី​ប៉ងប្រាថ្នា ដែល​អ្នក​រាល់​គ្នា​មាន ពី​កាល​នៅ​ល្ងង់​ពី​ដើម​នោះ​ឡើយ ១៥ តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ ១៦ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ» ១៧ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អំពាវនាវ​ដល់​ទ្រង់ ទុក​ដូច​ជា​ព្រះវរបិតា​ដែល​ទ្រង់​ជំនុំ​ជំរះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​កោតខ្លាច ក្នុង​កាល​ដែល​នៅ​សំណាក់​ក្នុង​ជីវិត​នេះ​នៅ​ឡើយ​ចុះ ១៨ ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុករលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ ១៩ គឺ​បាន​លោះ​ដោយសារ​ព្រះលោហិត​ដ៏​វិសេស​របស់​ព្រះគ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម ២០ ដែល​បាន​ស្គាល់​តាំង​ពី​មុន​កំណើត​លោកីយ៍​មក តែ​ទើប​នឹង​លេច​មក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ២១ ដែល​ដោយសារ​ទ្រង់ នោះ​អ្នក​រាល់​គ្នា​ក៏​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សិរីល្អ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ ហើយ​និង​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​បាន​ជាប់​នៅ​នឹង​ព្រះ។ ២២ អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្តី​ពិត សំរាប់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​ដ៏​ស្អាត​ចុះ ២៣ ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុករលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​វិញ គឺ​ជា​ព្រះបន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់លាប់ ២៤ ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរីល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ រីឯ​ធម្មតា​ស្មៅ នោះ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ ២៥ តែ​ឯ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ នោះ​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ គឺ​ជា​ព្រះបន្ទូល​នេះ ដែល​បាន​ផ្សាយ​មក​អ្នក​រាល់​គ្នា​ហើយ។

១ ពេត្រុស​ទី​ ២

រាស្ត្រ​បរិសុទ្ធ

១ ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​លះបង់​ចោល​អស់​ទាំង​សេចក្តី​គំរក់ និង​កិច្ចកល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពុត​មាយា ចិត្ត​ច្រណែន ហើយ​ពាក្យ​និយាយ​ដើម​គេ​ទាំង​អស់​ចេញ ២ នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ ៣ គឺ​បើ​អ្នក​រាល់​គ្នា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​ល្អ​មែន ៤ ឯ​អ្នក​រាល់​គ្នា ដែល​កំពុង​តែ​មក​ឯ​ទ្រង់​ដ៏​ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះ​បង់​ចោល​ចេញ តែ​ព្រះ​បាន​ជ្រើសរើស ហើយ​រាប់​ជា​វិសេស​វិញ ៥ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ ជា​ពួក​សង្ឃ​បរិសុទ្ធ សំរាប់​នឹង​ថ្វាយ​គ្រឿង​បូជា​ខាង​ព្រលឹង​វិញ្ញាណ ដែល​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ទទួល ដោយ​ព្រះយេស៊ូវគ្រីស្ទ ៦ ពី​ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​គម្ពីរ​ថា «មើល​អ្នក​ដាក់​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើសរើស ហើយ​វិសេសវិសាល អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ» ៧ ដូច្នេះ ដែល​ទ្រង់​វិសេស នោះ​គឺ​វិសេស​ដល់​អ្នក​រាល់​គ្នា​ដែល​ជឿ តែ​ដល់​ពួក​អ្នក​មិន​ជឿ​វិញ នោះ«ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» ៨ «ជា​ថ្ម​ជំពប់ ហើយ​ជា​ថ្មដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» គេ​ជំពប់​នឹង​ព្រះបន្ទូល​ដោយ​ព្រោះ​តែ​មិន​ជឿ ហើយ​គេ​ក៏​ត្រូវ​តម្រូវ​ទុក​សំរាប់​ការ​នោះ​ឯង ៩ តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់ ១០ ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​សាសន៍​ណា​មួយ​ទេ តែ​ឥឡូវ​នេះ​ជា​សាសន៍​របស់​ព្រះ​វិញ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តាករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​ហើយ។

របៀប​រស់​នៅ​នៃ​អ្នក​បំរើ​របស់​ព្រះ

១១ ឱ​ពួក​ស្ងួនភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​ពួក​ប្រទេស​ក្រៅ ហើយ​ដូច​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​សំណាក់​នៅ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ពី​សេចក្តី​ប៉ងប្រាថ្នាខាង​សាច់​ឈាម ដែល​តយុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ ១២ ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មកប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ។ ១៣ ចូរ​ឲ្យ​ចុះ​ចូល នឹង​គ្រប់​ទាំង​ច្បាប់ នៃ​មនុស្ស​លោក ដោយ​យល់​ដល់​ព្រះអម្ចាស់ ទោះ​បើ​នឹង​ស្តេច ទុក​ជា​ធំ​បណ្តាច់ ១៤ ឬ​នឹង​ចៅហ្វាយ ទុក​ដូច​ជា​អ្នក​ដែល​ស្តេច​ចាត់ចែង​ផង ដែល​លោក​ទាំង​នោះ​សំរាប់​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​និង​សរសើរ​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​វិញ ១៥ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ ឲ្យ​បំបាត់​ពាក្យ​សំដី​ចំកួត​របស់​មនុស្ស​ខ្លៅ​ល្ងង់​ចេញ ដោយសារ​កិរិយា​ល្អ ១៦ គឺ​ត្រូវ​ចុះ​ចូល​ទុក​ដូច​ជា​មនុស្ស​មាន​សេរីភាព តែ​មិន​មែន​ដោយ​ប្រើ​សេរី​នោះ ដើម្បី​នឹង​បំបិតបំបាំង​សេចក្តី​អាក្រក់​ឡើយ ត្រូវ​ចុះ​ចូល​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ​វិញ ១៧ ចូរ​រាប់​អាន​ដល់​មនុស្ស​ទាំង​អស់ ហើយ​ស្រឡាញ់​បង​ប្អូន កោតខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិបត្តិ​ដល់​ស្តេច​ផង។

គំរូ​អំពី​ទុក្ខ​លំបាក​របស់​ព្រះគ្រីស្ទ

១៨ ឱ​ពួក​អ្នក​បំរើ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ចៅហ្វាយ ដោយ​កោតខ្លាច​គ្រប់​យ៉ាង មិន​មែន​ត្រឹម​តែ​ចៅហ្វាយ​ណា​ដែល​ស្លូតបូត​ល្អ​ប៉ុណ្ណោះ ទោះ​ទាំង​ចៅហ្វាយ​ដែល​កាច​ក៏​ដែរ ១៩ ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ ២០ បើ​អ្នក​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​នឹង​មាន​សេចក្តី​ប្រសើរ​អ្វី តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន ២១ ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្តី​នោះ​ឯង ពី​ព្រោះ​ព្រះគ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់ ២២ ទ្រង់​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ក៏​មិន​ឃើញ​មាន​កិច្ចកល​អ្វី​នៅ​ព្រះឱស្ឋ​ទ្រង់​ឡើយ ២៣ កាល​គេ​បាន​ជេរប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហកកំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំជំរះ​ដោយ​សុចរិត​វិញ ២៤ ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្តី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាបហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់ ដែល​អ្នក​រាល់​គ្នា​បាន​ជា ២៥ ដ្បិត​ពី​ដើម​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ​បាន​ត្រឡប់​មក​ឯ​អ្នក​គង្វាល ជា​អ្នក​ថែទាំ​ព្រលឹង​អ្នក​រាល់​គ្នា​វិញ​ហើយ។

១ ពេត្រុស​ទី​ ៣

ទំនាក់ទំនង​រវាង​ស្វាមី និង​ភរិយា

១ ឯ​ពួក​ស្រីៗ ត្រូវ​ចុះ​ចូល​ចំពោះ​ប្តី​ខ្លួន​បែប​ដូច្នោះ​ដែរ ដើម្បី​បើ​មាន​អ្នក​ណា ដែល​មិន​ព្រម​ស្តាប់​បង្គាប់ តាម​ព្រះបន្ទូល នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន ដោយសារ​កិរិយា​ល្អ​ក្រៅ​ពី​ព្រះបន្ទូល ២ ដោយ​អ្នក​នោះ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​យ៉ាង​កោតខ្លាច​ដល់​ព្រះ ៣ ទាំង​តែង​ខ្លួន​មិន​មែន​ដោយ​បែប​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សំលៀកបំពាក់​ផ្សេងៗ ឡើយ ៤ គឺ​តែង​ចំពោះ​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ ដោយ​គ្រឿង​ដ៏​មិន​ចេះ​ពុករលួយ​របស់​វិញ្ញាណ​សំឡូត ហើយ​រម្យទម នោះ​ឯង​ជា​សេចក្តី​ដែល​មាន​ដំឡៃ​វិសេស​នៅ​ចំពោះ​ព្រះ ៥ ដ្បិត​ពី​ដើម ពួក​ស្រីៗ បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តែង​ខ្លួន​យ៉ាង​ដូច្នោះ ទាំង​ចុះ​ចូល​ចំពោះ​ប្តី​ខ្លួន​ដែរ ៦ ដូច​ជា​នាង​សារ៉ា​បាន​ចុះ​ចូល​នឹង​លោក​អ័ប្រាហាំ ព្រម​ទាំង​ហៅ​លោក​ជា​ម្ចាស់​ផង ឯ​អ្នក​រាល់​គ្នា ក៏​បាន​ត្រឡប់​ជា​ពូជ​នាង​នោះ​ដោយ​បាន​ប្រព្រឹត្ត​ល្អ ឥត​ភិតភ័យ​នឹង​សេចក្តី​ស្ញែង​ខ្លាច​ណា​ឡើយ ៧ ឯ​ពួក​ប្រុសៗ នោះ​ក៏​ត្រូវ​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី ព្រម​ទាំង​រាប់​អាន​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះគុណ​នៃ​ជីវិត ទុក​ជា​មរដក​ជា​មួយ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​បង្អាក់ ដល់​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​ឡើយ។

ទំនាក់ទំនង​រវាង​បង​ប្អូន

៨ ក្រោយ​បង្អស់​នេះ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិតអាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន និង​មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព ៩ ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្តី​នោះ​ឯង ដើម្បី​បាន​ព្រះពរ​ជា​មរដក ១០ ដ្បិត «អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ដ៏​ល្អ នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ពី​សេចក្តី​អាក្រក់​ចេញ ហើយ​បបូរ​មាត់​ក៏​ដែរ កុំ​ឲ្យ​ពោល​ពាក្យ​ប្រកប​ដោយ​ឧបាយកល​ឡើយ ១១ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក ហើយ​ដេញ​តាម​សេចក្តី​មេត្រីភាព ១២ ពី​ព្រោះ​ព្រះនេត្រ​នៃ​ព្រះអម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះកាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ តែ​ព្រះភក្ត្រ​ព្រះអម្ចាស់​តែង​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​វិញ»។ ១៣ បើ​អ្នក​រាល់​គ្នា​ឧស្សាហ៍​នឹង​ប្រព្រឹត្ត​ការ​ល្អ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​ដល់​អ្នក​រាល់​គ្នា ១៤ តែ​បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្តី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ពិត មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​ចំពោះ​សេចក្តី​ស្ញែង​ខ្លាច​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​ថប់​បារម្ភ​ដែរ ១៥ ចូរ​ឲ្យ​តាំង​ព្រះគ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះអម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា ១៦ ព្រម​ទាំង​មាន​បញ្ញា​ចិត្ត​ជ្រះថ្លា ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ បាន​អៀនខ្មាស​វិញ ដោយ​ព្រោះ​គេ​និយាយ​បង្កាច់​ពី​កិរិយា​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ក្នុង​ព្រះគ្រីស្ទ ១៧ ដ្បិត​បើ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ដោយ​ព្រោះ​ការ​ល្អ​ជា​ជាង​ការ​អាក្រក់ ១៨ ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ ១៩ ហើយ​ដោយ​នូវ​ព្រះវិញ្ញាណ​នោះ​ឯង ទ្រង់​បាន​យាង​ទៅ​ប្រដៅ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ជឿ ២០ គឺ​ក្នុង​ខណៈ​ដែល​សេចក្តី​អត់ធ្មត់​របស់​ព្រះ បាន​រង់ចាំ​នៅ​ជំនាន់​លោក​ណូអេ កាល​លោក​កំពុង​តែ​ធ្វើ​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ​មាន​មនុស្ស​តែ​បន្តិច គឺ​៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ដោយសារ​ទឹក ២១ ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្តី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ២២ ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថានសួគ៌ គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច និង​ពួក​មាន​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន ចុះ​ចូល​នឹង​ទ្រង់​ដែរ។

១ ពេត្រុស​ទី​ ៤

ការ​រស់​នៅ​ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប

១ ដូច្នេះ ដែល​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម​ជំនួស​យើង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច្នោះ​ដែរ ទុក​ជា​គ្រឿង​ការពារ​ខ្លួន ដ្បិត​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម នោះ​បាន​ឈប់​ខាង​ឯ​អំពើ​បាប​ហើយ ២ ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​សល់ និង​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​មនុស្ស​ទៀត​ឡើយ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ៣ ដ្បិត​ដែល​ពី​ដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្តី​អាសអាភាស ការ​ស្រើបស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​សុទ្ធ​តែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ ៤ គេ​ក៏​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​រត់​ទៅ តាម​សេចក្តី​ខូច​អាក្រក់​ដ៏​ហូរហៀរ ជា​មួយ​នឹង​គេ​ដែរ បាន​ជា​គេ​ប្រមាថ​ដល់​អ្នក​រាល់​គ្នា ៥ តែ​គេ​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ព្រះ​វិញ ដែល​ទ្រង់​រៀប​នឹង​ជំនុំជំរះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ៦ ហេតុ​នោះ​បាន​ជា បាន​ផ្សាយ​ដំណឹង​ល្អ​ទៅ​មនុស្ស ដែល​ស្លាប់​ហើយ​ដែរ ដើម្បី​ឲ្យ​គេ​ត្រូវ​ជាប់​ជំនុំជំរះ​ខាង​ឯ​សាច់​ឈាម តាម​បែប​មនុស្ស តែ​ឲ្យ​គេ​បាន​រស់​ខាង​ឯ​វិញ្ញាណ​តាម​ព្រះ​វិញ។

របៀប​រស់​នៅ​ក្នុង​ក្រុម​គ្រីស្ទបរិស័ទ

៧ រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​អធិស្ឋាន​ចុះ ៨ តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត ៩ ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥត​មាន​ត្អូញត្អែរ​ឡើយ ១០ គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ ១១ បើ​អ្នក​ណា​អធិប្បាយ នោះ​ត្រូវ​តែ​អធិប្បាយ ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​បើ​អ្នក​ណា​បំរើ នោះ​ត្រូវ​បំរើ​ដោយ​កំឡាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​មាន​សិរីល្អ និង​ព្រះចេស្តា​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។

ទុក្ខ​លំបាក​របស់​គ្រីស្ទបរិស័ទ

១២ ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្តី​ចំឡែក​នោះ​ឡើយ ១៣ ត្រូវ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេកអរ​រីករាយ​ជា​ខ្លាំង ក្នុង​កាល​ដែល​សិរីល្អ​ទ្រង់​លេច​មក ១៤ បើ​សិន​ជា​គេ​តិះដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ពរ​ហើយ ពី​ព្រោះ​ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ ១៥ កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រង​ទុក្ខ​ទោស ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ ១៦ តែ​បើ​រង​ទុក្ខ ដោយ​ព្រោះ​ជា​ពួក​គ្រីស្ទាន​វិញ នោះ​កុំ​ឲ្យ​ខ្មាស​ឲ្យ​សោះ ចូរ​សរសើរដំកើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ ១៧ ដ្បិត​ពេល​វេលា​ដែល​សេចក្តី​ជំនុំជំរះ​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ បើ​សិន​ជា​ចាប់​តាំង​ពី​យើង​រាល់​គ្នា​ជា​មុន​ដូច្នេះ នោះ​តើ​ចុង​បំផុត​របស់​ពួក​អ្នក ដែល​មិន​ជឿ​តាម​ដំណឹង​ល្អ​នៃ​ព្រះ នឹង​បាន​យ៉ាង​ដូម្តេច​ទៅ ១៨ បើ​មនុស្ស​សុចរិត​បាន​រួច​ដោយ​ពិបាក​ផង នោះ​ពួក​ទមិល​ល្មើស និង​ពួក​មាន​បាប​នឹង​លេច​មក​នៅ​ឯ​ណា ១៩ ដូច្នេះ ពួក​អ្នក​ដែល​រង​ទុក្ខ​តាម​ព្រះហឫទ័យ​នៃ​ព្រះ នោះ​ត្រូវ​ផ្ញើ​ព្រលឹង​ខ្លួន​ទុក​នឹង​ព្រះ​ដ៏​បង្កបង្កើត ដែល​ទ្រង់​ស្មោះត្រង់ ដោយ​ខ្លួន​ប្រព្រឹត្ត​ការ​ល្អ​ចុះ។

១ ពេត្រុស​ទី​ ៥

ភារកិច្ច​របស់​អ្នក​ទទួល​ខុស​ត្រូវ​ពួក​ជំនុំ

១ ឯ​ពួក​ចាស់ទុំ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ ដែល​ជា​អ្នក​ចាស់ទុំ​ដែរ ហើយ​ជា​ស្មរ​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះគ្រីស្ទ ជា​អ្នក​មាន​ចំណែក​ក្នុង​សិរីល្អ​ដែល​ត្រូវ​លេច​មក ខ្ញុំ​សូម​ទូន្មាន​ថា ២ ចូរ​ឃ្វាល​ហ្វូង​ចៀមរបស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ ទាំង​គ្រប់​គ្រង​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ ៣ មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់​ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ ៤ រួច​កាល​ណា​មេ​ពួក​អ្នក​គង្វាល​បាន​លេច​មក​នោះ​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​ស្រពោន​ឡើយ។

ភារកិច្ច​របស់​អ្នក​ជឿ

៥ ឯ​អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង នោះ​ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់ទុំ​ដែរ ហើយ​ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្តល់​ព្រះគុណ​ដល់​ពួក​រាប​សា​វិញ ៦ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់ ៧ ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។ ៨ ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន ៩ ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំមួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ៍​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ ១០ រីឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច ១១ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ នឹង​ព្រះចេស្តា​នៅ​អស់​កល្ប​ជានិច្ច ជា​រៀង​រាប​ត​ទៅ អាម៉ែន។

អវសានកថា

១២ ខ្ញុំ​បាន​សរសេរ​យ៉ាង​ខ្លី ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយសារ​អ្នក​ស៊ីលវ៉ាន ដែល​ខ្ញុំ​រាប់​ទុក​ជា​បង​ប្អូន​ស្មោះត្រង់​ពិត ដើម្បី​នឹង​ទូន្មាន ហើយ​ធ្វើ​បន្ទាល់​ថា ព្រះគុណ​នៃ​ព្រះ​ដែល​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម នោះ​ជា​ព្រះគុណ​ពិត​ប្រាកដ​ហើយ ១៣ ពួក​ជំនុំ​នៅ​ក្រុង​បាប៊ីឡូន ដែល​ទ្រង់​បាន​រើស​តាំង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ព្រម​ទាំង​អ្នក​ម៉ាកុស ជា​កូន​ខ្ញុំ​ផង គេ​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា ១៤ សូម​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​ដ៏​កើត​អំពី​ចិត្ត​ស្រឡាញ់ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​ចុះ។ អាម៉ែន។:៚

២ ពេត្រុស​ទី​ ១

សេចក្តី​ផ្តើម

១ សំបុត្រ​ស៊ីម៉ូន-ពេត្រុស ជា​បាវ​បំរើ ហើយ​ជា​សាវ័ក​របស់​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក ដែល​បាន​ទទួល​សេចក្តី​ជំនឿ​ដ៏​វិសេស ត្រូវ​គ្នា​នឹង​យើង​ខ្ញុំ​ដែរ ដោយ​សេចក្តី​សុចរិត​របស់​ព្រះយេស៊ូវគ្រីស្ទ ដ៏​ជា​ព្រះ ហើយ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ២ សូម​ឲ្យ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្គាល់​ព្រះ និង​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង។

ព្រះ​ត្រាស់ហៅ​គ្រីស្ទបរិស័ទ

៣ ដ្បិត​ព្រះចេស្តា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​របស់​ទាំង​អស់ ខាង​ឯ​ជីវិត និង​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដោយ​យើង​បាន​ស្គាល់​ព្រះអង្គ ដែល​ទ្រង់​ហៅ​យើង​រាល់​គ្នា​មក ដោយសារ​សិរីល្អ និង​សគុណ​របស់​ទ្រង់ ៤ ដែល​ដោយសារ​សេចក្តី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយសារ​សេចក្តី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្តី​ពុករលួយ​នៅ​ក្នុង​លោកីយ៍​នេះ​ដែល​កើត​អំពី​សេចក្តី​ប៉ងប្រាថ្នា ៥ ហើយ​ដោយ​ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​ដំរិះ ៦ ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្តី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្តី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ៧ ឲ្យ​សេចក្តី​គោរព​ប្រតិបត្តិ បាន​ចេះ​រាប់​អាន​គ្នា​ជា​បង​ប្អូន ហើយ​ឲ្យ​សេចក្តី​រាប់​អាន​គ្នា​បាន​សេចក្តី​ស្រឡាញ់​ថែម​ទៀត ៨ ដ្បិត​បើ​មាន​សេចក្តី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ ៩ ពី​ព្រោះ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ទាំង​នោះ គឺ​ឈ្មោះ​ថា​ជា​អ្នក​ខ្វាក់ មើល​ទៅ​ឆ្ងាយ​មិន​ឃើញ ព្រម​ទាំង​ភ្លេច​ថា ព្រះ​បាន​សំអាត​បាប​ដែល​ខ្លួន​ធ្វើ​ពី​ដើម​ផង ១០ ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ ១១ ដ្បិត​យ៉ាង​នោះ​នឹង​មាន​ផ្លូវ​បើក​ចំហ ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​នគរ​ដ៏​នៅ​អស់​កល្ប​ជានិច្ច របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។ ១២ ដូច្នេះ ខ្ញុំ​ប្រុង​ប្រៀប​នឹង​រំឭក ដល់​អ្នក​រាល់​គ្នា អំពី​សេចក្តី​ទាំង​នេះ​ជានិច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ស្គាល់ ហើយ​បាន​តាំង​ខ្ជាប់ខ្ជួន ក្នុង​សេចក្តី​ពិត ដែល​មាន​ហើយ​ក៏​ដោយ ១៣ ហើយ​កាល​ខ្ញុំ​នៅ​ក្នុង​ត្រសាល​នេះ​នៅ​ឡើយ នោះ​ខ្ញុំ​គិត​ថា ត្រូវ​ឲ្យ​ខ្ញុំ​ដាស់តឿន​រំឭក​ដល់​អ្នក​រាល់​គ្នា​ជា​ដរាប ១៤ ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​ត្រសាល​នេះ​ចេញ នោះ​ដល់​ឆាប់​ហើយ ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ទ្រង់​បាន​បង្ហាញ​ខ្ញុំ ១៥ មួយ​ទៀត​ខ្ញុំ​នឹង​ខំ​ប្រឹង​រំឭក​រាល់​ពេល​វេលា ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ចាំ​ពី​សេចក្តី​ទាំង​នេះ​ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់​ដែរ។

បន្ទាល់​អំពី​សិរីរុងរឿង​របស់​ព្រះយេស៊ូវ

១៦ ដ្បិត​ដែល​យើង​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ដល់​ព្រះចេស្តា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង និង​ដំណើរ​ដែល​ទ្រង់​យាង​មក នោះ​មិន​មែន​តាម​រឿង​ព្រេង​ប្រឌិត​ដោយ​ដំរិះ​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធានុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ ១៧ ដ្បិត​ទ្រង់​បាន​ល្បី​ព្រះនាម និង​សិរីល្អ​ពី​ព្រះ​ដ៏​ជា​ព្រះវរបិតា ក្នុង​កាល​ដែល​មាន​ឮ​សំឡេង​ពី​សិរីល្អ​ដ៏​ប្រសើរ​ឧត្តម មាន​ព្រះបន្ទូល​មក​ទ្រង់​ថា «នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​គាប់​ចិត្ត​អញ​ណាស់» ១៨ យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ ក្នុង​កាល​ដែល​នៅ​លើ​ភ្នំ​បរិសុទ្ធជា​មួយ​នឹង​ទ្រង់ ១៩ ហើយ​យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម ដូច​ជា​តាម​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ២០ ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ ២១ ដ្បិត​សេចក្តី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល​វិញ។

២ ពេត្រុស​ទី​ ២

អំពី​គ្រូ​ក្លែងក្លាយ

១ តែ​កាល​ពី​ដើម មាន​ហោរា​ក្លែងក្លាយ នៅ​ក្នុង​ពួក​ជន ដូច​ជា​នឹង​មាន​គ្រូ​ក្លែងកា្លយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​លួច​នាំ​បញ្ចូល​បក្សពួក​ដែល​បង្ខូច​បំផ្លាញ គេ​មិន​ព្រម​ស្គាល់​ព្រះ​ដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ ក៏​នាំ​សេចក្តី​វិនាស​ដ៏​ឆាប់​រហ័ស​ឲ្យ​មក​លើ​ខ្លួន​ផង ២ នឹង​មាន​មនុស្ស​ជា​ច្រើន​ទៅ​តាម​ផ្លូវ​វិនាស​របស់​គេ នោះ​ផ្លូវ​ពិត​នឹង​ត្រូវ​សេចក្តី​ប្រមាថ​មើលងាយ ដោយ​ព្រោះ​គេ​ដែរ ៣ ហើយ​ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ ដោយ​ពោល​ពាក្យ​បញ្ឆោតបំពោត តែ​តាំង​ពី​យូរ​មក​ហើយ សេចក្តី​ជំនុំជំរះ​គេ​មិន​នៅ​ស្ងៀម​ស្ងាត់​ទេ ហើយ​សេចក្តី​ហិនវិនាស​របស់​គេ​ក៏​មិន​ងុយងោក​ដែរ។ ៤ ដ្បិត​បើ​សិន​ជា​ព្រះ​មិន​បាន​ប្រណី ដល់​ពួក​ទេវតា​ដែល​បាន​ធ្វើ​អំពើ​បាប គឺ​ទ្រង់​បោះ​ទំលាក់​ទៅ​ក្នុង​ជង្ហុក​ជ្រៅ​បំផុត ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្តី​ងងឹត ទាំង​ឃុំ​ទុក​សំរាប់​នឹង​ជំនុំជំរះ​វិញ ៥ ហើយ​បើ​ទ្រង់​មិន​បាន​ប្រណី​ដល់​លោកីយ៍​ពី​ចាស់​បុរាណ ក្នុង​កាល​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពួក​មនុស្ស​ទមិល​ល្មើស តែ​បាន​ជួយ​សង្គ្រោះ​លោក​ណូអេ​ទាំង​អស់​គ្នា​មាន​៨​នាក់ ដែល​លោក​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្តី​សុចរិត ៦ ហើយ​បើ​ទ្រង់​បាន​បញ្ឆេះ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​ឲ្យ​ទៅ​ជា​ផែះ ទាំង​កាត់​ទោស ឲ្យ​ត្រូវ​ហិនវិនាស​សាបសូន្យ​ទៅ ទុក​ជា​គំរូ​ដល់​ពួក​មនុស្ស​ត​ទៅ​មុខ ដែល​គិត​រស់​នៅ​ដោយ​សេចក្តី​ទមិល​ល្មើស ៧ តែ​បាន​ប្រោស​លោក​ឡុត ជា​អ្នក​សុចរិត​ឲ្យ​រួច​វិញ ដែល​លោក​មាន​ចិត្ត​ព្រួយ​លំបាក ដោយ​ព្រោះ​កិរិយា​ខូច​អាក្រក់​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ ៨ ដ្បិត​អ្នក​សុចរិត​នោះ ដែល​នៅ​ជា​មួយ​នឹង​គេ ក៏​កើត​ទុក្ខ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​តែ​ថ្ងៃ ដោយ​បាន​ឮ ហើយ​ឃើញ​ការ​ទទឹង​ច្បាប់ ដែល​គេ​ប្រព្រឹត្ត​ធ្វើ ៩ បើ​ដូច្នេះ​ឃើញ​ថា ព្រះអម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្តី​ល្បួង ហើយ​និង​ឃុំ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​នឹង​ធ្វើ​ទោស​ក្នុង​ថ្ងៃ​ជំនុំជំរះ​វិញ ១០ គឺ​ពួក​អស់​អ្នក​ដែល​ដើរ​តាម​សាច់​ឈាម​ជា​ដើម ដែល​គេ​មាន​សេចក្តី​ប៉ងប្រាថ្នា​ខាង​ឯ​ការ​ស្មោកគ្រោក ហើយ​ក៏​មើលងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា​ដែរ គេ​ជា​ពួក​ព្រហើន មាន​ក្បាល​រឹង ដែល​មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ដល់​ទាំង​ពួក​ប្រសើរ​ឧត្តម​ផង ១១ ដែល​ពួក​ទេវតា​ដ៏​មាន​កំឡាំង មាន​ឫទ្ធិ​លើស​ជាង​គេ​ទៅ​ទៀត ក៏​មិន​ហ៊ាន​ប្រមាថ​ដល់​ពួក​នោះ នៅ​ចំពោះ​ព្រះអម្ចាស់​ឡើយ ១២ តែ​ដោយ​ព្រោះ​គេ​ជេរ​ប្រមាថ​ដល់​ការ​ដែល​គេ​មិន​ស្គាល់ នោះ​គេ​នឹង​ត្រូវ​វិនាស​បាត់​ក្នុង​ការ​ខូច​អាក្រក់​របស់​គេ​អស់​រលីង ដូច​ជា​សត្វ​តិរច្ឆាន ដែល​កើត​មក​សំរាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​កាប់​សំឡាប់​ប៉ុណ្ណោះ​ដែរ ១៣ គេ​ហៀប​នឹង​ទទួល​រង្វាន់​នៃ​ការ​ទុច្ចរិត គេ​ជា​ពួក​អ្នក​ដែល​រាប់​ការ​ស្រើបស្រាល​នៅ​ពេល​ថ្ងៃ ទុក​ជា​ការ​ត្រេកអរ​សប្បាយ គេ​ជា​ស្នាម​ប្រឡាក់ ហើយ​ជា​សេចក្តី​ស្មោកគ្រោក គេ​ត្រេកអរ​ដោយ​សេចក្តី​បញ្ឆោត​របស់​ខ្លួន ក្នុង​ពេល​កំពុង​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ១៤ គេ​មាន​ចិត្ត​នឹក​ឃើញ​តែ​ស្រី​សំផឹង គេ​មិន​ចេះ​លែង​ធ្វើ​បាប​ឡើយ ក៏​បិទ​នុយ​ចាប់​ព្រលឹង​មនុស្ស​ដែល​មិន​ខ្ជាប់ខ្ជួន ហើយ​មាន​ចិត្ត​ធ្លាប់​ខាង​ឯ​សេចក្តី​លោភ គឺ​ជា​មនុស្ស​ដែល​ត្រូវ​បណ្តាសា ១៥ គេ​បាន​បោះ​បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បាឡាម​ជា​កូន​បេអ៊រ ដែល​ស្រឡាញ់​កំរៃ​នៃ​ការ​ទុច្ចរិត ១៦ តែ​គាត់​ត្រូវ​បន្ទោស ដោយ​ព្រោះ​ការ​រំលង​របស់​គាត់ ដោយ​សត្វ​ព្រនាក់គ បាន​និយាយ​ជា​សំឡេង​មនុស្ស ទាំង​ឃាត់ឃាំង​សេចក្តី​ចំកួត​របស់​គាត់ ១៧ ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដែល​សេចក្តី​ងងឹត​សូន្យ​ឈឹង បាន​បំរុង​ទុក​ឲ្យ​គេ​នៅ​អស់​កល្ប​ជានិច្ច ១៨ ដ្បិត​គេ​និយាយ​សេចក្តី​អំនួត​អួត​យ៉ាង​សំបើម ទាំង​បិទ​នុយ​ដែល​ប្រកប​ដោយ​សេចក្តី​សំរើប​ខាង​សាច់​ឈាម និង​សេចក្តី​ខូច​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ចាប់​ពួក​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង ១៩ ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​បាន​សេរីភាព​ផង តែ​ខ្លួន​គេ​ក៏​នៅ​ជាប់​ជា​បាវ​បំរើ​របស់​សេចក្តី​ពុករលួយ​វិញ ដ្បិត​បើ​អ្នក​ណា​ត្រូវ​គេ​បង្ក្រាប​ខ្លួន នោះ​ត្រូវ​នៅ​ជាប់​ជា​បាវ​របស់​អ្នក​នោះ​ហើយ ២០ ពី​ព្រោះ​ក្រោយ​ដែល​បាន​រួច​ពី​សេចក្តី​ស្មោកគ្រោក របស់​លោកីយ៍​នេះ ដោយ​បាន​ស្គាល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​ហើយ បើ​អ្នក​ណា​ត្រឡប់​ទៅ​ជា​ជាប់​ទាក់ទិន ឲ្យ​សេចក្តី​ទាំង​នោះ​បាន​បង្រ្កាប​ខ្លួន​វិញ នោះ​សណ្ឋាន​ក្រោយ​របស់​អ្នក​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ២១ ដ្បិត​បើ​មិន​បាន​ស្គាល់​ផ្លូវ​សុចរិត​សោះ នោះ​ជា​ជាង​ឲ្យ​បាន​ស្គាល់ រួច​បែរ​ចេញ​ពី​សេចក្តី​បញ្ញត្ត​បរិសុទ្ធ ដែល​បាន​ប្រគល់​មក​ហើយ​នោះ​វិញ ២២ តែ​មាន​ការ​កើត​មក​ដល់​គេ ដូច​ជា​ពាក្យ​ទំនៀម​ពិត​ដែល​ថា «ឆ្កែ​បាន​ត្រឡប់​ទៅ​ស៊ី​កំអួត​វា ឯ​ជ្រូក​ញី​ដែល​គេ​លាង​ស្អាត​ហើយ បាន​ទៅ​ននៀល​នៅ​ក្នុង​ខ្នាច​វិញ»។

២ ពេត្រុស​ទី​ ៣

អំពី​ព្រះអម្ចាស់​យាង​វិល​ត្រឡប់​មក​វិញ

១ ឥឡូវ​នេះ ពួក​ស្ងួនភ្ងា​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​ទី​២​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​២​ច្បាប់ ខ្ញុំ​បាន​រំឭក​ដាស់តឿន​សតិស្មារតី​ដ៏​ស្អាតរបស់​អ្នក​រាល់​គ្នា​ហើយ ២ ដើម្បី​ឲ្យ​បាន​នឹក​ចាំ ពី​អស់​ទាំង​សេចក្តី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម និង​ពី​សេចក្តី​បញ្ញត្ត​របស់​ព្រះអម្ចាស់​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ ដែល​បង​ប្អូន​បាន​ឮ​ដោយសារ​យើង​ខ្ញុំ ជា​ពួក​សាវ័ក ៣ ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡកឡឺយ​ថា ៤ តើ​សេចក្តី​សន្យា​ពី​ព្រះអង្គ​យាង​មក​នៅ​ឯ​ណា ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល​ដូច​ជា​ពី​កំណើត​លោកីយ៍​រៀង​មក​ដែរ ៥ ពី​ព្រោះ​គេ​ចង់​បំភ្លេច​ថា ពី​ចាស់​បុរាណ​មាន​ផ្ទៃ​មេឃ ក៏​មាន​ដី​ដុះ​ចេញ​ពី​ទឹក ហើយ​នៅ​ក្នុង​ទឹក​ផង ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ ៦ រួច​មក​លោកីយ៍​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ​ទៅ ៧ តែ​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ជាន់​នេះ បាន​បំរុង​ទុក​ដល់​ថ្ងៃ​ជំនុំជំរះ ដោយសារ​ព្រះបន្ទូល​នៃ​ទ្រង់ សំរាប់​ឲ្យ​ភ្លើង​ឆេះ​វិញ ហើយ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ ៨ តែ​ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​ភ្លេច​សេចក្តី​១​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះអម្ចាស់​១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ ហើយ​១​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​១​ថ្ងៃ​ដែរ ៩ ព្រះអម្ចាស់​មិន​ផ្អាក​សេចក្តី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ ១០ រីឯ​ថ្ងៃ​នៃ​ព្រះអម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំគ្រេង ឯ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង ហើយ​ផែនដី និង​ការ​សព្វ​សារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ។ ១១ ចុះ​ដែល​របស់​ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ និង​សេចក្តី​គោរព​ប្រតិបត្តិ ១២ ទាំង​ទន្ទឹង​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង ដែល​នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​ឆេះ​រលាយ​អស់ ហើយ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង​ដូច្នេះ ១៣ តែ​តាម​សេចក្តី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្តី​សុចរិត​វិញ ១៤ ដូច្នេះ ឱ​ពួក​ស្ងួនភ្ងា​អើយ ដែល​ទន្ទឹង​ចាំ​សេចក្តី​ទាំង​នោះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្តី​មេត្រី​ផង ១៥ ហើយ​ត្រូវ​រាប់​សេចក្តី​អត់ធ្មត់​របស់​ព្រះអម្ចាស់​នៃ​យើង ទុក​ជា​សេចក្តី​សង្គ្រោះ ដូច​ជា​ប៉ុល ជា​បង​ប្អូន​ស្ងួនភ្ងា​របស់​យើង​ខ្ញុំ បាន​សរសេរ​មក​អ្នក​រាល់​គ្នា​តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក​ដែរ ១៦ ដូច​ជា​ក្នុង​គ្រប់​ទាំង​សំបុត្រ​របស់​លោក ដែល​សុទ្ធ​តែ​សំដែង​ពី​សេចក្តី​ទាំង​នេះ នោះ​មាន​សេចក្តី​ខ្លះ​ដែល​ពិបាក​យល់ ហើយ​ពួក​អ្នក​ខ្លៅ​ល្ងង់ និង​ពួក​មិន​ខ្ជាប់ខ្ជួន គេ​បង្វែរ​ន័យ​សេចក្តី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។ ១៧ ដូច្នេះ ពួក​ស្ងួនភ្ងា​អើយ ចូរ​ប្រយ័ត្ន ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នោះ​ជា​មុន​ហើយ ក្រែង​លោ​ធ្លាក់​ពី​សេចក្តី​ខ្ជាប់ខ្ជួន​របស់​អ្នក​រាល់​គ្នា​ចេញ ដោយ​បណ្តោយ​តាម​សេចក្តី​វង្វេង​របស់​ពួក​ទទឹង​ច្បាប់​នោះ ១៨ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចំរើន​ឡើង​ក្នុង​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ​នៅ​ជាន់​ឥឡូវ​នេះ ដរាប​ដល់​អស់​កល្ប​ជានិច្ច។ អាម៉ែន។:៚

១ យ៉ូហាន ១

ព្រះបន្ទូល​នៃ​ជីវិត

១ ឯ​សេចក្តី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​យើង​ខ្ញុំ​បាន​ឮ ហើយ​ភ្នែក​បាន​ឃើញ ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះពាល់ ខាង​ឯ​ព្រះបន្ទូល​នៃ​ជីវិត ២ (ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់ ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​កល្ប​ជានិច្ចដែល​ពី​ដើម​ស្ថិត​នៅនឹង​ព្រះវរបិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ) ៣ ដូច្នេះ សេចក្តី​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​នោះ យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ប្រកប​នឹង​យើង​ខ្ញុំ​ដែរ រីឯ​សេចក្តី​ប្រកប​របស់​យើង​ខ្ញុំ នោះ​គឺ​ប្រកប​នឹង​ព្រះវរបិតា ហើយ​និង​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​ទ្រង់ ៤ យើង​ខ្ញុំ​ក៏​សរសេរ​សេចក្តី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ឡើង។

ព្រះ​ជា​ពន្លឺ

៥ នេះ​ជា​ដំណឹង ដែល​យើង​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ ហើយ​ក៏​ប្រាប់​មក​អ្នក​រាល់​គ្នា គឺ​ថា ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ ៦ បើ​សិន​ជា​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្តី​ប្រកប​នឹង​ទ្រង់ តែ​ដើរក្នុង​សេចក្តី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​ទេ ៧ តែ​បើ​យើង​រាល់​គ្នា​ដើរក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្តី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះលោហិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

អំពើ​បាប និង​ការ​អត់​ទោស

៨ បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ ៩ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង ១០ បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ហើយ​ព្រះបន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ។

១ យ៉ូហាន ២

ព្រះគ្រីស្ទ​ជា​ទី​ពឹង​របស់​យើង

១ កូន​តូចៗ រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតា គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត ២ ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ៍​ទាំង​មូល​ដែរ។

បទ​បញ្ជា​ថ្មីៈ ត្រូវ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន

៣ យើង​រាល់​គ្នា​ដឹង​ថា យើង​ស្គាល់ទ្រង់ ដោយសារ​សេចក្តី​នេះ គឺ​ដោយ​យើង​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់ ៤ អ្នក​ណា​ដែល​ថា បាន​ស្គាល់​ទ្រង់ តែ​មិន​កាន់​តាម​បញ្ញត្ត​ទ្រង់​ទេ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កុហក ហើយ​សេចក្តី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ ៥ តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​បា្រកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្តី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ ៦ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។ ៧ ពួក​ស្ងួនភ្ងា​អើយ សេចក្តី​ដែល​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ជា​បញ្ញត្ត​ថ្មី​ទេ គឺ​ជា​បញ្ញត្ត​ចាស់​ដដែល ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បញ្ញត្ត​ចាស់​នោះ គឺ​ជា​ព្រះបន្ទូល ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ ៨ ខ្ញុំ​ក៏​សរសេរ​បញ្ញត្ត​១​ថ្មី​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ជា​សេចក្តី​ពិត​ដែល​នៅ​ក្នុង​ទ្រង់ ហើយ​ក្នុង​អ្នក​រាល់​គ្នាដែរ ដ្បិត​សេចក្តី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង ៩ អ្នក​ណា​ដែល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្តី​ងងឹត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ១០ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​បង​ប្អូន​ខ្លួន នោះ​តែង​នៅ​ក្នុង​ពន្លឺ​វិញ ហើយ​នៅ​ក្នុង​អ្នក​នោះ​គ្មាន​ហេតុ​ណា នឹង​បង្អាក់បង្អន់​ចិត្ត គេ​ឡើយ ១១ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្តី​ងងឹត​វិញ ក៏​ដើរ​ក្នុង​សេចក្តី​ងងឹត ហើយ​មិន​ដឹង​ជា​ខ្លួន​ទៅ​ឯ​ណា​ផង ពី​ព្រោះ​សេចក្តី​ងងឹត​នោះ​បាន​បំបាំង​ភ្នែក​ហើយ។ ១២ កូន​តូចៗ រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ​ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ ១៣ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះវរបិតា ១៤ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កំឡាំង ហើយ​ព្រះបន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ ១៥ កុំ​ឲ្យ​ស្រឡាញ់​លោកីយ៍ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ អ្នក​នោះ​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ ១៦ ដ្បិត​អស់​ទាំង​សេចក្តី ដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្តី​ប៉ងប្រាថ្នា​របស់​សាច់​ឈាម និង​សេចក្តី​ប៉ងប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្តី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ៍​នេះ​វិញ ១៧ ឯ​លោកីយ៍​នេះ និង​សេចក្តី​ប៉ងប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ។

អ្នក​ប្រឆាំង​ព្រះគ្រីស្ទ

១៨ ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់​ហើយ សព្វ​ថ្ងៃ​នេះ​កើត​មាន​ពួក​ទទឹង​នឹង​ព្រះគ្រីស្ទ​ជា​ច្រើន ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា អា​ទទឹង​នឹង​ព្រះគ្រីស្ទ​ត្រូវ​មក ហេតុ​នោះ​បាន​ជា​យើង​ដឹង​ថា នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់ ១៩ គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សំដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ ២០ រីឯ​អ្នក​រាល់​គ្នា បាន​ព្រះ​ដ៏​បរិសុទ្ធ​ចាក់លាប​ឲ្យ​ហើយ ក៏​ចេះ​គ្រប់​ទាំង​អស់​ផង ២១ ខ្ញុំ​សរសេរ​ផ្ញើ​មក មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្តី​ពិត​ទេ គឺ​ដោយ​ព្រោះ​បាន​ស្គាល់​ហើយ ក៏​ដឹង​ថា គ្មាន​សេចក្តី​ភូតភរ​ណា​កើត​ពី​សេចក្តី​ពិត​នោះ​ឡើយ ២២ តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​ជា​អ្នក​ដែល​ប្រកែក​ថា ព្រះយេស៊ូវ​មិន​មែន​ជា​ព្រះគ្រីស្ទ​នោះ​ទេ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ទាំង​ព្រះវរបិតា នឹង​ព្រះរាជបុត្រា​ផង អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ទទឹង​នឹង​ព្រះគ្រីស្ទ ២៣ ឯ​អស់​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះរាជបុត្រា នោះ​ក៏​គ្មាន​ព្រះវរបិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះរាជបុត្រា នោះ​ក៏​មាន​ទាំង​ព្រះវរបិតា​ផង ២៤ ដូច្នេះ ចូរ​ឲ្យ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​ខ្លួន​ចុះ បើ​សិន​ជា​សេចក្តី​ដែល​ឮ​តាំង​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ព្រះរាជបុត្រា ហើយ​ក្នុង​ព្រះវរបិតា​ដែរ ២៥ នេះ​ហើយ ជា​សេចក្តី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​កល្ប​ជានិច្ច។ ២៦ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ដំណើរ​នៃ​ពួក​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ២៧ រីឯ​ដំណើរ​ដែល​ទ្រង់​ចាក់​លាប​ឲ្យ នោះ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ពិត ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​បង្រៀន​ពី​ការ​អ្វី​ទេ ប៉ុន្តែ​ដូច​ជា​ដំណើរ​ចាក់​លាប​នោះ បាន​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ ហើយ​មិន​មែន​ជា​សេចក្តី​កំភូត​ទេ គឺ​ជា​សេចក្តី​ពិត​វិញ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ តាម​ដែល​ដំណើរ​នោះ​បាន​បង្រៀន​មក ២៨ ហើយ​ឥឡូវ​នេះ ពួក​កូន​តូចៗ អើយ ចូរ​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ ដើម្បី​កាល​ណា​ទ្រង់​លេច​មក នោះ​យើង​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ ២៩ បើ​អ្នក​រាល់​គ្នា​ដឹង​ថា ទ្រង់​សុចរិត នោះ​ត្រូវ​តែ​យល់​ឃើញ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត​នោះ គេ​បាន​កើត​ពី​ទ្រង់​មក​ដែរ។

១ យ៉ូហាន ៣

បុត្រ​របស់​ព្រះ

១ មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ៍​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ ២ ពួក​ស្ងួនភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង ៣ អស់​អ្នក​ណា​ដែល​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ ៤ ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​រំលង​ក្រឹត្យវិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រឹត្យវិន័យ​ហើយ ៥ អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​ក៏​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ ៦ ឯ​អស់​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទ្រង់ នោះ​មិន​ដែល​ធ្វើ​បាប​ទេ តែ​ពួក​អ្នក​ដែល​ធ្វើ​បាប​វិញ គេ​មិន​បាន​ឃើញ​ទ្រង់​ឡើយ ក៏​មិន​ស្គាល់​ទ្រង់​ផង។ ៧ កូន​តូចៗ រាល់​គ្នា​អើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​សេចក្តី​សុចរិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូច​ជា​ទ្រង់​ក៏​សុចរិត​ដែរ ៨ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​គឺ​មក​ពី​អារក្ស​ទេ ពី​ព្រោះ​អារក្ស​បាន​ធ្វើ​បាប ចាប់​តាំង​ពី​ដើម​រៀង​មក ដោយ​ហេតុ​នោះ​បាន​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ ៩ អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក ១០ គឺ​ជា​យ៉ាង​នោះ​ហើយ ដែល​នឹង​សំគាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្តី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ។

ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន

១១ ដ្បិត​នេះ​ឯង​ជា​សេចក្តី ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​ថា ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ១២ មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​សំឡាប់​ប្អូន គឺ​ពី​ព្រោះ​តែ​ការ​របស់​គាត់​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​ប៉ុណ្ណោះ។ ១៣ បង​ប្អូន​អើយ បើ​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ ១៤ យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្តី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន ឯ​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ជា​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ស្លាប់​នៅ​ឡើយ ១៥ អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​ណា​សំឡាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ ១៦ ដោយសារ​សេចក្តី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ ១៧ បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ៍​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន។ ១៨ ពួក​កូន​តូចៗ អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យ​សំដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្តី​ពិត​វិញ ១៩ គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្តី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង ២០ ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង ២១ ពួក​ស្ងួនភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្តី​ក្លាហាន នៅ​ចំពោះ​ព្រះ ២២ ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់​ដែរ ២៣ ឯ​បញ្ញត្ត​ទ្រង់​នោះ គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ ២៤ អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយសារ​ព្រះវិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។

១ យ៉ូហាន ៤

គ្រូ​ក្លែងក្លាយ

១ ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែងក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ៍​នេះ​ហើយ ២ យើង​នឹង​សំគាល់​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណាដែល​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ ៣ តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​អា​ទទឹង​ព្រះគ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ៍​ហើយ ៤ ពួក​កូន​តូចៗ អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង ៥ ពួក​នោះ​មក​ពី​លោកីយ៍​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ ៦ ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្តី​ពិត និង​វិញ្ញាណ​នៃ​សេចក្តី​ខុសឆ្គង​ទៅ​បាន។

ព្រះ​ជា​សេចក្តី​ស្រឡាញ់

៧ ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ ៨ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង ៩ សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះរាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយសារ​ទ្រង់ ១០ នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង ១១ ពួក​ស្ងួនភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ១២ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ ១៣ គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​ដឹង​ថា យើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះវិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា ១៤ ហើយ​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះវរបិតា​បាន​ចាត់​ព្រះរាជបុត្រា​មក ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក។ ១៥ អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ ១៦ យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ដល់​យើង ព្រះ​ទ្រង់​ជា​តួ​សេចក្តី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ ១៧ គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្តី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្តី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជំរះ ដ្បិត​ដែល​ព្រះ​ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ នៅ​ក្នុង​លោកីយ៍​នេះ​ដែរ ១៨ គ្មាន​សេចក្តី​ភ័យ​ខ្លាច​ណា នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ឡើយ សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ ពី​ព្រោះ​សេចក្តី​ភ័យ​ខ្លាច​តែង​ជាប់​មាន​សេចក្តី​វេទនា ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​ភ័យ​ខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត ខាង​ឯ​សេចក្តី​ស្រឡាញ់​នៅ​ឡើយ​ទេ ១៩ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។ ២០ បើ​អ្នក​ណា​ថា ខ្លួន​ស្រឡាញ់​ព្រះ តែ​ស្អប់​ដល់​បង​ប្អូន​វិញ អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន ដែល​បាន​មើល​ឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន ២១ មួយ​ទៀត យើង​បាន​ទទួល​បញ្ញត្ត​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ។

១ យ៉ូហាន ៥

ជំនឿ​លើ​ព្រះយេស៊ូវ​ជា​ប្រភព​នៃ​សេចក្តី​ស្រឡាញ់

១ អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក ហើយ​អស់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ដ៏​បង្កើត​ខ្លួន​មក នោះ​ក៏​រមែង​ស្រឡាញ់​ដល់​អស់​អ្នក​ឯ​ទៀត ដែល​កើត​ពី​ទ្រង់​មក​ដែរ ២ កាល​ណា​យើង​ស្រឡាញ់​ដល់​ព្រះ ហើយ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ នោះ​យើង​ដឹង​ថា យើង​ស្រឡាញ់​ដល់​ពួក​កូន​របស់​ព្រះ​ដែរ ៣ ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ៤ ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺ​ជា​សេចក្តី​ជំនឿ​របស់​យើង ៥ តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកីយ៍ បើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ។

សក្ខីភាព​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​ជីវិត​អស់​កល្ប​ជានិច្ច

៦ គឺ​ព្រះយេស៊ូវគ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះវិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះវិញ្ញាណ​ទ្រង់​ជា​សេចក្តី​ពិត ៧ មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថានសួគ៌ គឺ​ជា​ព្រះវរបិតា​១ ព្រះបន្ទូល​១ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ ៨ ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះវិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ ៩ បើ​សិន​ជា​យើង​បាន​ទទួល​សេចក្តី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្តី​បន្ទាល់​របស់​ព្រះ ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្តី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្តី​ដែល​ទ្រង់​ថ្លែង​ប្រាប់ ពី​ព្រះរាជបុត្រា​នៃ​ទ្រង់ ១០ អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​មាន​សេចក្តី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្តី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះរាជបុត្រា​នៃ​ទ្រង់ ១១ នេះ​ហើយ​ជា​សេចក្តី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះរាជបុត្រា​នៃ​ទ្រង់ ១២ ឯ​អ្នក​ណា​ដែល​មាន​ព្រះរាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។ ១៣ ខ្ញុំ​បាន​សរសេរ​សេចក្តី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះនាម​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ ១៤ យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម ១៥ បើ​យើង​ដឹង​ថា ទ្រង់​ទទួល​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ។ ១៦ បើ​អ្នក​ណា​ឃើញ​បង​ប្អូន​កំពុង​តែ​ធ្វើ​បាប គឺ​ជា​បាប​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ទេ នោះ​ត្រូវ​សូម​ចុះ ទ្រង់​នឹង​ប្រទាន​ជីវិត​មក​ដល់​អស់​អ្នក​ធ្វើ​បាប ដែល​មិន​មែន​មាន​ទោស​ដល់​ស្លាប់​នោះ​ជា​ពិត តែ​មាន​បាប​ម្យ៉ាង​ដែល​មាន​ទោស​ដល់​ស្លាប់​វិញ ឯ​បាប​នោះ​ខ្ញុំ​មិន​ថា ឲ្យ​សូម​អង្វរ​ឲ្យ​ទេ ១៧ គ្រប់​ទាំង​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​បាប​ទាំង​អស់ ហើយ​ក៏​មាន​បាប​ខ្លះ ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ដែរ ១៨ យើង​ដឹង​ថា អ្នក​ណា​ដែល​កើត​ពី​ព្រះ​មក នោះ​មិន​ចេះ​ធ្វើ​បាប​ទេ អ្នក​នោះ​ឯង​ជា​អ្នក​រក្សា​ខ្លួន​វិញ ហើយ​មេ​កំណាច​នឹង​ពាល់​អ្នក​នោះ​មិន​បាន​ឡើយ ១៩ យើង​ដឹង​ថា យើង​មក​ពី​ព្រះ​ពិត តែ​លោកីយ៍​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ ២០ យើង​ក៏​ដឹង​ថា ព្រះរាជបុត្រា​នៃ​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ យើង​រាល់​គ្នា​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ​នោះ គឺ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ទ្រង់ ព្រះអង្គ​នោះ​ឯង​ជា​ព្រះ​ពិត​ប្រាកដ ហើយ​ជា​ជីវិត​អស់​កល្ប​ជានិច្ច​ផង។ ២១ កូន​តូចៗ រាល់​គ្នា​អើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ​ចេញ។ អាម៉ែន។:៚

២ យ៉ូហាន ១

១ សំបុត្រ​អ្នក​ចាស់ទុំ ផ្ញើ​មក​លោក​ស្រីរើស​តាំង និង​កូន​ចៅ​របស់​លោក​ស្រី ដែល​ខ្ញុំ​ស្រឡាញ់​ពិត​ប្រាកដ មិន​មែន​តែ​ខ្ញុំ​១ គឺ​ព្រម​ទាំង​អស់​អ្នក​ដែល​ស្គាល់​សេចក្តី​ពិត​ផង​ដែរ ២ ដោយ​ព្រោះ​សេចក្តី​ពិត ដែល​នៅ​ក្នុង​យើង​រាល់​គ្នា ហើយ​ក៏​នៅ​ជា​មួយ​នឹង​យើង​ជា​ដរាប ៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​មេត្តាករុណា ហើយ​និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា គឺ​ដោយ​សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់។

សេចក្តី​ស្រឡាញ់​រវាង​បង​ប្អូន

៤ ខ្ញុំ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​ខ្លះ​របស់​លោក​ស្រី ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត ដូច​ជា​ព្រះវរបិតា​បាន​បង្គាប់​មក​យើង​រាល់​គ្នា ៥ ឥឡូវ​នេះ លោក​ស្រី​អើយ ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​នេះ មិន​មែន​ដូច​ជា​បង្គាប់​ដល់​លោក​ស្រី​ទេ គឺ​ខ្ញុំ​សូម​អង្វរ​វិញ​ថា ឲ្យ​យើង​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ដូច​ជា​តាំង​ពី​ដើម​រៀង​មក ៦ នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ គឺ​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់ ឯ​សេចក្តី​បញ្ញត្ត​នោះ គឺ​ដូច​ជា​បាន​ឮ​តាំង​តែ​ពី​ដើម​រៀង​មក ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម ៧ ពី​ព្រោះ​មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ៍​ហើយ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​ហើយ​ជា​អ្នក​ប្រវ័ញ្ច​បញ្ឆោត ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​ផង ៨ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន ក្រែង​បាត់​ផល​ការ​ដែល​បាន​ធ្វើហើយ​នោះ គឺ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​ពេញលេញ​វិញ ៩ អ្នក​ណា​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​កាន់​ខ្ជាប់ ក្នុង​សេចក្តី​បង្រៀន​របស់​ព្រះគ្រីស្ទ អ្នក​នោះ​ជា​អ្នក​គ្មាន​ព្រះ​ទេ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក្នុង​សេចក្តី​បង្រៀន​របស់​ព្រះគ្រីស្ទ​វិញ អ្នក​នោះ​មាន​ទាំង​ព្រះវរបិតា និង​ព្រះរាជបុត្រា​ផង ១០ បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង ១១ ដ្បិត​បើ​អ្នក​ណា​ជំរាប​សួរ នោះ​ក៏​តែង​មាន​សេចក្តី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។ ១២ ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន នឹង​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា តែ​មិន​ចង់​សរសេរ​នៅ​ក្រដាស ដោយ​ទឹក​ខ្មៅ​នោះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា ហើយ​និង​និយាយ​ផ្ទាល់​មាត់​វិញ ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​យើង​រាល់​គ្នា ចំរើន​បាន​ពោរពេញ​ឡើង ១៣ ឯ​កូន​ចៅ​របស់​ប្អូន​ស្រី​រើស​តាំង​របស់​លោក​ស្រី ក៏​សូម​ជំរាប​សួរ​មក​លោក​ស្រី​ដែរ។ អាម៉ែន។:៚

៣ យ៉ូហាន ១

សេចក្តី​ផ្តើម

១ សំបុត្រ​អ្នក​ចាស់ទុំ ផ្ញើ​មក​អ្នក​កៃយុស ជា​អ្នក​ស្ងួនភ្ងា ដែល​ខ្ញុំ​ស្រឡាញ់​ពិត​ប្រាកដ ២ អ្នក​ស្ងួនភ្ងា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​អ្នក​បាន​ចំរើន​ឡើង​គ្រប់​ជំពូក ហើយ​ឲ្យ​បាន​សុខ​សប្បាយ​ខាង​រូប​សាច់ ដូច​ជា​ព្រលឹង​អ្នក​បាន​ចំរើន​ឡើង​ដែរ ៣ ដ្បិត​ខ្ញុំ​បាន​អរ​ជា​ខ្លាំង​ណាស់ ដោយ​មាន​បង​ប្អូន​មក​ធ្វើ​បន្ទាល់ ពី​សេចក្តី​ពិត​ដែល​នៅ​ក្នុង​អ្នក ដូច​ជា​អ្នក​ធ្លាប់​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​នោះ ៤ គ្មាន​សេចក្តី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​នោះ​ឯង។

ភក្តីភាព​របស់​លោក​កៃយុស

៥ អ្នក​ស្ងួនភ្ងា​អើយ ការ​អ្វី​ដែល​អ្នក​ធ្វើ សំរាប់​ពួក​បង​ប្អូន និង​ពួក​ដទៃ​ដែរ នោះ​អ្នក​ក៏​ធ្វើ​ដោយ​ស្មោះត្រង់​គ្រប់​ទាំង​អស់​ហើយ ៦ គេ​ក៏​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក នៅ​មុខ​ពួក​ជំនុំ​ផង បើ​អ្នក​នឹង​ជួយ​ដំរង់​អ្នក​ទាំង​នោះ តាម​បែប​គួរ​នឹង​ព្រះ នោះ​បាន​ល្អ​ហើយ ៧ ដ្បិត​គេ​បាន​ចេញ​ដើរ​ទៅ ដោយ​ព្រោះ​ព្រះនាម​ទ្រង់ ឥត​មាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ឡើយ ៨ ដូច្នេះ យើង​រាល់​គ្នា​ត្រូវ​ជួយ​ទំនុក​បំរុង​ដល់​មនុស្ស​យ៉ាង​នោះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​ជា​មួយ​នឹង​គេ​ក្នុង​សេចក្តី​ពិត។

ឌីអូត្រេព និង​ដេមេទ្រាស

៩ ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ពួក​ជំនុំ ប៉ុន្តែ អ្នក​ឌីអូត្រេព​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ ១០ ដូច្នេះ បើ​ខ្ញុំ​មក ខ្ញុំ​នឹង​នឹក​ចាំ​ពី​ការ​ដែល​អ្នក​នោះ​ធ្វើ ដោយ​គាត់​ពោល​ពាក្យ​អាក្រក់ និយាយ​ដើម​យើង ហើយ​មិន​ស្កប់​ចិត្ត​នឹង​សេចក្តី​នោះ​តែ​ប៉ុណ្ណោះ ថែម​ទាំង​មិន​ព្រម​ទទួល​ពួក​បង​ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល​គេ នោះ​គាត់​ក៏​ហាម​ឃាត់​មិន​ឲ្យ​ទទួល​វិញ ព្រម​ទាំង​កាត់​គេ​ចេញ​ពី​ពួក​ជំនុំ​ផង។ ១១ អ្នក​ស្ងួនភ្ងា​អើយ ចូរ​ត្រាប់​តាម​សេចក្តី​ល្អ កុំ​ឲ្យ​តាម​សេចក្តី​អាក្រក់​ឲ្យ​សោះ អ្នក​ណា​ដែល​ប្រព្រឹត្ត​ល្អ នោះ​មក​ពី​ព្រះ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​មិន​បាន​ឃើញ​ព្រះ​ឡើយ ១២ មនុស្ស​ទាំង​អស់ ព្រម​ទាំង​សេចក្តី​ពិត ក៏​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​ពី​អ្នក​ដេមេទ្រាស យើង​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​អ្នក​រាល់​គ្នា​ដឹង​ថា សេចក្តី​បន្ទាល់​របស់​យើង នោះ​ពិត​ប្រាកដ​មែន។ ១៣ ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន​នឹង​សរសេរ​ផ្ញើ​មក តែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ស្លាប​ប្រកា និង​ទឹក​ខ្មៅ​ទេ ១៤ ដោយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា​យ៉ាង​ឆាប់ ហើយ​និង​និយាយ​ដោយ​ផ្ទាល់​មាត់​វិញ ១៥ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​សុខ ពួក​សំឡាញ់​ខាង​ណោះ គេ​ជំរាប​សួរ​មក​អ្នក សូម​ជំរាប​សួរ​ដល់​ពួក​សំឡាញ់​ខាង​ណេះ តាម​ឈ្មោះ​គេ​រៀង​ខ្លួន​ផង។:៚

យូដាស ១

សេចក្តី​ផ្តើម

១ សំបុត្រ​យូដាស ជា​បាវ​បំរើ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជា​ប្អូន​យ៉ាកុប ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ ជា​ពួក​អ្នក​ស្ងួនភ្ងា​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរបិតា ដែល​បំរុង​ទុក​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​មេត្តាករុណា សេចក្តី​សុខ​សាន្ត និង​សេចក្តី​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើង។

អំពី​គ្រូ​អាចារ្យ​ក្លែងក្លាយ

៣ ពួក​ស្ងួនភ្ងា​អើយ កំពុង​ដែល​ខ្ញុំ​ខ្មីឃ្មាត​សរសេរ​ពី​សេចក្តី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មាន​សេចក្តី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​តយុទ្ធ ដើម្បី​ការពារ​សេចក្តី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច ៤ ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​លួច​ចូល គឺ​ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក តាំង​ពី​ដើម​មក ជា​មនុស្ស​ទមិល​ល្មើស ដែល​បំផ្លាស់​ព្រះគុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្តី​អាសអាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះអម្ចាស់យេស៊ូវ​នៃ​យើង ដែល​ទ្រង់​ជា​ម្ចាស់​តែ​១​ផង​ទេ។ ៥ ខ្ញុំ​ចង់​រំឭក​ដល់​អ្នក​រាល់​គ្នា ដែល​បាន​ជ្រាប​សេចក្តី​ទាំង​នេះ​ម្តង​ហើយ​ថា ក្រោយ​ដែល​ព្រះអម្ចាស់​បាន​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ទ្រង់​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​ជឿ​វិញ ៦ ទោះ​ទាំង​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះ​បង់​ចោល​ទី​លំនៅ​ចេញ នោះ​ទ្រង់​បាន​ឃុំ​ក្នុង​សេចក្តី​ងងឹត ទាំង​ជាប់​ចំណង​អស់​កល្ប​ជានិច្ច ទុក​សំរាប់​នឹង​ជំនុំជំរះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ ៧ ដូច​ជា​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ដែរ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្តី​កំផិត​ដូច​គ្នា ទាំង​បណ្តោយ​ទៅ​តាម​សាច់​ដទៃ ហើយ​ទ្រង់​បាន​តាំង​អ្នក​ទាំង​នោះ​ទុក​ជា​ក្បួន ឲ្យ​គេ​រង​ទុក្ខ​ទោស ក្នុង​ភ្លើង​ដ៏​ឆេះ​អស់​កល្ប​ជានិច្ច ៨ ទោះ​បើ​មាន​ក្បួន​ដូច្នោះ​ហើយ គង់​តែ​មនុស្ស​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្លួន​ស្មោកគ្រោក​វិញ ដោយ​នឹក​តែ​ពី​ផ្លូវ​ខូច​អាក្រក់ ទាំង​មើលងាយ​ដល់​អស់​ទាំង​អំណាច​គ្រប់​គ្រង ហើយ​ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង ៩ រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្តឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ គឺ​បាន​និយាយ​ដូច្នេះ​វិញ​ថា សូម​ឲ្យ​ព្រះអម្ចាស់​បន្ទោស​ឯង​ចុះ ១០ តែ​ពួក​នោះ គេ​ហ៊ាន​ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន​ស្គាល់​ផង ព្រម​ទាំង​បង្ខូច​ខ្លួន ក្នុង​ការ​អ្វី​ដែល​គេ​យល់​ដោយ​ធម្មតា​វិញ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន ១១ វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន ក៏​ស្ទុះ​ទៅ​ក្នុង​សេចក្តី​ខុសឆ្គង​របស់​បាឡាម ឲ្យ​តែ​បាន​កំរៃ ហើយ​គេ​ត្រូវ​វិនាស​ក្នុង​ការ​បះបោរ​របស់​កូរេទៅ ១២ ពួក​នោះ​ជា​ដុំ​ស្មោកគ្រោក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ ជា​មួយ​គ្នា​ដោយ​ស្រឡាញ់ គេ​បរិភោគ​ជា​មួយ​ឥត​ខ្លាច ទាំង​ចិញ្ចឹម​តែ​ខ្លួន​គេ គេ​ជា​ពពក​ឥត​ទឹក ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក ជា​ដើម​ឈើ​ឥត​ផ្លែ​ក្នុង​រដូវ​កាល​ដែល​ស្លាប់​២​ដង​រួច​ហើយ ក៏​ត្រូវ​រលើង​ផង ១៣ គេ​ជា​រលក​សមុទ្រ​យ៉ាង​សំបើម ដែល​បែក​ពពុះ​ចេញ ជា​សេចក្តី​អាម៉ាស់​ខ្មាស​របស់​គេ ក៏​ជា​ផ្កាយ​មិន​ទៀង ដែល​សេចក្តី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប​ជានិច្ច បាន​បំរុង​ទុក​ឲ្យ​គេ ១៤ ឯ​ហេណុក ជា​ដំណ​ទី​៧​ពី​លោក​អ័ដាម​មក គាត់​បាន​ទាយ​ពី​មនុស្ស​ទាំង​នោះ​ថា មើល ព្រះអម្ចាស់​ទ្រង់​យាង​មក នៅ​កណ្តាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន ១៥ ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំងឡាយ ហើយ​និង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អម្បាលម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្តី​រឹងទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់ ១៦ មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូរទាំ ហើយ​ត្អូញត្អែរ ដែល​ដើរ​តាម​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស​ឲ្យ​តែ​បាន​កំរៃ​ទេ។

ពាក្យ​ដាស់តឿន​ផ្សេងៗ

១៧ ពួក​ស្ងួនភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​ព្រះបន្ទូល ដែល​ពួក​សាវ័ក​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពី​ដើម​រៀង​មក​ចុះ ១៨ គេ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​នឹង​ប្រព្រឹត្ត តាម​តែ​សេចក្តី​ប៉ងប្រាថ្នា​ទមិល​ល្មើស​របស់​ខ្លួន ១៩ ពួក​នោះ​ជា​អ្នក​ដែល​បង្កើត​បក្សពួក គឺ​ជា​មនុស្ស​ដែល​នៅ​ដោយ​វិស័យ​សាច់​ឈាម ដែល​គ្មាន​ព្រះវិញ្ញាណ​ទេ ២០ ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា ជា​ពួក​ស្ងួនភ្ងា​អើយ ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចុះ ព្រម​ទាំង​រង់ចាំ​សេចក្តី​មេត្តាករុណា​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ឲ្យ​បាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ២១ ដោយ​ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្តី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង ២២ ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្តី​សង្ស័យ​ផង ២៣ ហើយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញ​ពី​ភ្លើង ហើយ​ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯ​ទៀត​ដោយ​ភ័យ​ខ្លាច ហើយ​ស្អប់​ដល់​ទាំង​អាវ ដែល​ត្រូវ​ស្មោកគ្រោក ដោយ​សាច់​ឈាម​ផង។ ២៤ រីឯ​ព្រះ ដែល​អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​និង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរីល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេកអរ​ផង ២៥ គឺ​ជា​ព្រះអង្គ​ដ៏​ជា​ព្រះ​តែ​មួយ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និង​អំណាច តាំង​ពី​មុន​អស់​កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ។ អាម៉ែន។:៚

វិវរណៈ ១

សេចក្តី​ផ្តើម

១ នេះ​ជា​សេចក្តី ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​បើក​ឲ្យ​ឃើញ ជា​សេចក្តី​ដែល​ព្រះ​បាន​ប្រទាន​មក​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ដល់​ពួក​បាវ​បំរើ​ទ្រង់ ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន​មក ទ្រង់​ក៏​បាន​សំដែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​ទ្រង់​មក​ឯ​យ៉ូហាន ជា​បាវ​បំរើ​ទ្រង់ ២ គាត់​បាន​ធ្វើ​បន្ទាល់​ប្រាប់​តាម​ព្រះបន្ទូល និង​សេចក្តី​បន្ទាល់​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ពី​គ្រប់​ទាំង​សេចក្តី​ដែល​គាត់​បាន​ឃើញ ៣ មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ។

ពាក្យ​ជំរាប​សួរ

៤ សំបុត្រ​យ៉ូហាន​ខ្ញុំ ផ្ញើ​មក​ពួក​ជំនុំ​ទាំង​៧ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត និង​អំពី​ព្រះវិញ្ញាណ​ទាំង​៧ ដែល​នៅ​ចំពោះ​បល្ល័ង្ក​ទ្រង់ ៥ ហើយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះអង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះលោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប ៦ ព្រម​ទាំង​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ​ថ្វាយ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ និង​ព្រះចេស្តា​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​ត​ទៅ អាម៉ែន។ ៧ មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ អើ មែន​ហើយ អាម៉ែន។ ៨ ព្រះអម្ចាស់​ដ៏​ជា​ព្រះ ដែល​ទ្រង់​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត គឺ​ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​ជា​អាលផា និង​ជា​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង។

លោក​យ៉ូហាន​និមិត្ត​ឃើញ​ព្រះយេស៊ូវ

៩ យ៉ូហាន​ខ្ញុំ ដែល​ជា​បង​ប្អូន​នៃ​អ្នក​រាល់​គ្នា ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សេចក្តី​ទុក្ខ​លំបាក និង​ក្នុង​នគរ ហើយ​ក្នុង​សេចក្តី​អត់ធ្មត់​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​នៅ​ឯ​កោះ​ឈ្មោះ​ប៉ាត់ម៉ុស ដោយ​ព្រោះ​ព្រះបន្ទូល និង​សេចក្តី​បន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ ១០ ហើយ​នៅ​ថ្ងៃ​នៃ​ព្រះអម្ចាស់ ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ នោះ​ក៏​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ នៅ​ខាង​ក្រោយ​ខ្ញុំ​ថា ១១ ការ​អ្វី​ដែល​ឯង​ឃើញ នោះ​ចូរ​កត់​ទុក​ក្នុង​សៀវភៅ​ចុះ រួច​ផ្ញើ​ទៅ​ពួក​ជំនុំ​ទាំង​៧ ដែល​នៅ​ស្រុក​អាស៊ី​ផង គឺ​នៅ​ក្រុង​អេភេសូរ ក្រុង​ស្មឺន៉ា ក្រុង​ពើកាម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡាដិលភា ហើយ​នៅ​ក្រុង​ឡៅឌីសេ​ដែរ។ ១២ ខ្ញុំ​ក៏​បែរ​ខ្លួន​ទៅ​មើល​សំឡេង ដែល​មាន​ព្រះបន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ខ្លួន​ទៅ​ហើយ នោះ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​៧ ១៣ នៅ​ត្រង់​កណ្តាល​ជើង​ចង្កៀង​ទាំង​៧​នោះ ឃើញ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស ទ្រង់​ព្រះពស្ត្រ​វែង​ដល់​ព្រះបាទ ហើយ​មាន​ខ្សែ​មាស​រឹត​ត្រង់​ព្រះឧរា ១៤ ព្រះសិរសា និង​ព្រះកេសា​ទ្រង់​ស ដូច​ជា​រោម​ចៀម​ដែល​ស គឺ​ដូច​ហិមៈ ព្រះនេត្រ​ទ្រង់ ដូច​ជា​អណ្តាត​ភ្លើង ១៥ ព្រះបាទ​ទ្រង់​ដូច​ជា​លង្ហិន​រលីង ដែល​ភ្លឺផ្លេកៗ ដូច​ជា​ដុត​ក្នុង​គុក​ភ្លើង ព្រះសូរសៀង​ទ្រង់​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន ១៦ នៅ​ព្រះហស្ត​ស្តាំ​ទ្រង់​កាន់​ផ្កាយ​៧ ក៏​មាន​ដាវ​មុខ​២​ដ៏​មុត ចេញ​ពី​ព្រះឱស្ឋ​ទ្រង់​មក ហើយ​ព្រះភក្ត្រ​ទ្រង់ ដូច​ជា​ថ្ងៃ​ភ្លឺ​ពេញ​អំណាច ១៧ កាល​ខ្ញុំ​ឃើញ​ទ្រង់ នោះ​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់​ដូច​ជា​ស្លាប់ តែ​ទ្រង់​ដាក់​ព្រះហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​ព្រះបន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង ១៨ ជា​ព្រះ​ដ៏​រស់​នៅ អញ​បាន​ស្លាប់ តែ​មើល អញ​រស់​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ ១៩ ដូច្នេះ ចូរ​ឲ្យ​ឯង​កត់​អស់​ទាំង​សេចក្តី​ដែល​ឯង​បាន​ឃើញ ព្រម​ទាំង​សេចក្តី​ដែល​មាន​សព្វ​ថ្ងៃ​នេះ និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​មក​តាម​ក្រោយ​ទៀត​ផង ២០ ឯ​សេចក្តី​អាថ៌កំបាំង​ពី​ផ្កាយ​ទាំង​៧ ដែល​ឯង​បាន​ឃើញ​នៅ​ដៃ​ស្តាំ​អញ ហើយ​ពី​ជើង​ចង្កៀង​មាស​ទាំង​៧ នោះ​ស្រាយ​ថា ផ្កាយ​ទាំង​៧​នោះ គឺ​ជា​ទេវតា​របស់​ពួក​ជំនុំ​ទាំង​៧ ហើយ​ជើង​ចង្កៀង​ទាំង​៧ នោះ​គឺ​ជា​ពួក​ជំនុំ​ទាំង​៧​នោះ​ឯង។

វិវរណៈ ២

លិខិត​ផ្ញើ​ជូន​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ

១ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​អេភេសូរ​ថា ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​៧​នៅ​ព្រះហស្ត​ស្តាំ ហើយ​យាង​នៅ​កណ្តាល​ជើង​ចង្កៀង​មាស​ទាំង​៧​នោះ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ថា ២ អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ និង​សេចក្តី​នឿយ​ហត់ ហើយ​សេចក្តី​អត់ធ្មត់​របស់​ឯង​ហើយ ក៏​ដឹង​ថា ឯង​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​ឯង​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវ័ក តែ​មិន​មែន​ជា​សាវ័ក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូតភរ​វិញ ៣ ឯង​បាន​អត់ធន់ ហើយ​ទ្រាំទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ​ហត់ ឥត​ណាយ​ចិត្ត​ឡើយ ដោយ​ព្រោះ​ឈ្មោះ​អញ ៤ តែ​អញ​ប្រកាន់​សេចក្តី​នេះ​នឹង​ឯង គឺ​ថា ឯង​បាន​បោះ​បង់​ចោល​សេចក្តី​ស្រឡាញ់​ដើម​ចេញ ៥ ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា​នោះ ហើយ​ប្រែ​ចិត្ត​ចុះ រួច​ប្រព្រឹត្ត​តាម​ការ​ដើម​ដំបូង​នោះ​វិញ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង ហើយ​និង​ហូត​យក​ជើង​ចង្កៀង​ឯង​ពី​កន្លែង​ចេញ លើក​តែ​ឯង​ប្រែ​ចិត្ត​ឡើង​វិញ ៦ ប៉ុន្តែ ឯង​មាន​សេចក្តី​១​នេះ គឺ​ថា ឯង​ស្អប់​ការ​របស់​ពួក​នីកូឡាស ដែល​អញ​ក៏​ស្អប់​ដែរ ៧ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថានបរមសុខរបស់​ព្រះ។

លិខិត​ផ្ញើ​ជូន​ពួក​ជំនុំ​នៅ​ក្រុង​ស្មឺន៉ាថា

៨ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ស្មឺន៉ាថា ព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ថា ៩ អញ​ស្គាល់​សេចក្តី​ទុក្ខ​លំបាក និង​សេចក្តី​កំសត់​របស់​ឯង​ហើយ ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ ក៏​ស្គាល់​សេចក្តី​ប្រមាថ​របស់​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាសន៍​យូដា​ដែរ តែ​គេ​មិន​មែន​សាសន៍​យូដា​ទេ គឺ​ជា​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​វិញ ១០ កុំ​ឲ្យ​ឯង​ខ្លាច​សេចក្តី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់​១០​ថ្ងៃ ដូច្នេះ ចូរ​នៅ​ជា​ស្មោះត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង ១១ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្តី​ស្លាប់​ទី​២​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ។

លិខិត​ផ្ញើ​ជូន​ពួក​ជំនុំ​នៅ​ក្រុង​ពើកាម៉ុស

១២ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ពើកាម៉ុស​ថា ព្រះ​ដែល​មាន​ដាវ​មុខ​២​ដ៏​មុត ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ថា ១៣ អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ តែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ ហើយ​មិន​បាន​លះ​ចោល​សេចក្តី​ជំនឿ​ដល់​អញ​ចេញ​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សំឡាប់​អាន់ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះត្រង់​របស់​អញ នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង ១៤ ប៉ុន្តែ អញ​ប្រកាន់​សេចក្តី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្តី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជនជាតិ​អ៊ីស្រាអែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្តី​កំផិត​ផង ១៥ ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្តី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ ១៦ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ ១៧ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង ហើយ​និង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។

លិខិត​ផ្ញើ​ជូន​ពួក​ជំនុំ​នៅ​ក្រុង​ធាទេរ៉ា

១៨ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះរាជបុត្រា​នៃ​ព្រះ ដែល​មាន​ព្រះនេត្រ​ដូច​ជា​អណ្តាត​ភ្លើង ហើយ​ព្រះបាទ​ដូច​ជា​លង្ហិន​រលីង ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ថា ១៩ អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ ព្រម​ទាំង​សេចក្តី​ស្រឡាញ់ សេចក្តី​ជំនួយ សេចក្តី​ជំនឿ សេចក្តី​អត់ធ្មត់​របស់​ឯង​ដែរ ហើយ​ថា ការ​ដែល​ឯង​ធ្វើ​ជាន់​ក្រោយ បាន​ច្រើន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ២០ តែ​អញ​ប្រកាន់​សេចក្តី​ខ្លះ​នឹង​ឯង ដ្បិត​ឯង​បណ្តោយ​ឲ្យ​ស្ត្រី ឈ្មោះ​យេសិបិល ដែល​ហៅ​ខ្លួន​ជា​ហោរា បាន​ទៅ​បង្ហាត់​បង្រៀន ហើយ​នាំ​ពួក​បាវ​បំរើ​របស់​អញ ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សេចក្តី​កំផិត ហើយ​បរិភោគ​ដង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ​ផង ២១ អញ​បាន​ឲ្យ​វា​មាន​ឱកាស​នឹង​ប្រែ​ចិត្ត ចេញ​ពី​ការ​កំផិត​របស់​វា​ដែរ តែ​វា​មិន​ព្រម? សោះ ២២ មើល​អញ​នឹង​បោះ​វា​ទៅ​លើ​គ្រែ ហើយ​បោះ​ពួក​អ្នក ដែល​ប្រព្រឹត្ត​សេចក្តី​កំផិត​ជា​មួយ​នឹង​វា ឲ្យ​ទៅ​ក្នុង​សេចក្តី​វេទនា​ជា​ខ្លាំង លើក​តែ​គេ​ប្រែ​ចិត្ត​លះបង់​ការ ដែល​គេ​ប្រព្រឹត្ត​នោះ​ចេញ ២៣ ហើយ​អញ​នឹង​សំឡាប់​កូន​ចៅ​វា​ចោល នោះ​គ្រប់​ទាំង​ពួក​ជំនុំ​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ដែល​ស្ទង់​មើល​ចិត្ត​នឹង​ថ្លើម រួច​អញ​នឹង​សង​ការ​ដល់​ឯង​រាល់​គ្នា តាម​ការ​ដែល​គ្រប់​គ្នា​បាន​ប្រព្រឹត្ត ២៤ តែ​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​ដល់​ពួក​អ្នក​ឯ​ទៀត នៅ​ក្រុង​ធាទេរ៉ា​ដែរ គឺ​ដល់​ពួក​អ្នក​ដែល​មិន​កាន់​តាម​សេចក្តី​បង្រៀន​នោះ ក៏​មិន​ស្គាល់​សេចក្តី​ជំរៅ​របស់​អារក្ស​សាតាំង ដូច​ជា​ពាក្យ​ដែល​គេ​ថា​នោះ​ឡើយ តែ​អញៗ មិន​ផ្ទុក​បន្ទុក​អ្វី​ទៀត​លើ​ឯង​រាល់​គ្នា​ទេ ២៥ ប៉ុន្តែ សេចក្តី​ដែល​ឯង​មាន នោះ​ឲ្យ​កាន់​ខ្ជាប់ ដរាប​ដល់​អញ​មក​ចុះ ២៦ ឯ​អ្នក​ណា​ដែល​ឈ្នះ ហើយ​កាន់​តាម​ការ​អញ ដរាប​ដល់​ចុង​បំផុត នោះ​អញ​នឹង​ឲ្យ​មាន​អំណាច​លើ​ពួក​សាសន៍​ដទៃ ២៧ អ្នក​នោះ​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ដូច​ជា​គេ​បំបែក​ភាជនៈ​ដី​ឲ្យ​ខ្ទេចខ្ទី តាម​អំណាច​ដែល​អញ​បាន​ទទួល​ពី​ព្រះវរបិតា​មក ២៨ អញ​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ ២៩ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

វិវរណៈ ៣

លិខិត​ផ្ញើ​ជូន​ពួក​ជំនុំ​នៅ​ក្រុង​សើដេស

១ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​សើដេស​ថា ព្រះ​ដ៏​មាន​ព្រះវិញ្ញាណ​ទាំង​៧ និង​ផ្កាយ​ទាំង​៧ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ប្រព្រឹត្ត​ហើយ គឺ​ដែល​ឯង​មាន​ឈ្មោះ​ថា​រស់ តែ​ឯង​ស្លាប់​ទេ ២ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​ចំរើន​កំឡាំង​ដល់​អ្វីៗដែល​នៅ​សល់ ដែល​រៀប​នឹង​ស្លាប់​នោះ​ដែរ ដ្បិត​អញ​មិន​បាន​ឃើញ​ការ​ដែល​ឯង​ប្រព្រឹត្ត​នោះ ជា​ពេញ​ខ្នាត​នៅ​ចំពោះ​ព្រះ​នៃ​អញ​ទេ ៣ ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា រួច​ឲ្យ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ បើ​ឯង​មិន​ចាំ​យាម​ទេ នោះ​អញ​នឹង​មក​ឯ​ឯង​ដូច​ជា​ចោរ ហើយ​ឯង​នឹង​មិន​ដឹង​ជា​វេលា​ណា ដែល​អញ​មក​ឯ​ឯង​ឡើយ ៤ ប៉ុន្តែ នៅ​ក្រុង​សើដេស ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សំលៀកបំពាក់​ខ្លួន​ស្មោកគ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀកពាក់​ស ដើរ​ជា​មួយ​នឹង​អញ ដ្បិត​គេ​បាន​គួរ​ហើយ ៥ អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​ស្លៀកពាក់​ស ហើយ​អញ​មិន​ដែល​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ អញ​នឹង​ថ្លែង​ប្រាប់​ពី​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​អញ និង​ចំពោះ​ពួក​ទេវតា​ទ្រង់​ដែរ ៦ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

លិខិត​ផ្ញើ​ជូន​ពួក​ជំនុំ​នៅ​ក្រុង​ភីឡាដិលភា

៧ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ភីឡាដិលភា​ថា ព្រះអង្គ​ដ៏​បរិសុទ្ធ ហើយ​ពិត​ប្រាកដ ដែល​ទ្រង់​កាន់​កូន​សោ​របស់​ហ្លួង​ដាវីឌ ដែល​ទ្រង់​បើក ហើយ​គ្មាន​អ្នក​ណា​បិទ ក៏​បិទ ហើយ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ថា ៨ អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ មើល អញ​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​ឯង គ្មាន​អ្នក​ណា​នឹង​បិទ​បាន​ទេ ពី​ព្រោះ​ទោះ​បើ​ឯង​មាន​អំណាច​ដែល​បន្តិច​ក៏​ដោយ គង់​តែ​បាន​កាន់​តាម​ពាក្យ​អញ​ដែរ ហើយ​មិន​បាន​លះបង់​ឈ្មោះ​អញ​ទេ ៩ មើល អញ​ប្រគល់​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​ខ្លះ​ដល់​ឯង ដែល​ពួក​នោះ​អួត​ខ្លួន​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គឺ​គេ​កុហក​វិញ មើល​អញ​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ នៅ​ទៀប​ជើង​ឯង ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា អញ​បាន​ស្រឡាញ់​ដល់​ឯង​ផង ១០ ហើយ​ដោយ​ព្រោះ​ឯង​បាន​កាន់​តាម​រឿង ពី​សេចក្តី​អត់ធ្មត់​របស់​អញ នោះ​អញ​នឹង​រក្សា​ឯង​ឲ្យ​រួច​ពី​វេលា​ល្បង ដែល​ត្រូវ​មក​លើ​លោកីយ៍​ទាំង​មូល ដើម្បី​នឹង​ល្បង​ល​ដល់​ពួក​អ្នក ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន ១១ មើល អញ​មក​ជា​ឆាប់​ហើយ ចូរ​កាន់​ខ្ជាប់​តាម​សេចក្តី​ដែល​ឯង​មាន​ហើយ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​មកុដ​របស់​ឯង​បាន​ឡើយ ១២ អ្នក​ណា​ដែល​ឈ្នះ អញ​នឹង​យក​អ្នក​នោះ​ធ្វើ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​អញ រួច​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ទៀត​ឡើយ ហើយ​អញ​នឹង​កត់​ព្រះនាម​នៃ​ព្រះ​របស់​អញ និង​ឈ្មោះ​ក្រុង​របស់​ព្រះ​នៃ​អញ នៅ​លើ​អ្នក​នោះ គឺ​ជា​ឈ្មោះ​ក្រុង​យេរូសាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថានសួគ៌​មក​អំពី​ព្រះ​នៃ​អញ ហើយ​និង​កត់​ឈ្មោះ​ថ្មី​របស់​អញ​ដែរ ១៣ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

លិខិត​ផ្ញើ​ជូន​ពួក​ជំនុំ​ក្រុង​ឡៅឌីសេ

១៤ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ឡៅឌីសេ​ថា ព្រះ​ដ៏​ជា «អាម៉ែន» ជា​ស្មរ​បន្ទាល់​ស្មោះត្រង់ ហើយ​ពិត​ប្រាកដ ជា​ដើម​ការ​ដែល​ព្រះ​ទ្រង់​បង្កើត​មក ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ថា ១៥ អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ ហើយ​ថា ឯង​មិន​ត្រជាក់ ក៏​មិន​ក្តៅ​ផង អញ​ចូល​ចិត្ត​ឲ្យ​ឯង​បាន ទោះ​ត្រជាក់​ឬ​ក្តៅ​ក្តី ១៦ ដូច្នេះ ដោយ​ព្រោះ​ឯង​គ្រាន់​តែ​ស្ទើរៗ ប៉ុណ្ណោះ គឺ​មិន​មែន​ត្រជាក់ ក៏​មិន​ក្តៅ​ផង នោះ​អញ​នឹង​ខ្ជាក់​ឯង​ចេញ​ពី​មាត់​អញ​ទៅ ១៧ ដោយ​ព្រោះ​ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុកស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័លក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ ១៨ បាន​ជា​អញ​ទូន្មាន​ឲ្យ​ឯង​ទិញ​មាស​ដែល​សំរង​ក្នុង​ភ្លើង​ពី​អញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ពិត​មែន ហើយ​ទិញ​សំលៀកបំពាក់​ស ឲ្យ​បាន​ស្លៀកពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស ដែល​ឯង​នៅ​អាក្រាត​នោះ​ឡើយ ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ ១៩ អញ​បន្ទោស ហើយ​ផ្ចាញ់ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ ២០ មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ ២១ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ ២២ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្តី ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

វិវរណៈ ៤

ពិធី​ថ្វាយ​បង្គំ​ព្រះ​នៅ​ជុំវិញ​បល្ល័ង្ក​របស់​ព្រះអង្គ​នា​ស្ថានបរមសុខ

១ ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​ទ្វារ​១​ចំហ នៅ​ស្ថានសួគ៌ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ ដូច​ជា​សូរ​ត្រែ​ជា​មុន​ដំបូង​នោះ ក៏​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ចូរ​ឡើង​មក​ឯ​ណេះ អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ ដែល​ត្រូវ​មក​ខាង​ក្រោយ​ទៀត ២ ស្រាប់​តែ​ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ ហើយ​ឃើញ​មាន​បល្ល័ង្ក​១ ដាក់​នៅ​លើ​ស្ថានសួគ៌ ក៏​មាន​១​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ ៣ ឯ​ព្រះអង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណីជោតិ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។ ៤ នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​នោះ ក៏​មាន​បល្ល័ង្ក​២៤​ទៀត ហើយ​ខ្ញុំ​ឃើញ​អ្នក​ចាស់ទុំ​២៤​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ទាំង​ស្លៀកពាក់​ស ហើយ​មាន​មកុដ​មាស​នៅ​លើ​ក្បាល ៥ មាន​ផ្លេកបន្ទោរ សៀង​សំឡេង និង​ផ្គរលាន់​ចេញ​ពី​បល្ល័ង្ក​១​នោះ​មក ក៏​មាន​ចង្កៀង​៧​ឆេះ​នៅ​ពី​ខាង​មុខ នោះ​គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ ៦ ឯ​នៅ​ខាង​មុខ​បល្ល័ង្ក​នោះ មាន​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្តាល​នឹង​ជុំវិញ​នៃ​បល្ល័ង្ក​នោះ ក៏​មាន​តួ​មាន​ជីវិត​៤​ដែល​មាន​ភ្នែក​ពេញ​ទាំង​មុខ​ទាំង​ក្រោយ ៧ ឯ​តួ​ទី​១​ស្រដៀង​នឹង​សត្វ​សិង្ហ តួ​ទី​២​ស្រដៀង​នឹង​សត្វ​គោ តួ​ទី​៣​មាន​មុខ​ដូច​ជា​មនុស្ស ហើយ​តួ​ទី​៤​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​ហើរ ៨ តួ​មាន​ជីវិត​ទាំង​៤​នោះ មាន​ស្លាប​៦​គ្រប់​រូប ក៏​មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំវិញ ហើយ​ទាំង​ខាង​ក្នុង​ដែរ ក៏​ចេះ​តែ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​តែ​ពី​ដើម ក៏​នៅ​ឥឡូវ​នេះ ហើយ​ត្រូវ​យាង​មក​ទៀត ៩ កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​នោះ​បាន​ថ្វាយ​សិរីល្អ ល្បី​ព្រះនាម និង​ពាក្យ​អរ​ព្រះគុណ ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​អស់​កល្ប​ជានិច្ច រៀង​រាប​ដរាប​ទៅ​រួច​ហើយ ១០ នោះ​ពួក​ចាស់ទុំ​ទាំង​២៤​នាក់ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​អស់​កល្ប​ជានិច្ច រៀង​រាប​ត​ទៅ​នោះ ហើយ​ក៏​ដាក់​មកុដ​ខ្លួន​ចុះ​ថ្វាយ​នៅ​មុខ​បល្ល័ង្ក ដោយ​ទូល​ថា ១១ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរីល្អ កិត្តិនាម និង​ព្រះចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង។

វិវរណៈ ៥

ក្រាំង​ដែល​មាន​បិទ​ត្រា​ប្រាំ​ពីរ និង​កូន​ចៀម​របស់​ព្រះ

១ ឯ​នៅ​ព្រះហស្ត​ស្តាំ​នៃ​ព្រះអង្គ ដែល​គង់​លើ​បល្ល័ង្ក នោះ​ខ្ញុំ​ឃើញ​មាន​ក្រំាង ដែល​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​៧​ផង ២ រួច​ឃើញ​ទេវតា​១​ដ៏​ខ្លាំង​ពូកែ ប្រកាស​សួរ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា តើ​អ្នក​ណា​គួរ​នឹង​បក​ត្រា ហើយ​បើក​ក្រាំង​នោះ ៣ តែ​គ្មាន​អ្នក​ណា​នៅ​ស្ថានសួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី ដែល​អាច​នឹង​បើក​ក្រាំង​នោះ​បាន​ឡើយ សូម្បី​តែ​ក្រឡេក​មើល​ក៏​ពុំ​បាន​ផង ៤ នោះ​ខ្ញុំ​យំ​ជា​ខ្លាំង ដោយ​ព្រោះ​គ្មាន​អ្នក​ណា​គួរ​នឹង​បើក ឬ​ក្រឡេក​មើល​ក្រាំង​នោះ​ទេ ៥ រួច​មាន​ចាស់ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា កុំ​យំ​ថ្វី មើល​ន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫសកែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បក​ត្រា​ទាំង​៧ បើក​ក្រាំង​នោះ​បាន។ ៦ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​កូន​ចៀម​១ ដែល​មើល​ទៅ​ដូច​ជា​បាន​សំឡាប់​ហើយ មាន​ទាំង​ស្នែង​៧ និង​ភ្នែក​៧ កំពុង​តែ​ឈរ​នៅ​កណ្តាល​បល្ល័ង្ក និង​តួ​មាន​ជីវិត​ទាំង​៤ ហើយ​នៅ​កណ្តាល​ពួក​ចាស់ទុំ​ទាំង​ប៉ុន្មាន ឯ​ភ្នែក​ទាំង​នោះ គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី ៧ កូន​ចៀម​នោះ​ក៏​មក​យក​ក្រាំង ពី​ព្រះហស្ត​ស្តាំ​របស់​ព្រះអង្គ ដែល​គង់​លើ​បល្ល័ង្ក​ទៅ ៨ លុះ​បាន​យក​ក្រាំង​ទៅ​ហើយ នោះ​តួ​មាន​ជីវិត​ទាំង​៤ និង​ពួក​ចាស់ទុំ​២៤​នាក់ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ស៊ុង និង​ពាន​មាស ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប នោះ​ជា​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ៩ ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​និង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះលោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ១០ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី។ ១១ នោះ​ខ្ញុំ​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ព្រម​ទាំង​តួ​មាន​ជីវិត និង​ពួក​ចាស់ទុំ​ផង ឯ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ហើយ​ទាំង​ពាន់​រាប់​ជា​ពាន់ ១២ គ្រប់​គ្នា​ក៏​បន្លឺ​សំឡេង​ថា កូន​ចៀម​ដែល​គេ​បាន​សំឡាប់ នោះ​គួរ​នឹង​បាន​ព្រះចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និង​ព្រះពរ ១៣ នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​អស់ ដែល​មាន​ជីវិត នៅ​ស្ថានសួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា សូម​ថ្វាយ​ព្រះពរ កិត្តិនាម សិរីល្អ និង​ព្រះចេស្តា ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ១៤ រួច​តួ​មាន​ជីវិត​ទាំង​៤​ក៏​ទទួល​ថា អាម៉ែន ហើយ​ពួក​ចាស់ទុំ​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ​បង្គំ។

វិវរណៈ ៦

កូន​ចៀម​បក​ត្រា​ប្រាំ​មួយ

១ កាល​កូន​ចៀម​បក​ត្រា​ទី​១ នោះ​ខ្ញុំ​ក៏​ឃើញ រួច​ខ្ញុំ​ឮ​តួ​មាន​ជីវិត​១ បន្លឺ​សំឡេង​ដូច​ផ្គរលាន់​ថា ចូរ​មក​មើល​ចុះ ២ ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ស​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ។ ៣ លុះ​បក​ត្រា​ទី​២ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​២​ថា ចូរ​មក​មើល​ចុះ ៤ នោះ​មាន​សេះ​១​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម ហើយ​គេ​ឲ្យ​អ្នក​ដែល​ជិះ មាន​អំណាច​អាច​នឹង​ដក​យក​សេចក្តី​សុខ​សាន្ត​ពី​ផែនដី​ចេញ ឲ្យ​មនុស្ស​លោក​បាន​សំឡាប់​គ្នា គេ​ក៏​ប្រគល់​ដាវ​១​យ៉ាង​ធំ ដល់​អ្នក​នោះ​ដែរ។ ៥ លុះ​បក​ត្រា​ទី​៣ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​៣​ថា ចូរ​មក​មើល​ចុះ ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ខ្មៅ​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ជញ្ជីង​១​នៅ​ដៃ ៦ រួច​ខ្ញុំ​ឮ​សំឡេង​១​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​៤ ពោល​ដូច្នេះ​ថា អង្ករ​ស្រូវសាលី​១​នាលិ ថ្លៃ​២​កាក់ ហើយ​អង្ករ​ស្រូវ​ឱក​៣​នាលិ ថ្លៃ​២​កាក់ តែ​កុំ​ឲ្យ​បង្ខូច​ប្រេង និង​ស្រា​ទំពាំងបាយជូរ​ឡើយ។ ៧ លុះ​បក​ត្រា​ទី​៤ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​៤​ថា ចូរ​មក​មើល​ចុះ ៨ ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​សេះ​១​សម្បុរ​ស្លាំង ឯ​អ្នក​ដែល​ជិះ​មាន​ឈ្មោះ​ថា «សេចក្តី​ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​តាម​អ្នក​នោះ​ទៅ គេ​ឲ្យ​ទាំង​២​នោះ​មាន​អំណាច​លើ​ផែនដី​១​ភាគ​ក្នុង​៤ ដើម្បី​នឹង​សំឡាប់​ដោយ​ដាវ អំណត់​អត់ និង​សេចក្តី​វេទនា ហើយ​ដោយ​សត្វ​ព្រៃ នៅ​ផែនដី​ផង។ ៩ លុះ​បក​ត្រា​ទី​៥ នោះ​នៅ​ក្រោម​អាសនា ខ្ញុំ​ក៏​ឃើញ​មាន​អស់​ទាំង​ព្រលឹង​របស់​មនុស្ស ដែល​គេ​បាន​សំឡាប់ ដោយ​ព្រោះ​កាន់​តាម​ព្រះបន្ទូល និង​សេចក្តី​បន្ទាល់ ១០ ឯ​ព្រលឹង​ទាំង​នោះ​ក៏​បន្លឺ​សំឡេង​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់ ជា​ព្រះ​បរិសុទ្ធ ហើយ​ពិត​ប្រាកដ​អើយ តើ​ទ្រង់ចាំ​ដល់​កាល​ណា​ទៀត​បាន​ជំនុំ​ជំរះ ហើយ​សងសឹក​ដល់​ពួក​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រោះ​ឈាម​យើង​ខ្ញុំ​រាល់​គ្នា ១១ នោះ​មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ ហើយ​ក៏​ប្រាប់​ឲ្យ​ឈប់​សំរាក​បន្តិច​សិន ទាល់​តែ​ពួក​បាវ​បំរើ ជា​គូកន ហើយ​ជា​បង​ប្អូន ដែល​ត្រូវ​សំឡាប់​បែប​ដូច​គ្នា បាន​គ្រប់​ចំនួន។ ១២ លុះ​បក​ត្រា​ទី​៦ នោះ​ខ្ញុំ​ក្រឡេក​ទៅ ឃើញ​មាន​កក្រើក​ដី​ជា​ខ្លាំង ថ្ងៃ​ក៏​ត្រឡប់​ទៅ​ជា​ខ្មៅ​ដូច​សំពត់​រោម​ខ្មៅ ហើយ​ខែ​ក៏​ត្រឡប់​ប្រែ​ទៅ​ដូច​ជា​ឈាម ១៣ ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​មក​លើ​ផែនដី ដូច​ជា​ដើម​ល្វា​ដែល​ត្រូវ​ខ្យល់​ធំ គ្រវាត់​បណ្តាច់​ផ្លែ​ខ្ចី​ចោល​ចេញ​ដែរ ១៤ ផ្ទៃ​មេឃ​ក៏​បាត់​ទៅ ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទៅ​វិញ ហើយ​គ្រប់​ទាំង​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​រើ​ចេញ​ពី​កន្លែង​ផង ១៥ អស់​ទាំង​ស្តេច​នៅ​ផែនដី និង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​ទាំង​បាវ​បំរើ និង​អ្នក​ជា​ទាំង​ប៉ុន្មាន គេ​ពួន​នៅ​ក្នុង​រអាង ហើយ​ក្នុង​ក្រហែង​ភ្នំ​ទាំង​អស់​គ្នា ១៦ គេ​អង្វរ​ទៅ​ភ្នំ ហើយ​ទៅ​ថ្ម​ថា សូម​ធ្លាក់​មក​លើ​យើង ដើម្បី​បំបាំង​យើងពី​ព្រះភក្ត្រ​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​ពី​សេចក្តី​ក្រោធ​របស់​កូន​ចៀម​ចេញ ១៧ ដ្បិត​ថ្ងៃ​ធំ​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន។

វិវរណៈ ៧

ប្រជារាស្ត្រ​របស់​ព្រះ

១ ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​៤​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​៤ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​៤​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ២ រួច​ខ្ញុំ​ឃើញ​ទេវតា​១​ទៀត ដែល​ឡើង​មក​ពី​ទិស​ថ្ងៃ​រះ មាន​ទាំង​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​ទៅ​ទេវតា​ទាំង​៤​នោះ ដែល​មាន​អំណាច​នឹង​ធ្វើ​ទុក្ខ​ផែនដី ហើយ​និង​សមុទ្រ​ថា ៣ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ក្តី ទាល់​តែ​បោះ​ត្រា​នៅ​ត្រង់​ថ្ងាស​នៃ​ពួក​បាវ​បំរើ​របស់​ព្រះ​នៃ​យើង​សិន ៤ ខ្ញុំ​ក៏​ឮ​ចំនួន​ពួក​អ្នក​ដែល​បាន​បោះ​ត្រា​នោះ​ថា មាន​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មក​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ជនជាតិ​អ៊ីស្រាអែល ៥ គឺ​ពី​ពូជ​អំបូរ​យូដា បាន​បោះ​ត្រា​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​រូបេន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​អំបូរ​កាឌ់ មាន​១​ម៉ឺន​២​ពាន់​នាក់ ៦ ពី​ពូជ​អំបូរ​អេស៊ើរ មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ណែបថាលី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ម៉ាន៉ាសេ មាន​១​ម៉ឺន​២​ពាន់​នាក់ ៧ ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់ ៨ ពី​ពូជ​អំបូរ​សាប់យូល៉ូន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​យ៉ូសែប មាន​១​ម៉ឺន​២​ពាន់​នាក់ ហើយ​ពី​ពូជ​អំបូរ​បេនយ៉ាមីន មាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។

ប្រជាជន​ដ៏​ច្រើន​កុះករ​នៅ​មុខ​បល្ល័ង្ក

៩ ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក និង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ ១០ គេ​បន្លឺ​សំឡេង​ថា សេចក្តី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង ១១ រួច​អស់​ទាំង​ទេវតា​ដែល​ឈរ​នៅ​ជុំវិញ​បល្ល័ង្ក ព្រម​ទាំង​ពួក​ចាស់ទុំ និង​តួ​មាន​ជីវិត​ទាំង​៤ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​បល្ល័ង្ក ថ្វាយ​បង្គំ​ដល់​ព្រះ ១២ ទាំង​ទូល​ថា អាម៉ែន សូម​ថ្វាយ​ព្រះពរ សិរីល្អ បា្រជ្ញា ពាក្យ​អរ​ព្រះគុណ កិត្តិនាម ព្រះចេស្តា និង​ឥទ្ធិឫទ្ធិ ដល់​ព្រះ​នៃ​យើង​រាល់​គ្នា នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។ ១៣ នោះ​ពួក​ចាស់ទុំ​ម្នាក់​សួរ​មក​ខ្ញុំ​ថា តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​ពួក​ណា ហើយ​មក​ពី​ណា ១៤ ខ្ញុំ​ក៏​ឆ្លើយ​ទៅ​ថា លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ រួច​អ្នក​នោះ​និយាយ​មក​ខ្ញុំ​ថា អ្នក​ទាំង​នោះ​ជា​ពួក​អ្នក ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម ១៥ ហេតុ​នោះ​បាន​ជា​គេ​ស្ថិត​នៅ​ចំពោះ​បល្ល័ង្ក​ព្រះ ព្រម​ទាំង​បំរើ​ទ្រង់ នៅ​ក្នុង​ព្រះវិហារ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ ទ្រង់​នឹង​ធ្វើ​ជា​ត្រសាល​បាំង​ឲ្យ​គេ ១៦ គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​មក​លើ​គេ ឬ​ចំហាយ​ណា​ទៀត​ឡើយ ១៧ ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ។

វិវរណៈ ៨

កូន​ចៀម​បក​ត្រា​ទី​ប្រាំ​ពីរ

១ កាល​កូន​ចៀម​បក​ត្រា​ទី​៧ នោះ​នៅ​ស្ថានសួគ៌​បាន​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង ២ រួច​ខ្ញុំ​ឃើញ​ទេវតា​ទាំង​៧ ដែល​ឈរ​នៅ​ចំពោះ​ព្រះ​ក៏​មាន​ត្រែ​៧​បាន​ប្រគល់​ទៅ​ឲ្យ ៣ មាន​ទេវតា​១​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​មាន​គ្រឿង​ក្រអូប​ជា​ច្រើន​បាន​ប្រគល់​ឲ្យ​ទេវតា​នោះ ដើម្បី​នឹង​ថ្វាយ​ជា​មួយ​នឹង​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ នៅ​លើ​អាសនា​មាស​ដែល​នៅ​មុខ​បល្ល័ង្ក ៤ នោះ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ផ្សាយ​ឡើង ជា​មួយ​នឹង​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ ៥ រួច​ទេវតា​ក៏​យក​ពាន ទៅ​ដាក់​ពេញ​ដោយ​ភ្លើង ពី​លើ​អាសនា បោះ​ទៅ​លើ​ផែនដី នោះ​កើត​មាន​សំឡេង ផ្គរលាន់ ផ្លេកបន្ទោរ និង​កក្រើក​ដី ៦ រួច​ទេវតា​ទាំង​៧​ដែល​កាន់​ត្រែ​៧​នោះ ក៏​រៀប​នឹង​ផ្លុំ​ឡើង។ ៧ ទេវតា​ទី​១​ក៏​ផ្លុំ​ឡើង នោះ​កើត​មាន​ព្រិល ហើយ​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​១​ភាគ​ក្នុង​៣​បាន​ឆេះ​អស់​ទៅ ព្រម​ទាំង​ដើម​ឈើ​១​ភាគ​ក្នុង​៣​ដែរ និង​ស្មៅ​ទាំង​អស់​ផង។ ៨ ទេវតា​ទី​២​ក៏​ផ្លុំ​ឡើង នោះ​មាន​ដូច​ជា​ភ្នំ​យ៉ាង​ធំ​កំពុង​តែ​ឆេះ​ជា​ភ្លើង បាន​បោះ​ទំលាក់​នៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​១​ភាគ​ក្នុង​៣​ក៏​ត្រឡប់​ទៅ​ជា​ឈាម ៩ ហើយ​អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​១​ភាគ​ក្នុង​៣ ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​១​ភាគ​ក្នុង​៣​ដែរ។ ១០ ទេវតា​ទី​៣​ក៏​ផ្លុំ​ឡើង នោះ​មាន​ផ្កាយ​១​យ៉ាង​ធំ​ធ្លាក់​ចុះ​ពី​លើ​មេឃ ទាំង​ឆេះ​ដូច​ជា​ចន្លុះ ក៏​ធ្លាក់​ទៅ​លើ​អស់​ទាំង​ទន្លេ​១​ភាគ​ក្នុង​៣ ហើយ​និង​លើ​អស់​ទាំង​រន្ធ​ទឹក ១១ ផ្កាយ​នោះ​ឈ្មោះ​ហៅ​ថា «ស្លែង» ហើយ​ទឹក​១​ភាគ​ក្នុង​៣ បាន​ត្រឡប់​ទៅ​ជា​ពុល មាន​មនុស្ស​ជា​ច្រើន​ស្លាប់ ដោយសារ​ទឹក​នោះ ដ្បិត​បាន​ត្រឡប់​ជា​ល្វីង​អស់​ហើយ។ ១២ ទេវតា​ទី​៤​ក៏​ផ្លុំ​ឡើង នោះ​ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ទាំង​ប៉ុន្មាន បាន​ត្រូវ​ងងឹត​ទៅ​១​ភាគ​ក្នុង​៣ នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​១​ភាគ​ក្នុង​៣ ពេល​យប់​ក៏​ដូច្នោះ​ដែរ។ ១៣ រួច​ខ្ញុំ​ឃើញ ហើយ​ឮ​សត្វ​ឥន្ទ្រី​ហើរ​កាត់​កណ្តាល​មេឃ ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា វេទនា វេទនា វេទនា​ហើយ ដល់​អស់​មនុស្ស​ដែល​នៅ​ផែនដី ដោយ​ព្រោះ​សូរ​ត្រែ​របស់​ទេវតា​ទាំង​៣ ដែល​រៀប​នឹង​ផ្លុំ​ទៀត។

វិវរណៈ ៩

១ ទេវតា​ទី​៥​ក៏​ផ្លុំ​ឡើង នោះ​ខ្ញុំ​ឃើញ​ផ្កាយ​១​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​ផែនដី មាន​គេ​ឲ្យ​កូន​សោ​ទី​ជំរៅ​នៃ​ជង្ហុក​ធំ​ដល់​ផ្កាយ​នោះ ២ ផ្កាយ​នោះ​ក៏​បើក​ទី​ជំរៅ​នៃ​ជង្ហុក​ធំ រួច​មាន​ផ្សែង​ហុយ​ឡើង​ពី​ទី​នោះ ដូច​ជា​ផ្សែង​ពី​គុក​ភ្លើង​យ៉ាង​ធំ ហើយ​ព្រះអាទិត្យ និង​អាកាស​ក៏​ងងឹត ដោយ​ព្រោះ​ផ្សែង​ដែល​ហុយ​ពី​ទី​នោះ​មក ៣ ក៏​មាន​កណ្តូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច ដូច​អំណាច​ខ្យាដំរី​ដែល​នៅ​ផែនដី ៤ ហើយ​មាន​គេ​បង្គាប់​ដល់​វា​ថា កុំ​ឲ្យ​បំផ្លាញ​ស្មៅ​នៅ​ផែនដី ឬ​របស់​ណា​ខ្ចី ឬ​ដើម​ឈើ​ណា​ឡើយ ត្រូវ​ធ្វើ​ទុក្ខ​ដល់​តែ​មនុស្ស​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​វិញ​ប៉ុណ្ណោះ ៥ ដែល​វា​បាន​ទទួល​អំណាច​នោះ មិន​មែន​នឹង​សំឡាប់​មនុស្ស​ទេ គឺ​ឲ្យ​បាន​គ្រាន់​តែ​ធ្វើ​ទុក្ខ​ក្នុង​រវាង​៥​ខែ​វិញ​ប៉ុណ្ណោះ ហើយ​ដែល​វា​ធ្វើ​ទុក្ខ​នោះ​សោត ក៏​បែប​ដូច​ជា​ខ្យាដំរី​ធ្វើ​ទុក្ខ ក្នុង​កាល​ដែល​វា​ទិច​មនុស្ស​ដែរ ៦ នៅ​គ្រា​នោះ មនុស្ស​នឹង​រក​ចង់​បាន​សេចក្តី​ស្លាប់ ប៉ុន្តែ​មិន​ប្រទះ​ឡើយ គេ​នឹង​ចង់​ស្លាប់ តែ​សេចក្តី​ស្លាប់​នឹង​រត់​ចេញ​ពី​គេ​ទៅ ៧ កណ្តូប​ទាំង​នោះ​មើល​ទៅ​ដូច​ជា​សេះ ដែល​រៀប​នឹង​ចូល​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ដូច​ជា​មកុដ ដែល​ស្រដៀង​នឹង​មាស ហើយ​មាន​មុខ​វា​ដូច​ជា​មុខ​មនុស្ស ៨ ឯ​សក់​វា នោះ​ដូច​ជា​សក់​របស់​ស្រីៗ ហើយ​ធ្មេញ​វា​ដូច​ជា​ធ្មេញ​របស់​សត្វ​សិង្ហ ៩ វា​ពាក់​អាវ​សឹក ដូច​ជា​អាវ​សឹក​ដែក ហើយ​សូរ​ស្លាប​វា ឮ​ដូច​ជា​សូរ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​ជា​ច្រើន បរ​ជំរត់​ទៅ​ច្បាំង ១០ វា​ក៏​មាន​កន្ទុយ ហើយ​និង​ទ្រនិច​ដូច​ជា​ខ្យាដំរី ឯ​អំណាច​វា ក៏​នៅ​ក្នុង​កន្ទុយ​នោះ សំរាប់​នឹង​ធ្វើ​ទុក្ខ​ដល់​មនុស្ស អស់​រវាង​៥​ខែ ១១ វា​មាន​ស្តេច​ត្រួត​លើ​វា​ដែរ គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ហៅ​ថា «អាបាដូន» តែ​តាម​ភាសា​ក្រេក​ហៅ​ថា «អាប៉ុលីយ៉ូន»វិញ ១២ សេចក្តី​វេទនា​ទី​១​បាន​កន្លង​ទៅ​ហើយ មើល មាន​សេចក្តី​វេទនា​២​យ៉ាង មក​តាម​ក្រោយ​ទៀត។ ១៣ ទេវតា​ទី​៦​ក៏​ផ្លុំ​ឡើង នោះ​ខ្ញុំ​ឮ​សំឡេង​១ ចេញ​ពី​ស្នែង​ទាំង​៤​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ ១៤ ក៏​និយាយ​ទៅ​ទេវតា​ទី​៦ ដែល​កាន់​ត្រែ​ថា ចូរ​ស្រាយ​ទេវតា​ទាំង​៤ ដែល​ចង​ទុក​នៅ​ទន្លេ​អ៊ើប្រាត​ដ៏​ជា​ធំ​ទៅ ១៥ នោះ​ក៏​ស្រាយ​ទេវតា​ទាំង​៤ ដែល​ប្រុង​ប្រៀប​សំរាប់​ពេល​កំណត់​ថ្ងៃ ខែ និង​ឆ្នាំ ដើម្បី​នឹង​សំឡាប់​មនុស្ស​១​ភាគ​ក្នុង​៣​ចោល ១៦ ឯ​ចំនួន​ពល​សេះ នោះ​មាន​២០​កោដិ ខ្ញុំ​ក៏​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ ១៧ ហើយ​ក្នុង​ការ​ជាក់​ស្តែង​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ និង​អ្នក​ដែល​ជិះ​ដែរ គេ​មាន​ពាក់​អាវ​សឹក​សម្បុរ​ភ្លើង ស្វាយ​ខ្ចី និង​ស្ពាន់ធ័រ ឯ​ក្បាល​សេះ​នោះ​ដូច​ជា​ក្បាល​សិង្ហ មាន​ភ្លើង ផ្សែង ហើយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​វា​មក ១៨ មនុស្ស​លោក​១​ភាគ​ក្នុង​៣​បាន​ស្លាប់ ដោយ​សេចក្តី​ទេវនា​ទាំង​៣​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ ដែល​ចេញ​ពី​មាត់​វា​មក​នោះ​ឯង ១៩ ពី​ព្រោះ​អំណាច​របស់​សេះ​ទាំង​នោះ គឺ​មាន​នៅ​ក្នុង​មាត់ និង​ក្នុង​កន្ទុយ​វា ដ្បិត​កន្ទុយ​វា​ដូច​ជា​ពស់ ដែល​មាន​ក្បាល ហើយ​វា​ក៏​ធ្វើ​ទុក្ខ​ដោយសារ​កន្ទុយ​នោះ ២០ រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់ ដោយសារ​សេចក្តី​វេទនា​ទាំង​នោះ ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត ចេញ​ពី​ការ​ដែល​ស្នាដៃ​គេ​ធ្វើ ដើម្បី​នឹង​លះ​ចោល​ការ​គោរព​ដល់​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ​ក្តី ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ឡើយ ២១ ក៏​មិន​បាន​ប្រែ​ចិត្ត​ចោល​ការ​កាប់​សំឡាប់ មន្តអាគម កំផិត និង​ការ​លួច​ប្លន់ ដែល​គេ​ប្រព្រឹត្ត​ផង​ដែរ។

វិវរណៈ ១០

ទេវតា​ប្រគល់​ក្រាំង​មួយ​តូច​ឲ្យ​យ៉ូហាន

១ ខ្ញុំ​ក៏​ឃើញ​ទេវតា​ដ៏​ពូកែ​១​ទៀត ចុះ​មក​ពី​លើ​មេឃ មាន​ពពក​ហ៊ុំ ហើយ​មាន​ឥន្ទធនូ​នៅ​លើ​ក្បាល​ទេវតា​នោះ​ដូច​ជា​ថ្ងៃ ហើយ​ជើង​ដូច​ជា​បង្គោល​ភ្លើង ២ មាន​កាន់​ក្រាំង​១​តូច​បើក​នៅ​ដៃ ក៏​ឈាន​ជើង​ស្តាំ​ទៅ​លើ​សមុទ្រ ហើយ​ជើង​ឆ្វេង​ទៅ​លើ​ដី​គោក ៣ រួច​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង ដូច​ជា​សំឡេង​នៃ​សត្វ​សិង្ហ​ដែល​គ្រហឹម លុះ​បាន​បន្លឺ​ស្រេច​ហើយ នោះ​ក៏​មាន​ឮ​សំឡេង​ផ្គរលាន់​៧ ៤ កាល​បាន​ឮ​ផ្គរលាន់​ទាំង​៧​នោះ​រួច​ហើយ នោះ​ខ្ញុំ​រៀប​នឹង​សរសេរ តែ​មាន​សំឡេង​ចេញ​ពី​លើ​មេឃ​ប្រាប់​ខ្ញុំ​ថា ចូរ​បំបិទ​សេចក្តី​ដែល​ផ្គរលាន់​ទាំង​៧​បាន​ថ្លែង​នោះ​ទៅ កុំ​ឲ្យ​កត់​សេចក្តី​ទាំង​នោះ​ឡើយ ៥ រួច​ទេវតា​ដែល​ខ្ញុំ​ឃើញ​ឈរ​លើ​សមុទ្រ ហើយ​លើ​ដី​គោក ក៏​លើក​ដៃ​ស្តាំ​ទៅ​លើ​មេឃ ៦ ទាំង​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បង្កើត​មេឃ ដី សមុទ្រ និង​របស់​ទាំង​ប៉ុន្មាន ដែល​នៅ​ស្ថាន​ទាំង​នោះ​ថា គ្មាន​ពេល​បង្អង់​ទៀត​ឡើយ ៧ តែ​នៅ​គ្រា​ដែល​ឮ​សំឡេង​ទេវតា​ទី​៧ ក្នុង​កាល​ដែល​រៀប​នឹង​ផ្លុំ​ត្រែ នោះ​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះ​នឹង​បាន​សំរេច ដូច​ជា​ទ្រង់​បាន​ផ្សាយ​ដំណឹង​ល្អ​មក​ប្រាប់​ពួក​ហោរា ជា​ពួក​បាវ​បំរើ​របស់​ទ្រង់​ដែរ។ ៨ ឯ​សំឡេង​ដែល​ខ្ញុំ​ឮ​ពី​លើ​មេឃ នោះ​ក៏​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា ចូរ​ទៅ​យក​ក្រាំង​តូច​ដែល​បើក​នៅ​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ ហើយ​លើ​ដី​គោក​នោះ​ចុះ ៩ ខ្ញុំ​ក៏​ទៅ​ឯ​ទេវតា​នោះ និយាយ​ថា សូម​ឲ្យ​ក្រាំង​តូច​នោះ​មក​ខ្ញុំ ទេវតា​ឆ្លើយ​ថា ចូរ​យក​ទៅ​បរិភោគ​ចុះ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​ឯង​ល្វីង តែ​នៅ​ក្នុង​មាត់​នឹង​បាន​ផ្អែម​ដូច​ទឹក​ឃ្មុំ​ទេ ១០ នោះ​ខ្ញុំ​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​ទទួល​ទាន​ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក៏​ផ្អែម​ដូច​ទឹក​ឃ្មុំ​មែន តែ​កាល​ខ្ញុំ​បាន​ទទួល​ទាន​រួច​ទៅ​ហើយ នោះ​ពោះ​ខ្ញុំ​បាន​ទៅ​ជា​ល្វីង​វិញ ១១ រួច​ទេវតា​ប្រាប់​ខ្ញុំ​ថា ឯង​ត្រូវ​ទាយ​ម្តង​ទៀត គឺ​ទាយ​ពី​ដំណើរ​គ្រួសារ និង​ពី​ពួក​សាសន៍ ពី​ភាសា​ផ្សេងៗ ហើយ​ពី​ស្តេច​ជា​ច្រើន។

វិវរណៈ ១១

ក្រុង​ដ៏​វិសុទ្ធ និង​បន្ទាល់​ពីរ​រូប

១ មាន​គេ​ឲ្យ​ដើម​បបុស​ទុក​ជា​ខ្នាត​មក​ខ្ញុំ ដោយ​ថា ចូរ​ក្រោក​ឡើង​ទៅ​វាស់​ព្រះវិហារ​នៃ​ព្រះ និង​អាសនា ហើយ​និង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​ផង ២ តែ​ទី​លាន​ដែល​នៅ​ខាង​ក្រៅ នោះ​ត្រូវ​ចោល​ចេញ កុំ​ឲ្យ​វាស់​ឡើយ ដ្បិត​បាន​ឲ្យ​ទី​នោះ​ដល់​សាសន៍​ដ៏ទៃ​ហើយ គេ​នឹង​ជាន់​ទី​ក្រុង​បរិសុទ្ធ​អស់​រវាង​៤២​ខែ ៣ អញ​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​អញ​ទាំង​២​នាក់ គេ​នឹង​ទាយ​ក្នុង​រវាង​១២៦០​ថ្ងៃ ទាំង​ស្លៀកពាក់​សំពត់​ធ្មៃផង ៤ អ្នក​២​នាក់​នោះ គេ​ជា​ដើម​អូលីវ​ទាំង​២ ហើយ​ជា​ចង្កៀង​ទាំង​២ ដែល​ឈរ​នៅ​ចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី ៥ បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​ដល់​អ្នក​២​នាក់​នោះ នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គេ មក​បញ្ឆេះ​បំផ្លាញ​ពួក​ខ្មាំងសត្រូវ​វិញ បើ​សិន​ជា​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​គេ នោះ​ត្រូវ​ស្លាប់​ទៅ​យ៉ាង​ដូច្នោះ ៦ អ្នក​ទាំង​២​នោះ​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង មិន​ឲ្យ​ភ្លៀង​ធ្លាក់​មក​ក្នុង​គ្រា​ដែល​គេ​ទាយ ក៏​មាន​អំណាច​នឹង​បំផ្លាស់​ទឹក​ឲ្យ​ទៅ​ជា​ឈាម ហើយ​នឹង​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​សេចក្តី​ទេវនា​គ្រប់​យ៉ាង ក្នុង​វេលា​ណា​ក៏​ដោយ តាម​តែ​ចិត្ត​បាន។ ៧ កាល​ណា​អ្នក​២​នាក់​នោះ បាន​ធ្វើ​បន្ទាល់​របស់​ខ្លួន​ស្រេច​ហើយ នោះ​សត្វ​សាហាវ​ដែល​ឡើង​មក​ពី​ជង្ហុក​ធំ​នឹង​ច្បាំង​នឹង​គេ ទាំង​ឈ្នះ ហើយ​សំឡាប់​គេ​ផង ៨ ខ្មោច​គេ​ទាំង​២​នាក់ នឹង​ដេក​នៅ​ផ្លូវ​ទី​ក្រុង​ធំ ដែល​ខាង​ព្រលឹង​វិញ្ញាណ​ហៅ​ថា​ក្រុង​សូដុំម ហើយ​ស្រុក​អេស៊ីព្ទ គឺ​នៅ​ក្រុង​នេះ​ឯង ដែល​មនុស្ស​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​អ្នក​ទាំង​២​នោះ​ដែរ ៩ នោះ​នឹង​មាន​មនុស្ស​ពី​គ្រប់​ទាំង​គ្រួសារ ពូជ​មនុស្ស ភាសា និង​សាសន៍​ទាំង​ប៉ុន្មាន បាន​ឃើញ​ខ្មោច​គេ នៅ​អស់​៣​ថ្ងៃ​កន្លះ មិន​ព្រម​ឲ្យ​អ្នក​ណា​កប់​ឡើយ ១០ ហើយ​មនុស្ស​នៅ​ផែនដី​ទាំង​ប៉ុន្មាន គេ​នឹង​មាន​សេចក្តី​អំណរ​ហើយ​លេង​សប្បាយ ពី​ដំណើរ​អ្នក​ទាំង​២​បាន​ស្លាប់​ហើយ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ហោរា​ទាំង​២​នោះ​បាន​ធ្វើ​ទុក្ខ​ដល់​មនុស្ស ដែល​នៅ​ផែនដី​ទាំង​ប៉ុន្មាន​ជា​ខ្លាំង​ណាស់។ ១១ ក្រោយ​៣​ថ្ងៃ​កន្លះ​នោះ​មក ព្រះវិញ្ញាណ​នៃ​ជីវិត ដែល​មក​ពី​ព្រះ​ក៏​ចូល​ក្នុង​ខ្មោច​ទាំង​២ រួច​គេ​ក្រោក​ឈរ​ឡើង ហើយ​ពួក​អ្នក​ដែល​ឃើញ​ក៏​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ១២ នោះ​អ្នក​ទាំង​២​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​ឡើង​មក​ឯ​ណេះ គេ​ក៏​ឡើង​ទៅ​លើ​មេឃ​ឰដ៏​ពពក ពួក​ខ្មាំងសត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ ១៣ នៅ​វេលា​នោះ​ឯង មាន​កក្រើក​ដី​ជា​ខ្លាំង ទី​ក្រុង​នោះ​១​ភាគ​ក្នុង​១០​ក៏​រលំ​អស់​ទៅ ហើយ​មាន​មនុស្ស​៧​ពាន់​នាក់​ស្លាប់ ក្នុង​ខណៈ​ដែល​កក្រើក​ដី​នោះ ឯ​ពួក​មនុស្ស​ដែល​សល់ គេ​មាន​ចិត្ត​ភ័យ​ខ្លាច ក៏​សរសើរដំកើង​ដល់​ព្រះ​នៃ​ស្ថានសួគ៌ ១៤ សេចក្តី​វេទនា​ទី​២​បាន​កន្លង​ទៅ​ហើយ មើល សេចក្តី​វេទនា​ទី​៣​ត្រូវ​មក​ជា​ឆាប់។

សំឡេង​ត្រែ​ទី​ប្រាំ​ពីរ

១៥ ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា និង​ជា​របស់​ផង​ព្រះគ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ១៦ នោះ​ពួក​ចាស់ទុំ​ទាំង​២៤​នាក់ ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ​បង្គំ​ដល់​ទ្រង់ ១៧ ទូល​ថា ឱ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ដែល​គង់​នៅ ក៏​បាន​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត​អើយ យើង​ខ្ញុំ​អរ​ព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទ្រង់​បាន​យក​ព្រះចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​បាន​សោយ​រាជ្យ​ឡើង ១៨ អស់​ទាំង​សាសន៍​បាន​មាន​សេចក្តី​កំហឹង ហើយ​សេចក្តី​ខ្ញាល់​ទ្រង់​ក៏​មក​ដល់ ជា​ពេល​កំណត់ ដែល​ត្រូវ​ជំរះ​ពួក​មនុស្ស​ស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ព្រះនាម​ទ្រង់ គឺ​ជា​ពួក​បាវ​បំរើ​ទ្រង់​ទាំង​តូច​ទាំង​ធំ​ដែរ ហើយ​ជា​ពេល​ត្រូវ​បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី​ផង។ ១៩ នោះ​មាន​គេ​បើក​ព្រះវិហារ​នៃ​ព្រះ នៅ​ស្ថានសួគ៌ ហើយ​ឃើញ​មាន​ហិប​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ នៅ​ក្នុង​ព្រះវិហារ​នោះ រួច​មាន​ផ្លេកបន្ទោរ សៀង​សំឡេង ផ្គរលាន់ កក្រើក​ដី និង​ព្រិល​យ៉ាង​ធំៗ។

វិវរណៈ ១២

ស្ត្រី និង​នាគ

១ រួច​មាន​ទី​សំគាល់​១​យ៉ាង​ធំ នៅ​លើ​មេឃ គឺ​ជា​ស្ត្រី​ម្នាក់​ប្រដាប់​ខ្លួន​ដោយ​ព្រះអាទិត្យ មាន​ព្រះចន្ទ​នៅ​ក្រោម​ជើង ក៏​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​១២​នៅ​លើ​ក្បាល​ដែរ ២ នាង​មាន​គភ៌ ក៏​ស្រែក​ដោយ​រៀប​នឹង​សំរាល​ចេញ ទាំង​ឈឺ​ចាប់​នឹង​បង្កើត​កូន​មក។ ៣ ឃើញ​មាន​ទី​សំគាល់​១​ទៀត នៅ​លើ​មេឃ គឺ​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ និង​ស្នែង​១០ ឯ​នៅ​លើ​ក្បាល​វា មាន​មកុដ​៧ ៤ កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក ៥ នាង​សំរាល​បាន​កូន​ប្រុស ដែល​ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ​ទ្រង់​លើក​កូន​នាង​ទៅ​ឯ​ទ្រង់ នឹង​ដល់​បល្ល័ង្ក​ទ្រង់​វិញ ៦ រួច​ស្ត្រី​នោះ​ក៏​រត់​ទៅ​ឯ​ទី​រហោស្ថាន នៅ​ទី​នោះ​ព្រះ​បាន​រៀប​កន្លែង​ឲ្យ​នាង ដើម្បី​នឹង​ចិញ្ចឹម​នាង​នៅ​ទី​នោះ អស់​រវាង​១២៦០​ថ្ងៃ។ ៧ នោះ​មាន​ចំបាំង​នៅ​លើ​មេឃ គឺ​មីកែល និង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ ៨ តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង ៩ នោះ​នាគ​ធំ ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ៍​ទាំង​មូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង។ ១០ នោះ​ខ្ញុំ​ឮ​សំឡេង​១​យ៉ាង​ខ្លាំង នៅ​លើ​មេឃ​ថា ឥឡូវ​នេះ សេចក្តី​សង្គ្រោះ ព្រះចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះគ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ហើយ ១១ គេ​បាន​ឈ្នះ​វា ដោយសារ​ឈាម​នៃ​កូន​ចៀម ហើយ​ដោយសារ​សេចក្តី​បន្ទាល់​របស់​គេ ក៏​មិន​បាន​ស្តាយ​ជីវិត​ខ្លួន​ដរាប​ដល់​ស្លាប់ ១២ ដោយ​ហេតុ​នោះ ឱ​ស្ថានសួគ៌ និង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ។ ១៣ លុះ​នាគ​ឃើញ​ថា វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​ហើយ នោះ​វា​ក៏​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​ដែល​សំរាល​កូន​ប្រុស​នោះ ១៤ តែ​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​ស្ត្រី​នោះ​មាន​ស្លាប​២ ដូច​ជា​ស្លាប​នៃ​សត្វ​ឥន្ទ្រី ដើម្បី​ឲ្យ​នាង​បាន​ហើរ​ទៅ​នៅ​កន្លែង​របស់​នាង នៅ​ទី​រហោស្ថាន ជា​កន្លែង​ដែល​ទ្រង់​ចិញ្ចឹម​នាង​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប​ផង ឲ្យ​ឃ្លាត​ពី​មុខ​សត្វ​ពស់​នោះ​ចេញ ១៥ រួច​ពស់​វា​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទន្លេ ឲ្យ​ហូរ​ទៅ​តាម​ស្ត្រី​នោះ ដើម្បី​នឹង​បន្សាត់​នាង​ឲ្យ​បាត់​តាម​ទន្លេ​នោះ​ទៅ ១៦ តែ​ផែនដី​បាន​ជួយ​នាង ដោយ​ហា​ឡើង​លេប​ទន្លេ ដែល​នាគ​ព្រួស​ចេញ​ពី​មាត់​វា​ទៅ​បាត់ ១៧ នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្តី​បន្ទាល់​ពី​ព្រះយេស៊ូវ។

វិវរណៈ ១៣

សត្វ​តិរច្ឆាន​ដែល​ចេញ​ពី​សមុទ្រ

១ ខ្ញុំ​ក៏​ឈរ​លើ​ខ្សាច់ នៅ​មាត់​សមុទ្រ ហើយ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​១​ឡើង​ចេញ​ពី​សមុទ្រ​មក ដែល​មាន​ស្នែង​១០ និង​ក្បាល​៧ រីឯ​នៅ​លើ​ស្នែង​វា មាន​មកុដ​១០ ហើយ​នៅ​លើ​ក្បាល​ទាំង​ប៉ុន្មាន នោះ​មាន​ឈ្មោះ ជា​ពាក្យ​ប្រមាថ ២ សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​នៃ​ខ្លាឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ និង​បល្ល័ង្ក​របស់​វា​ដល់​សត្វ​នោះ ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដែរ ៣ ខ្ញុំ​ឃើញ​ក្បាល​វា​១​ដូច​ជា​បាន​កាប់​សំឡាប់​ហើយ តែ​របួស​ដល់​ស្លាប់​នោះ​បាន​សះ​ជា​ឡើង​វិញ ហើយ​ផែនដី​ក៏​អស្ចារ្យ​នឹង​សត្វ​នោះ ៤ គេ​ក្រាប​ថ្វាយ​បង្គំ​ដល់​នាគ ដែល​ឲ្យ​សត្វ​នោះ​មាន​អំណាច ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ​ដែរ ដោយ​និយាយ​ថា តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ មាន​អ្នក​ឯ​ណា​ដែល​អាច​ច្បាំង​នឹង​វា​បាន ៥ នាគ​ក៏​ឲ្យ​វា​មាន​មាត់​ចេះ​និយាយ​ជា​ពាក្យ​សំដី​ដ៏​ធំ និង​ពាក្យ​ប្រមាថ ក៏​ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ​វា ក្នុង​រវាង​៤២​ខែ ៦ វា​បើក​មាត់​ប្រមាថ​ដល់​ទាំង​ព្រះ និង​ព្រះនាម ហើយ​ព្រះវិហារ​នៃ​ទ្រង់​ដែរ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​នៅ​ស្ថានសួគ៌​ផង ៧ ក៏​មាន​អំណាច​បាន​ប្រគល់​ដល់​វា ឲ្យ​ច្បាំង​ឈ្នះ​ពួក​បរិសុទ្ធ​បាន ហើយ​និង​អំណាច​លើ​គ្រប់​ទាំង​ពូជ​មនុស្ស គឺ​អស់​ទាំង​គ្រួសារ និង​ភាសា ហើយ​និង​អស់​ទាំង​សាសន៍​ផង ៨ ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់ តាំង​ពី​កំណើត​លោកីយ៍​មក នោះ​នឹង​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​សត្វ​នោះ ៩ បើ​អ្នក​ណា​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​ចុះ ១០ បើ​អ្នក​ណា​ដឹកនាំ​គេ​ឲ្យ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​គេ​ដឹកនាំ​ខ្លួន​ឲ្យ​ទៅ​ជា​ឈ្លើយ​ដែរ បើ​អ្នក​ណា​កាប់​សំឡាប់​គេ​ដោយ​ដាវ នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្តី​អត់ធ្មត់ និង​សេចក្តី​ជំនឿ​របស់​ពួក​បរិសុទ្ធ។

សត្វ​តិរច្ឆាន​ដែល​ចេញ​ពី​ដី

១១ ខ្ញុំ​ក៏​ឃើញ​សត្វ​សាហាវ​១​ទៀត ឡើង​ចេញ​ពី​ដី​មក វា​មាន​ស្នែង​២ ដូច​ជា​កូន​ចៀម តែ​ពោល​ពាក្យ​ដូច​ជា​នាគ​វិញ ១២ ក៏​ប្រព្រឹត្ត​ដោយ​នូវ​គ្រប់​ទាំង​អំណាច​របស់​សត្វ​ទី​១ នៅ​មុខ​នាគ​នោះ ទាំង​បណ្តាល​ឲ្យ​ផែនដី និង​អស់​អ្នក​ដែល​នៅ​ផែនដី​បាន​ក្រាប​ថ្វាយ​បង្គំ ដល់​សត្វ​ទី​១​ដែល​មាន​របួស​ដល់​ស្លាប់​នោះ តែ​បាន​សះ​ជា​វិញ​នោះ​ផង ១៣ វា​ក៏​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ធ្វើ​ឲ្យ​ធ្លាក់​ទាំង​ភ្លើង ពី​លើ​មេឃ​មក​លើ​ផែនដី នៅ​មុខ​មនុស្ស​លោក​ផង ១៤ វា​បញ្ឆោត​ពួក​មនុស្ស​នៅ​ផែនដី ដោយសារ​ទី​សំគាល់ ដែល​វា​មាន​អំណាច​នឹង​ធ្វើ នៅ​មុខ​សត្វ​នោះ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ផែនដី ឲ្យ​ធ្វើ​រូប​សត្វ​នោះ ដែល​ត្រូវ​របួស​នឹង​ដាវ តែ​បាន​រស់​វិញ​ដែរ ១៥ ក៏​មាន​អំណាច​បាន​ប្រគល់​ឲ្យ​វា នឹង​ធ្វើ​ឲ្យ​រូប​សត្វ​នោះ​មាន​ខ្យល់​ដង្ហើម ដើម្បី​ឲ្យ​បាន​ចេះ​និយាយ ហើយ​អំណាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​រូប​សត្វ​នោះ ត្រូវ​ស្លាប់​ផង ១៦ វា​ក៏​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​ធំ ទាំង​តូច ទាំង​មាន ទាំង​ក្រ ហើយ​ទាំង​អ្នក​ជា និង​បាវ​គេ ឲ្យ​ទទួល​ទី​សំគាល់​នៅ​ដៃ​ស្តាំ ឬ​នៅ​ថ្ងាស​គេ​រៀង​ខ្លួន ១៧ ហើយ​មិន​បើក​ឲ្យ​អ្នក​ណា​មាន​ច្បាប់​នឹង​ទិញ ឬ​លក់​អ្វី​បាន​ឡើយ លើក​តែ​អ្នក​ដែល​មាន​ទី​សំគាល់​នោះ​ចេញ គឺ​ជា​ឈ្មោះ​របស់​សត្វ​នោះ ឬ​ជា​លេខ​ឈ្មោះ​របស់​វា ១៨ នេះ​ហើយ​ជា​ប្រាជ្ញា អ្នក​ណា​ដែល​មាន​យោបល់ ឲ្យ​អ្នក​នោះ​រាប់​លេខ​នៃ​សត្វ​នោះ​ចុះ ដ្បិត​លេខ​នោះ​ជា​លេខ​របស់​មនុស្ស​គឺ​៦៦៦។

វិវរណៈ ១៤

កូន​ចៀម និង​អស់​អ្នក​ដែល​ព្រះអង្គ​បាន​លោះ

១ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មាន​ព្រះនាម​ទ្រង់ និង​ព្រះនាម​ព្រះវរបិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជា​មួយ​ដែរ ២ រួច​ខ្ញុំ​ឮ​សំឡេង​មក​ពី​លើ​មេឃ ដូច​ជា​សូរ​ទឹក​ច្រើន ហើយ​ដូច​ផ្គរលាន់​យ៉ាង​ខ្លាំង រីឯ​សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​ដន្ត្រី​ដែល​កំពុង​តែ​ចាប់​ស៊ុង ៣ គេ​ច្រៀង​បទ​១​ថ្មី នៅ​មុខ​បល្ល័ង្ក ហើយ​មុខ​តួ​មាន​ជីវិត​ទាំង​៤ និង​ពួក​ចាស់ទុំ​ដែរ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​ទ្រង់​លោះ​ពី​ផែនដី​ចេញ​ប៉ុណ្ណោះ ៤ នោះ​ជា​ពួក​ព្រហ្មចារី ដែល​មិន​បាន​បង្ខូច​ខ្លួន​នឹង​ស្រីឡើយ គេ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផ្លែ​ដំបូង​ថ្វាយ​ដល់​ព្រះ ហើយ​និង​កូន​ចៀម ៥ មិន​ឃើញ​មាន​សេចក្តី​ភូតភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅហ្មង។

ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស

៦ ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ៧ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរីល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។ ៨ មាន​ទេវតា​១​ទៀត​មក​តាម​ក្រោយ​ប្រាប់​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ បាន​រលំ​ហើយ ដ្បិត​វា​បាន​ឲ្យ​គ្រប់​ទាំង​សាសន៍​ផឹក​ស្រា​នៃ​សេចក្តី​ឃោរឃៅ​របស់​ការ​កំផិតខ្លួន។ ៩ រួច​មាន​ទេវតា​ទី​៣​មក​តាម​ក្រោយ​ទៀត ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា បើ​អ្នក​ណា​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ និង​រូប​វា ហើយ​ទទួល​ទី​សំគាល់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​ដៃ ១០ អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្តី​ឃោរឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់ ព្រម​ទាំង​ត្រូវ​រង​ទុក្ខ​វេទនា នៅ​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ ចំពោះ​មុខ​នៃ​ពួក​ទេវតា​បរិសុទ្ធ និង​កូន​ចៀម​ផង ១១ ឯ​ផ្សែង​នៃ​សេចក្តី​ទុក្ខ​លំបាក​របស់​គេ និង​ហុយ​ឡើង​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ គេ​នឹង​ឥត​មាន​សេចក្តី​ស្រាកស្រាន្ត​ឡើយ ទាំង​យប់​ទាំង​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ និង​រូប​វា ឬ​អ្នក​ណា​ដែល​ទទួល​ទី​សំគាល់​នៃ​ឈ្មោះ​វា​ផង ១២ នេះ​ហើយ​ជា​សេចក្តី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ ដែល​កាន់​តាម​បញ្ញត្ត​របស់​ព្រះ ហើយ​មាន​សេចក្តី​ជំនឿ​ដល់​ព្រះយេស៊ូវ។ ១៣ ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​កត់​ទុក​ដូច្នេះ​ថា ពី​នេះ​ទៅ​មុខ អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់ នោះ​មាន​ពរ​ហើយ ព្រះវិញ្ញាណ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហ្នឹង​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​ការ​គេ​ធ្វើ ក៏​តាម​គេ​ជាប់។

ការ​ច្រូត​កាត់ និង​ការ​បេះ​ផ្លែ​ទំពាំងបាយជូរ

១៤ នោះ​ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ពពក​ស​១ ហើយ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស គង់​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស ហើយ​កាន់​កណ្តៀវ​ដ៏​មុត ១៥ រួច​មាន​ទេវតា​១​ទៀត​ចេញ​ពី​ព្រះវិហារ​មក បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ដល់​ព្រះអង្គ​ដែល​គង់​លើ​ពពក​ថា សូម​លូក​កណ្តៀវ​ទ្រង់​ទៅ​ច្រូត​ចុះ ដ្បិត​ជា​វេលា​ត្រូវ​ច្រូតហើយ ពី​ព្រោះ​នៅ​ផែនដី​បាន​ទុំ​ជា​ស្រេច ១៦ នោះ​ព្រះអង្គ ដែល​គង់​នៅ​លើ​ពពក ទ្រង់​លូក​កណ្តៀវ​ទៅ​ឯ​ផែនដី ដូច្នេះ ផែនដី​ក៏​បាន​ច្រូត​រួច​ហើយ។ ១៧ រួច​មាន​ទេវតា​១​ទៀត ចេញ​ពី​ព្រះវិហារ​នៅ​ស្ថានសួគ៌​មក ទាំង​កាន់​ចែយ៉ាង​មុត​ដែរ ១៨ ហើយ​មាន​ទេវតា​១​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​ទេវតា​ដែល​កាន់​ចែ​ដ៏​មុត​នោះ​ថា ចូរ​លូក​ចែ​ដ៏​មុត​របស់​ឯង ទៅ​កាត់​ចង្កោម​ទំពាំងបាយជូរ នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​ទុំ​ហើយ ១៩ ទេវតា​នោះ​ក៏​លូក​ចែ​ទៅ​ឯ​ផែនដី ហើយ​កាត់​ផ្លែ​ទំពាំងបាយជូរ​ទាំង​អស់ រួច​បោះ​ទៅ​ក្នុង​ធុង​ជាន់​ផ្លែ​យ៉ាង​ធំ​របស់​ផង​សេចក្តី​ក្រោធ​នៃ​ព្រះ ២០ នោះ​មាន​គេ​ជាន់​ក្នុង​ធុង​នោះ នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​មាន​ឈាម​ចេញ​ពី​ធុង​ឡើង​ទៅ​ត្រឹម​ដែក​បង្ខាំង​សេះ ចំងាយ​៣០០​គីឡូម៉ែត្រ​ទៅ។

វិវរណៈ ១៥

ទេវតា​ប្រាំ​ពីរ​រូប និង​គ្រោះ​កាច​ចុង​ក្រោយ

១ ខ្ញុំ​ក៏​ឃើញ​ទី​សំគាល់​១​ទៀត ដែល​ធំ​ហើយ​អស្ចារ្យ នៅ​លើ​មេឃ គឺ​មាន​ទេវតា​៧ ដែល​កាន់​សេចក្តី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ដ្បិត​សេចក្តី​ឃោរឃៅ​របស់​ព្រះ​បាន​សំរេច ដោយ​សេចក្តី​វេទនា​ទាំង​នោះ។ ២ រួច​ខ្ញុំ​មើល​ទៅ​ឃើញ​ដូច​ជា​សមុទ្រ​កែវ លាយ​នឹង​ភ្លើង ហើយ​ពួក​អ្នក​ដែល​បាន​ឈ្នះ​សត្វ​នោះ និង​រូប​វា ហើយ​លេខ​ឈ្មោះ​វា​ផង គេ​ឈរ​លើ​សមុទ្រ​នោះ ទាំង​កាន់​ស៊ុង​របស់​ព្រះ​គ្រប់​គ្នា ៣ គេ​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ព្រះ និង​ទំនុក​របស់​កូន​ចៀម​ថា ឱ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត​អើយ ការ​ទ្រង់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ ឱ​ស្តេច​នៃ​សាសន៍​អើយ ផ្លូវ​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់ ៤ ឱ​ព្រះអម្ចាស់​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោតខ្លាច​ដល់​ទ្រង់ ហើយ​សរសើរដំកើង​ដល់​ព្រះនាម​ទ្រង់ ដ្បិត​មាន​តែ​ទ្រង់​១​ដែល​បរិសុទ្ធ គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ទ្រង់ ដ្បិត​ការ​សុចរិត​របស់​ទ្រង់ បាន​សំដែង​មក​ឲ្យ​ឃើញ​ហើយ។ ៥ ក្រោយ​នោះ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ថា ទ្វារ​ទី​បរិសុទ្ធ​របស់​រោង​ឧបោសថ​នៃ​សេចក្តី​បន្ទាល់នៅ​ស្ថានសួគ៌ ក៏​នៅ​ចំហ ៦ ហើយ​ទេវតា​៧​ដែល​កាន់​សេចក្តី​វេទនា​ទាំង​៧ ក៏​ចេញ​ពី​ព្រះវិហារ​មក ទាំង​ស្លៀកពាក់​ជា​សំពត់​ទេស​យ៉ាង​ស្អាត ហើយ​ភ្លឺ មាន​ទាំង​ខ្សែ​មាស​រឹត​នៅ​ដើម​ទ្រូង​ផង ៧ តួ​មាន​ជីវិត​១ ក៏​ឲ្យ​ចាន​កន្ទោង​មាស​៧​ទៅ​ទេវតា​ទាំង​៧ ដែល​ចាន​ទាំង​នោះ​ពេញ​ចាន​ទៅ​ដោយ​សេចក្តី​ឃោរឃៅ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ៨ នោះ​ព្រះវិហារ​មាន​ពេញ​ដោយ​ផ្សែង​ពី​សិរីល្អ ហើយ​ពី​ព្រះចេស្តា​នៃ​ព្រះ គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​ព្រះវិហារ​បាន​ទេ ទាល់​តែ​សេចក្តី​វេទនា​ទាំង​៧ របស់​ទេវតា​៧​នោះ​បាន​សំរេច​ស្រេច។

វិវរណៈ ១៦

ពែង​មាស​ទាំង​ប្រាំ​ពីរ

១ ខ្ញុំ​ក៏​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ព្រះវិហារ ប្រាប់​ទៅ​ទេវតា​ទាំង​៧​ថា ចូរ​ចាក់​សេចក្តី​ឃោរឃៅ​របស់​ព្រះ ដែល​នៅ​ក្នុង​ចាន​ទាំង​៧ ទៅ​លើ​ផែនដី​ទៅ។ ២ ទេវតា​ទី​១​ក៏​ចេញ​ទៅ ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ផែនដី នោះ​មនុស្ស​ដែល​មាន​ទី​សំគាល់​របស់​សត្វ និង​អស់​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​ដល់​រូប​វា គេ​ក៏​កើត​ដំបៅ​កាច​អាក្រក់​ណាស់។ ៣ ទេវតា​ទី​២ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។ ៤ ទេវតា​ទី​៣ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​ទន្លេ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នោះ​ក៏​ប្រែ​ទៅ​ជា​ឈាម​ទាំង​អស់​ដែរ ៥ រួច​ខ្ញុំ​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា ឱ​ព្រះ​ដ៏​គង់​នៅ ហើយ​បាន​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​អើយ ដែល​ទ្រង់​បាន​ជំនុំជំរះ​កាត់​ទោស​ដូច្នេះ នោះ​សុចរិត​ហើយ ៦ ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ ៧ រួច​ខ្ញុំ​ឮ​អាសនា​ទទួល​ថា មែន​ហើយ ឱ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត​អើយ សេចក្តី​ជំនុំជំរះ​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់។ ៨ ទេវតា​ទី​៤​ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ព្រះអាទិត្យ រួច​ព្រះអាទិត្យ​បាន​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ខ្លោច ដោយសារ​ភ្លើង ៩ មនុស្ស​លោក​ក៏​ត្រូវ​ខ្លោច​ទៅ ដោយ​អំណាច​ក្តៅ​ជា​ខ្លាំង តែ​គេ​មិន​បាន​ប្រែ​ចិត្ត ដើម្បី​នឹង​លើក​សរសើរ​ដល់​សិរីល្អ​នៃ​ព្រះ​ទេ គឺ​គេ​ប្រមាថ​ដល់​ព្រះនាម​ព្រះ ដែល​មាន​អំណាច​លើ​សេចក្តី​វេទនា​ទាំង​នោះ​វិញ។ ១០ ឯ​ទេវតា​ទី​៥ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​នោះ រួច​នគរ​វា​ត្រឡប់​ទៅ​ជា​ងងឹត​សូន្យ​សុង ហើយ​គេ​ខាំ​អណ្តាត ដោយ​មាន​សេចក្តី​ទុក្ខ​លំបាក ១១ ក៏​ប្រមាថ​ដល់​ព្រះ​នៃ​ស្ថានសួគ៌​ដោយ​ព្រោះ​ទុក្ខ​លំបាក និង​ដំបៅ​របស់​គេ តែ​មិន​បាន​ប្រែ​ចិត្ត​លះ​ចោល​ពី​ការ​ដែល​គេ​ប្រព្រឹត្ត​ឡើយ។ ១២ ទេវតា​ទី​៦ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត រួច​ទឹក​ទន្លេ​នោះ​ក៏​រីង​ទៅ ដើម្បី​ឲ្យ​បាន​រៀបចំ​ផ្លូវ​របស់​ពួក​ស្តេច​ពី​ទិស​ខាង​ថ្ងៃ​រះ ១៣ រួច​ខ្ញុំ​ឃើញ​វិញ្ញាណ​អសោច​៣ ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ មាត់​សត្វ និង​ពី​មាត់​ហោរា​ក្លែងក្លាយ​មក ១៤ ដ្បិត​វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​នៃ​ពួក​អារក្ស ដែល​ចេញ​ទៅ​ឯ​អស់​ទាំង​ស្តេច នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សំគាល់ ដើម្បី​នឹង​ប្រមូល​ស្តេច​ទាំង​នោះ​មក​ក្នុង​ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ១៥ (មើល អញ​មក​ដូច​ជា​ចោរ​ប្លន់ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀកបំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរ្តិ៍​ខ្មាស​ខ្លួន​ឡើយ) ១៦ រួច​វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ាគេដូន។ ១៧ ទេវតា​ទី​៧ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​អាកាស រួច​មាន​ឮ​សំឡេង​ខ្លាំង ចេញ​ពី​បល្ល័ង្ក ក្នុង​ព្រះវិហារ​នៅ​ស្ថានសួគ៌ មក​ថា ស្រេច​ហើយ ១៨ រួច​មាន​ផ្លេកបន្ទោរ សូរ​សំឡេង និង​ផ្គរលាន់ ហើយ​មាន​កក្រើក​ដី​ជា​ខ្លាំង​ដែរ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​មាន​មនុស្ស​នៅ​ផែនដី​រៀង​មក នោះ​មិន​ដែល​មាន​កក្រើក​ដី​យ៉ាង​ខ្លាំង ហើយ​សំបើម​ដូច្នេះ​ឡើយ ១៩ ទី​ក្រុង​ដ៏​ធំ​ញែក​ចេញ​ជា​៣​ភាគ អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​រលំ ហើយ​ព្រះ​ទ្រង់​នឹក​ចាំ​ពី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ដើម្បី​នឹង​ឲ្យ​ពែង​ស្រា​របស់​សេចក្តី​ឃោរឃៅ​ផង​សេចក្តី​ខ្ញាល់​ទ្រង់​ដល់​គេ ២០ នោះ​គ្រប់​ទាំង​កោះ​ក៏​បាត់​ទៅ ហើយ​មិន​ឃើញ​មាន​ភ្នំ​ណា​ទៀត​សោះ​ឡើយ ២១ ក៏​មាន​ព្រិល​យ៉ាង​ធំៗ គ្រាប់​១​ទំងន់​១​ហាប ធ្លាក់​ចុះ​ពី​ផ្ទៃ​មេឃ​មក​លើ​មនុស្ស​លោក ហើយ​មនុស្ស​លោក​ក៏​ប្រមាថ​ដល់​ព្រះ ដោយ​ព្រោះ​សេចក្តី​វេទនា នឹង​ព្រិល​នោះ ពី​ព្រោះ​សេចក្តី​វេទនា​នោះ​ជា​ខ្លាំង​ក្រៃលែង។

វិវរណៈ ១៧

ការ​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា

១ ទេវតា​១​ក្នុង​ពួក​ទាំង​៧​នោះ ដែល​កាន់​ចាន​កន្ទោង​៧ ក៏​មក​និយាយ​មក​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទោស​នៃ​ស្រី​សំផឹង​ដ៏​ធំ ដែល​ស្ថិត​នៅ​លើ​ទឹក​ច្រើន ២ ដែល​ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយស្មន់​នឹង​វា ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​របស់​សេចក្តី​កំផិត​នៃ​វា ៣ ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​ឯ​ទី​រហោស្ថាន នោះ​ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់ ជិះ​នៅ​លើ​សត្វ​សម្បុរ​ក្រហម ដែល​ពេញ​ជា​ឈ្មោះ​ប្រមាថ មាន​ក្បាល​៧ ហើយ​ស្នែង​១០ ៤ សំលៀកបំពាក់​របស់​ស្ត្រី​នោះ មាន​ពណ៌​ស្វាយ ហើយ​ក្រហម ក៏​តែង​ដោយ​មាស ត្បូង​មាន​ដំឡៃ ហើយ​និង​កែវមុកា្ត ព្រម​ទាំង​កាន់​ពែង​មាស​ដែល​ពេញ ដោយ​សេចក្តី​ស្មោកគ្រោក របស់​ការ​កំផិត​ដ៏​គួរ​ខ្ពើម​របស់​វា​ផង ៥ ហើយ​នៅ​ថ្ងាស​វា​មាន​កត់​ឈ្មោះ​ថា «សេចក្តី​អាថ៌កំបាំង ក្រុង​បាប៊ីឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង និង​អស់​ទាំង​សេចក្តី​គួរ​ខ្ពើម​នៅ​ផែនដី» ៦ ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ ហើយ​និង​ឈាម​របស់​ពួក​អ្នក​ធ្វើ​បន្ទាល់​ពី​ព្រះយេស៊ូវ លុះ​ខ្ញុំ​ឃើញ​វា​ហើយ ក៏​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង។ ៧ នោះ​ទេវតា​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេចក្តី​អស្ចារ្យ​ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​សេចក្តី​អាថ៌កំបាំង​របស់​ស្ត្រី​នោះ ហើយ​នឹង​សត្វ​ដែល​វា​ជិះ​នោះ ដែល​មាន​ក្បាល​៧ និង​ស្នែង​១០​ដែរ ៨ ឯ​សត្វ​ដែល​អ្នក​បាន​ឃើញ​នោះ ពី​ដើម​វា​នៅ ឥឡូវ​នេះ​បាត់​ទៅ​ហើយ ក៏​រៀប​នឹង​ឡើង​ចេញ​ពី​ជង្ហុក​ធំ​មក​វិញ រួច​វា​នឹង​ត្រូវ​វិនាស​បាត់​ទៅ ឯ​អស់​អ្នក​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​កំណើត​លោកីយ៍​មក គេ​នឹង​មាន​សេចក្តី​អស្ចារ្យ ដោយ​ឃើញ​សត្វ​ដែល​ពី​ដើម​នៅ ឥឡូវ​នេះ​បាត់ តែ​នឹង​ត្រឡប់​មាន​ឡើង​វិញ​នោះ ៩ នេះ​ហើយ​ជា​គំនិត​ដ៏​មាន​ប្រាជ្ញា ឯ​ក្បាល​ទាំង​៧ នោះ​ជា​ភ្នំ​៧ គឺ​ជា​កន្លែង​ដែល​ស្ត្រី​នោះ​អង្គុយ​នៅ ១០ ក៏​មាន​ស្តេច​៧​អង្គ ឯ​៥​អង្គ​បាន​ដួល​ហើយ មាន​១​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​១​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ កាល​ណា​ស្តេច​នោះ​បាន​មក​ហើយ នោះ​នឹង​នៅ​មិន​យូរ​ប៉ុន្មាន​ទេ ១១ រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​បាត់ នោះ​ជា​ស្តេច​ទី​៨ ដែល​កើត​មក​ពី​ស្តេច​៧​អង្គ​នោះ ហើយ​ត្រូវ​វិនាស​បាត់​ទៅ​វិញ ១២ ឯ​ស្នែង​១០​ដែល​អ្នក​ឃើញ នោះ​ជា​ស្តេច​១០​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​នឹង​ទទួល​អំណាច​ជា​ស្តេច នៅ​តែ​១​ម៉ោង​ប៉ុណ្ណោះ ជា​មួយ​នឹង​សត្វ​នោះ ១៣ ស្តេច​ទាំង​នោះ​នឹង​មាន​គំនិត​តែ​១ ដើម្បី​នឹង​ប្រគល់​កំឡាំង និង​អំណាច​ខ្លួន​ដល់​សត្វ​នោះ ១៤ គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះត្រង់​ទាំង​អស់​គ្នា។ ១៥ ទេវតា​ក៏​ប្រាប់​ខ្ញុំ​ថា ឯ​ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្រី​សំផឹង​អង្គុយ​នោះ គឺ​ជា​ប្រជាជន និង​មនុស្ស​ផង​ទាំងឡាយ គ្រប់​សាសន៍ គ្រប់​ភាសា ១៦ ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​និង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង ១៧ ដ្បិត​ព្រះ​ទ្រង់​បាន​បណ្តាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​ទ្រង់ ហើយ​ឲ្យ​គេ​មូល​គំនិត និង​ប្រគល់​រាជ្យ​គេ ដល់​សត្វ​នោះ ទាល់​តែ​ព្រះបន្ទូល​នៃ​ព្រះ​បាន​សំរេច ១៨ ឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ នោះ​គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី។

វិវរណៈ ១៨

ក្រុង​បាប៊ីឡូន​រលំ

១ ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​១​ទៀត​ចុះ​ពី​ស្ថានសួគ៌​មក មាន​អំណាច​យ៉ាង​ធំ ហើយ​សិរីល្អ​របស់​ទេវតា​នោះ​ក៏​បំភ្លឺ​ផែនដី ២ ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ បាន​រលំ​ហើយ ក៏​ត្រឡប់​ជា​លំនៅ​នៃ​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោច និង​អស់​ទាំង​សត្វ​ស្លាប​អសោច​គួរ​ខ្ពើម ៣ ពី​ព្រោះ​គ្រប់​ទាំង​សាសន៍​បាន​ផឹក​ស្រា​របស់​សេចក្តី​ឃោរឃៅ​ផង​សេចក្តី​កំផិត​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយស្មន់​នឹង​វា ហើយ​ពួក​ជំនួញ​នៅ​ផែនដី​បាន​ត្រឡប់​ជា​មាន​ឡើង ដោយ​អំណាច​នៃ​ការ​ហ៊ឺហារ​របស់​វា​ដែរ។ ៤ ខ្ញុំ​ក៏​ឮ​សំឡេង​១​ទៀត​ពី​លើ​មេឃ ពោល​ថា រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ ៥ ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា ៦ ចូរ​សង​វា​តាម​ការ​ដែល​វា​បាន​ធ្វើ​ដល់​ឯង​ចុះ ទាំង​ទ្វេ​១​ជា​២​ឲ្យ​វា​ផង ចូរ​ចាក់​១​ជា​២​ទៅ​ក្នុង​ពែង ដែល​វា​បាន​ចាក់​ឲ្យ​ឯង ៧ ដែល​វា​បាន​ដំកើង​ខ្លួន ហើយ​រស់​ដោយ​ហ៊ឺហា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​វា​មាន​សេចក្តី​ទុក្ខ​លំបាក និង​សេចក្តី​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​វា​គិត​ក្នុង​ចិត្ត​ថា អញ​អង្គុយ​ជា​មហាក្សត្រី មិន​មែន​ជា​មេម៉ាយ​ទេ ក៏​មិន​ត្រូវ​មាន​សេចក្តី​សោក​សង្រេង​ឡើយ ៨ ដោយ​ហេតុ​នោះ​បាន​ជា​សេចក្តី​ទេវនា​របស់​វា នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​១​វិញ គឺ​ជា​សេចក្តី​ស្លាប់​សោក​សង្រេង និង​អំណត់​អត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ​ទៅ ដ្បិត​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំជំរះ​វា ទ្រង់​ខ្លាំង​ពូកែ​ណាស់ ៩ នោះ​ពួក​ស្តេច​នៅ​ផែនដី ដែល​សហាយស្មន់ ហើយ​រស់​ដោយ​ហ៊ឺហា​ជា​មួយ​នឹង​វា គេ​នឹង​យំ​ទួញ ហើយ​សោក​សង្រេង ក្នុង​កាល​ដែល​ឃើញ​ផ្សែង​ហុយ​ឡើង ពី​ភ្លើង​ដែល​កំពុង​តែ​ឆេះ​វា​នោះ ១០ គេ​នឹង​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្តី​វេទនា​របស់​វា ទាំង​និយាយ​ថា វេទនាៗ​ហើយ ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ហើយ​ខ្លាំង​ពូកែ​អើយ ដ្បិត​សេចក្តី​ជំនុំជំរះ​ឯង​បាន​សំរេច​ក្នុង​ខណៈ​តែ​១​ម៉ោង​ទេ។ ១១ ឯ​ពួក​ជំនួញ​នៅ​ផែនដី គេ​យំ​ទួញ ហើយ​សោក​សង្រេង​នឹង​វា ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទិញ​ទំនិញ​របស់​គេ​ទៀត​ឡើយ ១២ ឯ​ទំនិញ​នោះ គឺ​ជា​មាស ប្រាក់ ត្បូង​មាន​ដំឡៃ កែវមុក្តា សំពត់​ទេស ព្រែ ល័ខ​ពណ៌​ស្វាយ ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​ដំឡៃ ពី​លង្ហិន ពី​ដែក ហើយ​ពី​ថ្ម​កែវ ១៣ សម្បុរ​ល្វែង ជ័រ​ល្វីងទេស ទឹក​អប់ កំញាន គ្រឿង​ក្រអូប ស្រា​ទំពាំងបាយជូរ ប្រេង ម្សៅ​ម៉ដ្ឋ ស្រូវសាលី គោ ចៀម សេះ រទេះ ហើយ​ទាំង​ខ្លួន​ប្រាណ និង​ព្រលឹង​មនុស្ស​ផង ១៤ ឯ​អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន នោះ​បាន​ថយ​ចេញ​ពី​ឯង​ហើយ ព្រម​ទាំង​របស់​ថ្លៃ​វិសេស និង​របស់​ភ្លឺ​រុងរឿង​ដែរ ឯង​នឹង​មិន​ឃើញ​ទៀត​ឡើយ ១៥ ពួក​ជំនួញ​ដែល​ជួញ​របស់​ទាំង​នោះ ហើយ​បាន​ត្រឡប់​ជា​មាន ដោយសារ​ក្រុង​នោះ គេ​យំ​ទួញ ទាំង​សោក​សង្រេង ហើយ​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្តី​វេទនា​របស់​វា ១៦ ក៏​និយាយ​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ​ដែល​បាន​ស្លៀកពាក់ ដោយ​សំពត់​ទេស ពណ៌​ស្វាយ និង​ពណ៌​ក្រហម ទាំង​តែង​ខ្លួន​ដោយ​មាស និង​ត្បូង​មាន​ដំឡៃ ហើយ​កែវមុក្តា​ផង ១៧ ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ម៉្លេះ​នេះ បាន​វិនាស​បាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង​ប៉ុណ្ណោះ អស់​ទាំង​តៃកុង និង​ពួក​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល និង​អស់​អ្នក​ដែល​រក​ស៊ី​ខាង​ជើង​ទឹក គេ​ក៏​ឈរ​ពី​ចំងាយ ១៨ ទាំង​ស្រែក​ឡើង ដោយ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ភ្លើង ដែល​ឆេះ​វា​នោះ​ថា តើ​មាន​ទី​ក្រុង​ណា​ឲ្យ​ដូច​ជា​ក្រុង​ធំ​នេះ ១៩ ហើយ​គេ​បាច​ធូលី​ដី​ទៅ​លើ​ក្បាល​ខ្លួន​គេ ទាំង​ស្រែក​ឡើង ដោយ​យំ​ទួញ ហើយ​សោក​សង្រេង​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ ដែល​អស់​ពួក​អ្នក​មាន​នាវា​ដើរ​សមុទ្រ​បាន​មាន​ឡើង ដោយសារ​សេចក្តី​ប្រសើរ​រុងរឿង​របស់​វា ពី​ព្រោះ​វា​ត្រូវ​ចោល​ស្ងាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង។ ២០ ឱ​ស្ថានសួគ៌ ពួក​សាវ័ក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ទី​ក្រុង​នោះ​ឡើង ដ្បិត​ព្រះ​ទ្រង់​បាន​កាត់​ទោស តាម​សេចក្តី​ជំនុំជំរះ​របស់​ឯង​រាល់​គ្នា​ហើយ ២១ នោះ​មាន​ទេវតា​ខ្លាំង​ពូកែ​១​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា ទី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ នឹង​ត្រូវ​បោះ​ទំលាក់​ទៅ ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ ២២ ក៏​នឹង​គ្មាន​ឮ​សំឡេង​នៃ​ពួក​អ្នក​ចាប់​ស៊ុង ច្រៀង​ចំរៀង ផ្លុំ​ខ្លុយ និង​ត្រែ នៅ​ក្នុង​ឯង​ទៀត​ឡើយ ហើយ​មិន​ឃើញ​មាន​ជាង​ណា ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ឯង ឬ​ឮ​សូរ​ត្បាល់​កិន នៅ​ក្នុង​ឯង​ទៀត​ឡើយ ២៣ និង​គ្មាន​ពន្លឺ​ចង្កៀង​ណា​ភ្លឺ​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ប្តី​ប្រពន្ធ​ថ្មោងថ្មី នៅ​ក្នុង​ឯង​ទៀត​ឡើយ ដ្បិត​ពួក​ជំនួញ​របស់​ឯង នោះ​ជា​អ្នក​ធំ​នៅ​ផែនដី ពី​ព្រោះ​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយសារ​ការ​មន្តអាគម​របស់​ឯង ២៤ រីឯ​នៅ​ក្នុង​ទី​ក្រុង​នោះ ឃើញ​មាន​សុទ្ធ​តែ​ឈាម​នៃ​ពួក​ហោរា និង​ពួក​បរិសុទ្ធ ហើយ​និង​ឈាម​នៃ​អស់​អ្នក ដែល​ត្រូវ​គេ​សំឡាប់​នៅ​ផែនដី​ដែរ។

វិវរណៈ ១៩

ចំរៀង​ជោគជ័យ និង​វិវាហមង្គលការ​របស់​កូន​ចៀម

១ ក្រោយ​នោះ​មក ខ្ញុំ​ឮ​សំឡេង​យ៉ាង​ខ្លាំង របស់​មនុស្ស​១​ហ្វូង​ដ៏​ធំ នៅ​លើ​ស្ថានសួគ៌​ថា ហាលេលូយ៉ា សេចក្តី​សង្គ្រោះ សិរីល្អ និង​ព្រះចេស្តា នោះ​ជា​របស់​ផង​ព្រះ​នៃ​យើង​រាល់​គ្នា​ហើយ ២ ដ្បិត​សេចក្តី​ជំនុំជំរះ​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់ ពី​ព្រោះ​ទ្រង់​បាន​កាត់​ទោស​ស្រី​សំផឹង​ដ៏​ធំ​នោះ ដែល​បង្ខូច​ផែនដី ដោយ​ការ​កំផិត​របស់​វា ទ្រង់​ក៏​សងសឹក ដោយ​ព្រោះ​ឈាម​ពួក​បាវ​បំរើ​របស់​ទ្រង់ ដែល​វា​បាន​កំចាយ ៣ ពួក​នោះ​ក៏​ពោល​ពាក្យ​ម្តង​ទៀត​ថា ហាលេលូយ៉ា ហើយ​ផ្សែង​វា​ក៏​ហុយ​ឡើង​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ៤ ពួក​ចាស់ទុំ​ទាំង​២៤​នាក់ និង​តួ​មាន​ជីវិត​ទាំង​៤ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ​បង្គំ​ចំពោះ​ព្រះ ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយ​និយាយ​ថា អាម៉ែន ហាលេលូយ៉ា ៥ រួច​មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា អស់​ទាំង​បាវ​បំរើ​ទ្រង់ និង​ពួក​អ្នក​ដែល​កោតខ្លាច​ទ្រង់ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ ៦ នោះ​ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដូច​សូរ​ទឹក​ច្រើន ហើយ​ដូច​សូរ​ផ្គរលាន់​យ៉ាង​ខ្លាំង​ថា ហាលេលូយ៉ា ដ្បិត​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ ៧ ចូរ​ឲ្យ​យើង​អរ​សប្បាយ ហើយ​រីករាយ​ឡើង ទាំង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហមង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច ៨ ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀកពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ឋ ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ឋ នោះ​ជា​សេចក្តី​សុចរិត​របស់​ពួក​បរិសុទ្ធ ៩ ទេវតា​ក៏​ប្រាប់​មក​ខ្ញុំ​ថា ចូរ​សរសេរ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិភោគ​ការ​កូន​ចៀម ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា នេះ​ជា​ព្រះបន្ទូល​ពិត​របស់​ព្រះ ១០ នោះ​ខ្ញុំ​ទំលាក់​ខ្លួន​ចុះ នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ​បង្គំ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក ហើយ​និង​បង​ប្អូន​អ្នក ដែល​មាន​សេចក្តី​បន្ទាល់​ពី​ព្រះយេស៊ូវ​ដែរ ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ​វិញ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះយេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្តី​ទំនាយ។ ១១ ខ្ញុំ​ក៏​ឃើញ​មេឃ​បើក​ចំហ​ឡើង នោះ​ឃើញ​មាន​សេះ​ស​១ និង​ព្រះអង្គ​ដែល​គង់​លើ​វា ទ្រង់​មាន​ព្រះនាម​ថា «ស្មោះត្រង់ ហើយ​ពិត​ប្រាកដ»ទ្រង់​ជំនុំជំរះ ហើយ​ច្បាំង​ដោយ​សុចរិត ១២ ព្រះនេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះសិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះនាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ ១៣ ទ្រង់​ក៏​ទ្រង់​ព្រះពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះនាម​ទ្រង់​ហៅ​ថា «ព្រះបន្ទូល​នៃ​ព្រះ» ១៤ អស់​ទាំង​ពល​បរិវារ​នៅ​ស្ថានសួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀកពាក់​សំពត់​ទេស ហើយ​ស្អាត​ផង ១៥ មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះឱស​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំងបាយជូរ ជា​សេចក្តី​ឃោរឃៅ​របស់​សេចក្តី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ១៦ ទ្រង់​មាន​ព្រះនាម​កត់​នៅ​ព្រះពស្ត្រ ហើយ​នៅ​ព្រះឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។

ជ័យជំនះ​របស់​ព្រះគ្រីស្ទ​លើ​សត្វ​តិរច្ឆាន និង​លើ​ព្យាការី​ក្លែងក្លាយ

១៧ ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ឈរ​នៅ​លើ​ព្រះអាទិត្យ បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​គ្រប់​ទាំង​សត្វ​ដែល​ហើរ​លើ​អាកាស​ថា ចូរ​មក​ប្រជុំ​គ្នា និង​ស៊ី​លៀង​ដ៏​ធំ​របស់​ព្រះ​ចុះ ១៨ ដើម្បី​នឹង​ស៊ី​សាច់​នៃ​ពួក​ស្តេច ពួក​មេ​ទ័ព ពួក​មនុស្ស​ខ្លាំង​ពូកែ ព្រម​ទាំង​សេះ ហើយ​និង​ពួក​អ្នក​ដែល​ជិះ​ដែរ គឺ​ជា​សាច់​នៃ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា និង​ខ្ញុំ​គេ ទាំង​អ្នក​ធំ និង​អ្នក​តូច​ផង។ ១៩ ខ្ញុំ​ក៏​ឃើញ​សត្វ​នោះ និង​ពួក​ស្តេច​នៅ​ផែនដី ព្រម​ទាំង​ពល​ទ័ព​គេ បាន​ប្រមូល​គ្នា ដើម្បី​ច្បាំង​នឹង​ព្រះអង្គ​ដែល​គង់​នៅ​លើ​សេះ​ស​នោះ និង​ពួក​ពល​ទ័ព​របស់​ទ្រង់​ផង ២០ សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែងក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា ដើម្បី​នឹង​បញ្ឆោត​ពួក​អ្នក ដែល​ទទួល​ទី​សំគាល់​របស់​សត្វ និង​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​ដល់​រូប​វា ហើយ​វា​ទាំង​២​ក៏​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ ២១ ហើយ​ពួក​ដែល​សល់​នៅ ក៏​ត្រូវ​ស្លាប់​ដោយ​ដាវ​ព្រះអង្គ ដែល​គង់​លើ​សេះ ជា​ដាវ​ដែល​ចេញ​ពី​ព្រះឱស្ឋ​ទ្រង់​មក នោះ​អស់​ទាំង​សត្វ​ស្លាប​បាន​ឆ្អែត ដោយ​សាច់​នៃ​ពួក​ទាំង​នោះ។

វិវរណៈ ២០

រាជ្យ​មួយ​ពាន់​ឆ្នាំ

១ ខ្ញុំ​ក៏​ឃើញ​ទេវតា​១ ចុះ​ពី​ស្ថាន​លើ​មក ទាំង​កាន់​កូន​សោ​ជង្ហុក​ធំ និង​ច្រវាក់​១​យ៉ាង​ធំ​នៅ​ដៃ ២ ទេវតា​នោះ​ក៏​ចាប់​នាគ​ចង​វា​ទុក​១​ពាន់​ឆ្នាំ គឺ​ជា​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស​ឈ្មោះ​ថា សាតាំង ៣ ក៏​បោះ​វា​ចោល​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ខ្ចប់ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ ក្រោយ​នោះ​ត្រូវ​តែ​ស្រាយ​វា​លែង​បន្តិច។ ៤ ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ជា​ច្រើន និង​ពួក​អ្នក​ដែល​អង្គុយ​លើ ហើយ​មាន​អំណាច​បាន​ប្រគល់ ដល់​អ្នក​ទាំង​នោះ ឲ្យ​ជំនុំជំរះ នោះ​ព្រលឹង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​ធ្វើ​បន្ទាល់​ពី​ព្រះយេស៊ូវ ហើយ​ដោយ​ព្រោះ​ព្រះបន្ទូល​នៃ​ព្រះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ ឬ​រូប​វា ក៏​មិន​បាន​ទី​សំគាល់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​ឡើយ អ្នក​ទាំង​នោះ​បាន​រស់​វិញ ហើយ​ក៏​សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះគ្រីស្ទ នៅ​១​ពាន់​ឆ្នាំ ៥ តែ​មនុស្ស​ស្លាប់​ឯ​ទៀត​មិន​បាន​រស់​វិញ​ទេ ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ នេះ​ហើយ​ជា​ខណៈ​រស់​ឡើង​វិញ​ទី​១ ៦ មាន​ពរ​ហើយ ក៏​បរិសុទ្ធ​ផង អស់​អ្នក​ណា​ដែល​មាន​ចំណែក ក្នុង​ខណៈ​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​នេះ សេចក្តី​ស្លាប់​ទី​២​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​ពួក​សង្ឃ​នៃ​ព្រះ និង​ព្រះគ្រីស្ទ ហើយ​និង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​អស់​១​ពាន់​ឆ្នាំ។

បរាជ័យ​របស់​មារសាតាំង

៧ លុះ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ហើយ ទើប​ទ្រង់​នឹង​ស្រាយ​អារក្ស​សាតាំង​លែង​ពី​គុក​ចេញ ៨ នោះ​វា​នឹង​ចេញ​ទៅ ខំ​នាំ​អស់​ទាំង​សាសន៍​ដែល​នៅ​ផែនដី​ទាំង​៤​ទិស ឲ្យ​វង្វេង គឺ​ទាំង​សាសន៍​កុក និង​សាសន៍​ម៉ាកុក ដើម្បី​នឹង​ប្រមូល​គេ​មក​ច្បាំង ចំនួន​គេ​ដូច​ជា​ខ្សាច់​នៃ​សមុទ្រ ៩ នោះ​គេ​ក៏​ឡើង​ទៅ​ពេញពាស​លើ​ផែនដី ទាំង​ឡោមព័ទ្ធ​ទី​ដំឡើង​ត្រសាល​របស់​ពួក​បរិសុទ្ធ ហើយ​និង​ទី​ក្រុង​ស្ងួនភ្ងា​ដែរ តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​អំពី​ព្រះ បញ្ឆេះ​គេ​ទាំង​អស់​ទៅ ១០ រួច​អារក្ស​ដែល​នាំ​គេ​ឲ្យ​វង្វេង បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ ជា​កន្លែង​ដែល​សត្វ​នោះ និង​ហោរា​ក្លែងក្លាយ​នៅ​ហើយ នោះ​វា​រាល់​គ្នា​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​យប់​ទាំង​ថ្ងៃ នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។

ការ​វិនិច្ឆ័យ​ទោស​ចុង​ក្រោយ​បង្អស់

១១ ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ស​១​យ៉ាង​ធំ និង​ព្រះអង្គ​ដែល​គង់​លើ ឯ​ផែនដី និង​ផ្ទៃ​មេឃ ក៏​រត់​ពី​ចំពោះ​ទ្រង់​ចេញ ឥត​ឃើញ​មាន​កន្លែង​ណា​ឲ្យ​នៅ​ទៀត​ឡើយ ១២ នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏​បាន​បើក​ឡើង ហើយ​បញ្ជី​១​ទៀត គឺ​ជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំជំរះ ពី​សេចក្តី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ១៣ ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯ​ណោះ​មក​វិញ​ដែរ រួច​គេ​ត្រូវ​ជំនុំជំរះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ១៤ ចំណែក​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ នេះ​ជា​សេចក្តី​ស្លាប់​ទី​២ ១៥ បើ​អ្នក​ណា​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត អ្នក​នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។

វិវរណៈ ២១

ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី

១ រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ ២ ហើយ​យ៉ូហាន​ខ្ញុំ ក៏​ឃើញ​ទី​ក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូសាឡិម​ថ្មី ចុះ​ពី​ស្ថានសួគ៌​មក​អំពី​ព្រះ តាក់តែង​ដូច​ជា​ប្រពន្ធ​ថ្មោងថ្មី​តែង​ខ្លួន​ទទួល​ប្តី ៣ ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថានសួគ៌​មក​ថា មើល​រោង​ឧបោសថរបស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះអង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ៤ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។ ៥ ឯ​ព្រះអង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី រួច​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ស្រេច​ហើយ អញ​ជា​អាលផា និង​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង បើ​អ្នក​ណា​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ ៧ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ ៨ តែ​ត្រង់​ពួក​ខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្តអាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ គឺ​ជា​សេចក្តី​ស្លាប់​ទី​២​វិញ។

ក្រុង​យេរូសាឡិម​ថ្មី

៩ ក្នុង​ទេវតា​ទាំង​៧ មាន​ទេវតា​១ ដែល​កាន់​ចាន​កន្ទោង​ដ៏​ពេញ​ដោយ​សេចក្តី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ទេវតា​នោះ​បាន​មក​និយាយ​នឹង​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ប្រពន្ធ​ថ្មោងថ្មី ជា​ភរិយា​របស់​កូន​ចៀម ១០ នោះ​ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​ហើយ​ខ្ពស់ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូសាឡិម​ដែល​កំពុង​តែ​ចុះ​ពី​ស្ថានសួគ៌ មក​អំពី​ព្រះ ១១ ទាំង​មាន​សិរីល្អ​នៃ​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ទី​ក្រុង​នោះ ក៏​ដូច​ជា​ត្បូង​មាន​ដំឡៃ​ថ្លៃ​វិសេស គឺ​ដូច​ជា​ត្បូង​មណីជោតិ ហើយ​ថ្លា​ដូច​កែវ​ចរណៃ ១២ ក្រុង​នោះ​មាន​កំផែង​ធំ ហើយ​ខ្ពស់ មាន​ទ្វារ​១២ ឯ​ត្រង់​ទ្វារ​ទាំង​នោះ​មាន​ទេវតា​១២ ហើយ​មាន​ឈ្មោះ​ឆ្លាក់​ទុក ដែល​ជា​ឈ្មោះ​របស់​ពូជ​អំបូរ​ជនជាតិ​អ៊ីស្រាអែល​ទាំង​១២ ១៣ នៅ​ទិស​ខាង​កើត​មាន​ទ្វារ​៣ ខាង​ជើង​មាន​ទ្វារ​៣ ខាង​ត្បូង​មាន​ទ្វារ​៣ ហើយ​ខាង​លិច​មាន​ទ្វារ​៣​ដែរ ១៤ កំផែង​នៃ​ទី​ក្រុង​ក៏​មាន​ជើង​១២ ដែល​មាន​ឆ្លាក់​ឈ្មោះ ជា​ឈ្មោះ​ពួក​សាវ័ក​របស់​ពួក​កូន​ចៀម​ទាំង​១២​នាក់។ ១៥ ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទី​ក្រុង និង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ ១៦ ទី​ក្រុង​នោះ​មាន​រាង​៤​ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទី​ក្រុង ឃើញ​មាន​១២​ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កំពស់​ក៏​ស្មើ​គ្នា​ទាំង​អស់ ១៧ ក៏​វាស់​កំផែង​ឃើញ​១៤៤​ហត្ថ តាម​រង្វាស់​មនុស្ស​ជាតិ​ដែល​ទេវតា​ប្រើ ១៨ កំផែង​នោះ​បាន​ធ្វើ​ពី​ត្បូង​មណីជោតិ ហើយ​ទី​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ដូច​ជា​កែវ​ថ្លា​ល្អ ១៩ ជើង​កំផែង​បាន​តាក់តែង ដោយ​ត្បូង​មាន​ដំឡៃ​គ្រប់​យ៉ាង ជើង​ទី​១​មាន​ត្បូង​មណីជោតិ ទី​២​មាន​ត្បូងកណ្តៀង ទី​៣​មាន​ត្បូង​មោរ៉ា ទី​៤​មាន​ត្បូង​មរកត ២០ ទី​៥​មាន​ត្បូង​សាមស៊ី ទី​៦​មាន​ត្បូង​ពិទាយ ទី​៧​មាន​ត្បូង​ប៊ុតលឿង ទី​៨​មាន​ត្បូង​បេរីល ទី​៩​មាន​ត្បូង​ទោប៉ាត់ ទី​១០​មាន​ត្បូង​យក់ ទី​១១​មាន​ត្បូង​និល ទី​១២​មាន​ត្បូង​ត្របែក ២១ ទ្វារ​ទាំង​១២​ជា​កែវមុក្តា​១២ គឺ​ទ្វារ​១​ធ្វើ​ពី​កែវមុក្តា​១ ហើយ​ផ្លូវ​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ថ្លា​ដូច​ជា​កែវ។ ២២ ខ្ញុំ​មិន​ឃើញ​មាន​ព្រះវិហារ​ណា នៅ​ក្នុង​ក្រុង​នោះ​ទេ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ព្រម​ទាំង​កូន​ចៀម​ដែរ ទ្រង់​ជា​ព្រះវិហារ​នៃ​ទី​ក្រុង​នោះ ២៣ ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះអាទិត្យ ឬ​ព្រះចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរីល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ ២៤ អស់​ទាំង​សាសន៍​នឹង​ដើរ​ក្នុង​ពន្លឺ​ក្រុង​នោះ អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​យក​សិរី​នៃ​ខ្លួន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ ២៥ ទ្វារ​ក្រុង​នោះ​ទាំង​ប៉ុន្មាន​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ទេ ហើយ​នៅ​ឯ​ណោះ​គ្មាន​យប់​ឡើយ ២៦ មនុស្ស​លោក​នឹង​យក​សិរីល្អ និង​កេរ្តិ៍​ឈ្មោះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ទុក​ក្នុង​ក្រុង​នោះ ២៧ ក៏​គ្មាន​អ្វី​ស្មោកគ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្តី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ។

វិវរណៈ ២២

១ ទេវតា​ក៏​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ ដែល​ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ និង​កូន​ចៀម ២ ឯ​នៅ​កណ្តាល​ផ្លូវ​ក្រុង​នោះ ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង នោះ​មាន​ដើម​ជីវិត ដែល​បង្កើត​ផ្លែ​១២​ដង គឺ​១​ខែ​ម្តងៗ ហើយ​ស្លឹក​ឈើ​នោះ ក៏​សំរាប់​នឹង​មើល​អស់​ទាំង​សាសន៍​ឲ្យ​ជា ៣ គ្រា​នោះ​នឹង​គ្មាន​សេចក្តី​បណ្តាសា​ទៀត​ឡើយ ហើយ​បល្ល័ង្ក​នៃ​ព្រះ និង​កូន​ចៀម ក៏​នឹង​នៅ​ក្នុង​ក្រុង​នោះ ឯ​ពួក​បាវ​របស់​ទ្រង់ គេ​នឹង​បំរើ​ទ្រង់ ៤ គេ​នឹង​ឃើញ​ព្រះភក្ត្រ​ទ្រង់ ហើយ​ព្រះនាម​ទ្រង់​នឹង​នៅ​លើ​ថ្ងាស​គេ ៥ ក៏​នឹង​ឥត​មាន​យប់​ទៀត​ឡើយ ហើយ​គេ​មិន​ត្រូវ​ការ​នឹង​ចង្កៀង​ណា ឬ​ពន្លឺ​ព្រះអាទិត្យ​ទេ ពី​ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​នឹង​បំភ្លឺ​គេ ហើយ​គេ​នឹង​សោយ​រាជ្យ នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ទៅ។

សេចក្តី​ដាស់តឿន​ផ្សេងៗ

៦ ទេវតា​ក៏​និយាយ​មក​ខ្ញុំ​ថា ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ឯ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​ពួក​ហោរា ទ្រង់​ក៏​ចាត់​ទេវតា​ទ្រង់​មក បង្ហាញ​ឲ្យ​ពួក​បាវ​បំរើ​ទ្រង់​ឃើញ​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មក ៧ មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ​អ្នក​ណា​ដែល​កាន់​តាម​សេចក្តី​ទំនាយ​ក្នុង​គម្ពីរ​នេះ។ ៨ គឺ​យ៉ូហាន​ខ្ញុំ ដែល​បាន​ឃើញ ហើយ​ឮ​សេចក្តី​ទាំង​នេះ លុះ​ខ្ញុំ​ឮ ហើយ​ឃើញ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​រៀប​នឹង​ថ្វាយ​បង្គំ នៅ​ទៀប​ជើង​នៃ​ទេវតា ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​សេចក្តី​ទាំង​នេះ ៩ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បង​ប្អូន​អ្នក និង​ពួក​អ្នក​ដែល​កាន់​តាម​ព្រះបន្ទូល​ក្នុង​គម្ពីរ​នេះ​ផង ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ​វិញ​ចុះ។ ១០ រួច​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា កុំ​ឲ្យ​បំបិទសេចក្តី​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ពី​ព្រោះ​ពេល​កំណត់​ជិត​ដល់​ហើយ ១១ អ្នក​ណា​ដែល​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ទុច្ចរិត អ្នក​ដែល​ស្មោកគ្រោក ឲ្យ​អ្នក​នោះ នៅ​តែ​ស្មោកគ្រោក​ចុះ តែ​អ្នក​ណា​ដែល​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ចេះ​តែ​ប្រព្រឹត្ត​ផ្លូវ​សុចរិត​ទៅ ហើយ​អ្នក​ណា​ដែល​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល ១២ មើល អញ​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​នឹង​ចែក​ឲ្យ​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ ១៣ អញ​ជា​អាលផា និង​អូមេកា គឺ​ជា​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម ហើយ​ជា​ចុង ១៤ មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ ១៥ ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្តអាគម ពួក​កំផិត ពួក​កាប់​សំឡាប់​គេ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្តី​កំភូត។ ១៦ អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្តី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង ១៧ ព្រះវិញ្ញាណ និង​ប្រពន្ធ​ថ្មោងថ្មី​ពោល​ថា អញ្ជើញ​មក ហើយ​អ្នក​ណា​ដែល​ឮ ក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ។ ១៨ ខ្ញុំ​ធ្វើ​បន្ទាល់ ដល់​អស់​អ្នក​ណា ដែល​ឮ​សេចក្តី​ទំនាយ ក្នុង​គម្ពីរ​នេះ​ថា បើ​អ្នក​ណា​បញ្ចូល​អ្វី​ក្នុង​សេចក្តី​ទាំង​នេះ នោះ​ព្រះ​ទ្រង់​នឹង​បន្ថែម​អស់​ទាំង​សេចក្តី​វេទនា ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដល់​អ្នក​នោះ​ផង ១៩ ហើយ​បើ​អ្នក​ណា​ដក​អ្វី ពី​ព្រះបន្ទូល​ក្នុង​គម្ពីរ​នៃ​សេចក្តី​ទំនាយ​នេះ​ចេញ នោះ​ព្រះ​ទ្រង់​នឹង​ដក​ចំណែក ដែល​អ្នក​នោះ​មាន​ដល់​ដើម​ជីវិត និង​ទី​ក្រុង​បរិសុទ្ធ ហើយ​និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ចេញ​ដែរ។ ២០ ព្រះអង្គ ដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា អើ អញ​មក​ជា​ឆាប់។ អាម៉ែន ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។ ២១ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚